អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ លោកុប្បត្តិ ២៖២, ៣; និក្ខមនំ ២០៖១១; និក្ខមនំ ១៦; ហេព្រើរ ៤៖១-៤; និក្ខមនំ ៣១៖១២-១៧។
ថ្ងៃសប្បាតហ៍ដែលជាថ្ងៃទី៧ ជួយយើងអោយនឹកចាំអំពីអត្តសញ្ញាណរបស់យើងជាសេវេនដេយអាត់វេនទីស្ទ។ ថ្ងៃសប្បាតហ៍ក៏ជួយយើងអោយនឹកចាំអំពីអ្វីគ្រប់យ៉ាង ដែលព្រះបានសន្យាថា យើងនឹងទទួលបានដែរ។ យើងត្រូវការថ្ងៃសប្បាតហ៍។ យើងបានជាប់រវល់អស់រយៈពេលមួយសប្តាហ៍។ យើងបានជាប់រវល់ក្នុងការ រកប្រាក់ចំណូល និងប្រាក់ចំណាយ។ យើងបានធ្វើដំណើរទៅនេះទៅនោះ។ យើងបានធ្វើដំណើរគ្រប់ទីកន្លែង។ នៅពេលដែលថ្ងៃសប្បាតហ៍ចូលមកដល់វាបានភ្ជាប់យើងក្នុងគ្រប់ ទាំងគោលជំនឿរបស់យើងម្តងទៀត។ ថ្ងៃសប្បាតហ៍ជួយយើងអោយនឹកចាំអំពីរឿងដែលសំខាន់បំផុត ចំពោះយើងក្នុងនាមជាសេវេនដេយអាត់ទីស្ទ។ ព្រះបានបង្កើតថ្ងៃសប្បាតហ៍។ ហើយព្រះក៏បានបង្កើត យើងផងដែរ។ ថ្ងៃសប្បាតហ៍អាចជួយយើងអោយនឹកចាំអំពីសេចក្តីពិតនៃព្រះគម្ពីរដ៏សំខាន់ទាំងនេះ។
ថ្ងៃសប្បាតហ៍ពុំដែលអាក់ខាននៅចុងសប្តាហ៍ណាមួយនោះឡើយ។ ថ្ងៃសប្បាតហ៍បំពេញ គ្រប់ទាំងផ្នែកនៃជីវិតរបស់យើង។ ថ្ងៃសប្បាតហ៍ជួយយើងអោយនឹកចាំថា គ្រប់ទាំងផ្នែកនៃជីវិតរបស់ យើងគឺជាកម្មសិទ្ធិរបស់ព្រះ។ ព្រះបានដាក់យើងនៅលើផែនដីនេះ។ ទ្រង់គឺជាព្រះអាទិករបង្កើតផ្ទៃមេឃ និងផែនដីកាលដើមដំបូងឡើយ។ សេចក្តីពិតនៃព្រះគម្ពីរគឺជាហេតុផលសម្រាប់អស់ទាំងគោលជំនឿ របស់យើងជាគ្រីស្ទាន។ ថ្ងៃសប្បាតហ៍គឺជាទីសំគាល់បង្ហាញថា ព្រះបានបង្កើតយើងឡើង។
សប្តាហ៍នេះ យើងនឹងសិក្សាអំពីថ្ងៃសប្បាតហ៍ដែលជាទីសំគាល់នេះ។ យើងនឹងសិក្សាអំពី ផ្នែកដ៏សំខាន់បំផុតដែលមាននៅក្នុងថ្ងៃសប្បាតហ៍តាមរយៈសេចក្តីសញ្ញានៅឯស៊ីណាយ។
ថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១
នៅពេលដែលថ្ងៃសប្បាតហ៍ត្រូវបានបង្កើត
គ្រីស្ទានជាច្រើននាក់បានគិតថា ព្រះបានបង្កើតថ្ងៃសប្បាតហ៍សម្រាប់តែសាសន៍យូដាប៉ុណ្ណោះ។ ដូច្នេះ ពួកគេបានហៅថ្ងៃនេះថាជាថ្ងៃ «សប្បាតហ៍របស់សាសន៍យូដាបុរាណ»។ ប៉ុន្តែ ព្រះគម្ពីរបាន បង្ហាញយើងថា ថ្ងៃសប្បាតហ៍មានជាយូរណាស់មកហើយមុនសាសន៍យូដាទៅទៀត។ ព្រះបានបង្កើត ថ្ងៃសប្បាតហ៍ឡើង បន្ទាប់ពីទ្រង់បង្កើតផ្ទៃមេឃ និងផែនដីក្នុងរយៈពេល៦ថ្ងៃមកម្ល៉េះ។
សូមអានខគម្ពីរលោកុប្បត្តិ ២៖២, ៣ និងនិក្ខមនំ ២០៖១១។ ខទាំងនេះបង្ហាញយើងថា ព្រះ បានបង្កើតថ្ងៃសប្បាតហ៍។ តើទ្រង់បង្កើតថ្ងៃសប្បាតហ៍នៅពេលណា?
