តើពាក្យសំដីដ៏ឈ្លាសវៃរបស់រាជទូតនេះបានធ្វើឱ្យស្តេចហេសេគា និងប្រជាជនរបស់គាត់មានអារម្មណ៍យ៉ាងណា? សម្រាប់ចម្លើយ សូមអានពង្សាវតារក្សត្រទី២ ១៨៖៣៧-១៩៖៤ និងអេសាយ ៣៦៖២១-៣៧៖៤។
---------------------------------------------------------------------------------------
ទឹកព្រះទ័យរបស់ស្តេចហេសេគា មានពោរពេញទៅដោយសេចក្តីភ័យខ្លាច និងរំជើបរំជួលជាខ្លាំងណាស់បានជាទ្រង់ងាកបែរទៅរកព្រះវិញ។ ព្រះទ័យរបស់ទ្រង់ពិតជាគ្មានមោទនភាពទេ។ ទ្រង់បានសុំជំនួយពីលោកអេសាយដែលលោកជាហោរារបស់ព្រះ។ ព្រះបិតារបស់ព្រះអង្គមិនបានយកព្រះទ័យទុកដាក់នឹងដំបូន្មានរបស់ហោរាអេសាយនោះទេ។ ប៉ុន្តែ ស្តេចហេសេគាបានត្រៀមអង្គទ្រង់ ដើម្បីធ្វើតាមអ្វីដែលហោរាអេសាយបានមានប្រសាសន៍។
តើព្រះជាម្ចាស់ទ្រង់បានលើកទឹកចិត្តដល់ស្តេចហេសេគាយ៉ាងដូចម្ដេច? សម្រាប់ចម្លើយ សូមអានខគម្ពីរអេសាយ ៣៧៖៥-៧។
---------------------------------------------------------------------------------------
សារដែលមកពីព្រះជាម្ចាស់គឺមិនច្រើនទេ ប៉ុន្តែមានលក្ខណៈគ្រប់គ្រាន់ល្មម។ ព្រះជាម្ចាស់កាន់ខាងរាស្ត្ររបស់ទ្រង់។ លោកអេសាយបាននិយាយថា សានហេរីបនឹងឮនូវដំណឹងមួយដែលនាំអោយទ្រង់ឈប់វាយប្រហារទៅលើស្រុកយូដាទៀត។ រឿងនេះបានកើតឡើងភ្លាមៗ។ ប៉ុន្តែ ស្តេចសានហេរីបទ្រង់មិនព្រមបោះបង់ចោលដោយងាយនោះទេ។ ព្រះអង្គបានផ្ញើសារមួយច្បាប់ទៅកាន់ស្តេចហេសេគាថា៖ «សូមព្រះអង្គកុំឆោតល្ងង់ទៅជឿទុកចិត្តព្រះណាមួយដែលបានអះអាងថា ‘ក្រុងយេរូសាឡិមនឹងមិនត្រូវបានវាយអោយបរាជ័យដោយស្តេចស្រុកអាសស៊ើរឡើយ’»។ ទ្រង់បានជ្រាបនូវអ្វីដែលស្តេចស្រុកអាសស៊ើរបានធ្វើដល់ប្រជាជាតិទាំងឡាយរូចហើយ។ យើងបានបំផ្លាញពួកវាទាំងស្រុង។ តើទ្រង់គិតថា ទ្រង់នឹងបានរូចខ្លួនឬអី? ទេ។ តើព្រះរបស់បុគ្គលទាំងនោះបានជួយសង្គ្រោះពួកគេទេ? (អេសាយ ៣៧៖ ១០-១២; សូមអានខគម្ពីររបាក្សត្រទី២ ៣២៖១៧ ផងដែរ)។
លើកនេះស្តេចហេសេគាបានយាងតម្រង់ទៅឯព្រះវិហារតែម្តង។ គាត់បានប្រកាសសាររបស់សេ្តចសានហេរីបនៅចំពោះព្រះភ័ក្រ្តព្រះយេហូវ៉ានៃពួកពលបរិវារ។ ព្រះជាម្ចាស់ទ្រង់គង់នៅ «ជាមហាក្សត្រដ៏ឧត្តមលើអស់ទាំងពពួកទេវតាចេរូប៊ីន» (អេសាយ ៣៧៖១៦; សូមអានខ១៤ និង១៥ ផងដែរ)។
តើសេចក្ដីអធិស្ឋានរបស់ស្តេចហេសេគាបង្ហាញយ៉ាងណាអំពីការប្រយុទ្ធរវាងស្រុកយូដា និងស្រុកអាសស៊ើរ? សម្រាប់ចម្លើយ សូមអានខគម្ពីរអេសាយ ៣៧៖១៥-២០។
---------------------------------------------------------------------------------------
