ក្នុងបទគម្ពីរចោទិយកថា ២ និង៣ លោកម៉ូសេបានប្រាប់ជនជាតិអ៊ីស្រាអែលបន្ថែមអំពីប្រវត្តិសាស្ត្ររបស់ពួកគេ។ លោកម៉ូសេបានប្រាប់អំពីរបៀបដែលព្រះបានជួយអោយជនជាតិអ៊ីស្រាអែលច្បាំងឈ្នះខ្មាំងសត្រូវរបស់ពួកគេនៅពេលដែលសាសន៍អ៊ីស្រាអែលស្មោះត្រង់ចំពោះព្រះ។ ព្រះក៏បានជួយអោយរាស្ត្ររបស់ទ្រង់បំផ្លាញពួកយក្ស «ជាសាសន៍អេមីម» ផងដែរ (ចោទិយកថា ២៖១១, ២០, ចោទិយកថា ៣៖១៣)។
ខទាំងនេះបាននាំយកប្រធានបទដ៏ពិបាកមួយដល់ការចាប់អារម្មណ៍របស់យើង នោះគឺជាការសំឡាប់។ មែនហើយ ជនជាតិអ៊ីស្រាអែលតែងតែព្យាយាមបង្កើតសន្តិភាពជាសាសន៍ដទៃមុនពេលដែលពួកគេច្បាំងនឹងសាសន៍ទាំងនោះ (ចោទិយកថា ២០៖១០, ១១)។ ប៉ុន្តែ មនុស្សពីសាសន៍ដទៃតែងតែមិនព្រមទទួលយកសន្តិភាពពីសាសន៍អ៊ីស្រាអែល។ ដូច្នេះ ពេលខ្លះជនជាតិអ៊ីស្រអែលត្រូវតែឡើងទៅច្បាំង និងបំផ្លាញពួកមនុស្សទាំងនេះ រួមទាំងស្ត្រី និងកូនក្មេងផងដែរ។ លោកម៉ូសេបានប្រាប់អំពីរបៀបដែលសាសន៍អ៊ីស្រាអែលបានធ្វើរឿងដូច្នោះទៅកាន់ស្តេចស៊ីហុនថា៖ «ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា ទ្រង់បានប្រគល់ស្តេចមកយើង ហើយយើងរាល់គ្នាក៏វាយទ្រង់ និងពួកកូនចៅទ្រង់ព្រមទាំងរាស្ត្រទាំងអស់គ្នាទៅ យើងក៏ចាប់យកអស់ទាំងទីក្រុងរបស់ទ្រង់នៅគ្រានោះ ទាំងរំលីងគ្រប់ទីក្រុងទាំងមូល ព្រមទាំងមនុស្សប្រុសស្រី និងកូនក្មេងផងគ្មានទុកណាមួយឲ្យនៅសល់ឡើយ» (ចោទិយកថា ២៖៣៣, ៣៤)។
មនុស្សខ្លះមានការពិបាកក្នុងការទទួលយកនូវការសំឡាប់នៅក្នុងរឿងនៃព្រះគម្ពីរ។ ដូច្នេះ ពួកគេបាននិយាយថា រឿងទាំងនេះពុំមែនជារឿងពិតនោះទេ។ ក្នុងនាមជាសេវេនដេយអាត់វេនទីស្ទ យើងពុំអាចទទួលយកចម្លើយបែបនេះបានឡើយ។ ពួកយើងជឿថា «គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ» (ធីម៉ូថេទី២ ៣៖១៦)។ ដូច្នេះយើងជឿថា រឿងទាំងនេះនៅក្នុងព្រះគម្ពីរពិតជាបានកើតឡើង។ ដោយសារតែយើងជឿទៅលើរឿងទាំងនេះ យើងបានប្រឈមមុខនឹងសំណួរដ៏ពិបាកមួយដែលចោទសួរថា៖ តើហេតុអ្វីបានជាព្រះនៃសេចក្តីស្រឡាញ់អនុញ្ញាតអោយការសំឡាប់បែបនេះកើតឡើង?
