«អញនឹងតាំងសេចក្តីសញ្ញាអញចំពោះឯង ហើយឯងនឹងចូលទៅក្នុងទូកធំនោះ ព្រមទាំងប្រពន្ធ កូន» (លោកុប្បត្ដិ ៦៖១៨) ។
នេះជាលើកដំបូងហើយដែលយើងបានឃើញពាក្យថា «កិច្ចការតាំងសញ្ញា» នៅក្នុងព្រះគម្ពីរ ពោលគឺនៅក្នុងខគម្ពីរលោកុប្បត្ដិ ៦៖១៨។ តើមានអ្វីកើតឡើងនៅក្នុងជំពូកនេះ? ព្រះជាម្ចាស់បានមាន បន្ទូលប្រាប់ដល់លោកណូអេថា ទ្រង់នឹងបំផ្លាញផែនដីនេះចេញដោយសារតែអំពើអាក្រក់ដ៏សម្បើមរបស់ វា។ ប៉ុន្ដែព្រះជាម្ចាស់នឹងមិនបោះបង់ពូជពង្សរបស់មនុស្សចោលឡើយ។ ព្រះអង្គបានប្រទានឱកាសដល់ លោកណូអេ ក្នុងការទទួលយកសេចក្តីសញ្ញាពិសេសជាមួយនឹងទ្រង់។ ព្រះអង្គក៏បានប្រទានឱកាសដល់លោកអ័ដាមដូចគ្នាបន្ទាប់ពីលោកបានធ្វើបាប។ ទ្រង់ក៏បានសន្យាថានឹងការពារគ្រួសាររបស់ណូអេ ដែលព្រមចងមេត្រីនិងស្តាប់បង្គាប់ដល់ទ្រង់ដែរ។
តើព្រះជាម្ចាស់ ទ្រង់នឹងធ្វើកិច្ចការទាំងអស់នៅក្នុងសេចក្តីសញ្ញានេះទេ? សូមចាំថាការតាំង សេចក្តីសញ្ញាមួយនៅក្នុងគម្ពីរតែងតែមានភាគីចាប់ពីពីរឡើងទៅ។ តើមានលក្ខខណ្ឌអ្វីខ្លះដែលណូអេ ត្រូវធ្វើ? តើយើងអាចទាញនូវមេរៀនអ្វីចេញពីចម្លើយនេះបាន?
ព្រះបានមានបន្ទូលប្រាប់លោកណូអេថាទ្រង់នឹងបណ្តាលអោយមានទឹកជំនន់ជន់ឡើង។ ផែនដី នឹងត្រូវបំផ្លាញចោល។ ប៉ុន្តែព្រះបានធ្វើសេចក្តីសញ្ញាជាមួយលោកណូអេជាមុន ដោយសន្យាថានឹងជួយ សង្គ្រោះណូអេនិងក្រុមគ្រួសាររបស់លោក។ យ៉ាងណាមិញ ណូអេអាចនឹងប្រឈមជាមួយហានិភ័យដ៏ធំក្នុងការទុកចិត្តព្រះ។ ចុះវានឹងទៅជាយ៉ាងណាប្រសិនបើព្រះមិនរក្សាកិច្ចសន្យារបស់ទ្រង់នោះ? អ៊ីចឹង អ្វីគ្រប់យ៉ាងដែលណូអេខំធ្វើក្នុងការជួយសង្គ្រោះខ្លួននិងក្រុមគ្រួសារនឹងទៅជាអាសាបង់ទៅហើយ។ ពួក គេទាំងអស់គ្នានឹងត្រូវស្លាប់ដោយសារទឹកជំនន់ជាមួយប្រជាជនដទៃទៀតនៅលើផែនដីនេះដែរ។
ព្រះជាម្ចាស់ ទ្រង់មានបន្ទូលថាទ្រង់នឹងធ្វើសេចក្តីសញ្ញាជាមួយណូអេ។ ពាក្យថា «កិច្ចព្រម ព្រៀងពិសេស» សម្តែងអោយយើងដឹងថាអ្នកដែលសន្យានឹងមិនលេបសំដីឡើយ។ ដូច្នេះហើយ កិច្ច ព្រមព្រៀងពិសេសមិនមែនជាការសន្យាទទេនោះឡើយ។ ពាក្យថា «សេចក្តីសញ្ញាពិសេស» បង្ហាញយើងថាព្រះនឹងសម្រេចនូវអ្វីដែលទ្រង់បានមានបន្ទូល។ ចុះវានឹងទៅជាយ៉ាងណាប្រសិនបើ «កិច្ចព្រម ព្រៀងពិសេស» មិនមានអត្ថន័យដ៏ជ្រាលជ្រៅចំពោះអ្នកដែលធ្វើតាមការសន្យារបស់ខ្លួននោះ? តើវានឹង ផ្លាស់ប្តូរនូវអ្វីដែលព្រះមានបន្ទូលទៅកាន់ណូអេនៅក្នុងខព្រះគម្ពីរលោកុប្បត្ដិ ៦៖១៨ យ៉ាងដូចម្តេច? តើវានឹងផ្លាស់ប្តូរពាក្យពេចន៍របស់ទ្រង់ជាច្រើន មែនទេ? តើនឹងមានអ្វីកើតឡើងប្រសិនបើព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់លោកណូអេថា៖ «មើលយើងនឹងបំផ្លាញផែនដីទាំងមូលដោយសារទឹក។ យើងមិន ដឹងថាគួរជួយសង្រ្គោះឯង ឬអត់នោះទេ។ ក្នុងពេលនេះ ចូរឯងខំប្រតិបត្តិអោយបានល្អគ្រប់យ៉ាង ហើយ បន្ទាប់មក ចាំយើងពិចារណាមើលថាត្រូវធ្វើយ៉ាងណា។ ប៉ុន្តែយើងនឹងមិនសន្យានឹងឯងទេ»។ តើលោក អ្នកគិតថាពាក្យពេចន៍ទាំងនេះនឹងធ្វើអោយណូអេបានស្ងប់ចិត្តដែរឬទេ? គឺគ្មានទាល់តែសោះ! វាមិនបាន បង្ហាញនូវសុវត្ថិភាពនិងការទុកចិត្តដែលយើងចង់បានឡើយ នៅពេលដែលយើងអាន «សេចក្តីសញ្ញា» នេះ។ នោះហើយជាមូលហេតុដែលពាក្យទាំងពីរនេះមានឥទ្ធិពលជាខ្លាំង។ វាបង្ហាញយើងថា យើងអាចជឿទុកចិត្តថាព្រះនឹងធ្វើតាមកិច្ចសន្យារបស់ទ្រង់បាន។
ថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១
សេចក្តីសញ្ញាជាមួយអ័ប្រាហាំ
«អញនឹងឲ្យពរដល់អស់អ្នកណាដែលឲ្យពរដល់ឯង ហើយនឹងដាក់បណ្តាសាដល់អស់អ្នកណាដែលផ្តាសាឯង គ្រប់ទាំងគ្រួនៅផែនដីនឹងបានពរដោយសារឯង» (លោកុប្បត្ដិ ១២៖ ៣)។
សូមអានខគម្ពីរលោកុប្បត្ដិ ១២៖១-៣។ ចូររៀបរាប់នូវសេចក្តីសន្យាដែលព្រះបានធ្វើជាមួយនឹងលោកអាប់រ៉ាម។
--------------------------------------------------------
សូមក្រឡេកមើលការសន្យាដ៏មានអានុភាពដែលព្រះបានតាំងជាមួយលោកអាប់រ៉ាមថា៖ «គ្រប់ ទាំងគ្រួនៅផែនដីនឹងបានពរដោយសារឯង» (លោកុប្បត្តិ ១២៖៣) ។ តើសេចក្តីសន្យានេះមានន័យយ៉ាងដូចម្តេច? តើព្រះជាម្ចាស់ប្រើអាប់រ៉ាមដើម្បីប្រទានពរដល់ប្រជាជនទាំងអស់នៅលើផែនដីយ៉ាងដូចម្តេច? សម្រាប់ចម្លើយសូមអាននៅខព្រះគម្ពីកាឡាទី ៣៖៦-៩ ។ តើខគម្ពីរលោកុប្បត្តិ ១២៖៣ អាចជាកិច្ចសន្យា អំពីព្រះយេស៊ូវជាព្រះអង្គសង្រ្គោះយ៉ាងដូចម្តេច? (សូមអានខគម្ពីរកាឡាទី ៣៖២៩)។
--------------------------------------------------------
នៅក្នុងខគម្ពីរលោកុប្បត្តិ ១២៖១-៣ យើងបានដឹងថាព្រះបានបង្ហាញអង្គទ្រង់ដល់លោកអាប់រ៉ាម បានឃើញជាលើកដំបូង។ ទ្រង់បានសន្យាថានឹងធ្វើជាមិត្តរបស់អាប់រ៉ាម។ ព្រះអង្គមានព្រះបន្ទូលថាពួកគេ នឹងមានមិត្តភាពដ៏ស្និទ្ធស្នាល និងយូរអង្វែង។ ទ្រង់បានសន្យានូវការទាំងអស់នេះជាមួយនឹងលោកអាប់រ៉ាម មុនពេលដែលព្រះអង្គបានមានបន្ទូលអំពីសេចក្តីសញ្ញាជាមួយនឹងគាត់ គឺទ្រង់បែរជានិយាយអំពីកិច្ចការ ទាំងនេះនៅពេលក្រោយវិញ (សូមអានខគម្ពីរលោកុប្បត្ដិ ១៥៖៤-២២; លោកុប្បត្តិ ១៧៖១-១៤)។ សំរាប់ពេលនេះ ព្រះជាម្ចាស់ ទ្រង់បានចងនូវមិត្តភាពជាមួយនឹងលោកអាប់រ៉ាមសិន។ នេះគឺជាការប្រោស ប្រទានដ៏គួរឱ្យស្ងប់ស្ងែងណាស់។ សូមបងបងប្អូនពិចារណាមើលចុះ មនុស្សមានបាបម្នាក់បានទទួលនូវឱកាសក្លាយជាមិត្ដសម្លាញ់ដ៏ជិតស្និទ្ធជាមួយនឹងព្រះជាម្ចាស់ដែលបានបង្កើតខ្លួនមក និងរបស់សព្វសារពើ ផ្សេងទៀតនោះ អូ! រាល់ពេលដែលព្រះជាម្ចាស់មានបន្ទូលថា៖ «យើងនឹង» នៅក្នុងខគម្ពីរលោកុប្បត្តិ ១២៖ ១-៣ យើងក៏ដឹងភ្លាមនូវអ្វីដែលព្រះបានប្រទានដល់លោកអាប់រ៉ាមជាយ៉ាងណានោះ។ ការផ្តល់ជូននូវ មិត្តភាព និងសេចក្តីសន្យារបស់ព្រះ នោះមានឥទ្ធិពលសម្បើមណាស់។
នៅមានទៀត។ ព្រះជាម្ចាស់ទ្រង់បានត្រាស់បង្គាប់នូវរឿងមួយដល់លោកអាប់រ៉ាម។ សេចក្តីបង្គាប់ នេះគឺជាកិច្ចសាកល្បងមួយ «ចូរទៅ» (លោកុប្បត្ដិ ១២៖១)។ អាប់រ៉ាមបានសម្តែងនូវសេចក្តីជំនឿរបស់គាត់ ដោយការប្រតិបត្តិតាម (ហេព្រើរ ១១៖៨)។ ប៉ុន្តែលោកអាប់រ៉ាមមិនបានស្តាប់បង្គាប់ព្រះ ដោយសារចង់ទទួល បានព្រះពរពីព្រះនោះទេ តែលោកធ្វើដូច្នោះដោយសារតែសេចក្តីជំនឿ និងសេចក្តីស្រឡាញ់ចំពោះព្រះវិញ។ អាប់រ៉ាមក៏ចង់ធ្វើជាមិត្ដសម្លាញ់នឹងព្រះដែរ។ នោះហើយជាមូលហេតុដែលលោកអាប់រ៉ាមស្តាប់បង្គាប់ព្រះ ជាម្ចាស់។ ជាការពិតណាស់ អាប់រ៉ាមមានសេចក្តីជំនឿលើព្រះនិងសេចក្តីសន្យារបស់ទ្រង់។ ដោយសារ ការនេះឯង បានជាគាត់ចាកចេញពីក្រុមគ្រួសារ និងស្រុកកំណើតរបស់គាត់នៅហើយទៅកាន់ទឹកដីថ្មី។ ការគោរពប្រតិបត្តិរបស់លោកអាប់រ៉ាមបង្ហាញពីគោលជំនឿរបស់គាត់ទៅកាន់មនុស្សនិងទេវតាទាំងឡាយ។
