មេរៀនទី៨​៖ ១៣-១៩ វិច្ឆិកា ២០២១

ការជ្រើសរើសយកខាងឯជីវិត

Jeans
ថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ លោកុប្បត្តិ ២៖៨, ៩, ១៥-១៧; យូ៉ហាន ៣៖១៦; ចោទិយកថា ៣០៖១៥-២០; ចោទិយកថា ៣០៖១-១០។

ខចងចាំ៖ «អញ​អាង​ដល់​ស្ថានសួគ៌ និង​ផែនដី​ឲ្យ​ធ្វើ​ជា​បន្ទាល់​ទាស់​នឹង​ឯង​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ថា អញ​បាន​ដាក់​សំញែង​ទាំង​ជីវិត និង​សេចក្តី​ស្លាប់ ទាំង​ព្រះពរ និង​សេចក្តី​បណ្តាសា នៅ​មុខ​ឯង​រាល់​គ្នា ដូច្នេះ​ ចូរ​រើស​យក​ជីវិត​ចុះ ដើម្បី​ឲ្យ​ឯង​បាន​រស់​នៅ ព្រម​ទាំង​ពូជ​ឯង​ត​រៀង​ទៅ​ផង» (ចោទិយកថា ៣០៖១៩)។

សេនឌីដែលជាស្ត្រីអាយុ២២ឆ្នាំបានឈឺជាខ្លាំង។ នាងមានដុំសាច់ដុះនៅក្នុងខួរក្បាលរបស់នាង។ គ្រូពេទ្យមិនអាចសង្គ្រោះនាងបានឡើយ។ ហើយសេនឌីក៏មិនចង់ស្លាប់នោះដែរ។

ដូច្នេះ នាងបានរៀបចំផែនការមួយ។ បន្ទាប់ពីនាងស្លាប់ទៅ ក្បាលរបស់នាងត្រូវតែដាក់អោយកកនៅក្នុងប្រអប់ដែលពេញទៅដោយអាសូតរាវ។ អាសូតរាវនេះនឹងជួយទប់ស្កាត់មិនអោយ ខួរក្បាលរបស់នាងពុកផុយរលេះរលួយឡើយ។ ខួរក្បាលរបស់នាងនឹងរង់ចាំនៅក្នុងអាសូតរាវនោះបាន៥០ឆ្នាំ ១០០ឆ្នាំ ១០០០ឆ្នាំ ឬយូរជាងនេះទៅទៀតរហូតដល់អ្នកវិទ្យាសាស្ត្រអាចរកឃើញរបៀប ដំឡើងខួរក្បាលរបស់នាងចូលទៅក្នុងកំុព្យូទ័របាន។ ពេលនោះ នាងប្រហែលជាអាចរស់ឡើងវិញជា រៀងរហូតផង។

រឿងនេះគួរអោយសោកស្តាយណាស់។ មនុស្សវ័យក្មេងម្នាក់នឹងត្រូវស្លាប់មុនពេលដែលនាងមានឱកាសរស់នៅយ៉ាងពិតប្រាកដមួយ។​ សេនឌីចង់រស់ជាទីបំផុត។ ប៉ុន្តែ នាងបានដាក់សេចក្តីសង្ឃឹមរបស់នាងសម្រាប់ជីវិតនៅក្នុងកន្លែងមិនត្រឹមត្រូវទៅវិញ។ ជាការពិតណាស់ នាងបានជ្រើសរើសផែនការដែលនឹងត្រូវបរាជ័យនៅទីបញ្ចប់។

សប្តាហ៍នេះ យើងនឹងសិក្សាកណ្ឌគម្ពីរចោទិយកថារបស់យើងបន្តទៅទៀត។ យើងនឹងក្រឡេកមើលទៅឱកាសដែលព្រះបានប្រទានអោយយើងក្នុងការជ្រើសរើសជីវិត។ ប្រសិនបើយើងចង់បានអំណោយនេះ យើងចាំបាច់ត្រូវតែទទួលយកវានៅក្នុងរបៀបដែលព្រះនឹងផ្តល់អោយយើង។​

ថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១

ដើមនៃជីវិត

គ្មានអ្នកណាម្នាក់ដែលបានសូមអោយខ្លួនកើតនៅលើផែនដីនេះនោះទេ មែនទេ? យើងពុំបានជ្រើសរើសទីកន្លែងកំណើត ឬអ្នកណាដែលស័ក្តិសមជាឪពុកម្តាយរបស់យើងដែរ។

យើងក៏អាចនិយាយអំពីលោកអ័ដាម និងនាងអេវ៉ាដូចគ្នាដែរ។ ពួកគេពុំបានជ្រើសរើសអោយព្រះបង្កើតពួកគេ រីឯស្លឹកឈើ ដុំថ្ម ឬភ្នំក៏ដូចគ្នាដែរ។ តើអ្វីដែលធ្វើអោយយើងខុសប្លែកពីរបស់ផ្សេងៗទៀតដែលព្រះបានបង្កើតនោះ? អាមីបគឺជាសត្វដ៏តូចៗបំផុតដែលលោកអ្នកអាចមើលឃើញតាមរយៈមីក្រូទស្សន៍តែប៉ុណ្ណោះ។ ដុំថ្ម និងអាមីបគ្មានសេរីភាពក្នុងការជ្រើសរើសនោះទេ។ ប៉ុន្តែ ពួកយើងមានជម្រើស។ ព្រះពុំបានបង្កើតដុំថ្ម និងអាមីបអោយដូចជាអង្គទ្រង់នោះទេ។ ប៉ុន្តែ ពួកយើងគឺជារូបអង្គរបស់ព្រះ។

ទន្ទឹមនឹងនេះ យើងក៏ពុំបានជ្រើសរើសអោយព្រះបង្កើតយើងនោះដែរ។ ហើយព្រះបានផ្តល់ជម្រើសអោយយើងក្នុងការចាត់ចែងជីវិតដែលទ្រង់បានប្រទានដល់យើង។ យើងអាចជ្រើសរើសទទួលជីវិតអស់កល្បជានិច្ចនៅក្នុងទ្រង់។​ យើងក៏អាចទទួលបានជីវិតមួយនេះ ដោយសារតែព្រះយេស៊ូវបានសុគតជំនួសយើងនៅលើឈើឆ្កាងដែរ។

តើព្រះបានផ្តល់ជម្រើសពីរយ៉ាងអ្វីខ្លះ ដល់លោកអ័ដាមអំពីជីវិត? សូមអានខគម្ពីរលោកុប្បត្តិ ២៖៨, ៩, ១៥-១៧ និង លោកុប្បត្តិ ៣៖២២, ២៣ សម្រាប់ចម្លើយ។

