មេរៀនទី១៣​៖ ១៨-២៤ ធ្នូ ២០២១

នៅពេលដែលលោកម៉ូសេរស់ពីស្លាប់ឡើងវិញ

Jeans
ថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ ជនគណនា ២០៖១-១៣; ចោទិយកថា ៣៤៖១-១២; យូដាស ១៖៩; កូរិនថូសទី១ ១៥៖១៣-២២។

ខចងចាំ៖ «រីឯ​មីកែល ជា​មហា​ទេវតា លោក​មិន​ហ៊ាន​ប្តឹង​ប្រមាថ​ដល់​អារក្ស ក្នុង​កាល​ដែល​កំពុង​តែ​ជជែក​នឹង​វា ទាំង​ប្រកែក​ពី​ដំណើរ​សព​របស់​លោក​ម៉ូសេ​នោះ​ទេ គឺ​បាន​និយាយ​ដូច្នេះ​វិញ​ថា សូម​ឲ្យ​ព្រះអម្ចាស់​បន្ទោស​ឯង​ចុះ» (យូដាស ខ៩)។

លោកម៉ូសេគឺជាមនុស្សដ៏សំខាន់បំផុតនៅក្នុងកណ្ឌគម្ពីរចោទិយកថា។ មែនហើយ អត្ថន័យពិតនៃកណ្ឌគម្ពីរចោទិយកថាគឺស្តីអំពីព្រះ មិនមែនជាលោកម៉ូសេនោះទេ។ ទន្ទឹមនឹងនេះ ព្រះបានបង្ហាញអំពីសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះសាសន៍អ៊ីស្រាអែលតាមរយៈសារដែលទ្រង់បានប្រទានដល់លោកម៉ូសេអោយប្រគល់ដល់រាស្ត្ររបស់ទ្រង់។

ឥឡូវនេះ យើងបានមកដល់ចុងបញ្ចប់នៃការសិក្សារបស់យើងលើកណ្ឌគម្ពីរចោទិយកថាហើយ។ យើងក៏បានមកដល់ទីបញ្ចប់នៃជីវិតរបស់លោកម៉ូសេផងដែរ។ ត្រង់នេះមានន័យថា យើងបានមកដល់ទីបញ្ចប់នៃជីវិតរបស់គាត់នៅលើផែនដីនេះហើយ។

«លោកម៉ូសេបានដឹងថា គាត់នឹងត្រូវស្លាប់តែម្នាក់ឯង។ ព្រះមិនបានអនុញ្ញាតអោយមិត្តភក្តិ មនុស្សលោកណាមួយថែរក្សាលោកម៉ូសេនៅគ្រានេះនោះទេ។ សេចក្តីស្លាប់របស់លោកម៉ូសេគឺជាអាថ៌កំបាំង។ លោកម៉ូសេមិនចង់ស្លាប់នោះទេ។ គាត់ក៏មិនចង់បែកពីសាសន៍របស់គាត់នោះដែរ។ គាត់ស្រឡាញ់ពួកគេ និងយកចិត្តទុកដាក់ចំពោះពួកគេ។ ជីវិត និងសុភមង្គលរបស់គាត់បានភ្ជាប់ជាមួយនឹងជីវិតរបស់ពួកគេតាំងពីយូរណាស់មកហើយ។ ក្នុងអំឡុងពេលនោះ លោកម៉ូសេបានរៀនជឿទុកចិត្តទៅលើព្រះ។ ឥឡូវនេះ លោកម៉ូសេមិនបានសួរនាំព្រះអម្ចាស់ឡើយ។ លោកម៉ូសេបានជឿទុកចិត្តនៅក្នុងសេចក្តីស្រឡាញ់ និងសេចក្តីមេត្តារបស់ព្រះ។ លោកម៉ូសេបានជឿទុកចិត្ត លើព្រះក្នុងការថែរក្សាដល់គាត់ និងសាសន៍អ៊ីស្រាអែល»។ ដកស្រង់ពី Ellen G. White, Patriarchs and Prophets, pages 470, 471, adapted។

ជាការពិតណាស់ ជីវិតរបស់លោកម៉ូសេ និងកិច្ចការរបស់គាត់សម្រាប់ព្រះបានបង្ហាញយើងថា ព្រះជាអ្នកណា។ យើងនឹងមើលឃើញថា សេចក្តីស្លាប់របស់លោកម៉ូសេ និងការរស់ឡើងវិញរបស់គាត់បានបង្ហាញយើងនូវសេចក្តីពិតនៃព្រះគម្ពីរអំពីព្រះផងដែរ។

ថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១

អំពើបាបរបស់លោកម៉ូសេ វគ្គ១

ម្តងហើយម្តងទៀត ព្រះអម្ចាស់បានយកព្រះទ័យទុកដាក់ចំពោះសាសន៍អ៊ីស្រាអែលនៅក្នុងទីរហោស្ថាន។ ព្រះបានប្រទានអ្វីៗគ្រប់យ៉ាងដល់រាស្ត្ររបស់ទ្រង់តាមដែលពួកគេត្រូវការនៅក្នុងអំឡុងពេលនោះ។ ទីរហោស្ថានគឺជាកន្លែងស្លួតហួតហែង។ ម្ល៉ោះហើយ អំណោយនៃទឹកគឺជាការអស្ចារ្យមួយ។ បើគ្មានទឹកទេ ពួកកូនចៅអ៊ីស្រាអែលនឹងត្រូវស្លាប់យ៉ាងឆាប់រហ័សនៅក្នុងទីរហោស្ថាន។ លោកប៉ុលបាន សរសេរអំពីបទពិសោធន៍របស់ពួកកូនចៅអ៊ីស្រាអែលនៅក្នុងទីរហោស្ថានយ៉ាងដូច្នេះថា​៖ «គ្រប់​គ្នា​បាន​ផឹក​ទឹក​ដដែល​ខាង​ព្រលឹង​វិញ្ញាណ​ដែរ ដ្បិត​បាន​ផឹក​ពី​ថ្មដា​ខាង​ព្រលឹងវិញ្ញាណ​ដែល​តាម​គេ ឯ​ថ្មដា​នោះគឺ​ជា​ព្រះគ្រីស្ទ» (កូរិនថូសទី១ ១០៖៤)។ អ្នកស្រីអែល្លីន ជីវ៉ៃតបានបន្ថែមទៀតថា «នៅពេលដែលពួកកូនចៅអ៊ីស្រាអែលចង់បានទឹក នោះទឹកបានចាក់ចេញពីថ្ម ហើយហូរទៅជិតជំរំរបស់ពួកគេ»។ ដកស្រង់ ពី Ellen G. White, Patriarchs and Prophets, page 411, adapted។

សូមអានខគម្ពីរជនគណនា ២០៖១-៣។ តើមានអ្វីកើតឡើងនៅក្នុងខទាំងនេះ? តើហេតុអ្វីបានជាព្រះអម្ចាស់ដាក់ទោសលោកម៉ូសេ?

