ដំណឹងល្អគឺជាផ្នែកមួយដ៏សំខាន់បំផុតនៃសេចក្តីសញ្ញាដែលព្រះបានតាំងជាមួយនឹងមនុស្សលោកតាំងពីដំបូងមក។
តើព្រះបានតាំងសេចក្តីសន្យាអ្វីជាមួយនឹងលោកអាប់រ៉ាម? តើដំណឹងល្អត្រូវបានបង្ហាញនៅក្នុងសេចក្តីសន្យានេះដោយរបៀបណា? សម្រាប់ចម្លើយ សូមអានខគម្ពីរលោកុប្បត្តិ ១២៖១-៣; លោកុប្បត្តិ ១៥៖៥-១៨ និងរ៉ូម ៤៖១-៥។
លោកអ័ប្រាហាំបានជឿលើសេចក្តីសន្យាដែលព្រះបានប្រទានដល់គាត់។ ម្ល៉ោះហើយ ព្រះបានទទួលយកសេចក្តីជំនឿរបស់លោកអ័ប្រាហាំតាមរយៈសេចក្តីមេត្តារបស់ទ្រង់។ លោកអ័ប្រាហាំបានសន្យាថា នឹងធ្វើតាមព្រះ (សូមអានរឿងអំពីភ្នំម៉ូរីយ៉ានៅក្នុងបទគម្ពីរលោកុប្បត្តិ ២២ សម្រាប់ជាឧទាហរណ៍នៃការស្តាប់បង្គាប់របស់លោកអ័ប្រាហាំ)។ ព្រះគម្ពីរបានបង្ហាញប្រាប់យើងថា «តែចំណែកអ្នកដែលមិនធ្វើការសោះ គឺគ្រាន់តែជឿដល់ព្រះអង្គ ដែលទ្រង់ប្រោសឲ្យមនុស្សទមិលល្មើសបានសុចរិត» (រ៉ូម ៤៖៥)។ ខនេះអាចជួយអោយយើងមើលឃើញអំពីមូលហេតុដែលលោកប៉ុលយកលោកអ័ប្រាហាំជាគំរូ។ លោកអ័ប្រាហាំបានបង្ហាញយើងអំពីរបៀបរស់នៅតាមសេចក្តីសន្យានៅក្នុងសេចក្តីសញ្ញារវាងព្រះ និងរាស្ត្ររបស់ទ្រង់។
យើងអាចមើលឃើញពីគោលគំនិតនេះនៅក្នុងព្រះគម្ពីរទាំងមូល។ ក្នុងបទគម្ពីរកាឡាទី៣ លោកប៉ុលបានលើកយកសម្រង់មួយចេញពីខគម្ពីរលោកុប្បត្តិ ១៥៖៦ ដែលបានចែងថា៖ «គាត់ក៏ជឿដល់ព្រះយេហូវ៉ា ហើយទ្រង់រាប់សេចក្តីជំនឿនោះ ទុកជាសេចក្តីសុចរិតដល់គាត់» (សូមអានកាឡាទី ៣៖៦ ផងដែរ)។ បន្ទាប់មក លោកប៉ុលបានមានប្រសាសន៍ថា «ដូច្នេះ អស់អ្នកដែលមានសេចក្តីជំនឿ នោះឈ្មោះថាបានពរជាមួយនឹងលោកអ័ប្រាហាំដែលជាអ្នកជឿដែរ» (កាឡាទី ៣៖៩)។ ព្រះបានតាំងសេចក្តីសន្យារបស់ទ្រង់ជាមួយនឹងមនុស្សគ្រប់គ្នា។ មនុស្សគ្រប់គ្នារួមមានទាំងសាសន៍យូដា និងសាសន៍ដទៃ (កាឡាទី ៣៖៧)។ ពូជលោកអ័ប្រាហាំត្រូវបានរាប់ជាសុចរិតនៅចំពោះព្រះដូចគ្នានឹងលោកអ័ប្រាហាំផងដែរ។ ពួកគេត្រូវបានរាប់ជាសុចរិតដោយសារតែសេចក្តីជំនឿរបស់ពួកគេ។ មែនហើយ ព្រះបានបង្គាប់ពួកគេអោយគោរពតាមក្រឹត្យវិន័យរបស់ទ្រង់ទុកជាផ្នែកមួយនៃសេចក្តីសញ្ញារបស់ទ្រង់។ ប៉ុន្តែ អាកប្បកិរិយាល្អមិនអាចធ្វើអោយរាស្ត្ររបស់ទ្រង់សុចរិតនៅចំពោះទ្រង់បានឡើយ។
លោកយេរេមាបានមានប្រសាសន៍អំពីសេចក្តីសញ្ញាថ្មីមុនលោកប៉ុលរាប់រយឆ្នាំមកហើយ។ លោកយេរេមាបានបង្ហាញអំពីទំនាក់ទំនងរវាងសេចក្តីសញ្ញា និងក្រឹត្យវិន័យថា៖ «សេចក្តីសញ្ញាដែលអញនឹងតាំងចំពោះពួកវង្សអ៊ីស្រាអែលក្នុងពេលក្រោយគ្រានោះ គឺយ៉ាងដូច្នេះ អញនឹងដាក់ក្រឹត្យវិន័យរបស់អញ នៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ នោះអញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជារាស្ត្ររបស់អញ» (យេរេមា ៣១៖៣៣)។ ពាក្យទាំងនេះអាចជួយអោយយើងនឹកចាំពាក្យសម្តីរបស់ លោកម៉ូសេដែលបានសរសេរថា៖ «អញនឹងដើរនៅកណ្តាលពួកឯង ព្រមទាំងធ្វើជាព្រះដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងធ្វើជារាស្ត្រដល់អញ» (លេវីវិន័យ ២៦៖១២)។
ថ្ងៃច័ន្ទ ទី១១ ខែតុលា ឆ្នាំ២០២១
សេចក្តីសញ្ញា និងសាសន៍អ៊ីស្រាអែល
«មិនមែនដោយព្រោះសេចក្តីសុចរិតរបស់ឯង ឬដោយព្រោះចិត្តឯងទៀងត្រង់ដែលឯងនឹងចូលទៅចាប់យកស្រុកគេនោះឡើយ គឺដោយព្រោះអំពើបាបរបស់សាសន៍ទាំងនោះវិញទេតើ ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បណ្តេញគេពីមុខឯងចេញ ដើម្បីនឹងបញ្ជាក់សេចក្តី ដែលទ្រង់បានស្បថ នឹងពួកអយ្យកោឯង គឺនឹងអ័ប្រាហាំ និងអ៊ីសាក ហើយនិងយ៉ាកុប» (ចោទិយកថា ៩៖៥; សូមអានខគម្ពីរ ចោទិយកថា ៩៖២៧ ផងដែរ)។ តើខនេះបង្រៀនលោកអ្នកយ៉ាងដូចម្តេច អំពីសេចក្តីសញ្ញាដែលព្រះបានតាំងឡើងជាមួយនឹងរាស្ត្ររបស់ទ្រង់?
