មេរៀនទី៧​៖ ៦-១២ វិច្ឆិកា ២០២១

បញ្ញត្តិ និងព្រះគុណ

Jeans
ថ្ងៃសៅរ៍ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២១
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ អេសេគាល ២៨៖១៥, ១៦; ចោទិយកថា ១៧៖១៩; ចោទិយកថា ១០៖១-១៥; ម៉ាថាយ ១៨៖២១-៣៥។

ខចងចាំ៖ «ខ្ញុំ​មិន​លើក​ព្រះគុណ​នៃ​ព្រះ​ចោល​ទេ ដ្បិត​បើ​សិន​ជា​សេចក្តី​សុចរិត​មក​ដោយសារ​ក្រឹត្យវិន័យ នោះ​ព្រះគ្រីស្ទ​បាន​សុគត​ជា​ឥត​ប្រយោជន៍​សោះ» (កាឡាទី ២៖២១)។

គ្រីស្ទានភាគច្រើនបានជឿលើបញ្ញត្តិរបស់ព្រះ និងព្រះគុណរបស់ទ្រង់។ គ្រីស្ទានភាគច្រើន ក៏បានដឹងអំពីទំនាក់ទំនងរវាងបញ្ញត្តិ និងព្រះគុណផងដែរ។ បញ្ញត្តិរបស់ព្រះបានបង្ហាញយើងថា ព្រះទ្រង់បរិសុទ្ធ។ អំពើបាបបានបំពានលើបញ្ញត្តិរបស់ព្រះ៖ «ឯ​អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​បាប​វិញ នោះ​ក៏​ឈ្មោះ​ថា​ប្រព្រឹត្ត​រំលង​ក្រឹត្យវិន័យ​ដែរ ដ្បិត​អំពើ​បាប​ជា​ការ​រំលង​ក្រឹត្យវិន័យ​ហើយ» (យ៉ូហាន ទី១ ៣៖៤)។ ព្រះគម្ពីរបានចែងថា យើងទាំងអស់គ្នាបានបំពានលើបញ្ញត្តិ៖ «អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​នៅ​ក្រោម​អំណាច​បាប» (កាឡាទី ៣៖២២, គខប)។ មានតែព្រះគុណរបស់ព្រះប៉ុណ្ណោះដែលអាចសង្គ្រោះយើងបាន៖ «ដ្បិត​គឺ​ដោយ​ព្រះគុណ ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះដោយសារ​សេចក្តី​ជំនឿ ហើយ​សេចក្តី​ នោះ​ក៏​មិន​មែន​កើត​ពី​អ្នក​រាល់​គ្នា​ដែរ គឺ​ជា​អំណោយ​ទាន​របស់​ព្រះ​វិញ» (អេភេសូរ ២៖៨)។

(គ្រីស្ទានជាច្រើនមានបញ្ហាតូចមួយជាមួយនឹងបញ្ញត្តិនោះគឺ៖ ថ្ងៃសប្បាតហ៍គឺជាផ្នែកមួយនៃបញ្ញត្តិ។ គ្រីស្ទានជាច្រើនមិនបានទទួលស្គាល់ថ្ងៃសប្បាតហ៍ឡើយ។ ពួកគេបានលើកហេតុផល និងលេសជាច្រើនសម្រាប់មូលហេតុដែលពួកគេពុំចាំបាច់រក្សាថ្ងៃសប្បាតហ៍តទៅទៀតឡើយ។ ប៉ុន្តែ ហេតុផល និងលេសទាំងនោះគឺជាប្រធានបទសម្រាប់ពេលមួយផ្សេងទៀត)។

គោលគំនិតអំពីបញ្ញត្តិ និងព្រះគុណត្រូវបានរកឃើញនៅក្នុងព្រះគម្ពីរទាំងមូល។ យើងអាចមើលឃើញគោលគំនិតនេះនៅក្នុងកណ្ឌគម្ពីរចោទិយកថា។ មែនហើយ កណ្ឌគម្ពីរចោទិយកថាក៏បាន បង្ហាញយើងអំពីទំនាក់ទំនង​រវាងបញ្ញតិ្ត និងព្រះគុណផងដែរ។ ប៉ុន្តែ កណ្គគម្ពីរចោទិយកថាបានបង្ហាញយើងអំពីទំនាក់ទំនងនេះតាមរបៀបដ៏ពិសេសមួយ។

ថ្ងៃអាទិត្យ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២១

បញ្ញត្តិនៅស្ថានសួគ៌

ព្រះគឺជាព្រះនៃសេចក្តីស្រឡាញ់។ សេចក្តីស្រឡាញ់គឺជាផ្នែកដ៏សំខាន់បំផុតនៃការគ្រប់គ្រងរបស់ទ្រង់។ ព្រះក៏ចង់អោយយើងស្រឡាញ់ទ្រង់វិញផងដែរ។​ ដូច្នេះហើយ ទ្រង់បានបង្កើតយើងមកអោយមានសេរីភាពក្នុងការស្រឡាញ់ និងសេរីភាពក្នុងការបែងចែកខុស និងត្រូវ។

ផ្នែកដ៏សំខាន់មួយនៃសេរីភាពក្នុងការជ្រើសរើសរបស់យើងនោះគឺជាបញ្ញត្តិរបស់ព្រះ។ អាតូម គឺជាផ្នែកតូច​បំផុតនៃថាមពល។ ប៉ុន្តែ អាតូមពុំចាំបាច់ត្រូវការជ្រើសរើសរវាងខុស និងត្រូវនោះទេ។ ពួកវាពុំចាំបាច់ត្រូវការបញ្ញត្តិដែលបង្ហាញពួកវាថា អ្វីត្រូវនោះទេ។ រលកសមុទ្រ និងសត្វកង់ហ្គូរូក៏ពុំអាចជ្រើសរើសរវាងសេចក្តីល្អ និងសេចក្តីអាក្រក់បានដែរ។ ដូច្នេះ ពួកវាក៏មិនត្រូវការបញ្ញត្តិដើម្បីបង្ហាញថា អ្វីខុស និងអ្វីត្រូវនោះដែរ។

សូមអានខគម្ពីរអេសេគាល ២៨៖១៥, ១៦។ ខទាំងនេះបានចែងអំពីលុយស៊ីហ្វ័រ។ ព្រះអម្ចាស់បានប្រកាសអំពីទេវតាដ៏អស្ចារ្យនេះថា «អ្នក​ពោរ‌ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ និង​អំពើ​បាប» នៅស្ថានសួគ៌ (ខ១៦​, គខប)។ តើពាក្យទាំងនេះអំពីលុយស៊ីហ្វ័របង្ហាញយើងយ៉ាងដូចម្តេច ថាក្រឹត្យវិន័យរបស់ព្រះជាចំណែកដ៏ពិតនៃស្ថានសួគ៌ ហើយថា ទេវតាគ្រប់គ្នានៅស្ថានសួគ៌ត្រូវតែកាន់តាមបញ្ញតិ្តនោះ?

