មេរៀនទី៤​៖ ១៦-២២ តុលា ២០២១

ត្រូវអោយស្រឡាញ់ព្រះអម្ចាស់ជាព្រះនៃឯង

Jeans
ថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្ដាហ៍នេះ៖ ចោទិយកថា ៦៖៤, ៥; ចោទិយកថា ១០៖១២; ចោទិយកថា ៤៖៣៧; ម៉ាកុស ១២៖២៨-៣០។

ខចងចាំ៖ «ត្រូវ​ឲ្យ​ឯង​ស្រឡាញ់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ហើយ​អស់​ពី​កំឡាំង​ឯង» (ចោទិយកថា ៦៖៥)។

សេចក្តីអធិស្ឋានមួយដ៏សំខាន់បំផុតនៅក្នុងសាសនាយូដាគឺដកស្រង់មកពីបទគម្ពីរចោទិយកថា៦។ សេចក្តីអធិស្ឋាននេះត្រូវបានគេហៅថា «ស្សេម៉ា (the Shema)»។ សេចក្តីអធិស្ឋាននេះទទួលបានឈ្មោះរបស់វាមកពីពាក្យដំបូងនៃសេចក្តីអធិស្ឋានដែលហៅថា «ស្សាម៉ា (Shama)»។ ពាក្យថា «ស្សេម៉ា» គឺចេញមកពីពាក្យថា «ស្សាម៉ា»។ «ស្សាម៉ា» មានន័យ «ស្តាប់» ហើយ​ «យល់» ឬអាចមានន័យថា «គោរពតាម»។ ពាក្យ «ស្សាម៉ា» នេះត្រូវបានប្រើម្តងហើយម្តងទៀតនៅក្នុងកណ្ឌគម្ពីរចោទិយកថា និងគម្ពីរសញ្ញាចាស់ទាំងមូល។

ចូរយើងពិនិត្យមើលបន្ទាត់ដំបូងនៃពាក្យ ស្សាមា៉ ជាភាសាហេព្រើរដែលបានចែងថា៖ Shema Yisrael Adonai Elohenu Adonai echad។ តើពាក្យទាំងនេះមានន័យយ៉ាងដូចម្តេច? ពាក្យទាំងនេះមានន័យថា «ចូរ​ស្តាប់​ចុះ ឱ​អ៊ីស្រាអែល​អើយ ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​យើង គឺ​ព្រះយេហូវ៉ា​តែ​១​អង្គ​ទ្រង់» (ចោទិយកថា ៦៖៤)។ ជាទូទៅ នៅពេលដែលសាសន៍យូដាសូត្រផ្នែកនៃសេចក្តីអធិស្ឋាននេះ ពួកគេតែងតែបាំងភ្នែករបស់ពួកគេ។ តើហេតុអ្វីបានជាពួកគេបាំងភ្នែក? នោះគឺពីព្រោះតែពួកគេចង់បង្ហាញថា គ្មានអ្វីដែលអាចទាញចំណាប់អារម្មណ៍របស់ពួកគេចេញពីព្រះបានឡើយ។ អ្នកប្រាជ្ញខាងឯព្រះគម្ពីរជឿថា​ បន្ទាត់ដំបូងនៃស្សេម៉ាបង្ហាញថា «មានព្រះតែមួយគត់»។ ដូច្នេះ សាសន៍អ៊ីស្រាអែលត្រូវតែស្មោះត្រង់ចំពោះព្រះអម្ចាស់ជាព្រះនៃយើងតែមួយប៉ុណ្ណោះ។ សាសន៍អ៊ីស្រាអែលមិនត្រូវថ្វាយបង្គំព្រះដទៃទៀតឡើយ។​ នេះគឺជាមូលហេតុដែលនាំអោយផ្នែកដំបូងនៃសេចក្តីអធិស្ឋាននេះក៏អាចសរសេរបានដែរថា «ព្រះអម្ចាស់ជាព្រះនៃយើង»។

បន្ទាត់មួយនេះគឺជាផ្នែកមួយនៃសេចក្តីអធិប្បាយដំបូងដែលលោកម៉ូសេបានចែកចាយដល់ជនជាតិអ៊ីស្រាអែលមុនពេលដែលពួកគេហៀបនឹងចូលទៅក្នុងទឹកដីសន្យា។ សេចក្តីអធិប្បាយដែល នៅសេសសល់បង្ហាញអំពីសេចក្តីពិតនៃព្រះគម្ពីរ។ សេចក្តីពិតនេះមានសារៈសំខាន់ដូចគ្នានឹងសម័យគម្ពីរសញ្ញាចាស់ផងដែរ។

ថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០២១

ត្រូវអោយស្រឡាញ់ព្រះ

លោកម៉ូសេបានប្រាប់ពួកបណ្តាជនអំពីប្រវត្តិសាស្ត្ររបស់ពួកគេ។​ បន្ទាប់មក លោកម៉ូសេបានប្រាប់ពួកគេអំពីអ្វីគ្រប់យ៉ាងដែលពួកគេត្រូវធ្វើ។​ ពេលនោះ​ ពួកគេនឹងអាចដណ្តើមយកទឹកដីដែលព្រះបានសន្យាដល់ពួកគេ ហើយរស់នៅយ៉ាងសប្បាយរីករាយជាយូរអង្វែងតទៅ។

បទគម្ពីរចោទិយកថា៦ បានផ្តើមជាមួយនឹងពាក្យទាំងនេះរបស់លោកម៉ូសេទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ «នេះ​ជា​សេចក្តី​បង្គាប់ ជា​ច្បាប់ ហើយ​ជា​បញ្ញត្តិទាំង​ប៉ុន្មានដែល​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​បង្គាប់​មក​ឲ្យ​បង្រៀន​ដល់​ឯង ដើម្បី​ឲ្យ​ឯង​បាន​ប្រព្រឹត្ត​តាមនៅ​ក្នុង​ស្រុក​ដែល​នឹង​ឆ្លង​ចូលទៅ​ទទួល​យក ប្រយោជន៍​ឲ្យ​ឯង​បាន​កោតខ្លាច​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ហើយ​កាន់​តាម​គ្រប់​ទាំង​ច្បាប់ និង​បញ្ញត្តិរបស់​ទ្រង់ ដែល​អញ​បង្គាប់​ដល់​ឯង​នេះ នៅ​អស់​១​ជីវិត​របស់​ឯង និង​កូន​ចៅ​ឯង​ត​រៀង​ទៅ ហើយ​ឲ្យ​ឯង​បាន​អាយុ​ជា​យូរអង្វែង​ត​ទៅ» (ចោទិយកថា ៦៖១, ២)។

សូមអានខគម្ពីរចោទិយកថា ៦៖៤, ៥។ តើព្រះអម្ចាស់ប្រទានសេចក្តីបង្គាប់អ្វីដល់កូនចៅអ៊ីស្រាអែលនៅក្នុងខ៥? តើសេចក្តីបង្គាប់នេះមានន័យយ៉ាងដូចម្តេច?