--------------------------------------------------------

យើងអាចឃើញអំពីមូលហេតុនាំអោយលោកម៉ូសេមិនសប្បាយចិត្តមែនទេ? សូមក្រឡេកមើលអ្វីៗគ្រប់យ៉ាងដែលព្រះអម្ចាស់បានធ្វើសម្រាប់សាសន៍អ៊ីស្រាអែល។ ព្រះបានធ្វើការអស្ចារ្យ។ ព្រះបានប្រទានសញ្ញាដល់ពួកគេដែលបង្ហាញពីអំណាចរបស់ទ្រង់។ ទ្រង់បានរំដោះពួកគេតាមរបៀបដ៏អស្ចារ្យ បំផុតចេញពីស្រុកអេស៊ីព្ទ។ បន្ទាប់មកយ៉ាងម្តេចទៀត? នៅពេលដែលពួកគេគ្មានទឹកគ្រប់គ្រាន់ ពួកគេបានបែរមកទាស់ជាមួយនឹងលោកម៉ូសេ និងលោកអើរ៉ុនដែលជាមេដឹកនាំរបស់ពួកគេ។ តើពួកបណ្តាជនបានរៀបចំផែនការនេះដោយសារតែព្រះមិនអាចប្រទានទឹកដល់ពួកគេនៅក្នុងពេលនោះ ដូចដែលទ្រង់បានធ្វើកាលពីមុនឬ? មិនមែនទេ ព្រះអម្ចាស់អាចប្រទានទឹកដល់ពួកគេនៅក្នុងពេលនោះបាន ដូចដែលទ្រង់បានប្រទានដល់ពួកគេកាលពីមុនផងដែរ។

សូមក្រឡេកមើលសម្តីដែលលោកម៉ូសេបានមានប្រសាសន៍មុនពេលដែលគាត់ហៀបនឹងវាយថ្ម២ដងយ៉ាងដូច្នេះថា៖ «ចូរ​ស្តាប់​ចុះ ពួក​បះបោរ​អើយ តើ​ត្រូវ​ឲ្យ​យើង​ធ្វើ​ឲ្យ​ទឹក​ចេញ​ពី​ថ្មដា​នេះ សំរាប់​អ្នក​រាល់​គ្នា​ឬ​អី» (ជនគណនា ២០៖១០)។

ម៉ូសេខឹង ដោយសារតែពួកបណ្តាជនរអ៊ូរទាំ។ បញ្ហាមិនមែននៅត្រង់លោកម៉ូសេមិនសប្បាយចិត្តនោះទេ។ បញ្ហាគឺថា គាត់បានចាញ់កំហឹងរបស់គាត់នៅពេលដែលគាត់មានប្រសាសន៍ថា «តើ​ត្រូវ​ឲ្យ​យើង​ធ្វើ​ឲ្យ​ទឹក​ចេញ​ពី​ថ្មដា​នេះសំរាប់​អ្នក​រាល់​គ្នា​ឬ​អី» (ជនគណនា ២០៖១០)។ តើលោកម៉ូសេ ឬមនុស្សលោកដទៃទៀតណាមួយដែលអាចអោយទឹកចេញពីថ្មបាននោះ? ដោយសារតែកំហឹងរបស់គាត់ លោកម៉ូសេបានភ្លេចថា មានតែព្រះមួយគត់ដែលមានអំណាចក្នុងការធ្វើការអស្ចារ្យបែបនេះបាន។

តើយើងនិយាយ ឬធ្វើអ្វីមួយទាំងកំហឹង រួចដឹងថាខ្លួនខុសនៅពេលក្រោយមកទៀតញឹកញាប់ប៉ុនណាដែរ? តើយើងអាចរៀនបញ្ឈប់កំហឹង អធិស្ឋាន និងស្វែងរកអំណាចរបស់ព្រះក្នុងការនិយាយ និងធ្វើអ្វីមួយដែលត្រឹមត្រូវមុនយើងជ្រុលជ្រួសដោយរបៀបណា?

ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១

អំពើបាបរបស់លោកម៉ូសេ វគ្គ២

សូមអានខគម្ពីរជនគណនា ២០៖១២, ១៣ ម្តងទៀត។ តើព្រះអម្ចាស់បានផ្តល់ហេតុផលយ៉ាងដូចម្តេចដល់លោកម៉ូសេអំពីមូលហេតុដែលគាត់មិនអាចចូលទៅក្នុងទឹកដីសន្យាបាននោះ? សូមអានខគម្ពីរចោទិយកថា ៣១៖២ និងចោទិយកថា ៣៤៖៤ ផងដែរសម្រាប់ចម្លើយ។

--------------------------------------------------------

ខទាំងនេះបង្ហាញថា អំពើបាបរបស់លោកម៉ូសេអាក្រក់ជាទីបំផុត។ នៅពេលដែលលោកម៉ូសេ វាយទឹក២ដងនោះ គាត់បានបង្ហាញថា គាត់ចង់បានដូចជាព្រះដូច្នោះដែរ។ អំពើបាបនេះអាក្រក់គ្រប់គ្រាន់ហើយ។ ប៉ុន្តែ លោកម៉ូសេក៏បានធ្វើអ្វីអាក្រក់ជាងនេះទៅទៀតដែរ។ គាត់បានបង្ហាញថា គាត់គ្មានសេចក្តី ជំនឿទៅលើព្រះ។ លោកម៉ូសេគឺមេដឹកនាំនៃសាសន៍អ៊ីស្រាអែល។ ដូច្នេះ អំពើបាបរបស់គាត់កាន់តែធ្ងន់ធ្ងរជាងគេទៅទៀត នៅពេលដែលយើងគិតអំពីព្រះគុណទាំងអស់ដែលព្រះបានបង្ហាញដល់គាត់។ តើលោកអ្នកចាំទេថា ព្រះបានមានបន្ទូលជាមួយនឹងលោកម៉ូសេចេញពីគុម្ពបន្លាភ្លើងនោះ (និក្ខមនំ ៣៖២-១៦)? ជាការពិតណាស់​ លោកម៉ូសេមានបទពិសោធន៍ជាមួយនឹងព្រះដែលមនុស្សតិចតួចណាស់មានបទពិសោធន៍នេះដូចជាគាត់។ ម្ល៉ោះហើយ លោកម៉ូសេគ្មានខអាងសម្រាប់អំពើបាបរបស់គាត់នោះទេ។ ព្រះអម្ចាស់បានមានបន្ទូលនឹងលោកម៉ូសេ «ឯង​មិន​បាន​ជឿ​អញ ដើម្បី​នឹង​លើក​អញ​ជា​បរិសុទ្ធ» (ជនគណនា ២០៖ ១២) ចំពោះពួកកូនចៅអ៊ីស្រាអែលនោះទេ។ លោកម៉ូសេបានបង្ហាញអំពីសេចក្តីមិនជឿទៅលើព្រះបន្ទូលរបស់ព្រះអម្ចាស់។ ដូច្នេះ លោកម៉ូសេបានអាក់ខានក្នុងការ «លើក​អញ​ជា​បរិសុទ្ធ» (ជនគណនា ២០៖១២)។ តើយ៉ាងណាទៅវិញ ប្រសិនបើលោកម៉ូសេបានធ្វើចិត្តអោយត្រជាក់ និងបានធ្វើរឿងត្រឹមត្រូវនៅពេលដែលពួកបណ្តាជនកំពុងតែរអ៊ូរទាំទាស់នឹងព្រះនោះ? តើយ៉ាងណាទៅវិញ ប្រសិនបើនៅពេលនោះលោកម៉ូសេបានបង្ហាញអំពីសេចក្តីជំនឿផ្ទាល់ និងការជឿទុកចិត្តរបស់គាត់ទៅលើព្រះវិញនោះ? ពេលនោះ រឿងនឹងខុសគ្នាយ៉ាងស្រឡះមែនទេ?

