«កាលដើមដំបូងឡើយព្រះបានបង្កើត ផ្ទៃមេឃ និងផែនដី» (លោកុប្បត្ដិ ១៖១)។ យើងទាំងអស់គ្នាបានរស់នៅលើផែនដីនេះ។ ប្រាកដណាស់ គ្មាននរណាម្នាក់បានជ្រើសរើស មកទីនេះទេ។ ចុះហេតុអ្វីបានជាយើងមកនៅទីនេះ? តើយើងមកដល់ទីនេះដោយរបៀបណា? ហើយ តើយើងទាំងអស់គ្នានឹងបញ្ចប់នៅទីណា? នេះគឺជាសំណួរដ៏សំខាន់ដែលមនុស្សលោកតែងសួរពាក់ព័ន្ធ នឹងរឿងជីវិត។ រីឯសំណួរទាំងឡាយដែលចោទសួរថា៖ «តើយើងជានរណា?» ហើយ «តើយើងមកដល់ ទីនេះដោយរបៀបណា?» នោះជាសំណួរដ៏សំខាន់។ ចម្លើយរបស់យើងនឹងជួយយើងម្នាក់ៗអោយសម្រេច ចិត្ត ថាតើយើងនឹងត្រូវប្រព្រឹត្ដយ៉ាងណាពេលយើងរស់នៅលើផែនដីនេះ។
សូមអានខទាំងនេះ៖ លោកុប្បត្តិ ១៖១; ទំនុកដំកើង ១០០៖៣; អេសាយ ៤០៖២៨; កិច្ចការ ១៧៖២៦; អេភេសូរ ៣៖៩; ហេព្រើរ ១៖២, ១០។ តើខនីមួយៗឆ្លើយយ៉ាងណាចំពោះសំណួរដែលយើង បានចោទសួរនៅក្នុងកថាខណ្ឌខាងលើ? តើខគម្ពីរទាំងអស់នេះបង្ហាញយើងអ្វីខ្លះអំពីព្រះ?
តើលោកអ្នកឃើញទេថាលោកុប្បត្តិ ១៖១ និងខគម្ពីរដទៃទៀតមិនបានព្យាយាមពន្យល់ឬបង្ហាញថាព្រះបានបង្កើតផែនដីនោះទេ? ខគម្ពីរទាំងនេះគ្រាន់តែនិយាយថាព្រះបានបង្កើតផ្ទៃមេឃនិង ផែនដីប៉ុណ្ណោះ។ ព្រះគម្ពីរ តម្រូវឲ្យ យើងទទួលយកសេចក្ដីពិតក្នុងព្រះគម្ពីរ។ សេចក្តីជំនឿគឺជាវិធីតែមួយគត់ដែលយើងអាចទទួលយកអ្វីដែលព្រះគម្ពីរបានចែង។
យើងត្រូវតែទទួលស្គាល់អត្ថបទរឿងនៃ ព្រះគម្ពីរ ស្តីអំពីរបៀបដែលជីវិតបានចាប់ផ្តើមដោយហេតុផលដ៏សាមញ្ញមួយ៖ គ្មាននរណាម្នាក់បាន ឃើញព្រះបង្កើតផ្ទៃមេឃនិងផែនដីឡើយ។ វាពិតជាមិនអាចទៅរួចនោះទេ។ ដូច្នេះយើងត្រូវតែទទួលយកដោយសេចក្តីជំនឿ នូវអ្វីដែលព្រះគម្ពីរបានចែងមក ស្តីអំពីរបៀបដែលជីវិតនៅលើផែនដីនេះបាន ចាប់ផ្តើមឡើង។ មនុស្សដែលមិនជឿលើព្រះ ក៏ត្រូវតែមានជំនឿដោយសារហេតុផលដូចគ្នានេះដែរ។ គ្មាននរណាម្នាក់ទីនោះបានឃើញថាតើជីវិតបានចាប់ផ្តើមយ៉ាងដូចម្តេចនោះទេ។
ព្រះបានអំពាវនាវឱ្យយើងរាល់គ្នាជឿថាទ្រង់បានបង្កើតយើងមក។ តែទ្រង់មិនបានសុំអោយ យើងរាល់គ្នាជឿដោយគ្មានហេតុផលល្អនោះទេ។ ហេតុនេះហើយបានជាសេចក្តីជំនឿមានសារៈសំខាន់ ណាស់។ ចូរសរសេរនូវមូលហេតុសមរម្យមួយចំនួនសម្រាប់យើង ដើម្បីជឿថាយើងមានវត្តមាននៅ ទីនេះពីព្រោះព្រះមានផែនការសម្រាប់ជីវិតរបស់យើងម្នាក់ៗ។ ហេតុអ្វីបានជាគំនិតនោះមានន័យច្រើន ជាងការដែលយើងជឿថាយើងមកដល់ទីនេះដោយចៃដន្យ?
ថ្ងៃច័ន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១
ដូចជារូបអង្គរបស់ព្រះជាម្ចាស់
ព្រះគម្ពីរបានសម្តែងថាព្រះបានបង្កើតមនុស្សប្រុសស្រីដំបូង «អោយដូចជារូបអង្គទ្រង់» (លោកុប្បត្តិ ១៖២៧) ។ សូមលោកអ្នកបានសញ្ជឹងគិតបន្តិចអំពីគំនិតនេះ បន្ទាប់មកចូរឆ្លើយនូវសំណួរ ដូចតទៅ៖
១. តើខព្រះគម្ពីរនេះមានន័យដូចម៉្តេច? តើយើងមានលក្ខណៈដូចគ្នានឹងរូបអង្គរបស់ព្រះយ៉ាងដូចម្តេចទៅ?
២. សូមអានបទគម្ពីរលោកុប្បត្តិ ១ តើព្រះជាម្ចាស់បានបង្កើតអ្វីផ្សេងទៀតទៅតាមរូបអង្គរបស់ទ្រង់ផ្ទាល់ដែរឬទេ (លោកុប្បត្តិ ១៖២៧) ? ឬក៏មានតែមនុស្សលោកនោះទេដែលមានលក្ខណៈ ដូចព្រះ? បើអ៊ីចឹងមែន តើវាធ្វើឱ្យយើងមានលក្ខណៈពិសេសយ៉ាងណាទៅ? ហេតុអ្វីបានជាមនុស្សលោកយើងមានភាពពិសេសជាងរបស់ទាំងអស់ដែលព្រះបានបង្កើតមក? តើការនេះបង្រៀនយើង យ៉ាងដូចម៉្តេច?