--------------------------------------------------------

លោកម៉ូសេបានប្រាប់ជនជាតិអ៊ីស្រាអែលថា «ត្រូវ​ឲ្យ​ឯង​ស្រឡាញ់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ហើយ​អស់​ពី​កំឡាំង​ឯង» (ចោទិយកថា ៦៖៥)។ តើលោកអ្នកឃើញថា​ សេចក្តីបង្គាប់មកពីលោកម៉ូសេថាអោយស្រឡាញ់ព្រះស្ថិតនៅក្នុងចន្លោះកណ្តាលនៃការដាស់តឿន និងក្រឹត្យវិន័យដែរឬទេ? មិនត្រឹមតែប៉ុណ្ណោះ លោកម៉ូសេបានប្រាប់ពួកគេថា ត្រូវអោយស្រឡាញ់ព្រះ «ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ហើយ​អស់​ពី​កំឡាំង​ឯង» (ចោទិយកថា ៦៖៥)។ សេចក្តីបង្គាប់នេះបង្ហាញ អ្វីមួយដ៏សំខាន់បំផុតដល់យើងអំពីសេចក្តីស្រឡាញ់គឺថា៖ សេចក្តីស្រឡាញ់របស់ព្រះគឺគ្មានអ្វីអាចប្រៀបផ្ទឹមបានឡើយ។ ត្រង់នេះមានន័យថា ព្រះចង់អោយយើងស្រឡាញ់ទ្រង់ជាមួយនឹងអ្វីគ្រប់យ៉ាងដែលយើងមាន។

ដូច្នេះហើយ សេចក្តីស្រឡាញ់របស់យើងចំពោះព្រះត្រូវតែមកមុនជានិច្ច។ សេចក្តីស្រឡាញ់របស់យើងចំពោះព្រះត្រូវតែខ្លាំងជាងសេចក្តីស្រឡាញ់របស់យើងចំពោះអ្នកណាម្នាក់ និងរបស់អ្វីមួយ។ ព្រះគឺជាហេតុផលនៃការរស់នៅរបស់យើង។​ ដូច្នេះ សេចក្តីស្រឡាញ់របស់យើងចំពោះព្រះគួរតែធ្វើអោយ អ្វីៗផ្សេងទៀតក្លាយទៅជាទី២នៅក្នុងជីវិតរបស់យើង។

នៅក្នុងភាសាហេព្រើរពាក្យថា «នៃឯង» នៅក្នុងខគម្ពីរចោទិយកថា ៦៖៥ សំដៅទៅលើបុគ្គលតែម្នាក់ប៉ុណ្ណោះ។​ ដូច្នេះ នៅពេលដែលលោកម៉ូសេសរសេរថា «ត្រូវ​ឲ្យ​ឯង​ស្រឡាញ់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​ពី​ចិត្ត» (ចោទិយកថា ៦៖៥) នោះលោកម៉ូសេបានបង្ហាញយើងថា ព្រះកំពុងតែមានបន្ទូលមកកាន់មនុស្សម្នាក់ៗ។ លោកម៉ូសេបានបង្ហាញយើងថា ព្រះចង់អោយមនុស្សម្នាក់ដែលជាសិស្សរបស់ទ្រង់ស្មោះត្រង់ជាមួយនឹងទ្រង់។​ មែនហើយ ព្រះបានមានបន្ទូលទៅកាន់ជនជាតិអ៊ីស្រាអែលក្នុងលក្ខណៈជាក្រុម។ ប៉ុន្តែ ក្រុមមួយអាចរឹងមាំទៅបានដរាបណាម្នាក់ៗនៅក្នុងផ្នែកនីមួយៗរឹងមាំជាមុនសិន។ ដូច្នេះ នេះគឺជាមូលហេតុដែលព្រះចង់អោយម្នាក់ៗដែលជាសិស្សរបស់ទ្រង់គោរពតាមទ្រង់ដោយផ្ទាល់។​ ការគោរពតាមរបស់យើងបង្ហាញអំពីសេចក្តីជំនឿរបស់យើងចំពោះព្រះ។​ ការគោរពតាមរបស់យើងត្រូវតែចេញមកពីសេចក្តីស្រឡាញ់របស់យើងចំពោះទ្រង់ដោយសារតែទ្រង់ជាព្រះ និងដោយសារ អ្វីៗគ្រប់យ៉ាងដែលទ្រង់បានធ្វើសម្រាប់យើង។​ តើការស្រឡាញ់ព្រះអោយអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកំឡាំងរបស់លោកអ្នកមានន័យយ៉ាងណាចំពោះលោកអ្នក?

ថ្ងៃច័ន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១

ត្រូវអោយកោតខ្លាចព្រះ

ដូចដែលយើងបានឃើញកាលពីម្សិលមិញរួចមកហើយថា​ លោកម៉ូសេបានប្រាប់ជនជាតិអ៊ីស្រាអែលអោយស្រឡាញ់ព្រះអោយបានពេញលេញ។​ សេចក្តីស្រឡាញ់នេះគឺជាសេចក្តីបង្គាប់។​ លោកម៉ូសេបានប្រាប់ពួកបណ្តាជនអំពីអ្វីដែលនឹងត្រូវកើតឡើងនៅពេលដែលពួកគេគោរពតាមក្រឹត្យវិន័យរបស់ព្រះថា៖ «ធ្វើ​ដូច្នេះ អ្នក​នឹង​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក» (ចោទិយកថា ៦៖ ២, គខប)។ ដូច្នេះ លោកម៉ូសេបានប្រាប់ពួកគេនៅក្នុងខនេះថា អោយ «កោតខ្លាច» ព្រះ។​ ប៉ុន្តែ នៅក្នុងខមួយទៀត លោកម៉ូសេបានប្រាប់ពួកគេថា ត្រូវអោយស្រឡាញ់ និងកោតខ្លាចព្រះក្នុងពេលតែមួយ។ តើមានរឿងអ្វីនៅត្រង់ចំណុចទាំងនេះ?

សូមអានខគម្ពីរចោទិយកថា ១០៖១២។ តើខនេះបានចែងយ៉ាងដូចម្តេចអំពីសេចក្តីស្រឡាញ់ និងការកោតខ្លាច? តើខនេះមានន័យយ៉ាងដូចម្តេច?

សព្វថ្ងៃនេះ នៅពេលដែលយើងគិតអំពី «ការកោតខ្លាច» យើងយល់ឃើញថាជាការភ័យខ្លាច។ ប៉ុន្តែ នៅពេលដែលព្រះគម្ពីរសូមអោយយើងកោតខ្លាចព្រះ នោះព្រះគម្ពីរពិតជាចង់អោយយើងបង្ហាញការគោរពកោតខ្លាចដល់ព្រះ។ យើងគោរពព្រះដោយសារតែទ្រង់មានអំណាច។ ទ្រង់យុត្តិធម៌ និងបរិសុទ្ធ។ ចំណុចទាំងនេះសុទ្ធតែហេតុផលល្អសម្រាប់មូលហេតុដែលយើងគួរតែកោតខ្លាចព្រះ។

សូមអានខគម្ពីរអេភេសូរ ២៖១-១០។ តើខទាំងនេះជួយអោយយើងយល់អំពីរបៀបដែលយើងអាចកោតខ្លាច និងស្រឡាញ់ព្រះក្នុងពេលតែមួយបានដោយរបៀបណា?

