កណ្ឌគម្ពីររបស់ហោរាអេសាយផ្តើមសេចក្តីឡើងដោយការបរិយាយប្រាប់យើងថា អ្នកនិពន្ធរបស់កណ្ឌគម្ពីរនេះគឺ «លោកអេសាយជាកូនរបស់អេម៉ុស» (អេសាយ ១៖១)។ ព្រះទ្រង់បានប្រទានព្រះបន្ទូលរបស់ទ្រង់ដល់ហោរាអេសាយនៅក្នុង «សុបិននិមិត្តដ៏ពិសេសមួយ» (អេសាយ ១៖១)។ សុបិននិមិត្តរបស់ហោរាអេសាយបានពិពណ៌នាអំពីអ្វីដែលនឹងត្រូវកើតមានឡើងចំពោះ «ស្រុកយូដាស និងក្រុងយេរូសាឡិម» ក្នុងគ្រារបស់ «ស្តេចអូសៀស ស្តេចយ៉ូថាម ស្តេចអេហាស និងស្តេចហេសេគា ដែលជាស្តេចរបស់ស្រុកយូដា» (អេសាយ ១៖១)។ កណ្ឌគម្ពីរនេះក៏បានរៀបរាប់ប្រាប់យើងផង ដែរថា ព្រះបន្ទូលរបស់ព្រះតាមរយៈលោកអេសាយគឺទុកសម្រាប់តែប្រជាពលរដ្ឋក្នុងប្រទេសរបស់លោកក្នុងជំនាន់ដែលលោកបានរស់នៅប៉ុណ្ណោះ។ លោកអេសាយបាននិយាយទៅកាន់ពលរដ្ឋរបស់លោកស្តីអំពីជីវិតខាងឯព្រលឹងវិញ្ញាណរបស់ពួកគេ និងអំពីអ្វីដែលនឹងត្រូវកើតមានឡើងចំពោះគេនៅក្នុងគ្រាខាងមុខ។
លោកអេសាយគឺជាហោរាម្នាក់។ រីឯហោរាគឺជាអ្នកនាំសារដ៏ពិសេសរបស់ព្រះទៅកាន់រាស្ត្ររបស់ទ្រង់។ លោកអេសាយបានបំរើព័ន្ធកិច្ចថ្វាយព្រះ នៅក្នុងជំនាន់របស់ស្តេចទាំងបួនដែលមានឈ្មោះបរិយាយក្នុងព្រះគម្ពីរអេសាយ ១៖១។ ស្តេចទាំងបួនអង្គនេះបានជួយយើងអោយដឹងថា លោកអេសាយបាននិយាយទៅកាន់មនុស្សដែលរស់នៅក្នុងជំនាន់ស្តេចទាំងនេះ។ យើងអាចសិក្សាអំពីរឿងរ៉ាវបន្ថែមទៀតចេញពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងជំនាន់នោះ ក្នុងបទគម្ពីរពង្សាវតារក្សត្រទី២ ជំពូក១៥-២០ និងបទគម្ពីររបាក្សត្រទី២ ជំពូក២៦-៣២។
សូមអានខគម្ពីរអេសាយ ១៖២។ តើអ្វីជាព្រះបន្ទូលដែលយើងបានរៀននៅក្នុងខនេះ? តើព្រះវរបិតាទ្រង់មានព្រះបន្ទូលស្តីអំពីអ្វីនៅក្នុងខនេះ? តើយើងអាចមើលឃើញគំនិតដដែលនេះលេចឡើងតាំងពីដើមដំបូងរហូតដល់ទីបញ្ចប់នៃប្រវត្តិសាស្ត្រព្រះគម្ពីរយ៉ាងដូចម្តេច? តើរឿងដដែលនេះកើតឡើងពិតប្រាកដដែលឬទេចំពោះព្រះវិហារគ្រិស្តសាសនាសព្វថ្ងៃនេះ? ចូរពន្យល់។
---------------------------------------------------------------------------------------
តើលោកអ្នកមានដឹងទេថា សាររបស់ហោរាអេសាយផ្តើមឡើងដោយពាក្យថា «ឱស្ថានសួគ៌អើយ (ផ្ទៃមេឃ) ចូរស្តាប់ ហើយផែនដីអើយ ចូរផ្ទៀងត្រចៀកចុះ» (អេសាយ ១៖២) ចូរប្រៀបធៀបខគម្ពីរចោទិយកថា ៣០៖១៩ និងខគម្ពីរចោទិយកថា ៣១៖២៨? តើព្រះជាម្ចាស់ចង់មានព្រះបន្ទូល ថា ស្ថានសួគ៌ (ផ្ទៃមេឃ) និងផែនដីពិតជាអាចស្តាប់និងយល់បានឬអី? ពិតជាអត់ទេ! ព្រះទ្រង់ប្រើប្រាស់ពាក្យពេចន៍ទាំងនេះដើម្បីឱ្យយើងយកចិត្តទុកដាក់។ ទ្រង់មានព្រះហឫទ័យចង់ឲ្យយើងស្តាប់ដោយយក ចិត្តទុកដាក់នូវអ្វីដែលទ្រង់បានមានបន្ទូល។
នៅក្នុងយុគសម័យរបស់គម្ពីរ ស្ដេចនានាដែលមានអំណាចដែលមកពីតំបន់ចុងបូព៌ាប្រទេសពួកគេច្រើនតែធ្វើកិច្ចព្រមព្រៀងជាមួយមេដឹកនាំនៃប្រទេសទាំងឡាយដែលទន់ខ្សោយជាងខ្លួន។ ស្តេចដែលមានឥទ្ធិពលកាន់តែខ្លាំង គេបានអំពាវនាវអោយព្រះរបស់ខ្លួនធ្វើជាសាក្សីដល់គេ។ ចុះហេតុអ្វីបានជាស្តេចទ្រង់ធ្វើបែបនេះ? នោះក៏ដោយសារតែទ្រង់ចង់បង្ហាញថាព្រះនឹងដាក់ទណ្ឌកម្មដល់អ្នកណាដែល រំលោភនៅកិច្ចព្រមព្រៀងនោះ។ ដូចគ្នានេះដែរ ព្រះជាម្ចាស់ទ្រង់បានតាំងសញ្ញាជាមួយសាសន៍អ៊ីស្រាអែល នៅជំនាន់លោកម៉ូសេ។ ប៉ុន្តែទ្រង់មិនបានយកព្រះដទៃណាមកធ្វើជាសាក្សីឡើយ។ ត្បិតព្រះទ្រង់ជាព្រះដ៏ពិតតែមួយប៉ុណ្ណោះ។ ព្រះអង្គបានបង្កើតអ្វីៗសព្វសារពើនៅលើផ្ទៃមេឃនិងផែនដី។ ដូច្នេះហើយបានជាព្រះទ្រង់យកផ្ទៃមេឃនិងផែនដីមកធ្វើជាសាក្សីអោយទ្រង់ (សូមអានចោទិយកថា ៤៖២៦ ផងដែរ) ។
សូមអានព្រះគម្ពីរអេសាយ ១៖១-៩ ដោយយកចិត្តទុកដាក់។ តើខទាំងនេះបានសម្តែងយ៉ាងដូចម្តេចអំពីបាបរបស់ស្រុកយូដា? តើអំពើបាបរបស់ស្រុកនេះបានបណ្តាលអោយមានអ្វីកើតឡើងខ្លះ? ស្របពេលជាមួយគ្នានេះដែរ តើយើងមើលឃើញសេចក្តីសង្ឃឹមអ្វីខ្លះនៅក្នុងគម្ពីរអេសាយ១៖៩?
