មេរៀនទី៥​៖ ២៣‑២៩ មករា ២០២១

ព្រះនៃសេចក្តីសុខសាន្ត

Jeans
ថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្ដាហ៍នេះ៖ អេសាយ ៩៖១-៥; អេសាយ ៩៖៦, ៧; អេសាយ ៩៖៨-១០៖៣៤; អេសាយ ១១; អេសាយ ១២៖១-៦។

ខចងចាំ៖ «ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ ឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងហៅព្រះនាមទ្រង់ថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា ព្រះ វរបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់នៃមេត្រីភាព» (អេសាយ ៩៖៦)។

«លោកបណ្ឌិត រ៉ូបឺត អូបេណេមៀរ ជាអ្នកទទួលបន្ទុកក្រុមមួយដែលបានផលិតនូវគ្រាប់បែក បរិមាណូដំបូងគេបង្អស់។ លោកបណ្ឌិតអូបេណេមៀរបានឆ្លើយនូវសំណួរស្តីអំពីគ្រាប់បែកបរិមាណូនោះពីសំណាក់សមាជិកសភាមួយក្រុមនៅសហរដ្ឋអាមេរិក។ ក្រុមនេះបានសួរលោកបណ្ឌិតថា តើមានអ្វីដែលអាចការពារមនុស្សពីគ្រាប់បែកបរិមាណូនេះបានឬទេ។ លោកបណ្ឌិតអូបេណេមៀរបានមានប្រសាសន៍ថា «ពិតជាមាន»។ បន្ទាប់មកសមាជិកសភាបានសួរថា «តើនោះជាអ្វីទៅ?»។ លោកបណ្ឌិត អូបេណេមៀរបានក្រឡេកមើលទៅឯពួកគេ រួចគាត់មានប្រសាសន៍ថា៖ «មានសន្តិភាព» ។ ដកស្រង់ចេញពី Paul Lee Tan, Encyclopedia of 7,000 Illustrations: Signs of the Times (Rockville, MD: Assur-ance Publishers, 1985), p. 989។

សន្តិភាពគ្រាន់តែជាសុបិនសម្រាប់មនុស្សភាគច្រើនប៉ុណ្ណោះ។ មានបុគ្គលមួយចំនួនបាននិយាយថា ផែនដីយើងនេះមានសន្តិភាពត្រឹមតែ៨ភាគរយនៃប្រវត្តិសាស្ត្ររបស់វាប៉ុណ្ណោះ។ ប្រវត្តិសាស្រ្តបានបង្ហាញអោយយើងឃើញថា មនុស្សបានបំពាននូវកិច្ចព្រមព្រៀងយ៉ាងតិច៨០០០ដង (Paul Lee Tan, p. 987)។ មនុស្សគ្រប់គ្នារំពឹងថាសង្គ្រាមលោកលើកទី១នឹងក្លាយជាសង្គ្រាមចុងក្រោយបំផុតដែលមិនធ្លាប់មាន។ ប៉ុន្តែ យើងរាល់គ្នានៅតែឃើញមានសង្គ្រាមជាបន្តបន្ទាប់។

សប្តាហ៍នេះយើងនឹងអានអំពីបុគ្គលតែម្នាក់គត់ដែលអាចផ្តល់ឱ្យយើងនូវសន្តិភាពពិតប្រាកដនិងអស់កល្បជានិច្ចគឺព្រះយេស៊ូវ។ ​

ថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១

លែងមានទុក្ខព្រួយទៀតហើយចំពោះអស់អ្នកដែលរងទុក្ខ

ខគម្ពីរអេសាយ ៩៖១ ចាប់ផ្តើមដោយពាក្យ «ប៉ុន្តែ» នៅពេលដែលប្រយោគមួយចាប់ផ្តើម ដោយពាក្យនេះ យើងដឹងភ្លាមៗថា នឹងមានអ្វីថ្មី ឬប្លែកគ្នាហៀបនឹងកើតឡើងហើយ។ តើខគម្ពីរ អេសាយ ៩៖១ បង្ហាញការផ្លាស់ប្តូរអ្វីខ្លះ? តើការផ្លាស់ប្តូរនេះខុសគ្នាពីអ្វីដែលយើងបានឃើញនៅក្នុងបទគម្ពីរអេសាយ៨ យ៉ាងដូចម្តេច?

---------------------------------------------------------------------------------------

ខគម្ពីរអេសាយ ៨៖២១, ២២ បង្ហាញយើងពីអ្វីដែលកើតឡើងចំពោះមនុស្សដែលងាកចេញពីព្រះ ហើយបែរទៅរកវិញ្ញាណអាក្រក់។ ពួកគេនឹងបាត់បង់នូវសេចក្តីសង្ឃឹមទាំងអស់។ «រួចងាក មើលទៅផែនដីឃើញមានសុទ្ធតែសេចក្តីលំបាក សេចក្តីងងឹតឈ្លប់សូន្យសុងគ្របសង្កត់ ដោយវេទនាចិត្ត ហើយនឹងត្រូវបណ្តេញទៅក្នុងសេចក្តីងងឹតយ៉ាងក្រាស់» (អេសាយ ៨៖២២)។ ប៉ុន្តែ ពេលវេលានឹងមកដល់នៅពេលដែល «នឹងមិនមានចិត្ដធ្ងន់ទៀតទេសំរាប់ [ប្រជាជននៅកាលីឡេ] ដែលកំពុងរងទុក្ខ» (អេសាយ ៩៖១)។ ព្រះជាម្ចាស់បានជ្រើសរើសប្រជាជនស្រុកកាលីឡេលើសជាងប្រជាជនទាំងអស់របស់ព្រះអង្គសម្រាប់ព្រះពរពិសេស។ ខគម្ពីរអេសាយ ៩៖២ បានពណ៌នាប្រាប់យើងអំពីព្រះពរពិសេសនេះ៖ «ឯបណ្តាជនដែលដើរក្នុងសេចក្តីងងឹត គេបានឃើញពន្លឺយ៉ាងធំ»។ ពន្លឺគឺជានិមិត្តរូបមួយសំដៅទៅអង្គ ព្រះយេស៊ូវ។ បន្ទាប់មក ព្រះ «នឹងធ្វើឲ្យប្រជាជាតិ [អ៊ីស្រាអែល] រីកចំរើនឡើង» (អេសាយ ៩៖៣)។ រឿងនោះនឹងកើតឡើងទៅបានដោយសារព្រះ «ដ្បិតទ្រង់បានបំបាក់នឹម ដែលសង្កត់លើគេ និងដងរែកនៅស្មាគេ ហើយដំបងរបស់ពួកអ្នកដែលសង្កត់សង្កិនគេផង» (អេសាយ ៩៖៤)។

