អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្ដាហ៍នេះ៖ អេសាយ ១៣; អេសាយ ១៤; វិវរណៈ ១៤៖៨; វិវរណៈ ១៦៖១៩; អេសាយ ២៤-២៧។
«មានលោកគ្រូគង្វាលម្នាក់បានអធិប្បាយអំពីសេចក្តីមោទនភាព ឬភាពអំនួត។ នៅពេលដែលគាត់បានបញ្ចប់នូវសេចក្តីអធិប្បាយភ្លាម ស្រាប់តែមានស្ត្រីម្នាក់ដែលបានស្តាប់ការអធិប្បាយនោះ នាងបានមកចាំជួបនិយាយជាមួយលោកគ្រូគង្វាលនេះ។ នាងមានសេចក្តីជ្រួលច្រាល់ក្នុងចិត្តជាខ្លាំង។ នាងបានជំរាបប្រាប់លោកគ្រូគង្វាលថា នាងចាំបាច់ត្រូវតែសារភាពពីអំពើបាបដ៏អាក្រក់នេះ។ គ្រូគង្វាលក៏បាន សួរស្ដ្រីនោះថា តើនាងមានបាបអ្វីដែរ?› ស្ត្រីនោះនិយាយថា «មោទនភាព»។ ខ្ញុំបានអង្គុយនៅមុខកញ្ចក់របស់ខ្ញុំជាងមួយម៉ោង កាលពីពីរបីថ្ងៃមុនដោយស្ងើចសរសើរពីសម្រស់របស់ខ្ញុំណាស់។ គ្រូគង្វាលបាននិយាយថា៖ ‘អូ! នោះមិនមែនជាអំពើបាបនៃភាពអំនួតទេ ប៉ុន្តែ នោះជាអំពើបាបនៃការឈ្លក់វង្វេង និងអំពើបាបនៃការស្រមើស្រមៃ’»។ ដកស្រង់ពី Paul Lee Tan, Encyclopedia of 7700 Illustrations: Signs of the Times, p. 1100។
អំពើបាបបានកើតនៅក្នុងចិត្តរបស់ទេវតាដ៏ខ្លាំងពូកែមួយអង្គដែលមានឈ្មោះថា លុយស៊ីហ្វ័រ។ ចាប់តាំងពីពេលនោះមក អំពើបាបបានក្លាយជាបញ្ហារបស់ទេវតានិងមនុស្សអាក្រក់ទាំងពួង។ អំពើបាប ដែលកើតឡើងដំបូងគេបំផុតគឺ មោទនភាព ឬភាពអំនួត។ ហើយសេចក្តីអំនួតដែលអាក្រក់បំផុតនោះគឺជាមោទនភាព ឬអំនួតខាងឯវិញ្ញាណ។ ប៉ុន្តែតើយើងអាចមានមោទនភាពយ៉ាងដូចម្តេច នៅពេលដែលយើងគ្មានអំណាចជួយសង្គ្រោះខ្លួនយើងបានផងនោះ? សប្តាហ៍នេះយើងនឹងពិនិត្យមើលថាតើមោទនភាព ឬភាពអំនួតបានចាប់ផ្តើមឡើងយ៉ាងដូចម្តេច។
ថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០២១
ទីបញ្ចប់ដ៏សោះកក្រោះសម្រាប់ប្រទេសមួយចំនួន
ខគម្ពីរអេសាយ ១៣៖១ ចាប់ផ្តើមនូវផ្នែកថ្មីនៃសៀវភៅ។ ជំពូក ១៣-២៣ គឺនិយាយអំពីការព្រមាន។ ហោរាអេសាយបានព្រមានថា ព្រះនឹងដាក់ទណ្ឌកម្មប្រទេសមួយចំនួនដែលនៅជិតប្រទេសអ៊ីស្រាអែលនាពេលអនាគត។
សូមអានសេចក្តីព្រមានរបស់ហោរាអេសាយក្នុងជំពូក ១៣-២៣។ តើហេតុអ្វីការព្រមានរបស់ហោរាអេសាយចាប់ផ្ដើមពីនគរបាប៊ីឡូន?
---------------------------------------------------------------------------------------
នៅក្នុងខគម្ពីរអេសាយ ១០៖៥-៣៤ យើងបានអានអំពីវិធីដែលព្រះនឹងដាក់ទណ្ឌកម្មលើពួកអាសស៊ើរ។ ស្រុកអាសស៊ើរគឺជាគ្រោះមហន្តរាយយ៉ាងធំបំផុតចំពោះប្រទេសអ៊ីស្រាអែលនៅក្នុងជំនាន់ហោរាអេសាយ។ ខគម្ពីរអេសាយ ១៤៖២៤-២៧ បានបរិយាយប្រាប់យើងអំពីផែនការរបស់ព្រះជាម្ចាស់ក្នុង ការកំចាត់ស្រុកអាសស៊ើរ។ ជំពូក ១៣-២៣ បានរៀបរាប់អំពីគ្រោះមហន្តរាយផ្សេងៗទៀតចំពោះប្រទេសអ៊ីស្រាអែល។ អ្វីដែលជាគ្រោះថ្នាក់ដ៏ចម្បងនោះគឺនគរបាប៊ីឡូន។
បាប៊ីឡូនគឺជាទីក្រុងដ៏ចំណាស់មួយ សូម្បីតែនៅក្នុងជំនាន់លោកអេសាយក៏ដោយ។ វិស័យសាសនា និងអរិយធម៌នៃការរស់នៅក្នុងទីក្រុងបាប៊ីឡួនមានភាពល្បីរន្ទឺទៅដល់មនុស្សនៅគ្រប់ទិសទីនៅលើផែនដី។ នគរបាប៊ីឡូនមានប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅណាស់។ ក្រោយមកនៅជំនាន់ហោរាយេរេមា បាប៊ីឡូនក៏ក្លាយជាមហាអំណាចមួយដែលនគរនេះបានធ្វើសង្រ្គាមវាយយកស្រុកយូដា ព្រមទាំងបានដឹកនាំប្រជាជនយូដាទៅជាឈ្លើយនៅប្រទេសរបស់ខ្លួនទៀតផង។ ប៉ុន្តែ នៅក្នុងជំនាន់របស់ហោរាអេសាយគ្មាននរណាម្នាក់នឹកស្មានដល់ថា នគរបាប៊ីឡូននឹងបានក្លាយជាគ្រោះមហន្តរាយដល់រាស្ត្ររបស់ព្រះឡើយ។ នៅក្នុងជំនាន់នោះ សាសន៍អាសស៊ើរជាអ្នកគ្រប់គ្រងលើនគរបាប៊ីឡូន។ ចាប់ពីឆ្នាំ៧២៨ មុនគ្រិស្តសករាជ ស្ដេចអាសស៊ើរបានកាន់កាប់បាប៊ីឡូនជាច្រើនដង។ លើកដំបូងវាបានកើតឡើងនៅពេលដែលទីកឡាត-ភីលេស៊ើ ទីបី បានមកដណ្ដើមយកទីក្រុងបាប៊ីឡូនហើយត្រូវបានតែងតាំងជាស្តេចបាប៊ីឡូន។ ទ្រង់បានប្រើឈ្មោះពូលូ (ឬពូន; ពង្សាវតារក្សត្រទី២ ១៥៖១៩ និងរបាក្សត្រទី១ ៤៖២៦) នៅបាប៊ីឡូន។ ទោះជាយ៉ាងនេះក្តី បាប៊ីឡូននឹងក្លាយជាប្រទេសមហាអំណាចខ្លាំងក្លានៅតំបន់នោះ។ អាណាចក្រដ៏ខ្លាំងនេះនឹងបំផ្លាញអាណាចក្រយូដា។
សូមអានអ្វីដែលលោកអេសាយកត់ទុកនៅក្នុងជំពូក១៣។ តើលោកអ្នកឃើញថាពាក្យរបស់គាត់ធ្ងន់ប៉ុនណាដែរ? ហេតុអ្វីបានជាព្រះដែលមានសេចក្ដីស្រឡាញ់ធ្វើនូវរឿងទាំងនេះ? ហេតុអ្វីបានជាទ្រង់អនុញ្ញាតអោយរឿងទាំងនេះកើតឡើង? ប្រាកដណាស់មនុស្សស្លូតត្រង់ខ្លះនឹងរងទុក្ខដែរ (អេសាយ ១៣៖ ១៦)? ដូច្នេះ តើយើងយល់ពីសកម្មភាពរបស់ព្រះយ៉ាងដូចម្តេច? ខគម្ពីរនេះបង្ហាញយើងពីព្រះពិរោធរបស់ ព្រះជាម្ចាស់ប្រឆាំងនឹងអំពើបាប និងសេចក្តីអាក្រក់។ តើរឿងនេះគួរបង្ហាញយើងអ្វីខ្លះអំពីអំពើបាប? តើវាអាក្រក់ប៉ុនណា?