តើលោកអ្នកឃើញថា លោកម៉ូសេមិនបានគោរពតាមអ្វីគ្រប់យ៉ាងដែលព្រះបានសូមអោយគាត់ធ្វើដែរឬទេ?

សូមអានខគម្ពីរជនគណនា ២០៖៨-១១។ តើព្រះអម្ចាស់បានបង្គាប់លោកម៉ូសេអោយធ្វើអ្វីខ្លះ? តើលោកម៉ូសេបានធ្វើអ្វីជំនួសវិញ?

--------------------------------------------------------

យើងបានអានថា «ម៉ូសេ​ក៏​យក​ដំបង​ពី​ចំពោះ​ព្រះយេហូវ៉ា ដូច​ជា​ទ្រង់​បាន​បង្គាប់​មក» (ជនគណនា២០៖៩)។ គ្រប់យ៉ាងដំណើរការយ៉ាងរលូន។ ប៉ុន្តែ មកដល់ខ១០ លោកម៉ូសេបានវាយថ្ម។ គាត់មិនបានបង្គាប់ទៅកាន់ថ្មនោះទេ។ ព្រះអម្ចាស់បានបង្គាប់អោយលោកម៉ូសេបង្គាប់អោយថ្មបង្ហូរទឹកចេញមកក្រៅ។ ខុសលើសហ្នឹងទៅទៀត លោកម៉ូសេមិនបានវាយថ្មត្រឹមតែម្តងនោះទេ។ លោកម៉ូសេបានវាយថ្ម ២ដង។ មែនហើយ ការវាយថ្មហើយទឹកបានហូរចេញមកក្រៅគឺជាការអស្ចារ្យមួយ។​ ប៉ុន្តែ តើយ៉ាងណាទៅវិញ ប្រសិនបើលោកម៉ូសេបានបង្គាប់ដល់ថ្មជំនួសអោយការវាយថ្មវិញនោះ? នោះគឺជាការអស្ចារ្យធំជាងការដែលគាត់វាយថ្មទៅទៀត។ ដូច្នេះ ព្រះបានដាក់ទោសលោកម៉ូសេចំពោះអំពើបាបរបស់គាត់តាមរបៀបដ៏អាក្រក់មួយ។ លោកម៉ូសេមិនអាចចូលទៅក្នុងទឹកដីសន្យាបានឡើយ។ តើលោកអ្នកគិតថា ពួកកូនចៅអ៊ីស្រាអែលបានរៀនមេរៀនអ្វីចេញពីការដាក់ទោសដ៏អាក្រក់ដែលព្រះបានផ្តល់អោយម៉ូសេនោះ?

ថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១

លោកម៉ូសេបានស្លាប់

លោកម៉ូសេដ៏កំសត់បានធ្វើដំណើររហូតមកដល់ពេលនេះ។ គាត់បានឆ្លងកាត់រឿងរ៉ាវជាច្រើន។ ឥឡូវនេះ គាត់នឹងត្រូវចាកចេញពីសេចក្តីសន្យាដែលព្រះបានតាំងឡើងជាមួយនឹងលោកអ័ប្រាហាំជាយូរណាស់មកហើយយ៉ាងដូច្នេះថា៖ «អញ​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពូជ​ឯង» (លោកុប្បត្តិ ១២៖៧)។

សូមអានខគម្ពីរចោទិយកថា ៣៤៖១-១២។ តើមានអ្វីកើតឡើងដល់លោកម៉ូសេ? តើព្រះអម្ចាស់បានមានបន្ទូលយ៉ាងដូចម្តេច អំពីគាត់? តើព្រះបន្ទូលរបស់ព្រះអម្ចាស់បង្ហាញយើងថា លោកម៉ូសេគឺជាមនុស្សដ៏ពិសេសម្នាក់ដោយរបៀបណា?

--------------------------------------------------------

«លោកម៉ូសេបានគិតតែម្នាក់ឯងអំពីអ្វីៗគ្រប់យ៉ាងដែលបានកើតឡើងនៅក្នុងអតីតកាលរបស់គាត់ចាប់តាំងពីគាត់បានចាកចេញពីស្រុកអេស៊ីព្ទមក ហើយបានជ្រើសរើសធ្វើជាផ្នែកមួយនៃរាស្ត្ររបស់ព្រះ។​ លោកម៉ូសេបានគិតថា ឆ្នាំដ៏យូររបស់គាត់ក្នុងការថែរក្សាហ្វូងចៀមរបស់លោកយេត្រូនៅក្នុងទីរហោស្ថាន។ លោកម៉ូសេបាននឹកចាំអំពីទេវតានៅក្នុងគុម្ពបន្លាភ្លើង។ ទេវតានោះបានបង្គាប់អោយលោកម៉ូសេរំដោះសាសន៍អ៊ីស្រាអែលចេញពីទាសភាព។​ លោកម៉ូសេក៏នឹកចាំអំពីការអស្ចារ្យជាច្រើនដែលព្រះបានធ្វើសម្រាប់រាស្ត្រជ្រើសតាំងរបស់ទ្រង់ផងដែរ។ លោកម៉ូសេបាននឹកចាំថា ព្រះបានអត់ធ្មត់ជាខ្លាំងនៅពេលណាដែលរាស្ត្ររបស់ទ្រង់បានងាកមកទាស់នឹងទ្រង់។ ព្រះបានបង្ហាញពួកគេនូវសេចក្តីមេត្តាជាច្រើនក្នុងអំឡុងពេលរបស់ពួកគេនៅក្នុងទីរហោស្ថាន។​ លោកម៉ូសេបានអធិស្ឋានសម្រាប់ពួកបណ្តាជន។ គាត់បានខិតខំធ្វើកិច្ចការសម្រាប់ពួកគេ។ ប៉ុន្តែ មានមនុស្សដែលបានចេញពីស្រុកអេស៊ីព្ទមកតែ២នាក់ប៉ុណ្ណោះដែលនៅរស់។ ពួកគេគឺជាមនុស្សនៃក្រុមដែលបានចេញពីស្រុកអេស៊ីព្ទមកដែលនឹងត្រូវចូលទៅក្នុងទឹកដីសន្យា។​ លោកម៉ូសេបានគិតអំពីអតីតកាលរបស់គាត់ និងអ្វីគ្រប់យ៉ាងដែលគាត់បានធ្វើ។​ គាត់មានអារម្មណ៍ថា អ្វីដែលគាត់បានធ្វើមិនបានផ្លាស់ប្តូរអ្វីៗអោយល្អប្រសើរទាល់តែសោះ»។ ដកស្រង់ពី Ellen G. White, Patrairchs and Prophets, pages 471, 472, adapted។

ខគម្ពីរចោទិយកថា ៣៤៖៤ បានចែងអំពីអ្វីមួយដ៏គួរអោយចាប់អារម្មណ៍យ៉ាងដូច្នេះថា៖ «នោះ​ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​នឹង​លោក​ថា ‘នេះ​ជា​ស្រុក​ដែល​អញ​បាន​ស្បថ​នឹង​អ័ប្រាហាំ និង​អ៊ីសាក ហើយ​នឹង​យ៉ាកុប​ថា អញ​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពូជ​ឯង មើលអញ​បាន​ឲ្យ​ឯង​ឃើញ​ស្រុក​នេះ​ហើយ តែ​មិន​ត្រូវ​ឲ្យ​ឯង​ចូល​ទៅ​ទេ’»។ ព្រះអម្ចាស់ក៏បានមានបន្ទូលប្រាប់លោកម៉ូសេនូវពាក្យពេចន៍ស្រដៀងគ្នាទៅនឹងអ្វីដែលទ្រង់បានមានបន្ទូលប្រាប់លោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុបអំពីការប្រគល់ទឹកដីអោយពួកគេផងដែរ។

