ខគម្ពីរអេសាយ ៦៖១ បានបរិយាយអំពីការសោយទិវង្គតរបស់ស្ដេចអ៊ូសៀស។ សូមអានបទគម្ពីររបាក្សត្រទី២ ជំពូក២៦ រួចឆ្លើយនូវសំណួរទាំងនេះ៖ នៅពេលដែលស្ដេចអ៊ូសៀសបានចូលទិវង្គតទៅ តើការសុគតរបស់ទ្រង់មានមេរៀនសំខាន់អ្វីខ្លះទេ? តើការសោយទិវង្គតរបស់ទ្រង់បង្កគ្រោះអន្តរាយដល់ ប្រជារាស្ត្ររបស់ទ្រង់ដូចមេ្តចខ្លះ?
---------------------------------------------------------------------------------------
១. ស្តេចអ៊ូសៀសបានគ្រប់គ្រងស្រុកយូដាមកជាយូរហើយ។ ប៉ុន្ដែ «នៅពេលដែលស្តេចអង្គ នេះមានអំណាចខ្លាំងក្លាឡើង ភាពអំនួតរបស់ទ្រង់បានបណ្តាលឲ្យទ្រង់ត្រូវវិនាស។ ស្តេចអង្គនេះបាន យាងចូលទៅក្នុងព្រះវិហាររបស់ព្រះជាម្ចាស់ដើម្បីដុតគ្រឿងក្រអូបលើអាសនៈរបស់ព្រះ» (របាក្សត្រទី២ ២៦៖១៦)។ មានពួកបូជាចារ្យឬអ្នកដឹកនាំព្រះវិហារជាច្រើនបានព្យាយាមហាមឃាត់ដល់ស្តេចអ៊ូសៀសដែរ ពីព្រោះទ្រង់មិនមែនកើតចេញពីអំបូររបស់លោកអើរ៉ុននោះទេ (របាក្សត្រទី២ ២៦៖១៨)។ មានតែកូនប្រុសរបស់អើរ៉ុនប៉ុណ្ណោះដែលអាចបម្រើការជាសង្ឃបាន។ ពេលនោះស្តេចទ្រង់ក្រោធយ៉ាងខ្លាំង។ ភ្លាមៗនោះព្រះជាម្ចាស់បានបណ្តាលអោយមានរោគឃ្លង់រីករាលដាលពាសពេញព្រះកាយរបស់ស្តេចអ៊ូសៀស។ រោគឃ្លង់គឺជាជំងឺស្បែកម្យ៉ាងដែលគួរឱ្យខ្លាចណាស់។ ស្តេចអ៊ូសៀសបានកើតរោគឃ្លង់ពាសពេញព្រះកាយ រហូតដល់ថ្ងៃដែលទ្រង់ចូលទិវង្គត។ ទ្រង់ត្រូវរស់នៅក្នុងផ្ទះដាច់ដោយឡែកពីគេ ហើយមិនអាចចូលទៅក្នុងព្រះវិហារនៃព្រះបានទេ (របាក្សត្រទី២ ២៦៖២១) ពីព្រោះទ្រង់មិនបរិសុទ្ធ។
២. តើលោកអ្នកឃើញទេថា ស្តេចអ៊ូសៀស និងលោកអេសាយខុសគ្នាឆ្ងាយយ៉ាងណា? ស្តេចអ៊ូសៀសបានព្យាយាមសម្រុកចូលទៅក្នុងព្រះវិហារបរិសុទ្ធរបស់ព្រះដោយហេតុផលមិនត្រឹមត្រូវ។ ចិត្តរបស់ទ្រង់មានពោរពេញទៅដោយមោទនភាព ឯអាកប្បកិរិយារបស់ទ្រង់ក៏សម្តែងថាចិត្តរបស់ទ្រង់មិនស្អាតស្អំឡើយ។ ចំណែកឯលោកអេសាយខុសគ្នាពីស្តេចអ៊ូសៀសត្រង់ថា គាត់បានសារភាព និងទទួលស្គាល់ថាគាត់ខ្សោយហើយមានពេញទៅដោយអំពើបាប។ លោកអេសាយក៏ប្រាថ្នាចង់បាននូវចិត្តដែល បរិសុទ្ធផុតពីអំពើបាបផងដែរ។ ព្រះពិតជាបានបំពេញនូវបំណងប្រាថ្នាអោយអេសាយ (អេសាយ ៦៖ ៥-៧)។ លោកអេសាយប្រៀបដូចជាអ្នកយកពន្ធនៅក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូវដែរ (សូមអានខគម្ពីរលូកា ១៨៖១៤)។ ព្រះជាម្ចាស់បានញែកអេសាយចេញជាបរិសុទ្ធនិងធ្វើអោយគាត់បានត្រឹមត្រូវជាមួយទ្រង់វិញ។
៣. ជំងឺស្បែករបស់ស្តេចអ៊ូសៀសបង្ហាញអោយយើងឃើញនូវអាការៈរាស្ត្ររបស់ព្រះ។ ចិត្តរបស់ពួកគេមិនបរិសុទ្ធឡើយ៖ «ចាប់តាំងពីបាតជើងរហូតដល់កំពូលក្បាល នោះឥតមានកន្លែងណាមាំមួនឡើយ គឺមានសុទ្ធតែរបួស និងជាំ ហើយស្នាមរំពាត់ថ្មីឥតបានបិទភ្ជិត រុំ ឬចាក់ប្រេងឲ្យធូរស្រាកទេ» (អេសាយ ១៖៦)។
៤. ស្តេចអ៊ូសៀសបានចូលទិវង្គតនៅប្រហែល ៧៤០ ឆ្នាំមុនគ្រិស្តសករាជ។ នៅពេលដែលស្តេចអង្គនេះបានសុគតទៅ រាស្ត្ររបស់ព្រះចាប់ផ្តើមមានបញ្ហាជាច្រើនជាមួយនឹងការដឹកនាំប្រទេស ព្រោះថានៅពេលដែលស្តេចអង្គណាមួយសោយទិវង្គត ប្រជាជនរបស់ទ្រង់នឹងស្ថិតក្នុងគ្រោះថ្នាក់។ ប៉ុន្តែ ស្រុកយូដាពិតជាបានប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ព្រោះ ទីហ្គាត ភីលីសៀបានក្លាយជាស្តេចនៅស្រុកអាសស៊ើរនៅឆ្នាំ៧៤៥ មុនគ្រិស្តសករាជ។ ភ្លាមៗនោះស្តេចអង្គនេះក៏ចាប់ផ្ដើមធ្វើសង្គ្រាមតែម្តង។ ព្រះអង្គបានធ្វើឱ្យប្រទេសរបស់ទ្រង់ក្លាយជាប្រទេសមហាអំណាចមួយ។ ស្តេចអង្គនេះបានព្យាយាម គ្រប់គ្រងប្រទេសទាំងអស់នៅជិតបូព៌ាប្រទេស។ នៅគ្រាដ៏លំបាកនេះព្រះក៏បានកំសាន្តចិត្តដល់ហោរា អេសាយ ដោយបានបង្ហាញអោយលោកមើលឃើញថាទ្រង់ពិតជាបានគ្រប់គ្រងលើអ្វីៗទាំងអស់។
ថ្ងៃច័ន្ទ ទី០៤ ខែមករា ឆ្នាំ២០២១
«បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ»
តើអ្នកឃើញមានអ្វីខ្លះកើតឡើងនៅក្នុងខគម្ពីរអេសាយ ៦៖១-៤?