---------------------------------------------------------------------------------------
យើងត្រូវតែចងចាំថា នេះគឺព្រះយេស៊ូវទេតើដែលផ្តល់ការព្រមានទាំងនេះដល់ហោរាអេសាយ។ ក្នុងកាលដែលទ្រង់នៅមានព្រះជន្មនៅលើផែនដីនេះនៅឡើយ ព្រះយេស៊ូវនេះឯងដែលបានអត់ទោសអោយយើងរាល់គ្នា ហើយព្រមទាំងបានព្រមានដល់មនុស្សមានបាបអោយងាកចេញពីអំពើបាបរបស់ខ្លួន។ ដូច្នេះ តើអ្នកយល់យ៉ាងដូចម៉្តេចចំពោះផ្នែកនៃសេចក្តីពិរោធរបស់ព្រះ? តើអ្នកគិតថាសេចក្ដីក្រោធរបស់ព្រះចំពោះអំពើបាបគឺប្រហែលជាមកពីសេចក្ដីស្រឡាញ់របស់ទ្រង់ដែរឬទេ? តើការរងទុក្ខរបស់ព្រះយេស៊ូវ នៅលើឈើឆ្កាងជួយយើងអោយឆ្លើយសំណួរពិបាកទាំងនេះយ៉ាងដូចម្តេច?
ថ្ងៃច័ន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១
ទីក្រុងបាប៊ីឡូនដ៏មានអំណាច
នៅឆ្នាំ៦២៦ មុនគ្រិស្តសករាជមានស្តេចស្រុកខាល់មួយអង្គព្រះនាម ណាបូពូឡាសា ទ្រង់បានធ្វើឱ្យទីក្រុងបាប៊ីឡូនក្លាយជាទីក្រុងមួយដ៏មានឥទ្ធិពល។ ព្រះអង្គបានឡើងសោយរាជ្យនៅនគរបាប៊ីឡូន ហើយទ្រង់ក៏បានធ្វើចំបាំងជាមួយអាណាចក្រមេឌីប្រឆាំងនឹងស្រុកអាសស៊ើរដែរ។ នគរបាប៊ីឡូន និងនគរមេឌីបានរួបរួមគ្នាធ្វើសង្រ្គាមយកឈ្នះលើស្រុកអាសស៊ើរបានសំរេច។ ព្រះរាជបុត្រារបស់ព្រះចៅ ណាបូពូឡាសាមានព្រះនាមថា នេប៊ូក្នេសាទី២។ ស្តេចអង្គនេះបានវាយយកស្រុកយូដា ហើយក្រោយមក ក៏បានចាប់ប្រជាជនយូដាទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន។
តើទីក្រុងបាប៊ីឡូនបានដួលរលំទៅដោយរបៀបណា?
---------------------------------------------------------------------------------------
នៅក្នុងឆ្នាំ៥៣៩ មុនគ្រិស្តសករាជ មានស្តេចមួយអង្គមកពីនគរពើស៊ីព្រះនាមថា ស៊ីរូសទ្រង់ ក៏បានដណ្ដើមយកនគរបាប៊ីឡូន ហើយបានធ្វើឱ្យនគរនេះក្លាយជាទឹកដីនៃនគរមេឌី-ពើស៊ីវិញ។ ក្រោយមកនគរបាប៊ីឡូនក៏បានបាត់បង់សេរីភាពជារៀងរហូតទៅ។ នៅក្នុងឆ្នាំ៤៨២ មុនគ្រិស្តសករាជ ស្តេចនគរពើស៊ីដែលព្រះនាមថា អ័ហាស៊ូរុសទីមួយ បានបពា្ឈប់ប្រជាជនបាប៊ីឡូនដែលបានប្រយុទ្ធប្រឆាំងនឹង រដ្ឋាភិបាលពើស៊ី ហើយព្រះអង្គក៏បានយករូបសំណាកព្រះរបស់ជនជាតិបាប៊ីឡូនឈ្មោះថា ម៉ាឌុកចេញពីទីក្រុងដែរ។ ម៉ាឌុកគឺជាព្រះដ៏សំខាន់បំផុតនៃជនជាតិបាប៊ីឡូន។
ក្រោយមក ព្រះចៅអធិរាជអាឡិចសាន់ឌើរ បានចាប់យកទីក្រុងបាប៊ីឡូនពីកណ្តាប់ដៃរបស់ជនជាតិពើស៊ីនៅឆ្នាំ៣៣១ មុនគ្រិស្តសករាជ។ គ្មាននរណាម្នាក់អាចបពា្ឈប់ទ្រង់បានទេ។ ព្រះចៅអធិរាជអាឡិចសាន់ឌើរ ទ្រង់ធ្លាប់មានសុបិនចង់ធ្វើឱ្យនគរបាប៊ីឡូនក្លាយជារាជធានីភាគខាងកើតរបស់ទ្រង់។ ប៉ុន្តែ ក្តីសុបិននេះមិនបានសំរេចទេពីព្រោះប៉ុន្មានសតវត្សក្រោយមក នគរបាប៊ីឡូនបានវិនាសទៅទាំងស្រុង។ នៅក្នុងឆ្នាំ១៩៨ នៃគ្រិស្តសករាជអាណាចក្ររ៉ូម៉ាំងបានរកឃើញថាទីក្រុងមួយនេះនៅទទេស្អាត។ សព្វថ្ងៃនេះ មានអ្នកស្រុកជនជាតិអ៊ីរ៉ាក់មួយចំនួនបានរស់នៅលើផ្នែកខ្លះនៃទីក្រុងចាស់នេះ។ ប៉ុន្តែ ពួកគេមិនបានស្ថាបនាទីក្រុងនេះឡើងវិញទេ។
