មេរៀនទី១​៖ ២៥ កញ្ញា-១ តុលា ២០២១

សេចក្តីផ្តើមនៃកណ្ឌគម្ពីរចោទិយកថា

Jeans
ថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្ដាហ៍នេះ៖ អេសាយ ១៤៖១២-១៤; លោកុប្បត្តិ ៣៖១-៧; លោកុប្បត្តិ ១២៖១-៣; និក្ខមនំ ១៩៖៤-៨។

ខចងចាំ៖ «តែ​អ្នក​ណា​ដែល​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​មិន​ស្គាល់​ព្រះ​វិញ ពី​ព្រោះ​ព្រះ​ទ្រង់​ជា​សេចក្តី​ស្រឡាញ់​នោះ​ឯង» (យ៉ូហានទី១ ៤៖៨)។

តើហេតុអ្វីបានជាកណ្ឌគម្ពីរចោទិយកថាត្រូវបានសរសេរឡើង? របស់ទាំងអស់ដែលមានជីវិតរស់នៅលើផែនដីមានហេតុផលរបស់វា។ លោកម៉ូសេបានសរសេរកណ្ឌគម្ពីរនេះឡើងសម្រាប់ហេតុផលដ៏ពិសេសមួយ។ នៅពេលដែលយើងយល់អំពីហេតុផលដែលកណ្ឌគម្ពីរនេះត្រូវបានសរសេរឡើង នោះយើងនឹងយល់អំពីកណ្ឌគម្ពីរនេះ និងគោលបំណងរបស់វាកាន់តែប្រសើរឡើងផងដែរ។

មានរឿងរ៉ាវជាច្រើនបានកើតឡើងមុនលោកម៉ូសេបានសរសេរកណ្ឌគម្ពីរចោទិយកថា។ លោកអ្នកប្រហែលជាងឿងឆ្ងល់ថា តើយើងចាំបាច់ត្រូវដឹងអំពីរឿងទាំងនេះដែលបានកើតឡើងជាយូរលង់ណាស់មកហើយដែរឬទេ? តើយើងអាចយល់អំពីកណ្ឌគម្ពីរនេះបានទេ ប្រសិនបើយើងពុំបានដឹងអំពីមូលហេតុដែលបណ្តាលអោយលោកម៉ូសេសរសេរកណ្ឌគម្ពីរនេះឡើង? សូមយើងគិតអំពីឧទាហរណ៍មួយដែលអាចជួយអោយយើងឆ្លើយតបនឹងសំណួរនេះបាន។ តើលោកអ្នកអាចពន្យល់អ្នកណាម្នាក់អំពីផ្លិតទឹកនៃឡានបានយ៉ាងដូចម្តេចទៅ បើលោកអ្នកពុំបានរៀបរាប់អំពីឡានទាល់តែសោះនោះ? ទន្ទឹមគ្នានេះ យើងនឹងពិបាកយល់អំពីកណ្ឌគម្ពីរចោទិយកថា ប្រសិនបើយើងមិនបានយល់អំពីអ្វីដែលបានកើតឡើងនៅក្នុងប្រវត្តិសាស្ត្រមុនពេលដែលលោកម៉ូសេបានសរសេរកណ្ឌគម្ពីរចោទិយកថានេះ។​

នៅត្រីមាសនេះ យើងនឹងសិក្សាអំពីកណ្ឌគម្ពីរចោទិយកថា និងសេចក្តីពិតបច្ចុប្បន្ននៃកណ្ឌគម្ពីរនេះ។ សេចក្តីពិតបច្ចុប្បន្នគឺជាសេចក្តីពិតនៃព្រះគម្ពីរដែលយើងត្រូវការជាទីបំផុតសម្រាប់សម័យរបស់យើង។ សប្តាហ៍នេះយើងនឹងក្រឡេកមើលផ្នែកសំខាន់ៗបំផុតនៃប្រវតិ្តសាស្ត្រនៃព្រះគម្ពីរមុនពេលដែលលោកម៉ូសេបានសរសេរកណ្ឌគម្ពីរចោទិយកថា។ ពេលនោះ យើងនឹងឃើញវិធីដ៏ល្អបំផុតក្នុងការយល់អំពីកណ្ឌគម្ពីរនេះដែលត្រូវបានបំពេញដោយសេចក្តីពិតបច្ចុប្បន្នជាច្រើន។​

ថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១

បើចង់បានសេចក្តីស្រឡាញ់ ចូរស្រឡាញ់អ្នកដទៃ

ខគម្ពីរយ៉ូហានទី១ ៤៖៨ បានចែងថា «ព្រះទ្រង់ជាសេចក្តីស្រឡាញ់»។ ពាក្យទាំង៣នេះបានបង្ហាញយើងនូវគោលគំនិតដ៏សំខាន់អំពីព្រះ។ តើលោកអ្នកឃើញថា លោកយ៉ូហានពុំបានសរសេរថា​«ព្រះទ្រង់ស្រឡាញ់» ឬថា «ព្រះបានបង្ហាញយើងអំពីអត្ថន័យនៃសេចក្តីស្រឡាញ់» ដែរឬទេ? យ៉ូហានពុំបានសរសេរដូច្នោះទេ។ ខគម្ពីរបានចែងថា «ព្រះទ្រង់ជាសេចក្តីស្រឡាញ់»។ សេចក្តីស្រឡាញ់មិនត្រឹមតែជាកិច្ចការដែលព្រះទ្រង់ធ្វើនោះទេ។ សេចក្តីស្រឡាញ់គឺជាព្រះ។ ក្នុងសភាពជាបាបជន រឿងនេះពិបាកអោយយើងយល់បានពេញលេញណាស់។

ប៉ុន្តែ យើងអាចដឹងបានថា «ព្រះទ្រង់ជាសេចក្តីស្រឡាញ់» គឺជាដំណឹងល្អបំផុតមួយ។ តើយ៉ាងណាទៅវិញ ប្រសិនបើលោកយ៉ូហានសរសេរថា «ព្រះទ្រង់ជាសេចក្តីសម្អប់» ឬថា «ព្រះទ្រង់ជាសេចក្តីអាក្រក់» ឬថា «ព្រះទ្រង់ពុំបានយកព្រះទ័យទុកដាក់ចំពោះយើងទាល់តែសោះ» នោះ? គោលគំនិតស្តីអំពីព្រះទាំងនេះនឹងធ្វើអោយយើងមានការព្រួយបារម្ភជាពុំខាន។

នៅពេលដែលយើងយល់ថា​ ព្រះទ្រង់ជាសេចក្តីស្រឡាញ់ នោះយើងនឹងបានយល់អំពីការគ្រប់គ្រងរបស់ព្រះកាន់តែប្រសើរឡើង។ ព្រះទ្រង់ធ្វើគ្រប់យ៉ាងដោយសារតែសេចក្តីស្រឡាញ់។ ព្រះទ្រង់ស្រឡាញ់យើង។ ដូច្នេះ យើងគួរតែស្រឡាញ់ទ្រង់វិញ (សូមអានខគម្ពីរចោទិយកថា ៦៖៥; ម៉ាកុស ១២៖ ៣០)។