ថ្ងៃច័ន្ទ ទី២៨ ធ្នូ ឆ្នាំ២០២០
ការថ្វាយបង្គំដ៏ឥតប្រយោជន៍
សូមអានខគម្ពីរអេសាយ ១៖១០។ តើលោកអ្នកគិតថាហេតុអ្វីបានជាហោរាអេសាយយកទីក្រុងសូដុំម និងក្រុងកូម៉ូរ៉ាមកប្រើជានិមិត្តរូបនៅក្នុងខព្រះគម្ពីរទាំងនេះ? តើព្រះអម្ចាស់មានព្រះបន្ទូលដូចម្តេចទៅកាន់រាស្ត្ររបស់ព្រះអង្គ?
---------------------------------------------------------------------------------------
សូមអានខគម្ពីរអេសាយ ១៖១១-១៥។ នៅក្នុងខទាំងនេះ តើព្រះជាម្ចាស់មានបន្ទូលប្រាប់រាស្ត្ររបស់ទ្រង់អំពីអ្វីខ្លះ? ហេតុអ្វីបានជាព្រះជាម្ចាស់ងាកចេញពីការថ្វាយបង្គំដែលរាស្ត្ររបស់ទ្រង់បានថ្វាយដល់ព្រះអង្គ?
---------------------------------------------------------------------------------------
ប្រជារាស្ត្ររបស់ព្រះមានកំហុសពីបទឧក្រិដ្ឋ។ ដៃរបស់ពួកគេបាន «ប្រឡាក់ដិតដាមទៅដោយឈាម» (អេសាយ ១៖១៥)។ តើការនេះមានន័យយ៉ាងដូចម្តេចទៅ? ព្រះជាម្ចាស់កំពុងមានបន្ទូលថា រាស្ត្ររបស់ទ្រង់បានវាយដំគ្នា និងបានធ្វើទុក្ខបៀតបៀនដល់ទាសកររបស់ពួកគេ (អេសាយ ១៖១៥; អេសាយ ៥៨៖៣, ៤)។ រឿងដែលអាក្រក់ជាងនេះទៅទៀតនោះគឺថា រាស្ត្ររបស់ព្រះបានយកដៃដែលប្រឡាក់ដោយបាបដដែលនោះមកអធិស្ឋានអំពាវនាវដល់ព្រះ ព្រមទាំងបានថ្វាយតង្វាយដល់ទ្រង់ផងដែរ។ នៅពេលដែលរាស្ត្ររបស់ព្រះបៀតបៀនដល់គ្នាទៅវិញទៅមក នោះសបញ្ជាក់អោយឃើញថា ពួក គេពិតជាមិនគោរពកោតខ្លាចដល់ព្រះវរបិតាផ្ទាល់តែម្តង។ រាល់អំពើបាបដែលទាស់ទទឹងនឹងបុគ្គលដទៃ ទៀត គឺជាអំពើបាបដែលប្រឆាំងនឹងព្រះវរបិតា។
ជាការពិតណាស់ ព្រះជាម្ចាស់បានបង្រៀនជនជាតិអ៊ីស្រាអែលពីរបៀបថ្វាយបង្គំព្រះអង្គដោយផ្ទាល់ (លេវីវិន័យ ១-១៦)។ ទ្រង់បានជ្រើសរើសព្រះវិហារនៅក្រុងយេរូសាឡិម ទុកជាកន្លែងដែលទ្រង់ចង់អោយរាស្រ្តរបស់ទ្រង់គោរពបូជា (ពង្សាវតារក្សត្រទី១ ៨៖១០, ១១)។ ប៉ុន្ដែ ព្រះវរបិតាទ្រង់សព្វ ព្រះទ័យនឹងការថ្វាយបង្គំ ដើម្បីអោយការនេះបានជួយក្រើនរំឮកដល់រាស្ដ្ររបស់ទ្រង់អោយបានចងចាំនូវកិច្ចព្រមព្រៀងដែលតាំងជាមួយនឹងទ្រង់។ កិច្ចព្រមព្រៀង ឬក៏ការតាំងសញ្ញារបស់ព្រះជាមួយនឹងរាស្ត្ររបស់ទ្រង់បាននាំអោយទ្រង់មានលទ្ធភាពអាចយាងមកគង់នៅជាមួយនឹងរាស្ត្ររបស់ទ្រង់ក្នុងព្រះវិហារ បាន។ ដូច្នេះគ្រប់ទាំងការអំពាវនាវអធិស្ឋាន និងសកម្មភាពសាសនាផ្សេងៗរបស់រាស្រ្តទ្រង់អាចមានអត្ថន័យទៅបាន ប្រសិនបើពួកគេមានសេចក្តីជំនឿនៅក្នុងចិត្ត។ ពួកគេចាំបាច់ត្រូវតែបង្ហាញថាពួកគេពិតជាជឿលើព្រះ និងសេចក្តីសញ្ញារបស់ទ្រង់។ អស់អ្នកដែលចង់ថ្វាយតង្វាយដល់ព្រះវរបិតា នោះត្រូវ តែលន់តួនូវរាល់អំពើបាបដែលខ្លួនបានទាស់ទទឹងនឹងអ្នកដទៃចោលចេញ។ ពុំនោះទេ រាល់ការថ្វាយបង្គំរបស់ពួកគេគឺសុទ្ធតែជារឿងភូតភរទទេ។ ព្រះជាម្ចាស់នឹងមិនសព្វព្រះទ័យនិងតង្វាយរបស់គេឡើយ។ ហើយដែលអាក្រក់ជាងនេះទៅទៀតនោះគឺថា តង្វាយទាំងនោះគឺរាប់ទុកដូចជាអំពើបាបវិញ។ ការថ្វាយបង្គំដែលឥតខ្លឹមសាររបស់ពួកគេ សម្តែងអោយឃើញនៅខាងក្រៅដូចជាពួកគេស្មោះសនឹងព្រះជាម្ចាស់ណាស់ ប៉ុន្តែរីឯការប្រព្រឹត្តរបស់គេវិញពិតជាបង្ហាញថាពួកគេបានរំលោភទៅនឹងសេចក្តីសញ្ញាហើយ។
សូមអានព្រះគម្ពីរអេសាយ ១៖១៦, ១៧។ ដូចដែលយើងបានឃើញនៅក្នុងខគម្ពីរទាំងនេះ តើព្រះអម្ចាស់បានប្រាប់រាស្រ្តរបស់ទ្រង់ឲ្យធ្វើអ្វីខ្លះ? តើសារនៅក្នុងខគម្ពីរទាំងនេះដូចគ្នានឹងពាក្យរបស់ ព្រះយេស៊ូវនៅក្នុងខគម្ពីរម៉ាថាយ ២៣៖២៣-២៨ យ៉ាងដូចម្តេច? តើយើងអាចរកឃើញសារអ្វីខ្លះក្នុងខគម្ពីរទាំងពីរនេះសម្រាប់ខ្លួនយើងរាល់គ្នានាពេលបច្ចុប្បន្ននេះ?