អាប់រ៉ាមបង្ហាញយើងពីទំនាក់ទំនងរវាងសេចក្តីជំនឿនិងការប្រព្រឹត្ដ។ យើងបានសង្រ្គោះដោយសារ ជំនឿ។ សេចក្តីជំនឿរបស់យើងបាននាំឱ្យយើងគោរពប្រតិបត្តិតាមព្រះ។ ដំបូងឡើយព្រះជាម្ចាស់បានសន្យា ថានឹងជួយសង្គ្រោះយើងជាមុនសិន បន្ទាប់មកទើបនាំអោយយើងមានការប្រព្រឹត្តល្អ។ ការគោរពប្រតិបត្តិ គឺជាផលផ្លែចេញពីអ្វីដែលព្រះបានធ្វើសម្រាប់យើងរួចហើយ។ សេចក្តីជំនឿនេះបង្ហាញពីច្បាប់ដ៏សំខាន់នៅក្នុងខគម្ពីរយ៉ូហានទី១ ៤៖១៩ «យើងស្រឡាញ់ទ្រង់ពីព្រោះទ្រង់បានស្រឡាញ់យើងជាមុន» (យ៉ូហាន ទី១ ៤៖១៩)។
ថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១
សេចក្តីសញ្ញាជាមួយលោកម៉ូសេ
សូមអានខគម្ពីរនិក្ខមនំ ៦៖១-៨។ បន្ទាប់មកចូរឆ្លើយនូវសំណួរខាងក្រោមនេះ៖
១. តើអ្វីទៅជាសេចក្តីសញ្ញាដែលព្រះជាម្ចាស់បានមានបន្ទូលមុននោះ? (សម្រាប់ចម្លើយសូម អានខគម្ពីរលោកុប្បត្ដិ ១២៖១-៣)។
២. ព្រះជាម្ចាស់បានសន្យាថានឹងដោះលែងរាស្ត្ររបស់ទ្រង់អោយរួចផុតពីទាសភាពនៅស្រុក អេស៊ីព្ទ។ តើកិច្ចសន្យានេះជាចំណែកនៃសេចក្តីសញ្ញារបស់ទ្រង់យ៉ាងដូចម្តេច?
៣. តើព្រះជាម្ចាស់បានសន្យាដល់រាស្ត្ររបស់ទ្រង់យ៉ាងដូចម្តេ៉ចខ្លះ? ចូរប្រៀបធៀបកិច្ចសន្យា នេះជាមួយកិច្ចសន្យាដែលព្រះជាម្ចាស់បានតាំងជាមួយនឹងលោកណូអេមុនទឹកជំនន់។ តើកិច្ចសន្យាទាំងពីរនេះដូចគ្នាដែរឬទេ?
--------------------------------------------------------
ព្រះជាម្ចាស់បានជួយសង្គ្រោះរាស្ត្ររបស់ទ្រង់អោយរួចផុតពីទាសភាពនៅស្រុកអេស៊ីព្ទជាមុន សិន បន្ទាប់មកព្រះអង្គក៏បានធ្វើសេចក្តីសញ្ញាជាមួយពួកគេនៅភ្នំស៊ីណាយ។ សេចក្តីសញ្ញានេះចង់ បង្ហាញអោយយើងឃើញថាព្រះជាម្ចាស់នឹងរំដោះរាស្ត្ររបស់ព្រះអង្គអោយរួចផុតពីទាសភាពនៃអំពើបាប (និក្ខមនំ ២០៖២)។ សេចក្តីសញ្ញានេះក៏បានបង្ហាញអោយសាសន៍អ៊ីស្រាអែលបានដឹងអំពីផែនការ ដែលព្រះនឹងធ្វើចំពោះបញ្ហាបាបផងដែរ។ ទ្រង់បានបង្ហាញរាស្ត្ររបស់ព្រះអង្គនូវអ្វីដែលត្រូវធ្វើប្រសិនបើពួកគេបានធ្វើបាប និងរបៀបដែលត្រូវស្វែងរកការអត់ទោសពីទ្រង់។ ដូច្នេះសេចក្តីសញ្ញានេះគឺដូចគ្នា នឹងសេចក្តីសញ្ញាផ្សេងទៀតដែលយើងបានសិក្សាដែរ។ សេចក្តីសញ្ញាទាំងអស់បង្ហាញពីសេចក្ដីមេត្ដា ករុណា ការអត់ទោស និងអំណាចរបស់ព្រះក្នុងការយកឈ្នះនូវអំពើបាប។
សេចក្តីសញ្ញានៅលើភ្នំស៊ីណាយ មានលក្ខណៈជាច្រើនដែលបង្ហាញយើងនូវអ្វីដែលព្រះបាន សន្យានឹងលោកអ័ប្រាហាំ៖
១.ព្រះជាម្ចាស់បានប្រទានឱ្យរាស្ត្ររបស់ទ្រង់មាននូវចំណងមិត្តភាពពិសេសជាមួយនឹងទ្រង់ (ប្រៀបធៀបខគម្ពីរលោកុប្បត្តិ ១៧៖៧, ៨ ជាមួយខគម្ពីរនិក្ខមនំ ១៩៖៥, ៦) ។
២. ព្រះជាម្ចាស់បានសន្យាថានឹងធ្វើអោយរាស្ត្ររបស់ទ្រង់មានមអំណាចខ្លាំងក្លានៅលើផែនដី នេះ (ប្រៀបធៀបខគម្ពីរលោកុប្បត្តិ ១២៖២ ជាមួយខគម្ពីរនិក្ខមនំ ១៩៖៦) ។
៣. ព្រះជាម្ចាស់បានបង្គាប់ដល់រាស្ត្ររបស់ទ្រង់អោយគោរពប្រតិបត្តិតាមទ្រង់ (ប្រៀបធៀប លោកុប្បត្តិ ១៧៖៩-១៤ និងលោកុប្បត្តិ ២២៖១៦-១៨ ជាមួយនិក្ខមនំ ១៩៖៥) ។