--------------------------------------------------------

តើលោកអ្នកឃើញពាក្យថា «ពោរពេញដោយអំពើឃោរឃៅ» និង «អំពើបាប» ដែរឬទេ? ព្រះគម្ពីរតែងតែប្រើពាក្យទាំងនេះ ដើម្បីពិពណ៌នាអំពីអ្វីដែលបានកើតឡើងនៅពេលដែលមនុស្សលោកបំពានបញ្ញត្តិ។ ដូចដែរលោកអ្នកបានឃើញនៅក្នុងបទគម្ពីរអេសេគាល ២៨ រួចមកហើយថា ព្រះគម្ពីរក៏បានប្រើពាក្យដដែលទាំងនេះ ដើម្បីពិពណ៌នាអំពីដែលបានកើតឡើងនៅស្ថានសួគ៌ផងដែរ។ ព័ត៌មាន នេះបង្ហាញយើងនូវរឿងដ៏សំខាន់មួយអំពីបញ្ញត្តិរបស់ព្រះ។ បញ្ញត្តិមានសារៈសំខាន់សម្រាប់ទាំងទេវតានៅស្ថានសួគ៌ និងមនុស្សលោកនៅលើផែនដី។

លោកប៉ុលបានសរសេរថា «ដូច្នេះ តើ​យើង​គិត​ដូច​ម្ដេច? តើ​ក្រឹត្យ‌វិន័យ​ជា​បាប​ឬ? ទេ មិន​មែន​ទេ។ ប៉ុន្តែ ប្រសិន​បើ​គ្មាន​ក្រឹត‌វិន័យ​ទេ​នោះ ខ្ញុំ​ក៏​មិន​ដឹង​ថា បាប​ជា​អ្វី​ដែរ។ ប្រសិន​បើ​ក្រឹត្យ‌វិន័យ​មិន​ហាម​ថា «កុំ​លោភ‌លន់» នោះ​ខ្ញុំ​មុខ​ជា​ពុំ​ដឹង​ថា​ការ​លោភ‌លន់​នេះ​ជា​អ្វី​ផង» (រ៉ូម ៧៖៧, គខប)។ តើក្បួនច្បាប់ ដ៏សំខាន់នេះអាចជួយអោយយើងយល់កាន់តែច្បាស់ដោយរបៀបណាដែលថា បញ្ញត្តិក៏មានសារៈសំខាន់ចំពោះទេវតាដែរនោះ?

--------------------------------------------------------

អ្នកស្រីអែល្លីន ជីវ៉ៃត៍បានបកស្រាយថា៖ «បញ្ញត្តិរបស់ព្រះបង្ហាញយើងអំពីអ្វីដែលព្រះយល់ឃើញមានសារៈសំខាន់។ ក្បួនច្បាប់សំខាន់នៃបញ្ញត្តិរបស់ទ្រង់ក៏បានតាំងនៅស្ថានសួគ៌ផងដែរ។ ពួកទេវតាប្រាថ្នាចង់រៀន និងអនុវត្តនូវអ្វីដែលព្រះសព្វព្រះទ័យ។ ចំណេះដឹង និងកិច្ចការមួយនេះគឺជារឿងដ៏សំខាន់បំផុតដែលពួកទេវតាអាចរៀន និងអនុវត្តបាន»។ ដកស្រង់ពី Thoughts From the Mount of Blessing, page 109, adapted។ តើហេតុអ្វីបានជាយើងមិនត្រូវញែកគោលគំនិតនៃបញ្ញត្តិរបស់ព្រះចេញពីគោលគំនិតដែលទ្រង់បានបង្កើតយើងអោយមានសេរីភាពក្នុងការជ្រើសរើសរវាងខុស និងត្រូវនោះ? តើយើងអាចបែងចែក រវាងខុស និងត្រូវយ៉ាងដូចម្តេចទៅ បើគ្មានបញ្ញត្តិនេះ?

ថ្ងៃច័ន្ទ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២១

បញ្ញត្តិនៅក្នុងកណ្ឌគម្ពីរចោទិយកថា

ជនជាតិហេព្រើរបានមកដល់ព្រំប្រទល់នៃសាសន៍កាណាន។ ព្រះហៀបនឹងប្រគល់ទឹកដីដែលទ្រង់បានសន្យាអោយដល់រាស្ត្រជ្រើសតាំងរបស់ទ្រង់។ ដូចដែរយើងបានឃើញរួចមកហើយថា លោកម៉ូសេបានផ្តល់មេរៀន និងដំបូន្មានមួយចំនួនចុងក្រោយដល់ជនជាតិហេព្រើរ មុនពេលដែលពួកគេចូលទៅយកទឹកដីនោះ។ ផ្នែកនៃការបង្រៀនទាំងនេះរួមមានទាំងសេចក្តីបង្គាប់ដែលពួកគេត្រូវតែគោរពតាមផងដែរ។

សូមអានខគម្ពីរចោទិយកថា ៤៖៤៤; ចោទិយកថា ១៧៖១៩; ចោទិយកថា ២៨៖៥៨; ចោទិយកថា ៣០៖១០; ចោទិយកថា ៣១៖១២; ចោទិយកថា ៣២៖៤៦ និងចោទិយកថា ៣៣៖២។ តើព្រះ អម្ចាស់កំពុងតែមានបន្ទូលអំពីអ្វីទៅកាន់រាស្ត្ររបស់ទ្រង់នៅក្នុងខទាំងនេះ? តើហេតុអ្វីបានជាសារនេះមានសារៈសំខាន់ម្ល៉េះ?

--------------------------------------------------------

ខទាំងនេះបានបង្ហាញយើងថា ការគោរពតាមមានសារៈសំខាន់សម្រាប់សាសន៍អ៊ីស្រាអែលជាទីបំផុត។ ការគោរពតាមគឺជាផ្នែកមួយនៃសេចក្តីសញ្ញារបស់ពួកគេជាមួយនឹងព្រះ។ ព្រះបានធ្វើកិច្ចការជាច្រើនសម្រាប់ពួកគេ។ ហើយព្រះនឹងជួយពួកគេនៅពេលអនាគតបន្តទៅទៀត។ ព្រះនឹងធ្វើអ្វីៗដែលពួកគេមិនអាចធ្វើដោយខ្លួនឯងបាន។ ព្រះនឹងប្រទានអោយពួកគេនូវអ្វីដែលពួកគេមិនបានធ្វើអ្វីទាល់តែសោះ។ (គោលគំនិតនេះបង្ហាញយើងអំពីអត្ថន័យនៃព្រះគុណដែលថា៖ ព្រះប្រទានការលើកលែងទោសដល់យើងដែលយើងមិនបានធ្វើអ្វីទាល់តែសោះ)។ តើព្រះចង់បានអ្វីពីរាស្ត្រជ្រើសតាំងរបស់ទ្រង់ឆ្លើយតបទៅនឹងអំណោយដ៏មានតម្លៃមួយនេះ? ព្រះចង់អោយរាស្ត្ររបស់ទ្រង់គោរពតាមទ្រង់។