សេចក្តីស្រឡាញ់ផ្តល់អោយដោយសុទ្ធចិត្ត បើមិនដូច្នោះទេ នោះមិនអាចហៅថាជាសេចក្តីស្រឡាញ់បានឡើយ។ ព្រះពុំបង្ខំយើងអោយស្រឡាញ់ទ្រង់នោះទេ។ នៅពេលដែលព្រះបង្ខំយើងអោយ ស្រឡាញ់ទ្រង់ភ្លាមនោះសេចក្តីស្រឡាញ់របស់យើងពុំមែនជាសេចក្តីស្រឡាញ់ទៀតឡើយ។ នោះគឺជាមូលហេតុដែលព្រះបានអនុញ្ញាតអោយគ្រប់គ្នានៅឯស្ថានសួគ៌ និងនៅលើផែនដីមានសេរីភាពក្នុងការស្រឡាញ់។ ព្រះបានអនុញ្ញាតអោយយើងមិនស្រឡាញ់ទ្រង់ក៏បាន។ ហើយរឿងនេះបានកើតឡើងពិតមែនកាលពីអតីតកាល។ លុយស៊ីហ្វ័រគឺជាបុគ្គលម្នាក់ដែលបានជ្រើសរើសមិនស្រឡាញ់ព្រះ។ ជម្រើសរបស់វាបាននាំអោយមានមហាវិវាទរវាងសេចក្តីល្អ និងសេចក្តីអាក្រក់នៅឯស្ថានសួគ៌ និងនៅលើផែនដី។

សូមអានអំពីលុយស៊ីហ្វ័រ (ដែលបានហៅថា នាគនៅក្នុងកណ្ឌគម្ពីរវិវរណៈ) នៅក្នុងខគម្ពីរអេសាយ ១៤៖១២-១៤; អេសេគាល ២៨៖១២-១៧ និងវិវរណៈ ១២៖៧។ តើមានអ្វីកើតឡើងចំពោះ លុយស៊ីហ្វ័រ (នាគ) នៅក្នុងខទាំងនេះ? តើខទាំងនេះបង្ហាញយើងអ្វីខ្លះអំពីសេរីភាពដែលព្រះបានប្រទានដល់យើងក្នុងការស្រឡាញ់ទ្រង់? តើមានគ្រោះថ្នាក់អ្វីកើតឡើងប្រសិនបើយើងជ្រើសរើសមិនស្រឡាញ់ ដូចជាលុយស៊ីហ្វ័រនោះ? តើយើងអាចយល់អំពីអ្វីដែលកើតឡើងចំពោះលុយស៊ីហ្វ័រនៅក្នុងខទាំងនេះបានដែរឬទេ ប្រសិនបើពុំបានយល់អោយបានពេញលេញថា ព្រះទ្រង់ជាសេចក្តីស្រឡាញ់នោះ?

--------------------------------------------------------

ខគម្ពីរអេសេគាល ២៨៖១៥ អាចជួយនៅក្នុងរឿងនេះបាន។​ ខនេះបង្ហាញយើងថា ព្រះទ្រង់បានបង្កើតលុយស៊ីហ្វ័រមកយ៉ាងល្អឥតខ្ចោះ។ ទោះបីជាដូច្នោះក្តី លុយស៊ីហ្វ័រនៅតែមានបាបនៅក្នុងចិត្តរបស់វា។ ព្រះបានអនុញ្ញាតអោយលុយស៊ីហ្វ័រមានសេរីភាពក្នុងការស្រឡាញ់។​ ព្រះបានប្រទានអ្វីៗជាច្រើនដល់លុយស៊ីហ្វ័រ។ ប៉ុន្តែ ទេវតាមួយនេះត្រូវការលើសពីនោះទៅទៀត។ ម្ល៉ោះហើយ បានបណ្តាលអោយកើតមានសង្រ្គាមនៅលើមេឃ។ តើលោកអ្នកដែលធ្លាប់ឮអំពីសុនខយន្តដែរឬទេ? សុនខយន្តនឹងស្តាប់តាមការបញ្ជារបស់លោកអ្នកមិនដែលនោមនៅលើឥដ្ឌ ឬស៊ីគ្រឿងសង្ហារឹមនោះទេ។ តើសុនខនេះមានសេរីភាពក្នុងការស្រឡាញ់ យើងដែរឬទេ? តើចម្លើយរបស់លោកអ្នកជួយលោកអ្នកអោយយល់អំពីមូលហេតុដែលព្រះចង់អោយមនុស្សអាចស្រឡាញ់ទ្រង់វិញយ៉ាងពិតប្រាកដដោយរបៀបណា?

ថ្ងៃច័ន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១

ការធ្លាក់នៅក្នុងអំពើបាប និងទឹកជំនន់

ព្រះបានបង្កើតមនុស្សលោកជាមួយនឹងសេរីភាពក្នុងការជ្រើសរើស។ យើងអាចជ្រើសរើសស្រឡាញ់ដល់ទ្រង់វិញបាន។ យើងអាចជ្រើសរើសរវាងសេចក្តីល្អ និងសេចក្តីអាក្រក់។ សេរីភាពនេះគឺជាផ្នែកមូលដ្ឋាននៃសេចក្តីស្រឡាញ់។ សេចក្តីស្រឡាញ់ត្រូវតែមានសេរីភាពក្នុងការជ្រើសរើស បើមិនដូច្នោះទេ នោះមិនមែនជាសេចក្តីស្រឡាញ់ឡើយ។ សេរីភាពដដែលនេះក៏មានហានិភ័យមកជាមួយផងដែរ ដូចដែលយើងបានឃើញនៅក្នុងការសិក្សារបស់យើងកាលពីម្សិលមិញ។ យើងអាចធ្វើការជ្រើសរើសខុសដូចជាលុយស៊ីហ្វ័រដូច្នោះដែរ។ លោកអ័ដាម និងនាងអេវ៉ាដែលជាឪពុកម្តាយដើមរបស់យើងក៏បានប្រព្រឹត្តខុសយ៉ាងដូច្នោះដែរ។

សូមអានខគម្ពីរលោកុប្បត្តិ ២៖១៦, ១៧ និងលោកុប្បត្តិ ៣៖១-៧។ ខទាំងនេះបានបង្ហាញយើងអំពីមនុស្សដ៏ល្អឥតខ្ចោះនៅលើផែនដីដ៏ល្អឥតខ្ចោះ។ ពួកគេត្រវបានបង្កើតដោយព្រះដ៏ល្អឥតខ្ចោះ។​ ប៉ុន្តែ ពួកគេបានជ្រើសរើសធ្វើបាប។ តើខទាំងនេះបង្ហាញយើងអំពីសេរីភាពអ្វីខ្លះ អំពីសេរីភាពដែលព្រះបានប្រទានដល់យើង? តើសេរីភាពនេះអាចនាំទៅរកអ្វី? តើចម្លើយរបស់លោកអ្នកបង្ហាញប្រាប់លោកអ្នកយ៉ាងដូចម្តេច អំពីមូលហេតុដែលសេចក្តីស្រឡាញ់ត្រូវតែមានសេរីភាពក្នុងការជ្រើសរើសនៅក្នុងនោះ?