បាប៊ីឡូនបានប្រើប្រាស់អំណាចរបស់ខ្លួនដើម្បីធ្វើទុក្ខបៀតបៀនដល់ជនជាតិយូដា (អេសាយ ១៤៖១-៣)។ បទគម្ពីរអេសាយ១៣ បានបរិយាយអំពីការដួលរលំទៅនៃទីក្រុងបាប៊ីឡូន។ ស្តេចស៊ីរូសបានបណ្តាលអោយរឿងនេះឡើងនៅពេលដែលទ្រង់ដណ្តើមយកបាននគរបាប៊ីឡូននៅក្នុងឆ្នាំ៥៣៩ មុនគ្រិស្តសករាជ។ បន្ទាប់មករាស្ដ្ររបស់ព្រះក៏ត្រូវបានដោះលែងអោយមានសេរីភាពឡើងវិញ។ ស្តេចស៊ីរូសមិនបំផ្លាញទីក្រុងនេះទេ ប៉ុន្តែ នេះគឺជាការចាប់ផ្តើមនៃទីបញ្ចប់សម្រាប់នគរបាប៊ីឡូន។ ទីក្រុងនេះនឹងមិននាំមកនូវគ្រោះមហន្តរាយដល់រាស្រ្តរបស់ព្រះទៀតឡើយ។
បទគម្ពីរអេសាយ១៣ បានបង្ហាញពីមូលហេតុដែលនាំអោយនគរបាប៊ីឡូនបានត្រូវដួលរលំ។ ព្រះជាម្ចាស់ទ្រង់ជាអ្នកវិនិច្ឆ័យទីក្រុងនេះ។ ព្រះអង្គជាអ្នកជ្រើសរើសអ្នកចម្បាំងក្នុងការវាយដណ្តើមយកទីក្រុង (អេសាយ ១៣៖២-៥)។ នៅថ្ងៃដែលព្រះជាម្ចាស់ដាក់ទណ្ឌកម្មនគរបាប៊ីឡូន ថ្ងៃនោះត្រូវបានគេហៅថាជា «ថ្ងៃនៃព្រះអម្ចាស់» (អេសាយ ១៣៖៦, ៩)។ សេចក្តីខ្ញាល់របស់ព្រះជាម្ចាស់ទាស់នឹងក្រុងបាប៊ីឡូនពិតជាខ្លាំងក្លាណាស់ដែលការនេះបានបណ្តាលអោយអស់ទាំងផ្កាយនៅលើមេឃ ព្រមទាំងព្រះចន្ទ និងព្រះអាទិត្យផងទៅជាងងឹតសូន្យសុង ហើយរីឯផ្ទៃមេឃនិងផែនដីផងក៏រំពើកញាប់ញ័រជាពន់ពេក (អេសាយ ១៣៖១០, ១៣)។
ចូរប្រៀបធៀបអ្វីដែលបានកើតឡើងនៅក្នុងបទគម្ពីរអេសាយ១៣ ទៅនឹងបទគម្ពីរពួកចៅហ្វាយ ៥។ នៅក្នុងបទគម្ពីរពួកចៅហ្វាយ៥ នាងដេបូរ៉ា និងបារ៉ាកបានប្រាប់យើងពីអ្វីដែលកើតឡើង នៅពេលដែលព្រះជាម្ចាស់ទ្រង់យាងទៅធ្វើចំបាំង។ ផែនដីក៏រញ្ជួយ ហើយផ្ទៃមេឃបង្អុរភ្លៀងធ្លាក់មក (ពួកចៅហ្វាយ ៥៖៤)។ បទគម្ពីរពួកចៅហ្វាយ៥៖២០, ២១ បង្ហាញថាធម្មជាតិទាំងឡាយនិងផ្កាយក៏ប្រៀបដូចជាអ្នកចម្បាំងដូច្នេះដែរ។ ពួកវាប្រយុទ្ធប្រឆាំងនឹងសត្រូវឈ្លានពានដែលមកពីទឹកដីផ្សេងទៀត។
ថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១
ស្តេចដែលបានបាត់បង់អំណាច
ការដួលរលំនៃនគរបាប៊ីឡូន (អេសាយ ១៣) បានធ្វើអោយរាស្រ្តរបស់ព្រះមានសេរីភាពឡើងវិញ (អេសាយ ១៤៖១-៣)។ ខគម្ពីរអេសាយ ១៤៖៤-២៣ បានបង្ហាញពីអ្វីដែលនឹងកើតឡើងចំពោះស្តេចបាប៊ីឡូន។ (សូមអានខគម្ពីរមីកា ២៖៤ និងហាបាគុក ២៖៦) ខទាំងនេះបានសរសេរឡើងជាន័យ ប្រៀបប្រដូច។ ខទាំងនេះបានសម្តែងអំពីស្តេចមួយអង្គដែលបានសោយទិវង្គតទៅដោយស្វាគមន៍ស្តេចបាប៊ីឡូនទៅកាន់នគរនៃសេចក្តីមរណៈ (អេសាយ ១៤៖៩, ១០)។ នៅក្នុងនគរនេះ ស្តេចបាប៊ីឡូនផ្ទំនៅលើដង្កូវនិងមមង់។ មមង់គឺជាប្រភេទរុយតូចៗម្យ៉ាង។ ព្រះជាម្ចាស់ប្រើប្រាស់នូវនិមិត្តរូបនេះដើម្បីបង្ហាញអោយស្តេចស្រុកបាប៊ីឡូនបានជ្រាបថា ព្រះអង្គនឹងធ្លាក់ពីអំណាចរបស់ទ្រង់ដូចជាស្តេចផ្សេងៗទៀតដែរ។
តើខគម្ពីរអេសាយ១៤៖១២ អាចនឹងឆ្លុះបញ្ចាំងអំពីស្តេចនៃនគរបាប៊ីឡូនដែរឬទេ?
