សូមអានខគម្ពីរចោទិយកថា ១០៖១៤-១៦។ តើព្រះបានមានបន្ទូលទៅកាន់រាស្ត្ររបស់ទ្រង់យ៉ាងដូចម្តេចនៅក្នុងខទាំងនេះ?
តើព្រះចង់បានអ្វីពីរាស្ត្ររបស់ទ្រង់? ទ្រង់ចង់បានចិត្តគំនិតរបស់ពួកគេ។ ត្រង់នេះមានន័យថា ព្រះចង់បានសេចក្តីស្រឡាញ់ និងការជឿទុកចិត្តរបស់ពួកគេ។ ប៉ុន្តែ ពួកគេរឹងរូសជាទីបំផុត។ ពួកគេមិនគោរពតាមព្រះជាម្ចាស់ម្តងហើយម្តងទៀត។ នេះគឺជាមូលហេតុដែលនាំអោយលោកម៉ូសេមានប្រសាសន៍ថា «ដូច្នេះចូរឯងរាល់គ្នាកាត់ស្បែកចិត្តចេញ ហើយកុំឲ្យនៅក្បាលរឹងទៀតឡើយ» (ចោទិយកថា ១០៖១៦)។ សូមលោកអ្នកគិតអំពីពេលវេលាទាំងឡាយដែលព្រះបានអត់ទោសអោយលោកអ្នក។ តើការអត់ទោសរបស់ទ្រង់បង្ហាញលោកអ្នកយ៉ាងដូចម្តេចអំពីសេចក្តីមេត្តាករុណារបស់ទ្រង់?
ថ្ងៃច័ន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១
ចូរស្រឡាញ់ដល់មនុស្សចំឡែក
លោកម៉ូសេបានដាស់តឿនពួកបណ្តាជនកុំអោយភ្លាត់ក្នុងការរក្សាសេចក្តីសញ្ញា។ លោកម៉ូសេក៏បានប្រាប់ពួកគេថា ព្រះមានអំណាចជាទីបំផុតផងដែរ ដោយមានប្រសាសន៍ថា៖ «មើលផ្ទៃមេឃ ហើយអស់ទាំងជាន់ផ្ទៃមេឃខាងលើ និងផែនដីព្រមទាំងរបស់សព្វសារពើ ដែលនៅស្ថានទាំងនោះសុទ្ធតែជារបស់ផងព្រះយេហូវ៉ា» (ចោទិយកថា ១០៖១៤)។ លោកម៉ូសេបានបង្ហាញថា ព្រះគ្រប់គ្រងលើរបស់សព្វសារពើ។ យើងក៏អាចឃើញអំពីគោលគំនិតនេះនៅក្នុងផ្នែកដទៃទៀតនៃព្រះគម្ពីរដែលបានចែងផងដែរ ថា៖ «ផែនដី និងសារពើនៅផែនដីជារបស់ផងព្រះយេហូវ៉ា ព្រមទាំងលោកីយ៍ និងបណ្តាអ្នកដែលនៅលោកីយ៍ផង» (ទំនុកដំកើង ២៤៖១)។
សូមអានខគម្ពីរចោទិយកថា ១០៖១៧-១៩។ តើមានអ្វីផ្សេងទៀតដែលមូ៉សេបានមានប្រសាសន៍នៅក្នុងខទាំងនេះអំពីព្រះអម្ចាស់? សំខាន់ជាងនេះទៅទៀត តើព្រះអម្ចាស់បង្គាប់រាស្ត្ររបស់ព្រះអង្គអោយធ្វើអ្វីខ្លះដោយសារតែការប្រកាសនេះ?
--------------------------------------------------------
ព្រះគឺជាស្តេចនៃផ្ទៃមេឃ និងផែនដី។ លោកម៉ូសេបានបកស្រាយថា ព្រះអម្ចាស់ក៏ជា «ទ្រង់ជាព្រះលើអស់ទាំងព្រះ ហើយជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់» (ចោទិយកថា ១០៖១៧)។ តើលោកម៉ូសេកំពុងតែមានប្រសាសន៍ថា មានព្រះដទៃទៀតឬ? មិនមែនទេ គ្មានព្រះដទៃទៀតនោះទេ។ លោកម៉ូសេបានប្រើប្រាស់ភាសាតាមរបៀបដ៏ពិសេសមួយនៅក្នុងខនេះ។ គាត់ចង់បង្ហាញសាសន៍អ៊ីស្រាអែលថា ព្រះមិនត្រឹមតែព្រះអម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះទេ។ ព្រះថែមទាំងគឺជាព្រះលើអស់ទាំងមនុស្ស និងរបស់សព្វសារពើនៅលើមេឃ និងផែនដីផងដែរ។ នេះគឺជាមូលហេតុដែលព្រះបានមានបន្ទូលថា «ដូច្នេះ ចូរឯងដឹងថា គឺអញនេះហើយដែលជាព្រះ គ្មានព្រះឯណាទៀតក្រៅពីអញឡើយ» (ចោទិយកថា ៣២៖ ៣៩)។
តើមានអ្វីផ្សេងទៀតដែលលោកម៉ូសេបានមានប្រសាសន៍អំពីព្រះ? «ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ជាព្រះលើអស់ទាំងព្រះ ហើយជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ គឺជាព្រះដ៏ធំដែលមានព្រះចេស្តា ហើយក៏គួរស្ញែងខ្លាច ទ្រង់មិនដែលយោគយល់ខាងអ្នកណាសោះក៏មិនទទួលសំណូកផង» (ចោទិយកថា ១០៖១៧)។ ខទាំងនេះគឺជាផ្នែកមួយនៃសារដ៏ធំដែលថា៖ ព្រះអម្ចាស់គឺជាព្រះនៃសាសន៍អ៊ីស្រាអែល។ ដូច្នេះ ពួកគេត្រូវតែប្រាកដក្នុងការគោរពតាមទ្រង់។
