តើលោកម៉ូសេបានផ្តល់នូវការដាស់តឿនអ្វីខ្លះដល់ពួកបណ្តាជនទាក់ទងនឹងបញ្ញត្តិ និងក្បួនច្បាប់ដែលព្រះប្រទានដល់ពួកគេ។ សូមអានខគម្ពីរចោទិយកថា ៤៖១, ២ សម្រាប់ចម្លើយ។ តើហេតុអ្វីបានជាលោកម៉ូសេដាស់តឿនសាសន៍អ៊ីស្រាអែលភ្លាមៗកុំអោយធ្វើរឿងទាំងនេះ?
លោកម៉ូសេបានប្រាប់ពួកគេអោយគោរពតាមបញ្ញត្តិ។ បន្ទាប់មក លោកម៉ូសេបានប្រាប់ពួក គេភ្លាមៗថា កុំអោយបន្ថែម ឬបន្ថយលើពាក្យទាំងនេះអោយសោះ។ តើហេតុអ្វីបានជាលោកម៉ូសេមាន ប្រសាសន៍យ៉ាងដូច្នោះ? តើអ្នកណាដែលគិតចង់ផ្លាស់ប្តូរបញ្ញត្តិរបស់ព្រះនោះ?
ជាការពិតណាស់ យើងបានដឹងអំពីចម្លើយនេះ។ «សាតាំងបានព្យាយាមផ្លាស់ប្តូរបញ្ញត្តិរបស់ព្រះមុនពេលដែលវាត្រូវបានបោះចេញពីស្ថានសួគ៌មកម្ល៉េះ។ ចាប់ពីពេលនោះមក សាតាំងមិនបានឈប់ព្យាយាមធ្វើកិច្ចការដដែលនេះនោះទេ។ សាតាំងបានបោកបញ្ឆោតមនុស្សលោកអោយជឿលើការកុហកដែលវាបានប្រាប់ពួកទេវតានៅលើមេឃមុនពេលព្រះ បានបោះវាចេញដូច្នោះដែរ។ សាតាំងបាននិយាយថា បញ្ញត្តិរបស់ព្រះមិនត្រឹមត្រូវនោះទេ ចាំបាច់ត្រូវតែ ផ្លាស់ប្តូរ។ គ្រីស្ទានមួយភាគធំបានបង្ហាញតាមរយៈទង្វើរបស់ពួកគេថា ពួកគេបានទទួលយកការកុហក នេះហើយ»។ ដកស្រង់ពី Ellen G. White, Selected Messages, book 2, page 107, adapted។
សូមក្រឡេកមើលប្រវត្តិសាស្ត្រនៃសាសន៍អ៊ីស្រាអែល។ សាសន៍អ៊ីស្រាអែលតែងតែជួបបញ្ហានៅពេលដែលពួកគេមិនបានយកចិត្តទុកដាក់ចំពោះបញ្ញត្តិរបស់ព្រះមែនទេ? ទង្វើបែបនេះគឺដូចគ្នាទៅ នឹងការដែលពួកគេដកក្បួនច្បាប់សំខាន់ៗមួយចំនួនចេញពីបញ្ញត្តិដូច្នោះដែរ។ ជនជាតិអ៊ីស្រាអែលក៏បានបន្ថែមទៅលើបញ្ញត្តិរបស់ព្រះផងដែរនៅពេលណាដែលពួកគេប្រព្រឹត្តខុសទាស់នឹងបញ្ញត្តិ។
សូមអានខគម្ពីរម៉ាថាយ ១៥៖១-៩។ តើខទាំងនេះបង្ហាញយើងអំពីរឿងតែមួយដែលលោកម៉ូសេបានដាស់តឿនដល់ពួកកូនចៅអ៊ីស្រាអែលនៅក្នុងខគម្ពីរចោទិយកថា ៤៖១, ២ ដែរឬទេ?
មិនយូរប៉ុន្មាន ព្រះបានប្រទានទឹកដីដែលទ្រង់បានសន្យាដល់ជនជាតិអ៊ីស្រាអែល ហើយពួកគេតែងតែមិនយកចិត្តទុកដាក់ចំពោះការដាស់តឿនរបស់ទ្រង់ជារឿយៗ។ កុំអោយថ្វាយបង្គំរូបសំណាក់ គឺជារឿងមួយដែលព្រះបានដាស់តឿនពួកគេ។ ប៉ុន្តែ ពួកគេមិនបានគោរពតាមព្រះនោះទេ។ ពួកគេក៏បានចាប់ផ្តើមធ្វើតាមគោលគំនិតខុសឆ្គងដទៃទៀតជាច្រើនពីសាសន៍ដែលនៅជុំវិញពួកគេផងដែរ។ ពេលខ្លះ ជនជាតិអ៊ីស្រាអែលថែមទាំងធ្វើអោយគោលគំនិតខុសឆ្គងទាំងនេះក្លាយទៅជាផ្នែកមួយការថ្វាយបង្គំព្រះអម្ចាស់របស់ពួកគេផងដែរ។ ទម្រាំព្រះយេស៊ូវយាងមក គោលគំនិតខុសឆ្គងជាច្រើនបានក្លាយជាផ្នែកមួយនៃសាសនាយូដាបាត់ទៅហើយ។ ដូចដែលព្រះយេស៊ូវបានមានបន្ទូលថា គោលគំនិតខុសឆ្គងទាំងនេះបានធ្វើអោយការបង្រៀនមកពីព្រះ «បាត់តម្លៃ» (ម៉ាថាយ ១៥៖៦, គខប)។ តើយើងត្រូវប្រុងប្រយ័ត្នកុំបន្ថែម ឬបន្ថយអ្វីមួយចេញពីអ្វីដែលព្រះបានបង្គាប់យើងដោយរបៀបណា?
ថ្ងៃច័ន្ទ ទី១ ខែវិច្ឆិកា ឆ្នាំ២០២១
ព្រះបាល-ពេអរ
ក្នុងព្រះគម្ពីរចោទិយកថា ៤៖៣, ៤ លោកម៉ូសេបានប្រាប់ពួកបណ្តាជនបន្ថែមទៀតអំពីប្រវត្តិសាស្ត្ររបស់ពួកគេ។ លោកម៉ូសេចង់អោយពួកគេរៀនពីមេរៀនខាងឯវិញ្ញាណសំខាន់ៗមួយចំនួនចេញពីអតីតកាលរបស់ពួកគេ។
សូមអានខគម្ពីរជនគណនា ២៥៖១-១៥។ តើមានអ្វីកើតឡើងនៅក្នុងរឿងនេះ? តើពួកបណ្តាជននៃសាសន៍អ៊ីស្រាអែលគួរតែរៀនអំពីសេចក្តីពិតនៃព្រះគម្ពីរ និងមេរៀនសំខាន់ៗអ្វីខ្លះចេញពីបទពិសោធន៍ដ៏អាក្រក់មួយនេះ?