ស្តេចសានហេរីបបានវាយប្រហារសេចក្តីជំនឿរបស់ស្តេចហេសេគា។ សេចក្តីជំនឿលើព្រះធ្វើអោយព្រះបាទហេសេគារឹងមាំ។ ប៉ុន្តែតើទ្រង់នឹងបាត់បង់នូវភាពអង់អាចក្លាហាននោះទេ? អត់ទេ ទ្រង់បានងាកទៅរកព្រះជាម្ចាស់។ ទ្រង់បានសុំឱ្យព្រះអង្គបង្ហាញទ្រង់អោយដឹងថា សានហេរីបជានរណា។ «សូមទ្រង់ជួយសង្គ្រោះយើងខ្ញុំ ឲ្យរួចពីកណ្តាប់ដៃរបស់គេផង ដើម្បីឲ្យគ្រប់ទាំងសាសន៍នៅផែនដីបានដឹងថា ទ្រង់ជាព្រះយេហូវ៉ាគឺទ្រង់តែ១ព្រះអង្គទេ» (អេសាយ ៣៧៖២០)។
ថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១
ចុងបំផុតនៃសាច់រឿង
កំណត់ត្រារបស់សាសន៍អាសស៊ើរបង្ហាញថា ស្តេចសានហេរីបបានកាន់កាប់ក្រុងចំនួន៤៦។ កងទ័ពរបស់ព្រះអង្គក៏បានវាយប្រហារក្រុងយេរូសាឡិម។ ស្តេចអង្គនេះបានអួតអាងថាទ្រង់បានធ្វើ អោយស្តេចហេសេគា ដែលជាជនជាតិយូដាក្លាយជា«អ្នកទោសក្រុងយេរូសាឡិមក្នុងរាជវាំងរបស់ទ្រង់។ យើងបានធ្វើអោយស្តេចហេសេគាបានដូចសត្វស្លាបនៅក្នុងទ្រុងមួយដែរ»។
ប៉ុន្តែ មិនមានឯកសារណាមួយរបស់សានហេរីប ឬសិលាចារឹកនៅក្នុងវិមានរបស់ទ្រង់ដែលបង្ហាញថាទ្រង់បានវាយយកទីក្រុងយេរូសាឡិមឡើយ។ សេ្តចសានហេរីបគឺជាស្តេចដ៏ខ្លាំងពូកែមួយអង្គ។ អស់អ្នកណាដែលបានប្រយុទ្ធប្រឆាំងនឹងអំណាចរបស់ទ្រង់ពិតជាមិនបានរស់នៅយូរទេ។ ពួកគេ បានវិនាសទៅយ៉ាងឆាប់។ ប៉ុន្តែ សេ្តចហេសេគាបានដឹកនាំប្រទេសនានាដើម្បីប្រយុទ្ធប្រឆាំងនឹងទ្រង់ តែស្តេចអង្គនេះមិនបានសម្លាប់ព្រះអង្គដើម្បីដណ្តើមយកទីក្រុងរបស់ទ្រង់ឡើយ។
រឿងនេះបានបង្ហាញអោយយើងឃើញនូវអព្ភូតហេតុដែលបានកើតឡើង។ រូបសិលាចារឹកនៅក្នុងរាជវាំងរបស់ស្តេចសានហេរីបបង្ហាញថា ទ្រង់បានដណ្តើមយកទីក្រុងឡាគីស។ ស្តេចអង្គនេះចង់អោយមនុស្សគ្រប់គ្នាបានមើលឃើញនូវជោគជ័យរបស់ខ្លួន។ ទ្រង់ក៏ចង់អោយមនុស្សគ្រប់គ្នាឃើញថាទ្រង់ពិតជាស្តេចដ៏ខ្លាំងពូកែមួយអង្គ។ ព្រះអង្គសង្ឃឹមថាផ្ទាំងសិលាចារឹកនេះនឹងមិនធ្វើអោយរាស្រ្តរបស់ព្រះអង្គចាំថា ការវាយប្រហាររបស់ទ្រង់ប្រឆាំងនឹងក្រុងយេរូសាឡិមបានបរាជ័យឡើយ។ ព្រះជាម្ចាស់គឺជាហេតុផលតែមួយគត់ដែលក្រុងយេរូសាឡិមមិនបានត្រូវបញ្ចប់ដូចទីក្រុងឡាគីស។ ស្តេចសានហេរីបមិន បរិយាយប្រាប់ប្រវត្តិសាស្រ្តថា ទ្រង់បានចាញ់សង្រ្គាមជាមួយក្រុងយេរូសាឡិមឡើយ។ ប៉ុន្តែ ព្រះគម្ពីរបានចែងយ៉ាងច្បាស់។
តើរឿងនេះបញ្ចប់ទៅយ៉ាងដូចម្តេច? សម្រាប់ចម្លើយ សូមអានខគម្ពីរអេសាយ ៣៧៖២១-៣៧។
---------------------------------------------------------------------------------------