តើលោកអ្នកបានសង្កេតឃើញទេថាអ្វីទៅដែលកើតឡើងមុននោះ? ព្រះអម្ចាស់បានជួយសង្គ្រោះ ជ្រជាជាតិអ៊ីស្រាអែលជាមុន បន្ទាប់មកព្រះអង្គក៏បានប្រទានក្រឹត្យវិន័យដើម្បីអោយពួកគេបានប្រតិបត្តិតាម។ ក្រោយមក ព្រះជាម្ចាស់ក៏បានធ្វើនូវរឿងដដែលនេះជាមួយនឹងដំណឹងល្អផងដែរ៖ ព្រះយេស៊ូវបានជួយសង្គ្រោះយើងរាល់គ្នាអោយរួចពីអំពើបាបជាមុនសិន (សូមអានខគម្ពីរយ៉ូហាន ១៖២៩; កូរិនថូស ទី១ ១៥៖៣; កាឡាទី ១៖៤) ។ បន្ទាប់មកព្រះយេស៊ូវទ្រង់ក៏យាងមកគង់នៅក្នុងយើងរាល់គ្នា ព្រមទាំង បានប្រទាននូវអំណាចឱ្យយើងដើម្បីគោរពតាមក្រឹត្យវិន័យរបស់ទ្រង់ផងដែរ (កាឡាទី ២៖២០ រ៉ូម ៤៖២៥; រ៉ូម ៨៖១-៣; ពេត្រុសទី១ ២៖២៤)»។ ដកស្រង់ពី The SDA Bible Commentary, volume 1, page 602, adapted។
នៅក្នុងខគម្ពីរនិក្ខមនំ ៦៖៧ ព្រះជាម្ចាស់បានមានបន្ទូលថា អ៊ីស្រាអែលនឹងធ្វើជារាស្ត្ររបស់ទ្រង់។ ទ្រង់នឹងធ្វើជាព្រះរបស់ពួកគេ។ ដូច្នេះអ៊ីស្រាអែលនឹងបានជាសាសន៍ដ៏ពិសេសនៅចំពោះព្រះជាម្ចាស់ ហើយព្រះអង្គក៏នឹងពិសេសនៅចំពោះអ៊ីស្រាអែលដែរ។ តើព្រះជាម្ចាស់សព្វព្រះហឫទ័យអោយ យើងរាល់គ្នាបានពិសេសនៅចំពោះទ្រង់ដែរឬទេនៅពេលសព្វថ្ងៃនេះ? បើមែន ចូរពន្យល់ពីរបៀប និង មូលហេតុ?
ថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១
សេចក្តីសញ្ញាថ្មី
ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «នឹងមានគ្រាមកដល់ ដែលអញនឹងតាំងសញ្ញាថ្មី នឹងពួកវង្ស អ៊ីស្រាអែល អញនឹងដាក់ក្រឹត្យវិន័យរបស់អញនៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ នោះអញនឹង ធ្វើជាព្រះដល់គេ ហើយគេនឹងបានជារាស្ត្ររបស់អញ» (យេរេមា ៣១៖៣១-៣៣)។
នេះជាលើកដំបូងហើយដែលយើងបានអានអំពី «សេចក្តីសញ្ញាថ្មី»
នៅក្នុងគម្ពីរសញ្ញាចាស់ គឺនៅក្នុងខព្រះគម្ពីរយេរេមា ៣១៖៣១-៣៣ ។ លោកយេរេមាបាននិយាយអំពីពេលវេលានៅគ្រាអនាគត គឺនៅពេលដែលរាស្រ្តរបស់ព្រះជាម្ចាស់នឹងវិលត្រឡប់មកទឹកដីរបស់ខ្លួនវិញ បន្ទាប់ពីរស់នៅនិរទេសក្នុង នគរបាប៊ីឡូនអស់រយៈពេលជាច្រើនឆ្នាំ។ បន្ទាប់មកយេរេមាបានបរិយាយអំពីព្រះពរដែលព្រះជាម្ចាស់នឹង ប្រទានអោយរាស្ត្ររបស់ទ្រង់នៅពេលនោះ។ ព្រះជាម្ចាស់បានដើរតួជាអ្នកនាំផ្លូវនៅក្នុងសេចក្តីសញ្ញាថ្មី នេះដូចជាព្រះអង្គបានធ្វើក្នុងសេចក្តីសញ្ញាមុនដែរ។ ទ្រង់ក៏នឹងរក្សាកិច្ចសន្យារបស់ទ្រង់ដែរ។
សូមក្រឡេកមើលពាក្យពេចន៍ដែលលោកយេរេមាបានប្រើ៖ ព្រះជាម្ចាស់ ទ្រង់ជាប្តីរបស់រាស្ត្រ ទ្រង់។ ព្រះអង្គប្រាថ្នាចង់សរសេរនូវក្រឹត្យវិន័យរបស់ទ្រង់នៅក្នុងចិត្តរបស់ពួកគេម្នាក់ៗ។ តើលោកអ្នកបាន សង្កេតឃើញទេថា ទ្រង់បានប្រើប្រាស់ពាក្យពេចន៍ដូចគ្នានេះ ដែលទ្រង់ធ្លាប់ប្រើជាមួយអ័ប្រាហាំក្នុងកិច្ច ព្រមព្រៀងដែរឬទេ? ព្រះជាម្ចាស់បានមានព្រះបន្ទូលថាព្រះអង្គនឹងធ្វើជាព្រះរបស់រាស្ត្រទ្រង់ ហើយអ៊ីស្រា- អែល ក៏នឹងធ្វើជារាស្ត្ររបស់ទ្រង់ដែរ។ ពាក្យពេចន៍ទាំងនេះជួយយើងឱ្យយល់ថាសេចក្តីសញ្ញានេះមិន គ្រាន់តែជាកិច្ចសន្យាស្របច្បាប់លើក្រដាសស្នាមមួយសន្លឹកនោះទេ។ វាគឺជាអ្វីដែលអស្ចារ្យជាងនេះទៅ ទៀត។
សូមអានខគម្ពីរយេរេមា ៣១៖៣៣ ។ ចូរប្រៀបធៀបវាជាមួយខគម្ពីរនិក្ខមនំ ៦៖៧ ដែលនិយាយ អំពីសេចក្តីសញ្ញាដែលព្រះបានធ្វើជាមួយអ៊ីស្រាអែល។ តើខគម្ពីរយេរេមា ៣១៖៣៣ បង្ហាញយើងថាព្រះ ជាម្ចាស់ប្រាថ្នាចង់បានអ្វីជាមួយនឹងរាស្ដ្ររបស់ទ្រង់?
