«ក្រោយការទាំងនោះមក ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងអាប់រ៉ាមដោយការជាក់ស្តែងថា អាប់រ៉ាមអើយ កុំឲ្យខ្លាចអ្វីឡើយ អញជាខែល ហើយជារង្វាន់ដ៏ធំក្រៃលែងរបស់ឯង» (លោកុប្បត្ដិ ១៥៖១) ។
សូមអានខគម្ពីរលោកុប្បត្ដិ ១៥៖១-៣ ។ តើអ្វីទៅជារឿងដំបូងដែលព្រះជាម្ចាស់បានមានបន្ទូលទៅកាន់លោកអាប់រ៉ាម? តើលោកអ្នកគិតថាហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលយ៉ាងដូច្នេះ? តើមានហេតុផលអ្វីទៅដែលអាប់រ៉ាមមានការភ័យខ្លាច?
តើលោកអ្នកឃើញថាព្រះជាម្ចាស់បានមានព្រះបន្ទូលទៅកាន់លោកអាប់រ៉ាមថា «អញនឹង ការពារឯង» ទេ? ពាក្យថា «ឯង» ពិតជាគួរឱ្យចាប់អារម្មណ៍ណាស់។ «ឯង» គឺជាសព្វនាម។ ផ្នែកនៃការនិយាយនេះបង្ហាញអោយយើងឃើញថាព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ចងមិត្តភាពជាមួយនឹងលោកអាប់រ៉ាមដោយផ្ទាល់។ ពាក្យថា «ឯង» ក៏បង្ហាញយើងផងដែរថាព្រះនឹងមានបន្ទូលជាមួយនឹងអាប់រ៉ាមមួយទល់នឹងមួយ ឬម្នាក់ទល់នឹងម្នាក់។ នោះឯងជាវិធីដែលព្រះនឹងប្រាស្រ័យទាក់ទងជាមួយ នឹងយើងទាំងអស់គ្នា។
ព្រះគម្ពីរ គខបបានសរសេរក្នុងខគម្ពីរលោកុប្បត្តិ ១៥៖១ តាមបែបនេះថា៖ «អាប់រ៉ាមអើយ កុំខ្លាចអ្វីឡើយ! យើងនឹងធ្វើជាខែលការពារអ្នក អ្នកនឹងទទួលរង្វាន់យ៉ាងធំ» (លោកុប្បត្ដិ ១៥៖១, គខប)។ តើលោកអ្នកបានឃើញទេថាព្រះជាម្ចាស់ បានប្រៀបធៀបអង្គទ្រង់ទៅនឹងខែលនោះ? តើព្រះជាម្ចាស់ មានលក្ខណៈដូចគ្នានឹងខែលការពារលោកអាប់រ៉ាមបានយ៉ាងដូចម្តេ៉ចទៅ? សូមសញ្ជឹងគិតអំពីលក្ខណៈ របស់ខែលទៅតាមការយល់ដឹងរបស់លោកអ្នក។ តើខែលមានមុខងារអ្វីខ្លះទៅ? តើពួកវាត្រូវបានប្រើសម្រាប់ ការពាររាងកាយរបស់យើងពីការវាយប្រហារដោយសត្រូវមែនទេ? យើងអាចលាក់ខ្លួននៅពីក្រោយខែលនៅពេលដែលយើងត្រូវបានវាយប្រហារ។ ពួកវានឹងការពារយើងឱ្យមានសុវត្ថិភាព។ ព្រះជាម្ចាស់ បានសម្តែងថាទ្រង់នឹងការពារអាប់រ៉ាមអោយរួចពីគ្រោះមហន្តរាយទាំងឡាយ។ គាត់នឹងរារាំង ហើយ ការពារអាប់រ៉ាមប្រៀបបាននឹងខែលដូច្នោះដែរ។ ពាក្យថា «ខែល» នេះត្រូវបានសរសេរឡើងដំបូងបង្អស់ នៅក្នុងព្រះគម្ពីរលោកុប្បត្ដិ ១៥៖១ ។ ពិតមែនហើយ អ្នកសរសេរព្រះគម្ពីរផ្សេងទៀតក៏បានលើកឡើង ថាព្រះជាម្ចាស់ប្រៀបបាននឹងខែល (ចោទិយកថា ៣៣៖២៩; ទំនុកតម្កើង ១៨៖៣០; ទំនុកតម្កើង ៨៤៖ ១១; ទំនុកតម្កើង ១៤៤៖២) ។ ប៉ុន្តែខព្រះគម្ពីរលោកុប្បត្តិ ១៥៖១ គឺជាពេលវេលាតែមួយគត់ដែលព្រះ ទ្រង់ប្រសិទ្ធិនាមអង្គទ្រង់ថាជាខែលរបស់មនុស្សម្នាក់។
នៅពេលដែលព្រះជាម្ចាស់បានប្រសិទ្ធិនាមអង្គទ្រង់ថាជាខែលរបស់នរណាម្នាក់នោះ តើការ នោះបានបង្ហាញយើងអ្វីខ្លះ? តើវាបង្ហាញអ្វីខ្លះដល់អាប់រ៉ាម ដែលនៅពេលបច្ចុប្បន្ននេះវាប្រហែលជាមិនបានបង្ហាញយើងទេ? តើសេចក្តីសន្យានេះមានសម្រាប់យើងដែរឬទេ? តើយើងអាចសុំអោយព្រះ ជាម្ចាស់ធ្វើជាខែលការពារយើងបានដែរឬទេ? តើកិច្ចសន្យានេះបង្ហាញថា នឹងគ្មានអ្វីមួយដែលនឹងនាំ ឱ្យយើងឈឺចាប់មែនទេ? ចូរពន្យល់។ តើព្រះជាម្ចាស់មានលក្ខណៈដូចជាខែលបានយ៉ាងដូចម្តេច? តើនិមិត្តរូបនេះមានអត្ថន័យយ៉ាងណាចំពោះលោកអ្នក?