តើលោកអ្នកឃើញថា​ ព្រះអម្ចាស់បានអនុញ្ញាតអោយលោកម៉ូសេឃើញទឹកដីទាំងមូលដែរឬទេ? លោកម៉ូសេគ្មានផ្លូវអាចមើលឃើញទឹកដីទាំងមូលបានដោយភ្នែកនៃមនុស្សធម្មតានោះទេ។ អ្នកស្រី អែល្លីន ជីវ៉ៃត៍បានជួយអោយយល់ថា ព្រះបានធ្វើអោយលោកម៉ូសេមើលឃើញទឺកដីទាំងមូលចាប់តាំង ពីស្រុកម៉ូអាប់រហូតដល់ស្រុកដាន់រួមទាំងទីកន្លែងផ្សេងៗទៀតផងដែរ។ ព្រះក៏បានបង្ហាញលោកម៉ូសេអំពីអនាគតផងដែរ។ លោកម៉ូសេបានឃើញថា ទឹកដីនឹងក្លាយទៅជាយ៉ាងណាបន្ទាប់ពីសាសន៍អ៊ីស្រាអែលបានចូលទៅរស់នៅទីនោះ។ ព្រះអម្ចាស់ចង់អោយលោកម៉ូសេមើលឃើញថា ទ្រង់នឹងរក្សាសេចក្តីសន្យារបស់ទ្រង់ដល់សាសន៍អ៊ីស្រាអែល។ ទ្រង់នឹងដឹកនាំពួកគេចូលទៅក្នុងទឹកដីនោះ។ យើងក៏បានឃើញដែរថា ព្រះបានរៀបចំអ្វីមួយដ៏ល្អប្រសើរសម្រាប់លោកម៉ូសេដែលជាអ្នកបម្រើរបស់ទ្រង់។

ថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១

លោកម៉ូសេបានរស់ពីស្លាប់ឡើងវិញ

«ដូច្នេះ​ម៉ូសេ​ជា​បាវ​បំរើ​ផង​ព្រះយេហូវ៉ា លោក​ស្លាប់​នៅ​ទី​នោះ​ក្នុង​ស្រុក​ម៉ូអាប់​ទៅ តាម​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា ហើយ​ទ្រង់​ក៏​បញ្ចុះ​រូបកាយរបស់លោកម៉ូសេ​នៅ​ក្នុង​ច្រក​ភ្នំ​១ នា​ស្រុក​ម៉ូអាប់ទល់​មុខ​នឹង​បេត-ពេអរ​ទៅ តែ​លុះ​មក​ដល់​សព្វ​ថ្ងៃ​នេះគ្មាន​អ្នក​ណា​ដឹង​ជា​ផ្នូរ​លោក​នៅ​ឯ​ណា​ឡើយ» (ចោទិយកថា ៣៤៖៥, ៦)។ ជាការពិតណាស់ ការស្លាប់របស់លោកម៉ូសេបានជួយអោយយើងនឹកចាំអំពីសេចក្តីសន្យាចេញពីកណ្ឌគម្ពីរវិវរណៈដែលចែងយ៉ាងដូច្នេះថា៖ «ខ្ញុំ​ក៏​ឮ​សំឡេង​ពី​លើ​មេឃ​ថា ចូរ​កត់​ទុក​ដូច្នេះ​ថា ពី​នេះ​ទៅ​មុខអស់​អ្នក​ណា​ដែល​ស្លាប់​ក្នុង​ព្រះអម្ចាស់នោះ​មាន​ពរ​ហើយ ព្រះវិញ្ញាណ​ទ្រង់​មាន​ព្រះបន្ទូល​ថា ហ្នឹង​ហើយ គឺ​ដើម្បី​ឲ្យ​គេ​បាន​ឈប់​សំរាកពី​គ្រប់​ទាំង​ការ​នឿយ​ហត់​របស់​គេ ដ្បិត​ការ​គេ​ធ្វើក៏​តាម​គេ​ជាប់» (វិវរណៈ ១៤៖១៣)។ ជាការពិតណាស់ កិច្ចការល្អៗដែលលោកម៉ូសេបានធ្វើនឹងរស់នៅបន្តទៀត បន្ទាប់ពីការស្លាប់របស់គាត់។ ប៉ុន្តែ យើងនឹងបានឃើញថា ការស្លាប់របស់លោកម៉ូសេមិនមែនជាទំព័រចុងក្រោយនៅក្នុងរឿងរបស់គាត់នោះទេ។

សូមអានកណ្ឌគម្ពីរយូដាសខ៩។ តើមានអ្វីកំពុងតែកើតឡើងនៅក្នុងខនេះ?​ តើខនេះអាចជួយបកស្រាយអំពីមូលហេតុដែលលោកម៉ូសេបង្ហាញខ្លួននៅក្នុងគម្ពីរសញ្ញាថ្មីក្រោយមកទៀតដោយរបៀបណា?

--------------------------------------------------------

មីកែលគឺជា​នាមមួយទៀតតំណាងអោយ​ព្រះយេស៊ូវ។ មីកែលបានតតាំងជាមួយនឹងអារក្សអំពីរូបកាយរបស់លោកម៉ូសេ។ តើមីកែលតតាំង ដើម្បីអ្វី? យើងដឹងថា លោកម៉ូសេគឺជាបាបជន។​ អំពើបាបចុងក្រោយរបស់គាត់ដែលយើងបានដឹងនោះគឺជាការលើកដំកើងខ្លួនគាត់ដែលសិរីល្អនោះជាកម្មសិទ្ធិរបស់ព្រះតែមួយព្រះអង្គគត់។ អំពើបាបនេះគឺជាអំពើបាបតែមួយដែលនាំអោយលូស៊ីហ្វ័រត្រូវបានបោះចេញពីស្ថានសួគ៌ជាលើកដំបូង។ លូស៊ីហ្វ័របានអួតខ្លួនថា «អញ​នឹង​ឡើង​ទៅ​ផុត​ទី​ខ្ពស់​នៃ​ពពក អញ​នឹង​លើក​ខ្លួន​ឲ្យ​បាន​ដូច​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត» (អេសាយ ១៤៖១៤)។ ដូច្នេះ​តើហេតុអ្វីបានជាព្រះយេស៊ូវ និងសាតាំង តតាំងគ្នាអំពីរូបកាយរបស់លោកម៉ូសេយ៉ាងដូច្នេះ? ដោយគ្មានមន្ទិលសង្ស័យព្រះយេស៊ូវចង់ដាស់លោកម៉ូសេពីស្លាប់ឡើងវិញ។

