មេរៀនទី៤​៖ ១៦‑២២ មករា ២០២១

ផ្លូវដ៏លំបាក

Jeans
ថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០២១
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្ដាហ៍នេះ៖ អេសាយ ៧៖១៤-២៥; អេសាយ ៨៖១-២២; កូរិនថូសទី២ ៤៖១៨; ម៉ាថាយ ២២៖៣៧; របាក្សត្រទី១ ១០៖១៣, ១៤។

ខចងចាំ៖ «ឯខ្ញុំៗនឹងទន្ទឹងចាំព្រះយេហូវ៉ា ដែលទ្រង់លាក់ព្រះភក្ត្រនឹងពូជពង្សយ៉ាកុប ខ្ញុំនឹងចាំមើលតែទ្រង់» (អេសាយ ៨៖១៧)។

អគារមួយខ្នងនៅក្នុងតំបន់ហាឡីម នៃទីក្រុងញូវយ៉កត្រូវបានភ្លើងអគ្គិភ័យឆាបឆេះលេបត្របាក់។ មានក្មេងស្រីពិការភ្នែកម្នាក់បានអង្គុយនៅលើផ្នែកលយនៃបង្អួចជាន់ទី៤។ ក្រុមអ្នកពន្លត់អគ្គិភ័យហាក់ដូចជាលែងមានមធ្យោបាយក្នុងការជួយសង្គ្រោះនាងហើយ។ ពួកគេមិនអាចដាក់កាំជណ្ដើរនៅចន្លោះអគារដែលនាងកំពុងស្ថិតនៅនិងអគារមួយទៀតដែលនៅទន្ទឹមគ្នានោះបានទេ។ ពួកគេក៏មិនអាចអោយនាង លោតចូលក្នុងសំណាញ់បានដែរ។ ជាការពិតណាស់ ក្មេងស្រីដែលខ្វាក់ភែ្នកនោះមិនអាចមើលឃើញ សំណាញ់បានទេ។ «ទីបំផុត ឪពុករបស់ក្មេងស្រីនេះក៏បានមកដល់ល្មម។ គាត់បានស្រែកប្រាប់កូនស្រីរបស់គាត់ថា មានសំណាញ់នៅពីក្រោមនាងហើយថា នាងត្រូវតែលោតចូលទៅក្នុងសំណាញ់នោះទៅ តាមការបង្គាប់របស់គាត់។ ក្មេងស្រីនោះក៏បានលោតចុះមកមែន។ នាងពិតជាមានអារម្មណ៍ប្រសើរណាស់ដែលនាងមិនមានរងរបួសបាក់ឆ្អឹង ឬឈឺចាប់សាច់ដុំដោយការធ្លាក់ពីអគារជាន់ទីបួននោះ។ ក្មេងស្រីនេះមានភាពជឿជាក់លើឪពុករបស់នាងយ៉ាងខ្លាំង។ ហេតុដូច្នេះហើយ បានជានាងធ្វើតាមអ្វីដែលឪពុករបស់នាងបង្គាប់បានយ៉ាងល្អបំផុត ទៅតាមសំឡេងរបស់គាត់»។ កែសម្រួលដោយ Michael P. Green, 1500 Illustrations for Biblical Preaching, p. 135។

ដូចគ្នានឹងឧទាហរណ៍នេះដែរ ព្រះជាម្ចាស់ទ្រង់បានប្រទាននូវភស្ដុតាងដ៏មានអំណាច ដើម្បីអោយរាស្ត្រទ្រង់បានដឹងថា ទ្រង់ពិតជាចង់អោយពួកគេបានទទួលផលល្អបំផុត។ ប៉ុន្តែផ្ទុយទៅវិញ ពួកគេបានបដិសេធព្រះបន្ទួលដ៏ទន់សន្តោសរបស់ទ្រង់។ ដូច្នេះព្រះទ្រង់ក៏បានសម្រេចព្រះទ័យត្រូវតែស្រែកគំហកអោយគេ ដើម្បីអោយពួកគេព្រមផ្ទៀងត្រចៀកស្តាប់តាមទ្រង់។

តើមានមេរៀនអ្វីខ្លះនៅថ្ងៃនេះដែលយើងអាចរៀនពីកំហុសរបស់ពួកគេ? ​

ថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០២១

បទទំនាយរបស់ហោរាអេសាយបានកើតឡើងមែន

កាលពីសប្តាហ៍មុន យើងបានដឹងរូចមកហើយថា អេម៉ាញូអែលគឺជានាមរបស់ព្រះយេស៊ូវ។ ទន្ទឹមនឹងនេះដែរ អេម៉ាញូអែលក៏អាចជាបុគ្គលណាម្នាក់ដែលរស់នៅក្នុងជំនាន់របស់ហោរាអេសាយដែរ។ នៅក្នុងខគម្ពីរអេសាយ ៧៖១៤-១៦ អេម៉ាញូអែលគឺជាទីសំគាល់ដែលទាក់ទងនឹងបញ្ហារបស់ស្តេចអ័ហាស៖ «ដ្បិតមុនដែលបុត្រនោះចេះបដិសេធចោលរបស់អាក្រក់ ហើយរើសយករបស់ល្អ នោះស្រុករបស់ស្តេចទាំង២ដែលឯងខ្ពើមនោះ នឹងត្រូវចោលស្ងាត់ទៅ» (អេសាយ ៧៖១៦)។ ស្តេចទាំងពីរព្រះអង្គដែលលោកអេសាយបានពណ៌នានោះគឺជាស្តេចនៃប្រទេសស៊ីរី និងស្តេចនៃប្រទេសអ៊ីស្រាអែលភាគខាងជើង (អេសាយ ៧៖១, ២, ៤-៩)។

តើហេតុអ្វីបានលោកអេសាយមានប្រសាសន៍ថា អេម៉ាញូអែលនឹង «បរិភោគខ្លាញ់ទឹកដោះ (ទឹក ដោះគោជូរ) ហើយនឹងទឹកឃ្មុំ» (អេសាយ ៧៖១៥)?

---------------------------------------------------------------------------------------

ជនជាតិអាសស៊ើរនឹងបំផ្លាញផលដំណាំរបស់ប្រទេសយូដា (អេសាយ ៧៖២៣-២៥)។ ដូច្នេះ ប្រជាជនទាំងឡាយ ព្រមទាំងអេម៉ាញូអែល ក្នុងសម័យសញ្ញាចាស់មិនថាទ្រង់ជានរណានោះទេ នឹងត្រូវបង្ខំចិត្តបរិភោគអ្វីដែលមនុស្សក្រីក្របរិភោគដែរ (អេសាយ ៧៖១៤, ១៥)។ ប៉ុន្តែ ពួកគេនឹងមានបរិភោគគ្រប់គ្រាន់សម្រាប់ការរស់នៅ បើទោះជាពួកគេមានភាពក្រខ្សត់ក៏ដោយ(អេសាយ ៧៖២១, ២២)។

តើបទព្រះបន្ទូលតាមរយៈហោរាអេសាយ ស្តីអំពីស្រុកស៊ីរី និងស្រុកអ៊ីស្រាអែលកើតឡើងនៅពេលណា? សម្រាប់ចម្លើយរបស់អ្នក សូមអានខគម្ពីរពង្សាវតារក្សត្រទី២ ១៥៖២៩, ៣០; ពង្សាវតារក្សត្រទី២ ១៦៖៧-៩; របាក្សត្រទី១ ៥៖៦, ២៦។

---------------------------------------------------------------------------------------