--------------------------------------------------------

«ដើមនៃជីវិតបានដុះនៅក្នុងចំកណ្តាលសួនអេដែន។ ផ្លែចេញពីដើមនេះអាចធ្វើអោយជីវិតនៃមនុស្សលោករស់បន្តជារៀងរហូត។ បើសិនជាលោកអ័ដាមនៅតែគោរពតាមព្រះនោះ គាត់នឹងនៅតែបន្តបរិភោគផ្លែចេញពីដើមនេះតាមដែលចិត្តចង់។ ហើយគាត់នឹងរស់ជារៀងរហូត។ ប៉ុន្តែ លោកអ័ដាមបានធ្វើបាប។ ម្ល៉ោះហើយ ព្រះបានហាមលោកអ័ដាមមិនអោយបរិភោគផ្លែចេញពីដើមនៃជីវិតនោះទៀតទេ។ លោកអ័ដាមនឹងត្រូវស្លាប់។ ព្រះបានប្រកាសប្រាប់លោកអ័ដាមថា៖ «ឯង​នឹង​បាន​អាហារ​ស៊ី​ដោយ​ការ​បែក​ញើស ដរាប​ដល់​ឯង​ត្រឡប់​ទៅ​ជា​ដី​វិញ ពី​ព្រោះ​អញ​បាន​យក​ឯង​ពី​ដី​មក ដ្បិត​ឯង​ជា​ធូលី​ដីក៏​ត្រូវ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ» (លោកុប្បត្តិ ៣៖១៩)។ ការដាក់ទោសនេះបង្ហាញនៅពេលដែលលោកអ័ដាមស្លាប់ទៅ គ្មានអ្វីដែលនៅសេសសល់ពីជីវិតរបស់គាត់នៅលើផែនដីនេះទៀតទេ»។ ដកស្រង់ពី Ellen G. White, The Great Controversy, pages 532, 533, adapted។

ព្រះគម្ពីរបង្ហាញថា ព្រះបានប្រទានជម្រើសអោយយើងតាំងតែពីដំបូងមកម្ល៉េះ ជម្រើសនោះគឺ ជាជីវិតអស់កល្ប ឬសេចក្តីស្លាប់ដែលបញ្ឈប់យើងមិនអោយរស់ជារៀងរហូត។ យើងពុំអាចភ្ញាក់ឡើងម្តងទៀតចេញពីសេចក្តីស្លាប់បានឡើយ។

តើលោកអ្នកឃើញថា​ ដើមជីវិតបានបង្ហាញខ្លួនម្តងទៀតនៅក្នុងកណ្ឌគម្ពីរចុងក្រោយនៃព្រះគម្ពីរដែរឬទេ? សូមអានខគម្ពីរវិវរណៈ ២៖៧ និងវិវរណៈ ២២៖២, ១៤។ ព្រះប្រហែលជាចង់អោយនឹកចាំថា យើងអាចបរិភោគផ្លែចេញពីដើមជីវិតនោះបានជានិច្ច។ ប៉ុន្តែ យើងបានបាត់បង់ឱកាសនោះដោយសារតែអំពើបាប។ បន្ទាប់ពីព្រះបានដោះស្រាយបញ្ហានៃអំពើបាបនេះសព្វគ្រប់ហើយ យើងនឹងអាចបរិភោគផ្លែចេញពីដើមនេះម្តងទៀត។ ប៉ុន្តែ យើងត្រូវតែជ្រើសរើសយកជីវិតជាមុនសិន។ យើងអាចថ្លែងអំណរគុណដល់ព្រះយេស៊ូវដែលបានធ្វើអោយយើងរើសយកជម្រើសនេះបាន។ តើយើងត្រូវធ្វើការជ្រើសរើសជីវិត ឬសេចក្តីស្លាប់តាមរយៈជម្រើសប្រចាំថ្ងៃរបស់យើងដោយរបៀបណា?

ថ្ងៃច័ន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១

មានជម្រើសតែពីរប៉ុណ្ណោះ

យោងតាមព្រះគម្ពីរទាំងមូល ព្រះបានប្រទានជម្រើសពីរដល់យើង៖ ជីវិត ឬសេចក្តីស្លាប់។

សូមអានខគម្ពីរខាងក្រោម។ តើជម្រើសអ្វីខ្លះ ដែលលោកអ្នកឃើញនៅក្នុងខនីមួយៗទាំងនេះ? នៅក្នុងខខ្លះលោកអ្នកអាចមើលឃើញជម្រើសយ៉ាងច្បាស់។ រីឯខខ្លះទៀតលោកអ្នកអាចមើលឃើញតែតម្រុយប៉ុណ្កោះ។

យ៉ូហាន ៣៖១៦-----------------------------

លោកុប្បត្តិ ៧៖២២, ២៣ -------------------

រ៉ូម ៦៖២៣ ---------------------------------

រ៉ូម ៨៖៦------------------------------------

យ៉ូហានទី១ ៥៖១២---------------------------

ម៉ាថាយ ៧៖២៤-២៧-------------------------

នៅទីបំផុត យើងមានជម្រើសតែពីរប៉ុណ្ណោះ។​ ចូរចងចាំថា យើងគឺជាផ្នែកមួយនៃមហាវិវាទរវាងសេចក្តីល្អ និងសេចក្តីអាក្រក់។ ព្រះនឹងបញ្ចប់សង្គ្រាមនេះនៅពេលណាមួយនាពេលអនាគត។ នៅពេលនោះ អំពើបាប សាតាំង អារក្ស ការរំលងបញ្ញត្តិ និងការប្រឆាំងទាស់នឹងព្រះនឹងត្រូវបញ្ចប់ជារៀងរហូត។ មុនពេលហេតុការណ៍នោះមកដល់យើងម្នាក់ៗនឹងសម្រេចចិត្តដោយជ្រើសរើសជីវិត ឬសេចក្តីស្លាប់ដោយខ្លួនឯង។​ យើងអាចជ្រើសរើស​ជីវិតអស់កល្បដែលព្រះបានរៀបចំផែនការទុកជាមុនសម្រាប់ អោយយើងទទួលបានជីវិតមុនពេលដែលទ្រង់បង្កើតផែនដីនេះមកម្ល៉េះ។ ឬយើងអាចជ្រើសរើសសេចក្តីស្លាប់ដែលយើងនឹងមិនអាចភ្ញាក់ឡើងជារៀងរហូត។ លោកប៉ុលបានមានប្រសាសន៍អំពីអ្វីដែលនឹងត្រូវកើតឡើងចំពោះអ្នកដែលបានជ្រើសរើសសេចក្តីស្លាប់យ៉ាងដូច្នេះថា៖​ «គេ​នឹង​រង​ទុក្ខ​ទោស ជា​សេចក្តី​ហិនវិនាស​អស់​កល្ប​ជានិច្ច ឃ្លាត​ពី​ព្រះភក្ត្រ​នៃ​ព្រះអម្ចាស់ ហើយ​ពី​សិរីល្អ​នៃ​ព្រះចេស្តា​ទ្រង់» (ថែស្សាឡូនីច ទី២ ១៖៩)។