---------------------------------------------------------------------------------------
ស្តេចអ៊ូសៀស បានសោយទិវង្គតទៅក្នុងគ្រាដ៏ច្របូកច្របល់ណាស់។ (ជនជាតិអាសស៊ើរចាប់ផ្តើមធ្វើសង្គ្រាមជាមួយស្តេចទាំងឡាយនៅភាគខាងកើតបូព៌ាប្រទេស។ ) ដំណឹងនេះប្រហែលជាបានបណ្តាលអោយលោកអេសាយរន្ធត់ចិត្តជាខ្លាំងណាស់ ដោយលោកនឹកឆ្ងល់ក្នុងចិត្តថាតើនឹងបាននរណាជាអ្នកដឹកនាំប្រទេស។ ហើយបន្ទាប់មកតើមានអ្វីកើតឡើងទៅ? ព្រះបានប្រទានសុបិននិមិត្តមួយមកដល់អេសាយដែលនៅក្នុងសុបិននិមិត្តនេះ អេសាយបានឃើញសិរីរុងរឿងរបស់ព្រះជាម្ចាស់ ជាសិរីរុងរឿងដ៏ភ្លឺ ចិញ្ចាចចញ្ចែង។ ព្រះជាម្ចាស់ទ្រង់គង់នៅលើបល្ល័ង្ករបស់ទ្រង់ ហើយក៏មានសេរ៉ាភីម ឬទេវតាដែលមានស្លាប៦ពោលឡើងម្តងហើយម្តងទៀតថា «បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ» (អេសាយ ៦៖៣)។ កម្រាលនៃព្រះវិហារក៏បានរញ្ជួយញ័រឡើងនៅក្រោមជើងរបស់លោកអេសាយ។ ការរញ្ជួយញាប់ញ័រនោះមានសភាពដូចគ្នានឹងការរញ្ជួយដីដែរ។ អេសាយបានក្រឡេកមើលទៅផ្សែងដែលចេញមកអំពីព្រះជាម្ចាស់សាយភាយពេញព្រះវិហារ។ ពេលនេះលោកអេសាយបានដឹងយ៉ាងប្រាកដថា ព្រះទ្រង់ជាអ្នកគ្រប់គ្រងលើគ្រប់ទាំងស្ថានការណ៍ទាំងអស់ទោះបីលោកមានអារម្មណ៍ភ័យខ្លាចក៏ដោយ។
តើព្រះអម្ចាស់ដែលយើងឃើញនៅក្នុងសុបិនរបស់ហោរាអេសាយទ្រង់គង់នៅឯណា? (សូមអាន អេសាយ ៦៖១)។ ហេតុអ្វីបានជាព្រះជាម្ចាស់បង្ហាញអង្គទ្រង់នៅក្នុងព្រះវិហារអោយលោកអេសាយឃើញ? ចុះហេតុអ្វីបានជាទ្រង់មិនបង្ហាញអង្គទ្រង់អោយអ្នកផ្សេងឃើញវិញ? (សូមអានខគម្ពីរនិក្ខមនំ២៥៖៨ និងនិក្ខមនំ ៤០៖៣៤-៣៨)។
---------------------------------------------------------------------------------------
ពួកហោរាទាំងឡាយដូចជា ហោរាអេសេគាល ដានីយ៉ែល និងយ៉ូហានជាអ្នកសំណប់របស់ព្រះ ពួកគេបានរស់នៅឃ្លាតឆ្ងាយពីផ្ទះសម្បែង ក្នុងគ្រាដែលព្រះបានប្រទានសុបិននិមិត្តដ៏ពិសេសដល់គេ (សូមអានបទអេសេគាល១; ដានីយ៉ែល៧៖៩, ១០; និងវិវរណៈ៤, ៥) ។ ពួកគេក៏ត្រូវការព្រះដើម្បីលួងលោមនិងលើកទឹកចិត្តដូចជាលោកអេសាយដែរ។ ពួកគេចាំបាច់ត្រូវដឹងថាព្រះទ្រង់ជាអ្នករ៉ាប់រងនូវរាល់ស្ថានការណ៍ទាំងអស់។ (ហោរាដានីយ៉ែល និងហោរាអេសេគាលត្រូវបានគេដឹកនាំទៅជាឈ្លើយ មកកាន់ទីក្រុងបាប៊ីឡូន ក្រោយពីកងទ័ពបាប៊ីឡូនបានបំផ្លាញប្រទេសរបស់ពួកគេអស់ទៅ ។ រដ្ឋាភិបាលរ៉ូម បានបញ្ជូនលោកយ៉ូហានឱ្យទៅរស់នៅលើកោះដ៏ដាច់ស្រយាលមួយ។ ជាការពិតណាស់ ព្រះទ្រង់បានប្រទានសុបិននិមិត្តដល់ពួកហោរាទាំងនេះក្នុងគោលបំណងដើម្បីរក្សានូវសេចក្តីជំនឿរបស់ពួកគេអោយបានរឹងមាំជានិច្ច។«កាលដែលលោកអេសាយបានក្រឡេកមើលទៅសិរីល្អ និងតេជានុភាពរបស់ព្រះ នោះគាត់ក៏ដឹងថា ព្រះវរបិតាពិតជាព្រះដ៏បរិសុទ្ធណាស់ ប៉ុន្តែ រីឯរាស្រ្តរបស់ទ្រង់វិញមិនបរិសុទ្ធនោះទេ។ ពួកគេមានពោរពេញទៅដោយអំពើបាបដែលផ្ទុយស្រឡះពីព្រះដែលបានបង្កើតគេមកដែលទ្រង់ជាព្រះប្រកបទៅដោយភាពគ្រប់លក្ខណ៍»។ ដកស្រងពី Ellen G. White, Prophets and Kings, p. 307។ បទបន្ទូលនៃសុបិនមិត្តរបស់ហោរាអេសាយបានបង្ហាញអោយយើងដឹងថាព្រះជាម្ចាស់ទ្រង់ជាព្រះដ៏បរិសុទ្ធ។
ក្នុងនាមជាព្រះដ៏បរិសុទ្ធ ព្រះអង្គទ្រង់បានបង្គាប់ដល់រាស្ត្ររបស់ទ្រង់អោយចេះញែកខ្លួនអោយបានបរិសុទ្ធដែរ។ ព្រះជាម្ចាស់នឹងប្រទានចិត្តគំនិតដ៏បរិសុទ្ធដល់រាស្ត្ររបស់ទ្រង់។ តែដំបូងពួកគេត្រូវងាកចេញពីផ្លូវអាក្រក់របស់ពួកគេសិន។ បន្ទាប់មក គេត្រូវថ្វាយចិត្តដល់ព្រះដោយសេចក្ដីជំនឿហើយដើរតាមទ្រង់។
យើងរាល់គ្នាពិតជាធ្លាប់មានបទពិសោធន៍ដ៏លំបាកលំបិន។ ដែលគ្រប់យ៉ាងមើលទៅហាក់ដូចជាគ្មានផ្លូវសោះ។ តើព្រះជាម្ចាស់បានធ្វើឱ្យអ្នករឹងមាំឡើងយ៉ាងដូចម្តេចទៅក្នុងគ្រាដ៏លំបាកនេះ? តើអ្នកបានរៀនអ្វីខ្លះចេញពីបទពិសោធន៍ទាំងនេះដែលអ្នកអាចចែករំលែកជាមួយមនុស្សផ្សេងទៀតបានដែរឬទេ?
ថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១
មនុស្សថ្មី
មានតែលោកមហាបូជាចារ្យ ឬសម្តេចសង្ឃដ៏បរិសុទ្ធប៉ុណ្ណោះដែលអាចមកឈរនៅចំពោះព្រះ ជាម្ចាស់នៅក្នុងទីវិសុទ្ធបំផុតនៃព្រះវិហាររបស់ព្រះបានក្នុងថ្ងៃដែលព្រះវិនិច្ឆ័យរាស្ត្ររបស់ទ្រង់ ឬថ្ងៃបុណ្យ ធួននឹងបាប។ ប៉ុន្តែ សម្ដេចសង្ឃអាចប្រឈមជាមួយព្រះបានលុះត្រាតែមានផ្សែងនៃគ្រឿងក្រអូបហុយឡើងប៉ុណ្ណោះ ពុំនោះទេសម្តេចសង្ឃរូបនេះនឹងត្រូវស្លាប់ជាមិនខាន (លេវីវិន័យ ១៦៖២, ១២, ១៣)។ ប៉ុន្តែ ហោរាអេសាយបានឃើញព្រះវរបិតានៅក្នុងផ្សែងទាំងដែលគាត់មិនមែនជាសម្ដេចសង្ឃផងនោះ។ លើសពីនេះទៅទៀតលោកអេសាយក៏មិនបានកំពុងដុតគ្រឿងក្រអូបដើម្បីការពារខ្លួនដែរ។
ព្រះវិហារនៃព្រះមានពោរពេញទៅដោយផ្សែងហុយទ្រលោម (អេសាយ ៦៖៤)។ ផ្សែងនេះក៏បានជួយឱ្យយើងនឹកចាំដល់ពពកដែលព័ទ្ធនៅជុំវិញព្រះជាម្ចាស់ក្នុងថ្ងៃដែលទ្រង់បានវិនិច្ឆ័យរាស្ត្ររបស់ទ្រង់ (លេវីវិន័យ ១៦៖២)។ ហោរាអេសាយមានសេចក្តីភ័យរន្ធត់ជាខ្លាំង ដោយខ្លាចក្រែងថាគាត់នឹងត្រូវស្លាប់ (ប្រៀបធៀបនិក្ខមនំ៣៣៖២០; ពួកចៅហ្វាយ៦៖២២, ២៣)។ ហោរាអេសាយបានឧទានឡើងទាំងលន់តួសារភាពនូវអំពើបាបរបស់ខ្លួនព្រមទាំងបាបរបស់ប្រជាជាតិលោកផងដែរ (អេសាយ ៦៖៥)។ ដូចគ្នានេះដែរ សម្ដេចសង្ឃក៏បានលន់តួនូវរាល់កំហុសរបស់ផងខ្លួនដែរនៅថ្ងៃដែលព្រះជាម្ចាស់ទ្រង់វិនិច្ឆ័យទោសរាស្ត្ររបស់ទ្រង់ ឬថ្ងៃបុណ្យធួននឹងបាប (លេវីវិន័យ១៦៖២១)។ «អេសាយបានឈរនៅក្នុងពន្លឺនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់ក្នុងទីដ៏បរិសុទ្ធបំផុត។ អេសាយដឹងថាខ្លួនពិតត្រូវការជំនួយពីព្រះណាស់ ពុំនោះទេគាត់នឹងមិនអាចធ្វើការដែលព្រះសព្វព្រះហឫទ័យបានឡើយ»។ ដកស្រង់ចេញពី Ellen G. White, Prophets and Kings, p. 308។
តើហេតុអ្វីបានជាសេរ៉ាភីម ឬទេវតាដែលមានស្លាប៦ ប្រើធ្យូងដែលឆេះដើម្បីសំអាតបបូរមាត់របស់លោកអេសាយ (អេសាយ ៦៖៦, ៧)?
---------------------------------------------------------------------------------------
ទេវតាសេរ៉ាភីម បានពន្យល់ដល់លោកអេសាយថា ធ្យូងដែលកំពុងឆេះនោះ នឹងសំអាតនូវរាល់ទោសកំហុស ព្រមទំាងអំពើបាបរបស់អេសាយបាន (អេសាយ ៦៖៧)។ ព្រះគម្ពីរមិនបានបរិយាយប្រាប់យើងពីអំពើបាបរបស់គាត់ទាំងនេះទេ។ យ៉ាងណាមិញ ដោយគ្រាន់តែទេវតាសេរ៉ាភីម ប៉ះនឹងបបូរមាត់របស់លោក នោះមិនបានកំណត់ថាបាបរបស់លោកមានត្រឹមតែការនិយាយភូតភរនោះឡើយ។ បបូរមាត់គឺជាពាក្យប្រៀបប្រដូចសំដៅលើសពីពាក្យសំដីដែលបុគ្គលណាម្នាក់និយាយទៅទៀត។ បបូរមាត់បង្ហាញអោយយើងឃើញនូវមនុស្សម្នាក់ដែលចូលចិត្តនិយាយស្តី។ ឥឡូវនេះអេសាយបានស្អាតបរិសុទ្ធ នោះគាត់អាចសរសើរដំកើងដល់ព្រះបានហើយ។