--------------------------------------------------------
នៅក្នុងខនេះ យើងបានឃើញថា ព្រះបានតាំងសេចក្តីសន្យាដោយសារតែសេចក្តីស្រឡាញ់ និងសេចក្តីមេត្តារបស់ទ្រង់។ ព្រះបានធ្វើកិច្ចការសម្រាប់រាស្ត្ររបស់ទ្រង់ សូម្បីតែនៅពេលដែលពួកគេប្រព្រឹត្តកំហុសដ៏អាក្រក់ក៏ដោយ។ (ជាការពិតណាស់ ដំណឹងល្អក៏ធ្វើកិច្ចការដូចគ្នានេះសម្រាប់យើងសព្វថ្ងៃនេះដែរ)។ ព្រះបានផ្តល់ព្រះគុណរបស់ទ្រង់ដល់សាសន៍អ៊ីស្រាអែលដោយសារតែសេចក្តីសញ្ញាដែលទ្រង់បានតាំងជាមួយនឹងពួកអយ្យកោរបស់ពួកគេតាំងពីយូរណាស់មកហើយ។
លោកម៉ូសេតែងតែប្រាប់ជនជាតិអ៊ីស្រាអែលអំពីសេចក្តីសញ្ញាដែលព្រះបានតាំងដល់លោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។
សូមអានខគម្ពីរនិក្ខមនំ ២៖២៤; និក្ខមនំ ៦៖៨ និងលេវីវិន័យ ២៦៖៤២។ តើខនេះបានចែង អំពីអ្វី? តើរឿងនោះបង្ហាញយើងអំពីដំណើរការនៃសេចក្តីសញ្ញាយ៉ាងដូចម្តេច?
--------------------------------------------------------
ក្នុងសេចក្តីសញ្ញាជាមួយនឹងលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ព្រះបានសន្យាថា នឹងរំដោះកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទ។ ពេលវេលាដែលព្រះបានរំដោះរាស្ត្ររបស់ទ្រង់ចេញពីភាពជាទាសករនៅក្នុងស្រុកអេស៊ីព្ទត្រូវបានហៅថា និក្ខមនំ។ និក្ខមនំគឺជារូបស័ព្ទតំណាងអោយ សេចក្តីមេត្តា និងព្រះគុណរបស់ព្រះ។ ដូច្នេះ តើកណ្ឌគម្ពីរនិក្ខមនំជួយដល់យើងអ្វីខ្លះ ដើម្បីអោយយល់អំពីដំណើរការនៃសេចក្តីសញ្ញានេះ? ព្រះបានតាំងសេចក្តីសន្យាថា នឹងរំដោះពួកគេ តាំងតែមុនពួកកូនចៅអ៊ីស្រាអែលមិនទាន់ចាប់កំណើតទៅទៀត។ ដូច្នេះ សាសន៍អ៊ីស្រាអែលពុំបានធ្វើអ្វី ដើម្បីទទួលបានសេចក្តីសន្យាទាំងនេះតាមរយៈអាកប្បករិយាល្អរបស់ពួកគេឡើយ។
ជាការពិតណាស់ ព្រះមិនគ្រាន់តែរំដោះពួកគេចេញពីស្រុកអេស៊ីព្ទនោះទេ។ ទ្រង់ថែមទាំងយកពួកគេទៅឯភ្នំស៊ីណាយទៀត។ នៅឯភ្នំស៊ីណាយ ព្រះបានតាំងសេចក្តីសញ្ញាជាមួយនឹងរាស្ត្ររបស់ទ្រង់ (សូមអានបទគម្ពីរនិក្ខមនំ ២០)។ ដំណឹងល្អ និងក្រឹត្យវិន័យគឺជាផ្នែកដ៏សំខាន់បំផុតនៃសេចក្តីសញ្ញា។ ព្រះបានបង្គាប់អោយរាស្ត្ររបស់ទ្រង់គោរពតាមក្រឹត្យវិន័យទាំង១០ប្រការរបស់ទ្រង់។ ការគោរពតាមរបស់ពួកគេបានបង្ហាញថា ពួកគេបានដឹងអំពីព្រះជាម្ចាស់និងថា ទ្រង់បានរំដោះពួកគេហើយ។ ដូច្នេះ ក្នុងកណ្ឌគម្ពីរចោទិយកថា ព្រះបានសូមអោយរាស្ត្ររបស់ទ្រង់គោរពតាមក្រឹត្យវិន័យទុកជាផ្នែកមួយនៃសេចក្តីសញ្ញារបស់ពួកគេជាមួយនឹងទ្រង់។យើងត្រូវបានសង្គ្រោះដោយសារសេចក្តីមេត្តារបស់ព្រះ។ ដូច្នេះ តើច្បាប់របស់ព្រះគួរមានចំណែកយ៉ាងណា នៅក្នុងជីវិតរបស់យើងសព្វថ្ងៃនេះ? តើហេតុអ្វីបានជាក្រឹត្យវិន័យសំខាន់ម្ល៉េះ ចំពោះបទពិសោធន៍របស់យើងជាមួយនឹងព្រះ?
ថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១
កណ្ឌគម្ពីរអំពីសេចក្តីសញ្ញា
ពាក្យសម្រាប់សេចក្តីសញ្ញារវាងព្រះ និងរាស្ត្ររបស់ទ្រង់ជាភាសាហេព្រើរគឺ «បឺរីត (Berit)»។ «បឺរីត» បង្ហាញយើងថា សេចក្តីសញ្ញាជាមួយនឹងព្រះលើសជាងកិច្ចព្រមព្រៀងអាជីវកម្មទៅទៀត។ សេចក្តីសញ្ញាគឺស្តីអំពីទំនាក់ទំនង និងមិត្តភាពពិសេសដែលព្រះចង់មានជាមួយនឹងរាស្ត្ររបស់ទ្រង់។ ពាក្យ «បឺរីត» ត្រូវបានសរសេរជាច្រើនដងនៅកណ្ឌគម្ពីរចោទិយកថា។ នេះគឺជាមូលហេតុដែលនាំអោយអ្នកប្រាជ្ញខាងឯព្រះគម្ពីរភាគច្រើនដាក់ឈ្មោះកណ្ឌគម្ពីរចោទិយកថា ថាជា «កណ្ឌគម្ពីរនៃសេចក្តីសញ្ញា»។
សូមក្រឡេកមើលខគម្ពីរចោទិយកថា ៥៖១-២១។ តើខទាំងនេះបង្ហាញយើងយ៉ាងដូចម្តេចពីសេចក្តីសញ្ញាគឺជាគោលគំនិតដ៏សំខាន់មួយនៅក្នុងកណ្ឌគម្ពីរចោទិយកថា?