ព្រះទ្រង់បានប្រទានបទព្រះបន្ទូលរបស់ទ្រង់មកដល់លោកអេសាយ ក្នុងអំឡុងឆ្នាំ ៧៣៤ មុនគ្រិស្តសករាជ។ បន្ទាប់ពី ទីកឡាត-ពីលេស៊ើរបានទទួលយកសួយសាអាករជាប្រាក់កាសពីស្តេចអ័ហាសរួចមក ស្តេចអង្គនេះក៏បានធ្វើអ្វីដែលទ្រង់ចង់ធ្វើតែម្តង។ ព្រះអង្គបានវាយប្រទេសអ៊ីស្រាអែល និងប្រទេសស៊ីរី។ ក្រោយមក ទ្រង់ក៏បានចាប់បញ្ជូនយកប្រជាជនខ្លះក្នុងប្រទេសអ៊ីស្រាអែលខាងជើង ហើយក៏បានរាប់បញ្ចូលទឹកដីទាំងនោះមកជាចំណែកទឹកដីនគររបស់ផងទ្រង់ដែរ (៧៣៤-៧៣៣ មុនគ្រិស្តសករាជ)។ ជនជាតិអ៊ីស្រាអែលដែលនៅសេសសល់មួយចំនួនត្រូវបានជួយសង្គ្រោះដោយសារគ្រានោះស្តេចហូសេ បានថ្វាយនូវអំណោយជាប្រាក់កាសមួយចំនួន ហើយសន្យាថានឹងបម្រើដល់ស្តេចទីកឡាត-ពីលេស៊ើរ។ មុននោះបន្តិច សេ្តចហូសេបានធ្វើឃាតស្ដេចពែកា។ នៅឆ្នាំ៧៣៣ និង៧៣២ មុនគ្រិស្តសករាជ ព្រះបាទ ទីកឡាត-ពីលេស៊ើរ បានកាន់កាប់ក្រុងដាម៉ាសដែលជារដ្ឋធានីរបស់ប្រទេសស៊ីរី។ បន្ទាប់មកទ្រង់ក៏បានដាក់ប្រទេសស៊ីរីជាផ្នែកមួយនៃអាណាចក្ររបស់ទ្រង់។ ដូច្នេះនៅឆ្នាំ៧៣២ មុនគ្រិស្តសករាជប្រហែលជា២ឆ្នាំបន្ទាប់ពីហោរាអេសាយបានប្រកាសព្រះបន្ទួលរួចមក ប្រទេសស៊ីរី និងប្រទេសអ៊ីស្រាអែលក៏ត្រូវបានបំផ្លាញ។

ភ្លាមៗក្រោយមកនៅឆ្នាំ៧២៧ មុនគ្រិស្តសករាជស្តេចសាលម៉ានណេសៀបានដណ្តើម រាជ្យពីព្រះបាទទីកឡាត-ពីលេស៊ើរ ទីបី។ បន្ទាប់មក ហូសេ ដែលជាស្តេចរបស់ប្រទេសអ៊ីស្រាអែលក៏បាន ធ្វើនូវរឿងដ៏ឆោតល្ងង់មួយដែលទង្វើនេះបាននាំអោយប្រទេសរបស់ទ្រង់ត្រូវជួបនឹងគ្រោះអន្តរាយ។ ព្រះអង្គបានច្បាំងនឹងស្រុកអាសស៊ើរ។ ជនជាតិអាសស៊ើរក៏បានចាប់យកក្រុងសាម៉ារីដែលជារដ្ឋធានីរបស់ ប្រទេសអ៊ីស្រាអែលនៅឆ្នាំ៧២២ មុនគ្រិស្តសករាជ។ ប្រទេសនោះក៏បានចាប់បញ្ជូនជនជាតិអ៊ីស្រាអែល រាប់ពាន់នាក់និរទេសចេញទៅ។ ចាប់តាំងពីពេលនោះមក ជនជាតិអ៊ីស្រាអែលក៏បានក្លាយខ្លួនជាផ្នែកមួយនៃប្រជាជនមូលដ្ឋានក្នុងតំបន់់របស់មេឌី និងមេសូប៉ូតាមៀ ។ ជនជាតិអ៊ីស្រាអែលលែងបានហៅថាជា ប្រជាជាតិទៀតហើយ (សូមអានអេសាយ ៧៖៨)។ ព្រះបានបង្ហាញអោយលោកអេសាយបានឃើញពីអ្វីដែលនឹងកើតឡើងចំពោះសត្រូវរបស់ពួកយូដា។ នោះហើយជាមូលហេតុដែលស្តេចអ័ហាសមិនគួរព្រួយបារម្ភ។ គាត់មិនគួរសុំជំនួយពីស្រុកអាសស៊ើរទេ។ ​

ថ្ងៃច័ន្ទ ទី១៨ ខែមករា ឆ្នាំ២០២១

ដឹងមុននូវអ្វីដែលនឹងកើតមានឡើង

សូមអានខគម្ពីរអេសាយ ៧៖១៧-២៥។ ដូចដែលខទាំងនេះបង្ហាញ តើព្រះជាម្ចាស់កំពុងតែមាន បន្ទូលដូចម្តេចអំពីអ្វីដែលនឹងកើតមានឡើងមកដល់ទឹកដី? ហេតុអ្វីបានជាយើងមិនគួរភ្ញាក់ផ្អើលចំពោះដំណឹងនេះ?

---------------------------------------------------------------------------------------

«ព្រះជាម្ចាស់បានប្រទាននូវព្រះបន្ទូលរបស់ទ្រង់ម្តងហើយម្តងទៀតទៅកាន់សាសន៍អ៊ីស្រាអែលដើម្បីអំពាវនាវអោយគេវិលមករកទ្រង់វិញ។ ពួកហោរា ឬក៏អ្នកសំណប់របស់ព្រះបានអង្វរករដល់សាសន៍អ៊ីស្រាអែលដោយក្តីស្រឡាញ់ និងស្មោះអស់ពីចិត្ត ដើម្បីអោយគេមានជំនឿដល់ព្រះ ហើយងាកបែរចេញពីអំពើបាបរបស់ខ្លួន ហើយព្រមទាំងខំកែប្រែជីវិតរបស់ខ្លួនសាជាថ្មីឡើងវិញ។ ពាក្យពេចន៍របស់ហោរាទាំងនេះពិតជាមានការប៉ះពាល់ចិត្តណាស់»។ ដកស្រង់ពី​ Ellen G.​White, Prophets and Kings, p. 325។

ដូច្នេះ ដំណឹងល្អដែលព្រះជាម្ចាស់បានប្រទានសម្រាប់ស្តេចអ័ហាសគឺថា ស្រុកស៊ីរី និងអ៊ីស្រាអែល នឹងត្រូវបានបំផ្លាញចោលជាមិនខាន។ ប៉ុន្តែស្តេចអង្គនេះជាបុគ្គលដែលខ្លាចមនុស្ស តែគ្មានសេចក្តីជំនឿលើព្រះវរបិតាបន្តិចសោះឡើយ។ ទ្រង់បានសេពគប់ជាមួយមិត្ដដែលខុសក្នុងការជួយទ្រង់។ ដូច្នេះ ដំណឹងដែលអាក្រក់គឺថា ស្រុកអាសស៊ើរនឹងនាំមកនូវគ្រោះកាចដល់ស្រុកយូដាជាជាងប្រទេសស៊ីរី និងអ៊ីស្រាអែលទៅទៀត។ នៅពេលដែលស្តេចអ័ហាសបានបដិសេធសំណូមពរបស់ព្រះក្នុងការជួយស្រោចស្រង់ស្រុកយូដានោះ ទ្រង់ពិតជានឹងចាញ់សង្គ្រាមជាមិនខាន។ ស្តេចអ័ហាសប្រហែលជាយល់ថា ប្រទេសរបស់ព្រះអង្គកំពុងតែបែកបាក់ហើយ។ ប៉ុន្តែ ទ្រង់មិនបានដឹងថាអ្វីគ្រប់យ៉ាងកំពុងតែឈានទៅរកភាពស្មុគស្មាញទៅៗនោះឡើយ។

