មេរៀនទី៨​៖ ១៥-២១ ឧសភា ២០២១

សេចក្តីសញ្ញា និងក្រឹត្យវិន័យរបស់ព្រះ

Jeans
ថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ និក្ខមនំ ១៩៖៦; អេសាយ ៥៦៖៧; ហេព្រើរ ២៖៩; ចោទិយកថា ៤៖១៣; អេម៉ុស ៣៖៣; លោកុប្បត្តិ ១៨៖១៩។

ខចងចាំ៖«ដូច្នេះ ​ចូរ​ដឹង​ថា ព្រះយេហូវ៉ាជា​ព្រះ​នៃ​ឯង ទ្រង់​ពិត​ជា​ព្រះ​ហើយ គឺ​ជា​ព្រះ​ស្មោះត្រង់ ដែល ​ទ្រង់​កាន់​តាម​សេចក្តី​សញ្ញា ហើយ​នឹង​សេចក្តី​សប្បុរស​ដរាប​ដល់​ទាំង​ពាន់​ដំណ របស់​ពួក​អ្នក​ដែល ​ស្រឡាញ់​ទ្រង់​ហើយ​កាន់​តាម​បញ្ញត្ត​របស់​ទ្រង់» (ចោទិយកថា ៧៖៩)។

បទទំនុកដំកើង ២៣ គឺជាកំណាព្យដ៏ពីរោះស្តីអំពីព្រះអង្គសង្គ្រោះ។ ព្រះអង្គសង្គ្រោះរបស់ យើងបានដឹកនាំយើងដូចជាអ្នកគង្វាលចៀមដឹកនាំចៀមរបស់ខ្លួនផងដែរ។ ខ៣គឺជាខមួយនៅក្នុងខ សំខាន់ៗបំផុតក្នុងបទគម្ពីរទំនុកដំកើង ២៣។ ក្នុងខនេះ ស្តេចដាវីឌបានបង្ហាញយើងអំពីទីកន្លែងដែល ព្រះចង់នាំទៅដោយថា៖ «ទ្រង់​កែ​ព្រលឹង​ខ្ញុំ​ឡើង​វិញ ទ្រង់​នាំ​ខ្ញុំ​ទៅ​តាម​ផ្លូវ​សុចរិតដោយ​យល់​ដល់​ព្រះនាម​ទ្រង់» (ទំនុកដំកើង ២៣៖៣)។ ព្រះទ្រង់ល្អឥតខ្ចោះ។ ទ្រង់ពុំអាចប្រព្រឹត្តអំពើបាបបានឡើយ។ ដូច្នេះ ទ្រង់មិនដឹកនាំយើងទៅតាមផ្លូវទុច្ចរិតនោះទេ។ ព្រះនឹងបង្ហាញផ្លូវដ៏មានសុវត្ថិភាពដល់យើង ដើម្បីធ្វើដំណើរដោយការដើរខាងឯវិញ្ញាណ ក្នុងជីវិត។

តើផ្លូវដ៏មានសុវត្ថិភាពដែលព្រះនឹងនាំយើងទៅជាផ្លូវអ្វី?

អ្នកសរសេរទំនុកដំកើងផ្សេងទៀតបានឆ្លើយនឹងសំណួរនេះតាមរយៈការអធិស្ឋាន៖ «សូមបណ្តាល ​ឲ្យ​ទូលបង្គំ​ដើរ​ទៅ​តាម​ផ្លូវ​ច្រក​នៃ​សេចក្តី​បង្គាប់របស់​ទ្រង់» (ទំនុកដំកើង ១១៩៖៣៥)។ ក្រោយមក អ្នកសរសេរ បានបន្ថែមទៀតថា «ក្រឹត្យវិន័យ​ដែល​ចេញ​ពី​ព្រះឱស្ឋ​ទ្រង់​មកនោះ​វិសេស» (ទំនុកដំកើង ១១៩៖ ១៧២)។ ចម្លើយឆ្លើយតបនឹងសំណួរខាងដើមនៃកថាខណ្ឌនេះគឺជា៖ ក្រឹត្យវិន័យ របស់ព្រះ។ ក្រឹត្យវិន័យគឺផ្លូវដ៏មានសុវត្ថិភាពសម្រាប់អោយយើងដើរនៅក្នុងជីវិត។

សប្តាហ៍នេះ មេរៀនរបស់យើងគឺស្តីអំពីក្រឹត្យវិន័យរបស់ព្រះ។ យើងនឹងសិក្សាអំពីសារៈសំខាន់ នៃក្រឹត្យវិន័យនៅក្នុងសេចក្តីសញ្ញានៅឯស៊ីណាយ។

ថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១

ព្រះបានជ្រើសរើសសាសន៍អ៊ីស្រាអែល

រឿងរបស់សាសន៍យូដាតាំងពីយូរលង់ណាស់មកហើយបាននិទានប្រាប់យើងអំពីដំណើរដើម ទងដែលព្រះបានបង្កើតសេចក្តីសញ្ញាជាមួយនឹងសាសន៍អ៊ីស្រាអែល។​ រឿងនោះបាននិទានថា ព្រះបាន ប្រទានសេចក្តីសញ្ញារបស់ទ្រង់ដល់ពួកសាសន៍ដទៃជាមុនសិន។ ប៉ុន្តែ ពួកសាសន៍ទាំងនេះបានបដិសេធ ការប្រទានរបស់ព្រះ។ ដូច្នេះ ព្រះបានប្រទានសេចក្តីសញ្ញារបស់ទ្រង់ជាមួយនឹងសាសន៍អ៊ីស្រាអែលវិញ។ ព្រះគម្ពីរពុំបានបង្ហាញប្រាប់យើងអំពីភ័ស្តុតាងណាមួយសម្រាប់គាំទ្រគោលគំនិតនេះឡើយ។ ប៉ុន្តែ រឿងនេះជួយយើងអោយយល់អំពីសារៈសំខាន់នៃសេចក្តីពិតទាក់ទងនឹងជម្រើសដែលព្រះបានធ្វើ។ ព្រះ បានជ្រើសរើសសាសន៍អ៊ីស្រាអែលពុំមែនដោយសារតែសាសន៍អ៊ីស្រាអែលបានធ្វើអ្វីមួយអោយគាប់ដល់ ព្រះហឫទ័យព្រះនោះទេ។​

សាសន៍អ៊ីស្រាអែលពុំបានធ្វើអ្វីអោយពួកគេស័ក្តិសមនឹងធ្វើជារាស្ត្ររបស់ ព្រះនោះទេ។ ជនជាតិអ៊ីស្រាអែលមានគ្នាតិច។ ពួកគេគឺជាទាសករ នៅពេលដែលព្រះបានជ្រើសរើស ពួកគេ។ ពួកគេពុំមែនជាប្រទេសមានអំណាចនោះទេ។ ម៉្យាងទៀត សាសនា សិល្បៈ និងវប្បធម៌របស់ ពួកគេក៏ពុំមានអ្វីសំខាន់ដល់សាសន៍ដទៃដែលរស់នៅសម័យនោះផងដែរ។ ដូច្នេះ ព្រះបានជ្រើសរើស សាសន៍អ៊ីស្រាអែល ដោយសារតែទ្រង់ស្រឡាញ់ពួកគេ និងបង្ហាញពួកគេអំពីសេចក្តីមេត្តារបស់ទ្រង់។