--------------------------------------------------------

បន្ទាប់ពីការធ្លាក់នៅក្នុងអំពើបាប អ្វីៗគ្រប់យ៉ាងកាន់តែអាក្រក់ឡើង។ មនុស្សបានក្លាយទៅជាអាក្រក់ជាទីបំផុត។ ព្រះជាម្ចាស់បានឃើញថា «ការ​អាក្រក់​របស់​មនុស្ស​បាន​ចំរើន​ជា​ច្រើន​ឡើង​នៅ​ផែនដី ហើយ​អស់​ទាំង​គំនិត​ក្នុង​ចិត្ត​គេ​ក៏​សុទ្ធ​តែ​អាក្រក់​ជានិច្ច​ដូច្នោះ» (លោកុប្បត្តិ ៦៖៥)។ អាកប្បកិរិយារបស់ពួកគេក៏អាក្រក់ផងដែរ។ មនុស្សបានក្លាយទៅជាអាក្រក់ជាទីបំផុតដែលបណ្តាលអោយព្រះជាម្ចាស់បំផ្លាញផែនដីទាំងមូលដោយទឹកជំនន់។​ ដំណោះស្រាយមួយគឺថា ទឹកជំនន់គឺជាឱកាសជាលើកទី២សម្រាប់មនុស្សលោក។ ព្រះបានប្រទានសេរីភាពក្នុងការជ្រើសរើសសាជាថ្មីដល់ពួកគេ។ ប៉ុន្តែ តើមានមនុស្សជាច្រើននាក់ដែលអាចឆ្លងផុតនូវឱកាសជាលើកទី២បានដែរឬទេ? គួរអោយស្តាយ យើងបានឃើញនៅក្នុងរឿងប៉មបាបិល (លោកុប្បត្តិ ១១៖១-៩) ថា មនុស្សលោកនៅតែបន្តងាកចេញពីព្រះ។

«នៅពេលដែលអ្នកសាងសង់បានបញ្ចប់ផ្នែកមួយនៃប៉ម ពួកគេបានចាប់ផ្តើមស្នាក់នៅក្នុងនោះ។ មនុស្សក៏បានតុបតែងបន្ទប់ដែលធ្វើរួចរាល់ខ្លះសម្រាប់រូបសំណាកព្រះទាំងឡាយរបស់ពួកគេ។ មនុស្សបំពេញបន្ទប់ទាំងនេះដោយគ្រឿងសង្ហារឹម និងការតុបតែងយ៉ាងស្រស់ស្អាត។ មនុស្សបានពេញដោយសេចក្តីអំណរ ដោយសារតែរបស់ទាំងអស់ដែលពួកគេបានសាងសង់។ ដូច្នេះ ពួកគេបានសរសើរ តម្កើងដល់ព្រះទាំងឡាយរបស់ពួកគេដែលធ្វើពីមាសប្រាក់។ ចិត្តរបស់ពួកគេបានប្រឆាំងជាមួយនឹងស្តេច នៃស្ថានសួគ៌ និងផែនដីយ៉ាងពេញទំហឹង»។ ដកស្រង់ពី Ellen G. White, Patriarchs and Prophets, page 119, adapted។ មុនសម័យនោះ មនុស្សលោកបាននិយាយភាសាតែមួយ និងរស់នៅក្នុងកន្លែងតែមួយ។ ប៉ុន្តែ ក្រោយមកព្រះបានដាក់ទោសពួកគេអោយពួកគេនិយាយភាសាផ្សេងៗគ្នា។ ពួកគេមិនអាចស្តាប់គ្នាយល់បានទៀតទេ។ ដូច្នេះ ពួកគេបានបពា្ឈប់ការសាងសង់ប៉ម។ បន្ទាប់មក ព្រះបានធ្វើអោយមនុស្សចេញឆ្ងាយពីប៉ម ហើយរស់នៅតាមកន្លែងផ្សេងៗគ្នាពាសពេញផែនដី។ សូមក្រឡេកចិត្តរបស់លោកអ្នកខណៈពេលដែលលោកអ្នកចេញធ្វើការ។ តើគំនិតរបស់លោកអ្នកអាក្រក់ ឬល្អ? តើរឿងនេះបង្ហាញលោកអ្នកយ៉ាងដូចម្តេចអំពីចិត្តរបស់លោកអ្នក? ហើយហេតុអ្វីបានជាលោកអ្នកពុំអាចសង្គ្រោះខ្លួនឯងបាន?

ថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១

ព្រះបានជ្រើសរើសលោកអាប់រ៉ាម

ដំបូងយើងបានអានអំពីលោកអាប់រ៉ាមនៅក្នុងខគម្ពីរលោកុប្បត្តិ១១។ (ក្រោយមកព្រះបានផ្លាស់ប្តូរឈ្មោះរបស់គាត់ពីអាប់រ៉ាមទៅជាអ័ប្រាហាំ)។ ក្នុងបទគម្ពីរលោកុប្បត្តិ ១១ លោកអាប់រ៉ាមត្រូវបានរាប់នៅក្នុងបញ្ជីកូនចៅជំនាន់ក្រោយរបស់លោកសិម។ លោកសិមគឺជាកូនច្បងគេបង្អស់របស់លោកណូអេ។ ក្នុងបញ្ជីឈ្មោះទាំងឡាយលេចឡើងមានបន្ទាប់ពីព្រះបានបណ្តេញមនុស្សចេញពីប៉មបាបិល។

សូមអានខគម្ពីរលោកុប្បត្តិ ១២៖១-៣។ តើព្រះបានបង្កើតសេ​ចក្តីសន្យាអ្វីដល់អាប់រ៉ាមក្នុងខទាំងនេះ? តើសព្វថ្ងៃនេះ យើងយល់អំពីសេចក្តីសន្យានេះយ៉ាងដូចម្តេច?