ថ្ងៃអង្គារ ទី២៩ ធ្នូ ឆ្នាំ២០២០
ការអភ័យទោស
សូមអានព្រះគម្ពីរអេសាយ ១៖១៨ តើលោកអ្នកមានអារម្មណ៍ថាព្រះអម្ចាស់កំពុងតែមានបន្ទូលពីអ្វីនៅក្នុងខគម្ពីរនេះ? (សូមអានខមួយចំនួនបន្តបន្ទាប់ទៀតដើម្បីអោយយល់កាន់តែច្បាស់អំពីខទី១៨)។
---------------------------------------------------------------------------------------
ព្រះវរបិតាទ្រង់មានបន្ទូលថា ប្រជាជននៅស្រុកយូដាបានធ្វើបាបប្រឆាំងនឹងទ្រង់។ ព្រះបានចោទប្រកាន់ពួកគេពីបទរំលោភកិច្ចព្រមព្រៀងជាមួយនឹងទ្រង់ (អេសាយ ១៖២-១៥)។ ព្រះអង្គបានអំពាវនាវឱ្យពួកគេកែប្រែចិត្តចេញ (អេសាយ ១៖១៦, ១៧)។ ការនេះបង្ហាញអោយយើងឃើញថា សេចក្តីសង្ឃឹមពិតជាមានសម្រាប់រាស្រ្តរបស់ព្រះ។ ចុះតើហេតុអ្វីបានជាទ្រង់សូមអង្វរករអោយជនឧក្រិដ្ឋ កែប្រែផ្លូវប្រព្រឹត្តរបស់ខ្លួនដូច្នេះ? តើអ្នកទោសឧក្រិដ្ឋដែលនឹងត្រូវស្លាប់ដោយសារបទឧក្រិដ្ឋរបស់ខ្លួនអាច «ជួយការពារចំពោះមនុស្សដែលត្រូវគេសង្កត់សង្កិន កាត់ក្តីដល់ពួកកំព្រា ហើយកាន់ក្តីជំនួសពួកស្រី មេម៉ាយ» បានយ៉ាងដូចម្តេចទៅ? តាមពិតទៅវាមិនអាចទៅរួចទេ។ ប៉ុន្តែនៅពេលដែលព្រះជាម្ចាស់មានបន្ទូលថា «មកចុះ យើងនឹងពិភាក្សាជាមួយគ្នា» (អេសាយ ១៖១៨) នោះយើងឃើញថា ទ្រង់ព្យាយាមរកដំណោះស្រាយជាមួយនឹងរាស្រ្តរបស់ទ្រង់ហើយ។ ទ្រង់មានព្រះទ័យចង់អោយពួកគេបែរចេញពីអំពើបាប និងផ្លូវប្រព្រឹត្តរបស់ខ្លួនវិញប៉ុណ្ណោះ។
ព្រះវរបិតាទ្រង់មានបន្ទូលប្រាប់ដល់រាស្រ្តទ្រង់ថា អំពើបាបរបស់ពួកគេនឹងបាន«សដូចហិមៈ» (អេសាយ ១៖១៨)។ ហេតុអ្វីបានជាបាបមានពណ៌ក្រហម? ពីព្រោះពណ៌ក្រហមគឺជាពណ៌របស់លោហិតដែលប្រឡាក់នៅដៃរបស់រាស្រ្តទ្រង់ (អេសាយ ១៖១៥)។ រីឯពណ៌សវិញគឺជាពណ៌តំណាងអោយចិត្តដែលស្អាតស្អំបរិសុទ្ធ និងគ្មានកំហុស។ ដូច្នេះហើយនិមិត្តរូបនៃពាក្យពេចន៍ទាំងនេះបង្ហាញអោយយើងឃើញថាព្រះពិតជាចង់កែប្រែរាស្ត្ររបស់ទ្រង់ណាស់។ ហ្លួងដាវីឌក៏បានប្រើនិមិត្តរូបប្រៀបប្រដូចស្រដៀងគ្នានេះដែរ នៅពេលដែលទ្រង់ស្រែកអង្វរករដល់ព្រះវរបិតាអោយអត់ទោសចំពោះអំពើបាបរបស់ ទ្រង់ (សូមអានទំនុកតម្កើង ៥១៖៧, ១៤)។ ហ្លួងដាវីឌបានប្រព្រឹត្តនូវបាបដោយបានលួចលាក់ស្នេហា នឹងនាងបាតសេបាប្រពន្ធរបស់អ៊ូរី។ បន្ទាប់មកហ្លួងដាវីឌក៏បានបញ្ជាអោយមេទ័ពរបស់ខ្លួនសម្លាប់លោកអ៊ូរីចោលទៅ។ នៅក្នុងព្រះគម្ពីរអេសាយ ១៖១៨ ព្រះជាម្ចាស់បានប្រទាននូវការអត់ទោសដល់រាស្ត្ររបស់ទ្រង់។
តើការប្រោសប្រទាននូវការលើកលែងទោសរបស់ព្រះបង្ហាញយ៉ាងដូចម្តេចថាទ្រង់ចង់អោយរាស្រ្តរបស់ទ្រង់ផ្លាស់ប្តូរមាគ៌ារបស់ខ្លួនដែរនោះ? (ចូរប្រៀបធៀបខគម្ពីរអេសាយ ១៖១៨ ទៅនឹងខគម្ពីរអេសាយ ៤៤៖២២ ដើម្បីជួយឆ្លើយសំណួរនេះ)។
---------------------------------------------------------------------------------------
ឥឡូវនេះយើងបានឃើញហើយនូវមូលហេតុដែលព្រះទ្រង់បានព្រមានដល់រាស្រ្តរបស់ទ្រង់ដោយខ្លាំងៗ ។ ព្រះជាម្ចាស់មិនដែលបោះបង់ចោលរាស្ត្ររបស់ទ្រង់ឡើយ។ ព្រះអង្គមានព្រះទ័យចង់នាំពួកគេត្រឡប់មកឯទ្រង់វិញ។ ទ្រង់ប្រាថ្នាចង់អត់ទោសបាបដល់ពួកគេណាស់ប្រយោជន៍ដើម្បីអោយគេបានអនុញ្ញាតអោយទ្រង់បានសំអាតផ្លូវចិត្តនិងគំនិតរបស់ពួកគេ (អេសាយ ១៖១៦, ១៧)។ ការអត់ទោសបាបរបស់ព្រះបានផ្តល់ជាឱកាសអោយទ្រង់អាចផ្លាស់ប្តូរដល់រាស្រ្តរបស់ទ្រង់បាន។ ព្រះគម្ពីរយេរេមា ៣១៖៣១-៣៤ បានបង្ហាញយើងបន្ថែមទៀតអំពីទស្សនៈនេះ។ ការអត់ទោសរបស់ព្រះធ្វើឱ្យយើងមាន លទ្ធភាពចូលមកជិតទ្រង់នៅក្នុងចិត្តយើង។ យើងពិតជាជំពាក់គុណព្រះខ្លាំងក្រៃលែង។ យើងពិតជាគ្មានសង្ឃឹមថានឹងអាចបង់ថ្លៃលោះសម្រាប់អ្វីគ្រប់យ៉ាងដែលទ្រង់បានប្រោសប្រទានដល់យើងនោះឡើយ។ ប៉ុន្តែយើងអាចលន់តួសារភាពនៅចំពោះព្រះថា យើងពិតជាត្រូវការនូវការអត់ទោសបាបពីទ្រង់ណាស់។ បន្ទាប់មកយើងនឹងត្រៀមខ្លួនទទួលយកនូវអ្វីគ្រប់យ៉ាងដែលព្រះទ្រង់នឹងប្រទានអោយ។
ថ្ងៃពុធ ទី៣០ ធ្នូ ឆ្នាំ២០២០
បានបរិភោគ ឬត្រូវបានបំផ្លាញ
សូមអានខគម្ពីរអេសាយ ១៖១៩-៣១។ តើអ្វីទៅជាគំនិតដែលលោកអ្នកយល់ឃើញនៅក្នុងខទាំងនេះដែលយើងក៏អាចមើលឃើញនៅក្នុងព្រះគម្ពីរទាំងមូលដែរ?