--------------------------------------------------------
សូមអានខគម្ពីរយេរេមា ៣១៖៣៤ ។ ចូរប្រៀបធៀបអ្វីដែលត្រូវបាននិយាយនៅក្នុងខនេះទៅ នឹងខគម្ពីរយ៉ូហាន ១៧៖៣ ។ តើព្រះជាម្ចាស់បានធ្វើអ្វីខ្លះនៅក្នុងខគម្ពីរយេរេមា ៣១៖៣៤ ដើម្បីអាចធ្វើ អោយទ្រង់មានទំនាក់ទំនងល្អជាមួយរាស្រ្តទ្រង់នោះ?
--------------------------------------------------------
នៅក្នុងខគម្ពីរយេរេមា ៣១៖៣១-៣៤ យើងឃើញគំនិតនៃសេចក្តីមេត្តាករុណានិងការគោរពប្រតិបត្តិ។ យើងក៏បានឃើញគំនិតទាំងនេះនៅក្នុងសេចក្តីសញ្ញាមុននេះផងដែរ។ ព្រះជាម្ចាស់នឹងអត់ទោសដល់រាស្ត្ររបស់ទ្រង់។ ទ្រង់ប្រាថ្នាចង់មានមិត្ដភាពពិសេសជាមួយពួកគេ។ ព្រះជាម្ចាស់នឹងសម្តែង នូវសេចក្តីមេត្តាករុណាដល់រាស្ត្ររបស់ទ្រង់ ហើយពួកគេនឹងគោរពទ្រង់ដោយសារអំណោយទានទាំងនេះ ដែរ។
រាស្ត្ររបស់ទ្រង់មិនមែនគោរពប្រតិបត្តិទ្រង់ដូចជាមនុស្សយន្តដែលមិនចេះគិត ឬមានអារម្មណ៍នោះ ឡើយ ពួកគេគោរពស្តាប់បង្គាប់ទ្រង់ដោយសារពួកគេស្គាល់ទ្រង់ ស្រឡាញ់ទ្រង់ និងចង់បំរើទ្រង់វិញ។ គំនិតនេះជួយឱ្យយើងយល់ពីទំនាក់ទំនងផ្លូវចិត្តពិសេស ដែលព្រះជាម្ចាស់ទ្រង់ប្រាថ្នាចង់អោយរាស្ត្រទ្រង់ មាន។ ព្រះជាម្ចាស់ប្រាថ្នាចង់សរសេរក្រឹត្យវិន័យរបស់ទ្រង់នៅក្នុងចិត្តរបស់យើងម្នាក់ៗ។ តើការនេះ មានន័យយ៉ាងដូចម្តេចចំពោះអ្នក?
ថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១
សិក្សាបន្ថែម
សូមអាន Ellen G. White, “Abraham in Canaan,” pages 132-138, in Patriarchs and Prophets; “The Prophets of God Helping Them,” pages 569-571, in Prophets and Kings។
ក្រឹត្យវិន័យរបស់ព្រះជាម្ចាស់បង្ហាញយើងពីកាតព្វកិច្ចរបស់យើងរាល់គ្នា។ ក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាគឺជាសេចក្ដីស្រឡាញ់។ ព្រះជាម្ចាស់បានបង្រៀនក្រឹត្យវិន័យនៃសេចក្តីស្រឡាញ់របស់ទ្រង់ដល់លោកអ័ដាមនិងនាងអេវ៉ានៅក្នុងសួនច្បារអេដែន។ ក្រោយមកព្រះជាម្ចាស់បានប្រកាសក្រឹត្យវិន័យនៃសេចក្តីស្រឡាញ់របស់ទ្រង់នៅលើភ្នំស៊ីណាយ។ ក្រឹត្យវិន័យនៃសេចក្តីស្រឡាញ់នេះគឺជាផ្នែកមួយនៃសេចក្តីសញ្ញាថ្មី។ ព្រះជាម្ចាស់ចង់សរសេរក្រឹត្យវិន័យរបស់ទ្រង់នៅក្នុងចិត្តរបស់យើងរាល់គ្នា។ ក្រឹត្យវិន័យនេះ បង្ហាញពីផែនការរបស់ព្រះជាម្ចាស់ដល់មនុស្សលោកដើម្បីអោយបានជីវិត។ ចុះប្រសិនបើព្រះជាម្ចាស់ទុក អោយយើងរាល់គ្នាធ្វើការសម្រេចចិត្តដោយខ្លួនឯងវិញនោះ តើយើងនឹងគួរធ្វើយ៉ាងដូចម្តេចទៅ? នោះ អារក្សសាតាំងនឹងមកគ្រប់គ្រងលើយើង។ យើងនឹងក្លាយជាបុគ្គលម្នាក់ដែលមានចិត្តដូចជាសាតាំងដែរ។ នោះហើយជាមូលហេតុដែលព្រះបានត្រាស់បង្គាប់ឱ្យយើងរាល់គ្នាមកបម្រើទ្រង់ ព្រោះទ្រង់មានផែនការ ល្អសម្រាប់ជីវិតរបស់យើងរាល់គ្នា។ យើងនឹងក្លាយជាមនុស្សល្អតាមរយៈផែនការនោះ។ ព្រះជាម្ចាស់ប្រាថ្នា