«ស៊ូពឹងជ្រកនៅព្រះយេហូវ៉ាជាជាងទុកចិត្តនឹងពួកអ្នកធំ» (ទំនុកដំកើង ១១៨៖៩)។ តើស្តេច អ័ហាសអាចជឿជាក់បានយ៉ាងដូចម្តេចថា ទីកឡាត-ពីលេស៊ើរ នឹងសប្បាយចិត្តដោយយកតែប្រទេសនៅភាគខាងជើង និងព្រមទុកឲ្យ ស្រុកយូដារួចខ្លួននោះ? សំណេររបស់ជនជាតិអាសស៊ើរបានបង្ហាញថា ពួកស្តេចអាសស៊ើរមាន «ការស្រេកឃ្លាន» អំណាចជាខ្លាំង។ ពួកគេមិនចេះស្កប់ស្កល់នឹងអំណាចដែល ខ្លួនមាននោះឡើយ។ ពួកគេតែងតែលោភលន់ និងចង់បានមិនចេះឆ្អែតឆ្អន់ឡើយ។

សូមអានខគម្ពីរពង្សាវតារក្សត្រទី២ ១៦៖១០-១៨ និងរបាក្សត្រទី២ ២៨៖២០-២៥។ ដូចដែល ខទាំងនេះបានបង្ហាញស្រាប់ តើមានអ្វីកើតឡើងចំពោះស្តេចអ័ហាស? តើមានច្បាប់ខាងព្រលឹងវិញ្ញាណដ៏សំខាន់អ្វីខ្លះដែលយើងឃើញកើតឡើងនៅទីនេះ? ហេតុអ្វីបានជាយើងមិនគួរភ្ញាក់ផ្អើលចំពោះអ្វីដែលទ្រង់បានធ្វើ?

---------------------------------------------------------------------------------------

ខគម្ពីររបាក្សត្រទី២ ២៨៖២០-២៣ បានបង្ហាញអោយយើងឃើញយ៉ាងច្បាស់នូវអ្វីដែលបានកើតឡើង ដោយសារស្តេចអង្គនេះទីពឹងជំនួយពីស្រុកអាសស៊ើរជាជាងទុកចិត្តលើព្រះជាម្ចាស់។

វាជារឿងធម្មតាទេដែលមនុស្សយើងតែងតែទុកចិត្តលើអ្វីដែលយើងអាចមើលឃើញអាចមានអារម្មណ៍ អាចភ្លក់ដឹងរសជាតិ និងអាចប៉ះពាល់បានចំពោះអ្វីៗដែលនៅលើផែនដីនេះ។ ប៉ុន្តែដូចដែលយើងបានដឹងរួចមកហើយថា អ្វីៗនៅលើផែនដីនេះនឹងរលាយបាត់ទៅ។ សូមមើលកូរិនថូសទី២ ៤៖ ១៨។ តើខនេះនិយាយអ្វីខ្លះមកកាន់យើង? តើយើងអាចធ្វើតាមព្រះបន្ទូលនេះនៅក្នុងជីវិតរបស់យើងដោយរបៀបណា? តើវានឹងធ្វើឱ្យជីវិតរបស់យើងខុសប្លែកយ៉ាងដូចម្តេចប្រសិនបើយើងអនុវត្តតាមនោះ? ​

ថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១

តើមានធាតុអ្វីខ្លះនៅក្នុងឈ្មោះមួយ?

សូមលោកអ្នកព្យាយាមស្រមើស្រមៃថាខ្លួនកំពុងលេងបាល់ជាមួយកូនប្រុសទីពីររបស់អេសាយ។ នៅពេលដែលអ្នកអាចនិយាយថា «ម៉ាហៀ-សាឡាល-ហាស-បាស បោះបាល់មកខ្ញុំ» វានឹងយឺតពេលទៅហើយ។ ប៉ុន្ដែអត្ថន័យឈ្មោះរបស់គាត់គឺវែងឆ្ងាយជាង៖ «ខំប្រឹងរឹបអូសយកទ្រព្យសម្បត្តិ ហើយសំរុកចូលដោយប្រញាប់ទៅយករបស់របរដោយកម្លាំង»។

អត្ថន័យនៃឈ្មោះ ម៉ាហៀ-សាឡាល-ហាស-បាស បង្ហាញយើងអោយឃើញថា បុគ្គលណាម្នាក់នឹងវាយប្រហារបុគ្គលម្នាក់ទៀតក្នុងល្បឿនយ៉ាងលឿន។ ប៉ុន្តែអ្នកណាជាអ្នកឈ្នះទៅ? តើអ្នកណាត្រូវបានគេវាយនោះ? សម្រាប់ចម្លើយសូមអានខគម្ពីរអេសាយ ៨៖៤។

---------------------------------------------------------------------------------------

ខគម្ពីរអេសាយ ៨៖១-១០ បានធ្វើឲ្យព្រះបន្ទួលដែលនៅក្នុងជំពូកទី៧ កាន់តែមានអានុភាពឡើង។ មុននឹងបុត្រតូចនេះធំដឹងក្តីឡើង នោះស្រុកអាសស៊ើរនឹងប្លន់យករដ្ឋធានីរបស់ប្រទេសស៊ីរី និងអ៊ីស្រាអែលខាងជើងបានរូចជាស្រេច។ ដូចដែលយើងបានឃើញស្រាប់ហើយ ប្រទេសយូដាបានច្រានចោលនូវការប្រោសប្រទានរបស់ព្រះ ដោយមិនព្រមអនុញ្ញាតអោយទ្រង់ការពារពួកគេឡើយ។ ការប្រទាននេះប្រៀប ដូចជាទឹកដែលហូរចេញពីរន្ធទឹករបស់ស្រុកស៊ីឡូក្នុងក្រុងយេរូសាឡិមដូច្នោះដែរ។ ដូច្នេះស្រុកយូដានឹង ត្រូវបានវាយប្រហារដោយពួកអាសស៊ើរដែលជាមហាប្រទេសមួយដ៏ខ្លាំងពូកែ។ ដើម្បីបង្ហាញពីអានុភាព របស់ជនជាតិអាសស៊ើរ ព្រះគម្ពីរបានប្រៀបប្រដូចការនេះទៅនឹងទន្លេអ៊ើប្រាតក្នុងអំឡុងពេលទឹកជំនន់។