--------------------------------------------------------
តើលោកអ្នកឃើញថា ខគម្ពីរលោកុប្បត្តិ ២៖២, ៣ ពុំបានចែងថា «ថ្ងៃទី៧» ជាថ្ងៃសប្បាតហ៍ដែរ ឬទេ? (នោះគឺជាលើកទីមួយដែលខគម្ពីរនិក្ខមនំ ១៦៖២៦, ២៩ បានចែងថា ថ្ងៃទី៧គឺជាថ្ងៃសប្បាតហ៍)។ ឥឡូវនេះ សូមក្រឡេកមើលខគម្ពីរលោកុប្បត្តិ ២៖២ វិញម្តងដែលបានចែងថា «ទ្រង់ក៏ឈប់ផ្អាកសំរាកនៅថ្ងៃទី៧នោះ ពីគ្រប់ទាំងការដែលទ្រង់ធ្វើ»។ ពាក្យថា «សំរាក» ជាភាសាហេព្រើរហៅថា «សាបាត (Shabat)»។ «សាបាត» មានអត្ថន័យស្រដៀងគ្នាទៅនឹងពាក្យថា ពាក្យសប្បាតហ៍ជាភាសាហេព្រើរដែរ ដែលគេហៅថា «សាប្បាត (Shabbat)»។ សូមប្រៀបធៀបពាក្យហេព្រើរ៖«សាបាត (សំរាក)» និង «សាប្បាត (សប្បាតហ៍)»។ តើលោកអ្នកឃើញថា ពាក្យទាំងពីរពាក្យ «សាបាត» និង «សាប្បាត» ប្រកបស្រដៀង គ្នាដែរឬទេ? ត្រង់នេះបង្ហាញយើងថា ថ្ងៃទី៧ដែលមានចែងនៅក្នុងខគម្ពីរលោកុប្បត្តិ ២៖២ គឺពិតជាថ្ងៃ សប្បាតហ៍មែន។
«ពាក្យថា ‘សប្បាតហ៍’ ពុំបានសរសេរនៅក្នុងខគម្ពីរលោកុប្បត្តិ ២៖២, ៣ នោះទេ។ ប៉ុន្តែ យើង អាចដឹងបានថា លោកម៉ូសេកំពុងតែមានប្រសាសន៍អំពីថ្ងៃសប្បាតហ៍ កាលដែលគាត់សរសេរថា ព្រះបាន ប្រទានពរ និងញែកថ្ងៃទី៧ចេញជាបរិសុទ្ធ»។ ដកស្រង់ពី G. F. Waterman, The Zondervan Pictorial Encyclopedia of the Bible (Grand Rapids, MI: Zondervan Publishing House, 1975), volume 5, page 183, adapted។ ដូច្នេះ យើងអាចសម្លឹងឃើញថា ខគម្ពីរលោកុប្បត្តិ ២៖២, ៣ បង្រៀនយើង ថា ព្រះបានបង្កើតថ្ងៃសប្បាតហ៍។ ព្រះក៏បានប្រទានថ្ងៃសប្បាតហ៍ដល់មនុស្សលោកគ្រប់គ្នាទុកជាព្រះពរ ផងដែរ។
សូមអានខគម្ពីរម៉ាកុស ២៖២៧។ ព្រះយេស៊ូវបានមានបន្ទូលថា ថ្ងៃសប្បាតហ៍ត្រូវបានបង្កើត ឡើងមិនមែនសម្រាប់តែសាសន៍យូដាប៉ុណ្ណោះទេ តែសម្រាប់មនុស្សទាំងអស់វិញ។
តើហេតុអ្វីបានព្រះទ្រង់ផ្ទាល់សំរាកនៅថ្ងៃទី៧? តើព្រះពិតជាត្រូវការការសំរាកមែនទេ? ប្រសិន បើមិនមែន តើមានហេតុផលណាផ្សេងទៀត ដែលលោកអ្នកគិតថាព្រះត្រូវតែឈប់សំរាកនៅថ្ងៃសប្បាតហ៍ នោះ?
--------------------------------------------------------
អ្នកប្រាជ្ញខាងឯព្រះគម្ពីរមួយចំនួនបាននិយាយថា ព្រះត្រូវការសំរាក បន្ទាប់ពីទ្រង់បានបង្កើតផែនដីអស់រយៈពេល៦ថ្ងៃ។ ប៉ុន្តែ ហេតុផលដ៏ពិតប្រាកដដែលព្រះសំរាកនោះគឺទុកសម្រាប់ជាឧទាហរណ៍ អំពីអ្វីដែលយើងគួរតែធ្វើ។ មនុស្សលោកក៏ត្រូវការធ្វើការងារ៦ថ្ងៃផងដែរ។ បន្ទាប់មក យើងត្រូវតែសំរាក នៅថ្ងៃសប្បាតហ៍ដែលជាថ្ងៃទី៧។ លោកខាល បាថ (Karl Barth) ដែលជាអ្នកប្រាជ្ញខាងឯព្រះគម្ពីរបាន និយាយថា ព្រះសំរាកនៅថ្ងៃទី៧ ដើម្បីបង្ហាញមនុស្សលោកថា ការសំរាកគឺជាផ្នែកមួយនៃសេចក្តីសញ្ញា របស់ទ្រង់ជាមួយនឹងមនុស្ស។ ថ្ងៃសប្បាតហ៍គឺជាការត្រាស់ហៅមកពីព្រះ។ នៅថ្ងៃនោះ ព្រះបានត្រាស់ហៅមនុស្សលោកអោយសំរាកជាមួយនឹងទ្រង់។
ថ្ងៃច័ន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១
អាហារមកពីស្ថានសួគ៌ និងថ្ងៃសប្បាតហ៍
សូមអានបទគម្ពីរនិក្ខមនំ ១៦។ ជំពូកនេះបានបង្ហាញប្រាប់អំពីរឿងនំម៉ាន៉ា។ នំម៉ាន៉ាគឺអាហារ ដ៏ពិសេសដែលព្រះបានប្រទានមកពីស្ថានសួគ៌ដល់រាស្ត្ររបស់ទ្រង់ នៅពេលដែលពួកគេរស់នៅលើវាល រហោស្ថានអស់រយៈពេល៤០ឆ្នាំ។ សូមនឹកចាំថា រឿងនៃនំម៉ាន៉ាដែលមានចែងនៅក្នុងជំពូក ១៦ បាន កើតឡើងមុនព្រឹត្តិការណ៍នៅឯស៊ីណាយ។ សូមយើងក្រឡេកមើលមេរៀនដែលយើងអាចរៀនបានចេញពីរឿងនេះ៖
១. សាសន៍អ៊ីស្រាអែលមានកម្រិតក្នុងការញុាំនំម៉ាន៉ាជារៀងរាល់ថ្ងៃ។ ប៉ុន្តែ នៅថ្ងៃទី៦ ពួកគេ អាចរើសទុកទ្វេដង។
២. ព្រះពុំបានប្រទាននំម៉ាន៉ានៅថ្ងៃសប្បាតហ៍ឡើយ។
៣. ព្រះបានធ្វើការអស្ចារ្យនៅថ្ងៃសុក្រ ដើម្បីរក្សានំម៉ាន៉ាមិនអោយខូចនៅថ្ងៃសប្បាតហ៍។ ប៉ុន្តែ នំម៉ាន៉ាដែលនៅសេសសល់នៅថ្ងៃដទៃទៀតនឹងត្រូវខូចនៅថ្ងៃបន្ទាប់។
សូមអានរឿងនំម៉ាន៉ានៅក្នុងខគម្ពីរនិក្ខមនំ ១៦៖២៣-២៨។ តើរឿងនេះបង្ហាញយើងថា ថ្ងៃ សប្បាតហ៍ជាថ្ងៃបរិសុទ្ធ មុនពេលដែលព្រះបានប្រទានក្រឹត្យវិន័យដល់រាស្ត្ររបស់ទ្រង់នៅឯស៊ីណាយយ៉ាង ដូចម្តេច?