--------------------------------------------------------
ដូចដែលយើងបានឃើញរួចមកហើយថា ព្រះបានបង្គាប់អោយជនជាតិអ៊ីស្រាអែលបំផ្លាញសាសន៍មួយចំនួននៅជុំវិញពួកគេ។ ជាការពិតណាស់ រឿងទាំងនេះបានធ្វើអោយយើងមានអារម្មណ៍មិនអស់ចិត្តទាល់តែសោះ។ ទន្ទឹមគ្នានេះ រឿងអំពីព្រះបាល-ពេអរអាចជួយបកស្រាយអំពីសេចក្តីបង្គាប់បែបនេះចេញពីព្រះ។ ព្រះបានជ្រើសរើសសាសន៍អ៊ីស្រាអែលអោយធ្វើជាស្មរបន្ទាល់ដ៏ពិសេសរបស់ទ្រង់។ ទ្រង់ចង់អោយសាសន៍អ៊ីស្រាអែលបង្រៀនសាសន៍ដទៃអំពីទ្រង់ និងសេចក្តីស្រឡាញ់របស់ទ្រង់។ ព្រះក៏ចង់អោយរាស្ត្ររបស់ទ្រង់រស់នៅជាគំរូនៃសេចក្តីស្រឡាញ់របស់ទ្រង់ផងដែរ។ ប៉ុន្តែ ជនជាតិអ៊ីស្រាអែលតែងតែងាកចេញទាស់នឹងព្រះ។ ពួកគេមិនបានធ្វើជាគំរូនៃសេចក្តីស្រឡាញ់របស់ព្រះនោះទេ។
ពួកបណ្តាជនបានបរាជ័យនៅចំពោះព្រះបាល-ពេអរ។ ពួកបុរសជនជាតិអ៊ីស្រាអែលបានរួមភេទជាមួយនឹងពួកស្ត្រីជនជាតិម៉ាឌាន។ ជាញឹកញាប់ នៅក្នុងព្រះគម្ពីរ អំពើបាបនៃការរួមភេទគឺជារូបស័ព្ទមួយតំណាងអោយការថ្វាយបង្គំព្រះក្លែងក្លាយ (សូមអានខគម្ពីរហូសេ ៤៖១២-១៤)។ ប៉ុន្តែ ខាងឯព្រះ បាល-ពេអរ អំពើបាបនៃការរួមភេទមិនមែនត្រឹមតែជារូបស័ព្ទនោះទេ។ អំពើបាបនៃការរួមភេទគឺជារឿងពិត។ សាតាំងបានបញ្ជូនពួកស្ត្រីជនជាតិម៉ាឌានដល់ពួកបុរសជនជាតិអ៊ីស្រាអែល។ ពួកស្ត្រីបានថ្វាយបង្គំព្រះក្លែងក្លាយ។ ពួកគេបានបបួលពួកបុរសជនជាតិអ៊ីស្រាអែលរួមភេទ។ ពួកបុរសបានអនុញ្ញាតអោយពួកស្ត្រីនាំពួកគេប្រព្រឹត្តអំពើបាប។
ជាការពិតណាស់ អំពើបាបនៃការរួមភេទទាំងនេះបាននាំអោយពួកបុរសជនជាតិអ៊ីស្រាអែលធ្លាក់ទៅក្នុងអំពើបាបខាងឯវិញ្ញាណបន្ទាប់ទៀត។ ជនជាតិអ៊ីស្រាអែលបានចាប់ផ្តើមថ្វាយបង្គំព្រះក្លែងក្លាយ។ «គេចូលពួកខាងព្រះបាល-ពេអរ» (ជនគណនា ២៥៖៣)។ តើពួកគេចូលខាងព្រះបាលដោយរបៀបណា។ ជនជាតិអ៊ីស្រាអែលបានប្រគល់ជីវិតរបស់ពួកគេដល់ព្រះក្លែងក្លាយទាំងនេះ និងថ្វាយដង្វាយអោយវាផង។ ពួកគេសុខចិត្តលះបង់អ្វីគ្រប់យ៉ាងដែលពួកគេបានរៀនអំពីព្រះពិតសម្រាប់ព្រះក្លែងក្លាយទៅវិញ។ លះបង់គ្រប់យ៉ាងដើម្បីអ្វី? គឺដើម្បីការរួមភេទ។
តើរឿងនេះកើតឡើងយ៉ាងដូចម្តេចទៅបាន? ចម្លើយគឺងាយស្រួលបំផុត។ ពួកបុរសបានធ្វើអោយចិត្ត និងគំនិតរបស់ពួកគេប្រឆាំងទាស់នឹងព្រះ បន្ទាប់ពីបានប្រព្រឹត្តអំពើបាបជាលើកដំបូងនោះមក។ បន្ទាប់មក ពួកគេបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រព្រឹត្តអំពើបាបបន្ទាប់ទៀត។ ដូច្នេះ ពួកគេបានធ្វើបាបជាមួយនឹងរូបកាយរបស់ពួកគេជាមុនសិន។ បន្ទាប់មក ពួកគេបានធ្វើបាបជាមួយនឹងចិត្តរបស់ពួកគេ។ អំពើបាបទី២នេះស្របតាមផែនការពិតរបស់សាតាំង។ ចិត្ត និងរូបកាយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងគ្នា។ អ្វីដែលកើតឡើងចំពោះផ្នែកម្ខាងរបស់យើង នោះក៏ធ្វើអោយផ្នែកម្ខាងទៀតផ្លាស់ប្តូរផងដែរ។ តើយើងអាចរៀនអ្វីខ្លះចេញពីព្រះបាល-ពេអរ អំពីមូលហេតុដែលយើងត្រូវតែប្រយ័ត្នក្នុងការទប់ស្កាត់ខ្លួនឯងអោយបានគ្រប់ពេលវេលានោះ?
