មេរៀនទី៩​៖ ២០-២៦ វិច្ឆិកា ២០២១

ចូរត្រឡប់មកឯព្រះអម្ចាស់វិញ

Jeans
ថ្ងៃសៅរ៍ ទី២០ ខែតុលា ឆ្នាំ២០២១
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ ចោទិយកថា ៥៖២២-២៩; ចោទិយកថា ៣០៖១-១០; ម៉ាថាយ ៣៖១-៨; កិច្ចការ ២៖៣៨។

ខចងចាំ៖ «ប៉ុន្តែ​នៅ​ទី​នោះ​ឯង​នឹង​ស្វែង​រក​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ហើយ​នឹង​ឃើញ​ទ្រង់ ក្នុង​កាលដែល​រក​ទ្រង់​អស់​ពី​ចិត្ត ហើយ​អស់​ពី​ព្រលឹង​ឯង​ផង» (ចោទិយកថា ៤៖២៩)។

យើងទាំងអស់គ្នាសុទ្ធតែបានធ្វើបាប។ ពេលខ្លះ «អ្នកប្រាជ្ញខាងឯព្រះគម្ពីរ» ប្រហែលជាបានបកស្រាយអំពីការបង្រៀនគ្រីស្ទានដោយថា យើងទាំងអស់គ្នាជាបាបជន។ ប៉ុន្តែ អ្វីដែលយើងត្រូវធ្វើនោះ គឺជាការតាមដានព័ត៌មានប្រចាំថ្ងៃ ឬការក្រឡេកមើលប្រវត្តិសាសន៍នៃមនុស្សលោកក៏បាន។ ពេលនោះយើងនឹងឃើញថា ការបង្រៀននេះគឺពិតជាត្រឹមត្រូវ។ ឬមួយលោកអ្នកអាចមើលទៅក្នុងកញ្ចក់។ ប្រសិន បើលោកអ្នកមានភាពក្លាហានក្នុងការមើលអោយបានជ្រៅទៅក្នុងចិត្តរបស់លោកអ្នក នោះលោកអ្នកនឹងដឹងថា ខគម្ពីររ៉ូម ៣៖៩-២៣ បានបង្ហាញយើងនូវសេចក្តីពិតអំពីខ្លួនយើងក្នុងភាពជាមនុស្សលោកយ៉ាងដូច្នេះថា៖ «ពី​ព្រោះ​គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរីល្អនៃ​ព្រះ» (រ៉ូម ៣៖២៣)។

ជាការពិតណាស់ យើងអានអំពីដំណឹងល្អនៅក្នុងខបន្ទាប់យ៉ាងដូច្នេះថា៖ «តែ​ដោយ​ពឹង​ដល់​ព្រះគុណ​ទ្រង់ នោះ​បាន​រាប់​ជា​សុចរិត​ទទេ ដោយសារ​សេចក្តី​ប្រោស​លោះ ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ» (រ៉ូម ៣៖២៤)។ ផ្នែកដ៏សំខាន់មួយនៃដំណឹងល្អគឺជាការដែលយើងសោកស្តាយចំពោះអំពើបាបរបស់យើង។ យើងក៏ត្រូវតែសារភាពអំពើបាបរបស់យើងចំពោះព្រះ ហើយទូលប្រាប់ទ្រង់ថា យើងមានការសោកស្តាយជាខ្លាំង។ យើងក៏ត្រូវការសេចក្តីអត់ឱនទោសរបស់ទ្រង់ផងដែរ។ បន្ទាប់មក យើងត្រូវតែងាកចេញពីអំពីបាបរបស់យើង។ ដោយសារតែយើងជាបាបជន ដូច្នេះហើយ ការងាកចេញពីអំពើបាបរបស់យើងគឺជាផ្នែកដ៏សំខាន់មួយនៃជីវិតគ្រីស្ទានរបស់យើង។ សប្តាហ៍នេះ យើងនឹងក្រឡេកមើលនូវអ្វីដែលកណ្ឌគម្ពីរចោទិយកថាបានចែងអំពីការងាកចេញពីអំពើបាប។

ថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០២១

«មី-យីតធេន (Mi-Yitten)»

ភាសាហេព្រើរនៅក្នុងព្រះគម្ពីរតែងតែប្រើពាក្យពេចន៍ពិសេសៗ។ ពាក្យទាំងនេះហៅថា សំនួន ប្រៀបធៀប។ យើងពុំអាចយល់សំនួនប្រៀបធៀបណាមួយដោយដឹងពីអត្ថន័យដាច់ដោយឡែកនៃពាក្យរបស់វាបាននោះទេ។ នោះគឺដោយសារតែពួកសំនួនប្រៀបធៀបទាំងនេះមានអត្ថន័យខុសគ្នាពីពាក្យដាច់ដោយឡែកៗរបស់ពួកវា។ «មី-យីតធេន» គឺជាសំនួនប្រៀបធៀបមួយនៅក្នុងគម្ពីរសញ្ញាចាស់។ ពាក្យថា «មី» គឺជាសំណួរមួយ។ សំនួននេះមានន័យថា «តើអ្នកណា?»។ រីឯសំនួន «យីតធេន» មានន័យថា «នឹង អោយ»។ ដូច្នេះ សំនួន «មី-យីតធេន» មានន័យចំថា «តើអ្នកណានឹងអោយ?» ។ ប៉ុន្តែ «មី-យីតធេន» ក៏ជាសំនួនប្រៀបធៀបផងដែរ។ ម្ល៉ោះហើយ សំនួនប្រៀបធៀបនេះក៏មានអត្ថន័យផ្សេងទៀតដែលខុស ពីពាក្យដាច់ដោយឡែករបស់វាផងដែរ។ ក្នុងគម្ពីរសញ្ញាចាស់ សំនួនប្រៀបធៀប «មី-យីតធេន» បង្ហាញ អំពីបំណងប្រាថ្នារបស់អ្នកណាម្នាក់ដែលចង់បានអ្វីមួយជាទីបំផុត។

ចូរយើងក្រឡេកមើលឧទាហរណ៍មួយចំនួននៃសំនួននេះនៅក្នុងព្រះគម្ពីរ។ បន្ទាប់ពីសាសន៍អ៊ីស្រាអែលបានភៀសខ្លួនចេញពីសាសន៍អេស៊ីព្ទមិនបានយូរប៉ុន្មានផង ពួកគេមានអារម្មណ៍បាក់ទឹកចិត្ត ជាខ្លាំងនៅឯទីរហោស្ថាន។ ម្ល៉ោះហើយ ពួកគេបានរអូ៊រទាំដាក់លោកម៉ូសេ និងលោកអើរ៉ុនថា «ស៊ូ​ឲ្យ​យើង​បាន​ស្លាប់​ដោយ​ព្រះហស្ត​នៃ​ព្រះយេហូវ៉ា​នៅ​ស្រុក​អេស៊ីព្ទ [វិញ]» (និក្ខមនំ ១៦៖៣)។ តើលោកអ្នកឃើញ ពាក្យដែលបានសរសេរថា «ស៊ូឲ្យ» នៅក្នុងខនេះដែរឬទេ? ពាក្យនេះចេញមកពីសំនួន​ប្រៀបធៀប «មី- យីតធេន»។