តើយើងនឹងជ្រើសរើសជម្រើសមួយណា? ការសម្រេចចិត្តគឺស្ថិតនៅលើយើងម្នាក់ៗ។​ យើងមានជម្រើសនៅពីមុខយើង ជម្រើសនោះគឺ៖ ជីវិត ឬសេចក្តីស្លាប់។

សូមគិតបន្ថែមទៀតអំពីជម្រើសដែលត្រូវជ្រើសរើសរវាងជីវិតអស់កល្ប និងសេចក្តីស្លាប់ដែលនឹងបញ្ចប់ជីវិតរបស់យើងជារៀងរហូត។ ដូច្នេះ តើហេតុអ្វីបានជាសេចក្តីពិតនៃព្រះគម្ពីរអំពីស្ថានឃុំព្រលឹង ជាការកំសាន្តចិត្តមួយទៅវិញ? មនុស្សខ្លះបានជឿថា ស្ថានឃុំព្រលឹងគឺជាកន្លែងដែលមនុស្សត្រូវឆេះជារៀងរហូត។ តើគោលគំនិតខុសឆ្គងមួយនេះបង្ហាញរូបភាពអាក្រក់អ្វីខ្លះដល់យើងអំពីព្រះ ប្រសិនបើយើងជឿថា ទ្រង់ដុតមនុស្សមានបាបជារៀងរហូតនៅក្នុងបឹងភ្លើងនោះ?

ថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១

ព្រះពរ នឹងបណ្តាសា

នៅជិតចុងបញ្ចប់នៃកណ្ឌគម្ពីរចោទិយកថា លោកម៉ូសេបានបញ្ចប់ការផ្តល់ឱវាទដល់ពួកបណ្តាជនអំពីសេចក្តីអាក្រក់ដែលនឹងត្រូវកើតឡើងចំពោះពួកគេ ប្រសិនបើពួកគេមិនគោរពតាមព្រះ។ បន្ទាប់មក បទគម្ពីរចោទិយកថា៣០ បានចាប់ផ្តើមជាមួយនឹងសេចក្តីសន្យាមួយគឺថា ព្រះនឹងសង្គ្រោះរាស្ត្ររបស់ទ្រង់ ទោះបីជាពួកគេមិនគោរពតាមទ្រង់ និងត្រូវបានដាក់ទោសតាមរយៈការបញ្ជូនអោយទៅរស់នៅក្នុងប្រទេសដទៃក៏ដោយ។

ប៉ុន្តែ ជនជាតិអ៊ីស្រាអែលត្រូវតែលន់តួអំពើបាប ហើយងាកចេញពីសេចក្តីអាក្រក់របស់ពួកគេជាមុនសិន។

សូមអានខគម្ពីរចោទិយកថា ៣០៖១៥-២០។ តើលោកម៉ូសេបានដាក់ជម្រើសអ្វីខ្លះនៅមុខពួកបណ្តាជន? តើជម្រើសទាំងនេះបង្ហាញយ៉ាងដូចម្តេច អំពីគោលគំនិតតែមួយដែលយើងបានឃើញនៅក្នុងព្រះគម្ពីរទាំងមូល។

--------------------------------------------------------

ព្រះអម្ចាស់បានដាក់ជ​ម្រើសមួយក្នុងជម្រើសទាំងពីរនៅមុខរាស្ត្ររបស់ទ្រង់។ ព្រះអម្ចាស់បាន ប្រទានជម្រើសដូចគ្នានេះដល់លោកអ័ដាម និងនាងអេវ៉ានៅក្នុងសួនអេដែនផងដែរ។ ភាសាហេព្រើរសម្រាប់ពាក្យ «ល្អ (តោវ)» និង «អាក្រក់ (រ៉ា)» នៅក្នុងខគម្ពីរចោទិយកថា ៣០៖១៥ គឺជាពាក្យដដែលដែលបានប្រើនៅក្នុងកណ្ឌគម្ពីរលោកុប្បត្តិ។ ពាក្យទាំងនេះអាចជួយអោយយើងមើលឃើញថា លោកអ័ដាម និងនាងអេវ៉ាមានជម្រើសតែពីរប៉ុណ្ណោះ។ ពួកគេអាចជ្រើសរើសបម្រើព្រះអម្ចាស់ និងរស់បន្តទៀត។ ឬមួយ ពួកគេអាចជ្រើសរើសសេចក្តីស្លាប់។ យើងទាំងគ្នាក៏មានជម្រើសដូចគ្នានេះផងដែរ។ យើងអាចជ្រើសរើសជីវិត សេចក្តីល្អ និងព្រះពរ។ ឬមួយ យើងអាចជ្រើសរើសសេចក្តីស្លាប់ សេចក្តី អាក្រក់ និងបណ្តាសា។ នៅទីបញ្ចប់ ព្រះនឹងផ្តល់តែសេចក្តីល្អដល់រាស្ត្ររបស់ទ្រង់ប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើពួកគេងាកចេញពីព្រះវិញនោះ ពួកគេនឹងទទួលបានសេចក្តីអាក្រក់។ ជម្រើសនៃសេចក្តីអាក្រក់របស់ ពួកគេនឹងធ្វើអោយព្រះដកសេចក្តីការពារដ៏ពិសេសរបស់ពួកគេចេញពីពួកគេ។

អ្វីដែលយើងបានឃើញនៅត្រង់នេះ ក៏ដូចជាអ្វីដែលយើងបានឃើញកាលពីមុនៗផងដែរ គឹថា សេរីភាពក្នុងការជ្រើសរើសមានសារៈសំខាន់ជាទីបំផុត។ បើគ្មានសេចក្តីពិតដ៏សំខាន់នេះទេ យើងច្បាស់ជាមិនអាចយល់អំពីអ្វីដែលនៅសេសសល់ក្នុងព្រះគម្ពីរបានច្រើននោះទេ។