ថ្ងៃអង្គារ ទី២ ខែវិច្ឆិកា ឆ្នាំ២០២១
ត្រូវអោយនៅជាប់នឺងព្រះអម្ចាស់ជាព្រះនៃឯង
មនុស្សរាប់ពាន់នាក់បានស្លាប់ នៅពេលដែលពួកគេតាមខាងព្រះបាល-ពេអរ។ «ដ្បិតអស់អ្នកណាដែលបានតាមព្រះបាល-ពេអរ នោះព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានបំផ្លាញគេពីពួកឯងចេញ» (ចោទិយកថា ៤៖៣)។ ប៉ុន្តែ មិនមែនទាំងអស់នោះទេដែលបានតាមព្រះបាល។ តើអ្នកទាំងនោះជាអ្នកណា?
«តែពួកឯងរាល់គ្នាដែលបាននៅជាប់នឹងព្រះយេហូវ៉ា ជាព្រះនៃឯង នោះបានរស់នៅដរាបដល់សព្វថ្ងៃនេះវិញ» (ចោទិយកថា ៤៖៤)។ តើអ្វីដែលធ្វើអោយអ្នកដែលមិនបានធ្វើបាបជាមួយនឹងព្រះបាលមានលក្ខណៈខុសគ្នាពីអ្នកដែលបានធ្វើបាបនោះ? តើក្នុងខគម្ពីរចោទិយកថា ៤៖៤ មានសារអ្វី សម្រាប់យើងអំពីអំពើបាប និងអំណាចឈ្នះលើអំពើបាប? តើយើងអាចទទួលបានអំណាចនេះមកពីណា?
--------------------------------------------------------
តើលោកអ្នកឃើញពាក្យ «ពួកឯង» នៅក្នុងខនេះ និងខមុនខនេះដែរឬទេ? «ពួកឯង» រាល់គ្នាដែលបានតាមព្រះបាល-ពេអរនឹងត្រូវបំផ្លាញចេញ (ចោទិយកថា ៤៖៣)។ «តែពួកឯងរាល់គ្នាដែលបាននៅជាប់នឹងព្រះយេហូវ៉ា ជាព្រះនៃឯង នោះបានរស់នៅដរាបដល់សព្វថ្ងៃនេះវិញ» (ចោទិយកថា ៤៖៤)។ ព្រះគម្ពីរបានបង្ហាញយើងតែ២ក្រុមប៉ុណ្ណោះនៅក្នុងរឿងនេះដោយចែងថា៖ ក្រុមដែលនៅខាងព្រះយេស៊ូវ និងក្រុមដែលទាស់នឹងទ្រង់ (ម៉ាថាយ ១២៖៣០)។ តើមានអ្វីខុសប្លែកពីសព្វថ្ងៃឬ? ពាក្យថា «នៅជាប់» នៅក្នុងខគម្ពីរចោទិយកថា ៤៖៤ ជាភាសាហេព្រើរហៅថា «ឌីប៊ីឃ្យូ (dbq)»។ ពាក្យនេះបង្ហាញយើងអំពីអ្នកណាម្នាក់ដែលមានបំណងប្រាថ្នាដ៏ខ្លាំងក្លាមួយក្នុងការចូលរួមធ្វើអ្វីមួយ ឬចូលរួមជាមួយអ្នកណាម្នាក់។ ពាក្យភាសាហេព្រើរដដែលនេះត្រូវបានប្រើនៅក្នុងខគម្ពីរលោកុប្បត្តិ ២៖២៤ ដោយចែងថា៖ មនុស្សប្រុសនឹងលាចេញពីឪពុកម្តាយខ្លួន ទៅនៅជាប់នឹងប្រពន្ធ (សូមអានខគម្ពីរនាងរស់ ១៖១៤ ផងដែរ)។ យើងឃើញពាក្យដែលមានអត្ថន័យនេះចំនួន៤ដងនៅក្នុងកណ្ឌគម្ពីរចោទិយកថា (ចោទិយកថា ១០៖២០; ចោទិយកថា ១១៖២២; ចោទិយកថា ១៣៖៤ និងចោទិយកថា ៣០៖២០)។ ក្នុងខនីមួយៗ មានគោលគំនិតតែមួយដូចគ្នាគឺថា៖ ពួកបណ្តាជនត្រូវតែនៅជាប់ជាមួយនឹងព្រះរបស់ពួកគេ។ ពួកគេត្រូវតែភ្ជាប់ជាមួយនឹងទ្រង់ ហើយចាប់ទ្រង់អោយជាប់។ ពួកគេត្រូវថ្វាយជីវិតរបស់ពួកគេទាំងស្រុងដល់ទ្រង់។ ពួកគេត្រូវតែទទួលយកអំណាចរបស់ទ្រង់។ នៅពេលដែលពួកគេធ្វើដូច្នេះ ព្រះអាចជួយអោយរាស្ត្ររបស់ទ្រង់យកឈ្នះលើការប្រឆាំងទាស់នឹងអំពើបាប។
សូមអានបទគម្ពីរយូដា ២៤ និងខគម្ពីរកូរិនថូសទី១ ១០៖១៣។ តើលោកយូដា និងលោកប៉ុលមានប្រសាសន៍យ៉ាងណានៅត្រង់ចំណុចនេះ ទាក់ទងនឹងប្រសាសន៍របស់លោកម៉ូសេនៅក្នុងខគម្ពីរចោទិយថា ១៣៖៤?
--------------------------------------------------------
ព្រះរក្សាសេចក្តីសន្យារបស់ទ្រង់ជានិច្ច។ ទ្រង់អាចឃាត់យើងមិនអោយប្រព្រឹត្តអំពើបាប។ ប៉ុន្តែ ខ្លួនយើងផ្ទាល់ត្រូវតែចូលរួមជាមួយនឹងទ្រង់ទាំងស្រុង អោយដូចជាជនជាតិអ៊ីស្រាអែលដែលបានរក្សាភាពស្មោះត្រង់នៅក្នុងរឿងព្រះបាល-ពេអរដូច្នោះដែរ។ បើយើងអាចរក្សាភាពស្មោះត្រង់បាន នោះយើងអាចធានាបានថា ព្រះទ្រង់នឹងជួយអោយយើងធ្វើតាមទ្រង់ជានិច្ច។ តើសេចក្តីអធិស្ឋាន ការសិក្សាព្រះគម្ពីរ ការថ្វាយបង្គំ និងការប្រកបគ្នាអាចជួយអោយយើង «នៅជាប់នឹងព្រះ» បានយ៉ាងដូចម្តេចទៅ?
ថ្ងៃពុធ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២១
តើសាសន៍ឯណាដែលទទួលបានពរដូចជាសាសន៍អ៊ីស្រាអែល?
