មេរៀនទី១០​៖ ២៦កុម្ភៈ-៤មីនា ២០២២

ផ្លូវថ្មីទៅឯព្រះ

Jeans
ថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ ហេព្រើរ ៩៖២៤; ហេព្រើរ ១២៖១៨-២១; លេវីវិន័យ ១៦៖១, ២; ហេព្រើរ ១០៖១៩-២២; ហេព្រើរ ១២៖២២-២៤។

ខចងចាំ៖ «ដ្បិត​ព្រះគ្រីស្ទ​ទ្រង់​មិន​បាន​យាង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​ធ្វើ​ដោយ​ដៃ ដែល​ជា​គំរូ​ពី​ទី​បរិសុទ្ធ​ ពិត​នោះ​ទេ គឺ​បាន​ចូល​ទៅ​ក្នុង​ស្ថានសួគ៌​នោះ​ឯង ដើម្បី​នឹង​លេច​មក​ក្នុង​ពេល​ឥឡូវ​នេះ នៅ​ចំពោះ​ព្រះភក្ត្រ​នៃ​ព្រះ តំណាង​យើង​រាល់​គ្នា» (ហេព្រើរ ៩៖២៤)។

សិស្សរបស់ព្រះយេស៊ូវត្រូវបានបំពេញដោយសេចក្តីអំណរ។ ពួកគេនៅលើភ្នំអូលីវជាមួយ នឹងព្រះយេស៊ូវដែលជាគ្រូ និងមិត្តភក្តិរបស់ពួកគេអស់មួយស្របក់។ មុនពេលដែលព្រះយេស៊ូវបានចាក ចេញពីផែនដីទៅ ទ្រង់បានត្រាស់ហៅពួកសិស្សរបស់ទ្រង់ចូលទៅឯព្រះតាមរយៈព្រះនាមរបស់ទ្រង់។ បន្ទាប់មក ពួកសិស្សបានឃើញព្រះយេស៊ូវឡើងទៅស្ថានសួគ៌។ នៅស្ថានសួគ៌ ព្រះបានធ្វើអោយ ព្រះយេស៊ូវក្លាយមកជាស្តេចនៃផែនដីទាំងមូល។ ពេលនោះ ពួកសិស្សរបស់ព្រះយេស៊ូវបានដឹងថា ព្រះនឹងឆ្លើយតបសេចក្តីអធិស្ឋានរបស់ពួកគេដោយសព្វព្រះទ័យ (យូ៉ហាន ១៤៖១៣, ១៤)។ មែន ហើយ ពួកសិស្សត្រូវតែបន្តរស់នៅលើផែនដីដែលជាទីកន្លែងដែលពួកមនុស្សអាក្រក់អាចធ្វើបាបពួកគេបានតទៅទៀត។ ប៉ុន្តែ ពួកសិស្សមានពេញទៅដោយសេចក្តីសង្ឃឹម។ ពួកគេបានដឹងថា ព្រះយេស៊ូវបានយាងទៅរៀបចំកន្លែងសម្រាប់ពួកគេ (យ៉ូហាន ១៤៖១-៣)។ ព្រះយេស៊ូវគឺជាអ្នកទទួលខុសត្រូវក្នុងការសង្គ្រោះពួកគេចេញពីអំពើបាប។ ព្រះយេស៊ូវក៏បានរៀបចំផ្លូវមួយសម្រាប់ពួកគេទៅស្ថានសួគ៌ ផងដែរ។ ព្រះយេស៊ូវ បានរៀបចំផ្លូវនេះដោយព្រះលោហិតរបស់ទ្រង់ផ្ទាល់។

ការបង្រៀនថា ព្រះយេស៊ូវបានយាងទៅស្ថានសួគ៌សំខាន់បំផុតចំពោះកណ្ឌគម្ពីរហេព្រើរ។ បន្ទាប់ពីទ្រង់បានយាងទៅស្ថានសួគ៌រួចមក ព្រះយេស៊ូវបានចាប់ផ្តើមកិច្ចការរបស់ទ្រង់ជាស្តេច និងជា សម្តេចសង្ឃរបស់យើង។ សំខាន់ជាងនេះទៅទៀតនោះគឺថា សេចក្តីសញ្ញាថ្មីបានចាប់ផ្តើមឡើង។ ឥឡូវនេះ យើងអាចចូលទៅឯព្រះបាន ដោយការទុកចិត្តយ៉ាងមុតមាំ និងសេចក្តីជំនឿដ៏ក្លាហាន។ យើងអាចធ្វើរឿងទាំងនេះបាន ដោយសារតែព្រះយេស៊ូវ និងជីវិតដ៏បរិសុទ្ធរបស់ទ្រង់។

ថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២

នៅពេលដែលព្រះយេស៊ូវបានយាងចូលទៅឯព្រះវរបិតា

តើហេតុអ្វីបានជាព្រះយេស៊ូវបានចេញពីផែនដីទៅឯស្ថានសួគ៌យ៉ាងដូច្នេះ? សម្រាប់ចម្លើយ សូមអានខគម្ពីរហេព្រើរ ៩៖២៤។​