៣. សូមពិនិត្យមើលបទគម្ពីរលោកុប្បត្តិ ជំពូក១ ម្តងទៀត។ តើមានអ្វីផ្សេងទៀតដែរឬទេនៅក្នុងរឿងនេះ ដែលបង្ហាញយើងថាមនុស្សគឺជាបុគ្គលពិសេសបំផុតដែលព្រះបានបង្កើតមក?
យើងរាល់គ្នាត្រូវប្រើភាសាមនុស្សដើម្បីបរិយាយអំពីព្រះជាម្ចាស់។ ប៉ុន្តែនៅពេលដែលយើង ធ្វើដូច្នេះ ចូរយើងចងចាំថាព្រះជាតួអង្គខាងវិញ្ញាណ (យ៉ូហាន ៤៖២៤) ។ ទ្រង់ក៏បរិសុទ្ធដែរ។ លក្ខណៈ របស់ព្រះភាគច្រើនមានភាពអាថ៌កំបាំងរកយល់មិនដល់។ អ្វីដែលយើងអាចយល់បាននៅពេលនេះ គឺថា តាមរយៈរូបកាយ គំនិត និងវិញ្ញាណរបស់យើងបានបង្ហាញអោយយើងដឹងថាព្រះជានរណា។ សម្បជញ្ញៈរបស់យើងបាននាំអោយយើងអាចមានលទ្ធភាពទំនាក់ទំនងមិត្ដភាពដ៏ជិតស្និទ្ធ និងប្រកបដោយមេត្រីភាពជាមួយនឹងព្រះជាម្ចាស់។ រីឯអ្វីផ្សេងទៀតដែលកើតចេញពីស្នាព្រះហស្តរបស់ទ្រង់នោះមិនអាចមានភាពស្និទ្ធស្នាលបែបនេះនោះទេ។
តើលោកអ្នកបានឃើញនូវរបៀបដែលព្រះបង្កើតស្ត្រីនៅក្នុងព្រះគម្ពីរលោកុប្បត្តិដែរឬទេ? ទាំងបុរសនិងស្ត្រីគឺជារូបអង្គរបស់ព្រះជាម្ចាស់។ តើលោកអ្នកបានឃើញទេថាព្រះជាម្ចាស់បានបង្កើត បុរសនិងស្ត្រីអោយមានភាពស្មើគ្នា? ព្រះអង្គផ្ទាល់បានបង្កើតទាំងលោកអ័ដាមនិងនាងអេវ៉ាចេញពី របស់ដែលមានស្រាប់នៅលើផែនដីនេះ។ នេះចង់បង្ហាញថាព្រះជាម្ចាស់បានតាំងឱ្យពួកគេទាំងពីរនាក់ អោយមានភាពស្មើគ្នាតាំងពីដើមមក។ ព្រះអង្គបានដាក់បុរសនិងស្ត្រីឱ្យមានចំណងមិត្តភាពពិសេសជាមួយនឹងទ្រង់។ ទាំងលោកអ័ដាម និងនាងអេវ៉ាសុទ្ធតែមានឱកាសដូចគ្នាដើម្បីក្លាយមកជាមនុស្សដូចព្រះនៅក្នុងដួងចិត្តរបស់ពួកគេ។ ឯយើងរាល់គ្នាក៏ដូច្នោះដែរ។ នេះជារបៀបដែលយើងលើកតម្កើង សិរីរុងរឿងរបស់ព្រះជាម្ចាស់។
«ព្រះទ្រង់បានប្រទានឱ្យលោកអ័ដាមមានដៃគូម្នាក់ដែលមានលក្ខណៈដូចគាត់ដែរ។ ព្រះ ជាម្ចាស់ក៏បានបង្កើតនាងអេវ៉ាមក ទុកជាជំនួយដល់លោកអ័ដាមដែរ។ នាងត្រូវតែស្រឡាញ់ និងមើល ថែរក្សាគាត់ជានិច្ច។ ព្រះបានបង្កើតនាងអេវ៉ាចេញពីឆ្អឹងជំនីរដែលទ្រង់បានដកយកពីលោកអ័ដាមមក។ នេះសបញ្ជាក់អោយយើងឃើញថានាងអេវ៉ាមិនត្រូវគ្រប់គ្រងលើលោកអ័ដាមឡើយ ហើយអ័ដាម ទៀតសោតក៏មិនត្រូវជាន់ឈ្លីលើនាងដែរ។ ព្រះជាម្ចាស់មិនបានរាប់នាងអេវ៉ាថាទាបជាងប្ដីរបស់នាង នោះទេ។ ព្រះបានធ្វើឱ្យនាងឈរនៅក្បែរប្តីរបស់នាង។ នាងអេវ៉ាក៏មានភាពស្មើគ្នានឹងលោកអ័ដាម ដែរ។ ការងាររបស់អ័ដាមគឺត្រូវស្រឡាញ់និងការពារនាងអេវ៉ាជានិច្ច»។ ដកស្រង់ពី Ellen G. White, Patriarchs and Prophets, page 46, adapted។
ថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១
ព្រះជាម្ចាស់និងមនុស្សរួមគ្នា
សូមឱ្យយើងមើលពាក្យដំបូងនៅក្នុងព្រះគម្ពីរ ដែលព្រះបានមានបន្ទូលមកកាន់មនុស្សលោក។ តើព្រះមានបន្ទូលយ៉ាងដូចម្តេច? ដំបូងឡើយព្រះបានមានបន្ទូលអំពីមនុស្សលោក និងកូនចៅរបស់ គេ។ មនុស្សអាចបង្កើតកូនអោយចម្រើនជាច្រើនឡើង។ ព្រះបានបង្កើតពួកគេមកតាមបែបដូច្នោះឯង។ ព្រះជាម្ចាស់ក៏មានបន្ទូលអំពីផែនដីដែលទ្រង់បានបង្កើតដែរ។ បន្ទាប់មក ព្រះជាម្ចាស់ក៏បង្គាប់អោយ មនុស្សបង្កើតកូនចៅឱ្យបានពេញផែនដី អោយគ្រប់គ្រងលើវា និងមើលការខុសត្រូវលើរបស់គ្រប់យ៉ាងដែលទ្រង់បានបង្កើតមក។ ព្រះជាម្ចាស់ក៏បានមានបន្ទូលអំពីរុក្ខជាតិដែលមនុស្សអាចបរិភោគបានដែរ។ តើពាក្យពេចន៍ទាំងអស់នេះចង់បង្ហាញយើងយ៉ាងដូចម្តេច? គឺថាព្រះយកព្រះទ័យទុកដាក់ ចំពោះសេចក្ដីត្រូវការរបស់បុរសនិងស្ដ្រី។ ព្រះក៏បានតាំងពួកគេឡើងអោយគ្រប់គ្រងលើរបស់គ្រប់យ៉ាងដែលទ្រង់បានបង្កើតបានធ្វើ។
តើខគម្ពីរលោកុប្បត្តិ ១:២៨, ២៩ បង្ហាញយើងថាព្រះពិតជាគិតគូរអំពីរបស់ដ៏ស្រស់ស្អាតទាំងអស់ដែលលោកបានធ្វើយ៉ាងដូចម្ត៉េច? តើខគម្ពីរទាំងនេះបង្ហាញយើងថារបស់ទាំងនេះអាចទៅជា អាក្រក់ដែរមែនទេ? តើយើងខុសទេដែលទៅប្រាស្រ័យនឹងរបស់ទាំងនោះ? តើខគម្ពីរទាំងនេះបង្រៀ នអំពីអារម្មណ៍ដែលយើងគួរមានចំពោះវត្ថុស្រស់ស្អាតទាំងអស់ដែលព្រះបានបង្កើតយ៉ាងដូចម្តេច?