សព្វថ្ងៃនេះក៏ដូច្នោះដែរ។ ព្រះបានសង្គ្រោះយើងតាមរយៈព្រះគុណរបស់ទ្រង់នៅពេលណាដែលយើងជឿលើទ្រង់។ យើងមិនមែនសង្គ្រោះដោយសារតែទង្វើល្អរបស់យើងនោះទេ។ «ដ្បិត​យើង​ខ្ញុំ​អាង​ថា មនុស្ស​បាន​រាប់​ជា​សុចរិតដោយសារ​សេចក្តី​ជំនឿ គឺ​មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​ទេ» (រ៉ូម ៣៖២៨)។ ម្ល៉ោះហើយ យើងមិនមែនគោរពតាមបញ្ញត្តិ ដើម្បីអោយបានសង្គ្រោះនោះទេ ពីព្រោះ «គ្មាន​មនុស្ស​ណា​បាន​រាប់​ជា​សុចរិត នៅ​ចំពោះ​ទ្រង់ ដោយ​អាង​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​នោះ​ឡើយ ដ្បិត​ក្រឹត្យវិន័យ​គ្រាន់​តែ​សំដែង​ឲ្យ​ស្គាល់​អំពើ​បាប​ប៉ុណ្ណោះ» (រ៉ូម ៣៖២០)។ យើងគោរពតាមបញ្ញត្តិគឺដោយសារតែព្រះបានសង្គ្រោះយើងតាមរយៈព្រះគុណរបស់ទ្រង់វិញទេ។ ដូច្នេះ ព្រះយេស៊ូវបានសូមយើង ស្រឡាញ់ទ្រង់វិញ ហើយគោរពតាមបញ្ញត្តិរបស់ទ្រង់ផងដោយមានបន្ទូលថា៖ «បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្តិរបស់​ខ្ញុំ​ចុះ» (យ៉ូហាន ១៤៖១៥)។

កណ្ឌគម្ពីរចោទិយកថាបង្រៀនយើងគ្រប់យ៉ាងអំពីព្រះគុណ និងបញ្ញត្តិរបស់ព្រះតាំងតែពីទំព័រ ទីមួយរហូតដល់ទំព័រចុងក្រោយ។ ព្រះបានសង្គ្រោះយើងតាមរយៈព្រះគុណរបស់ទ្រង់។ ទ្រង់បានធ្វើកិច្ចការដែលយើងពុំអាចធ្វើដោយខ្លួនឯងបាន។ (ទន្ទឹមគ្នានេះ សាសន៍អ៊ីស្រាអែលមិនអាចភៀសខ្លួនចេញពីស្រុកអេស៊ីព្ទដោយគ្មានជំនួយពីព្រះបានឡើយ)។ ដូច្នេះយើង​ត្រូវតែគោរពតាមព្រះ និងបញ្ញត្តិរបស់ទ្រង់ទុកជាការឆ្លើយតបទៅនឹងអំណោយនេះ។ យើងអាចរស់ក្នុងជីវិតនៃការស្តាប់បង្គាប់តាមរយៈសេចក្តីជំនឿ។ ដ្បិតព្រះបានអត់ឱនទោសអោយយើងដោយសារតែព្រះគុណរបស់ទ្រង់។ ព្រះគុណរបស់ទ្រង់ក៏អាចជួយអោយយើងគោរពតាមបញ្ញត្តិរបស់ទ្រង់ផងដែរ។ ការគោរពតាមរបស់យើងចេញមកពីមិត្តភាព និងទំនាក់ទំនងរបស់យើងជាមួយនឹងទ្រង់។ នៅពេលដែលយើងគោរពតាមព្រះ យើងមិនត្រូវព្យាយាមផ្គាប់ទ្រង់តាមរយៈទង្វើល្អរបស់យើងនោះទេ។ តើយើងអាចជៀសវាងពីការធ្វើខុសបែបនេះដោយរបៀបណា?

ថ្ងៃអង្គារ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២១

សម្រាប់ការល្អរបស់អ្នក

មនុស្សខ្លះបានព្យាយាមរកលេសណាមួយ ដើម្បីបដិសេធសេចក្តីពិតនៃព្រះគម្ពីរ។ ដូច្នេះ ពួកគេបាននិយាយថា ព្រះនៅក្នុងគម្ពីរសញ្ញាចាស់អាក្រក់ និងកាចសាហាវ រីឯព្រះយេស៊ូវវិញ ទ្រង់សប្បុរស និងសុភាពរាបសា។ គោលគំនិតនេះមិនមែនជាគោលគំនិតថ្មីនោះទេ។​ គោលគំនិតនេះគ្រាន់តែត្រឹមត្រូវ សម្រាប់សព្វថ្ងៃនេះ ហើយក៏មិនត្រឹមត្រូវដូចជាកាលដែលគេបានបង្កើតវាឡើងដំបូងជាច្រើនរយឆ្នាំមកហើយដែរ។

គម្ពីរសញ្ញាចាស់បានបង្ហាញយើងអំពីរបៀបដែលព្រះស្រឡាញ់រាស្ត្ររបស់ទ្រង់ម្តងហើយម្តងទៀត។ ទ្រង់គ្រាន់តែចង់អោយពួកគេបានល្អប្រសើរប៉ុណ្ណោះ។ សេចក្តីស្រឡាញ់របស់ទ្រង់ត្រូវបានបង្ហាញ នៅក្នុងកណ្ឌគម្ពីរចោទិយកថាតាមរបៀបដ៏មានអំណាចបំផុត។

សូមអានខគម្ពីរចោទិយកថា ១០៖១-១៥។ តើលោកម៉ូសេបានប្រាប់អ្វីខ្លះ ដល់ពួកបណ្តាជនមុនពេលដែលគាត់ផ្តល់សារនៃសេចក្តីស្រឡាញ់ពីព្រះដល់ពួកគេនៅក្នុងខ១២-១៤? តើខទាំងនេះបង្ហាញ យើងយ៉ាងដូចម្តេច អំពីអារម្មណ៍របស់ព្រះចំពោះរាស្ត្ររបស់ទ្រង់ បើទោះបីពួកគេបានធ្វើបាបហើយក៏ដោយ? តើខទាំងនេះបង្រៀនយើងអំពីព្រះគុណយ៉ាងដូចម្តេចដែរ?

--------------------------------------------------------

ខទាំងនេះបានបង្ហាញពួកគេថា ព្រះស្រឡាញ់ពួកគេប៉ុនណា។ សូមយកចិត្តទុកដាក់ជាពិសេសទៅលើខ១២ និងខ១៣។ តើលោកអ្នកឃើញអ្វីដែលព្រះបានមានបន្ទូលទៅកាន់រាស្ត្ររបស់ទ្រង់ដែរឬទេ? ទ្រង់បានមានបន្ទូលយ៉ាងច្បាស់ថា ៖ «អញចង់អោយឯងគោរពតាមអញ ស្រឡាញ់អញ បម្រើអញ និងរក្សាបញ្ញត្តិរបស់អញទុកសម្រាប់ជាសេចក្តីល្អដល់ឯង» (សង្ខេបអត្ថន័យ)។ តើលោកអ្នកឃើញពាក្យ ថា «ឯង» និង «នៃឯង» នៅក្នុងខទាំងនេះដែរឬទេ? ក្នុងភាសាហេព្រើរ ពាក្យទាំងនេះបង្ហាញយើងត្រឹមតែ បុគ្គលម្នាក់ប៉ុណ្ណោះ។ ជាការពិតណាស់នៅក្នុងខទាំងនេះ ព្រះបានមានបន្ទូលទៅកាន់ជនជាតិអ៊ីស្រាអែល ទាំងអស់ក្នុងលក្ខណៈជាក្រុមតែមួយ។ តើសារនេះមានប្រយោជន៍សម្រាប់ពួកគេយ៉ាងដូចម្តេចទៅ ប្រសិនបើមនុស្សម្នាក់ៗមិនគោរពតាមព្រះជាម្ចាស់? ម្ល៉ោះហើយ ហេតុនេះបានជាភាសាហេព្រើរក៏បង្ហាញថា ព្រះបានមានបន្ទូលទៅកាន់បុគ្គលម្នាក់ៗផងដែរ។