ព្រះជាម្ចាស់បានឆ្លើយតបនូវការអធិស្ឋានរបស់ស្តេចហេសេគា។ ព្រះអង្គបានផ្ញើសារលើកទឹកចិត្តដល់ទ្រង់។ ព្រះជាម្ចាស់ទ្រង់មានព្រះពិរោធចំពោះស្តេចសានហេរីបណាស់ ពីព្រោះសេ្តចអង្គនេះហ៊ានប្រមាថស្តេចលើអស់ទាំងស្តេច (អេសាយ ៣៧៖២៣)។ បន្ទាប់មក ព្រះជាម្ចាស់ទ្រង់ក៏បានរក្សាសេចក្តីសន្យារបស់ទ្រង់តែម្តង។ ព្រះអង្គបានការពារក្រុងយេរូសាឡិម (ពង្សាវតារក្សត្រទី២ ១៩៖៣៥-៣៧; របាក្សត្រទី២ ៣២៖២១, ២២, អេសាយ ៣៧៖៣៦-៣៨)។
បញ្ហាដ៏ធ្ងន់ធ្ងរក៏ត្រូវការអព្ភូតហេតុដ៏ធំដែរ។ ព្រះបានប្រទាននូវអព្ភូតហេតុមួយ។ ទាហានអាសស៊ើរជាច្រើននាក់បានស្លាប់៖ ១៨៥.០០០នាក់។ ដូច្នេះ ស្តេចសានហេរីបក៏គ្មានជំរើសទៀតទេ។ ទ្រង់ត្រូវតែវិលត្រឡប់ទៅព្រះនគររបស់ទ្រង់វិញ។ នៅទីនោះព្រះអង្គក៏ត្រូវបានគេធ្វើគុត (ចូរប្រៀបធៀបពាក្យពេចន៍របស់ហោរាអេសាយក្នុងគម្ពីរអេសាយ៣៧៖៧-៣៨)។
«ព្រះជាម្ចាស់នៃជនជាតិហេព្រើរបានច្បាំងនឹងស្តេចសានហេរីបដែលមានចិត្តពោរពេញទៅដោយមោទនភាព។ ព្រះជាម្ចាស់បានបង្ហាញព្រះចេស្ដារបស់ទ្រង់អោយប្រទេសនានានៅជុំវិញក្រុងយេរូសាឡិមបានឃើញ។ ព្រះជាម្ចាស់ក៏បានល្បីព្រះនាម និងការស្ងើចសរសើរនៅក្នុងកែវភ្នែករបស់ មនុស្សទាំងពួង។ នៅក្រុងយេរូសាឡិម ចិត្តរបស់ប្រជាជនបានពេញដោយសេចក្តីអំណរគ្រប់ៗគ្នា»។ ដកស្រងពីEllen G. White, Prophets and Kings, p. 361។ ព្រះជាម្ចាស់បានសង្គ្រោះរាស្ត្ររបស់ព្រះអង្គអោយរួចផុតពីការបំផ្លាញ ព្រមទាំងបានរក្សាក្តីសង្ឃឹមអោយនៅគង់វង្សជានិច្ច។
ថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១
ស្ដេចហេសេគាបានសូមអោយព្រះបង្ហាញទីសំគាល់
រឿងក្នុងបទគម្ពីរអេសាយ៣៨ និងអេសាយ៣៩ បានកើតឡើងកៀកនឹងពេលដែលព្រះជាម្ចាស់សង្រ្គោះស្តេចហេសេគាចេញពីកណ្តាប់ដៃស្តេចសានហេរីប។ ដូចដែលយើងបានឃើញនៅក្នុងខគម្ពីរអេសាយ៣៨៖៥, ៦ និងពង្សាវតារក្សត្រទី២ ២០៖៦ ជនជាតិយូដាកំពុងស្ថិតក្នុងគ្រោះមហន្តរាយពីសំណាក់ស្រុកអាសស៊ើរ។ ដូច្នេះ គ្រានេះគឺកើតឡើងមុនពេលដែលព្រះជាម្ចាស់ជួយសង្គ្រោះរាស្ត្ររបស់ព្រះអង្គប៉ុណ្ណោះ។
«សាតាំងមានបំណងចង់សម្លាប់ស្តេចហេសេគា និងបំផ្លាញក្រុងយេរូសាឡិមណាស់ពីព្រោះវាគិតថា ប្រសិនបើព្រះអង្គសុគតទៅ នោះទ្រង់មិនអាចផ្លាស់ប្តូរអ្វីអោយមានភាពប្រសើរឡើងថែមទៀតឡើយ។ ពេលនោះ ក្រុងយេរូសាឡិមនឹងត្រូវបំផ្លាញចោលបានយ៉ាងងាយបំផុត»។ ដកស្រង់ពី The SDA Bible Commentary, vol. 4, p. 240។
តើអត្ថបទដកស្រង់ពីសៀវភៅអ្នកស្រីអែល្លិន ជីវ៉ៃត៍បានបង្ហាញយើងយ៉ាងដូចម្តេចស្តីអំពីភាពជាអ្នកដឹកនាំល្អ? តើវាសំខាន់យ៉ាងដូចម្តេចសម្រាប់រាស្រ្តរបស់ព្រះដែលត្រូវមានអ្នកដឹកនាំល្អ?