សូមអានខគម្ពីរលោកុប្បត្តិ ១៥៖១-១៦។ តើព្រះមានបន្ទូលទៅកាន់លោកអ័ប្រាហាំយ៉ាងដូចម្តេចនៅក្នុងខ១៦? តើខ១៦ជួយអោយយើងយល់កាន់តែប្រសើរឡើងយ៉ាងដូចម្តេច អំពីមូលហេតុដែលព្រះអនុញ្ញាតអោយសាសន៍អ៊ីស្រាអែលសំឡាប់ខ្មាំងសត្រូវរបស់ពួកគេរួមទាំងស្ត្រី និងកូនក្មេងផងដែរនោះ?
ជាការពិតណាស់ មនុស្សជាច្រើននៅជុំវិញសាសន៍អ៊ីស្រាអែលអាក្រក់ជាទីបំផុត។ ព្រះមានសិទ្ធិក្នុងការដាក់ទោសពួកគេមុនពេលកំណត់។ ទោះបីជាយ៉ាងនោះក្តី យើងនៅតែមានការលំបាកក្នុងការអានអំពីរបៀបដែលសាសន៍អ៊ីស្រាអែលសំឡាប់ស្ត្រី និងកូនក្មេង។ យើងត្រូវតែចងចាំថា យើងពុំមានព័ត៌មានទាំងអស់អំពីអ្វីដែលបានកើតឡើងនៅពេលនោះឡើយ។ ដូច្នេះហើយ យើងត្រូវតែទទួលយករឿងដ៏លំបាកនេះ ហើយជឿទុកចិត្តទៅលើសេចក្តីមេត្តារបស់ព្រះ។ សេចក្តីជំនឿពុំមែនគ្រាន់តែអំពីការស្រឡាញ់ព្រះនៅពេលដែលការស្រឡាញ់ទ្រង់របស់យើងងាយស្រួលប៉ុណ្ណោះនោះទេ។ សេចក្តីជំនឿក៏ស្តីអំពីការជឿទុកចិត្តរបស់យើងទៅលើព្រះផងដែរនៅពេលដែលយើងមិនអាចយល់អ្វីទាំងអស់នៅក្នុងព្រះគម្ពីរដែលយើងបានអាន។
យើងអាចមើលឃើញរឿងនៅក្នុងជីវិត ឬនៅក្នុងព្រះគម្ពីរដែលយើងពុំអាចយល់បានទាំងស្រុង។ សូមអានខគម្ពីរកូរិនថូសទី១ ១០៖១-៤ និងយ៉ូហាន ១៤៖៩។ តើខទាំងនេះជួយអោយយើងជឿទុកចិត្តលើព្រះ និងជឿថា ទ្រង់ស្រឡាញ់ ហើយយុត្តិធម៌យ៉ាងដូចម្តេច បើទោះបីជាយើងពុំអាចយល់អ្វីដែលយើងបានឃើញទាំងស្រុងនោះ?
ថ្ងៃសុក្រ ទី៨ ខែតុលា ឆ្នាំ២០២១
សិក្សាបន្ថែម
ខាងក្រោមនេះគឺជាសទ្សនៈនៃអ្នកប្រាជ្ញខាងឯព្រះគម្ពីរម្នាក់ទៅលើប្រធានបទអ្វីដែលសាសន៍អ៊ីស្រាអែលបានធ្វើចំពោះខ្មាំងសត្រូវរបស់ពួកគេ៖
«ព្រះគឺជាអ្នកបង្កើតរបស់ទាំងអស់រួមទាំងមនុស្សលោក។ ព្រះគ្រប់គ្រងរបស់ទាំងអស់នៅលើមេឃ និងផែនដី។ ដូច្នេះ ព្រះអាចធ្វើអ្វីគ្រប់យ៉ាងដែលទ្រង់ចង់ធ្វើជាមួយនឹងអ្នកណាម្នាក់។ នៅពេលដែលព្រះធ្វើអ្វីមួយ ទ្រង់តែងតែត្រូវជានិច្ចចំពោះទង្វើរបស់ទ្រង់ . . . .»។
«វិធីរបស់ព្រះអាថ៌កំបាំង។ យើងមិនអាចយល់បានទាំងស្រុងអំពីទ្រង់បានឡើយ។ ម្ល៉ោះហើយ យើងត្រូវសម្រាក។ ឈប់ខ្វល់អំពីសំណួរទាំងអស់ដែលយើងមាននៅក្នុងចិត្តអំពីព្រះ។ ខគម្ពីរអេសាយ ៥៥៖៨, ៩បានផ្តល់សេចក្តីសង្ឃឹមខ្លះដល់យើងចំពោះប្រធានបទនេះ»។