--------------------------------------------------------
«ព្រះបានបង្ហាញរាស្ត្ររបស់ទ្រង់ថា ថ្ងៃទី៧គឺជាថ្ងៃសប្បាតហ៍។ ព្រះបានប្រទានថ្ងៃសប្បាតហ៍ ដល់សាសន៍អ៊ីស្រាអែលទុកជាព្រះពរ។ បណ្តាជនបានឈប់សំរាកនៅថ្ងៃទី៧ ពីព្រោះព្រះបានបង្គាប់អោយពួកគេធ្វើដូច្នោះ។ ដំណឹងនេះជួយយើងអោយនឹកចាំថា បទគម្ពីរលោកុប្បត្តិ ១ និង២ នៅពេលដែលព្រះបានបង្កើតថ្ងៃសប្បាតហ៍ជាលើកដំបូង។ នៅពេលនោះ ព្រះបានចែកថ្ងៃសប្បាតហ៍ចេញជាថ្ងៃ សំរាកដ៏ពិសេស និងជាព្រះពរសម្រាប់មនុស្សគ្រប់គ្នា»។ ដកស្រង់ពី G. F. Waterman, The Zondervan Pictorial Encyclopedia of the Bible, volume 5, page 184, adapted។
ដំបូង លោកអ្នកប្រហែលជាមិនអាចមើលឃើញអ្វីគ្រប់យ៉ាងដែលបទគម្ពីរនិក្ខមនំ ១៦ បាន បង្រៀនអំពីថ្ងៃសប្បាតហ៍នោះទេ។ ការឆ្លើយសំណួរខាងក្រោមនឹងជួយលោកអ្នកអោយមើលឃើញ៖
១. តើនៅថ្ងៃណាដែលលោកអ្នករៀបចំខ្លួនសម្រាប់ថ្ងៃសប្បាតហ៍?
២. តើថ្ងៃសប្បាតហ៍គឺជាថ្ងៃណានៅក្នុងសប្តាហ៍?
៣. តើថ្ងៃសប្បាតហ៍មានប្រភពមកពីណា?
៤. តើលោកអ្នកអាចទទួលបានបទពិសោធន៍អ្វីខ្លះ នៅថ្ងៃសប្បាតហ៍?
៥. តើថ្ងៃសប្បាតហ៍ជាថ្ងៃដែលយើងមិនត្រូវបរិភោគអាហារឬ?
៦. តើថ្ងៃសប្បាតហ៍គឺជាការសាកល្បងភាពស្មោះត្រង់របស់យើងចំពោះព្រះឬ?
តើលោកអ្នកយល់ថា ថ្ងៃសប្បាតហ៍ត្រូវជាមួយនឹងអ្វីដែលយើងបានរៀននៅក្នុងបទគម្ពីរនិក្ខមនំ ១៦ នៅថ្ងៃនេះយ៉ាងដូចម្តេច?
ថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១
ថ្ងៃសប្បាតហ៍គឺជាទីសំគាល់នៃសេចក្តីសញ្ញា
«ហេតុនោះបានជាត្រូវឲ្យពួកកូនចៅអ៊ីស្រាអែលបានស្មោះត្រង់ដល់ថ្ងៃឈប់សំរាកនោះ ដើម្បី នឹងកាន់តាមនៅអស់ទាំងដំណគេតរៀងទៅ ទុកជាសេចក្តីសញ្ញានៅអស់កល្បជានិច្ច នោះហើយជា ទីសំគាល់ដល់អញ ហើយនឹងពួកកូនចៅអ៊ីស្រាអែល ជាដរាបរៀងរាបតទៅ ដ្បិតព្រះយេហូវ៉ា ទ្រង់បាន បង្កើតផ្ទៃមេឃ និងផែនដីក្នុងរវាង៦ថ្ងៃ លុះដល់ថ្ងៃទី៧ នោះទ្រង់ក៏ឈប់សំរាក ហើយបានលំហើយព្រះអង្គវិញ» (និក្ខមនំ ៣១៖១៦, ១៧)។
ព្រះគម្ពីរបានបង្ហាញយើងថា ថ្ងៃសប្បាតហ៍គឺជា «ទីសំគាល់» សម្រាប់សេចក្តីពិតដ៏សំខាន់នៃ ព្រះគម្ពីរចំនួន៤ដង (និក្ខមនំ ៣១៖១៣, ១៧; អេសេគាល ២០៖១២, ២០)។ ទីសំគាល់ និងរូបស័ព្ទ មិនដូចគ្នានោះទេ។ រូបស័ព្ទជួយយើងអោយនឹកចាំអំពីអ្វីផ្សេងមួយទៀតដែលស្រដៀងគ្នាទៅនឹងរូបស័ព្ទ នោះផ្ទាល់។ កណ្តាប់ដៃគឺជាឧទាហរណ៍នៃរូបស័ព្ទមួយ។ កណ្តាប់ដៃបង្ហាញយើងអំពី «អំណាច» ឬ «កម្លាំង»។ ប៉ុន្តែ ទីសំគាល់គឺជាសញ្ញា ឬវត្ថុដែលអាចជួយអោយយើងនឹកចាំពីសារដ៏សំខាន់មួយ។ ក្នុង ព្រះគម្ពីរ ថ្ងៃសប្បាតហ៍គឺជាទីសំគាល់ដែលបង្ហាញយើងនូវសារដ៏ពិសេសស្តីអំពីសេចក្តីសញ្ញាដែលព្រះ បានតាំងជាមួយនឹងរាស្ត្ររបស់ទ្រង់។ ពុំមានអ្វីនៅក្នុងទីសំគាល់នៃថ្ងៃសប្បាតហ៍នេះដែលពិតជាបង្ហាញ យើងអំពីសេចក្តីសញ្ញានោះឡើយ។ ដូច្នេះ តើហេតុអ្វីបានជាព្រះគម្ពីរចែងថា ថ្ងៃសប្បាតហ៍គឺជាទីសំគាល់ (និក្ខមនំ ៣១៖១៣) នៃសេចក្តីសញ្ញាជាមួយនឹងព្រះ? ពីព្រោះព្រះបានមានបន្ទូលយ៉ាងដូច្នោះ។
តើហេតុអ្វីបានជាព្រះជាម្ចាស់តាំងថ្ងៃបរិសុទ្ធជាទីសំគាល់នៃសេចក្តីសញ្ញារបស់ទ្រង់? យើងដឹង ថា ផ្នែកដ៏សំខាន់មួយនៃសេចក្តីសញ្ញានោះគឺជាសេចក្តីពិតនៃព្រះគម្ពីរដែលថា ការប្រព្រឹត្តល្អរបស់យើង ពុំអាចសង្គ្រោះយើងបានឡើយ។ តើមានអ្វីដែលពាក់ព័ន្ធនៅក្នុងថ្ងៃសប្បាតហ៍ដែលបង្ហាញយើងអំពីផែនការរបស់ព្រះក្នុងការសង្គ្រោះយើង?
