មេរៀនទី៩​៖ ២០-២៦ កុម្ភៈ ២០២១

ចេញទៅបម្រើ និងជួយសង្រ្គោះ

Jeans
ថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ អេសាយ ៤១; អេសាយ ៤២៖១-៧; អេសាយ ៤៤៖ ២៦-៤៥៖៦; លេវីវិន័យ ២៦៖៤០-៤៥; អេសាយ ៤៩៖១-១២។

ខចងចាំ៖ «មើល នេះនែអ្នកបំរើរបស់អញ ដែលអញទប់ទល់ គឺជាអ្នកជ្រើសរើសរបស់អញដែលជាទីរីករាយដល់ចិត្តអញ អញបានដាក់វិញ្ញាណអញឲ្យសណ្ឋិតលើទ្រង់ ហើយទ្រង់នឹងសំដែងចេញឲ្យគ្រប់ទាំងសាសន៍បានឃើញសេចក្តីយុត្តិធម៌» (អេសាយ ៤២៖ ១)។

«មនុស្សជាច្រើនចង់ទៅលេងកន្លែងដែលព្រះយេស៊ូវបានប្រសូត និងរស់នៅកាលដែលទ្រង់បានគង់នៅលើផែនដីនេះនៅឡើយ។ ពួកគេចង់ដើរនៅកន្លែងដែលព្រះយេស៊ូវបានយាងទៅ ហើយក៏ចង់ ឃើញទន្លេដែលជាកន្លែងដែលទ្រង់ចូលចិត្តបង្រៀន ព្រមទាំងចង់ឃើញភ្នំនិងជ្រលងភ្នំដែលទ្រង់បានឃើញដែរ។ ប៉ុន្តែ យើងមិនចាំបាច់ទៅណាសារ៉ែត កាពើណិម ឬភូមិបេថានីនោះទេ ប្រសិនបើយើងចង់ដើរតាមគន្លងរបស់ព្រះយេស៊ូវនោះ។ យើងនឹងរកឃើញស្នាមព្រះបាទរបស់ព្រះអង្គនៅជាប់នឹងគ្រែរបស់អ្នកជម្ងឺក្នុងលំនៅស្ថានរបស់ជនក្រីក្រនៅតាមដងវិថីដ៏ចង្អៀតនៃទីក្រុងធំៗ និងនៅគ្រប់ទីកន្លែងដែលមនុស្សត្រូវការកំសាន្តចិត្ត។ ដូច្នេះ ហើយបើយើងរាល់គ្នាបានបំពេញនូវព័ន្ធកិច្ចដែលព្រះយេស៊ូវបានធ្វើ នោះយើងបានដើរតាមគន្លងរបស់ទ្រង់ហើយ»។ ដកស្រង់ពី Ellen G. White, The Desire of Ages, page 640, adapted។

លោកអេសាយបានពណ៌នាអំពីអ្នកបំរើរបស់ព្រះជាម្ចាស់។ អ្នកបម្រើនេះបានសម្តែងនូវសេចក្ដីមេត្ដាករុណាដូចជាព្រះយេស៊ូវដែរ៖ «ទ្រង់នឹងមិនផ្តាច់ដើមត្រែងដែលបាក់ទេ ក៏មិនលត់ប្រឆេះដែលនៅហុយដែរ ទ្រង់នឹងធ្វើឲ្យភ្នែកមនុស្សខ្វាក់បានភ្លឺឡើង ហើយឲ្យពួកអ្នកដែលអង្គុយនៅក្នុងដីងងឹតបានចេញរួចពីទីឃុំឃាំង» (អេសាយ ៤២៖៣, ៧)។ តើអ្នកបំរើនេះជានរណា? តើគាត់ធ្វើអ្វីដែរ? ​

ថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១

មនុស្សដែលបានជ្រើសរើសចេញទៅបម្រើ

នៅក្នុងខព្រះគម្ពីរអេសាយ ៤១៖៨ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «តែឯង ឱអ៊ីស្រាអែលជាអ្នកបំរើអញអើយ» ។ បន្ទាប់មក នៅក្នុងខគម្ពីរអេសាយ ៤២៖១ ព្រះជាម្ចាស់ទ្រង់បានណែនាំអ្នកដែលជា «អ្នកបំរើរបស់» ទ្រង់។ តើអ្នកបំរើនេះជាអ្នកណា?

តើអ្នកបំរើនេះជាលោកយ៉ាកុបដែលជាឪពុករបស់ជនជាតិអ៊ីស្រាអែលមែនទេ? ឬក៏គាត់ជាជនជាតិអ៊ីស្រាអែល? បើមិនដូច្នេះទេ តើគាត់ជាអ្នកដែលព្រះបានជ្រើសរើស ហើយក៏ត្រូវបានគេស្គាល់ថា ជាព្រះយេស៊ូវនៅក្នុងគម្ពីរសញ្ញាថ្មីនោះមែនទេ?

---------------------------------------------------------------------------------------

លោកអេសាយបានបរិយាយអំពីអ្នកបម្រើពីរនាក់ផ្សេងគ្នានៅក្នុងជំពូក ៤១-៥៣។ អ្នកបំរើម្នាក់មានឈ្មោះថា «អ៊ីស្រាអែល» ឬ «យ៉ាកុប»។ (សូមអានអេសាយ ៤១៖៨; អេសាយ ៤៤៖១, ២, ២១; អេសាយ ៤៥៖៤; និងអេសាយ ៤៨៖២០)។ ខគម្ពីរទាំងនេះបង្ហាញយើងថា យ៉ាកុបគឺជានិមិត្តរូបតំណាងអោយរាស្ត្រអ៊ីស្រាអែលទាំងអស់។ ព្រះក៏បានធ្វើឱ្យ «យ៉ាកុបជាបាវបំរើ» របស់ទ្រង់មានសេរីភាពចេញពីនគរបាប៊ីឡូន(អេសាយ ៤៨៖២០)។ ដូច្នេះ ខគម្ពីរទាំងនេះក៏បង្ហាញយើងអោយឃើញដែរថា យ៉ាកុបគឺជាឈ្មោះមួយទៀតប្រើសម្រាប់សំដៅដល់រាស្រ្តអ៊ីស្រាអែល។ ឥឡូវយើងនឹងសង្កេតមើលឧទាហរណ៍ផ្សេងទៀតនៅក្នុងគម្ពីរអេសាយ។ សូមអានខគម្ពីរអេសាយ ៤២៖១; អេសាយ ៥០៖១០; អេសាយ ៥២៖ ១៣; និងអេសាយ ៥៣៖១១។ នៅក្នុងខទាំងនេះបាវបម្រើរបស់ព្រះគ្មានឈ្មោះនោះទេ។ ដំបូងឡើយលោកអេសាយបានសម្តែងអំពីអ្នកបំរើនៅក្នុងខគម្ពីរអេសាយ ៤២៖១។ នៅក្នុងខនេះយើងមិនដឹងថា លោកអេសាយកំពុងនិយាយអំពីអ្នកណាទេ ប៉ុន្តែ លោកបានលំអិតថែមទៀតអំពីបាវបំរើម្នាក់នេះនៅក្នុង ខបន្ទាប់។ ក្រោយមក យើងក៏បានយល់បានថា បាវបំរើនេះគឺជាមនុស្សដ៏ពិសេសម្នាក់។ លោកនឹងដឹកនាំយ៉ាកុប (ប្រជាជនអ៊ីស្រាអែល) ត្រឡប់មករកព្រះវិញ (អេសាយ ៤៩៖៥, ៦)។ បាវបំរើនេះនឹងត្រូវស្លាប់ទុកជាយញ្ញបូជាសម្រាប់មនុស្សមានបាបជាច្រើន (អេសាយ ៥២៖១៣-៥៣៖ ១២ សូមអានខគម្ពីរអេសាយ ៤៩៖ ៥, ៦ ផងដែរ)។ ដូច្នេះ បាវបំរើនេះមិនអាចជាជនជាតិអ៊ីស្រាអែលឡើយ។ ម្នាក់តំណាងអោយរាស្រ្ត របស់ព្រះជាម្ចាស់ រីឯម្នាក់ទៀតគឺជារូបបុគ្គលពិតវិញ។