--------------------------------------------------------
ខគម្ពីរលោកុប្បត្ដិ ១៖២៨, ២៩ បានសម្តែងអោយឃើញថាចំណងមិត្ដភាពរវាងព្រះ និង មនុស្ស គឺចាប់ផ្ដើមឡើងពីព្រះមុន។ ព្រះជាម្ចាស់ទ្រង់ជាអ្នកដឹកនាំផ្លូវ ហើយទ្រង់ក៏មានបន្ទូលជាមួយ នឹងបុរសនិងស្ដ្រី ដោយដាក់បញ្ញត្តិដល់ពួកគេ។ ទ្រង់បានបង្គាប់ដល់ពួកគេនូវអ្វីដែលគួរធ្វើ។ ព្រះអង្គក៏បានប្រទានភារកិច្ចអោយបុរសនិងស្ដ្រីដែរ។ ព្រះជាម្ចាស់បានបង្កើតមនុស្សដើមដំបូងមក អោយបានធ្វើជាអ្នកគ្រប់គ្រងតំណាងអោយទ្រង់។ ពួកគេត្រូវមានទំនួលខុសត្រូវចំពោះអ្វីគ្រប់យ៉ាងដែលទ្រង់បានបង្កើតនៅលើផែនដីនេះ។
ខគម្ពីរលោកុប្បត្តិ ១៖២៨ បានបរិយាយថាព្រះជាម្ចាស់ប្រទានពរដល់លោកអ័ដាមនិងនាងអេវ៉ា។ តើវាមានន័យដូចម្តេច ? តើរឿងនេះបង្ហាញយើងអំពីមិត្តភាពដែលលោកអ័ដាមនិងនាងអេវ៉ាមានជា មួយនឹងព្រះយ៉ាងដូចម្តេច?
--------------------------------------------------------
តើលោកអ្នកសង្កេតឃើញទេថា ព្រះជាម្ចាស់បានមានបន្ទូលជាមួយនឹងលោកអ័ដាម និងនាង អេវ៉ាហាក់បីដូចជាពួកគេឈ្លាសវៃណាស់មែនទេ? ហេតុអ្វីបានជាព្រះចាំបាច់មកធ្វើបែបនេះធ្វើអ្វី បើ ព្រះអង្គមិនចង់អោយមនុស្សលោកនៅជិតទ្រង់? ការនេះទ្រង់ចង់បង្ហាញអោយលោកអ័ដាម និងនាង អេវ៉ាបានដឹងថា ព្រះជាម្ចាស់ទ្រង់ចង់ធ្វើជាមិត្ដសំឡាញ់នឹងពួកគេ។ លោកអ័ដាម និងនាងអេវ៉ាត្រូវតែពឹង ផ្អែកលើព្រះជាម្ចាស់ដើម្បីទទួលបាននូវព្រះពរនិងការយកចិត្តទុកដាក់របស់ទ្រង់។ ពួកគេជាបុត្រាបុត្រី របស់ទ្រង់។ ព្រះអង្គបានប្រទាននូវអ្វីគ្រប់យ៉ាងដែលពួកគេត្រូវការ។ ពួកគេមិនចាំបាច់ធ្វើអ្វីមួយ ដើម្បីអោយបានទទួលអំណោយទានរបស់ព្រះនោះទេ។ ព្រះបានប្រទានអំណោយទានទាំងនេះដល់ពួកគេដោយសារក្តីស្រឡាញ់ប៉ុណ្ណោះ។ ព្រះគម្ពីរបានបង្ហាញយើងថាព្រះទ្រង់សព្វព្រះហឫទ័យចង់នៅក្បែរមនុស្សលោក មុនពេល ដែលអំពើបាបបានកើតមកម្លេ៉ះ។ យើងក៏អាចដឹងផងដែរថា ព្រះចង់អោយយើងម្នាក់ៗមានភាពជិតស្និទ្ធ នឹងគ្នាបន្ទាប់ពីអំពើបាបបានកើតឡើង។ តើលោកអ្នកបានរៀនអ្វីខ្លះនៅថ្ងៃនេះដែលជួយអោយលោកអ្នកយល់ថាព្រះក៏សព្វព្រះហឫទ័យចង់ធ្វើជាមិត្តរបស់លោកអ្នកនៅគ្រាបច្ចុប្បន្ននេះខ្លាំងក្លាផងដែរ?
ថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១
នៅត្រង់ដើមដឹងខុសត្រូវ
នៅក្នុងខគម្ពីរលោកុប្បត្តិ ២៖១៦, ១៧ យើងបានសិក្សាអំពីការសាកល្បងមួយដែលព្រះជាម្ចាស់បានប្រទានដល់លោកអ័ដាម និងនាងអេវ៉ា។ ការសាកល្បងដែលព្រះជាម្ចាស់ប្រទានដល់ លោកអ័ដាម និងនាងអេវ៉ា គឺជាការសាកល្បងមួយដោយចង់ដឹងថាពួកគេស្រឡាញ់ព្រះប៉ុនណា។ ការ សាកល្បងនេះក៏បង្ហាញថាព្រះបានប្រទានឱ្យលោកអ័ដាមនិងនាងអេវ៉ាមានសេរីភាពក្នុងការជ្រើសរើស។ ព្រះជាម្ចាស់បានប្រទានឱ្យគូស្វាមីភរិយាទាំងពីរនេះមានសេរីភាពក្នុងការជ្រើសរើសរវាងការត្រូវ និងខុស។ អំណាចក្នុងការជ្រើសរើសនេះមានឈ្មោះថា «សេរីភាពនៃឆន្ទៈ»។ ចុះវានឹងទៅជាយ៉ាងណាប្រសិនបើព្រះមិនបានប្រទានឱ្យលោកអ័ដាម និងនាងអេវ៉ាមានសេរីភាពក្នុងការមិនស្ដាប់បង្គាប់ទ្រង់នោះ? អ៊ីចឹង ពួកគេពិតជាគ្មានសេរីភាពទេ។ ហើយព្រះក៏មិនចាំបាច់មកព្រមានដល់ប្តីប្រពន្ធ ទាំងពីរនេះឱ្យស្តាប់បង្គាប់ទ្រង់ដែរ។
«អ្វីៗទាំងអស់ដែលបានកើតឡើងមុនខគម្ពីរលោកុប្បត្ដិ ២៖១៦, ១៧ នាំអោយមានការ សាកល្បងដ៏សំខាន់នេះ។ ជោគវាសនារបស់មនុស្សជាតិទាំងឡាយគឺអាស្រ័យលើការជ្រើសរើសរបស់ លោកអ័ដាមនិងនាងអេវ៉ាហើយពេលនេះ។ ព្រះជាម្ចាស់មិនបានសាកល្បងនូវអ្វីដែលពិបាកនោះទេ គឺមានតែមួយប៉ុណ្ណោះ។ ការសាកល្បងដ៏សាមញ្ញនេះបង្ហាញពីសេចក្តីមេត្តាករុណារបស់ព្រះ។ បន្ទាប់ មកព្រះក៏ធ្វើឱ្យការសាកល្បងនោះកាន់តែងាយស្រួលឡើង។ ធ្វើយ៉ាងម៉េចទៅ? ព្រះបានអនុញ្ញាតឲ្យ លោកអ័ដាម និងនាងអេវ៉ាបរិភោគពីដើមឈើទាំងអស់នៅក្នុងសួនច្បារ»។ ដកស្រង់ពី H. C. Leopold, Exposition of Genesis (Columbus, OH: Wartburg Press, 1942), volume 1, page 127, adapted។
តើការត្រាស់បង្គាប់ របស់ព្រះជាម្ចាស់ទៅកាន់លោកអ័ដាម និងនាងអេវ៉ាបង្ហាញអ្វីខ្លះដល់ពួក គេ? បញ្ញត្ដិនោះបង្ហាញថាព្រះកំពុងតែមានបន្ទូលថា៖ «យើងជាអ្នកដែលបានបង្កើតអ្នកមក ហើយឯង គឺជារូបអង្គរបស់យើង។ យើងធ្វើឱ្យជីវិតរបស់ឯងកំរើកឡើងបាន។ យើងជាអ្នកផ្តល់ជីវិត ខ្យល់ដក ដង្ហើម និងធ្វើអោយឯងមានចលនាឡើង។ យើងបានប្រទានឱ្យឯងនូវអ្វីគ្រប់យ៉ាងដែលឯងត្រូវការដើម្បីរស់នៅក្នុងជីវិតដ៏ប្រសើរនិងរីករាយមួយនេះ។ យើងបានប្រទានអាហារ ទីជំរក និងមិត្តភាពដល់ ឯងរាល់គ្នា ហើយក៏បានតាំងឯងអោយធ្វើជាស្តេច និងក្សត្រីនៅផែនដីនេះផង។ ប្រសិនបើឯងស្រឡាញ់ យើង ហើយព្រមទទួលយកនូវអំណោយទានមិត្តភាពពិសេសដែលយើងប្រទានអោយ នោះយើងនឹងធ្វើ ជាព្រះដល់ឯង ហើយឯងនឹងបានជាកូនរបស់យើងដែរ។ ឯងអាចបង្ហាញអោយយើងដឹងថាឯងពិត ជាស្រឡាញ់យើង ហើយទុកចិត្តនឹងយើងមែននោះ ដោយគោរពប្រតិបត្តិតាមបញ្ញតិ្តដ៏សាមញ្ញដែលយើងបានដាក់អោយឯងនេះគឺ៖ កុំបរិភោគពីដើមឈើដែលយើងហាមឃាត់នោះឡើយ»។
ទីបញ្ចប់ មិត្តភាពរបស់យើងជាមួយនឹងព្រះអាចបន្ត ហើយទទួលបានជោគជ័យលុះត្រាតែ យើងសំរេចចិត្តទទួលយកផែនការរបស់ទ្រង់សម្រាប់យើង។ នៅពេលដែលយើងងាកចេញពីផែនការ របស់ទ្រង់ នោះបង្ហាញថាយើងចង់ចាកចេញពីទ្រង់ ហើយយើងក៏មិនត្រូវការទ្រង់ទៀតដែរ។ ជម្រើស នោះនឹងដឹកនាំយើងទៅរកចំណេះបែបអាក្រក់។ អំពើអាក្រក់នឹងបំបែកយើងចេញពីព្រះ ហើយនឹងបញ្ចប់ទៅដោយការរងទុក្ខនិងសេចក្តីស្លាប់។
ការសាកល្បងដែលព្រះបានប្រទានដល់លោកអ័ដាមនិងនាងអេវ៉ានោះគឺស្តីអំពីការជឿទុក ចិត្ត។ តើលោកអ័ដាម និងនាងអេវ៉ានឹងស្មោះត្រង់ជាមួយព្រះដែលបានផ្តល់អ្វីៗគ្រប់យ៉ាងដល់ពួកគេ ដែរឬទេ? ឬក៏ពួកគេនឹងជ្រើសធ្វើទៅតាមផ្លូវរបស់ខ្លួន? តើពួកគេនឹងមានជំនឿគ្រប់គ្រាន់ ដើម្បីទទួល យកព្រះបន្ទូលរបស់ព្រះហើយធ្វើតាមអ្វីដែលទ្រង់មានបន្ទូលដែរឬទេ? តើយើងប្រឈមមុខនឹងការសាក ល្បងដូចគ្នានៅថ្ងៃនេះទេ? បើមានតើការសាកល្បងជាអ្វី?
ថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១
ការបាត់បង់មិត្តភាពជាមួយព្រះ
ភាគច្រើនយើងរាល់គ្នាជឿជាក់លើមនុស្សដែលយើងស្គាល់ ហើយមិនទុកចិត្តនឹងមនុស្សដែល យើងមិនស្គាល់នោះទេ។ ដូច្នេះហើយ នាងអេវ៉ាមិនគួរទុកចិត្តនឹងសាតាំងឡើយ។ គ្រប់យ៉ាងដែលសាតាំង ធ្វើក្នុងការវាយប្រហារព្រះ នឹងបង្វែរចិត្តនាងអេវ៉ាអោយប្រឆាំងនឹងសាតាំង។ ដូច្នេះតើសាតាំងបានធ្វើដូចម្តេចដើម្បីបញ្ឆោតនាងអេវ៉ាឱ្យជឿជាក់លើវានោះ? (សូមអានខគម្ពីរលោកុប្បត្ដិ ៣៖១-៦ សម្រាប់ ចម្លើយ)។
«នាងអេវ៉ាបានធ្វើបាបហើយ។ អំពើបាបរបស់នាងពិតជាអាក្រក់ណាស់។ ជម្រើសដែលខុស ឆ្គងរបស់នាងប្រាកដជានឹងនាំមកនូវទុក្ខវេទនាដល់គ្រួសារមនុស្សជាតិនៅពេលអនាគត។ ប៉ុន្តែ ជម្រើស របស់នាងមិនមានន័យថាគ្រួសារមនុស្សទាំងមូលត្រូវតែទទួលទណ្ឌកម្មពីអំពើបាបរបស់នាងទេ។ ជម្រើស របស់អ័ដាមគឺខុសគ្នា។ អ័ដាមយល់ច្បាស់ពីបទបញ្ញត្តិរបស់ព្រះជាម្ចាស់ដែលបានហាមមិនអោយបរិភោគ ផ្លែឈើនោះ។ តែទោះជាយ៉ាងនេះក្តី លោកអ័ដាមបានសំរេចចិត្តមិនធ្វើតាមព្រះជាម្ចាស់ហើយបរិភោគ ផ្លែឈើនោះវិញ។ ជម្រើសរបស់គាត់បាននាំអោយអំពើបាបនិងសេចក្ដីស្លាប់ក្លាយជាផ្នែកមួយនៃជីវិត របស់មនុស្សទាំងឡាយនៅលើផែនដីនេះ។ តើហេតុអ្វីទៅ? ចម្លើយគឺសាមញ្ញណាស់គឺថា នាងអេវ៉ាជឿ ពាក្យភូតភររបស់សាតាំង តែលោកអ័ដាមមិនជឿនោះទេ»។ ដកស្រង់ពី The SDA Bible Commentary, volume 1, page 231, adapted។
តើមានអ្វីកើតឡើងបន្ទាប់ពីលោកអ័ដាមបានសំរេចចិត្តមិនស្តាប់បង្គាប់ព្រះនោះ? ចំណងមិត្ដ ភាពរវាងព្រះនិងមនុស្សទាំងអស់ត្រូវបែកបាក់។ មុនអំពើបាបចូលមក លោកអ័ដាមនិងនាងអេវ៉ាបានសន្ទនាជាមួយព្រះជាម្ចាស់ដោយផ្ទាល់។ ឥឡូវពួកគេបានគេចចេញពីទ្រង់ហើយទៅលាក់ខ្លួនដោយភាព ភ័យខ្លាច (លោកុប្បត្ដិ ៣៖៨-១០) ។ អំពើបាបបំបែកមនុស្សចេញពីព្រះ។ សេចក្តីភ័យខ្លាចបានចូលមក ជំនួសកន្លែងសេចក្ដីស្រឡាញ់នៅចំពោះព្រះ។ អំពើបាបឥឡូវនេះគឺជាផ្នែកមួយនៃជីវិតរបស់មនុស្ស ទាំងអស់។ រឿងអាក្រក់ទាំងឡាយដែលបណ្តាលឡើងដោយអំពើបាប វាបានក្លាយជាចំណែកមួយនៃ ជីវិតមនុស្សផងដែរ។ ប្រសិនបើព្រះមិនធ្វើអ្វីមួយទេនោះ មនុស្សលោកនឹងត្រូវវិនាសជារៀងរហូតតទៅ។
តើព្រះបន្ទូលនៃសេចក្តីសង្ឃឹមនិងកិច្ចសន្យាអ្វីទៅ ដែលព្រះមានបន្ទូលទៅកាន់កូនចៅរបស់ទ្រង់បន្ទាប់ពីពួកគេបានធ្វើបាប? (សូមអានលោកុប្បត្ដិ ៣៖១៥)។
--------------------------------------------------------
ព្រះបានប្រទានឲ្យលោកអ័ដាម និងនាងអេវ៉ានូវសារដ៏ភ្ញាក់ផ្អើលមួយស្តីអំពីអនាគតកាល។ ទ្រង់បានមានបន្ទូលថា ទ្រង់នឹងធ្វើអោយពស់ និងស្រ្តី គឺពូជពស់និងពូជរបស់ស្ត្រីមានសេចក្តីខ្មាំង នឹង គ្នា។ ភាពជាសត្រូវនេះនឹងបន្តរហូតដល់មានបុគ្គលម្នាក់មកដល់ ដែលលោកគឺជាពូជរបស់ស្ត្រីនៅពេល អនាគត។ ពូជរបស់ស្រ្តីនេះគឺជាអង្គព្រះយេស៊ូវ ដែលទ្រង់នឹងវាយបំបែកក្បាលរបស់ពស់នេះ។ ពស់គឺជាពាក្យប្រៀបប្រដូចសំដៅទៅសាតាំង។ ការវាយរបស់ទ្រង់នឹងល្មមគ្រប់គ្រាន់ដើម្បីសម្លាប់ពស់នេះ។ ប៉ុន្ដែ សាតាំង ដែលជាសត្វពស់នឹងមិនអាចសម្លាប់ព្រះយេស៊ូវបានឡើយ។ សាតាំងនឹងធ្វើឱ្យកែងជើងរបស់ ទ្រង់ឈឺចាប់បន្តិចបន្ទួចប៉ុណ្ណោះ។
ព្រះបានប្រទានសេចក្តីសន្យានេះដល់លោកអ័ដាម និងនាងអេវ៉ាដើម្បីផ្តល់ក្តីសង្ឃឹមដល់ពួកគេ។ សេចក្តីសន្យារបស់ព្រះយេស៊ូវ ហើយនឹងជ័យជំនះរបស់ទ្រង់នៅលើសាតាំងនិងអំពើបាបបានផ្លាស់ ប្តូរជីវិតរបស់លោកអ័ដាមនិងនាងអេវ៉ាជារៀងរហូត។ សេចក្តីសង្ឃឹមដែលទ្រង់បានសន្យាផ្តល់ឱ្យពួកគេ បានបណ្តេញនូវការភ័យខ្លាចចេញពីដួងចិត្តរបស់ពួកគេដែលកើតឡើងដោយសារអំពើបាប។
ថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១
សិក្សាបន្ថែម
ព្រះគម្ពីរមានពោរពេញទៅដោយការអំពាវនាវរបស់ព្រះជាម្ចាស់ទៅកាន់មនុស្សមានបាបដើម្បីអោយគេបានត្រឡប់មករកទ្រង់វិញ។ សូមប្រៀបធៀបខព្រះគម្ពីរទំនុកតម្កើង ៩៥៖៧, ៨; អេសាយ ៥៥៖១, ២, ៦, ៧; លូកា ១៥៖៣-៧; និងលូកា ១៩៖១០។ តើមានការត្រាស់ហៅអ្វីផ្សេងទៀតពីព្រះជាម្ចាស់ចំពោះមនុស្សមានបាប ដែលលោកអ្នកអាចរកបាននៅក្នុងខព្រះគម្ពីរទាំងនេះ?