--------------------------------------------------------
សាសន៍យូដាបានជឿថា ថ្ងៃសប្បាតហ៍បង្ហាញអំពីផែនការរបស់ព្រះក្នុងការសង្គ្រោះមនុស្សលោកតាមរយៈព្រះអង្គសង្គ្រោះអស់រយៈពេលជាច្រើនរយឆ្នាំមកហើយ។ ពួកគេគិតថា ថ្ងៃសប្បាតហ៍ បង្ហាញអំពីអនាគតកាល នៅពេលដែលព្រះអង្គសង្គ្រោះយាងត្រឡប់មកផែនដីនេះវិញ ដើម្បីរំដោះយើង អោយរួចផុតពីអំពើបាប។ ព្រះគម្ពីរបានបង្រៀនថា ថ្ងៃសប្បាតហ៍បង្ហាញយើងអំពីសេចក្តីពិតនៃព្រះគម្ពីរ ពីរយ៉ាង៖ (១) ផែនការសង្គ្រោះរបស់ព្រះ និង (២) សេចក្តីសញ្ញារបស់ទ្រង់ (សូមអានខគម្ពីរចោទិយក ថា ៥៖១៣-១៥)។ ដូច្នេះ ថ្ងៃសប្បាតហ៍បង្ហាញយើងអំពីសេចក្តីមេត្តា និងការលើកលែងទោសរបស់ព្រះ។ ថ្ងៃសប្បាតហ៍ពុំបានបង្ហាញយើងថា យើងត្រូវបានសង្គ្រោះដោយការប្រព្រឹត្តល្អរបស់យើងនោះទេ។
តើការសំរាកនៅក្នុងថ្ងៃសប្បាតហ៍មានន័យយ៉ាងដូចម្តេច? តើលោកអ្នកសំរាកនៅក្នុងសប្បាតហ៍ យ៉ាងដូចម្តេច? តើលោកអ្នកធ្វើអ្វីខ្លះនៅក្នុងថ្ងៃសប្បាតហ៍ដែលអាចអោយថ្ងៃនោះក្លាយជា «ទីសំគាល់» ទៅបាន? តើជីវិតរបស់លោកអ្នកបង្ហាញអ្នកដទៃថា ថ្ងៃសប្បាតហ៍ពិតជាថ្ងៃដ៏ពិសេសសម្រាប់លោកអ្នកយ៉ាងដូចម្តេច?
ថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១
ថ្ងៃសប្បាតហ៍គឺជាទីសំគាល់ដែលព្រះបានញែកយើងចេញជាបរិសុទ្ធ
«ព្រះយេហូវ៉ាទ្រង់ក៏បង្គាប់ម៉ូសេ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ត្រូវឲ្យឯងរាល់គ្នាកាន់ អស់ទាំងថ្ងៃឈប់សំរាករបស់អញជាកុំខាន ដ្បិតនោះជាទីសំគាល់ដល់អញ ហើយនឹងឯងរាល់គ្នា នៅអស់ទាំងដំណតទៅ ដើម្បីឲ្យបានដឹងថា អញនេះជាព្រះយេហូវ៉ាដែលញែកឯងរាល់គ្នាចេញជាបរិសុទ្ធ» (និក្ខមនំ ៣១៖១២, ១៣)។
ខគម្ពីរនិក្ខមនំ ៣១៖១២-១៧ បានសរសេរឡើង បន្ទាប់ពីព្រះជាម្ចាស់ប្រទានគម្រោងសាងសង់ទីថ្វាយបង្គំរបស់ទ្រង់ដល់លោកម៉ូសេ (សូមអានខគម្ពីរនិក្ខមនំ ២៥៖១-៣១៖១១)។
ក្នុងខគម្ពីរនិក្ខមនំ ៣១៖១២-១៧ ព្រះគម្ពីរបានបង្ហាញប្រាប់យើងជាលើកដំបូងថា ថ្ងៃសប្បាតហ៍ គឺជាទីសំគាល់រវាងព្រះ និងរាស្ត្ររបស់ទ្រង់។ នោះបានន័យថា ថ្ងៃសប្បាតហ៍គឺជាសញ្ញាដែលបង្ហាញមនុស្សគ្រប់គ្នានៅលើផែនដីថា សាសន៍អ៊ីស្រាអែលគឺជារាស្ត្រដ៏ពិសេសរបស់ព្រះ។ ខគម្ពីរនិក្ខមនំ ៣១៖១២-១៧ បានបង្រៀនយើងអំពីគោលគំនិតពីរថ្មីៗដែលមានសារៈសំខាន់៖
១. ថ្ងៃសប្បាតហ៍បង្ហាញយើងអំពីអត្ថន័យនៃការស្គាល់ព្រះ។
២. ថ្ងៃសប្បាតហ៍បង្ហាញយើងថា ព្រះបានញែកយើងចេញជាបរិសុទ្ធ តើការស្គាល់ព្រះមានន័យយ៉ាងណា?
ជនជាតិហេព្រើរបានបង្រៀនថា ចំណេះដឹងរួមមាននូវ ផ្នែកជាច្រើននៃបទពិសោធន៍របស់មនុស្សដូចជា៖ ការស្គាល់ ការប្រព្រឹត្ត និងអារម្មណ៍។ ដូច្នេះ នៅពេល ណាដែលជនជាតិហេព្រើរម្នាក់ «បានស្គាល់» អ្វីមួយ នោះមានន័យថា ពួកគេបានដឹងលើសពីការស្គាល់ ធម្មតា។ នេះជាការពិតណាស់ នៅពេលដែលជនជាតិហេព្រើរនិយាយថា បានស្គាល់អ្នកណាម្នាក់។ សម្រាប់ ជនជាតិហេព្រើរ «ការស្គាល់» អ្នកណាម្នាក់របស់ពួកគេ មានន័យថា ពួកគេមានទំនាក់ទំនងជិតស្និទ្ធិជាមួយនឹងបុគ្គលម្នាក់នោះ។ ដូច្នេះ កាលដែលព្រះគម្ពីរបានចែងថា អ្នកណាម្នាក់ «បានស្គាល់ព្រះជាម្ចាស់» នោះមានន័យថា បុគ្គលម្នាក់នោះគឺជាមិត្តដ៏ជិតស្និទ្ធិជាមួយនឹងព្រះ និងជាអ្នកបម្រើទ្រង់ (របាក្សត្រទី១ ២៨៖៩)។ បុគ្គលម្នាក់នោះគោរពកោតខ្លាចដល់ព្រះ (អេសាយ ១១៖២)។ ហើយគាត់ក៏ជឿទុកចិត្តលើ ព្រះជាម្ចាស់ផងដែរ (ទំនុកដំកើង ៩៖១០)។
សូមក្រឡេកមើលខនីមួយៗនៅក្នុងកថាខណ្ឌខាងលើ។ តើខទាំងនោះជួយយើងអោយយល់ អំពីគោលគំនិតនៃការស្គាល់ព្រះជាម្ចាស់យ៉ាងដូចម្តេច?