ព្រះគម្ពីរបានបង្ហាញយើងអំពីទិដ្ឋភាពនៃជនជាតិកាណាន។ មនុស្សទាំងនេះអាក្រក់ជាទីបំផុត។ ដូច្នេះ ពួកគេត្រូវតែបំផ្លាញចេញ។ ព្រះដាក់ទោសពួកគេសម្រាប់អំពើបាបរបស់ពួកគេ។ នេះពុំមែនជាលើកដំបូង ឬលើកចុងក្រោយដែលព្រះនឹងដាក់ទោសមនុស្សតាមវិធីនេះនោះទេ . . . .»។
«ព្រះមិនចង់បង្កើតផែនការនៃ «ហេរ៉េម (herem» តែមួយវិធីសម្រាប់សាសន៍អ៊ីស្រាអែលអនុវត្ត ចំពោះសាសន៍ដទៃនោះទេ។ ពាក្យ «ហេរ៉េម» ជាភាសាហេព្រើរមានន័យថា កំទេចអ្វីមួយទាំងស្រុង។ ខគម្ពីរចោទិយកថា ៧៖១ បង្ហាញយើងអំពីបញ្ជីឈ្មោះនៃមនុស្សដែលព្រះនឹងបណ្តេញចេញពីស្រុកកាណាន ដើម្បីរៀបចំកន្លែងសម្រាប់ជនជាតិអ៊ីស្រាអែល។ បញ្ជីឈ្មោះនេះជួយអោយយើងមើលឃើញថា ព្រះបានដាក់កម្រិតទៅលើពួកមនុស្សដែលសាសន៍អ៊ីស្រាអែលអាចបំផ្លាញ។ ដូច្នេះ ព្រះពុំបានអនុញ្ញាតអោយ ជនជាតិអ៊ីស្រាអែលបំផ្លាញសាសន៍ស៊ីរី សាសន៍អេដំម សាសន៍អេស៊ីព្ទ ឬសាសន៍ផ្សេងទៀតនោះទេ (សូមអានខគម្ពីរចោទិយកថា ២០៖១០-១៨) . . . .»។
«សាសន៍កាណានត្រូវបានព្រះជំនុំជំរះ។ ទន្ទឹមគ្នានេះ បាបជនក៏នឹងត្រូវឈរនៅចំពោះព្រះ និងត្រូវជំនុំជំរៈផងដែរ . . . .»។
«មែនហើយ ព្រះបានជំនុំជំរៈសាសន៍កាណាន។ ប៉ុន្តែ ចូរចងចាំថា សាសន៍កាណានត្រូវបានដាស់តឿនអស់រយៈពេលជិត៤០ឆ្នាំរួចទៅហើយ អំពីអ្វីដែលនឹងកើតឡើងនាពេលអនាគត (សូមអានសម្តីរបស់នាងរ៉ាហាបនៅក្នុងខគម្ពីរយ៉ូស្វេ ២៖៨-១១)»។ ដកស្រង់ពី Daniel I. Block, The NIV Application Commentary: Deuteronomy (Grand Rapids, MI: Zondervan, 2012), pages 98, 99, adapted។
សំនួរពិភាក្សា៖
- បន្ទាប់ពីព្រះយេស៊ូវយាងមកហើយ យើងនឹងមានរយៈពេល១០០០ឆ្នាំក្នុងការទទួលបានការឆ្លើយតបទៅសំណួររបស់យើងទាំងអស់អំពីរឿងគ្រប់យ៉ាងនៅក្នុងជីវិតដែលយើងពុំបានយល់នៅពេលនេះ។ តើសេចក្តីសង្ឃឹមនេះអាចជួយអោយយើងជឿទុកចិត្តលើព្រះបានយ៉ាងដូចម្តេច បើទោះបីជាយើងពុំមាន ចម្លើយចំពោះអ្វីគ្រប់យ៉ាងនៅពេលឥឡូវនេះក្តី?២. តើមានវិធីអ្វីខ្លះ ដែលព្រះបានដឹកនាំលោកអ្នកកាលពីមុន? តើបទពិសោធន៍អាចជួយអោយលោកអ្នកជឿទុកចិត្តលើទ្រង់សម្រាប់អនាគតដោយរបៀបណា? តើហេតុអ្វីបានជាយើងត្រូវតែចងចាំជានិច្ចអំពីរបៀបដែលព្រះបានធ្វើការនៅក្នុងជីវិតរបស់យើង?