---------------------------------------------------------------------------------------
តើលោកអ្នកឃើញនូវទំនាក់ទំនងដែលមានក្នុងខគម្ពីរអេសាយ ១៖១៩-៣១ រវាងការធ្វើល្អនិងការទទួលរង្វាន់ឬទេ? ប្រសិនបើមនុស្សទាំងឡាយសំរេចចិត្តស្តាប់បង្គាប់តាមព្រះជាម្ចាស់ នោះពួកគេនឹងបរិភោគនូវផលល្អពីទឹកដីនេះជាមិនខាន (អេសាយ ១៖១៩)។ ប៉ុន្តែ ប្រសិនបើរាស្រ្តរបស់ព្រះបដិសេធមិនព្រមទទួលយកនូវព្រះគុណរបស់ព្រះក្នុងការអត់ទោសបាប និងការកែប្រែជាថ្មីនោះ ពួកគេនឹងត្រូវបាន «ប្រហារដោយដាវ» (អេសាយ ១៖២០) ពីសំណាក់ខ្មាំងសត្រូវរបស់គេវិញ។ ជម្រើសគឺ ស្ថិតនៅលើពួកគេ។
ក្នុងបទគម្ពីរអេសាយ១ យើងបានអានជួបនូវពាក្យមួយចំនួនដែលស្ទើរតែដូចគ្នានឹងពាក្យដែលលោកម៉ូសេបានបរិយាយនៅក្នុងខគម្ពីរចោទិយកថា ៣០៖១៩, ២០។ លោកម៉ូសេបានសរសេរនូវពាក្យទាំងនេះនៅគ្រាដែលព្រះបានតាំងសេចក្តីសញ្ញា ឬធ្វើកិច្ចព្រមព្រៀងពិសេសជាមួយនឹងរាស្ត្ររបស់ទ្រង់។ ព្រះទ្រង់បានមានបន្ទូលថា «អញអាងដល់ស្ថានសួគ៌ និងផែនដីឲ្យធ្វើជាបន្ទាល់ទាស់នឹងឯងរាល់គ្នានៅថ្ងៃនេះថា អញបានដាក់សំញែងទាំងជីវិត និងសេចក្តីស្លាប់ ទាំងព្រះពរ និងសេចក្តីបណ្តាសានៅមុខឯងរាល់គ្នា ដូច្នេះចូររើសយកជីវិតចុះដើម្បីឲ្យឯងបានរស់នៅព្រមទាំងពូជឯងតរៀងទៅផង» (ចោទិយកថា ៣០៖ ១៩)។
សូមក្រឡេកមើលពាក្យពេចន៍របស់លោកម៉ូសេក្នុងខគម្ពីរចោទិយកថា ៣០៖១៩, ២០។ តើលោកអ្នកបានឃើញទេថា ជម្រើសគឺមានតែពីរប៉ុណ្ណោះ? រស់ ឬស្លាប់ ព្រះពរ ឬបណ្ដាសា។ តើលោកអ្នកគិតថាហេតុអ្វីបានជាយើងមានតែជំរើសពីរដូច្នេះ? ហេតុអ្វីយើងមិនអាចមានជំរើសច្រើនជាងនេះ?
---------------------------------------------------------------------------------------
ពាក្យរបស់លោកម៉ូសេកើតឡើងបន្ទាប់ពីមានការព្រមានយ៉ាងច្រើនពាក់ព័ន្ធទៅនឹងព្រះពរ និងបណ្តាសាដែលជាផ្នែកនៃកិច្ចព្រមព្រៀងពិសេសរបស់ព្រះជាម្ចាស់ជាមួយនឹងរាស្រ្តរបស់ទ្រង់ក្នុងបទគម្ពីរចោទិយកថា ២៧-៣០ (សូមប្រៀបធៀបជំពូកទាំងនេះទៅនឹងគម្ពីរលេវីវិន័យ ២៦)។ កិច្ចព្រមព្រៀងរបស់ព្រះមានជាច្រើនផ្នែកដូចតទៅ៖ (១) អ្វីៗដែលព្រះបានធ្វើសម្រាប់រាស្ដ្ររបស់ទ្រង់។ (២) បញ្ញត្ដិដែលរាស្ដ្ររបស់ព្រះត្រូវគោរព។ (៣) សាក្សី និង( ៤) ការប្រទានព្រះពរ និងបណ្តាសាដើម្បីជាកិច្ចព្រមានដល់ប្រជាជននូវអ្វីដែលនឹងកើតឡើងប្រសិនបើពួកគេហ៊ានបំពានសេចក្តីសញ្ញារបស់ព្រះ។ផ្នែកដដែលនេះក៏ត្រូវបានរួមបញ្ចូលនៅក្នុងកិច្ចព្រមព្រៀងរវាងជនក្រៅសាសន៍នាសម័យព្រះគម្ពីរផងដែរ។ ដូច្នេះយើងឃើញថាព្រះជាម្ចាស់ប្រើប្រាស់នូវទម្រង់មួយសម្រាប់កិច្ចព្រមព្រៀងរបស់ព្រះអង្គដែលទម្រង់នេះរាស្រ្តរបស់ទ្រង់បានស្គាល់រួចមកហើយ។ ការនេះវាបានជួយដល់រាស្រ្តរបស់ព្រះអង្គឱ្យយល់កាន់តែច្បាស់អំពីអ្វីដែលនឹងកើតមានឡើងប្រសិនបើពួកគេរំលោភបំពាននូវកិច្ចព្រមព្រៀងនេះ។ ព្រះពរនៃសេចក្តីសញ្ញាពិសេសនេះគឺមានភាពអស្ចារ្យណាស់ ប៉ុន្តែ ប្រសិនបើសាសន៍អ៊ីស្រាអែលខកខានមិនបានបំពេញតាមតួនាទីរបស់ខ្លួនទេនោះ ពួកគេនឹងបានកាន់តែអាក្រក់ជាងមុនទៅទៀត។
តាមបទពិសោធន៍ជាគ្រីស្ទានរបស់លោកអ្នក តើលោកអ្នកធ្លាប់បានទទួលនូវព្រះពរ ឬបណ្តាសាដែលលោកម៉ូសេបានលើកឡើងនៅក្នុងកណ្ឌគម្ពីរចោទិយកថាដែរឬទេ?