សូមអាន Ellen G. White, “The Creation,” pages 44-51; “The Temptation and Fall,” pages 52-62; and “The Plan of Redemption,” pages 63-70, in Patriarchs and Prophets។
«លោកអ័ដាម និងនាងអេវ៉ាបានរត់ចេញពីព្រះជាម្ចាស់។ ដូច្នេះហើយបានជាព្រះជាម្ចាស់យាង មកស្វែងរកពួកគេ។ សំណួររបស់ទ្រង់បានឮទៅដល់គូស្វាមីភរិយាដែលកំពុងតែលាក់ខ្លួននៅក្នុងគុម្ពោតព្រៃថា៖ «តើឯងនៅឯណា?» សំណួរនេះគឺពិតជាសេចក្តីអធិប្បាយដ៏ល្អមួយស្តីអំពីដំណឹងល្អ។ ដំណឹងល្អគឺថា ព្រះជាម្ចាស់មិនចង់បាត់បង់លោកអ័ដាម និងនាងអេវ៉ាឡើយ ដូច្នេះហើយបានជាទ្រង់យាងមករកពួកគេ។ ដូចគ្នានេះដែរ ព្រះជាម្ចាស់នឹងយាងមកក្នុងអង្គព្រះយេស៊ូវដើម្បីនឹងមកស្វែងរកនិងជួយសង្រ្គោះដល់មនុស្សមានបាប។ ដកស្រង់ពី Charles Haddon Spurgeon, The Treasury of the Bible (Grand Rapids, MI: Zondervan Publishing House, 1962) Old Testament, volume 1, page 11, adapted។
សំនួរពិភាក្សា៖
- ព្រះជាម្ចាស់មានព្រះហឫទ័យសប្បុរស និងយកចិត្តទុកដាក់។ ហេតុនេះហើយបានជាទ្រង់យាងមក ដើម្បីស្វែងរកមនុស្សមានបាប។ ទ្រង់ប្រាថ្នាចង់ជួយសង្រ្គោះយើងរាល់គ្នា។ តើថ្ងៃនេះយើងអាចឆ្លើយតប ចំពោះសេចក្តីស្រឡាញ់របស់ព្រះវរបិតា និងព្រះយេស៊ូវគ្រីស្ទដូចម្តេច? តើព្រះជាម្ចាស់រំពឹងថាយើងនឹងឆ្លើយតបទ្រង់យ៉ាងដូចម្តេច?
- ព្រះគម្ពីរបានបង្រៀនថាមនុស្សបានឃ្លាតឆ្ងាយពីព្រះជាម្ចាស់ និងជីវិតដ៏គ្រប់លក្ខណ៍នៅក្នុងសួនច្បារអេដែន។ វិទ្យាសាស្ត្រដ៏ល្បីល្បាញបានបង្រៀនរឿងផ្សេងពីនេះថា៖ មនុស្សបានកើតចេញមកអំពីសត្វស្វាឳ។ តើទស្សនៈមួយណាដែលផ្តល់នូវក្តីសង្ឃឹមដល់យើងជាង? តើហេតុអ្វីទៅ?
- ហេតុអ្វីបានជាចំណងមិត្ដភាពដែលប្រកបដោយសេចក្ដីស្រឡាញ់ និងទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយ មនុស្សឯទៀតគឺសំខាន់ចំពោះយើងម្លេ៉ះ? ហេតុអ្វីបានជាការតភ្ជាប់ជីវិតជាមួយនឹងព្រះជាម្ចាស់គឺចាំបាច់ចំពោះ មិត្តភាពផ្សេងទៀតរបស់យើង? ចូរលោកអ្នកសញ្ជឹងគិតអំពីទំនាក់ទំនងរបស់លោកអ្នកជាមួយនឹងឪពុក ម្តាយ កូនៗ មិត្តភក្តិ ប្រពន្ធឬប្តី ចៅហ្វាយ និងអ្នករួមការងារផ្សេងៗ។ តើចំណងមិត្តភាពនិងការទំនាក់ទំនងគ្នាប្រកបដោយសុខុមាលភាពទាំងនេះធ្វើឱ្យជីវិតរបស់យើងកាន់តែប្រសើរឡើងយ៉ាងដូចម្តេច?