--------------------------------------------------------
ថ្ងៃសប្បាតហ៍ក៏បង្ហាញយើងថា ព្រះបានញែកយើងចេញជាបរិសុទ្ធផងដែរ (សូមប្រៀបធៀប ខគម្ពីរលេវីវិន័យ ២០៖៨ ជាមួយនឹងខគម្ពីរចោទិយកថា ៧៖៦)។ ព្រះគឺជាបុគ្គលម្នាក់ដែលអាចសង្គ្រោះ យើង ឬញែកយើងចេញជាបរិសុទ្ធបាន។ «ត្រូវកាន់ និងអនុវត្តតាមច្បាប់របស់យើង។ យើងជាព្រះអម្ចាស់ ដែលប្រោសអ្នករាល់គ្នាឲ្យវិសុទ្ធ» (លេវីវិន័យ ២០៖៨, គខប)។ ដូច្នេះ យើងអាចមើលឃើញថា ថ្ងៃសប្បាតហ៍ គឺជាទីសំគាល់ដែលបង្ហាញយើងថា ព្រះគឺជាបុគ្គលម្នាក់ដែលបានញែកយើងចេញជាបរិសុទ្ធ។ «ព្រះបាន ប្រទានថ្ងៃសប្បាតហ៍ដល់មនុស្សលោក ដើម្បីជួយពួកគេអោយនឹកចាំថា ទ្រង់គឺជាបុគ្គលម្នាក់ដែលបាន បង្កើតផ្ទៃមេឃ និងផែនដី។ ថ្ងៃសប្បាតហ៍ក៏ជាទីសំគាល់បង្ហាញយើងថា ព្រះបានញែកយើងចេញជា បរិសុទ្ធផងដែរ»។ ដកស្រង់ពី Ellen G. White, Testimonies for the Church, volume 6, page 350, adapted។
ថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១
ចូរអោយនឹកចាំពីថ្ងៃសប្បាតហ៍
«ចូរឲ្យនឹកចាំពីថ្ងៃឈប់សំរាក ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ» (និក្ខមនំ២០៖៨)។
ថ្ងៃសប្បាតហ៍គឺជាទីសំគាល់ជួយអោយយើងនឹកចាំអំពីសារៈសំខាន់នៃសេចក្តីពិតនៃព្រះគម្ពីរ។ ពាក្យថា «នឹកចាំ» បង្ហាញយើងអំពីអ្វីគ្រប់យ៉ាងដែលព្រះចង់អោយនឹកដល់។ ព្រះចង់អោយយើងនឹកចាំ អំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ទ្រង់សម្រាប់យើងកាលពីមុន ឥឡូវនេះ និងនៅពេលអនាគត។ ចំណុច ទី១ យើងត្រូវតែនឹកចាំអំពីអ្វីដែលព្រះបានធ្វើកាលពីមុន។ ថ្ងៃសប្បាតហ៍ជួយយើងអោយនឹកចាំថា ព្រះ បានបង្កើតផ្ទៃមេឃ និងផែនដីក្នុងរយៈពេល៦ថ្ងៃ។ នៅថ្ងៃចុងក្រោយនៃអាទិត្យនោះ ព្រះបានឈប់សំរាក នៅថ្ងៃសប្បាតហ៍។ ព្រះបានធ្វើអោយថ្ងៃសប្បាតហ៍ក្លាយទៅជាថ្ងៃសំរាកដ៏ពិសេសជារៀងរាល់អាទិត្យ។ ថ្ងៃសប្បាតហ៍គឺពេលវេលាដ៏ពិសេសដែលយើងអាចចំណាយពេលជាមួយនឹងព្រះ។
ចំណុចទី២ យើងត្រូវតែនឹកចាំអំពីអ្វីគ្រប់យ៉ាងដែលព្រះបានធ្វើសម្រាប់យើងឥឡូវនេះ។ យើង អាចបង្ហាញព្រះថា យើងនឹកចាំដល់ទ្រង់តាមរយៈការញែកថ្ងៃសប្បាតហ៍ចេញជាបរិសុទ្ធ (សូមអានខគម្ពីរ ចោទិយកថា ៥៖១២)។
ចំណុចចុងក្រោយ យើងត្រូវតែនឹកចាំអំពីអ្វីដែលព្រះនឹងធ្វើសម្រាប់យើងនៅពេលអនាគត។ អ្នកណាដែលរក្សាថ្ងៃសប្បាតហ៍អោយបានជាបរិសុទ្ធនៅពេលឥឡូវនេះ ពួកគេនឹងទទួលបានអនាគតដ៏ស្រស់បំព្រងជាមួយនឹងព្រះដ៏ជាម្ចាស់នៃថ្ងៃសប្បាតហ៍។ សេចក្តីសន្យានៃសុភមង្គលនៅពេលអនាគត អាចជួយយើងអោយបន្តរក្សាភាពស្មោះត្រង់ជាមួយនឹងព្រះជាម្ចាស់ក្នុងពេលឥឡូវនេះ។ នោះក៏ជាមូលហេតុ សំខាន់ក្នុងការនឹកចាំថា សេចក្តីសញ្ញាជាមួយនឹងព្រះគឺជាមិត្តភាពជាមួយនឹងទ្រង់ផងដែរ។ ថ្ងៃសប្បាតហ៍ អាចជួយអោយយើងបង្កើនមិត្តភាពរបស់យើងជាមួយនឹងព្រះអោយកាន់តែប្រសើរ។
ដូច្នេះ យើងត្រូវតែនឹកចាំអំពីព្រះ និងអ្វីគ្រប់យ៉ាងដែលទ្រង់បានធ្វើ។ ពេលនោះ យើងនឹងអាច នឹកចាំអំពីរឿងនៃសេចក្តីស្រឡាញ់ដែលព្រះបានធ្វើ ដើម្បីសង្គ្រោះយើងផងដែរ (សូមអានខគម្ពីរចោទិយក- ថា ៥៖១៤)។ ក្នុងខនេះ ថ្ងៃសប្បាតហ៍គឺជាទីសំគាល់នៃការរួចផុតពីភាពជាទាសករ។ ព្រះបានរំដោះសាសន៍ អ៊ីស្រាអែលចេញពីភាពជាទាសករនៅឯស្រុកអេស៊ីព្ទ។ ស្រុកអេស៊ីព្ទក៏ជារូបស័ព្ទតំណាងអោយភាពជាទាសករនៃអំពើបាបរបស់យើងផងដែរ។ ដូច្នេះ ថ្ងៃសប្បាតហ៍បង្ហាញយើងថា ព្រះបានសង្គ្រោះយើងចេញ ពីអំពើបាបទាំងស្រុង)។ សេចក្តីពិតនៃព្រះគម្ពីរដែលចែងថា ព្រះគឺជាបុគ្គលម្នាក់ដែលបានបង្កើតយើង និងសង្គ្រោះយើងត្រូវបានបង្ហាញរួមគ្នាតាមរយៈថ្ងៃសប្បាតហ៍។
«កាលណាយើងរក្សាថ្ងៃសប្បាតហ៍ នោះយើងបង្ហាញអ្នកដទៃថា យើងគឺជាកម្មសិទ្ធិរបស់ព្រះ។ ព្រះគម្ពីរបានប្រកាសថា ថ្ងៃសប្បាតហ៍គឺជាទីសំគាល់ដែលបង្ហាញមនុស្សគ្រប់គ្នាអំពីរាស្ត្ររបស់ព្រះ។ រាស្ត្រទាំងនេះបានប្រព្រឹត្តតាមក្រឹត្យវិន័យរបស់ព្រះ . . . . អ្នកណាដែលប្រព្រឹត្យតាមក្រឹត្យវិន័យរបស់ព្រះ នឹងចុះសេចក្តីសញ្ញាជាមួយនឹងទ្រង់នៅក្នុងអំឡុងនៃមហាវិវាទរបស់សេចក្តីល្អ និងសេចក្តីអាក្រក់។ សង្គ្រាម នេះបានចាប់ផ្តើមឡើងនៅលើស្ថានសួគ៌រវាងព្រះ និងសាតាំង»។ ដកស្រង់ពី Ellen G. White, Selected Messages, book 2, page 160, adapted។ តើការរក្សាថ្ងៃសប្បាតហ៍បញ្ជាក់លើសពីក្រឹត្យវិន័យផ្សេងៗ ទៀតថា បុគ្គលម្នាក់នោះបានប្រព្រឹត្តតាមក្រឹត្យវិន័យរបស់ព្រះដោយរបៀបណា?
ថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១
សិក្សាបន្ថែម
សូមអាន Ellen G. White, pages 968-970, in The SDA Bible Commentary, volume 7; “The Observation of the Sabbath,” pages 349-351, in Testimonies for the Church, volume 6, “From the Red Sea to Sinai,” pages 295-297, in Patriarchs and Prophets។
ក្រឹត្យវិន័យ១០ប្រការបានបង្ហាញយើងយ៉ាងពេញលេញ អំពីផែនការរបស់ព្រះសម្រាប់មនុស្ស លោក។ ក្រឹត្យវិន័យទាំងនេះបានបង្ហាញយើងអំពីរបៀបដែលយើងត្រូវស្រឡាញ់ព្រះ និងស្រឡាញ់មនុស្ស។ ក្រឹត្យវិន័យដែលជាស្នូលនៃក្រឹត្យវិន័យទាំង១០ប្រការនោះគឺជាក្រឹត្យវិន័យនៃថ្ងៃសប្បាតហ៍។ ថ្ងៃសប្បាតហ៍ បង្ហាញយើងអំពីចំណុចសំខាន់ពីរយ៉ាងគឺ៖ (១) ព្រះគឺជាម្ចាស់នៃថ្ងៃសប្បាតហ៍។ ថ្ងៃសប្បាតហ៍ក៏បង្ហាញយើង អំពី (២) អ្វីគ្រប់យ៉ាងដែលព្រះបានគ្រប់គ្រង និងអ្វីដែលទ្រង់មាននៅលើស្ថានសួគ៌ និងផែនដីទាំងមូលផង ដែរ។ ព្រះជាម្ចាស់ដែលជាអ្នកគ្រប់គ្រងលើអ្វីទាំងអស់ ហើយទ្រង់ក៏ជាអ្នកបង្កើតអ្វីទាំងអស់ផងដែរ (និក្ខមនំ ២០៖១១; និក្ខមនំ ៣១៖១៧)។ ព្រះជាម្ចាស់គ្រប់គ្រងលើ «ផ្ទៃមេឃ ផែនដី ហើយនឹងសមុទ្រ ព្រមទាំង របស់សព្វសារពើនៅស្ថានទាំងនោះដែរ» (សូមប្រៀបធៀបខគម្ពីរនិក្ខមនំ ២០៖១១ ជាមួយនឹងខគម្ពីរ និក្ខមនំ ៣១៖១៧)។ ចំណុចទាំងពីរនៃក្រឹត្យវិន័យថ្ងៃសប្បាតហ៍នេះក៏ជាផ្នែកនៃត្រាក្នុងសេចក្តីសញ្ញាសន្តិភាពដ៏សំខាន់រវាងពួកស្តេចនៅក្នុងសម័យព្រះគម្ពីរផងដែរ។ ត្រាទាំងនេះតែងតែលើកមកដាក់ជា ស្នូលនៃសេចក្តីសញ្ញាសន្តិភាពទាំងនេះផងដែរ។ ត្រានៅក្នុងសេចក្តីសញ្ញាសន្តិភាពទាំងនេះបានបង្ហាញ យើងអំពីចំណុចពីរយ៉ាងគឺ៖ (១) ឈ្មោះរបស់ព្រះបាលដែលត្រូវបានថ្វាយបង្គំដោយស្តេចមួយអង្គ និង (២) តំបន់ដែលព្រះបាលនោះជាម្ចាស់គ្រប់គ្រង។ (តំបន់នេះតែងតែសំដៅទៅលើប្រទេសមួយ ឬព្រំដែន ដីដទៃទៀត)។
«ព្រះវិញ្ញាណបានធ្វើអោយមនុស្សបានជាបរិសុទ្ធ។ មនុស្សបរិសុទ្ធនឹងមានត្រារបស់ព្រះ។ ជីវិត ដ៏បរិសុទ្ធរបស់ពួកគេអាចបង្ហាញថា ពួកគេមានលក្ខណៈខុសគ្នាពីអ្នកដទៃដែលបានរក្សាថ្ងៃឈប់សំរាក ក្លែងក្លាយ»។
«ការសាកល្បងនឹងមកដល់។ ពេលនោះ យើងនឹងបានយល់អំពីទីសំគាល់នៃសត្វសាហាវ។ ទីសំគាល់នៃសត្វសាហាវគឺជាការគោរពថ្ងៃអាទិត្យ . . . .»។
«ថ្ងៃសប្បាតហ៍ដែលជាថ្ងៃទី៧នឹងបង្ហាញមនុស្សគ្រប់គ្នាថា អ្នកណាជាអ្នកស្មោះត្រង់ និងមិន ស្មោះត្រង់ជាមួយនឹងព្រះ។ មនុស្សដែលចង់បានត្រារបស់ព្រះ ពួកគេនឹងដាក់ចិត្តដាក់កាយរក្សាថ្ងៃសប្បាតហ៍ អោយបានជាបរិសុទ្ធ។ នេះគឺជាក្រឹត្យវិន័យទី៤នៅក្នុងក្រឹត្យវិន័យរបស់ព្រះ»។ ដកស្រង់ពី Ellen G. White, The SDA Bible Commentary, volume 7, pages 980, 981, adapted។
សំនួរពិភាក្សា៖
- សូមអានខគម្ពីរលេវីវិន័យ ១៩៖៣០។ តើលោកអ្នកឃើញអំពីរបៀបដែលខនេះផ្សារភ្ជាប់ទំនាក់ទំនងរវាង រោងឧបោសថរបស់ព្រះនៅឯស្ថានសួគ៌ជាមួយនឹងថ្ងៃសប្បាតហ៍ដែរឬទេ? សូមបកស្រាយអំពីទំនាក់ទំនង នេះ។
- សូមសួរសំណួរនេះមកកាន់ខ្លួនលោកអ្នកថា៖ តើការរក្សាថ្ងៃសប្បាតហ៍បានធ្វើអោយមិត្តភាព និងជីវិត ខាងឯវិញ្ញាណរបស់ខ្ញុំជាមួយនឹងព្រះកាន់តែរឹងមាំដែរឬទេ? ប្រសិនបើទេ តើលោកអ្នកអាចផ្លាស់ប្តូរអ្វីបានខ្លះ?