--------------------------------------------------------
ព្រះបានតាំងសេចក្តីសញ្ញាជាមួយនឹងរាស្ត្ររបស់ទ្រង់នៅឯភ្នំស៊ីណាយបន្ទាប់ពីព្រះបានរំដោះពួកគេចេញពីស្រុកអេស៊ីព្ទភ្លាម។ សេចក្តីសញ្ញានេះបានតាំងឡើងមុនពេលដែលព្រះបង្គាប់អោយសាសន៍អ៊ីស្រាអែលចូលទៅក្នុងទឹកដីសន្យា។។ ប៉ុន្តែ ជនជាតិអ៊ីស្រាអែលពុំបានចូលទៅក្នុងទឹកដីសន្យានោះទេ។ ៤០ឆ្នាំក្រោយមក ព្រះបានបង្គាប់អោយជនជាតិអ៊ីស្រាអែលចូលទៅក្នុងទឹកដីសន្យាម្តងទៀត។ ការចូលទៅក្នុងទឹកដីសន្យារបស់ពួកគេគឺជាផ្នែកដ៏សំខាន់មួយនៃសេចក្តីសន្យាដែលព្រះបានតាំងឡើង ជាមួយនឹងលោកអាប់រ៉ាមនៅក្នុងសេចក្តីសញ្ញារបស់ទ្រង់ (លោកុប្បត្តិ ១២៖៧; និក្ខមនំ ១២៖២៥)។ ដូច្នេះ ព្រះចង់អោយរាស្ត្ររបស់ទ្រង់ចងចាំថា ការស្តាប់បង្គាប់គឺជាផ្នែកមួយដ៏សំខាន់នៃសេចក្តីសញ្ញាជាមួយនឹងទ្រង់។ នេះគឺជាមូលហេតុដែលនាំអោយព្រះជាម្ចាស់ប្រទានក្រឹត្យវិន័យទាំង១០ប្រការដល់លោកម៉ូសេ ដើម្បីអោយពួកបណ្តាជនម្តងទៀត។
មែនហើយ ព្រះជាម្ចាស់នឹងរក្សាសេចក្តីសន្យារបស់ទ្រង់ចំពោះពួកគេដែលទ្រង់បានតាំងឡើងនៅក្នុងសេចក្តីសញ្ញារបស់ទ្រង់តាំងពីយូរលង់ណាស់មកហើយ។ នេះគឺជាមូលហេតុដែលនាំអោយលោក ម៉ូសេប្រាប់ពួកបណ្តាជនអោយចងចាំថា ព្រះបានចារឹកក្រឹត្យវិន័យរបស់ទ្រង់សម្រាប់ពួកគេកាលពីមុ ដោយមានប្រសាសន៍ថា៖ «ទ្រង់បានមានព្រះបន្ទូលប្រាប់ដល់ឯងរាល់គ្នាពីសេចក្តីសញ្ញារបស់ទ្រង់ដែល ទ្រង់បានបង្គាប់ឲ្យឯងរាល់គ្នាប្រព្រឹត្តតាម គឺជាក្រឹត្យទាំង១០ប្រការ ហើយទ្រង់ក៏ចារឹកកត់ក្រឹត្យទាំងនោះ ចុះទៅបន្ទះថ្ម២ផ្ទាំង» (ចោទិយកថា ៤៖១៣)។ ព្រះបានប្រទានក្រឹត្យវិន័យដល់រាស្ត្ររបស់ទ្រង់នៅឯភ្នំស៊ីណាយ។ ហើយព្រះបានប្រទានក្រឹត្យវិន័យរបស់ទ្រង់ដល់រាស្ត្ររបស់ទ្រង់ម្តងទៀតនៅក្នុងស្រុកម៉ូអាប់ មុននឹងពួកគេហៀបនឹងចូលទៅក្នុងទឹកដីសន្យា។ ដូចដែលយើងបានឃើញហើយថា ទឹកដីសន្យាគឺជាផ្នែកមួយនៃសេចក្តីសញ្ញាដែលព្រះបានតាំងឡើងជាមួយនឹងលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុបរាប់រយឆ្នាំមុនមកម្ល៉េះ។ សេចក្តីសន្យានេះបង្ហាញអំពីសេចក្តីសញ្ញាដែលបានចែងថា «នឹង នៅស្ថិតស្ថេរជាដរាប» (លោកុប្បត្តិ ១៧៖៧, គខប)។ ព្រះបានរៀបចំសេចក្តីសញ្ញានេះឡើង មុនពេលដែលទ្រង់បានបង្កើតផែនដីនេះមកម្ល៉េះ។
«មុនពេលដែលផែនដីរបស់យើងត្រូវបានបង្កើត ព្រះដែលជាព្រះវរបិតា និងព្រះរាជបុត្រារបស់ ទ្រង់បានព្រមព្រៀងគ្នាដើម្បីសង្គ្រោះមនុស្សលោក ប្រសិនបើសាតាំងធ្វើអោយពួកគេប្រព្រឹត្តអំពើបាប។ ព្រះវរបិតាបានប្រើដៃរបស់ព្រះរាជបុត្រា ហើយព្រះរាជបុត្រាបានប្រើដៃរបស់ព្រះវរបិតា។ ព្រះអង្គបានរួមដៃគ្នា ដើម្បីបង្ហាញសេចក្តីសន្យារបស់ទ្រង់ដែលថា ព្រះយេស៊ូវគ្រីស្ទនឹងលះបង់ព្រះអង្គទ្រង់សម្រាប់អំពើបាបរបស់មនុស្សលោក»។ ដកស្រង់ពី Ellen G. White, The Desire of Ages, page 834, adapted។
ថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១
រាស្ត្រពិសេសរបស់ព្រះ
ជាមនុស្សសម័យថ្មី យើងប្រហែលជាពិបាកយល់អំពីមនុស្សដែលរស់នៅក្នុងស្រុកកាណាន ខណៈពេលដែលសាសន៍អ៊ីស្រាអែលកំពុងតែវង្វេងនៅក្នុងទីរហោស្ថាន។ ចាប់តាំងពីពេលនោះមក មាននគរជាច្រើននៅទូទាំងពិភពលោកដែលបានកើតមក ហើយត្រូវរលាយអស់ទៅ។ មានតែប្រាសាទដែលនៅសល់ប៉ុណ្ណោះ (ហើយជាទូទៅ សូម្បីតែប្រាសាទក៏គ្មានផង)។ ដូច្នេះ តើយើងអាចដឹងអោយបានច្បាស់អំពីមនុស្សមួយក្រុមដែលបានរស់នៅតំបន់តែមួយជាមួយសាសន៍អ៊ីស្រាអែលបានយ៉ាងដូចម្តេចទៅ?