ថ្ងៃច័ន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១
សេចក្តីសន្យានៃព្រះអង្គសង្គ្រោះ៖ ភាគទី១
«គ្រប់ទាំងគ្រួសារនៅផែនដីនឹងបានពរដោយសារឯង និងពូជឯង » (លោកុប្បត្តិ ២៨៖ ១៤)។
«ហើយបើអ្នករាល់គ្នាជារបស់ផងព្រះគ្រីស្ទ នោះក៏ពេញជាពូជរបស់លោកអ័ប្រាហាំហើយ ក៏ជាអ្នកគ្រងមរដកតាមសេចក្តីសន្យាផង» (កាឡាទី ៣៖២៩)។
ព្រះមានបន្ទូលប្រាប់លោកអ័ប្រាហាំជាច្រើនដងថា ប្រជាជននៅលើផែនដីនឹងទទួលបានព្រះ ពរដោយសារពួជពង្សរបស់លោក។ (សូមអានខគម្ពីរលោកុប្បត្ដិ ១២៖៣; លោកុប្បត្ដិ ១៨៖១៨; លោកុប្បត្ដិ ២២៖១៨) ហេតុអ្វីបានជាព្រះតាំងសេចក្តីសន្យាដដែលនេះជាមួយលោកអ័ប្រាហាំជាច្រើនលើកច្រើនសាម្ល៉េះ? ពីព្រោះសេចក្តីសន្យានេះគឺជាកិច្ចសន្យាដ៏សំខាន់ដែលព្រះបានតាំងជាមួយនឹងគាត់។ តើសេចក្តី សន្យានេះបង្ហាញយើងអ្វីខ្លះ? វាបង្ហាញយើងថាព្រះជាម្ចាស់នឹងជ្រើសរើសកូនចៅរបស់អ័ប្រាហាំឱ្យធ្វើ ជារាស្ត្រពិសេសរបស់ទ្រង់ ដែលជាជនជាតិយូដា។ ព្រះជាម្ចាស់នឹងបង្រៀនពួកយូដាអំពីអង្គទ្រង់។ បន្ទាប់មកជនជាតិយូដានឹងបង្រៀនមនុស្សគ្រប់ជាតិសាសន៍នៅលើផែនដីអោយស្គាល់ព្រះនិងផែនការរបស់ទ្រង់ក្នុងការជួយសង្គ្រោះពួកគេចេញពីអំពើបាប។ ព្រះជាម្ចាស់ ទ្រង់មានសេចក្តីស្មោះត្រង់បានជាទ្រង់បញ្ជូនព្រះយេស៊ូវ ដែលកើតចេញពីពូជអំបូររបស់លោកអ័ប្រាហាំ អោយមកបង្រៀនមនុស្សនៅលើផែនដីនេះអំពីអង្គទ្រង់។ ព្រះយេស៊ូវបានសម្តែងអោយមនុស្សគ្រប់គ្នាបានឃើញនូវសេចក្តីស្រឡាញ់ របស់ព្រះជាម្ចាស់ នៅគ្រាដែលទ្រង់សុគតនៅលើឈើឆ្កាង ព្រមទាំងបានចេញថ្លៃលោះបាបដល់មនុស្ស គ្រប់គ្នានៅលើផែនដីនេះ។
ចូរសញ្ជឹងគិតអំពីសេចក្តីសន្យាដែលព្រះបានតាំងក្រោយពីទឹកជំនន់ គឺនៅពេលដែលទ្រង់បាន ធ្វើសេចក្តីសញ្ញារបស់ទ្រង់ជាមួយលោកណូអេ។ ព្រះបានសន្យាថា ទ្រង់នឹងមិនបំផ្លាញផែនដីដោយសារ ទឹកជំនន់ទៀតឡើយ។ តើសេចក្តីសន្យានេះប្រយោជន៍អ្វីទៅ បើគ្មានសេចក្តីសន្យាថាព្រះយេស៊ូវនឹង ជួយសង្រ្គោះយើងពីអំពើបាបនោះ? តើសេចក្តីសន្យារបស់ព្រះនឹងមានប្រយោជន៍អ្វីទៅ បើគ្មានសេចក្តីសន្យានៃជីវិតអស់កល្បជានិច្ចនោះ?
--------------------------------------------------------
តើការដែលព្រះនឹងប្រទានពរដល់ពូជមនុស្សទាំងអស់នៅលើផែនដីដោយសារអ័ប្រាហាំមាន អត្ថន័យដូចម្តេចទៅ?
--------------------------------------------------------
សេចក្តីសន្យាដ៏ធំនិងប្រសើរបំផុតរបស់ព្រះគឺជាសេចក្តីសន្យាដែលថាទ្រង់នឹងបញ្ជូនព្រះអង្គ សង្រ្គោះអោយមក។ មនុស្សគ្រប់គ្នាដែលទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់ខ្លួនគឺជាសមាជិក នៃគ្រួសាររបស់អ័ប្រាហាំ។ ដោយសារព្រះចាត់ទុកយើងជាកូនចៅរបស់លោកអ័ប្រាហាំ យើងទទួលបាន ព្រះពរដែលព្រះបានសន្យានឹងអ័ប្រាហាំហើយ (កាឡាទី ៣៖៨, ៩, ២៧-២៩)។ តើសេចក្តីសន្យានោះ ជាអ្វី? ជាសេចក្ដីសន្យានៃជីវិតដ៏នៅអស់កល្បជានិច្ច នឹងជីវិតដ៏គ្រប់លក្ខណ៍ គ្មានអំពើបាប ការឈឺចាប់ និង ការរងទុក្ខវេទនាទៀតឡើយ។ តើលោកអ្នកអាចរកឃើញសេចក្តីសន្យាណាដែលប្រសើរជាងនេះទៀតទេ?
ថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១
សេចក្តីសន្យានៃព្រះអង្គសង្រ្គោះ៖ ភាគទី២
«តើយើងត្រូវធ្វើដូចម្តេច ប្រសិនបើយើងចង់មានសុភមង្គលដ៏ពិតប្រាកដនោះ? យើងត្រូវតែធ្វើ ដំណើរទៅស្រុកឆ្ងាយ។ យើងត្រូវតែមានឆន្ទៈក្នុងការធ្វើអ្វីមួយដែលយើងមិនធ្លាប់បានធ្វើពីមុនមក»។ ដកស្រង់ពី Thomas Browne, adapted។
សូមក្រឡេកមើលអត្ថបទស្រង់របស់លោកថូម៉ាស ប្រោន (Thomas Browne)ខាងលើ។ តើលោកអ្នកយល់ស្របនឹងវាឬក៏អត់? តើខគម្ពីរថែស្សាឡូនីចទី១ ៤៖១៦-១៨ និងវិវរណៈ ៣៖១២ ជួយ អ្នកឱ្យដឹងចម្លើយយ៉ាងដូចម្តេច?