---------------------------------------------------------------------------------------
តើព្រះជាម្ចាស់បានប្រទានទីសំគាល់ ឬអព្ភូតហេតុពិសេសអ្វីដល់ស្តេចហេសេគា ដើម្បីធ្វើអោយព្រះអង្គមានសេចក្តីជំនឿរឹងមាំឡើង? សម្រាប់ចម្លើយសូមអានខគម្ពីរពង្សាវតារក្សត្រទី២ ២០៖៨-១០ និងអេសាយ ៣៨៖៦-៨។
---------------------------------------------------------------------------------------
ស្តេចអ័ហាសបានបដិសេធមិនព្រមទទួលយកទីសំគាល់ដែលព្រះជាម្ចាស់បានប្រទានមកនោះទេ (អេសាយ ៧)។ ការសម្រេចព្រះទ័យបែបនេះបានបណ្តាលអោយមានបញ្ហាជាមួយជនជាតិអាសស៊ើរ។ តែឥឡូវនេះ ស្តេចហេសេគាបានទូលសូមព្រះជាម្ចាស់ដើម្បីរកទីសំគាល់វិញ (ពង្សាវតារក្សត្រទី២ ២០៖ ៨)។ ដូច្នេះ ព្រះជាម្ចាស់ក៏បានពង្រឹងដល់ស្តេចហេសេគាដើម្បីអោយទ្រង់អាចស៊ូទ្រាំនឹងវិបត្តិទាំងឡាយដែលព្រះបិតារបស់ទ្រង់បាននាំមកលើស្រុកយូដា។ មានតែព្រះជាម្ចាស់មួយព្រះអង្គប៉ុណ្ណោះដែលអាចផ្លាស់ប្តូរស្រមោលនៃពេលវេលា (នាឡិកាព្រះអាទិត្យ) របស់ស្តេចអ័ហាសបាន។ នាឡិកាព្រះអាទិត្យគឺជាថាសរាងរង្វង់មូលមួយដែលមានវត្ថុរាងត្រីកោណដាក់ផ្ទប់នៅលើកំពូល។ វត្ថុនេះត្រូវបានគេប្រើនៅសម័យព្រះគម្ពីរដើម្បីប្រាប់ពីពេលវេលា។
ប្រជាជនបាប៊ីឡូនបានសិក្សាអំពីតារាសាស្ត្រ និងដំណើរគោចររបស់វា។ កាលនោះពួកគេបានឃើញឥរិយាបថចម្លែកនៃព្រះអាទិត្យ។ ពួកគេសង្ស័យថាតើដំណើរនេះមានន័យយ៉ាងដូចម្តេចទៅ។ នោះហើយជាមូលហេតុដែលស្តេចស្រុកបាប៊ីឡូនដែលមានព្រះនាមថា មឺរដាក-បាឡាដាន់បានចាត់អ្នកនាំសាររបស់ទ្រង់អោយមកសួរសុខទុក្ខស្តេចហេសេគា។ បន្ទាប់មក ពួកបាប៊ីឡូនក៏បានកាត់ស្រាយន័យយល់អំពីទំនាក់ទំនងរវាងកិច្ចផ្សះផ្សារបស់ស្តេចហេសេគា នឹងអព្ភូតហេតុនៃពន្លឺថ្ងៃ។
ឥឡូវនេះ យើងបានដឹងហើយថាហេតុអ្វីបានជាព្រះជាម្ចាស់ជ្រើសរើសយកទីសំគាល់នេះ។ ក្រោយមក ព្រះនឹងចាត់ប្រើផ្កាយនៅភូមិបេថ្លេហិមដើម្បីនាំពួកអ្នកប្រាជ្ញពីទិសបូព៌ា អោយមកជួលគាល់ ព្រះយេស៊ូវ។ ដូចគ្នានេះដែរ ព្រះជាម្ចាស់បានប្រើដំណើរផ្លាស់ប្តូរនៃព្រះអាទិត្យ ដើម្បីដឹកនាំអ្នកនាំសារពីក្រុងបាប៊ីឡូនអោយចូលមកស្រុកយូដានៅសម័យស្តេចហេសេគា។ នេះក៏ជាពេលវេលាដ៏ពិសេសសំរាប់ពួកបាប៊ីឡូនបានរៀនសូត្រអំពីព្រះដ៏ពិត។ ស្តេចមឺរដាក-បាឡាដាន់បានចំណាយពេលពេញមួយព្រះជន្មរបស់ទ្រង់ ដើម្បីព្យាយាមទទួលបានសេរីភាពចុងក្រោយពីប្រទេសអាសស៊ើរ។ ព្រះអង្គពិតជាត្រូវការសម្ព័ន្ធមិត្តដែលមានអំណាច ដូច្នេះហើយបានជាទ្រង់មានបំណងចងសម្ព័ន្ធភាពជាមួយហេសេគា។ ព្រះអាទិត្យបានរំកិលចេញពីគន្លងគោចររបស់វាដោយសារការអធិស្ឋានរបស់ស្តេចហេសេគា។ ដូច្នេះ តើស្តេចហេសេគាអាចធ្វើអ្វីបានដល់ស្រុកអាសស៊ើរ?
ថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០២១
សិក្សាបន្ថែម
មានតែព្រះជាម្ចាស់មួយអង្គប៉ុណ្ណោះដែលអាចបណ្តាលអោយស្រមោលដែលនៅលើពន្លឺព្រះអាទិត្យដើរថយក្រោយ១០ដឺក្រេ។ (ដូចដែលយើងបានឃើញកាលពីម្សិលមិញ នាឡិកាព្រះអាទិត្យ គឺជាថាសមូលមួយដែលត្រូវបានប្រើនៅសម័យព្រះគម្ពីរដើម្បីប្រាប់ពីពេលវេលា)។ ទីសំគាល់នេះបានបង្ហាញអោយស្តេចហេសេគាដឹងថាព្រះជាម្ចាស់ ទ្រង់បានស្តាប់ឮនូវសេចក្តីអធិស្ឋានរបស់ទ្រង់ហើយ។ «គឺអញនឹងធ្វើឲ្យស្រមោលដែលបានជ្រេទៅនៅនាឡិកា ថ្ងៃរបស់ស្តេចអ័ហាសបានថយមកវិញដូច្នេះ ស្រមោលក៏ថយមកវិញ១០ចុចតាមដែលបានជ្រេទៅហើយ។ នេះជាពាក្យដែលហេសេគាជាស្តេចយូដា បានសរសេរក្នុងកាលដែលទ្រង់ប្រឈួនហើយបានជាឡើងវិញ។ យើងបានពោលថា យើងនឹងទៅឯទ្វារ នៃស្ថានឃុំព្រលឹងមនុស្សស្លាប់ ក្នុងកាលដែលនៅពាក់កណ្តាលអាយុទេ សំណល់នៃឆ្នាំអាយុបានបង្អត់ដល់យើងហើយ យើងបានពោលថា យើងនឹងលែងឃើញព្រះ គឺជាព្រះយេហូវ៉ានៅស្ថានរបស់មនុស្ស រស់នេះទៀត យើងនឹងខានឃើញមនុស្សដែលនៅកណ្តាលពួកមនុស្សលោកតទៅ» (អេសាយ ៣៨៖៨-១១)។ ដកស្រង់ពី Ellen G. White, Prophets and Kings, p. 342។
«បើមានអ្នកដំណើរដែលមកពីស្រុកឆ្ងាយណា នោះស្តេចហេសេគា ទ្រង់អាចមានឱកាសងាយ ស្រួលក្នុងការប្រាប់ពួកគេអំពីព្រះដ៏មានព្រះជន្មរស់។ ព្រះគឺជាអ្នកដែលបានបង្កើតអ្វីៗគ្រប់យ៉ាងហើយ ទ្រទ្រង់វាអោយគង់វង្សជានិច្ច។ ព្រះអង្គបានជួយសង្គ្រោះជីវិតស្តេចហេសេគាអោយរួចផុតពីសេចក្ដីស្លាប់នៅពេលដែលទ្រង់ត្រូវអស់ផ្លូវ។ តែចិត្តរបស់ស្តេចហេសេគាមានពេញទៅដោយមោទនភាព។ ទ្រង់សព្វព្រះទ័យចង់អោយពួកអ្នកស្រុកឆ្ងាយទាំងនោះគោរពដល់ព្រះអង្គ។ ដូច្នេះហើយ ព្រះអង្គក៏បានបង្ហាញទ្រព្យសម្បត្ដិមហាសាលដែលព្រះបានប្រទានមកដល់រាស្ដ្រទ្រង់ដូចជា ‘មាស ប្រាក់ គ្រឿងទេស និងគ្រឿងក្រអូបថ្លៃៗជាដើម’ ទ្រង់ ‘បានបង្ហាញរបស់សព្វសារពើនៅក្នុងរាជវាំង និងក្នុងព្រះរាជនគររបស់ទ្រង់ដែរ’» (អេសាយ ៣៩៖២)។ ស្តេចហេសេគាទ្រង់មិនបានធ្វើដូច្នេះ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះទេ តែទ្រង់ចង់បង្ហាញទ្រព្យសម្បត្ដិទាំងនេះអោយបានតែការកោតសរសើរដល់ខ្លួនវិញប៉ុណ្ណោះ»។ ដកស្រង់ ពី Pages 344, 345។
សំនួរពិភាក្សា៖