--------------------------------------------------------

កាលពីមុន យើងបដិសេធមិនគោរពតាមព្រះ។​ ការដែលមិនគោរពតាមព្រះរបស់យើងបានធ្វើអោយទ្រង់ក្រោធ។ (សេចក្តីក្រោធរបស់ទ្រង់គឺជាហេតុផលមួយដែលយើងគួរតែកោតខ្លាចទ្រង់។ ប៉ុន្តែ ក្រោយមកព្រះបានសុគតជំនួសយើង។​ ព្រះយេស៊ូវក៏បានប្រទានដល់យើងនូវជីវិតថ្មីនៅក្នុងទ្រង់ផងដែរ។ ជីរិតថ្មីនេះរួមមានទាំងសេរីភាពចេញពីអំពើបាប និងការជំនុំជំរះ។ (សេរីភាពនេះគឺជាមូលហេតុដែលយើងគួរតែស្រឡាញ់ព្រះ)។

សេចក្តីពិតនៃព្រះគម្ពីរដដែលនេះក៏ជាសេចក្តីពិតសម្រាប់សាសន៍អ៊ីស្រាអែលផងដែរ៖ មែនហើយ ពួកគេគឺជាទាសករនៅក្នុងស្រុកអេស៊ីព្ទ។ ប៉ុន្តែ ព្រះស្រឡាញ់ជនជាតិអ៊ីស្រាអែល។ សេចក្តីស្រឡាញ់របស់ទ្រង់គឺជាហេតុផលដែលនាំអោយទ្រង់រំដោះពួកគេចេញ។ «ចូរ​នឹក​ចាំ​ថា ឯង​ក៏​ជា​បាវ​បំរើ​នៅ​ស្រុក​អេស៊ីព្ទ​ដែរ តែ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​នាំ​ចេញ​ពី​ស្រុក​នោះ​មកដោយ​ព្រះហស្ត​ ដ៏​មាន​ព្រះចេស្តា និង​ព្រះពាហុ​លើក​សំរេច» (ចោទិយកថា​៥៖១៥)។ គ្មានអ្វីត្រូវឆ្ងល់ឡើយដែលថា ជនជាតិអ៊ីស្រាអែលគួរតែស្រឡាញ់ និងកោតខ្លាចព្រះនៅក្នុងពេលតែមួយនោះ។ ប្រសិនបើពួកគេត្រូវធ្វើដូច្នេះមែន ចុះយើងគួរតែស្រឡាញ់ និងកោតខ្លាចព្រះនៅក្នុងពេលតែមួយលើសជាងនេះប៉ុនណាទៀតដែរ?​ នៅពេលដែលយើងគិតដល់ការសុគតរបស់ទ្រង់សម្រាប់យើងនៅលើឈើឆ្កាង តើយើងមិនគួរស្រឡាញ់ទ្រង់ទេឬអី?សូមអានសារនៃទេវតាទី១នៅក្នុងខគម្ពីរវិវរណៈ ១៤៖៦, ៧។ សារនៃគ្រាចុងក្រោយនេះបានផ្តើមជាមួយនឹងពាក្យថា «ចូរ​កោតខ្លាច​ដល់​ព្រះ»។ តើហេតុអ្វីបានជាសេចក្តីបង្គាប់នេះគួរតែជាសារទី១ មកពីព្រះដល់មនុស្សនៅលើផែនដីនៅក្នុងសម័យចុងក្រោយនេះ? យើងបានដឹងថា នឹងមានរឿងអ្វីកើតឡើងនៅពេលអនាគត។ តើការដឹងរបស់យើងនេះអាចជួយអោយយើងមើលឃើញអំពីមូលហេតុដែលនាំអោយសេចក្តីបង្គាប់នេះសំខាន់ជាទីបំផុតដោយរបៀបណា?

ថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១

ទ្រង់បានស្រឡាញ់យើងជាមុន

ដូចដែលយើងបានឃើញរួចមកហើយថា ព្រះបានបង្គាប់អោយរាស្ត្ររបស់ទ្រង់គោរពតាមទ្រង់។ ទ្រង់បានប្រទានក្រឹត្យវិន័យ និងការដាស់តឿនជាច្រើនអោយពួកគេធ្វើតាម។​ តើសេចក្តីបង្គាប់ដំបូង និងសំខាន់បំផុតដែលព្រះបានប្រទានដល់រាស្ត្ររបស់ទ្រង់នោះគឺជាអ្វី? សេចក្តីបង្គាប់នេះគឺថា ពួកគេត្រូវស្រឡាញ់ព្រះអោយអស់ពីចិត្ត ព្រលឹង និងវិញ្ញាណរបស់ពួកគេ។ ជាការពិតណាស់ ព្រះប្រទានហេតុផលល្អៗជាច្រើនអោយរាស្ត្ររបស់ទ្រង់ស្រឡាញ់ទ្រង់។

សូមអានខគម្ពីរចោទិយកថា ៤៖៣៧; ចោទិយកថា ៧៖៧, ៨, ១៣; ចោទិយកថា ១០៖១៥; ចោទិយកថា ២៣៖៥ និងចោទិយកថា ៣៣៖៣។ តើខទាំងនេះបង្រៀនយើងអ្វីខ្លះ អំពីសេចក្តីស្រឡាញ់របស់ព្រះសម្រាប់រាស្ត្ររបស់ទ្រង់?

--------------------------------------------------------

លោកម៉ូសេបានប្រាប់ពួកបណ្តាជនអំពីសេចក្តីស្រឡាញ់របស់ព្រះចំពោះពួកគេ និងឪពុករបស់ពួកគេម្តងហើយម្តងទៀតនៅក្នុងកណ្ឌគម្ពីរចោទិយកថា។ ព្រះបានបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះរាស្ត្ររបស់ទ្រង់តាមរយៈព្រះបន្ទូលដ៏សប្បុរសរបស់ទ្រង់។​ ព្រះក៏បានបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់តាមរយៈសកម្មភាពរបស់ទ្រង់ដែរ។ ដូច្នេះ ទោះបីជានៅពេលដែលជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើបាប និងទទួលបរាជ័យក៏ដោយ ក៏គង់តែសេចក្តីស្រឡាញ់របស់ព្រះមិនផ្លាស់ប្តូរដែរ។​ ព្រះនៅតែបន្ត ស្រឡាញ់រាស្ត្ររបស់ទ្រង់។ ព្រះបានបង្ហាញដល់រាស្ត្ររបស់ទ្រង់ថា ទ្រង់បានស្រឡាញ់ពួកគេជាខ្លាំងតាមរយៈកិច្ចការដែលទ្រង់បានធ្វើសម្រាប់ពួកគេ។

«យើង​ស្រឡាញ់​ទ្រង់ ពី​ព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជា​មុន» (យូ៉ហានទី១​ ៤៖១៩)។ តើខនេះបង្ហាញពីមូលហេតុដែលយើងគួរស្រឡាញ់ព្រះយ៉ាងដូចម្តេច?