ក្នុងខគម្ពីរទំនុកដំកើង ១៤៖៧ ស្តេចដាវីឌបានមានបន្ទូលថា «សូម​ឲ្យ​អ៊ីស្រា‌អែល​បាន​ទទួលការសង្គ្រោះ​ពី​ក្រុង​ស៊ីយ៉ូន [ផង]» (គខប)។ ភាសាហេព្រើរនៅត្រង់នេះមិនបាននិយាយថា «តើខ្ញុំអធិស្ឋាន យ៉ាងណា (How I pray)» នោះទេ (បកប្រែថ្មី)។ ភាសាហេព្រើរនិយាយថា «មី-យីតធេន»។

ក្នុងខគម្ពីរយ៉ូប​ ៦៖៨ លោកយ៉ូបបានស្រែកឡើងថា «សូម​ឲ្យ​សំណូម​ពរ​របស់​ខ្ញុំ​បាន​សម្រេច [ចុះ]» (គខប)។ ជាថ្មីម្តងទៀត ពាក្យដែលសរសេរថា «សូម​ឲ្យ» ចេញមកពីសំនួនប្រៀបធៀប «មី-យីតធេន» ជាភាសាហេព្រើរ។

សូមអានខគម្ពីរចោទិយកថា ៥៖២២-២៩។ សូមក្រឡេកមើលយ៉ាងយកចិត្តទុកដាក់នៅក្នុង ខ២៩។ ក្នុងខនេះ ពាក្យដែលសរសេរថា «ឱបើសិនជា» ចេញមកពីសំនួនប្រៀបធៀប «មី-យីតធេន» ជាភាសាហេព្រើរ។ ព្រះអម្ចាស់គឺជាអ្នកមានបន្ទូលនៅក្នុងខនេះ។ តើមានសេចក្ដីពិតនៃគម្ពីរសំខាន់ៗអ្វីខ្លះ ដែលពាក្យទាំងនេះបង្ហាញយើងអំពីព្រះអម្ចាស់?

--------------------------------------------------------

ព្រះអម្ចាស់បានបង្កើតពេលវេលា លំហអាកាស និងរបស់សព្វសារពើយ៉ាងល្អប្រណីត។ ព្រះ អម្ចាស់បានផ្លុំខ្យល់ជីវិតចូលទៅក្នុងលោកអ័ដាម។​ ឥឡូវនេះ ព្រះដ៏មានគ្រប់ព្រះចេស្តាដដែលនេះបានមានបន្ទូលនូវពាក្យពេចន៍ដែលមនុស្សលោកទន់ខ្សោយបាននិយាយ។ ពាក្យទាំងនេះបង្ហាញយើងថា មនុស្សមានដែនកំណត់។ ដូច្នេះ តើពាក្យដដែលទាំងនេះបង្ហាញយើងយ៉ាងដូចម្តេចអំពីព្រះ? ពាក្យទាំង នេះបង្ហាញយើងអំពីអ្វីមួយដ៏សំខាន់បំផុតទាក់ទងទៅនឹងអំណោយនៃសេរីភាពក្នុងការជ្រើសរើសដែលព្រះបានប្រទានដល់យើង។ ព្រះអម្ចាស់ផ្ទាល់ក៏បានកំណត់នូវអ្វីដែលទ្រង់អាចធ្វើបាននៅក្នុងមហាវិវាទរវាងសេចក្តីល្អ និងសេចក្តីអាក្រក់ផងដែរ។ «មី-យីតធេន» នៅក្នុងខគម្ពីរចោទិយកថា ៥៖២៩ បានបង្ហាញយើងថា សូម្បីតែព្រះក៏មិនអាចជំទាស់ទៅនឹងសេរីភាពនៃការជ្រើសរើសរបស់យើងបានដែរ។ ប្រសិនបើ ទ្រង់ធ្វើដូច្នោះមែន នោះសេរីភាពក្នុងការជ្រើសរើសរបស់យើងនឹងលែងមានសេរីភាពទៀតហើយ។

ថ្ងៃច័ន្ទ ទី២២ ខែតុលា ឆ្នាំ២០២១

ចូរស្វែងរកខ្ញុំ

យើងអាចមើលឃើញភ័ស្តុតាងបញ្ជាក់ថា ព្រះទ្រង់ជ្រាបអំពីអ្វីនឹងត្រូវកើតឡើងតាមរយៈព្រះគម្ពីរទាំងមូល។ ព្រះទ្រង់ជ្រាបថា អ្នកណាដែលនឹងត្រូវគ្រប់គ្រងផែនដីនេះរហូតដល់គ្រាចុងក្រោយ (សូមអានបទគម្ពីរដានីយ៉ែល ៧)។ ហើយព្រះទ្រង់ក៏ជ្រាបអំពីអ្វីដែលមនុស្សនឹងធ្វើជាច្រើនម៉ោងបន្តបន្ទាប់ទៀតផងដែរ ដូចដែលយើងបានឃើញនៅក្នុងរឿងលោកពេត្រុសយ៉ាងដូច្នេះថា៖ «ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​ ទៅ​គាត់​ថា ‘ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា នៅ​វេលា​យប់​នេះ មុន​ដែល​មាន់​រងាវ នោះ​អ្នក​នឹង​ប្រកែក​៣​ដង​ថា មិន​ស្គាល់​ខ្ញុំ’» (ម៉ាថាយ ២៦៖៣៤)។ ដូច្នេះ ព្រះអម្ចាស់ទ្រង់ជ្រាបថា ពួកកូចចៅអ៊ីស្រាអែលនឹងធ្វើអ្វី នៅ ពេលដែលទ្រង់ដឹកនាំពួកគេចូលទៅក្នុងទឹកដីសន្យា។

សូមអានខគម្ពីរចោទិយកថា ៤៖២៥-២៨។ តើព្រះអម្ចាស់មានបន្ទូលថា រាស្ត្ររបស់ទ្រង់នឹងធ្វើអ្វីខ្លះបន្ទាប់ពីពួកគេបានចូលទៅរស់នៅក្នុងទឹកដីសន្យាអស់មួយរយៈនោះ?

--------------------------------------------------------

ក្នុងខគម្ពីរចោទិយកថា ៤៖១៥-២0 ព្រះអម្ចាស់បានដាស់តឿនរាស្ត្ររបស់ទ្រង់កុំអោយធ្វើរូបសំណាកព្រះ ឬថ្វាយបង្គំរូបសំណាកទាំងនោះឡើយ។ ប៉ុន្តែ ខបន្តបន្ទាប់បានបង្ហាញប្រាប់ថា ពួកបណ្តាជន នៅតែធ្វើរឿងទាំងនោះ។

ឥឡូវនេះ សូមក្រឡេកមើលខគម្ពីរចោទិយកថា ៤៖២៥។ តើលោកអ្នកឃើញដែរឬទេថា លោកមូ៉សេបានមានប្រសាសន៍ថា ពួកបណ្តាជនមិនទាន់ថ្វាយបង្គំព្រះក្លែងក្លាយភ្លាមៗនោះទេ? នោះគឺដោយសារតែពួកគេមានបទពិសោធន៍ដ៏អាក្រក់មួយជាមួយនឹងការថ្វាយបង្គំខាងឯព្រះបាលពេ-អរ។ ដូច្នេះ ពួកគេមិនទាន់ចាប់ផ្តើមថ្វាយបង្គំព្រះក្លែងក្លាយភ្លាមៗនោះទេ។ ប៉ុន្តែ យូរៗទៅ កូនចៅរបស់ពួកគេនឹង «ភ្លេច» (ចោទិយកថា ៤៖៩) នូវអ្វីគ្រប់យ៉ាង និងការដាស់តឿនដែលព្រះអម្ចាស់បានធ្វើសម្រាប់ពួកគេ។ បន្ទាប់មក ជនជាតិអ៊ីស្រាអែលនឹងធ្វើអ្វីដែលព្រះបានដាស់តឿនពួកគេមិនអោយធ្វើ។

សូមអានខគម្ពីរចោទិយកថា ៤៖២៩-៣១។ តើព្រះអម្ចាស់បានសន្យាថា ទ្រង់នឹងធ្វើអ្វីសម្រាប់រាស្ត្ររបស់ទ្រង់នៅក្នុងខទាំងនេះ?