ហេតុអ្វីបានជាលោកអេសាយនិយាយអំពីស្រុកកាលីឡេ? ពីព្រោះស្រុកកាលីឡេគឺជាផ្នែកមួយនៃទឹកដីដំបូងបង្អស់ ដែលអ៊ីស្រាអែលបានបាត់បង់ក្នុងសង្គ្រាម។ នៅពេលដែលស្តេចអ័ហាសបានសុំជំនួយពីស្តេច ទីកឡាត - ភីលេស៊ើ ទីបី ដើម្បីជួយសង្រ្គោះទ្រង់នោះ ទីកឡាត - ភីលេស៊ើបានកាន់កាប់តំបន់ស្រុកកាលីឡេ និងតំបន់ជុំវិញទន្លេយ័រដាន់រូចទៅហើយ ។ សេ្តចអង្គនេះ ក៏បានរាប់បញ្ចូលតំបន់ទាំងនេះជាផ្នែកនៃនគររបស់ទ្រង់ (ពង្សាវតារក្សត្រទី២ ១៥៖២៩) ព្រមទាំងបានចាប់យកប្រជាជនមួយចំនួនដែលរស់នៅទីនោះផងដែរ។ ដូច្នេះសាររបស់ហោរាអេសាយគឺ៖ ទឹកដីដំបូងដែលបានបាត់បង់ ទៅពួកអាសស៊ើរ វានឹងបានជាទឹកដីដំបូងដែលព្រះបានដោះលែងដែរ។

តើព្រះជាម្ចាស់ប្រើមធ្យោបាយអ្វីដើម្បីរំដោះប្រជារាស្ត្ររបស់ទ្រង់អោយមានសេរីភាពវិញ? សម្រាប់ចម្លើយរបស់អ្នក សូមអានខគម្ពីរអេសាយ ៩៖៦, ៧ តើព្រះជាម្ចាស់បានផ្តល់នូវសារពិសេសនៅក្នុងខគម្ពីរអេសាយ ៩៖១-៥ តាំងពីពេលណាមក? ហើយតើទ្រង់បានធ្វើយ៉ាងដូចម្តេច? សូមអានខគម្ពីរ ម៉ាថាយ ៤៖១២-២៥ ផងដែរ។

តើព្រះយេស៊ូវចាប់ផ្តើមបំពេញព្រះព័ន្ធកិច្ចរបស់ទ្រង់សំរាប់ព្រះនៅលើផែនដីនេះនៅទីណា? ប្រាកដហើយ នៅស្រុកកាលីឡេ ព្រះយេស៊ូវប្រកាសផ្សាយដំណឹងល្អអំពីនគររបស់ព្រះនៅស្រុកកាលីឡេ។ ទ្រង់បានព្យាបាលអ្នកឈឺ និងរំដោះអស់អ្នកដែលត្រូវអារក្សសង្កត់សង្កិនអោយមានសេរីភាពឡើងវិញ (ម៉ាថាយ ៤៖២៤)។

ការងាររបស់ព្រះយេស៊ូវ គឺជាគំរូដ៏ឥតខ្ចោះមួយឆ្លុះបញ្ចាំងបែបបទដែលបានកើតឡើងក្នុងសម័យសញ្ញាចាស់ និងសេចក្តីសន្យាទាំងឡាយដែលបានសម្តែងប្រាប់យើងពីអ្វីដែលនឹងត្រូវកើតឡើងនៅក្នុងសម័យគម្ពីរសញ្ញាថ្មីនេះ។ ​

ថ្ងៃច័ន្ទ ទី២៥ ខែមករា ឆ្នាំ២០២១

បុត្រតូចដែលបានប្រសូតមកដល់យើង

ពេលនេះ យើងនឹងក្រឡេកមើលអំពីបុត្រតូចដ៏ចម្បងមួយទៀតដែលនឹងត្រូវប្រសូតមក។ បុត្រតូចមួយនេះជាបុត្រទីបីហើយដែលលោកអេសាយបានពណ៌នា។ ដូចដែលយើងបានឃើញរួចមក ហើយកាលពីសប្តាហ៍មុននេះ លោកអេសាយបានបរិយាយប្រាប់យើងអំពីអេម៉ាញូអែល និងម៉ាហាស-សាឡាល- ហាស-បាស។

តើមានអ្វីដែលពិសេសចំពោះបុត្រតូចដែលនៅក្នុងគម្ពីរលោកអេសាយ ៩៖៦, ៧?

---------------------------------------------------------------------------------------

តើលោកអ្នកបានសង្កេតឃើញទេថា បុត្រតូចមួយអង្គនេះមាននាមជាច្រើនដល់ម៉្លេះ? នាមឈ្មោះទាំងនេះបង្ហាញយើងអំពីរឿងរ៉ាវជាច្រើនស្តីអំពីទ្រង់។ នៅសម័យគម្ពីរ ស្ដេច និងព្រះអាទិទេពទាំងឡាយមានព្រះនាមហៅជាច្រើន ដើម្បីបង្ហាញអោយមនុស្សឃើញថាពួកគេមានឫទ្ធានុភាពអស្ចារ្យ។ បុត្រតូចដែលលោកអេសាយបានរៀបរាប់នោះ «នឹងមានភាពអស្ចារ្យ» (អេសាយ ៩៖៦)។

ដូចគ្នានេះដែរ ទេវតារបស់ព្រះជាម្ចាស់បានប្រាប់ឪពុកសាំសុនថា ព្រះនាមរបស់ទ្រង់គឺ «អស្ចារ្យលើស ពីអ្វីដែលអ្នកស្មានដល់» (ពួកចៅហ្វាយ ១៣៖១៨)។ ក្នុងខទាំងពីរនេះ ពាក្យដែលសរសេរថា «អស្ចារ្យ» គឺមានលក្ខណៈដូចគ្នា។ បន្ទាប់មកទេវតារបស់ព្រះជាម្ចាស់ក៏ឡើងទៅស្ថានសួគ៌វិញតាមរយៈភ្លើងដែល ឆេះនៅលើអាសនៈដែលលោកម៉ាណូអាដុតសត្វជាតង្វាយថ្វាយដល់ព្រះជាម្ចាស់។ តាមរយៈរឿងនេះ ទេវតារបស់ព្រះចង់បង្ហាញយើងអោយដឹងថា ទ្រង់នឹងថ្វាយអង្គទ្រង់សំរាប់អំពើបាបរបស់យើងគ្រប់គ្នាក្នុងរយៈពេល១០០០ឆ្នាំទៀត។

បុត្រតូចដ៏ចម្បងនេះក៏ជាបុត្រមួយអង្គដែលយាងមកពីស្ថានសួគ៌ដែរ។ ទ្រង់មាននាមថា «ព្រះដ៏ មានឫទ្ធានុភាព» និង «ព្រះវរបិតាដែលគង់នៅអស់កល្បជានិច្ច» (លោកអេសាយ ៩៖៦)។ ព្រះគម្ពីរលូកាក៏បានបរិយាយប្រាប់យើងថា ព្រះយេស៊ូវជា «កូនរបស់លោកអ័ដាម» ដែលជា «កូនរបស់ព្រះ» (លូកា ៣៖ ៣៨)។

បុត្រដ៏ចម្បង ដែលលោកអេសាយបានបរិយាយមកនេះ ក៏ជាស្តេចមកពីជំនួរវង្សរបស់ហ្លួង ដាវីឌដែរ។ ព្រះអង្គនឹងសោយរាជ្យនៅអស់កល្បជានិច្ច ព្រមទាំងជាស្តេចនៃសន្តិភាពតរៀងទៅ។

សូមក្រឡេកមកមើលរឿងទាំងអម្បាលម៉ានស្តីអំពីបុត្រដ៏ចម្បងនេះ។ តើនរណាជាបុគ្គលតែម្នាក់គត់ដែលអាចជាបុត្រានេះទៅ? សម្រាប់ចម្លើយរបស់អ្នក សូមអានខគម្ពីរលូកា ២៖៨-១៤។

