តើស្តេចអ័ហាសបានប្រឈមនឹងវិបត្តិអ្វីខ្លះនៅពេលដែលទ្រង់ឡើងសោយរាជ្យ? សម្រាប់ចម្លើយ សូមអានពង្សាវតារក្សត្រទី២ ១៥៖៣៧, ៣៨; ពង្សាវតារក្សត្រទី២ ១៦៖៥, ៦; អេសាយ ៧៖ ១, ២។
---------------------------------------------------------------------------------------
នគរអ៊ីស្រាអែលភាគខាងជើង (ដែលមានឈ្មោះថាអេប្រាអិម) និងនគរស៊ីរី (ដែលមានឈ្មោះ ថាអារ៉ាម) បានប្រយុទ្ធប្រឆាំងនឹងស្រុកយូដាដែលជាប្រទេសតូចជាងស្ថិតនៅភាគខាងត្បូង ។ ឯស្រុក យូដាក៏បានខ្សោយដៃពីការវាយប្រហាររបស់ជនជាតិអេដំ និងពួកភីលីស្ទីនទៅហើយ។ កាលពីមុនស្រុកយូដាបានធ្វើសង្រ្គាមជាមួយនឹងប្រទេសអ៊ីស្រាអែលដែរ។ តែឥឡូវនេះ ដោយសារប្រទេសអ៊ីស្រាអែលបានចូលដៃជាមួយប្រទេសស៊ីរី នោះស្រុកយូដានឹងជួបគ្រោះធ្ងន់ហើយ។ អ្នកជំនាញខាងព្រះគម្ពីរបានអះអាងថា ប្រទេសអ៊ីស្រាអែល និងប្រទេសស៊ីរីមានបំណងចង់បង្ខំពួកយូដា ឲ្យរួមដៃជាមួយខ្លួនដើម្បីច្បាំង នឹងស្តេចអាសស៊ើរដែលជានគរខ្លាំងពូកែ។ ស្តេចស្រុកអាសស៊ើរមានព្រះនាមថា ទីកឡាត-ពីលេស៊ើរ ទីបី (ឈ្មោះថា «ពូល» នៅក្នុងពង្សាវតារក្សត្រទី២ ១៥៖១៩)។ នគររបស់ទ្រង់មានការរីកចម្រើនណាស់។ ឥទ្ធិពលរបស់សេ្តចអង្គនេះ គឺជាការគំរាមកំហែងទៅដល់ប្រទេសស៊ីរី និងអ៊ីស្រាអែល។ ដូច្នេះហើយបានជា ប្រទេសអ៊ីស្រាអែល និងប្រទេសស៊ីរី បោះបង់ចោលនូវការមិនចុះសម្រុងគ្នា និងសង្រ្គាមដែលអូសបន្លាយមកជាច្រើនឆ្នាំ ហើយបែរជាមករួមដៃគ្នាដើម្បីទប់ស្គាត់វិបត្តិដែលនៅចំពោះមុខវិញ។ ប្រសិនបើពួកគេអាចវាយដណ្តើមបានស្រុកយូដា នឹងតែងតាំងស្តេចល្ងីល្ងើមួយអង្គអោយគង់នៅទីនោះ ពួកគេអាចប្រើប្រាស់នូវធនធាន កម្លាំងពលកម្មគ្រប់បែបយ៉ាងរបស់ប្រទេសនេះបាន (អេសាយ ៧៖៥, ៦)។
តើអ្វីទៅជាដំណោះស្រាយរបស់ស្តេចអ័ហាស នៅពេលដែលជីវិតរបស់ទ្រង់ឃើញតែភាពបរាជ័យនោះ? សម្រាប់ចម្លើយរបស់អ្នកសូមអានពង្សាវតារក្សត្រទី២ ១៦៖៧-៩ និងរបាក្សត្រទី២ ២៨៖១៦។
---------------------------------------------------------------------------------------
អ័ហាសមិនបានទទួលស្គាល់ព្រះ ជាមិត្តសម្លាញ់តែមួយគត់ដែលអាចជួយសង្គ្រោះប្រទេស របស់ទ្រង់បាននោះទេ។ តែផ្ទុយទៅវិញ ស្តេចអ័ហាសបានចងសម្ព័ន្ធមិត្តគ្នាជាមួយទីកឡាតពីលេស៊ើរ ទី៣ដែលជាគូសត្រូវរបស់ប្រទេសដែលចង់ឈ្លានពានទ្រង់។ ដូច្នេះ ទីកឡាត-ពីលេស៊ើរ រីករាយក្នុងការជួយស្រុកយូដាប្រយុទ្ធប្រឆាំងនឹងប្រទេសស៊ីរី និងអ៊ីស្រាអែល។ ស្តេចអ័ហាសក៏បានផ្ដល់សំណូក ឬអំណោយជាលុយកាក់ជាច្រើនដល់ទីកឡាត-ពីលេស៊ើរផងដែរ។ ដែលប្រការនេះបានធ្វើអោយទីកឡាត-ពីលេស៊ើរមានលេសដ៏ល្អដើម្បីកាន់កាប់ប្រទេសស៊ីរីដែលខ្លួនចង់បានបំផុត (ពង្សាវតារក្សត្រទី២ ១៦៖ ៩)។ ចំណងមិត្តភាពរវាងប្រទេសស៊ីរី និងអ៊ីស្រាអែលក៏បានបែកបាក់ទៅ។ មើលទៅដូចជាស្តេចអ័ហាសបានជួយសង្គ្រោះដល់ស្រុកយូដាអ៊ីចឹង។
យើងមិនគួរភ្ញាក់ផ្អើលចំពោះអ្វីដែលសេ្តចអ័ហាសបានធ្វើនៅទីនេះទេ។ ទ្រង់ជាស្តេចគ្រងរាជ្យ មួយអង្គដែលអាក្រក់បំផុតនៅលើទឹកដីរបស់យូដា។ (សូមអានពង្សាវតារក្សត្រទី២ ១៦៖៣, ៤; របាក្សត្រ ទី២ ២៨៖២-៤)។