យើងដឹងមិនបានច្រើននោះទេ។ ប៉ុន្តែ យើងអាចដឹងរឿងមួយគឺថា៖ «មនុស្សទាំងនេះមានជំនឿលើព្រះជាច្រើន។ ពួកគេបានគោរពរូបព្រះ និងថ្វាយបង្គំធម្មជាតិ។ ពួកគេបានសម្លាប់ក្មេងៗជាច្រើន ដើម្បីថ្វាយដល់ព្រះរបស់ពួកគេ។ សូមលោកអ្នកព្យាយាមស្រមៃមើលអំពីមនុស្ស និងសាសនាដែលគិតថា ការសម្លាប់កូនចៅរបស់ពួកគេគឺជារឿងធម្មតា»។ អាក្រក់ជាងនេះទៅទៀតគឺថា ពួកគេបានធ្វើរឿងនេះនៅក្នុងឈ្មោះរបស់ពួកព្រះមួយចំនួន។
គ្មានអ្វីប្លែកនោះទេ ដែលព្រះជាម្ចាស់បានដាស់តឿនរាស្ត្ររបស់ទ្រង់ម្តងហើយម្តងទៀត កុំអោយធ្វើអ្វីដែលសាសន៍នៅជុំវិញពួកគេបានធ្វើដោយមានបន្ទូលថា៖ «កាលណាឯងបានចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់ប្រទានឲ្យ នោះមិនត្រូវរៀនធ្វើតាមការគួរស្អប់ខ្ពើមរបស់សាសន៍ទាំងនោះឡើយ» (ចោទិយកថា ១៨៖៩)។
ព្រះមានគោលបំណងដ៏ពិសេសមួយសម្រាប់ការតាំងអោយសាសន៍អ៊ីស្រាអែលធ្វើជារាស្ត្រពិសេសរបស់ទ្រង់លើសាសន៍ទាំងអស់នៅលើផែនដី។ ព្រះចង់អោយសាសន៍អ៊ីស្រាអែលប្រកាសប្រាប់ដល់មនុស្សគ្រប់គ្នានៅលើផែនដីអំពីទ្រង់។ ព្រះចង់អោយសាសន៍អ៊ីស្រាអែលបង្រៀនអ្នកដទៃថា ទ្រង់គឺជាអ្នកបង្កើតផ្ទៃមេឃ និងផែនដី។ ព្រះជាម្ចាស់គឺជាព្រះតែមួយគត់ដែលមានព្រះជន្មរស់។
សូមអានខគម្ពីរចោទិយកថា ២៦៖១៦-១៩។ តើខទាំងនេះបង្ហាញយើងយ៉ាងដូចម្តេចអំពីអត្ថន័យទាំងមូលនៃមិត្តភាពដ៏ពិសេសរវាងព្រះ និងរាស្ត្ររបស់ទ្រង់? តើព្រះចង់អោយជនជាតិអ៊ីស្រាអែលក្លាយទៅជាមនុស្សប្រភេទណា? តើការផ្លាស់ប្តូរនេះអាចបង្ហាញថា ពួកគេបានរក្សាសេចក្តីសញ្ញាដោយរបៀបណា? តើមេរៀននេះអាចបង្រៀនយើងអ្វីខ្លះ?
--------------------------------------------------------
លោកម៉ូសេបានផ្តើមជាមួយនឹងពាក្យថា «ថ្ងៃនេះ»។ «ថ្ងៃនេះ» មានន័យថា «ឥឡូវនេះ» ឬ «ម្តងទៀត»។ ការជ្រើសរើសពាក្យនេះគួរអោយចាប់អារម្មណ៍ណាស់។ ព្រះបានបង្គាប់អោយរាស្ត្ររបស់ ទ្រង់គោរពតាមមែនទេ? ដូច្នេះ «ថ្ងៃនេះ» បង្ហាញយើងថា ព្រះចង់អោយរាស្ត្ររបស់ទ្រង់ធ្វើការជ្រើសរើសម្តងទៀត។ ឥឡូវនេះ ពួកគេត្រូវជ្រើសរើសម្តងទៀត ដើម្បីគោរពតាម ញែកខ្លួនចេញជាបរិសុទ្ធ និងធ្វើជារាស្ត្រពិសេសរបស់ទ្រង់។ ជម្រើសទាំងនេះបង្ហាញអំពីមូលហេតុថា ពួកគេគឺជារាស្ត្រនៃសេចក្តីសញ្ញា។ មានតែសាសន៍អ៊ីស្រាអែលប៉ុណ្ណោះដែលដឹងអំពីព្រះ និងរបៀបដែលព្រះចង់អោយពួកគេរស់នៅ។ សាសន៍អ៊ីស្រាអែលមាន «សេចក្តីពិតបច្ចុប្បន្ន»។ សេចក្តីពិតបច្ចុប្បន្នគឺជាសេចក្តីពិតនៃព្រះគម្ពីរដែលពួកគេត្រូវការជាទីបំផុតសម្រាប់សម័យរបស់ពួកគេ។ ព្រះបានសូមអោយសាសន៍អ៊ីស្រាអែលរស់នៅតាមសេចក្តីពិតរហូតដល់ព្រះយេស៊ូវដែលជាសេចក្តីពិតដ៍រស់ (យ៉ូហាន ១៤៖៦) យាងមក។ តើហេតុអ្វីបានជាគោលគំនិតនៃការថ្វាយខ្លួនដល់ព្រះ និងការគោរពតាមទ្រង់នៅ «ថ្ងៃនេះ» មានសារៈសំខាន់ដល់យើងផងដែរ?
ថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១
រូបស័ព្ទដទៃទៀតសម្រាប់សេចក្តីសញ្ញា
អស់រយៈពេលយូរមកហើយ អ្នកប្រាជ្ញខាងឯព្រះគម្ពីរបានមើលឃើញថា សេចក្តីសញ្ញារវាងព្រះ និងរាស្ត្ររបស់ទ្រង់ដូចគ្នាទៅនឹងសេចក្តីសញ្ញាដែលតាំងរវាងនគរនៅក្នុងសម័យគម្ពីរសញ្ញាចាស់។ យើងមិនគួរភ្ញាក់ផ្អើលចំពោះព័ត៌មាននេះទាល់តែសោះ។ ព្រះតែងតែធ្វើការជាមួយនឹងរាស្ត្ររបស់ទ្រង់តាមវិធីដែលពួកគេធ្លាប់បានដឹងរួចទៅហើយ។ ពេលនោះ ពួកគេអាចយល់ពីទ្រង់បានកាន់តែប្រសើរឡើង។
ទន្ទឹមគ្នានេះ យើងតែងតែទទួលបានគោលគំនិតខុសឆ្គងអំពីសេចក្តីសញ្ញានៃព្រះគម្ពីរ។ យើងប្រហែលជាគិតថា សេចក្តីសញ្ញាគឺជាគ្រាន់តែក្រដាសស្របច្បាប់មួយសន្លឹក។ (មែនហើយ ព្រះគឺជាអ្នកប្រទានក្រឹត្យវិន័យ)។ ប៉ុន្តែ សេចក្តីសញ្ញារវាងព្រះ និងរាស្ត្ររបស់ទ្រង់នោះមានសារៈសំខាន់លើសជាងក្បួនច្បាប់ទៅទៀត។ សេចក្តីសញ្ញាគឺស្តីអំពីទំនាក់ទំនងនៃចិត្ត និងមិត្តភាពដ៏ពិសេសដែលព្រះចង់បានជាមួយនឹងរាស្ត្ររបស់ទ្រង់។ សេចក្តីសញ្ញាបង្ហាញយើងថា ព្រះចង់នៅជិតជាមួយនឹងរាស្ត្ររបស់ទ្រង់។ ដូច្នេះ ព្រះគម្ពីរជារូបស័ព្ទដទៃទៀត ដើម្បីជួយបង្ហាញនូវអត្ថន័យបន្ថែមអំពីសេចក្តីសញ្ញា។
សូមអានខគម្ពីរចោទិយកថា ៨៖៥; ចោទិយកថា ១៤៖១ និងចោទិយកថា ៣២៖៦, ១៨-២០។ តើលោកអ្នកបានឃើញរូបស័ព្ទអ្វីខ្លះ នៅក្នុងខទាំងនេះ? តើរូបស័ព្ទទាំងនេះបង្ហាញយ៉ាងដូចម្តេចអំពីទំនាក់ទំនងដែលព្រះចង់បានជាមួយនឹងរាស្ត្រជ្រើសតាំងរបស់ទ្រង់?
--------------------------------------------------------
សូមអានខគម្ពីរចោទិយកថា៤៖២០ និងចោទិយកថា ៣២៖៩។ តើលោកអ្នកបានឃើញរូបស័ព្ទអ្វីខ្លះនៅក្នុងខទាំងនេះ? តើរូបស័ព្ទទាំងនេះបង្ហាញយ៉ាងដូចម្តេចអំពីមិត្តភាពដែលព្រះចង់បានជាមួយនឹងរាស្ត្ររបស់ទ្រង់?
ឧទាហរណ៍នីមួយៗបានបង្ហាញយើងអំពីគោលគំនិតនៃគ្រួសារ។ ទំនាក់ទំនងនៃគ្រួសាររបស់យើងគួរតែជាចំណងនៃសេចក្តីស្រឡាញ់ដ៏ធំធេងបំផុតដែលយើងមានជាមួយនឹងអ្នកដទៃ។ ព្រះក៏ចង់នៅជិតជាមួយនឹងយើងដូច្នោះផងដែរ។ បន្ទាប់ពីសិស្សព្រះយេស៊ូវបានងាកចេញពីទ្រង់នៅត្រង់ឈើឆ្កាង ព្រះយេស៊ូវមិនដែលបពា្ឈប់ការចង់នៅក្បែរពួកគេនោះទេ។ នេះគឺជាមូលហេតុដែលនាំអោយព្រះយេស៊ូវមានបន្ទូលប្រាប់នាងម៉ារាទាំងពីរនាក់ បន្ទាប់ពីទ្រង់មានព្រះជន្មរស់ពីសុគតឡើងវិញថា៖ «ចូរទៅប្រាប់ដល់បងប្អូនខ្ញុំផង ឲ្យគេទៅឯស្រុកកាលីឡេទៅ គេនឹងឃើញខ្ញុំនៅស្រុកនោះហើយ» (ម៉ាថាយ ២៨៖១០)។ តើលោកអ្នកបានឃើញថា ព្រះយេស៊ូវមានបន្ទូលថា «បងប្អូនខ្ញុំ» ដែរឬទេ? ពាក្យនេះបង្ហាញយើងថា ព្រះយេស៊ូវស្រឡាញ់សិស្សរបស់ទ្រង់ដូចជាគ្រួសារអ៊ីចឹង។ ឧទាហរណ៍នេះបង្ហាញយើងថា មិត្តភាពរវាងព្រះ និងមនុស្សលោកគឺស្តីអំពី៖ សេចក្តីមេត្តា និងសេចក្តីស្រឡាញ់របស់ព្រះដល់មនុស្សដែលពុំបានធ្វើអ្វីអោយបានសេចក្តីទាំងនេះទាល់តែសោះ។ តើលោកអ្នកមានអារម្មណ៍ថានៅជិតព្រះប៉ុនណាដែរនៅក្នុងចិត្តរបស់លោកអ្នក? តើលោកអ្នកអាចចូលអោយកាន់តែជិតទៅនឹងទ្រង់ និងកាន់តែស្រឡាញ់ទ្រង់បន្ថែមទៀតដោយរបៀបណា? ទន្ទឹម គ្នានេះលោកអ្នកត្រូវតែចងចាំថា ផ្នែករបស់លោកអ្នកនៅក្នុងមិត្តភាពជាមួយនឹងព្រះត្រូវរាប់ទាំងការគោរពតាមទ្រង់ផងដែរ។ តើសេចក្តីស្រឡាញ់ និងការគោរពតាមព្រះនៅក្នុងសេចក្តីសញ្ញាមានទំនាក់ទំនងអ្វីនឹងគ្នាដែរ?
ថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១
សិក្សាបន្ថែម
«មនុស្សដែលព្យាយាមគោរពតាមក្រឹត្យវិន័យដោយសមត្ថភាពផ្តាល់របស់ពួកគេនឹងក្លាយទៅជាអ្នកជាប់ទោស។ ពួកគេនឹងមានសាសនាស្របច្បាប់មួយ។ រីឯសេចក្តីសង្ឃឹមតែមួយរបស់យើង គឺជាការទទួលយកនូវសេចក្តីសញ្ញាដែលព្រះបានតាំងឡើងជាមួយនឹងលោកអ័ប្រាហាំ។ នៅក្នុងសេចក្តីសញ្ញានេះ ព្រះនឹងប្រទានសេចក្តីមេត្តា ការលើកលែងទោស និងអំណាចឈ្នះលើអំពើបាប។ យើងទទួលបានអំណោយទាំងនេះពីព្រះតាមរយៈសេចក្តីជំនឿរបស់យើងលើព្រះយេស៊ួវ។ ដំណឹងល្អដែលព្រះគម្ពីរកំពុងតែចែកចាយចំពោះយើងសព្វថ្ងៃនេះគឺជាដំណឹងល្អតែមួយដែលព្រះបានចែកចាយដល់លោកអ័ប្រាហាំ។ ដំណឹងល្អនេះបានផ្តល់សេចក្តីសង្ឃឹមដល់យើង។ លោកអ័ប្រាហាំបានសម្លឹងមើលទៅឯព្រះយេស៊ូវដែល ទ្រង់គឺជាអ្នកផ្តើម ហើយក៏ជាអ្នកបញ្ចប់កិច្ចការក្នុងការសង្គ្រោះយើងផងដែរ»។ ដកស្រង់ពី Ellen G. White Comments, The SDA Bible Commentary, volume 6, page 1077, adapted។
«នៅពេលដែលព្រះយេស៊ូវកំពុងតែព្យួរនៅលើឈើឆ្កាង ទ្រង់បានស្រែកឡើងថា ‘ការស្រេចហើយ’ (យ៉ូហាន ១៩៖៣០)។ ព្រះយេស៊ូវបានមានបន្ទូលនូវពាក្យពេចន៍ទាំងនេះនៅលើឈើឆ្កាងទៅកាន់ព្រះវរបិតា។ សេចក្តីសញ្ញាដែលពួកគេបានតាំងឡើងជាយូរលង់មកហើយទីបំផុតត្រូវបានកកើតឡើង។ គ្រានោះព្រះយេស៊ូវបានប្រកាសឡើងថា «ឱព្រះវរបិតាអើយ ឯពួកអ្នកដែលទ្រង់ប្រទានមកទូលបង្គំ នោះទូលបង្គំចង់ឲ្យគេនៅជាមួយនឹងទូលបង្គំ ក្នុងកន្លែងដែលទូលបង្គំនៅដែរ ដើម្បីឲ្យបានឃើញសិរីល្អដែលទ្រង់បានប្រទានមកទូលបង្គំ ដ្បិតទ្រង់បានស្រឡាញ់ទូលបង្គំតាំងតែពីមុនកំណើតលោកីយ៍រៀងមក» (យ៉ូហាន ១៧៖២៤)។ ដកស្រង់ពី Ellen G. White, The Desire of Ages, page 834។
សំនួរពិភាក្សា៖
- មុនពេលផែនដីត្រូវបានបង្កើត ព្រះវរបិតា និងព្រះរាជបុត្រាបានបង្កើតសេចក្តីសញ្ញា ដើម្បីសង្គ្រោះមនុស្សលោកបើសិនណាពួកគេប្រព្រឹត្តអំពើបាប។ តើហេតុអ្វីបានជាដំណឹងនេះគួរតែលើកទឹកចិត្តដល់យើង? តើសេចក្តីពិតនៃព្រះគម្ពីរនេះបង្ហាញយើងយ៉ាងដូចម្តេចអំពីទំហំនៃព្រះទ័យដែលព្រះចង់អោយ យើងរស់នៅក្នុងនគររបស់ទ្រង់?
- ក្នុងនាមជាពួកជំនុំ តើព្រះបានប្រទានកិច្ចការអ្វីខ្លះដល់យើង ដូចដែលទ្រង់បានប្រទានដល់សាសន៍អ៊ីស្រាអែលនៃគម្ពីរសញ្ញាចាស់? តើយើងអាចជៀសវាងពីការធ្វើខុសដូចជាសាសន៍អ៊ីស្រាអែលដោយរបៀបណា?
- តើហេតុអ្វីបានជាដំណឹងល្អ និងសេចក្តីសន្យាអំពីដំណឹងល្អសំខាន់ម្ល៉េះចំពោះសេចក្តីសញ្ញាថ្មី? តើខគម្ពីរអ្វីខ្លះដែលលោកអ្នកអាចរកឃើញនៅក្នុងគម្ពីរសញ្ញាថ្មីដែលបង្ហាញថា ព្រះមិនបានបោះបង់ចោលក្រឹត្យវិន័យនៅក្នុងសេចក្តីសញ្ញាថ្មី ដូចគ្រីស្ទានជាច្រើនសព្វថ្ងៃបានបង្រៀននោះទេ? តើហេតុអ្វីបានជា លោកអ្នកគិតថា ពួកគេកំពុងតែបង្រៀននូវគោលគំនិតមិនត្រឹមត្រូវ?