តើហេតុអ្វីបានជាព្រះជាម្ចាស់ជ្រើសរើសយកសាសន៍អ៊ីស្រាអែល? តើទ្រង់ចង់អោយពួកគេធ្វើអ្វី? សម្រាប់ចម្លើយសូមអានអេសាយ៤១៖៨-២០។

---------------------------------------------------------------------------------------

ព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់ដល់សាសន៍អ៊ីស្រាអែលថា ពួកគេនឹងនៅតែជារាស្ត្ររបស់ព្រះអង្គតទៅ ត្បិតពួកគេគឺជាបាវបំរើរបស់ទ្រង់។ «អញបានរើសឯង មិនមែនបោះបង់ចោលឯងទេ» (អេសាយ ៤១៖៩)។ ក្រោយមក ទ្រង់ក៏បានផ្តល់នូវសេចក្តីសន្យាដ៏អស្ចារ្យ និងពោរពេញទៅដោយកម្លាំង ចិត្តបំផុតដល់សាសន៍អ៊ីស្រាអែលនៅក្នុងព្រះគម្ពីរទាំងមូល។ ព្រះអង្គបានមានព្រះបន្ទួលថា «កុំឲ្យភ័យ ខ្លាចឡើយដ្បិតអញនៅជាមួយនឹងឯង កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះអញជាព្រះនៃឯង អញនឹងចំរើនកម្លាំងដល់ឯង អើ អញនឹងជួយឯង អើ អញនឹងទ្រឯងដោយដៃស្តាំដ៏សុចរិតរបស់អញ» (អេសាយ ៤១៖ ១០)។ សាសន៍អ៊ីស្រាអែលត្រូវតែសម្តែងនូវការជឿទុកចិត្តលើព្រះជាម្ចាស់ដើម្បីជួយសង្រ្គោះពួកគេ។ ស្តេចអ័ហាសមិនបានទុកចិត្តលើទ្រង់ទេ។ អ៊ីស្រាអែលមិនត្រូវទុកចិត្តលើព្រះដទៃនិងរូបសំណាករបស់ខ្លួនដូចជាសាសន៍ដទៃនោះឡើយ (អេសាយ ៤១៖៧, ២១-២៤, ២៨, ២៩)។ ​

ថ្ងៃច័ន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១

បាវបម្រើដែលគ្មានឈ្មោះ

សូមអានអំពីបាវបម្រើពិសេសរបស់ព្រះនៅក្នុងខគម្ពីរអេសាយ ៤២៖១-៧ ។ ព្រះជាម្ចាស់បានចាក់ព្រះវិញ្ញាណរបស់ទ្រង់មកលើមនុស្សម្នាក់នេះដើម្បីបំពេញកិច្ចការសំខាន់ៗ។ តើព្រះជាម្ចាស់ប្រទានព័ន្ធកិច្ចអ្វីដល់បាវបំរើនេះ? ចូរជ្រើសរើសចម្លើយដែលល្អបំផុតពីបញ្ជីខាងក្រោម៖
១. ទ្រង់នឹងផ្តល់ភាពយុត្តិធម៌ដល់ជាតិសាសន៍ទាំងឡាយ។
២. ទ្រង់នឹងសម្រេចគោលដៅរបស់ទ្រង់ដោយរាបសា និងស្ងប់ស្ងាត់។
៣. ទ្រង់គឺជាគ្រូបង្រៀន។
៤. ទ្រង់នឹងបានជាសេចក្តីសញ្ញារវាងព្រះនិងមនុស្ស។
៥. ទ្រង់នឹងផ្តល់ពន្លឺ ឬសេចក្តីសង្ឃឹមដល់ប្រជាជនតាមរយៈការប្រោសមនុស្សខ្វាក់និងការរំដោះអ្នកទោសអោយមានសេរីភាព។
៦. ទ្រង់ជាគ្រប់ទាំងអស់ដូចខាងលើ។

តើបាវបម្រើម្នាក់នេះបំពេញព័ន្ធកិច្ចដូចគ្នានិងបុគ្គលដែលត្រូវបានបង្ហាញដោយ «គល់របស់ អ៊ីសាយ» នៅក្នុងអេសាយ១១៖១ ដែរឬទេ? បើមែននោះ តើព័ន្ធកិច្ចដែលពួកគេបំពេញដូចគ្នាយ៉ាងម្តេចដែរ?

---------------------------------------------------------------------------------------

មហាក្សត្រមួយអង្គនៅក្នុងគម្ពីរអេសាយជំពូក១១ បានធ្វើតាមអ្វីដែលព្រះសព្វព្រះទ័យឱ្យទ្រង់ធ្វើ។ ទ្រង់បានសម្តែងអោយប្រជាជាតិរបស់ទ្រង់បានយល់ពីការខុសនិងត្រូវ ហើយបានរំដោះពួកអ្នកទោសឱ្យមានសេរីភាព ព្រមទាំងបានបង្រៀនពួកគេអោយមានប្រាជ្ញាផង។ ព្រះអង្គបានសម្តែងអោយ ពួកគេបានស្គាល់ព្រះ។ យើងបានសិក្សារួចមកហើយថា «គល់» របស់អ៊ីសាយគឺជាបុគ្គលដែលត្រូវបានចាក់ប្រេងតាំងអោយ ឬព្រះអង្គសង្រ្គោះ។ ទ្រង់ក៏មាននូវសណ្ឋានដូចគ្នានឹងទារកដ៏បរិសុទ្ធនៅក្នុងខគម្ពីរអេសាយ ៩៖៦, ៧ ផងដែរ។ ទារកនេះនឹងនាំមកនូវសន្តិភាពដល់នគររបស់ហ្លួងដាវីឌ។ ទ្រង់ក៏នឹងសម្តែងអោយប្រជាជនយល់ពីការខុសនិងត្រូវដែរ (អេសាយ ៩៖៧)។ ជាការពិតណាស់ បាវបំរើនៅក្នុងបទគម្ពីរអេសាយ៤២ គឺជាព្រះអង្គសង្រ្គោះនោះឯង។

តើព្រះគម្ពីរសញ្ញាថ្មីបានបង្ហាញយើងយ៉ាងដូចម្តេចអំពីបាវបំរើនៅក្នុងខគម្ពីរអេសាយ ៤២៖១-៧ ? សម្រាប់ចម្លើយសូមអានម៉ាថាយ ១២៖១៥-២១។

---------------------------------------------------------------------------------------

មួយភាគនៃបទគម្ពីរអេសាយជំពូក៤២ ត្រូវបានសរសេរនៅក្នុងបទគម្ពីរម៉ាថាយ១២។ លោកម៉ាថាយយល់ថា ខគម្ពីរដែលដកស្រង់ចេញពីគម្ពីរអេសាយគឺពិតជាបរិយាយអំពីព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះ (អេសាយ ៤២៖១; ម៉ាថាយ ៣៖១៦, ១៧; ម៉ាថាយ ១៧៖ ៥)។ ព័ន្ធកិច្ចរបស់អង្គព្រះយេស៊ូវ គឺត្រូវដឹកនាំសាសន៍អ៊ីស្រាអែលអោយត្រឡប់មករកព្រះវិញ (អេសាយ ៤២៖ ៦; ដានីយ៉ែល ៩៖២៧)។