យើងត្រូវតែមានការប្រុងប្រយ័ត្ន នៅពេលដែលយើងសិក្សាគោលគំនិតនៃជម្រើសរបស់ព្រះនេះ។ ប្រសិនបើយើងគ្មានការប្រុងប្រយ័ត្នទេ យើងនឹងអាចយល់ច្រឡំអំពីសារៈសំខាន់នៃសេចក្តីពិតរបស់ព្រះគម្ពីរស្តីអំពីព្រះអង្គផ្ទាល់។ ដូច្នេះ យើងត្រូវតែសួរខ្លួនយើងនូវសំណួរដ៏ត្រឹមត្រូវ ដើម្បីជួយយើងអោយយល់អំពីជម្រើសដែលព្រះបានធ្វើ។​ តើព្រះជ្រើសរើសសាសន៍អ៊ីស្រាអែលដើម្បីអ្វី? តើព្រះជ្រើសរើស សាសន៍អ៊ីស្រាអែល ដោយសារតែទ្រង់ចង់សង្គ្រោះសាសន៍នេះតែមួយគត់នៅលើផែនដីឬ? ឬមួយ ព្រះ បានជ្រើសរើសសាសន៍អ៊ីស្រាអែល ដើម្បីជួយទ្រង់ក្នុងការចែកចាយអំណោយនៃសេចក្តីមេត្តាទៅកាន់អ្នក ដទៃនៅលើផែនដីដូចដែលព្រះបានប្រទានដល់ពួកគេដំបូង? តើខខាងក្រោយទាំងនេះជួយយើងអោយ យល់អំពីចម្លើយឆ្លើយតបទៅនឹងសំណួរទាំងនេះយ៉ាងដូចម្តេច?

និក្ខមនំ ១៩៖១៦

--------------------------------------------------------

អេសាយ​៥៦៖៧

--------------------------------------------------------

ហេព្រើរ ២៖៩

--------------------------------------------------------

ក្នុងនាមជាអាត់វេនទីស្ទ យើងជឿថា ព្រះបានជ្រើសរើសយើងអោយចែកចាយសេចក្តីដ៏ពិសេស នៃព្រះគម្ពីរដូចជាទ្រង់បានជ្រើសរើសសាសន៍អ៊ីស្រាអែលផងដែរ។ ព្រះបានជ្រើសរើសពួកជំនុំរបស់យើងអោយចែកចាយសារដែលគ្មានអ្នកដទៃណាមាន។ ដោយសារហេតុនេះ យើងប្រៀបដូចជាសាសន៍អ៊ីស្រាអែល នៅក្នុងសម័យព្រះគម្ពីរដូច្នោះដែរ។ ព្រះបានប្រទានសារដ៏ពិសេសដល់សាសន៍អ៊ីស្រាអែល ដើម្បីអោយពួក គេចែកចាយជាមួយនឹងអ្នកដទៃនៅលើផែនដី។ សព្វថ្ងៃនេះ ព្រះបានជ្រើសរើសពួកជំនុំរបស់យើងអោយធ្វើកិច្ចការដូចគ្នានេះ។

តើលោកអ្នកអាចធ្វើអ្វីខ្លះ ដើម្បីជួយបង្ហើយកិច្ចការដែលព្រះបានប្រទានអោយពួកជំនុំរបស់យើង ធ្វើនៅលើផែនដីនេះ?

ថ្ងៃច័ន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១

តម្រូវការនៃក្រឹត្យវិន័យ

«ទ្រង់​បាន​មាន​ព្រះបន្ទូល​ប្រាប់​ដល់​ឯង​រាល់​គ្នា​ពី​សេចក្តី​សញ្ញា​របស់​ទ្រង់ ដែល​ទ្រង់​បាន​បង្គាប់​ឲ្យ​ឯង​រាល់​គ្នា​ប្រព្រឹត្ត​តាម គឺ​ជា​ក្រឹត្យ​វិន័យទាំង​១០​ប្រការ ហើយ​ទ្រង់​ក៏​ចារឹក​កត់​ក្រឹត្យ​វិន័យទាំង​នោះ ចុះ ​ទៅ​បន្ទះ​ថ្ម​២​ផ្ទាំង» (ចោទិយកថា ៤៖១៣)។

ឥឡូវនេះ យើងបានដឹងថា យើងពុំអាចទិញព្រះគុណរបស់ព្រះបានឡើយ។ សេចក្តីស្រឡាញ់ សេចក្តីមេត្តានិងការលើកលែងទោសរបស់ព្រះគឺជាអំណោយដ៏ឥតគិតថ្លៃដែលព្រះបានប្រទានអោយយើង។ ប៉ុន្តែ តើសេចក្តីមេត្តា និងព្រះគុណជួយអោយយើងមានលេសមិនប្រព្រឹត្តតាមទ្រង់ដោយសារតែយើងមិនអាចទិញសេចក្តីស្រឡាញ់របស់ទ្រង់ឬយ៉ាងណា? មិនមែនដូច្នោះឡើយ យើងត្រូវតែមើល ឃើញថា ក្រឹត្យវិន័យរបស់ព្រះ និងសេចក្តីមេត្តាដែលព្រះបានប្រទានដល់យើងនៅក្នុងសេចក្តីសញ្ញារបស់ ទ្រង់នៅជាមួយនឹងគ្នា។ សេចក្តីទាំងពីរនេះពុំអាចញែកពីគ្នាបានឡើយ។

សូមអានខគម្ពីរចោទិយកថា ៤៖១៣ ខាងលើ។ តើខនេះបង្ហាញយើងថា ក្រឹត្យវិន័យ និងសេចក្តី សញ្ញាមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នាយ៉ាងដូចម្តេច? តើក្រឹត្យវិន័យរបស់ព្រះសំខាន់ប៉ុនណាចំពោះសេចក្តី សញ្ញារបស់ទ្រង់?