រឿងខ្លី
សេចក្តីល្អបន្ទាប់ការផ្ទុះនៅឯទីក្រុងប៊ែរូត
ខ្ញុំដូចជាបានឮនូវសំឡេងបន្លឺឡើង និងញ័ររំជួយជាលើកដំបូង។ ពួកយើងបានឮខ្យល់បក់ប៉ះទ្វារខាងមុខក្រឹកៗពេញមួយរសៀល។ ប៉ុន្តែ កាលបានឮសំឡេងរំជួយខុសប្រក្រតីនោះជាលើកទីពីរ នោះទើបយើងដឹងថា មិនបានឮច្រឡំនោះទេ។ នៅក្នុងពិភពដែលមានការបែកបាក់ខាងឯនយោបាយ ខ្ញុំបានដឹងប្រាកដថា អាចនឹងមានដូចជាកាំជ្រួច កាំភ្លើងយន្ត ឡានដឹកគ្រាប់បែក និងយន្តហោះចម្បាំងហោះហើរពីលើជាមិនខាន។ ទោះបីសំឡេងនោះគ្មានអ្វីពាក់ព័ន្ធនឹងខ្ញុំក៏ដោយ តែខ្ញុំបានដឹងថា សំឡេងទាំងអស់សុទ្ធមានអត្ថន័យរបស់វា ពេលខ្លះវាក៏អាចជាសោកនាដកម្មបានដែរ។
ខ្ញុំមិនបានគិតអ្វីឡើយ ខណៈពេលដែលខ្ញុំបោះជំហានទៅឯរានហាល ដើម្បីមើលថា មានរឿងអ្វីបានកើតឡើង។ ពីទីកន្លែងខ្ពស់បំផុតនៅខាងលើបរិវេណនៃសាកលវិទ្យាល័យមជ្ឈិមបូព៌ារបស់ព្រះវិហារសេវេនដេយអាត់វេនទីស្ទ ខ្ញុំបានក្រឡេកមើលទៅឯទីក្រុងបែ៊រូតដែលលាតសន្ធឹងនៅខាងក្រោមកាត់កំពង់ផែង និងមើលឆ្ពោះទៅឯសមុទ្រមេឌីទែរ៉ាណេ។ ខ្ញុំបានឃើញពពកដូចជារូបផ្សិត វាហាក់ដូចជារីករាលដាលពេញមេឃខាងលើក្នុងល្បឿនយ៉ាងលឿនបំផុត។ មិនមែនជារឿងធម្មតា ក៏មិនមែនជារឿងល្អដែរ។ ខ្ញុំបានបោះជំហានទៅបន្ថែមទៀតទៅឯរានហាល ចំពេលដែលបន្ទុះដ៏ធំមួយបានហោះមកបុកខ្ញុំ។ កំផែងខ្យល់លាយឡំជាមួយធូលីដី និងកម្ទេចកំទីបានធ្វើអោយខ្ញុំបើងចូលទៅក្នុងផ្ទះវិញ។ ខ្ញុំបានចាប់ទ្វារ ប៉ុន្តែ ខ្ញុំមិនអាចយកដៃបិទវាបាននោះទេ។ កម្លាំងខ្យល់បានបក់ចូលតាមជញ្ជាំង។ វាំងនន បង្អួចបានបក់យ៉ាងគំហុកនៅជុំវិញខ្ញុំ។ សូម្បីតែខ្ញុំក៏ឈរមិននឹងដែរ។ ខ្ញុំចង់ទៅមើលក្រៅបង្អួច ប៉ុន្តែ ខ្ញុំគិតថា អាចនឹងមានខ្យល់គំហុកបក់មកបន្ថែមទៀត។ ខ្ញុំចង់មានសុវត្ថិភាព ប៉ុន្តែ រកមិនឃើញកន្លែងសុវត្ថិភាពសោះ? ដូច្នេះ ខ្ញុំបានជ្រកនៅតាមផ្លូវនៃសាលធំ ទាំងដែលដៃរបស់ខ្ញុំញ័រជាខ្លាំង។ ខ្ញុំបានចាប់ ផ្តើមបន្ធូរអារម្មណ៍ឡើងវិញ។ គ្រប់យ៉ាងបានស្ងប់ស្ងាត់ធម្មតាវិញហើយ។
ប៉ុន្មាននាទីក្រោយមក លោកអូស្មេន (Osman) បានទាក់ទងមកខ្ញុំតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដ្បិតមុនការផ្ទុះខ្ញុំបានបង្រៀនមេរៀនវីយ៉ូឡុងអនឡាញដល់គាត់។ ពេលនោះគាត់បានទាក់ទងមកវិញម្តងទៀត ភ្នែករបស់គាត់សស្លែត មុខរបស់គាត់សុទ្ធតែញើស ហើយទូរស័ព្ទរបស់គាត់ក្រវីចុះឡើង ដើម្បីបង្ហាញខ្ញុំអំពីផ្ទះតូចមួយនៃគ្រួសាររបស់គាត់ត្រូវបានបំផ្លាញ។ គាត់បាននិយាយថា «អ្នកស្រី គ្រប់យ៉ាងខ្ទេចខ្ទីអស់ហើយ»។ នេះពុំមែនជាអ្វីថ្មីចំពោះគាត់នោះទេ។ ក្រុមគ្រួសាររបស់គាត់ត្រូវបានគេទម្លាក់ គ្រាប់បែកចេញពីប្រទេសស៊ីរីកាលពី៦ឆ្នាំមុន។ សម្រាប់គាត់ ការផ្ទុះឃ្លាំងស្តុកនៅខែសីហាឆ្នាំ២០២០ ដែលបានសម្លាប់មនុស្សយ៉ាងតិច២០០នាក់ មិនមែនជាផ្ទះដែលបាក់បែករបស់គាត់នោះទេ។ វាគឺជាវដ្តៈនៃការបាត់បង់។
វាគឺជាវដ្តៈដែលខ្ញុំមិនអាចបំបាត់បាន។ ខ្ញុំមិនអាចបន្សាបការឈឺចាប់ ទាមទារយកអ្វីដែលបាត់បង់មកវិញ ហើយសាងប្រទេសជាថ្មីបានឡើយ។ ប៉ុន្តែ យើងមិនមែនជាអ្នកអស់សង្ឃឹម ហើយយើងក៏មិនមែនជាអ្នករងគ្រោះដែរ។ យើងកំពុងតែឈរនៅចំពោះមុខព្រះ ទូលសូមនូវអ្វីដែលហួសពីអំណាចរបស់យើងក្នុងការផ្លាស់ប្តូរ និងអនុញ្ញាតអោយទ្រង់បំបាត់សេចក្តីអាក្រក់ដែលកំពុងតែក្តៅក្រហាយ។ សេចក្តីល្អចេញពីរឿងនេះបាន។ សូមអោយព្រះនាមរបស់ព្រះត្រូវបានលើកតម្កើតឡើងតាមរយៈជីវិតរបស់ខ្ញុំ នៅលើបរិវេណសាកលវិទ្យាល័យមជ្ឈិមបូព៌ារបស់យើង ជូនចំពោះបងប្អូនលីបង់ជាទីស្រឡាញ់ និងជូនចំពោះផ្នែកដាច់ស្រយាលបំផុតនៃពិភពលោកដ៏វិលវល់របស់យើង។
អំណានដង្វាយប្រចាំសប្តាហ៍
នៅពេលដែលលោកលីយ៉ុងចាន់យកព្រះទុកជាទីមួយ