- តើសាតំាងមានលក្ខណៈដូចគ្នានឹងរាជទូតរបស់សាសន៍អាសស៊ើរយ៉ាងដូចម្តេចដែរ? ដូចដែលយើងបានដឹងរួចមកហើយ រាជទូតជាអ្នកបំរើដ៏មានឥទ្ធិពលបំផុតរបស់ស្តេចសានហេរីប។ តើសាតាំងបានប្រាប់នូវការពិតដែរឬទេ នៅពេលដែលវានិយាយថាអ្នកបានធ្វើបាបនោះ (សាការី ៣៖១)? តើព្រះជាម្ចាស់ទ្រង់មានបន្ទួលឆ្លើយយ៉ាងណានៅក្នុងខគម្ពីរសាការី ៣៖២-៥? តើអ្វីជាក្តីសង្ឃឹមតែមួយគត់របស់យើងក្នុងការទប់ទល់នឹងសម្តីរបស់សាតាំង? សម្រាប់ចម្លើយ សូមមើលខគម្ពីររ៉ូម ៨៖១។
- តើសាតាំងនឹងឈប់ចោទប្រកាន់ ឬស្តីបន្ទោសលោកអ្នកទេ នៅពេលដែលព្រះអត់ទោសដល់លោកអ្នកហើយនោះ? សម្រាប់ចម្លើយ សូមអានខគម្ពីរវិវរណៈ ១២៖១០។ បន្ទាប់ពីព្រះបានអត់ទោសបាបឱ្យលោកអ្នកហើយ នោះសាតាំងនៅតែបន្តនិយាយថា លោកអ្នកជាកម្មសិទ្ធិរបស់វា ពីព្រោះលោកអ្នកបានធ្វើបាប។ តើហេតុអ្វីបានជាសាតាំងនិយាយដូច្នេះ? (សូមអានខគម្ពីរចោទិយកថា ១៩៖១៦-២១ ដែលនិយាយអំពីច្បាប់នៃសាក្សីភូតកុហក និងសាក្សីទុច្ចរិត) ។
រឿងខ្លី
សំឡេងដែលមិនអាចពន្យល់បាន
ប៉ាវឡូដា គឺជាទីក្រុងមួយដែលមានប្រជាជនរស់នៅចំនួន ៣០០,០០០ នាក់ស្ថិតនៅភាគខាងជើងនៃរដ្ឋកាហ្សាក់ស្ថាន។ បើទោះជារដ្ឋនេះរាងតូចបន្តិចក៏ដោយ ប៉ុន្តែ វ៉ាឡិនទីណា ស្ល៊ី ហាក់ដូចជារកពេលទំនេរមិនបានក្នុងការធ្វើដំណើរឆ្លងកាត់ទីក្រុងទៅប្រគល់អំណោយដែលបានទទួលពីប្រទេសអាឡឺម៉ង់នោះឡើយ។ នាងបានចំណាយពេលជាច្រើនក្នុងការមើលថែទាំកូនទាំងបីនាក់របស់នាង។ នាងក៏បានឆ្លៀតជួយសំរាលភារៈប្តីរបស់នាងក្នុងការរកប្រាក់ចំណេញផងដែរតាមរយៈការលក់ដំណាប់ផ្លែឈើ និងបន្លែជ្រក់ផ្សេងៗនៅតាមចិញ្ចើមផ្លូវទីក្រុង។ កាលណោះនាងមានអារម្មណ៍មិនល្អសោះ នៅពេលដែលនាងមិនបានយកកញ្ចប់អំណោយដែលបានទទួលពីបងប្អូនជីដូនមួយរបស់នាងម្នាក់ឈ្មោះ ណេលីទៅប្រគល់អោយគេម្នាក់។ គួរបញ្ជាក់ផងដែរថា នាងណេលីបានធ្វើចំណាកស្រុកទៅប្រទេសអាឡឺម៉ង់ ហើយនាងបានស្នើសុំអោយវ៉ាឡិនទីណា ប្រគល់អំណោយទាំងនេះដល់មិត្តម្នាក់របស់នាងឈ្មោះថា អូលហ្គា។ មួយខែក៏បានកន្លងផុតទៅ។ នៅរសៀលថ្ងៃមួយកាលដែលនាងវ៉ាឡិនទីណាកំពុងសម្រាកលើសាឡុង ក្រោយពីបំពេញការងារផ្ទះរួច ពេលនោះនាងក៏បានភ្ញាក់ព្រើត ពេលដែលនាងបានឮនរណាម្នាក់ហៅរកនាង។ សំឡេងនោះបានពោលថា៖ «ឆាប់ក្រោកឡើងយកប្រដាប់ចាក់វីដេអូទៅ អោយអូលហ្គាទៅ»។ នោះមិនមែនជាសំឡេងដែលនិយាយឮចេញមកក្រៅទេ។ វាជាសំឡេងដែលនិយាយចេញពីខាងក្នុងចិត្តនាងវិញ។ ដោយក្តីស្រឡាំងកាំង នោះនាងវ៉ាឡិនទីណាក៏ក្រោកឡើងភ្លាមស្លៀកសម្លៀកបំពាក់ជជុះរបស់នាង