រឿងខ្លី
មរតករបស់ម្ដាយខ្ញុំ
ម្តាយរបស់ខ្ញុំបានងាកមករកខ្ញុំ ខណៈពេលដែលគាត់ហៀបនឹងស្លាប់ពីជំងឺមហារីកប្រមាត់។ គាត់បាននិយាយថា «កូនត្រូវតែទៅព្រះវិហារ»។ ម្តាយរបស់ខ្ញុំតែងតែនាំខ្ញុំទៅឯព្រះវិហារជារៀងរាល់ថ្ងៃសប្បាតហ៍តាំងតែពីខ្ញុំនៅជាក្មេងស្រី ប៉ុន្តែ ខ្ញុំផ្អាកទៅដោយសារតែខ្ញុំជាប់រវល់ជាមួយនឹងហាងរបស់ខ្ញុំនៅ ឯហាណាំជាយក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង។ ពាក្យសម្តីរបស់ម្តាយខ្ញុំធ្វើអោយខ្ញុំពិបាកមែនទែន ដោយសារតែខ្ញុំព្យាយាមធ្វើការបណ្តើរ ហើយចិញ្ចឹមកូនប្រុសស្រី និងក្មួយ៣នាក់របស់ខ្ញុំបណ្តើរ។ បន្ទាប់មក ខ្ញុំយល់ឃើញថា ខ្ញុំមិនអាចទទួលបានជោគជ័យដោយខ្លួនខ្ញុំនោះទេ ដូច្នេះ ខ្ញុំបានត្រឡប់ទៅឯព្រះយេស៊ូវវិញ។ ខណៈពេលដែលសេចក្តីស្រឡាញ់ចំពោះព្រះយេស៊ូវរបស់ខ្ញុំកាន់តែកើនឡើង ទ្រង់បានប្រទានដល់ខ្ញុំនូវចិត្តឈឺឆ្អាលចំពោះអ្នកជិតខាងដែលខ្វះខាត។ សាច់ញាតិម្នាក់បានណែនាំខ្ញុំអំពីនាងហុង ស៊ុនមី (Hong Soon-mi)។ អស់រយៈពេលមួយឆ្នាំបន្ទាប់ពីយើងបានជួបគ្នាមក ប្តីរបស់នាងស៊ុនមីត្រូវបានរកឃើញថា មានជំងឺមហារីកខួរឆ្អឹង។ នៅពេលដែលខ្ញុំឮថា គាត់មិនអាចបង់ថ្លៃវះកាត់បាន ខ្ញុំបានធ្វើប្រអប់បរិច្ចាគមួយដាក់នៅផ្លូវខាងក្រៅហាងរបស់ខ្ញុំ។ មនុស្សជាច្រើនបានសើចចំអកអោយខ្ញុំដោយនិយាយថា «តើហេតុអ្វីបានជាអ្នករៃអង្គាសប្រាក់សម្រាប់អ្នកដែលមិនមែនជាសាច់ញាតិឯងអ៊ីចឹង?»។ ទោះគេនិយាយយ៉ាងនេះក្តី ខ្ញុំនៅតែបន្តទុកប្រអប់បរិច្ចាកនៅទីនោះទៀត។ នៅថ្ងៃកំណើតរបស់នាងស៊ុនមី ខ្ញុំបានជូនកាដូជាអង្ករមួយបាវទម្ងន់២០គីឡូក្រាមដល់នាង។ ខ្ញុំបាននិយាយថា «នេះគឺជាកាដូពីហាងរបស់ខ្ញុំ»។ ក្រោយមក នាងបានប្រាប់ខ្ញុំថា គ្រួសារនាងទាំងមូលបានយំនៅពេលដែលពួកគេឃើញកាដូនោះ។