--------------------------------------------------------

ព្រះគុណរបស់ព្រះអស្ចារ្យជាទីបំផុត។ ទោះបីជាពួកគេធ្វើបាប ហើយត្រូវនិរទេសចេញពីទឹកដីរបស់ពួកគេក៏ដោយ ព្រះអម្ចាស់នៅតែបង្ហាញសេចក្តីមេត្តាដល់ពួកគេ។ ប៉ុន្តែ ពួកគេត្រូវត្រឡប់មកឯព្រះជាមុនសិន។ ពេលនោះ ទ្រង់នឹងអត់ឱនទោសអោយពួកគេ ហើយដឹកនាំពួកគេត្រឡប់ទៅឯស្រុករបស់ពួកគេវិញ។

តើលោកអ្នកឃើញពាក្យនៅក្នុងខគម្ពីរចោទិយកថា ៤៖៣០ សរសេរថា «ត្រឡប់មក» ដែរឬទេ? ពាក្យទាំងនេះបង្ហាញយើងថា ពួកបណ្តាជននឹងត្រឡប់មកឯព្រះអម្ចាស់វិញ នៅពេលដែលពួកគេសោកស្តាយចំពោះអំពើបាបរបស់ពួកគេ។ ពាក្យហេព្រើរសម្រាប់អារម្មណ៍សោកស្តាយចំពោះអំពើបាបរបស់យើងគឺ «ធេស៊ូវ៉ា (teshuvah)»។ ពាក្យហេព្រើរ «ធេស៊ូវ៉ា» ដដែលនេះក៏ប្រែថា «ត្រឡប់មក» ផងដែរ។ តើព័ត៌មាននេះបង្ហាញអំពីអត្ថន័យពិតនៃការងាកចេញពីអំពើបាបយ៉ាងដូចម្តេច? ការងាកចេញពីអំពើបាបមានន័យជាងការដែលលោកអ្នកសោកស្តាយចំពោះអំពើបាបរបស់លោកអ្នកទៅទៀត។ ចំណុចនេះមានន័យថា យើងត្រឡប់មកឯព្រះវិញ បន្ទាប់ពីអំពើបាបរបស់យើងបានបំបែកយើងចេញពីទ្រង់។

ថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០២១

ការត្រឡប់មកឯព្រះ

យើងឃើ៊ញនូវគោលគំនិតសំខាន់មួយតាមរយៈកណ្ឌគម្ពីរចោទិយកថាទាំងមូលដែលចែងយ៉ាង ដូច្នេះថា៖ ចូរគោរពតាមព្រះអម្ចាស់ ហើយទទួលពរចុះ។ បើមិនគោរពតាមទ្រង់ទេ ជម្រើសដ៏អាក្រក់របស់លោកអ្នកនឹងបណ្តាលអោយមានការឈឺចាប់។ យើងអាចមើលឃើញគោលគំនិតដដែលនេះនៅក្នុងគម្ពីរសញ្ញាថ្មី។ លោកប៉ុលបានសរសេរថា៖ «កុំ​ឲ្យ​ច្រឡំ​ឡើយ និង​បញ្ឆោត​ព្រះ​មិន​បាន​ទេ ដ្បិត​ពូជ​ណា​ដែល​មនុស្ស​ព្រោះ​ចុះ នោះ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង​វិញ អ្នក​ណា​ដែល​ព្រោះ​ខាង​ឯ​សាច់​ឈាម​របស់​ខ្លួន នឹង​ច្រូត​បាន​សេចក្តី​ពុករលួយ​ពី​សាច់​ឈាម​នោះ​ឯង តែ​អ្នក​ណា​ដែល​ព្រោះ​ខាង​ឯ​ព្រះវិញ្ញាណ នោះ​នឹង​ច្រូត​បាន​ជីវិត​អស់​កល្ប​ជានិច្ចពី​ព្រះវិញ្ញាណ​វិញ» (កាឡាទី ៦៖៧, ៨)។

បន្ទាប់ពីការធ្លាក់ចុះក្នុងអំពើបាបមក ការធ្វើបាបក្លាយទៅជាធម្មជាតិ និងងាយស្រួលធ្វើដូចជាការដកដង្ហើមដូច្នោះដែរ។ ម្ល៉ោះហើយ ព្រះបានដាស់តឿនរាស្ត្ររបស់ទ្រង់អំពីការដែលមិនគោរពតាមទ្រង់។ ប៉ុន្តែ មនុស្សជាច្រើនបានចាប់ផ្តើមធ្វើបាបដែលព្រះបានដាស់តឿនកុំអោយពួកគេធ្វើ។ ព្រះសព្វព្រះទ័យទទួលយកការត្រឡប់មកវិញនៃរាស្ត្ររបស់ទ្រង់ កាលណាពួកគេសូមការអត់ឱនទោសរបស់ទ្រង់ ហើយងាកចេញពីអំពើបាបរបស់ពួកគេ។

សូមអានខគម្ពីរចោទិយកថា ៣០៖១-១០ ម្តងទៀត។ តើព្រះអម្ចាស់មានបន្ទូលថា ទ្រង់នឹងធ្វើអ្វីខ្លះសម្រាប់រាស្ត្ររបស់ទ្រង់ ទោះបីជាគេបានធ្វើខុសជាច្រើនហើយក៏ដោយ? ប៉ុន្តែ តើពួកគេត្រូវតែធ្វើអ្វីជាមុនសិន?