លោកលីយ៉ុងចាន់បានសម្រេចចិត្តយកព្រះទុកជាទី១ក្នុងជីវិតរបស់លោក។ ថ្ងៃនេះតើយើងអាចរៀនអ្វីបានខ្លះពីរឿងរបស់លោកដែលនឹងជួយយើងឲ្យយកព្រះទុកជាទីមួយនៅក្នុងជីវិតផ្ទាល់របស់យើង? สលោកលីបានទទួលបុណ្យជ្រមុជទឹកនៅប្រទេសកូរ៉េខាងត្បូងពេលលោកមានអាយុ១៧ឆ្នាំ។ ប៉ុន្តែគាត់ត្រូវចំណាយបួនប្រាំឆ្នាំទៀតទម្រាំតែនឹងយល់អំពីអំណាចនៃ ការបំផ្លាស់ បំប្រែ ដែលនាំឲ្យក្លាយជារាស្ត្រដ៏ស្មោះត្រង់ម្នាក់របស់ព្រះ។ បន្ទាប់ពីចប់ថ្នាក់មហា វិទ្យាល័យ លោកបានសម្រេចចិត្តយកព្រះទុកជាទីមួយចំនៅពេលដែលបានការងារធ្វើដែរ។
ក្រោយពីការខកខានឱកាសក្នុងការទទួលបានការងារជាច្រើនដោយសារតែការរក្សាថ្ងៃសប្បាតហ៍ ទីបំផុតលោកក៏រកបានការងារជាអ្នកដឹកជញ្ជូនឥវ៉ាន់។ លោកលីប្រាកដច្បាស់ថាព្រះទ្រង់នឹងផ្គត់ផ្គង់គ្រប់យ៉ាងដែលលោកត្រូវការ។ ការពិតនេះមិនមែនកើតចេញពីការតវ៉ា នឹងព្រះថា លុះត្រាតែទ្រង់ប្រទានពរទើបលោកលីបន្តស្មោះត្រង់នោះឡើយ។ ផ្ទុយទៅវិញ លោកលីជឿថា លោកគួរតែស្មោះត្រង់នឹងដង្វាយដប់ហូតមួយ និងដង្វាយសទ្ធាជាមុនពីព្រោះព្រះជាម្ចាស់បានប្រទានពរដល់លោករួចហើយជាមួយនឹងធនធានទាំងនោះ។
ការយកព្រះទុកជាទីមួយតាមរយៈការថ្វាយដង្វាយដប់ហូតមួយ និងដង្វាយសទ្ធាគឺជាការទទួលស្គាល់ថាការផ្គត់ផ្គង់ និងព្រះពររបស់ព្រះជាម្ចាស់។ នៅពេលដែលលោកលីមានគ្រួសារ ព្រះជាម្ចាស់បានប្រទានផ្ទះដ៏ស្រស់ស្អាត និងឡានមួយគ្រឿងដែលលោកបានយកមកប្រើប្រាស់សម្រាប់ព័ន្ធកិច្ចឥឡូវនេះ។ លោកលីបានទទួលស្គាល់ថាព្រះពរទាំងអស់នេះបានមកពីសេចក្តីអធិដ្ឋានដ៏ស្មោះត្រង់។ ប្រសិនបើព្រះជាម្ចាស់ទ្រង់ស្មោះត្រង់នឹងអស់អ្នកដែលមិនស្មោះត្រង់ចំពោះទ្រង់ ចូរស្រមៃមើលថាតើទ្រង់ស្មោះត្រង់ច្រើនជាងប៉ុនណាចំពោះអស់អ្នកដែលស្មោះត្រង់នឹងទ្រង់! រឿងរបស់លោកលីគឺជាការរំឭកមួយដែលប្រាប់អំពីពេលដែលយើងឧទ្ទិសជីវិតរបស់យើងយកព្រះទុកជាទីមួយបើទោះបីជាការលះបង់នាំមកនូវអត្ថន័យនិងការរៀនសូត្រក្តី។ លោកអ្នកក៏អាចឧទ្ទិសជីវិតទាំងពេលដែលនៅក្មេងនៅឡើយដើម្បីរក្សាការស្មោះត្រង់ចំពោះការប្តេជ្ញាចិត្តដូចជាលោកដានីយ៉ែលដែរ។
អ្នកស្រីអែល្លិនជីវ៉ៃត៍បានសរសេរយ៉ាងដូច្នេះថា «ព្រះហស្តដ៏សប្បុរសរបស់ព្រះបានដាក់សេចក្តីល្អនីមួយៗនៅលើផែនដីនេះដើម្បីបង្ហាញអំពីសេចក្តីស្រឡាញ់របស់ទ្រង់ដល់មនុស្សលោក។ មនុស្សក្រីក្រទាំងឡាយគឺជារាស្ត្ររបស់ព្រះអង្គ ហើយកិច្ចការខាងសាសនាក៏ជារបស់ព្រះអង្គដែរ។ មាសនិងប្រាក់គឺជារបស់ព្រះអម្ចាស់ ហើយទ្រង់ក៏បញ្ជាទឹកភ្លៀងដែលនៅលើមេឃឲ្យធ្លាក់ទៅលើកន្លែងណាក៏បាន។ ប៉ុន្តែផ្ទុយពីនេះ ទ្រង់បានបង្កើតមនុស្សលោកឲ្យធ្វើជាភ្នាក់ងាររបស់ព្រះអង្គ ដោយបានផ្ទុកផ្តាក់នូវមធ្យោបាយជាច្រើនដល់គេមិនមែនសម្រាប់បង្គរទុកទេ ប៉ុន្តែដើម្បីឲ្យយកទៅប្រើជាប្រយោជន៍ដល់អ្នកដទៃ។ ទ្រង់បានបង្កើតមនុស្សមកឲ្យធ្វើជាអ្នកចែកចាយព្រះពររបស់ព្រះអង្គនៅលើផែនដីនេះ។ ទ្រង់បានរៀបចំប្រព័ន្ធនៃសេចក្តីសប្បុរស ក្នុងគោលបំណងឲ្យមនុស្សលោកអាចដូចជាព្រះអាទិកររបស់ខ្លួន ដែលមានចរិតលក្ខណៈសប្បុរសនិងមិនអាត្មានិយម ហើយទីបំផុតក្លាយជាអ្នកទទួលរង្វាន់ជាសិរីល្អដ៏នៅអស់កល្បជានិច្ចជាមួយព្រះគ្រីស្ទផងដែរ» (ដកស្រង់ពីCounsels on Stewardship p.15)។ លោលីយ៉ុងចាន់បានយកព្រះទុកជាទី១ទោះបីជាពួកគេត្រូវបាត់បង់អ្វីៗទាំងអស់ក្តី។ សព្វថ្ងៃនេះសេចក្តីក្លាហានរបស់ពួកគេក៏បណ្តាលចិត្តយើងរាល់គ្នាដែរ។ ព្រះយេស៊ូវបានលះបង់អ្វីៗគ្រប់យ៉ាងដើម្បីប្រោសលោះយើង ហើយសេចក្តីស្រឡាញ់របស់ទ្រង់ក៏ជំរុញយើង ឲ្យយកនគររបស់ទ្រង់ទុកជាទី១ក្នុងជីវិតផ្ទាល់របស់យើងដែរ។ ខណៈដែលអ្នកជំនួយការប្រមូល ប្រាក់ដង្វាយ១០ហូត១ និងសទ្ធា យើងក៏ត្រូវបានលើកទឹកចិត្តឲ្យយកព្រះទុកជាទី១ដែរ។