--------------------------------------------------------

រឿងដែលយើងបានដឹងអំពីសេចក្តីសញ្ញានៃព្រះគម្ពីរបង្ហាញយើងថា ក្រឹត្យវិន័យរបស់ព្រះគឺជាផ្នែកដ៏សំខាន់បំផុតនៃសេចក្តីសញ្ញា។ យើងក៏ដឹងដែរថា សេចក្តីសញ្ញានៃព្រះគម្ពីរគឺជាមិត្តភាពរវាងព្រះ និងរាស្ត្ររបស់ទ្រង់។ ភាពជាដៃគូមានទំនាក់ទំនងជិតស្និទ្ធរវាងមនុស្សដែលធ្វើកិច្ចការរួមគ្នា។ ភាពជា ដៃគូល្អត្រូវការច្បាប់។ តើអាពាណ៌ពិពាហ៌ មិត្តភាព ឬអាជីវកម្មដៃគូអាចបន្តបានទៀតទេ ប្រសិនបើគ្មាន អ្នកគោរពច្បាប់? សូមគិតអំពីរឿងទាំងឡាយដែលនឹងខុសប្រក្រតីដូចជា៖ ប្តីនឹងសម្រេចចិត្តមានស្រី ដទៃ។ មិត្តភក្តិនឹងសម្រេចចិត្តជួយខ្លួនគេដោយពឹងផ្អែកលើប្រាក់នៅក្នុងហោប៉ៅនៃមិត្តភក្តិរបស់គេ។ ដៃគូអាជីវកម្មម្នាក់នឹងហៅអ្នកថ្មីម្នាក់ទៀតអោយចូលហ៊ុននៅក្នុងអាជីវកម្មរបស់គាត់ដោយពុំបានប្រាប់ដៃគូអាជីវកម្មរបស់គាត់ជាមុន។ ជម្រើសទាំងអស់នេះនឹងបំផ្លាញសារៈសំខាន់នៃច្បាប់់ និងវិន័យ។ តើលោក អ្នកគិតថា អាពាហ៌ពិពាហ៌ មិត្តភាព និងអាជីវកម្មដៃគូបែបនេះអាចជោគជ័យបានយូរប៉ុនណា? មិនបាន យូរទេ មែនទេ? នោះគឺជាមូលហេតុដែលនាំអោយអាពាហ៌ពិពាហ៌ មិត្តភាព និងអាជីវកម្មដៃគូរបស់យើង ចាំបាច់ត្រូវការច្បាប់ វិន័យ និងដែនកំណត់។ នៅពេលដែលយើងមានរបស់ទាំងនេះ យើងនឹងមានអាពាហ៌-ពិពាហ៌ មិត្តភាព និងអាជីវកម្មដៃគូយ៉ាងសុខដុម និងមានសុវត្ថិភាព។

ក្បួនច្បាប់មានសារៈសំខាន់ចំពោះភាពជាដៃគូរបស់យើងជាមួយនឹងអ្នកដទៃជាទីបំផុត។ នោះ គឺជាមូលហេតុដែលព្រះគម្ពីរបង្ហាញយើងថា ពាក្យថា «ក្រឹត្យវិន័យ» និងពាក្យថា «សេចក្តីសញ្ញា» តែងតែ មានអត្ថន័យតែមួយ។ (សូមអានខគម្ពីរទំនុកដំកើង ៧៨៖១០; ទំនុកដំកើង ៥០៖១៦; ទំនុកដំកើង ២៥៖ ១០; ទំនុកដំកើង ១០៣៖១៨ និងចោទិយកថា ៣៣៖៩)។ ខគម្ពីរយេរេមា ១១៖៣, ៦, ៨ បានបង្ហាញ យើងថា ពាក្យថាសេចក្តីសញ្ញាជាមួយនឹងព្រះគឺដូចគ្នាជាមួយនឹងច្បាប់របស់ព្រះ ក្រឹត្យវិន័យរបស់ទ្រង់ និងក្បួនច្បាប់សំខាន់ៗ។

ថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១

«សម្រាប់ជាសេចក្តីល្អដល់ឯង»

ជាដំបូង តើលោកអ្នកយល់យ៉ាងដូចម្តេច នៅពេលដែលលោកអ្នកគិតអំពីច្បាប់? សំដៅដល់ មន្ត្រី ប៉ូលិស ស្លាកចរាចរណ៍ តុលាការ និងពន្ធធនាគារឬ? ឬមួយ លោកអ្នកគិតអំពីក្បួនច្បាប់ដែនកំណត់ ឪពុក ម្តាយដែលតឹងរឹង និងការដាក់ទណ្ឌកម្មឬ? លោកអ្នកប្រហែលជាគិតអំពីសុវត្ថិភាព និងសេចក្តី សុខសាន្ត? ឬមួយ លោកអ្នកគិតអំពី . .​ . សេចក្តីស្រឡាញ់ទៅវិញ?

ពាក្យថា «តូរ៉ា (Torah)» ត្រូវបានប្រែថាជា «គម្ពីរក្រឹត្យវិន័យ»។ «តូរ៉ា» មានន័យថា «ការ បង្រៀន» ឬក៏ «មេរៀន»។ ពាក្យ «តូរ៉ា» អាចសំដៅទៅលើគ្រប់ទាំងការបង្រៀនរបស់ព្រះ។ សេចក្តីបង្រៀនទាំងនេះរួមមានក្រឹត្យវិន័យទាំង១០ប្រការ ច្បាប់សីលធម៌ សាសនា ការដឹងខុសត្រូវ និងក្បួនច្បាប់អំពីរបៀបដែលយើងគួរចុះចូលជាមួយនឹងអ្នកដទៃ។ ពាក្យ «តូរ៉ា» ក៏អាចសំដៅទៅលើគ្រប់ទាំង ដំបូន្មានដែលព្រះបានប្រទានដល់រាស្ត្ររបស់ទ្រង់។ ដំបូន្មានទាំងនេះអាចជួយអោយយើងរស់នៅក្នុង ជីវិតខាងវិញ្ញាណកាន់តែប្រសើរ និងមានសុខភាពល្អ។ នេះជាមូលហេតុដែលអ្នកសរសេរបទទំនុកដំកើង​ ១ បានមានប្រសាសន៍ថា ព្រះបានប្រទានព្រះពរដល់អស់អ្នកណាដែល «ត្រេកអរ​តែ​នឹង​ក្រឹត្យវិន័យ​របស់​ព្រះយេហូវ៉ា​វិញ ក៏​រំពឹង​គិត​ក្នុង​ក្រឹត្យវិន័យ​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ​ដែរ» (ទំនុកដំកើង ១៖២)។

គម្ពីរក្រឹត្យវិន័យ (តូរ៉ា) គឺជាការបង្រៀនដែលលោកម៉ូសេបានសរសរនៅក្នុងកណ្ឌគម្ពីរទាំង ៥ដំបូងនៃព្រះគម្ពីរ។ ការបង្រៀនទាំងនេះបានក្លាយទៅជាផ្នែកមួយនៃសេចក្តីសញ្ញាដែលព្រះបានបង្កើត ជាមួយនឹងសាសន៍អ៊ីស្រាអែល។ ខណៈពេលដែលយើងអាចបង្រៀនការទាំងនេះ យើងបានឃើញថា ព្រះបានប្រទានក្រឹត្យវិន័យដល់រាស្ត្ររបស់ទ្រង់សម្រាប់គ្រប់ទាំងផ្នែកនៃជីវិតរបស់ពួកគេ។ ក្រឹត្យវិន័យ បានបង្ហាញដល់ជនជាតិអ៊ីស្រាអែលអំពីរបៀបដាំដំណាំ គ្រប់គ្រងរដ្ឋបាលរបស់ពួកគេ ចុះចូលជាមួយនឹង គ្នា និងថ្វាយបង្គំព្រះ។

តើលោកគិតថា ហេតុអ្វីបានជាព្រះប្រទានក្រឹត្យវិន័យជាច្រើនដល់សាសន៍អ៊ីស្រាអែល? (សូម អានខគម្ពីរចោទិយកថា ១០៖១៣ សម្រាប់ចម្លើយ)។ តើក្រឹត្យវិន័យទាំងនេះគឺជា «ប្រយោជន៍» ដល់ សាសន៍យូដាយ៉ាងដូចម្តេច?