យើងមិនអាចបញ្ចប់ការសិក្សារបស់យើងនៅថ្ងៃនេះដោយមិនបានពិភាក្សាអំពីខ១៣ជាមុនសិននោះឡើយ ដែលខនេះបានចែងថា៖ «ហើយ​ឲ្យ​បាន​កាន់​តាម​សេចក្តី​បញ្ញត្តិផង​ព្រះយេហូវ៉ា និង​ច្បាប់​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ដែល​អញ​បង្គាប់​ឯង​នៅ​ថ្ងៃ​នេះ សំរាប់​ជា​សេចក្តី​ល្អ​ដល់​ឯង» (ចោទិយកថា ១០៖១៣)។ ព្រះបានបង្គាប់អោយរាស្ត្ររបស់ទ្រង់គោរពតាមទ្រង់ ពីព្រោះទ្រង់ចង់បានអ្វីដែលល្អបំផុតសម្រាប់ពួកគេ។ ព្រះបានតាំងរាស្ត្ររបស់ទ្រង់ឡើង។ ព្រះបានយកព្រះទ័យទុកដាក់ចំពោះពួកគេ។ ព្រះក៏បានជ្រាបអំពីអ្វីដែលពួកគេត្រូវការផងដែរ។ ម្ល៉ោះហើយ ទ្រង់ចង់បានអ្វីដែលល្អបំផុតសម្រាប់ពួកគេ។ នេះគឺមូលហេតុ ដែលពួកគេគួរតែគោរពតាមទ្រង់។

មនុស្សខ្លះបានប្រៀបធៀបបញ្ញត្តិរបស់ព្រះទៅនឹងកំផែង។ កាលណាដែលយើងនៅក្នុងកំផែងនេះ ព្រះនឹងការពារយើងអោយរួចផុតពីរឿងអាក្រក់ៗជាច្រើនដែលអាចបំផ្លាញយើងបាន ។ និយាយរួម ព្រះបានប្រទានបញ្ញត្តិដល់រាស្ត្ររបស់ទ្រង់ ពីព្រោះទ្រង់ស្រឡាញ់ពួកគេ។ ការគោរពតាមរបស់ពួកគេគឺ «ទុកសម្រាប់ជាសេចក្តីល្អដល់ [ពួកគេ]» (ចោទិយកថា ១០៖១៣)។ តើលោកអ្នកបានឃើញដោយខ្លួនឯងថា ការគោរពតាមបញ្ញត្តិរបស់ព្រះ «ជាសេចក្តីល្អសម្រាប់ខ្លួនលោកអ្នក» ដោយរបៀបណា?

ថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១

ទាសករនៅក្នុងស្រុកអេស៊ីព្ទ

ក្នុងកណ្ឌគម្ពីរចោទិយកថា យើងឃើញមានប្រធានបទដូចគ្នាម្តងហើយម្តងទៀតដែលថា៖ ​ព្រះអម្ចាស់បានសង្គ្រោះរាស្ត្ររបស់ទ្រង់ចេញពីទាសភាពនៅក្នុងស្រុកអេស៊ីព្ទ។ លោកម៉ូសេបានប្រាប់ពួកបណ្តាជនអោយនឹកចាំអំពីរបៀបដែលព្រះបានរំដោះពួកគេយ៉ាងដូច្នេះថា៖ «នោះ​ទ្រង់​ក៏​នាំ​យើង​ខ្ញុំ​ចេញ​ ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះហស្ត​ដ៏​មាន​ព្រះចេស្តា» (ចោទិយកថា ២៦៖៨; សូមអានខគម្ពីរចោទិយកថា ១៦៖១-៦ ផងដែរ)។ អ្នកសរសេរគម្ពីរសញ្ញាចាស់ដទៃទៀតក៏បានពិពណ៌នាអំពីរឿងនេះយ៉ាងដូច្នេះផងដែរថា៖ «ដ្បិត​អញ​បាន​នាំ​ឯង​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ក៏​លោះ​ឯង​ចេញ​ពី​ផ្ទះ​របស់​ពួក​បាវ​បំរើ ហើយបាន​ចាត់​ម៉ូសេ អើរ៉ុន និង​ម៉ារាម​ឲ្យ​នាំ​មុខ​ឯង» (មីកា ៦៖៤)។

ក្នុងគម្ពីរសញ្ញាថ្មី លោកប៉ុលបានប្រើរឿងនេះជារូបស័ព្ទ ដើម្បីបង្ហាញអំពីរបៀបដែលព្រះបានសង្គ្រោះរាស្ត្ររបស់ទ្រង់តាមរយៈសេចក្តីជំនឿលើព្រះយេស៊ូវយ៉ាងដូច្នេះថា «ដោយសារ​សេចក្តី​ជំនឿ នោះ​គេ​បាន​ដើរ​កាត់​សមុទ្រ​ក្រហម ដូច​ជា​ដើរ​លើ​ដី​គោក តែ​កាល​ពួក​សាសន៍​អេស៊ីព្ទ​បាន​ល្បង​ល នោះ​គេ​ក៏​ត្រូវ​លេបបាត់​ទៅ» (ហេព្រើរ ១១៖២៩; សូមអានកូរិនថូសទី១ ១០៖១-៤ ផងដែរ)។

សូមអានខគម្ពីរចោទិយកថា ៥៖៦-២២។ ក្នុងខទាំងនេះ លោកម៉ូសេបានមានប្រសាសន៍អំពីក្រឹត្យវិន័យទាំង១០ប្រការម្តងទៀត។ តើលោកអ្នកបានឃើញហេតុផលដែលលោកម៉ូសេផ្តល់អោយពួកបណ្តាជនសម្រាប់មូលហេតុដែលពួកគេត្រូវតែគោរពក្រឹត្យវិន័យទី៤ដែរឬទេ? តើហេតុផលនោះជាអ្វី? តើហេតុផលនោះបង្ហាញយើងអំពីទំនាក់ទំនងរវាងបញ្ញត្តិ និងព្រះគុណដោយរបៀបណា?