--------------------------------------------------------
អូហ្គូសស្ទីន (Augustine) បានសរសេររៀបរាប់អំពីបញ្ហាបាបដែលជាផ្នែកមួយនៃជីវិតរបស់មនុស្សថា៖ «ជីវិតរបស់យើងម្នាក់ៗគឺពោរពេញទៅដោយអំពើអាក្រក់។ តាំងពីដំបូងឡើយ យើងបានឃើញថាពូជមនុស្សគ្រប់រូបគឺត្រូវបណ្តាសាហើយ។ ដំបូង សូមលោកអ្នកសញ្ជឹងគិតអំពីបញ្ហាដែលកើតឡើងដោយសារតែអ្វីៗដែលយើងចង់ដឹងនិងមិនដឹង។ បន្ទាប់មក សូមគិតអំពីរឿងឥតប្រយោជន៍ និងរឿង ល្ងីល្ងើផ្សេងៗ ដែលយើងជាប់ចិត្តយ៉ាងខ្លាំង។ សេចក្តីស្រឡាញ់របស់យើងចំពោះរឿងឥតប្រយោជន៍ ទាំងនេះគឺប្រៀបដូចជាការផឹកថ្នាំពុលដែរ។ ការជាប់ចិត្តនឹងរឿងបែបនេះនឹងបណ្តាលឱ្យយើងឈឺចិត្ត ទុក្ខព្រួយ និងភ័យខ្លាច។ មនុស្សខ្លះមានអារម្មណ៍រីករាយនៅពេលដែលពួកគេបានធ្វើសង្រ្គាម សម្លាប់ និងបង្កឱ្យមានការខ្វែងគំនិតគ្នា។ មនុស្សផ្សេងទៀតចូលចិត្តលួច។ គ្រប់ផ្នែកនៃចិត្តរបស់មនុស្សមាន ពោរពេញទៅដោយមោទនភាព ភាពលោភលន់ និងការបំពានច្បាប់គ្រប់បែបយ៉ាង។ មនុស្សធ្វើបាបប្រឆាំង នឹងព្រះ និងសាសនាគ្រប់ពេលវេលា។ ពួកគេកុហកនិងធ្វើបាបអ្នកជិតខាងរបស់ខ្លួន។ ពួកគេបោកប្រាស់ និងចូលចិត្តបំផ្លាញរបស់ជាកម្មសិទ្ធិនៃអ្នកដទៃ។ មនុស្សខ្លះបង្ខំមនុស្សផ្សេងទៀតឱ្យរួមភេទជាមួយខ្លួន។ មនុស្សផ្សេងទៀតរួមភេទជាមួយសមាជិកគ្រួសារខ្លួនឯង។ រីឯអំពើបាបខ្លះនោះគឺអាក្រក់ពន់ពេករកពាក្យ បរិយាយមិនចេញ។ រាល់អំពើបាប និងបំណងប្រាថ្នាដ៏លាក់កំបាំងនៅក្នុងចិត្តរបស់មនុស្សគ្រប់គ្នាគឺសុទ្ធ តែខុសឆ្គងទាំងអស់។ ហើយអ្វីដែលអាក្រក់ជាងនេះទៅទៀតនោះគឺប្រព័ន្ធតុលាការគ្មានភាពត្រឹមត្រូវ និងយុត្តិធម៌ឡើយ។ ឧក្រិដ្ឋកម្មបានកើតឡើងពាសពេញផែនដី ប៉ុន្តែគ្មាននរណាម្នាក់យកចិត្តទុកដាក់នោះទេ»។ ដកស្រង់ពី Augustine of Hippo, City of God, Gerald G. Walsh, translator (New York: Doubleday and Company, 1958), book 22, chapter 22, page 519, adapted។
អូហ្គូសស្ទីន (Augustine) បានសរសេរពាក្យដកស្រង់នេះជាង ១៥០០ ឆ្នាំមុន។ ប៉ុន្តែវាក៏ បង្ហាញពីឧក្រិដ្ឋកម្មដែលកើតឡើងនៅក្នុងទីក្រុងទំនើបជាច្រើននាពេលបច្ចុប្បន្ននេះដែរ មែនទេ? មនុស្ស មិនបានផ្លាស់ប្តូរច្រើនទេ។ នោះហើយជាមូលហេតុដែលមនុស្សចង់គេចចេញពីសេចក្តីអាក្រក់នៅក្នុង ជីវិតនេះ។
យើងមានដំណឹងល្អ។ ពេលនេះ ប្រហែលជាជីវិតយើងពិបាកណាស់។ ប៉ុន្តែអនាគតហាក់ ដូចជាត្រចះត្រចង់ដោយសារតែព្រះយេស៊ូវ។ ព្រះយេស៊ូវបានរស់នៅ ព្រមទាំងបានសុគត ហើយមាន ព្រះជន្មរស់ឡើងវិញសំរាប់យើងរាល់គ្នា។ ទ្រង់នឹងជួយសង្គ្រោះយើងរាល់គ្នាពីអំពើបាប។ បច្ចុប្បន្ននេះ ទ្រង់គង់នៅស្ថានសួគ៌ធ្វើជាសម្ដេចសង្ឃរបស់យើងរាល់គ្នា។ សម្ដេចសង្ឃគឺជាមេដឹកនាំសាសនា។ ក្នុងនាមជាសម្ដេចសង្ឃរបស់យើងព្រះយេស៊ូវរក្សាសេចក្ដីសន្យាដែលព្រះបានតាំងជាមួយនឹងអ័ប្រាហាំព្រម ទាំងពួជពង្សរបស់លោកផងដែរ។ ព្រះយេស៊ូវនឹងជួយយើងរាល់គ្នាឱ្យមករកព្រះវរបិតាដើម្បីទទួលបាននូវសេចក្តីមេត្តាករុណានិងការអត់ទោសបាប។
ថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១
ប្រជាជនដ៏ធំ ហើយពូកែ
ព្រះជាម្ចាស់ទ្រង់បានសន្យាដល់លោកអ័ប្រាហាំថា ទ្រង់នឹងប្រទានពរដល់មនុស្សទាំងអស់ដោយសារតែលោក។ ព្រះក៏មានបន្ទូលផងដែរថាពូជពង្សរបស់អ័ប្រាហាំនឹងក្លាយជា «ក្រុមមនុស្ស [ពិសេស] យ៉ាងធំ ហើយពូកែ» (លោកុប្បត្ដិ ១៨៖១៨, អានផងដែរលោកុប្បត្តិ ១២៖២; លោកុប្បត្ដិ ៤៦៖៣)។ នេះគឺជាកិច្ចសន្យាដ៏ធំមួយដែលព្រះបានធ្វើសម្រាប់លោកអ័ប្រាហាំ។ អ័ប្រាហាំបានរៀបការ ជាមួយស្ត្រីម្នាក់ដែលមានអាយុចាស់មិនអាចបង្កើតកូនបានឡើយ។ ដូច្នេះនៅពេលដែលអ័ប្រាហាំគ្មានកូនសូម្បីតែម្នាក់នោះ ព្រះជាម្ចាស់ក៏បានប្រទានអោយអ័ប្រាហាំមានកូនដល់ទៅពីរនាក់។ សេចក្តីសន្យា មិនបានកើតឡើងពេញលេញនៅពេលដែលអ័ប្រាហាំនៅមានជីវិតនោះទេ។ ក្រោយមកអ៊ីសាក និងយ៉ាកុបក៏មិនបានឃើញសេចក្តីសន្យានេះកើតឡើងដែរ។ ព្រះជាម្ចាស់បានមានបន្ទូលប្រាប់យ៉ាកុបថាសេចក្តីសន្យានឹងកើតឡើងនៅស្រុកអេស៊ីព្ទ (លោកុប្បត្ដិ ៤៦៖៣)។ យ៉ាកុបបានធ្វើដំណើទៅស្រុក អេស៊ីព្ទ។ ប៉ុន្តែគាត់ពិតជាមិនបានឃើញការសន្យាកើតឡើងពេញលេញទេ។ ជាការពិតព្រះជាម្ចាស់រក្សា ព្រះបន្ទូលរបស់ទ្រង់នៅពេលក្រោយ។ ប៉ុន្តែ កិច្ចសន្យាមិនកើតឡើងភ្លាមៗនោះទេ។