--------------------------------------------------------

ព្រះបានប្រទានក្រឹត្យវិន័យដល់សាសន៍អ៊ីស្រាអែល ដើម្បីបង្ហាញពួកគេអំពីរបៀបរស់នៅក្នុងជីវិត ថ្មីតាមដែលទ្រង់ចង់អោយពួកគេទទួលបានជាមួយនឹងទ្រង់។ ក្រឹត្យវិន័យបានបង្ហាញមនុស្សគ្រប់គ្នាអំពីសេចក្តីសញ្ញានៃផែនការរបស់ព្រះសម្រាប់ជីវិតរបស់គេ។ គេនឹងបានយល់អំពីព្រះកាន់តែពេញលេញ ឡើង ខណៈពេលដែលគេប្រព្រឹត្តតាមក្រឹត្យវិន័យ។

ក្រឹត្យវិន័យក៏បានបង្ហាញសាសន៍អ៊ីស្រាអែលថា ពួកគេពុំអាចធ្វើតាមរបៀបរស់នៅនៃសាសន៍ ដទៃនៅជំុវិញពួកគេបាននោះដែរ។ សាសន៍អ៊ីស្រាអែលគឺជារាស្ត្រដ៏បរិសុទ្ធរបស់ព្រះ និងជាកំណប់ដ៏ពិសេស របស់ទ្រង់។​ ពួកគេគឺជាមេដឹកនាំសាសនានៃនគរមួយ។ សាសន៍អ៊ីស្រាអែលអាចបន្តធ្វើកិច្ចការទាំងនេះ តាមរយៈការប្រព្រឹត្តតាមក្រឹត្យវិន័យ ដែលព្រះបានប្រទានដល់ពួកគេសម្រាប់គ្រប់ទាំងផ្នែកនៃជីវិតរបស់ ពួកគេ។ព្រះក៏បានប្រទានដំបូន្មានដល់អ្នកសេវេនដេយអាត់វេនទីស្ទសម្រាប់គ្រប់ទាំងផ្នែកនៃជីវិតរបស់ពួកគេផងដែរ។ តើហេតុអ្វីបានជាយើងគួរតែចាត់ទុកដំបូន្មាននេះជាអំណោយមកពីព្រះ និងពុំមែន ជាអ្វីដែលបំផ្លាញសេរីភាពរបស់យើង?

ថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១

ព្រះ និងក្រឹត្យវិន័យរបស់ទ្រង់មិនដែលផ្លាស់ប្តូរ

ក្រឹត្យវិន័យរបស់ព្រះគឺជាផ្នែកនៃសេចក្តីសញ្ញារបស់ព្រះជាមួយនឹងរាស្ត្ររបស់ទ្រង់។ តើក្រឹត្យវិន័យ បង្ហាញយើងអំពីសេចក្តីពិតនៃព្រះគម្ពីរអ្វីខ្លះ? (សូមអានខគម្ពីរម៉ាឡាគី ៣៖៦ និងយ៉ាកុប ១៖១៧ សម្រាប់ ចម្លើយ។

--------------------------------------------------------

ក្រឹត្យវិន័យរបស់ព្រះបង្ហាញយើងអំពីផែនការរបស់ទ្រង់សម្រាប់ជីវិតរបស់យើង (សូមប្រៀប ធៀបខគម្ពីរទំនុកដំកើង ៤០៖៨)។ ក្រឹត្យវិន័យបង្ហាញថា ព្រះជាអ្នកណា។ រឿងនេះបង្ហាញយើងអំពីសេចក្តីស្រឡាញ់ និងព្រះជន្មដ៏បរិសុទ្ធរបស់ទ្រង់។ ក្រឹត្យវិន័យបង្ហាញយើងថា ព្រះសប្បុរស និងយុត្តិធម៌។ ដូច្នេះ យើងគួរតែត្រេកអរដែលក្រឹត្យវិន័យត្រូវបានរាប់បញ្ចូលទៅក្នុងសេចក្តីសញ្ញារបស់យើងជាមួយនឹង ព្រះ។ អ្វីទាំងអស់អំពីក្រឹត្យវិន័យបង្ហាញថា យើងអាចជឿទុកចិត្តលើព្រះបានទាំងស្រុង។ របស់សព្វសារពើ នៅលើផែនដី និងស្ថានសួគ៌ត្រូវបានគ្រប់គ្រងដោយក្រឹត្យវិ័យរបស់ព្រះ។ ដំណឹងនេះជួយយើងអោយមាន អារម្មណ៍ថា មានសុវត្តិភាព និងសេរីភាព។

យើងដឹងថា «យើងអាចជឿទុកចិត្តលើព្រះ និងពឹងផ្អែកលើទ្រង់បាន។ តើហេតុអ្វី? ពីព្រោះទ្រង់ គឺជាព្រះនៃក្រឹត្យវិន័យ។ ផែនការរបស់ទ្រង់សម្រាប់ជីវិតរបស់យើង និងក្រឹត្យវិន័យរបស់ទ្រង់ត្រូវគ្នាយ៉ាង ល្អឥតខ្ចោះ។ ព្រះមានបន្ទូលតែអ្វីដែលល្អ និងត្រឹមត្រូវប៉ុណ្ណោះ ពីព្រោះសេចក្តីនោះពិតជាល្អ និងត្រឹមត្រូវ មែន។ ដូច្នេះ យើងអាចជឿទុកចិត្តបានថា​ ក្រឹត្យវិន័យរបស់ព្រះគឺសមហេតុសមផល។ ព្រះមិនផ្លាស់ប្តូរ។ ដូច្នេះ ក្រឹត្យវិន័យរបស់ទ្រង់គឺជាច្បាប់ដ៏គួរអោយទុកចិត្តបំផុតនៅលើផែនដី និងស្ថានសួគ៌»។ ដកស្រង់ពី Walter R. Beach, Dimensions in Salvation (Washington, D.C: Review and Herald Publishing Association, 1963), page 143, adapted។

ក្រឹត្យវិន័យពុំអាចសង្គ្រោះយើងចេញពីអំពើបាបបានឡើយ។ ដូច្នេះ តើហេតុអ្វីបានជាព្រះបង្កើត ក្រឹត្យវិន័យជាផ្នែកនៃសេចក្តីសញ្ញារបស់ទ្រង់? (សម្រាប់តម្រុយ សូមអានខគម្ពីរអេម៉ុស ៣៖៣)។