នាងស៊ុនមីមិនទាន់មកព្រះវិហារភ្លាមៗនោះទេ។ ប៉ុន្តែ នាងបានអានទស្សនាវដ្តីអាត់វេនទីស្ទដែលខ្ញុំបានអោយដល់នាង រួចនាងបានដឹងថា អ្នកសេវេនដេយអាត់វេនទីស្ទស្រឡាញ់ព្រះយេស៊ូវ និងអ្នកដទៃជាខ្លាំង។ ខ្ញុំបានអោយនាងស៊ុនមីមើលការខុសត្រូវលើហាងរបស់ខ្ញុំដោយអោយប្រាក់ខែដល់នាង និងអោយអ្វីៗដែលនាងត្រូវការចាំបាច់ដូចជាអង្ករ និងផ្លែឈើអស់រយៈពេល២ឆ្នាំ។ ក្រោយមក ខ្ញុំអោយនាងធ្វើជាមេការលើភោជនីយដ្ឋានតូចមួយដែលខ្ញុំបើក។ បន្ទាប់ពីបានគ្រប់គ្រងលើភោជនីយដ្ឋានអស់ រយៈពេល១ឆ្នាំមកនាងបានសួរខ្ញុំថា «ហេតុអ្វីបានជាអ្នកមិនហៅខ្ញុំទៅព្រះវិហារផង?»។ ខ្ញុំបានឆ្លើយថា «ហេតុអ្វីចង់អោយខ្ញុំហៅ បើអ្នកដឹងថា អ្នកត្រូវបានស្វាគមន៍ជានិច្ចនោះ?»។ រួចនាងនិយាយថា «អ៊ីចឹង ខ្ញុំទៅហើយណា?»។ បន្ទាប់ពីចងមិត្តអស់រយៈពេល៦ឆ្នាំមក នាងស៊ុនមីបានចូលទៅឯព្រះវិហារសេវេនដេយអាត់វេនទីស្ទហាណាំខាងលិចជាលើកទីមួយ។ ៣ឆ្នាំក្រោយមក នាងបានក្លាយទៅជាអ្នកជំនួយការស្ត្រី ហើយក្រោយមកប្តី និងកូនរបស់នាងបានទទួណបុណ្យជ្រមុជទឹក។ នៅពេលដែលខ្ញុំបើកហាងរបស់ខ្ញុំ ខ្ញុំគឺជាអាត់វេនទីស្ទតែម្នាក់គត់ប៉ុណ្ណោះនៅក្នុងសង្កាត់របស់ខ្ញុំ។ ឥឡូវនេះ ពាណិជ្ជករ៧នាក់បានក្លាយមកជាអាត់វេនទីស្ទ។ ព្រះវិហារមានកេរ្តិ៍ឈ្មោះល្អនៅក្នុងតំបន់ខ្ញុំ។ ខ្ញុំសូមថ្លែងអំណរអរគុណដល់ម្តាយខ្ញុំសម្រាប់ការផ្តល់អោយនូវមរតកនៃសេចក្តីជំនឿដល់ខ្ញុំ ហើយខ្ញុំសូមថ្វាយសិរីល្អទាំងអស់ដល់ព្រះដែលបានប្រើពាណិជ្ជករ៧នាក់ដូចខ្ញុំសម្រាប់ការល្អ។
អំណានដង្វាយប្រចាំសប្តាហ៍
នៅពេលដែលផាវែលនិងវ៉ាលេនទីណាយកព្រះទុកជាទីមួយ
ប៉ាស្ទ័រផាវែលនិងវ៉ាលេនទីណាបានសម្រេចចិត្តយកព្រះទុកជាទី១បើទោះបីជាពួកគេជួបនឹងការលំបាកក្តី។ សព្វថ្ងៃនេះតើយើងអាចរៀនអ្វីបានខ្លះពីពួកគាត់ដែលនឹងជួយយើងឲ្យយកព្រះទុកជាទី១នៅក្នុងជីវិតផ្ទាល់ខ្លួនរបស់យើង?