លោកម៉ូសេក៏ចង់អោយពួកបណ្តាជនយល់អំពីគោលគំនិតផ្សេងទៀតផងដែរ។ ព្រះដ៏ធំដែលមានព្រះចេស្តាដដែលនេះក៏យកព្រះទ័យទុកដាក់ចំពោះពួកក្មេងកំព្រា ស្រ្តីមេម៉ាយ និងមនុស្សចំឡែកផងដែរ។ ព្រះអាចទតឃើញនៅពេលដែលសត្វចាបធ្លាក់ទៅលើដី (ម៉ាថាយ ១០៖២៩)។ ដូច្នេះ ទ្រង់អាចជ្រាបដឹងអំពីបញ្ហារបស់អ្នកខ្វះខាត និងអ្នកត្រូវការជំនួយ។ ព្រះក៏ចង់អោយរាស្ត្ររបស់ទ្រង់យកចិត្ត ទុកដាក់ចំពោះអ្នកដែលខ្វះខាត និងត្រូវការជំនួយផងដែរ។ នេះគឺជាមូលហេតុដែលព្រះធ្វើអោយការស្រឡាញ់អ្នកដទៃក្លាយទៅជាផ្នែកមួយនៃសេចក្តីសញ្ញារបស់ទ្រង់។
តើសារនៃខគម្ពីរទំនុកដំកើង ១៤៦៖៥-១០ គឺជាអ្វី? តើសារនេះបង្ហាញយើងយ៉ាងដូចម្តេចពីសេចក្តីពិតនៃព្រះគម្ពីរអំពីព្រះនៅក្នុងកណ្ឌគម្ពីរចោទិយកថា? តើសារនៅក្នុងខគម្ពីរទំនុកដំកើង១៤៦ នេះមានន័យយ៉ាងណាចំពោះយើងសព្វថ្ងៃនេះ?
ថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១
ពីព្រោះអ្នកក៏ជាអ្នកដទៃនៅក្នុងស្រុកអេស៊ីព្ទដែរ
តើលោកម៉ូសេបានផ្តល់សារអ្វីដល់ជនជាតិអ៊ីស្រាអែលនៅក្នុងខគម្ពីរចោទិយកថា ១០៖១៩? តើមានសារអ្វីសម្រាប់យើងដែរឬទេ?
--------------------------------------------------------
ជាច្រើនរយឆ្នាំមុន ព្រះបានមានបន្ទូលប្រាប់លោកអាប់រ៉ាមថា៖ «ចូរដឹងជាប្រាកដថា ពូជឯង នឹងត្រូវទៅជាអ្នកដទៃនៅស្រុក១ដែលមិនមែនជាស្រុករបស់ផងខ្លួន ហើយត្រូវបំរើពួកស្រុកនោះដែលគេនឹងសង្កត់សង្កិនឯងអស់រវាង៤០០ឆ្នាំ» (ចោទិយកថា ១៥៖១; សូមអានខគម្ពីរលោកុប្បតិ្ត ១៧៖៨ និងកិច្ចការ ១៣៖១៧ ផងដែរ)។ គ្រប់យ៉ាងដែលព្រះបានមានបន្ទូលប្រាប់លោកអាប់រ៉ាមពិតជាកើតឡើង ដូចជាទ្រង់បានមានបន្ទូលមែន។ នៅក្នុងកណ្ឌគម្ពីរនិក្ខមនំ យើងបានអានអំពីរឿងដ៏គួរអោយភ្ញាក់ផ្អើល មួយអំពីរបៀបដែលព្រះសង្គ្រោះ និងរំដោះជនជាតិអ៊ីស្រាអែលចេញពីពួកអេស៊ីព្ទ (និក្ខមនំ ១៥៖១៣; និក្ខមនំ ១៤៖១៣)។ រឿងនេះគឺជារូបស័ព្ទមួយសម្រាប់សេចក្តីមេត្តាដែលព្រះបានបង្ហាញយើងតាមរយៈព្រះយេស៊ូវ។ នៅក្នុងខគម្ពីរចោទិយកថា ១០៖១៩ ព្រះចង់អោយរាស្ត្ររបស់ទ្រង់នឹកចាំអំពីការដែលទ្រង់បានសង្គ្រោះពួកគេ។ ព្រះក៏ចង់អោយពួកគេនឹកចាំអំពីការដែលពួកគេធ្លាប់ជាអ្នកដទៃនៅស្រុកគេផងដែរ។
យើងអាចនិយាយម៉្យាងទៀតថា ព្រះចង់អោយរាស្ត្ររបស់ទ្រង់នឹកចាំអំពីការដែលពួកអេស៊ីព្ទបានធ្វើចំពោះពួកគេ។ ពួកអេស៊ីព្ទខ្លាំងជាងជនជាតិអ៊ីស្រាអែល។ ពួកគេតែងតែលំអៀង។ ពួកគេតែងតែប្រើកម្លាំងរបស់ពួកគេធ្វើបាបរាស្ត្ររបស់ព្រះ។ នេះគឺជាមូលហេតុដែលព្រះចង់អោយរាស្ត្ររបស់ទ្រង់ នឹកចាំអំពីអារម្មណ៍ដែលពួកគេមាន នៅពេលដែលពួកគេនៅជាទាសករ។ មែនហើយ ព្រះបានជ្រើសរើសសាសន៍អ៊ីស្រាអែលអោយធ្វើជារាស្ត្រដ៏ពិសេស និងជានគរនៃមេដឹកនាំរបស់ព្រះ (និក្ខមនំ ១៩៖៦)។ ដូច្នេះ ព្រះបានញែករាស្ត្ររបស់ទ្រង់ចេញពីសាសន៍ដទៃ។ ប៉ុន្តែ នេះគឺជាកន្លែងដែលការញែកត្រូវបានបញ្ចប់។ ជាការពិតណាស់ សាសន៍អ៊ីស្រាអែលមានលក្ខណៈខុសគ្នាជាច្រើនពីសាសន៍ដទៃ។ ប៉ុន្តែ ព្រះ រំពឹងចង់អោយរាស្ត្ររបស់ទ្រង់យុត្តិធម៌ និងសប្បុរសចំពោះអ្នកដទៃខណៈដែលពួកគេចង់អោយព្រះគង់នៅជាមួយនឹងពួកគេ។
សូមអានខគម្ពីរម៉ាថាយ ៧៖១២។ តើខគម្ពីរនេះបង្ហាញយើងថា ព្រះអម្ចាស់ចង់អោយជនជាតិអ៊ីស្រាអែលយុត្តិធម៌ និងសប្បុរសចំពោះមនុស្សដទៃទៀតតាមរបៀបណា?