តើព្រះយេស៊ូវនិងពួកសាវករបស់ទ្រង់បានធ្វើអ្វីខ្លះសម្រាប់មនុស្ស? ពួកគេបានរំដោះមនុស្សចេញពីការរងទុក្ខ និងការសង្កត់សង្កិនរបស់អារក្ស (លូកា ១០៖១៩)។ ក្រោយមក ព្រះយេស៊ូវទ្រង់បាន សុគតដើម្បីសំរេចនូវកិច្ចព្រមព្រៀងរវាងព្រះ និងរាស្ត្ររបស់ទ្រង់ (ម៉ាថាយ ២៦៖២៨)។ ព្រះយេស៊ូវបានយកជ័យជំនះលើសាតាំងនៅត្រង់ឈើឆ្កាង។ សាតាំងបានកេងប្រវ័ញ្ចយកអំណាចគ្រប់គ្រងរបស់ផែនដីនេះពីលោកអ័ដាម (សូមអានយ៉ូហាន ១២៖៣១-៣៣)។ ប៉ុន្ដែព្រះយេស៊ូវបានដណ្តើមយកសិទ្ធិត្រួតត្រានោះត្រឡប់មកវិញ។

ថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១

អ្នកជួយសង្គ្រោះជនជាតិពើស៊ី

តើសារអ្វីដែលគួរឱ្យភ្ញាក់ផ្អើលស្តីអំពីគ្រាអនាគតដែលយើងបានអាននៅក្នុងខគម្ពីរអេសាយ ៤៤៖២៦-៤៥៖៦?

---------------------------------------------------------------------------------------

លោកអេសាយបានបំរើព័ន្ធកិច្ចថ្វាយព្រះជាម្ចាស់ចាប់ពីឆ្នាំ៧៤៥រហូតដល់់ប្រហែលជាខ្ទង់ឆ្នាំ៦៨៥មុនគ្រិស្តសករាជ ។ ព្រះជាម្ចាស់បានប្រទានដល់ហោរាអេសាយនូវព្រះបន្ទូលដ៏មានអំណាចស្តីអំពីគ្រាអនាគត និងអំពីស្តេចពើស៊ីផងដែរ។ ដំបូងឡើយ ហោរាអេសាយបានពណ៌នាថា នឹងមានមេដឹកនាំដ៏ខ្លាំងពូកែម្នាក់លេចមកពីទិសខាងកើត និងទិសខាងជើង (អេសាយ ៤១៖២, ៣, ២៥)។ បន្ទាប់មកលោកក៏បានសម្តែងថានេះជាដំណឹងល្អសម្រាប់ក្រុងយេរូសាឡិមវិញទេ (អេសាយ ៤១៖២៧)។ ក្រោយមក ហោរាអេសាយក៏បានរៀបរាប់ប្រាប់យើងទៀតថា ស្ដេចពើស៊ីអង្គនេះនឹងមានព្រះនាមថា ស៊ីរូស។ លោកក៏បានប្រាប់យើងពីរឿងផ្សេងៗដែលព្រះចៅស៊ីរូសបានធ្វើ។ តាមពិតទៅហោរាអេសាយបានទស្សន៍ទាយយ៉ាងត្រឹមត្រូវថា ស្តេចអង្គនេះទ្រង់នឹងយាងមកពីខាងជើង និងខាងកើតនៃស្រុកបាប៊ីឡូន។ ព្រះបាទស៊ីរូសបានទទួលជ័យជំនះលើនគរបាប៊ីឡូននៅឆ្នាំ៥៣៩មុនគ្រិស្តសករាជ បន្ទាប់មកព្រះអង្គបានបម្រើការថ្វាយ ព្រះតាមរយៈការរំដោះជនជាតិយូដាពីស្រុកបាប៊ីឡូន ហើយព្រមទាំងបានអនុញ្ញាតអោយជនជាតិយូដាចាប់ផ្តើមស្ថាបនាព្រះវិហារនៅក្រុងយេរូសាឡិមវិញផងដែរ (អានអែសរ៉ា ១)។ រឿងទាំងនេះបានកើតឡើងរហូតដល់១៤៦ឆ្នាំក្រោយមក បន្ទាប់ពីលោកអេសាយបានទទួលមរណៈភាពទៅ និងមុនពេលដែលសេ្តច ស៊ីរូសចាប់យកបាប៊ីឡូន។ ដូច្នេះ ការនេះបានសរបង្ហាញអោយយើងឃើញថា ព្រះបន្ទូលស្តីអំពីស្តេច ស៊ីរូស ក្នុងព្រះគម្ពីរអេសាយ បានទាយទុកជិត១៥០ឆ្នាំមុនពេលកំណត់។

អ្នកនិពន្ធប្រវត្តិសាស្ត្រជាច្រើនបានអះអាងថា ព្រះបន្ទូលដែលសម្តែងអំពីស្តេចស៊ីរូសគឺជារឿងដែលបានកើតឡើងពិតប្រាកដ។ កំណត់ហេតុផ្សេងៗរបស់ជនជាតិបាប៊ីឡូនក្នុងរជ្ជកាលរបស់ស្តេចស៊ីរូស ហើយនិងរបាយការណ៍របស់ស្តេចអង្គនេះ ព្រមទាំងអ្នកសរសេរព្រះគម្ពីរផ្សេងៗទៀតបានផ្តល់នូវភស្តុតាងយ៉ាងគ្រប់គ្រាន់ (របាក្សត្រទី២ ៣៦៖២២, ២៣, អែសរ៉ា ១, ដានីយ៉ែល ៥, ដានីយ៉ែល ៦៖២៨; ដានីយ៉ែល ១០៖១)។ ដោយយោងតាមសក្ខីកម្មទាំងនេះហើយ ទើបយើងមិនអាចប្រកែកបានឡើយ។ ព្រះជាម្ចាស់បានប្រទានព្រះបន្ទូលទាំងនេះមកដល់អេសាយក្នុងគោលបំណងដើម្បីពង្រឹងសេចក្តីជំនឿរបស់យើងតាមរយៈព្រះគម្ពីរ និងដើម្បីបង្ហាញថាព្រះទ្រង់ជ្រាបពីពេលអនាគតមុននឹងវាកើតឡើង។

តើហេតុអ្វីបានជាព្រះជាម្ចាស់បានប្រទានគោរមងារដល់ស្តេចស៊ីរូសថាជា «ស្តេចដែលព្រះបានចាក់ប្រេងតាំងឡើង» (អេសាយ ៤៥៖១) ។

---------------------------------------------------------------------------------------