ថ្ងៃព្រហស្បតិ៍ ទី៣១ ធ្នូ ឆ្នាំ២០២០
ចម្រៀងនៃសេចក្តីស្រឡាញ់ដែលដាស់តឿនចិត្ត
សូមអានចម្រៀងនេះនៅក្នុងខគម្ពីរអេសាយ ៥៖១-៧។ បទចម្រៀងនេះក៏ជារឿងប្រៀប ប្រដូចផងដែរ។ តើរឿងប្រៀបប្រដូចនេះមានអត្ថន័យយ៉ាងដូចម្តេចទៅ?
---------------------------------------------------------------------------------------
ព្រះវរបិតាបានពន្យល់នូវអត្ថន័យនៃសាច់រឿងប្រៀបប្រដូចនេះនៅចុងបញ្ចប់នៃខគម្ពីរអេសាយ ៥៖៧។ ព្រះជាម្ចាស់បានប្រើប្រាស់នូវនិមិត្តរូបផ្សេងៗ ដើម្បីជួយដល់រាស្ត្ររបស់ទ្រង់ឱ្យអាចមើលឃើញនូវអ្វីដែលមាននៅក្នុងចិត្តរបស់ពួកគេ។ ព្រះទ្រង់ក៏បានប្រើវិធីដូចគ្នានេះដែរជាមួយស្តេចដាវីឌ (សូមអាន ខគម្ពីរសាំយូអែលទី២ ១២៖១-១៣)។ ទ្រង់បានដាក់ចំណងជើងអោយរឿងប្រៀបប្រដូចនេះថា «បទចំរៀងនៃសេចក្តីស្រឡាញ់» (អេសាយ ៥៖១)។ ចំណងជើងនេះឆ្លុះបញ្ចាំងពីអ្វីដែលព្រះទ្រង់សព្វព្រះទ័យពី រាស្រ្តរបស់ទ្រង់ និងបង្ហាញពីអ្វីដែលនៅក្នុងព្រះហឫទ័យរបស់ព្រះអង្គ។ ព្រះជាម្ចាស់ទ្រង់ជាសេចក្តីស្រឡាញ់ (យ៉ូហានទី១ ៤៖៨)។ ព្រះអង្គនឹករំពឹងថារាស្ត្ររបស់ទ្រង់នឹងស្រឡាញ់ទ្រង់វិញ។ ទ្រង់ប្រៀបប្រដូចសេចក្តីស្រឡាញ់នេះទៅនឹង «ដើមទំពាំងបាយជូរល្អ» (អេសាយ ៥៖២)។ ប៉ុន្តែទ្រង់មិនដែលបានទទួលផលទំពាំងបាយជូរពីរាស្ត្ររបស់ទ្រង់ឡើយ។ អ្វីដែលទ្រង់ទទួលបាននោះគឺផ្លែទំពាំងបាយជូរព្រៃប៉ុណ្ណោះ(អេសាយ ៥៖២) ដែលភាសាហេព្រើរហៅផ្លែនេះថា «ទំពាំងបាយជូររលួយ» ដែលមានន័យថា «ក្លិនស្អុយ» (អេសាយ ៥៖២)។
តើព្រះវរបិតាចង់មានន័យយ៉ាងដូចម្តេចនៅពេលដែលទ្រង់មានបន្ទូលនៅក្នុងខគម្ពីរអេសាយ ៥៖៤? «តើគួរឲ្យអញធ្វើអ្វីទៀតដល់ចំការទំពាំងបាយជូររបស់អញដែលអញលះបង់មិនបានធ្វើនោះ»?
---------------------------------------------------------------------------------------
បន្ទាប់មកព្រះជាម្ចាស់ទ្រង់មានព្រះបន្ទូលថា៖ «ឥឡូវនេះ អញនឹងប្រាប់ឲ្យឯងរាល់គ្នាដឹងជា អញនឹងធ្វើអ្វីដល់ចំការទំពាំងបាយជូររបស់អញនោះ គឺអញនឹងរើរបងចេញ នោះសត្វនឹងចូលស៊ីបំផ្លាញ អញនឹងរំលំកំផែងចេញ នោះចំការនឹងត្រូវជាន់ឈ្លីទៅ អញនឹងបំផ្លាញអស់រលីង នឹងគ្មានអ្នកណាកាត់ លួស ឬជ្រួយដីទៀតឡើយ» (អេសាយ ៥៖៥, ៦)។ នៅពេលដែលយើងរាល់គ្នាធ្វើបាប ព្រះជាម្ចាស់មិនបានកាត់កាល់យើងចេញភ្លាមនោះទេ។ ទ្រង់ក៏មិនបពា្ឈប់នូវការការពារ និងបំផ្លិចបំផ្លាញយើងភ្លាមៗដែរ។ ទ្រង់ទុកឱកាសឱ្យយើងទទួលយកការអត់ទោសពីទ្រង់ (សូមអានពេត្រុសទី២ ៣៖៩)។ ព្រះ ជាម្ចាស់នឹងមិនកាត់កាល់កូនណាម្នាក់ដែលបែរមករកទ្រង់វិញឡើយ។ ទ្រង់នៅតែព្យាយាមទាញនាំយើងត្រឡប់មករកទ្រង់វិញដរាបណានៅមានសង្ឃឹមដែលយើងនឹងទទួលយកទ្រង់វិញ។ ព្រះអង្គមិនងាយនឹងទទួលយកនូវចម្លើយបដិសេធដោយងាយៗនោះទេ។ ទ្រង់ជ្រាបថា យើងរាល់គ្នាត្រូវបានបោកបញ្ឆោតដោយអំពើបាប។ ប៉ុន្តែប្រសិនបើព្រះជាម្ចាស់មិនអាចកែប្រែគំនិតរបស់យើងបានទេនោះទ្រង់នឹងទទួលយកនូវជម្រើសរបស់យើងជាមិនខាន។ ទ្រង់នឹងអនុញ្ញាតឱ្យយើងដើរតាមផ្លូវដែលយើងបានជ្រើសរើសនោះ (សូមអានខគម្ពីរវិវរណៈ ២២៖១១)។