ដូច្នេះ ព្រះអម្ចាស់ប្រាកដជាមានបន្ទូលទៅកាន់រាស្ត្ររបស់ទ្រង់យ៉ាងដូច្នោះថា «ខ្ញុំបានប្រទានសេរីភាពក្នុងការជ្រើសរើសដល់អ្នករាល់គ្នាហើយ។ សូមជ្រើសរើសជីវិត សេចក្តីល្អ និងព្រះពរចុះ។ តែកុំជ្រើសរើសសេចក្តីស្លាប់ សេចក្តីអាក្រក់ និងបណ្តាសាឡើយ»។

យើងបានដឹងអំពីជម្រើសមួយណាដែលត្រឹមត្រូវហើយ មែនទេ? ការពិតណាស់ ចម្លើយពិត ងាយស្រួលជាទីបំផុត។ ប៉ុន្តែ តើមានអ្វីកើតឡើងចំពោះសាសន៍អ៊ីស្រាអែល? ពួកគេបានជ្រើសរើសខុសម្តងហើយម្តងទៀត។ យើងគួរតែរៀនពីគំរូមិនល្អរបស់ពួកគេ។ សាសន៍អ៊ីស្រាអែលបានបង្ហាញ យើងអំពីអ្វីដែលអាចនឹងកើតឡើងនៅក្នុងជីវិតរបស់យើង ប្រសិនបើយើងមិនថ្វាយចិត្តរបស់យើងទាំងស្រុងទៅឯព្រះអម្ចាស់ ហើយជ្រើសរើសជីវិតនោះទេ។ សូមអានខគម្ពីរចោទិយកថា ៣០៖២០។ តើលោកអ្នកឃើញអំពីទំនាក់ទំនងរវាងសេចក្តីស្រឡាញ់ និងការគោរពតាមនៅក្នុងខនេះដែរឬទេ? តើសាសន៍អ៊ីស្រាអែលត្រូវធ្វើដូចម្តេច ដើម្បីអោយបានគោរពតាមព្រះ? តើយើងអាចអនុវត្តតាមក្បួនច្បាប់ដដែលនេះយ៉ាងដូចម្តេច នៅក្នុងជីវិតរបស់យើងនាពេលសព្វថ្ងៃនេះ?

ថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១

មិនពិបាកសម្រាប់អ្នកឡើយ

បទគម្ពីរចោទិយកថា៣០ បានចាប់ផ្តើមត្រង់ព្រះអម្ចាស់កំពុងតែមានបន្ទូលទៅកាន់រាស្ត្ររបស់ ទ្រង់អំពីអ្វីដែលនឹងត្រូវកើតឡើង ប្រសិនបើពួកគេមិនព្រមសារភាពអំពើបាប ហើយងាកចេញពីផ្លូវអាក្រក់របស់ពួកគេនោះ។ ព្រះបានប្រទានសេចក្តីសន្យាល្អៗជាច្រើនដល់ពួកគេ។​

សូមអានគម្ពីរចោទិយកថា ៣០៖១-១០។​ តើព្រះបានប្រទានសេចក្តីសន្យាអ្វីដល់ពួកបណ្តាជន ប្រសិនបើពួកគេត្រឡប់មកឯទ្រង់វិញនោះ?

--------------------------------------------------------

ជាការពិតណាស់ ពួកកូនចៅអ៊ីស្រាអែលប្រាកដជាមានអារម្មណ៍កក់ក្តៅចំពោះសេចក្តីសន្យាទាំងនេះណាស់។ ព្រះនឹងបង្ហាញពួកគេអំពីសេចក្តីស្រឡាញ់របស់ទ្រង់ កាលណាពួកគេត្រឡប់មកឯទ្រង់វិញ។​ ពេលនោះរាស្ត្ររបស់ទ្រង់នឹងស្រឡាញ់ទ្រង់វិញ។​ ពួកគេនឹងបង្ហាញអំពីសេចក្តីស្រឡាញ់របស់ពួក គេចំពោះព្រះតាមរយៈការគោរពតាមអ្វីគ្រប់យ៉ាងដែលទ្រង់បានបង្គាប់អោយពួកគេធ្វើ។

សូមអានខគម្ពីរចោទិយកថា ៣០៖១១-១៤។ តើព្រះអម្ចាស់បានមានបន្ទូលយ៉ាងដូចម្តេច ទៅកាន់រាស្ត្ររបស់ទ្រង់នៅក្នុងខទាំងនេះ? តើព្រះបានតាំងសេចក្តីសញ្ញាអ្វីនៅក្នុងខទាំងនេះ?​ តើមាន ខគម្ពីរសញ្ញាថ្មីណាខ្លះដែលបានបង្ហាញអំពីសេចក្តីសន្យាដដែលនេះ?

--------------------------------------------------------

សូមក្រឡេកមើលភាសាដ៏ល្អប្រពៃដែលព្រះអម្ចាស់បានប្រើនៅក្នុងខទាំងនេះ រួមទាំងពាក្យដ៏មានអំណាចដែលទ្រង់បានប្រើក្នុងការចែករំលែកអំពីគំនិតនៅក្នុងព្រះទ័យរបស់ទ្រង់ផងដែរ។ ព្រះ អម្ចាស់ពុំបានសូមអោយរាស្ត្ររបស់ទ្រង់ធ្វើអ្វីដែលពិបាកហួសល្បត់នោះទេ៖ «ដ្បិត​សេចក្តី​បញ្ញត្តិ ដែល​អញ​បង្គាប់​មក​ឯង​នៅ​ថ្ងៃ​នេះ មិន​មែន​ហួស​កម្លាំងឯង​ទេ ក៏​មិន​មែន​នៅ​ឆ្ងាយ​ដែរ គឺ​មិន​មែន​នៅ​លើ​ស្ថានសួគ៌ ឲ្យ​ឯង​បាន​ថា តើ​អ្នក​ណា​នឹង​ឡើង​ទៅ​ស្ថានសួគ៌ នាំ​យក​ព្រះបន្ទូល​មក​ប្រាប់​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​នោះ​ទេ ក៏​មិន​មែន​នៅ​ត្រើយ​សមុទ្រ​ខាង​នាយ ឲ្យ​ឯង​បាន​ដឹងថា តើ​អ្នក​ណា​នឹង​ឆ្លង​សមុទ្រ ទៅ​នាំ​យក​ព្រះបន្ទូល​មក​ប្រាប់​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​នោះ​ដែរ គឺ​ព្រះបន្ទូល​នេះ​នៅ​ជិត​ឯង​ណាស់ ក៏​នៅ​ក្នុង​មាត់​ឯង និង​ក្នុង​ចិត្ត​ឯង​ផង ដើម្បី​ឲ្យ​ឯង​អាច​ប្រព្រឹត្ត​តាម​បាន» (ចោទិយកថា ៣០៖១-១៤)។ តើព្រះអម្ចាស់កំពុងតែមានបន្ទូលអំពីអ្វីនៅត្រង់នេះ? ទ្រង់បានមានបន្ទូលថា អ្នកបានដឹងអំពីបញ្ញត្តិរបស់ខ្ញុំសមល្មមនឹងប្រកាសប្រាប់ដល់មនុស្សដទៃ។ អ្នកគ្មានខអះអាងណាដែលរារាំងមិនអោយអ្នក គោរពតាមខ្ញុំនោះទេ។ «ព្រះនឹងជួយអោយយើងអាចធ្វើអ្វីគ្រប់យ៉ាងដែលទ្រង់សូមអោយយើងធ្វើ»។ ដកស្រង់ពី Ellen G. White, Christ’s Object Lessons, page 333, adapted។