--------------------------------------------------------

ព្រះបានមានបន្ទូលប្រាប់រាស្ត្ររបស់ទ្រង់ថា៖ បើសិនជាអ្នកផ្តេកផ្តួលក្នុងអំពើបាប រឿងអាក្រក់ៗនឹងកើតឡើងចំពោះលោកអ្នក និងគ្រួសាររបស់លោកអ្នក។ នេះគឺជារបៀបដែលអំពើបាបដំណើរការ។ ប៉ុន្តែ ទោះដូច្នេះក្តីលោកអ្នកនៅតែអាចងាកចេញពីអំពើបាបរបស់លោកអ្នកបាន។ ពេលនោះ ព្រះអម្ចាស់នឹងទទួលយកលោកអ្នក ហើយប្រទានពរដល់លោកអ្នក។

ក្នុងបទគម្ពីរចោទិយកថា ៣០ យើងអាចមើលឃើញនូវគោលគំនិតដែលស្តីអំពីការត្រឡប់មកឯព្រះវិញនេះតាមរយៈខមួយចំនួននៅក្នុងជំពូកនេះដែលបានចែងយ៉ាងដូច្នេះថា៖ «ហើយ​ឯង​វិល​ត្រឡប់​មក​ឯ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ» (ចោទិយកថា ៣០៖២)។ ក្នុងខ៨ យើងអាចមើលឃើញនូវគោលគំនិតដដែលនេះយ៉ាងដូច្នេះថា៖ «ឯង​នឹង​វិល​មក​ឯ​ព្រះយេហូវ៉ា​វិញ ព្រម​ទាំង​ស្តាប់​តាម​ព្រះបន្ទូល​ទ្រង់ ហើយ​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​បញ្ញត្តិទ្រង់ដែល​អញ​បង្គាប់​មក​នៅ​ថ្ងៃ​នេះ» (ចោទិយកថា ៣០៖៨)។ ចុងក្រោយ យើងអាចមើលឃើញនូវគោលគំនិតដដែលនេះនៅក្នុងខ១០ដែលបានចែងយ៉ាងដូច្នេះទៀតថា៖ «ឯង​ [ត្រូវតែ] បែរ​មក​ឯ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ឯង» (ចោទិយកថា ៣០៖១០)។ ពាក្យដែលសរសេរថា «បែរមក, វិលមក» នឹង «ត្រឡប់មក» មានន័យតែមួយ។

ដូច្នេះ តើខទាំងនេះបង្ហាញយើងយ៉ាងដូចម្តេចអំពីព្រះ? ខទាំងនេះបង្ហាញយើងអំពីព្រះគុណរបស់ព្រះ។ ពួកបណ្តាជនបានបំពានសេចក្តីសញ្ញារបស់ពួកគេជាមួយនឹងព្រះ។​ ពួកគេបានធ្វើបាបតាម របៀបផ្សេងៗយ៉ាងអាក្រក់បំផុត។ ពួកគេមានបទពិសោធន៍អាក្រក់ៗជាច្រើនដោយសារតែអំពើបាបរបស់ ពួកគេ។ ប៉ុន្តែ ព្រះពុំបានបោះបង់ពួកគេចោលឡើយ។ ពួកគេនៅតែអាចជ្រើសរើសត្រឡប់មកឯទ្រង់តាម រយៈការងាកចេញពីអំពើបាបរបស់ពួកគេ។ តើខគម្ពីរដែលយើងបានសិក្សាសព្វថ្ងៃនេះបង្ហាញយើងថា ការងាកចេញពីអំពើបាបពិតជាសំខាន់ណាស់ចំពោះយើងដោយរបៀបណា?

ថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០២១

អោយអស់ពីចិត្តរបស់លោកអ្នក

ខគម្ពីរចោទិយកថា ៣០៖១-១០ បង្ហាញអំពីព្រះគុណរបស់ព្រះចំពោះរាស្ត្ររបស់ទ្រង់ ទោះបីជាពួកគេងាកចេញពីទ្រង់ និងព្រះពររបស់ទ្រង់ទាំងស្រុងហើយក៏ដោយ។ ព្រះបានប្រទាននូវព្រះពរដល់សាសន៍អ៊ីស្រាអែលដែលគ្មានសាសន៍ឯណាទៀតទទួលបានយ៉ាងដូច្នេះថា៖ «ដ្បិត​តើ​មាន​សាសន៍​ដ៏​ធំ​ណា​មួយដែល​មាន​ព្រះ​គង់​នៅ​ជិត​គេ ដូច​ជា​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​យើង ទ្រង់​គង់​នៅ​ជិត ក្នុង​កាល​ដែលយើង​អំពាវនាវ​រក​ទ្រង់​នោះ» (ចោទិយកថា ៤៖៧)។ ជាការពិតណាស់ ព្រះបានធ្វើកិច្ចការជាច្រើនសម្រាប់រាស្ត្ររបស់ទ្រង់។ ម្ល៉ោះហើយ ពួកគេគ្មានខអាងសម្រាប់អំពើបាបរបស់ពួកគេនោះទេ។ ប៉ុន្តែ ពួកគេបានធ្វើបាប។ ទោះជាយ៉ាងនេះក្តី តើព្រះសព្វព្រះទ័យនឹងធ្វើអ្វីសម្រាប់ពួកគេ?

សូមអានខគម្ពីរចោទិយកថា ៣០៖១-១០។​តើពួកបណ្តាជនត្រូវធ្វើអ្វីខ្លះ ដើម្បីត្រឡប់មកឯព្រះវិញ? តើចម្លើយនេះអាចបង្រៀនយើងអ្វីដែរនៅសព្វថ្ងៃនេះ អំពីអ្វីដែលយើងត្រូវធ្វើ ដើម្បីត្រឡប់មកឯព្រះវិញនោះ?

--------------------------------------------------------

ព្រះបានសន្យានូវអ្វីដែលទ្រង់នឹងធ្វើចំពោះរាស្ត្ររបស់ទ្រង់ បើសិនជាពួកគេត្រឡប់មកឯទ្រង់វិញ។ ទ្រង់នឹងធ្វើបាដិហារ្យនៅក្នុងចិត្តរបស់ពួកគេ។ ពួកគេនឹងគោរពតាមទ្រង់ នៅពេលដែលចិត្តរបស់ពួកគេសុចរិតជាមួយនឹងព្រះ។ ប៉ុន្តែ ពួកគេត្រូវតែចង់ត្រឡប់មកវិញជាមុនសិន។ បន្ទាប់មក ព្រះនឹងដឹកនាំសាសន៍អ៊ីស្រាអែលត្រឡប់មកឯទ្រង់ និងទឹកដីរបស់ពួកគេវិញ។ ព្រះក៏នឹងប្រទានពរដល់សាសន៍អ៊ីស្រាអែលនៅក្នុងទឹកដីនោះផងដែរ។ តើដោយរបៀបណា? គឺថា ព្រះទ្រង់នឹងផ្លាស់ប្តូរចិត្តរបស់ពួក គេបន្ថែមទៀត។ ចិត្តគេ និងកូនចៅរបស់គេនឹងបានពេញដោយក្តីស្រឡាញ់ចំពោះព្រះ។ «ដើម្បី​ឲ្យ​អ្នក ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យ៉ាង​អស់​ពី​ចិត្ត អស់​ពី​គំនិត ធ្វើ​ដូច្នេះ ទើប​អ្នក​រស់​រាន​មាន​ជីវិត» (ចោទិយកថា ៣០៖៦, គខប)។