---------------------------------------------------------------------------------------
ស្តេចនគរបាប៊ីឡូនមានចិត្តពោរពេញទៅដោយមោទនភាព (ដានីយ៉ែល ៤; ដានីយ៉ែល ៥)។ ប៉ុន្តែ ស្តេចអង្គនេះមានមោទនភាព ឬអំនួតជាងស្តេចឯទៀតៗ។ ទ្រង់មានអំនួតចំពោះអ្វីដែលទ្រង់នឹងធ្វើ។ «អញនឹងលើកខ្លួនអោយបានដូចជាព្រះដ៏ខ្ពស់បំផុត» (អេសាយ ១៤៖១៤)។ យើងសង្កេតឃើញថា ស្តេចអង្គនេះគិតតែពីខ្លួនឯង។ ស្តេចជាញឹកញាប់បានប្រកាសពីចំណងទំនាក់ទំនងរបស់ខ្លួនជាមួយនឹងព្រះទាំងឡាយ។ ប៉ុន្តែស្តេចជាអ្នកបំរើរបស់ព្រះជានិច្ច។ ឧទាហរណ៍នៃរឿងនេះបានកើតឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៥នៃការប្រារព្ធពិធីចូលឆ្នាំថ្មីរបស់បាប៊ីឡូន។ នៅថ្ងៃនោះ ព្រះរាជាត្រូវតែដោះនូវម្កុដរាជ្យរបស់ទ្រង់មុនពេលដែលទ្រង់ទៅឈរនៅមុខរូបសំណាករបស់ព្រះម៉ាដុក។ បន្ទាប់មកព្រះមហាក្សត្រត្រូវបានអនុញ្ញាតអោយបន្តធ្វើជាស្តេចតទៅទៀត។ ដូច្នេះគ្មានស្តេចអង្គណាមួយនៅសម័យសញ្ញាចាស់នឹងគិតអំពីការបំផ្លាញព្រះណាមួយចោល ហើយជំនួសតំណែងរបស់ទ្រង់នោះឡើយ។ គំនិតនេះគឺរឿងឆ្កួតលីលាប៉ុណ្ណោះ។ បទគម្ពីរអេសេគាល២៨ បានបង្ហាញយើងអំពីអ្នកដឹកនាំទីក្រុងដែលមានមោទនភាពផងដែរ។ ដូចដែលយើងបានឃើញនៅក្នុងបទគម្ពីរអេសាយ១៤ មេដឹកនាំរូបនេះគឺលើសជាងអស់ទាំងស្តេចផែនដីទៅទៀត។ អេសេគាលបានបរិយាយប្រាប់យើងថា អ្នកដឹកនាំនេះកំពុងដើរនៅក្នុងសួនច្បារអេដែន។ លោកក៏ជាទេវតានៅលើភ្នំដ៏បរិសុទ្ធនៃព្រះដែរ។ ទេវតានេះល្អឥតខ្ចោះតាំងពីថ្ងៃដំបូងដែលព្រះបានបង្កើតលោកមកម៉្លេះ។ បន្ទាប់មក ព្រះបានរកឃើញអំពើបាបនៅក្នុងចិត្តរបស់ទេវតានេះ ហើយទ្រង់ក៏បានបណ្តេញវាអោយចេញពីនគរឋានសួគ៌។ នៅទីបំផុត ព្រះនឹងបំផ្លាញទេវតានេះដោយភ្លើង (អេសេគាល ២៨៖១២- ១៨)។ តើបុគ្គលនេះជាអ្នកណាទៅ? ប្រសិនបើយើងនិយាយថាបុគ្គលនៅត្រង់នេះជាមនុស្សពិត នោះមានន័យថាយើងមិនទាន់យល់ខគម្ពីរនេះនៅឡើយទេ។ នៅក្នុងគម្ពីរវិវរណៈ ១២៖៧-៩ យើងបានរៀនសូត្រអំពីមេដឹកនាំដ៏ខ្លាំងពូកែម្នាក់ដែលត្រូវបានបោះទំលាក់ពីស្ថានសួគ៌មកជាមួយពួកទេវតាអាក្រក់របស់លោក។ វាជា «អារក្សសាតាំង» ដែលបានដឹកនាំលោកិយទាំងមូលអោយវង្វេង [ចេញពីព្រះ]» (វិវរណះៈ ១២៖៩)។ អារក្សសាតាំងដដែលនេះឯងវាបានកុហកបោកប្រាស់ដល់នាងអេវ៉ានៅក្នុងសួនអេដែន (លោកុប្បត្តិ ៣) ។ អារក្សសាតាំងវាមានចិត្តពេញទៅដោយមោទនភាព។ វាបានអួតអាងថា ខ្លួនវាជាព្រះមួយអង្គដែរ (អេសេគាល ២៨៖២)។ ប៉ុន្តែ សេចក្តីវិនាសរបស់វានឹងបង្ហាញថាវាមិនមែនជាព្រះទេ។ វានឹងត្រូវវិនាសនៅក្នុងបឹងភ្លើងជាពិត (វិវរណៈ ២០៖១០)។ វានឹងមិនអាចបៀតបៀនអ្នកណាម្នាក់នៅ ស្ថានសួគ៌ ឬនៅផែនដីទៀតបានឡើយ។
ថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១
ទ្វារនៃឋានសួគ៌
ក្នុងបទគម្ពីរអេសាយ១៤ យើងសង្កេតឃើញថា ការព្រមានដែលព្រះទ្រង់ប្រទានដល់សាតាំង គឺមានរាប់បញ្ចូលជាមួយការព្រមានប្រឆាំងនឹងស្តេចបាប៊ីឡូន។ ហេតុអ្វីបានជាហោរាអេសាយបញ្ចូលការព្រមានទាំងពីរនេះជាមួយគ្នា? សូមប្រៀបធៀបខគម្ពីរវិវរណៈ១២៖១-៩។ នៅក្នុងខទាំងនេះ នាគមួយក្បាលដែលមានឈ្មោះថា សាតាំង (វិវរណៈ ១២៖៩) វាបានព្យាយាមនឹងបំផ្លាញទារកម្នាក់នៅពេលសំរាលចេញមក។ ខគម្ពីរវិវរណៈ ១២៖៥ បង្ហាញយើងថាទារកតូចនោះជាអង្គព្រះយេស៊ូវ។ ប៉ុន្តែ ស្តេចហេរ៉ូឌវិញទេតើដែលព្យាយាមធ្វើគុតព្រះយេស៊ូវនៅពេលដែលទ្រង់គង់នៅជាព្រះរាជកុមានៅឡើយ (ម៉ាថាយ ២)។ រឿងនេះបានជួយយើងអោយយល់កាន់តែច្បាស់ថា នាគជាពាក្យន័យធៀបសំដៅទៅដល់ទាំងសាតាំងនិងចក្រភពរ៉ូម៉ាំង។ សាតាំងបានប្រើប្រាស់មនុស្សដើម្បីធ្វើកិច្ចការរបស់វា។ ដូចគ្នានេះដែរ សាតាំងគឺជាអំណាចដែលនៅពីក្រោយស្តេចបាប៊ីឡូននិងជាស្តេចទីរ៉ុស។
ក្រោយមក ព្រះគម្ពីរក៏បានប្រើប្រាស់ឈ្មោះបាប៊ីឡូនសម្រាប់អាណាចក្ររ៉ូម៉ាំង (ពេត្រុសទី១ ៥៖១៣)។ ព្រះគម្ពីរក៏បានប្រើប្រាស់ឈ្មោះរ៉ូម៉ាំងជាពាក្យន័យធៀបសម្រាប់អំណាចនៃសេចក្តីអាក្រក់នៅក្នុងគម្ពីរវិវរណៈ ១៤៖៨; វិវរណៈ ១៦៖១៩; វិវរណៈ ១៧៖៥; និងវិវរណៈ ១៨៖២, ១០, ២១ តើហេតុអ្វី?