ដោយសារតែស្តេចអ័ហាស បានងាកទៅពឹងពាក់ស្រុកអាសស៊ើរ នោះឈ្មោះកូនប្រុសរបស់ អេសាយ ជួយយើងអោយដឹងពីអ្វីដែលនឹងកើតមានឡើងចំពោះស្រុកយូដានិងអ៊ីស្រាអែលខាងជើង។ អត្ថន័យនៃឈ្មោះរបស់ពួកគេគឺ (១) «ខំប្រឹងរឹបអូសយកទ្រព្យសម្បត្តិ ហើយសំរុកចូលដោយប្រញាប់ទៅយករបស់របរដោយកម្លាំង» និង (២) «មនុស្សមួយក្រុមតូចនឹងត្រឡប់មកវិញ»។ អត្ថន័យរបស់ឈ្មោះទីពីរបានបង្ហាញថា សេចក្តីសង្ឃឹមបានកើតមានសម្រាប់ពួកសាសន៍យូដាហើយ។ ជាការពិតណាស់ ពួកអាសស៊ើរនឹងកាន់កាប់ស្រុករបស់អេម៉ាញូអែល (អេសាយ ៨៖៨) ប៉ុន្ដែ ព្រះបានសន្យាដល់សាសន៍យូដាថា «ទ្រង់គង់នៅជាមួយយើង» (អេសាយ ៨៖១០)។ សេចក្តីដដែលនេះបានបំពេញកណ្ឌគម្ពីរអេសាយថា៖ ព្រះជាម្ចាស់នឹងគង់នៅជាមួយនឹងរាស្ត្រដែលស្មោះត្រង់របស់ទ្រង់។ ព្រះអង្គនឹងវិនិច្ឆ័យទោសសត្រូវរបស់ជនជាតិយូដា។ ទ្រង់នឹងដាក់ទោសពួកគេដោយភ្លើងសង្គ្រាមនិងទុក្ខវេទនាផ្សេងៗ។ ព្រះអង្គនឹងចាត់រាស្ត្ររបស់ទ្រង់អោយទៅរស់នៅឆ្ងាយៗផងដែរ។ ប៉ុន្តែ បន្ទាប់មកទ្រង់នឹងនាំពួកគេត្រឡប់មកកាន់ទឹកដីរបស់ខ្លួនវិញ។

តើហេតុអ្វីបានជាហោរាអេសាយសរសេរឈ្មោះកូនប្រុសរបស់ខ្លួនមុនពេលដែលវាកើតមកដូច្នេះ? សម្រាប់ចម្លើយរបស់អ្នក សូមអានខគម្ពីរអេសាយ៨៖១-៣។

---------------------------------------------------------------------------------------

ពេលវេលាដែលកូនប្រុសរបស់អេសាយត្រូវប្រសូតមកគឺជាគ្រាដ៏សំខាន់ណាស់។ ថ្ងៃកំណើតរបស់កូននេះគឺជាទីសំគាល់មួយ។ សញ្ញានេះបង្ហាញថាស្រុកអាសស៊ើរនឹងវាយយកប្រទេសស៊ីរី និងអ៊ីស្រាអែលមុនពេលដែលក្មេងប្រុសនេះចេះនិយាយថា «ប៉ា» ឬ «ម៉ាក់» (អេសាយ ៨៖៤)។ ដូច្នេះហើយ លោកអេសាយបានសរសេរឈ្មោះកូនប្រុសរបស់ខ្លួន មុនពេលដែលវាចាប់ផ្តើមលូតលាស់នៅក្នុងផ្ទៃម្តាយរបស់ វាមកម៉្លេះ។ តាមរយៈការធ្វើបែបនេះ លោកអេសាយអាចចែកចាយនូវព្រះបន្ទូលរបស់ព្រះជាសាធារណៈ។ មនុស្សអាចល្បងលព្រះបន្ទួលរបស់ព្រះ ដើម្បីមើលថាតើព្រះបន្ទូលនោះពិត ឬមិនពិតទៅតាមអ្វីដែលនឹងត្រូវកើតឡើងនៅពេលខាងមុខ។

ថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១

យើងគ្មានអ្វីត្រូវខ្លាចនោះទេ នៅពេលដែលយើងទុកចិត្ដលើព្រះ

ប្រធានាធិបតីអាមេរិកម្នាក់ឈ្មោះថា ហ្វ្រង់គ្លីន ឌី រ៉ូសវែល បានប្រាប់ប្រជាជនរបស់គាត់ដែលរស់នៅក្នុងគ្រាកលយុគថា៖ «រឿងតែមួយគត់ដែលយើងត្រូវខ្លាចគឺ សេចក្តីភ័យខ្លាចហ្នឹងតែម្តង» (៤ មីនា ១៩៣៣) ។ បទបន្ទូលតាមរយៈហោរាអេសាយ ទៅកាន់ប្រជាជាតិរបស់លោកដែលកំពុងរស់នៅក្នុងគ្រាលំបាកគឺ៖ «ត្រូវឲ្យរាប់ព្រះយេហូវ៉ានៃពួកពលបរិវារទុកជាបរិសុទ្ធ ព្រមទាំងយកទ្រង់ជាទីភ័យខ្លាច ហើយ​តក់ស្លុតវិញ» (អេសាយ ៨៖១៣)។ ម៉្យាងវិញទៀត យើងមិនចាំបាច់ភ័យខ្លាចអ្វីនោះទេនៅពេលដែលយើង «កោតខ្លាច» និងគោរពប្រតិបត្តិដល់ព្រះហើយ។ ព្រះអង្គបានព្រមានយ៉ាងមុតមាំដល់ហោរាអេសាយ ដើម្បីកុំអោយលោកចូលរួមភ័យខ្លាចជាមួយសាសន៍អ៊ីស្រាអែលក្នុងគ្រានោះឡើយ ប៉ុន្តែត្រូវគោរព និង​កោតខ្លាចដល់ទ្រង់វិញ (អេសាយ ៨៖១២, ១៣)។ នេះគឺជាគំនិតសំខាន់មួយនៅក្នុងព្រះគម្ពីរ។ យើងក៏បានឃើញនូវគំនិតស្រដៀងគ្នានេះដែរនៅក្នុងខគម្ពីរវិវរណៈ ១៤៖៦-១២។ នៅក្នុងខទាំងនេះទេវតាទាំងបីអង្គបានមានបន្ទូលប្រាប់ដល់មនុស្សគ្រប់គ្នានៅលើផែនដីអោយកោតខ្លាចដល់ព្រះ ហើយលើក​តម្កើងសិរីរុងរឿងរបស់ទ្រង់ចុះ តែទ្រង់មិនបានបង្គាប់អោយយើងកោតខ្លាចដល់សត្វសាហាវនៅលើដី ក្នុងព្រះគម្ពីរវិវរណៈ១៣ទេ។

តើព្រះគម្ពីរចង់មានន័យយ៉ាងដូចម្តេច នៅពេលដែលបានប្រាប់យើងអោយកោតខ្លាចដល់ ព្រះជាម្ចាស់នោះ? តើនោះមានន័យថាយើងគួរតែខ្លាចទ្រង់ឬអី? តើយើងអាច «កោតខ្លាចដល់ព្រះ» ហើយក្នុងពេលដំណាលគ្នា ក៏ស្រឡាញ់ទ្រង់ដូចដែលព្រះគម្ពីរបានត្រាស់បង្គាប់យ៉ាងដូចម្តេច (ម៉ាថាយ ២២៖ ៣៧)?