លោកប៉ុលបានប្រាប់យើងថា ព្រះ «នឹង​ប្រោស​ប្រទាន​ការ​ប្រែ​ចិត្ត ដល់​សាសន៍​អ៊ីស្រាអែល ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប» (កិច្ចការ ៥៖៣១)។ មែនហើយ ព្រះនឹងធ្វើអោយការងាកចេញពីអំពើបាបអាចសម្រេចទៅបានសម្រាប់រាស្ត្ររបស់ទ្រង់។ ប៉ុន្តែ នៅចុងក្រោយបង្អស់ពួកគេត្រូវជ្រើសរើសត្រឡប់ មកឯទ្រង់វិញ។ សូមអានសម្រង់មតិខាងក្រោមរបស់អ្នកស្រីអែល្លីន ជីវ៉ៃត៍ ដើម្បីអោយបានយល់អំពីគោលគំនិតនេះបន្ថែមទៀត។ នៅក្នុងសម្រង់មតិនេះ អ្នកស្រីបានមានប្រសាសន៍អំពីរាស្ត្ររបស់ព្រះនៅក្នុងអំឡុងពេលខុសគ្នាមួយនៃប្រវត្តិសាស្ត្ររបស់ពួកគេ។ ប៉ុន្តែ សម្រង់មតិនេះជួយអោយយល់កាន់តែប្រសើរអំពីសេចក្តីពិតនៃព្រះគម្ពីរនៅក្នុងខគម្ពីរចោទិយកថា ៣០៖១-១០ ទាក់ទងនឹងការងាកចេញពីអំពើបាបយ៉ាងដូច្នេះថា៖ «មនុស្សមានការសោកសៅ ដោយសារតែអំពើបាបរបស់ពួកគេបណ្តាលអោយពួកគេរងទុក្ខ។ ប៉ុន្តែ ពួកគេមិនមានការសោកសៅដែលអំពើបាបរបស់ពួកគេបានបំពានច្បាប់របស់ព្រះនោះទេ។ ការសោកស្តាយចំពោះអំពើបាបរបស់យើងលើសពីអារម្មណ៍ដែលយើងមានទៅទៀត។ កាលណាយើងពិតជាសោកស្តាយចំពោះអំពើបាបរបស់យើងមែន នោះយើងនឹងងាកចេញពីសេចក្តីអាក្រក់ជាមិនខាន»។ ដកស្រង់ពី Ellen G. White, Patriarches and Prophets, page 557, adapted។ លោកអ្នកមានអារម្មណ៍សោកស្តាយចំពោះអំពើបាបដែលបណ្តាលអោយលោកអ្នករងទុក្ខ។ ឬមួយលោកអ្នកអាចមានអារម្មណ៍សោកស្តាយពីព្រោះលោកអ្នកបានធ្វើបាប។ តើចំណុចទាំងពីរយ៉ាងនេះខុសគ្នាយ៉ាងដូចម្តេច? តើហេតុអ្វីបានជាការយល់ដឹងត្រង់នេះមានសារៈសំខាន់ម្ល៉េះ?

ថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០២១

ការងាកចេញពីអំពើបាប និងការផ្លាស់ប្តូរជីវិត

គម្ពីរសញ្ញាថ្មីទាំងមូលបង្ហាញយើងនូវគោលគំនិតនៃការងាកចេញពីអំពើបាប។ យើងបានឃើញ លោកយ៉ូហាន-បាទីស្ទចាប់ផ្តើមកិច្ចការរបស់គាត់សម្រាប់ព្រះតាមរយៈការសូមអោយពួកបណ្តាជនងាកចេញពីអំពើបាបរបស់ពួកគេ។

សូមអានខគម្ពីរម៉ាថាយ ៣៖១-៨។ តើខទាំងនេះបង្ហាញយើងយ៉ាងដូចម្តេច អំពីការងាកចេញពីអំពើបាប? តើលោកយ៉ូហានបានប្រាប់ពួកបណ្តាជនអោយធ្វើអ្វីខ្លះ ដែលបង្ហាញយើងអំពីសារដែលយើងបានរៀនកន្លងមកក្នុងកណ្ឌគម្ពីរចោទិយកថា? តើសាររបស់លោកយ៉ូហានមានអត្ថន័យពិសេសអ្វីទៅចំពោះពួកសង្ឃសាសន៍យូដា?

--------------------------------------------------------

ព្រះយេស៊ូវក៏បានចាប់ផ្តើមព័ន្ធកិច្ចរបស់ទ្រង់សម្រាប់ព្រះតាមរយៈការត្រាស់ហៅអោយមនុស្សងាកចេញពីអំពើបាបរបស់ពួកគេ។

សូមអានខគម្ពីរម៉ាកុស ១៖១៥។ តើព្រះយេស៊ូវបានមានបន្ទូលអំពីអ្វីនៅក្នុងខទាំងនេះ? តើហេតុអ្វីបានជាទ្រង់ភ្ជាប់ការងាកចេញពីអំពើបាបជាមួយនឹងដំណឹងល្អយ៉ាងដូច្នេះ?

--------------------------------------------------------

លោកយ៉ូហានបានមានប្រសាសន៍ទៅកាន់ពួកសង្ឃ។ រីឯព្រះយេស៊ូវទ្រង់បានមានបន្ទូលទៅកាន់សាសន៍យូដាវិញ។ ព្រះយេស៊ូវ និងលោកយ៉ូហានបានមានប្រសាសន៍ទៅកាន់ក្រុមមនុស្សខុសគ្នា។ ប៉ុន្តែ អ្នកទាំងពីរមានសារតែមួយប៉ុណ្ណោះ គឺថា៖ យើងជាបាបជន។ មែនហើយ ព្រះយេស៊ូវបានយាងមក សង្គ្រោះបាបជន។ ប៉ុន្តែ យើងត្រូវតែងាកចេញពីអំពើបាបរបស់យើង ហើយផ្លាស់ប្តូរជីវិតចាស់របស់យើងចោលចេញ។ លោកអ្នកប្រហែលជាបានងាកចេញពីព្រះជាយូរណាស់មកហើយ។ ឬមួយលោកអ្នកអាចជាគ្រីស្ទានដ៏ស្មោះត្រង់ម្នាក់ដែលបានធ្វើខុស ហើយងាកចេញពីព្រះមួយរយៈពេលខ្លី។ មិនថាយើងជាគ្រីស្ទានបែបណានោះទេ យើងត្រូវតែទទួលស្គាល់ថា យើងគឺជាបាបជន។ យើងត្រូវមានអារម្មណ៍សោកស្តាយចំពោះអំពើបាបរបស់យើងមិនមែនត្រឹមតែរឿងអាក្រក់ៗដែលវាបណ្តាលអោយមាននោះទេ។ យើង ត្រូវតែជ្រើសរើសឈប់ប្រព្រឹត្តអំពើបាប។ ព្រះយេស៊ូវនឹងប្រទានកម្លាំងរបស់ទ្រង់អោយយើងអាចនិយាយពាក្យថាទេទៅកាន់វាបាន។ យើងត្រូវតែជឿទុកចិត្តទៅលើព្រះគុណរបស់ព្រះយេស៊ូវទាំងស្រុង។ ទ្រង់នឹងជួយអោយយើង «ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ» (ចោទិយកថា ១៥៖៥, គខប)។