ហើយក៏បានដើរយួរកញ្ចប់អំណោយនោះឆ្ពោះទៅកាន់អគារនៃផ្ទះល្វែងរបស់នាងអូលហ្គា។ នៅពេលដែលនាងបានបើកទ្វារចូលខាងមុខអគារនៃផ្ទះល្វែងនោះ នាងបានសង្កេតឃើញថា មានស្ត្រីម្នាក់បានដើរចូលមកពីខាងក្រោយនាង។ មនុស្សចម្លែកនេះបានដើរតាមជណ្តើរទៅកាន់ផ្ទះល្វែងរបស់នាងអូលហ្គា។ ពេលដែលនាងអូលហ្គាបើកទ្វារភា្លម នាងក៏បានរាក់ទាក់ស្វាគមន៍ស្ត្រីទាំងពីរនាក់អោយចូលមកក្នុងផ្ទះរបស់នាង។ វ៉ាឡិនទីណាក៏ឆ្ងល់ថាតើមានអ្វីកើតឡើងនៅទីនេះ។ អូលហ្គាក៏បានណែនាំស្រ្តីទាំងពីរនាក់អោយបានស្គាល់គ្នា៖ «រ៉ូសា នេះគឺជាវ៉ាឡិនទីណា។ វ៉ាឡិនទីណា នេះគឺជារ៉ូសា»។ បន្ទាប់មក នាងក៏បានងាកទៅនាងរ៉ូសា ហើយនិយាយថា៖ «សូមអ្នកឧស្សាហ៍និយាយលេងជាមួយវ៉ាឡិនទីណាផង»។ នាង រ៉ូសាបានចាប់ផ្តើមយំ ហើយបាននិយាយពន្យល់ទាំងអួលដើមកថា នាងកំពុងប្រឈមនិងការលំបាកជាច្រើននៅផ្ទះ ហើយក៏គិតថាចង់ធ្វើអត្តឃាតខ្លួនដែរ។ នាងក៏ខំស្វែងរកព្រះដែរ តែនាងមិនទាន់បានយល់ពីអ្វីដែលនាងកំពុងអាននៅក្នុងព្រះគម្ពីរដែរ។ នាងអូលហ្គាក៏និយាយថា៖ «វ៉ាឡិនទីណាក៏ជាគ្រីស្ទានម្នាក់ដែរ ហើយនាងពិតជាអាចជួយអ្នកបាន»។ វ៉ាឡិនទីណាក៏បានអញ្ជើញានាងរ៉ូសាមកចូលរួមសិក្សាព្រះគម្ពីរជាមួយនាង។ ហើយជាច្រើនខែក្រោយមក នាងរ៉ូសាក៏បានទទួលបុណ្យជ្រមុជទឹក។ វ៉ាឡិនទីណាបាននិយាយថា បទពិសោធន៍មួយនេះបានគូសបញ្ជាក់ពីសារៈសំខាន់នៃការនៅជាប់ក្នុងព្រះគ្រីស្ទដែលបានពិពណ៌នានៅក្នុងគម្ពីរយ៉ូហាន ១៥៖ ៧, ៨ ព្រះយេស៊ូវបានមានបន្ទូលថា «បើអ្នករាល់គ្នានៅជាប់នឹងខ្ញុំ ហើយពាក្យខ្ញុំនៅជាប់ក្នុងអ្នករាល់គ្នា នោះចូរសូមអ្វីតាមតែប្រាថ្នាចុះ សេចក្តីនោះនឹងបានសំរេចដល់អ្នករាល់គ្នាជាមិនខាន។ ព្រះវរបិតាខ្ញុំបានដំកើងឡើងដោយសេចក្តីនេះឯង គឺដោយអ្នករាល់គ្នាបង្កើតផលជាច្រើន យ៉ាងនោះអ្នករាល់គ្នានឹងធ្វើជាសិស្សខ្ញុំមែន»។ នៅពេលអ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយព្រះជាម្ចាស់ នោះទ្រង់អាចប្រាប់អ្នកពីកន្លែងដែលអ្នកត្រូវទៅ និងបុគ្គលដែលអ្នកត្រូវនិយាយជាមួយ ។ អ្នកពិតជាអាចស្គាល់បំណងព្រះហឫទ័យរបស់ទ្រង់បាន» នេះបើតាមសម្តីរបស់នាងវ៉ាឡិនទីណា។
អំណានដង្វាយប្រចាំសប្តាហ៍
នៅពេលដែលស្តេចដាវីឌយកព្រះទុកជាទី១
ការយកព្រះទុកជាទី១មិនមែនជារឿងងាយស្រួលឡើយ។ តើយើងអាចរៀនបានអ្វីខ្លះពីស្តេចដាវីឌដែលនឹងជួយយើងឲ្យយកព្រះទុកជាទី១ក្នុងជីវិតរបស់យើងសព្វថ្ងៃនេះ?