--------------------------------------------------------

រាប់រយឆ្នាំបន្ទាប់ពីលោកអាប់រ៉ាមបានជីវិត លោកប៉ុលបានសរសេរទៅកាន់ពួកជំនុំកាឡាទី។ ក្រុមជំនុំកាឡាទីបានយល់ខុសអំពីដំណឹងល្អ។ ម្ល៉េះហើយ លោកប៉ុលបានប្រាប់ពួកជំនុំកាឡាទីអំពីអត្ថន័យពិតនៃសេចក្តីសន្យាដែលព្រះបានសន្យាដល់លោកអ័ប្រាហាំ។ តាមពិតសេចក្តីសន្យានោះស្តីអំពីការប្រកាសដំណឹងល្អដល់មនុស្សគ្រប់គ្នានៅលើផែនដី។ «ដូច្នេះ ចូរ​ដឹង​ថា ពួក​អ្នក​ដែល​មាន​សេចក្តី​ជំនឿ នោះ​ជា​ពូជ​លោក​អ័ប្រាហាំ​ហើយ ហើយ​ដោយ​គម្ពីរ​បាន​ដឹង​ជា​មុន​ថា ព្រះ​ទ្រង់​នឹង​រាប់​ពួក​សាសន៍​ដទៃ​ជា​សុចរិតដោយ​សេចក្តី​ជំនឿ បាន​ជា​មាន​សេចក្តី​ប្រកាស​ប្រាប់​មកដល់​លោក​អ័ប្រាហាំ​ជា​មុន​ថា ‘អស់ទាំង​សាសន៍​នឹង​បាន​ពរ​ដោយសារ​ឯង’ ដូច្នេះ អស់​អ្នក​ដែល​មាន​សេចក្តី​ជំនឿ នោះ​ឈ្មោះ​ថា​បាន​ពរ​ជា​មួយ​នឹង​លោក​អ័ប្រាហាំដែល​ជា​អ្នក​ជឿ​ដែរ តែ​អស់​អ្នក​ដែល​អាង​ដល់​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យនោះ​ត្រូវ​បណ្តាសា​វិញ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា ‘ត្រូវ​បណ្តាសា​ហើយ អស់​អ្នក​ណា​ដែល​មិន​កាន់​ខ្ជាប់​តាម​គ្រប់​ទាំង​សេចក្តី ដែល​កត់​ទុក​ក្នុង​គម្ពីរ​ក្រឹត្យវិន័យដើម្បី​នឹង​ប្រព្រឹត្ត​តាម’» (កាឡាទី ៣៖៧-៩)។

បន្ទាប់ពីព្រះបានជ្រើសរើសលោកអ័ប្រាហាំរួចមកកណ្ឌគម្ពីរលោកុប្បត្តិដែលនៅសេសសល់សុទ្ធសឹងតែស្តីអំពីអនាគតពូជពង្សរបស់លោកអ័ប្រាហាំ។ ដូចដែលកណ្ឌគម្ពីរលោកុប្បត្តិបានចែងថា មនុស្សប្រុសស្រីទាំងនេះបានកុហក ឬបានសម្លាប់។ ជាការពិតណាស់ ពួកគេគឺជាគ្រួសារដ៏រញេ៉រញៃមួយ។ មែនហើយ មនុស្សប្រុសស្រីទាំងនេះឆ្ងាយពីភាពល្អឥតខ្ចោះណាស់។ ប៉ុន្តែ ទោះជាយ៉ាងណាព្រះនៅតែធ្វើការនៅក្នុងជីវិតរបស់ពួកគេ ដើម្បីធានាសេចក្តីសន្យារបស់ទ្រង់ដល់លោកអ័ប្រាហាំ។ ផ្នែកដ៏សំខាន់មួយនៃសេចក្តីសន្យាបានកើតឡើងនៅពេលដែលព្រះបានជ្រើសរើសលោកម៉ូសេអោយរំដោះសាសន៍អ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទ។

សូមអានខគម្ពីរកិច្ចការ ៧៖២០-៣៦។ ក្នុងខទាំងនេះលោកស្ទេផានបានមានប្រសាសន៍អំពីលោកម៉ូសេ និងរបៀបដែលគាត់ដឹកនាំសាសន៍អ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទ។ តើរឿងនេះបង្ហាញយើងអំពីសេចក្តីសន្យាដែលព្រះបានសន្យាដល់លោកអ័ប្រាហាំយ៉ាងដូចម្តេច?

--------------------------------------------------------

ថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១

សេចក្តីសញ្ញានៅឯភ្នំស៊ីណាយ

រឿងអំពីរបៀបដែលព្រះបានរំដោះសាសន៍អីស្រាអែលចេញពីស្រុកអេស៊ីព្ទពោរពេញដោយអំណាច គឺតាមរយៈទេវតាបំផ្លាញដែលបានឆ្លងកាត់ស្រុកអេស៊ីព្ទរហូតដល់ឆ្នេរសមុទ្រក្រហម។ សូមគិតអំពីមនុស្សដែលរស់នៅក្នុងសម័យនោះ។ (សូមកុំភ្លេចអំពីមនុស្សដែលបានស្លាប់ផងដែរ គឺចាប់ពីកូនប្រុសច្បងនៃសាសន៍អេស៊ីព្ទរហូតដល់កងទ័ពរបស់ស្តេចអេស៊ីព្ទលិចនៅបាទសមុទ្រក្រហម)។ ដូចដែលព្រះជាម្ចាស់បានមានបន្ទូលថា «ឯងរាល់គ្នាបានឃើញអស់ទាំងការដែលអញធ្វើដល់សាសន៍អេស៊ីព្ទហើយ និងការដែលអញបានទ្រឯងរាល់គ្នាលើស្លាបឥន្ទ្រីនាំមកឯអញនេះផង» (និក្ខមនំ ១៩៖៤)។

តើហេតុអ្វីបានជាព្រះជាម្ចាស់សង្គ្រោះរាស្ត្ររបស់ទ្រង់តាមរបៀបដ៏មានអំណាចបំផុតដូច្នេះ? លោកម៉ូសេបានសួរសំណួរដូចគ្នានេះទៅកាន់សាសន៍អ៊ីស្រាអែលផងដែរថា៖ «ឬតើដែលមានព្រះណាប្រថុយទៅយកសាសន៍១សំរាប់អង្គទ្រង់ពីកណ្តាលសាសន៍១ទៀតដោយសារការល្បង ទីសំគាល់ និងការអស្ចារ្យ ដោយចំបាំង ដោយព្រះហស្តដ៏មានព្រះចេស្តា និងដោយព្រះពាហុលើកសំរេច ហើយដោយការគួរស្ញែងខ្លាចជាធំ ដូចជាគ្រប់ទាំងការដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានធ្វើជាប្រយោជន៍ដល់ឯងនៅស្រុកអេស៊ីព្ទឲ្យឯងឃើញផងឬទេ» (ចោទិយកថា ៤៖៣៤, គខប)។

សូមអានខគម្ពីរនិក្ខមនំ ១៩៖៤-៨។ តើហេតុអ្វីបានជាព្រះជាម្ចាស់រំដោះរាស្ត្ររបស់ទ្រង់?