ប៉ាស្ទ័រផាវែលនិងវ៉ាលេនទីណាបានធ្វើដំណើរចម្ងាយជិត១៥គីឡូដើម្បីទៅបម្រើការដល់ពួកជំនុំនៅតាមផ្ទះមួយកន្លែង។ ដំណើរដែលប្រកបដោយគ្រោះថ្នាក់នោះធ្វើឲ្យពួកគេមានការហត់នឿយ និងស្រេកឃ្លាន។ នៅភូមិស៊ូឃូមិ ដែលស្ថិតនៅតំបន់ដាច់ស្រយាលពីរដ្ឋធានីចរជៀនៃប្រទេសអាប់ខាសៀនេះមិនមានលក់នំប៉័ងនៅតាមហាងទេ។
កាលពីឆ្នាំ១៩៩៣ ជម្លោះកងកម្លាំងប្រដាប់អាវុធរវាងពួកចរជៀ និងពួកអាប់ខាសអស់រយៈពេល១ខែបានបណ្តាលឲ្យមានការខ្វះអាហារយ៉ាងខ្លាំង។ អ្នកខ្លះលក់នំប៉័ងនៅពេលយប់ ប៉ុន្តែពេលដែលវ៉ាលេនទីណាធ្វើដំណើរនាងទិញមិនទាន់គេទេ។
ថ្ងៃ១បន្ទាប់ពីកម្មវិធីថ្វាយបង្គំ សមាជិកម្នាក់ឈ្មោះម៉ាយ៉ា បានឲ្យនំប៉័ងមកវ៉ាលេនទីណា ប៉ុន្តែនាងបានបដិសេធមិនទទួលទេ។ ម៉ាយ៉ាបានទទូច ទាំងយំ។ ដូច្នេះ វ៉ាលេនទីណាក៏បានបែងចែកនំប៉័ងជាពីរចំណែក មួយចំណែកសម្រាប់នាង និងមួយចំណែកទៀតសម្រាប់ម៉ាយ៉ា។
វ៉ាលេនទីណានិងស្វាមីរបស់នាងសប្បាយចិត្តណាស់ដោយសារខានបានញ៉ាំនំប៉័ងអស់រយៈពេល៦ខែមកហើយ។ នាងស្រមៃចង់ញ៉ាំវាជាមួយនឹងសម្លការីយូរហើយ។
ខណៈដែលដើរត្រឡប់មកផ្ទះវិញ ពួកគេបានជួបស្ត្រីចំណាស់ស្គមស្គាំងកំពុងសុំទានអាហារ ដោយនិយាយថានាងកំពុងស្រេកឃ្លាននឹងស្លាប់ហើយ។ វ៉ាលេនទីណានឹកចាំអំពីសេចក្តីអំណរដែលម៉ាយ៉ាមានពេលដែលម៉ាយ៉ាបានចែករំលែកនំប៉័ងនាង។ តើពួកគេមានសេចក្តីក្លាហាននឹងចែករំលែកបន្តក្នុងស្ថានភាពដ៏លំបាកនេះទេ?
វ៉ាលេនទីណាបានចែកនំប៉័ងមួយកំណាត់ដែលមាននៅក្នុងកាបូបឲ្យទៅគាត់ ហើយស្ត្រីចំណាស់ក៏បានទទួលយកដោយទឹកភ្នែកនៃក្តីអំណរ។
វ៉ាលេនទីណានិងផាវែលបានបន្តដំណើរទៅផ្ទះរបស់ពួកគេដោយក្តីអំណរនិងញញឹមនៅលើផ្ទៃមុខរបស់ពួកគេ។ ពួកគេសប្បាយចិត្តណាស់ដែលអាចផ្តល់នំប៉័ងដ៏វិសេសដល់ស្ត្រីចំណាស់រូបនោះ។ ជួនកាលការយកព្រះទុកជាទីមួយពាក់ព័ន្ធនឹងការចែករំលែកអ្វីដែលយើងមានដល់អ្នកដទៃ បើទោះបីជាកំពុងជួបនឹងការខ្វះខាតក្តី។
ប៉ាស្ទ័រផាវែលនិងវ៉ាលេនទីណាបានយកព្រះទុកជាទីមួយ បើទោះបីជាត្រូវលះបង់ក្តី។ សព្វថ្ងៃនេះសេចក្តីក្លាហានរបស់ពួកគេក៏បណ្តាលចិត្តយើងរាល់គ្នាដែរ។ ព្រះយេស៊ូវបានលះបង់អ្វីៗគ្រប់យ៉ាងដើម្បីប្រោសលោះយើង ហើយសេចក្តីស្រឡាញ់របស់ទ្រង់ក៏ជំរុញយើងឲ្យយកនគររបស់ទ្រង់ទុកជាទី១ក្នុងជីវិតផ្ទាល់របស់យើងដែរ។ ខណៈដែលអ្នកជំនួយការប្រមូលប្រាក់ដង្វាយ១០ហូត១ និងសទ្ធា យើងក៏ត្រូវបានលើកទឹកចិត្តឲ្យយកព្រះទុកជាទី១ដែរ។