តើហេតុអ្វីបានជាព្រះជាម្ចាស់ចង់បង្កើតប្រជាជនពិសេសចេញពីកូនចៅរបស់អ័ប្រាហាំ? តើជនជាតិយូដានឹងធ្វើអ្វីពិសេសសម្រាប់ព្រះ? ចំពោះចម្លើយសូមអានខគម្ពីរនិក្ខមនំ ១៩៖៥, ៦; អេសាយ ៦០៖១-៣; និងចោទិយកថា ៤៖៦-៨ ។ សូមសរសេរចម្លើយរបស់លោកអ្នកនៅខាងក្រោម៖
--------------------------------------------------------
ព្រះជាម្ចាស់មានផែនការសម្រាប់ជនជាតិអ៊ីស្រាអែល។ ទ្រង់ចង់អោយពួកគេបង្រៀនមនុស្ស ទាំងឡាយអំពីទ្រង់។ ប្រសិនបើសាសន៍អ៊ីស្រាអែលនឹងបង្រៀនមនុស្សនៅលើផែនដីអំពីព្រះនោះព្រះនឹងប្រទានពរដល់ពួកគេ។ អ៊ីស្រាអែលនឹងក្លាយជាប្រជាជនរីករាយមានសុខភាពល្អនិងបរិសុទ្ធ។ ពួកគេនឹងបង្ហាញពីព្រះពរដែលបានមកពីការស្តាប់បង្គាប់ដល់ព្រះជាម្ចាស់។ បន្ទាប់មកមនុស្សលោកដែលមកពីគ្រប់ទិសទីនៅលើផែនដីនឹងទទួលយកព្រះជាម្ចាស់ហើយក៏ថ្វាយបង្គំទ្រង់ដែរ (អេសាយ ៥៦៖៧)។ តាមរបៀបនេះមនុស្សនឹងមកស្រុកអ៊ីស្រាអែលដើម្បីរៀនអំពីព្រះ និងព្រះអង្គសង្រ្គោះដែលនឹងត្រូវកើតមកជាសាសន៍យូដា។
«ព្រះជាម្ចាស់ប្រគល់ទឹកដីអោយប្រជាជនអ៊ីស្រាអែល។ ដីនេះជាកម្មសិទ្ធិរបស់ពួកសាសន៍ដទៃ។ ប្រសិនបើប្រជាជនដែលជាម្ចាស់ទឹកដីនេះបដិសេធមិនគោរពបូជា និងបំរើព្រះជាម្ចាស់ នោះព្រះជាម្ចាស់ នឹងប្រគល់ទឹកដីរបស់ពួកគេទៅអោយជនជាតិយូដា។ ព្រះមានផែនការពិសេសសម្រាប់ពួកយូដា។ គាត់ចង់អោយរាស្ត្ររបស់ព្រះអង្គបង្រៀនប្រជាជននៅក្បែរពួកគេអំពីព្រះ។ ព្រះជាម្ចាស់ក៏ចង់អោយប្រជាជន ទាំងអស់នៅលើផែនដីបានមករកព្រះអង្គដែរ។ ដង្វាយសត្វដែលជនជាតិយូដាបានថ្វាយដល់ព្រះជាម្ចាស់ ដែលជាផ្នែកនៃការថ្វាយបង្គំរបស់ពួកគេ បង្ហាញពីការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងនាពេលអនាគត។ ការបង្រៀននេះបង្ហាញដល់មនុស្សផ្សេងទៀតថាព្រះយេស៊ូវនឹងដកអំពើបាបរបស់ពួកគេចេញ។ ព្រះនឹងប្រទានជីវិតអស់កល្បជានិច្ចដល់មនុស្សគ្រប់គ្នា ដែលទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់គេ»។ ដកស្រង់ពី Ellen G. White, Christ’s Object Lessons, page 290, adapted។
ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១
«អញនឹងធ្វើឱ្យឯងមានកេរ្តិ៍ឈ្មោះល្បីល្បាញ»
«អញនឹងបង្កើតនគរ១យ៉ាងធំពីឯង អញនឹងឲ្យពរដល់ឯង ទាំងលើកឈ្មោះឯងធំផង ឯងនឹងបាន ធ្វើជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ» (លោកុប្បត្ដិ ១២៖ ២) ។
«នៅក្នុងខគម្ពីរលោកុប្បត្តិ ១២៖២ ព្រះជាម្ចាស់បានសន្យាថានឹងធ្វើឱ្យអាប់រ៉ាមមានកេរ្តិ៍ឈ្មោះ ល្បីល្បាញឡើង។ ហេតុអ្វីបានជាព្រះជាម្ចាស់សព្វព្រះទ័យធ្វើដូច្នេះចំពោះមនុស្សមានបាបម្នាក់ បើទោះបី ជាបុគ្គលនោះមិនដែលស្ដាប់បង្គាប់ទ្រង់និងបង្ហាញសេចក្តីជំនឿដល់ទ្រង់នោះ? តើមាននរណាម្នាក់អាច ធ្វើអ្វីមួយដើម្បីទទួលបានកិត្តិយសឬកិត្តិនាមពីព្រះបានដែរឬទេ? (សូមអានខគម្ពីររ៉ូម ៤៖១-៥; យ៉ាកុប ២៖២១-២៤) តើព្រះជាម្ចាស់ផ្តល់កិត្តិនាមដល់អាប់រ៉ាមដើម្បីឱ្យអាប់រ៉ាមអាចផ្គាប់ចិត្តខ្លួនឯង និងធ្វើអ្វីៗតាម តែគាត់ចង់បានមែនទេ? ឬក៏អំណោយទាននៃកិត្តិនាមនេះចង់បង្ហាញយើងនូវអ្វីលើសទៅទៀតអំពីផែនការ របស់ព្រះសម្រាប់ពូជពង្សរបស់មនុស្ស? ចូរពន្យល់។
ចូរប្រៀបធៀបខគម្ពីរលោកុប្បត្តិ ១១៖៤ និងលោកុប្បត្តិ ១២៖២ ។ តើខគម្ពីរទាំងពីរនេះខុស ប្លែកពីគ្នាយ៉ាងដូចម្តេច? តើខគម្ពីរមួយបង្ហាញពីគំនិតដែលថាយើងត្រូវបានសង្គ្រោះដោយសារឥរិយាបថ ល្អរបស់ យើងដោយរបៀបណា? តើខគម្ពីរផ្សេងទៀតបង្ហាញថាយើងត្រូវបានសង្គ្រោះដោយសារជំនឿយ៉ាងដូចម្តេច›?