--------------------------------------------------------

ព្រះបានរំដោះរាស្ត្ររបស់ទ្រង់ចេញពីទាសភាព ដើម្បីអោយពួកគេអាចបម្រើទ្រង់ និងប្រកាសប្រាប់អ្នកដទៃអំពីទ្រង់។ ព្រះបានបង្កើតសេចក្តីសញ្ញាជាមួយនឹងរាស្ត្ររបស់ទ្រង់នៅឯភ្នំស៊ីណាយ។ ព្រះបានមានបន្ទូលប្រាប់រាស្ត្ររបស់ទ្រង់អំពីអ្វីដែលទ្រង់នឹងធ្វើ ប្រសិនបើពួកគេគោរពតាមទ្រង់គឺថា «ឥឡូវ នេះ ប្រសិនបើអ្នករាល់គ្នាស្ដាប់តាមពាក្យរបស់យើង ប្រសិនបើអ្នករាល់គ្នាគោរពសម្ពន្ធ‌មេត្រីរបស់យើង នោះអ្នករាល់គ្នានឹងទៅជាប្រជា‌រាស្ត្ររបស់យើងផ្ទាល់នៅក្នុងចំណោមជាតិសាសន៍ទាំងអស់ ដ្បិតផែនដីទាំងមូលជាកម្មសិទ្ធិរបស់យើង» និក្ខមនំ ១៩៖៥)។

តើលោកអ្នកឃើញពាក្យ «ប្រជារាស្ត្ររបស់យើង» ដែរឬទេ? យើងត្រូវតែប្រយ័ត្នកុំអោយយល់ច្រឡំអំពីគោលគំនិតនេះឡើយ។ ព្រះពុំបានជ្រើសរើសសាសន៍អ៊ីស្រាអែលអោយធ្វើជារាស្ត្ររបស់ទ្រង់ដោយសារតែពួកគេពិសេស ឬបរិសុទ្ធនោះទេ។ ផ្ទុយទៅវិញ ព្រះបានជ្រើសរើសពួកគេដោយសារតែទ្រង់ស្រឡាញ់ពួកគេ។

ព្រះបានប្រទានក្រឹត្យវិន័យដ៏សំខាន់មួយចំនួនអោយរាស្ត្ររបស់ទ្រង់ធ្វើតាម។ ក្រឹត្យវិន័យទាំងនេះគឺជាផ្នែកមួយដ៏សំខាន់នៃសេចក្តីសញ្ញារបស់ពួកគេ (និក្ខមនំ ២០)។ លោកម៉ូសេបានបិទត្រានៃសេចក្តីសញ្ញារវាងព្រះ និងរាស្ត្ររបស់ទ្រង់ដោយឈាម។ បន្ទាប់មក លោកម៉ូសេបាន «យកសៀវភៅសញ្ញាមក អានមើលឲ្យបណ្តាជនស្តាប់គេក៏ឆ្លើយឡើងថា ‘យើងខ្ញុំរាល់គ្នានឹងធ្វើតាមគ្រប់អស់ទាំងសេចក្តី’» (និក្ខមនំ ២៤៖៧)។

លោកម៉ូសេបានប្រើឈាមនៅលើសៀវភៅ និងនៅលើបណ្តាជន (សូមអានខគម្ពីរហេព្រើរ ៩៖១៩, ២០)។ តើរូបស័ព្ទនៃឈាមតំណាងអោយអ្វី? តើហេតុអ្វីបានជាឈាមមានសារៈសំខាន់សម្រាប់យើងសព្វថ្ងៃនេះ?

ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១

ការធ្លាក់ក្នុងអំពើបាបឡើងវិញ និងការទទួលទោស

«យើងខ្ញុំរាល់គ្នានឹងធ្វើតាមគ្រប់សេចក្តី ដែលព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមក» (និក្ខមនំ ១៩៖៨, សូមអានខគម្ពីរនិក្ខមនំ ២៤៖៣ និងនិក្ខមនំ ២៤៖៧ ផងដែរ។ ជាការពិតណាស់ បណ្តាជនហាក់ដូចជាធ្វើមែនទែនគ្រប់ពេលដែលពួកគេបានសូត្រពាក្យសន្យា។ ប៉ុន្តែ ព្រះគម្ពីរបានបង្ហាញយើងម្តងហើយម្តងទៀតអំពីអាកប្បកិរិយានៃរាស្ត្ររបស់ព្រះមិនត្រូវតាមសេចក្តីសន្យារបស់ពួកគេក្នុងការធ្វើតាមព្រះនោះទេ។ តើអ្វីទៅជាមូលហេតុដែលនាំអោយពួកគេមិនធ្វើតាមព្រះ? ចម្លើយមកពីរឿងមួយប៉ុណ្ណោះដែលយើងនឹងក្រឡេកមើលទាំងអស់គ្នា។

តើព្រះបានសូមអោយរាស្ត្ររបស់ទ្រង់ធ្វើអ្វីខ្លះ ដើម្បីរក្សាសេចក្តីសញ្ញា? សម្រាប់ចម្លើយ សូមអានខគម្ពីរនិក្ខមនំ ១៩៖៤, ៥។

--------------------------------------------------------

ព្រះបានសូមអោយរាស្ត្ររបស់ទ្រង់ធ្វើតាមទ្រង់ និងរក្សាក្រឹត្យវិន័យរបស់ទ្រង់។ ក្រឹត្យវិន័យនេះពុំមានន័យថា ពួកគេត្រូវបានសង្គ្រោះដោយសារអាកប្បកិរិយាល្អនោះទេ (សូមអានខគម្ពីរម៉ាថាយ ៧៖២៤-២៧, យ៉ូហាន ១៤៖១៥, យ៉ាកុប ២៖២០, រ៉ូម ៦៖១១, ១២)។ ប៉ុន្តែ ម្តងហើយម្តងទៀត នៅចុងបញ្ចប់របស់ពួកគេ កូនចៅរបស់សាសន៍អ៊ីស្រាអែលបានអាក់ខានរក្សាសេចក្តីសញ្ញារបស់ពួកគជាមួយនឹងព្រះ។

មិនយូរប៉ុន្មាន បណ្តាជនបានធ្លាក់នៅក្នុងអំពើបាបដ៏អាក្រក់ ទោះបីជានៅជិតភ្នំស៊ីណាយក៏ដោយ (សូមអានខគម្ពីរនិក្ខមនំ ៣២៖១-៦)។ ប្រវត្តិសាស្ត្របានបង្ហាញថា ពួកគេមិនបានធ្វើតាមព្រះច្រើនជាងអ្វីដែលពួកគេធ្វើតាមទ្រង់។ នេះគឺជាមូលហេតុដែលនាំអោយពួកគេមិនអាចចូលទៅក្នុងទឹកដីសន្យាបានភ្លាម បន្ទាប់ពីពួកគេចេញពីស្រុកអេស៊ីព្ទមក។ មែនហើយ រាស្ត្ររបស់ព្រះត្រូវបានវង្វេងនៅក្នុងទីរហោស្ថានអស់រយៈពេល៤០ឆ្នាំ។

សូមអានខគម្ពីរជនគណនា ១៤៖២៨-៣៥។ តើព្រះបានដាក់ទោសរាស្ត្ររបស់ទ្រង់យ៉ាងដូចម្តេចនៅពេលដែលពួកគេមិនព្រមជឿទុកចិត្តលើទ្រង់ និងធ្វើតាមអ្វីដែលទ្រង់បានសូមនោះ?