ព្រះវិញ្ញាណបរិសុទ្ធ ទ្រង់នៅតែបន្តអំពាវនាវហៅយើងឲ្យមករកព្រះ។ តែបើយើងនៅតែបន្តបដិសេធចំពោះការដង្ហោយហៅរបស់ទ្រង់នោះ ទ្រង់នឹងលែងហៅយើងទៀតហើយ។ ព្រះអង្គទ្រង់ជ្រាប ថាយើងនឹងមិនផ្លាស់ប្តូរគំនិតរបស់យើងទេ (ម៉ាថាយ ១២៖៣១, ៣២)។ ការងាកបែរចេញពីព្រះយេស៊ូវ នោះនឹងនាំឱ្យយើងមានគ្រោះថ្នាក់ណាស់ (ហេព្រើរ ៦៖៤-៦)។ ទ្រង់នឹងមិនបង្ខំយើងឲ្យវិលត្រឡប់មកឯទ្រង់វិញទេ។ ប្រសិនបើយើងមិនវិលត្រឡប់មកឯព្រះវិញទេ នោះទ្រង់ត្រូវតែអនុញ្ញាតឱ្យយើងទៅ។ ហេតុអ្វី? ពីព្រោះទ្រង់គោរពតាមសេរីភាពនៃជម្រើសរបស់យើងម្នាក់ៗ។
ថ្ងៃសុក្រ ទី០១ មករា ឆ្នាំ២០២១
សិក្សាបន្ថែម
សូមអានអត្ថបទដកស្រង់ចេញពីសៀវភៅរបស់អ្នកស្រីអែល្លិន ជីវ៉ៃត៍អំពីព្រះគម្ពីរអេសាយ ១៖៤ ថា «រាស្ត្ររបស់ព្រះបានងាកបែរចេញពីទ្រង់។ ពួកគេបានបាត់បង់នូវប្រាជ្ញានិងយោបល់អស់ហើយ។ គេលែងស្គាល់អ្វីដែលហៅថាសំខាន់ទៀតហើយ។ គេលែងចាំបានហើយថាព្រះជាម្ចាស់នេះឯងដែលបានសំអាតពួកគេពីអំពើបាបចាស់របស់គេនោះ។ គេលែងមានសេចក្តីសុខសាន្ដក្នុងចិត្តទៀតហើយ។ គេរស់នៅក្នុងសេចក្តីងងឹតសូន្យសុងខាងឯវិញ្ញាណ។ គេព្យាយាមលុបបំបាត់ចេញអោយអស់នូវការចងចាំស្តីអំពីសេរីភាព សុវត្ថិភាព និងសុភមង្គលដែលគេធ្នាប់មានកាលពីអតីតកាល។ ពួកគេពិតជាធ្វើរឿងដែលល្ងីល្ងើ និង មិនសមហេតុផលទាល់តែសោះ។ ព្រះមិនអាចប្រទានពរដល់រាស្ត្ររបស់ទ្រង់បាន នោះក៏ដោយសារ តែឥរិយាបថរបស់ពួកគេ។ ពួកគេតែងតែទម្លាក់កំហុសអោយគ្នាទៅវិញទៅមក។ ពួកគេចូលចិត្តតែស្តាប់ នួវពាក្យញុះញង់របស់សាតាំងប្រឆាំងនឹងព្រះ។ គេបានសម្តែងអោយមនុស្សគ្រប់គ្នាឃើញនូវរូបភាពមិន ពិតរបស់ព្រះ។ អាកប្បកិរិយារបស់គេសបញ្ជាក់អោយឃើញថាព្រះពិតជាគ្មានសេចក្ដីមេត្ដាករុណា ឬការអត់ទោសឡើយ»។
សំនួរពិភាក្សា៖
- តើលោកអ្នកអាចលាងជម្រះខ្លួនអ្នក និងធ្វើអោយខ្លួនលោកអ្នកបានជ្រះស្អាតបានយ៉ាងដូចម្តេច (អេសាយ ១៖១៦)? តើខនេះមានអត្ថន័យយ៉ាងណា? (សូមអានភីលីព ២៖១២, ១៣ ដើម្បីជួយលោកអ្នកក្នុងការឆ្លើយនិងសំណួរនេះ)។
- សូមអានខគម្ពីរម៉ាថាយ ២១៖៣៣-៤៥; ម៉ាកុស ១២៖១-១២; និងលូកា ២០៖៩-១៩។ ដូចដែលខទាំងនេះបង្ហាញ តើព្រះយេស៊ូវដកស្រង់នូវគំនិតពីបទចំរៀងស្នេហានៃចំការទំពាំងបាយជូរនេះ ហើយប្រើវានៅក្នុងជំនាន់របស់ទ្រង់យ៉ាងដូចម្តេច? តើទ្រង់បានផ្លាស់ប្តូរនូវទស្សនៈអ្វីខ្លះ? តើទ្រង់បានបន្ថែមវាយ៉ាងដូចម្តេច? តើរឿងនេះបង្រៀនយើងអំពីអ្វីខ្លះក្នុងនាមជាអ្នកសេវេនដេយអាត់វេនទីស្ទមួយរូប?
- តើការអត់ទោសបាបរបស់ព្រះជាម្ចាស់ និងសេចក្តីសន្យារបស់ទ្រង់ក្នុងការផ្លាស់ប្តូរជីវិតយើងមានទំនាក់ទំនងគ្នាយ៉ាងដូចម្តេច? តើរឿងណាមួយត្រូវកើតមុន? តើវាជាការផ្លាស់ប្តូរជីវិតទាំងស្រុងជាមុនសិន រួចបន្ទាប់មកទើបមានការអត់ទោសបាបឬអី? ឬក៏ការអត់ទោសហើយបន្ទាប់មកការផ្លាស់ប្តូរជីវិតទាំងស្រុងឬ? ហេតុអ្វីបានជាការដឹងថារឿងណាមួយត្រូវកើតមុនមានសារៈសំខាន់ម៉្លេះ?
- នៅក្នុងអត្ថបទដកស្រង់ខាងលើអ្នកស្រីអែល្លិន ជីវ៉ៃត៍បានថា «ព្រះមិនអាចប្រទានពរដល់រាស្រ្តរបស់ទ្រង់បានទេដោយសារតែអាកប្បកិរិយារបស់ពួកគេទេ» តើប្រសាសន៍នេះមានអត្ថន័យដូចម្តេច?