--------------------------------------------------------
ព្រះជាម្ចាស់ជួយសង្រ្គោះយើងតាមរយៈសេចក្តីជំនឿរបស់យើងលើព្រះយេស៊ូវ។ ប៉ុន្តែយើង ត្រូវតែបំពេញតួនាទីរបស់យើង ដោយជ្រើសរើសដើម្បីទទួលយកព្រះយេស៊ូវ។ ព្រះមិនអាចបង្ខំយើងឲ្យជ្រើសរើសយកទ្រង់ធ្វើជាព្រះអង្គសង្រ្គោះរបស់យើងនោះទេ។ សូមចាំថាមហាវិវាទរវាងព្រះយេស៊ូនិង សាតាំងកើតឡើងនៅជុំវិញយើងរាល់គ្នានេះឯង។ យើងគឺជាផ្នែកមួយនៃសមរភូមិប្រយុទ្ធនេះ។ ជម្រើស ទាំងឡាយដែលយើងជ្រើសរើសបង្ហាញថាយើងនៅខាងភាគីណាមួយ។ ទាំងមនុស្ស និងទេវតាកំពុងសម្លឹងមើលនូវអ្វីដែលយើងធ្វើក្នុងសង្គ្រាមនេះ (កូរិនថូសទី១ ៤៖៩)។ អត្តសញ្ញាណ ពាក្យសម្តី និងការ ប្រព្រឹត្តរបស់យើងគឺពិតជារឿងដែលសំខាន់ណាស់។ តាមរយៈពាក្យសម្ដី សកម្មភាព និងអារម្មណ៍ របស់យើងជាដើម អាចនាំមកនូវ ការសរសើរតម្កើង និងកិត្តិស័ព្ទដល់ព្រះជាម្ចាស់បាន។ ព្រះជាម្ចាស់បាន ធ្វើការជាច្រើនសម្រាប់យើងរាល់គ្នា។ តែផ្ទុយទៅវិញយើងក៏អាចនាំមកនូវការអាម៉ាស់មកដល់ព្រះជាម្ចាស់ និងព្រះនាមរបស់ទ្រង់ដែរ។ ដូច្នេះហើយ នៅពេលដែលព្រះជាម្ចាស់មានបន្ទូលប្រាប់អាប់រ៉ាមថាទ្រង់នឹង ធ្វើឱ្យគាត់មានភាពល្បីល្បាញ នោះព្រះអង្គមិនបានមានន័យទៅតាមការយល់ដឹងរបស់មនុស្សស្តីអំពីនរណាម្នាក់ដែលល្បីល្បាញនោះទេ។ តើអ្វីទៅដែលធ្វើឱ្យឈ្មោះរបស់មនុស្សម្នាក់ប្រសើរបំផុតនៅចំពោះ ព្រះនេត្ររបស់ព្រះនោះ? នាមឈ្មោះមួយដ៏ល្អប្រសើរបំផុតគឺស្តែងចេញពីបុគ្គលម្នាក់ដែលមានសេចក្តី ជំនឿ ចេះគោរពប្រតិបត្តិដល់ព្រះ គ្មានភាពអំនួត និងចេះគោរពស្រឡាញ់ដល់អ្នកដទៃ។ ពិតប្រាកដ ណាស់ មនុស្សនៅលើផែនដីនេះចាត់ទុកការទាំងនេះជារឿងសំខាន់ណាស់។ ប៉ុន្តែនៅក្នុងកែវភ្នែករបស់ ពួកគេវិញនោះ រឿងទាំងនេះមិនអាចធ្វើឱ្យមនុស្សម្នាក់ល្បីល្បាញបាននោះទេ មានតែនៅក្នុងព្រះនេត្រ របស់ព្រះប៉ុណ្ណោះ។
តើអ្នកណាជាមនុស្សល្បីល្បាញនាពេលបច្ចុប្បន្ននេះ? តើអ្វីដែលធ្វើឱ្យពួកគេល្បីល្បាញ? ឥឡូវ សូមប្រៀបធៀបពួកគេទៅនឹងអ័ប្រាហាំ។ តើរឿងនេះបង្ហាញយើងពីគំនិតខុសឆ្គងដែលមនុស្ស សព្វថ្ងៃមានអំពីកិត្តិនាមយ៉ាងដូចម្តេច?
ថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១
សិក្សាបន្ថែម
សូមអាន Ellen G. White, “Abraham in Canaan,” page 132-144 and “The Test of Faith,” pages 145-155, in Patriarchs and Prophets។
«ព្រះជាម្ចាស់បានល្បងលដល់អ័ប្រាហាំនូវការមួយ។ ការសាកល្បងនេះមិនងាយស្រួលនោះទេ។ ព្រះបានសុំអោយអ័ប្រាហាំលះបង់នូវការមួយយ៉ាងធំ. . . . . អ័ប្រាហាំប្រាថ្នាចង់ស្ដាប់បង្គាប់ដល់ព្រះ។ អ័ប្រាហាំមិនចោទសួរព្រះជាម្ចាស់អំពីទឹកដីសន្យានោះទេ. . . . វាល្មមគ្រប់គ្រាន់ហើយដែលព្រះបានប្រទាន សេចក្តីសន្យាដល់អ័ប្រាហាំ។ ក្នុងនាមជាអ្នកបម្រើរបស់ព្រះ អ័ប្រាហាំត្រូវតែស្តាប់បង្គាប់ទ្រង់។ កន្លែងដែល រីករាយបំផុតនៅលើផែនដីសម្រាប់អ័ប្រាហាំគឺជាកន្លែងដែលព្រះចង់អោយគាត់ទៅ»។ ដកស្រង់ពី Patriarchs and Prophets, page 126, adapted។
«អាប់រ៉ាមបានចូលទៅក្នុងស្រុកកាណាន។ បន្ទាប់មក ព្រះជាម្ចាស់ក៏បង្ហាញអង្គទ្រង់ឱ្យអាប់រ៉ាម បានឃើញ។ ទ្រង់បានមានបន្ទូលប្រាប់អាប់រ៉ាមអោយធ្វើដំណើរជុំវិញទឹកដីនេះ។ ប៉ុន្តែ ព្រះជាម្ចាស់នឹងប្រគល់ ទឹកដីនេះទៅអោយកូនចៅជំនាន់ក្រោយរបស់គាត់វិញ (លោកុប្បត្ដិ ១២៖៧)។ ព្រះបានសន្យាចំពោះការ នេះជាច្រើនដង (សូមអានខគម្ពីរលោកុប្បត្ដិ ១៣៖១៤, ១៥, ១៧; លោកុប្បត្ដិ ១៥៖១៣, ១៦, ១៨; លោកុប្បត្ដិ ១៧៖១៨; លោកុប្បត្ដិ ២៨៖១៣, ១៥; លោកុប្បត្តិ ៣៥៖១២)។ បួនរយឆ្នាំក្រោយមកព្រះបានរក្សាកិច្ចសន្យារបស់ទ្រង់ (លោកុប្បត្ដិ ១៥៖១៣, ១៦)។ ព្រះជាម្ចាស់បានប្រកាសប្រាប់លោកម៉ូសេថា ទ្រង់នឹងនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទចូលទៅក្នុងទឹកដីមួយដែលពោរពេញទៅដោយទឹក ដោះនិងទឹកឃ្មុំហូរហៀរ (និក្ខមនំ ៣៖៨, ១៧ និក្ខមនំ ៦៖៨)។ ព្រះទ្រង់សន្យាដូចគ្នាដែរទៅកាន់យ៉ូស្វេ (យ៉ូស្វេ ១៖៣)។ នៅសម័យដាវីឌកិច្ចសន្យានេះបានកើតឡើងភាគច្រើន (លោកុប្បត្ដិ ១៥៖១៨-២១ សាំយូអែលទី២ ៨៖១-១៤ ពង្សាវតារក្សត្រទី១ ៤៖២១, របាក្សត្រទី១ ១៩៖១-១៩)។ ឥឡូវសូមអានខ គម្ពីរហេព្រើរ ១១៖ ៩, ១០, ១៣-១៦។ ខគម្ពីរទាំងនេះបង្ហាញយើងថាអ័ប្រាហាំ និងបុព្វបុរសក្នុងគម្ពីរសញ្ញាចាស់បានមើលឃើញទឹកដីកាណានថាជានិមិត្តរូបមួយប៉ុណ្ណោះ។ កាណានបានបង្ហាញពួកគេនូវ ទីលំនៅនាពេលអនាគតរបស់មនុស្សទាំងអស់ដែលព្រះបានរៀបចំទុក។ ដោយសារអំពើបាប គ្មានទីលំនៅ ណាមួយដែលនឹងស្ថិតស្ថេរជារៀងរហូតនោះទេ។ ជីវិតគឺពិតជាខ្លីណាស់។ ជីវិតប្រៀបដូចជា «អ័ព្ទ» លោកអ្នក អាចមើលឃើញវាតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដល់ពេលក្រោយមកវានឹងបាត់ទៅវិញ» (យ៉ាកុប ៤៖១៤)។ យើងជាពួជពង្សខាងវិញ្ញាណរបស់អ័ប្រាហាំ។ ក្នុងនាមជាកូនចៅ របស់លោកយើងក៏ត្រូវតែយល់ថា៖ «នៅលើផែនដីនេះយើងមិនមានទីក្រុងដែលស្ថិតស្ថេរជារៀងរហូតនោះទេ។ តែយើងកំពុងរង់ចាំទីក្រុងមួយ ដែលយើងនឹងមកដល់ «នាពេលអនាគត» (ហេព្រើរ ១៣៖១៤)។ ផែនដីនេះពោរពេញទៅដោយការ ប្រែប្រួល និងពុករលួយ។ ប៉ុន្តែយើងមានសេចក្តីសន្យានៃជីវិតនាពេលអនាគតជាមួយព្រះយេស៊ូវ។ សេចក្តី សន្យានេះជួយអោយចិត្តរបស់យើងបានស្ថិតស្ថេរនិងពោរពេញដោយសេចក្តីជំនឿ។
សំនួរពិភាក្សា៖
- តើសេចក្ដីសន្យាអំពីផែនដីថ្មីនឹងធ្វើឲ្យបទពិសោធន៍នៃគ្រីស្ទានរបស់យើងកាន់តែប្រសើរឡើងយ៉ាង ដូចម្ដេច? (ប្រៀបធៀបខគម្ពីរម៉ាថាយ ៥៖៥; កូរិនថូសទី២ ៤៖១៧, ១៨; វិវរណៈ ២១៖៩, ១០; វិវរណៈ ២២៖១៧)។
- «កិត្តិនាមនិងកិត្ដិយសដែលរាប់នៅក្នុងព្រះនេត្រនៃព្រះជាម្ចាស់នោះមកពីការគោរពតាមក្រឹត្យវិន័យ របស់ទ្រង់ និងការរស់នៅតាមផែនការរបស់ទ្រង់សំរាប់ជីវិតរបស់យើង»។ ដកស្រង់ពី SDA Bible Commentary, volume 1, page 293, adapted. តើអត្ថបទដកស្រង់នេះមានន័យយ៉ាងដូចម្តេច?
