មេរៀនទី៨​៖ ១៣‑១៩ កុម្ភៈ ២០២១

ចូរកំសាន្តចិត្តរាស្ត្ររបស់អញ

Jeans
ថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២១
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ អេសាយ ៤០៖១, ២; អេសាយ ៤០៖៣-៨; អេសាយ ៤០៖៩-១១; អេសាយ ៤០៖១២-៣១។

ខចងចាំ៖ «ឱអ្នកដែលនាំដំណឹងល្អមកដល់ក្រុងស៊ីយ៉ូនអើយ ចូរឡើងទៅប្រកាសប្រាប់ពីលើភ្នំខ្ពស់ចុះ ឱ​អ្នកដែលនាំដំណឹងល្អមកដល់ក្រុងយេរូសាឡិមអើយ ចូរបន្លឺសំឡេងឡើងជាខ្លាំង ចូរបន្លឺឡើង កុំខ្លាចឡើយ ចូរប្រាប់ដល់ទីក្រុងនៃស្រុកយូដាទាំងប៉ុន្មានថា មើលន៏ព្រះនៃអ្នករាល់គ្នា» (អេសាយ ៤០៖៩)។

«សង្គ្រាមលោកលើកទី២បានបញ្ចប់ទៅក្នុងឆ្នាំ១៩៤៥។ នៅពេលនោះមានទាហានជប៉ុនម្នាក់ឈ្មោះ ស៊ូអ៊ីឈិ យ៉ូកូអ៊ិបានលាក់ខ្លួននៅតាមព្រៃភ្នំក្នុងកោះមួយដែលមានឈ្មោះថាកោះហ្គួម។ យន្តហោះអាមេរិកាំងបានហោះហើរប្រកាសសន្តិភាពគ្រប់ទិសទី។ ប៉ុន្តែ ដោយឡែកលោកយ៉ូកូអ៊ិបានយល់ថា ជនជាតិអាមេរិកាំងកំពុងតែព្យាយាមបោកបញ្ឆោតខ្លូនទៅវិញ។ លោកយ៉ូកូអ៊ិជាទាហានមួយរូបដ៏ស្មោះត្រង់។ គាត់បានប្តេជ្ញាចិត្តថា គាត់នឹងមិនចុះចាញ់ជាមួយសត្រូវងាយៗឡើយ។ លោកយ៉ូកូអ៊ិ ពុំបានទំនាក់ទំនងជាមួយអ្នកណាម្នាក់ឡើយ។ គាត់រស់នៅពឹងផ្អែកលើអាហារដែលគាត់រកបាននៅក្នុងព្រៃប៉ុណ្ណោះ។ គាត់បានរស់នៅយ៉ាងលំបាកលំបិនអស់រយៈពេលយ៉ាងយូរ។ នៅឆ្នាំ១៩៧២ មានអ្នកប្រមាញ់មួយក្រុមបានប្រទះឃើញលោកយ៉ូកូអ៊ិកំពុងតែស្ទូចត្រី ។ ក្រោយមកទើបជនជាតិជប៉ុនម្នាក់នេះបានដឹងនូវការពិតថា សន្តិភាពពិតជាមានមែន។ រឿងនេះគឺបានកើតឡើងរយៈពេល ២៧ ឆ្នាំក្រោយពីសង្គ្រាមលោកលើកទី២បានបញ្ចប់ទៅ ។ ក្នុងកំឡុងពេលនោះប្រជាជនជប៉ុនរីករាយនឹងសន្តិភាពណាស់។ ប៉ុន្ដែ ដោយភាពល្ងង់ខ្លៅលោកយ៉ូកូអ៊ិ បានរស់នៅដោយភាពរងទុក្ខប៉ុណ្ណោះក្នុងគ្រានោះ។ ដកស្រង់ពី Roy Gane, Altar Call (Berrien Springs, MI: Diadem, 1999), page 304, adapted។

កាលពីរាប់រយឆ្នាំមុនព្រះជាម្ចាស់ទ្រង់បានប្រកាសថា ពេលវេលារងទុក្ខរបស់រាស្រ្តទ្រង់បានកន្លងផុតទៅហើយ៖ «ចូរកំសាន្តទុក្ខ ចូរកំសាន្តទុក្ខរាស្ត្រអញចុះ ត្រូវឲ្យលួងលោមចិត្តនៃក្រុងយេរូសាឡិម ហើយស្រែកប្រាប់គេថា គ្រាធ្វើសឹកសង្គ្រាមរបស់គេបានសំរេចហើយ អំពើទុច្ចរិតរបស់គេក៏បានអត់ទោសឲ្យ» (អេសាយ ៤០៖១, ២)។ ចូរយើងពិចារណាមើលថា តើនេះមានន័យយ៉ាងដូចម្តេច។ ​

ថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១

សត្វចតុប្បាទទាំងបួនក្បាល

នៅក្នុងខគម្ពីរអេសាយ ៤០៖ ១, ២ ព្រះបានជួយកំសាន្តទុក្ខរាស្ត្ររបស់ទ្រង់។ ពេលវេលានៃការទទួលទណ្ឌកម្មរបស់ពួកគេបានបញ្ចប់ទៅហើយ។ តើទណ្ឌកម្មនោះគឺជាអ្វីទៅ?

---------------------------------------------------------------------------------------

មានចម្លើយជាច្រើនចំពោះសំណួរនេះ។ (១) ព្រះជាម្ចាស់បានប្រើជនជាតិអាសស៊ើរដើម្បីដាក់ទណ្ឌកម្មលើរាស្រ្តរបស់ទ្រង់។ តែក្រោយមក ព្រះអង្គក៏បានជួយសង្គ្រោះស្រុកយូដាពីពួកអាសស៊ើរដោយបានបំផ្លាញកងទ័ពអាសស៊ើរនៅឆ្នាំ៧០១ មុនគ្រិស្តសករាជ (អេសាយ ៣៧) ។ (២) ព្រះជាម្ចាស់បានចាត់ពួកបាប៊ីឡូនដើម្បីមកដាក់ទណ្ឌកម្មដល់រាស្ដ្ររបស់ទ្រង់។ ពួកបាប៊ីឡូនបានរឹបអូសយកទ្រព្យសម្បត្តិ និងប្រជាជនពីស្រុកយូដាទៅដោយសារអំពើបាបរបស់ស្តេចហេសេគា។ ស្តេចហេសេគាបានបង្ហាញទ្រព្យសម្បត្តិរបស់ទ្រង់ដល់អ្នកនាំសារដែលបានបញ្ជូនពីព្រះចៅមឺរ៉ូដាក-បាឡាដាន (អេសាយ ៣៩)។ (៣) ព្រះជាម្ចាស់បានប្រើប្រាស់ប្រទេសមួយទៀតដើម្បីដាក់ទណ្ឌកម្មដល់រាស្ត្រទ្រង់។ លោកអេសាយបានសរសេរនូវរឿងរ៉ាវទាំងនេះក្នុងបទគម្ពីរអេសាយ១៤-២៣។

វាពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ដែលយើងសង្កេតឃើញថា លោកអេសាយសរសេរពាក្យថា «អាសស៊ើរ» ៤៣ ដងចេញពីខគម្ពីរអេសាយ ៧៖១៧ ដល់អេសាយ ៣៨៖៦។ ប៉ុន្តែ យើងនឹងប្រទះឃើញពាក្យនេះតែម្តងទៀតប៉ុណ្ណោះនៅក្នុងជំពូកឯទៀតនៃកណ្ឌគម្ពីរអេសាយ។ ក្នុងជំពូក ៥២៖៤ អេសាយនិយាយអំពីស្រុកអេស៊ីព្ទ និងស្រុកអាសស៊ើរ។ លោកបានមានប្រសាសន៍ថា ប្រទេសទាំងនេះជាប្រទេសដែលធ្វើទុក្ខបៀតបៀនដល់រាស្ត្ររបស់ទ្រង់។ នៅចុងបញ្ចប់នៃកណ្ឌគម្ពីររបស់គាត់ លោកអេសាយក៏បានបរិយាយអំពីរបៀបដែលព្រះនឹងរំដោះរាស្ត្ររបស់ទ្រង់ពីនគរបាប៊ីឡូនដែរ (អេសាយ ៤៣៖១៤; អេសាយ ៤៧៖១; អេសាយ ៤៨៖១៤, ២០)។ ព្រះជាម្ចាស់បានជ្រើសរើសស្តេចស៊ីរូសដែលជាជនជាតិពើស៊ីក្នុង ការវាយលុកក្រុងបាប៊ីឡូននៅឆ្នាំ៥៣៩ មុនគ្រិស្តសករាជ។ ស្តេចអង្គនេះបានជួយរំដោះរាស្ត្ររបស់ព្រះ (អេសាយ ៤៤៖២៨; អេសាយ ៤៥៖១; អេសាយ ៤៥៖១៣)។

បទគម្ពីរអេសាយ ១-៣៩ បង្ហាញពីអ្វីដែលកើតឡើងតរៀងមករហូតដល់គ្រាដែលរាស្ត្ររបស់ទ្រង់ត្រូវបានរំដោះអោយមានសេរីភាពពីជនជាតិអាសស៊ើរនៅឆ្នាំ៧០១ មុនគ្រិស្តសករាជ។ នៅដើមជំពូក៤០ នៃកណ្ឌគម្ពីរអេសាយនេះបានពណ៌នាហេតុការណ៍រយៈពេល១៥ឆ្នាំទៅខាងមុខ គឺដល់ឆ្នាំ៥៣៩ មុនគ្រិស្តសករាជ ជាពេលដែលបាប៊ីឡូនដល់ទីបញ្ចប់ ហើយពួកយូដាបានត្រឡប់មកវិញ បន្ទាប់ពីនោះមិនយូរប៉ុន្មាន។

តើលោកអេសាយបានតភ្ជាប់ការចាកចេញពីបាប៊ីឡូនហើយវិលត្រឡប់ទៅស្រុកកំណើតវិញជាមួយនឹងអ្វីដែលអ្នកបានអានពីមុននៅក្នុងកណ្ឌគម្ពីររបស់លោកដែរឬទេ? បើមានតើជាអ្វីទៅ?

---------------------------------------------------------------------------------------

ខគម្ពីរអេសាយ ៣៩ ជួយអោយយើងបានត្រៀមខ្លួនសម្រាប់ព័ត៌មាននៅក្នុងជំពូកបន្ទាប់។ ជំពូក៣៩ បង្ហាញយើងពីអ្វីដែលនឹងកើតឡើងនាពេលអនាគតចំពោះជនជាតិយូដា។ ពួកបាប៊ីឡូននឹងចាប់យកពួកគេទៅឆ្ងាយ (អេសាយ ៣៩៖៦, ៧)។ ព្រះគម្ពីរអេសាយ ជំពូក ១៣ ១៤ និង ២១ បានបរិយាយអំពីការដួលរលំនៃទីក្រុងបាប៊ីឡូន និងសេរីភាពដែលនឹងកើតឡើងដល់រាស្រ្តរបស់ព្រះ (អេសាយ ១៤៖១-៤)។ ចូរក្រឡេកមើលនៅក្នុងខព្រះគម្ពីរទាំងនេះ។ តើអ្នកបានឃើញនូវទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយព្រះក្នុងខគម្ពីរអេសាយ ៤០៖១, ២ ដែរឬទេ? នៅក្នុងខគម្ពីរអេសាយ ៤០៖១, ២ ព្រះបានសន្យាដល់រាស្ត្ររបស់ទ្រង់ថា ទ្រង់នឹងបញ្ចប់នូវការរងទុក្ខរបស់ពួកគេ។

តើសេចក្តីសន្យាស្តីអំពីទីបញ្ចប់នៃទុក្ខវេទនានេះមានអត្ថន័យយ៉ាងណាដែរចំពោះលោកអ្នក? តើសេចក្តីជំនឿរបស់យើងមានតម្លៃអ្វីទៀត បើគ្មានសេចក្តីសន្យាទាំងនេះ?

ថ្ងៃច័ន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១

អំណោយទានរបស់ព្រះ

តើរាស្ត្ររបស់ព្រះទទួលបាននូវការកំសាន្តចិត្តយ៉ាងដូចម្តេច? សម្រាប់ចម្លើយ សូមអានខគម្ពីរអេសាយ ៤០៖១-៨។

---------------------------------------------------------------------------------------

អ្នកនាំសារម្នាក់បានប្រកាសថា ព្រះកំពុងយាងមកដើម្បីសំដែងនូវសិរីរុងរឿងរបស់ទ្រង់ (អេសាយ ៤០៖៣-៥)។ អ្នកនាំសារម្នាក់ទៀតបានប្រកាសថាមនុស្សម្នាក់ៗគឺប្រៀបបាននឹងស្លឹកឈើដែរ។ ពួកគេមិនគង់វង្សនៅយូរទេ។ «តែព្រះបន្ទូលរបស់ព្រះនៃយើងរាល់គ្នាវិញ នោះស្ថិតស្ថេរនៅជាដរាប» (អេសាយ ៤០៖៨)។ ជនជាតិយូដាបានងាកចេញពីអំណោយទានដែលព្រះបានប្រទានដល់គេនៅលើភ្នំស៊ីណាយ។ ដូច្នេះហើយ ព្រះជាម្ចាស់បានដាក់ទណ្ឌកម្មដល់ពួកគេដោយបញ្ជូនអ្នកទាំងនោះអោយទៅរស់នៅប្រទេសដទៃ។ ក្រោយពីជនជាតិយូដាបានវិលត្រឡប់មកស្រុកកំណើតរបស់គេវិញ ព្រះជាម្ចាស់ក៏បានប្រគល់អំណោយទាននោះមកវិញ។ តើអំណោយទាននោះគឺជាអ្វីទៅ? អំណោយទាននោះគឺជាអង្គទ្រង់ផ្ទាល់ និងព្រះបន្ទូលរបស់ទ្រង់។ អំណោយទានទាំងនេះគឺជាកិច្ចព្រមព្រៀងពិសេសរបស់ព្រះជាម្ចាស់ជាមួយនិងរាស្ត្ររបស់ទ្រង់ (សូមអានខគម្ពីរនិក្ខមនំ ២៥៖៨, ១៦)។ ជនជាតិយូដាបានបំពានបទបញ្ញត្តិរបស់ ព្រះ។ ដូច្នេះហើយ បានជាព្រះជាម្ចាស់បានយាងចេញពីព្រះវិហាររបស់ទ្រង់ (អេសេគាល ៩-១១)។ ប៉ុន្តែ ព្រះជាម្ចាស់នឹងយាងត្រឡប់មកវិញ។ វត្តមានទ្រង់ និងព្រះបន្ទូលរបស់ទ្រង់បាននាំមកនូវសេចក្តីកំសាន្តចិត្ត សេរីភាព និងសេចក្តីសង្ឃឹមឡើងវិញ។

តើមនុស្សទាំងឡាយត្រូវធ្វើដូចម្តេច ដើម្បីត្រៀមខ្លួនសម្រាប់ការយាងមករបស់ព្រះអម្ចាស់?