---------------------------------------------------------------------------------------
អាណាចក្ររ៉ូម៉ាំង និងនគរបាប៊ីឡូននៅក្នុងគម្ពីរវិវរណៈគឺដូចគ្នាទៅនឹងបាប៊ីឡូននៅក្នុងគម្ពីរសញ្ញាចាស់ដែរ។ ទាំងអាណាចក្ររ៉ូម៉ាំង និងបាប៊ីឡូនបានប្រើអំណាចរបស់ពួកគេដើម្បីធ្វើទុក្ខបៀតបៀនដល់រាស្ត្ររបស់ព្រះ។ នៅក្នុងកណ្ឌគម្ពីរវិវរណៈ ក្រុងបាប៊ីឡូនត្រូវបានគេបង្ហាញថាជាស្ត្រីម្នាក់។ ស្ត្រីនេះ«ស្រវឹងដោយឈាមរបស់រាស្រ្តដ៏វិសុទ្ធរបស់ព្រះ» (វិវរណៈ ១៧៖៦, គខប)។ ទាំងក្រុងរ៉ូមនិងបាប៊ីឡូនបានប្រយុទ្ធប្រឆាំងនឹងព្រះជាម្ចាស់។ យើងអាចឃើញគំនិតនេះនៅក្នុងឈ្មោះរបស់ក្រុងបាប៊ីឡូនផ្ទាល់តែម្តង។ នៅក្នុងភាសាបាប៊ីឡូន ឈ្មោះបាប៊ីឡូនគឺ «បាបិលី» វាមានន័យថា «ច្រកទ្វារនៃព្រះ»។ នេះបង្ហាញថា បាប៊ីឡូនគឺជាកន្លែងដែលមនុស្សអាចទៅដល់ព្រះ។ សូមប្រៀបធៀបបទគម្ពីរលោកុប្បត្តិ ១១។ នៅក្នុងជំពូកនេះមនុស្សបានសាងសង់ប៉មបាបិល (បាប៊ីឡូន) ដោយអំណាចរបស់ពួកគេ។ ពួកគេបានព្យាយាមឡើងទៅអោយខ្ពស់ដូចជាព្រះ។ ប្រសិនបើពួកគេអាចឡើងទៅដល់ឋានសួគ៌ ពួកគេនឹងបានស្មើនឹងព្រះ ដូច្នេះ ពួកគេនឹងលែងត្រូវការស្តាប់តាមទ្រង់ទៀតហើយ។
យ៉ាកុបបានសុបិនឃើញជណ្តើរដែលតភ្ជាប់រវាងស្ថានសួគ៌និងផែនដី។ បន្ទាប់មកគាត់ក៏បានភ្ញាក់ឡើង។ គាត់ «ក៏នឹកភ័យ ហើយនិយាយថា ទីកន្លែងនេះគួរឲ្យស្ញែងខ្លាចណាស់ ទីនេះមិនមែនជាអ្វីទេ គឺជាដំណាក់នៃព្រះ ហើយជាទ្វារស្ថានសួគ៌ពិត» (លោកុប្បត្ដិ ២៨៖១៧)។ តើអ្នកយល់ថា «ដំណាក់ របស់ព្រះ» គឺដូចគ្នានឹង «ទ្វារទៅស្ថានសួគ៌» ដែរឬទេ? ដូច្នេះ នេះគឺជាផ្លូវដើម្បីទៅដល់ព្រះ។ យ៉ាកុបក៏បានដាក់ឈ្មោះកន្លែងនោះថា «បេតអែល» ។ បេតអែលមានន័យថា «ដំណាក់របស់ព្រះ» ។ «ច្រកទ្វារ ទៅស្ថានសួគ៌» នៅបេតអែល និង «ខ្លោងទ្វារនៃព្រះ» នៅបាប៊ីឡូនគឺជាផ្លូវពីរផ្សេងគ្នាដើម្បីចូលទៅជិតព្រះ។ កាំជណ្ដើររបស់លោកយ៉ាកុបចុះមកពីស្ថានបរមសុខ។ ប៉ុន្តែ បាប៊ីឡូនត្រូវបានកសាងឡើងដោយមនុស្ស។ ដូច្នេះបាប៊ីឡូនគឺជាពាក្យប្រៀបប្រដូចសម្រាប់សាសនាក្លែងក្លាយទាំងអស់ និងសម្រាប់មនុស្សដែលព្យាយាមឡើងទៅឋានសួគ៌ដោយទង្វើល្អរបស់ខ្លួន។
ថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១
ស៊ីយ៉ូនបានជ័យជំនះនៅចុងបញ្ចប់
បទគម្ពីរអេសាយ ២៤-២៧ បានសម្តែងថា ព្រះនឹងវាយខ្មាំងសត្រូវរបស់ទ្រង់នៅគ្រាចុងបញ្ចប់។ បន្ទាប់មក ទ្រង់បានធ្វើឱ្យរាស្ត្ររបស់ទ្រង់មានសេរីភាពជារៀងរហូត។
ហោរាអេសាយបានសម្តែងអោយយើងឃើញថា ផែនដីនឹងនៅទទេស្អាតនៅពេលដែលទ្រង់ធ្វើការនេះ (អេសាយ ២៤)។ លោកយ៉ូហានក៏បាននិយាយផងដែរថា ផែនដីនឹងនៅទទេអស់រយៈពេល១០០០ឆ្នាំ បន្ទាប់ពីការយាងមកជាលើកទីពីរ (វិវរណៈ ២០)។ តើជំពូកទាំងពីរនេះនិយាយអំពីរឿងដូច គ្នាដែរឬទេ? បើពិតមែនសូមពន្យល់។
---------------------------------------------------------------------------------------
នៅក្នុងខគម្ពីរអេសាយ ២៤-២៧ យើងបានឃើញថាបាប៊ីឡូនក្នុងសម័យសញ្ញាចាស់គឺជានិមិត្តរូបមួយសម្រាប់អំណាចផ្សេងទៀតនៅលើផែនដី។ ស្តេចនៃបាប៊ីឡូនគឺជានិមិត្តរូបមួយសម្រាប់មេដឹកនាំផ្សេងៗទៀត និងសម្រាប់អស់អ្នកដែលត្រួតត្រាគេ ពោលគឺជាអារក្សសាតាំងផ្ទាល់តែម្តង។ នោះហើយ ជាមូលហេតុដែលនគរបាប៊ីឡូនត្រូវបានដួលរលំ (អេសាយ ២១៖៩) ក៏ត្រូវបានគេលើកមកនិយាយនៅពេលក្រោយផងដែរ (វិវរណៈ ១៤៖៨; វិវរណៈ ១៨៖២)។ នោះសាតាំងនឹងត្រូវវិនាសនៅរយៈពេល១០០០ឆ្នាំ ក្រោយពីការយាងមកជាលើកទីពីរ (វិវរណៈ ២០៖១០)។ ព្រះជាម្ចាស់បានបំផ្លាញនគរបាប៊ីឡូនក្នុងជំនាន់សញ្ញាចាស់ដែលទណ្ឌកម្មនោះត្រូវបានគេប្រសិទ្ធិនាមថា «ថ្ងៃនៃព្រះអម្ចាស់» (អេសាយ ១៣៖ ៦)។ ហើយជាថ្ងៃ «ដ៏ធំ» [គួរឱ្យខ្លាច] របស់ព្រះជាម្ចាស់នឹងមកដល់! (យ៉ូអែល ២៖៣១ ; ម៉ាឡាគី ៤៖៥, ប្រៀបធៀបគម្ពីរសេផានា ១៖៧)។ វាក៏កំពុងតែមកដល់បណ្តើរៗហើយ។