---------------------------------------------------------------------------------------

បុគ្គលមួយចំនួនបានព្យាយាមបរិយាយថា បុត្រតូចដ៏ចម្បងនេះគឺជាស្តេចហេសេគា។ ប៉ុន្តែ ព្រះគម្ពីរបានបង្ហាញយើងថា បុត្រនេះជាមនុស្សសាមញ្ញបំផុត។ គឺមានបុគ្គលតែម្នាក់គត់ដែលមានគ្រប់ទាំងលក្ខណៈនេះ នោះគឺអង្គព្រះយេស៊ូវគ្រីស្ទ។ ទ្រង់ជាព្រះរាជបុត្រានៃព្រះដែលបានយាងមកកាន់យើងរាល់គ្នាពីស្ថានដ៏ខ្ពស់បំផុត។ ព្រះអង្គគឺជាព្រះដែលបានបង្កើតផែនដី និងរបស់សព្វសារពើទាំងអស់។ (យ៉ូហាន ១៖១-៣, ១៤; កូល៉ុស ១៖៥-១៧; កូល៉ុស ២៖៩ ហេព្រើរ ១៖២)។ ព្រះយេស៊ូវបានប្រសូតមកដើម្បីផ្តល់សេចក្តីសង្គ្រោះ ព្រមទាំងប្រទានសេចក្តីសុខសាន្តដល់យើងគ្រប់គ្នា។ ទ្រង់នឹងគង់នៅជាមួយយើងជានិច្ច (ម៉ាថាយ ២៨៖១៨-២០)។ ព្រះអង្គទ្រង់នៅតែជាព្រះ ហើយជាមនុស្សដែរ នៅពេលដែលទ្រង់បានយាងមករកយើងរាល់គ្នា។ នោះហើយជាមូលហេតុដែលទ្រង់ជ្រាបថាយើងមានភាពកម្សោយ និងកំពុងប្រយុទ្ធប្រឆាំងនឹងអំពើបាបរបស់យើង។ ​

ថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១

ព្រនង់នៃក្តីពិរោធរបស់ព្រះ

ខគម្ពីរអេសាយ ៩៖៨-១០៖៣៤ បានសម្តែងប្រាប់យើងថា នៅថ្ងៃណាមួយព្រះនឹងដោះលែងរាស្ត្ររបស់ព្រះអង្គអោយមានសេរីភាពពីខ្មាំងសត្រូវរបស់គេ។ រាស្ត្ររបស់ទ្រង់មានសេចក្តីសោកស្តាយ ដោយសារពួកគេបានជឿទុកចិត្តលើយោបល់របស់វិញ្ញាណអសោច។ ដូច្នោះហើយ បានជាកងទ័ពអាសស៊ើរ មកវាយប្រហារពួកគេដោយភ្លើងសង្គ្រាម ព្រមទាំងបានចាប់យកប្រជាជនអ៊ីស្រាអែលជាច្រើនយកទៅជាឈ្លើយ។ ប៉ុន្តែ លោកអេសាយបានសន្យាថា នឹងមានពេលវេលាមកដល់ដែលព្រះនឹងបំបាត់ «ដំបងរបស់ពួកអ្នកដែលសង្កត់សង្កិនគេផង ដូចជានៅគ្រានៃពួកសាសន៍ម៉ាឌានដែរ» (អេសាយ ៩៖៤)។

សូមអានអំពីការរងទុក្ខនៃរាស្ត្ររបស់ព្រះនៅក្នុងខគម្ពីរអេសាយ ៩៖៨-១០៖៣៤។ ចូរប្រៀបធៀបបណ្តាសានេះនៅក្នុងខគម្ពីរលេវីវិន័យ ២៦៖១៤-៣៩។ តើហេតុអ្វីបានជាព្រះជាម្ចាស់ដាក់ទណ្ឌកម្ម ប្រជាជនរបស់ព្រះអង្គបន្តិចម្តងៗតែមិនមែនទាំងស្រុងក្នុងពេលតែមួយនោះ? តើរឿងនេះបង្ហាញយើងយ៉ាងដូចម្តេចអំពីព្រះជាម្ចាស់ និងផែនការរបស់ទ្រង់សម្រាប់ជីវិតរបស់យើងរាល់គ្នា?

---------------------------------------------------------------------------------------

ប្រសិនបើព្រះជាម្ចាស់ចង់បំផ្លាញប្រជារាស្ត្ររបស់ព្រះអង្គ ទ្រង់អាចបណ្តោយអោយពួកអាសស៊ើរ វាយប្រហារពួកគេភ្លាមៗតែម្តង។ ប៉ុន្តែព្រះជាម្ចាស់ ទ្រង់មានព្រះទ័យយឺតនឹងខ្ញាល់ដោយមិនចង់ឃើញនរណាម្នាក់ត្រូវវិនាសអន្តរាយឡើយ។ ទ្រង់មានព្រះទ័យចង់អោយមនុស្សគ្រប់គ្នាផ្លាស់ប្រែផ្លូវប្រព្រឹត្តរបស់ខ្លួន ហើយងាកចេញពីអំពើបាបរបស់គេវិញប៉ុណ្ណោះ (ពេត្រុសទី២ ៣៖៩)។ ព្រះបានបណ្តាលអោយសាសន៍អ៊ីស្រាអែល និងពួកយូដាជួបនូវរឿងអាក្រក់កើតឡើងដោយសារតែពួកគេបានជ្រើសរើសខុស។ ព្រះជាម្ចាស់ចង់អោយរាស្ត្ររបស់ទ្រង់យល់ថា អ្វីដែលគេបានធ្វើគឺពិតជាខុសឆ្គង ហើយថាពួកគេនៅមានឱកាសធ្វើការសម្រេចចិត្តដែលប្រសើរជាងមុន។ ប៉ុន្តែផ្ទុយទៅវិញ ពួកគេនៅតែបន្តធ្វើបាប ព្រមទាំងតាំងចិត្តរឹងរូសប្រឆាំងនឹងព្រះ និងហោរារបស់ទ្រង់ផងដែរ។ ដូច្នេះ ព្រះទ្រង់ក៏ឈប់ការពារដល់ពួកគេ។ តែពួកគេ នៅតែប្រឆាំងនឹងព្រះដដែល។ រឿងនេះនៅតែបន្តកើតឡើងរហូតដល់ព្រះមិនអាចធ្វើអ្វីបានទៀតដើម្បីជួយសង្រ្គោះពួកគេបានឡើយ។

សូមអានខគម្ពីរអេសាយ ៩៖៨-១០៖៣៤ ម្ដងទៀត។ ដូចដែលយើងបានឃើញនៅក្នុងខទាំងនេះរូចមកហើយ តើមនុស្សមានកំហុសចំពោះអំពើបាបអ្វីខ្លះ? តើគេបានធ្វើបាបនឹងអ្នកណា? តើនរណាជាអ្នកមានកំហុស?