--------------------------------------------------------
មនុស្សនៅក្នុងសម័យគម្ពីរចាស់មិនល្អចំពោះអ្នកដទៃដែលមិនមែនជាកុលសម័្ពន្ធ ប្រទេស ឬសាសនារបស់ពួកគេនោះទេ។ តើមនុស្សនៅក្នុងសម័យនោះចាត់ទុក និងប្រព្រឹត្តចំពោះអ្នកដទៃនៅក្នុងស្រុកយ៉ាងដូចម្តេច? ពួកគេបានចាត់ទុកអ្នកទាំងនោះជាសត្វមានពេលខ្លះលើសជាងសត្វទៅទៀត។ ព្រះមិនចង់អោយសាសន៍អ៊ីស្រាអែលធ្វើតាមវិធីនេះនោះទេ។ ព្រះចង់អោយសាសន៍អ៊ីស្រាអែលបង្ហាញសាសន៍ដទៃដែលជុំវិញពួកគេនូវវិធីដ៏ល្អបំផុតមួយក្នុងការរស់នៅ។ ព្រះមានផែនការអោយ វិធីដ៏ល្អបំផុតនៃជីវិតក្លាយទៅជាស្មរបន្ទាល់ដ៏មានអំណាចមួយដល់សាសន៍ដទៃអំពីព្រះ និងសេចក្តីជំនឿរបស់ពួកគេ។
ថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១
ត្រូវតែយុត្តិធម៌ជានិច្ច
ព្រះចង់អោយយើងបង្ហាញមនុស្សគ្រប់គ្នាអំពីសេចក្តីស្រឡាញ់របស់ទ្រង់។ តើយើងអាច ធ្វើដូច្នេះបានដោយរបៀបណា? លោកប៉ុលបានបកស្រាយថា៖ «កូនចៅអើយ ខ្ញុំលំបាកក្នុងចិត្តជាពន់ពេកដោយព្រោះអ្នករាល់គ្នាម្តងទៀត ទាល់តែព្រះគ្រីស្ទបានមកមានរូបរាងក្នុងអ្នករាល់គ្នាឡើង» (កាឡាទី ៤៖១៩)។ មុនអំពើបាបយើងបានបង្ហាញព្រះយេស៊ូវ និងសេចក្តីស្រឡាញ់របស់ទ្រង់ថា៖ «ទ្រង់ក៏បង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯង» (លោកុប្បត្តិ ១៖២៧)។ ក្រោយមក អំពើបាបបានបំផ្លាញទំនាក់ទំនងរបស់យើងចំពោះព្រះ។ នេះគឺជាមូលហេតុដែលព្រះតាំងសេចក្តីសញ្ញារបស់ទ្រង់ជាមួយនឹងមនុស្សលោក។ សេចក្តីសញ្ញារបស់ទ្រង់អាចធ្វើអោយរាស្ត្ររបស់ទ្រង់ក្លាយទៅជាឧទាហរណ៍នៃសេចក្តីស្រឡាញ់របស់ទ្រង់ម្តងទៀតបាន។ លោកម៉ូសេបានបកស្រាយអំពីរបៀបដែលសេចក្តីស្រឡាញ់ជំរុញអោយមនុស្សប្រព្រឹត្ត។ សេចក្តីស្រឡាញ់ធ្វើអោយយើងមានយុត្តិធម៌។ នេះគឺជាមូលហេតុដែលលោកម៉ូសេបានមានប្រសាសន៍ថា ព្រះប្តូរព្រះគុណរបស់ទ្រង់ជំនួសអោយប្រាក់។ ដូច្នេះ យើងគួរតែធ្វើអោយដូចជាព្រះ។
តើសារតែមួយនៅក្នុងខនីមួយៗខាងក្រោមគឺជាអ្វី?