ដូចគ្នានេះដែរ លោកអេសាយក៏មានក្តីសុបិនមួយអំពីពេលវេលារបស់គាត់ដែលទាក់ទងជាមួយនឹងគ្រាអនាគតផងដែរ។ នៅគ្រានោះ «ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់សោយរាជ្យនៅលើភ្នំស៊ីយ៉ូននាក្រុងយេរូសាឡិម» (អេសាយ ២៤៖២៣)។ ពិតមែនហើយ លោកអេសាយយល់ថាសុបិននេះគឺនិយាយអំពីទីក្រុងយេរូសាឡិមដែលគាត់ធ្លាប់ស្គាល់។ ប៉ុន្តែ គម្ពីរវិវរណៈបានសម្តែងថា សុបិននិមិត្ត របស់ហោរាអេសាយ គឺនិយាយអំពីក្រុងយេរូសាឡិមថ្មីវិញទេតើ (វិវរណៈ ២១៖២)។ «ទីក្រុងនោះនឹងមិនត្រូវការព្រះអាទិត្យ ឬព្រះចន្ទទេ ព្រោះសិរីរុងរឿងរបស់ព្រះជាម្ចាស់នឹងបំភ្លឺក្រុងនោះវិញ។ កូនចៀម គឺជាចង្កៀងបំភ្លឺដល់ទីក្រុង» (វិវរណៈ ២១៖២៣)។
តើព្រះជាម្ចាស់ពិតជានឹងបំផ្លាញមនុស្សអាក្រក់ដែលមិនព្រមងាកចេញពីអំពើបាបរបស់ខ្លួនដើម្បីអោយបានសង្រ្គោះទេឬ? សូមមើលគម្ពីរអេសាយ២៨៖២១។ អេសាយបានបរិយាយប្រាប់យើងថា ព្រះជាម្ចាស់ «ទ្រង់បានធ្វើការរបស់ទ្រង់ គឺជាការយ៉ាងប្លែក ហើយនិងសំរេចកិច្ចរបស់ទ្រង់ គឺជាកិច្ចយ៉ាងប្លែក» (អេសាយ ២៨៖២១)។ ព្រះព័ន្ធកិច្ចដែលទ្រង់ត្រូវបញ្ចប់គឺជាព័ន្ធកិច្ចបំផ្លាញមនុស្សអាក្រក់។ តើហេតុអ្វីបានជាការងារនេះជាការដ៏ចម្លែក? ពីព្រោះព្រះមិនចង់ធ្វើការនេះនោះទេ។ ទ្រង់ជាអ្នកកំណត់វាសនាចុងក្រោយលើជីវិតនិងសេចក្តីស្លាប់។
---------------------------------------------------------------------------------------
ថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១
សិក្សាបន្ថែម
«តើយើងទទួលសេចក្ដីសង្គ្រោះដោយសារល័ក្ខខ័ណ្ឌមែនទេ? យើងមករកព្រះគ្រីស្ទមិនមែនដោយសារតែល័ក្ខខ័ណ្ឌណាមួយនោះទេ ។ ហើយចុះប្រសិនបើយើងមកឯព្រះគ្រីស្ទហើយនោះ តើបន្ទាប់មកមានលក្ខខណ្ឌអ្វីខ្លះ? ឯលក្ខខណ្ឌនោះគឺថា យើងរាល់គ្នាត្រូវតែរស់នៅប្រកបដោយសេចក្តីជំនឿ ហើយត្រូវពឹងផ្អែកទាំងស្រុងទៅលើព្រះគុណនៃព្រះលោហិតរបស់ព្រះអង្គសង្រ្គោះដែលបានពលិកម្មនៅលើឆ្កាងនិងមានព្រះជន្មរស់ឡើងវិញ។ កាលណាដែលយើងប្រតិបត្តិតាម នោះយើងកំពុងបំពេញការនៃសេចក្ដីសុចរិតហើយ។ ប៉ុន្តែ នៅគ្រាដែលព្រះជាម្ចាស់ទ្រង់កំពុងត្រាស់ហៅរកមនុស្សមាន បាបនៅក្នុងលោកីយ៍នេះ ទ្រង់បានអំពាវនាវរកគេដោយគ្មានលក្ខខណ្ឌអ្វីសោះឡើយ។ មនុស្សទាំងឡាយ ត្រូវបានទាញនាំអោយមករកព្រះតាមរយៈការដង្ហោយហៅរបស់ព្រះគ្រីស្ទ ហើយលោកអ្នកពុំចាំបាច់ឆ្លើយតបទៅតាមគ្រប់ទាំងលក្ខខណ្ឌជាមុនសិនដើម្បីអោយលោកអ្នកអាចចូលមករកព្រះបាននោះទេ។ ចូរអោយមនុស្សមានបាបចូលមករកទ្រង់ចុះ ពីព្រោះកាលណាគេបានចូលមក ហើយបានឃើញព្រះគ្រីស្ទដែលត្រូវបានលើកឡើងទៅលើឈើឆ្កាងនៅកាល់វ៉ារី នោះព្រះនឹងដាក់បន្ទុកនៅក្នុងគំនិតគេ នាំគេអោយដឹងថា មានសេចក្តីស្រឡាញ់លើសពីអ្វីដែលគេនឹកស្មានដល់ ជាងអ្វីដែលគេមានទៅទៀត»។ ដកស្រង់ពី Ellen G. White, Manuscript Releases, vol. 6, p. 32។
សំនួរពិភាក្សា៖
- សូមក្រឡេកមើលការដកស្រង់ពីសៀវភៅរបស់អ្នកស្រីអែល្លិន ជីវ៉ៃត៍ខាងលើ។ សូមអានវាហើយពិចារណាអំពីអ្វីដែលអ្នកបានរៀនកាលពីថ្ងៃពុធ។ តើអ្នកស្រីអែល្លិន ជីវ៉ៃត៍កំពុងប្រាប់យើងអំពីអ្វីខ្លះ? តើអ្នកដឹងទេថាគាត់កំពុងនិយាយអំពីផ្នែកទាំងពីរនៃដំណើររបស់គ្រីស្ទានជាមួយព្រះ៖ តើសេចក្តីជំនឿត្រូវមានមុនការប្រព្រឹត្តឬ? តើពួកវាមានលក្ខណៈខុសគ្នាយ៉ាងដូចម្តេច?
- ហេតុអ្វីបានជាមោទនភាពអាចផ្តល់នូវគ្រោះថ្នាក់ដល់ជីវិតខាងវិញ្ញាណរបស់យើង? ហេតុអ្វីបានជាមោទនភាពនេះពិបាកក្នុងការបោះបង់ចោលម៉្លេះ? តើនោះដោយសារតែមោទនភាពធ្វើឱ្យយើងខ្វាក់ភ្នែក វង្វេងដេញតាមតម្រូវការរបស់យើងជាជាងលះបង់វាឬ? ប្រសិនបើលោកអ្នកមានមោទនភាព តើលោកអ្នកគិតថា លោកអ្នកពិតជាមិនអីទេមែនទេ? ដូច្នេះ ហេតុអ្វីបានជាយើងត្រូវផ្លាស់ប្រែ? តើការគិតអំពីឈើឆ្កាងអាចព្យាបាលយើងពីអំនួតយ៉ាងដូចម្តេច?