បន្ទាប់ពីព្រះអម្ចាស់ផ្តល់សេចក្តីបង្គាប់របស់ទ្រង់ដល់ពួកគេរួចរាល់ហើយ រាស្ត្ររបស់ទ្រង់ត្រូវបានបង្គាប់អោយជ្រើសរើសរវាងជីវិត និងសេចក្តីស្លាប់។ ប្រសិនបើពួកគេនឹងរើសយកជីវិតដោយមានសេចក្តីជំនឿនោះ ពួកគេនឹងទទួលបានជីវិតនោះមែន។ តើមានអ្វីខុសគ្នាសម្រាប់យើងនៅសម័យសព្វថ្ងៃនេះទៅ?

ថ្ងៃព្រហស្បតិ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១

សំណួរនៃការថ្វាយបង្គំ

តើអ្វីដែលធ្វើអោយសាសន៍អ៊ីស្រាអែលខុសពីសាសន៍ដទៃ? នោះគឺជាការថ្វាយបង្គំ។ ការថ្វាយបង្គំគឺជាផ្នែកដ៏សំខាន់បំផុតមួយនៃសេចក្តីសញ្ញារវាងព្រះ និងរាស្ត្ររបស់ទ្រង់។ មានតែសាសន៍អ៊ីស្រាអែលប៉ុណ្ណោះដែលបានគោរពថ្វាយបង្គំព្រះ។ រីឯសាសន៍ដទៃ ពួកបានគោរពថ្វាយបង្គំព្រះក្លែងក្លាយដែលមិនមែនជាព្រះពិតទៅវិញ។ ព្រះអម្ចាស់បានប្រកាសថា៖ «អញ​នេះ​ហើយ​ដែល​ជា​ព្រះ គ្មាន​ព្រះ​ឯ​ណា​ទៀត​ក្រៅ​ពី​អញ​ឡើយ» (ចោទិយកថា ៣២៖៣៩)។

សូមអានខគម្ពីរចោទិយកថា ៤៖១៩; ចោទិយកថា ៨៖១៩; ចោទិយកថា ១១៖១៦ និងចោទិយកថា ៣០៖១៧។ តើមានការដាស់តឿនដូចគ្នាណាមួយដែលលោកអ្នកមើលឃើញនៅក្នុងខទាំងអស់ នេះ? តើហេតុអ្វីបានជាការដាស់តឿននេះសំខាន់ម្ល៉េះ​សម្រាប់ពួកបណ្តាជនអ៊ីស្រាអែល?

--------------------------------------------------------

កាលពីរាប់ពាន់ឆ្នាំមុន ជនជាតិអ៊ីស្រាអែលបានរស់នៅក្នុងចំណោមមនុស្សដែលមានវប្បធម៌ គោលជំនឿ គោលគំនិត និងសកម្មភាពទាំងឡាយទាស់នឹងការថ្វាយបង្គំព្រះអម្ចាស់។ ដូច្នេះ រាស្ត្ររបស់ព្រះក៏ត្រូវតែប្រុងប្រយ័ត្នជានិច្ចមិនអោយ «ពួកព្រះ» នៃលោកីយ៍ទាំងនេះក្លាយជាព្រះរបស់ពួកគេផងដែរ។

ព្រះរបស់យើងប្រៀបដូចជា «ជា​ភ្លើង​ឆេះ​បន្សុស គឺ​ជា​ព្រះ​ប្រចណ្ឌ» (ចោទិយកថា ៤៖២៤; សូមអានខគម្ពីរចោទិយកថា ៥៖៩ និងចោទិយកថា ៦៖១៥ ផងដែរ)។ មានតែព្រះប៉ុណ្ណោះដែលស័ក្តិសមអោយយើងថ្វាយបង្គំ។ យើងឃើញថា យើងត្រូវតែជ្រើសរើសម្តងទៀតគឺថា៖ យើងត្រូវតែជ្រើសរើស ថ្វាយបង្គំព្រះអម្ចាស់។ ទ្រង់អាចនាំមកនូវជីវិត សេចក្តីល្អ និងព្រះពរដល់យើង។ ឬមួយយើងអាចថ្វាយបង្គំព្រះដទៃបាន។ ជម្រើសនេះអាចនាំមកនូវសេចក្តីអាក្រក់ បណ្តាសា និងសេចក្តីស្លាប់ដល់យើង។

សូមអានខគម្ពីរវិវរណៈ ១៣៖១-១៥។ តើការថ្វាយបង្គំត្រូវបានបង្ហាញនៅក្នុងខទាំងនេះយ៉ាងដូចម្តេច? សូមប្រៀបធៀបខទាំងនេះជាមួយនឹងខគម្ពីរវិវរណៈ ១៤៖៦-១២។ តើខគម្ពីរវិវរណៈទាំងពីរនេះបង្ហាញយើងអំពីការដាស់តឿនតែមួយទាស់នឹងព្រះក្លែងក្លាយនៅក្នុងកណ្ឌគម្ពីរចោទិយកថាដោយរបៀបណា?