---------------------------------------------------------------------------------------

នៅសម័យព្រះគម្ពីរផ្លូវនានាត្រូវតែរលូន និងរាបស្មើសំរាប់ស្តេចយាង។ ដូច្នេះ ប្រជាជនត្រូវតែជួសជុលផ្លូវមុនពេលស្តេចយាងមកដល់។ ដូចគ្នានេះដែរជនជាតិយូដាត្រូវតែរៀបចំផ្លូវខ្លួនសម្រាប់ ព្រះអម្ចាស់យាងត្រឡប់មកវិញ។ ព្រះអង្គនឹងយាងមកពីទិសខាងកើតជាកន្លែងដែលព្រះអង្គបានគង់នៅជាមួយនឹងរាស្ត្ររបស់ទ្រង់នៅក្នុងដែនដីថ្មី។ ព្រះជាម្ចាស់ទ្រង់ជាទីពឹងជ្រកដ៏មានសុវត្ថិភាពសម្រាប់ពួកគេនៅក្នុងដែនដីថ្មីនោះ (អេសេគាល ១១៖១៦)។ ភ្នំដែលស្ថិតនៅភាគខាងកើតក្រុងយេរូសាឡិមគឺជាភ្នំទាំងឡាយដែលរដិបរដុបណាស់។ គ្មានគ្រឿងចក្រឈូសឆាយណាមួយនៅលើផែនដីនេះមាន ភាពរឹងមាំល្មមដើម្បីរុះរើភ្នំទាំងនោះបានឡើយ មានតែព្រះជាម្ចាស់មួយអង្គប៉ុណ្ណោះដែលមានចេស្តាដ៏លើសលុបដើម្បី «ធ្វើអោយដីររដិបរដុបទាំងនោះក្លាយមកជាដីរលោងបាន» (អេសាយ ៤២៖១៦)។ ប៉ុន្តែ ព្រះជាម្ចាស់ទ្រង់មិនត្រូវការផ្លូវពិតប្រាកដនោះទេ។ ព្រះអង្គមានបល្ល័ង្កដែលអាចហោះហើរបាន និងមាន ទេវតាដ៏សល់សែន (អេសេគាល ១; អេសេគាល ៩-១១)។ ព្រះគម្ពីរសញ្ញាថ្មីបានបរិយាយថាលោកយ៉ូហានបាទីស្ទបានធ្វើកិច្ចការខាងឯវិញ្ញាណដើម្បីជួយប្រជាជនទាំងឡាយអោយបានត្រៀមខ្លួនជាស្រេចដើម្បីទទួលព្រះយេស៊ូវ (ម៉ាថាយ ៣៖៣)។ លោកយ៉ូហានបានប្រកាសប្រាប់ដល់ប្រជាជនទាំងឡាយ អោយងាកបែរចេញពីអំពើបាបរបស់ខ្លួន ហើយទទួលបុណ្យជ្រមុជទឹក (ម៉ាថាយ ៣៖២; ម៉ាកុស ១៖៤)។ ដូច្នេះ «ផ្លូវប្រព្រឹត្ត» ដែលមនុស្សត្រូវធ្វើដើម្បីត្រៀមខ្លួនសម្រាប់ព្រះយេស៊ូវគឺជាការងាកបែរចេញពីអំពើបាប។

បន្ទាប់មក ព្រះជាម្ចាស់នឹងកំសាន្តចិត្តពួកគេ ហើយនិងអត់ទោសបាបដល់ពួកគេ ព្រមទាំងគង់នៅជាមួយពួកគេផង។ ខគម្ពីរយេរេមា ៣១៖៣១-៣៤ បានប្រកាសនូវសារខាងឯវិញ្ញាណដល់សាសន៍ យូដាដូចគ្នាដែរ។ លោកបានបរិយាយប្រាប់ពួកគេអំពី «ផ្លូវប្រព្រឹត្ត» ខាងឯវិញ្ញាណដែលពួកគេត្រូវធ្វើដើម្បីយាងព្រះជាម្ចាស់អោយមកគង់នៅក្នុងចិត្តរបស់ពួកគេ។ ព្រះជាម្ចាស់ទ្រង់បានសន្យាថា នឹងដាក់ក្រឹត្យវិន័យរបស់ទ្រង់នៅក្នុងចិត្តគេ ហើយព្រមទាំងសន្យាថានឹងធ្វើជាព្រះដល់ពួកគេដែរ។ ​

ថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១

ការចែកចាយដំណឹងល្អ

តើមានរឿងអ្វីកើតឡើងនៅក្នុងខគម្ពីរអេសាយ ៤០៖៩-១១?

---------------------------------------------------------------------------------------

នៅក្នុងខគម្ពីអេសាយ ៤១៖២៧ និងអេសាយ ៥២៖៧ មានបុរសអ្នកនាំសារម្នាក់បានមកប្រកាសដំណឹងល្អដល់ទីក្រុងយេរូសាឡិម។ នៅក្នុងខគម្ពីរអេសាយ ៤០៖៩ ក៏មានអ្នកនាំសារម្នាក់បានមកស្រែកប្រកាសសារនៅលើកំពូលភ្នំថា៖ «មើលនែ នេះហើយជាព្រះរបស់អ្នក»។ នៅក្នុងភាសាហេព្រើរបានសម្តែងអោយយើងដឹងថា អ្នកនាំសាររូបនេះគឺជាស្ត្រីម្នាក់។

នៅក្នុងព្រះគម្ពីរទំនុកតម្កើង៦៨ ហ្លួងដាវីឌបានពោលសរសើរតម្កើងព្រះថា៖ «ព្រះទ្រង់ប្រោស មនុស្សត្រមោចឲ្យបែកជាគ្រួសារឡើង ទ្រង់នាំពួកឈ្លើយឲ្យចេញមកឯសេចក្តីចំរើន» (ទំនុកដំកើង ៦៨៖ ៦)។ ស្តេចដាវីឌកំពុងតែពណ៌នាអំពីរឿងរ៉ាវដែលព្រះបានធ្វើដើម្បីជួយសង្គ្រោះរាស្ត្ររបស់ទ្រង់ពីទាសភាពនៅស្រុកអេស៊ីព្ទ។ ប៉ុន្តែ ហោរាអេសាយបានប្រើទស្សនៈដូចគ្នានេះដើម្បីសម្តែងអំពីរបៀបដែលព្រះរំដោះរាស្ត្ររបស់ទ្រង់ចេញពីភាពជាទាសករនៅនគរបាប៊ីឡូនវិញ។