រឿងខ្លី
ជឿទុកចិត្តលើព្រះ ឬជឿទុកចិត្តលើវិទ្យាសាស្ត្រ
គ្រូពេទ្យបានបង្ហាញរូបភាពអ៊ុលត្រាសោនស្រ៊ីឌី (3-D Ultrasound) ដល់លោកវេជ្ជបណ្ឌិត ហឺរណាន់ដូ ដាយអាស (Hernando Diaz)។ គ្រូពេទ្យម្នាក់នោះបាននិយាយថា «លោកគឺជាគ្រូពេទ្យ ស្រាប់នេះគឺជាភ័ស្តុតាង សូមកុំទុកវាអី»។ អេរិកាដែលជាភរិយារបស់លោកហឺរណាន់ដូដែលមានគភ៌ បានយំ។ រូបភាពទាំងនេះបានបង្ហាញថា កូនរបស់ពួកគេមានរោគសញ្ញាជំងឺផតធើរ (Potter’s syndrome) ដែលជាជម្ងឺដ៏កម្រមួយដែលទាក់ទងនឹងការខ្សោយតំរងនោម អវយវៈមិនធម្មតា មានទម្រង់មុខមិនប្រក្រតី រួមទាំងភ្នែកមានគំលាតឆ្ងាយពីគ្នា។ លោកហឺរណាន់ដូដែលជាគ្រូពេទ្យបានដឹងថា ប្រសាសន៍របស់គ្រូ ពេទ្យម្នាក់នោះពិតជាត្រឹមត្រូវ។ ប៉ុន្តែ ក្នុងនាមជាគ្រីស្ទាន គាត់ពុំដឹងថា ត្រូវធ្វើយ៉ាងដូចម្តេចនោះទេ។ ទារកនឹងមិនរស់ទេ ប្រសិនបើការមានផ្ទៃពោះ៣២សប្តាហ៍ត្រូវបានបញ្ចប់ ប៉ុន្តែ វាអាចនឹងមានសង្ឃឹម ប្រសិនបើពួកគេរង់ចាំ។ តើគាត់គួរជឿទុកចិត្តលើវិទ្យាសាស្ត្រ ឬជឿទុកចិត្តលើព្រះ? គាត់បាននិយាយថា «ទុកអោយព្រះជាអ្នកសម្រេចទៅចុះ»។ មានផលអវិជ្ជមានជាច្រើនក្នុងការរក្សាគភ៌នេះ ដូច្នេះ គ្រូពេទ្យ បានផ្តល់អនុសាសន៍អោយធ្វើការវះកាត់ ដើម្បីជួយសង្គ្រោះជីវិតរបស់អ្នកស្រីអេរិកា។ លោកហឺរណាន់ដូ និងអ្នកស្រីអេរិកាបានអធិស្ឋាន។ ពួកជំនុំរបស់ពួកគេក៏បានជួយអធិស្ឋានផងដែរ។ ក្រុមគ្រួសារ និង បុគ្គលិកមន្ទីរពេទ្យបានស្តីបន្ទោសដល់អេរិកាដែលមិនបានបញ្ចប់គភ៌មួយនេះ។ ២ថ្ងៃមុនការវះកាត់ អ៊ុល-ត្រាសោនស្រ៊ីឌីបានបង្ហាញថា គ្មានអ្វីផ្លាស់ប្តូរនោះទេ។ យប់នោះ អេរិកាបានសុបិន។ នាងបានឃើញ ក្មេងប្រុសម្នាក់កំពុងតែលេងនៅក្នុងកន្ត្រក រួចមានសំឡេងប្រាប់ប្តីរបស់នាងថា «ចូរមកយកកូនរបស់ អ្នកមក ដ្បិតកូននេះគឺជាអំណោយមកពីព្រះ អ្នកត្រូវហៅកូនថា សាំយូអែល ដាវីឌ ចូរចិញ្ចឹមកូននេះអោយស្របតាមព្រះបន្ទូលរបស់ព្រះ»។ អ្នកស្រីអេរិកា និងលោកហឺរណាន់ដូបានចាត់ទុកសុបិនមួយនេះជាសញ្ញាមួយថា កូនរបស់ពួកគេនឹងបានរស់។ ពួកគេបានទិញសម្ភារៈកុមារជាលើកដំបូង។ នៅថ្ងៃ បន្ទាប់ ពួកគេបានរង់ចាំដំណឹងអាក្រក់។ គ្រូពេទ្យបាននិយាយថា គាត់នឹងអនុវត្តការវះកាត់ កាត់ទងផ្ចិត ហើយរំពឹងថា ប៉ុន្មាននាទីទៀតទារកនឹងស្លាប់។ ការវះកាត់តែងតែចំណាយពេល២០ទៅ៣០នាទី។លោកហឺរណាន់ដូបានរង់ចាំនៅក្នុងបន្ទប់រងចាំអស់រយៈពេល៣០នាទី . . . ៤០នាទី . . . ៥០នាទី។
គាត់កាត់តែព្រួយបារម្ភឡើងបន្ទាប់ពី៦០នាទីកន្លងទៅ។ រំពេចនោះ គាត់ឮសំឡេងស្រែក។ សំឡេងទាំងនោះពុំមែនជាសំឡេងភរិយារបស់គាត់នោះទេ។ កូនទាំងនោះក៏ពុំមែនជាកូនរបស់ពួកគេដែរ។ នោះ គឺជាសំឡេងរបស់គ្រូពេទ្យ និងគិលានុបដ្ឋាយិកាកំពុងតែស្រែកដោយភ្ញាក់ផ្អើល។ ពួកគេបានរំពឹងថា នឹងមានទារកខូចទ្រង់ទ្រាយមួយ ប៉ុន្តែ ផ្ទុយទៅវិញ បែរជាឃើញកូនប្រុសដ៏ល្អឥតខ្ចោះទៅវិញ។ គ្រូ ពេទ្យបានលាន់មាត់ថា «មិនអាចទេ នេះគឺជាបាដិហារ្យសុទ្ធសាធ»។ ឪពុកម្តាយបានប្តេជ្ញាចិញ្ចឹមបីបាច់ សាំយូអែល ដាវីឌស្របតាមព្រះបន្ទូលរបស់ព្រះ សព្វថ្ងៃនេះ ពួកគេបានសរសើរដល់សាំយូអែល ដាវីឌ សម្រាប់ការនាំពួកគេ និងមនុស្សជាច្រើនទៅឯព្រះយេស៊ូវ។ ក្នុងអំឡុងពេលស្វែងរកការព្យាបាលវេជ្ជ-សស្រ្តជាបន្តបន្ទាប់ទៅលើបញ្ហាតំរងនោមរបស់កូនប្រុសម្នាក់នេះ ពួកគេបានស្គាល់ព្រះវិហារសេវេនដេយអាត់វេនទីស្ទ និងបានចូលជាសមាជិក។ សព្វថ្ងៃនេះ លោកហឺរណាន់ដូកំពុងធ្វើការជាគ្រូពេទ្យនៅ មជ្ឈមណ្ឌលវេជ្ជសាស្រ្តអាត់វេនទីស្ទនៅក្នុងបរិវេណនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រអាត់វេនទីស្ទកូឡុំប៊ី នៅក្នុងទីក្រុង Medellin ប្រទេសកូឡុំប៊ី។ សាំយូអែលជាក្មេងប្រុសអាយុ ៨ឆ្នាំម្នាក់ដែលមានសុខភាពល្អ។ លោកហឺរណាន់ដូដែលមានអាយុ៦០ឆ្នាំបាននិយាយថា «យើងបានសម្រេចចិត្តជឿទុកចិត្តលើព្រះ ទោះបី មនុស្សស្ទើរតែទាំងអស់ប្រឆាំងនឹងយើងក៏ដោយ។ ផ្លូវរបស់ព្រះជាម្ចាស់មិនមែនជាផ្លូវរបស់យើងនោះទេ ហើយគំនិតរបស់ទ្រង់ក៏មិនមែនជាគំនិត របស់យើងដែរ។ មនុស្សជាច្រើនបានចូលមកក្រាបនៅព្រះបាទាព្រះយេស៊ូវ បន្ទាប់ពីបានឮទីបន្ទាល់របស់សាំយូអែល»។
អំណានដង្វាយប្រចាំសប្តាហ៍
នៅពេលដែលកូនប្រុសរបស់អេលីមិនយកព្រះទុកជាទីមួយ
ការយកព្រះទុកជាទីមួយមិនមែនជារឿងងាយស្រួលឡើយ។ តើយើងអាចរៀនអ្វីបានខ្លះពីអេលី ដែលមិនយកព្រះទុកជាទីមួយ?