រឿងខ្លី
ជនបោកប្រាស់នៅប្រទេសអ៊ុយក្រែន
អ្នកជំនួយការព្រះវិហារសេវេនដេយអាត់វេនទីស្ទម្នាក់ គាត់មិនដែលនឹកស្មានថាគាត់បានចាញ់បោកស្ត្រីម្នាក់ និងកូនប្រុសនាងឡើយ។ កាលនោះលោកបានអញ្ជើញពួកគេមកផ្ទះរបស់ខ្លួនក្រោយពេលដែលពួកគេបានរត់ភៀសខ្លួនពីសង្រ្គាមក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត។ ប៉ុន្តែ លោកក៏មិនដែលមានការសោកស្តាយដែរ។ លោកវាឡែនទីន សាយស៊ីវបាននិយាយថា៖ «យើងបានធ្វើការនេះដោយស្មោះអំពីចិត្តចំពោះព្រះ ហើយយើងនឹងទុកឲ្យព្រះជាអ្នកវិនិច្ឆ័យរវាងនាងនិងយើងចុះ»។ រឿងនេះបានកើតឡើងកាលពីឆ្នាំ២០១៥ ពេលដែលលោកវាឡែនទីន បានដឹងថាមានការផ្ទុះឡើងនៃចលនាប្រជាជនចំណាកស្រុកមកដល់ទីក្រុងរបស់លោកដែលមានឈ្មោះថា ទីក្រុងសមុទ្រខ្មៅ ស្ថិតក្នុងរដ្ឋមីកកូឡាវ។ ស្ថានភាពនៃការចំណាកស្រុករបស់ប្រជាជនពិតជាបានធ្វើអោយលោករំជួលចិត្តក្រៃលែង។ ដូច្នេះហើយលោកវាឡែនទីន ដែលមានអាជីពជាមេការសំណង់ស្រាប់បានតាំងចិត្តយ៉ាងមុតមាំជាមួយប្រពន្ធរបស់គាត់ធ្វើដំណើរទៅកាន់សណ្ឋាគារមួយកន្លែងដែលគ្រប់គ្រងដោយរដ្ឋាភិបាល នៅទីនោះពួកគេបានឃើញប្រជាជនចំណាកស្រុកចំនួន៥០នាក់រស់នៅក្នុងអគារចំនួន២ដែលក្នុងបន្ទប់នីមួយៗនៃអាគារនោះផ្ទុកមនុស្សចាប់ពី៦ទៅ៨នាក់ឯណោះ។ លោកវាឡែនទីន បានណែនាំខ្លួនគាត់ថាជាគ្រិស្តបរិស័ទ ហើយគាត់ក៏បានសួរនាំពួកគេថាតើពួកគេមានការខ្វះខាតអ្វីខ្លះ។ ភ្លាមៗនោះក៏មានការឆ្លើយតបមកវិញថា ពួកគេត្រូវការកន្ទបទារក និងកន្សែងជូតមុខ។ លោកវាឡែនទីនបាននិយាយថា៖ «យើងក៏បានទៅផ្សារទំនើបទិញរបស់ទាំងពីរនេះមកភ្លាម»។ បន្ទាប់មកយើងក៏បានសួរទៀតថាតើមានអ្វីដែលយើងអាចជួយបានទៀតទេ? ពួកគេក៏បានស្នើសុំជាអាទិរូមមាន៖ ខោទ្រនាប់ របស់របរអនាម័យរបស់ស្ត្រី និងដំឡូងបារាំងជាដើម។ អាជ្ញាធរបានផ្តល់ឱ្យពួកគេនូវកន្លែងស្នាក់នៅមែន ប៉ុន្តែ ពូកគេមិនមានអ្វីច្រើនផ្សេងទៀតនោះទេ។ នៅពេលដែលចំណងមិត្ដភាពរបស់គាត់និងជនចំណាកស្រុកបានចម្រើនឡើងហើយនោះ លោកវាឡែនទីន ក៏បានអញ្ជើញមិត្ដថ្មីរបស់លោកទាំងនោះមកសិក្សាព្រះគម្ពីរជុំគ្នា។ មានមនុស្សប្រមាណ១១នាក់យល់ព្រមមកសិក្សាព្រះគម្ពីរជាមួយគាត់ ហើយក៏មានលោកគ្រូគង្វាលអាត់វេនទីស្ទម្នាក់បានចាប់ផ្តើមសិក្សាព្រះគម្ពីរជាមួយពួកគេជារៀងរាល់ល្ងាច។ បន្ទាប់មកក៏មានអំពើហិង្សាមួយបានផ្ទុះឡើងនៅឯសណ្ឋាគារនៃជនភៀសខ្លួនទាំងនោះដែលបានបណ្តាលអោយបុរសវ័យ១៩ឆ្នាំម្នាក់ឈ្មោះ វ៉ាលឺរី ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានរបួសស្នាម។ នៅពេលដែលលោកវាឡែនទីន និងភរិយាបានទៅសួរសុខទុក្ខគាត់នៅមន្ទីរពេទ្យ ម្តាយរបស់ក្មេងប្រុសរងរបួសម្នាក់នេះដែលមានឈ្មោះថា ណាតាសាបានទទួចអង្វរសុំកន្លែងស្នាក់នៅថ្មីមួយ។ លោកវាឡែនទីនបានកំពុងជួលផ្ទះល្វែងមួយខ្នងដែលមានបីបន្ទប់ដែរ ហើយលោកក៏បានសំរេចផ្តល់បន្ទប់មួយសំរាប់នាងនិងកូនប្រុសបានស្នាក់នៅជាបណ្តោះអាសន្ន។ មួយរយៈពេលនោះអ្វីគ្រប់យ៉ាងហាក់ដូចជាល្អប្រក្រតីធម្មតា។ ណាតាសា នាងថែមទាំងបានចូលរួមថ្វាយបង្គំនៅក្នុងព្រះវិហារអាត់វេនទីស្ទផងដែរ។ ប៉ុន្តែក្រោយមក លោកវាឡែនទីន បានដឹងថានាងមិនមែនជាមនុស្សដែលគ្មានសមត្ថភាពដូចដែល នាងបានអះអាងនោះទេ ហើយថានាងបានឆ្លៀតយកប្រយោជន៍ពីគុណធម៌របស់ប្រជាជនដែលបានលះបង់ លុយកាក់ទៅជួយគេ។ គាត់បាននិយាយថា៖ «យើងបានចិញ្ចឹមនាងនិងកូនប្រុសរបស់នាងហើយថែមទាំងបានបង់ថ្លៃវិក័យប័ត្រទូរស័ព្ទអោយពួកគេទៀត»។ «ប៉ុន្តែ បន្ទាប់មកយើងបានដឹងថាពួកគេមិនមែនជាអ្នកក្រពិតទេ។ យើងក៏បានស្នើសុំអោយពួកគេឲ្យចាកចេញទៅ»។ ណាតាសា និងកូនប្រុសរបស់នាងបានរស់នៅជាមួយក្រុមគ្រួសារយើងអស់រយៈពេល៦ខែ។ បើក្រឡេកមើលទៅក្រោយវិញ វាឡែនទីន បាននិយាយថាបទពិសោធន៍នេះគឺជាព្រះពរមួយវិញ។ ណាតាសាបានជួយពូកគេជាច្រើនជុំវិញកិច្ចការងារ ផ្ទះ ដូចជាការចម្អិនអាហារ ការបោកគក់ និងជួយថែររក្សាកូនៗទាំងបីនាក់របស់គាត់។ ប៉ុន្តែគាត់បាននិយាយថា ឯព្រះពរដ៏ធំបំផុតនោះគឺជាឱកាសក្នុងការផ្តល់សេចក្តីស្រឡាញ់ដល់នាង។ «យើងបានទទួលនូវសេចក្តីអំណរ និងព្រះពរ ព្រោះយើងអាចមានឱកាសបំរើដល់អ្នកដទៃ» គាត់បាននិយាយដូច្នេះ។ «គ្រួសាររបស់យើងបានធូរធារហើយ។ ខ្ញុំនឹងមិនចំាបាច់ធ្វើអ្វីផ្សេងទៀតទេ។ លោកវាឡែនទីន ជឿជាក់ថាវាជារឿងដែលសំខាន់ណាស់ក្នុងការជួយមនុស្សគ្រប់ៗគ្នាមិនថាពួកគេទទួលយកព្រះយេស៊ូវឬក៏អត់នោះទេ។ កាតព្វកិច្ចរបស់យើងជាគ្រីស្ទានគឺត្រូវរស់នៅនិងចេះបំរើគ្នាទៅវិញទៅមក រីឯរឿងផ្សេងទៀតនោះគឺស្រេចនឹងព្រះចុះ។ យើងថែរក្សាដោយសេចក្ដីល្អ រីឯព្រះទ្រង់ជាអ្នកប្រមូលផលវិញ»។
អំណានដង្វាយប្រចាំសប្តាហ៍
នៅពេលដែលព្រះយេស៊ូវយកព្រះទុកជាទី១
ការយកព្រះទុកជាទី១មិនមែនជារឿងងាយស្រួលឡើយ។ តើយើងអាចរៀនអំពីព្រះយេស៊ូវអ្វីខ្លះដែលនឹងជួយយើងឲ្យយកព្រះទុកជាទី១ក្នុងជីវិតរបស់យើងសព្វថ្ងៃនេះ?