--------------------------------------------------------

ជាការពិតណាស់ កណ្ឌគម្ពីរវិវរណៈ និងកណ្ឌគម្ពីរចោទិយកថាបានបង្ហាញយើងអំពីសម័យខុសៗគ្នានៅក្នុងប្រវត្តិសាស្ត្រ។ ប៉ុន្តែ កណ្គគម្ពីរទាំងពីរនេះបានលើកឡើងនូវសំណួរដូចគ្នាយ៉ាងដូច្នេះថា៖ តើមនុស្សនឹងថ្វាយបង្គំព្រះ ហើយទទួលបានជីវិត ឬមួយពួកគេនឹងឈប់តតាំងជាមួយនឹងការគាបសង្កត់ ងាកចេញពីព្រះ ហើយបែរទៅរកសេចក្តីស្លាប់វិញ? នៅទីបញ្ចប់ មនុស្សម្នាក់ៗត្រូវតែក្រឡេកមើលចិត្តរបស់គេ ដើម្បីស្វែងរកចម្លើយ។ ព្រះមិនបានបង្ខំអោយរាស្ត្ររបស់ទ្រង់គោរពតាមទ្រង់នៅឯទីរហោស្ថាននោះទេ។ ហើយសព្វថ្ងៃនេះ ព្រះក៏មិនបានបង្ខំយើងដែរ។ បទគម្ពីរវិវរណៈ ១៣ បានបង្ហាញយើងថា អំណាចនៃសត្វសាហាវឡើងចេញពីសមុទ្របានបង្ខំមនុស្សអោយគោរពតាម។ រីឯព្រះទ្រង់ធ្វើកិច្ចការដោយសេចក្តី ស្រឡាញ់វិញ។តើយើងអាចដឹងច្បាស់ថា យើងនឹងមិនងាកចេញពីព្រះទៅរកព្រះដទៃមួយចំនួនទៀតដោយរបៀបណា?

ថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១

សិក្សាបន្ថែម

ព្រះបានប្រទានជម្រើសដល់សាសន៍អ៊ីស្រាអែល។ ព្រះក៏បានប្រទានជម្រើសដូចគ្នានេះដល់យើងផងដែរ។ ពាក្យដ៏សំខាន់បំផុតនៅត្រង់នេះគឺ ជម្រើស។ គោលជំនឿខុសឆ្គងនៅក្នុងគ្រីស្ទសាសនាបានបង្រៀនថា យើងពុំមានសេរីភាពក្នុងការជ្រើសរើសនោះទេ។ ការបង្រៀននេះបាននិយាយថា ព្រះបានជ្រើសរើសមនុស្សខ្លះអោយវង្វេង ហើយឆេះនៅក្នុងបឹងភ្លើងជារៀងរហូត។ ព្រះបានបង្រៀន ថា យើងនឹងសម្រេចតាមសេរីភាពក្នុងការជ្រើសរើសរបស់យើងថា យើងនឹងរស់ ឬក៏ស្លាប់។ ទោះបីជា នរណាម្នាក់ជ្រើសរើសខុសក៏ដោយ ពួកគេនឹងមិនត្រូវឆេះនៅក្នុងបឹងភ្លើងជារៀងរហូតនោះទេ។

«‘ដ្បិត​ឈ្នួល​របស់​អំពើ​បាប នោះ​ជា​សេចក្តី​ស្លាប់ តែ​អំណោយ​ទាន​នៃ​ព្រះ​វិញ គឺ​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដោយ​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា’ (រ៉ូម ៦៖២៣)។ ព្រះនឹងប្រទានជីវិតដល់រាស្ត្ររបស់ទ្រង់។ រីឯមនុស្សអាក្រក់នឹងត្រូវស្លាប់។ លោកម៉ូសេបានប្រកាសដល់សាសន៍អ៊ីស្រាអែលថា៖ ‘មើល នៅ​ថ្ងៃ​នេះ អញ​បាន​ដាក់​សំញែង​ជីវិត និង​សេចក្តី​ល្អ​នៅ​មុខ​ឯង ព្រម​ទាំង​សេចក្តី​ស្លាប់ និង​សេចក្តី​អាក្រក់​ផង’ (ចោទិយកថា ៣០៖១៥)។ តើសេចក្តីស្លាប់ដែលលោកម៉ូសេបានមានប្រសាសន៍ នេះជាអ្វី? សេចក្តីស្លាប់នេះមិនមែនជាសេចក្តីស្លាប់ដែលព្រះបានប្រកាសប្រាប់លោកអ័ដាមបន្ទាប់ពីគាត់ បានធ្វើបាបនោះទេ។ មនុស្សទាំងអស់បានរងនូវការដាក់ទោសនេះចំពោះអំពើបាបរបស់លោកអ័ដាម។ សេចក្តីស្លាប់ដែលលោកម៉ូសេបានមានប្រសាសន៍នៅក្នុងខនេះគឺជា ‘សេចក្តីស្លាប់ជាលើកទី២’ [វិវរណៈ ២០៖៦]។ សេចក្តីស្លាប់នេះខុសគ្នាទាំងស្រុងពីជីវិតអស់កល្ប»។ ដកស្រង់ពី Ellen G. White, The Great Controversy, page 544, adapted។

សំនួរពិភាក្សា៖
  1. តើព្រះដាក់ទោសមនុស្សនៅឥឡូវនេះដោយសារតែពួកគេមិនបានគោរពតាមបញ្ញត្តិរបស់ទ្រង់ឬ? ឬមួយការដាក់ទោសគ្រាន់តែកើតឡើងដោយឯកឯង នៅពេលដែលមនុស្សប្រព្រឹត្តអំពើបាប? ឬមួយទាំងពីរយ៉ាងនេះ? ឬមានករណីណាមួយដែលនៅពេលខ្លះការបកស្រាយមួយត្រឹមត្រូវជាងការបកស្រាយទៀត? តើយើងអាចយល់អំពីប្រធានបទនេះបានយ៉ាងដូចម្តេច?

  2. សូមក្រឡេកមើលខគម្ពីរនៅក្នុងសម្រង់មតិរបស់អ្នកស្រីអែល្លីន ជីវ៉ៃត៍។ តើខទាំងនេះបង្រៀនយើងអ្វីខ្លះអំពីព្រះ និងអំណាចឈ្នះលើអំពើបាបដែលទ្រង់បានប្រទានដល់យើង? ​

  3. សូមអានខគម្ពីររ៉ូម ១០៖១-១០។ ក្នុងខទាំងនេះ លោកប៉ុលបានដកស្រង់ចេញពីខគម្ពីរចោទិយកថា ៣០៖១-១៤ ដើម្បីបកស្រាយអំពីរបៀបដែលព្រះយេស៊ូវបានសង្គ្រោះយើងតាមរយៈសេចក្តីជំនឿ។ តើលោកអ្នកគិតថា ហេតុអ្វីបានជាលោកប៉ុលប្រើខទាំងនេះ? សូមយកចិត្តទុកដាក់ជាពិសេសទៅលើខ គម្ពីររ៉ូម ១០៖១០។ តើលោកប៉ុលកំពុងតែមានប្រសាសន៍អំពីអ្វីនៅក្នុងខនេះ?