ស្តេចដាវីឌត្រូវបានគេនឹកចាំថាជាវីរបុរសនៅក្នុងប្រវត្តិសាស្ត្រនៃសាសន៍អ៊ីស្រាអែល។ ស្នាដៃធំៗរបស់លោកកើតឡើងដោយសារតែលោកព្រមទទួលយកព្រះទុកជាទី១។ នៅពេលដែលពួកសាសន៍អ៊ីស្រាអែលកំពុងភ័យញាប់ញ័រដោយសារយក្ស និងការប្រមាថរបស់វា ដាវីឌបានយកព្រះជាទីពឹងអាងរបស់លោក។ ការចាប់យកដុំគ្រួសបួនដប់គ្រាប់ ប្រឈមនឹងកូលីយ៉ាតក្នុងព្រះនាមព្រះយេហូវ៉ាគឺជារឿងល្ងង់ខ្លៅណាស់សម្រាប់មនុស្សដទៃផ្សេងទៀត។ ប៉ុន្តែ ដាវីឌបានយកព្រះទុកជាទី១ ហើយទ្រង់ក៏បានជួយឲ្យលោកឈ្នះក្នុងសមរភូមិនោះ។
សាច់រឿងក្រោយមកទៀត ដាវីឌក៏ត្រូវបានចាក់ប្រេងតាំងឲ្យធ្វើជាស្តេច បានយកឈ្នះលើយក្ស បានធ្វើការក្នុងរាជវាំង និងបានរៀបការជាមួយកូនស្រីស្តេច។ លោកអ្នកប្រហែលជាគិតថាជីវិតរបស់លោកប្រាកដជារុងរឿងរហូតហើយ។ ប៉ុន្តែមិនដូច្នេាះទេ។ ស្តេចសូលបានធ្វើទុក្ខបុកម្នេញលោក និងចោទលោកថាជាភេរវករដ៏ធំបំផុតក្នុងនគរ ហើយទាហានគ្រប់រូបដែលបានឃើញកូលីយ៉ាតដេកដួលចុះទៅនឹងដីឥឡូវនេះបែរជាព្យាយាមចាប់ដាវីឌឲ្យខាងតែបានបើទោះជាស្លាប់ឬរស់ក្តី។
ទោះជាយ៉ាងណា បើទោះបីជាស្ថិតក្នុងកាលៈទេសៈដ៏ស្មុគស្មាញ និងលំបាក ដែលមើលទៅហាក់ដូចចាញ់ប្រៀប ហើយព្រះហាក់ដូចជាមិនរវីរវល់នឹងជួយក្តី ក៏ដាវីឌនៅតែយកព្រះទុកជាទី១ដដែល។ នៅពេលដែលលោកបានចូលទៅក្នុងជំរំដែលស្តេចសូលកំពុងផ្ទំលក់ លោកអាចនឹងធ្វើគុតមេដឹកនាំផ្តាច់ការហើយឡើងសោយរាជ្យបាន។ ប៉ុន្តែលោកពុំបានធ្វើដូច្នេាះទេ។ ព្រះជាម្ចាស់ទ្រង់ប្រាកដជាពុំយល់ស្របនឹងការសងសឹកបែបនេះទេ ហេតុនោះបានជាដាវីឌយកព្រះទុកជាទី១ ហើយបានត្រឡប់ទៅរកកន្លែងលាក់ខ្លួនវិញ។
ស្តេចដាវីឌពុំបានយកព្រះទុកជាទី១រហូតទេ។ អំពើផិតក្បត់ជាមួយនាងបាតសេបា និងការសម្លាប់ប្តីរបស់នាងគឺជាឧទាហរណ៍នៃអំពើបាបយ៉ាងច្បាស់ដែលស្តេចដាវីឌបានប្រព្រឹត្តនៅពេលដែលលោកបានយកខ្លួនឯងទុកជាទី១។ ប៉ុន្តែទីបំផុតដាវីឌបានទទួលខុសត្រូវសម្រាប់អំពើបាបរបស់លោក បានកែប្រែចិត្ត និងបានយកព្រះទុកជាទី១ឡើងវិញ។ នៅទីចុងបញ្ចប់នៃជីវិតរបស់លោក លោកមិនអាចទទួលបានទេដែលឃើញដំណាក់របស់លោកប្រសើរជាងដំណាក់របស់ព្រះ។ លោកបានស្បថថានឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឲ្យលោកអាចធ្វើឲ្យដំណាក់របស់ព្រះប្រសើរជាងរាជវាំងរបស់លោក។
ដាវីឌបានយកព្រះទុកជាទី១។ គំរូរបស់លោកដាស់តឿនយើងឲ្យធ្វើតាមលោក។ ខណៈដែលពួកអ្នកជំនួយការប្រាក់ដង្វាយកំពុងប្រមូលប្រាក់ដង្វាយ សូមយើងរាល់គ្នា បានទទួលយកព្រះជាម្ចាស់ទុកជាទី១ចុះ។
សេចក្តីអធិដ្ឋាន៖
ឱព្រះវរបិតាម្ចាស់សួគ៌ យើងរាល់គ្នាថ្វាយបង្គំព្រះអង្គព្រឹកនេះ ដោយភ្ជាប់មកជាមួយនូវប្រាក់ដង្វាយ១០ហូត១ និងដង្វាយសទ្ធា។ យើងសូមអធិដ្ឋានឲ្យព្រះអង្គប្រទានសេចក្តីក្លាហានដល់យើងឲ្យយកទ្រង់ទុកជាទី១ក្នុងជីវិតរបស់យើងរាល់គ្នា។ សូមអធិដ្ឋានក្នុងព្រះនាមព្រះយេស៊ូវ។ អាម៉ែន។