ព្រះគម្ពីរសញ្ញាថ្មីបានបង្ហាញពីរបៀបដែលខគម្ពីរអេសាយ៤០៖៣-៥ ដឹកនាំយើងអោយបានយល់អំពីភារកិច្ចដែលលោកយ៉ូហានបាទីស្ទបានបំពេញ។ លោកបានរៀបចំផ្លូវថ្វាយព្រះយេស៊ូវក្នុងការយាងមក។ មុនពេលជំនាន់លោកយ៉ូហានក៏មានអ្នកដទៃទៀតជាច្រើនដែលបាននិយាយអំពីការយាងមករបស់ព្រះយេស៊ូវដែរ។ លោកស៊ីម្មាន និងយាយអាណគឺជាបុគ្គលពីរនាក់ក្នុងចំណោមនេះហើយដែលបានជួបទារកយេស៊ូវនៅក្នុងព្រះវិហារ (លូកា ២៖២៥-៣៨)។ រឿងរ៉ាវរបស់លោកតាស៊ីម្មាន និងយាយអាណ បានជួយអោយយើងនឹកភ្នកដល់អ្នកនាំសារពីររូបនៅក្នុងព្រះគម្ពីរអេសាយដែលពួកគេក៏ជាបុរស និងស្ត្រីផង ដែរ។ ព្រះជាម្ចាស់បានសន្យានឹងលោកតាស៊ីម្មានថាគាត់នឹងមិនស្លាប់ឡើយរហូតដល់បានជួបព្រះយេស៊ូវ។ អង្គព្រះយេស៊ូវ ទ្រង់ជាសេចក្តីកំសាន្តចិត្ត និងជាសេចក្តីសង្ឃឹមដែលព្រះជាម្ចាស់នឹងប្រទានមកដល់រាស្ត្រទ្រង់ (លូកា ២៖២៥, ២៦)។ ខព្រះគម្ពីរអេសាយ ៤០៖៩-១១ ក៏បានជួយយើងយល់ពីរឿងរបស់លោកយាយអាណផងដែរ។ លោកយាយជាអ្នកនាំសារពិសេសដែលមកអំពីព្រះជាម្ចាស់គឺមានលក្ខណៈដូចគ្នា នឹងស្ត្រីដែលនៅក្នុងគម្ពីរអេសាយ ៤០៖៩ ដែរ។ លោកយាយជាមនុស្សដំបូងបង្អស់ដែលបានប្រកាស ព្រះបន្ទូលជាឱឡារិកនៅក្នុងព្រះវិហារលើកំពូលភ្នំដល់ប្រជាជនដែលរស់នៅក្នុងក្រុងយេរូសាឡិម អំពីការយាងមករបស់ព្រះយេស៊ូវ។ «លោកយាយអាណក៏បាននៅទីនោះដែរនៅពេលដែលលោកយ៉ូសែប និងនាងម៉ារាបានមកឯព្រះវិហារបរិសុទ្ធ។ គាត់បានឡើងមកនៅវេលានោះឯងក៏អរព្រះគុណដល់ព្រះ ព្រមទាំងប្រកាសប្រាប់ពីព្រះឱរសដល់អស់អ្នកដែលនៅរង់ចាំសេចក្តីប្រោសលោះនៅក្រុងយេរូសាឡិម» (លូកា ២៖ ៣៨)។ កិច្ចការប្រកាសដំណឹងល្អអំពីព្រះយេស៊ូវបានចាប់ផ្ដើមតាមរយៈលោកតាស៊ីម្មាន និងយាយអាណ។ ព្រះយេស៊ូវបានយាងមកដើម្បីជួយសង្រ្គោះយើងរាល់គ្នា។ ក្រោយមកព្រះយេស៊ូវក៏បានប្រោសប្រទានដល់ ស្ដ្រីម្នាក់ទៀតឈ្មោះ ម៉ារា-ម៉ាក់ដាឡាអោយបានធ្វើជាអ្នកនាំសារដំបូងបង្អស់អំពីការមានព្រះជន្មរស់ឡើង វិញរបស់ទ្រង់។ ដំណឹងនេះគឺជាដំណឹងល្អស្តីអំពីការរស់ពីសុគតឡើងវិញរបស់ទ្រង់ (យ៉ូហាន ២០៖១៧, ១៨)។ នាងម៉ារាបានជួយផ្សព្វផ្សាយអំពីដំណឹងល្អនេះដល់អស់អ្នកដែលបានដើរតាមព្រះអង្គទាំងអស់។ ហើយពួកគេក៏បានចែកចាយសារនេះទៅគ្រប់ទិសទីនៅលើផែនដី។ ព័ន្ធកិច្ចរបស់ពួកគេបានជួយធ្វើអោយ ដំណឹងល្អនេះបានទទួលជោគជ័យជាហូរហែ។

សូមអានខគម្ពីរអេសាយ ៤០៖១១។ តើលោកអ្នកបានឃើញនិមិត្តរូបអ្វីខ្លះនៅក្នុងខនេះ? ចូររៀបរាប់អំពីព្រះយេស៊ូវដែលមានលក្ខណៈដូចជាអ្នកគង្វាល។ សូមសរសេរជាកថាខណ្ឌមួយអំពីរបៀបដែលទ្រង់បានដឹកនាំលោកអ្នក និងយកព្រះទ័យទុកដាក់ចំពោះលោកអ្នក។ តើហេតុអ្វីបានការចងចាំអំពីរឿងនេះជាការល្អម៉្លេះ? ​

ថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១

ព្រះយេស៊ូវគឺជាព្រះអម្ចាស់នៃសេចក្ដីមេត្តា

តើគម្ពីរអេសាយ៤០ បានបង្រៀនអ្វីខ្លះអំពីសេចក្តីមេត្តាករុណា និងព្រះចេស្ដារបស់ព្រះ?

---------------------------------------------------------------------------------------

នៅក្នុងគម្ពីរអេសាយជំពូក៤០ សេចក្ដីមេត្តាករុណា និងព្រះចេស្ដារបស់ព្រះតែងតែត្រូវបានគេ ដាក់បញ្ចូលគ្នាហាក់ដូចជាវាមានគំនិតតែមួយ។ ហេតុអ្វីបានជាលោកអេសាយធ្វើដូច្នេះ? លក្ខណៈទាំងពីរនេះពិតជាសំខាន់ណាស់។ ព្រះជាម្ចាស់ត្រូវតែមានបែបបទទាំងពីរយ៉ាងនេះទើបទ្រង់អាចជួយសង្រ្គោះរាស្ត្ររបស់ទ្រង់បាន។ ព្រះអង្គសព្វព្រះទ័យនឹងជួយសង្រ្គោះពួកគេដោយសារទ្រង់មានព្រះទ័យពោរពេញទៅដោយសេចក្តីមេត្តាករុណា និងព្រះចេស្តា។

ជំពូកនេះចាប់ផ្តើមឡើងដោយបរិយាយអំពីព្រះចេស្ដារបស់ព្រះ។ ទ្រង់មានពោរពេញទៅដោយសិរីល្អ និងភាពស្ថិតស្ថេរអស់កល្បជានិច្ច (អេសាយ ៤០៖៣-៨)។ លោកអេសាយក៏បានពណ៌នាបន្ថែមទៀតផងដែរអំពីព្រះចេស្ដា និងបញ្ញាញាណរបស់ទ្រង់ (អេសាយ ៤០៖១២-១៧)។ របៀបនៃការសរសេររបស់ហោរាអេសាយក្នុងខទាំងនេះបានជួយរំឭកពួកយើងអំពីបទបន្ទូលរបស់ព្រះជាម្ចាស់ទៅកាន់លោកយ៉ូប (យ៉ូប ៣៨-៤១)។ ទាំងលោកអេសាយ និងលោកយ៉ូបបានសរសេរប្រកបដោយចំណោទបញ្ហា និងសំនួនប្រៀបប្រដូចយ៉ាងប៉ិនប្រសប់។ ពួកលោកក៏បានសរសេររៀបរាប់អំពីផែនដី និងលក្ខណៈផ្សេងៗរបស់វាដែរ។