---------------------------------------------------------------------------------------

អ្វីដែលយើងឃើញនៅទីនេះគឺអំណាចនៃសេរីភាពក្នុងឆន្ទៈ ឬសេរីភាពក្នុងការជ្រើសរើស។ ព្រះបានបង្កើតមនុស្សមកអោយមានសេរីភាព។ ទ្រង់ចាំបាច់ត្រូវតែធ្វើដូច្នេះ ព្រោះថាប្រសិនបើយើងគ្មានសិទ្ធិសេរីភាពនោះទេ យើងពិតជាមិនអាចស្រឡាញ់ទ្រង់បានឡើយ។ នៅពេលដែលអ្នកមានសេរីភាពក្នុងឆន្ទៈ នោះអ្នកអាចជ្រើសរើសធ្វើបាបក៏បាន។ នៅពេលដែលយើងធ្វើបាប នោះព្រះជាម្ចាស់ទ្រង់ជ្រើសរើសនាំយើងត្រឡប់មករកទ្រង់វិញ។ ទ្រង់ធ្វើដូច្នេះដោយចង់បង្ហាញយើងពីសេចក្ដីស្រឡាញ់របស់ ទ្រង់។ ដោយសារទ្រង់ស្រឡាញ់យើង នោះបានជាទ្រង់ជាញឹកញាប់មិនបានហាមឃាត់យើងពីការសម្រេចចិត្តខុសនោះទេ។ ទ្រង់អនុញ្ញាតអោយយើងមានអារម្មណ៍ឈឺចាប់ រងទុក្ខ និងភ័យខ្លាចដែលកើតចេញពីការជ្រើសរើសខុសរបស់យើង។ បន្ទាប់មកយើងនឹងឃើញថា ការងាកចេញពីទ្រង់នឹងបណ្តាលអោយយើងទៅជាយ៉ាងណា។ ទោះជាយ៉ាងនេះក្តី មានមនុស្សជាច្រើនមិនបានងាកចេញពីអំពើបាបរបស់ខ្លួន ហើយវិលត្រឡប់មករកព្រះវិញឡើយ។ សេរីភាពនៃឆន្ទៈគឺជាអំណោយទានមួយដ៏អស្ចារ្យ។ ប៉ុន្តែ យើង មិនត្រូវប្រើវានៅក្នុងផ្លូវខុសឡើយ។

ថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១

ព្រះយេស៊ូវគឺជាឫសគល់ និងមែកធាង

សូមអានខគម្ពីរអេសាយ ១១៖១។ ក្រុមគ្រួសាររបស់ហ្លួងដាវីឌត្រូវបានគេហៅថា «គ្រួសាររបស់ អ៊ីសាយ» នៅក្នុងអេសាយ ១១៖១។ លោកអេសាយបានបរិយាយថា គ្រួសារអ៊ីសាយគឺនឹងបានដូចជាដើមឈើដែលត្រូវបានគេកាប់រំលំ។ កូនឈើតូចថ្មី នឹងដុះចេញពន្លកពីដើមឈើដែលងាប់នោះ។ តើនរណាជា «កូនឈើតូចថ្មី» ដែលតំណាងអោយន័យធៀបនេះ? (សូមអានខគម្ពីរសាការី ៣៖៨ និងសាការី ៦៖ ១២ សម្រាប់ចម្លើយអ្នក)។

---------------------------------------------------------------------------------------

«គល់របស់អ៊ីសាយ» គឺជាន័យធៀបនោះទេ។ អ៊ីសាយគឺជាឪពុករបស់ហ្លួងដាវីឌ។ ដូច្នេះហើយ គល់ឈើនេះចង់បង្ហាញអោយយើងដឹងថា នឹងមានពូជពង្សជំនាន់របស់ហ្លួងដាវីឌបានធ្លាក់ពីអំណាច (ដានីយ៉ែល ៤៖១០-១៧, ២០-​២៦)។ ប៉ុន្តែ «មានកូនឈើតូចមួយ» (អេសាយ ១១៖១) ឬ «មែកធាង» (អេសាយ ១១៖១) នឹងដុះចេញពីគល់ឈើដែលងាប់នោះ។ ន័យធៀបនេះចង់បង្ហាញអោយយើងដឹងថា នឹងមានក្សត្រាថ្មីមួយអង្គកើតចេញពីជំនួរហ្លួងដាវីឌ។

ស្តេចថ្មីនេះមានព្រះនាមថា «មែកធាង» (អេសាយ ១១៖១)។ ព្រះអង្គក៏មាននាមដែរថា «ឫស គល់នៃអ៊ីសាយ» (អេសាយ ១១៖១០)។ តើមហាក្សត្រថ្មីអង្គនេះអាចដូចគ្នានឹងមែកធាងដែលចេញពីគ្រួសារអ៊ីសាយយ៉ាងដូចម្តេចទៅ ប្រសិនបើទ្រង់ក៏ជាឫសកែវដែលដុះជាដើមឈើដែរនោះ? តើពាក្យនេះអាចមានន័យយ៉ាងដូចម្តេច? (សម្រាប់ចម្លើយរបស់អ្នកសូមអានខគម្ពីរវិវរណៈ ២២៖១៦)។

---------------------------------------------------------------------------------------

ចម្លើយតែមួយគត់ដែលមានន័យគ្រប់គ្រាន់គឺ អង្គព្រះយេស៊ូវគ្រីស្ទ។ ព្រះអង្គជា «ឫស ហើយជាពូជហ្លួងដាវីឌ» (វិវរណៈ ២២៖១៦)។ ព្រះយេស៊ូវគឺជាពូជពង្សជំនាន់ក្រោយរបស់ដាវីឌ (លូកា ៣៖ ២៣- ៣១)។ ទ្រង់ក៏ជាពូជពង្សរបស់លោកអ័ដាមដែលជា «ព្រះរាជបុត្រានៃព្រះ» ដែរ (លូកា ៣៖៣៨)។ តើលោកអ័ដាមជាកូនរបស់ព្រះយ៉ាងដូចម្តេច? ព្រះយេស៊ូវបានបង្កើតលោកមក (សូមអានយ៉ូហាន ១៖ ១-៣, ១៤)។ ដូច្នេះ ព្រះយេស៊ូវគឺជាព្រះបិតាដំបូងរបស់ដាវីឌ ហើយក៏ជាពូជពង្សជំនាន់ក្រោយរបស់ហ្លួងដាវីឌដែរ។

តើព្រះមហាក្សត្រថ្មីធ្វើអ្វីខ្លះដើម្បីដោះស្រាយបញ្ហាបាបនិងអំពើអាក្រក់? សម្រាប់ចម្លើយរបស់លោកអ្នកសូមអានបទគម្ពីរអេសាយ១១ ។

---------------------------------------------------------------------------------------

ព្រះមហាក្សត្រថ្មីនេះនឹងដាក់ទោសដល់មនុស្សអាក្រក់ ហើយនឹងនាំមកនូវសន្តិភាពវិញ។ ព្រះអង្គនឹងដោះលែងរាស្ត្ររបស់ទ្រង់អោយមានសេរីភាព ហើយនឹងនាំពួកគេត្រឡប់មករស់នៅទឹកដីអ៊ីស្រាអែល និងស្រុកយូដាវិញ (ប្រៀបធៀបអេសាយ ១០៖២០-២២)។ នឹងគ្រប់គ្រង ហើយបង្រួបបង្រួម ទឹកដីទាំងពីររបស់ទ្រង់ឡើងវិញអោយដូចជាស្តេចដាវីឌដែរ។ ប៉ុន្តែ ព្រះមហាក្សត្រថ្មីនេះនឹងមានអំណាច ឫទ្ធានុភាពខ្លាំងជាងដាវីឌទៅទៀត។ ព្រះអង្គនឹងនាំមកនូវសេចក្តីសុខសាន្តដល់អស់ទាំងសត្វដែលកំរើកមានជីវិតទាំងឡាយ។ នៅគ្រានោះ សត្វទាំងឡាយនឹងមិនស៊ីសាច់គ្នាវាជាអាហារទៀតឡើយ ហើយពួកវានឹងរស់នៅជាមួយគ្នាដោយសុខសាន្ត (អេសាយ ១១៖៦-៩)។

ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១

ចូរបង្ហាញក្តីស្រឡាញ់របស់លោកអ្នកដល់ខ្ញុំ

បទគម្ពីរអេសាយ១២ គឺជាទំនុកចម្រៀងខ្លីមួយបទក្នុងការតម្កើងដល់ព្រះ។ បទចំរៀងនេះត្រូវបានច្រៀងឡើងដើម្បីសរសើរតម្កើងព្រះចំពោះសេចក្ដីមេត្ដាករុណា និងសេចក្តីលួងលោមកំសាន្តចិត្តដ៏ខ្លាំងរបស់ទ្រង់។ បទនេះក៏ត្រូវបានច្រៀងដោយប្រជាជនអ៊ីស្រាអែល បន្ទាប់ពីព្រះបាននាំជនជាតិយូដាត្រឡប់មកកាន់ដែនដីកំណើតរបស់គេវិញ។ អ្នកដែលលើកទំនុកនេះបានច្រៀងប្រៀបធៀបសេចក្តីសន្យារបស់ព្រះដែលទ្រង់បានរំដោះរាស្ដ្ររបស់ទ្រង់អោយមានសេរីភាពទៅនឹងគ្រាដែលទ្រង់បានសង្គ្រោះ ពួកគេពីទាសភាពនៅក្នុងស្រុកអេស៊ីព្ទ (សូមអានខគម្ពីរអេសាយ ១១៖១៦)។ បទចម្រៀងនេះក៏ដូចគ្នាបេះបិទទៅនឹងបទចំរៀងដែលលោកម៉ូសេ និងជនជាតិអ៊ីស្រាអែលបានច្រៀងនៅពេលដែលព្រះជាម្ចាស់សង្គ្រោះពួកគេពីកងទ័ពរបស់ព្រះចៅផារ៉ោននៅសមុទ្រក្រហម (សូមអានបទគម្ពីរនិក្ខមនំ១៥)។

ចូរធ្វើការប្រៀបធៀបបទចំរៀងនៅក្នុងបទគម្ពីរអេសាយ១២ ទៅនឹងបទចំរៀងរបស់លោកម៉ូសេ និងកូនចៀមនៅក្នុងខគម្ពីរវិវរណៈ ១៥៖២-៤។ តើចម្រៀងទាំងពីរនេះតម្កើងព្រះអំពីអ្វី?

---------------------------------------------------------------------------------------

គម្ពីរអេសាយ ១២៖២ បានផ្តល់ជាតម្រុយដល់យើងថា ព្រះអង្គសង្គ្រោះដែលនឹងត្រូវយាងមកនោះគឺជាអង្គព្រះយេស៊ូវ។ ខនេះបានចែងថា «ព្រះជាម្ចាស់ជាអង្គសង្គ្រោះរបស់ខ្ញុំ» (អេសាយ ១២៖ ២)។ ព្រះនាមរបស់ព្រះយេស៊ូវមានអត្ថន័យថា «ព្រះអង្គនឹងជួយសង្គ្រោះរាស្ត្រទ្រង់អោយរួចពីបាប» (ម៉ាថាយ ១៖២១) ។

តើហេតុអ្វីបានជាព្រះនាមរបស់ព្រះយេស៊ូវមានលក្ខណៈសំខាន់ម៉្លេះ? តើនាមនេះបានបង្ហាញប្រាប់យើងថាទ្រង់នឹងធ្វើអ្វីទៅ?

---------------------------------------------------------------------------------------

ព្រះជាម្ចាស់ទ្រង់បានជួយសង្គ្រោះយើងរាល់គ្នា (អេសាយ ១២៖២)។ ទ្រង់ក៏ជាផ្លូវដែលនាំយើងទៅរកសេចក្តីសង្រ្គោះដែរ។ ព្រះយេស៊ូវជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល។ ទ្រង់គង់នៅជាមួយយើង (អេសាយ ១២៖៦)។ សេចក្តីសន្យានេះមានអត្ថន័យគ្រប់គ្រាន់សម្រាប់យើង។ ចូរធ្វើការសញ្ជឹងគិតអំពីរឿងនេះមើល៖ ព្រះគង់នៅជាមួយយើង អូ! ព្រះយេស៊ូវបានធ្វើការអស្ចារ្យ។ ទ្រង់ក៏បានក្លាយមកជាម្នាក់ដូចយើងដែរនៅពេលដែលទ្រង់បានកើតមកជាមនុស្ស (យ៉ូហាន ១៖១៤) និង «បានស្នាក់នៅជាមួយនឹងយើងរាល់គ្នា» (យ៉ូហាន ១៖១៤)។ ទ្រង់បានសុគតជួសបាបរបស់យើងរាល់គ្នា។ ទ្រង់បានធ្វើអោយត្រឡប់ជាតួបាបជំនួសយើងរាល់គ្នាវិញ(កូរិនថូសទី២ ៥៖២១)។ ព្រះយេស៊ូវទ្រង់ធ្វើឱ្យមានសន្តិភាព។ ទ្រង់ក៏ជាសេចក្តីសុខសាន្តរបស់យើងដែរ (អេភេសូរ ២៖១៤)។

ពេលនេះយើងបានយល់ច្បាស់ហើយពីមូលហេតុដែលលោកអេសាយបានបរិយាយថា ស្តេចដែលនឹងត្រូវប្រសូតមកចេញពីពូជអំបូរអ៊ីសាយគឺពិតជាវិសេសណាស់។ ទ្រង់នឹងបាន «ទុកជាទង់ដល់ ជនជាតិទាំងឡាយ» (អេសាយ ១១៖១០)។ នៅពេលដែលព្រះយេស៊ូវត្រូវបានគេបោះដែកគោលព្យួរនៅលើឈើឆ្កាង ទ្រង់បាននាំមនុស្សទាំងអស់មកឯទ្រង់ (យ៉ូហាន ១២៖៣២, ៣៣)។ រាស្ត្រសំណល់របស់ទ្រង់នឹងបានត្រឡប់មករក «ព្រះដ៏មានឫទ្ធានុភាព»វិញ (អេសាយ ១០៖២១)។ ព្រះជាម្ចាស់នៃយើងរាល់គ្នា ទ្រង់ជាទារកដែលបានប្រសូតមកសំរាប់យើងរាល់គ្នា ហើយទ្រង់ជា«ម្ចាស់នៃមេត្រីភាព» (អេសាយ ៩៖ ៦)។

សូមអានខគម្ពីររ៉ូម ៣៖២៤។ ការប្រព្រឹត្តរបស់យើងរាល់គ្នានឹងមិនដែលបានល្អគ្រប់លក្ខណ៍ក្នុងការជួយសង្រ្គោះយើងឡើយ។ តើវាមានន័យដូចម្តេចដែលថាព្រះយេស៊ូវជាផ្លូវដែលនាំយើងទៅរកសេចក្តីសង្រ្គោះ? តើសេចក្ដីពិតក្នុងគម្ពីរនេះជួយអ្នកអោយមានសេចក្ដីសង្ឃឹមយ៉ាងដូចម្ដេច?

ថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១

សិក្សាបន្ថែម

«ក្នុងនាមជាឪពុកម្នាក់ គាត់តែងតែប្រាថ្នាចង់បានអ្វីគ្រប់យ៉ាងដែលល្អសម្រាប់កូនរបស់ខ្លួន។ ឪពុកមើលមុខកូនតូចរបស់គាត់ បេះដូងរបស់គាត់ពោរពេញទៅដោយការភ័យខ្លាចនៅពេលដែលគាត់គិតអំពីរឿងរ៉ាវអាក្រក់ទាំងឡាយដែលអាចកើតឡើងនៅក្នុងជីវិតនេះ។ គាត់ចង់ការពារកូនរបស់គាត់ ពីអំណាចរបស់សាតាំង។ ឪពុកចង់រក្សាកូនប្រុសរបស់ខ្លួនឱ្យនៅឆ្ងាយពីអំពើបាបនិងមហាវិវាទនេះ។ ព្រះវរបិតា ទ្រង់ក៏មានទឹកព្រះទ័យដូចជាឪពុកម្នាក់នេះដែរ ហើយលើសជាងទៅទៀតផង។ ទ្រង់បានប្រទាន ព្រះរាជបុត្រាទ្រង់តែមួយដើម្បីធ្វើឱ្យប្រាកដថាកូនតូចៗរបស់យើងរាល់គ្នាអាចត្រូវបានសង្គ្រោះ»។ ដកស្រង់ពី Ellen G. White, The Desire of Ages, p. 49។

«ព្រះយេស៊ូវទ្រង់សព្វព្រះទ័យក្នុងការបំពេញព័ន្ធកិច្ចជួយសង្គ្រោះមនុស្សជាតិដោយផ្ទាល់ព្រះអង្គ។ គ្មានបុគ្គលណាអាចបំពេញព័ន្ធកិច្ចដ៏សំខាន់នេះបានឡើយ ទោះទាំងពួកទេវតា ឬមនុស្សជាតិ ក្តី។ មានតែកូនមនុស្សមួយអង្គប៉ុណ្ណោះដែលអាចសុគតនៅលើឈើឆ្កាង និងធ្វើអ្វីដែលចាំបាច់ដើម្បីជួយ សង្គ្រោះយើងបាន។ ព្រះយេស៊ូវទ្រង់សព្វព្រះទ័យយាងមកតភ្ជាប់និស្ស័យជាមួយមនុស្សមានបាប។ បើទោះជាមនុស្សគ្មានភក្តីភាពចំពោះទ្រង់ក៏ដោយ ក៏ព្រះអង្គស្ម័គ្រចិត្តយាងមកយកកំណើតជាមនុស្សដូចយើង ដើម្បីខ្ចាយព្រះលោហិតទ្រង់ទុកជាដង្វាយលោះបាបដល់យើងរាល់គ្នា។ ព្រះជាម្ចាស់បានប្រមើល មើលកំហុសរបស់មនុស្សទាំងឡាយពីស្ថានសួគ៌មក ហើយព្រះពិរោធរបស់ទ្រង់ចំពោះអំពើបាបប្រកបដោយការឆេះឆួលឡើងជាខ្លាំង។ ទ្រង់បានជ្រាបថា ដើម្បីជួយសង្គ្រោះមនុស្សអោយរួចពីបាបបាន នោះទ្រង់ត្រូវតែលះបង់ដ៏ធំមហិមា។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ព្រះយេស៊ូវទ្រង់បានតាំងព្រះទ័យរបស់ទ្រង់រូចជាស្រេចហើយ ទ្រង់នឹងទទួលនូវអម្រែកគ្រប់បែបយ៉ាង ដើម្បីប្រទាននូវក្តីសង្ឃឹមដល់មនុស្សមានបាប» ដកស្រង់ពី Ellen G. White, The Signs of the Times, March 5, 1896។ ​

សំនួរពិភាក្សា៖
  1. ដូចដែលយើងបានឃើញនៅក្នុងបទគម្ពីរអេសាយជំពូក១១ ព្រះជាម្ចាស់បានបង្ហាញយើងអោយឃើញពីការយាងមករបស់ព្រះយេស៊ូវក្នុងរូបភាពតែមួយ។ នេះក៏អាចជាមូលហេតុដែលជនជាតិយូដាមួយចំនួនមិនព្រមទទួលស្គាល់ព្រះយេស៊ូវនៅពេលដែលទ្រង់យាងមកជាលើកដំបូង។ ពួកគេបែរជាគិតថាព្រះយេស៊ូវ នឹងធ្វើការដែលកើតឡើងតែនៅពេលដែលទ្រង់យាងមកជាលើកទីពីរវិញ។ តើកំហុសរបស់ពួកគេជួយយើងអោយយល់ពីមូលហេតុដ៏សំខាន់នៃការបង្រៀនរបស់ព្រះគម្ពីរ ស្តីអំពីអ្វីដែលនឹងត្រូវកើតឡើងនៅពេលដែលទ្រង់យាងមកជាលើកទីពីរដោយរបៀបណា? តើទស្សនៈដែលខុសឆ្គង ស្តីអំពីការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវអាចធ្វើឱ្យមនុស្សជាច្រើនជឿលើសេចក្តីបោកប្រាស់នៅគ្រាជាន់ក្រោយ របស់សាតាំងនេះយ៉ាងដូចម្តេច? (សម្រាប់ចម្លើយរបស់អ្នកសូមអាន Ellen G. White, The Great Controversy, chapter 39)។ ​ ​