ប៉ុន្តែ តើព្រះយេស៊ូវអាចធ្វើដូច្នោះសម្រាប់បាបជនបានដោយរបៀបណា? លោកម៉ូសេបានបំពានក្រឹត្យវិន័យរបស់ព្រះ។ ជាការពិតណាស់ ចម្លើយគឺជាឈើឆ្កាង។ ព្រះអម្ចាស់បានប្រកែកថា រូបកាយរបស់លោកម៉ូសេគឺជាកម្មសិទ្ធិរបស់ទ្រង់ ដោយសារតែអ្វីដែលនឹងត្រូវកើតឡើងនៅលើឈើឆ្កាង។ ព្រះយេស៊ូវបានក្រឡេកមើលទៅឯការសុគតរបស់ទ្រង់ផ្ទាល់នៅពេលអនាគតនៅលើឈើឆ្កាង។​ តាមរយៈការសុគតរបស់ទ្រង់ ព្រះយេស៊ូវនឹងយកជ័យជំនះលើសង្គ្រាមជំនួសមនុស្សលោកទាស់នឹងអំពើបាប និងសេចក្តីស្លាប់។​ «ដោយសារតែសេចក្តីស្លាប់របស់គាត់ លោកម៉ូសេបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាតាំង។ ទង្វើរបស់គាត់បានបណ្តាលអោយគាត់ស្លាប់។ គាត់គួរតែស្នាក់នៅក្នុងផ្នូរជារៀងរហូត។ ប៉ុន្តែ ព្រះយេស៊ូវបានដាស់គាត់ពីស្លាប់ឡើងវិញ ហើយទ្រង់ក៏បានប្រទានជីវិតអស់កល្បដល់គាត់ផងដែរ។ លោកម៉ូសេបាន រស់ឡើងវិញនៅក្នុងសិរីល្អ។ បន្ទាប់មក គាត់បានឡើងទៅស្ថានសួគ៌ជាមួយនឹងព្រះយេស៊ូវរហូតដល់ទីក្រុងរបស់ព្រះ»។ ដកស្រង់ពី Ellen G. White, Patriarchs and Prophets, page 479, adapted។ តើរឿងអំពីលោកម៉ូសេនៅត្រង់នេះបង្ហាញយើងថា ផែនការបស់ព្រះក្នុងការសង្គ្រោះបាបជនមានអំណាចជាទីបំផុតដោយរបៀបណា?

ថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១

នៅពេលដែលយើងរស់ពីស្លាប់ឡើងវិញ

ព្រះបានដាក់ទោសលោកម៉ូសេមិនសូវហួសហេតុនោះទេមែនទេ? នៅពេលដែលយើងអាននៅក្នុងកណ្ឌគម្ពីរយូដាសអំពីអ្វីដែលបានកើតឡើងដល់គាត់នោះ។ មែនហើយ លោកម៉ូសេមិនបានចូលទៅក្នុងទឹកដីសន្យានៅលើផែនដីនេះឡើយ។ ប៉ុន្តែ គាត់បានចូលទៅទឹកដីសន្យាមួយទៀតនៅឯស្ថានសួគ៌ (ហេព្រើរ ១២៖២២)។ សូម្បីតែឥឡូវនេះ គាត់មានជីវិតរស់នៅក្នុងលំនៅថ្មីរបស់គាត់។ ជាការពិតណាស់ លំនៅនេះល្អជាងលំនៅលើផែននេះទៅទៀត។

លោកម៉ូសេគឺជាគំរូដំបូងគេបង្អស់ដែលយើងបានដឹងនៅក្នុងព្រះគម្ពីរអំពីបុគ្គលម្នាក់ដែលបានរស់ពីស្លាប់ឡើងវិញ។ ព្រះបានលើកយកលោកហេណុកទៅឯស្ថានសួគ៌ (លោកុប្បត្តិ ៥៖២៤) និងលោក អេលីយ៉ាផងដែរ (ពង្សាវតាក្សត្រទី២ ២៖១១)។ ប៉ុន្តែ បុគ្គលទាំង២នេះមិនទាន់បានស្លាប់នៅឡើយទេ។ តាមដែលយើងដឹងលោកម៉ូសេគឺបុគ្គលដំបូងគេបង្អស់ដែលបានស្លាប់ និងបានរស់ពីស្លាប់ឡើងវិញ។

តើលោកម៉ូសេនៅក្នុងផ្នូរយូរប៉ុនណាដែរ មុនហេតុការណ៍នេះបានកើតឡើង? យើងមិនបានដឹងនោះទេ។ តើគាត់បានស្នាក់នៅក្នុងផ្នូរអស់រយៈពេល៣ម៉ោង ឬ៣០០ឆ្នាំ? តើព័ត៌មាននេះសំខាន់ដែរឬទេ? ព័ត៌មាននេះមិនសំខាន់នោះទេ។ លោកម៉ូសេបានបិទភ្នែករបស់គាត់រួចក៏ស្លាប់ទៅ។ នៅពេលដែលគាត់បើកភ្នែកម្តងទៀត គាត់បានឃើញព្រះយេស៊ូវ។ រឿងដូចគ្នានេះនឹងបានកើតឡើងចំពោះយើងរាល់គ្នា ដែរ។ យើងនឹងស្លាប់ បន្ទាប់មកអ្វីដែលយើងនឹងឃើញនៅពេលដែលយើងបានបើកភ្នែករបស់យើងនោះ គឺជាព្រះយេស៊ូវដែលជាស្តេច ឬជាចៅក្រមរបស់យើងនេះឯង (សូមអានខគម្ពីរវិវរណៈ ២០៖៧-១៥)។

សូមអានខគម្ពីរកូរិនថូសទី១ ១៥៖១៣-២២។ តើសេចក្តីសន្យាដ៏អស្ចារ្យអ្វីដែលលោកអ្នកបានអាននៅក្នុងខទាំងនេះ? តើហេតុអ្វីបានជាយើងចាំបាច់ត្រូវដឹងថា មនុស្សស្លាប់នឹងដេករហូតដល់ព្រះយេស៊ូវដាស់ពួកគេអោយរស់ពីស្លាប់ឡើងវិញនោះ? តើហេតុអ្វីបានជាយើងមិនអាចយល់អំពីខទាំង នេះបានដោយគ្មានសេចក្តីពិតនៃព្រះគម្ពីរនោះ?

--------------------------------------------------------

ប្រសិនបើយើងគ្មានសេចក្តីសង្ឃឹមនៃការរស់ពីស្លាប់ឡើងវិញទេ នោះយើងនឹងគ្មានសេចក្តីសង្ឃឹមអ្វីទាំងអស់។​ នៅពេលដែលព្រះយេស៊ូវបានរស់ពីស្លាប់ឡើងវិញ ព្រះជន្មរបស់ទ្រង់គឺជាសេចក្តីសន្យាបង្ហាញថា យើងក៏នឹងរស់ឡើងវិញផងដែរ។ ព្រះយេស៊ូវ «បាន​សំអាត​អំពើ​បាបរបស់​យើង​រាល់​គ្នា​ទាំង​ប៉ុន្មាន» (ហេព្រើរ ១៖៣) នៅពេលដែលទ្រង់បានសុគតនៅលើឈើឆ្កាងក្នុងនាមជាកូនចៀមរបស់យើង។ បន្ទាប់មក ទ្រង់បានមានព្រះជន្មរស់ឡើងវិញ។ នេះគឺជាមូលហេតុដែលនាំអោយយើងមានក្តីសង្ឃឹមសម្រាប់អនាគតខាងមុខ។ លោកម៉ូសេបានរស់ឡើងវិញដោយសារតែអ្វីដែលព្រះយេស៊ូវនឹងធ្វើនៅពេលអនាគត។ ព្រះយេស៊ូវបានធ្វើយ៉ាងដូច្នោះមែន។ ហើយយើងក៏នឹងរស់ពីស្លាប់ឡើងវិញផងដែរដោយសារតែអ្វីដែលទ្រង់បានធ្វើនោះ។