តើអ្វីទៅជាចម្លើយចំពោះសំណួររបស់លោកអេសាយដែលបានចោទសួរថា៖ «តើអ្នកអាច ធៀបព្រះទៅនឹងអ្វីបាន? តើអ្នកអាចបង្កើតព្រះបានទេ?» (អេសាយ ៤០៖១៨ ) ។

---------------------------------------------------------------------------------------

ទាំងគម្ពីរអេសាយ និងយ៉ូបបានផ្តល់ចម្លើយបដិសេធចំពោះសំណួរនេះ។ យើងមិនអាចធៀបព្រះជាម្ចាស់ទៅនឹងអ្វីបានទេ។ បន្ទាប់មក អេសាយបាននិយាយរៀបរាប់អំពីបុគ្គលមួយចំនួននៅក្នុងជំនាន់របស់លោកដែលឆ្លាក់ធ្វើនូវរូបព្រះ ឬរូបតំណាងអោយព្រះ។ រូបចម្លាក់ទាំងនេះបង្ហាញថា ពួកគេចាត់ទុកព្រះជាម្ចាស់ដូចជារូបព្រះនេះដែរ (អេសាយ ៤០៖១៩, ២០)។

លោកអេសាយបាននិយាយថានេះគឺជាគំនិតដ៏ល្ងីល្ងើប៉ុណ្ណោះ។ គ្មានរូបតំណាងណាអាចបង្ហាញអោយយើងឃើញថាព្រះជានរណានោះឡើយ។ អេសាយចង់អោយមនុស្សយល់យ៉ាងច្បាស់ថា គំនិតនេះពិតជាឆ្កួតលីលាបំផុត។ ដូច្នេះហើយ លោកក៏បានលើកឡើងអំពីសេចក្តីដែលបង្រៀនថា គ្មាននរណាម្នាក់អាចប្រៀបផ្ទឹមនឹងព្រះបានឡើយ។ តើហេតុអ្វី? ពីព្រោះព្រះជាម្ចាស់បានបង្កើតយើងមក។

តើខគម្ពីរអេសាយ ៤០៖២៧ បង្ហាញយើងយ៉ាងដូចម្តេចអំពីគំនិត និងអារម្មណ៍របស់ប្រជាជនដែលអេសាយនិយាយជាមួយ? តើយើងមានកំហុសក្នុងការមានគំនិតនិងអារម្មណ៍ដូចគ្នានេះយ៉ាងណាដែរ?

---------------------------------------------------------------------------------------

ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសារនៃសេចក្តីកំសាន្តចិត្តដែលទ្រង់បានប្រទានដល់អេសាយដើម្បីផ្តល់ការលួងលោមដល់មនុស្សដែលត្រូវការវា។ ពេលខ្លះ នៅពេលដែលយើងកើតទុក្ខ យើងហាក់ដូចមានគំនិតច្របូកច្របល់អំពីព្រះនិងសេចក្តីស្រឡាញ់របស់ទ្រង់។ បន្ទាប់មក យើងក៏បាក់ទឹកចិត្តដូចជាយ៉ូបដែរ។ នោះហើយជាមូលហេតុដែលព្រះទ្រង់ផ្តល់ឱ្យយើងនូវព្រះបន្ទូលនៃការកំសាន្តចិត្ត និងក្តីសង្ឃឹម។

ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១

បញ្ហានឹងការថ្វាយបង្គំព្រះក្លែងក្លាយ

ការថ្វាយបង្គំព្រះក្លែងក្លាយបានបំផ្លាញនូវទំនាក់ទំនងរបស់យើងជាមួយព្រះ។ នៅពេលដែលយើងថ្វាយបង្គំព្រះមិនពិតយើងបានយកអ្វីផ្សេងមកជំនួសអោយព្រះវិញ (និក្ខមនំ ២០៖៤, ៥; អេសាយ ៤២៖៨)។ ហោរារបស់ព្រះបានបរិយាយថាការថ្វាយបង្គំព្រះមិនពិតប្រៀបបាននឹង «អំពើផិតក្បត់» ខាងវិញ្ញាណ (យេរេមា ៣៖៦-៩; អេសេគាល ១៦៖១៥-១៩)។ នៅពេលដែលមនុស្សបានក្បត់ប្តី ឬប្រពន្ធរបស់ខ្លួននោះ វាគឺជាអំពើផិតក្បត់ហើយ។ អំពើផិតក្បត់ខាងវិញ្ញាណគឺជាការបោកប្រាស់ ឬកេងប្រវ័ញ្ចដល់ព្រះ។

សូមអានព្រះគម្ពីរអេសាយ ៤១៖២៩។ តើអេសាយនិយាយអ្វីខ្លះអំពីរូបចម្លាក់របស់ព្រះមិនពិត? តើពាក្យសម្តីរបស់គាត់មានអត្ថន័យយ៉ាងណាចំពោះអ្នកផ្ទាល់? តើហេតុអ្វីបានជាព្រះបន្ទូលស្តីអំពីព្រះក្លែងក្លាយបង្ហាញយើងអំពីភាពពិតរបស់ព្រះទាំងនោះ?

---------------------------------------------------------------------------------------

ប្រជាជននៅសម័យព្រះគម្ពីរជឿថាពួកគេកំពុងថ្វាយបង្គំព្រះពិតនៅពេលដែលពួកគេគោរពបូជារូបចម្លាក់ដែលតំណាងអោយព្រះ។ ប៉ុន្តែ ការថ្វាយបង្គំបែបនេះពិតជាបានបំពានបទបញ្ញត្តិទីមួយហើយ៖ «កុំឲ្យមានព្រះឯណាទៀតនៅចំពោះអញឲ្យសោះ» (និក្ខមនំ ២០៖៣)។ តើនឹងមានអ្វីកើតឡើង ប្រសិនបើមាននរណាម្នាក់ធ្វើរូបចម្លាក់ដើម្បីតំណាងអោយព្រះអង្គនោះ? នេះក៏ជាអ្វីដែលជនជាតិអ៊ីស្រាអែលបានធ្វើជាមួយនឹងកូនគោមាសដែរ (និក្ខមនំ ៣២៖៤, ៥)។ បន្ទាប់មកព្រះជាម្ចាស់ក៏បដិសេធមិនទទួលយករូបចម្លាក់នោះឡើយ។ រូបចម្លាក់នេះនឹងមិនបង្ហាញអំពីលក្ខណៈរបស់ព្រះឡើយ។ គ្មាននរណាម្នាក់ដឹងពីវិធីបង្កើតអ្វីមួយដែលបង្ហាញអំពីព្រះឡើយ (ចោទិយកថា ៤៖១៥-១៩)។ គ្មានអ្វីមួយអាចបង្ហាញពីសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងព្រះចេស្ដារបស់ទ្រង់បានឡើយ។ ដូច្នេះ រូបចម្លាក់តំណាងព្រះទាំងឡាយ គឺពិតជាព្រះដទៃហើយ។ នៅពេលដែលមនុស្សគោរពថ្វាយបង្គំដល់ព្រះទាំងនេះ នោះពួកគេនឹងបំពានបទបញ្ញត្តិទីមួយ និងទីពីរជាមិនខាន។

រាស្រ្តរបស់ព្រះជាម្ចាស់គឺមិនត្រូវការនឹងរូបចម្លាក់អ្វីនោះទេ។ ពួកគេមានពន្លឺនៃសិរីរុងរឿងរបស់ ទ្រង់នៅជាមួយពួកគេនៅក្នុងព្រះវិហារហើយ។ ដូច្នេះ នៅពេលដែលរាស្ត្ររបស់ព្រះគោរពបូជារូបចម្លាក់នោះពួកគេបានបែរចេញពីព្រះដ៏ពិត។

សព្វថ្ងៃនេះ ក្នុងនាមជាគ្រីស្ទបរិស័ទ តើយើងបានគោរពបូជាព្រះក្លែងក្លាយអ្វីខ្លះ? តើព្រះក្លែងក្លាយទាំងនេះពិបាកនឹងមើលឃើញនៅក្នុងព្រះវិហារណាស់មែនទេ? តើហេតុអ្វីបានជាអ្នកគិតយ៉ាងនោះ?