ចោទិយកថា ១៖១៦-------------------------------
ចោទិយកថា ១៦៖១៩----------------------------
ចោទិយកថា ២៤៖១៧---------------------------
ចោទិយកថា ២៧៖១៩---------------------------
យើងបានដឹងរឿងអំពីពួកចៅក្រមដែលអយុត្តិធម៌ចំពោះអ្នកខ្វះខាត និងអ្នកក្រីក្រទាំងអស់គ្នា។ យើងបានឃើញថា មនុស្សដែលមានប្រាក់ អំណាច និងអាងខ្នងតែងតែគេចផុតពីការជំនុំជំរះ។ ព្រះអម្ចាស់បានមានបន្ទូលថា រាស្ត្ររបស់ទ្រង់ត្រូវតែអនុញ្ញាតអោយសេចក្តីអាក្រក់កើតមាននៅក្នុងសាសន៍អ៊ីស្រាអែល។ ជនជាតិអ៊ីស្រាអែលត្រូវតែមានភាពយុត្តិធម៌នៅក្នុងការសម្រេចចិត្តរបស់ពួកគេ។ មនុស្សគ្រប់គ្នានៅក្នុងសាសន៍អ៊ីស្រាអែលគួរតែសម្រេចចិត្តដោយយុត្តិធម៌នៅក្នុងកន្លែងជំនុំជំរះ។
ព្រះក៏ចង់អោយរាស្ត្ររបស់ទ្រង់មានភាពយុត្តិធម៌សម្រាប់ហេតុផលមួយទៀតផងដែរ។ កាលណាយើងបង្ហាញភាពយុត្តិធម៌ អ្នកដទៃនឹងមើលឃើញព្រះ និងសេចក្តីស្រឡាញ់របស់ទ្រង់។ ព្រះមានបន្ទូលប្រាប់រាស្ត្ររបស់ទ្រង់ថា «ត្រូវឲ្យឯងរាល់គ្នាបានបរិសុទ្ធ ដ្បិតអញនេះដែលជាព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា អញបរិសុទ្ធ» (ចោទិយកថា ១៩៖២)។ ជនជាតិអ៊ីស្រាអែលបានដឹងថា ព្រះជាអ្នកណា។ ពួកគេក៏បានដឹងអំពីរបៀបថ្វាយបង្គំព្រះ និងប្រមូលដង្វាយថ្វាយដល់ព្រះអោយបានត្រឹមត្រូវផងដែរ។ ប៉ុន្តែ តើចំណេះដឹងនេះមានប្រយោជន៍អ្វីទៅដល់គេ ប្រសិនបើគេគ្មានភាពយុត្តិធម៌ចំពោះ អ្នកក្រីក្រនោះ? សូមអានខគម្ពីរអេម៉ុស ២៖៦; អេម៉ុស ៤៖១; អេម៉ុស ៥៖១១; អេសាយ ៣៖១៤, ១៥; អេសាយ ១០៖១, ២ និងយេរេមា ២៖៣៤។ តើខគម្ពីរទាំងនេះដាស់តឿនអ្វីខ្លះដល់ប្រជាជនអ៊ីស្រាអែលអំពីការដែលមិនធ្វើបាបមនុស្សទន់ខ្សោយ និងគ្មានទីពឹង? តើខទាំងនេះគួរតែធ្វើអោយយើងរស់នៅសព្វថ្ងៃនេះយ៉ាងដូចម្តេច?
ថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១
សាសនាដែលព្រះទទួលស្គាល់
សូមអានខគម្ពីរចោទិយកថា ២៤៖១០-១៥។ តើខទាំងនេះបង្ហាញក្បួនច្បាប់សំខាន់អ្វីខ្លះដល់យើង អំពីរបៀបដែលយើងគួរតែមានភាពសប្បុរសទៅកាន់អ្នកដទៃដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើង?
--------------------------------------------------------
ខទាំងនេះបានបង្ហាញយើងជាថ្មីម្តងទៀតថា ព្រះចង់អោយយើងប្រព្រឹត្តដោយសប្បុរសចំពោះអ្នកដទៃ។ ចុះប្រសិនបើអ្នកណាម្នាក់ជំពាក់លោកអ្នកអ្វីមួយវិញនោះ? ព្រះចង់អោយលោកអ្នកបង្ហាញការអោយតម្លៃចំពោះបុគ្គលម្នាក់នេះ។ សូមកុំអោយទម្លុះចូលទៅផ្ទះរបស់គាត់ ហើយបង្ខំអោយគាត់សងអ្វីដែលគាត់ជំពាក់មកវិញនោះឡើយ។ សូមរង់ចាំខាងមុខផ្ទះ ហើយអនុញ្ញាតអោយគាត់ចេញមកសងអ្វីដែលគាត់ជំពាក់ដល់លោកអ្នកតាមសម្រួល។ ខគម្ពីរចោទិយកថា ២៤៖១២, ១៣ ក៏បានបង្ហាញថា លោកអ្នកគួរតែប្រព្រឹត្តដោយសប្បុរសចំពោះអ្នកក្រីក្រដែលបានជំពាក់លោកអ្នកនូវអ្វីមួយផងដែរ។ ចុះប្រសិនបើ គាត់បញ្ចាំអាវធំរបស់គាត់ទុកជាសេចក្តីសន្យាដែលគាត់ថា នឹងសងវិញនូវអ្វីដែលបានជំពាក់វិញនោះ? លោក អ្នកអាចយកអាវធំរបស់គាត់បាន។ ប៉ុន្តែ លោកអ្នកត្រូវតែរក្សាអាវធំរបស់គាត់ទុកមួយយប់។ រួចអោយ ទៅគាត់វិញ ដើម្បីអោយគាត់អាចហ៊ុមខ្លួនអោយបានកក់ក្តៅ។ ខដទៃទៀតនៅក្នុងជំពូកនេះបង្ហាញយើងថា យើងត្រូវតែប្រព្រឹត្តសប្បុរសចំពោះអ្នកក្រីក្រដែលធ្វើការអោយយើង។ កុំអោយធ្វើបាបអ្នកក្រីក្រតាម របៀបណាមួយឡើយ។ ដ្បិតនៅក្នុងព្រះនេត្ររបស់ព្រះ ការធ្វើបាបអ្នកក្រីក្រគឺជាអំពើបាបដ៏អាក្រក់ជាទីបំផុត។ ជាថ្មីម្តងទៀត ព្រះចង់អោយសាសន៍អ៊ីស្រាអែលធ្វើជាស្មរបន្ទាល់របស់ទ្រង់។ ទ្រង់ចង់អោយសាសន៍អ៊ីស្រាអែលបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ដល់មនុស្សនៅលើផែនដីដែលថ្វាយបង្គំពួកព្រះក្លែងក្លាយ ប្រព្រឹត្តសេចក្តីអាក្រក់ និងអំពើបាប។ ប៉ុន្តែ តើសាសន៍អ៊ីស្រាអែលអាចបង្ហាញសេចក្តីស្រឡាញ់របស់ព្រះយ៉ាងដូចម្តេចទៅ ប្រសិនបើពួកគេមិនប្រព្រឹត្តដោយសប្បុរសចំពោះមនុស្សដែលអ្នកដទៃមិនអោយតម្លៃនោះ?