តើលោកអ្នកបានសង្កេតឃើញពាក្យហេព្រើរដែលសរសេរថា «បានចាក់ប្រេងតាំង» ទេ? យើងបានទទួលពាក្យថា «ព្រះមែស្ស៊ី» ឬ «ព្រះអង្គសង្រ្គោះ» ចេញមកអំពីពាក្យតែមួយនេះឯង។ ស្តេចស៊ីរូសជាស្តេចមួយអង្គដែលនឹងត្រូវយាងមកនៅពេលខាងមុខ។ ព្រះជាម្ចាស់បានចាក់ប្រេងតាំងទ្រង់អោយមករំដោះរាស្ត្ររបស់ព្រះអង្គអោយមានសេរីភាព។ ប៉ុន្តែ ស្តេចអង្គនេះគ្រាន់តែជាព្រះមែស្ស៊ីពិសេស ឬជាអ្នកសង្គ្រោះប៉ុណ្ណោះ ពីព្រោះព្រះអង្គមិនមែនជាជនជាតិយូដានោះទេ។ ទ្រង់បានធ្វើនូវរឿងមួយចំនួនដែលព្រះអង្គសង្គ្រោះនឹងធ្វើ ហើយទ្រង់នឹងវាយប្រហារដល់ពួកខ្មាំងសត្រូវរបស់ព្រះ នឹងជួយរំដោះរាស្ត្ររបស់ព្រះដែលនៅទីក្រុងបាប៊ីឡូនអោយមានសេរីភាពឡើងវិញ។ យ៉ាងណាមិញស្តេចស៊ីរូសមិនអាចប្រៀបធៀបនឹងព្រះអង្គសង្រ្គោះដែលនឹងត្រូវយាងមកនោះបានឡើយ ពីព្រោះទ្រង់មិនបានកើតនៅក្នុងជំនូរវង្ស របស់ហ្លួងដាវីឌឡើយ។ ព្រះបន្ទូលដែលស្តែងអំពីរឿងរបស់ព្រះបាទស៊ីរូសបានសម្តែងអោយយើងដឹងថា មានតែព្រះជាម្ចាស់មួយអង្គប៉ុណ្ណោះដែលអាចជ្រាបដឹងនូវរឿងរ៉ាវអនាគតបាន (អេសាយ ៤១៖៤, ២១-២៣, ២៦-២៨; អេសាយ ៤៤៖២៦)។ ក្រោយមក ព្រះអង្គក៏បានត្រាស់ហៅស្តេចស៊ីរូសអោយបានស្គាល់ព្រះអង្គទ្រង់ដោយផ្ទាល់ផងដែរព្រោះទ្រង់បានស្គាល់ព្រះនាមរបស់ព្រះបាតស៊ីរូស តាំងពីព្រះអង្គមិនទាន់ប្រសូតមកម៉្លេះ (អេសាយ ៤៥៖៣)។

ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១

ក្ដីសង្ឃឹមសំរាប់ពេលខាងមុខ

ព្រះគម្ពីរអេសាយបានសម្តែងថា ព្រះទ្រង់ជ្រាបពីគ្រាអនាគត មុនពេលដែលវាបានកើតឡើងផងដែរ។ គម្ពីរអេសាយបានលើកឡើងពីនាមរបស់ព្រះបាទស៊ីរូសរយៈពេល១៥០ឆ្នាំមុនពេលដែលស្តេច អង្គនេះបានប្រសូតមកម៉្លេះ។ ព្រះបន្ទូលដ៏ពិតនេះបានធ្វើអោយមនុស្សមួយចំនួនធំមានភាពស្រឡាំងកាំងដោយសារពួកគេមិនចង់ជឿថា ព្រះជាម្ចាស់បានប្រទាននូវព្រះបន្ទូលមកដល់រាស្ត្ររបស់ទ្រង់។ ហេតុនេះ ហើយបានជាមនុស្សទាំងនេះយល់ថា មានបុគ្គលម្នាក់ទៀតដែលមានឈ្មោះអេសាយ លោកក៏បានរស់នៅក្នុងជំនាន់ស្ដេចស៊ីរូសដែរ។ «លោកអេសាយទីពីរនេះឯង» គឺជាអ្នកដែលបានសរសេរបទគម្ពីរអេសាយ ៤០-៦៦។ ការយល់បែបនេះគឺពិតជារឿងមិនត្រឹមត្រូវនោះទេ។ នៅក្នុងព្រះគម្ពីរអេសាយទាំងមូល យើង មិនឃើញមានពាក្យថា «អេសាយ» ទីពីរនោះទេ។ បើលោកពិតជាមានជីវិតមែន ចុះតើហេតុអ្វីបានជាព្រះគម្ពីរមិនបានប្រាប់យើងអំពីរឿងនេះ? ដូច្នេះហើយ បានជាយើងរកមិនឃើញនូវភស្តុតាងណាមួយក្នុងព្រះគម្ពីរដែលបញ្ជាក់ថា មានហោរាថ្មីណាម្នាក់បានសរសេរបទគម្ពីរអេសាយដែលនៅសល់បន្ទាប់ ពីជំពូក៣៩ឡើយ ។

បទបន្ទូលនៃគម្ពីរអេសាយមានលក្ខណៈដូចគ្នានៅក្នុងសៀវភៅទាំងមូលដែលនិយាយអំពីការទុកចិត្តលើព្រះ និងសេចក្តីជំនឿលើព្រះអង្គសង្រ្គោះដែលព្រះជាម្ចាស់នឹងចាត់អោយមក។ លោកអ្នក មិនត្រូវជឿលើអ្វីក្រៅពីនេះឡើយ។ ពិតមែនហើយ មានអ្នកជំនាញខាងព្រះគម្ពីរជាច្រើនដែលពួកគេបកស្រាយបានយ៉ាងត្រឹមត្រូវ នៅពេលដែលគេបាននិយាយថា បទគម្ពីរអេសាយជំពូក១-៣៩ សម្តែងអំពី ស្រុកអាសស៊ើរ ហើយជំពូក៤០ រហូតដល់ចុងបញ្ចប់នៃកណ្ឌគម្ពីរអេសាយបានចែងអំពីពេលវេលាដែលរាស្ត្ររបស់ព្រះនឹងក្លាយទៅជាអ្នកទោសនៅនគរបាប៊ីឡូន។ យើងបានសង្កេតឃើញថា បទគម្ពីរអេសាយ ជំពូក១៣-១៤ និងជំពូក៣៩ បានសម្តែងរួចមកហើយថា រាស្ត្ររបស់ព្រះនឹងត្រូវគេដឹកនាំទៅជាឈ្លើយ នៅនគរបាប៊ីឡូន។ បទគម្ពីរអេសាយជំពួក១-៣៩ ចង់បង្ហាញអំពីការដាក់ទណ្ឌកម្មរបស់ព្រះ រីឯបទគម្ពីរអេសាយជំពួក ៤០-៦៦ ចង់សម្តែងអំពីការលួងលោមកំសាន្តចិត្តដែលព្រះបានប្រទានមកដល់រាស្ត្រ របស់ទ្រង់។ ប៉ុន្តែ នៅក្នុងជំពូកមុននេះព្រះជាម្ចាស់ក៏បានជួយសំរាលទុក្ខដល់រាស្ត្ររបស់ទ្រង់ផងដែរ។ ហើយនៅក្នុងជំពូកបន្ទាប់នៃសៀវភៅនេះយើងក៏បានឃើញអំពីការដាក់ទណ្ឌកម្មនាពេលអនាគតរបស់ព្រះដល់សាសន៍យូដាចំពោះការងាកចេញពីទ្រង់ (អេសាយ ៤២៖១៨-២៥, អេសាយ ៤៣៖២២-២៨ និងអេសាយ ៤៨៖១-១១)។

អ៊ីស្រាអែលបានរងទុក្ខវេទនាដោយសារអំពើបាបរបស់ខ្លួន។ ប៉ុន្តែ ប្រជាជនមួយចំនួនមិនបានបោះបង់ចោលក្តីសង្ឃឹមឡើយ ពីព្រោះពួកគេមានជំនឿលើសេចក្តីសន្យារបស់ព្រះដែលកិច្ចសន្យាទាំងនេះមានចែងនៅក្នុងខគម្ពីរលេវីវិន័យ២៦៖៤០-៤៥។ សូមអានខគម្ពីរទាំងនេះដោយយកចិត្តទុកដាក់។ ឧទាហរណ៍ថា លោកអ្នកកំពុងនៅរស់ក្នុងអំឡុងពេលដែលនគរបាប៊ីឡូនវាយប្រហារស្រុកយូដា។ តើខគម្ពីរទាំងនេះនឹងផ្តល់សេចក្តីសង្ឃឹមដល់អ្នកយ៉ាងដូចម្តេច?