---------------------------------------------------------------------------------------

«មនុស្សជាច្រើនដែលនិយាយថាពួកគេជាគ្រីស្ទាន តែបែរជាទៅបំរើដល់ព្រះដទៃដែលមិនមែនជាព្រះពិតទៅវិញ។ ព្រះយេស៊ូវ ទ្រង់បានបង្កើតយើងរាល់គ្នា ហើយទ្រង់ក៏សព្វព្រះហឫទ័យអោយយើង ស្រឡាញ់ទ្រង់ដោយស្មោះស្ម័គ្រ និងចាត់ទុកទ្រង់ជាព្រះដែលសំខាន់បំផុត។ អ្វីដែលកាត់បន្ថយនូវសេចក្តីស្រឡាញ់របស់យើងចំពោះព្រះជាម្ចាស់គឺពិតជារូបចម្លាក់ហើយ។ អ្វីក៏ដោយដែលរារាំងយើងពីការបម្រើព្រះនោះគឺជារូបព្រះហើយ»។ ដកស្រង់ពី Ellen G. White Comments, The SDA Bible Commentary, volume 2, pages 1011, 1012, adapted។

ថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១

សិក្សាបន្ថែម

ដកស្រង់ពី Ellen G. White, “Behold Your God!” in Prophets and Kings, pp. 311–321។

«នៅក្នុងជំនាន់របស់លោកអេសាយមនុស្សទាំងឡាយមិនបានស្គាល់ព្រះទេ។ ពួកគេមានគំនិតខុសឆ្គងស្តីអំពីព្រះ។ សាតាំងបានធ្វើការរបស់វាអស់រយៈពេលជាយូរណាស់មកហើយដើម្បីធ្វើឱ្យមនុស្សគិតថា ព្រះអម្ចាស់ដែលបានបង្កើតពួកគេមក ក៏ជាព្រះដែលបានបណ្តាលអោយមានអំពើបាប ការរងទុក្ខ វេទនា និងសេចក្តីស្លាប់ផងដែរ។ សាតាំងបានបោកបញ្ឆោតមនុស្សមួយចំនួនអោយគិតថាព្រះពិតជាឃោរឃៅ និងអយុត្តិធម៌។ មនុស្សទាំងនេះយល់ថាព្រះកំពុងរង់ចាំចាប់កំហុសពួកគេ ដើម្បីឱ្យទ្រង់អាចនឹងគំហកកំហែងនិងស្តីបន្ទោសដល់គេ។ មនុស្សទាំងនេះជឿថាព្រះជាម្ចាស់មិនចង់ទទួលយកមនុស្សមានបាបទេ។ ពួកគេជឿថា ព្រះនឹងប្រើលេសណាមួយដែលទ្រង់អាចធ្វើបាន ដើម្បីគេចវេះពីការជួយដល់មនុស្សដែលខ្វះខាត។ សាតាំងក៏បានបោកប្រាស់មនុស្សអំពីក្រឹត្យវិន័យនៃសេចក្តីស្រឡាញ់របស់ព្រះដែលត្រូវជាច្បាប់នៃស្ថានសួគ៌ដែរ។ សាតាំងបាននិយាយថា ក្រឹត្យវិន័យនៃសេចក្តីស្រឡាញ់នេះបានដាក់កំណត់ព្រំដែននៃសេរីភាពរបស់មនុស្ស ហើយវាគឺជាបន្ទុកដ៏ធ្ងន់មួយ។ មនុស្សគ្រប់រូបគួរតែរីករាយដើម្បីគេចវេះពីច្បាប់នេះ។ សាតាំងនិយាយថា មនុស្សមិនអាចគោរពក្រឹត្យវិន័យនៃសេចក្ដីស្រឡាញ់ ឬបញ្ញតិ្តសំខាន់ណាមួយបានឡើយ។ សាតាំងក៏បាននិយាយដែរថា ព្រះនឹងដាក់ទោសអ្នកណាដែលបំពានច្បាប់របស់ទ្រង់។ ហើយការដាក់ទណ្ឌកម្មនេះមិនយុត្តិធម៌នោះទេ»។ ដកស្រង់ពី Ellen G. White, Prophets and Kings, page 311, adapted។ ​

សំនួរពិភាក្សា៖
  1. ចូរពន្យល់ដោយប្រើប្រាស់ពាក្យរបស់លោកអ្នកអំពីព្រះបន្ទូលចេញពីខព្រះគម្ពីរអេសាយ ៤០៖១២-៣១។ សូមសរសេរតាមពាក្យពេចន៍របស់លោកអ្នក។ ចូរប្រើន័យជានិមិត្តរូបនានាក្នុងសម័យទំនើបនេះដែលបង្ហាញពីអំណាចចេស្តានៃព្រះរបស់យើង។ (ជំនួយ៖ លោកអ្នកប្រហែលជាចង់បញ្ចូលនូវឧទាហរណ៍នៃការរកឃើញពីវិទ្យាសាស្ត្រដែលបង្ហាញថាព្រះរបស់យើងពិតជាអស្ចារ្យណាស់) សូមចែករំលែកនូវកថាខណ្ឌដែលលោកអ្នកបានសរសេរជាមួយមិត្តរួមថ្នាក់របស់លោកអ្នក។

  2. លោកអេសាយបានបរិយាយថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺស្ថិតស្ថេរជារៀងរហូត។ ប៉ុន្តែ ជីវិតរបស់មនុស្សយើងវិញគឺខ្លីណាស់ (អេសាយ ៤០៖៦-៨)។ តើព្រះបន្ទូលទាំងនេះបានជួយលោកអ្នកមិនអោយខ្លាចសេចក្តីស្លាប់យ៉ាងដូចម្តេចដែរ? តើវាផ្តល់ឱ្យលោកអ្នកនូវសេចក្តីសង្ឃឹមយ៉ាងដូចម្តេចចំពោះការរស់ឡើងវិញ (យ៉ូប ១៩៖២៥-២៧; ដានីយ៉ែល ១២៖២; កូរិនថូសទី១ ១៥៖៥១-៥៧; ថែស្សាឡូនីច ទី១ ៤៖១៣-១៨)? ការរស់ឡើងវិញគឺជាពេលវេលាដែលព្រះនឹងប្រោសមនុស្សស្លាប់អោយរស់ឡើងវិញនៅពេលដែលទ្រង់យាងមកជាលើកទីពីរ។ ​ ​