--------------------------------------------------------

សន្តិភាព និងសេចក្តីសញ្ញាចាំបាច់ត្រូវតែមានរវាងមនុស្សដែលជាដៃគូ។ ដូច្នេះ ក្រឹត្យវិន័យសំខាន់ជាទីបំផុតសម្រាប់សេចក្តីសុខរបស់យើង។ យើងត្រូវតែមានក្រឹត្យវិន័យ ដើម្បីអោយយើងអាចរស់ នៅដោយសុខសាន្តជាមួយនឹងព្រះ។ ព្រះគឺជាអាទិករបង្កើតផែនដីនេះ។ ទ្រង់ក៏ជាស្តេច និងជាមេដឹកនាំ ផងដែរ។ ក្រឹត្យវិន័យរបស់ទ្រង់បង្ហាញយើងអំពីផែនការរបស់ទ្រង់សម្រាប់ជីវិតរបស់យើង។ ក្រឹត្យវិន័យ ដ៏បរិសុទ្ធរបស់ទ្រង់ក៏ជាសំណុំនៃក្បួនច្បាប់សម្រាប់រដ្ឋបាលរបស់ទ្រង់នៅលើផែនដី និងស្ថានសួគ៌ទាំងមូល ផងដែរ។ តួនាទីនៃក្រឹត្យវិន័យរបស់ព្រះពុំមែនសង្គ្រោះយើងនោះទេ។ ផ្ទុយទៅវិញ ក្រឹត្យវិន័យបង្ហាញ យើងថា យើងជំពាក់ព្រះ (ក្រឹត្យវិន័យទី១-ទី៤) និងជំពាក់គ្នាទៅវិញទៅមក (ក្រឹត្យវិន័យទី៥-ទី១០)។ ក្រឹត្យវិន័យបង្ហាញយើងអំពីរបៀបដែលព្រះចង់អោយយើងរស់នៅ ដើម្បីអោយយើងមានសេចក្តីសុខ។ ក្រឹត្យវិន័យពុំបានអនុញ្ញាតអោយសាសន៍អ៊ីស្រាអែលធ្វើអ្វីអោយបានជីវិតសប្បាយរីករាយតាមអំពើចិត្តរបស់ ពួកគេនោះទេ។ គោលបំណងនៃសេចក្តីសញ្ញាឥឡូវនេះនៅតែដដែលដូចនៅជំនាន់សាសន៍អ៊ីស្រាអែល នាសម័យព្រះគម្ពីរដូច្នោះដែរ។ អ្នកណាដែលចុះសេចក្តីសញ្ញាជាមួយនឹងព្រះត្រូវបានផ្លាស់ប្តូរទាំងស្រុង ដោយសេចក្តីមេត្តា និងការលើកលែងទោសរបស់ទ្រង់។​ បន្ទាប់មក បុគ្គលនេះនឹងរស់នៅដោយសុខសាន្ត ជាមួយនឹងផែនការរបស់ព្រះសម្រាប់ជីវិតរបស់គាត់។

ថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១

ប្រសិនបើ . . .

សូមអានខខាងក្រោម។ តើលោកអ្នកឃើញខនីមួយៗមានសេចក្តីពិតនៃព្រះគម្ពីរអ្វីខ្លះដែលដូចគ្នា? តើសេចក្តីពិតនៃព្រះគម្ពីរនេះបង្រៀនយើងអំពីសេចក្តីសញ្ញារបស់ព្រះជាមួយនឹងនឹងរាស្ត្ររបស់ ទ្រង់យ៉ាងដូចម្តេច?

លោកុប្បត្តិ ១៨៖១៩

--------------------------------------------------------

លោកុប្បត្តិ​ ២៦៖៤, ៥

--------------------------------------------------------

និក្ខមនំ ​១៩៖៥

--------------------------------------------------------

លេវីវិន័យ ២៦៖៣

--------------------------------------------------------

ព្រះបានសរសើរការស្តាប់បង្គាប់របស់លោកអ័ប្រាហាំ។ «អ័ប្រាហាំ​បាន​ស្តាប់​តាម​ពាក្យ​អញ ព្រម​ទាំង​រក្សា​បញ្ញើ និង​បញ្ញត្តិ ហើយ​ច្បាប់ និង​ក្រឹត្យវិន័យ​របស់​អញ» (លោកុប្បត្តិ ២៖៥)។ ព្រះរំពឹងការ ស្តាប់បង្គាប់ និងរបៀបរស់នៅដ៏បរិសុទ្ធដូចគ្នានេះចេញពីយើង នៅពេលដែលយើងចុះសេចក្តីសញ្ញាជាមួយនឹងទ្រង់ផងដែរ។ សេចក្តីសញ្ញានៅឯស៊ីណាយក៏បានបង្ហាញយើងថា ព្រះរំពឹងការស្តាប់បង្គាប់ចេញ ពីរាស្ត្ររបស់ទ្រង់ផងដែរ។ ជាការពិតណាស់ ការស្តាប់បង្គាប់គឺជាផ្នែកមួយដ៏សំខាន់នៃសេចក្តីសញ្ញានេះ។

ខគម្ពីរនិក្ខមនំ ១៩៖៥ បានចែងថា «ដូច្នេះ​បើ​ឯង​រាល់​គ្នា​នឹង​ស្តាប់​តាម​អញ​ឥឡូវ ហើយ​កាន់​តាម​សេចក្តី​សញ្ញា​របស់​អញ . . .»។ ពាក្យថា «បើ» បង្ហាញយើងថា ព្រះគោរពការជ្រើសរើសរបស់យើង។ ព្រះពរដែលយើងនឹងទទួលបានគឺពឹងផ្អែកទៅលើជម្រើសរបស់យើងក្នុងការប្រព្រឹត្តតាម។ ជាការពិតណាស់ ព្រះបានប្រទានសេចក្តីសញ្ញារបស់ទ្រង់ដល់យើង ដោយសារតែទ្រង់ស្រឡាញ់យើង។ យើងពុំអាចទិញ ព្រះគុណ ឬការលើកលែងទោសរបស់ទ្រង់បានឡើយ។ ទន្ទឹមនឹងនេះ យើងអាចរីករាយជាមួយនឹងព្រះពរ នៃសេចក្តីសញ្ញាបាន លុះត្រាតែយើងធ្វើតាមព្រះ។ ព្រះមិនរក្សាសេចក្តីសន្យារបស់ទ្រង់ចំពោះយើងឡើយ ប្រសិនបើយើងពុំបានបំពេញផ្នែករបស់យើង។ យើងមានសេរីភាពក្នុងការទទួលយក ឬមិនទទួលយកសេចក្តីសញ្ញាដូចជាសាសន៍យូដាក្រោយមកបានជ្រើសរើសបដិសេធសេចក្តីសញ្ញាដូច្នោះដែរ។