ភ្លើងអាចធ្វើឱ្យអ្វីៗស្អាតឡើងបាន។ ហើយវាក៏ដុតបំផ្លាញនូវអំពើបាបដែរ (ជនគណនា ៣១៖ ៣២)។ ប៉ុន្តែ ទេវតាសេរ៉ាភីម បានប្រើធ្យូងភ្លើងដ៏ពិសេស និងបរិសុទ្ធពីលើអាសនារបស់ព្រះ។ ព្រះជាម្ចាស់ទ្រង់បានបង្កាត់ភ្លើងនេះដោយផ្ទាល់។ ពួកសម្តេចសង្ឃទាំងឡាយ បានរក្សាភ្លើងនេះមិនឱ្យរលត់ឡើយ (លេវីវិន័យ៦៖១២)។ ធ្យូងភ្លើងនេះអាចត្រូវបានយកចេញពីអាសនាតែក្នុងគោលបំណងដុតគ្រឿង ក្រអូបសម្រាប់ថ្វាយព្រះប៉ុណ្ណោះ។ ប្រសិនបើអ្នកក្រឡេកមើលទៅក្នុងព្រះគម្ពីរលេវីវិន័យ១៦៖១២, ១៣ អ្នកនឹងឃើញថា សម្តេចសង្ឃយកធ្យូងភ្លើងខ្លះពីអាសនៈព្រះ ដើម្បីដុតគ្រឿងក្រអូប។ ប៉ុន្តែ នៅក្នុងបទគម្ពីរអេសាយ៦ សេរ៉ាភីមបានដាក់ភ្លើងធ្យូងនៅលើបបូរមាត់របស់អេសាយ តែមិនមែនដាក់លើគ្រឿងក្រអូបទេ។ សូមចាំថា ស្តេចអ៊ូសៀសទ្រង់ក៏ប្រាថ្នាថ្វាយគ្រឿងក្រអូបដល់ព្រះដែរ។ ប៉ុន្តែ នៅក្នុងបទគម្ពីរអេសាយ៦ ហោរាអេសាយបានក្លាយខ្លួនជាគ្រឿងក្រអូបដែលកំពុងឆេះវិញដែលភ្លើងដ៏បរិសុទ្ធនេះវាបានបញ្ឆេះនូវគ្រឿងក្រអូបនោះ។ ក្លិនដ៏ក្រអូបពិដោរនេះ បានសាយភាយពេញទីសំណាក់របស់ព្រះ។ ដូចគ្នានេះដែរ ភ្លើងដ៏បរិសុទ្ធរបស់ព្រះបានធ្វើអោយហោរាអេសាយឆេះឆួលពោរពេញឡើង។ គាត់ «បានឆេះ ឆួលឡើង» ដោយនូវសេចក្តីប្រាថ្នាចង់ចែកចាយព្រះបន្ទូលរបស់ព្រះ។ នោះហើយជាមូលហេតុដែលព្រះបញ្ជូនហោរាអេសាយទៅកាន់រាស្រ្តរបស់ទ្រង់។
ថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ២០២១
ព្រះរាជបញ្ជា
«រួចខ្ញុំឮសូរសៀងរបស់ព្រះអម្ចាស់មានព្រះបន្ទូលមកថា តើអញនឹងចាត់អ្នកណាឲ្យទៅ តើអ្នកណានឹងទៅឲ្យអញ នោះខ្ញុំទូលឆ្លើយថា ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ» (អេសាយ ៦៖ ៨)។
ព្រះទ្រង់បានមានបន្ទូលសួររកអស់អ្នកដែលស្ម័គ្រចិត្តក្នុងការចែកចាយបទបន្ទូលរបស់ទ្រង់។ បន្ទាប់ពីហោរាអេសាយបានស្អាតបរិសុទ្ធហើយគាត់ក៏បានពោលឡើងថាគាត់នឹងទៅ។ នៅសម័យសញ្ញាថ្មី អេសាយនឹងត្រូវបានគេហៅថាជាសាវ័ក។ សាវ័កគឺជា «បុគ្គលម្នាក់ដែលព្រះចាត់ប្រើអោយទៅ»។ សៀវភៅជាច្រើនដែលនិយាយអំពីហោរាកើតឡើងដោយព្រះបានបង្គាប់ឱ្យពួកហោរាចេញទៅធ្វើការឱ្យទ្រង់។ (សូមអានយេរេមា១៖៤-១០; អេសេគាល១-៣) គួរអោយចាប់អារម្មណ៍ដែរថា កណ្ឌគម្ពីរអេសាយ មិនបានចាប់ផ្តើមឡើងបែបនេះនោះទេ។ តើរឿងនេះបានបង្រៀនយើងអ្វីខ្លះ?
ព្រះពិតជាបានត្រាស់ហៅហោរាអេសាយមកធ្វើជាហោរារួចទៅហើយ មុននឹងព្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងជំពូក៦ នេះម្លេ៉ះ។ ព្រះគម្ពីរបានសម្តែងប្រាប់យើងថា ការជួបជាមួយព្រះអាចជាការជួយលើកទឹកចិត្តដល់ពួកហោរា សូម្បីតែក្រោយពីគាត់ចាប់ផ្តើមបេសកកម្មរបស់គាត់ថ្វាយព្រះហើយក៏ដោយ (ឧទាហរណ៍ លោកម៉ូសេនៅគម្ពីរ និក្ខមនំ៣៤ និងលោកអេលីយ៉ា នៅក្នុងគម្ពីរពង្សាវតារក្សត្រទី១ ១៩) ។ មានឧទាហរណ៍ផ្សេងទៀតដែលព្រះជាម្ចាស់បានមានបន្ទួលប្រាប់មនុស្សលោកថា ពួកគេជាហោរាទ្រង់ ប៉ុន្តែ នៅក្នុងគម្ពីរអេសាយ៦ លោកអេសាយបានស្ម័គ្រចិត្តបម្រើព័ន្ធកិច្ចពិសេសថ្វាយទ្រង់។ បទគម្ពីរអេសាយ ជំពូក១ ដល់៥ បង្ហាញយើងពីពេលវេលាដែលព្រះបានត្រាស់ហៅលោកអេសាយមកធ្វើជាហោរាលើកដំបូង។ បន្ទាប់ពីនោះមកព្រះទ្រង់ក៏បានជួយកំសាន្តចិត្តដល់គាត់នៅឯព្រះវិហារ ហើយក៏ប្រកាសសាជាថ្មីថា លោកអេសាយគឺជាហោរារបស់ទ្រង់។
ព្រះបានជួយលើកទឹកចិត្តដល់ហោរាអេសាយនៅឯព្រះវិហាររបស់ទ្រង់។ តើមានភស្ដុតាងអ្វីដែលមានចែងនៅក្នុងព្រះគម្ពីរថា ទីដំណាក់របស់ព្រះជាកន្លែងសម្រាប់លើកទឹកចិត្ត? សូមអានទំនុកតម្កើង៧៣ និងទំនុកតម្កើង៧៣៖១៧; ហេព្រើរ៤៖១៤-១៦; ហេព្រើរ១០៖១៩-២៣; តើខទាំងនេះអាចជួយយើងឆ្លើយនូវសំណួរនេះបានយ៉ាងដូចម្តេច?