ខពីរបីបន្ទាប់ទៀតនៅបទគម្ពីរចោទិយកថា ៤ គឺជាខគម្ពីរដ៏ល្អបំផុតមួយចំនួននៅក្នុងព្រះគម្ពីរទាំងមូល។ ជាការពិតណាស់ គេអាចនិយាយបានថា សារសំខាន់បំផុតនៃកណ្ឌគម្ពីរចោទិយកថាគឺអាច រកឃើញនៅក្នុងខទាំងនេះ។ កណ្ឌគម្ពីរដែលនៅសេសសល់គ្រាន់តែជាការបកស្រាយអំពីខទាំងនេះតែប៉ុណ្ណោះ។ មិនថាលោកអ្នកមានទស្សនៈយ៉ាងណាក៏ដោយ សូមលោកអ្នកគិតអំពីក្បួនច្បាប់ដ៏សំខាន់នៅ ខគម្ពីរចោទិយកថា ៤៖៥-៩។ បន្ទាប់មក សូមសួរខ្លួនឯងថា៖ តើខទាំងនេះមានអត្ថន័យយ៉ាងដូចម្តេចសម្រាប់ជីវិតរបស់យើងសព្វថ្ងៃនេះ?
សូមអានខគម្ពីរចោទិយកថា ៤៖៥-៩។ តើហេតុអ្វីបានជាព្រះអម្ចាស់មានព្រះបន្ទូលនូវពាក្យទាំងនេះទៅកាន់រាស្ត្ររបស់ទ្រង់?
--------------------------------------------------------
ព្រះអម្ចាស់ចង់អោយរាស្ត្ររបស់ទ្រង់យល់ថា ទ្រង់បានជ្រើសរើសពួកគេសម្រាប់គោលបំណងដ៏ពិសេសមួយ។ សាសន៍អ៊ីស្រាអែលគឺជា «សាសន៍ដ៏ពិសេស»។ ព្រះបានមានបន្ទូលប្រាប់លោកអាប់រ៉ាម អំពីផែនការរបស់ទ្រង់តាំងតែគាត់ចាប់ផ្តើមចាកចេញពីសុ្រកខាល់ដេមកម្ល៉េះថា៖ «អញនឹងបង្កើតនគរ១ យ៉ាងធំពីឯង» (លោកុប្បត្តិ ១២៖២; សូមអានខគម្ពីរលោកុប្បត្តិ ១៨៖១៨ ផងដែរ)។
តើហេតុអ្វីបានជាព្រះចង់ធ្វើអោយសាសន៍អ៊ីស្រាអែលពិសេសម្ល៉េះ? នោះគឺដោយសារតែព្រះចង់អោយសាសន៍អ៊ីស្រាអែល «បញ្ចេញពរដល់មនុស្សទាំងឡាយ» (លោកុប្បត្តិ ១២៖២)។ បន្ទាប់មក ព្រះមានផែនការប្រើសាសន៍អ៊ីស្រាអែលអោយបញ្ចេញពរដល់ «គ្រប់ទាំងគ្រួនៅផែនដី» (លោកុប្បត្តិ ១២៖ ៣)។ តើព្រះមានផែនការធ្វើយ៉ាងដូចម្តេច? គឺតាមរយៈការបញ្ជូនព្រះយេស៊ូវអោយមកប្រសូតនៅក្នុងសាសន៍អ៊ីស្រាអែល។ ទម្រាំដល់ពេលនោះមកដល់ ព្រះចង់អោយរាស្ត្ររបស់ទ្រង់ក្លាយទៅជាពន្លឺនៅលើ ផែនដីដោយមានបន្ទូលថា៖ «អញនឹងបន្ថែមការនេះឲ្យឯងបានធ្វើជាពន្លឺដល់សាសន៍ដទៃទាំងប៉ុន្មានទៀត ដើម្បីឲ្យឯងបានធ្វើជាអ្នកជួយសង្គ្រោះរបស់អញរហូតដល់ចុងផែនដីបំផុត» (អេសាយ ៤៩៖៦)។
សូមគិតអំពីគោលគំនិតនេះ៖ សាសន៍អ៊ីស្រាអែលបានថ្វាយបង្គំព្រះដែលបង្កើតផ្កាយ។ ព្រះអង្គដដែលនេះគឺជាព្រះអម្ចាស់នៃផ្ទៃមេឃ និងផែនដី។ សាសន៍ដទៃដែលនៅជុំវិញសាសន៍អ៊ីស្រាអែលបានថ្វាយបង្គំផ្កាយ ថ្ម ក្រួស ព្រៃឈើ និងអារក្ស (ចោទិយកថា ៣២៖១៧; ទំនុកដំកើង ១០៦៖៣៧)។
តើមានអ្វីខុសគ្នាពីនេះទៀតទេ?ក ្នុងខគម្ពីរចោទិយកថា ៤៖៥-៩ លោកម៉ូសេបានប្រាប់ចំណុចពីរយ៉ាងដែលធ្វើអោយសាសន៍ អ៊ីស្រាអែលពិសេស។ ចំណុចទី១គឺថា ព្រះអម្ចាស់ទ្រង់នៅជិតបង្កើយនឹងរាស្ត្ររបស់ទ្រង់។ ទ្រង់បានសណ្ឋិតនៅក្នុងត្រសាលដ៏បរិសុទ្ធកណ្តាលជំរុំរបស់ពួកគេ។ ចំណុចទី២ សាសន៍អ៊ីស្រាអែលពិសេសគឺ ដោយសារតែ «ច្បាប់ហើយនឹងបញ្ញត្តិ» (ចោទិយកថា ៤៖៥) ទាំងអស់ដែលព្រះបានប្រទានដល់ពួកគេ។
សូមអានខគម្ពីរចោទិយកថា ៤៖៣២-៣៥។ តើព្រះអម្ចាស់កំពុងតែមានព្រះបន្ទូលអ្វីទៀតទៅ កាន់ប្រជាជនរបស់ព្រះអង្គនៅក្នុងខទាំងនេះ? តើសារមួយនេះបង្ហាញពួកបណ្តាជនយ៉ាងដូចម្តេចអំពីកិច្ចការដ៏ពិសេសដែលព្រះបានប្រទានអោយគេអនុវត្ត?