លោកគ្រូពេទ្យហឺរណាន់ដូ ដាយអាស (Hernando Diaz) កំពុងជួយអ្នកជំងឺនៅឯមជ្ឈមណ្ឌល វេជ្ជសាស្ត្រអាត់វេនទីស្ទ ក្នុងទីក្រុងមេដេលលីន (Medellin) ប្រទេសកូឡុំប៊ី នៅពេលដែលស្រមោល មនុស្សម្នាក់នៅមាត់ទ្វារការិយាល័យរបស់គាត់បានធ្វើអោយគាត់ភ្ញាក់ផ្អើល។ ស្រមោលនោះគឺជាបុរស ដែលក្បាលកោរសក់ ហើយគ្របដណ្ដប់ដោយស្នាមសាក់។ ការចាក់សាក់បានបង្កើតស្នាមខ្មៅ និង ខៀវលើក្បាលរបស់គាត់។ ដៃ និងប្រអប់ដៃរបស់គាត់មានពេញដោយសាក់។
បុរសម្នាក់នោះបាននិយាយ ឡើង «វេនខ្ញុំជួបលោកគ្រូពេទ្យហើយ»។ លោកហឺរណាន់ដូបាននិយាយថា «សូមរង់ចាំវេនរបស់អ្នកសិន»។ ប៉ុន្មាននាទីក្រោយមក បុរសម្នាក់នោះបានចូលមកក្នុងការិយាល័យ ហើយស្រក់ទឹកភ្នែកច្រាវមួយរំពេច។ បុរសដែលមានមាឌធំបានស្រែកយំដូចជាកូនក្មេង។ លោកហឺរណាន់ដូបានក្រឡេកមើលឯកសារពេទ្យ របស់គាត់។ ក្នុងក្រដាសនោះបានសរសេរថា គាត់មានផ្ទុកជំងឺអេដស៍។ បុរសនោះបាននិយាយទាំងទឹក ភ្នែកស្រក់នៅលើថ្ពាល់ដែលមានសាក់ថា «ខ្ញុំមិនចង់កើតអេដស៍ទេ»។ លោកហឺរណាន់ដូបានសួរថា «តើ មានរឿងអីកើតឡើង? តើអ្នកមានធ្វើអី?»។ បុរសនោះបានឆ្លើយថា «ខ្ញុំគឺជាជាងសាក់»។ ហឺរណាន់ដូ បានសួរទៀតថា «តើអ្នកឆ្លងជំងឺនេះដោយរបៀបណា? តើអ្នកឆ្លងតាមការរួមភេទជាមួយដៃគូច្រើន ឬជាមួយភេទដូចគ្នា?»។ បុរសនោះបានឆ្លើយថា «ខ្ញុំមិនបានឆ្លងតាមរបៀបទាំង២នេះទេ តែខ្ញុំឆ្លង អេដស៍តាមរយៈការចាក់សាក់របស់ខ្ញុំ ប៉ុន្តែ ខ្ញុំមិនចង់កើតជំងឺនេះទេ ខ្ញុំមិនចង់ស្លាប់ទេ លោកគ្រូ»។ លោក ហឺរណាន់ដូបាននិយាយថា «តើអ្នកចង់អោយខ្ញុំអធិស្ឋានអោយអ្នកដែរឬទេ? ខ្ញុំដឹងថា អ្នកប្រហែលជា មិនជឿលើព្រះនោះទេ ប៉ុន្តែ ទ្រង់អាចជួយដល់អ្នកបាន»។
បុរសនោះបានជូតទឹកភ្នែក ហើយនិយាយថា «បាទ លោកគ្រូ»។ លោកហឺរណាន់ដូបានអធិស្ឋានអោយបុរសនោះតាមរយៈការអធិស្ឋានរបស់មនុស្ស មានបាប។ បុរសនោះបានដួលចុះទៅលើឥដ្ឋ នៅពេលដែលគាត់និយាយបញ្ចប់ថា នៅក្នុងព្រះនាម ព្រះយេស៊ូវ។ លោកហឺរណាន់ដូបានបញ្ជូនជាងចាក់សាក់ម្នាក់នេះទៅធ្វើតេស្តជំងឺអេដស៍ម្តងទៀត។ មួយអាទិត្យក្រោយមក បុរសនោះបានត្រឡប់មកវិញដោយទឹកមុខរួសរាយ។ គាត់បាននិយាយថា «ខ្ញុំ គ្មានជំងឺអេដស៍ទៀតទេ ខ្ញុំចង់អរគុណលោកគ្រូ និងអរគុណដល់ព្រះដែលទ្រង់បានព្យាបាលខ្ញុំ»។
ការបន្តធ្វើតេស្តតាមដានបានបញ្ជាក់ថា គាត់មានសុខភាពល្អ។ គាត់បានចាត់ទុកសញ្ញានៃការដែលគ្មានជំងឺ អេដស៍នេះថា ជាបាដិហារ្យមកពីព្រះ។ ប៉ុន្មានខែក្រោយមក ខណៈដែលលោកហឺរណាន់ដូ និងអេរិកាដែលជាភរិយារបស់គាត់បានដើរទិញឥវ៉ាន់នៅក្នុងផ្សារមួយ ស្រាប់តែពួកគេឮអ្នកណាម្នាក់បានស្រែកថា «លោកគ្រូពេទ្យ លោកគ្រូពេទ្យ»។ ជាងសាក់ម្នាក់នោះបានរត់មករកលោកហឺរណាន់ដូ រួចលើកគាត់អោបយ៉ាងណែនផុតពីដី។ គាត់ បានសរសើរដល់ព្រះដែលបានធ្វើការអស្ចារ្យនៅក្នុងជីវិតរបស់គាត់។
ជាងសាក់ម្នាក់នោះគឺជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សជាច្រើននាក់ដែលត្រូវបាននាំទៅឯព្រះយេស៊ូវតាមរយៈ លោកហឺរណាន់ដូអាយុ៦០ឆ្នាំដែលបម្រើការជាគ្រូពេទ្យនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រអាត់វេនទីស្ទនៅក្នុងបរិវេណនៃសាកលវិទ្យល័យអាត់វេនទីស្ទកូឡុំប៊ីក្នុងទីក្រុងមេដេលលីន។
អំណានដង្វាយប្រចាំសប្តាហ៍
នៅពេលដែលពួកផារិស៊ីបដិសេធមិនយកព្រះទុកជាទីមួយ
ការយកព្រះទុកជាទីមួយមិនមែនជារឿងងាយស្រួលឡើយ។ តើយើងអាចរៀនអ្វីខ្លះពីពួកផារិស៊ីដែលបានបដិសេធមិនយកព្រះទុកជាទីមួយ?