- តើលោកអេសាយបានមើលឃើញសេចក្តីសង្ឃឹមសម្រាប់ប្រជាជនដែលមកពីប្រទេសផ្សេងទៀតដែរឬទេ? សូមពន្យល់។ (សម្រាប់ចម្លើយ សូមអានអេសាយ ២៥៖ ៣, ៦; អេសាយ ២៦៖៩; ប្រៀបធៀបវិវរណៈ ១៩៖៩)។
រឿងខ្លី
បញ្ញត្តិដែលបានបាត់បង់ទៅ
នាងវ៉ាឡិនទីណា ស្ល៊ី មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលបងស្រីរបស់នាងម្នាក់ឈ្មោះ កាលីណាបានជូនដំណឹងថាពួកគេមិនបានរក្សាក្រឹត្យវិន័យទាំងដប់ប្រការនៅក្នុងស្រុកកំណើតរបស់ពួកគេ ភាគខាងជើងនៃរដ្ឋកាហ្សាក់ស្ថានឡើយ។ វ៉ាឡិនទីណា បានបើកព្រះគម្ពីររបស់នាងហើយបានរៀបរាប់នូវបទបញ្ញត្តិទាំងឡាយជាបន្តបន្ទាប់រៀងមក។ នៅពេលដែលនាងបានអានដល់ត្រង់បញ្ញតិទីបួនភា្លមនោះនាងក៏ឈប់។ «ចូរឲ្យនឹកចាំពីថ្ងៃឈប់សំរាកដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធក្នុងរវាង៦ថ្ងៃ នោះត្រូវឲ្យឯងធ្វើអស់ទាំងការរបស់ឯងចុះ តែឯថ្ងៃទី៧ នោះគឺជាថ្ងៃឈប់សំរាកថ្វាយព្រះយេហូវ៉ាជាព្រះនៃឯងវិញ នៅថ្ងៃនោះមិនត្រូវធ្វើអ្វីឲ្យសោះ ទោះខ្លួនឯងឬកូនប្រុសកូនស្រីឯងក្តី ទោះបាវប្រុស ឬបាវស្រីឯងក្តី ទោះសត្វរបស់ឯង ឬអ្នកដទៃដែលនៅផ្ទះឯងក្តី ដ្បិតក្នុង៦ថ្ងៃព្រះយេហូវ៉ាទ្រង់បានធ្វើផ្ទៃមេឃ ផែនដី ហើយនឹងសមុទ្រ ព្រមទាំងរបស់សព្វសារពើនៅស្ថានទាំងនោះដែរ រួចដល់ថ្ងៃទី៧ ទ្រង់ឈប់សំរាក ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់បានប្រទានពរដល់ថ្ងៃឈប់សំរាក ហើយក៏ញែកចេញជាបរិសុទ្ធ» (និក្ខមនំ ២០៖៨-១១)។ នាង និងកាលីណាបានសំរេចចិត្តនឹងស្វែងរកព្រះវិហារមួយដែលរក្សាថ្ងៃទី៧ជាថ្ងៃឈប់សម្រាក។ ប៉ុន្តែតើពួកគេគួរតែទៅរកព្រះវិហារនេះនៅកន្លែងណា? វ៉ាឡិនទីណាបានប្រាប់ថា៖ «ចូរធ្វើដូច្នេះវិញទៅកាលីណា។ ប្រសិនបើព្រះគម្ពីរពិតជាព្រះបន្ទូលរបស់ព្រះមែននោះ ត្រូវតែមានព្រះវិហារដែលធ្វើតាម បទបញ្ញត្តិទាំងដប់ប្រការរបស់ទ្រង់ជាមិនខាន។ សូមយើងអធិស្ឋានអំពីសេចក្តីនេះចុះ»។ បងប្អូនស្រីទាំងពីរនេះបានអធិស្ឋានអស់រយៈពេលបីខែថា «ប្រសិនបើមានព្រះវិហារណាមួយដែលរក្សាបញ្ញត្តិទាំងអស់របស់ព្រះនោះសូមមេត្តានាំយើងទៅកាន់ព្រះវិហារនោះផង»។ នៅថ្ងៃមួយ វ៉ាឡិនទីណា ដូចជាមានអារម្មណ៍រសាប់រសល់ចង់ទៅលេងនាងណេលីដែលជាសាច់ញាតិរបស់ខ្លួនណាស់។ នាងមិនដឹងថា មានរឿងអ្វីកើតឡើងលើនាងទេ។ ជាធម្មតានាងតែងតែនៅផ្ទះពេញមួយថ្ងៃជាមួយកូនប្រុសរបស់នាងដែលមានអាយុ២ខួប។ កាលបានទៅដល់ផ្ទះរបស់ ណេលី ដែលជាសាច់ញាតិរបស់ខ្លួនហើយនោះ វ៉ាឡិនទីណា និងណេលី ក៏បានជជែកគ្នាពីនេះពីនោះ ស្រាប់តែភ្លាមៗនោះក៏មានញាតិសន្ដានម្នាក់ទៀតរបស់នាងឈ្មោះថា អូលហ្គា បានមកគោះទ្វារផ្ទះ។ នាងអូលហ្គាមិនមែនជាសាច់ញាតិដែលជិតស្និទ្ធអ្វីនោះទេ។ តាមពិតទៅនាងវ៉ាឡិនទីណាបានឮថា នាងធ្លាប់បានទៅចូលរួមថ្វាយបង្គំជាមួយនិកាយដ៏គ្រោះថ្នាក់មួយដែលមានឈ្មោះថា ព្រះវិហារសេវេនដេយអាត់វេនទីស្ទ។ កាលដែលបានចូលដល់ក្នុងផ្ទះហើយនោះ នាងអូលហ្គាមិនចូលចិត្តពាក្យបញ្ឆិតបញ្ឆៀងនោះទេ នាងក៏បានសួរវ៉ាឡិនទីណាថា «តើអ្នកគិតយ៉ាងដូចម្តេចអំពីព្រះ?»។ វ៉ាឡិនទីណា មិនបានអើពើនឹងសំណួរនោះទេ តែនាងក៏បានសួរនូវសំណួរមួយបកទៅវិញភ្លាមថា៖ «តើអ្នក រក្សាបទបញ្ញត្តិទាំងអស់ទេ?» ហើយ «តើអ្នករក្សាថ្ងៃទី៧ជាថ្ងៃឈប់សម្រាកដែរទេ?»។
ប៉ុន្មានម៉ោងក្រោយមក នាងវ៉ាឡិនទីណា ក៏បានជូនដំណឹងដល់នាងកាលីណាថា ព្រះវិហារសេវេនដេយអាត់វេនទីស្ទជាព្រះវិហារដែលរក្សានូវបញ្ញត្តិទាំងដប់ប្រការ។ ប៉ុន្មានខែក្រោយមក បងប្អូនស្រីទាំងពីរនោះក៏បានទទួលបុណ្យជ្រមុជទឹកជាមួយគ្នា។ «តាមរយៈព្រះបន្ទូលដ៏បរិសុទ្ធ ព្រះជាម្ចាស់បានដឹកនាំយើងទៅកាន់ព្រះវិហារដែលរក្សាបទបញ្ញត្តិទាំងដប់ប្រការរបស់ទ្រង់» នេះបើយោងតាមសម្តីរបស់នាងវ៉ាឡិនទីណា។
អំណានដង្វាយប្រចាំសប្តាហ៍
នៅពេលដែលនាងហាណាយកព្រះទុកជាទី១
ការយកព្រះទុកជាទី១មិនមែនជារឿងងាយស្រួលឡើយ។ តើយើងអាចរៀនបានអ្វីខ្លះពីនាងហាណាដែលនឹងជួយយើងឲ្យយកព្រះទុកជាទី១ក្នុងជីវិតរបស់យើងសព្វថ្ងៃនេះ?