សូមអានខគម្ពីរយ៉ាកុប ១៖២៧-២៖១១។ តើលោកយ៉ាកុបកំពុងតែមានប្រសាសន៍អំពីអ្វីនៅត្រង់នេះ? តើពាក្យរបស់គាត់បង្ហាញអំពីរឿងតែមួយដែលព្រះអម្ចាស់បានមានបន្ទូលប្រាប់រាស្ត្ររបស់ទ្រង់នៅក្នុងបទគម្ពីរចោទិយកថា២៤ ដោយរបៀបណា? តើលោកអ្នកឃើញថា លោកយ៉ាកុបមានប្រសាសន៍អំពីក្រឹត្យវិន័យទាំង១០ប្រការ ខណៈពេលដែលគាត់មានប្រសាសន៍អំពីរបៀបមនុស្សធ្វើបាបអ្នកក្រីក្រដែរឬទេ? តើលោកអ្នកគិតថា ហេតុអ្វីបានជាលោកយ៉ាកុបភ្ជាប់នូវគោលគំនិតទាំងពីរនេះជាមួយគ្នា?
--------------------------------------------------------
ជាការពិតណាស់ ក្រឹត្យវិន័យទាំង១០ប្រការពុំបានចែងអោយច្បាស់អំពីអ្នកមាន និងអ្នកក្រីក្រនោះទេ។ ប៉ុន្តែ លោកយ៉ាកុបចង់អោយយើងមើលឃើញថា កាលណាយើងធ្វើបាបអ្នកក្រីក្រ ឬអ្នកដែលខ្វះខាតនោះមានន័យថា យើងបានបំពានលើក្រឹត្យវិន័យហើយ។ កាលណាយើងប្រព្រឹត្តតាមវិធីដ៏អាក្រក់ នេះ នោះយើងមិនអាចរក្សាក្រឹត្យវិន័យបានឡើយ។ សេចក្តីជំនឿរបស់យើងនឹងក្លាយជាឥតប្រយោជន៍ទទេ ប្រសិនបើយើងធ្វើបាបអ្នកណាម្នាក់។ ដូច្នេះ លោកអ្នកត្រូវតែស្រឡាញ់អ្នកជិតខាងរបស់លោកអ្នក។ ពេលនោះ លោកអ្នកនឹងអាចបង្ហាញអ្នកដទៃនូវអត្ថន័យដ៏ពិតនៃក្រឹត្យវិន័យរបស់ព្រះ។ ឥឡូវនេះ សេចក្តីស្រឡាញ់នេះគឺជាសេចក្តីពិតបច្ចុប្បន្ន ដូចជានៅក្នុងសម័យរបស់លោកយ៉ាកុប និងលោកម៉ូសេផងដែរ។ ដូចដែលយើងបានឃើញរួចមកហើយថា សេចក្តីពិតបច្ចុប្បន្នគឺជាសេចក្តីពិតនៃព្រះគម្ពីរដែលមនុស្សត្រូវការជាទីបំផុតសម្រាប់សម័យរបស់ពួកគេ។ ក្នុងនាមជាសេវេនដេយអាត់វេនទីស្ទ ហេតុអ្វីបានជាយើងមិនត្រូវធ្វើបាបអ្នកក្រីក្រ និងអ្នកខ្វះខាត? តើលោកយ៉ាកុបជួយអោយយើងមើលឃើញថា ការជួយអ្នកក្រីក្រ និងអ្នកខ្វះខាតរបស់យើងគឺជា ផ្នែកមួយនៃការគោរពតាមក្រឹត្យវិន័យដោយរបៀបណា?
ថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០២១
សិក្សាបន្ថែម
ក្នុងអំឡុងនៃសម័យដ៏រុងរឿង រាស្ត្ររបស់ព្រះពុំបានប្រព្រឹត្តដោយសប្បុរស ឬយុត្តិធម៌ ចំពោះអ្នក្រីក្រ និងអ្នកដែលត្រូវការជំនួយនោះទេ។
ព្រះបានដាស់តឿនរាស្ត្ររបស់ទ្រង់ថា ទ្រង់នឹងដាក់ទោសពួកគេដោយសារតែពួកគេមិនបានបង្ហាញសេចក្តីមេត្តាដល់អ្នកក្រីក្រ ដោយទ្រង់មានបន្ទូលថា៖ «ដូច្នេះ ដោយព្រោះឯងរាល់គ្នាតែងញាំញី ពួកក្រីក្រ ហើយរឹបយកស្រូវពីគេបានជាឯងរាល់គ្នា នឹងសង់ផ្ទះដោយថ្មដាប់ តែមិនបានអាស្រ័យនៅក្នុង ផ្ទះនោះទេ ឯងរាល់គ្នានឹងដាំចំការទំពាំងបាយជូរដ៏គាប់ចិត្ត តែមិនបានផឹកស្រាទំពាំងបាយជូរពីនោះឡើយ ដ្បិតអញដឹងហើយថា អំពើរំលងរបស់ឯងរាល់គ្នាមានសន្ធឹកណាស់ ហើយអំពើបាបរបស់ឯងរាល់គ្នាមានសន្ធឹកណាស់ ហើយអំពើបាបរបស់ឯងរាល់គ្នាក៏មានទំងន់ពេកផង គឺឯងរាល់គ្នាហើយ ជាពួកអ្នកដែលបៀតបៀនមនុស្សសុចរិត ហើយស៊ីសំណូក