សេចក្តីសញ្ញារបស់យើងជាមួយនឹងព្រះក៏ដំណើរការដូចគ្នានឹងផែនការរបស់ទ្រង់ក្នុងការសង្គ្រោះយើងចេញពីអំពើបាប។ ព្រះពុំបានបង្ខំមនុស្សលោកអោយបានសង្គ្រោះនោះទេ។ ព្រះពុំបានដកសេរីភាព ក្នុងការជ្រើសរើសរបស់យើងនោះទេ។ ទន្ទឹមនឹងនេះ ព្រះក៏ពុំបានបង្ខំអោយអ្នកណាម្នាក់ទទួលយកសេចក្តី សញ្ញារបស់ទ្រង់ផងដែរ។ ព្រះប្រទានសេចក្តីសញ្ញារបស់ទ្រង់ដល់មនុស្សទាំងអស់ដោយឥតគិតថ្លៃ។ ព្រះបានត្រាស់ហៅមនុស្សគ្រប់គ្នាអោយទទួលយកសេចក្តីសញ្ញា។ កាលណាយើងទទួលយកសេចក្តី សញ្ញានោះហើយ យើងត្រូវតែធ្វើតាមព្រះ។ យើងពុំបានធ្វើតាមព្រះ ដើម្បីអោយយើងបានព្រះពររបស់ទ្រង់ នោះទេ។ យើងធ្វើតាមព្រះ ដើម្បីបង្ហាញថា យើងទទួលយកព្រះពរដែលព្រះចង់ប្រទានដល់យើង។ ពេល វេលាដែលសាសន៍អ៊ីស្រាអែលធ្វើតាមព្រះបានបង្ហាញយើងអំពីព្រះពរដែលយើងអាចទទួល បានផងដែរ ប្រសិនបើយើងធ្វើតាមទ្រង់។ ការប្រព្រឹត្តតាមពុំអាចធ្វើអោយយើងទទួលព្រះពរដែលព្រះបានសន្យានោះ ទេ។ ការធ្វើតាមរបស់យើងធ្វើអោយព្រះអាចប្រទានព្រះពរដែលទ្រង់បានសន្យាដល់យើង។

ថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១

សិក្សាបន្ថែម

សូមអាន Ellen G. White, “Controversy” pages 607, 608 in The Desire of Ages; and “The Law and the Covenants,” pages 363-373, in Patriarchs and Prophets។

តើខគម្ពីរម៉ាថាយ ២២៖៣៤-៤០ ជួយយើងអោយយល់កាន់តែប្រសើរ (១) អំពីអត្ថន័យនៃ ក្រឹត្យវិន័យរបស់ព្រះ និងផ្នែកដ៏សំខាន់ដែលក្រឹត្យវិន័យមាននៅក្នុងសេចក្តីសញ្ញារបស់ទ្រង់យ៉ាងដូចម្តេច? (២) តើគោលគំនិតនៃសេចក្តីសញ្ញា និងភាពជាដៃគូរបស់យើងជាមួយនឹងព្រះដូចគ្នាយ៉ាងដូចម្តេចដែរ?

«មានតែអំណាចនៃព្រះយេស៊ូវ និងព្រះគុណរបស់ទ្រង់មួយគត់ដែលអាចធ្វើអោយយើងមាន កម្លាំងគ្រប់គ្រាន់ក្នុងការប្រព្រឹត្តតាមក្រឹត្យវិន័យរបស់ព្រះ (សូមអានខគម្ពីររ៉ូម ៨៖៣, ៤)។ ប៉ុន្តែ សេចក្តី ស្រឡាញ់ត្រូវតែមាននៅក្នុងចិត្តរបស់យើងជាមុនសិន។ យើងពុំអាចប្រព្រឹត្តតាមដោយគ្មានសេចក្តីស្រឡាញ់ បាននោះទេ។ មិនអាចជាដាច់ខាត។ ការប្រព្រឹត្តតាមដោយពុំមានសេចក្តីស្រឡាញ់គ្មានតម្លៃទាល់តែ សោះ។ ប៉ុន្តែ កាលណាសេចក្តីស្រឡាញ់មាននៅក្នុងចិត្តរបស់យើង នោះយើងនឹងអាចរស់នៅក្នុងសេចក្តី សុខសាន្តជាមួយនឹងផែនការរបស់ព្រះសម្រាប់ជីវិតរបស់យើង»។ ដកស្រង់ពី The SDA Bible Commentary, volume 5, page 484, adapted។​

«ព្រះបានបង្ហាញយើងអំពីរបៀបដែលយើងគួរតែរស់នៅ។ ទ្រង់បានប្រទានផែនការនេះដល់ យើងតាមរយៈក្រឹត្យវិន័យដ៏បរិសុទ្ធរបស់ទ្រង់។ ព្រះបានប្រកាសថា ក្រឹត្យវិន័យនេះមិនផ្លាស់ប្តូរឡើយ។ ក្រឹត្យវិន័យរបស់ទ្រង់តែងតែបង្ហាញយើងអំពីផ្លូវដ៏ត្រឹមត្រូវរហូតដល់គ្រាចុងក្រោយ។ ព្រះយេស៊ូវបានយាងមកលើកតម្កើងក្រឹត្យវិន័យ និងបង្ហាញថា ក្រឹត្យវិន័យមានសារៈសំខាន់ចំពោះជីវិតរបស់យើង»។ ព្រះយេស៊ូវបានបង្រៀនថា ក្រឹត្យវិន័យត្រូវបានបង្កើតឡើងដោយសេចក្តីស្រឡាញ់គឺជាសេចក្តីស្រឡាញ់ របស់មនុស្សលោកចំពោះព្រះ និងសេចក្តីស្រឡាញ់របស់មនុស្សលោកចំពោះគ្នាទៅវិញទៅមក។ ព្រះយេស៊ូវ បានបង្ហាញថា យើងត្រូវតែប្រព្រឹត្តតាមក្រឹត្យវិន័យ។ នេះគឺជាហេតុផលទាំងមូលរបស់យើងក្នុងការរស់នៅ។ នៅក្នុងជីវិតផ្ទាល់របស់ទ្រង់ ព្រះយេស៊ូវគឺជាគំរូដ៏មានព្រះជន្មរស់នៃការប្រព្រឹត្តតាមក្រឹត្យវិន័យរបស់ ព្រះ។ ក្នុងសេចក្តីអធិប្បាយនៅលើភ្នំ ព្រះយេស៊ូវបានបង្រៀនយើងថា ក្រឹត្យវិន័យសំណូមពរអោយយើង ធ្វើលើសពីការប្រព្រឹត្តល្អតែមួយមុខ។ ក្រឹត្យវិន័យបង្ហាញយើងថា យើងក៏ត្រូវតែមានចិត្តគំនិតបរិសុទ្ធផង ដែរ។ ដកស្រង់ពី​ Ellen G. White, The Acts of the Apostles, page 500, adapted។​

សំនួរពិភាក្សា៖
  1. អារម្មណ៍នៃសេចក្តីស្រឡាញ់ និងសេចក្តីកោ​តខ្លាចអាចនាំយើងទៅឯព្រះបាន។ ប៉ុន្តែ តើអារម្មណ៍មួយណាដែលអាចជំរុញយើងអោយនៅជាប់ជាមួយនឹងទ្រង់នៅក្នុងមិត្តភាពនៃសេចក្តីសង្គ្រោះជារៀង រហូតទៅបាន?

  2. ព្រះយេស៊ូវបានបង្គាប់យើងថា «ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង» (ម៉ាថាយ ២២៖៣៧)។ តើហេតុអ្វីបានជាក្បួនច្បាប់នេះជាក្រឹត្យវិន័យដំបូងគេ និងជាក្រឹត្យវិន័យដ៏សំខាន់បំផុតផងដែរ?