រឿងអំពីលោកម៉ូសេនៅត្រង់នេះគឺជាឧទាហរណ៍មួយអំពីរបៀបដែលព្រះនឹងសង្គ្រោះយើងតាម រយៈសេចក្តីជំនឿរបស់យើងនៅក្នុងព្រះគុណរបស់ទ្រង់។ លោកម៉ូសេបានរស់ដោយសារតែសេចក្តីជំនឿ ទោះបីជាគាត់បានធ្វើខុសនៅចុងប​ញ្ចប់នៃជីវិតរបស់គាត់ក៏ដោយ។ លោកម៉ូសេបានលើកទឹកចិត្តដល់ពួកបណ្តាជនអោយជ្រើសរើសជីវិតខាងឯសេចក្តីជំនឿដូចគ្នានេះតាមរយៈកណ្ឌគម្ពីរចោទិយកថាទាំងមូល។ ពួកយើងក៏កំពុងតែឈរនៅលើព្រំប្រទល់នៃទឹកដីសន្យាផងដែរ។ តើយើងគួរតែជ្រើសរើសជីវិតខាងឯសេចក្តីជំនឿដែរឬយ៉ាងណា? ព្រះបានត្រាស់ហៅយើងអោយរស់នៅដោយសេចក្តីជំនឿនៅក្នុងទ្រង់។ តើយើងអាចធ្វើអ្វីបានខ្លះដើម្បីអោយប្រាកដថា យើងនឹងមិនធ្វើកំហុសដដែលដែលបានដាស់តឿនដោយកណ្ឌគម្ពីរចោទិយកថានោះ?

ថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១

សិក្សាបន្ថែម

«នៅពេលដែលលោកម៉ូសេ និងលោកអើរ៉ុនស្រែកឡើងថា «តើ​ត្រូវ​ឲ្យ​យើង​ធ្វើ​ឲ្យ​ទឹក​ចេញ​ពី​ថ្មដា​នេះសំរាប់​អ្នក​រាល់​គ្នា​ឬ​អី» នោះមានន័យថា​ ពួកគេបានព្យាយាមធ្វើត្រាប់ដូចជាព្រះដូច្នោះដែរ។ ពួកគេបានបង្ហាញពួកបណ្តាជនថា អំណាចក្នុងការធ្វើការអស្ចារ្យនេះមានប្រភពចេញមកពីពួកគេ។​ ប៉ុន្តែ ពួកគេគ្រាន់តែជាមនុស្សប៉ុណ្ណោះ។ ពួកគេមានភាពកំសោយរបស់មនុស្សលោក រួមទាំងចំណង់នៃមនុស្សមានបាបផងដែរ។ លោកម៉ូសេ និងលោកអើរ៉ុនបានហត់នឿយ និងអស់កម្លាំងដោយសារតែពួកបណ្តាជនមិនព្រមបញ្ឈប់ការរអូ៊រទាំ និងការបែរមកទាស់នឹងព្រះទាល់តែសោះ។ ម្ល៉ោះហើយ លោកម៉ូសេបានភ្លេចព្រះនៅពេលនោះ។ គាត់បានខកខានក្នុងការនឹកចាំថា ព្រះគឺជាអ្នកជួយដ៏អស្ចារ្យបំផុតរបស់គាត់។ លោកម៉ូសេបានប្រព្រឹត្តនូវកំហុសដែលនឹងត្រូវកត់ត្រានៅក្នុងប្រវត្តិសាស្ត្រនៃព្រះគម្ពីរសម្រាប់អោយមនុស្សគ្រប់គ្នាបានអាន។ លោកម៉ូសេបានបង្ហាញអំពីភាពកំសោយរបស់មនុស្សលោក ដោយសារតែគាត់មិនបានជឿទុកចិត្តទៅលើព្រះចេស្តារបស់ព្រះ។ នៅពេលនោះ លោកម៉ូសេមិនបានជ្រើសរើសរក្សាចិត្តរបស់ គាត់អោយនៅតែបរិសុទ្ធនោះទេ។ គាត់មិនបានកាន់ខ្ជាប់រហូតដល់ទីបញ្ចប់នៃជីវិតខាងឯព័ន្ធកិច្ចរបស់គាត់សម្រាប់ព្រះនោះទេ។ លោកម៉ូសេគួរតែថ្វាយសិរីល្អដល់ព្រះ និងបង្ហាញការគោរពដល់ទ្រង់។​ ប៉ុន្តែ គាត់បានចាញ់អំពើបាប។ គាត់មិនបានគោរពដល់ព្រះនៅចំពោះមុខពួកបណ្តាជននោះឡើយ»។ ដកស្រង់ ពី Ellen G. White, Patrairchs, and Prophets, page 418, adapted។

«លោកម៉ូសេបាននៅជាមួយនឹងលោកអេលីយ៉ានៅលើភ្នំដ៏ខ្ពស់។ នៅទីនោះ ព្រះយេស៊ូវត្រូវបានផ្លាស់ប្រែរហូតដល់ទ្រង់បានបញ្ចេញសិរីល្អដ៏ភ្លឺចិញ្ចាច។ ព្រះដែលជាព្រះវរបិតាបានបញ្ជូនលោកម៉ូសេ និងលោកអេលីយ៉ាអោយមកឯព្រះយេស៊ូវដែលជាព្រះរាជបុត្រា។ លោកម៉ូសេ និងលោកអេលីយ៉ាបាននាំពន្លឺ និងសិរីល្អពីព្រះវរបិតាមកថ្វាយដល់ព្រះយេស៊ូវ។ លោកម៉ូសេបានអធិស្ឋានអំពីពេលវេលានេះរាប់រយឆ្នាំមុនមកម្ល៉េះ។​ ឥឡូវនេះ អ្វីៗដែលគាត់បានអធិស្ឋានទីបំផុតបានកើតឡើងមែន។ លោកម៉ូសេកំពុងតែឈរនៅលើដីដែលព្រះបានប្រទានដល់រាស្ត្ររបស់ទ្រង់។ លោកម៉ូសេបានពិភាក្សាជាមួយនឹងព្រះយេស៊ូវ នៅទីនោះព្រមទាំងបានកំសាន្តព្រះទ័យដល់ទ្រង់ផង។ ព្រះយេស៊ូវគឺជាបុគ្គលម្នាក់ដែលសេចក្តីសន្យាទាំងអស់នៃព្រះគម្ពីរបានចង្អុលបង្ហាញ។ រូបភាពរបស់លោកម៉ូសេនៅត្រង់នេះគឺជារូបភាពចុងក្រោយបង្អស់ដែលយើងបានឃើញនៅក្នុងជីវិតរបស់គាត់។ លោកម៉ូសេគឺជាបុគ្គលម្នាក់ដែលគេគោរពជាងគេនៅឯស្ថានសួគ៌»។ ដកស្រង់ពី Ellen G. White, Patriarchs and Prophets, page 479, adapted។

សំនួរពិភាក្សា៖
  1. តើរឿងនៃការស្លាប់របស់លោកម៉ូសេបានបង្ហាញយើងយ៉ាងដូចម្តេច ពីការបង្រៀនអំពីការរស់ឡើងវិញនៅក្នុងគម្ពីរសញ្ញាថ្មី?