អ្នកប្រាជ្ញខាងឯព្រះគម្ពីរខ្លះជឿថា គម្ពីរសញ្ញាថ្មីបង្ហាញយើងនូវគោលគំនិតតែមួយស្តីអំពីការងាកចេញពីអំពើបាបដែលយើងបានឃើញនៅក្នុងកណ្ឌគម្ពីរចោទិយកថា។ នៅពេលដែលលោកពេត្រុស ចោទពួកយូដាពីការព្យួរព្រះយេស៊ូវនៅលើឈើឆ្កាង ពួកគេជាច្រើននាក់មាន «សេចក្តី​ចាក់​ចុច​ក្នុង​ចិត្ត ក៏​សួរ​ពេត្រុស និង​ពួក​សាវ័ក​ឯ​ទៀត​ថា ‘បង​ប្អូន​អើយ តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច?’» (កិច្ចការ ២៖៣៧)។ ដូច្នេះ ពួកបណ្តាជនបានសោកស្តាយចំពោះអំពើបាបរបស់ពួកគេទាស់នឹងព្រះ។ ពួកគេចង់ដឹងពីអ្វីដែលពួកគេ គួរធ្វើនៅពេលនោះ ដើម្បីអោយគ្រប់យ៉ាងបានត្រូវគ្នាជាមួយនឹងព្រះវិញ។ តើយើងខុសគ្នាពីពួកគេទាំងនោះដែរឬទេនៅសព្វថ្ងៃនេះ? យើងបានធ្វើអោយព្រះឈឺចាប់។ ម្ល៉ោះហើយ យើងក៏ត្រូវតែត្រូវគ្នាជាមួយនឹងទ្រង់ផងដែរ។ សូមអានខគម្ពីរកិច្ចការ ២៖៣៨។ តើលោកពេត្រុសឆ្លើយតបនឹងសំណួរដែលពួកបណ្តាជនសួរគាត់យ៉ាងដូចម្តេច? តើរឿងនេះបង្ហាញយើងពីក្បួនច្បាប់អ្វីដែលទាក់ទងនឹងការងាកចេញពីអំពើបាប?

ថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០២១

សិក្សាបន្ថែម

«ខណៈដែលយើងកំពុងតែលូតលាស់ក្នុងជំនឿ ការយល់ដឹងអំពីការងាកចេញពីអំពើបាបរបស់យើងនឹងកាន់តែស៊ីជម្រៅ។ ព្រះអម្ចាស់បានមានបន្ទូលទៅកាន់អ្នកដែលទ្រង់បានអត់ឱនទោស អោយយ៉ាងដូច្នេះថា៖ ‘នោះ​ឯង​រាល់​គ្នា​នឹង​នឹក​ចាំ​ពី​កិរិយា​អាក្រក់​របស់​ឯង ហើយ​ពី​អំពើ​ដែល​ឯង​រាល់​គ្នា​ ប្រព្រឹត្ត​មិន​ល្អ​ផង ដូច្នេះ ឯង​រាល់​គ្នា​នឹង​មើល​ខ្លួន​ដោយ​ខ្ពើម​ឆ្អើម ដោយ​ព្រោះ​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ស្អប់​ ខ្ពើម​របស់​ឯង’ (អេសេគាល ៣៦៖៣១)។ ព្រះយេស៊ូវបានមានបន្ទូលម្តងទៀតថា៖ អញ​នឹង​តាំង​សេចក្តី​ សញ្ញា​របស់​អញ​ដល់​ឯង នោះ​ឯង​នឹង​ដឹង​ថា ‘អញ​នេះ​ជា​ព្រះយេហូវ៉ា​ពិត ដើម្បី​ឲ្យ​ឯង​បាន​នឹក​ចាំ ហើយ ត្រូវ​ជ្រប់​មុខ​ឥត​ដែល​ហើប​មាត់​ឯង​ឡើង​ទៀត​ឡើយ ដោយ​ឯង​មាន​សេចក្តី​អៀនខ្មាស ក្នុង​កាល​ដែល​អញ​បាន​អត់​ទោស​ដល់​ឯង ចំពោះ​គ្រប់​ទាំង​អំពើ​ដែល​ឯង​បាន​ប្រព្រឹត្ត​នោះ នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់ យេហូវ៉ា’ (អេសេគាល ១៦៖៦២, ៦៣)។ ពេលនោះ យើងនឹងមិនលើកតម្កើងខ្លួនឯងឡើយ។ យើងនឹង ដឹងថា កម្លាំងរបស់យើងបានមកពីព្រះយេស៊ូវតែមួយគត់ប៉ុណ្ណោះ។ យើងនឹងសារភាពជាមួយលោកប៉ុល យ៉ាងដូច្នេះថា៖ ‘ដ្បិត​ខ្ញុំ​ដឹង​ថា នៅ​ក្នុង​ខ្លួន​ខ្ញុំ គឺ​ក្នុង​សាច់​ឈាម​ខ្ញុំ គ្មាន​អ្វី​ល្អ​ទេ’ (រ៉ូម ៧៖១៨)។ ‘ឯ​ខ្ញុំ កុំ​បី​ឲ្យ​ខ្ញុំ​អួត​ខ្លួន​ឡើយ អួត​បាន​តែ​ពី​ឈើ​ឆ្កាង​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ប៉ុណ្ណោះ ដែល​ ដោយសារ​ទ្រង់ នោះ​លោកីយ៍​បាន​ត្រូវ​ជាប់​ឆ្កាង​ខាង​ឯ​ខ្ញុំ ហើយ​ខ្ញុំ​ខាង​ឯ​លោកីយ៍​ដែរ’ (កាឡាទី ៦៖១៤)»។ដកស្រង់ពី Ellen G. White, Christ’ Object Lessons, pages 160, 161, adapted។

«‘តើ​អ្នក​មិន​ទទួល​ស្គាល់​ថា ព្រះ‌ជា‌ម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស​ដូច្នេះ ដើម្បី​ជំរុញ​អ្នក​ឲ្យ​កែ​ប្រែ​ចិត្ត​គំនិត​ទេ​ឬ?’ (រ៉ូម ២៖៤​, គខប)។ សេចក្តីស្រឡាញ់នៃព្រះ និងព្រះគុណរបស់ទ្រង់ប្រៀបដូចជាច្រវាក់មាសអ៊ីចឹង។ ព្រះបានដាក់ច្រវាក់មាសនេះនៅជុំវិញបុគ្គលណាដែលស្ថិតនៅក្នុងគ្រោះថ្នាក់។ ព្រះអម្ចាស់បានប្រកាសថា ‘អញ​បាន​ស្រឡាញ់​ឯង ដោយ​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិតស្ថេរ​នៅ​អស់កល្ប ហេតុ​នេះ​បាន​ជា​អញ​ទាញ​នាំ​ឯង​មក ដោយ​សេចក្តី​សប្បុរស’ (យេរេមា ៣១៖៣)»។ ដកស្រង់ពី Ellen G. White, Christ’s Object Lessons, page 202, adapted។

សំនួរពិភាក្សា៖
  1. តើហេតុអ្វីបានជាយើងត្រូវប្រុងប្រយ័ត្នកុំអោយគិតថា ការងាកចេញពីអំពើបាបរបស់យើងធ្វើអោយ ព្រះសព្វព្រះទ័យនឹងយើង បន្ទាប់ពីយើងងាកចេញពីអំពើបាបមកនោះ? តើវិធីតែមួយគត់ដែលយើងអាច ធ្វើអោយទ្រង់សព្វព្រះទ័យនោះគឺជាអ្វី?