--------------------------------------------------------

ហើយឥឡូវនេះ មនុស្សមិនបានធ្វើតាមព្រះដោយសារតែពួកគេបរាជ័យក្នុងការជឿទុកចិត្តលើទ្រង់។ មែនហើយ មនុស្សមិនបានធ្វើតាមព្រះដោយសារតែអារក្សនៅក្នុងចិត្តរបស់ពួកគេ។ ប៉ុន្តែ ភាគច្រើនយើងបានបរាជ័យក្នុងការធ្វើតាមព្រះដោយសារតែយើងមិនបានជឿទុកចិត្តលើសេចក្តីសន្យារបស់ទ្រង់។ ទន្ទឹមគ្នានេះ សាសន៍អ៊ីស្រាអែលបានបរាជ័យក្នុងការជឿទុកចិត្តលើព្រះ។ អ្វីដែលធ្វើអោយអំពើបាបរបស់ពួកគេកាន់តែឡើងនោះ គឺថាសាសន៍អ៊ីស្រាអែលបានឃើញការអស្ចារ្យទាំងអស់ដែលព្រះបានធ្វើ តែពួកគេនៅតែធ្វើបាប។ ព្រះបានមានបន្ទូលថា «គេនឹងមិនដែលឃើញស្រុកដែលអញបានស្បថនឹងឲ្យដល់ពួកអយ្យកោគេ គឺពួកដែលមើលងាយអញនោះ គេនឹងមិនដែលឃើញស្រុកនោះឡើយ ដោយព្រោះគេបានល្បងលអញទាំង១០ដងនេះហើយ» (ជនគណនា ១៤៖២២)។សូមគិតបន្ថែមអំពីគោលគំនិតនេះដែលថា៖ យើងតែងតែមិនធ្វើតាមព្រះដោយសារតែយើងមិនបានជឿទុកចិត្តចំពោះអ្វីដែលព្រះបានមានបន្ទូលប្រាប់យើង។ តើហេតុអ្វីបានជារឿងនេះជាការពិត? តើយើងអាចរៀនជឿទុកចិត្តលើទ្រង់បន្ថែមទៀតដោយរបៀបណា?

ថ្ងៃសុក្រ ទី១ ខែតុលា ឆ្នាំ២០២១

សិក្សាបន្ថែម

សូមអាន John C. Peckham, Theodicy of Love: Cosmic Conflict and the Problem of Evil (Grand Rapids, MI: Baker Academic, 2018)។ សៀវភៅនេះជួយយើងអោយមើលឃើញក្នុងព្រះគម្ពីរអំពីមហាវិវាទរវាងសេចក្តីល្អ និងសេចក្តីអាក្រក់។

«និយាយអោយខ្លីគឺថា ខ្ញុំបានឃើញសេចក្តីស្រឡាញ់របស់ព្រះនៅត្រង់ចំណុចកណ្តាលនៃមហាវិវាទរវាងសេចក្តីល្អ និងសេចក្តីអាក្រក់។ នេះគឺជាមូលហេតុដែលយើងត្រូវតែយល់អោយបានត្រឹមត្រូវអំពីសេចក្តីស្រឡាញ់របស់ព្រះ។ សេចក្តីស្រឡាញ់របស់ព្រះគឺជាហេតុផលដែលនាំអោយទ្រង់ប្រឆាំងជាមួយអារក្ស។ គោលគំនិតស្តីអំពីសេចក្តីស្រឡាញ់របស់ព្រះនេះជួយយើងអោយយល់់អំពីរបៀបដែលព្រះបានធ្វើនៅក្នុងសង្គ្រាម។ ព្រះគោរពក្រឹត្យវិន័យនៃសេចក្តីសញ្ញារបស់ទ្រង់។ ក្បួនច្បាប់ទាំងនេះបង្ហាញយើងអំពីអ្វីដែលទ្រង់ធ្វើ និងមិនត្រូវធ្វើ»។ ដកស្រង់ពី John C. Peckham, page 4, adapted។

«ព្រះបានប្រកាសថា សាសន៍អ៊ីស្រាអែលមិនអាចចូលទៅក្នុងទឹកដីសន្យាអស់រយៈពេល៤០ឆ្នាំ។ រឿងនេះបានធ្វើអោយលោកម៉ូសេ លោកអើរ៉ុន លោកកាលែប និងលោកយ៉ូស្វេខូចចិត្តជាខ្លាំង។ ប៉ុន្តែ មនុស្សទាំងនេះពុំបានរអ៊ូរទាំឡើយ។ ពួកគេបានទទួលយកការសម្រេចព្រះទ័យរបស់ព្រះ។ ប៉ុន្តែ បណ្តាជនមិនសុខចិត្តនោះទេ។ ពួកគេបានទួញយំនៅពេលដែលព្រះដកយកព្រះពរចេញពីពួកគេដែលពួកគេមិនបានយកចិត្តទុកដាក់ទាល់តែសោះ។ ពួកគេបានរអ៊ូរទាំអំពីការសម្រេចព្រះទ័យរបស់ព្រះ។ បណ្តាជនបានប្រកាសថា ពួកគេនឹងវិលត្រឡប់ទៅឯប្រទេសអេស៊ីព្ទវិញ។ ពួកគេបានទួញយំដោយគ្មានហេតុផល។ ពេលនោះ ព្រះបានបង្ហាញហេតុផលពិតនៃការទួញសោករបស់ពួកគេ។ ពួកគេពុំបានទួញយំមិនមែនដោយសារតែពួកគេទទួលខុសចំពោះអំពើរបស់ពួកគេនោះទេ។ តើយ៉ាងណាទៅវិញ ប្រសិនបើពួកគេបង្ហាញថា ពួកគេទទួលខុសចំពោះអំពើបាបរបស់ពួកគេនោះ? នោះព្រះនឹងមិនដាក់ទោសពួកគេអោយវង្វេងនៅក្នុងទីរហោស្ថានអស់រយៈពេល៤០ឆ្នាំឡើយ។ ប៉ុន្តែ ពួកគេបានទួញយំដោយសារតែមិនសប្បាយចិត្តជាមួយនឹងព្រះដែលបានដាក់ទោសពួកគេតែប៉ុណ្ណោះ។ នេះគឺជាមូលហេតុដែលការទួញយំរបស់ពួកគេមិនអាចធ្វើអោយព្រះផ្លាស់ប្តូរការសម្រេចព្រះទ័យរបស់ទ្រង់អំពីការដាក់ទោសពួកគេ៤០ឆ្នាំនោះ»។ ដកស្រង់ពី Ellen G. White, Patriarchs and Prophets, page 392, adapted។

សំនួរពិភាក្សា៖
  1. ចូរពិភាក្សាអំពីសេរីភាព និងសេចក្តីស្រឡាញ់។ តើហេតុអ្វីបានជាត្រូវតែស្រឡាញ់ ហេតុអ្វីបានជាត្រូវតែជាសេចក្តីស្រឡាញ់ដ៏ពិតប្រាកដ និងហេតុអ្វីបានជាត្រូវតែផ្តល់សេរីភាពដោយឥតលក្ខខណ្ឌ? អ្នកខ្លះប្រហែល​ជានិយាយថា សេចក្តីស្រឡាញ់គ្មានអ្វីសំខាន់ទាល់តែសោះ ដោយសារតែការឈឺចាប់នៅលើផែនដី។ តើលោកអ្នកអាចនិយាយអ្វីខ្លះទៅកាន់អ្នកណាម្នាក់ដែលគិតបែបនេះ?