នាងហាណាបានជួបបាដិហារ្យដ៏អស្ចារ្យមួយក្នុងជីវិតរបស់នាង។ ព្រះជាម្ចាស់បានឆ្លើយតបសេចក្តីអធិដ្ឋានរបស់នាង និងបានប្រទានកូនប្រុស១ដល់នាង។ នាងប្រាកដជាសប្បាយចិត្តខ្លាំងណាស់ដែលដឹងថានាងមានទំងន់។ កាលពីប៉ុន្មានខែមុន នាងបានចូលទៅក្នុងព្រះវិហារក្នុងក្រុងយេរូសាឡិម និងបានបើកចិត្តថ្វាយដល់ព្រះជាម្ចាស់ ដោយបានសន្យាថា ប្រសិនបើព្រះប្រទានកូនប្រុស១ដល់នាង នាងនឹងថ្វាយកូននោះសម្រាប់បម្រើដល់ព្រះអង្គវិញ។
ឥឡូវនៅពេលដែលនាងបានក្លាយជាម្តាយមួយរូប ជីវិតរបស់នាងមានការប្រែប្រួលយ៉ាងខ្លាំង។ នាងបានដាក់ឈ្មោះកូនប្រុសរបស់នាងថា សាំយូអែល ដែលមានន័យថា «ព្រះទ្រង់បានឮ»។ យើងអាចនឹងស្រមៃរូបភាពដែលនាងហាណាអង្គុយជាមួយនឹងកូនតូចសាំយូអែល និងបង្រៀនគាត់អំពីព្រះ ដោយការនិទានរឿងផ្សេងៗប្រាប់ម្តងហើយម្តងទៀតដោយមិនចេះជិនណាយ។ សាំយូអែលគឺជាបាដិហារ្យមួយ ហើយនាងបានស្រឡាញ់កូននេះយ៉ាងអស់ពីចិត្តរបស់នាងដែរ។
ប៉ុន្តែ មិនយូរប៉ុន្មានក៏ដល់ពេលដែលនាងត្រូវយកកុមារសាំយូអែលឲ្យមកបម្រើព្រះនៅឯព្រះវិហារតាមការសន្យារបស់នាង។ បើទោះបីជាព្រះបានប្រោសប្រទានកូនជាច្រើនទៀតដល់នាងក្តី តែសាំយូអែលគឺជាកូនដំបូងរបស់នាង។ ការថ្វាយកូននេះដល់ព្រះអម្ចាស់តាំងពីគាត់នៅក្មេងគឺជារឿងមួយដ៏លំបាកខ្លាំងណាស់។ ជាញឹកញាប់ការយកព្រះទុកជាទី១គឺជារឿងដែលពិបាកនឹងធ្វើណាស់។ ប៉ុន្តែ តទៅនេះគឺជាពាក្យពេចន៍ផ្ទាល់របស់នាងហាណា ដែលបានកត់ត្រាទុកក្នុងខគម្ពីរសាំយូអែលទី១ ២៖១, ២ «ចិត្តខ្ញុំម្ចាស់រីករាយសាទរចំពោះព្រះអង្គ ស្នែងខ្ញុំម្ចាស់បានថ្កើងឡើងដោយនូវព្រះយេហូវ៉ា មាត់ខ្ញុំម្ចាស់បានបង្គ្របលើគូវិវាទរបស់ខ្ញុំម្ចាស់ ដោយព្រោះខ្ញុំម្ចាស់មានសេចក្តីអំណរចំពោះសេចក្តីសង្គ្រោះរបស់ទ្រង់ គ្មានព្រះណាបរិសុទ្ធ ដូចព្រះយេហូវ៉ាឡើយ ដ្បិតក្រៅពីទ្រង់គ្មានព្រះឯណាទៀតសោះ ក៏គ្មានព្រះឯណាដែលទុកជាថ្មដា ឲ្យដូចព្រះនៃយើងខ្ញុំដែរ»។
សាំយូអែលបានក្លាយជាហោរាដ៏ធំមួយរូបក្នុងប្រវត្តិសាស្ត្រនៃសាសន៍អ៊ីស្រាអែល។ លោកគឹជាមនុស្សរបស់ព្រះដែលបានចាក់ប្រេងតាំងស្តេចសូល ព្រមទាំងស្តេចដាវីឌផងដែរ។ រឿងទាំងនេះនឹងមិនអាចកើតឡើងបានឡើយប្រសិនបើម្តាយរបស់លោកមិនព្រមយកព្រះទុកជាទី១នោះ។
ប្រសិនបើលោកអ្នកជាឪពុកម្តាយ តើលោកអ្នកឆ្ងល់ទេថាការយកព្រះទុកជាទី១នឹងមានឥទ្ធិពលអ្វីខ្លះដល់កូនៗរបស់លោកអ្នក? យើងមិនអាចទស្សន៍ទាយបានទេថាកូនៗយើងនឹងមានឥទ្ធិពលអ្វីខ្លះដល់ពិភពលោកនៅពេលដែលពួកគេធំឡើងធ្វើជាស្មរបន្ទាល់អំពីការដែលឪពុកម្តាយរបស់ពួកគេយកព្រះទុកជាទី១នោះទេ។
នាងហាណាបានយកព្រះទុកជាទី១ជានិច្ច។ គំរូរបស់នាងដាស់តឿនយើងឲ្យធ្វើតាមនាង។ ខណៈដែលពួកអ្នកជំនួយការប្រាក់ដង្វាយកំពុងប្រមូលប្រាក់ដង្វាយ សូមយើងរាល់គ្នា បានទទួលយកព្រះជាម្ចាស់ទុកជាទី១ចុះ។
សេចក្តីអធិដ្ឋាន៖
ឱព្រះវរបិតាម្ចាស់សួគ៌ យើងរាល់គ្នាថ្វាយបង្គំព្រះអង្គព្រឹកនេះ ដោយភ្ជាប់មកជាមួយនូវប្រាក់ដង្វាយ១០ហូត១ និងដង្វាយសទ្ធា។ យើងសូមអធិដ្ឋានឲ្យព្រះអង្គប្រទានសេចក្តីក្លាហានដល់យើងឲ្យយកទ្រង់ទុកជាទី១ក្នុងជីវិតរបស់យើងរាល់គ្នា។ សូមអធិដ្ឋានក្នុងព្រះនាមព្រះយេស៊ូវ។ អាម៉ែន។