នៅពេលដែលយើងអានអំពីសាច់រឿងរបស់ស្តេចអ័ហាស យើងអាចយល់ពីមូលហេតុដែលទ្រង់ដោះស្រាយបញ្ហាប្រទេស។ តើមានមេរៀនអ្វីដែលយើងម្នាក់ៗរៀនសូត្រដែរឬទេ? ឥឡូវនេះ ប្រសិនបើយើងមិនប្រតិបត្តិតាមព្រះនោះ តើមានហេតុផលអ្វីដែលធ្វើអោយយើងគិតថាយើងនឹងមានជំនឿទុកចិត្តលើទ្រង់នៅពេលមានគ្រោះអាសន្នកើតឡើងនោះ? (សូមអានយ៉ាកុប ២៖២២ និងយេរេមា ១២៖៥)។
ថ្ងៃច័ន្ទ ទី១១ ខែមករា ឆ្នាំ២០២១
អេសាយបានចូលទៅគាល់ស្ដេច
នៅពេលដែលស្តេចអ័ហាស ទ្រង់រៀបផែនការដើម្បីជួយសង្គ្រោះស្រុកយូដា ព្រះទ្រង់បានជ្រាបនូវរឿងខ្លះដែលស្តេចអ័ហាសមិនបាននឹកដល់។ រឿងចម្បងទីមួយគឺថា ព្រះទ្រង់ជាអ្នកបណ្តាលអោយគ្រោះនេះកើតឡើង។ ហេតុអ្វីទៅ? ពីព្រោះទ្រង់ចង់ជួយអោយស្តេចអ័ហាសបានស្គាល់នូវកំហុសរបស់ខ្លួន ហើយបែរមករកទ្រង់វិញ (របាក្សត្រទី២ ២៨៖៥, ១៩)។ ម្យ៉ាងវិញទៀត ព្រះទ្រង់ជ្រាបថា ប្រសិនបើស្តេចអ័ហាស ព្រមទទួលយកជំនួយពីស្រុកអាសស៊ើរ នោះវានឹងក្លាយជាគ្រោះមហន្តរាយដ៏ធំមួយ។ ពេលនោះ ស្រុកយូដានឹងស្ថិតនៅជាចំណុះអោយបរទេស។ ស្រុកយូដានឹងមិនបានគង់វង្សយូរអង្វែងទៀតឡើយ។ ដូច្នេះហើយ បានជាព្រះជាម្ចាស់បញ្ជូនហោរាអេសាយអោយបានទៅចួលគាល់ស្តេចដែលទ្រង់កំពុងតែយាងទៅពិនិត្យប្រព័ន្ធទឹករបស់ទីក្រុង។ ព័ន្ធកិច្ចរបស់ហោរាអេសាយគឺធ្វើយ៉ាងណាបញ្ចុះបញ្ចូលស្តេចកុំអោយទាក់ទងនឹងមេដឹកនាំអាសស៊ើរ។
តើហេតុអ្វីបានជាព្រះអម្ចាស់ត្រាស់បង្គាប់អោយហោរាអេសាយនាំកូនប្រុសរបស់គាត់ឈ្មោះសៀរយ៉ាស៊ូបទៅជាមួយ (អេសាយ ៧៖៣)?
---------------------------------------------------------------------------------------
ជាការពិតណាស់ ស្តេចអ័ហាសប្រាកដជាភ្ញាក់ផ្អើល នៅពេលដែលហោរាអេសាយមកសួរសុខទុក្ខទ្រង់ដោយផ្ទាល់ ព្រមទាំងបានណែនាំកូនប្រុសរបស់ខ្លួនដែលឈ្មោះរបស់វាមានន័យថា «រាស្ត្រ សំរាំងមួយក្រុមនឹងត្រឡប់មកវិញ»។ រាស្រ្តសំរាំង ឬរាស្ត្រសំណល់គឺជាក្រុមតូចមួយដែលត្រូវបានដកចេញពីក្រុមធំ។ ឈ្មោះរបស់ក្មេងប្រុសនេះ នឹងផុសឡើងនូវសំណួរជាច្រើននៅក្នុងព្រះតម្រិះរបស់ ស្តេច។ តើនរណាជារាស្ត្រសំណល់នេះ? តើពួកគេនឹងត្រឡប់មកពីណា? ឪពុករបស់ក្មេងប្រុសនេះគឺជាហោរារបស់ព្រះ។ ដូច្នេះ ប្រហែលជាឈ្មោះរបស់ក្មេងប្រុសនេះ គឺជាសេចក្តីព្រមានមកពីព្រះជាម្ចាស់ដែលថាជនជាតិយូដានឹងក្លាយទៅជាទាសករគេ។ ឬប្រហែលជាឈ្មោះរបស់ក្មេងប្រុសនេះចង់បង្ហាញថា រាស្ត្ររបស់ព្រះត្រូវតែត្រឡប់មករកទ្រង់វិញ។ (កិរិយាស័ព្ទ «ត្រឡប់មកវិញ» ក៏អាចមានន័យថាបែរមករកព្រះវិញដែរ) ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅកាន់ស្តេចអ័ហាសគឺបានស្តែងចេញតាមរយៈឈ្មោះ សៀរ-យ៉ាស៊ូបដែលមានអត្ថន័យទៅតាមអ្វីដែលអ្នកចង់បានគឺថា៖ ចូរបែរចេញពីអំពើបាបរបស់អ្នករាល់គ្នា ភ្លាមទៅ ពុំនោះទេ សត្រូវរបស់អ្នករាល់គ្នានឹងដឹកនាំអ្នកទៅជាឈ្លើយនៅស្រុករបស់គេអស់ហើយ។ បន្ទាប់មក នឹងមានសាសន៍យូដាមួយក្រុមតូចប៉ុណ្ណោះដែលនឹងបានវិលត្រឡប់មកស្រុកយូដាវិញ។ ជម្រើសគឺស្ថិតលើអ្នក។
តើព្រះបន្ទូលរបស់ព្រះជាម្ចាស់បានឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ស្តេចអង្គនេះប៉ុនណាដែរ? សម្រាប់ចម្លើយសូមអានអេសាយ ៧៖៤-៩។
---------------------------------------------------------------------------------------