---------------------------------------------------------------------------------------

តើច្បាប់ដ៏សំខាន់អ្វីខ្លះដែលអ្នកបានឃើញនៅក្នុងខគម្ពីរលេវីវិន័យ ២៦៖៤០-៤៥? តើព្រះអម្ចាស់មានព្រះបន្ទូលយ៉ាងដូចម្តេចទៅកាន់ជនជាតិអ៊ីស្រាអែលនៅក្នុងខទាំងនោះ? តើច្បាប់ដូចគ្នានេះកំពុងធ្វើការយ៉ាងដូចម្តេចនៅក្នុងជីវិតរបស់យើង? ​

ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១

បាវបម្រើដ៏រងទុក្ខដែលយល់ពីអារម្មណ៍ឈឺចាប់របស់យើង

តើអ្នកណាជាបាវបម្រើរបស់ព្រះនៅក្នុងគម្ពីរអេសាយ ៤៩៖១-១២?

---------------------------------------------------------------------------------------

ព្រះជាម្ចាស់ទ្រង់បានជ្រើសរើសបាវបម្រើម្នាក់នេះ ហើយបានដាក់ឈ្មោះអោយគាត់មុនពេលដែលគាត់កើតមកម៉្លេះ។ ព្រះអង្គបានធ្វើអោយមាត់នៃអ្នកបំរើទ្រង់បានដូចជាផ្លែដាវដូច្នោះដែរ។ តើយ៉ាងណាទៅ? គាត់នឹងពោលនូវពាក្យដែល «កាត់» ដាច់ពីគ្នា។ បាវបំរើនេះនឹងលើកតម្កើងសិរីរុងរឿងរបស់ ព្រះជាម្ចាស់។ ព្រះអង្គនឹងចាត់ប្រើបាវបម្រើនេះ ដើម្បីដឹកនាំរាស្ដ្ររបស់ទ្រង់អោយបានវិលត្រឡប់មក រកទ្រង់វិញ។ នៅគ្រានោះ សាសន៍អ៊ីស្រាអែលនឹងបានភ្លឺដូចជាពន្លឺថ្ងៃ។ ពួកគេនឹងសម្តែងនូវផែនការរបស់ព្រះក្នុងការជួយសង្គ្រោះមនុស្សលោកនៅលើផែនដីនេះ។ បាវបំរើនោះក៏នឹងជួយរំដោះអ្នកទោសអោយមានសេរីភាពដែរ។ ដូចដែលយើងបានដឹងស្រាប់មកហើយថា បាវបំរើនេះបានធ្វើនូវរឿងរ៉ាវជាច្រើនស្រដៀងគ្នានឹងបាវបំរើនៅក្នុងបទគម្ពីរអេសាយ៤២ផងដែរ។ ព្រះគម្ពីរសញ្ញាថ្មីបានចែងថា បាវបម្រើរូបនេះគឺជាអង្គព្រះយេស៊ូវគ្រីស្ទនេះឯង។

តើបាវបំរើនេះជាមនុស្សតែមួយ និងអ្នកដែលបានចាក់ប្រេងតាំង ឬព្រះអង្គសង្គ្រោះក្នុងព្រះគម្ពីរសញ្ញាថ្មីដែរឬទេ? បើដូច្នោះមែន តើហេតុអ្វីបានជាព្រះដាក់ឈ្មោះគាត់ថា «អ៊ីស្រាអែល» (អេសាយ ៤៩៖ ៣)?

---------------------------------------------------------------------------------------

មុននេះបន្តិច យើងបានសិក្សាឃើញថាមួយភាគនៃគម្ពីរអេសាយនេះ បាវបំរើរបស់ព្រះតំណាងអោយរាស្ត្ររបស់ព្រះជាម្ចាស់ ឬសាសន៍អ៊ីស្រាអែល។ ប៉ុន្តែ នៅក្នុងខគម្ពីរអេសាយ៤៩៖៣ ឈ្មោះថា «អ៊ីស្រាអែល» បង្ហាញយើងពីបុគ្គលពិតប្រាកដម្នាក់។ បាវបម្រើនេះនឹងនាំរាស្ត្ររបស់ព្រះត្រឡប់មករកទ្រង់វិញ (អេសាយ ៤៩៖៥)។ បាវបំរើគឺជាពាក្យប្រៀបប្រដូចសំដៅទៅដល់ផែនការរបស់ព្រះសម្រាប់រាស្ត្ររបស់ទ្រង់។ តែគួរឱ្យស្តាយណាស់ រាស្ត្ររបស់ព្រះមិនបានធ្វើតាមផែនការរបស់ព្រះក្នុងការបង្រៀនអ្នកដទៃទៀតអំពីទ្រង់នោះទេ។

តើខគម្ពីរអេសាយ ៤៩៖៤, ៧ ផ្តល់ព័ត៌មានថ្មីអ្វីខ្លះដល់យើង?

---------------------------------------------------------------------------------------

យើងបានដឹងរូចមកហើយថា កិច្ចការដែលព្រះជាម្ចាស់បានប្រទានដល់បាវបំរើទ្រង់ នឹងមិនងាយស្រួលនោះទេ។ លោកមានអារម្មណ៍សោកសៅដែលលោក «បានខំប្រឹងធ្វើជាឥតប្រយោជន៍ ខ្ញុំបានបង់កំឡាំងខ្ញុំទៅទទេៗជាអសារឥតការ ហើយរង្វាន់របស់ខ្ញុំក៏នៅនឹងព្រះនៃខ្ញុំដែរ» (អេសាយ ៤៩៖ ៤) ។ យើងឃើញគំនិតដូចគ្នានេះនៅក្នុងខគម្ពីរដានីយ៉ែល ៩៖២៦ «អ្នកដែលចាក់ប្រេងតាំងនឹងត្រូវបាន គេសម្លាប់» ទ្រង់នឹងត្រូវបាត់បង់ជីវិតទៅ។ ប៉ុន្ដែ ព្រះទ័យរបស់ទ្រង់មានពោរពេញទៅដោយសេចក្តីជំនឿថា៖ «សេចក្តីយុត្តិធម៌ដែលគួរដល់ខ្ញុំ នោះនៅនឹងព្រះយេហូវ៉ាហើយរង្វាន់របស់ខ្ញុំក៏នៅនឹងព្រះនៃខ្ញុំដែរ» (អេសាយ ៤៩៖៤)។ លោកអេឡិក ម៉ត់យើរបាននិយាយថា៖ «អេសាយបានឃើញបាវបំរើម្នាក់ដែលជាមនុស្សពិតប្រាកដ។ ព្រះអង្គមានចិត្តដូចជាមនុស្សពិត។ ទ្រង់ក៏បានត្រូវល្បួងដូចជាយើងរាល់គ្នាដែរ។ ទ្រង់បានបង្ហាញអង្គទ្រង់ថាជាអ្នកដែលនឹងធ្វើអោយមាគ៌ានៃសេចក្តីជំនឿអាចប្រព្រឹត្តទៅបាន។ ទ្រង់មានសេចក្តីជំនឿពិតប្រាកដចំពោះអង្គទ្រង់។ ព្រះអង្គបានសម្តែងអោយយើងដឹងពីរបៀបរក្សាសេចក្តីជំនឿក្នុងគ្រាដែលសេចក្តីសង្ឃឹមត្រូវបាត់បង់។

ថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១

សិក្សាបន្ថែម

សូមអាន Ellen G. White’s description of Jesus’ healing and teaching ministry in “At Capernaum,” The Desire of Ages, pp. 252–261។