រឿងខ្លី
និស្សិតទេវវិទ្យាដែលថ្លង់ដំបូងគេ
ម្ដាយរបស់ខ្ញុំដែលជាសេវេនដេយអាត់វេនទីស្ទបានសម្គាល់ឃើញថា ខ្ញុំកាលនៅជាទារកមិន បានឆ្លើយតបទៅនឹងសំឡេងនៅក្នុងផ្ទះរបស់យើងនៅឯក្រុងមឺរីដា (Merida) ប្រទេសម៉ិកស៊ិកនោះទេ។ គាត់បានហៅឈ្មោះរបស់ខ្ញុំ តែខ្ញុំពុំបានអើពើនឹងសំឡេងនោះទេ។ ម្តាយរបស់ខ្ញុំបានស្វែងរកជំនួយ នៅ ពេលដែលខ្ញុំមានអាយុប្រហែលជា២ឆ្នាំ។ គាត់បានបញ្ជូនខ្ញុំទៅកាន់ថ្នាក់ពិសេស ដើម្បីអោយខ្ញុំបានរៀន ភាសាគ និងរបៀបនិយាយ។ អ្នកគ្រូរបស់ខ្ញុំបានបង្រៀនខ្ញុំអំពីសំនៀងនៃស្រៈ និងព្យញ្ជនៈ។ ខ្ញុំបានដាក់ ដៃរបស់ខ្ញុំទៅលើបំពង់ករបស់គាត់ នៅពេលដែលគាត់ប្រកប បន្ទាប់មក ខ្ញុំបានព្យាយាមប្រកបតាមសំឡេង នោះដោយខ្លួនឯង។ ម្តាយរបស់ខ្ញុំបានទ្រហោរយំ ដោយសារតែកូនប្រុសរបស់គាត់ពុំអាចឮសំឡេងគាត់ បាន។ អ្នកគ្រូបាននិយាយថា «សូមកុំបារម្ភអីអ្នកម្តាយ អត់ធ្មត់តែបន្តិច គ្រប់យ៉ាងនឹងបានល្អប្រសើរ»។ ខ្ញុំបានចូលរៀនថ្នាក់ពិសេសពីរៗម៉ោងជារៀងរាល់ថ្ងៃ។ ខ្ញុំក៏បានរៀនពីរៗម៉ោងជារៀងរាល់ថ្ងៃនៅឯសាលារៀនអាត់វេនទីស្ទផងដែរ។ ព្រះវិហារដែលជាសាលារៀនបានបង្រៀនខ្ញុំអំពីរបៀបអាន និងសរសេរ ហើយលើសពីនេះទៅទៀត គេបានបង្រៀនអំពីព្រះ។ ខ្ញុំបានចូលរៀននៅក្នុងសាលាអាត់វេនទីស្ទរហូត ដល់បានអាយុ៨ឆ្នាំ។ ប៉ុន្តែ សាលារៀននេះពុំមានគ្រូដែលចេះភាសាគនោះទេ ដូច្នេះ ម្តាយរបស់ខ្ញុំបាន សម្រេចចិត្តបញ្ជូនទៅឯសាលារដ្ឋដែលមានគ្រូចេះបង្រៀនភាសាគវិញ។ នេះគឺជាលើកដំបូងដែលខ្ញុំបានជួបជាមួយយុវជនដទៃទៀតដែលមានបញ្ហាខ្សោយក្នុងការស្តាប់ នៅក្នុងការប្រជុំដែលរៀបចំឡើង ដោយព្រះវិហារនៅឯសាកលវិទ្យាល័យអាត់វេនទីស្ទលីនដាវីស្តា (Linda Vinsta)។ វាពិតជាអស្ចារ្យ ណាស់ក្នុងការចូលរួមសិក្សាជាមួយនឹងអាត់វេនទីស្ទយុវជនដទៃទៀតដែលមានតម្រូវការដូចខ្ញុំដែរ។ ខ្ញុំត្រូវបានគេអញ្ជើញអោយចូលរួមក្នុងការប្រជុំប្រចាំឆ្នាំម្តងទៀតក្នុងរយៈពេលពីរឆ្នាំបន្ទាប់។ បន្ទាប់មក ភូមិភាគអន្តរអាមេរិកាំងបានរៀបចំសន្និសិទថ្នាក់ពិសេសលើកដំបូងរបស់គេ និងបានរៀបចំព្រឹត្តិការណ៍ នេះនៅឯសាកលវិទ្យាល័យម៉ុនតេម៉ូរេឡូស (Montemorelos) នៅទីក្រុងម៉ាន់តេរី ប្រទេសម៉ិកស៊ិក។ នៅក្នុងសន្និសិទ អារម្មណ៍ចង់ធ្វើគ្រូគង្វាលបម្រើព្រះបានឆេះឆួលនៅក្នុងចិត្តរបស់ខ្ញុំ។ ប៉ុន្តែ ធ្វើយ៉ាង ដូចម្តេចអោយសម្រេចបំណងនេះទៅបាន? ខ្ញុំមិនអាចមានលទ្ធភាពបង់ថ្លៃសិក្សាបានទេ។
នៅពេលដែលបញ្ចប់សន្និសិទ លោកអ៊ីស្មាអែល ខាស្ទីលឡូ (Ismael Castillo) ដែលជា នាយក សាកលវិទ្យល័យបានធ្វើការប្រកាសដ៏ភ្ញាក់ផ្អើលមួយ។ គាត់បានសួរថា «តើមានអ្នកណាដែល ចង់រៀននៅទីនេះដែរឬទេ?»។ គាត់នឹងផ្តល់អាហារូបករណ៍សម្រាប់ថ្លៃសិក្សានេះទាំងអស់។ ពេលនោះ ខ្ញុំដឹងថា ព្រះជាម្ចាស់បានត្រាស់ហៅខ្ញុំអោយធ្វើជាគ្រូគង្វាល ហើយខ្ញុំបានក្រោកឈរឡើង។ ខ្ញុំគឺជា និស្សិតទេវវិទ្យាដែលថ្លង់ដំបូងគេនៅឯសាកលវិទ្យាល័យម៉ុនតេម៉ូរេឡូស។ នេះគឺជាឆ្នាំទីពីររបស់ខ្ញុំនៅឯសាកលវិទ្យាល័យ។ វាពិបាកសម្រាប់ខ្ញុំ ដោយសារតែគ្មានអ្នកណាម្នាក់នេះចេះភាសាគ។ ខ្ញុំបានខិតខំ ប្រឹងប្រែងយ៉ាងខ្លាំង និងព្យាយាមអានបបូរមាត់របស់លោកគ្រូអ្នកគ្រូ។ ខ្ញុំបានធ្លាក់ថ្នាក់ជាច្រើននៅឆ្នាំដំបូង ហើយខ្ញុំត្រូវតែយកថ្នាក់ទាំងនោះម្តងទៀត។ ខ្ញុំបានដឹកនាំកម្មវិធីផ្សាយដំណឹងល្អជាច្រើនសម្រាប់ អ្នកដែលខ្សោយក្នុងការស្តាប់ទាំងនៅក្នុងទីក្រុងម៉ិចសិុកផងដែរ។ ព្រះវិហារដែលមានមនុស្សថ្លង់បានអញ្ជើញខ្ញុំអោយអធិប្បាយ។ ខ្ញុំមានបំណង ប្រាថ្នាយ៉ាងធំនៅក្នុងចិត្តក្នុងការបញ្ចប់ការសិក្សា និងធ្វើជាគ្រូគង្វាល។ ខ្ញុំស្រមៃចង់ទៅកន្លែងបេសកកម្មប្រហែលធ្វើជាបេសកជនដល់អ្នកដែលខ្សោយក្នុងការស្តាប់នៅឯប្រទេសអេស្បាញ។ សូមលោកអ្នកអធិស្ឋានសម្រាប់អ្នកដែលមានបញ្ហាក្នុងការស្តាប់ទាំងឡាយ ដ្បិតយើងទាំងអស់គ្នាមានក្តីស្រមៃ។ យើងសុខចិត្តធ្វើរឿងធំៗសម្រាប់ព្រះអម្ចាស់។
អំណានដង្វាយប្រចាំសប្តាហ៍
នៅពេលដែលយូដាសមិនយកព្រះទុកជាទីមួយ
ការយកព្រះទុកជាទីមួយអាចជាការដ៏ពិបាកមួយ។ តើយើងអាចរៀនអ្វីខ្លះពីយូដាសដែលបដិសេធមិនយកព្រះជាទីមួយ?