  2. តើការធ្វើតាមព្រះខុសគ្នាពីការព្យាយាមសង្គ្រោះខ្លួនលោកអ្នកដោយអាកប្បកិរិយាល្អផ្ទាល់ខ្លួនយ៉ាងដូចម្តេច? ​

  3. តើមានចំណុចត្រង់ណាខ្លះដែលពួកជំនុំសេវេនដេយអាត់វេនទីស្ទដូចគ្នានឹងសាសន៍អ៊ីស្រាអែលនៅក្នុងសម័យព្រះគម្ពីរនោះ? តើកិច្ចការដូចគ្នាអ្វីខ្លះដែលព្រះបានប្រគល់អោយយើងទទួលខុសត្រូវដូចដែលទ្រង់បានប្រគល់ដល់សាសន៍អ៊ីស្រាអែលនៅក្នុងសម័យព្រះគម្ពីរនោះ? តើហេតុអ្វីបានជាចម្លើយនេះមានសារៈសំខាន់សម្រាប់យើង?

រឿងខ្លី

ខ្ញុំបានជួបព្រះយេស៊ូវនៅក្នុងហាង

Jeans

ជីវិតមើលទៅហាក់ដូចជាលំបាកទៅៗ។ ប្តីរបស់ខ្ញុំមានជំងឺមហារីកខួរឆ្អឹង។ បន្ទាប់មក ឪពុកម្តាយរបស់គាត់បានស្លាប់។ រីឯខ្ញុំត្រូវចំណាយទៅលើពិធីបុណ្យសពម្តាយក្មេករបស់ខ្ញុំដោយខ្លួនឯង ថែមទាំងមើលការខុសត្រូវចំពោះជីវភាពគ្រួសារខ្ញុំទៀត។ មានពេលខ្លះសូម្បីតែ១០០០វ៉ុនសម្រាប់សំភារៈសាលារៀនរបស់កូនប្រុសខ្ញុំ ក៏ខ្ញុំគ្មានផង។ ប្រាក់ខែរបស់ខ្ញុំមិនគ្រប់គ្រាន់សម្រាប់បង់ថ្លៃពេទ្យប្តីខ្ញុំនោះដែរ។ ជារៀងរាល់ថ្ងៃខ្ញុំតែងតែព្រួយបារម្ភថា ខ្ញុំគ្មានអង្ករគ្រប់គ្រាន់ដើម្បីចិញ្ចឹមគ្រួសាររបស់ខ្ញុំទៀតផង។ ខ្ញុំយំ និងមានអារម្មណ៍ឯកាជាទីបំផុត។ បន្ទាប់មក ខ្ញុំបានជួបនាងផាក យ៉ុនស៊ុក (Park Yeon-sook)។ នាងពុំមែនជាបងប្អូនក៏ពុំមែនជាមិត្តភក្តិរបស់ខ្ញុំនោះដែរ ប៉ុន្តែ នាងបានព្យាយាមលើកទឹកចិត្តខ្ញុំ។ នាងបានឃើញថា ខ្ញុំកំពុងតែមានវិបត្តិថវិកា ដូច្នេះ នាងបានផ្តល់ការងារបន្ថែមដល់ខ្ញុំនៅក្នុងហាងហាណាំដែលស្ថិតនៅឯជាយក្រុងសេអ៊ូលប្រទេសកូរ៉េ។ ប្រាក់បន្ថែមនេះជួយផ្គត់ផ្គង់ទៅលើការចំណាយនៃជីវភាព និងថ្លៃពេទ្យ។ ខ្ញុំមានអំណរគុណចំពោះការងារនេះណាស់។ ប៉ុន្តែ ខ្ញុំបានកត់សម្គាល់ឃើញអ្វីដែលមិនធម្មតាអំពីនាងយ៉ុនស៊ុក។ នាងហាក់ដូចជាមានក្តីសុខជាងអ្នកដទៃ។ ខ្ញុំគិតថា នេះជារឿងចម្លែក ប៉ុន្តែ ខ្ញុំមានការរំភើបចិត្តយ៉ាងខ្លាំងដោយសារសេចក្តីអំណររបស់គាត់។ ខណៈពេលដែលខ្ញុំបានស្វែងយល់អំពីនាង ខ្ញុំបានឃើញនាងទៅព្រះវិហារនៅថ្ងៃសៅរ៍។ នាងមិនខ្វាយខ្វល់អំពីប្រាក់ចំណូលដែលនាងត្រូវខាតបង់ដោយសារតែការបិទហាងមួយថ្ងៃក្នុងមួយសប្តាហ៍នោះទេ។ ខ្ញុំជាអ្នកដែលមិនជឿថាមានព្រះ ប៉ុន្តែ ខ្ញុំចង់ទៅព្រះវិហារជាមួយនាង ដើម្បីស្វែងរកមូលហេតុដែលនាំអោយនាងមានសេចក្តីអំណរ និងសេចក្តីសុខសាន្តនេះណាស់។ យ៉ុនស៊ុកមិនដែលបានអញ្ជើញខ្ញុំទៅឯព្រះវិហារសេវេនដេយអាត់វេនទីស្ទរបស់នាងទាល់តែសោះ ប៉ុន្តែ ខ្ញុំបានប្តេជ្ញាចិត្តរបស់ខ្ញុំថានឹងទៅទីនោះម្តង។ ដូច្នេះ ខ្ញុំបានសិក្សាព្រះគម្ពីរដោយខ្លួនឯង។ ខណៈពេលដែលខ្ញុំកំពុងតែរៀនអំពីព្រះ សេចក្តីសុខសាន្តនៃស្ថានសួគ៌បានចូលមកក្នុង ជីវិតរបស់ខ្ញុំ។ ខ្ញុំបានថ្វាយចិត្តរបស់ខ្ញុំទៅឯព្រះយេស៊ូវ និងបានចូលរួមនៅក្នុងព្រះវិហារសេវេនដេយអាត់វេនទីស្ទហាណាំខាងលិចដែលសព្វថ្ងៃនេះ ខ្ញុំបម្រើការជាជំនួយការស្ត្រីជាមួយនឹងនាងយ៉ុនស៊ុកទាំងពីរនាក់។