រឿងខ្លី

ការសួរសុខទុក្ខមន្ទីរពេទ្យដែលមិនអានបកស្រាយបាន

Jeans

លោកហឺរណាន់ដូ ដាយអាសបានដកឃ្លាពីមន្ទីរពេទ្យ ដើម្បីសម្រាកនៅក្នុងទីក្រុងមេដេលលីន ប្រទេសកូឡុំប៊ី។ គាត់បានចំណាយពេលវេលា២ម៉ោងមុនជាមួយនឹងសាំយូអែលដែលជាកូនប្រុសតូច របស់គាត់ ខណៈដែលឈាមរបស់គាត់ត្រូវបានសម្អាតដោយម៉ាស៊ីនសម្អាត ដែលមានតំរងនោមសិប្បនិម្មិត។ នៅពេលនោះ អេរិកាដែលជាភរិយារបស់គាត់កំពុងតែអង្គុយមើលកូនប្រុសសម្អាតឈាមអស់រយៈពេល២ម៉ោង។ លោកហឺរណាន់ដូបានទម្លាក់ខ្លួនលើបង់ជិតវង្វង់មូលបាញ់ទឹក រួចគាត់បានបើកសេចក្តីអធិប្បាយនៅក្នុងទូរស័ព្ទរបស់គាត់។ មួយស្របក់ក្រោយមក មានបុរសចម្លែកម្នាក់បានដើរមក ហើយសួរលោកហឺរណាន់ដូថា គាត់អាចអង្គុយនៅទីនោះបានដែរឬទេ។ លោកហឺរណាន់ដូបានងក់ក្បាល ខណៈពេលដែលកំពុងតែស្តាប់សេចក្តីអធិប្បាយតាមសំឡេងបំពងទូរស័ព្ទ។ ទូរស័ព្ទរបស់បុរសចម្លែកម្នាក់នោះបានរោទ៍ឡើង។ បុរសចម្លែកនោះបាននិយាយទាំងខឹងទៅកាន់អ្នកទេមកថា «ខ្ញុំសម្រេចថានឹង សម្លាប់ខ្លួនហើយ ខ្ញុំគ្មានការងារធ្វើ២ឆ្នាំហើយ ខ្ញុំមិនចង់រស់ទៀតទេ ដូច្នេះ សូមកុំទូរស័ព្ទមកខ្ញុំទៀត»។ គាត់ និយាយខ្លាំងៗនោះដោយភ្លេចថា លោកហឺរណាន់ដូកំពុងតែអង្គុយនៅលើបង់នោះដែរ។ ប៉ុន្តែ នៅពេល ដែលគាត់បិទទូរស័ព្ទ គាត់បានភ្ញាក់ខ្លួនឡើង។ សេចក្តីអធិប្បាយបានទាក់ទាញចំណាប់អារម្មណ៍របស់ គាត់។ គាត់បានសួរថា «តើម្នាក់នេះគឺជាគ្រូគង្វាលគ្រីស្ទានឬ?»។

លោកហឺរណាន់ដូបានឆ្លើយថា «បាទ ខ្ញុំបានឮថា អ្នកចង់សម្លាប់ខ្លួន»។ បុរសបាននិយាយថា «មែនហើយ ខ្ញុំចង់សម្លាប់ខ្លួន ខ្ញុំមិនអាចទ្រាំរស់ នៅបែបនេះតទៅទៀតបានទេ»។ លោកហឺរណាន់ដូបាននិយាយទៀតថា «ខ្ញុំគិតថា ដែលអ្នកមកអង្គុយ ជិតខ្ញុំនេះមិនមែនជារឿងចៃដន្យនោះទេ ខ្ញុំអាចជួយអ្នកបាន តើអ្នកចង់អោយខ្ញុំជួយដែរឬទេ?»។ គាត់ បានឆ្លើយថា «បាន ខ្ញុំត្រូវការជំនួយ»។ ហឺរណាន់ដូសួរទៀតថា​ «តើអ្នកធ្វើការងារអ្វីដែរ?»។ គាត់បាន ឆ្លើយថា​ «គណនេយ្យករដែលមិនអាចផ្គត់ផ្គង់គ្រួសារខ្លួនឯងបាន»។ លោកហឺរណាន់ដូបាននិយាយទៀត ថា «ចុះប្រសិនបើមានមនុស្សម្នាក់ប្រាប់អ្នកថា​ ខ្ញុំអាចជួយអ្នក និងផ្គត់ផ្គង់តម្រូវការរបស់អ្នក ព្រមទាំងផ្តល់សេចក្តីសង្ឃឹមនូវអនាគតដ៏ប្រសើរដល់អ្នក តើអ្នកយល់ព្រមទទួលយកដែរឬទេ?»។ ​

គាត់បានឆ្លើយ «បាទ ខ្ញុំយល់ព្រម»។ លោកហឺរណាន់ដូបាននិយាយអំពីព្រះយេស៊ូវ ហើយបុរសម្នាក់នោះបានថ្វាយចិត្ត របស់គាត់ទៅឯព្រះយេស៊ូវនៅក្នុងពេលនោះតែម្តង។ លោកហឺរណាន់ដូបានលើកទឹកចិត្តអោយគាត់ចេញ ទៅដាក់ប្រវត្តិរូបសង្ខេបដោយសេចក្តីជំនឿ។ នៅថ្ងៃបន្ទាប់ លោកហឺរណាន់ដូបានអង្គុយនៅនឹងបង់ដដែល ហើយបានឃើញបុរសដដែលនោះកំពុងតែស្វែងរកគាត់។ បុរសម្នាក់នោះបាននិយាយថា «តើលោកដឹង ដែរឬទេថា មានគេទូរស័ព្ទមកប្រាប់ខ្ញុំថា គេមានការងារអោយធ្វើ ខ្ញុំពិតជាសប្បាយចិត្តណាស់»។ លោក ហឺរណាន់ដូបានសរសើរតម្កើងដល់ព្រះ ហើយបានសួរនាំទាំងចាប់អារម្មណ៍ទៅកាន់បុរសម្នាក់នោះដែល គាត់បានជួបនៅឯមន្ទីរពេទ្យកាលពីម្សិលមិញ។ បុរសម្នាក់នោះបាននិយាយថា គាត់ពុំបានស្គាល់អ្នកណា ម្នាក់នៅឯមន្ទីរពេទ្យនោះទេ។ គាត់បាននិយាយថា «កាលពីម្សិលមិញខ្ញុំបានមានអ្វីម៉្យាងបាននាំខ្ញុំមកកាន់ មន្ទីរពេទ្យនេះ ហើយខ្ញុំបានអង្គុយជិតអ្នកដោយសារតែខ្ញុំមិនដឹងថា ខ្លួនត្រូវធ្វើអ្វីនោះទេ»។ លោកហឺរ-ណាន់ដូដែលជាគ្រូពេទ្យសេវេនដេយអាត់វេនទីស្ទនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រអាត់វេនទីស្ទនៅក្នុងបរិវេណនៃសាកលវិទ្យាល័យអាត់វេនទីស្ទកូឡុំប៊ីនៅក្នុងទីក្រុងមេដេលលីន មានទីបន្ទាល់ស្រដៀងគ្នានេះជាច្រើន។ ក្នុងអំឡុងពេល៥ឆ្នាំកន្លងមកនេះ មានមនុស្សជាង១០០នាក់បានផ្លាស់ប្តូរគំនិតចង់ធ្វើអត្តឃាតខ្លួនឯង បន្ទាប់ពីបានអធិស្ឋានជាមួយនឹងគាត់។ គាត់បាននិយាយថា «ឥឡូវនេះ ពួកគេកំពុងរស់នៅក្នុងជីវិតធម្មតាមួយ»។ ​

អំណានដង្វាយប្រចាំសប្តាហ៍

នៅពេលដែលដានីយ៉ែលយកព្រះទុកជាទីមួយ

ការយកព្រះទុកជាទី១មិនមែនជារឿងងាយស្រួលឡើយ។ តើយើងអាចរៀនបានអ្វីខ្លះពីនាងហាណាដែលនឹងជួយយើងឲ្យយកព្រះទុកជាទី១ក្នុងជីវិតរបស់យើងសព្វថ្ងៃនេះ?