  2. តើរឿងនៃជីវិតរបស់លោកម៉ូសេអាចជាគំរូមួយអំពីអត្ថន័យនៃការរស់នៅដោយសេចក្តីជំនឿដោយរបៀបណា? តើជីវិតរបស់គាត់បង្ហាញយើងយ៉ាងដូចម្តេចថា យើងត្រូវបានសង្រ្គោះដោយសារសេចក្តីជំនឿរបស់យើងនៅក្នុងព្រះគុណរបស់ព្រះ មិនមែនដោយសារទង្វើល្អរបស់យើងនោះ? ​

  3. សូមពិភាក្សាអំពីសេចក្តីសន្យានៃការរស់ឡើងវិញនៅក្នុងថ្នាក់។​ តើហេតុអ្វីបានជាការបង្រៀននេះសំខាន់ម្ល៉េះចំពោះអ្វីៗគ្រប់យ៉ាងដែលយើងបានជឿនោះ? ប្រសិនបើយើងជឿថា ព្រះទ្រង់នឹងដាស់យើងពីស្លាប់ឡើងវិញនោះ តើយើងមិនគួរជឿទ្រង់នៅក្នុងរឿងផ្សេងៗទៀតទេឬអី? ប្រសិនបើព្រះអាចដាស់យើងពីស្លាប់ឡើងវិញបានមែន នោះមានន័យថា ទ្រង់អាចធ្វើអ្វីៗបានទាំងអស់មែនទេ?

រឿងខ្លី

ក្មេងជំទង់បានបង្កើតតន្ត្រីគ្រីស្ទាន

Jeans

ជារៀងរាល់ឆ្នាំ ព្រះវិហាររបស់នាងមីហារូ ស៊ីមីស្សូ (Miharu Shimizu) តែងតែរៀបចំកម្មវិធីបុណ្យណូអែលនៅក្នុងទីក្រុងតូខ្យូ ប្រទេសជប៉ុន។ ជារៀងរាល់ឆ្នាំ នាងមីហារូមានបំណងចង់ចូលរួម និងចែករំលែកសេចក្តីអំណររបស់នាងអំពីកំណើតរបស់ព្រះគ្រីស្ទ។ នៅរដូវធ្លាក់ខ្យល់មួយក្នុងអំឡុងពេលឆ្នាំទី១របស់នាងនៅក្នុងសកលវិទ្យាល័យ គ្រូបង្រៀនម្នាក់បានស្នើសុំអោយនាងសរសេរទំនុកចម្រៀងសម្រាប់ការសម្តែងតន្ត្រី។

ការសម្តែងតន្ត្រីបានក្លាយទៅជាការប្រលងចុងក្រោយសម្រាប់សិស្សទាំង៣០នាក់នៅក្នុងថ្នាក់របស់នាង។ នាងមីហារូជាអ្នកសរសេរសាច់រឿង និងទំនុកចម្រៀង រីឯគ្រូគឺជាអ្នកនិពន្ធបទចម្រៀង។ បន្ទាប់មក សិស្សទាំងអស់ត្រូវបានចែកជា៤ក្រុម ហើយក្រុមនីមួយៗត្រូវរៀនច្រៀងភ្លេងទាំងនោះ។ បន្ទាប់ពីបានអធិស្ឋានពីរបីដងរួចមក នាងមីហារូបានបញ្ចូលរឿងខ្លីមួយស្តីអំពីចម្រៀងថ្ងៃបុណ្យណូអែល។ ចម្រៀងទាំងនោះពោរពេញទៅដោយការសរសើរតម្កើងដល់ព្រះយេស៊ូវនាថ្ងៃបុណ្យណូអែល។ នាងមិនដឹងថា គ្រូ ឬសិស្សទាំងឡាយបានគិតយ៉ាងដូចម្តេចនោះទេ។ ពីព្រោះពួកគេមិនមែនជាគ្រីស្ទាននោះឡើយ។ នៅពេលដែលនាងមីហារូបង្ហាញការសម្តែងតន្រ្តី៨នាទីរបស់នាងរួច គ្រូមិនបានផ្លាស់ប្តូរពាក្យ របស់គាត់មួយម៉ាត់ណាសោះ។ គាត់បាននិយាយថា «ទំនុកចម្រៀងនេះពីរោះខ្លាំងណាស់»។ ខណៈ ពេលដែលសិស្សកំពុងរៀន និងហ្វឹកហាត់ការសម្តែងតន្រ្តីរបស់ពួកគេ នាងមីហារូបាននឹកចាំអំពីកម្មវិធីបុណ្យណូអែលនៅឯព្រះវិហារ។ ប្រហែលជាការសម្តែងតន្ត្រីរបស់នាងអាចជាការចូលរួមចំណែកមួយនៅក្នុងកម្មវិធីបុណ្យណូអែលបាន។

នៅថ្ងៃបុណ្យណូអែលនោះ នាងបានលេងព្យាណូ ខណៈដែលមិត្តរួមថ្នាក់ទាំង៧នាក់កំពុងតែសម្តែងតន្ត្រីរបស់នាងនៅឯព្រះវិហារសេវេនដេយអាត់វេនទីស្ទសេតាហ្គាយ៉ា ដែលជាព្រះវិហារសម្រាប់មនុស្សវ័យក្មេងនៅក្នុងទីក្រុងតូខ្យូ។ ក្មេងៗអាត់វេនទីស្ទបានជួយការសម្តែងតន្ត្រីពីក្រោយឆាក។ មនុស្សកាន់តែច្រើនបានមកទស្សនាការសម្តែងតន្ត្រីលើសពីអ្វីការរំពឹងទុករបស់នាងទៅទៀត។ មនុស្សប្រហែល ជា៧៥នាក់បានប្រជ្រៀតគ្នានៅក្នុងអគារព្រះវិហារដ៏តូច ពេញចន្លោះទាំងអស់ ដែលតាមធម្មតាមានតែសមាជិកព្រះវិហារមកថ្វាយបង្គំនៅថ្ងៃសប្បាតហ៍២៥នាក់ប៉ុណ្ណោះ។​

នាងមីហារូមានសេចក្តីរីករាយជាខ្លាំង។ នាងមានអារម្មណ៍ជិតស្និទ្ធជាមួយនឹងអ្នកទស្សនា។ នាងបានសង្កេតឃើញថា នាង និងអ្នកទស្សនាទាំងនេះបានចែករំលែកនូវគោលបំណងដ៏ពិតនៃថ្ងៃបុណ្យណូអែល គឺជាសេចក្តីអំណរដែលព្រះយេស៊ូវស្រឡាញ់មនុស្សលោកជាខ្លាំងបានជាទ្រង់យាងមកប្រសូតជាទារកនៅផែនដីនេះ។ នាងមីហារូសប្បាយចិត្តជាពិសេសនោះ គឹមិត្តរួមថ្នាក់របស់នាងម្នាក់កំពុងតែអង្គុយស្តាប់ជាមួយនឹងអ្នកទស្សនាទាំងអស់ផងដែរ។ ក្រោយមក មិត្តរួមថ្នាក់ម្នាក់នោះបានស្នើសុំអោយមានថ្នាក់សិក្សាព្រះគម្ពីរ។