---------------------------------------------------------------------------------------
ព្រះវិហាររបស់ព្រះ គឺមានពេញទៅដោយព្រះចេស្តារបស់ទ្រង់។ វាជាកន្លែងដែលមនុស្សមានភាពកម្សោយ ហើយនិងកំហុសអាចចូលមករកទីពឹងជ្រក។ នោះរួមបញ្ចូលទាំងយើងផងដែរ។ យើងអាចជឿជាក់បានថា ព្រះទ្រង់ធ្វើគ្រប់យ៉ាងដើម្បីជួយសង្រ្គោះយើង ដោយសារអង្គព្រះយេស៊ូវ។ ព្រះយេស៊ូវទ្រង់ជាសម្ដេចសង្ឃរបស់យើងនៅលើស្ថានសួគ៌។ លោកយ៉ូហានក៏បានឃើញព្រះយេស៊ូវ បង្ហាញខ្លួនជាកូនចៀមដែលត្រូវគេសម្លាប់។ បំពង់ករបស់កូនចៀមនោះត្រូវបានកាត់ផ្តាច់ចេញ (វិវរណៈ ៥៖៦)។ នេះមិនមែនជារូបភាពដែលស្អាតទេ។ រូបភាពតំណាងនេះអាចជួយយើងឱ្យមើលឃើញថា ឈាមរបស់ព្រះយេស៊ូវ បានជួយសង្គ្រោះយើង។ ពិតមែនហើយ ព្រះយេស៊ូវបានរស់ឡើងវិញពីសេចក្តីស្លាប់ ហើយបានយាងទៅឯស្ថានសួគ៌វិញ។ ស្របគ្នានេះដែរ ឈើឆ្កាងគឺជាគន្លឹះសំខាន់ណាស់ ចំពោះគ្រប់យ៉ាងដែលទ្រង់បានធ្វើសម្រាប់យើង។ ទ្រង់បានសុគតនៅលើឈើឆ្កាងដើម្បីជួយសង្គ្រោះអស់អ្នកណាដែលជឿលើទ្រង់។
ថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករា ឆ្នាំ២០២១
សារដ៏ចម្លែក
ព្រះបានត្រាស់ហៅហោរាអេសាយម្តងទៀតឱ្យធ្វើជាហោរារបស់ទ្រង់។ តើអ្នកគិតថាហេតុអ្វីបានជាព្រះបានប្រទានសារដ៏ចម្លែកទៅអេសាយ? សូមអានខគម្ពីរអេសាយ ៦៖៩, ១០ សម្រាប់ចម្លើយរបស់អ្នក។
---------------------------------------------------------------------------------------
យើងមិនត្រូវគិតថា លោកអេសាយមិនបានយល់អំពីព្រះ ឬថាសារនេះមិនសំខាន់នោះទេ។ ព្រះយេស៊ូវបានមានបន្ទូលពីខគម្ពីរទាំងនេះដើម្បីពន្យល់ពីមូលហេតុដែលទ្រង់បានបង្រៀនមនុស្សតាមរឿងប្រៀបប្រដូច (ម៉ាថាយ ១៣៖១៣-១៥)។ ព្រះទ្រង់មិនសព្វព្រះហឫទ័យអោយនរណាម្នាក់ស្លាប់ក្នុងអំពើបាបឡើយ (ពេត្រុសទី២ ៣៖៩)។ នោះហើយជាមូលហេតុដែលព្រះជាម្ចាស់បានបញ្ជូនហោរាអេសាយអោយទៅឯប្រជាជនដែលរស់នៅក្នុងស្រុកយូដា។ ហើយនោះក៏ជាមូលហេតុដែលព្រះបានបញ្ជូនព្រះយេស៊ូវអោយមកផែនដីយើងនេះ។
បុគ្គលខ្លះព្រមទទួលយកនូវអំណោយទាននៃសេចក្តីមេត្តាករុណារបស់ព្រះ រីឯបុគ្គលមួយចំនួនទៀត ក៏បដិសេធនូវអំណោយទាននេះវិញ។ ប៉ុន្តែព្រះនៅតែបន្ដផ្ដល់ឱកាសដល់ពួកគេ ដើម្បីអោយគេងាកចេញពីអំពើបាបរបស់ខ្លួន។ ប៉ុន្តែនៅពេលដែលមនុស្សបដិសេធមិនព្រមទទួលយកអំណោយទានរបស់ ព្រះម្តងហើយម្តងទៀត នោះចិត្តរបស់គេកាន់តែរឹងរូសទៅ។ ព្រះប្រាថ្នាចង់បន្ទន់ចិត្តរបស់គេ ប៉ុន្តែពួកគេមិនអនុញ្ញាតឱ្យទ្រង់ធ្វើនោះទេ។ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះយើងរាល់គ្នា នោះមិនដែល ប្រែប្រួលឡើយ។ រឿងតែមួយគត់ដែលផ្លាស់ប្តូរគឺចម្លើយរបស់យើងម្នាក់ៗ។ លោកម៉ូសេ អេសាយ យេរេមា អេសេគាល និងព្រះយេស៊ូវនៅតែខំអំពាវនាវអោយមនុស្សគ្រប់គ្នាបែរមករកព្រះវិញ។ ពួកគេនៅតែបន្ត អំពាវនាវហៅរកមនុស្សទាំងឡាយ បើទោះបីជាមនុស្សទាំងនោះ បានបដិសេធចោលនូវព្រះបន្ទូលរបស់ ព្រះក៏ដោយ។ ព្រះទ្រង់មានបន្ទូលទៅកាន់ហោរាអេសេគាលថា៖ «ឯគេ ទោះបើគេនឹងព្រមស្តាប់ ឬមិន ព្រមក្តី (ដ្បិតគេជាពូជពង្សរឹងចចេស) គង់តែគេនឹងដឹងថា មានហោរា១បានមកក្នុងពួកគេហើយ» (អេសេគាល ២៖៥)។ ព្រះជាម្ចាស់ និងបាវបម្រើរបស់ទ្រង់ បានផ្តល់អោយមនុស្សម្នាក់ៗ នូវជម្រើសដ៏ត្រឹមត្រូវ និងការព្រមានគ្រប់គ្រាន់ហើយ (ប្រៀបធៀបអេសេគាល៣៖១៦-២១)។ ដូច្នេះ ប្រសិនបើរាស្ត្ររបស់ទ្រង់បានជ្រើសរើសយកសេចក្តីវិនាស ឬក៏ត្រូវចាប់ដឹកនាំទៅជាឈ្លើយ នោះពួកគេមិនអាចបន្ទោសព្រះចំពោះជម្រើសរបស់ខ្លួនបានឡើយ (អេសាយ ៦៖១១-១៣)។
ដោយជ្រាបនូវរឿងរ៉ាវទាំងនេះហើយ តើយើងអាចយល់បានយ៉ាងដូចម្តេចអំពីចំណែករបស់ ព្រះក្នុងការបណ្តាលធ្វើឱ្យស្តេចផារ៉ោន ជាស្តេចនៃស្រុកអេសុីព្ទមានព្រះទ័យរឹងរូសនោះ?