គ្រោះមហន្តរាយពីប្រទេសស៊ីរី និងអ៊ីស្រាអែលនឹងកន្លងផុតទៅ។ អំណាចទាំងឡាយដែលមើលទៅដូចជាភ្នំភ្លើងដ៏សម្បើម និងគួរឱ្យរន្ធត់ចំពោះសេ្តចអ័ហាសនោះវាមិនមែនជាអ្វីនៅក្នុងព្រះនេត្ររបស់ព្រះសោះឡើយ។ វាប្រៀបដូចជា «អង្កត់អុសពីរដុំ» តែប៉ុណ្ណោះ (អេសាយ ៧៖៤)។ ស្តេចអ័ហាស មិនចាំបាច់សុំជំនួយពីស្រុកអាសស៊ើរនោះទេ។ ប៉ុន្តែប្រសិនបើទ្រង់ចង់ធ្វើការសម្រេចចិត្តអោយបានត្រឹមត្រូវនោះ ទ្រង់ត្រូវតែទុកចិត្តដល់ព្រះ ព្រមទាំងពឹងអាងលើសេចក្តីសន្យារបស់ទ្រង់វិញ នោះទ្រង់នឹងបាន«ឈរ»យ៉ាងរឹងមាំ (អេសាយ ៧៖៩) ។ ពាក្យ «ជឿ» និង «ឈរ» ចេញមកពីពាក្យហេព្រើរដូចគ្នានឹងពាក្យ «សេចក្តីពិត» និង «អាម៉ែន» ។ នៅពេលដែលយើងនិយាយថា «អាម៉ែន» យើងកំពុងនិយាយថាយើងទុកចិត្តលើព្រះហើយ។ ដូច្នេះ ស្តេចអ័ហាសត្រូវតែទុកចិត្តលើព្រះ យ៉ាងនោះទ្រង់នឹងបានឈររឹងមាំឡើង។
ថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១
ឱកាសម្តងទៀត
ស្តេចអ័ហាសបានបដិសេធនូវការត្រាស់ហៅរបស់ហោរាអេសាយដែលបានសូមអំពាវនាវអោយទ្រង់ទុកចិត្តលើព្រះ។ យ៉ាងណាមិញ ព្រះជាម្ចាស់មានពោរពេញទៅដោយសេចក្តីមេត្តាករុណា ទ្រង់ក៏ប្រទានឱកាសអោយស្តេចអ័ហាសម្តងទៀត។ ព្រះអង្គបានត្រាស់បង្គាប់អោយសេ្តចអ័ហាសទូលសូមទ្រង់នូវទីសំគាល់មួយដ៏អស្ចារ្យ។ «ទោះបើនៅក្នុងទីជំរៅ ឬនៅទីខ្ពស់ខាងលើក្តី» (អេសាយ ៧៖១១)។ នេះគឺជាសំណើដ៏ធំមហិមាហួសពីការស្មានដែលព្រះបានប្រទានមកដល់មនុស្សលោក។ ព្រះជាម្ចាស់មិនបានដាក់ដែនកំណត់លើទីសំគាល់នោះទេ។ ព្រះអង្គក៏មិនបានកំណត់នូវអំណោយទានរបស់ទ្រង់អោយបានត្រឹមតែពាក់ កណ្តាលនៃព្រះរាជនគររបស់ទ្រង់ ដូចជាស្តេចផែនដីបានកំណត់នៅក្នុងសម័យព្រះគម្ពីរនោះទេ។ នោះជាសម្បត្តិដ៏មហាសាលដែលស្តេចផែនដីធ្លាប់បានប្រទានអោយ (សូមអានអេសធើរ ៥៖៦; អេសធើរ ៧៖២ និងម៉ាកុស ៦៖២៣)។ ព្រះអង្គបានត្រៀមអង្គទ្រង់រួចជាស្រេច ដើម្បីបើកឃ្លាំងផ្ទៃមេឃ និងផែនដីទាំងមូល សម្រាប់ស្តេចដែលល្ងីល្ងើមួយអង្គនេះអោយតែសេ្តចអង្គនេះព្រមទទួលជឿទ្រង់។ នៅក្នុងទីសំគាល់ដ៏អស្ចារ្យ នោះទៀតសោត សេ្តចអ័ហាសអាចសុំអោយព្រះបានប្រទាននូវមាសពេជ្រដល់ទ្រង់យ៉ាងច្រើនសន្ធឹកសន្ធាប់ ឬទ្រង់អាចស្នើសុំអោយមានពលទាហានសល់សែន ដូចជាគ្រាប់ខ្សាច់នៅសមុទ្រមេឌីទែរ៉ាណេក៏បានដែរ។
ហេតុអ្វីបានជាស្តេចអ័ហាសឆ្លើយតបដោយរបៀបនេះ? សម្រាប់ចម្លើយសូមអានគម្ពីរអេសាយ៧៖១២។
---------------------------------------------------------------------------------------
នៅពេលដែលយើងបានអានសាច់រឿងនេះដំបូង ចម្លើយរបស់ស្តេចអ័ហាសមើលទៅដូចជាបរិសុទ្ធ ហើយពេញដោយសេចក្តីគោរពចំពោះព្រះ។ អ័ហាសនឹងមិនល្បងព្រះ ដូចជាជនជាតិអ៊ីស្រាអែល កាលពីរាប់រយឆ្នាំមុននៅទីរហោស្ថានឡើយ (និក្ខមនំ ១៧៖២; ចោទិយកថា ៦៖១៦)។ តើមានអ្វីខុសគ្នា? ព្រះបានត្រាស់បង្គាប់អោយស្តេចអ័ហាសល្បងលទ្រង់ (ប្រៀបធៀបម៉ាឡាគី ៣៖១០)។ ព្រះអង្គមិនបានធ្វើ ដូច្នោះ ចំពោះជនជាតិអ៊ីស្រាអែលនៅទីរហោស្ថានទេ។ ដូច្នេះ ប្រសិនបើស្តេចអ័ហាសព្រមទទួលយកអំណោយទានដ៏អស្ចារ្យនេះ ព្រះនឹងសព្វព្រះហឫទ័យហើយ។ ការនេះនឹងមិនបានធ្វើអោយទ្រង់ព្រួយ ព្រះទ័យឡើយ។ ប៉ុន្តែ ស្តេចអ័ហាសមិនចង់អោយព្រះជួយទ្រង់អោយបានជឿទេ។ អ័ហាសបានបោះបង់ចោលសេចក្តីជំនឿចេញពីចិត្តរបស់ទ្រង់ហើយ។
សូមអានគម្ពីរអេសាយ ៧៖១៣។ តើលោកអេសាយកំពុងនិយាយអំពីអ្វីនៅក្នុងខនេះ?