រឿងខ្លី

អ្នកនេសាទមនុស្សតូចៗទាំងប្រាំពីរនាក់

Jeans

តើអ្វីទៅជាអំណាចនៃក្រុមតូច? មានគ្រូគង្វាលម្នាក់របស់ព្រះវិហារសេវេនដេយអាត់វេនទីស្ទ ភូមិភាគឥសាន្តនៃប្រទេសម៉ិកស៊ិកូ លោកបានប្រកាសប្រាប់សមាជិករបស់ខ្លួនចំនួន៦០នាក់ថា ពួកគេគួរតែបង្កើតជាក្រុមតូចៗដើម្បីជួបប្រជុំគ្នានៅក្នុងសប្តាហ៍។ ក្រុមនីមួយៗគួរតែមានឈ្មោះបាវចនា គោលដៅ និងបទចម្រៀងប្រចាំក្រុមរៀងៗខ្លួន។ គាត់បានទទួលគំនិតនេះពីព្រះវិហារប្រចាំតំបន់។ សមាជិកពេញវ័យមួយចំនួនក៏បានបង្កើតក្រុមតូចមួយភ្លាមដែលមានឈ្មោះថា យ៉ូសែប ដោយគេយល់ថា៖ «ចូរយើង ធ្វើអោយដូចជាលោកយ៉ូសែប ដែលមានចក្ខុវិស័យក្នុងការជួយសង្រ្គោះអ្នកដទៃ»។ សមាជិកពេញវ័យឯទៀតក៏បានបង្កើតក្រុមជាច្រើនដែលមានឈ្មោះហៅជាអាទិ៍ដូចជា៖ ក្រុមអ្នកព្រោះគ្រាប់ពូជនៃសេចក្តីជំនឿ ក្រុមថ្មដា ក្រុមមិត្តសម្លាញ់របស់ព្រះយេស៊ូវ ហើយនិងក្រុមសាមគ្គីភាពក្នុងសេចក្តីជំនឿ។ ប្រធាននាយកដ្ឋានរបស់កុមារក៏ចង់បង្កើតក្រុមមួយដែរ។ នាងបានប្រមូលក្មេងៗចំនួនប្រាំពីរនាក់ និងឪពុកម្តាយរបស់ពួកគេដែលតែងតែអញ្ជើញមកចូលរួមថ្វាយបង្គំនៅព្រះវិហារសេវេនដេយអាត់វេនទីស្ទ នួវ៉ូ ថាំពីកូ ក្នុងរដ្ឋអាល់តាមីរ៉ា ដើម្បីមកពិភាក្សាអំពីគំនិតនេះ។ ហើយម្តាយក្មេងប្រុសវ័យ៨ឆ្នាំម្នាក់ឈ្មោះ ម៉ាណូអែល បានផ្តល់ផ្ទះរបស់គាត់សម្រាប់ការប្រជុំប្រចាំសប្តាហ៍នេះ។ ក្រុមនេះក៏ត្រូវបានដាក់ឈ្មោះអោយថា ក្រុមអ្នកនេសាទមនុស្ស។

មានកុមារអាត់វេនទីស្ទចំនួន១៥នាក់បានចូលរួមក្នុងការប្រជុំលើកដំបូងនេះ រួមទាំងកុមារ៨នាក់ឯទៀតដែលត្រូវបានអញ្ជើញដោយនាយកកុមាររបស់អ្នកស្រីអែលសា កាវ៉ាន់ចេញមកពីមជ្ឈដ្ឋាននៃអ្នកដែលមិនមែនជាអ្នកអាត់វេនទីស្ទ។ ក្មេងៗបាននាំគ្នាអានរឿងនៃព្រះគម្ពីរ។ ពួកគេក៏បានច្រៀងចម្រៀង និងអធិស្ឋាន។ នៅចុងបញ្ចប់នៃការជួបជុំគ្នាយ៉ាងយូរនោះ កុមារទាំងឡាយក៏បានទទួលទឹកសូកូឡាក្តៅៗមកផឹក និងបានញុាំនំផ្សេងៗផងដែរ។ ក្រុមអ្នកនេសាទមនុស្សក៏បានចាប់ផ្តើមជួបជុំគ្នាជារៀងរាល់សប្តាហ៍។ កុមារទាំងឡាយក៏បានចុះទៅសួរសុខទុក្ខអ្នកជំងឺនៅតាមមន្ទីរពេទ្យម្តងក្នុងមួយខែ ដើម្បីអធិស្ឋានជាមួយអ្នកជំងឺនិងចែកចាយសៀវភៅផ្សាយដំណឹងល្អរបស់ព្រះវិហារអាត់វេនទីស្ទប្រចាំឆ្នាំ។ កុមារបានផ្តល់ភេសជ្ជៈក្តៅៗ នំប័ុងដាក់សណ្តែក និងឈីសជូនអ្នកជំងឺផងដែរ។ ដោយសង្កេតឃើញថា ក្រុមតូចមួយនេះមានស្ថេរភាពហើយនោះ ក្រុមតូចនេះក៏បានសម្រេចប្រែក្លាយទៅជា ក្រុមអែតវែន-ឆឺរ៉ឺក្លឹប។ ក្រោយមកទៀត ក្មេងដែលបានចំរើនវ័យធំទៅ ពួកគេក៏បានវិវឌ្ឍខ្លួនទៅជាក្រុមផាតហ្វាញដឺរក្លឹប។ បន្ទាប់ពីមួយរយៈពេលនោះទៅ កុមារៗក៏បានចាប់ផ្តើមបង្រៀនព្រះគម្ពីរដល់សមាជិកគ្រួសារ មិត្តភក្តិ និងអ្នកជិតខាងរបស់ខ្លួន។ ប្អូនប្រុសម៉ាណូអែល ដោយមានជំនួយពីម្តាយរបស់ខ្លួន គាត់ក៏បានបង្រៀនព្រះគម្ពីរដល់ជីតា និងមីងរបស់គាត់ផងដែរ។ ថ្ងៃមួយជីតានិងអ្នកមីងជាទីស្រឡាញ់របស់ប្អូនប្រុស ម៉ាណូអែលបានជួនដំណឹងថា ពួកគេចង់ទៅមន្ទីរពេទ្យជាមួយនឹងក្មេងៗដែរ។ មិនយូរប៉ុន្មាន អ្នកទាំងពីរក៏បានទទួលបុណ្យជ្រមុជទឹក។ ឥឡូវនេះ ម៉ាណូអែល និងម្តាយរបស់គាត់កំពុងបង្រៀនព្រះគម្ពីរដល់បងប្អូនជីដូនមួយម្នាក់ ដែលមានអាយុ៨ឆ្នាំ។ ហើយក្រៅពីនេះ ក៏មានកុមារជាច្រើននាក់ផ្សេងទៀតដែលកំពុងតែបង្រៀនព្រះគម្ពីរ។ នេះនិយាយរួមទាំងវិចទ័រដែលមានអាយុ១២ឆ្នាំ និងម្ដាយរបស់វាផងដែរដែលកំពុងតែសិក្សាជាមួយមិត្តភក្តិរបស់គាត់អាយុ៨ឆ្នាំនិងបងប្អូនជីដូនមួយ២នាក់ទៀតដែលមានអាយុ៧ឆ្នាំ និង៩ឆ្នាំ។ នៅក្នុងឆ្នាំដំបូងនេះ ក្រុមអ្នកនេសាទមនុស្សបានដឹកនាំមនុស្ស១២នាក់អោយបានទទួលបុណ្យជ្រមុជទឹក។ ចំនួននេះគឺច្រើនជាងពាក់កណ្ដាលក្នុងចំណោមមនុស្ស២០នាក់ដែលបានទទួលបុណ្យជ្រមុជទឹកនៅក្នុងព្រះវិហារក្នុងរយៈកាលនោះ។ «រឿងនេះសរបញ្ជាក់អោយឃើញថា ក្រុមតូចពិតជាមានឥទ្ធិពលខ្លំាងណាស់» នេះបើតាមសម្តីរបស់លោកគ្រូគង្វាលប្រចាំព្រះវិហារម្នាក់ដែលមានវ័យ៣៤ឆ្នាំឈ្មោះថា សាំយូអែល អាល់វ៉ារ៉ាដូ (ដែលបានថតរូបជាមួយម៉ាណូអែលខាងឆ្វេង និងវ៉ិចទ័រ) ។ «ព្រះយេស៊ូវបានចាប់ផ្តើមព័ន្ធកិច្ចរបស់ទ្រង់ជាមួយក្រុមតូចដែលមានសិស្សតែដប់ពីរនាក់ប៉ុណ្ណោះ ហើយព្រះវិហាររបស់យើងខ្ញុំក៏កំពុងតែរៀនសូត្រតាមទ្រង់ដែរ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់»។ ​ ​