--------------------------------------------------------

ដើម្បីអោយយើងបានយល់អំពីខគម្ពីរហេព្រើរ ៩៖២៤ ចូរយើងក្រឡេកមើលទៅពិធីបុណ្យទាំង ប៉ុន្មាន ដែលព្រះបានប្រទានដល់សាសន៍អ៊ីស្រាអែលជាមុនសិន ដែលបានចែងយ៉ាងដូច្នេះថា៖ «ក្នុង​១​ឆ្នាំ ត្រូវ​ធ្វើ​បុណ្យ​ថ្វាយ​អញ​៣​ដង ត្រូវ​ធ្វើ​បុណ្យ​នំបុ័ង​ឥត​ដំបែ គឺ​ដល់​កំណត់​ក្នុង​ខែ​ចេត្រ នោះ​ត្រូវ​ធ្វើ​នំបុ័ង​ឥត​ដំបែ​ ក្នុង​៧​ថ្ងៃ ដូច​ជា​អញ​បាន​បង្គាប់​មក​ហើយ ដ្បិត​គឺ​នៅ​ខែ​នោះ​ហើយ ដែល​ឯង​រាល់​គ្នា​បានចេញ​ ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​មិន​ត្រូវ​មក​នៅ​មុខ​អញ​ដោយ​ដៃ​ទទេ​ឡើយ ត្រូវ​ឲ្យ​ធ្វើ​បុណ្យ​ចំរូត គឺ​ជា​ផល​ដំបូង​អំពី​ការ​ឯង​ធ្វើ ដោយ​សាបព្រោះ​នៅ​ដី​របស់​ឯង ហើយ​នឹង​បុណ្យ​ប្រមូល​ផល​ដល់​ចុង​ឆ្នាំ ក្នុង​កាល​ដែល​ឯង​បាន​ប្រមូល​ផល​កើត​អំពី​ការ​របស់​ឯង​ធ្វើ​នៅ​ចំការ​មក គឺ​ក្នុង​១​ឆ្នាំ ត្រូវ​ឲ្យ​ពួក​ប្រុសៗមក​នៅ​ចំពោះ​ព្រះយេហូវ៉ាជា​ព្រះអម្ចាស់ គ្រប់​៣​ដង» (និក្ខមនំ ១៤-១៧)។

ដូច្នេះ ពិធីបុណ្យរំលងបានបង្ហាញអំពីពេលវេលាដែលព្រះបានរំដោះសាសន៍អ៊ីស្រាអែលចេញពី ស្រុកអេស៊ីព្ទ។ ពិធីបុណ្យនៃអាទិត្យបន្ទាប់ទៅទៀតនោះ គឺបុណ្យថ្ងៃទី៥០។ ដល់សម័យគម្ពីរសញ្ញាថ្មី ពួក យូដាបានប្រារព្ធពិធីបុណ្យថ្ងៃទី៥០ជាពេលវេលាដែលព្រះបានប្រទានក្រឹត្យវិន័យដល់សាសន៍អ៊ីស្រាអែល នៅភ្នំស៊ីណាយ។​ ពិធីបុណ្យបារាំគឺជាពិធីបុណ្យចុងក្រោយដែលបានបង្ហាញអំពីពេលវេលាដែលព្រះបាន យកព្រះទ័យទុកដាក់ចំពោះសាសន៍អ៊ីស្រាអែលនៅក្នុងទីរហោស្ថាន។​

ឥឡូវនេះ ដោយយើងបានពិនិត្យពិធីបុណ្យទាំងនេះរួចរាល់ហើយ ចូរយើងត្រឡប់ទៅខគម្ពីរ ហេព្រើរ​៩៖២៤ វិញម្តង។ ខនេះបានបង្ហាញអំពីការយាងចូលរបស់ព្រះយេស៊ូវទៅឯព្រះវរបិតា បន្ទាប់ពីទ្រង់បានរស់ពីស្លាប់ឡើងវិញ។ ព្រះយេស៊ូវមិនបានចូលទៅដោយព្រះហស្តទទេនោះទេ។ ទ្រង់បានថ្វាយយញ្ញបូជានៃលោហិតរបស់ទ្រង់ផ្ទាល់ ប្រសើរជាងសង្ឃណាៗទៀតទាំងអស់ ថ្វាយដល់ព្រះ (ហេព្រើរ​ ៩៖២៣, ២៤)។