---------------------------------------------------------------------------------------

តើការកោតខ្លាចដល់ព្រះមានន័យយ៉ាងណា? មានន័យថា យើងរាល់គ្នាត្រូវតែជឿថាព្រះគឺជាបុគ្គល ម្នាក់ដែលមានអំណាចបំផុត។ ប្រសិនបើព្រះគង់នៅជាមួយលោកអ្នក នោះគ្មាននរណាម្នាក់អាចបៀតបៀន លោកអ្នកដោយគ្មានការអនុញ្ញាតពីទ្រង់បានឡើយ។ ប្រសិនបើព្រះជាម្ចាស់ទាស់នឹងលោកអ្នកវិញដោយសារតែអ្នករាល់គ្នាបានបះបោរនឹងទ្រង់ នោះតើនឹងមានអ្វីកើតឡើងវិញ? ត្រូវហើយ អ្នករាល់គ្នាអាចរត់ចេញពីទ្រង់បាន។ ប៉ុន្តែ អ្នករាល់គ្នាមិនអាចលាក់ខ្លួនជិតបានទេ។

តើគំនិតដែលថាយើងគួរ «កោតខ្លាច» ព្រះ មិនស្របគ្នានឹងខគម្ពីរយ៉ូហានទី១ ៤៖១៨ ដែលចែងថា «គ្មានសេចក្តីភ័យខ្លាចណា នៅក្នុងសេចក្តីស្រឡាញ់ឡើយ សេចក្តីស្រឡាញ់ដែលពេញខ្នាត នោះបណ្តេញសេចក្តីភ័យខ្លាចចេញ ពីព្រោះសេចក្តីភ័យខ្លាចតែងជាប់មានសេចក្តីវេទនា ហើយអ្នកណាដែល មានសេចក្តីភ័យខ្លាច នោះមិនទាន់បានពេញខ្នាតខាងឯសេចក្តីស្រឡាញ់នៅឡើយទេ» ចូរពន្យល់នូវចម្លើយរបស់លោកអ្នក។

---------------------------------------------------------------------------------------

ការភ័យខ្លាចមានលក្ខណៈផ្សេងៗគ្នា។ ឧទាហរណ៍ថា លោកអ្នកជាមិត្តសម្លាញ់របស់បុគ្គលដែលមានឥទ្ធិពលម្នាក់។ លោកអ្នកស្រឡាញ់មិត្តរបស់លោកអ្នក។ លោកអ្នកមិនខ្លាចមិត្តរបស់លោកអ្នកទេ ព្រោះ លោកអ្នកដឹងថាគាត់នឹងមិនធ្វើបាបលោកអ្នកឡើយ។ ប៉ុន្តែ លោកអ្នកក៏គោរពដល់មនុស្សម្នាក់នេះ និង អំណាចរបស់គាត់ដែរ។

តើមានអ្វីដែលយើងជាគ្រីស្ទបរិស័ទមិនគួរខ្លាច តែអ្នកផ្សេងទៀតបែរជាខ្លាចវិញ? បើមាន តើវាជាអ្វីទៅ? តើក្នុងនាមជាគ្រិស្ដសាសនិកម្នាក់ អ្វីទៅដែលធ្វើអោយយើងខ្លាច តែអ្នកដទៃមិនខ្លាចនោះ? (ជំនួយ៖ សូមអានខគម្ពីរម៉ាថាយ ១០៖២៨ និងយេរេមា ១០៖២, ៣)។ ​

ថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១

ពេលដែលមនុស្សរស់ក្នុងរូបកាយ តែស្លាប់ខាងឯវិញ្ញាណ

សូមអានខគម្ពីរអេសាយ ៨៖១៦-២២។ តើខទាំងនេះបានបរិយាយអំពីអ្វីខ្លះ? តើរឿងនេះបង្រៀនយើងយ៉ាងដូចម្តេចអំពីស្តេចអ័ហាស? សូមសរសេរគំនិតសំខាន់បំផុតនៅក្នុងខទាំងនេះ។

---------------------------------------------------------------------------------------

ស្តេចអ័ហាសគោរពបូជាដល់ព្រះក្លែងក្លាយ ហើយក៏ប្រតិបត្តិតាមសាសនាដែលខុសឆ្គងដែរ (ពង្សាវតារក្សត្រទី២ ១៦៖៣, ៤, ១០-១៥, របាក្សត្រទី២ ២៨៖២-៤, ២៣-២៥)។ សាសនាដែលខុសឆ្គងនេះរួមមានដូចជាការថ្វាយបង្គំអារក្ស (សូមអានខគម្ពីរចោទិយកថា ៣២៖ ១៧) «គេក៏បានថ្វាយសំណែន ដល់អារក្ស» (កូរិនថូសទី១ ១០៖២០)។ សព្វថ្ងៃនេះមានអំពើអាបធ្មប់សម័យទំនើប ឬមន្តអាគមអូមអាម និងជំនឿរបស់យុគសម័យថ្មី ដែលវាគ្រាន់តែជាឧទាហរណ៍បែបថ្មីនៃមន្តអាគមនិងអំពើអាបធ្មប់ដែលយើងបានដឹងនៅសម័យព្រះគម្ពីរប៉ុណ្ណោះ។ លោកអេសាយបានប្រាប់យើងអំពីអ្វី ដែលនឹងកើតឡើងដល់យើងនៅពេលដែលយើងងាកចេញពីព្រះ ហើយបែរមកទុកចិត្តលើវិញ្ញាណខុសឆ្គងវិញ។ ចិត្តរបស់យើងនឹងពោរពេញទៅដោយការភ័យខ្លាច និងបាត់បង់នូវសេចក្តីសង្ឃឹម (អេសាយ ៨៖២១, ២២)។ នេះក៏បង្ហាញយើងពីអ័ហាស (ប្រៀបធៀបជាមួយរបាក្សត្រទី២ ២៨៖២២, ២៣)។ លោកអេសាយបាននិយាយថា ឯបុគ្គលដែលងាកទៅរកវិញ្ញាណខុសឆ្គង នោះនិងក្លាយទៅជាបុគ្គលដែលមានទោសៈខ្លាំងក្លា។ ពួកគេហ៊ានជេរប្រទេចផ្តាសាដល់ព្រះមហាក្សត្ររបស់ខ្លួន (អេសាយ ៨៖២១)។ តើរឿងនេះគួរតែបានបង្រៀនអ្វីខ្លះដល់អ័ហាស? វាគួរតែបានព្រមានដល់ទ្រង់អំពីអ្វីដែលប្រជាជនគូរធ្វើ។ ស្តេចអ័ហាសបានបណ្តាលអោយប្រជាជនរបស់ទ្រង់គោរពបូជាអារក្ស ដូច្នេះហើយបានជាប្រជាជាតិរបស់ទ្រង់ស្រែកជេរប្រមាថដល់ទ្រង់ដូច្នេះ។ នៅពេលដែលស្តេចអ័ហាសបានចូលទិវង្គតទៅគ្មាននរណាម្នាក់បានគោរពដល់ទ្រង់សោះឡើយ ព្រោះទ្រង់ជាស្តេចដែលអាក្រក់បំផុត។ ហេតុដូច្នេះហើយបានជាប្រជាជនមិនបាននាំសពរបស់ទ្រង់ទៅដាក់តំកល់ក្នុងផ្នូររបស់ស្តេចអ៊ីស្រាអែលនោះឡើយ (របាក្សត្រទី២ ២៨៖២៧)។

សូមអានខគម្ពីរលេវីវិន័យ ២០៖២៧ និងចោទិយកថា ១៨៖៩-១៤។ តើខទាំងនេះនិយាយអ្វីខ្លះអំពីរឿងវេទមន្ត និងអំពើអាបធ្មប់?