អេលីគឺជាអ្នកធំម្នាក់។ គាត់បានទទួលតួនាទីជាសម្តេចសង្ឃ។ ក្នុងគ្រារបស់ពួកចៅ- ហ្វាយ បណ្តាជនបានមកថ្វាយបង្គំព្រះពីគ្រប់ទីកន្លែង។ អេលីតែងតែបំពេញកិច្ចរបស់ខ្លួនជាអ្នកការពាររោងឧបោសថ និងដឹកនាំបណ្តាជនក្នុងការថ្វាយបង្គំ។
មនុស្សរាប់ពាន់នាក់បានមកឯរោងឧបោសថជារៀងរាល់ឆ្នាំ ហើយអេលីបានដើរតួនាទីជាសម្តេចសង្ឃដើម្បីជួយពួកគេ។ ថ្ងៃមួយ លោកបានអធិដ្ឋានជាមួយនឹងស្ត្រីម្នាក់ដែលកំពុងទូលសូមកូនប្រុសម្នាក់ ហើយព្រះទ្រង់បានឆ្លើយតបនឹងសេចក្តីអធិដ្ឋានរបស់ពួកគេ។ ពេលដែលកូននោះកើតមក ម្តាយរបស់គេឈ្មោះហាន់ណាបានសម្រេចចិត្តយកព្រះទុកជាទីមួយ និងបានថ្វាយកូនប្រុសនោះឲ្យនៅបម្រើព្រះនៅក្នុងរោងឧបោសថ។
អេលីបានបង្រៀនសាំយូអែលគ្រប់យ៉ាងដែលគាត់ដឹងអំពីព្រះ និងកិច្ចការរបស់សង្ឃផងដែរ។ ថ្ងៃមួយ ព្រះទ្រង់មានបន្ទូលទៅកាន់អេលីតាមរយៈក្មេងប្រុស។ លោកអ្នកអាចនឹងនៅចាំអំពីរឿងដែលព្រះទ្រង់បានត្រាស់ហៅសាំយូអែលបីដងនាវេលាពាក់កណ្តាលអធ្រាត្រហើយ។ ជាញឹកញាប់អ្វីដែលយើងងាយនឹងភ្លេចគឺជាខ្លឹមសារដែលព្រះទ្រង់ចង់ផ្សព្វផ្សាយ។
អេលីធ្លាប់បានផ្តោតអារម្មណ៍មកលើរឿងរបស់បណ្តាជនអ៊ីស្រាអែលរហូតដល់ថ្នាក់ពុំមានពេលគ្រប់គ្រាន់សម្រាប់អប់រំកូនរបស់ខ្លួន។ ព្រះទ្រង់បានបញ្ជាក់ប្រាប់លោកអេលីរួចហើយអំពីសារៈសំខាន់នៃការអប់រំកូនរបស់ខ្លួនឲ្យយកព្រះទុកជាទីមួយ។ ផ្ទុយទៅវិញ អេលីបានបដិសេធមិនបានអប់រំកូនៗរបស់គាត់ទេ។ លទ្ធផលចេញមកគឺអាក្រក់ណាស់។
កូនៗរបស់អេលីក្លាយជាសង្ឃដែលបដិសេធមិនយកព្រះទុកជាទីមួយ។ ពួកគេពុំបានគេគោរពដល់ដង្វាយដែលបានយកមកកាន់រោងឧបោសថដោយសាសន៍អ៊ីស្រាអែលដ៏ស្មោះត្រង់ឡើយ។ តាមពិតទៅ ព្រះគម្ពីរបានចែងយ៉ាងដូច្នេះ៖ «បាបរបស់មនុស្សកំឡោះទាំងនោះ មាន ទំងន់ខ្លាំងណាស់នៅចំពោះព្រះយេហូវ៉ា ដ្បិតគេបានមើលងាយដល់ដង្វាយនៃព្រះយេហូវ៉ា» (សាំយូអែល ២៖១៧)។
នេះគឺជាការពិពណ៌នាដ៏គួរឲ្យភ័យខ្លាចមួយ។ ការមើលងាយដល់ដង្វាយនៃព្រះអម្ចាស់មានន័យថា ពួកគេស្អប់ខ្ពើមដង្វាយ និងពុំមានការគោរពដល់ដង្វាយទាំងនោះផង។ ព្រះទ្រង់ពុំបានចាត់ទុកករណីនេះថាស្រាលទេ ទីបំផុតកូនទាំងពីររបស់អេលីត្រូវស្លាប់ដោយសាសន៍ភីលីស្ទីន។ អេលីបានស្លាប់ផងដែរបន្ទាប់ពីបានឮដំណឹងថា ហិបនៃសេចក្តីសញ្ញាត្រូវបានគេចាប់យកទៅបាត់ហើយ។
ជួនកាលយើងពុំបានថ្វាយដង្វាយ១០ហូត១ និងសទ្ធារបស់យើងជាការគោរពឲ្យស័ក្តិសមសម្រាប់ថ្វាយព្រះទេ។ ដង្វាយទាំងនោះគឺជាការឆ្លុះបញ្ចាំងពីទំនាក់ទំនង និងការគោរពរបស់យើងចំពោះព្រះអាទិកររបស់យើង។
កូនៗរបស់អេលីបានបដិសេធមិនយកព្រះទុកជាទីមួយទេ។ រីឯលទ្ធផលវិញគឺវាអាក្រក់សម្រាប់រូបគាត់ និងមនុស្សដែលនៅជុំវិញ។ ខណៈដែលគំរូអាក្រក់របស់អេលីដាស់តឿនយើងរាល់គ្នានៅថ្ងៃនេះ សេចក្តីស្រឡាញ់របស់ព្រះក៏ជម្រុញយើងឲ្យយកនគររបស់ព្រះទុកជាទីមួយដែរ។ ខណៈដែលអ្នកជំនួយការកំពុងប្រមូលប្រាក់ដង្វាយ សូមយកព្រះទុកជាទីមួយចុះ។