អំណានដង្វាយប្រចាំសប្តាហ៍

ជីវិតសាមញ្ញធម្មតា

ការយកព្រះទុកជាទី១មិនមែនជារឿងងាយស្រួលឡើយ។ តើយើងអាចរៀនបានអ្វីខ្លះពីនាងហាណាដែលនឹងជួយយើងឲ្យយកព្រះទុកជាទី១ក្នុងជីវិតរបស់យើងសព្វថ្ងៃនេះ?

ដានីយ៉ែលគឺជាយុវជនម្នាក់កាលដែលលោកត្រូវបានគេចាប់យកទៅទីក្រុងបាប៊ីឡូន ដែលជារាជធានីនៃចក្រភពដ៏ធំបំផុតនៅលើលោកនេះ។ ស្តេចនេប៊ូក្នេសារបានចាប់យកយុវជនក្មេងៗដែលពូកែៗនិងឆ្លាតបំផុតជាឈ្លើយពីជាតិសាសន៍នានាដែលទ្រង់បានឈ្នះ។ បន្ទាប់មកស្តេចបានបណ្តុះបណ្តាលពួកគេឲ្យយល់ដឹងអំពីវិទ្យាសាស្ត្រ និងសាសនារបស់បាប៊ីឡូន ដោយដឹងថា ពួកគេនឹងចូលរួមចំណែកយ៉ាងធំធេងក្នុងការពង្រីកនគររបស់ព្រះអង្គ។ មានយុវជនរាប់ពាន់នាក់ផ្សេង​ទៀត​ក៏ត្រូវបានគេចាប់មកដែរ ហើយអ្នកណាដែលពូកែជាងគេក្នុងចំណោមនោះនឹងត្រូវបានជ្រើសរើសឲ្យធ្វើការក្នុងរាជវាំង។ ដានីយ៉ែល សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោស្ថិតក្នុងចំណោមមនុស្សដែលពូកែបំផុតទាំងនេះ។

ការសាកល្បងដំបូងបំផុតរបស់ពួកគេគឺជារឿងអាហារតាមបែបព្រះគម្ពីរ។ ការយកព្រះទុកជាទី១អាចនឹងធ្វើឲ្យពួកគេមានអភ័យឯកសិទ្ធិដ៏ធំធេង ឬអាចបាត់បង់ជីវិតផងក៏មាន។ ទោះជា​យ៉ាងណា ពួកយុវជនទាំងនេះបានប្តេជ្ញាចិត្តថា នឹងយកព្រះទុកជាទី១ មិនថាមានអ្វីកើតឡើងក៏​ដោយ។ គ្មាននរណាអាចបង្ខំ ឬទិញទឹកចិត្តឲ្យធ្វើអ្វីផ្សេងទៀតបានឡើយ។ ពួកគេស្មោះត្រង់ជាមួយនឹងអាហាររបស់ពួកគេ ហើយព្រះក៏បានប្រទានប្រាជ្ញាដល់ពួកគេ ដោយបានជួយពួកគេឲ្យក្លាយជាសិស្សឆ្នើមក្នុងសកលវិទ្យាល័យបាប៊ីឡូនទៀតផង។

ក្រោយមក លោកដានីយ៉ែលក៏ត្រូវបានតែងតាំងជាប្រមុខលើអ្នកវិទ្យាសាស្ត្រទាំងអស់ ហើយមិត្តភក្តិរបស់លោកទាំងបីរូបក៏បានក្លាយជាមេដឹកនាំកំពូលនៃរាជធានីបាប៊ីឡូនដែរ។ រឿងនេះកើតឡើងបានដោយសារតែការយកព្រះទុកជាទី១ មិនថាមានឧបសគ្គអ្វីមករារាំងក៏ដោយ។ ជាការពិត ពួកលោកសុខចិត្តឲ្យគេដុតទាំងរស់ជាជាងដែលព្រមសម្របខ្លួនតាមជំនឿក្លែងក្លាយ។ ខគម្ពីរដានីយ៉ែល ៣៖១៧ បានកត់ត្រាពាក្យពេចន៍របស់ពួកលោកដូច្នេះថា៖ «បើ​ជា​យ៉ាង​នោះ​មែន នោះ​ព្រះ​នៃ​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​គោរព​ប្រតិបត្តិ​តាម ទ្រង់​អាច​នឹង​ជួយ​ឲ្យ​ខ្ញុំ​រួច​ពី​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ​បាន​ហើយ បពិត្រ​ព្រះករុណា ព្រះអង្គ​នោះ​ក៏​នឹង​ជួយ​ឲ្យ​យើង​រួច​ពី​ព្រះហស្ត​ទ្រង់​ដែរ»។

បើទោះបីជាចូលដល់វ័យចំណាស់ហើយក្តី ក៏លោកដានីយ៉ែលសុខចិត្តឲ្យគេបោះចូលរូងតោជាជាងឈប់អធិដ្ឋានទៅរកព្រះជាម្ចាស់ដែរ។ ប៉ុន្តែ ព្រះជាម្ចាស់បានជួយដល់លោកម្តងទៀត ហើយលោកក៏បានរស់ជីវិតដើម្បីសរសើរដល់ព្រះ និងបានក្លាយជានាយករដ្ឋមន្ត្រីនៃនគរមេដូ-​ពើស៊ី។

លោកដានីយ៉ែលបានយកព្រះទុកជាទី១។ គំរូរបស់លោកដាស់តឿនយើងឲ្យធ្វើតាមលោក។ ខណៈ​ដែលពួកអ្នកជំនួយការប្រាក់ដង្វាយកំពុងប្រមូលប្រាក់ដង្វាយ សូមយើងរាល់គ្នា បានទទួលយក​ព្រះ​​ជាម្ចាស់ទុកជាទី១ចុះ។

សេចក្តីអធិដ្ឋាន៖
ឱព្រះវរបិតាម្ចាស់សួគ៌ យើងរាល់គ្នាថ្វាយបង្គំព្រះអង្គព្រឹកនេះ ដោយភ្ជាប់មកជាមួយនូវប្រាក់ដង្វាយ១០ហូត១ និងដង្វាយសទ្ធា។ យើងសូមអធិដ្ឋានឲ្យព្រះអង្គប្រទានសេចក្តីក្លាហានដល់យើងឲ្យយកទ្រង់ទុកជាទី១ក្នុងជីវិតរបស់យើងរាល់គ្នា។ សូមអធិដ្ឋានក្នុងព្រះនាមព្រះយេស៊ូវ។ អាម៉ែន។

Powered by CAM