---------------------------------------------------------------------------------------
នៅក្នុងខគម្ពីរនិក្ខមនំ៤៖២១ ព្រះទ្រង់បានមានបន្ទូលថា៖ «អញនឹងធ្វើឱ្យផារ៉ោនមានចិត្ត រឹងរូស»។ ខគម្ពីរមួយទៀតបានចែងតាមរបៀបបែបនេះវិញថា៖ «អញនឹងធ្វើឱ្យចិត្តរបស់សេ្តចអង្គនេះរឹង»។ នេះជាលើកទីមួយក្នុងចំណោមប្រាំបួនលើកដែលព្រះជាម្ចាស់មានបន្ទូលថាទ្រង់នឹងធ្វើអោយស្តេចផារ៉ោនមានព្រះទ័យរឹងរូស។ ប៉ុន្តែក៏មានប្រាំបួនដងដែរពេលដែលសេ្តចផារ៉ោនទ្រង់បានតាំងព្រះទ័យរឹងរូសចំពោះព្រះ (សូមមើលឧទាហរណ៍នេះក្នុងនិក្ខមនំ ៨៖១៥, ៣២, និក្ខមនំ ៩៖៣៤)។ នេះសរបញ្ជាក់អោយយើងឃើញថា ស្តេចផារ៉ោនមានសេរីភាពក្នុងការជ្រើសរើស ពុំនោះទេទ្រង់មិនអាចធ្វើឱ្យព្រះទ័យរបស់ទ្រង់រឹងរួសបានឡើយ។ ប៉ុន្តែតើវាមានន័យយ៉ាងដូចម្តេចទៅដែលថាព្រះជាម្ចាស់ក៏បានធ្វើអោយស្តេច ផារ៉ោនរឹងរូសដែរ? រឿងនេះពិតជាបង្ហាញអោយយើងដឹងថា ព្រះបានធ្វើការដែលស្តែងចេញពីអ្វីដែលនៅក្នុងព្រះទ័យរបស់ស្តេចផារ៉ោន។ នេះត្រូវបានគេឃើញនៅក្នុងជម្រើសដែលស្តេចផារ៉ោនបានបដិសេធមិន ជឿលើអព្ភូតហេតុ និងទីសំគាល់ដែលព្រះបានធ្វើ។ ចុះប្រសិនបើស្តេចផារ៉ោនព្រមទទួលទីសំគាល់ទាំងនេះវិញ តើនឹងបានជាយ៉ាងណាទៅ? នោះទីសំគាល់ទាំងនេះនឹងធ្វើឱ្យចិត្តរបស់ទ្រង់បានលែងរឹងរូសទៀតហើយ។
ថ្ងៃសុក្រ ទី០៨ ខែមករា ឆ្នាំ២០២១
សិក្សាបន្ថែម
«ប្រជាជនអ៊ីស្រាអែលចាប់ផ្ដើមធ្វើបាបយ៉ាងសម្បើមណាស់។ មានតែមនុស្សមួយចំនួនប៉ុណ្ណោះដែលជ្រើសរើសស្មោះត្រង់ចំពោះព្រះ។ ពួកគេជាញឹកញាប់មានអារម្មណ៍ថាពួកគេលែងមានសេចក្តីសង្ឃឹមទៀតហើយ។ ពួកគេមានអារម្មណ៍សោកសៅនិងបាក់ទឹកចិត្តយ៉ាងខ្លាំង។ គេគិតថា ប្រហែលជាផែនការរបស់ព្រះសម្រាប់អ៊ីស្រាអែលជិតបរាជ័យហើយ។ ជាការពិតណាស់ ពួកគេគិតថា ប្រទេសអ៊ីស្រាអែលនឹងត្រូវបញ្ចប់ដូចគ្នានឹងក្រុងសូដុំម និងកូម៉ូរ៉ាដែរ។ នៅពេលនោះ ព្រះជាម្ចាស់ក៏ចាត់ហោរា អេសាយអោយមកព្រមានប្រជាជនស្រុកយូដាអំពីអំពើបាបរបស់គេ។ ព្រះទ្រង់បានត្រាស់ហៅលោក អេសាយនៅឆ្នាំចុងក្រោយនៃរាជ្យរបស់ស្តេចអូ៊សៀស។ ដំបូងឡើយ អេសាយបានបដិសេធព័ន្ធកិច្ចនេះ ព្រោះលោកជ្រាបថាលោកនឹងត្រូវជួបជាមួយមនុស្សរឹងចចេសជាច្រើន។ ពួកគេនឹងបដិសេធមិនព្រមស្តាប់ លោកឡើយ។ ហោរាអេសាយគិតឃើញថា លោកមិនអាចធ្វើការនេះតែម្នាក់ឯងបានទេ។ ចិត្តរឹងរូស និងគ្មានសេចក្តីជំនឿរបស់ប្រជាជន ធ្វើឱ្យលោកគ្មានសេចក្តីសង្ឃឹមឡើយ។ តើលោកអេសាយគួរតែបោះបង់ចោលព័ន្ធកិច្ចនេះ ហើយទុកឲ្យស្រុកយូដាគោរពបូជាព្រះក្លែងក្លាយឬអី? តើព្រះនៃទីក្រុងនីនីវេត្រូវគ្រប់គ្រងផែនដីជំនួសអោយព្រះនៃឋានសួគ៌ឬ?»។ ដកស្រង់ពី Ellen G. White, Prophets and Kings,pp. 306, 307។
សំនួរពិភាក្សា៖
- ប្រសិនជាមាននរណាម្នាក់ដែលមិនជឿលើព្រះសួរថា «តើអ្នកអាចបង្ហាញខ្ញុំយ៉ាងដូចម្តេច ថា ព្រះរបស់អ្នកជាអ្នកគ្រប់គ្រងលើទាំងអស់?» តើអ្នកនឹងឆ្លើយយ៉ាងណា?
- ប្រសិនបើព្រះជាម្ចាស់ជាអ្នកគ្រប់គ្រងមែន ចុះហេតុអ្វីបានជាមនុស្សល្អជាច្រើនត្រូវរងទុក្ខ? តើព្រះគម្ពីរអេសាយ ១៖១៩, ២០ និយាយបែបនេះមែនឬ ដែលថានៅក្នុងជីវិតនេះមានតែរឿងល្អៗដែលនឹងកើតឡើងចំពោះមនុស្សស្មោះត្រង់និងព្រះ ហើយមានតែរឿងអាក្រក់ប៉ុណ្ណោះដែលនឹងកើតឡើងចំពោះមនុស្ស ដែលមិនគោរពព្រះ? ចូរប្រៀបធៀបសាច់រឿងនេះជាមួយបទគម្ពីរយ៉ូប ១, ២; ទំនុកតម្កើង ៣៧; ទំនុកតម្កើង ៧៣ តើយើងនឹងពន្យល់យ៉ាងដូចម្តេចថាព្រះនៃសេចក្តីស្រឡាញ់អនុញ្ញាតឱ្យមានរឿងអាក្រក់កើតឡើង? តើយើងចាំបាច់ត្រូវពន្យល់ទេ?
- នៅក្នុងបទគម្ពីរអេសាយ៦ ហេតុអ្វីបានជាវាមានទំនាក់ទំនងគ្នាដល់ម៉្លេះ ពាក់ព័ន្ធនឹងថ្ងៃដែលព្រះនឹង ធ្វើអោយរាស្រ្តរបស់ទ្រង់ និងព្រះវិហារបរិសុទ្ធទ្រង់បានបរិសុទ្ធឡើងវិញ? ការងារនេះបានកើតឡើងតែម្តងគត់ជារៀងរាល់ឆ្នាំក្នុងសម័យសញ្ញាចាស់។ ថ្ងៃនោះត្រូវបានគេស្គាល់ថាជាថ្ងៃធួននឹងបាប ព្រះទ្រង់បាន ធ្វើឱ្យរាស្ដ្ររបស់ព្រះអង្គបានស្អាតបរិសុទ្ធដោយទ្រង់បានលាងសំអាតអំពើបាបរបស់គេ (លេវីវិន័យ ១៦៖ ៣០) និងបោះបង់មនុស្សដែលមិនគោរពប្រតិបត្តិតាមទ្រង់ចោលចេញ (លេវីវិន័យ ២៣៖២៩, ៣០)។
រឿងខ្លី
ក្តីសង្ឃឹមលើយន្តហោះដែលធ្លាក់