  2. សូមអានអំពីលោកយូដាសនៅក្នុងខគម្ពីរម៉ាថាយ ២៧៖៣-៥។ លោកយូដាសច្បាស់ជាមានការសោកស្តាយចំពោះរឿងដែលបានកើតឡើងជាមួយនឹងព្រះយេស៊ូវជាមិនខាន។ (លោកយូដាសបានសម្លាប់ខ្លួន មែនទេ?) ប៉ុន្តែ តើហេតុអ្វីបានជាលោកយូដាសពុំមានអារម្មណ៍សោកស្តាយពិតប្រាកដចំពោះអំពើបាបរបស់គាត់យ៉ាងដូច្នេះ? ​

  3. យើងជាបាបជន។ តើហេតុអ្វីបានជាសេចក្តីពិតនៃព្រះគម្ពីរនៅត្រង់នេះជួយកុំអោយយើងវិនិច្ឆ័យអ្នកដទៃនោះ? ព្រះរាជបុត្រានៃព្រះត្រូវតែទៅឯឈើឆ្កាងដើម្បីសង្គ្រោះយើង។ តើការសុគតរបស់ទ្រង់បានបង្ហាញយើងថា អំពើបាបពិតជាអាក្រក់ប៉ុនណានោះយ៉ាងដូចម្តេច?

រឿងខ្លី

បេសកជនចែករំលែកសេចក្តីជំនឿនៅក្នុងទូរទស្សន៍

Jeans

ខាឡូស បាយអគ្គី (Calos Biaggi) ជាបេសកជនអាហ្សង់ទីននៅក្នុងប្រទេសលីបង់មួយរូបដែលទទួលគំនរសារ និងសេចក្តីអធិស្ឋានជាច្រើនពីជុំវិញពិភពលោក បន្ទាប់ពីបន្ទុះដ៏សាហាវមួយនៅក្នុង ខែកក្កដា ឆ្នាំ២០២០ បានធ្វើអោយទីក្រុងប៊ែរូតរញ្ជួយជាខ្លាំង ហើយមនុស្ស២០០នាក់ត្រូវបានស្លាប់។

សារមួយដែលលោកខាឡូសបានទទួលពីគ្រូគង្វាលអាហ្សង់ទីនម្នាក់ដែលគាត់ធ្លាប់បម្រើការជាបេសកជននៅក្នុងប្រទេសប៉ារ៉ាហ្គាលជាមួយកាលពីមុន។ មិត្តភក្តិបានសរសេរថា «ខ្ញុំបានទាក់ទងជា មួយនឹងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងទីក្រុងប៊ូណូស អារីស (Beunos Aires) បើមានគេចង់សម្ភាសន៍អ្នក តើអ្នកយល់ព្រមទេ?»។ ប៉ុន្មាននាទីក្រោយមក បន្ទាប់ពីលោកខាឡូសបានយល់ព្រម មិត្តភក្តិរបស់គាត់បានសរសេរថា អ្នកសារព័ត៌មានពីប៉ុស្តិ៍ទូរទស្សន៍ព័ត៌មានអន្តរជាតិ២៤ម៉ោង C5N ចង់ធ្វើបទសម្ភាសន៍ផ្សាយបន្តផ្ទាល់នៅថ្ងៃស្អែកនេះ។ គាត់បាននិយាយទៀតថា «នៅពេលដែលអ្នកឃើញឱកាសល្អសមរម្យនៅក្នុងអំឡុងនៃការធ្វើបទសម្ភាសន៍ សូមចែករំលែកទីបន្ទាល់របស់អ្នកផង ពីព្រោះវាជាប៉ុស្តិ៍ទូរទស្សន៍ដ៏ធំមួយ ខ្ញុំជឿថា បទសម្ភាសន៍នឹងខ្លីទេ មើលទៅយ៉ាងយូរបំផុតតែ៥នាទីប៉ុណ្ណោះ បើបាន១០នាទីវិញមិនដឹងអស្ចារ្យប៉ុនណានោះទេ»។

ការផ្សាយផ្ទាល់បទសម្ភាសន៍ទូទាំងប្រទេសអាហ្សង់ទីន និងនៅតាមផ្នែកផ្សេងៗទៀតនៃពិភពនិយាយជាភាសាអេស្ប៉ាញមានរយៈពេលរហូតទៅដល់៩នាទី ហាសិបវិនាទី។ ក្នុងអំឡុងពេលនេះ លោក ខាឡូស ដែលជាប្រធានផ្នែកគ្រប់គ្រងអាជីវកម្មនៅឯមហាវិទ្យាល័យមជ្ឈឹមបូព៌ានៃព្រះវិហារសេវេនដេយអាត់វេនទីស្ទបានពិពណ៌នាអំពីរលកនៃខ្យល់ក្តៅដែលបានប៉ះមុខគាត់ភ្លាមៗ បន្ទាប់ពីឃ្លាំងស្តុកបានផ្ទុះឡើងនៅកំពង់ផែនៃទីក្រុងប៊ែរូត។ គាត់បានរ៉ាយរ៉ាប់ប្រាប់អំពីការខិតខំខ្នះខ្នែងជួយពីសំណាក់ពួកជំនុំអាត់វេនទីស្ទ និងអង្គការADRAក្នុងការឆ្លើយតបទៅនឹងសោកនាដកម្មមួយនេះ។ គាត់ក៏បានចែករំលែក ទីបន្ទាល់របស់គាត់អំពីរបៀបដែលព្រះបានត្រាស់ហៅគាត់អោយមកធ្វើកិច្ចការនៅក្នុងទីក្រុងលីបង់ ស្របតាមសំណូមពររបស់ម្ចាស់ស្ថានីយ៍ទូរទស្សន៍។ លោកខាឡូសបាននិយាយថា គាត់បានទៅឯក្រុងប៊ែរូត តាមការដឹកនាំរបស់ព្រះ បន្ទាប់ពីបានទទួលសញ្ញាបត្របណ្ឌិតខាងផ្នែកអាជីវកម្មពីវិទ្យាស្ថានអាត់វេនទីស្ទអន្តរជាតិនៃការសិក្សាកម្រិតខ្ពស់នៅក្នុងប្រទេសហ្វីលីពីន។ គាត់បាននិយាយថា «ពួកគេបានអញ្ជើញខ្ញុំ អោយមកធ្វើកិច្ចការនៅទីនេះ ជាការពិតណាស់ នេះមិនមែនជាកិច្ចការស្រួលនោះទេ ប៉ុន្តែ ខ្ញុំបានទូលទៅព្រះថា ‘បើព្រះចង់អោយទូលបង្គំទៅឯលីបង់ពិតមែន នោះទូលបង្គំនឹងទៅ តែបើទ្រង់មិនចង់អោយទូលបង្គំទៅទេ នោះទូលបង្គំក៏មិនទៅដែរ’»។ មិនថា គ្រួសារ ឬមិត្តភក្តិអោយយោបល់យ៉ាងនោះទេ ប៉ុន្តែ ព្រះបានបង្ហាញខ្ញុំថា ទីនេះគឺជាកន្លែងដែលទ្រង់ចង់អោយខ្ញុំមក។ គាត់បានបញ្ចប់ថា «ថ្ងៃនោះ ខ្ញុំបានអធិស្ឋាន ហើយបើកព្រះគម្គីររបស់ខ្ញុំទៅឯបទគម្ពីរអេសាយ៦ ដែលបានចែងថា ‘ទូលបង្គំនៅទីនេះ សូមបញ្ជូនទូលបង្គំទៅចុះ (គខប)’។ ខ្ញុំដឹងថា នេះគឺជាទីសម្គាល់មួយ ហើយខ្ញុំបានថ្លែងអំណរគុណដល់ព្រះសម្រាប់ចម្លើយដែលទ្រង់ផ្តល់អោយខ្ញុំនេះ។

អំណានដង្វាយប្រចាំសប្តាហ៍

ចូ និងស៊ូសានយកព្រះទុកជាទីមួយ

លោកចូ និងអ្នកស្រីស៊ូសានបានសម្រេចចិត្តយកព្រះទុកជាទី​១នៅពេលដែលពួកគេមានការភ័យខ្លាចនិងមិនប្រាកដអំពីអនាគតរបស់ពួកគេនៅឡើយ។ ថ្ងៃនេះតើយើងអាចរៀនអ្វីខ្លះពីរឿងរបស់ពួកគេដែលនឹងជួយយើងឲ្យយកព្រះទុកជាទី១នៅក្នុងជីវិតផ្ទាល់របស់យើង?