--------------------------------------------------------

នៅពេលដែលលោកម៉ូសេប្រាប់ពួកបណ្តាជនអំពីក្រឹត្យវិន័យនៃថ្ងៃសប្បាតហ៍នៅក្នុងកណ្ឌគម្ពីរចោទិយកថា គាត់បានបន្ថែមចំណុចថ្មីមួយ។ មែនហើយ ពួកបណ្តាជនគួរតែរក្សាថ្ងៃសប្បាតហ៍អោយបានបរិសុទ្ធ ពីព្រោះថ្ងៃនោះបង្ហាញថា ព្រះជាអ្នកបង្កើតផ្ទៃមេឃ និងផែនដី។ ប៉ុន្តែ ពួកគេក៏ត្រូវតែរក្សា ថ្ងៃសប្បាតហ៍ដោយព្រោះព្រះបានសង្គ្រោះពួកគេចេញពីស្រុកអេស៊ីព្ទផងដែរ។ ព្រះគុណរបស់ព្រះបាន រំដោះពួកគេ និងផ្តល់អោយពួកគេនូវសេចក្តីសម្រាក (ហេព្រើរ ៤៖១-៥)។ ឥឡូវនេះ ព្រះក៏ចង់អោយរាស្ត្ររបស់ទ្រង់បង្ហាញព្រះគុណដូចគ្នានេះទៅកាន់សាសន៍ដទៃផងដែរ។
ជាការពិតណាស់ ខគម្ពីរចោទិយកថា ៥៖៦-២២ បានបង្ហាញយើងថា ថ្ងៃសប្បាតហ៍គឺជារូបស័ព្ទដ៏មានអំណាចមួយសម្រាប់ព្រះគុណរបស់ព្រះ។ ព្រះបានបង្ហាញព្រះគុណរបស់ទ្រង់ នៅពេលដែលទ្រង់ធ្វើអោយថ្ងៃសប្បាតហ៍ក្លាយទៅជាថ្ងៃសម្រាកសម្រាប់មនុស្សគ្រប់គ្នា រួមទាំងពួកកូនចៅ ពួកបាវបម្រើ ពួកសត្វពាហនៈ និងពួកសាសន៍ដទៃផងដែរ។ ដូច្នេះ ថ្ងៃសប្បាតហ៍បង្ហាញថា ព្រះប្រទានព្រះគុណរបស់ ទ្រង់ដល់រាស្ត្ររបស់ទ្រង់ផ្ទាល់ និងដល់អ្នកដទៃដែលមិនមែនជាសាសន៍អ៊ីស្រាអែលផងដែរ។ សេចក្តីពិត នេះសំខាន់ជាទីបំផុត។ ចំណុចនេះអាចជាមូលហេតុដែលធ្វើអោយសេចក្តីពិតនៃថ្ងៃសប្បាតហ៍ក្លាយជាស្នូលនៃបញ្ញត្តិរបស់ព្រះ។ ថ្ងៃសប្បាតហ៍ជួយអោយយើងនឹកចាំក្នុងការបង្ហាញដល់អ្នកដទៃអំពីព្រះគុណដែល ព្រះបានបង្ហាញដល់យើង។

សូមអានខគម្ពីរម៉ាថាយ ១៨៖២១-៣៥។ តើមានក្បួនច្បាប់សំខាន់អ្វី ដែលអ្នកឃើញនៅក្នុងរឿងប្រៀបធៀបនេះ? តើក្រឹត្យវិន័យនៃថ្ងៃសប្បាតហ៍នៅក្នុងកណ្ឌគម្ពីរចោទិយកថាបង្ហាញយើងយ៉ាងដូចម្តេចអំពីក្បួនច្បាប់ដ៏សំខាន់នេះ?

ថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១

មិនមែនដោយសារតែទង្វើល្អរបស់អ្នកនោះទេ

ការបង្រៀនដ៏សំខាន់បំផុតនៅក្នុងគ្រីស្ទសាសនាគឺជាការបង្រៀនថា ព្រះសង្រ្គោះយើងតាម រយៈសេចក្តីជំនឿរបស់យើងនៅក្នុងព្រះគុណរបស់ទ្រង់៖ «តើ​គម្ពីរ​ថា​ដូច​ម្តេច គម្ពីរ​ថា «អ័ប្រាហាំ​បាន​ជឿ​ ដល់​ព្រះ ហើយ​សេចក្តី​ជំនឿ​នោះ បាន​រាប់​ជា​សេចក្តី​សុចរិត​ដល់​លោក» (រ៉ូម ៤៖៣)។

អ្នកស្រីអែល្លីន ជីវ៉ៃត៍បានបកស្រាយអំពីការបង្រៀននេះយ៉ាងដូច្នេះថា៖ «តើការដែលព្រះសង្គ្រោះ យើងតាមរយៈសេចក្តីរបស់យើងនៅក្នុងព្រះគុណរបស់ទ្រង់មានន័យយ៉ាងដូចម្តេច? ការបង្រៀននេះមានន័យថា ព្រះធ្វើកិច្ចការសម្រាប់មនុស្សលោកទាំងដែលពួកគេមិនអាចធ្វើដោយខ្លួន​ឯងបាន។​ នេះគឺ ជាមូលហេតុដែលព្រះត្រូវទទួលសិរីល្អទាំងអស់នៅក្នុងការសង្គ្រោះមនុស្សលោក។ មនុស្សលោកមិនអាចទទួលការសរសើរទៅលើកិច្ចការមួយនេះបានឡើយ។​ នៅពេលដែលពួកគេមើលឃើញថា ពួកគេមិនមានអ្វីទាំងអស់ នោះពួកគេបានត្រៀមខ្លួនជាស្រេចក្នុងការទទួលយកជីវិតដ៏បរិសុទ្ធរបស់ព្រះយេស៊ូវ»។ ដកស្រង់ពី Ellen G. White, The Faith I Live By, page 109, adapted។

នៅពេលដែលយើងនឹកចាំថា ព្រះទ្រង់បរិសុទ្ធ ហើយយើងជាបាបជន នោះយើងនឹងអាចមើលឃើញនូវមូលហេតុដែលមានតែសកម្មភាពដ៏អស្ចារ្យនៃព្រះគុណប៉ុណ្ណោះដែលអាចសង្គ្រោះយើងបាន។ ហើយសកម្មភាពនៃព្រះគុណនេះពិតជាអាចជួយយើងមែន។​ ព្រះគុណបានកើតឡើងនៅត្រង់ឈើឆ្កាង គឺនៅពេលដែលព្រះយេស៊ូវដែលគ្មានទោសសោះបានសុគតជំនួសអំពើបាបរបស់អ្នកមានទោស។

សូមអានខគម្ពីរចោទិយកថា ៩៖១-៦។ តើលោកម៉ូសេមានប្រសាសន៍ទៅកាន់ពួកបណ្តាជន យ៉ាងដូចម្តេចនៅក្នុងខទាំងនេះ? តើសាររបស់គាត់បង្ហាញយ៉ាងដូចម្តេច អំពីព្រះគុណរបស់ព្រះចំពោះមនុស្សលោកដែលមិនបានធ្វើអ្វីទាំងអស់? តើរឿងនេះបង្ហាញយើងយ៉ាងដូចម្តេ​ចអំពីការបង្រៀនដ៏សំខាន់ដែលថា ព្រះទ្រង់សង្គ្រោះយើងតាមរយៈសេចក្តីជំនឿរបស់យើងនៅក្នុងព្រះគុណរបស់ទ្រង់នោះ?