---------------------------------------------------------------------------------------
លោកអេសាយបានទូលដល់ស្តេចអ័ហាសថា ព្រះអង្គកំពុងធ្វើអោយព្រះជាម្ចាស់នឿយណាយព្រះទ័យដោយព្រះអង្គបដិសេធមិនព្រមសាកល្បងទ្រង់សោះ។ អ្វីដែលអាក្រក់បំផុតនោះគឺថា លោកអេសាយបានពោលថាព្រះជាម្ចាស់ជា «ព្រះនៃខ្ញុំ» (អេសាយ ៧៖១៣) ប៉ុន្តែទ្រង់មិនមែនជាព្រះរបស់ស្តេចអ័ហាសនោះទេ។ នោះគឺមានការខុសគ្នាឆ្ងាយពីគម្ពីរអេសាយ ៧៖១១ ត្រឹមតែពីរខមុនប៉ុណ្ណោះ។ នៅក្នុងខ ១១ លោកអេសាយបានទូលសូមអោយព្រះរាជាស្នើសុំនូវទីសំគាល់ពីព្រះជាម្ចាស់ជា «ព្រះរបស់អ្នក»។ ហេតុអ្វីក៏មានការផ្លាស់ប្តូរ? នៅពេលដែលស្តេចអ័ហាសបានបដិសេធនូវការប្រោសប្រទានរបស់ព្រះ ស្តេចអង្គនេះក៏បានបដិសេធព្រះជាម្ចាស់ជាព្រះរបស់ខ្លួនដែរ។ នេះបង្ហាញថាព្រះជាម្ចាស់ជាព្រះរបស់លោកអេសាយហើយមិនមែនជាព្រះរបស់ស្តេចអ័ហាសនោះទេ។
តើការសិក្សាថ្ងៃនេះបង្រៀនយើងអ្វីខ្លះអំពីភាពអត់ធ្មត់របស់ព្រះជាមួយយើងម្នាក់ៗដោយទ្រង់មានព្រះហឫទ័យចង់នាំយើងរាល់គា្នទៅកាន់សេចក្តីសង្រ្គោះ? តើមេរៀននេះបានបង្រៀនយើងអំពីអ្វីខ្លះទៀតទាក់ទងនឹងភាពល្ងិតល្ងង់ និងចិត្តរឹងរួសរបស់មនុស្ស ពេលដែលពួកគេបានបដិសេធជាដាច់ខាតមិនចុះចូលនឹងព្រះជាម្ចាស់នោះ? ជាចុងក្រោយ បើទោះជាព្រះបានប្រទានអោយស្តេចអ័ហាសនូវទីសំគាល់ណាមួយដែលសេ្តចអង្គនេះត្រូវការក៏ដោយ តើអ្នកគិតថា ស្តេចអ័ហាសនិងព្រមទទួលជឿទ្រង់ទេ? ចូរធ្វើការពន្យល់នូវចម្លើយរបស់អ្នក។
ថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១
ទីសំគាល់នៃព្រះបុត្រាមួយអង្គ
ព្រះជាម្ចាស់ទ្រង់បានប្រទានទីសំគាល់មួយដល់ស្តេចអ័ហាស «ទោះបើនៅក្នុង ទីជំរៅ ឬនៅទីខ្ពស់ខាងលើក្តី» (អេសាយ ៧៖១១)។ ប៉ុន្តែស្តេចអ័ហាសមិនព្រមទទួលយកនូវការប្រោសប្រទានរបស់ទ្រង់ទេ។ ដូច្នេះ ព្រះក៏បានផ្តល់នូវទីសំគាល់មួយ (អេសាយ ៧៖១៤)។ យើងអាចដឹងថាទីសំគាល់នេះ ពិតជាអស្ចារ្យលើសពីអ្វីដែលយើងធ្លាប់គិតទៅទៀត (សូមប្រៀបធៀបអេសាយ ៥៥៖៩; កូរិនថូសទី១ ២៖៩)។ ទីសំគាល់នេះគឺជាព្រះរាជបុត្រាមួយអង្គ។ ប៉ុន្តែ តើស្ត្រីព្រហ្មចារីណាម្នាក់ដែលអាចប្រសូតកូនមកជាចម្បង ហើយអោយនាមថា «អេម៉ាញូអែល» ព្រមទំាងបានកា្លយជាទីសំគាល់ដ៏ធំនោះ?
តើស្ត្រីនោះជានរណា? តើអ្នកណាជាកូនរបស់នាងទៅ?
---------------------------------------------------------------------------------------
ព្រះគម្ពីរមិនបានចែងថាទីសំគាល់ ឬសេចក្តីសន្យានេះធ្លាប់កើតឡើងនៅសម័យសញ្ញាចាស់នោះទេ។ ទីសំគាល់ផ្សេងទៀតដែលព្រះបានប្រទាននៅក្នុងគម្ពីរសញ្ញាចាស់បានកើតឡើងពិតនៅក្នុងគ្រាសញ្ញាចាស់រួចហើយ។ ឧទាហរណ៍ដូចជាសញ្ញាដែលលោកគេឌានស្នើសុំ (ពួកចៅហ្វាយ ៦៖៣៦-៤០)។ ដូច្នេះចូរយើងពិចារណាមើលទាំងអស់គា្ន ថាតើពេលណាមួយដែលសេចក្តីសន្យានេះបានកើតឡើងនៅសម័យសញ្ញាចាស់៖ ១. ពាក្យថា «ស្ត្រីវ័យក្មេង» នៅក្នុងគម្ពីរសញ្ញាចាស់មានន័យថា ស្ត្រីក្រមុំម្នាក់ដែលមានអាយុគ្រប់ការ។ ដូច្នេះហើយ បានជាវិភាគព្រះគម្ពីរជាច្រើនបានជឿថា ស្ត្រីវ័យក្មេងនេះគឺជាស្ត្រីដែលបានរៀបការហើយរស់នៅក្នុងក្រុងយេរូសាឡិម។ ប្រហែលជានាងជាភរិយារបស់ហោរាអេសាយក៏អាចថាបាន ព្រោះនាងត្រូវបានគេដាក់ឈ្មោះអោយថាជា «ហោរាស្រី។ ប៉ុន្តែ កូនប្រុសរបស់នាងមានឈ្មោះថា ម៉ាហៀ - សាឡាល - ហាស - បាស (អេសាយ ៨៖១-៤) មិនមែនជាអេម៉ាញូអែលទេ។ ២. អ្នកវិភាគ ព្រះគម្ពីរមួយចំនួនជឿថា អេម៉ាញូអែល គឺជាស្តេចហេសេគា បុត្រារបស់ស្តេចអ័ហាស។ ស្តេចហេសេគា បានឡើងសោយរាជ្យបន្ទាប់ពីស្តេចអ័ហាស ប៉ុន្តែ ព្រះគម្ពីរមិនដែលប្រើឈ្មោះអេម៉ាញូអែលដាក់អោយស្តេចហេសេគាឡើយ។ ៣. អេម៉ាញូអែលគឺជាឈ្មោះមួយដ៏អាថ៌កំបាំង។ ឈ្មោះរបស់ទ្រង់មានន័យថា «ព្រះគង់នៅជាមួយយើង» ឈ្មោះនេះចង់បង្ហាញយើងថាព្រះនឹងគង់នៅជា មួយនឹងរាស្ត្ររបស់ទ្រង់។ ដូច្នេះនេះពិតជាបានបង្ហាញយើងអោយឃើញថា