--------------------------------------------------------

ព្រះស្រឡាញ់យើងជាទីបំផុត។ ទ្រង់បានស្រឡាញ់យើងតាំងពីមុនទ្រង់បង្កើតយើងមកម្ល៉េះ។ តើយើងអាចដឹងបានដោយរបៀបណា? នោះគឺដោយសារតែព្រះបានរៀបផែនការ ដើម្បីសង្គ្រោះយើងមុនពេលដែលទ្រង់បានបង្កើតផែនដីនេះមកម្ល៉េះ។​ ដូចដែលលោកប៉ុលបានបកស្រាយថា៖ «ទ្រង់​បាន​រើស ​យើង​រាល់​គ្នា​ក្នុង​ព្រះគ្រីស្ទតាំង​ពី​មុន​កំណើត​លោកីយ៍​មក» ម្ល៉េះ (អេភេសូរ ១៖៤)។

អ្នកស្រីអែល្លិន ជីវ៉ៃត៍ក៏បានសរសេរអំពីគោលគំនិតនេះផងដែរ។​ អ្នកស្រីបានមានប្រសាសន៍ថា «ព្រះពុំបានចាំអោយលោកអ័ដាមប្រព្រឹត្តអំពើបាបមុនពេលដែលទ្រង់រៀបផែនការសង្គ្រោះយើងនោះទេ។ ផែនការរបស់ទ្រង់ ‘ត្រូវ​នឹង​សេចក្តី​បើក​សំដែងអំពី​ការ​អាថ៌កំបាំងដែល​បាន​លាក់​ទុក​នៅ​អស់​ទាំង​កល្ប​រៀង​មក’ (រ៉ូម ១៦៖២៥)។ ផែនការសង្គ្រោះនេះបង្ហាញអំពីក្រឹត្យវិន័យដ៏សំខាន់ដែលជាផ្នែកនៃការគ្រប់គ្រងរបស់ព្រះជារៀងរហូត»។ ដកស្រង់ពី The Desire of Ages, page 22, adapte។

យើងគួរតែមានអំណរគុណជាខ្លាំងដែលព្រះទ្រង់គឺជាព្រះនៃសេចក្តីស្រឡាញ់។ ទ្រង់បានស្រឡាញ់យើងជាទីបំផុត។ សេចក្តីស្រឡាញ់របស់ទ្រង់បានជំរុញអោយទ្រង់សុគតនៅលើឈើឆ្កាងសម្រាប់យើង។ «ហើយ​ដែល​ឃើញ​ទ្រង់​មាន​ភាព​ជា​មនុស្ស​ដូច្នោះ នោះ​ក៏​បន្ទាប​ព្រះអង្គ​ទ្រង់ ទាំង​ចុះ​ចូល​ស្តាប់​បង្គាប់រហូត​ដល់​ទី​មរណៈ គឺ​ទ្រង់​ទទួល​សុគត​ជាប់​ឈើ​ឆ្កាង​ផង»​ (ភីលីព ២៖៨)។ ព្រះបានបង្ហាញយើងនៅលើឈើឆ្កាងអំពីរបៀបដែលទ្រង់បានស្រឡាញ់យើង។ តើហេតុអ្វីបានជាសេចក្តីពិតនៃព្រះគម្ពីរនេះគួរតែបំពេញចិត្តរបស់យើងដោយសេចក្តីអំណរ?

ថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១

បើអ្នកស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តិរបស់ខ្ញុំចុះ

ព្រះបានសូមអោយសាសន៍អ៊ីស្រាអែលទាំងអស់ស្រឡាញ់ទ្រង់។ សេចក្តីស្រឡាញ់ចំពោះព្រះ នេះអាចកើតឡើងបានលុះត្រាតែនៅពេលមនុស្សម្នាក់ៗនៅក្នុងក្រុមទាំងមូលជ្រើសរើសស្រឡាញ់ទ្រង់តែ​ប៉ុណ្ណោះ។ ព្រះប្រទានសេរីភាពដល់ជនជាតិអ៊ីស្រាអែលម្នាក់ក្នុងការជ្រើសរើសស្រឡាញ់ទ្រង់។ ជនជាតិអ៊ីស្រាអែលម្នាក់អាចបង្ហាញអំពីសេចក្តីស្រឡាញ់របស់គេតាមរយៈការប្រព្រឹត្តតាម។

សូមអានខទាំងក្រោម។ តើខទាំងនេះមានលក្ខណៈដូចគ្នាយ៉ាងដូចម្តេច?

ចោទិយកថា​ ៥៖១០--------------------------------

ចោទិយកថា ៧៖៩---------------------------------

ចោទិយកថា ១០៖១២-----------------------------

ចោទិយកថា ១១៖១-------------------------------

ចោទិយកថា ១៩៖៩------------------------------

ព្រះគម្ពីរបានចែងយ៉ាងច្បាស់លាស់អំពីអ្វីដែលព្រះបានរំពឹងទុកពីរាស្ត្ររបស់ទ្រង់។ ពួកគេបានបង្ហាញអំពីសេចក្តីស្រឡាញ់របស់ពួកគេដល់ព្រះតាមរយៈសកម្មភាពរបស់ពួកគេ។ ទន្ទឹមនឹងនេះ ព្រះមិនត្រឹមតែមានបន្ទូលថា ទ្រង់ស្រឡាញ់យើងតែប៉ុណ្ណោះនោះទេ។ ព្រះបានបង្ហាញអំពីសេចក្តីស្រឡាញ់របស់ទ្រង់តាមរយៈអ្វីគ្រប់យ៉ាងដែលទ្រង់បានធ្វើ។ ខទាំងនេះបង្ហាញថា យើងពុំអាចខណ្ឌចែកសេចក្តីស្រឡាញ់របស់យើងចំពោះព្រះចេញពីការស្តាប់បង្គាប់បានឡើយ។

យើងអាចឃើញនូវការបង្រៀនមូលដ្ឋាននៅក្នុងខដទៃទៀតនៃព្រះគម្ពីរ។ លោកយ៉ូហានបានសរសេរថា «ដ្បិត​នេះ​ហើយ​ជា​សេចក្តី​ស្រឡាញ់​ដល់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​អស់​ទាំង​បញ្ញត្តិ​របស់​ទ្រង់ ឯ​បញ្ញត្តិ​ទ្រង់នោះ​មិន​មែន​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ» (យ៉ូហានទី១ ៥៖៣)។ ព្រះយេស៊ូវបានមានបន្ទូលថា «បើ​ អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្តិរបស់​ខ្ញុំ​ចុះ» (យ៉ូហាន ១៤៖១៥)។ ដូច្នេះ សេចក្តីស្រឡាញ់ចំពោះព្រះត្រូវតែបង្ហាញចេញមកតាមរយៈការគោរពតាមរបស់យើង។​ ការគោរពតាមព្រះរបស់យើងមានន័យថា ការគោរពតាមក្រឹត្យវិន័យ១០ប្រការដែលជាបញ្ញត្តិរបស់ទ្រង់។ ក្រឹត្យវិន័យនេះរាប់បញ្ចូលទាំងថ្ងៃសប្បាតហ៍ដែលជាក្រឹត្យវិន័យទី៤ផងដែរ។ ការគោរពតាមក្រឹត្យវិន័យទី៤មិនមែនស្តីអំពីការព្យាយាមរបស់យើងក្នុងការសង្គ្រោះខ្លួនឯងតាមរយៈអាកប្បកិរិយាល្អផ្ទាល់ខ្លួននោះទេ។

មនុស្សខ្លះប្រហែលជាអាចព្យាយាមគោរពតាមព្រះ ដើម្បីអោយទទួលបានព្រះគុណរបស់ទ្រង់។​ ប៉ុន្តែ អាកប្បកិរិយារបស់ពួកគេពុំមែនចេញមកពីសេចក្តីស្រឡាញ់ពិតចំពោះព្រះនោះទេ។ នៅពេលដែលយើងស្រឡាញ់ទ្រង់ពិត យើងនឹងចង់គោរពតាមទ្រង់ជាមិនខាន។ លោកម៉ូសេបានប្រាប់ពួកបណ្តាជនអោយស្រឡាញ់ព្រះតែមួយគត់ បន្ទាប់ពីព្រះបានរំដោះពួកគេចេញពីស្រុកអេស៊ីព្ទមក។ ពេលនោះ សាសន៍អ៊ីស្រាអែលបានបង្ហាញព្រះថា ពួកគេមានអំណរអរគុណជាខ្លាំងតាមរយៈការស្រឡាញ់ទ្រង់ និងគោរពតាមសេចក្តីបង្គាប់របស់ទ្រង់។ តើសព្វថ្ងៃនេះ ព្រះអម្ចាស់រំពឹងចង់បានអ្វីមួយដែលតិចជាងនេះពីរាស្ត្ររបស់ទ្រង់ដែរឬទេ?តើហេតុអ្វីបានជាលោកអ្នកគោរពព្រះ? តើហេតុអ្វីបានជាសេចក្តីស្រឡាញ់គួរតែជាហេតុផលដែលនាំអោយលោកអ្នកគោរពតាមទ្រង់? តើការកោតខ្លាចរបស់យើងចំពោះព្រះមានចំណែកអ្វីខ្លះនៅក្នុងហេតុផលរបស់យើងក្នុងការគោរពតាមទ្រង់?

ថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១

ក្រឹត្យវិន័យទី១

ទាំងគម្ពីរសញ្ញាចាស់ និងគម្ពីរសញ្ញាថ្មីសុទ្ធតែបង្ហាញយើងថា ព្រះទ្រង់ល្អ និងប្រកបដោយសេចក្តីស្រឡាញ់។ ប៉ុន្តែ ពួកគ្រីស្ទានមួយចំនួនចង់ច្រានចោលគម្ពីរសញ្ញាចាស់ចោល។​ ពួកគេនិយាយ ថា​ ពួកគេមិនត្រូវការគម្ពីរសញ្ញាចាស់ទៀតទេ បន្ទាប់ពីព្រះយេស៊ូវបានយាងមក។ ប៉ុន្តែ ការគិតបែបនេះ គឺជាកំហុសឆ្គងទៅវិញទេ។ គម្ពីរសញ្ញាចាស់ពុំអាចញែកចេញពីគម្ពីរសញ្ញាថ្មីបានឡើយ។ ​ប្រសិនបើយើងញែកគម្ពីរទាំងពីរនេះចេញពីគ្នា នោះយើងនឹងបំផ្លាញអត្ថន័យនៃគម្ពីរសញ្ញាថ្មីជាមិនខាន។ គម្ពីរសញ្ញាថ្មីបង្ហាញយើងអំពីព្រះយេស៊ូវ និងបកស្រាយអំពីព័ន្ធកិច្ចរបស់ទ្រង់នៅលើផែនដី និងស្ថានសួគ៌។ ព័ន្ធកិច្ចរបស់ទ្រង់អាចជួយអោយយើងនឹកចាំអំពីសេចក្តីសន្យាដែលព្រះតាំងឡើងនៅក្នុងគម្ពីរសញ្ញាចាស់។ ព្រះយេស៊ូវបានរក្សាសេចក្តីសញ្ញាទាំងអស់នេះនៅក្នុងគម្ពីរសញ្ញាថ្មី។ គម្ពីរសញ្ញាចាស់អាចជួយអោយយើងយល់យ៉ាងច្បាស់អំពីរបៀបព្រះយេស៊ូវបានធ្វើនូវរឿងទាំងនោះ។

សូមអានរឿងអំពីព្រះយេស៊ូវនៅក្នុងខគម្ពីរម៉ាកុស ១២៖២៨-៣០។ តើអាចារ្យបានសួរព្រះ-យេស៊ូវអំពី «បញ្ញត្តិដែល​សំខាន់​ជាង​គេ» (ម៉ាកុស ១២៖២៩) យ៉ាងដូចម្តេច? តើព្រះយេស៊ូវបានឆ្លើយតបទៅវិញយ៉ាងដូចម្តេច? តើព្រះយេស៊ូវទទួលបានចម្លើយរបស់ទ្រង់មកពីណា?

--------------------------------------------------------

ពួកយូដាមួយចំនួននៅក្នុងសម័យនោះជឿថា សាសន៍យូដាមានក្រឹត្យវិន័យទាំងអស់៦១៣ប្រការ។ ដូច្នេះ គ្មានអ្វីដែលគួរអោយឆ្ងល់ឡើយដែលថា ពួកយូដាចង់ដឹងថា ក្រឹត្យវិន័យមួយណាដែលសំខាន់ជាងគេបង្អស់នោះ។​ តើព្រះយេស៊ូវបានឆ្លើយតបទៅវិញយ៉ាងដូចម្តេច?

ព្រះយេស៊ូវបានលើកយកបទគម្ពីរចោទិយកថា ៦ ភ្លាម។ ទ្រង់បានមានបន្ទូលអំពីសម្រង់ពាក្យនោះយ៉ាងដូច្នេះថា៖ «មាន​តែ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើងមួយ​ព្រះអង្គ​គត់ ដែល​ពិត​ជា​ព្រះ‌អម្ចាស់» (ចោទិយកថា ៦៖៤, គខប)។ បន្ទាប់មក ព្រះយេស៊ូវក៏បានមានបន្ទូលអំពីខបន្ទាប់ទៀតផងដែរដោយថា៖ «អ្នក​ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី និង​អស់​ពី​កម្លាំង​កាយ» (ចោទិយកថា ៦៖៥, គខប)។ ចូរយើងពិនិត្យមើលអោយបានល្អិតល្អន់ទៅលើចម្លើយនេះ។ ព្រះយេស៊ូវបានផ្តើមជាមួយនឹងសម្រង់ពាក្យដែលបង្ហាញថា ព្រះអម្ចាស់គឺជាព្រះតែមួយគត់។ បន្ទាប់ពីបានបង្ហាញអំពីសេចក្តីពិតនៃព្រះគម្ពីរដ៏សំខាន់នេះរួចហើយ ព្រះយេស៊ូវបានមានបន្ទូលទៀតថា យើងត្រូវតែស្រឡាញ់ព្រះជាមុនសិន។

តើមានសេចក្តីបង្គាប់ឯណាដែលជាសេចក្តីពិតបច្ចុប្បន្នដ៏សំខាន់ជាងសេចក្តីបង្គាប់មួយនេះទៅទៀត? ចូរនឹកចាំថា សេចក្តីពិតបច្ចុប្បន្នគឺជាសេចក្តីពិតដែលមនុស្សលោកត្រូវការជាទីបំផុតនៅក្នុងជំនាន់ ដែលពួកគេរស់នៅ។ នៅគ្រាចុងក្រោយមនុស្សគ្រប់គ្នានៅលើផែនដីនឹងត្រូវការជ្រើសរើសរវាងសេចក្តីល្អ និងសេចក្តីអាក្រក់។ នៅគ្រានោះ ក្រឹត្យវិន័យរបស់ព្រះ (វិវរណៈ ១៤៖១២) នឹងក្លាយជាផ្នែកដ៏សំខាន់មួយនៅក្នុងការសម្រេចចិត្តចុងក្រោយរបស់យើង។

មិនថាការជ្រើសរើសរបស់យើងយ៉ាងណានោះទេ សេចក្តីស្រឡាញ់របស់ព្រះនឹងក្លាយទៅជាផ្នែកដ៏សំខាន់មួយនៃការសម្រេចចិត្តចុងក្រោយរបស់យើង។ ការសម្រេចចិត្តរបស់យើងគឺថា តើយើងពិតជាស្រឡាញ់ព្រះខ្លាំងប៉ុនណាដែរ។ យើងអាចស្រឡាញ់ព្រះយ៉ាងពេញលេញទៅបានលុះត្រាតែយើងស្គាល់អំពីទ្រង់ ព្រមទាំងសេចក្ដីមេត្តា សេចក្ដីស្រឡាញ់ និងសេចក្តីលើកលែងទោសរបស់ទ្រង់តែប៉ុណ្ណោះ។ ប្រសិនបើមានអ្នកណាម្នាក់សួរលោកអ្នកថា៖ តើអ្នកអាចស្រឡាញ់ព្រះដែលអ្នកមិនធ្លាប់ឃើញសោះយ៉ាងដូចម្តេចទៅ? តើលោកអ្នកនឹងឆ្លើយតបយ៉ាងដូចម្តេច? សូមពិភាក្សាអំពីចម្លើយរបស់លោកអ្នកនៅក្នុងថ្នាក់។

ថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១

សិក្សាបន្ថែម

«មនុស្សទាំងអស់ដែលបានសង្គ្រោះដោយសារព្រះយេស៊ូវនឹងច្រៀងអំពីឈើឆ្កាងរបស់ទ្រង់ជារៀងរហូត។ ពួកគេនឹងសិក្សាអំពីឈើឆ្កាងជារៀងរហូតផងដែរ។ ពួកអ្នកដែលបានសង្គ្រោះនឹងឃើញព្រះយេស៊ូវដែលជាព្រះអង្គសង្គ្រោះ និងជាស្តេចរបស់ពួកគេ។ ពួកគេនឹងចងចាំជារៀងរហូតថា ព្រះយេស៊ូវបានដកសេចក្តីអំនួតចេញពីព្រះទ័យរបស់ទ្រង់។ ព្រះយេស៊ូវបានធ្វើដូច្នោះដើម្បីសង្គ្រោះមនុស្សលោក បន្ទាប់ពីពួកគេបានប្រព្រឹត្តអំពើបាប។ ព្រះយេស៊ូវដដែលនេះបានបង្កើតភពទាំងអស់នៅក្នុងលំហអាកាស។ ព្រះយេស៊ូវគឺជាបុគ្គលម្នាក់ដែលព្រះស្រឡាញ់ជាទីបំផុត។ ព្រះយេស៊ូវគឺជាស្តេចនៃស្ថានសួគ៌។​ ទ្រង់គឺជាបុគ្គលម្នាក់ដែលពួកទេវតាស្លាប៤ និងស្លាប៦ ចូលចិត្តលើកតម្កើង។ ព្រះយេស៊ូវដដែលនេះបានទទួលយកកំហុស និងសេចក្តីអាម៉ាស់ពីអំពើបាប។ ទ្រង់បានទទួលយកបទពិសោធន៍នៃការសុគតនៅលើឈើឆ្កាងខណៈពេលដែលព្រះវរបិតាលាក់បាំងព្រះភ័ក្ត្រចេញពីទ្រង់។​ សេចក្តីវេទនា និងការឈឺចាប់នៃផែនដីដែលបាត់បង់របស់យើងបានធ្វើអោយព្រះយេស៊ូវខូចព្រះទ័យ និងបានបញ្ចប់ព្រះជន្មរបស់ទ្រង់នៅលើឈើឆ្កាងនៅឯកាល់វ៉ារី។ សូមលោកអ្នកគិតអំពីទិដ្ឋភាពនេះបន្ថែមទៀត៖ ព្រះយេស៊ូវដដែលដែលបានបង្កើតភពទាំងអស់ក៏ជាអ្នកសម្រេចព្រះទ័យចំពោះអ្វីដែលបានកើតឡើងនៅក្នុងជីវិតរបស់មនុស្សម្នាក់ៗផងដែរ។ ព្រះយេស៊ូវដដែលនេះបានលះបង់បល័្លង្ករបស់ទ្រង់ ដោយសារតែទ្រង់ស្រឡាញ់យើង។ ទ្រង់ក៏ដកសេចក្តីអំនួតចេញពីព្រះទ័យរបស់ទ្រង់ផងដែរ។ គោលគំនិតនេះនឹងអាចធ្វើអោយចិត្តរបស់មនុស្សគ្រប់គ្នានៅលើផែនដី និងស្ថានសួគ៌ពេញទៅដោយសេចក្តីអស្ចារ្យ និងសេចក្តីស្រឡាញ់។​ ពួកគេនឹងបានឃើញព្រះយេស៊ូវនៅក្នុងនគរស្ថានសួគ៌។ ពួកគេនឹងបានឃើញសិរីល្អនៃព្រះវរបិតាចែងចាំងតាមរយៈព្រះភ័ក្ត្ររបស់ព្រះយេស៊ូវ។ ហើយពួកអ្នកដែលបានសង្គ្រោះទាំងនេះនឹងសម្លឹងមើលបល័្លង្ករបស់ព្រះយេស៊ូវផងដែរ។ បន្ទាប់មក ពួកគេនឹងដឹងថា នគររបស់ព្រះយេស៊ូវនឹងនៅអស់កល្បជារៀងរហូត។​ ដូច្នេះ ពួកគេនឹងច្រៀងទំនុកដ៏រីករាយនេះថា៖ ‘ព្រះយេស៊ូវទ្រង់ស័ក្តិសមជាទីបំផុត! ព្រះយេស៊ូវទ្រង់គឺជាកូនចៀមដែលគេបានសម្លាប់។ កូនចៀមបានសង្គ្រោះយើងតាមរយៈព្រះលោហិតដ៏វិសេសរបស់ទ្រង់ផ្ទាល់! ឥឡូវនេះ យើងគឺជាកម្មសិទ្ធិរបស់ព្រះហើយ’»។ ដកស្រង់ពី Ellen G. White, The Great Controversy, page 651, 652, adapted។

សំនួរពិភាក្សា៖
  1. សូមអានសម្រង់មតិខាងលើរបស់អ្នកស្រីអែលិ្លន ជីវ៉ៃត៍។ តើសម្រង់មតិនេះអាចអោយយើងយល់ថា តើហេតុអ្វីបានជាសេចក្តីស្រឡាញ់របស់យើងចំពោះព្រះគួរតែជាសេចក្តីស្រឡាញ់ដ៏ធំបំផុតដែលយើងមានដោយរបៀបណា? សូមលោកអ្នកគិតបន្ថែមទៀតអំពីគោលគំនិតនេះថា៖ ព្រះអង្គដដែលដែលបាន «បង្កើតភពទាំងអស់នៅក្នុងលំហអាកាស» គឺជាអ្នកដែលបានដើរទៅឯឈើឆ្កាងជំនួសយើង។ តើហេតុអ្វីបានជាសេចក្តីពិតនេះគួរតែជាហេតុផលសម្រាប់មិត្តភាពរបស់យើងជាមួយនឹងព្រះ និងសេចក្តីស្រឡាញ់របស់យើងចំពោះទ្រង់?

  2. សូមគិតបន្ថែមអំពីគោលគំនិតនៃការស្រឡាញ់ព្រះ និង «ការកោតខ្លាច» ទ្រង់នៅក្នុងពេលតែមួយ។ តើយើងអាចធ្វើរឿងទាំងពីរយ៉ាងនេះបានយ៉ាងដូចម្តេចទៅ? តើហេតុអ្វីបានជាយើងគួរតែធ្វើរឿងទាំងពីរនេះ? ​

  3. តើហេតុអ្វីបានជាការដែលស្រឡាញ់ព្រះនៅក្នុងគ្រាលំបាកមានសារៈសំខាន់ជាងការដែលស្រឡាញ់ទ្រង់នៅពេលដែលអ្វីគ្រប់យ៉ាងល្អប្រសើរទៅវិញ?