---------------------------------------------------------------------------------------

បងប្អូនអើយ យើងត្រូវតែញែកខ្លួនរបស់យើងចេញពីអ្វីដែលពាក់ព័ន្ធជាមួយអំពើមន្តអាគម ឬអាបធ្មប់។ ពេលដែលយើងបានញែកខ្លួនយើងចេញពីសេចក្តីជំនឿដែលខុសឆ្គងទាំងនេះ នោះយើងពិតជាបានបង្ហាញនូវភក្ដីភាពចំពោះព្រះហើយ។ ខគម្ពីររបាក្សត្រទី១ ១០៖១៣, ១៤ បានសម្តែងប្រាប់យើងពីអ្វីដែលបានកើតឡើងចំពោះស្តេចសូល ដោយសារតែទ្រង់មិនបានធ្វើតាមច្បាប់ដ៏សំខាន់នេះ៖ «ដូច្នេះ សូលបានសុគត ដោយព្រោះអំពើដែលទ្រង់បានប្រព្រឹត្តរំលងទាស់នឹងព្រះយេហូវ៉ា ដោយមិនបានកាន់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយដោយព្រោះទ្រង់បានសួរទំនាយនឹងស្រី ជាគ្រូខាប ឥតទូលសួរដល់ព្រះយេហូវ៉ា ហេតុនោះបានជាព្រះធ្វើឲ្យទ្រង់សុគត ព្រមទាំងបង្វែររាជ្យទៅឲ្យដាវីឌជាបុត្រអ៊ីសាយវិញ» (របាក្សត្រទី១ ១០៖១៣, ១៤)។

តើអ្នកអាចមើលឃើញគំនិត និងជំនឿស្តីអំពីរឿងមន្តអាគម និងអំពើអាបធ្មប់នៅក្នុងសហគមន៍របស់អ្នកតាមវិធីណាខ្លះ? តើអ្នកអាចធ្វើអ្វីខ្លះដើម្បីការពារខ្លួនរបស់អ្នកនិងក្រុមគ្រួសារបស់អ្នកពីគ្រោះថ្នាក់នេះបាន? ​

ថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១

សិក្សាបន្ថែម

សូមអាន Ellen G. White, “Can Our Dead Speak to Us?” pp. 551–562, in The Great Controversy។

«នៅក្នុងសម័យព្រះគម្ពីរ មានបុគ្គលខ្លះដែលនិយាយថាពួកគេអាចនិយាយឆ្លើយឆ្លងជាមួយនិងវិញ្ញាណមនុស្សស្លាប់បាន។ សព្វថ្ងៃនេះក៏មានបុគ្គលដែលនិយាយដូច្នេះផងដែរ។ ពួកគេនិយាយថា ‘ដួងវិញ្ញាណទាំងឡាយ’ គឺជាភ្ញៀវដែលអញ្ជើញមកពីពិភពផ្សេងទៀត។ ប៉ុន្តែព្រះគម្ពីរបានប្រាប់យើងថា ភ្ញៀវទាំងនេះពិតជាអារក្ស។ (ប្រៀបធៀបគ្នាជាមួយខគម្ពីរជនគណនា ២៥៖១-៣; ទំនុកតម្កើង ១០៦៖ ២៨; កូរិនថូសទី១ ១០៖២០ និងវិវរណៈ ១៦៖១៤)។ ព្រះមានបន្ទូលថាទ្រង់ពិតជាស្អប់ខ្ពើមណាស់ នៅពេលដែលនរណាម្នាក់ប្រាស្រ័យទាក់ទងជាមួយពួកអារក្ស ឬវិញ្ញាណអសោច។ បញ្ញត្តិរបស់ព្រះបានចែងថា អ្នកណាដែលនិយាយជាមួយវិញ្ញាណអសោច នោះនឹងត្រូវសម្លាប់ចោលជាមិនខាន។ សូមអានលេវីវិន័យ ១៩៖៣១ និងលេវីវិន័យ ២០៖២៧។ សព្វថ្ងៃនេះមនុស្សលេងសើចនឹងអំពើអាបធ្មប់។ ពួកគេគិតថា គ្មាននរណាម្នាក់អាចនិយាយជាមួយវិញ្ញាណអាក្រក់បានទេ។ ប៉ុន្តែ ពួកគេដដែលគិតថាខ្លួន គេអាចនិយាយជាមួយវិញ្ញាណរបស់មនុស្សជាទីស្រឡាញ់ដែលបានស្លាប់ទៅហើយបាន។ ជំនឿនេះមានការពេញនិយមណាស់។ មានសមាជិកសភា ព្រមទាំងព្រះមហាក្សត្រជាច្រើនក៏ជឿរឿងនេះដែរ។ សូម្បីតែអ្នកវិទ្យាសាស្ត្រខ្លះក៏គិតថា យើងអាចនិយាយទៅកាន់មនុស្សស្លាប់បាន។ មានមនុស្សរាប់ពាន់នាក់ មែនហើយដល់រាប់លាននាក់ឯណោះដែលជឿថា យើងអាចប្រាស្រ័យទាក់ទងជាមួយអ្នកជាទី ស្រឡាញ់របស់ខ្លួនដែលបានស្លាប់ទៅ។ ប៉ុន្តែជំនឿ «ថ្មី» នេះគឺជាការកុហកបោកប្រាស់ទេ។ វាពិតជាដូចគ្នានិងអំពើអាបធ្មប់ ឬមន្តអាគមពីមុនដែលព្រះគម្ពីរបានព្រមានយើងមែន។ ព្រះគម្ពីរបានហាមយើងមិនឱ្យពាក់ព័ន្ធនិងអំពើទាំងអស់នេះទេ»។ ដកស្រង់ចេញពី Ellen G. White, The Great Controversy, p. 556។ ​

សំនួរពិភាក្សា៖
  1. ចូរពិភាក្សាជាមួយមិត្តរួមថ្នាក់របស់អ្នកអំពីជំនឿដែលមនុស្សមួយចំនួនមានសព្វថ្ងៃនេះដែលថា យើងអាចប្រាស្រ័យទាក់ទងជាមួយមនុស្សស្លាប់បាន។ តើសេចក្តីជំនឿនេះពេញនិយមយ៉ាងណា? តើវាបង្ហាញយ៉ាងដូចម្តេចក្នុងខ្សែភាពយន្ត សៀវភៅ ទូរទស្សន៍ និងក្នុងជីវិតជុំវិញអ្នក? តើយើងអាចធ្វើអ្វីបានខ្លះដើម្បីបពា្ឈប់វា? តើយើងអាចជួយមនុស្សផ្សេងទៀតអោយយល់ពីគ្រោះថ្នាក់ក្នុងការទំនាក់ទំនងជាមួយ មនុស្សស្លាប់យ៉ាងដូចម្តេច? ហេតុអ្វីការបង្រៀនរបស់គម្ពីរស្តីអំពីអ្វីដែលបានកើតឡើងនៅពេលយើងស្លាប់ទៅសំខាន់ម៉្លេះ? តើវាអាចការពារយើងពីការបោកប្រាស់ដែលថាមនុស្សស្លាប់អាចនិយាយជាមួយយើងបានយ៉ាងដូចម្តេចដែរ?

  2. សូមអានខគម្ពីរអេសាយ ៨៖២០។ ចូរសរសេរខគម្ពីរនេះឡើងវិញដោយប្រើប្រាស់ពាក្យពេចន៍របស់ខ្លួនឯង។ សូមទុកឱកាសអោយមនុស្សផ្សេងៗគ្នានៅក្នុងថ្នាក់បានចែកចាយនូវខរបស់ពួកគេ។ តើព្រះអម្ចាស់កំពុងប្រាប់យើងអំពីអ្វីនៅទីនេះ? ​ ​