អេម៉ាញូអែលអាចជាបុគ្គល ដូចគ្នានឹងព្រះរាជបុត្រាពិសេសដែល បានលើកឡើងនៅក្នុងគម្ពីរអេសាយ៩ និង ១១។ បើដូច្នោះមែន អ្វីដែលលោកអេសាយបានចែងអំពី ទ្រង់នៅក្នុងគម្ពីរអេសាយ ១១៖១០ គឺលើសពីអ្វីដែលព្រះគម្ពីរបាន ចែងស្តីអំពីស្តេចហេសេគា។ ៤. ស្ត្រី ដែលមិនទាន់រៀបការដែលជ្រើសរើសយកកូនក្រៅអាពាហ៍ពិពាហ៍ពិតជាមានបាបហើយ (ចោទិយកថា ២២៖២០, ២១)។ តើនាងអាចធ្វើជាទីសំគាល់មួយ ដើម្បីបំពេញសេចក្តីជំនឿរបស់មនុស្សយ៉ាងដូចម្តេចទៅ? ព្រះគម្ពីរសញ្ញាថ្មីបានសម្តែងប្រាប់យើងថា ព្រះយេស៊ូវគឺជាអេម៉ាញូអែល (ម៉ាថាយ ១៖២១ ,២៣)។ កំណើតរបស់ទ្រង់គឺជាទីសំគាល់ដ៏អស្ចារ្យមួយ។ ម្ដាយរបស់ទ្រង់មានគ្រប់ទាំងលក្ខណៈដែលអេសាយបានសំដែង។ ប្រហែលជាមានបុគ្គលពិតប្រាកដណាម្នាក់ឈ្មោះ អេម៉ាញូអែល បានរស់នៅក្នុងជំនាន់ ស្តេចអ័ហាស ដែលលោកពិតជាមាននិមិត្តរូបនៃព្រះអង្គសង្រ្គោះនាពេលអនាគតទេដឹង។ យើងពិតជាមិនដឹងទេ។ ប៉ុន្តែ អ្វីដែលយើងដឹងគឺថា «តែលុះវេលាកំណត់បានមកដល់ នោះព្រះទ្រង់បានចាត់ព្រះរាជបុត្រា ទ្រង់ឲ្យមកចាប់កំណើតនឹងស្ត្រី» (កាឡាទី ៤៖៤)។ នេះគឺពិតជាព្រះយេស៊ូវ ឬព្រះគង់ជាមួយយើង។
ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១
ព្រះគង់នៅជាមួយយើង
ឈ្មោះថា អេម៉ាញូអែលមានអត្ថន័យពិសេសដូចជាឈ្មោះរបស់កូនៗហោរាអេសាយដែរ (សៀរ-យាស៊ុប មានន័យថា រាស្ត្រសំណល់ និងត្រឡប់មកវិញ រីឯឈ្មោះ ម៉ាហាស-សាឡាល-ហាស-បាសមានន័យថា មិនយូរប៉ុន្មានក្រុងដាម៉ាស និងស្រុកសាម៉ារីនឹងត្រូវប្លន់ដណ្តើមដោយស្តេចស្រុកអាស៊ើរី។ ឈ្មោះថា អេម៉ាញូអែល បកប្រែតាមន័យត្រង់ថា «ព្រះអង្គគង់ជាមួយយើង »។ តែការបកប្រែដែលមានការទទួលស្គាល់ភាគច្រើនបានសរសេរថា «ព្រះគង់ជាមួយយើង»។ ពាក្យទាំងនេះមានការបាត់បង់នូវផ្នែកសំខាន់ខ្លះ។ ឈ្មោះរបស់ភាសាហេព្រើរមួយចំនួនក៏មានលក្ខណៈដូចគ្នានិងឈ្មោះនេះដែរ វាមានការបាត់បង់ នូវកិរិយាសព្ទ «គឺ ជា នៅ» ដែលកិរិយាសព្ទនេះចាំបាច់ត្រូវតែរាប់បញ្ចូល បើទោះជាវាមិនបានអនុវត្តនោះក្នុងភាសាហេព្រើរក៏ដោយ។ ដូច្នេះ ឈ្មោះអេម៉ាញូអែលត្រូវតែសរសេរថា «ព្រះគង់នៅជាមួយ យើង» (ប្រៀបធៀបពាក្យដដែលនៅក្នុងគម្ពីរអេសាយ ៨៖១០)។ ដូចគ្នានេះដែរភាសាក្រិកនៃឈ្មោះ «យេស៊ូវ» បង្រួមមកអោយខ្លីក្នុងភាសាហេព្រើរគឺ «យ៉ូស្វេ» ដែលមានន័យថា «ព្រះជាម្ចាស់គឺជាព្រះអង្គ ដែលជួយសង្គ្រោះខ្ញុំ» ។ ដូច្នេះហើយម្តងនេះ យើងចាំបាច់ត្រូវបន្ថែមកិរិយាស័ព្ទសាជាថ្មី (ប្រៀបធៀបឈ្មោះរបស់អេសាយដែលមានន័យថា «ផែនការជួយសង្រ្គោះរបស់ព្រះ» ប៉ុន្តែឈ្មោះ «អេម៉ាញូអែល» មិនមែនគ្រាន់តែជាទស្សនៈមួយប៉ុណ្ណោះទេ។ វាក៏ជាសេចក្តីសន្យាដែលកើតឡើងនៅពេលនេះដែរ៖ «ព្រះគង់នៅជាមួយយើង»។
ព្រះជាម្ចាស់គង់នៅជាមួយយើង។ តើសេចក្តីសន្យានេះមានន័យដូចម្តេច?
---------------------------------------------------------------------------------------
នេះគឺជាសារនៃសេចក្តីកំសាន្តចិត្តដ៏មានឥទ្ធិពលបំផុតដែលព្រះបានប្រទានដល់យើងរាល់គ្នា។ ព្រះជាម្ចាស់មិនបានសន្យាថា យើងនឹងលែងរងទុក្ខលំបាកទៀតហើយនោះទេ។ ប៉ុន្តែទ្រង់បានសន្យាថា ព្រះអង្គនឹងគង់នៅជាមួយយើងនៅគ្រាមានទុក្ខលំបាក។ អ្នកនិពន្ធទំនុកដំកើងបានពោលឡើងថា៖ «អើ ទោះបើទូលបង្គំដើរកាត់ច្រកភ្នំនៃម្លប់សេចក្តីស្លាប់ក៏ដោយគង់តែមិនខ្លាចសេចក្តីអាក្រក់ណាឡើយដ្បិតទ្រង់គង់នៅជាមួយនឹងទូលបង្គំ» (ទំនុកដំកើង ២៣៖៤ )។
តើព្រះជាម្ចាស់គង់នៅឯណា នៅពេលដែលពួកបាប៊ីឡូន បានបោះមិត្ដសម្លាញ់ទាំងបីរបស់ដានីយ៉ែលទៅក្នុងភ្លើង? ទ្រង់ពិតជាបានគង់នៅជាមួយពួកគេ (ដានីយ៉ែល ៣៖២៣-២៥)។ តើព្រះ ជាម្ចាស់គង់នៅឯណា នៅពេលដែលយ៉ាកុបប្រយុទ្ធជាមួយមនុស្សចម្លែកអស់ពេញមួយយប់នោះ? ទ្រង់បានគង់នៅជិតបង្កើយនឹងយ៉ាកុប គឺនៅជិតបំផុតលើសពីអ្វីដែលគាត់ស្មានដល់ (លោកុប្បត្ដិ ៣២៖២៤-៣០)។
---------------------------------------------------------------------------------------