នៅរៀងរាល់ដើមឆ្នាំថ្មីនីមួយៗ យើងតែងរំពឹងថាអ្វីៗនឹងប្រសើរជាងឆ្នាំមុន។ គំនិតដែលថានឹងបានអ្វីថ្មីឡើងគឺជារឿងដ៏រំភើប។ នៅពេលដែលព្រះយេស៊ូវមានព្រះជន្ម៣០ ឆ្នាំទ្រង់បានចាប់ផ្ដើមដំណាក់កាលថ្មីមួយនៃព្រះជន្មរបស់ព្រះអង្គ។ បន្ទាប់ពីបានទទួលបុណ្យជ្រមុជទឹកនៅឯទន្លេយ័រដាន់ ពន្ធកិច្ចរបស់ព្រះអង្គក៏បានចាប់ផ្ដើមជាផ្លូវការឡើង។ ប៉ុន្តែអ្វីដែលបានកើតឡើងនៅគ្រាបន្ទាប់ពីនោះគឺជារឿងគួរឲ្យចម្លែកខ្លាំងណាស់ ហើយរឿងនោះវានឹងជួយយើងនៅក្នុងឆ្នាំថ្មី២០២១នេះ។
ខគម្ពីរម៉ាថាយ ៤៖១ ចែងថា «គ្រានោះ ព្រះវិញ្ញាណក៏នាំព្រះយេស៊ូវទៅឯទីរហោស្ថានដើម្បីឲ្យត្រូវអារក្សល្បួង»។ តើរឿងនោះមិនមែនជារឿងចម្លែកទេឬអី? ចាប់តាំងពីជំនាន់សួនច្បារអេដែនមក សាតាំងបានទន្ទឹងរង់ចាំឱកាសដើម្បីឲ្យវាអាចព្យាយាមបោកបញ្ឆោតព្រះយេស៊ូវដូចជាវាបានធ្វើដាក់លោកអ័ដាមនិងនាងអេវ៉ាដែរ។ ប្រសិនបើសាតាំងអាចដឹកនាំព្រះយេស៊ូវឲ្យយកអង្គទ្រង់ទុកជាទី១ នោះមានន័យថាព្រះអង្គបានចាញ់សង្គ្រាមនោះបាត់ទៅហើយ។ អ៊ីចឹងហើយបានជាសាតាំងចាប់ផ្ដើមពីរឿងចំណីអាហារ។ ពិតមែនហើយ គឺចំណីអាហារ។
អស់រយៈកាលរាប់ពាន់ឆ្នាំមកហើយ សត្រូវបានសង្កេតមើលអំពីរបៀបដែលមនុស្សលោកធ្វើអ្វីៗដើម្បីបំពេញសេចក្តីត្រូវការខាងរូបកាយរបស់ពួកគេ។ លោកម៉ាថាយបានកត់ត្រាថា «កាលទ្រង់បានតម៤០ថ្ងៃ ៤០យប់ហើយក្រោយមកទ្រង់ឃ្លាន»។ តើរឿងនោះមិនច្បាស់ទេឬអី? ពិតមែនហើយលោកម៉ាថាយបានកត់ត្រាយ៉ាងច្បាស់ដោយសារតែលោកចង់ឱ្យយើងដឹងថា ព្រះយេស៊ូវគឺជាមនុស្សទាំងស្រុង ម៉្លោះហើយបានជាទ្រង់រងការប៉ះពាល់ដោយសេចក្តីត្រូវការខាងរូបកាយទាំងស្រុងផងដែរ។
ដូច្នេះសេចក្តីល្បួងទី១ នេះគឺធ្វើឱ្យព្រះយេស៊ូវសង្ស័យអំពីអត្តសញ្ញាណរបស់ព្រះអង្គនឹងយកសេចក្តីត្រូវការខាងរូបកាយរបស់ព្រះអង្គទុកជាទី១។ លោកអ្នកក៏នឹងត្រូវបានល្បួង នៅទូទាំងឆ្នាំនេះដើម្បីយកសេចក្តីត្រូវការខាងរូបកាយផ្ទាល់របស់លោកអ្នកទុកជាទី១ផងដែរ។ ព្រះជាម្ចាស់បានហៅលោកអ្នកថាជាកូនរបស់ព្រះអង្គ ប៉ុន្តែលោកអ្នកអាចជ្រើសរើសនឹងយកទ្រង់ទុកជាទី១ឬក៏យកសេចក្តី ត្រូវការខាងរូបកាយផ្ទាល់ខ្លួនរបស់លោកអ្នកទុកជាទី១បានគ្រប់ពេលវេលា។
បន្ទាប់មកអារក្សបានយកព្រះអង្គទៅឯព្រះវិហារ។ ឥឡូវនេះព្រះយេស៊ូវត្រូវបានល្បួងអំពីបទព្រះគម្ពីរវិញម្ដងដើម្បីពិសោធឲ្យឃើញថាតើព្រះអង្គមានភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ដែរឬទេ។ សេចក្តីល្បួងទី២នេះគឺដើម្បីចង់រកអោយឃើញថាតើព្រះអង្គយកការយល់ដឹងរបស់ព្រះអង្គទុកជាទី១ដែរឬទេ។ ចុះលោកអ្នកវិញតើលោកអ្នកនឹងយកព្រះបន្ទូលរបស់ព្រះអង្គទុកជាទី១ដែរឬទេ? ឬមួយក៏លោកអ្នកនៅតែបន្តត្រូវការភស្ដុតាងនៃសេចក្តីស្រឡាញ់របស់ព្រះខាងផ្នែករូបកាយតទៅទៀត? ព្រះយេស៊ូវបានសម្រេចព្រះទ័យយកព្រះទុកជាទី១។
ទីបំផុត អារក្សក៏បានបង្ហាញដល់ព្រះយេស៊ូវអំពីបេសកកម្មរបស់ព្រះអង្គដែលត្រូវមកដើម្បីធ្វើឲ្យបានសម្រេចហើយវាក៏បានបង្ហាញប្រាប់នូវផ្លូវកាត់ ឬវិធីងាយៗមួយ។ សេចក្តីល្បួងទី៣នេះគឺដើម្បីបោកប្រាស់ឲ្យជ្រើសយកផ្លូវកាត់ជាជាងយកព្រះទុកជាទី១។
ពេលនេះគឺជាពេលដំបូងគេក្នុងឆ្នាំ២០២១នេះ គឺជាពេលដែលត្រូវថ្វាយដង្វាយ១០ហូត១ និងដង្វាយសទ្ធា។ ព្រះយេស៊ូវបានយកព្រះទុកជាទី១ហើយ។ គំរូរបស់ព្រះអង្គដាស់តឿនយើងឲ្យធ្វើតាមព្រះអង្គ។ ខណៈដែលពួកអ្នកជំនួយការប្រាក់ដង្វាយកំពុងប្រមូលប្រាក់ដង្វាយ សូមយើងរាល់គ្នា បានទទួលយកព្រះជាម្ចាស់ទុកជាទី១ចុះ។