រឿងខ្លី

មេរៀនដែលទាន់សម័យកាល

Jeans

ព្រះជាម្ចាស់ទ្រង់បានបង្រៀនខ្ញុំនូវចំណេះដឹងបែបស្ថានសួគ៌មួយទាក់ទិននឹងពេលវេលា។ កាលណោះ ក្នុងឋានៈជាគ្រូគង្វាលម្នាក់ខ្ញុំបានដឹកនាំការផ្សាយដំណឹងល្អជាសេរីមួយដែលមានរយៈពេលបីសប្តាហ៍នៅក្នុងស្រុកកំណើតរបស់ខ្ញុំនៃរដ្ឋតានហ្សានី។ អ្នករៀបចំក្នុងតំបន់បានជ្រើសយករដូវប្រាំងសម្រាប់បេសកកម្មនេះ ដែលមានទីតាំងភូមិសាស្ត្រស្ថិតក្នុងទីក្រុងមូស៊ី ដែលជាក្រុងមួយនៅក្បែជើងភ្នំ គីលីម៉ានចារ៉ូ។ ប៉ុន្តែ ភ្លៀងក៏ចាប់ផ្តើមធ្លាក់យ៉ាងខ្លាំងបន្ទាប់ពីធ្វើបានមួយសប្តាហ៍រួចមក។ ដោយនឹកបារម្ភក្នុងចិត្តក្រែងថាទឹកភ្លៀងនឹងរាំងស្ទាក់ដំណើរមនុស្សមិនអោយចេញពីផ្ទះរួច ខ្ញុំក៏បានស្នើសុំអោយមានការ កំណត់កិច្ចប្រជុំនៅពេលក្រោយវិញ។ ខ្ញុំមានការភ្ញាក់ផ្អើលនៅពេលដែលប្រធានគណៈកម្មាធិការផ្សាយដំណឹងល្អក្នុងស្រុក គ្រូផ្សាយដំណឹងល្អនានាបានបដិសេធនូវសំណើនេះ។ ពួកលោកបានមានប្រសាសន៍ថា៖ «អត់បានទេលោកគ្រូគង្វាល យើងនឹងមិនពន្យារពេលទៀតទេ។ យើងបានអធិស្ឋានសម្រាប់ការប្រជុំទាំងនេះរួចហើយ ហើយថាព្រះជាម្ចាស់នៃយើង ទ្រង់ក៏បានជ្រាបនូវការអំពាវនាវនេះ ព្រមទាំងដឹងថានឹងមានភ្លៀងធ្លាក់មកដែរ»។ ខ្ញុំបានសួរថា «ដូច្នេះតើយើងត្រូវធ្វើដូចម្តេច? អ្នកក៏ឃើញស្រាប់ហើយថាភ្លៀងកំពុងធ្លាក់មកយ៉ាងខ្លាំង» ។ គាត់បាននិយាយថា៖ «យើងត្រូវតែមានជំនឿតិចតួច ថាព្រះរបស់យើងទ្រង់ពិតជាមានភាពជាក់លាក់ និងច្បាស់លាស់ចំពោះពេលវេលានៃកិច្ចប្រជុំណាស់ ចូរយើងអធិស្ឋានតាមបែបនេះវិញថា ‘ឱព្រះជាម្ចាស់ ជាព្រះដែលប្រកបដោយសេចក្តីសប្បុរសអើយ សូមទ្រង់មេត្តាអនុញ្ញាតឱ្យមានទឹកភ្លៀងធ្លាក់តាមបំណងព្រះទ័យរបស់ទ្រង់ចុះ ប៉ុន្តែសូមទ្រង់គ្រាន់តែបង្អាក់ទឹកភ្លៀងចាប់ពីម៉ោង៣៖ ៣០នាទីដល់ម៉ោង៦៖៣០នាទីរសៀលប៉ុណ្ណោះ។ យ៉ាងនេះមនុស្សនឹងមានរយៈពេល៣០នាទីក្នុងការធ្វើដំណើរទៅចូលរួមប្រជុំនៅម៉ោង៤៖០០រសៀល ព្រមទាំងពេលមាន៣០នាទីដើម្បីវិលត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីការប្រជុំបានបញ្ចប់នៅម៉ោង៦៖០០ល្ងាច’»។ ខ្ញុំពិតជាមិនសូវច្បាស់ចំពោះសំណើបែបនេះទេ ប៉ុន្តែ ខ្ញុំបានចូលរួមក្នុងការអធិស្ឋាននោះដែរ។ នៅព្រឹកថ្ងៃបន្ទាប់ ភ្លៀងក៏បានធ្លាក់មកយ៉ាងខ្លាំង ហើយបានបន្ដធ្លាក់រហូតដល់ពេលរសៀល។ ប៉ុន្តែជាការពិតណាស់ នៅម៉ោង៣៖៣០នាទីរសៀល ភ្លៀងក៏បានផ្អាកទៅ។ ការប្រជុំរបស់យើងក៏បានចាប់ផ្តើមនៅម៉ោង៤៖០០រសៀល ហើយខ្ញុំបានអធិប្បាយព្រះបន្ទួលរបស់ ព្រះរហូតដល់ម៉ោង៦៖០០ល្ងាច។ រួចមកភ្លៀងក៏បានចាប់ធ្លាក់ម្តងទៀត នៅម៉ោង៦៖៣០នាទី។ អាកាសធាតុបែបនេះបានកើតឡើងទៅតាមកាលវិភាគរបស់វាអស់រយៈពេលពីរសប្តាហ៍ជាប់គ្នា។ ទឹកភ្លៀងចាប់ធ្លាក់ចុះរហូតដល់ម៉ោង៣៖៣០រសៀល រួចបានរាំងទៅវិញហើយបន្ទាប់មកក៏ចាប់ផ្តើមម្តងទៀតនៅម៉ោង៦៖៣០ នាទីល្ងាច។ មានថ្ងៃមួយ អ្នកដែលមកចូលរួមម្នាក់បានមកដល់កន្លែងប្រជុំនៅម៉ោង៣រសៀល ដើម្បីទទួលបានកៅអីល្អ។ គាត់បានរង់ចាំមួយសន្ទុះហើយដោយសង្កេតឃើញថា ភ្លៀងចេះតែធ្លាក់មកខ្លាំងពេកទៅ គាត់ក៏សម្រេចចិត្តថារំសាយកិច្ចប្រជុំនេះហើយក៏ចាកចេញទៅ។ នៅថ្ងៃបន្ទាប់គាត់ក៏បានសួរថា តើយើងបានជួបប្រជុំគ្នាទេ។ ខ្ញុំបានឆ្លើយថា៖ «ពិតមែនហើយ យើងមិនបានអំពាវនាវអោយព្រះបពា្ឈប់ទឹកភ្លៀងនៅម៉ោង៣រសៀលនោះទេ តែគឺនៅម៉ោង៣៖៣០វិញទេតើ។ ដូច្នេះ អ្នកគួរតែដឹងអំពីរឿងនោះ។ បុរសនោះនិយាយថា៖ «ខ្ញុំនឹងមិនធ្វើខុសទៀតទេ»។ នៅថ្ងៃឈប់សម្រាកចុងក្រោយ ខ្ញុំក៏បានធ្វើពិធីបុណ្យជ្រមុជទឹកដល់មនុស្ស១២នាក់នៅក្នុងទន្លេមួយ។ នៅពេលដែលខ្ញុំបានលើកមនុស្សចុងក្រោយចេញពីទឹកមកភ្លាម នោះភ្លៀងក៏ចាប់ផ្តើមធ្លាក់មក។ បទពិសោធន៍មួយនេះបានបង្រៀនខ្ញុំថា ព្រះជាម្ចាស់ពិតជាប្រកាន់ និងពេលវេលាណាស់។ បើទោះជាព្រះមិនបានប្រឈមចំពោះលក្ខខ័ណ្ឌនៃពេលវេលាដូចគ្នានិងយើងក៏ដោយ ក៏ទ្រង់រំពឹងអោយយើងចេះគិតគូរដល់ពេលវេលា ហើយធ្វើជាអ្នកបម្រើទ្រង់ដែលស្មោះត្រង់និងពេលវេលា។ លោកប៉ុលបានប្រាប់យើងនៅក្នុងខគម្ពីរអេភេសូរ ៥៖១៥, ១៦ «ដូច្នេះ ត្រូវប្រយ័ត្នដោយមធ្យ័តដែលអ្នករាល់គ្នាដើរយ៉ាងណា កុំឲ្យដើរដូចជាមនុស្សឥតប្រាជ្ញាឡើយ ត្រូវតែដើរដោយមានប្រាជ្ញាវិញទាំងលៃយកឱកាសឲ្យទាន់ពេលផង ពីព្រោះសម័យនេះអាក្រក់ណាស់»។
​ ​
អំណានដង្វាយប្រចាំសប្តាហ៍

នៅពេលដែលលោកយ៉ូស្វេយកព្រះទុកជាទី១

ការយកព្រះទុកជាទី១មិនមែនជារឿងងាយស្រួលឡើយ។ តើយើងអាចរៀនបានអ្វីខ្លះពីលោកយ៉ូស្វេដែលនឹងជួយយើងឲ្យយកព្រះទុកជាទី១ក្នុងជីវិតរបស់យើងសព្វថ្ងៃនេះ?