ពិភពលោកបានមើលដោយភាពរន្ធត់នៅពេលដែលមានការប៉ះទង្គិចគ្នារវាងយន្ដហោះនាពាក់កណ្តាលអាកាសដែលបានសម្លាប់មនុស្ស ៧១ នាក់នៅប្រទេសអាឡឺម៉ង់ក្នុងឆ្នាំ២០០២។ ពីរឆ្នាំក្រោយមក ឪពុកម្នាក់ដែលមានទុក្ខយ៉ាងក្រៀមក្រំ បានធ្វើការសងសឹកចំពោះរឿងនេះ។ វ្លាឌីមៀរ ស៊ីវិល ដែលកំពុងកាន់មរណទុក្ខកូនស្រីរបស់គាត់ដែលបានស្លាប់ដោយសារជំងឺមហារីកបានរកឃើញក្តីសង្ឃឹម កណ្តាលសោកនាដកម្មនេះ។ គាត់បានរកឃើញព្រះយេស៊ូវហើយ។ វ្ល៉ាឌីមៀរបានចងចាំថា ណាឌីសដា (ដែលមានន័យថា «ក្តីសង្ឃឹម» ក្នុងភាសារុស្ស៊ី) នាងបានត្រឡប់មកផ្ទះវិញដោយក្តីអំណររីករាយជាមួយនឹងព្រះគម្ពីរថ្មីមួយក្បាលដែលបុគ្គលណាម្នាក់បានផ្តល់ឱ្យក្នុងសាលារៀននៃស្រុកកំណើតរបស់ពួកគេក្នុងរដ្ឋម៉ុលដាវី។ ក្មេងស្រីវ័យ១៥ឆ្នាំរូបនេះបានចំណាយពេលជាច្រើនម៉ោងក្នុងការអានព្រះគម្ពីរដែលជារឿយៗ នាងបានចំណាយពេលរហូតដល់ពាក់កណ្តាលអធ្រាត្រ។ វ្លាឌីមៀ ដែលជាមនុស្សទៅព្រះវិហារម្តងម្កាល មិនចូលចិត្តអោយកូនស្រីរបស់គាត់អានព្រះគម្ពីរទេ។ គាត់បានស្តីបន្ទោសនាងថានេះគឺពិតខ្ជះខ្ជាយពេល វេលា ហើយគាត់ក៏បាននិយាយទៀតថា នាងគួរតែចំណាយពេលធ្វើការនៅក្នុងសួនបន្លែរបស់គ្រួសារវិញ ទើបប្រសើរ និងនាំមកនូវផលប្រយោជន៍ច្រើនជាង។ គាត់បានប្រាប់នាងថា «យើងមិនត្រូវការព្រះគម្ពីរទេ។ យើងមានព្រះវិហារហើយ»។ ណាឌីសដា នាងមិនបានប្រកែកតវ៉ានឹងឪពុកនាងទេ ហើយនាងក៏បានចេញទៅក្រៅតាមបង្គាប់របស់ពុកនាង ដើម្បីមើលថែទាំសួនដំណាំ។ ពីរឆ្នាំក្រោយមក គ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យឃើញថា ណាឌីសដាមានជំងឺមហារីកឆ្អឹង។ នាងបានចំណាយពេលជាច្រើនខែសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ហើយជើងម្ខាងរបស់នាងត្រូវបានកាត់ចេញពីត្រគាក។ នាងបានទទួលមរណភាពនៅ ឆ្នាំ២០០១ក្នុងអាយុ១៨ឆ្នាំ។ វ្លាឌីមៀរងការខ្ទេចខ្ទាំចិត្តយ៉ាងខ្លាំង ហើយគាត់ក៏បានអង្វរករព្រះរកចម្លើយ។ គាត់បានអធិស្ឋានថា «ខ្ញុំមិនដែលគិតថាខ្ញុំជាឪពុកដ៏អាក្រក់បែបនេះទេ»។ ចំពេលដែលគាត់កំពុងតែមាន ទុក្ខព្រួយនោះ គាត់បានឮព័ត៌មានមួយ ដែលបានចុះផ្សាយក្នុងខែកក្កដា ឆ្នាំ២០០២ ថាមានយន្ដហោះ ដឹកទំនិញ DHL មួយគ្រឿងបានប៉ះទង្គិចគ្នាជាមួយយន្ដហោះដឹកអ្នកដំណើររុស្ស៊ីមួយគ្រឿងដែលកំពុងហោះហើរដឹកសិស្សសាលាក្មេងៗជនជាតិរុស្ស៊ីចំនួន៤៥នាក់ ទៅសំរាកវិស្សមកាលនៅប្រទេសអេស្ប៉ាញ ដែលហេតុការណ៍នេះបានសម្លាប់មនុស្សគ្រប់គ្នានៅលើយន្តហោះទាំងពីរនេះ។ បន្ទាប់មកនៅឆ្នាំ២០០៤ មានបុរសជនជាតិរុស្ស៊ីម្នាក់ដែលជាឪពុកដែលបានបាត់បង់ប្រពន្ធ និងកូនពីរនាក់របស់គាត់នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះនេះ គាត់បានតាមដាន និងបានសម្លាប់អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យដែនអាកាសអាល្លឺម៉ង់ នៅកន្លែងដែលការប៉ះទង្គិចគ្នាបានកើតឡើងនោះ។ តាមរយៈការមើលព័ត៌មានតាមទូរទស្សន៍នេះ លោកវ្ល៉ាឌីមៀរបានឃើញអ្នកកាសែតម្នាក់បានសួរសំណួរដល់ឪពុកក្មេងស្រីម្នាក់ដែលបានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះនោះថា តើគាត់ចង់សងសឹកដែរឬទេ។ បុរសម្នាក់នោះបានឆ្លើយថា៖ «ទេ! ខ្ញុំសង្ឃឹមថាខ្ញុំនឹងជួបកូនស្រីរបស់ខ្ញុំម្តងទៀត» ពាក្យនេះបាន ពាល់ចិត្តរបស់វ្លាឌីមៀរខ្លាំងណាស់។ គាត់ក៏ចង់បាននូវក្តីសង្ឃឹមបែបនេះដែរ។ បន្តិចក្រោយមក គាត់បានវិលត្រឡប់មកផ្ទះវិញក៏បានឃើញប្រពន្ធរបស់គាត់កំពុងរង់ចាំគាត់ជាមួយនឹងព្រះគម្ពីររបស់នាងណាឌីសដា។ គាត់បានបើកគម្ពីរនោះឡើងហើយអាន «បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាឥតដឹង ពីពួកអ្នកដែលដេកលក់ទៅហើយទេ ក្រែងអ្នករាល់គ្នាកើតទុក្ខព្រួយដូចជាអ្នកឯទៀតដែលគ្មានសង្ឃឹម ដ្បិតបើយើងជឿថា ព្រះយេស៊ូវបានសុគត ព្រមទាំងរស់ឡើងវិញហើយ នោះត្រូវជឿថា ព្រះទ្រង់នឹងនាំអស់អ្នកដែលដេកលក់ទៅក្នុងព្រះយេស៊ូវ ឲ្យបានមកជាមួយនឹងទ្រង់ដែរ» (ថែស្សាឡួនីចទី១ ៤៖១៣, ១៤)។ ភរិយារបស់គាត់បាននិយាយថា «នេះគឺជាសេចក្តីសង្ឃឹមរបស់យើង»។ «ប្រសិនបើយើងជឿលើព្រះ យើងនឹងបានជួបកូនស្រីរបស់យើងម្តងទៀតជាមិនខាន» ។ បច្ចុប្បន្ននេះ វ្លាឌីមៀរ គាត់គឺជាជំនួយការរបស់ព្រះវិហារ ហើយគាត់រីករាយនឹងចែកចាយអំពីក្តីសង្ឃឹមរបស់គាត់នៅក្នុងការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ។ «អរគុណដល់កូនស្រីខ្ញុំដែលនាំអោយពួកយើងបានរកឃើញព្រះជាម្ចាស់»។ យើងមានសង្ឃឹមថាយើងនឹងជួបកូនស្រីរបស់យើងម្តងទៀត។
អំណានដង្វាយប្រចាំសប្តាហ៍
នៅពេលដែលលោកអ័ប្រាហាំយកព្រះទុកជាទី១
ការយកព្រះទុកជាទី១មិនមែនជារឿងងាយស្រួលឡើយ។ តើយើងអាចរៀនបានអ្វីខ្លះពីលោកអ័ប្រាហាំដែលនឹងជួយយើងឲ្យយកព្រះទុកជាទី១ក្នុងជីវិតរបស់យើងសព្វថ្ងៃនេះ?