«នៅពេលដែលយើងធ្វើការជួយសង្គ្រោះមនុស្ស យើងត្រូវការនូវប្រាជ្ញានិងជំនាញផ្សេងៗ។ ព្រះយេស៊ូវមិនដែលបិទព្រះឱស្ឋរបស់ទ្រង់ឡើយ នៅពេលដែលជនណាម្នាក់ចង់ឮសេចក្តីពិតស្តីអំពី ព្រះគម្ពីរនោះ។ តែផ្ទុយទៅវិញ ទ្រង់មានព្រះបន្ទូលដោយសេចក្តីស្រឡាញ់វិញ។ ទ្រង់តែងតែមានព្រះទ័យ សប្បុរសចំពោះមនុស្សដែលទ្រង់ប្រាស្រ័យការងារជាមួយនឹងអ្នកបម្រើ។ ព្រះយេស៊ូវមិនចេះកំណាញ់ និងស្អប់ខ្ពើមចំពោះអ្នកណាម្នាក់ ហើយទ្រង់ក៏មិនចេះនិយាយអ្វីដែលនាំឱ្យបុគ្គលណាម្នាក់ឈឺចាប់នោះឡើយលើកលែងតែទ្រង់មានហេតុផលល្អប៉ុណ្ណោះ។ ព្រះអង្គមិនដែលបន្ទាបបន្ថោកបុគ្គលណាម្នាក់ដោយសារ តែពួកគេទន់ខ្សោយនោះឡើយ។ ទ្រង់មិនខ្លាចនឹងសម្តែងអោយមនុស្សដឹងថា គឺអំពើបាបនោះទេដែលនាំអោយយើងវេទនា។ ព្រះយេស៊ូវបានបង្រៀនមនុស្សអោយយល់ថា កាលដែលអ្នកនិយាយថាខ្លួនជឿដល់ព្រះហើយ តែមិនប្រតិបត្តិតាមទេនោះ វាជាការមិនត្រឹមត្រូវឡើយ ហើយការដែលគ្មានសេចក្តីជំនឿវិញនោះ វាក៏ជារឿងដែលខុសឆ្គងដែរ។ ប៉ុន្តែ ព្រះយេស៊ូវទ្រង់ព្រះកន្សែងនៅពេលដែលព្រះអង្គបានស្តីបន្ទោសដល់មនុស្ស។ ទ្រង់មិនដែលបង្រៀននូវសេចក្ដីពិតក្នុងគម្ពីរដោយប្រើពាក្យត្រគោះបោះបោកឡើយ តែផ្ទុយទៅវិញទ្រង់តែងតែបង្ហាញសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះមនុស្សវិញ ព្រោះពួកគេមានតម្លៃណាស់នៅក្នុងព្រះនេត្ររបស់ទ្រង់។ ទ្រង់មានលក្ខណៈសម្បត្តិប្រៀបបាននឹងព្រះមហាក្សត្រមួយអង្គដែលមានទឹកព្រះទ័យសប្បុរស និងស្រឡាញ់ដល់សមាជិករាជវង្សរបស់ទ្រង់ទាំងអស់។ ព្រះយេស៊ូវចាត់ទុកបុគ្គលម្នាក់ៗជាបុគ្គលដែលទ្រង់ត្រូវជួយសង្គ្រោះ»។ ដកស្រង់ពី Ellen G. White, Gospel Workers, page 117, adapted។ ​

សំនួរពិភាក្សា៖
  1. នៅក្នុងថ្នាក់រៀនរបស់លោកអ្នក សូមអានកថាខណ្ឌអត្ថបទរបស់អ្នកស្រីអែល្លិន ជីវ៉ៃត៍។ តើមានច្បាប់សំខាន់អ្វីខ្លះដែលបានបង្រៀនលោកអ្នកអំពីរបៀបដែលព្រះយេស៊ូវប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ? តើពួកជំនុំរបស់លោកអ្នកបានអនុវត្តច្បាប់ទាំងនេះយ៉ាងដូចម្តេច?

  2. តើលោកអ្នកមានស្គាល់បុគ្គលណាម្នាក់ដែលមានលក្ខណៈស្រដៀងគ្នានឹង «ដើមត្រែងដែលបាក់» ឬ «ប្រឆេះដែលនៅហុយ» ដែរឬទេ (អេសាយ ៤២៖៣)? តើលោកអ្នកអាចជួយមនុស្សម្នាក់ដោយមិនចាំបាច់ «បំបាក់» ពួកគេដោយរបៀបណាទៅ? តើលោកអ្នកអាចជួយពួកគេឱ្យស្គាល់ព្រះជាម្ចាស់បានយ៉ាងដូចម្តេច? តើលោកអ្នកអាចប្រាប់ពួកគេឱ្យធ្វើអ្វីខ្លះដើម្បីទទួលការព្យាបាលនិងជំនួយនោះ? ​

  3. បុគ្គលមួយចំនួនជឿថាអ្នកដែលសរសេរព្រះគម្ពីរអេសាយជាមនុស្សពីរនាក់ខុសគ្នា។ តើគំនិតនេះចេញមកពីណា? គំនិតនេះចេញពីចិត្តដែលពោរពេញដោយការសង្ស័យ។ គំនិតទាំងនេះមិនអាចទទួល យកបាននូវរឿងដែលព្រះបានបង្ហាញដល់លោកអេសាយអំពីគ្រាអនាគតឡើយ។ តើគំនិតនេះមានបញ្ហាអ្វីទៅ? តើហេតុអ្វីបានជាយើងដែលជាគ្រិស្ដបរិស័ទត្រូវតែងាកចេញពីទស្សនៈទាំងនេះ?

  4. ក្នុងនាមជាសេវេនដេយអាត់វេនទីស្ទ យើងត្រូវតែបង្រៀនសេចក្តីពិតរបស់ព្រះដល់អ្នកដទៃ។ តើពួក ជំនុំតំបន់អាចបង្រៀនសេចក្តីពិតទាំងនេះដល់អ្នកដទៃនៅក្នុងសហគមន៍ដោយរបៀបណាខ្លះ? ទន្ទឹមនឹងនេះ តើយើងអាចធ្វើអោយព្រះវិហារក្លាយទៅជាកន្លែងដ៏មានសុវត្ថិភាពដែលមនុស្សអាចពិភាក្សាអំពីសំណួរពិបាកៗដែលពួកគេមានទាក់ទងនឹងជីវិតនេះដោយរបៀបណា? ​