ព្រមទាំងបង្វែរមនុស្សកំសត់ទុគ៌តមិនឲ្យបានសំរេចតាមអំណាចច្បាប់» (អេម៉ុស ៥៖១១, ១២)។ ព្រះក៏បានទតឃើញគ្រប់ទាំងសេចក្តីអាក្រក់ដែលរាស្ត្ររបស់ទ្រង់បានធ្វើចំពោះអ្នកក្រីក្រផងដែរ។ ព្រះបានទតឃើញនៅពេលដែលរាស្ត្ររបស់ទ្រង់កេងប្រវ័ញ្ចពីអ្នកក្រីក្រផងដែរ ដោយទ្រង់មានបន្ទូលថា៖ «ព្រះយេហូវ៉ាទ្រង់នឹងកើតមានក្តីនឹងពួកចាស់ទុំនៃរាស្ត្រទ្រង់ ហើយនឹងពួកចៅហ្វាយថា គឺឯងរាល់គ្នាហើយ ដែលបានស៊ីបង្ហិនចំការទំពាំងបាយជូរ ឯរបឹបដែលរឹប ជាន់យកពីពួកអ្នកទាល់ក្រ នោះសុទ្ធតែនៅក្នុងផ្ទះឯងទាំងអស់» (អេសាយ ៣៖១៤)។
សំនួរពិភាក្សា៖
- សាសន៍អ៊ីស្រាអែលត្រូវចងចាំថា ពួកគេក៏ជាអ្នកដទៃនៅក្នុងស្រុកអេស៊ីព្ទផងដែរ។ ព្រះចង់អោយរាស្ត្ររបស់ទ្រង់ប្រព្រឹត្តដោយសប្បុរសចំពោះអ្នកដទៃតាមរបៀបដែលពួកគេប្រាថ្នាចង់អោយពួកអេស៊ីព្ទប្រព្រឹត្តសប្បុរសចំពោះពួកគេដូច្នោះដែរ។ ទន្ទឹមនឹងនេះ ព្រះយេស៊ូវក៏ចង់អោយយើងប្រព្រឹត្តដោយសប្បុរសចំពោះអ្នកដទៃផងដែរ។ នៅពេលដែលយើងសម្លឹងមើលទៅឯឈើឆ្កាង នោះយើងនឹងឃើញកិច្ចការជាច្រើនដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង។ តើហេតុអ្វីបានជាគោលគំនិតនេះអាចជួយអោយយើង ប្រព្រឹត្តដោយសប្បុរសចំពោះអ្នកដទៃបាន?
- យើងអាចថ្វាយបង្គំនៅថ្ងៃដ៏ត្រឹមត្រូវមួយ។ យើងអាចយល់នូវសេចក្តីពិតនៃព្រះគម្ពីរស្តីអំពីសេចក្តីស្លាប់ ស្ថានឃុំព្រលឹង និងអំណាចនៃសត្វសាហាវ និងសញ្ញារបស់វា។ ប៉ុន្តែ តើចំណេះដឹងទាំងនេះមានប្រយោជន៍អ្វីទៅ ប្រសិនបើយើងប្រព្រឹត្តអាក្រក់ និងមិនអើពើចំពោះអ្នកដទៃ ឬកាត់ក្តីដោយអយុត្តិធម៌នោះ? តើហេតុអ្វីបានជាយើងត្រូវតែប្រុងប្រយ័ត្នកុំអោយគិតថា ការយល់ដឹងអំពីសេចក្តីពិតនៃព្រះគម្ពីរ របស់យើងគឺជាអ្វីទាំងអស់ដែលព្រះសូមពីយើងនោះ? តើហេតុអ្វីបានជាការគិតបែបនេះគឺជាអន្ទាក់មួយសម្រាប់យើងទៅវិញ?
គីម ហ៊ីយេស៊ុន (Kim Hye-sun) គឺជាអ្នកកាន់សាសនាគ្រីស្ទនៅក្នុងប្រទេសកូរ៉េខាងត្បូង។ នាងបានទទួលជឿព្រះ និងចង់ដឹងបន្ថែមអំពីព្រះបន្ទូលរបស់ទ្រង់។ ដូច្នេះ នាងបានចូលរួមសិក្សាព្រះគម្ពីរជាមួយនឹងមិត្តភក្តិរបស់នាង ប៉ុន្តែ នាងពុំបានយល់អំពីការពិភាក្សានោះទេ។ មិនយូរប៉ុន្មាន នាងបានឈប់ទៅចូលរួម។ នាងហ៊ីហេស៊ុនតែងតែបើកឡានផ្ទាល់ខ្លួនជានិច្ច ប៉ុន្តែថ្ងៃមួយ នាងមានអារម្មណ៍ថា ចង់ជិះឡានក្រុង។ ខណៈពេលដែលនាងកំពុងតែរង់ចាំឡានក្រុងនៅមុខផ្ទះរបស់នាង នោះនាងបានឮស្ត្រីពីរនាក់និយាយគ្នាដោយក្តីរំភើប។ ស្តី្រម្នាក់ដែលកំពុងតែកាន់ទូរស័ព្ទរបស់នាងបាននិយាយថា «ណែ ឯងមើលសារនេះទៅមើល! មានគេផ្ញើសារមកអោយខ្ញុំជារៀងរាល់ថ្ងៃ ហើយខ្ញុំចូលចិត្តអានសារទាំងនេះណាស់»។ ស្ត្រីម្នាក់ទៀតបានឆ្លើយថា «មែនឬអី? អោយខ្ញុំសូមមើលបន្តិច»។ នាងហ៊ីយេស៊ុន មានចំណាប់អារម្មណ៍ចង់មើលជាមួយស្ត្រីទាំងពីរនាក់ជាខ្លាំង។ នាងបានសួរថា «ខ្ញុំសូមមើលផងបានទេ?»