  4. តើលោកអ្នកអាចជួយអោយអ្នកណាម្នាក់ដែលមិនជឿលើព្រះយល់អំពីអត្ថន័យនៃការស្រឡាញ់ទ្រង់ដោយរបៀបណា? ក្នុងភាពជាមនុស្សលោក តើយើងអាចស្រឡាញ់អ្នកណាម្នាក់ដែលយើងមើលមិនឃើញបានដែរឬទេ? តើហេតុអ្វីបានជាការដែលមិនធ្លាប់បានឃើញព្រះយេស៊ូវគ្មានអ្វីសំខាន់សម្រាប់យើងនោះឡើយ?

រឿងខ្លី

អំណាចនៃសៀវភៅរឿងមួយក្បាល

Jeans

សាគីដែលមានអាយុ១៩ឆ្នាំចូលចិត្តអានសៀវភៅនៅលើកោះអូគីណាវ៉ា (Okinawa) ប្រទេសជប៉ុន។ ជាពិសេសនាងចូលចិត្តអានសៀវភៅដែលលក់អោយគ្រួសាររបស់នាងតាមរយៈមនុស្សចម្លែកដ៏ចិត្តល្អម្នាក់ដែលតែងតែគោះទ្វារផ្ទះរបស់ពួកគេ។ នាងបានអានសំណុំនៃសៀវភៅទាំង៥ក្បាលក្រោមចំណងជើង រឿងនិទានមុនចូលគេងរបស់លោកពូអាធឺរ​ម្តងហើយម្តងទៀត។ រឿងដែលនាងចូលចិត្តជាងគេនោះគឺស្តីអំពីក្មេងប្រុសម្នាក់ដែលមានឈ្មោះថា វីលហ្វត និងក្រុមហ៊ុន សឺរផ្រាយ​ ផាកខេចរបស់គាត់។ វីលហ្វតចូលចិត្តធ្វើអោយអ្នកដទៃភ្ញាក់ផ្អើលជាមួយនឹងអំណោយរបស់គាត់។ សាគីមានអារម្មណ៍សប្បាយជាខ្លាំងនៅពេលដែលនាងស្រមៃឃើញការអរសប្បាយរបស់មនុស្សទាំងនោះដែលបានទទួលអំណោយ។

សៀវភៅនេះក៏បានណែនាំនាងសាគីទៅឯព្រះយេស៊ូវផងដែរ។ គ្រួសាររបស់នាងពុំមែនជាគ្រីស្ទាននោះទេ។ គ្រួសាររបស់នាងមិនថ្វាយបង្គំព្រះយេស៊ូវដូចជាអ្នកដទៃទៀតនៅក្នុងប្រទេសជប៉ុនដែរ។ នៅក្នុងសៀវភៅរឿងនាងបានអានថា ព្រះយេស៊ូវស្រឡាញ់ក្មេងៗ និងចង់ធ្វើអោយពួកគេសប្បាយរីករាយខ្លាំងណាស់។

នាងសាគីបានធំឡើង ហើយប្តូរទៅនៅឯតូខ្យូដែលជាទីក្រុងនៃប្រទេសជប៉ុន។ នាងបានរៀបការ ហើយក្លាយជាម្តាយរបស់ក្មេងប្រុសតូចៗពីរនាក់។ នាងបានបាត់សៀវភៅជាច្រើនរួមទាំងសៀវភៅរឿងមុនចូលគេងដែលនាងចូលចិត្តផងដែរ។

នៅពេលដែលកូនប្រុសច្បងរបស់នាងធំល្មមគួរសម នាងបានចាប់ផ្តើមស្វែងរកសាលារៀនមួយសម្រាប់គាត់។ នាងបានកត់សម្គាល់ឃើញសាលារៀនឯកជនមួយដែលហៅថា សាលាបថមសិក្សា តូខ្យូ សានីគូនៅជិតផ្ទះរបស់ពួកគេ។ ដោយចង់ដឹងព័ត៌មាន នាងបានស្វែងរកសាលារៀននោះនៅក្នុងអ៊ិនធឺណែត។ រួចនាងមានការភ្ញាក់ផ្អើលជាខ្លាំងដែលនាងបានដឹងថា សាលារៀននោះគឺជាសាលារៀនសេវេនដេយអាត់វេនទីស្ទ។ នាងពុំដែលធ្លាប់ឮអំពីអាត់វេនទីស្ទនោះទេ ដូច្នេះហើយ នាងបានស្វែងរកព័ត៌មានអនឡាញបន្ថែម។ ឆ្លើយតបនឹងការភ្ញាក់ផ្អើលរបស់នាង នាងបានដឹងថា អាត់វេនទីស្ទមិនត្រឹមតែមានសាលារៀនច្រើនប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេថែមទាំងមានសៀវភៅជាច្រើនសម្រាប់កុមារ រួមទាំងសៀវភៅរឿងមុនចូលគេងដែលនាងចូលចិត្តផងដែរ។ នាងដឹងខ្លួនថា នាងចង់អោយកូនប្រុសរបស់នាងរៀននៅឯសាលារៀននោះបាត់ទៅហើយ។ ប៉ុន្តែ ជាដំបូងនាងចង់ដឹងព័ត៌មានបន្ថែមអំពីព្រះវិហារអាត់វេនទីស្ទជាមុនសិន។ ព្រះវិហារអាត់វេនទីស្ទមានទីតាំងស្ថិតនៅក្នុងបរិវេណនៃសាលារៀនអាត់វេនទីស្ទ រួចនាងបានចាប់ផ្តើមចូលរួមកម្មវិធីថ្វាយបង្គំនៅថ្ងៃសៅរ៍។ នាងមានអារម្មណ៍ល្អជាទីបំផុត ខណៈពេលដែលនាងច្រៀងចំរៀង និងស្តាប់សេចក្តីអធិប្បាយ។ នាងសាគីបានទទួលសៀវភៅរឿងនិទានមុនចូលគេងថ្មីមួយសំណុំ ហើយនាងបានអានរឿងនិទានទាំងនោះអោយកូនៗរបស់នាងស្តាប់។ កូនប្រុសទាំង២ចូលចិត្តស្តាប់រឿងជាទីបំផុត។ ខណៈ ពេលដែលនាងសាគីអានអោយពួកគេស្តាប់ នាងក៏បានចាប់ផ្តើមអានព្រះគម្ពីរបរិសុទ្ធដែលជាសៀវភៅមួយ ទៀតរបស់នាងផ្ទាល់ផងដែរ។ គ្រាន់តែកូនប្រុសរបស់នាងចូលថ្នាក់ទី១ភ្លាម នាងក៏បានចូលរួមនៅក្នុងក្រុមសិក្សាព្រះគម្ពីរនៅឯសាលារៀនផងដែរ។ ប៉ុន្មានខែក្រោយមកនាងបានថ្វាយចិត្តរបស់នាងដល់ព្រះយេស៊ូវ និងបានទទួលបុណ្យជ្រមុជទឹកផងដែរ។ សព្វថ្ងៃនេះ សាគី ថាខាហាជី (Saki Takahagi) ដែលមានអាយុ៣៥ឆ្នាំ នៅតែអានរឿងនិទានមុនចូលគេងដល់កូនប្រុសបន្ទាប់របស់នាង។នាងក៏បានចែករំលែកព្រះគម្ពីរជាមួយនឹងពួកគេផងដែរ។ នាងស្រឡាញ់ព្រះគម្ពីរ និងស្រឡាញ់ព្រះយេស៊ូវជាទីបំផុត។

អំណានដង្វាយប្រចាំសប្តាហ៍

នៅពេលដែលប្រេនតុនជែកសុនយកព្រះទុកជាទីមួយ

លោកប្រេនតុនជែកសុនបានសម្រេចចិត្តយកព្រះទុកជា​ទី​មួយនៅក្នុងជីវិតរបស់​លោក។ ថ្ងៃនេះតើយើងអាចរៀនអ្វីបានខ្លះពីរឿងរបស់លោកដែលនឹងជួយយើងឲ្យយកព្រះទុកជាទីមួយនៅក្នុងជីវិតផ្ទាល់របស់យើង?