«នៅពេលដែលព្រះជាម្ចាស់ទ្រង់យាងមកជួយយើង ទ្រង់មិនយាងមកក្នុងរូបកាយដែលយើងមើលឃើញនោះទេ ប៉ុន្តែទ្រង់បានគង់នៅទីនោះជឿជាក់លើរាស្រ្តរបស់ទ្រង់។ ទ្រង់នឹងរួមសុខរូមទុក្ខជាមួយពួកគេ។ តើព្រះជាម្ចាស់គង់នៅទីណានៅពេលដែលហ្វូងមនុស្សខឹងសម្បានឹងស្ទេផាន? ទ្រង់កំពុង ‘ឈរនៅខាងស្តាំព្រះហស្តនៃព្រះ’ (កិច្ចការ ៧៖៥៥)។ ប៉ុន្តែ នៅពេលដែលព្រះយេស៊ូវបានយាងឡើងទៅស្ថានសួគ៌វិញ ក្រោយពីទ្រង់មានព្រះជន្មរស់ពីសុគតឡើងវិញ ទ្រង់បាន ‘គង់នៅខាងស្តាំព្រះហស្តនៃព្រះ’ (ហេព្រើរ ១៖៣)។ ហេតុអ្វីបានជាព្រះយេស៊ូវទ្រង់ឈរមើលដូច្នោះ នៅពេលដែលលោកស្ទេផានកំពុងជួបបញ្ហា ហើយជិតត្រូវគេសម្លាប់នឹងថ្មនោះ? ពីព្រោះព្រះយេស៊ូវនៅមិនទាន់គង់ចុះនៅឡើយ»។ ដកស្រង់ចេញពី Roy Gane, God’s Faulty Heroes (Hagerstown, Md.: Review and Herald Pub. Assn., 1996), p. 66។
ថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១
សិក្សាបន្ថែម
«នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១ ហើយនឹងឲ្យព្រះនាមថា អេម៉ាញូអែល» (អេសាយ ៧៖១៤)។ ទ្រង់បានបំភ្លឺមកក្នុងចិត្តយើងខ្ញុំឲ្យយើងខ្ញុំមានរស្មីពន្លឺនៃដំណើរស្គាល់សិរីល្អរបស់ព្រះដែលនៅព្រះភក្ត្រនៃព្រះយេស៊ូវគ្រីស្ទ (កូរិនថូសទី២ ៤៖៦)។ កាលពីបំផុតកល្ប ព្រះអម្ចាស់យេស៊ូវគ្រីស្ទគង់នៅជាមួយនឹងព្រះវរបិតាតាំងពីអនន្តកាល។ ទ្រង់គឺជារូបអង្គនៃព្រះដ៏ខ្ពស់បំផុត ពោលគឺទ្រង់ជារូបអង្គនៃឥទ្ធិរិទ្ធ និងតេជានុភាពដ៏អស្ចារ្យរបស់ព្រះ ព្រមទាំងជាដួងរស្មីនៃសិរីរុងរឿងរបស់ទ្រង់ផងដែរ។ ព្រះយេស៊ូវ គ្រីស្ទទ្រង់បានយាងមកដើម្បីនឹងសម្តែងអោយមនុស្សលោកបានឃើញព្រះចេស្ដានិងសិរីល្អរបស់ព្រះ។ ព្រះអង្គបានយាងមកផែនដីនេះក្នុងគ្រាដែលពិភពលោកនេះពេញដោយសេចក្តីងងឹតគ្របបាំងទៅដោយអំពើបាប។ ទ្រង់បានយាងមកដើម្បីបង្ហាញអោយយើងបានឃើញនូវពន្លឺនៃសេចក្តីស្រឡាញ់របស់ព្រះវរបិតាដែលទ្រង់ជាព្រះគង់នៅជាមួយយើង› ។ ហេតុនេះហើយបានជាហោរាអេសាយបានទាយថា ទ្រង់នឹងត្រូវបានគេហៅថា ‘អេម៉ាញូអែល’ [អេសាយ ៧៖១៤]»។ ដកស្រង់ចេញពីសៀវភៅ Ellen G. White, The Desire of Ages, p. 19។
«ប្រសិនបើ ស្តេចអ័ហាស ព្រមទទួលយកសារពីស្ថានសួគ៌ នោះគ្រប់យ៉ាងប្រាកដជាបានប្រសើរឡើងសំរាប់ស្រុកយូដាជាមិនខាន។ ប៉ុន្តែផ្ទុយទៅវិញ ស្តេចអង្គនេះបានជ្រើសរើសទុកចិត្តលើជំនួយរបស់មនុស្សដែលជាអ្នកគោរពបូជាព្រះមិនពិតវិញ។ ស្តេចអ័ហាសបានបាត់បង់ក្តីសង្ឃឹមទាំងស្រុងដែលជាហេតុបណ្តាលឱ្យទ្រង់ប្រព្រឹត្តនូវអំពើដែលល្ងង់ខ្លៅ។ ស្តេចអង្គនេះបានផ្ញើសារទៅ ទីកាឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរថា៖ ‘ទូលបង្គំនេះជាអ្នកបំរើ ហើយជាបុត្ររបស់ទ្រង់ ហេតុនេះសូមទ្រង់ឡើងមកជួយទូលបង្គំឲ្យរួចពីកណ្តាប់ដៃនៃស្តេចស៊ីរី និងស្តេចអ៊ីស្រាអែលដែលគេបានលើកគ្នាមកទាស់នឹងទូលបង្គំផង’ [ពង្សាវតារក្សត្រទី២ ១៦៖ ៧]។ ស្តេចអ័ហាសក៏បានប្រទានអំណោយដ៏ថ្លៃថ្លាចេញពីឃ្លាំងទ្រង់ និងពីក្នុងព្រះវិហាររបស់ព្រះជាម្ចាស់ថ្វាយទៅស្តេចនៃស្រុកអាសស៊ើរផងដែរ»។ ដកស្រង់ពី Ellen G. White, Prophets and Kings, p. 329។
សំនួរពិភាក្សា៖
- ប្រសិនបើអ្នកត្រូវធ្វើការសំរេចចិត្តដ៏សំខាន់មួយ តើនៅពេលណាទើបជាពេលវេលាសមគួរដែលត្រូវសូមទីសំគាល់ពីព្រះ? តើការធ្វើបែបនេះមានគ្រោះថ្នាក់អ្វីខ្លះ?
- វាពិតជាការល្អដែលមានជំនួយពីមនុស្ស។ ប៉ុន្តែតើអ្នកយល់ថាជំនួយរបស់មនុស្សមានកំរិតយ៉ាងដូចម្តេច?
- អ្នកនិពន្ធជនជាតិរុស្ស៊ីម្នាក់ឈ្មោះ លីអូ តុលស្តយ បានសរសេរទៅកាន់មិត្តសម្លាញ់ម្នាក់ថា៖ «នៅពេលដែលបុរសម្នាក់យល់ថា អ្វីៗគ្រប់យ៉ាងបានបញ្ចប់ទៅដោយសេចក្តីស្លាប់ នោះគ្មានអ្វីដែលអាក្រក់ជាងជីវិត ឡើយ»។ តើអ្វីដែលយើងបានរៀនស្តីអំពី «ព្រះគង់នៅជាមួយយើង» បានឆ្លើយតបទៅនឹងលោកតុលស្តយយ៉ាងដូចម្តេច?