ចង់អោយយើងម្នាក់ៗក្លាយជាអ្នកបម្រើទ្រង់ដែលប្រកបដោយប្រាជ្ញានិងភាពអត់ធ្មត់ ក្នុងព័ន្ធកិច្ចដែលទ្រង់ ប្រទានឱ្យយើង។ ព្រះយេស៊ូវបានបង្ហាញយើងនូវគំរូដែលយើងគួរប្រព្រឹត្តនៅពេលដែលទ្រង់បានយាងមក ផែនដីនេះ។ ព្រះអង្គបានមានបន្ទូលថា៖ «ឱព្រះនៃទូលបង្គំអើយ ទូលបង្គំមានសេចក្តីអំណរនឹងធ្វើតាម ព្រះហឫទ័យទ្រង់អើ ក្រឹត្យវិន័យរបស់ទ្រង់ក៏នៅក្នុងចិត្តទូលបង្គំ» ទំនុកតម្កើង ៤០៖៨ «ពីព្រោះខ្ញុំបានចុះពីស្ថានសួគ៌មក មិនមែននឹងធ្វើតាមចិត្តខ្ញុំទេ គឺតាមបំណងព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ចាត់ឲ្យខ្ញុំមក» យ៉ូហាន ៦៖៣៨ ។ ព្រះយេស៊ូវបានយាងមកលើផែនដីនេះពីព្រោះទ្រង់ស្រឡាញ់ដល់ព្រះវរបិតានិងមនុស្ស មានបាប។ ព្រះយេស៊ូវក៏បានយាងមកទីនេះព្រោះព្រះអង្គចង់សម្តែងនូវការគោរពនិងលើកសរសើរតម្កើង ដល់សិរីរុងរឿងរបស់ព្រះជាម្ចាស់។ នោះហើយជាមូលហេតុដែលព្រះយេស៊ូវបានរងទុក្ខនិងសុគត។ សេចក្ដី ស្រឡាញ់ចំពោះព្រះវរបិតានិងមនុស្សជាតិបានពោរពេញលើអ្វីទាំងអស់ដែលទ្រង់បានធ្វើ។ ព្រះយេស៊ូវបាន អំពាវនាវឲ្យយើងបើកចិត្តឲ្យសេចក្ដីស្រឡាញ់តែមួយនេះគ្រប់គ្រងលើជីវិតរបស់យើងផងដែរ»។ ដកស្រង់ ពី Ellen G. White, The Desire of Ages, pages 329, 330, adapted។
សំនួរពិភាក្សា៖
- តើសេចក្តីសញ្ញាដែលព្រះបានធ្វើជាមួយលោកណូអេ លោកអាប់រ៉ាម លោកម៉ូសេ និងយើងរាល់គ្នា មាន លក្ខណៈដូចគ្នានឹងសេចក្តីសញ្ញាដែលទ្រង់បានធ្វើជាមួយលោកអ័ដាមដែរឬទេ? ឬវាជាសេចក្តីសញ្ញា ថ្មី? សម្រាប់ចម្លើយសូមប្រៀបធៀបខគម្ពីរលោកុប្បត្តិ ៣៖១៥; លោកុប្បត្ដិ ២២៖១៨; និងកាឡាទី ៣៖៨, ១៦ ។
- ហេតុអ្វីបានជាមិត្តភាពជាផ្នែកមួយដ៏សំខាន់នៃសេចក្តីសញ្ញាដែរ? តើអ្នកអាចធ្វើកិច្ចសន្យាជាមួយនរណា ម្នាក់ដែលអ្នកមិនមានអារម្មណ៍ជិតស្និទ្ធដែរឬទេ? ប៉ុន្ដែនោះមិនមែនជាអ្វីដែលព្រះចង់បានពីយើងនោះទេ។ ព្រះជាម្ចាស់ប្រាថ្នាចង់គង់នៅជិតយើងរាល់គ្នា។ ហេតុអ្វីទៅ? ចូរពិភាក្សាអំពីរឿងនេះនៅក្នុងថ្នាក់។ ៣. ហេតុអ្វីបានជាអាពាហ៌ពិពាហ៌ជានិមិត្តរូបដ៏ល្អសម្រាប់សេចក្តីសញ្ញារវាងព្រះ និងរាស្ដ្ររបស់ទ្រង់?
រឿងខ្លី
អ្នកចំការបង្កើតពួកជំនុំ
គ្រូគង្វាលអាត់វេនទីស្ទម្នាក់បានសួរលោកហួង វេនមីង (Huang Wen-Meng) ដែលជាអ្នកចំការគ្មានការបំប៉នខាងឯផ្នែកទេវវិទ្យា អោយជួយបង្កើតពួកជំនុំនៅក្នុងភូមិតូចមួយដែលត្រូវធ្វើដំណើរប្រហែលជា២ម៉ោងកន្លះពីផ្ទះរបស់គាត់នៅឯប្រទេសតៃវ៉ាន់ខាងត្បូង។
លោកវេនមីងមានការភ្ញាក់ផ្អើលជាខ្លាំង។ គាត់ពុំមែនជាសមាជិកព្រះវិហារនោះទេ ប៉ុន្តែ គាត់ តែងតែថ្វាយបង្គំជារៀងរាល់ថ្ងៃសប្បាតហ៍នៅក្នុងភូមិរបស់គាត់។ គាត់បានយល់ព្រមជួយ។ គាត់បាននិយាយជាមួយនឹងសមាជិកព្រះវិហារដែលមានសាច់ញាតិស្រីម្នាក់នៅក្នុងភូមិបាអៅ (Ba-Eao) គឺជាភូមិដែលពុំមានអាត់វេនទីស្ទរស់នៅ។