លោកប្រេនតុនបានចាប់កំណើតនៅក្នុងប្រទេសញូវសាឡែននៅក្នុងគ្រួសារអាត់វេនទីស្ទមួយ។ លោកស្រឡាញ់ព្រះយេស៊ូវ និងយល់ច្បាស់ណាស់ថាព្រះទ្រង់ស្រឡាញ់លោកប៉ុនណា។ ទោះជាយ៉ាងណា នៅពេលដែលលោកអាយុបាន១៣ឆ្នាំជីវិតរបស់លោកក៏ជួបការប្រែប្រួលយ៉ាងខ្លាំងព្រោះឪពុកម្តាយរបស់លោកបានលែងលះគ្នា។ រឿងនេះប៉ះពាល់ដល់ជីវិតរបស់លោកយ៉ាងខ្លាំងដែលធ្វើឲ្យលោកឃ្លាតឆ្ងាយពីព្រះវិហារអស់ជាច្រើនឆ្នាំដោយគ្មានទំនាក់ទំនងជាមួយនឹងសាសនាគ្រិស្តឡើយ។ ប៉ុន្តែជីវិតរបស់លោកចាប់ផ្តើមប្រែប្រួលឡើងវិញនៅ​ពេលដែលលោករកឃើញថាខ្លួនឯងគ្មានការងារធ្វើ គ្មានផ្ទះសម្បែង និងគ្មានអ្វីសេសសល់ឡើងក្រៅពីលុយចំនួន២០០ដុល្លារជាប់ខ្លួន។ គាត់បានសួរខ្លួនឯងជាញឹកញាប់ថា «តើរឿងនេះកើតឡើង​យ៉ាងដូចម្តេច?» ប៉ុន្តែ នៅគ្រាដែលលោកធ្លាក់ខ្លួនបំផុត លោកបាននឹកចាំអំពីសេចក្តីស្រឡាញ់របស់ព្រះដែលលោកធ្លាប់មានកាលពីកុមារ។ លោកនឹកចាំអំពីការលះបង់ដែលឪពុកម្តាយរបស់លោកបានធ្វើក្នុងការយកព្រះទុកជាទីមួយជាមួយនឹងអ្វីៗទាំងអស់ដែលពួកលោករកបាន។ លោកប្រេនតុនទទួលស្គាល់ថាពួកគេមិនធ្លាប់ដែលខ្វះខាតអ្វីនៅផ្ទះឡើយ ហេតុនោះលោកក៏បានក៏ធ្វើការសម្រេចចិត្តមួយដែលបានបំផ្លាស់បំប្រែជីវិតរបស់លោក។

ដោយការជឿជាក់អំពីអនាគតរបស់លោកនៅចំពោះព្រះជាម្ចាស់ លោកប្រេនតុនបានបរិច្ចាគលុយ២០០ដុល្លាររបស់លោកដល់ព្រះវិហារអាត់វេនទីស្ទនៅមូលដ្ឋានមួយកន្លែង។ ដូចគ្នានឹងស្ត្រីមេម៉ាយនៅជំនាន់ព្រះគម្ពីរដែរ ព្រះយេស៊ូវបានទតមើលខណៈដែលលោកប្រេនតុនបានថ្វាយអ្វីៗទាំងអស់ដែលលោកមានដល់ព្រះអង្គ។ អ្វីដែលកើតឡើងបន្ទាប់គឺគ្មានអ្វីក្រៅ​ពី​បាដិហារ្យនោះឡើយ។ អ្វីៗទាំងអស់ដែលប្រេនតុនត្រូវការត្រូវបានផ្គត់ផ្គង់ឲ្យ... ហើយក៏នៅតែត្រូវបានផ្គត់ផ្គង់រហូតមកទល់នឹងសព្វថ្ងៃនេះដែរ។ លោកប្រេនតុនគឺជាសិស្សដែលបានឧទ្ទិសថ្វាយខ្លួនទាំងស្រុងម្នាក់ ដែលតែងតែយកព្រះជាម្ចាស់ទុកជាទីមួយក្នុងជីវិតរបស់លោកជានិច្ច។ លោកបានអរព្រះគុណចំពោះអ្វីៗគ្រប់យ៉ាងដែលលោកបានមកពីព្រះជាម្ចាស់។

អ្នកស្រីអែល្លិនវ៉ៃត៍បានរំឭកយើងថា «ព្រះអម្ចាស់ទ្រង់ពុំត្រូវការប្រាក់ដង្វាយរបស់យើងឡើយ។ យើងមិនអាចធ្វើឲ្យព្រះអង្គមានដោយដង្វាយរបស់យើងឡើយ។ អ្នកនិពន្ធ​បទ​ទំនុកតម្កើងបានលើកឡើងថា ’ដ្បិតគ្រប់របស់ទាំងអស់មកពីទ្រង់ យើងខ្ញុំរាល់គ្នាបានយកតែពីព្រះហស្តទ្រង់ ថ្វាយដល់ទ្រង់វិញ’ (របាក្សត្រទី១ ២៩៖១៤)។ ប៉ុន្តែ ព្រះជាម្ចាស់អនុញ្ញាតឲ្យយើងបង្ហាញការពេញចិត្តរបស់យើងចំពោះសេចក្តីមេត្តារបស់ព្រះអង្គដោយការខំប្រឹងប្រែងលះបង់ខ្លួនឯងជួយដល់អ្នកដទៃតាមរបៀបដូចគ្នានេះដែរ។ នេះហើយគឺជាវិធីតែមួយគត់សម្រាប់យើងដើម្បីអាចសំដែងចេញនូវការដឹងគុណនិង សេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់បាន។ ទ្រង់ពុំបានប្រទានវិធីផ្សេងទៀតណាឡើយ (ដកស្រង់ពី Counsels on Stewardship, p.18)។

លោកប្រេនតុនបានយកព្រះទុកជាទី១ចាប់តាំងពីលោកធំពេញវ័យមក។ សព្វថ្ងៃនេះសេចក្តីក្លាហានរបស់លោកក៏បណ្តាលចិត្តយើងរាល់គ្នាដែរ។ ព្រះយេស៊ូវបានលះបង់អ្វីៗគ្រប់យ៉ាងដើម្បីប្រោសលោះយើង ហើយសេចក្តីស្រឡាញ់របស់ទ្រង់ក៏ជំរុញយើងឲ្យយកនគររបស់ទ្រង់ទុកជាទី១ក្នុងជីវិតផ្ទាល់របស់យើងដែរ។ ខណៈដែលអ្នកជំនួយការប្រមូលប្រាក់ដង្វាយ១០ហូត១ និងសទ្ធា យើងក៏ត្រូវបានលើកទឹកចិត្តឲ្យយកព្រះទុកជាទី១ដែរ។ ​

Powered by CAM