--------------------------------------------------------

កណ្ឌគម្ពីរចោទិយកថា ៩៖៥ បានបង្ហាញយើងអំពីដំណឹងល្អ។ លោកប៉ុលបានបង្រៀនអំពីសេចក្តីពិតដដែលនេះយ៉ាងដូច្នេះថា៖ ព្រះមិនបានសង្គ្រោះឯង «​ដោយ​ព្រោះ​សេចក្តី​សុចរិត​របស់​ឯង ឬ​ដោយ​ព្រោះ​ចិត្ត​ឯង​ទៀង​ត្រង់» ឡើយ (ចោទិយកថា ៩៖៥)។ ព្រះអ​ម្ចាស់សង្គ្រោះលោកអ្នក ដោយសារតែសេចក្តីសន្យាដែលទ្រង់បានតាំងឡើងជាមួយនឹងលោកអ្នកនៅក្នុង «ដំណឹង​ល្អ​ដ៏​នៅ​អស់​កល្ប​ជានិច្ច» (វិវរណៈ ១៤៖៦)។ ព្រះពុំបានតាំងសេចក្តីសន្យានេះជាមួយនឹងយើង «ដោយ​ការ​ដែល​យើង​ធ្វើ​ទេ គឺ​ដោយ​ដំរិះ និង​ព្រះគុណ​នៃ​ទ្រង់​វិញដែល​បាន​ផ្តល់​មក​យើង​ក្នុង​ព្រះគ្រីស្ទយេស៊ូវ មុន​អស់​ទាំង​កល្ប» (ធីម៉ូថេទី២ ១៖៩; សូមអានខគម្ពីរទីតុស ១៖២ ផងដែរ)។ តើលោកអ្នកឃើញថា ព្រះប្រទានសេចក្តីសន្យានេះដល់លោកអ្នកមុនអស់ទាំងកល្បដែរឬទេ? យើងមិនទាន់មានជីវិតរស់នៅឡើយទេនៅពេលនោះ។ ម្ល៉ោះហើយ ទង្វើល្អរបស់យើងមិនអាចជាហេតុផលដែលនាំអោយទ្រង់សង្គ្រោះយើងនោះទេ។ និយាយរួម ព្រះអម្ចាស់នឹងធ្វើកិច្ចការដ៏អស្ចារ្យសម្រាប់លោកអ្នក និងនៅក្នុងចិត្តលោកអ្នក ទោះបីជាលោកអ្នកធ្វើខុសច្រើនមកហើយក៏ដោយ។ ដូច្នេះ លោកអ្នកត្រូវតែគោរពបញ្ញត្តិរបស់ទ្រង់។ ទង្វើល្អរបស់លោកអ្នកមិនអាចសង្គ្រោះលោកអ្នកបានឡើយ។ ដោយសារតែលោកអ្នកត្រូវបានសង្គ្រោះ នោះទើបទង្វើល្អរបស់លោកអ្នកបញ្ជេញមក។ ព្រះអម្ចាស់សង្គ្រោះលោកអ្នកដោយព្រះគុណរបស់ទ្រង់។ ទ្រង់ចារឹកបញ្ញត្តិរបស់ទ្រង់នៅក្នុង ចិត្តរបស់លោកអ្នក ហើយទ្រង់ប្រទានព្រះវិញ្ញាណបរិសុទ្ធដល់លោកអ្នក ដើម្បីអោយលោកអ្នកអាចគោរពតាមបញ្ញត្តិរបស់ទ្រង់។

ថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១

សិក្សាបន្ថែម

«សាតាំងគឺជាខ្មាំងសត្រូវរបស់ព្រះ។​ សាតាំងបានប្រឆាំងទាស់នឹងបញ្ញត្តិរបស់ព្រះនៅស្ថានសួគ៌។ ឥឡូវនេះ វាធ្វើកិច្ចការដូចជាមេទ័ពម្នាក់។ វាប្រើគ្រប់ទាំងជំនាញ និងល្បិចកលទាំងអស់របស់វា ដើម្បីធ្វើអោយបញ្ញត្តិរបស់ព្រះឥតប្រយោជន៍ និងគ្មានឥទ្ធិពលលើជីវិតរបស់យើង។ មានតែបញ្ញត្តិរបស់ព្រះប៉ុណ្ណោះដែលអាចបង្ហាញយើងអំពីអំពើបាប និងរបៀបដែលយើងអាចក្លាយទៅជាបរិសុទ្ធបាន»។ ដកស្រង់ពី Ellen G. White, Review and Herald, November 18, 1890, adapted។

សូមគិតអំពីអត្ថន័យនៃខនេះដែលបានចែងយ៉ាងដូច្នេះថា៖ «កាល​ដើម​ដំបូង​មាន​ព្រះបន្ទូល ព្រះបន្ទូល​ក៏​គង់​នៅ​ជា​មួយនឹង​ព្រះ ហើយ​ព្រះបន្ទូល​នោះ​ឯង​ជា​ព្រះ ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ព្រះ តាំង​អំពី​ដើម​មក គ្រប់​របស់​ទាំង​អស់​បាន​កើត​មក​ដោយសារ​ទ្រង់ ហើយ​ក្នុង​បណ្តា​របស់​ដែល​បាន​បង្កើត​មក​ទាំង​ ប៉ុន្មាន នោះ​គ្មាន​អ្វី​ណា​មួយ​កើត​មក​ក្រៅ​ពី​ទ្រង់​ឡើយ» (យ៉ូហាន ១៖១-៣)។ មែនហើយ ព្រះបានបង្កើតរបស់គ្រប់យ៉ាង។ ទ្រង់បានបង្កើតផ្កាយរាប់លានដួង និងរបស់ផ្សេងៗទៀត។ បន្ទាប់មក​ តើទ្រង់បានធ្វើ អ្វីក្រោយមក? ទ្រង់បានក្លាយទៅជាមនុស្សលោកដ៏តូចបំផុត។​ ទ្រង់បានរស់នៅក្នុងជីវិតនៃមនុស្សលោក ហើយទ្រង់មិនបានធ្វើបាបឡើយ។ បន្ទាប់មក ទ្រង់បានសុគតនៅលើឈើឆ្កាង។ នៅលើឈើឆ្កាង ទ្រង់បានទទួលយកការដាក់ទោសជំនួសអំពីបាប និងសេចក្តីអាក្រក់របស់យើង។​ ទ្រង់ធ្វើដូច្នោះ ដើម្បីអោយយើងអាចទទួលបានសេចក្តីសន្យានៃជីវិតដ៏អស់កល្ប។

នេះគឺជាសេចក្តីពិតមួយនៃព្រះគម្ពីរដែលបានចែងយ៉ាងដូច្នេះថា៖ ព្រះប្រទានព្រះគុណអោយយើង ពីព្រោះព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាងជំនួសយើង។ តើព្រះចង់បានអ្វីពីយើងសម្រាប់អំណោយដ៏ពិសេសមួយនេះ?​ ស្តេចសាឡូម៉ូនបានឆ្លើយតបនឹងសំណួរនេះយ៉ាងដូច្នេះថា៖ «សេចក្តី​នេះ​ចប់​តែ​ប៉ុណ្ណោះ ទាំង​អស់​បាន​សំដែង​ទុក​ហើយ ដូច្នេះ ចូរ​កោតខ្លាច​ដល់​ព្រះ ហើយ​កាន់​តាម​បញ្ញត្តិ​ទ្រង់​ចុះ ដ្បិត​ប៉ុណ្ណេះ​ឯង​ជា​កិច្ច​ទាំង​មូល​ដែល​មនុស្ស​ត្រូវ​ធ្វើ» (សាស្តា ១២៖១៣)។

សំនួរពិភាក្សា៖
  1. តើការគោរពតាមរបស់យើងខុសគ្នាពីសាសនាដែលទទួលស្គាល់ដោយច្បាប់យ៉ាងដូចម្តេច? ដូច្នេះ តើហេតុអ្វីបានជាការគោរពតាមបញ្ញត្តិមិនដូចគ្នាទៅនឹងការដែលយើងព្យាយាមសង្គ្រោះខ្លួន​ឯងដោយ ទង្វើល្អរបស់យើងនោះ?

  2. តើដែលលោកអ្នកធ្លាប់បានឮទីបន្ទាល់អ្វីខ្លះ អំពីមនុស្សដែលបំពានលើក្រឹត្យវិន័យទាំង១០ប្រការ រួច ត្រូវរងទុក្ខដោយសារតែការបំពានរបស់ពួកគេនោះ? តើរឿងទាំងនេះបង្ហាញយើងយ៉ាងដូចម្តេច អំពីសេចក្តីស្រឡាញ់របស់ព្រះចំពោះយើងតាមរបៀបដ៏ពិតប្រាកដមួយ? ​

  3. តើឈើឆ្កាងបង្ហាញថា យើងល្ងង់ខ្លៅដោយរបៀបណា ប្រសិនបើយើងព្យាយាមរកផ្លូវទៅស្ថានសួគ៌ដោយខ្លួនឯងនោះ?