រឿងខ្លី
សៀវភៅក្រហមដែលអណ្តែតទឹក
តូរ៉ូនី គូម៉ាទ្រីបូរ៉ា មានចិត្ដរំភើបយ៉ាងក្រៃលែង នៅពេលដែលគាត់បានទទួលព្រះគម្ពីរមួយក្បាលដ៏ស្រស់ស្អាតមានក្របពណ៌ក្រហម នៅក្នុងភូមិរបស់គាត់ដ៏ឆ្ងាយដាច់ស្រយាលភាគអាគ្នេយ៍នៃប្រទេសបង់ក្លាដែស។ ព្រះគម្ពីរនេះជារង្វាន់លើកទឹកចិត្តសម្រាប់ការបញ្ចប់មេរៀនព្រះគម្ពីរជាច្រើនតាមរយៈអ៊ីមែល។ ប៉ុន្តែ តូរ៉ូនី ត្រូវតែមានការប្រុងប្រយ័ត្ន។ ឪពុករបស់គាត់ជាបូជាចារ្យសាសនា ប្រកាន់ទំនៀមទម្លាប់គ្រួសារដែលលោកនឹងមិនពេញចិត្តអោយកូនប្រុសរបស់លោកកាន់ព្រះគម្ពីរដែលបង្រៀន ពីព្រះនៃស្ថានសួគ៌ឡើយ។ ទោះជាយ៉ាងនេះក្តី តូរ៉ូនីមិនមានការព្រួយបារម្ភទេ។ គាត់បានសិក្សាមេរៀនព្រះគម្ពីរជារៀងរាល់យប់នៅពេលដែលឪពុកម្តាយរបស់គាត់បានសំរានលក់អស់។ គាត់ក៏មានបំណងអានព្រះគម្ពីរក្រហមនេះតែនៅពេលយប់ប៉ុណ្ណោះ។ ផែនការនេះហាក់ដូចជាដំណើរការល្អ។ តូរ៉ូនីតែងទៅឃ្វាលគោអោយឪពុករបស់គាត់នៅពេលថ្ងៃ ហើយក្រោយពីគាត់បានត្រឡប់មកដល់ផ្ទះវិញ រាល់ពេលយប់ គាត់តែងតែរង់ចាំរហូតដល់ឪពុកម្តាយរបស់គាត់បានសំរានលក់អស់ នោះគាត់ក៏ប្រញាប់ប្រញាល់បញ្ចាំងកូនពិលរបស់គាត់ដើម្បីអានអំពីព្រះ។ នៅយប់មួយនោះ ឪពុករបស់គាត់បានឃើញតូរ៉ូនីអានព្រះគម្ពីរ។ គាត់ពិតជាខឹងខ្លាំងណាស់។ នៅថ្ងៃបន្ទាប់ ក្រោយពីតូរ៉ូនីបានចេញទៅឃ្វាលគោបាត់ គាត់បានយកព្រះគម្ពីរក្រហមនោះបោះចោលទៅក្នុងទឹកភក់នៃទន្លេចេងហ្គី។ តូរ៉ូនីមានការសោកស្តាយយ៉ាងខ្លាំងនៅពេលដែលគាត់បានដឹងថាព្រះគម្ពីរក្រហមរបស់គាត់បានបាត់។ គាត់បានកាត់យល់យ៉ាងឆាប់រហ័សចំពោះអ្វីដែលបានកើតឡើង។ ប៉ុន្តែតើគាត់អាចធ្វើអ្វីបាន? គាត់ពិតជាគ្មានលទ្ធភាពទិញព្រះគម្ពីរមួយក្បាលទៀតទេ។ សាលារៀនមុនប្រហែលជាមិនអាចបញ្ជូនព្រះគម្ពីរអោយគាត់ជាលើកទី២ទេ។ ប៉ុន្តែ គាត់ចង់យល់ដឹងបន្ថែមទៀតអំពីព្រះ។ ជាយូរពេលក្រោយមក។ នៅរសៀលមួយ ខណៈពេលដែលតូរ៉ូនីកំពុងហែលទឹកលេងនៅក្នុងទន្លេចេងហ្គី នោះគាត់បានឃើញរបស់មួយអណ្តែតលើទឹក។ គាត់ក៏បានឃើញដបប្លាស្ទិច និងសំរាមផ្សេងៗឯទៀតដែលអណ្តែតក្នុងទន្លេនោះដែរ ប៉ុន្តែរបស់នេះមើលទៅខុសគេ។ គាត់ក៏បានហែលទៅមើលអោយកាន់តែជិត។ នៅពេលដែលគាត់ទៅដល់ភ្លាម គាត់ក៏បានស្រវាចាប់យកវត្ថុនោះ ហើយហែលយ៉ាងលឿនឆ្ពោះទៅកាន់ច្រាំងទន្លេ។ កាលបានឡើងលើច្រាំងទន្លេ ហើយគាត់ក៏បានលើករបស់នោះមកមើល ហើយស្រាប់តែឃើញថា វាជាព្រះគម្ពីរក្រហមដែលប្រឡាក់ជោកជាំដោយទឹក។ គាត់សឹងតែមិនជឿភ្នែករបស់គាត់ឡើយ។ វាជាព្រះគម្ពីររបស់គាត់ដែលបានបាត់ទៅ។ តូរូ៉នីបានហាលព្រះគម្ពីរនោះ នៅលើស្មៅក្រោមពន្លឺព្រះអាទិត្យដ៏ក្តៅហែងដើម្បីសម្ងួតវា។ គាត់ បានចំណាលពេលអស់១៤ថ្ងៃ ដើម្បីធ្វើអោយព្រះគម្ពីរនេះបានស្ងួតឡើងវិញ។ បន្ទាប់មកគាត់ក៏បានចាប់ផ្តើមអានវាម្តងទៀត។ នៅពេលដែលគាត់អានព្រះគម្ពីរយូរទៅគាត់ក៏បានដាក់ចិត្តស្រឡាញ់ព្រះ។ ទោះបីជាគាត់ត្រូវប្រថុយនឹងកំហឹងរបស់ឪពុកគាត់ក៏ដោយ ក៏គាត់មិនអាចលាក់បាំងសេចក្តីស្រឡាញ់ ដែលគាត់បានស្គាល់នោះទុកសម្រាប់តែខ្លួនឯងឡើយ។ គាត់ក៏បានចែកចាយដល់អ្នកភូមិផ្សេងៗទៀតអំពីព្រះនៃគម្ពីរក្រហមនោះដែលមិនបានលិចបាត់ទៅក្នុងទឹកទន្លេ។ អ្នកភូមិក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពួកគេបានសុំអោយគាត់បង្រៀនពួកគេបន្ថែមទៀត។ សព្វថ្ងៃនេះមានអ្នកភូមិជាច្រើនរួមទាំងសាច់ញាតិរបស់តូរ៉ូនីដែរបានគោរពបូជាដល់ព្រះនៃគម្ពីរក្រហមនេះ។
អំណានដង្វាយប្រចាំសប្តាហ៍
នៅពេលដែលលោកម៉ូសេយកព្រះទុកជាទី១
ការយកព្រះទុកជាទី១មិនមែនជារឿងងាយស្រួលឡើយ។ តើយើងអាចរៀនបានអ្វីខ្លះពីលោកម៉ូសេដែលនឹងជួយយើងឲ្យយកព្រះទុកជាទី១ក្នុងជីវិតរបស់យើងសព្វថ្ងៃនេះ?