រឿងខ្លី

វិហារយានដ្ឋាន

Jeans

មានក្មេងប្រុសម្នាក់អាយុ១០ឆ្នាំឈ្មោះថា លូវីស បានផ្លាស់ប្តូរទីលំនៅជាមួយឪពុកម្តាយរបស់វាទៅកាន់ទីក្រុងមួយដែលមានឈ្មោះថា ឡាអាផាតាដា នាភាគខាងជើងនៃប្រទេសកូឡុំបៀ។ នៅទីនោះគ្មានព្រះវិហារសេវេនដេយអាត់វេនទីស្ទឡើយ ។ ឪពុកម្ដាយរបស់ប្អូនលូវីសចង់អោយប្អូនទៅព្រះវិហារនៅថ្ងៃបរិសុទ្ធ។ លូវ៉ីសក៏ចង់ទៅព្រះវិហារណាស់ដែរ។ ប៉ុន្តែ ព្រះវិហារអាត់វេនទីស្ទមានទីតាំងស្ថិតនៅក្នុងក្រុងមួយទៀតឯណោះដែលនេះជាព្រះវិហារជិតបំផុតហើយ។ ពេលនោះគ្រូគង្វាលប្រចាំតំបន់ក៏មានគំនិតមួយ។ លោកបានមានប្រសាសន៍ថា៖ «អ្នកគួរតែបើកដំណើរការព្រះវិហារមួយទៅ»។ ឪពុករបស់លូវីស និងប្អូនលូវីសពេញចិត្តនិងគំនិតនេះណាស់។ ហើយម្តាយរបស់វាក៏ពេញចិត្តគំនិតនេះដែរ។ ប៉ុន្តែ តើមនុស្សអាចជួបជុំគ្នាថ្វាយបង្គំព្រះនៅទីណាទៅ? រីឯផ្ទះរបស់ពួកគេពិតជាតូចពេកហើយ។ ពេលនោះឪពុកលូវីសក៏បាននិយាយថា៖ «ហេតុអ្វីបានជាយើងមិនប្រើហ្គារ៉ាសឡានយើងទៅ? គំនិតនេះពិតជាល្អមែន។ ហ្គារ៉ាសឡាន ពិតជាមានទំហំធំជាងផ្ទះរបស់យើង។ លើសពីនេះទៅទៀតនេះ នៅទីនោះក៏មានកន្លែងទំនេរស្រាប់ដែរពីព្រោះគ្រួសារយើងមិនទាន់មានឡានប្រើនៅឡើយទេ»។ ឪពុករបស់លូវីសក៏បានណែនាំលូវីសអោយទៅហៅមិត្តរួមថ្នាក់ថ្មីរបស់វាអោយមកឯហ្គារ៉ាសឡាននៅថ្ងៃអង្គារ ដើម្បីជួបប្រជុំគ្នាមួយម៉ោង។ លូវីសក៏បានប្រាប់មិត្តភក្តិរបស់វាថា៖ «សូមមិត្តទាំងអស់គា្នអញ្ជើញមកហ្គារ៉ាសឡានរបស់ខ្ញុំ ដើម្បីស្តាប់នូវអ្វីដែលគួរអោយចាប់អារម្មណ៍ព្រមទាំងមានអាហារឆ្ងាញ់ៗសម្រាប់ញុាំទៀតផង»។ ពួកគេក៏ឆ្លើយថា៖ «ប្រាកដ ណាស់ពួកយើងនឹងមកចូលរួម!»។ ក្នុងថ្ងៃអង្គារនោះក៏មានកុមារចំនួន៣៧នាក់ដែលមានអាយុចន្លោះពី៥ទៅ១៤ឆ្នាំបានបង្ហាញខ្លួនជាលើកដំបូង។ ប្អូនលូវីសបាននិយាយទៅកាន់មិត្តភក្តិតូចៗរបស់ខ្លួនស្តីអំពីសារៈសំខាន់នៃការរក្សាពាក្យសន្យា។ វាបានអាននូវកម្មវិធីដែលព្រះវិហារបានរៀបរៀងឡើងស្តីអំពីគុណតម្លៃដ៏ល្អរបស់មនុស្ស។ ក្រោយចប់ពីកម្មវិធីទៅម្តាយរបស់លូវីសក៏បានចែកជូននូវបង្អែមដែលធ្វើពីអង្ករ និងទឹកដោះគោអោយពួកក្មេងៗបានបរិភោគគ្រប់ៗគ្នា។ ប្អូនលូវីសក៏បានអញ្ជើញក្មេងៗទាំងអស់អោយត្រឡប់មកវិញនៅសប្តាហ៍ក្រោយទៀត។ មានកូនក្មេងចំនូន៦៥នាក់បានត្រឡប់មកវិញ។ ទីយានដ្ឋាន របស់គាត់នៅពេលនេះមិនអាចដាក់មនុស្សអស់ទេ។ ដូច្នេះហើយបីខែក្រោយមក ឪពុករបស់លូវីសក៏បានស្នើទៅអាជ្ញាធរទីក្រុងអោយបានផ្តល់កន្លែងថ្មីមួយទៀតសម្រាប់ពួកគេបានជួបប្រជុំគ្នា។ ចៅហ្វាយក្រុងបានពេញចិត្តពេញថ្លើមនិងលូវីសណាស់ដែលបានជួយបង្រៀនក្មេងៗទាំងឡាយអំពីគុណតម្លៃដ៏ល្អរបស់មនុស្ស។ លោកបានមានប្រសាសន៍ថា៖ «អ្នកអាចជួបប្រជុំគ្នាបាននៅសាលាក្រុងចាស់បាន» ។ ដោយសារ មានក្មេងៗបានមកចូលរួមយ៉ាងសន្ធឹកសន្ធាប់នោះ ឪពុករបស់លូវីសក៏បានសំរេចចិត្តបង្កើតជាក្លឹបផាតហ្វាញឌឺ និងក្លឹបអែតវ៉ែនឈើរើឡើង។ ក្លឹបទាំងពីរនេះបានបន្ថែមអោយមានម៉ោងជួបគ្នាលើសពីការប្រជុំ ប្រចាំសប្តាហ៍របស់លូវីសស្តីអំពីគុណតម្លៃរបស់មនុស្ស។ ក្រោយមកទៀត ឪពុករបស់លូវីសបានសង្កេតឃើញថា មានអាគារចាស់មួយខ្នងដែលត្រូវបានគេបោះបង់ចោល ហើយមើលទៅទំនងជាកន្លែងដែលល្អជាងនេះ នោះគាត់ក៏បានទៅជួបនិងអភិបាលក្រុងម្តងទៀត ដើម្បីសុំការអនុញ្ញាតយល់ព្រមពីគម្រោងនេះ។ គាត់ក៏បានទទួលនូវការអនុម័តិយល់ព្រមដើម្បីផ្លាស់ប្តូរទីតាំងថ្មី។ អភិបាលក្រុងក៏បានជួយផ្តល់នូវថវិកាមួយលានប៉េសូ ដើម្បីជួសជុលកន្លែងនោះដែរ។ ៤ខែក្រោយ បន្ទាប់ពីក្រុមនេះបានជួបជុំគ្នាលើកដំបូងនៅហ្គារ៉ាសឡាននោះ នៅវេលាព្រឹកមួយនៃខែកក្កដា មានក្មេងៗនិងមនុស្សធំចំនួន៧០នាក់បានប្រមូលផ្តុំគ្នានៅឯកន្លែងជួសជុលថ្មីដើម្បីថ្វាយបង្គំព្រះជាលើកដំបូង។ លូវីសពិតជាមានភាពសោមនស្សរីករាយជាទីបំផុត។ ភាគច្រើនក្មេងៗដែលបានអញ្ជើញមកចូលរួមនៅក្នុងកម្មវិធីនោះគឺសុទ្ធតែជាក្មេងដែលវាបានអញ្ជើញអោយមក។ តាំងពីហ្គារ៉ាសឡានបើកដំណើរការលើកដំបូងរហូតមកដល់សព្វថ្ងៃនេះមានរយៈពេល៩ខែមកហើយ។ មានក្មេងៗចំនួន៨០នាក់ និងមនុស្សពេញវ័យចំនួន២០នាក់បានចូលរួមថ្វាយបង្គំនៅក្នុងមជ្ឈមណ្ឌលនេះជារៀងរាល់ថ្ងៃបរិសុទ្ធ។ ហើយក៏មានមនុស្សចំនួន៣៨នាក់បានទទួលបុណ្យជ្រមុជទឹកដែរ។ ឥឡូវនេះទីក្រុងរបស់លូវីសមានព្រះវិហារអាត់វេនទីស្ទហើយ។ «ខ្ញុំពិតជាមានសេចក្តីអំណរខ្លាំងណាស់ ពីព្រោះខ្ញុំបានរៀនសូត្រនូវរឿងរ៉ាវថ្មីៗជាច្រើន»។ «រឿងដែលសំខាន់បំផុតនោះ គឺខ្ញុំបានដឹងថាខ្ញុំអាចអញ្ជើញក្មេងៗអោយបានចូលមកកាន់ព្រះបាទារបស់ព្រះយេស៊ូវ» នេះបើតាមសម្តីរបស់ប្អូនប្រុសលូវីស។ ​ ​

អំណានដង្វាយប្រចាំសប្តាហ៍

នៅពេលដែលនាងអេសធើរយកព្រះទុកជាទី១

ការយកព្រះទុកជាទី១មិនមែនជារឿងងាយស្រួលឡើយ។ តើយើងអាចរៀនបានអ្វីខ្លះពីនាងអេសធើរដែលនឹងជួយយើងរាល់គ្នាឲ្យយកព្រះទុកជាទី១ក្នុងជីវិតរបស់យើងសព្វថ្ងៃនេះ?