រឿងខ្លី

ទេវតាបានការពារកូនប្រុសខ្ញុំ

Jeans

ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ គឺជាថ្ងៃមួយដែលមិនដូចសព្វមួយដងនៅក្នុងទីក្រុងបេរូតនៃប្រទេស លីបង់ឡើយ។ ខ្ញុំទើបតែបានសម្អាតផ្ទះរបស់យើងរួចជាស្រេច ដើម្បីទទួលមិត្តភក្តិដែលយើងមិនធ្លាប់បានឃើញមួយរយៈដោយសារតែការរាតត្បាតនៃជំងឺកូវីឌ១៩។ ជេមដែលជាកូនប្រុសច្បងរបស់ខ្ញុំអាយុ ៧ឆ្នាំរំភើបជាខ្លាំង គាត់បានរៀបចំរូបភាពស្វាគមន៍មួយ ហើយព្យួរវានៅលើទ្វារសម្រាប់ភ្ញៀវដែលនឹងត្រូវមកដល់បរិវេណសាកលវិទ្យាល័យមជ្ឈិមបូព៌ានៃព្រះវិហារអាត់វេនទីស្ទ ជាទីកន្លែងដែលខ្ញុំធ្វើការជា គ្រូបង្រៀនផ្នែកមុខជំនួញ។ រួបភាពនោះអានថា «សូមស្វាគមន៍» រួមជាមួយនឹងមុខមនុស្ស៣នាក់ដែលមានបេះដូងគូរដោយដៃ។

ខ្ញុំយល់ឃើញថា ត្រូវតែប្រមូលសំរាមចេញយកទៅដាក់នៅខាងក្រោយបន្ទប់។ ខណៈដែលខ្ញុំបានទៅដល់ទ្វារខាងមុខ ដើម្បីនឹងចោលថង់សំរាម ស្រាប់តែភ្នំរបស់ខ្ញុំញ័រជាខ្លាំង។ ខ្ញុំបានក្រឡេកភ្នែកទៅមើលបង្អួច ដើម្បីអោយដឹងថា មានអ្វីកំពុងកើតឡើង ហើយខ្ញុំបានឃើញជេមកំពុងតែសម្លឹងមើល តាមបង្អួចរុញទៅឯយ៉ទាំងងឿងឆ្ងល់ដូចជាខ្ញុំផងដែរ។ ខ្ញុំបានស្រែកឡើង «កូនឆាប់ថយចេញពីបង្អួច ទៅ»។ ខ្ញុំមិនទាន់និយាយចប់ផង ស្រាប់តែមានការផ្ទុះលើកទី២ធ្វើអោយទ្វារកញ្ចក់ទាំងសងខាងបែកខ្ទេចខ្ទីធ្លាក់មកសង្កត់ពីលើជេម។​ កូនរបស់ខ្ញុំ២នាក់ទៀត ពីតទឺអាយុ៤ឆ្នាំ និងខេតលីនអាយុ២ឆ្នាំចាប់ ផ្តើមស្រែកឡើង។ ប្តីរបស់ខ្ញុំបានឱនពីក្រោមកញ្ចក់ដែលបែកនោះទៅចាប់លើកស្មារជេម រួចរត់ចេញពីផ្ទះភ្លាម។ ហេតុការណ៍ដែលខ្ញុំបានឃើញក្នុងពេលមួយប៉ប្រិចភ្នែកនោះ ខ្ញុំដឹងថា ជេមមិនអាចរស់បានទេ។ ខ្ញុំបានរត់ចេញទៅឱបជេមយ៉ាងណែននៅក្នុងដៃរបស់ខ្ញុំ ដោយគិតថា គាត់បានស្លាប់បាត់ហើយ។ ខ្ញុំតក់ស្លុតផងយំផង ហើយស្តាប់មិនឮអ្វីទាំងអស់ក្រៅពីសំឡេងរោទ៍ខ្លាំងៗនៅក្នុងត្រចៀករបស់ខ្ញុំ។ ពេលនោះ សំឡេងប្តីរបស់ខ្ញុំបានទម្លុះចូលមក។ គាត់បាននិយាយម្តងហើយម្តងទៀតថា «ជេមមិនអីទេ»។

នៅថ្ងៃទី៤ ខែសីហា ម៉ោង៦៖៨នាទីល្ងាច ព្រះបានបញ្ជូនទេវតាអោយមកការពារកូនប្រុសរបស់ ខ្ញុំចេញពីកញ្ចក់។​ ពេលនោះ ជេមពាក់ខោខ្លី អាវយឺត ហើយជើងទទេ ប៉ុន្តែ គាត់មិនមានស្នាមឆ្កូតត្រង់ណាឡើយ។ ទេវតាបានការពារគាត់។ «ដ្បិត​ទ្រង់​នឹង​បង្គាប់​ដល់​ពួក​ទេវតារបស់​ទ្រង់ពី​ដំណើរ​ឯងឲ្យ​បាន​ ថែ​រក្សា​ឯងក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​ឯង» (ទំនុកដំកើង ៩១៖១១)។ យប់នោះ មុនពេលចូលគេង ជេមបានអធិស្ឋានថា «ឱព្រះយេស៊ូវអើយ សូមប្រទានពរដល់ថ្ងៃនេះ និងគ្រប់ទាំងថ្ងៃផង សូមកុំអោយរឿងកើតឡើងជាមួយនឹងកញ្ចក់នៅថ្ងៃនេះកើតឡើងទៀតឡើយ សូមអោយពួកទូលបង្គំមានសុវត្ថិភាពជានិច្ច សូមទ្រង់គង់នៅជាមួយនឹងពួកទូលបង្គំ អាម៉ែន»។ សេចក្តីអធិស្ឋាននៃកូនប្រុសរបស់ខ្ញុំបានធ្វើអោយចិត្តរបស់ខ្ញុំកាន់តែចង់ឃើញព្រះយេស៊ូវយាងមកឆាប់ៗនេះ។

នៅថ្ងៃបន្ទាប់ ខ្ញុំបានដករូបភាពស្វាគមន៍ចេញពីទ្វារ។ ខ្ញុំនឹងរក្សាទុករូបភាពនេះជានិច្ច។ មានពេលខ្លះ យើងផ្តោតទៅលើរឿងធំៗពេក ភ្លេចគិតថា ផែនការរបស់យើងក៏អាចផ្លាស់ប្តូរក្នុងរយៈពេលមួយប៉ប្រិចភ្នែកបានដែរ ក្តីសុបិនរបស់យើងនឹងអាចប្រេះស្រាំ ហើយមនុស្សជាទីស្រឡាញ់របស់យើងអាចបាត់បង់គ្រប់ពេល។ ដូច្នេះហើយ យើងត្រូវតែត្រៀមខ្លួនជាស្រេចសម្រាប់ការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ។

អំណានដង្វាយប្រចាំសប្តាហ៍

ស៊ូគី និងប៉ាលីយកព្រះទុកជាទីមួយ

ស៊ូគីនិងប៉ាលីបានសម្រេចចិត្តយកព្រះទុកជាទី​១បើទោះបីជាពួកគេមានការភ័យខ្លាចនិងមិនច្បាស់អំពីអនាគតក្តី។ នោះគឺជាពេលដែលការផ្លាស់ប្រែរបស់ពួកគេបានចាប់ផ្តើមឡើង។ ថ្ងៃនេះតើយើងអាចរៀនអ្វីបានខ្លះពីរឿងរបស់ពួកគេដែលនឹងជួយយើងឲ្យយកព្រះទុកជាទីមួយនៅក្នុងជីវិតផ្ទាល់របស់យើង?