--------------------------------------------------------
ថ្ងៃព្រហស្បតិ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២១
ប្រាជ្ញា និងសុភវិនិច្ឆ័យ
ដូចដែលយើងបានឃើញរួចមកហើយថា ខគម្ពីរចោទិយកថា ៤៖១-៩ បានបង្ហាញអំពីមូលហេតុដែលធ្វើអោយសាសន៍អ៊ីស្រាអែលពិសេសដល់ម្ល៉េះ។ ខទាំងនេះក៏បានបង្ហាញអំពីកិច្ចការដែលព្រះប្រទានអោយរាស្ត្ររបស់ទ្រង់ធ្វើផងដែរ។ ឃើញអាចមើលឃើញអំពីគោលគំនិតដ៏សំខាន់មួយតាមរយៈខគម្ពីរទាំងអស់នេះគឺថា៖ សាសន៍អ៊ីស្រាអែលបានគោរពតាមព្រះ។ ពួកគេត្រូវតែធ្វើតាមអ្វីដែលទ្រង់បានបង្គាប់។
សូមអានខគម្ពីរចោទិយកថា ៤៖៦ ម្តងទៀត។ តើព្រះអម្ចាស់បានមានបន្ទូលអ្វីខ្លះដែលនាំអោយសាសន៍ដទៃនិយាយថា សាសន៍អ៊ីស្រាអែលមានប្រាជ្ញា និងមានសុភវិនិច្ឆ័យល្អ?
--------------------------------------------------------
នៅពេលដែលយើងក្រឡេកមើលខគម្ពីរចោទិយកថា ៤៖៦ ជាលើកដំបូង យើងប្រហែលជាគិតថា ក្បួនច្បាប់ និងបញ្ញត្តិគឺជាប្រាជ្ញា និងការយល់ដឹង។ ប៉ុន្តែ នេះពុំមែនជាអ្វីដែលខគម្ពីរបានចែងនោះ ទេ។ មែនហើយ ព្រះអម្ចាស់បានបង្រៀនដល់រាស្ត្ររបស់ទ្រង់អំពីក្បួនច្បាប់ និងបញ្ញត្តិប្រកបដោយប្រាជ្ញា។ ប៉ុន្តែ ប្រាជ្ញា និងសុភវិនិច្ឆ័យរបស់មនុស្សចេញមកពីការថែរក្សាក្បួនច្បាប់ និងបញ្ញត្តិ។ ដូច្នេះ ការគោរពតាមរបស់មនុស្សគឺជាប្រាជ្ញា និងសុភវិនិច្ឆ័យរបស់ពួកគេ។
សាសន៍អ៊ីស្រាអែលមានក្បួនច្បាប់ និងបញ្ញត្តិដ៏ល្អបំផុតដែលគ្មានសាសន៍ណាមួយនៅលើផែនដីនេះធ្លាប់មាន។ ប៉ុន្តែ តើបញ្ញត្តិទាំងនេះមានប្រយោជន៍អ្វីទៅ ប្រសិនបើសាសន៍អ៊ីស្រាអែលបដិសេធមិនគោរពនោះ? នៅពេលដែលសាសន៍អ៊ីស្រាអែលរស់នៅក្រោមបញ្ញត្តិ នោះពួកគេបានបង្ហាញប្រាជ្ញា និងសុភវិនិច្ឆ័យរបស់ពួកគេទៅកាន់មនុស្សគ្រប់គ្នានៅជុំវិញពួកគេ។ ដូច្នេះ ព្រះបានបង្គាប់រាស្ត្ររបស់ទ្រង់អោយគោរពតាមទ្រង់។ ការគោរពរបស់ពួកគេបានបង្ហាញសេចក្តីពិតនៃព្រះគម្ពីរអំពីព្រះ និងសេចក្តីស្រឡាញ់របស់ទ្រង់ដល់មនុស្សនៅគ្រប់ទីកន្លែង។
«ពួកបណ្តាជនត្រូវតែគោរពបញ្ញត្តិរបស់ព្រះ។ ពេលនោះ ពួកគេនឹងក្លាយជាអ្នកជោគជ័យនៅក្នុងភ្នែកនៃមនុស្សគ្រប់គ្នានៅលើផែនដី។ ព្រះបានប្រទានប្រាជ្ញា និងជំនាញដល់រាស្ត្ររបស់ទ្រង់រួចទៅហើយក្នុងការធ្វើរឿងល្អៗ។ ព្រះអង្គដដែលនេះនឹងបន្តបង្រៀនដល់រាស្ត្ររបស់ទ្រង់។ ទ្រង់នឹងធ្វើអោយ ជីវិតរបស់ពួកគេកាន់តែប្រសើរឡើងនៅពេលដែលពួកគេគោរពតាមបញ្ញត្តិរបស់ទ្រង់។ ពេលនោះ ពួកគេនឹងមិនមានជំងឺឡើយ។ ព្រះក៏នឹងប្រទានចិត្តគំនិតឆ្លាតវៃដល់រាស្ត្ររបស់ទ្រង់ផងដែរ។ ពួកគេនឹងបង្ហាញ ព្រះអម្ចាស់ក្នុងគ្រប់ទាំងភាពជោគជ័យ និងទ្រព្យសម្បត្តិរបស់ពួកគេ។ ព្រះបានជ្រើសរើសរាស្ត្ររបស់ទ្រង់អោយក្លាយទៅជានគរនៃមេដឹកនាំសាសនា និងព្រះអម្ចាស់។ ព្រះបានប្រទានរបស់គ្រប់យ៉ាងដែលពួកគេត្រូវការ ដើម្បីអោយបានក្លាយជាសាសន៍ដ៏ខ្លាំងក្លាបំផុតនៅលើផែនដី»។ ដកស្រង់ពី Ellen G. White, Christ’s Object Lessons, page 288, adapted។
សូមអានខគម្ពីរម៉ាថាយ ៥៖១៣-១៦។ តើព្រះយេស៊ូវកំពុងតែមានបន្ទូលអំពីអ្វីមកកាន់យើងនៅក្នុងខទាំងនេះ? តើសារនេះបង្ហាញចំណុចដូចគ្នាដែលព្រះយេស៊ូវបានមានបន្ទូលទៅកាន់អ៊ីស្រាអែលនៅក្នុងគម្ពីរសញ្ញាចាស់យ៉ាងដូចម្តេច? តើសារនេះមានន័យយ៉ាងដូចម្តេចសម្រាប់យើងសព្វថ្ងៃនេះ ក្នុងនាមជាសេវេនដេយអាត់វេនទីស្ទ?