នាងមីហារូបានសម្រេចចិត្តនិពន្ធការសម្តែងតន្ត្រីមួយទៀតសម្រាប់បុណ្យអូណែលឆ្នាំក្រោយ។ នាងបានសរសេរការសម្តែងតន្ត្រីអំពីរបៀបដែលតារបស់នាងបានក្លាយមកជាសេវេនដេយអាត់វេនទីស្ទ។ ការស្វែងរកមិត្តរួមថ្នាក់អោយចូលរួមនៅក្នុងការសម្តែងតន្ត្រីថ្មីរបស់នាងគឺជារឿងងាយទេ។ ពីព្រោះពួកគេចូលចិត្តការសម្តែងតន្ត្រីកាលពីឆ្នាំមុននិងចង់ច្រៀងម្តងទៀតជាខ្លាំង។ អ្នកចូលរួមថ្មីម្នាក់ទៀតនៅក្នុងក្រុមគឺជាមិត្តរួមថ្នាក់ដែលកំពុងតែសិក្សាព្រះគម្ពីរនោះឯង។ នាងមីហារូដែលមានអាយុ១៩ឆ្នាំ កំពុងតែអធិស្ឋានសូមអោយព្រះប្រើនូវទេពកោសល្យខាងឯតន្ត្រីរបស់នាងក្នុងការទាក់ទាញមិត្តរួមថ្នាក់មកឯទ្រង់។

អំណានដង្វាយប្រចាំសប្តាហ៍

នៅពេលដែលព្រះយកលោកអ្នកទុកជាទីមួយ

កាលពីជាង២០០០ឆ្នាំមុន ព្រះជាម្ចាស់បានយកលោកអ្នកទុកជាទីមួយ និងបានប្រទានព្រះបុត្រាស្ងួនភ្ងាតែមួយដើម្បីឲ្យលោកអ្នកអាចរស់នៅអស់កល្បជានិច្ច។ កំណើតរបស់ព្រះយេស៊ូវគឺជាការរំឭកថា គឺព្រះហើយដែលបានយកលោកអ្នកទុកជាទីមួយមុនពេលដែលលោកអ្នកបានដឹងថាមានទ្រង់ទៅទៀត។

រឿងដំណឹងល្អគឺមិនមែនជារឿងរបស់លោកអ្នកដែលស្រឡាញ់ព្រះដើម្បីឲ្យព្រះអាចយកលោកអ្នកទៅកាន់កន្លែងដ៏ប្រសើរនោះទេ។ វាក៏មិនមែនជារឿងដ៏អស្ចារ្យរបស់យើងរាល់​គ្នា​ដែល​មានការលំបាកក្នុងការជឿលើព្រះដែលស្រឡាញ់យើងយ៉ាងពិតប្រាកដនោះដែរ។ រឿងដំណឹងល្អគឺជារឿងរបស់ព្រះដែលស្រឡាញ់លោកអ្នកមុនពេលដែលលោកអ្នកបានកើតមកទៅទៀត។ វាគឺជារឿងរបស់ព្រះដែលយកលោកអ្នកទុកជាទីមួយ។ វាគឺជារឿង​ដ៏​មិនអាចជឿបាន​ថា ព្រះនៃចក្រវាឡបានលះបង់នគរឋានសួគ៌មករងទុក្ខជំនួសលោកអ្នកដើម្បីឲ្យលោកអ្នកបានជីវិតអស់កល្ប។ រឿងដំណឹងល្អគឺជារឿងរបស់ព្រះវរបិតា។ «ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ» (យ៉ូ​ហាន ៣៖១៦)។

ព្រះយេស៊ូវបានពណ៌នាពួកជំនុំថាជាកូនក្រមុំរបស់ព្រះអង្គ។ បើទោះបីជាពួកជំនុំរបស់យើងធ្លាប់បរាជ័យក្នុងការបំពេញបេសកកម្មដែលព្រះប្រទានដល់យើងក្តី ក៏ពួកជំនុំនៅតែជាកូនក្រមុំរបស់ព្រះយេស៊ូវដែរ។ ហើយយើងត្រូវបានត្រាស់ហៅឲ្យស្រឡាញ់ពួកជំនុំដូចជាទ្រង់ស្រឡាញ់ដែរ។ យើងតោងតែប្រុងប្រយ័ត្នអំពីរបៀបដែលយើងប្រព្រឹត្តចំពោះពួកជំនុំ។ ចូរនឹកចាំអំពីរបៀបដែលព្រះយេស៊ូវស្រឡាញ់យ៉ាងធំធេងដល់ពួកជំនុំជានិច្ច។

ព្រះយេស៊ូវនឹងផ្គត់ផ្គង់ធនធានដែលកូនក្រមុំរបស់ព្រះអង្គជានិច្ចដើម្បីយកទៅបំពេញបេសកកម្មរបស់នាង។ រឿងដែលគួរឲ្យចាប់អារម្មណ៍នោះគឺជារបៀបដែលព្រះយេស៊ូវទ្រង់ធ្វើការនេះ។ ទ្រង់បានផ្គត់ផ្គង់ពួកជំនុំដោយការប្រទានពរជាកម្រៃ ជាចំណូល ជាប្រាក់ខែ និងជា​ផលដំណាំដល់លោកអ្នក ហើយបានអញ្ជើញលោកអ្នកឲ្យយកទ្រង់ទុកជាទីមួយដោយត្រូវបង្វិលថ្វាយមួយចំណែកទៅព្រះវិហារ។

មានរឿងពីរយ៉ាងដែលបានបង្ហាញយ៉ាងច្បាស់៖ ទី១) ប្រសិនបើព្រះវិហារពុំមានធនធានគ្រប់គ្រាន់ គឺដោយសារតែគ្នាយើងខ្លះកំពុងតែរក្សាធនធានរបស់ព្រះវិហារទុកសម្រាប់ខ្លួនឯងហើយ។ ហើយទី២) រឿងនេះពន្យល់ពីរបៀបដែលព្រះយេស៊ូវបន្តប្រទានធនធានជាច្រើនដល់អស់អ្នកដែលស្មោះត្រង់ក្នុងការថ្វាយដង្វាយដល់ព្រះតាមរយៈព្រះវិហាររបស់ព្រះអង្គ។

លោកអ្នកក៏ត្រូវបានអញ្ជើញឲ្យទទួលស្គាល់ថា លោកអ្នក៏ជាក្រុមជំនុំដែរ។ និយាយ​តាមបែបម្យ៉ាងទៀតគឺថា យើងរាល់គ្នាគឺជារូបកាយរបស់ព្រះគ្រីស្ទ ម៉្លោះហើយពេលណាយើងប្រើទេពកោសល្យដ៏ពិសេសរបស់យើង មានន័យថា យើងកំពុងតែស្អាងរូបកាយរបស់ព្រះគ្រីស្ទហើយ។ រឿងនេះមានន័យថា ព្រះគ្រីស្ទនឹងអន្តរាគមន៍ដល់សហគមន៍របស់លោកអ្នកតាមរយៈលោកអ្នកនេះហើយ។

នៅពេលដែលព្រះយេស៊ូវបានប្រសូតមកកាលពីជាង២០០០ឆ្នាំមុន ទ្រង់បានប្រកាស​​ទៅកាន់ចក្រវាឡថា ទ្រង់កំពុងតែយកលោកអ្នកទុកជាទីមួយ។ សព្វថ្ងៃនេះព្រះទ្រង់កំពុងអង្វរករឲ្យលោកអ្នកយកទ្រង់ទុកជាទីមួយវិញ។

សម្រាប់ឆ្នាំថ្មីដែលនឹងមកដល់នេះ សេចក្តីស្រឡាញ់របស់ទ្រង់ជម្រុញយើងឲ្យយកនគររបស់ទ្រង់ទុកជាទីមួយក្នុងជីវិតរបស់យើង។ ខណៈដែលអ្នក​ជំនួយការប្រមូលប្រាក់ដង្វាយ១០ហូត១ និងសទ្ធា យើងក៏ត្រូវបានលើកទឹកចិត្តឲ្យយកព្រះទុកជាទី១ដែរ។ ​

Powered by CAM