។ ជាធម្មតា នាងមិននិយាយស្តីជាមួយនឹងមនុស្សចំឡែកនោះទេ ប៉ុន្តែម្តងនេះ នាងចង់ដឹងចង់ឃើញ។ នាងបានអានអក្សរនៅក្នុងទូរស័ព្ទថា «នៅលើផ្ការីកស្គុះស្គាយ និងទងស្មៅដែលកំពុងតែលូតលាស់ មានចារឹកនូវពាក្យថា ‘ព្រះគឺជាសេចក្តីស្រឡាញ់’។ បក្សាបក្សីដ៏ជាទីគាប់ចិត្តបានធ្វើអោយបរិយាកាសពោរពេញទៅដោយសំនៀងសប្បាយខ្ញៀវខ្ញារ។ បុប្ផាចំរុះពណ៌ដ៏ស្រស់ត្រកាលបានរំសាយក្លិនពិដោរ បំពេញលំហអាកាស រុក្ខជាតិនៃព្រៃស្រោងដែលមានស្លឹកខៀវខ្ចី ជាភ័ស្តុតាងយ៉ាងជាក់ច្បាស់អំពីព្រះដែលយកព្រះទ័យទុកដាក់ថែរក្សាយើង និងបំណងព្រះហឫទ័យរបស់ទ្រង់ដែលចង់អោយរាស្ត្ររបស់ទ្រង់មានសុភមង្គល ប្រៀបបានទៅនឹងព្រហ្មវិហារធម៌របស់មាតាបិតាចំពោះកូនដូច្នោះដែរ»។ (ជំហានទៅកាន់ព្រះគ្រីស្ទ ទំព័រទី៣)។ នាងបានគិតនៅក្នុងចិត្តថា គួរអោយអស្ចារ្យណាស់ នេះគឺជាអ្វីដែលខ្ញុំ ត្រូវការ។ នាងបានសួរនាំអំពីរបៀបដែលអាចទទួលបាននូវសារទាំងនោះ។ ស្ត្រីម្នាក់ដែលកាន់ទូរស័ព្ទ បានសន្យាថានឹងជួយនាង។ មិនយូរប៉ុន្មាន នាងចាប់ផ្តើមទទួលបានសារជារៀងរាល់ថ្ងៃ ហើយនាងបានបង្ហាញនូវការថ្លែងអំណរគុណរបស់នាងតាមរយៈការឆ្លើយតបទៅកាន់សារនីមួយៗដែលនាងទទួលបាន។ រាល់ថ្ងៃអាទិត្យ នាងតែងតែសរសេរតបទៅវិញថា «សូមអោយមានសំណាងល្អនៅក្នុងថ្ងៃនៃព្រះអម្ចាស់»។ ក្រោយមក នៅក្នុងប្រអប់សំណូមពរព៌ត័មានបន្ថែមរបស់នាង នាងបានទទួលសៀវភៅ មហាវិវាទ និងសៀវភៅដទៃទៀតផ្ញើមកក្នុងប្រអប់សំបុត្ររបស់នាង។ នាងបានឈប់ផ្អាកការផ្ញើការស្វាគមន៍របស់នាង ប៉ុន្តែ នាងនៅតែបន្តបង្ហាញនូវសេចក្តីអំណរតបទៅនឹងសារ និងអានសៀវភៅដែលនាងទទួលបានផងដែរ។
សារទាំងនោះផ្ញើចេញពីលីម មីយ៉ុងស៊ុក (Lim Myung-Sook) ដែលជាអ្នកជំនួយការស្ត្រីអាត់វេនទីស្ទ ហើយក៏ជាអ្នកផ្ញើនូវសម្រង់មតិរបស់អ្នកស្រីអែល្លិន ជីវ៉ៃត៍ទៅកាន់មនុស្សជិត២៥០០នាក់ជារៀងរាល់ថ្ងៃ រួមទាំងអ្នកដឹកនាំពីនិកាយដទៃទៀតផងដែរ។ មីយ៉ុងស៊ុកកំពុងតែអធិស្ឋានសូមអោយនាងហ៊ីយេស៊ុន និងអ្នកដទៃទៀតដែលបានអានសារទាំងនេះអាចចូលអោយកាន់តែជិតជាមួយនឹងព្រះយេស៊ូវ។ នាងបាននិយាយថា «ខ្ញុំមិនដឹងថា មានមនុស្សប៉ុន្មាននាក់ទេដែលបានអាននូវសារទាំងនេះហើយខ្ញុំក៏មិនបានដឹងអំពីរបៀបដែលសារទាំងនេះកំពុងតែធ្វើអោយជីវិរតរបស់ពួកគេខុសប្លែកពីមុនដែរ ដ្បិតខ្ញុំគ្រាន់តែជាអ្នកសាបព្រោះប៉ុណ្ណោះ ប៉ុន្តែខ្ញុំជឿថា ព្រះនឹងធ្វើអោយគ្រាប់ពូជលូតលាស់ឡើរួចទ្រង់នឹងប្រមូលផលផ្លែរបស់វា»។
អំណានដង្វាយប្រចាំសប្តាហ៍
នៅពេលដែលសារ៉ាយកព្រះទុកជាទីមួយ
សារ៉ាបានសម្រេចចិត្តយកព្រះទុកជាទី១ក្នុងជីវិតរបស់នាង។ ថ្ងៃនេះតើយើងអាចរៀនអ្វីបានខ្លះពីនាងដែលនឹងជួយយើងឲ្យយកព្រះទុកជាទីមួយនៅក្នុងជីវិតផ្ទាល់របស់យើង?