ថ្ងៃសុក្រ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២១
សិក្សាបន្ថែម
«សង្គ្រាមរវាងសេចក្តីល្អ និងសេចក្តីអាក្រក់បានចាប់ផ្តើមឡើងនៅឯស្ថានសួគ៌។ សាតាំងបានព្យាយាមយ៉ាងខ្លាំងនៅក្នុងការៀបចំផែនការតាំងពីពេលនោះមក។ សាតាំងបានច្បាំងទាស់នឹងព្រះដើម្បីបំផ្លាញបញ្ញត្តិរបស់ទ្រង់»។ ព្រះបានបោះសាតាំងចេញពីស្ថានសួគ៌។ ប៉ុន្តែ សាតាំងបានបន្តសង្គ្រាមរបស់វាទាស់នឹងព្រះនៅលើផែនដីនេះ។ សាតាំងរវល់ជាខ្លាំង។ វាបានបោកបញ្ឆោតមនុស្សជាមួយនឹងការកុហករបស់វា។ បន្ទាប់មក សាតាំងនឹងនាំពួកគេអោយបំពានបញ្ញតិ្តរបស់ព្រះ។ សាតាំងនឹងនាំមនុស្សមួយចំនួនអោយបោះបង់ចោលបញ្ញត្តិណាមួយ។ សាតាំងនឹងនាំអ្នកដទៃអោយបោះបង់ចោលបញ្ញត្តិទាំងមូល។ នៅទីបញ្ចប់ រឿងដដែលនឹងកើតឡើង។ បុគ្គលដែលមានកំហុសក្នុងការបំពានលើបញ្ញត្តិណាមួយនឹងបង្ហាញថា គេមិនបានគោរពតាមបញ្ញត្តិទាំងមូលនោះទេ។ គេនឹងនាំអ្នកដទៃអោយប្រព្រឹត្តអំពើបាបតាមរយៈគំរូរបស់គេ។ ទន្ទឹមគ្នានេះ បុគ្គលនេះនឹងមានកំហុសក្នុងការបំពានលើបញ្ញត្តិទាំងមូលផងដែរ (យ៉ាកុប ២៖១០)។ ដកស្រង់ពី Ellen G. White, The Great Controversy, page 582, adapted។
សូមអានអំពីសម្រង់មតិដែលអ្នកស្រីអែល្លីន ជីវ៉ៃត៍បានសរសេរអំពីព្រះបាល-ពេអរយ៉ាងដូច្នេះថា៖ «ពួកបណ្តាជននៃសាសន៍អ៊ីស្រាអែលបានធ្វើអ្វីដែលព្រះហាមពួកគេកុំអោយធ្វើ។ ពេលនោះ សាតាំងបានចាប់ពួកគេដាក់នៅក្នុងអន្ទាក់របស់វា។ សាតាំងបានសណ្តំពួកបុរសជាមួយនឹងតន្ត្រី និងការរាំរែក។ ភាពស្រស់ស្អាតនៃស្ត្រីសាសន៍ម៉ាឌានក៏បានសណ្តំពួកបុរសនៃសាសន៍អ៊ីស្រាអែលផងដែរ។ ពេលនោះ ពួកគេបានបោះបង់ចោលភាពស្មោះត្រង់របស់ពួកគេចេញពីព្រះអម្ចាស់។ ពួកបុរសបានចូលរួមបរិភោគអាហារ និងនិយាយលេងសើចជាមួយនឹងពួកស្ត្រី។ ពួកគេបានផឹកស្រាទំពាំបាយជូរ។ ពួកគេបានបាត់បង់ សុភវិនិច្ឆ័យ និងភាពម្ចាស់កាលើខ្លួនឯង។ សេចក្តីប្រាថ្នាចង់រួមភេទរបស់ពួកគេបានគ្រប់គ្រងលើពួកគេទាំងស្រុង។ បន្ទាប់មក ពួកគេបានក្រាបចុះថ្វាយបង្គំរូបសំណាក។ ពួកគេបានថ្វាយសំណែននៅលើអាសនាដល់ព្រះក្លែងក្លាយ។ ហើយពួកគេបានចូលរួមថ្វាយបង្កំព្រះក្លែងក្លាយដែលនាំអោយចិត្ត និងគំនិតរបស់ពួកគេកាន់តែខ្សោយទៅៗ»។ ដកស្រង់ពី Ellen G. White, Patriarch and Prophets, page 454, adapted។
សំនួរពិភាក្សា៖
- សូមគិតអំពីរបៀបដែលព្រះបានជ្រើសរើសសេវេនដេយអាត់វេនទីស្ទអោយធ្វើកិច្ចការពិសេសមួយ ដូចដែលទ្រង់បានជ្រើសរើសសាសន៍អ៊ីស្រាអែលនៅក្នុងសម័យព្រះគម្ពីរដូច្នោះដែរ។ សូមគិតអំពីអ្វីគ្រប់យ៉ាងដែលព្រះបានផ្តល់អោយយើងប្រៀបធៀបទៅនឹងមនុស្សដទៃនៅលើផែនដីរាប់ទាំងពួកអ្នកដែលនៅក្នុងព្រះវិហារដទៃទៀត។ សំណួរសម្រាប់យើងនោះគឺថា៖ តើយើងកំពុងតែធ្វើអ្វីខ្លះជាមួយនឹងអ្វីដែល ព្រះបានផ្តល់អោយយើង? តើយើងកំពុងតែបង្ហាញប្រាជ្ញា និងសុភវិនិច្ឆ័យរបស់យើងទៅកាន់អ្នកដទៃយ៉ាងដូចម្តេច?
- ព្រះអម្ចាស់មិនបានបង្ខំអោយយើងគោរពតាមទ្រង់នោះទេ។ ប៉ុន្តែ យើងត្រូវតែជ្រើសរើសគោរពតាមទ្រង់។ បន្ទាប់ពីយើងធ្វើការជ្រើសរើសបែបនេះហើយ តើយើងអាចគោរពតាមទ្រង់យ៉ាងម៉ឺងម៉ាត់ និងមិនបណ្តាលអោយភ្លាត់យ៉ាងដូចម្តេចទៅបាន?
- តើការដែលបន្ថែម និងការបន្ថយទៅលើបញ្ញត្តិរបស់ព្រះមានន័យយ៉ាងដូចម្តេច? តើអាចទៅរួចដែរទេ ដែលយើងបានធ្វើរឿងទាំងនេះដោយមិនដឹងខ្លួននោះ? សូមពន្យល់ចម្លើយរបស់លោកអ្នក។
រឿងខ្លី
តើនេះជាសៀវភៅអ្វី?