លោកម៉ូសេបានព្យាយាមជួយសង្គ្រោះបណ្តាជនតាមរយៈអំណាចផ្ទាល់ខ្លួនរបស់លោក។ ប៉ុន្តែវាពុំបានផលឡើយ។ ជាការពិត គាត់ត្រូវនិរទេសចេញពីស្រុកអេស៊ីព្ទ ហើយក្តីសុបិនរបស់លោកក៏រលត់សូន្យឈឹងដែរ។ បន្ទាប់ពីធ្វើការជាអ្នកគង្វាលនៅទីរហោឋានអស់រយៈកាលជាច្រើនទសវត្សរួចមក ស្រាប់តែមានរឿងចំឡែកមួយបានកើតឡើងចំពោះលោកម៉ូសេ។ ព្រះទ្រង់បានត្រាស់ហៅលោកឲ្យនឹកឃើញដល់ក្តីសុបិនរបស់លោកឡើងវិញ គឺការចង់ឃើញប្រជាជនអ៊ីស្រាអែលត្រូវបានរំដោះចេញពីទាសភាព។
លោកម៉ូសេពុំទាន់ត្រៀមខ្លួនរួចរាល់នៅឡើយទេ។ លោកមិនអាចនិយាយបានច្បាស់ត្រឹមត្រូវល្អឡើយ ហើយលោកក៏ជឿថាខ្លួនលោកចាស់ពេកហើយមិនអាចតតាំងនឹងស្តេចផារ៉ោនបានឡើយ។ លោកយល់បែបនោះក៏ត្រឹមត្រូវដែរ។ សម្រាប់លោកម៉ូសេ ការយកព្រះទុកជាទី១គឺជាការបដិសេធជឿជាក់លើកម្លាំងនិងសមត្ថភាពផ្ទាល់ខ្លួនរបស់លោក។ ការនេះមានន័យថា គឺជាការថ្វាយជីវិតទាំងស្រុងរបស់លោកក្នុងព្រះហស្តរបស់ព្រះ និងការទទួលយកការត្រាស់ហៅដោយពឹងពាក់លើព្រះចេស្តារបស់ព្រះ មិនមែនពឹងពាក់លើការខ្វះខាតផ្ទាល់ខ្លួនរបស់លោកឡើយ។ តទៅនេះគឺបទសន្ទនារបស់លោកជាមួយព្រះជាម្ចាស់នៅក្នុងខគម្ពីរនិក្ខមនំ ៤៖១០-១២៖ «ម៉ូសេទូលទៅព្រះយេហូវ៉ាថា ឱព្រះអម្ចាស់អើយ ទូលបង្គំជាអ្នកមិនសូវមានវោហារទេ គឺតាំងតែពីដើមរៀងមក ហើយឥឡូវនេះដែលទ្រង់បានមានព្រះបន្ទូលនឹងទូលបង្គំជាអ្នកបំរើទ្រង់ នោះក៏នៅតែគ្មានដដែល ដ្បិតទូលបង្គំមានមាត់រឹង ហើយអណ្តាតក៏ដំឡាន់ផង នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងលោកថា តើអ្នកណាបានបង្កើតមាត់មនុស្ស តើអ្នកណាដែលធ្វើឲ្យគ ឬឲ្យថ្លង់ ឲ្យភ្លឺ ឬឲ្យខ្វាក់នោះ បើមិនមែនអញជាព្រះយេហូវ៉ាប៉ុណ្ណោះទេ ដូច្នេះចូរឯងទៅឥឡូវចុះ អញនឹងនៅជាមួយនឹងមាត់ឯង ព្រមទាំងបង្រៀនសេចក្តីដែលឯងត្រូវនិយាយផង»។
ដោយសារតែលោកម៉ូសេយកព្រះទុកជាទី១ នោះជាតិសាសន៍ទាំងមូលរបស់លោកត្រូវរំដោះចេញពីទាសភាព។ លោកម៉ូសេពុំគ្រប់លក្ខណ៍ទេ ឯយើងរាល់គ្នាក៏ដូចគ្នាដែរ។ ព្រះទ្រង់ក៏កំពុងត្រាស់ហៅយើងរាល់គ្នាឲ្យយកទ្រង់ទុកជាទី១ក្នុងជីវិតរបស់យើងដូចគ្នានឹងការដែលទ្រង់ត្រាស់ហៅ លោកម៉ូសេដែរ។ យើងម្នាក់ៗសុទ្ធតែមានបេសកកម្មពិសេសមួយ ហើយបេសកកម្មនោះអាចជោគជ័យបានលុះត្រាតែយកព្រះទុកជាទី១តែប៉ុណ្ណោះ។ បើទោះបីកិច្ចការនេះពិបាកក្តី ព្រះវិញ្ញាណបរិសុទ្ធទ្រង់ជួយយើងរាល់គ្នាឲ្យមានសេចក្តីក្លាហានក្នុងការបំពេញកិច្ចការនោះបាន។
លោកម៉ូសេបានយកព្រះទុកជាទី១។ គំរូរបស់លោកដាស់តឿនយើងឲ្យធ្វើតាមលោក។ ខណៈដែលពួកអ្នកជំនួយការប្រាក់ដង្វាយកំពុងប្រមូលប្រាក់ដង្វាយ សូមយើងរាល់គ្នា បានទទួលយកព្រះជាម្ចាស់ទុកជាទី១ចុះ។
សេចក្តីអធិដ្ឋាន៖
ឱព្រះវរបិតាម្ចាស់សួគ៌ យើងរាល់គ្នាថ្វាយបង្គំព្រះអង្គព្រឹកនេះ ដោយភ្ជាប់មកជាមួយនូវប្រាក់ដង្វាយ១០ហូត១ និងដង្វាយសទ្ធា។ យើងសូមអធិដ្ឋានឲ្យព្រះអង្គប្រទានសេចក្តីក្លាហានដល់យើងឲ្យយកទ្រង់ទុកជាទី១ក្នុងជីវិតរបស់យើងរាល់គ្នា។ សូមអធិដ្ឋានក្នុងព្រះនាមព្រះយេស៊ូវ។ អាម៉ែន។