នាងបានអនុញ្ញាតអោយយកផ្ទះរបស់នាងធ្វើជាព្រះវិហារ។ លោក វេនមីង និងគ្រូគង្វាលបានផ្លាស់ប្តូរវេនអធិប្បាយនៅក្នុងផ្ទះដែលជាព្រះវិហារជារៀងរាល់ថ្ងៃសប្បាតហ៍ និងមានអ្នកជ្រមុជទឹក៦នាក់ក្នុងរយៈពេល៦ខែ។ ប្រហែលជា១ឆ្នាំកន្លះក្រោយមក លោកវេនមីងក៏បាន ទទួលបុណ្យជ្រមុជទឹកផងដែរ។ អ្នកដឹកនាំអាត់វេនទីស្ទបានស្ងើចសរសើរថា ព្រះបានប្រទានពរដល់កិច្ច ខិតខំប្រឹងប្រែងរបស់លោកវេនមីងនៅភាគខាងត្បូងប្រទេសតៃវ៉ាន់ដែលជាតំបន់មួយដែលព្រះវិហារបាន ព្យាយាមយ៉ាងលំបាកក្នុងការចូលទៅដល់។ សន្និសិទនៃប្រទេសតៃវ៉ាន់បានស្នើសុំអោយគាត់បង្កើត ព្រះវិហារនៅឯភូមិសាន់ទីមួយទៀតក្នុងភូមិភាគខាងត្បូង។ ៦ឆ្នាំក្រោយមក ព្រះវិហារនោះបានរីកចម្រើន បន្ទាប់មក លោកវេនមីងត្រូវបានស្នើសុំអោយបើកព្រះវិហារជាថ្មីម្តងទៀតនៅឯសៃទេយ៉ា។ ជាដំបូង លោក វេនមីងមានការព្រួយបារម្ភ។ គាត់បានគិតអំពីកង្វះខាតនៃការបំប៉នខាងឯផ្នែកទេវវិទ្យារបស់គាត់ ពេល នោះគាត់បានអធិស្ឋាន។ មនុស្សពីរនាក់បានបង្ហាញមុខនៅថ្ងៃសប្បាតហ៍ដំបូង នៅពេលដែលលោក វេនមីងបានបើកព្រះវិហារសាជាថ្មី។
គាត់បានលើកទឹកចិត្តអោយអ្នកថ្វាយបង្គំទាំងពីររូបបើកទ្វារផ្ទះទទួល អ្នកជិតខាងសម្រាប់កម្មវិធីថ្ងៃសុក្រពេលល្ងាច ហើយនិងអញ្ជើញពួកគេអោយចូលរួមកម្មវិធីនៃព្រះវិហារ នៅថ្ងៃបន្ទាប់។ ៨ឆ្នាំក្រោយមក ព្រះវិហារមានសមាជិកទៅដល់៧៤នាក់។ បន្ទាប់ពី១៧ឆ្នាំនៃការបង្កើត ព្រះវិហារមក លោកវេនមីងបានប្រាប់អាថ៌កំបាំងគឺជាការធ្វើតាមវិធីសាស្ត្ររបស់ព្រះគ្រីស្ទ ដែលអ្នកស្រីអែល្លិនជីវ៉ៃត៍បានពិពណ៌នាបែបដូច្នេះថា៖ «មានតែវិធីសាស្ត្ររបស់ព្រះគ្រីស្ទតែមួយប៉ុណ្ណោះ ដែលអាច ទទួលបានជោគជ័យក្នុងការផ្សាយដំណឹងល្អដល់មនុស្ស។ ព្រះអង្គសង្គ្រោះបានរាប់អានជាមួយនឹងមនុស្ស គឺព្រះអង្គដែលចង់អោយពួកគេបានល្អ។ ទ្រង់បានបង្ហាញសេចក្តីអាណិតអាសូរចំពោះពួកគេ បំពេញ តម្រូវការរបស់ពួកគេ និងយកបានទំនុកចិត្តរបស់ពួកគេ។ បន្ទាប់មក ទ្រង់បានមានបន្ទូលទៅកាន់ពួកគេ ថា «ចូរមកតាមខ្ញុំ»។ ដកស្រង់ពី The Ministry of Healing, p.143។
លោកវេនមីងដែលមានអាយុ៧៥ឆ្នាំនិយាយថា គាត់បានព្យាយាមបំពេញតម្រូវការរបស់ពួកគេ។ គាត់បានទិញផ្លែស្វាយ ឪឡឹក និងត្របែកពីចំការរបស់គាត់សម្រាប់ការប្រកបអាហារជារៀងរាល់ថ្ងៃ សប្បាតហ៍នៅឯសៃទេយ៉ា។ គ្រូគង្វាលវ័យក្មេងដែលបានធ្វើជាមេដឹកនាំជំនួសលោកវេនមីងនៅឯសៃទេយ៉ា បានសួរនាំដោយការភ្ញាក់ផ្អើលថា «តើលោកពូធ្វើអោយព្រះវិហារនេះរីកចំរើនដោយរបៀបណា? តើខ្ញុំអាចធ្វើអោយព្រះវិហាររីកចំរើនបានដូចជាអ្វីដែលលោកពូបានធ្វើយ៉ាងដូចម្តេច ទៅ?»។ លោកវេនមីងបាននិយាយថា «ត្រូវបង្ហាញសេចក្តីមេត្តា អត់ធ្មត់ បន្ទាបខ្លួន និងស្រឡាញ់អ្នកដទៃអោយដូចជាព្រះយេស៊ូវ»។
អំណានដង្វាយប្រចាំសប្តាហ៍
នៅពេលអ័ដាមនិងអេវ៉ាមិនយកព្រះទុកជាទីមួយ
ការយកព្រះទុកជាទីមួយអាចជាការពិបាកមួយ។ តើយើងអាចរៀនអ្វីខ្លះពីអ័ដាម និងអេវ៉ាដែលបដិសេធមិនយកព្រះជាទីមួយក្នុងការសម្រេចចិត្តដ៏ធំបំផុតក្នុងជីវិតរបស់ពួកគេទេ?