  4. តើមានវិធីអ្វីខ្លះ ដែលវប្បធម៌ សង្គម និងជនជាតិរបស់លោកអ្នកអាចមានទស្សនៈទាំងឡាយដែលអាចដឹកនាំលោកអ្នកអោយចូលទៅក្នុងការថ្វាយបង្គំខុសឆ្គង បើសិនជាលោកអ្នកមិនបានប្រុងប្រយ័ត្ននោះ?

រឿងខ្លី

ការអធិស្ឋានដោយក្តីជំនឿនៅក្រុងដាឡាស

Jeans

ខ្ញុំត្រូវការការកំសាន្តចិត្ត ហើយព្រះបានប្រទានការកំសាន្តចិត្តដល់ខ្ញុំតាមរបៀបដែលមិនអាចនឹកស្មានដល់មួយ។ អស់រយៈពេល២ ឆ្នាំហើយដែលខ្ញុំបានទៅបណ្ណាល័យសាធារណៈមួយនៅក្នុងក្រុង ដាឡាស រដ្ឋតិចសាស សហរដ្ឋអាមេរិក ដើម្បីធ្វើការស្រាវជ្រាវទៅលើអត្ថបទថ្នាក់បណ្ឌិតរបស់ខ្ញុំ។ បុរសអនាថាម្នាក់ដែលអានសៀវភៅនៅក្នុងបន្ទប់បណ្ណាល័យជាប្រចាំ គាត់ម្នាក់នោះតែងតែសុំលុយខ្ញុំពេលគាត់ឃើញខ្ញុំ។ ខ្ញុំមិនបានអោយលុយទៅគាត់ទេ ប៉ុន្តែ ខ្ញុំបានទិញអាហារយកមកចែកគ្នាញុាំជាមួយនឹងគាត់វិញ។ ទោះបីខ្ញុំខំប្រឹងរាក់ទាក់ និងនិយាយលេងជាមួយគាត់ក៏ដោយ ក៏ប៉ុន្តែ គាត់ហាក់ដូចជាមិនសប្បាយចិត្តរាល់ពេល។ គាត់មិនសប្បាយចិត្តអាចមកពីខ្ញុំមិនបានអោយលុយដល់គាត់។

ថ្ងៃមួយ គាត់បានជួបខ្ញុំនៅតាមជណ្តើរ ហើយគាត់កំពុងតែតូចចិត្តជាខ្លាំង។ ខ្ញុំបានសួរគាត់ថា «មានរឿងអី គឺរ៉ាល់ដ៍ (Gerald)?»។ គាត់បានប្រាប់ខ្ញុំថា គាត់ត្រូវការព្រះ។ ដំបូងឡើយខ្ញុំមិនបានគិតថា គឺរ៉ាល់ដ៍និយាយមែននោះទេ។ ពេលនោះ ពួកយើងបានពិភាក្សាគ្នាអំពីផែនការនៃសេចក្តីសង្គ្រោះ រួចខ្ញុំបានសួរគាត់ក្រែងលោគាត់ចង់អោយព្រះយេស៊ូវធ្វើជាព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះនៅក្នុងជីវិតរបស់គាត់ដែរ។ គឺរ៉ាល់ដ៍បាននិយាយ «បាទ ខ្ញុំចង់»។ ខ្ញុំបាននាំគាត់អធិស្ឋាន ដើម្បីទទួលយកព្រះយេស៊ូវ។ បន្ទាប់ពីថ្ងៃនោះមក ខ្ញុំខានឃើញគាត់អស់រយៈពេល៦ខែ។

បន្ទាប់មក មិនយូរប៉ុន្មាននៅចុងខែវិច្ឆិកា មុនថ្ងៃឈប់សម្រាកនៃពិធីបុណ្យថ្លែងអំណរគុណរបស់សហរដ្ឋអាមេរិក ខ្ញុំបានដើរចូលទៅក្នុងបណ្ណាល័យ ហើយបានឃើញមិត្តភក្តិអនាថារបស់ខ្ញុំម្នាក់នេះ។ ខ្ញុំបានរង់ចាំគឺរា៉ល់ដ៍សុំលុយខ្ញុំដូចសព្វមួយដង ប៉ុន្តែលើកនេះ គាត់មិនបានសុំលុយខ្ញុំឡើយ។ ផ្ទុយទៅវិញ គាត់បានបង្ហាញខ្ញុំនូវស្នាមញញឹមដ៏រួសរាយបំផុតមួយដែលខ្ញុំមិនធ្លាប់បានឃើញនៅលើផ្ទៃមុខរបស់គាត់។ គាត់បានបរិយាយប្រាប់ខ្ញុំអំពីរបៀបដែលព្រះបានធ្វើការនៅក្នុងចិត្តរបស់គាត់កាលពីកន្លះឆ្នាំមកនេះ។ គាត់បាននិយាយថា គាត់បានចូលរួមជាមួយពួកជំនុំ និងបានចូលរួមក្នុងកម្មវិធីអធិស្ឋានជារៀងរាល់សប្តាហ៍។ គាត់បានទន្ទេញខគម្ពីរទាំងឡាយដែលគាត់បានយកចិត្តទុកដាក់រៀនក្នុងរយៈពេល៦ខែកន្លងមកនេះ។ គាត់ថែមទាំងបង្ហាញព្រះគម្ពីររបស់គាត់ដល់ខ្ញុំទៀតផង។ ខ្ញុំមានសេចក្តីអំណរជាខ្លាំង។

ពួកយើងបានអធិស្ឋានរួមគ្នា ហើយគាត់បានបញ្ចប់ជាមួយនឹងសេចក្តីអធិស្ឋានដ៏មានន័យមួយសម្រាប់ខ្ញុំ។ ខណៈពេលដែលពួកយើងនិយាយលាគ្នា ខ្ញុំបានដកលុយចេញពីហោប៉ៅរបស់ខ្ញុំ រួចនិយាយទៅគាត់ថា៖ «គឺរ៉ាល់ដ៍រីករាយថ្ងៃបុណ្យថ្លែងអំណរគុណ!»។

អំណានដង្វាយប្រចាំសប្តាហ៍

រោងពុម្ពអាត់វេនព្រេសយកព្រះទុកជាទីមួយ

រោងពុម្ពអាត់វេនព្រេសបានសម្រេចចិត្តយកព្រះទុកជាទីមួយ។ ថ្ងៃនេះតើយើងអាចរៀនអ្វីបានខ្លះពីរឿងនេះដែលនឹងជួយយើងឲ្យយកព្រះទុកជាទី១នៅក្នុងជីវិតផ្ទាល់របស់យើង?