មានរឿងជាច្រើនដែលខ្ញុំពុំទាន់បានដឹង ប៉ុន្តែ ខ្ញុំជឿលើព្រះដោយអស់អំពីចិត្តរបស់ខ្ញុំ។ នាង យ៉ុកស៊ុកពុំសូវបាននិយាយអំពីព្រះយេស៊ូវមកកាន់ខ្ញុំនោះទេ ប៉ុន្តែ ខ្ញុំបានឃើញព្រះយេស៊ូវនៅក្នុងជិវិតរបស់នាង។ ព្រះយេស៊ូវដដែលនេះហើយ ដែលខ្ញុំបានជួបតាមរយៈជីវិតរបស់នាងយ៉ុនស៊ុក ដក់នៅក្នុងចិត្តរបស់ខ្ញុំរហូតដល់សព្វថ្ងៃនេះ។ ឆ្នាំនេះប្តីនិងកូនប្រុសរបស់ខ្ញុំក៏បានទទួលបុណ្យជ្រមុជទឹក និងបានចូលជាគ្រួសារអាត់វេនទីស្ទផងដែរ។ ជីវិតមើលទៅហាក់ដូចជាល្អប្រសើរជាងមុន។ សូមអរគុណព្រះដែលទ្រង់បានចូលមកក្នុងគ្រួសាររបស់ទូលបង្គំតាមរយៈនាងយ៉ុនស៊ុក និងហាងរបស់នាង។

អំណានដង្វាយប្រចាំសប្តាហ៍

នៅពេលដែលអេស និងរ៉ូអេនណាយកព្រះទុកជាទីមួយ

អេស និងរ៉ូអេនណា ស៊ិនតូសបានសម្រេចចិត្តយកព្រះទុកជាទីមួយ បើទោះបីជាពួកគេមានការភ័យខ្លាចនិងមិនប្រាកដអំពីអនាគតរបស់ពួកគេក្តី។ ថ្ងៃនេះតើយើងអាចរៀនអ្វីបានខ្លះពីពួកគេដែលនឹងជួយយើងឲ្យយកព្រះទុកជាទីមួយនៅក្នុងជីវិតផ្ទាល់របស់យើង? អេស និងរ៉ូអេនណាមកពីប្រទេសហ្វីលីពីន។ ពួកគេគឺជាមន្ត្រីរដ្ឋការដែលកាន់តំណែងធំអស់ជាច្រើនឆ្នាំ។ នៅពេលដែលរ៉ូអេនណារងគ្រោះដោយបញ្ហាកូនក្រៅស្បូន ស្ថានភាព​គ្រួសារ​របស់ពួកគេរងផលប៉ះពាល់យ៉ាងខ្លាំង។ អេសគ្មានជម្រើសណាទៀតឡើយក្រៅពីលាឈប់ពីការងារដើម្បីមកមើលថែនាង។

នៅពេលដែលរ៉ូអេនណាបានជាពីជំងឺ នាងបានត្រឡប់មកធ្វើការក្នុងផ្នែកអប់រំបន្តទៀត។ ចំណែកឯអេសមានផែនការមួយផ្សេងទៀត។ គាត់ត្រូវបានត្រាស់ហៅឲ្យធ្វើការ​ពេញ​ម៉ោងខាងផ្នែកព័ន្ធកិច្ចផ្សព្វផ្សាយ។ ក៏ប៉ុន្តែការងារមួយនេះមិនបានប្រាក់ខែច្រើនដូចការងារពីមុនទេ។

អេសនិងរ៉ូអេនណាមិនសូវគិតអំពីការកើនឡើងនៃប្រាក់ខែទេ។ ប្រសិនបើអេស​ព្រម​ធ្វើការងារនេះ គាត់ត្រូវលះបង់ពេលវេលាច្រើនក្នុងជីវិត ប្រាក់ខែក៏តិច ហើយអនាគតក៏មិនប្រាកដ​ប្រជាដែរ។ តើពួកគេសុខចិត្តយកព្រះទុកជាទី១ដែរឬទេ?

ដំបូងឡើយ អ្វីៗហាក់ដូចជាពិបាកសម្រាប់ពួកគេ។ ហើយកាន់តែពិបាកថែមទៀតពេលដែលពួកគេរៀនតិកណូឡូជីបន្ថែមទៀត។ ពួកគេត្រូវរស់នៅដោយចាយវាយសន្សំសំចៃនិងជឿជាក់លើព្រះទ័យព្រះ។ រឿងនេះធ្វើឲ្យពួកគេឧទ្ទិសថ្វាយអំណោយទានដែលពួកគេមានទាំងអស់ថ្វាយព្រះ។

ច្រើនឆ្នាំកន្លងផុតទៅ ជីវិតរបស់ពួកគេក៏ប្រសើរឡើងដ៏មិនគួរឲ្យជឿ។ អេស និងរ៉ូអេនណាបានធ្វើការជាមេដឹកនាំឆ្នើមនៃមណ្ឌលឌីអ៊ីអាយ(Digital Evangelism Initiative) ដែលជាគម្រោងសកលលោកមួយរបស់ព្រះវិហារសេវេនដេយ៍អាត់វេនទីស្ទ។ ពួកគេនៅតែរស់ក្នុង​ជីវិត​សាមញ្ញ ប្រាក់ខែរបស់ពួកគេគឺខ្ពស់ជាងកាលធ្វើការជាមន្ត្រីរដ្ឋការទៅទៀត។ ពួកគេថែមទាំងមានចំណេះដឹងផ្នែកតិកណូឡូជីសម្រាប់ធ្វើការថ្វាយព្រះយេស៊ូវផងដែរ។

អេស និងរ៉ូអេនណាបានយកព្រះទុកជាទីមួយ បើទោះបីជាពួកគេមានការភ័យខ្លាច និងមិនប្រាកដប្រជាអំពីអនាគតក្តី។ សព្វថ្ងៃនេះសេចក្តីក្លាហានរបស់ពួកគេក៏បណ្តាលចិត្តយើងរាល់គ្នាដែរ។ ព្រះយេស៊ូវបានលះបង់អ្វីៗគ្រប់យ៉ាងដើម្បីប្រោសលោះយើង ហើយសេចក្តីស្រឡាញ់របស់ទ្រង់ក៏ជំរុញយើងឲ្យយកនគររបស់ទ្រង់ទុកជាទី១ក្នុងជីវិតផ្ទាល់របស់យើងដែរ។ ខណៈដែលអ្នកជំនួយការប្រមូលប្រាក់ដង្វាយ១០ហូត១ និងសទ្ធា យើងក៏ត្រូវបានលើកទឹកចិត្តឲ្យយកព្រះទុកជាទី១ដែរ។ ​

Powered by CAM