ស៊ូគីនិងប៉ាលីគឺជាស្ថាបត្យករនិងអ្នកជំនួញអចលនទ្រព្យដ៏ជោគជ័យនៅក្នុងប្រទេសអាហ្រ្វិកខាងត្បូង។ ពួកគេបានសម្រេចចិត្តវិនិយោគការសន្សំរបស់ពួកគេក្នុងការសាងសង់ព្រះវិហារសេវេនដេយ៍អាត់វេនទីស្ទមួយកន្លែងសម្រាប់ជាសិរីល្អដល់ព្រះ។ ប៉ុន្តែរឿងនោះកើតឡើង​ចំពេលដែលអ្វីៗចាប់ផ្តើមប្រែប្រួលខុសអស់។ មុខជំនួញចាប់ផ្តើមជួបឧបសគ្គយ៉ាងធំ ហើយ​ពួកគេមិនអាចរកច្រកចេញរួចឡើយ។ បើទោះបីជាត្រូវប្រឈមនឹងការបាត់បង់អ្វីៗទាំងអស់ក្តី ក៏ពួកគេនៅតែយកព្រះទុកជាទី១ ហើយបន្តវិនិយោគក្នុងការសាងសង់ព្រះវិហារដដែល។ មេ​ធាវី និងគណនេយ្យកររបស់ពួកគេបានហៅចាត់ថាពួកគេឆ្កួត ប៉ុន្តែរឿងនោះមិនអាចរារាំង​ពួកគេ​បានឡើយ។ ការយកព្រះទុកជាទី១នៅពេលដែលអ្វីៗកំពុងល្អប្រសើរគឺជារឿងដែលពិបាកធ្វើ​ណាស់​ទៅហើយ ប៉ុន្តែការយកព្រះទុកជាទី១ក្នុងពេលដែលអ្វីៗកំពុងតែជួបបញ្ហាគឺ​ជារឿងដែ​ល​មិន​អាចនឹងធ្វើបានឡើយ។ ក្នុងគ្រាលំបាកនិងមិនប្រាកដប្រជាបែបនេះមានតែមនុស្សដែល​ស្មោះ​​ត្រង់​ប៉ុណ្ណោះទើបអាចពឹងអាងលើអំណាចនៃព្រះវិញ្ញាណបរិសុទ្ធបាន។ ស៊ូគី និងប៉ាលីនៅតែបន្តបើកឡានទៅមើលការដ្ឋានសំណង់ព្រះវិហារដដែល។ «យើងបានចំណាយពេលពីរទៅបីម៉ោងនៅទីនោះដើម្បីដើរពិនិត្យមើលធ្វើហាក់ដូចជាយើងកំពុងធ្វើការអ៊ីចឹង» ស៊ូគីនិយាយ។ «ស្រាប់តែយើងមានអារម្មណ៍មានសេចក្តីសុខនៅក្នុងចិត្ត ហើយដឹងច្បាស់ថានេះហើយគឺជាអ្វីដែលយើងត្រូវធ្វើ បើទោះបីជាត្រូវចំណាយអស់ពីខ្លួនក្តី»។ ប៉ុន្តែស្ថានភាពកាន់តែយ៉ាប់យ៉ឺនខ្លាំងឡើងថែម​ទៀត។

ខាងធនាគារបានកំណត់ថ្ងៃដើម្បីឲ្យយកឡាននិងផ្ទះរបស់ពួកគេមកធ្វើជាទ្រព្យធានា​ថែម​ទៀត។ តើពួកគេត្រូវធ្វើយ៉ាងណា? តើពួកគេត្រូវទៅទីណាវិញ? តើព្រះនឹងបណ្តោយឲ្យស្ថានការណ៍នេះបន្តដល់ណាទៅ? បីថ្ងៃមុននឹងពួកគេត្រូវយកទ្រព្យសម្បត្តិទៅដាក់ធានា ព្រះទ្រង់ក៏បា​ន​ធ្វើអន្តរាគមន៍។ ស៊ូគីបានទទួលទូរសព្ទមួយដែលដែលបានឲ្យពួកគេនូវកុងត្រាដ៏ធំមួយក្នុងឌូរបាន់ ប្រទេសអាហ្វ្រិកខាងត្បូង។ ឥឡូវនេះព្រះវិហារត្រូវបានសាងសង់ចប់សព្វគ្រប់ ហើយមនុស្សជាច្រើនកំពុងថ្វាយបង្គំនៅទីនោះជារៀងរាល់សប្តាហ៍។ មុខជំនួញរបស់ពួកគេក៏រីកលូតលាស់ឡើងវិញ។ វិបត្តិហិរញ្ញវត្ថុរបស់ពួកគេក៏បានកន្លងផុតទៅ។ ពួកគេបានបន្តឧបត្ថម្ភនិងជួយកសាងគម្រោងដទៃទៀតតាមតែព្រះជាម្ចាស់ទ្រង់ដឹកនាំ។

អ្នកស្រីអែល្លិនជីវ៉ៃត៍បានសរសេរអំពីរឿងនេះថា «ចុះប្រសិនបើមានអ្នកខ្លះប្រែក្លាយជាក្រីក្រដោយសារតែការវិនិយោគលើកិច្ចការរបស់ព្រះនោះយ៉ាងដូចម្តេចវិញ? ព្រះគ្រីស្ទទ្រង់ត្រឡប់ជាក្រីក្រដោយសារតែប្រយោជន៍របស់លោកអ្នក។ ប៉ុន្តែលោកអ្នកបានទទួលនូវការធានាពី​ទ្រព្យ​សម្បត្តិដ៏នៅអស់កល្បជានិច្ច ដែលស្ថិតនៅនគរស្ថានសួគ៌ដែលមិនចេះខូចខាតឡើយ។ ទ្រព្យសម្បត្តិរបស់លោកអ្នកគឺមានសុវត្ថិភាពជាងដែលផ្ញើទុកនៅធនាគារ ឬវិនិយោគទៅលើផ្ទះនិង​ដីធ្លីទៅទៀត។ ទ្រព្យសម្បត្តិរបស់លោកអ្នកត្រូវបានរក្សាទុកក្នុងឃ្លាំងរបស់ព្រះដែលស្ថិតស្ថេរជារៀងរហូត។ គ្មានចោរណាអាចចូលទៅលួចបានឡើយ ហើយក៏គ្មានភ្លើងឯណាអាចឆេះបំផ្លាញវាបានដែរ» (ដកស្រង់ពីCounsels on Stewardship, p.41)។

ស៊ូគីនិងប៉ាលីបានយកព្រះទុកជាទី១។ សេចក្តីជំនឿរបស់អ្នកទាំងពីរក៏បណ្តាលចិត្តយើងរាល់គ្នាដែរ។ ព្រះយេស៊ូវបានលះបង់អ្វីៗគ្រប់យ៉ាងដើម្បីប្រោសលោះយើង។ ខណៈដែល​អ្នកជំនួយការប្រមូលប្រាក់ដង្វាយ យើងក៏ត្រូវបានលើកទឹកចិត្តឲ្យយកព្រះទុកជាទី១ដែរ។ ​

Powered by CAM