រឿងខ្លី

ក្មេងប្រុសបីនាក់ដែលបានបាត់ខ្លួន

Jeans

មានគិលានុបដ្ឋាយិកាម្នាក់ដែលមានឈ្មោះថា ម៉ាថា អាគីរេ និងស្វាមីរបស់នាងដែលជាគ្រូពេទ្យប្រចាំការនៅទីនោះដែរដែលមានឈ្មោះថា លូវិស អាបូញ៉ែ ពួកគេមានសេចក្តីសោមនស្សរីករាយជាខ្លាំងជាមួយនឹងការប្រារព្ធពិធីអបអរសាទរទិវាឯករាជ្យនៃជនជាតិម៉ិចសិកូនៅកណ្តាលក្រុង។ នៅពេលនោះ ស្រាប់តែមានអតីតអ្នកជំងឺម្នាក់បានរំខានកិច្ចសន្ទនារបស់ពួកគេ។ ស្ត្រីចំណាស់ម្នាក់ដែលមានឈ្មោះថា លោកយាយ អាណា បាននិយាយថា៖ «ម៉ាថាខ្ញុំចង់និយាយជាមួយអ្នកបន្តិច»។ គាត់បានពន្យល់ថា កូនប្រសាប្រុសរបស់គាត់បានទទួលមរណភាពកាលពី៧ថ្ងៃមុននៅអាយុ៣៣ឆ្នាំក្រោយពីមានការគាំងបេះដូង។ ពេលនោះ កូនស្រីរបស់គាត់ក៏បានជាប់ពន្ធនាគារអស់រយៈពេល៨ឆ្នាំមកហើយ។ ពួកគេបានបន្សល់ទុកឱ្យគាត់នូវចៅប្រុសបីនាក់អាយុ១០ឆ្នាំម្នាក់ ៩ឆ្នាំម្នាក់ និង៧ឆ្នាំម្នាក់។ គាត់មិនអាចធ្វើការបានទៀតទេ ហើយគាត់ក៏មិនអាចថែរក្សាពួកគេបានទៀតដែរ។ លើសពីនេះទៅទៀតចៅប្រុសគាត់ទាំងនោះមានសេចក្តីទុក្ខសោក និងក្រៀមក្រំណាស់។ គាត់បាននិយាយថា «ខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងម៉េចទេ»។ ម៉ាថា នាងក៏មិនដឹងថាត្រូវធ្វើដូចម្តេចដែរ ទើបនាងក៏បានទៅពិគ្រោះយោបល់ជាមួយគ្រូគង្វាលប្រចាំព្រះវិហារនាង។ លោកគ្រូគង្វាលក៏បានណែនាំអោយនាងទៅអញ្ជើញក្មេងប្រុសទាំងនោះមកចូលរួមក្នុងកម្មវិធីសប្តាហ៍នៃការអធិស្ឋានរបស់កុមារដែលមានចំណងជើងថា “សេះពិសេស”។ កម្មវិធីនេះមានចំណងជើងថា “ព្រះយេស៊ូវទ្រទ្រង់នូវខ្សែជីវិតខ្ញុំ” ដែលវានឹងចាប់ផ្តើមនៅពីរសប្តាហ៍ទៀត។ លោកយាយ អាណាក៏យល់ព្រមបញ្ជូនចៅប្រុសរបស់គាត់ទៅចូលរូមក្នុងកម្មវិធីប្រជុំពេលល្ងាចនោះ។ ចៅប្រុសច្បងរបស់លោកយាយ ឈ្មោះជូនអាយុ១០ឆ្នាំ ដំបូងឡើយវាបានបដិសេធថាមិនចង់ទៅទេ ព្រោះវាមិនដែល បានចូលក្នុងព្រះវិហារសោះ។ ចំណែកឯចៅប្រុសកណ្តាលរបស់គាត់ដែលមានអាយុប្រាំបួនឆ្នាំ ឈ្មោះថា លូវីស វាមិនដែលបានឮអំពីព្រះទាល់តែសោះពីមុនមក ប៉ុន្តែវាមានចិត្តចង់រៀនសូត្របន្ថែមទៀត។ វាបានយំសោកនៅពេលដែលវាបានដឹងថាព្រះយេស៊ូវបានសុគតជួសអំពើបាបរបស់វា។ រឿងនេះបានរំឭកវាផងដែរអំពីមរណភាពរបស់ឪពុកវា។ រីឯចៅប្រុសពៅរបស់លោកយាយដែលមានឈ្មោះថា ហ្វ្រាន-ស៊ីស្កូ អាយុ៧ឆ្នាំ វាបានដេកលក់រហូតនៅថ្ងៃដំបូងនេះ។ មិនយូរប៉ុន្មាន ក្មេងប្រុសម្នាក់ៗក៏ចេះមានចិត្តអន្ទះសាចង់ចូលរួមការប្រជុំនេះ។ យាយអាណាបានសង្កេតឃើញថា ចៅៗរបស់គាត់មានសំលៀកបំពាក់ ថ្មីៗដែលបានទទួលពីសមាជិកក្រុមជំនុំ ហើយគាត់ក៏បានគិតថា ពួកគេប្រាកដជាចង់ទៅទទួលអំណោយទៀតហើយ។ ដោយភាពភ្ញាក់ផ្អើល លោកយាយក៏បានដឹងថា ចៅៗរបស់គាត់មិនបានខ្វល់អំពីសម្លៀកបំពាក់ថ្មីនោះទេ។ ពួកគេចង់រៀនអំពីព្រះយេស៊ូវទេតើ។ ក្មេងប្រុសទាំងពីរបានដក់ចិត្តស្រឡាញ់ព្រះយេស៊ូវ ក្នុងអំឡុងសប្តាហ៍នៃការអធិស្ឋាន ហើយពួកគេក៏បានទៅចូលរួមថ្វាយបង្គំព្រះនៅឯព្រះវិហារជារៀងរាល់សប្តាហ៍ ក្រោយពីកម្មវិធីនោះបានបញ្ចប់ទៅ។ ម៉ាថាក៏បានចាប់ផ្តល់នូវមេរៀនសិក្សាព្រះគម្ពីរសម្រាប់កុមារដល់ក្មេងប្រុសទាំងនោះជារៀងរាល់រសៀលថ្ងៃបរិសុទ្ធ។ ប្រាំមួយខែក្រោយមកគ្រូគង្វាលបានអញ្ជើញក្មេងប្រុសទាំងនោះទៅចូលរួមបោះជំរុំផ្សងព្រេងមួយ។ ក្មេងប្រុសទាំងនេះបានជក់ចិត្តនឹងកិច្ចថ្វាយបង្គំពេលព្រឹកនិងពេលល្ងាច។ នៅក្នុងកម្មវិធីថ្វាយបង្គំមួយមានក្មេងប្រុសពិការម្នាក់អាយុ៩ឆ្នាំបាន ឡើងចែកចាយនូវទីបន្ទាល់មួយ ហើយវាក៏បានប្រកាសថាវាចង់ទទួលបុណ្យជ្រមុជទឹក។ លូវីសចាប់ អារម្មណ៍នឹងរឿងនេះណាស់ ហើយវាក៏បានសម្រេចចិត្តថាវាក៏ចង់ថ្វាយចិត្តរបស់វាទៅព្រះយេស៊ូវដែរ។ នៅពេលដែលវាបានប្រាប់បងប្អូនរបស់វាអំពីរឿងនេះ ពួកគេក៏បានប្រកាសថាពួកគេចង់ទទួលបុណ្យជ្រមុជទឹកដែរ។ ព្រះវិហារបានរៀបចំចាត់ចែងសម្រាប់ថ្ងៃដ៏ពិសេសនេះ។ សព្វថ្ងៃនេះក្មេងប្រុសនីមួយៗ មានអាយុ១៥ឆ្នាំ ១៣ឆ្នាំ និង១២ឆ្នាំហើយ។ ពួកគេជាអ្នករៀបចំប្រព័ន្ធបំពងសំឡេងនិងរូបភាពប្រចាំព្រះវិហារនៅថ្ងៃបរិសុទ្ធ។ លូវីសបានចែកចាយនូវសេចក្ដីអធិប្បាយចំនួន៦ដងរួចមកហើយ វាមានបំណងនឹងក្លាយជាគ្រូគង្វាលម្នាក់។ «ចៅប្រុសទាំងបីរបស់ខ្ញុំពិតជាមានលក្ខណៈខុសប្លែកទាំងស្រុង ពីកាលមុនដែលខ្ញុំទៅស្នើសុំជំនួយនៅថ្ងៃបុណ្យឯករាជ្យ កាលពី៥ ឆ្នាំមុន» លោកយាយអាណាបានមានប្រសាសន៍។ «ខ្ញុំសូមអរគុណដល់ម៉ាថា និងប្តីរបស់នាងលូវីសណាស់។ ទោះជាយ៉ាងនេះក្តី លោកលូវីសបានមានប្រសាសន៍ថា​ សូមថ្វាយព្រះពរ និងព្រះកិត្តិនាមនេះដល់ព្រះដ៏បរិសុទ្ធវិញចុះ»។ លោកបានមានប្រសាសន៍ថា ព្រះវិញ្ញាណបរិសុទ្ធទេដែលជាអ្នកធ្វើការនេះ។ ​ ​

អំណានដង្វាយប្រចាំសប្តាហ៍

នៅពេលដែលនាងរស់យកព្រះទុកជាទី១

ការយកព្រះទុកជាទី១មិនមែនជារឿងងាយស្រួលឡើយ។ តើយើងអាចរៀនបានអ្វីខ្លះពីនាងរស់ដែលនឹងជួយយើងឲ្យយកព្រះទុកជាទី១ក្នុងជីវិតរបស់យើងសព្វថ្ងៃនេះ?