លោកយ៉ូស្វេធ្លាប់ជាទាសករនៅស្រុកអេស៊ីព្ទ។ លោកមានការយល់ដឹងអំពីទុក្ខលំបាកក្រោមនឹមទាសភាពច្បាស់ណាស់។ មានថ្ងៃមួយ បុរសចំណាស់ម្នាក់នោះបានធ្វើដំណើរចូលទៅក្នុងរាជវាំង​របស់​ស្តេចផារ៉ោន និងបានទូលដល់ព្រះអង្គឲ្យដោះលែងសាសន៍អ៊ីស្រាអែល។ លោក​យ៉ូស្វេបានឃើញព្រះយេហូវ៉ា ដែលជាព្រះដ៏ពិតតែមួយព្រះអង្គ បានបន្ទាបព្រះនីមួយៗរបស់​សាសន៍​អេស៊ីព្ទ​អស់រលីង។ មិនយូរប៉ុន្មាន លោកក៏បានដើរកាត់ដីគោកក្នុងសមុទ្រឆ្ពោះទៅរកផ្លូវសេរីភាពរបស់លោក។

មិនយូរប៉ុន្មាន លោកយ៉ូស្វេក៏បានក្លាយជាសិស្សរបស់លោកម៉ូសេ ព្រមទាំងបានដើរតាមលោកទៅដល់ជើងភ្នំស៊ីណាយពេលដែលព្រះទ្រង់ប្រទានបញ្ញត្តិទាំងឡាយផងដែរ។ មួយរយៈកាល​ក្រោយមក លោកយ៉ូស្វេត្រូវបានជ្រើសជាតំណាងអំបូររបស់លោកឲ្យធ្វើជាអ្នកស៊ើបការណ៍នៅក្នុងទឹកដីដែលព្រះទ្រង់បានសន្យា។ លោកប្រាកដជាមានការភ័យខ្លាចនិងរំភើបញាប់ញ័រមិនខាន។

ក្នុងចំណោមអ្នកស៊ើបការណ៍ទាំង១២ លោកយ៉ូស្វេមើលឃើញថាទឹកដីដ៏ស្រស់ស្អាតនោះគឺល្អសម្រាប់ពួកគេរស់នៅខ្លាំងណាស់។ ទោះជាយ៉ាងណា ភ្លាមៗនោះលោករកឃើញថា ឱកាសនៃសេចក្តីក្លាហានរបស់លោកត្រូវប្រឈមនឹងការប្រកែកគ្នាជាមួយនឹងអ្នកស៊ើបការណ៍ដទៃៗទៀត​ទៅវិញ។

អ្នកស៊ើបការណ៍ចំនួន១០នាក់បានមើលឃើញដូចគ្នានឹងលោកយ៉ូស្វេដែរ ប៉ុន្តែពួកគេមានការយល់ឃើញផ្សេងទៅវិញ។ ពួកគេដឹងច្បាស់ថា ពួកសាសន៍កាណាននឹងបំផ្លាញពួកគេ។ លោកយ៉ូស្វេបានយកសេចក្តីសន្យារបស់ព្រះទុកជាទី១ និងឈរយ៉ាងរឹងមាំទាស់នឹងពួកគេ។

ប្រហែល៤០ឆ្នាំក្រោយមក ទីបំផុតលោកយ៉ូស្វេក៏ត្រូវបានជ្រើសរើសឲ្យដឹកនាំសាសន៍អ៊ីស្រាអែលចូលទៅក្នុងទឹកដីសន្យា។ នេះមិនមែនជារឿងងាយស្រួលឡើយសម្រាប់លោក។ ប៉ុន្តែលោកយ៉ូស្វេប្រាកដច្បាស់លើរឿងមួយ គឺលោកបានយកព្រះទុកជាទី១មិនថាមានអ្វីកើតឡើងក៏ដោយ។ នេះគឺជាប្រសាសន៍របស់លោកទៅកាន់សាសន៍អ៊ីស្រាអែល ដែលបានកត់ត្រាទុកក្នុងខគម្ពីរយ៉ូស្វេ ២៤៖១៥៖ «តែ​បើសិន​ជា​ឯង​រាល់​គ្នា​មិន​គាប់​ចិត្ត​នឹង​គោរព​ប្រតិបត្តិ​ដល់​ព្រះយេហូវ៉ា​ទេ នោះ​ចូរ​រើស​យក​ព្រះ​ណា ដែល​ឯង​ចង់​គោរព​ប្រតិបត្តិ​តាម​នៅ​ថ្ងៃ​នេះ​ចុះ ទោះ​បើ​ជា​ព្រះ​ទាំង​ប៉ុន្មាន ដែល​ពួក​ឰយុកោ​ឯង​បាន​គោរព​ប្រតិបត្តិ​នៅ​ខាង​នាយ​ទន្លេ ឬ​អស់​ទាំង​ព្រះ​របស់​សាសន៍​អាម៉ូរី​នេះ ដែល​ឯង​រាល់​គ្នា​នៅ​ក្នុង​ស្រុក​គេ​ក្តី តែ​ឯ​អញ និង​ពួក​គ្រួ​អញ យើង​ទាំង​អស់​គ្នា​នឹង​គោរព​ប្រតិបត្តិ​ដល់​ព្រះយេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ»។

លោកយ៉ូស្វេបានយកព្រះទុកជាទី១ជានិច្ច។ គំរូរបស់លោកដាស់តឿនយើងឲ្យធ្វើតាមលោក។ ខណៈដែលពួកអ្នកជំនួយការប្រាក់ដង្វាយកំពុងប្រមូលប្រាក់ដង្វាយ សូមយើងរាល់គ្នា បានទទួលយកព្រះជាម្ចាស់ទុកជាទី១ចុះ។
​​
សេចក្តីអធិដ្ឋាន៖
ឱព្រះវរបិតាម្ចាស់សួគ៌ យើងរាល់គ្នាថ្វាយបង្គំព្រះអង្គព្រឹកនេះ ដោយភ្ជាប់មកជាមួយនូវប្រាក់ដង្វាយ១០ហូត១ និងដង្វាយសទ្ធា។ យើងសូមអធិដ្ឋានឲ្យព្រះអង្គប្រទានសេចក្តីក្លាហានដល់យើងឲ្យយកទ្រង់ទុកជាទី១ក្នុងជីវិតរបស់យើងរាល់គ្នា។ សូមអធិដ្ឋានក្នុងព្រះនាមព្រះយេស៊ូវ។ អាម៉ែន។

Powered by CAM