លោកអាប់រ៉ាមមានអាយុ៨០ឆ្នាំទៅហើយនៅពេលដែលលោកបានសម្រេចចិត្តចាកចោលលំនៅឋានដ៏សម្បូរសប្បាយរបស់លោកធ្វើដំណើរទៅរស់នៅក្នុងទីរហោឋាន។ ព្រះជាម្ចាស់បាន ត្រាស់ហៅលោក ហើយលោកអាប់រ៉ាមបានយកព្រះអង្គទុកជាទី១។ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមកទៀត លោកអាប់រ៉ាមចាប់ផ្តើមកុហកដើម្បីជីវិតផ្ទាល់ខ្លួនរបស់លោកទៅវិញ។
ហេតុអ្វីបានជាលោកអាប់រ៉ាមភ័យខ្លាចខ្លាំងម៉្លេះរហូតដល់ថ្នាក់ឈប់យកព្រះទុកជាទី១យ៉ាងដូច្នេះ? ពេលវេលាជាអ្នកបង្ហាញឲ្យឃើញការពិត។
តើលោកអ្នកមានពេលណាមួយក្នុងជីវិតជាពេលដែលលោកអ្នកគួរតែបានបោះបង់អ្វីៗចោលដើម្បីដើរតាមព្រះយេស៊ូវឬទេ? ពួកយើងរាល់គ្នាបានធ្វើរឿងនេះយ៉ាងពិតប្រាកដជាច្រើនលើកច្រើនសាមកហើយ។ ប៉ុន្តែ បន្ទាប់មកពេលវេលាក៏បានកន្លងផុតទៅ ហើយភាពស្មោះត្រង់របស់យើងក៏ប្រែក្លាយជាកិច្ចប្រចាំថ្ងៃរបស់យើង។ នៅពេលដែលជីវិតជួបឧបសគ្គ យើងក៏ចាប់ផ្តើមទុកព្រះជាទី២ ឬបោះបង់ព្រះអង្គចោលក៏មាន។
អ្នកខ្លះមានការខកចិត្តនឹងព្រះដោយសារតែជីវិតរបស់ពួកគេមិនបានសមប្រកបតាមការរំពឹងទុក។ តើលោកអ្នកទទួលគ្រប់យ៉ាងតាមគោលបំណងរបស់ខ្លួនកាលពីឆ្នាំមុនទេ? ប្រហែលជាមិនទេ។ ជាការងាយណាស់ដែលយើងអាចនឹងធ្លាក់ក្នុងបំណង ឬការភ័យខ្លាចផ្ទាល់ខ្លួនរបស់យើង។
លោកអាប់រ៉ាមមានសេចក្តីក្លាហានក្នុងការទូលសូមនិងទាមទារឲ្យព្រះជាម្ចាស់សម្រេចតាមសេចក្តីសន្យារបស់ព្រះអង្គ។ ជាលទ្ធផល លោកអាប់រ៉ាមក៏ទទួលបាននូវសេចក្តីសន្យាថានឹងបានទឹកដីនិងពូជពង្សដ៏ច្រើន។ ទោះជាយ៉ាងណា លោកអាប់រ៉ាមបានទូលសួរព្រះជាម្ចាស់តាមត្រង់ផ្ទាល់តែម្តងនៅក្នុងខគម្ពីរលោកុប្បត្តិ១៥៖២ «ឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ តើទ្រង់នឹងប្រទានអ្វីមកទូលបង្គំ ដែលទូលបង្គំចេះតែនៅដោយឥតមានកូនដូច្នេះ ហើយអ្នកដែលត្រូវធ្វើជាម្ចាស់លើផ្ទះទូលបង្គំ នោះមានតែអេលាស៊ើរជាអ្នកស្រុកដាម៉ាសនេះប៉ុណ្ណោះ»។
ជួនកាលយើងត្រូវការមានបទសន្ទនាដ៏ពិសេសពិតប្រាកដជាមួយព្រះជាម្ចាស់ផងដែរ។ ប្រសិនបើលោកអ្នកមានរឿងអ្វីមួយត្រូវទូលថ្វាយព្រះវរបិតាសួគ៌របស់លោកអ្នក សូមកុំបន្តនៅស្ងៀមឲ្យសោះ។ តើលោកអ្នកខកចិត្តមែនទេ? ចូរទូលរៀបរាប់ប្រាប់ទ្រង់ចុះ។ តើលោកអ្នកមានអារម្មណ៍ថាឯកាពេលដែលទ្រង់សន្យាថាគង់នៅជាមួយលោកអ្នកមែនទេ? ចូរទូលសួរទ្រង់ដូចជាលោកអាប់រ៉ាមបានធ្វើចុះ។
ហេតុនោះព្រះទ្រង់ក៏បានអញ្ជើញលោកអាប់រ៉ាមឲ្យចេញពីតង់ត៍របស់គាត់មកខាងក្រៅ។ វាហាក់ដូចជាព្រះទ្រង់កំពុងយកអាប់រ៉ាមចេញពីប្រាកដភាពដ៏មានដែនកំណត់របស់គាត់ចូលទៅក្នុងប្រាកដភាពរបស់ព្រះដូច្នោះដែរ។ ព្រះទ្រង់មានបន្ទូលដល់លោកអាប់រ៉ាមថា «ចូរមើលទៅលើមេឃឥឡូវ ហើយរាប់ផ្កាយចុះ បើឯងអាចនឹងរាប់ទាំងអស់បាន រួចទ្រង់មានព្រះបន្ទូលប្រាប់ថា ពូជឯងនឹងបានដូច្នោះដែរ»។ ព្រះទ្រង់រំឭកលោកអាប់រ៉ាមថាព្រះគឺជាព្រះ មិនមែនអាប់រ៉ាមគឺជាព្រះឡើយ។
ពិតណាស់ ដោយសារតែលោកអាប់រ៉ាមបានយកព្រះទុកជាទី១បានជាព្រះប្តូរឈ្មោះរបស់លោកទៅជាអ័ប្រាហាំវិញ។ ហើយបំណងប្រាថ្នារបស់លោកដែលចង់មានភាពស្មោះត្រង់បាននាំទៅរកគំរូខាងផ្នែកដង្វាយ១០ហូត១ដំបូងគេបង្អស់ក្នុងព្រះគម្ពីរ។ លោកអ័ប្រាហាំបានយកព្រះទុកជាទី១។ គំរូរបស់លោកជម្រុញយើងរាល់គ្នាឲ្យអនុវត្តតាម។ ខណៈដែលពួកអ្នកជំនួយការប្រាក់ដង្វាយកំពុងប្រមូលប្រាក់ដង្វាយ សូមយើងរាល់គ្នា បានទទួលយកព្រះជាម្ចាស់ទុកជាទី១ចុះ។