នាងរស់ពុំមែនជាសាសន៍អ៊ីស្រាអែលពីកំណើតទេ។ នាងធំធាត់ឡើងក្នុងនាមជាសាសន៍ម៉ូអាប់ ហើយប្រហែលជាបានថ្វាយបង្គំព្រះកេម៉ូស ដែលជាព្រះត្រីរបស់សាសន៍ម៉ូអាប់ផង។ «កេម៉ូស» ក៏មានន័យថា «អ្នកបំផ្លិចបំផ្លាញ» ដែរ។ ក្នុងខគម្ពីរពង្សាវតារក្សត្រទី២ ៣៖២៧ យើងឃើញស្តេចម៉ូអាប់កំពុងថ្វាយបុត្រាដែលត្រូវសោយរាជ្យរបស់ព្រះអង្គធ្វើជាយញ្ញបូជាដល់ព្រះកេម៉ូស។

ផ្ទុយអំពីជំនឿបែបនេះ អ្នកស្រីណាអូមី ដែលជាម្តាយក្មេករបស់នាងរស់ បានថ្លែងប្រាប់ អំពីព្រះយេហូវ៉ា ជាព្រះដ៏រស់របស់សាសន៍អ៊ីស្រាអែល ដែលបានរំដោះពួកគេចេញពីទាសភាព និង ត្រាស់ហៅពួកគេឲ្យចេះស្រឡាញ់គ្នា និងគោរពគ្នាទៅវិញទៅមកផង។ នាងរស់ប្រាកដជាបានចាប់ ផ្តើមថ្វាយបង្គំព្រះយេហូវ៉ាយូរល្មមរួចទៅហើយមុននឹងមានគ្រោះទុរភិក្សចូលមកដល់។

ក្នុងព្រឹត្តិការណ៍ដ៏ខ្មៅងងឹត និងទុក្ខព្រួយ អ្នកស្រីណាអូមីបានបាត់ស្វាមី និងកូនប្រុសទាំងពីរក្នុងរវាងមួយទសវត្សប៉ុណ្ណោះ។ នាងរស់ និងនាងអ័រប៉ា ដែលកូនប្រសាស្រីរបស់នាងមាន អារម្មណ៍ស្លុតរន្ធត់ខ្លាំងណាស់។ កាលដែលប្តីរបស់ពួកនាងនៅរស់ជីវភាពរបស់ពួកគេជួបការ​លំបាក​ទៅហើយ ប៉ុន្តែឥឡូវនេះកាន់តែអស់សង្ឃឹមឡើងថែមទៀត។ អ្នកស្រីណាអូមីបានសម្រេចចិត្តវិលត្រឡប់ទៅស្រុកអ៊ីស្រាអែលវិញ និងបានប្រាប់ឲ្យកូនប្រសាស្រីទាំងពីរត្រឡប់ទៅផ្ទះវិញដែរ។ ទីបំផុត នាងអ័រប៉ាក៏បានយល់ព្រមត្រឡប់ទៅផ្ទះវិញ។ ផ្ទុយទៅវិញ នាងរស់បែរជាបដិសេធវិញ។

នាងរស់ពុំបានបន្ទោសព្រះសម្រាប់កាលៈទេសៈរបស់នាងឡើយ បើទោះបីជានាងកំពុងស្ថានភាពដ៏ខ្មៅងងឹតក្តី។ ផ្ទុយទៅវិញ នាងបានយកព្រះទុកជាទី១ក្នុងជីវិតរបស់នាង និងបានទទួចសូមធ្វើដំណើរជាមួយនឹងអ្នកស្រីណាអូមីដើម្បីបានបន្តថ្វាយបង្គំព្រះយេហូវ៉ាតទៅទៀត។ ពាក្យពេចន៍របស់នាងរស់ត្រូវបានកត់ត្រានៅក្នុងខគម្ពីរនាងរស់ ១៖១៦យ៉ាងដូច្នេះថា៖ «សូម​កុំ​ទទូច​ឲ្យ​ខ្ញុំ​ទៅ​ចោល​អ្នក​ម្តាយ និង​វិល​ទៅ​វិញ លែង​តាម​អ្នក​ម្តាយ​នោះ​ឡើយ ដ្បិត​កន្លែង​ណា​ដែល​អ្នក​ម្តាយ ​អញ្ជើញ​ទៅ នោះ​ខ្ញុំ​នឹង​ទៅ​តាម»។

ជីវិតរបស់លោកអ្នកអាចនឹងកំពុងជួបស្ថានភាពដ៏ពិបាកក្នុងពេលឥឡូវនេះ៕ ការយកព្រះទុកជាទី១ពុំបានធានាថាជីវិតរបស់យើងនឹងមិនជួបការពិបាកនោះទេ ប៉ុន្តែ វាពិតជាមានន័យថា យើងនឹងរកឃើញសេចក្តីសុខសាន្ត និងសេចក្តីសង្គ្រោះវិញ។ នាងរស់បានរកឃើញស្វាមីជាទី​ស្រឡាញ់ និងបានចូលរួមជាមួយនឹងរាស្ត្ររបស់ព្រះ។ ជាការពិត នាងរស់បានទទួលកិត្តិយសដ៏ធំ​ដែល​បានក្លាយជាជំនួរព្រះញាតិវង្សដោយផ្ទាល់របស់ព្រះយេស៊ូវ ដែលជាព្រះអង្គសង្គ្រោះរបស់ពិភពលោកនេះ។

នាងរស់បានយកព្រះទុកជាទី១។ គំរូរបស់នាងដាស់តឿនយើងឲ្យធ្វើតាមនាង។ ខណៈដែលពួកអ្នកជំនួយការប្រាក់ដង្វាយកំពុងប្រមូលប្រាក់ដង្វាយ សូមយើងរាល់គ្នា បានទទួលយក​ព្រះ​​ជាម្ចាស់ទុកជាទី១ចុះ។ ​
សេចក្តីអធិដ្ឋាន៖
ឱព្រះវរបិតាម្ចាស់សួគ៌ យើងរាល់គ្នាថ្វាយបង្គំព្រះអង្គព្រឹកនេះ ដោយភ្ជាប់មកជាមួយនូវប្រាក់ដង្វាយ១០ហូត១ និងដង្វាយសទ្ធា។ យើងសូមអធិដ្ឋានឲ្យព្រះអង្គប្រទានសេចក្តីក្លាហានដល់យើងឲ្យយកទ្រង់ទុកជាទី១ក្នុងជីវិតរបស់យើងរាល់គ្នា។ សូមអធិដ្ឋានក្នុងព្រះនាមព្រះយេស៊ូវ។ អាម៉ែន។

Powered by CAM