អាត់វេនព្រេសគឺជារោងពុម្ពព្រះវិហារសេវេនដេយ៍អាត់វេនទីស្ទនៅប្រទេសហ្គាណា។ ក្រុមហ៊ុនជំពាក់បំណុលរដ្ឋាភិបាលនៃប្រទេសហ្គាណា អ្នកផ្គត់ផ្គង់សម្ភារៈ និងឌិវិសិនអាហ្វ្រិក-មជ្ឈិមបស្ចិមដល់ទៅចំនួន២លានដុល្លារអាមេរិក។ បរិវេណទាំងមូលសុទ្ធតែភក់ជ្រាំ ហើយ​ម៉ាស៊ីន​ទាំងឡាយក៏ខូចអស់។ ក្រុមហ៊ុនមិនអាចបើកប្រាក់ខែឲ្យដល់បុគ្គលិករបស់ខ្លួន។ មានមនុស្សតិចនាក់ណាស់ដែលមើលឃើញពីចំណុចវិជ្ជមានរបស់ក្រុមហ៊ុន ហើយក៏បានចាត់- វិធានការដើម្បីសង្គ្រោះស្ថានការណ៍នោះ។

ប៉ុន្តែការចាត់ចែងថ្មីបានយល់ព្រមនឹងបុគ្គលិកនូវការផ្លាស់ប្តូរយ៉ាងធំដែលត្រូវយកព្រះទុកជាទីមួយក្នុងជីវិតម្នាក់ៗ និងក្នុងក្រុមហ៊ុនទាំងមូល។ ពួកគេបានរៀបចំផែនការដែលបង់សងបំណុលក្នុងរយៈពេល១០ឆ្នាំ ដោយដឹងថាបាដិហារ្យនឹងកើតឡើងមិនខាន។ ប៉ុន្តែបានត្រឹមតែ​៧ឆ្នាំប៉ុណ្ណោះបំណុលទាំងអស់ក៏ត្រូវបានសងរួច ហើយសព្វថ្ងៃនេះរោងពុម្ពអាត់វេនព្រេសគឺជាគំរូដ៏លេចធ្លោមួយដែលជោគជ័យទាំងមុខជំនួញនិងជំនឿ។

ជំហានដំបូងគឺជាការប្តេជ្ញាចិត្តជាក្រុម និងផ្ទាល់ខ្លួនក្នុងការថ្វាយដង្វាយ១០ហូត១ បើទោះបីជាពួកគេកំពុងជួបការខ្វះខាតក្តី។ ជំហានទីពីរគឺជាការរៀបចំក្រុមអធិដ្ឋាននៅកន្លែងផ្សេងៗ។ ពួកគេជឿនិងទុកចិត្តថា ព្រះនឹងឆ្លើយតបសេចក្តីអធិដ្ឋានរបស់ពួកគេ។ សកម្មភាពមួយទៀតគឺត្រូវកាត់ប្រាក់ខែ៥០ភាគរយ ក្នុងរយៈពេល៥ឆ្នាំ។

បាដិហារ្យនឹងមិនកើតឡើងបានទេប្រសិនបើបុគ្គលិក រួមទាំងការចាត់ចែងមិនបានយកព្រះទុកជាទីមួយលើគ្រប់ការទាំងអស់នោះ។ ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដែលឃើញព្រះឆ្លើយតបសេចក្តីអធិដ្ឋានរបស់ពួកគេ។ មានអ្នកស្ម័គ្រចិត្តម្នាក់បានឧបត្ថម្ភសម្រាប់​ការបោះពុម្ពសៀវភៅមេរៀនថ្នាក់សប្បាតហ៍ស្គូល។ នេះគឺជាចំណុចល្អមួយដែលនាំទៅរកការបែរចេញពីវិបត្តិរបស់រោងពុម្ព។

ជាសិរីល្អដល់ព្រះជាម្ចាស់ ឥឡូវនេះរោងពុម្ពដែលជួបវិបត្តិយ៉ាងធ្ងន់ធ្ងរបានក្លាយជារោងពុម្ពដ៏ពិសេសបំផុតនៅក្នុងពិភពអាត់វេនទីស្ទ គឺជារោងពុម្ពលំដាប់ទី១នៅអាហ្វ្រិក និងទី១៣​នៃពិភពលោក។ រោងពុម្ពបានឧបត្ថម្ភគ្រូគង្វាលម្នាក់នៅសកលវិទ្យាល័យវ៉ល្លេវីយូ និងសិស្សម្នាក់ទៀតឲ្យរៀននៅសកលវិទ្យាអែនឌ្រូវ៍នៃប្រទេសអាហ្វ្រិកផងដែរ។

ម៉ាស៊ីនទាំងអស់ដែលរងការខូចខាតត្រូវបានជំនួសដោយម៉ាស៊ីនថ្មីដែលមានតម្លៃដល់ទៅ២លាន៥សែនដុល្លារអាមេរិក។ បរិវេណដែលជាភក់ជ្រាំត្រូវបានជំនួសថ្មបេតុង អគារ​​ត្រូវ​បានជួសជុលឲ្យថ្មីឡើងវិញ និងមានកន្លែងសម្រាប់បុគ្គលិកស្នាក់នៅផងដែរ។ សព្វថ្ងៃនេះការបើកប្រាក់ខែជូនបុគ្គលិកគឺគ្មានបញ្ហាឡើយបើទោះបីជាស្ថិតក្នុងវិបត្តិកូវិដ១៩ក្តី។ រោងពុម្ពមានមានឡានសម្រាប់ដឹកជញ្ជូន និងមានម៉ាស៊ីនភ្លើងជារបស់ផ្ទាល់ខ្លួន។

ជាការពិត ភាពស្មោះត្រង់នឹងការថ្វាយដង្វាយ សេចក្តីអធិដ្ឋាន ការប្តេជ្ញាចិត្ត និងការឧទ្ទិសថ្វាយទាំងស្រុងដល់ព្រះនាំមកនូវការកែប្រែវាសនារបស់រោងពុម្ពមួយនេះ។

រោងពុម្ពអាត់វេនព្រេសបានយកព្រះទុកជាទីមួយ។ សេចក្តីក្លាហាននេះក៏បណ្តាលចិត្តយើងរាល់គ្នាដែរ។ សេចក្តីស្រឡាញ់និងការពលីរបស់ទ្រង់ក៏ជំរុញយើងឲ្យយកនគររបស់ទ្រង់ទុកជាទី១ក្នុងជីវិតផ្ទាល់របស់យើងដែរ។ ខណៈដែលអ្នកជំនួយការប្រមូលប្រាក់ដង្វាយ១០ហូត១ និងសទ្ធា យើងក៏ត្រូវបានលើកទឹកចិត្តឲ្យយកព្រះទុកជាទីមួយដែរ។ ​

Powered by CAM