នៅពេលដែលនាងអេសធើរបានយល់ព្រមចូលក្នុងដំណើរជ្រើសរើសដែលទីបំផុតធ្វើឲ្យនាងក្លាយជាមហេសីនៃនគរពើស៊ី មានការសង្ស័យជាច្រើនកើតឡើងក្នុងគំនិតរបស់នាង។ ប្រជារាស្ត្ររបស់ព្រះនាងកំពុងស្ថិតនៅនិរទេស ហើយអនាគតរបស់ពួកគេក៏នៅស្រពេចស្រពិលនៅឡើយ។ ព្រះទ្រង់នៅតែសព្វព្រះទ័យឲ្យមានការស្តាប់បង្គាប់តាម បើទោះបីជាមើលទៅហាក់ដូចជាព្រះបានបោះបង់ពួកគេចោលក្នុងការគ្រប់គ្រងរបស់នគរពើស៊ីទៅហើយក្តី។ ប៉ុន្តែ នាងអេសធើរមានរូបសម្ផស្សស្រស់ស្អាតខ្លាំងណាស់ គឺរឿងនេះហើយដែលជាឱកាសឲ្យនាងរះឡើងខ្ពស់លើសអស់ស្រីនានាក្នុងនគរ។

នាងអេសធើរមានសម្រស់ស្រស់ស្អាតខ្លាំងណាស់ ទាំងក្នុងទាំងក្រៅតែម្តង។ សូម្បីតែស្តេចដ៏កំណាចក៏ទតឃើញដូច្នោះដែរ។ ស្តេចស៊ើកសេសបានជ្រើសរើសនាងឲ្យខ្ពស់លើអស់ស្ត្រីទាំងឡាយ ដើម្បីធ្វើជាអគ្គមហេសីរបស់ព្រះអង្គ។ ព្រះនាងអេសធើរមានក្តីអំណរនឹងរាជវាំងនិងអភ័យឯកសិទ្ធិផ្ទាល់របស់ព្រះនាងដែលនាងសឹងតែមិនដែលស្រមៃដល់ឡើយកាលពីប៉ុន្មានឆ្នាំមុន។

ការយកព្រះទុកជាទី១ក្នុងកាលដែលយើងកំពុងប្រឈមនឹងភាពក្រីក្រ និងខ្វះខាតធនធានមិនមែនជារឿងងាយស្រួលឡើយ។ ប៉ុន្តែ ជាញឹកញាប់ ទ្រព្យសម្បត្តិ និងអំណាចតែងតែនាំមនុស្សឲ្យឃ្លាតឆ្ងាយពីព្រះអង្គ។ តើលោកអ្នកយកព្រះទុកជាទី១យ៉ាងដូចម្តេចដែរនៅពេលដែលលោកអ្នកមានទ្រព្យសម្បត្តិ និងឥទ្ធិពលច្រើនជាងមនុស្សដែលនៅជុំវិញលោកអ្នកនោះ? លោកអ្នកត្រូវធ្វើតាមគំរូរបស់ព្រះនាងអេសធើរ និងនឹកចាំអំពីមនុស្សទាំងឡាយដែលកំពុងត្រូវការការពារ។

ទីប្រឹក្សាម្នាក់បានបញ្ឆោតស្តេចស៊ើកសេសឲ្យចេញរាជក្រឹត្យប្រឆាំងទាស់នឹងសាសន៍ហេព្រើរ។ នៅពេលដែលចាំបាច់តម្រូវឲ្យទៅពិតទូលសូមសេចក្តីមេត្តាពីស្តេច ព្រះនាងអេសធើរក៏មានការភ័យខ្លាចដែរ។ ពាក្យពេចន៍របស់ព្រះនាងផ្ទាល់ឃើញមានក្នុងខគម្ពីរអេសធើរ ៤៖១៦ មានសេចក្តីថា៖ «សូម​ទៅ​ប្រមូល​ពួក​សាសន៍​យូដា ដែល​នៅ​ក្រុង​ស៊ូសាន​ឲ្យ​ប្រជុំ​គ្នា​តម​អត់​ឲ្យ​ខ្ញុំ កុំ​ឲ្យ​បរិភោគ​អ្វី​ទាំង​យប់​ទាំង​ថ្ងៃ​អស់​រវាង​៣​ថ្ងៃ ឯ​ខ្ញុំ និង​ពួក​ស្រី​បំរើ​របស់​ខ្ញុំ ក៏​នឹង​តម​ដូច្នោះ​ដែរ យ៉ាង​នោះ ខ្ញុំ​នឹង​ចូល​ទៅ​គាល់​ស្តេច ដែល​ជា​ការ​ខុស​ច្បាប់​ហើយ​បើ​ខ្ញុំ​ត្រូវ​ស្លាប់ ក៏​ស្លាប់​ទៅ​ចុះ»។

ព្រះនាងអេសធើរមិនបណ្តោយឲ្យសេចក្តីភ័យខ្លាចយកឈ្នះលើព្រះនាងឡើយ។ ប៉ុន្តែ សេចក្តីក្លាហានរបស់ព្រះនាងលេចធ្លោឡើងដូចជាសម្រស់របស់ព្រះនាងដូច្នោះដែរ។ បន្ទាប់ពីបានស្នើសូមឲ្យសាសន៍ហេព្រើរតមអត់ និងអធិដ្ឋានរួចមក ព្រះនាងក៏បានយកព្រះទុកជាទី១ ហើយក៏បានប្រកាន់យកពាក្យពេចន៍ដ៏មិនអាចបំភ្លេចបានបំផុតក្នុងគ្រប់ទាំងប្រវត្តិសាស្ត្រថា «បើខ្ញុំត្រូវស្លាប់ ក៏ស្លាប់ទៅចុះ»។

ព្រះនាងអេសធើរយកព្រះទុកជាទី១។ គំរូរបស់ព្រះនាងដាស់តឿនយើងរាល់គ្នាឲ្យធ្វើតាមព្រះនាង។ ខណៈ​ដែលពួកអ្នកជំនួយការប្រាក់ដង្វាយកំពុងប្រមូលប្រាក់ដង្វាយ សូមយើងរាល់គ្នា បានទទួលយក​ព្រះ​​ជាម្ចាស់ទុកជាទី១ចុះ។

សេចក្តីអធិដ្ឋាន៖
ឱព្រះវរបិតាម្ចាស់សួគ៌ យើងរាល់គ្នាថ្វាយបង្គំព្រះអង្គព្រឹកនេះ ដោយភ្ជាប់មកជាមួយនូវប្រាក់ដង្វាយ១០ហូត១ និងដង្វាយសទ្ធា។ យើងសូមអធិដ្ឋានឲ្យព្រះអង្គប្រទានសេចក្តីក្លាហានដល់យើងឲ្យយកទ្រង់ទុកជាទី១ក្នុងជីវិតរបស់យើងរាល់គ្នា។ សូមអធិដ្ឋានក្នុងព្រះនាមព្រះយេស៊ូវ។ អាម៉ែន។ ​

Powered by CAM