ជនប្លែកមុខម្នាក់បានហុចព្រះគម្ពីរទៅអោយក្មេងស្រីអាយុ១២ឆ្នាំម្នាក់ ខណៈពេលដែលនាង ចេញពីសាលារៀនត្រឡប់ទៅផ្ទះវិញនៅក្នុងប្រទេសជបុ៉ន។ ប៉ុន្តែ នាងមិនចាប់អារម្មណ៍សោះ ក៏យកសៀវភៅនោះទៅដាក់នៅលើធ្នើរក្នុងបន្ទប់គេងរបស់នាង។ ក្រោយមក ខណៈដែលនាងកំពុងតែសំអាតបន្ទប់របស់នាង នាងបានក្រឡេកឃើញព្រះគម្ពីរនៅលើធ្នើរ រួចមានចិត្តឆេះឆួលចង់ប្រគល់សៀវភៅនេះ ទៅអោយរីយ៉ូតារ៉ូ (Ryotaro) ដែលជាប្អូនប្រុសអាយុ៨ឆ្នាំរបស់នាង។ តើឯងចង់អានសៀវភៅនេះដែរអត់?» នាងបានសួរ។ រីយ៉ូតារ៉ូងឿងឆ្ងល់ថា នាងកំពុងតែកាន់សៀវភៅអ្វីនៅក្នុងដៃ។ នៅពេលដែលគាត់ចូលទៅមើលជិត គាត់បានឃើញពាក្យថា «ព្រះគម្ពីរ» នៅលើក្រប។ គាត់ធ្លាប់ឃើញព្រះគម្ពីរមួយក្បាលនៅឯផ្ទះជីតារបស់គាត់ ហើយគាត់ក៏ចង់ដឹងថា សៀវភៅនោះជាសៀវភៅអ្វីដែរ។ គាត់បានឆ្លើយទៅវិញថា «បាទ ខ្ញុំចង់អានតើ»។ ព្រះគម្ពីរបានក្លាយជាកម្មសិទ្ធិរបស់គាត់។ ព្រះគម្ពីរនេះមានតែគម្ពីរសញ្ញាថ្មីតែប៉ុណ្ណោះ ហើយគាត់បានចាប់ផ្តើមអានចេញពីដំណឹងល្អម៉ាថាយជាដំបូង។ អ្នកណាគេជាលោកម៉ាថាយ? គាត់បានគិតនៅក្នុងចិត្ត។
ខណៈដែលគាត់កំពុងតែអាន គាត់បានរៀនអំពីបុរសម្នាក់ដែលមានឈ្មោះថា ព្រះយេស៊ូវដែលបានព្យាបាលអ្នកជំងឺជាច្រើន។ គាត់បានដឹងថា ព្រះយេស៊ូវគឺជាបុគ្គលម្នាក់ដ៏អស្ចារ្យ។ នៅពេលដែលគាត់អានកណ្ឌគម្ពីរម៉ាថាយចប់ គាត់ឆ្ងល់ថា នឹងមានអ្វីកើតឡើងបន្ទាប់ទៀត ដូច្នេះហើយគាត់ចាប់ផ្តើម ម៉ាកុសដែលជាកណ្ឌគម្ពីរបន្ទាប់ទៀត។ ប៉ុន្តែ រឿងហាក់ដូចជាស្រដៀងគ្នាទៅនឹងអ្វីដែលគាត់បានអាននៅក្នុងកណ្ឌគម្ពីរម៉ាថាយ ម្ល៉ោះហើយ គាត់បានបើករំលងទៅ។ បន្ទាប់ពីនោះ គាត់បានបើកអានត្រង់ នេះបន្តិចត្រង់នោះបន្តិច ប៉ុន្តែ គាត់មិនបានអានកណ្ឌគម្ពីរណាមួយចប់នោះទេ។ គាត់ចង់ដឹងបន្ថែមអំពីព្រះយេស៊ូវ។ ដោយសារតែគ្រួសាររបស់គាត់មិនមែនជាគ្រីស្ទាន ដូច្នេះ គាត់មិនបានប្រាប់ពួកគេអំពីបំណងប្រាថ្នារបស់គាត់នោះទេ។
នៅពេលនោះ ព្រះគម្ពីរបានក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតរបស់គាត់។ គាត់បានរកឃើញទំព័រមួយដែលមានសេចក្តីសន្យាដែលគាត់អានទទួលនឹងបាននៅក្នុងនោះ។ មានសេចក្តីសន្យាសម្រាប់ នៅពេលដែលគាត់ឈឺ ឬជួបនៅថ្ងៃអាក្រក់។ គ្រប់ពេលដែលគាត់ចង់បានសេចក្តីសុខសាន្ត គាត់តែងតែអាននូវសេចក្តីសន្យា និងការលើកទឹកចិត្តទាំងនេះ។ គាត់បានគូសបន្ទាត់ពីក្រោមខទាំងឡាយដែលគាត់ចូលចិត្តជាមួយនឹងខ្មៅដៃ។ នៅពេលដែលគាត់ចាកចេញពីផ្ទះ គាត់តែងតែកាន់ព្រះគម្ពីរទៅជាមួយនឹងគាត់។ ទោះបីជាគ្មានអ្នកណាម្នាក់បង្រៀនគាត់អោយអធិស្ឋានក៏ដោយ នៅពេលដែលគាត់ធ្វើដំណើរជាមួយ នឹងគ្រួសាររបស់គាត់ គាត់តែងតែអធិស្ឋានថា «សូមព្រះការពារពួកយើងផង»។ នៅពេលដែលគាត់បញ្ចប់ថ្នាក់បថមសិក្សា គាត់បានសម្រេចចិត្តទៅរៀននៅឯវិទ្យាល័យអូគីណាវ៉ា សានីគូ ជូនា (Okinawa Saniku Junior) ដែលជាសាលារៀនអាត់វេនទីស្ទដែលឪពុកម្តាយគាត់បានស្វែងរកឃើញនៅក្នុងអិនធឺណេត។ គាត់សង្ឃឹមថា នឹងបានរៀនបន្ថែមអំពីព្រះយេស៊ូវ ហើយគាត់បានរៀនអំពីទ្រង់មែន។ សព្វថ្ងៃនេះ រីយ៉ូតារ៉ូ មានអាយុ១២ឆ្នាំ ហើយគាត់កំពុងតែស្នាក់នៅក្នុងអគាសិស្សប្រុសនៅឯសាលារៀន។ មុននេះបន្តិច គាត់បានប្រាប់ឪពុកម្តាយរបស់គាត់ថា គាត់ចង់ទទួលបុណ្យជ្រមុជទឹក។
អំណានដង្វាយប្រចាំសប្តាហ៍
នៅពេលអ័ប្រាហាំយកព្រះទុកជាទីមួយ
អ័ប្រាហាំបានសម្រេចចិត្តយកព្រះទុកជាទី១ក្នុងជីវិតរបស់គាត់។ ថ្ងៃនេះ តើយើងអាចរៀនអ្វីបានខ្លះពីលោកយ៉ូសែបបេតស៍ដែលនឹងជួយយើងឲ្យយកព្រះទុកជាទី១នៅក្នុងជីវិតផ្ទាល់របស់យើង?