ពួកអាចារ្យ និងពួកផារិស៊ីគឺជាក្រុមមនុស្សដែលគេគោរពបំផុតនៅប្រទេសអ៊ីស្រាអែលនៅម្តុំដើមសតវត្សទីមួយ។ ពួកគេបានឧទ្ទិសជីវិតរបស់ពួកគេដើម្បីសិក្សានិងអនុវត្តតាមព្រះគម្ពីរ។ ភាគច្រើនសុទ្ធតែអាចទន្ទេញគម្ពីរក្រឹត្យវិន័យបានចាំយ៉ាងស្ទាត់រត់មាត់ល្អ និងបានព្យាយាមធ្វើតាមបទបញ្ញត្តិទាំងនោះផង។ សមត្ថភាពរបស់ពួកគេក្នុងការអនុវត្តតាមព្រះគម្ពីរជាមួយនឹងភាពជាក់ស្តែងជ្រុលបានធ្វើឲ្យពួកគេមានអំនួតនិងមានឫកធំ។ ព្រះជាម្ចាស់សន្យាថា នឹងប្រទានពរដល់អស់អ្នកដែលរក្សាបញ្ញត្តិរបស់ព្រះអង្គ។
ទោះជាយ៉ាងណា នៅពេលដែលព្រះយេស៊ូវបានចាប់ផ្តើមអធិប្បាយ ទ្រង់បានលើកអំពីក្រឹត្យវិន័យដែលពិបាកនឹងធ្វើតាម រហូតដល់ក្រឹត្យវិន័យដែលមិនអាចធ្វើតាមបានផង។ ព្រះយេស៊ូវបានចង្អុលទៅគោលការនៃក្រឹត្យវិន័យដូចជាសេចក្តីស្រឡាញ់ និងសេចក្តីអាណិត អាសូរជាដើម។ នេះគឺជាការរំខានដ៏ធំចំពោះឋានានុក្រមរបស់ពួកផារិស៊ីដែលឲ្យតម្លៃទៅលើទ្រព្យសម្បត្តិនិងមុខតំណែងជាធំ។ មានពេលមួយនោះព្រះយេស៊ូវទ្រង់បានលើករឿងនេះចំៗ ដោយផ្ទាល់តែម្តង៖ «វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សកំពុតអើយ ដ្បិត អ្នករាល់គ្នាថ្វាយ១ភាគក្នុង១០ ទាំងជីរអង្កាម ជីរលីងលាក់ និងល្ងផង តែបានចោលសេចក្តីសំខាន់ជាង ដែលនៅក្នុងក្រឹត្យវិន័យវិញ ដូចជាសេចក្តីយុត្តិធម៌ សេចក្តីមេត្តាករុណា នឹងសេចក្តីជំនឿ គួរតែឲ្យអ្នករាល់គ្នាបានប្រព្រឹត្តការទាំងនេះ ហើយការឯទៀតនោះ ក៏មិនត្រូវចោលផង ឱពួកមនុស្សកង្វាក់ ដែលនាំផ្លូវគេអើយ អ្នករាល់គ្នាត្រងសុចចេញ តែលេបសត្វអូដ្ឋវិញ» (ម៉ាថាយ ២៣៖២៣, ២៤)។
ពួកផារិស៊ីបានរាប់ស្លឹកជីរអង្កាមឲ្យបានច្បាស់លាស់ដើម្បីថ្វាយដង្វាយ១០ហូត១ត្រឹមត្រូវយកទៅដាក់ក្នុងព្រះវិហារ។ ព្រះយេស៊ូវបានមានបន្ទូលចំៗទៅកាន់មេដឹកនាំសាសនាទាំងនេះដែលធ្វើតាមក្រឹត្យវិន័យយ៉ាងល្អិតល្អន់ ប៉ុន្តែបែរជាមើលមិនឃើញសេចក្តីយុត្តិធម៌ សេចក្តីមេត្តានិងសេចក្តីជំនឿថាជាមូលហេតុដែលព្រះប្រទានក្រឹត្យវិន័យទៅវិញ។ ព្រះយេស៊ូវ មានបន្ទូលច្បាស់ណាស់ថា ត្រូវបន្តច្បាស់លាស់ជាមួយនឹងដង្វាយ១០ហូត១ចុះ ក៏ប៉ុន្តែត្រូវ មានយុត្តិធម៌ សេចក្តីមេត្តា និងសេចក្តីជំនឿផង។
មានរឿងពីរដែលលែងជារឿងភ្ញាក់ផ្អើលទៀតហើយ។ ទីមួយគឺជាការពិតដែលថា ពួកផារិស៊ីគឺជាកម្លាំងចំបងនៅពីក្រោយការធ្វើគុតព្រះយេស៊ូវ។ ពួកគេមិនអាចទ្រាំនឹងគ្រូដែលបានច្រានចោលឋានានុក្រមដែលពួកគេបានបង្កើតឡើងសម្រាប់ខ្លួនគេនោះឡើយ។ ទីពីរ តើមានមនុស្សដែលគេផាត់ឲ្យនៅក្រៅសង្គមប៉ុន្មាននាក់ដែលបានដើរតាមព្រះយេស៊ូវ។ ព្រះយេស៊ូវបានរំឮកមនុស្សគ្រប់គ្នាថា គ្មាននរណាម្នាក់សុចរិតឡើយ។ ប៉ុន្តែព្រះជាម្ចាស់ព្រមទទួលយកពួកគេ និងកែប្រែពួកគេឲ្យធ្វើតាមព្រះអង្គវិញ។
សព្វថ្ងៃនេះយើងងាយនឹងឃើញមនុស្សពីរក្រុមនេះនៅក្នុងពួកជំនុំខ្លាំងណាស់។ ខ្លះស្មោះត្រង់ជ្រុលចំពោះព្រះក្នុងគ្រប់រឿងទាំងអស់។ អ្នកខ្លះទៀតកំពុងមានការលំបាកនឹងរក្សាបញ្ញត្តិទាំងនោះ។ ព្រះទ្រង់រំឭកយើងថាគ្មាននរណាម្នាក់សុចរិតឡើយ។ យើងរាល់គ្នាត្រូវបានស្វាគមន៍ឲ្យចូលទៅក្នុងនគរព្រះតាមរយៈព្រះយេស៊ូវ និងព្រះវិញ្ញាណរបស់ទ្រង់ដែលកំពុងបំផ្លាស់បំប្រែយើងរាល់គ្នាឲ្យដូចជាព្រះយេស៊ូវនោះឯង។ គំរូអាក្រក់របស់ពួកផារិស៊ីដាស់តឿនយើងរាល់គ្នានៅថ្ងៃនេះ ហើយសេចក្តីស្រឡាញ់របស់ព្រះក៏ជម្រុញយើងឲ្យយកនគររបស់ព្រះទុកជាទីមួយដែរ។ ខណៈដែលអ្នកជំនួយការកំពុងប្រមូលប្រាក់ដង្វាយ សូមយកព្រះទុកជាទីមួយចុះ។