នៅពេលដែលស្វាមីរបស់នាងបានចាកចេញពីនាង សារ៉ាដឹងថានាងត្រូវរកមធ្យោបាយដើម្បីចិញ្ចឹមជីវិត។ ប៉ុន្តែនាងមិនដឹងថាត្រូវទៅរកការងារនៅកន្លែងណាទេ។ នាងបានអធិដ្ឋានសូមឲ្យព្រះបង្ហាញផ្លូវ ហើយព្រះជាម្ចាស់បានបណ្តាលចិត្តឲ្យនាងចែកចាយព្រះបន្ទូលដល់មនុស្សដែលរស់នៅជុំវិញនាង។ ឥណ្ឌាមិនមែនជាប្រទេសដែលកាន់សាសនាគ្រិស្តឡើយ ដូច្នេះកិច្ចការនេះមិនងាយស្រួលឡើយ។
សារ៉ាបានចាបផ្តើមទៅសួរសុខទុក្ខអ្នកជិតខាងរបស់នាងនៅតាមផ្ទះរបស់ពួកគេ។ «ខ្ញុំបានអធិដ្ឋានឲ្យអ្នកជំងឺ ហើយពួកគេបានជា» នាងនិយាយ។ «ខ្ញុំបានអធិដ្ឋានឲ្យមនុស្សដែលមានវិញ្ញាណអាក្រក់ចូល ហើយវិញ្ញាណទាំងនោះក៏បេានចេញ ខ្ញុំបានអធិដ្ឋានឲ្យមនុស្សដែលមិនមានកូន ហើយពួកគេក៏អាចចាប់ផ្តើមគ្រួសារបាន»។
ការដែលមិនមានប្រភពចំណូលគឺជាការលះបង់ដ៏ធំធេងមួយ។ ប៉ុន្តែតើឲ្យនាងលះចោលមនុស្សដែលត្រូវការព្រះយ៉ាងខ្លាំងម្តេចនឹងកើតទៅ? នាងបានយកព្រះទុកជាទីមួយ ហើយសង្ឃឹមថាព្រះទ្រង់នឹងផ្គត់ផ្គង់នូវអ្វីដែលនាងត្រូវការ បើទោះបីជាត្រូវចំណាយរង់ចាំក្តី។
មនុស្សខ្លះសប្បាយចិត្តណាស់ដែលបានសារ៉ាទៅសួរសុខទុក្ខ ប៉ុន្តែមនុស្សខ្លះទៀតគេមិនចង់ឲ្យនរណាម្នាក់មកលេងផ្ទះពួកគេទេ។ ថ្ងៃមួយ សារ៉ាបានទៅសួរសុខទុក្ខគ្រួសារមួយដែលកំពុងថ្វាយបង្គំព្រះរបស់ពួកគេ។ ពួកគេបានប្រាប់ឲ្យនាងចូលរួមថ្វាយបង្គំព្រះជាមួយពួកគេ ប៉ុន្តែនាងបានបដិសេធ។ ស្ត្រីម្នាក់បានខឹងយ៉ាងខ្លាំង ក៏ចាប់ដៃសារ៉ាដាក់ចូលទៅក្នុងខ្លាញ់កំពុង ពុះ។ «ខ្ញុំបានអធិដ្ឋាន» នាងនិយាយ «បន្ទាប់មកពេលដែលខ្ញុំបានដកដៃចេញពីខ្លាញ់វិញ ដៃរបស់ខ្ញុំមិនរលាកឡើយ»។
ថ្ងៃបន្ទាប់ ឪពុករបស់ស្ត្រីនោះបានមកសុំទោសដល់សារ៉ា។ គាត់បានប្រាប់នាងថា គាត់បានដាក់ទោសដល់កូនស្រីគាត់ហើយ និងបានសូមឲ្យសារ៉ាអធិដ្ឋានសម្រាប់គ្រួសាររបស់គាត់។ សារ៉ាក៏សប្បាយចិត្តនឹងអធិដ្ឋានជូនគ្រួសារមួយនេះ។
«ឥឡូវនេះពួកគេបានផ្លាស់ប្តូរហើយ» សារ៉ានិយាយ។ «ពួកគេបានទទួលជឿព្រះ ហើយពួកគេបានថ្វាយបង្គំជាមួយនឹងពួកយើងក្នុងព្រះវិហាររបស់យើង»។ មានប្រាំគ្រួសារដែលបានឃើញសារ៉ារួចផុតពីការរលាកដ៏ធ្ងន់ធ្ងរនៅថ្ងៃនោះ។ ពួកគេមានការអស្ចារ្យនៅក្នុងចិត្តណាស់ ហើយពួកគេក៏បានសូមឲ្យសារ៉ាអធិដ្ឋានឲ្យពួកគេដែរ។
សព្វថ្ងៃនេះសារ៉ាធ្វើការជាអ្នកត្រួសត្រាយបេសកកម្មដែលឧបត្ថម្ភដោយព្រះវិហារសេវេនដេយ៍អាត់វេនទីស្ទពីជុំវិញពិភពលោក។ ព័ន្ធកិច្ចរបស់នាងគឺណែនាំមនុស្សជាច្រើនឲ្យស្គាល់ព្រះយេស៊ូវនិងព្រះគុណដ៏សង្គ្រោះរបស់ព្រះអង្គ។
សារ៉ាបានយកព្រះទុកជាទី១ បើទោះបីជានាងត្រូវជួបការលំបាកបំផុតក្តី។ សព្វថ្ងៃនេះសេចក្តីក្លាហានរបស់នាងក៏បណ្តាលចិត្តយើងរាល់គ្នាដែរ។ ព្រះយេស៊ូវបានលះបង់អ្វីៗគ្រប់យ៉ាងដើម្បីប្រោសលោះយើង ហើយសេចក្តីស្រឡាញ់របស់ទ្រង់ក៏ជំរុញយើងឲ្យយកនគររបស់ទ្រង់ទុកជាទី១ក្នុងជីវិតផ្ទាល់របស់យើងដែរ។ ខណៈដែលអ្នកជំនួយការប្រមូលប្រាក់ដង្វាយ១០ហូត១ និងសទ្ធា យើងក៏ត្រូវបានលើកទឹកចិត្តឲ្យយកព្រះទុកជាទី១ដែរ។