លោកចូគឺជាអ្នកចាត់ចែងខាងអាយធីនៅទីក្រុងស៊ីលវៀរស្ព្រីង រដ្ឋម៉ារីឡែន។ ក្រោយពីធ្វើដំណើរមកពីបោះជំរំដល់ផ្ទះ លោកចូបានឃើញស្នាមប្រេងម៉ាស៊ីនដែលហូរចេញពីឡានម៉ាកអ៊ីស៊ុយស៊ុយរបស់គាត់នៅតាមផ្លូវ។ គាត់ក៏បានហៅអេរិកជាមិត្តភក្តិឲ្យជួយ។ អេរិកបានរកឃើញ​ថា ម៉ាស៊ីនឡានប្រហែលជាមានបញ្ហាហើយ ត្រូវជួសជុលអស់យ៉ាងតិចណាស់ក៏៣០០០ដុល្លារដែរ។ លោកចូ និងស៊ូសានទើបតែនឹងរៀបការថ្មោងថ្មី មានលុយក្នុងធនាគារប្រហែល​៣០០០​ដុល្លារ។ ប៉ុន្តែលោកចូមានការស្ទាក់ស្ទើរក្នុងការចំណាយលុយនោះសម្រាប់ជួសជុលឡាន​ពីព្រោះពួកគេមិនបានដាក់ដង្វាយ១០ហូត១ដែលត្រូវថ្វាយ១៥០០ដុល្លារអស់រយៈពេលបីខែហើយ។

អ្នកស្រីស៊ូសានយល់ឃើញថាមិនចាំបាច់ត្រូវពិភាក្សាគ្នាទេ។ «យើងត្រូវតែថ្វាយផល​ដំបូង​របស់យើង» នាងនិយាយ។ លោកចូ និងអ្នកស្រីស៊ូសានបានអធិដ្ឋាន និងសម្រេចចិត្តថ្វាយដង្វាយ១០ហូត១ដោយមិនជួសជុលឡានឡើយ។ បន្ទាប់ពីការសម្រេចចិត្តនេះ អេរិក​បានទាក់ទងមកលោកចូ ហើយបានណែនាំគាត់ឲ្យទាក់ទងនឹងស្ថានីយចាក់សាំងដែលគាត់បានប្តូរប្រេងម៉ាស៊ីនមុននឹងទៅបោះជំរំ។ ស្ថានីយបានបញ្ជូនជាងទៅកាន់ផ្ទះរបស់លោកចូ ហើយបន្ទាប់ពីពិនិត្យហើយក៏ទទួលខុសត្រូវលើការខូចម៉ាស៊ីនឡាន។ ក្រុមហ៊ុនធានារ៉ាបរ៉ងរបស់ស្ថានីយបានបង់ថ្លៃដល់ពួកគេចំនួន៣០០០ដុល្លារ។ បន្ទាប់ពីជួសជុលរួច ជាងឡានបានគិតលុយពីពួកគេត្រឹមតែ១៥០០ដុល្លារប៉ុណ្ណោះ។ ជាការចំឡែកណាស់ប្រាក់៣០០០ដុល្លារ​ពីក្រុមហ៊ុនធានារ៉ាប់គឺគ្រប់ល្មមសម្រាប់ថ្លៃជួសជុលនិងដង្វាយ១០ហូត១។ លោកចូ និងអ្នកស្រី​ស៊ូសានដឹងច្បាស់ថា ការយកព្រះទុកជាទីមួយនឹងនាំមកនូវបាដិហារ្យ និងលទ្ធផលដែលមិន​បានរំពឹងទុក។ បាដិហារ្យបន្ទាប់គឺជាការលក់ឡានដដែលនោះ។ ក្នុងសប្តាហ៍នោះ លោកវេនដែលជាប្រធានផ្នែកទិញបានមកជួបលោកចូនៅស្នាក់ការព្រះវិហារអាត់វេនទីស្ទ និងបានសាកសួរថាតើលោកចូត្រូវការលក់ឡាននោះដែរឬទេ។

«មានបេសកជនម្នាក់នៅអាហ្វ្រិកចង់ទិញឡានម៉ាកអ៊ីស៊ុយស៊ុយដូចរបស់លោកនេះឯង» គាត់និយាយ។ «តើលោកចង់លក់ទេ?» គាត់បានឲ្យថ្លៃយ៉ាងសមរម្យដល់លោកចូព្រម​ទាំង​ជួយដឹកជញ្ជូនទៅកាន់អាហ្វ្រិកផងដែរ។ ដោយយល់ពីក្តីបារម្ភរបស់លោកចូ គាត់បានសន្យាថានឹងផ្តល់ដំណឹងពីការប្រើប្រាស់ឡានរបស់លោកចូជាបន្តបន្ទាប់។ ពេលនោះឡាននោះទើបតែបើកបានចម្ងាយ៦៤០០០គីឡូប៉ុណ្ណោះ។ ១៨ខែក្រោយមក លោកវេនបានប្រាប់​ថា ឡាននោះបើកបានចម្ងាយ១៦០០០០គីឡូហើយ។ បួនប្រាំឆ្នាំក្រោយមក លោកវេនប្រាប់ថាឡាននោះបើកបាន៤៨០០០០គីឡូហើយ។

«គឺជាព្រះអម្ចាស់ហើយដែលបានថែរក្សាឡាននោះសម្រាប់បេសកជន» លោកចូ​និយាយ។ ឥឡូវនេះ លោកចូដែលមានវ័យ៦១ឆ្នាំបានមានប្រសាសន៍ថា បទពិសោធន៍បានបង្រៀនគាត់នូវមេរៀនដ៏សំខាន់អំពីបេសកកម្ម និងសារៈសំខាន់នៃការថ្វាយដង្វាយ១០ហូត១។

លោកចូនិងអ្នកស្រីស៊ូសានបានយកព្រះទុកជាទី១។ សព្វថ្ងៃនេះសេចក្តីជំនឿរបស់ពួកគេក៏បណ្តាលចិត្តយើងរាល់គ្នាដែរ។ ព្រះយេស៊ូវបានលះបង់អ្វីៗគ្រប់យ៉ាងដើម្បី​ប្រោស​លោះ យើង ហើយសេចក្តីស្រឡាញ់របស់ទ្រង់ក៏ជំរុញយើងឲ្យយកនគររបស់ទ្រង់ទុកជាទី១ក្នុងជីវិតផ្ទាល់របស់យើងដែរ។ ខណៈដែលអ្នក​ជំនួយការ ប្រមូលប្រាក់ដង្វាយ១០ហូត១ និងសទ្ធា យើងក៏ត្រូវបានលើកទឹកចិត្តឲ្យយកព្រះទុកជាទី១ដែរ។ ​

Powered by CAM