អ័ដាម និងអេវ៉ាមានអ្វីៗទាំងអស់។ ពួកគេមានទីលំនៅដ៏ស្រស់ស្អាត។ ការងាររបស់ពួកគេមានអត្ថន័យខ្លាំងណាស់។ ពួកគេស្រឡាញ់គ្នាយ៉ាងខ្លាំង ហើយពួកគេមានអាហារបរិភោគដ៏ល្អបំផុតនៅលើពិភពលោក។ ពួកគេមានសេចក្តីសុខសាន្តតាំងពីថ្ងៃរះរហូតដល់ថ្ងៃលិច។ សេចក្តីសុខសាន្តនេះមិនដូចជាសេចក្តីសុខសាន្តរបស់យើងសំដៅត្រឹមតែអវត្តមាននៃបញ្ហាទេ ប៉ុន្តែគឺជាសេចក្តីសុខសាន្តរបស់ព្រះ ដែលជាភាពសុខដុមរមនាពេញលេញនៃអ្វីៗគ្រប់យ៉ាង។
ពួកគេបានយល់អំពីឋានានុក្រមកំពូលនៃភពផែនដីរបស់យើង។ ព្រះជាម្ចាស់គឺខ្ពស់លើអ្វីៗទាំងអស់។ មនុស្សលោកទាំងប្រុសទាំងស្រីត្រូវរួបរួមគ្នាគ្រប់គ្រងលើផែនដីដែលស្ថិតនៅក្រោមពួកគេតាមរយៈឋានានុក្រមនេះ។ ដរាបណាពួកគេបានរស់នៅក្រោមប្រាកដភាពនេះ អ្វីៗគ្រប់យ៉ាងគឺស្ថិតក្នុងភាពល្អឥតខ្ចោះមិនខាន។ ប៉ុន្តែនៅថ្ងៃមួយ អេវ៉ា និងអ័ដាមបានសម្រេចចិត្តបះបោរប្រឆាំងនឹងគោលការនៃឋានានុក្រមនេះ ហើយបរិភោគផ្លែឈើដែលព្រះបានដាក់បំរាមដោយសង្ឃឹមថា ពួកគេនឹងបានប្រែក្លាយ ទៅជាព្រះ។ ការបំផ្លាញឋានានុក្រមនេះតំណាងឱ្យការប្រេះឆាដល់សេចក្តីសុខសាន្តរបស់ព្រះ ហើយវាបាននាំមកនូវសេចក្តីស្លាប់។ ព្រះគម្ពីរប្រើពាក្យបាបក្នុងការពិពណ៌នាអំពីការប្រេះឆាណាមួយចំពោះសេចក្តីសុខសាន្ត។
នៅពេលនរណាម្នាក់យកសារធាតុអ្វីមួយ ហើយលើកវាឲ្យស្មើនឹងកម្រិតណាមួយ ដែលមានស្រាប់ដោយនិយាយថា៖ «ខ្ញុំមិនអាចរស់នៅដោយគ្មាន ‘របស់’» នេះបានទេ គឺមានន័យថាពួកគេកំពុងតែរំខានដល់សេចក្តីសុខសាន្តរបស់ព្រះហើយ ហើយផលប៉ះពាល់របស់វាគឺភាពអាត្មានិយម ភាពលោភលន់ ហើយទីបំផុតគឺជាសេចក្តីស្លាប់។ រាល់គ្រឿងញៀន និងវត្ថុនិយមទាំងអស់ត្រូវបានចាត់ចូលក្នុងរឿងប្រភេទនេះ។ នៅពេលយើងយកមនុស្សម្នាក់ទៀត និងលើកពួកគេឱ្យក្លាយជារូបតំណាងស្រដៀងនឹងព្រះ នោះយើងបានរំខានដល់សេចក្តីសុខសាន្តនេះហើយ ហើយរឿងនេះនាំមកនូវការតានតឹងក្នុងចិត្ត ការថប់បារម្ភ ហើយនៅទីបំផុតគឺការស្លាប់។
មេរៀនពីបទពិសោធន៍របស់អ័ដាម និងអេវ៉ាគឺថា ព្រះគឺជាព្រះ ហើយយើងមិនមែនជាព្រះទេ។ នេះគឺជាមូលដ្ឋានគ្រឹះនៃសេចក្តីពិតនៅក្នុងសាកលលោករបស់យើង។ នៅពេលដែលយើងអាននៅក្នុងបទគម្ពីរត្រង់ពាក្យថា «ព្រះទ្រង់មានព្រះបន្ទូលថា» យើងត្រូវបានល្បួងឥតឈប់ឈរដូចជាអ័ដាម និងអេវ៉ា ឲ្យធ្វើការត្រិះរិះហេតុផល និងស្វែងរក «សេចក្តីពិតផ្ទាល់ខ្លួន» របស់យើង។ នេះគឺជាអំពើបាប ហើយវានាំទៅរកសេចក្តីស្លាប់។
ព្រះបានបង្គាប់ឱ្យយើងនាំយកដង្វាយ១០ហូត១របស់យើង។ ព្រះគឺជាព្រះ ហើយយើងមិនមែនជាព្រះទេ។ ទោះយ៉ាងណា យើងក៏ដូចជាអ័ដាម និងអេវ៉ា ត្រូវបានល្បួងឱ្យធ្វើខ្លួនឯងផ្ទាល់ជាព្រះដែរ ការនេះគឺធ្វើខុសពីអ្វីដែលព្រះបានបង្គាប់់។ ព្រះជាម្ចាស់ប្រទានសេរីភាពដល់យើង ប៉ុន្តែទ្រង់មិនដកផលប៉ះពាល់ទាំងអស់ចេញទេ។ អ័ដាម និងអេវ៉ាបានចាកចេញពីសួនច្បារនៅថ្ងៃនោះ ប៉ុន្តែព្រះបានសន្យាថានឹងប្រទាននូវក្តីសង្ឃឹមសម្រាប់សង្គ្រោះពួកគេ។
អ័ដាម និងអេវ៉ាបានបដិសេធមិនយកព្រះជាទីមួយ។ ផលវិបាកគឺគួរឱ្យខ្លាចណាស់សម្រាប់ពួកគេ និងមនុស្សនៅជុំវិញពួកគេផងដែរ។ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ញ៉ាំងឱ្យយើងយកនគររបស់ទ្រង់ជាទីមួយ នៅពេលដែលគំរូរបស់អ័ដាម និងអេវ៉ាគឺជាការព្រមានមួយសំរាប់យើងសព្វថ្ងៃនេះ។ ខណៈពេលដែលអ្នកជំនួយការព្រះវិហារប្រមូលប្រាក់ដង្វាយ១០ហូត១ និងដង្វាយផ្សេងៗទៀត នោះយើងត្រូវបានលើកទឹកចិត្តឱ្យយកព្រះជាទីមួយ។