អ័ប្រាហាំគឺជាអ្នកមានស្តុកស្តម្ភម្នាក់ក្នុងអំបូរម៉ាសាយក្នុងប្រទេសថាន់សានៀ។ គេស្គាល់អំបូរអាហ្វិកនេះដោយសារតែសត្វពាហនៈរបស់ពួកគេ។ សម្រាប់ពួកម៉ាសាយគ្មានអ្វីសំខាន់ជាងសត្វពាហនៈរបស់ពួកគេឡើយ។ កាលណាសត្វគោណាមួយស្លាប់ ពួកគេនាំគ្នាយំសោកឮៗ និងកាន់ទុក្ខយូរជាងការដែលបាត់បង់សមាជិកគ្រួសារណាមួយរបស់ពួកគេទៅទៀត។ តាមពិតទៅ តម្លៃរបស់គោមួយក្បាលគឺមិនលើសពី១០០០ដុល្លារឡើយ។
នៅពេលដែលអ័ប្រាហាំបានរៀនអំពីសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវតាមរយៈវិទ្យុអាត់វេនទីស្ទពិភពលោក គាត់ក៏បានសម្រេចចិត្តយកព្រះទុកជាទីមួយក្នុងជីវិតរបស់គាត់ បើទោះបីជាត្រូវប្រឈមនឹងផលប៉ះពាល់ខ្លះក្តី។ រឿងនោះកើតឡើងនៅពេលដែលគាត់បានថ្វាយគោចំនួន១០០ក្បាលជាដង្វាយដប់ហូតមួយដល់ព្រះអម្ចាស់។
អ្នកជិតខាងនិងមិត្តភក្តិរបស់គាត់មិនអាចយល់ពីការដែលគាត់សម្រេចចិត្តនេះឡើយ។ ពួកគេគិតថាគាត់ប្រាកដជាឆ្កួតហើយ។
មិនយូរប៉ុន្មានបន្ទាប់ពីអ័ប្រាហាំថ្វាយគោ១០០ក្បាលជាដង្វាយដប់ហូតមួយ ស្រាប់តែមានហេតុការណ៍មិនធម្មតាកើតឡើងចំពោះសត្វពាហនៈរបស់គាត់។ មេគោរបស់គាត់ចាប់ផ្តើមបង្កើតកូនភ្លោះ។ ជាធម្មតាមេគោរបស់គាត់បង្កើតបានកូនម្តងតែមួយក្បាលទេ។ ប៉ុន្តែឥឡូវនេះមេគោទាំងអស់របស់គាត់ចាប់ផ្តើមបង្កើតកូនភ្លោះវិញ។ អ័ប្រាហាំបានថ្វាយ១០០ក្បាល ហើយឥឡូវនេះគាត់មានច្រើនជាងមុនទៅទៀត។
អ្នកជិតខាងរបស់ពួកគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ «សូមហៅគ្រូគង្វាលរបស់អ្នកមក ខ្ញុំចង់ថ្វាយដង្វាយ១០ហូត១ដែរ» អ្នកជិតខាងម្នាក់របស់គាត់និយាយ។ «យើងចង់ឲ្យមេគោរបស់យើងបង្កើតកូនភ្លោះដែរ» ម្នាក់ទៀតនិយាយ។
អ័ប្រាហាំនឹកស្ងើចក្នុងចិត្តអំពីរបៀបដែលព្រះជាម្ចាស់កំពុងប្រទានពរគាត់ ហើយបានសម្រេចចិត្តថាគាត់មិនចង់ថ្វាយដង្វាយ១០ហូត១តែមួយទេ។ គាត់ចង់ថ្វាយដង្វាយ១០ហូត១ឌុបវិញ។ គាត់ក៏បានហៅគ្រូគង្វាលអាត់វេនទីស្ទមកជួប។
អ័ប្រាហាំបាននាំភ្ញៀវទៅឯទីវាល ហើយបានចាប់ផ្តើមរាប់គោដែលជាដង្វាយ១០ហូត១របស់គាត់។ «មួយ ពីរ បី បួន ប្រាំ ប្រាំមួយ ប្រាំពីរ ប្រាំបី ប្រាំបួន»។ នៅពេលដែលគាត់រាប់ដល់ទីដប់ គាត់បានប្រាប់គេឲ្យដៅចំណាំនៅលើត្រចៀករបស់វាដើម្បីញែកវាចេញជាដង្វាយបរិសុទ្ធ។ «មួយនោះគឺជារបស់ព្រះអម្ចាស់» គាត់និយាយ។ បន្ទាប់មកគាត់រាប់ទី១១ ហើយប្រាប់គ្នារបស់គាត់ឲ្យដៅចំណាំនៅលើត្រចៀករបស់វាដែរ។ នេះគឺជាដង្វាយ១០ហូត១ទីពីរ។ បន្ទាប់មកគាត់ចាប់ផ្តើមរាប់ពីមួយឡើងវិញម្តងទៀត។
អ័ប្រាហាំបានយកព្រះទុកជាទីមួយ បើទោះបីជាអ្នកជិតខាងនិងមិត្តភក្តិរបស់គាត់គិតមិនល្អអំពីគាត់ក្តី។ សព្វថ្ងៃនេះសេចក្តីក្លាហានរបស់គាត់ក៏បណ្តាលចិត្តយើងរាល់គ្នាដែរ។ ព្រះយេស៊ូវបានលះបង់អ្វីៗគ្រប់យ៉ាងដើម្បីប្រោសលោះយើង ហើយសេចក្តីស្រឡាញ់របស់ទ្រង់ក៏ជំរុញយើងឲ្យយកនគររបស់ទ្រង់ទុកជាទី១ក្នុងជីវិតផ្ទាល់របស់យើងដែរ។ ខណៈដែលអ្នកជំនួយការប្រមូលប្រាក់ដង្វាយ១០ហូត១ និងសទ្ធា យើងក៏ត្រូវបានលើកទឹកចិត្តឲ្យយកព្រះទុកជាទីមួយដែរ។