ដានីយ៉ែលគឺជាយុវជនម្នាក់កាលដែលលោកត្រូវបានគេចាប់យកទៅទីក្រុងបាប៊ីឡូន ដែលជារាជធានីនៃចក្រភពដ៏ធំបំផុតនៅលើលោកនេះ។ ស្តេចនេប៊ូក្នេសារបានចាប់យកយុវជនក្មេងៗដែលពូកែៗនិងឆ្លាតបំផុតជាឈ្លើយពីជាតិសាសន៍នានាដែលទ្រង់បានឈ្នះ។ បន្ទាប់មកស្តេចបានបណ្តុះបណ្តាលពួកគេឲ្យយល់ដឹងអំពីវិទ្យាសាស្ត្រ និងសាសនារបស់បាប៊ីឡូន ដោយ​ដឹងថា ពួកគេនឹងចូលរួមចំណែកយ៉ាងធំធេងក្នុងការពង្រីកនគររបស់ទ្រង់។ មានយុវជន​ ​​រាប់ពាន់​នាក់ផ្សេង​ទៀត​ក៏ត្រូវបានគេចាប់មកដែរ ហើយអ្នកណាដែលពូកែជាងគេក្នុងចំណោមនោះនឹងត្រូវបានជ្រើសរើសឲ្យធ្វើការក្នុងរាជវាំង។ ដានីយ៉ែល សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោស្ថិតក្នុងចំណោមមនុស្សដែលពូកែបំផុតទាំងនេះ។

ការសាកល្បងដំបូងបំផុតរបស់ពួកគេគឺជារឿងអាហារតាមបែបព្រះគម្ពីរ។ ការយកព្រះទុកជាទី១អាចនឹងធ្វើឲ្យពួកគេមានអភ័យឯកសិទ្ធិដ៏ធំធេង ឬអាចបាត់បង់ជីវិតផងក៏មាន។ ទោះ​ជា​យ៉ាងណា ពួកយុវជនទាំងនេះបានប្តេជ្ញាចិត្តថា នឹងយកព្រះទុកជាទី១ មិនថាមានអ្វីកើត​ឡើងក៏​ដោយ។ គ្មាននរណាអាចបង្ខំ ឬទិញទឹកចិត្តឲ្យធ្វើអ្វីផ្សេងទៀតបានឡើយ។ ពួកគេស្មោះត្រង់ជាមួយនឹងអាហាររបស់ពួកគេ ហើយព្រះក៏បានប្រទានប្រាជ្ញាដល់ពួកគេ ដោយបានជួយពួកគេឲ្យក្លាយជាសិស្សឆ្នើមក្នុងសកលវិទ្យាល័យបាប៊ីឡូនទៀតផង។

ក្រោយមក លោកដានីយ៉ែលក៏ត្រូវបានតែងតាំងជាប្រមុខលើអ្នកវិទ្យាសាស្ត្រទាំងអស់ ហើយមិត្តភក្តិរបស់លោកទាំងបីរូបក៏បានក្លាយជាមេដឹកនាំកំពូលនៃរាជធានីបាប៊ីឡូនដែរ។ រឿងនេះកើតឡើងបានដោយសារតែការយកព្រះទុកជាទី១ មិនថាមានឧបសគ្គអ្វីមករារាំងក៏ដោយ។ ជាការពិត ពួកលោកសុខចិត្តឲ្យគេដុតទាំងរស់ជាជាងដែលព្រមសម្របខ្លួនតាមជំនឿក្លែងក្លាយ។ ខគម្ពីរដានីយ៉ែល ៣៖១៧ បានកត់ត្រាពាក្យពេចន៍របស់ពួកលោក​ដូច្នេះ​ថា៖ «បើ​​​ជា​យ៉ាង​នោះ​មែន នោះ​ព្រះ​នៃ​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​គោរព​ប្រតិបត្តិ​តាម ទ្រង់​អាច​នឹង​ជួយ​ឲ្យ​ខ្ញុំ​រួច​ពី​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ​បាន​ហើយ បពិត្រ​ព្រះករុណា ព្រះអង្គ​នោះ​ក៏​នឹង​ជួយ​ឲ្យ​យើង​រួច​ពី​ព្រះហស្ត​ទ្រង់​ដែរ»។

បើទោះបីជាចូលដល់វ័យចំណាស់ហើយក្តី ក៏លោកដានីយ៉ែលសុខចិត្តឲ្យគេបោះចូលរូងតោជាជាងឈប់អធិដ្ឋានទៅរកព្រះជាម្ចាស់ដែរ។ ប៉ុន្តែ ព្រះជាម្ចាស់បានជួយដល់លោកម្តង​ទៀត ហើយលោកក៏បានរស់ជីវិតដើម្បីសរសើរដល់ព្រះ និងបានក្លាយជានាយករដ្ឋមន្ត្រីនៃនគរមេដូ-​ពើស៊ី។

លោកដានីយ៉ែលបានយកព្រះទុកជាទី១។ គំរូរបស់លោកដាស់តឿនយើងឲ្យធ្វើតាមលោក។ ខណៈ​ដែលពួកអ្នកជំនួយការប្រាក់ដង្វាយកំពុងប្រមូលប្រាក់ដង្វាយ សូមយើង​​រាល់​គ្នាបានទទួលយក​ព្រះ​​ជាម្ចាស់ទុកជាទី១ចុះ។

សេចក្តីអធិដ្ឋាន៖
ឱព្រះវរបិតាម្ចាស់សួគ៌ យើងរាល់គ្នាថ្វាយបង្គំព្រះអង្គព្រឹកនេះ ដោយភ្ជាប់មកជាមួយនូវប្រាក់ដង្វាយ១០ហូត១ និងដង្វាយសទ្ធា។ យើងសូមអធិដ្ឋានឲ្យព្រះអង្គប្រទានសេចក្តីក្លាហានដល់យើងឲ្យយកទ្រង់ទុកជាទី១ក្នុងជីវិតរបស់យើងរាល់គ្នា។ សូមអធិដ្ឋានក្នុងព្រះនាមព្រះយេស៊ូវ។ អាម៉ែន។ ​

Powered by CAM