សិស្សផ្សេងទៀតជឿថា យូដាសគឺជាសិស្សល្អឥតខ្ចោះម្នាក់។ គាត់មានភាពឆ្លាតវៃ និង មានសមត្ថភាពណាស់។ គាត់ក៏ជឿថា ព្រះយេស៊ូវជាព្រះមែស្ស៊ីដែរ។ យ៉ាងណាក៏ដោយ យូដាសដើរតាមព្រះយេស៊ូវយ៉ាងជិតស្និទ្ធគឺដើម្បីទទួលបានឋានៈខ្ពស់នៅក្នុងនគរនៃព្រះតែប៉ុណ្ណោះ។ អ្នកស្រី អែល្លិនជីវ៉ៃត៍ បានរំឮកយើងថា៖ «ព្រះអង្គសង្គ្រោះបានជ្រាបច្បាស់អំពីដួងចិត្តរបស់យូដាស។ ព្រះអង្គជ្រាបពីជម្រៅនៃអំពើទុច្ចរិតដែលធ្វើឲ្យយូដាសលិចលង់ លុះត្រាតែគាត់ពឹងលើព្រះគុណរបស់ព្រះទើបរួចខ្លួនបាន។ ដោយការភ្ជាប់ទំនាក់ទំនងបុរសម្នាក់នេះជាមួយនឹងអង្គទ្រង់ផ្ទាល់ នោះព្រះអង្គបានយកគាត់នៅកន្លែងដែលទ្រង់អាចចាក់បង្ហូរនូវសេចក្តីស្រឡាញ់ដ៏មិនអាត្មានិយមទៅកាន់គាត់តាមរយៈទំនាក់ទំនងពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រសិនបើគាត់បើកដួងចិត្តរបស់គាត់ទៅកាន់ព្រះគ្រីស្ទ ព្រះគុណនៃព្រះនឹងបណ្តេញអារក្សនៃភាពអាត្មានិយម ហើយសូម្បីតែយូដាសផ្ទាល់ក៏អាចក្លាយជារាស្ត្រនៃនគរព្រះដែរ» (The Desire of Ages, p.294)។
យើងភាគច្រើនមានទេពកោសល្យ និងសមត្ថភាពដែលជួយយើងសម្រេចកិច្ចការងារជាច្រើននៅក្នុងអាជីព និងក្នុងការដឹកនាំព្រះវិហារមូលដ្ឋានរបស់យើង។ ជួនកាលរូបភាពពីខាងក្រៅយើងគឺជាអ្នកជឿលើព្រះយេស៊ូវ ប៉ុន្តែការពិតយើងជាទាសករនៃភាពអាត្មានិយមរបស់ខ្លួនវិញទេ។ យូដាសបានទទួលបន្ទុកក្នុងការចាត់ចែងប្រាក់ ដូច្នេះ គាត់ធ្លាប់មានសេចក្តីអំណរនៃការថ្វាយដែលជួយឲ្យគាត់ផ្លាស់ប្តូរបាន។ ការយកព្រះជាទី១នៅក្នុងដង្វាយ១០ហូត១របស់យើង និងនៅក្នុងការសន្យា គឺជាវិធីជាក់ស្តែងមួយដែលព្រះយេស៊ូវកំពុងតែផ្លាស់ប្តូរចិត្តរបស់យើងផងដែរ។
ដូចជាយូដាសដែរ យើងក៏ត្រូវបានល្បួងឲ្យដើរតាមព្រះយេស៊ូវដើម្បីឱ្យយើងអាចទទួលបាននូវដំណាក់របស់យើងនៅឯនគរឋានសួគ៌ដែរ។ ទោះជាយ៉ាងណាក៏ដោយ ព្រះគម្ពីរមិនបានលើកទឹកចិត្តឱ្យនរណាម្នាក់ប្រាថ្នាឋានសួគ៌ដោយសារតែទ្រព្យសម្បត្តិនោះឡើយ។ នៅពេលយូដាសបានទួលសូមដើម្បីក្លាយជាសិស្សព្រះយេស៊ូវ នោះទ្រង់បានឆ្លើយតបយ៉ាងសាមញ្ញថា៖កញ្ជ្រោងមានរូងវា ហើយសត្វហើរលើអាកាស ក៏មានសំបុក តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ (ម៉ាថាយ ៨:១៩, ២០)។
នៅពេលយូដាសបានបដិសេធព្រះយេស៊ូវ ហើយទីបំផុតបានប្តេជ្ញាចិត្តធ្វើអត្តឃាតខ្លួនឯង នៅទីបំផុតភាពអាត្មានិយមរបស់គាត់បានយកជ័យជំនះទៅលើសង្គ្រាមនៃដួងចិត្តរបស់គាត់។ ប្រាក់គ្មានតម្លៃអ្វីទៀតទេ ដូច្នេះកាក់៣០រៀលបានក្លាយជាបណ្តាសា និងជាការរំឮកពីការបរាជ័យរបស់គាត់។ ព្រះកំពុងតែអញ្ជើញលោកអ្នក និងខ្ញុំឱ្យយកនគររបស់ទ្រង់ជាទីមួយបង្អស់នៅក្នុងកិច្ចការគ្រប់យ៉ាងដែលយើងធ្វើ។ ប្រាក់គឺជាព្រះពរដែលមកពីព្រះ ដរាបណាយើងនៅតែអនុញ្ញាតឱ្យព្រះយេស៊ូវកម្ចាត់ភាពអាត្មានិយមនៅក្នុងចិត្តរបស់យើង។
យូដាសបានបដិសេធមិនយកព្រះជាទីមួយ។ ផលវិបាកគឺគួរឱ្យខ្លាចណាស់សម្រាប់គាត់ និងមនុស្សនៅជុំវិញគាត់។ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ញ៉ាំងឱ្យយើងយកនគររបស់ទ្រង់ជាទីមួយ ខណៈដែលគំរូរបស់យូដាសគឺជាការព្រមានមួយសំរាប់យើងសព្វថ្ងៃនេះ។ ខណៈពេលដែលអ្នកជំនួយការព្រះវិហារប្រមូលប្រាក់ដង្វាយ១០ហូត១ និងដង្វាយផ្សេងៗទៀត នោះយើងត្រូវបានលើកទឹកចិត្តឱ្យយកព្រះជាទីមួយសិន។