ព្រះយេស៊ូវបានគោរពពិធីបុណ្យពិសេសៗទាំងអស់ត្រឹមត្រូវតាមពេលវេលាទាំងអស់។ ទ្រង់ បានសុគតនៅម៉ោង៣រសៀល មុនថ្ងៃបុណ្យរំលងបានមកដល់។ ម៉ោង៣រសៀលគឺជាពេលវេលាដែលកូនចៀមនៃបុណ្យរំលងត្រូវបានគេសម្លាប់ (យ៉ូហាន​១៩៖១៤; ម៉ាថាយ ២៧៖៤៥-៥០)។ បន្ទាប់មក ព្រះយេស៊ូវបានរស់ពីស្លាប់ឡើងវិញ ហើយបានយាងទៅស្ថានសួគ៌ជាកន្លែងដែលព្រះនឹងទទួលយកដង្វាយ របស់ទ្រង់ជំនួសអំពើបាបរបស់យើងវិញ (យ៉ូហាន ២០៖១៧; កូរិនថូសទី១ ១៥៖២០)។ នៅថ្ងៃនេះ សង្ឃបានគ្រវីស្រូវសាលីទុំ ដើម្បីបង្ហាញការថ្លែងអំណរគុណដល់ព្រះសម្រាប់ភោគផលដំបូង (លេវីវិន័យ ២៣៖១០-១២)។ ៤០ថ្ងៃក្រោយមក ព្រះយេស៊ូវបានគង់នៅខាងស្តាំព្រះវរបិតានៅថ្ងៃបុណ្យទី៥០ (កិច្ចការ ១​, ២)។ ទន្ទឹមគ្នានេះ សេចក្តី សញ្ញាថ្មីក៏បានចាប់ផ្តើមឡើងផងដែរ។

តើហេតុអ្វីបានជាពួកប្រុសៗនៅក្នុងសម័យព្រះគម្ពីរចាំបាច់ត្រូវធ្វើដំណើរទៅចូលរួមនៅក្នុងពិធីបុណ្យទាំងនេះ? ពួកគេបានធ្វើដំណើរទៅចូលរួម ដើម្បី «មើល​ព្រះភក្ត្រ​ទ្រង់» (ទំនុកដំកើង ១៧៖១៥)។ ដើម្បី «ឃើញព្រះភក្ត្រទ្រង់» នេះ បានបង្ហាញយើងអំពីមនុស្សដែលសូមជំនួយមកពីព្រះ (កូរិនថូស ទី២ ៧៖១៤; ទំនុកដំកើង ២៧៖៨; ទំនុកដំកើង ១០៥៖៤)។ នេះគឺជាអ្វីដែលព្រះយេស៊ូវបានធ្វើ នៅពេល ដែលទ្រង់យាងទៅស្ថានសួគ៌។ ទ្រង់បានសូមអោយព្រះជួយដល់យើង។

ថ្ងៃច័ន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២

ការត្រាស់ហៅមកពីព្រះ

តើសាសន៍អ៊ីស្រាអែលបានទទួលបទពិសោធន៍យ៉ាងដូចម្តេច នៅឯភ្នំស៊ីណាយ? សម្រាប់ ចម្លើយ សូមអានខគម្ពីរហេព្រើរ ១២៖១៨-២១។

--------------------------------------------------------

ព្រះមានផែនការពិសេសមួយសម្រាប់រាស្ត្ររបស់ទ្រង់ បន្ទាប់ពីទ្រង់បានរំដោះពួកគេចេញពីស្រុកអេស៊ីព្ទ។ តើផែនការនោះគឺជាអ្វី? នោះគឺថា ព្រះចង់មានចំណងមិត្តភាពផ្ទាល់ខ្លួនដ៏ពិសេសមួយជាមួយនឹងរាស្ត្ររបស់ទ្រង់។​ ព្រះបានមានបន្ទូលទៅកាន់សាសន៍អ៊ីស្រាអែលថា «ឯង​រាល់​គ្នា​បាន​ឃើញ​ អស់​ទាំង​ការ​ដែល​អញ​ធ្វើ​ដល់​សាសន៍​អេស៊ីព្ទ​ហើយ និង​ការ​ដែល​អញ​បាន​ទ្រ​ឯង​រាល់​គ្នា​លើ​ស្លាប​ឥន្ទ្រី​នាំ​មក​ឯ​អញ​នេះ​ផង» (និក្ខមនំ ១៩៖៣, ៤)។

ដូច្នេះ ព្រះបានបង្គាប់អោយលោកម៉ូសេជួយដល់ពួកបណ្តាជនអោយត្រៀមខ្លួន ដើម្បីជួបទ្រង់ (និក្ខមនំ ១៩៖១០-១៥)។ ពួកបណ្តាជនដែលមិនព្រមត្រៀមខ្លួននឹងត្រូវស្លាប់។​ ដូច្នេះ ពួកគេបានត្រៀម ខ្លួនអស់រយៈពេល២ថ្ងៃ។ ពួកគេបានបោកសំលៀកបំពាក់របស់ពួកគេ។ ពួកគេបានអធិស្ឋាន។ ពួកគេបានទូលសូមអោយព្រះសំអាតចិត្តរបស់ពួកគេចេញពីអំពើបាប។ នៅថ្ងៃទី៣ «នៅពេលឮសូរសំឡេង ស្នែង នោះទើបអ្នកខ្លះអាចឡើងទៅលើភ្នំបាន» (និក្ខមនំ ១៩៖១៣, គខប)។ ព្រះចង់អោយពួកបណ្តាជន មានបទពិសោធន៍ដូចជាលោកម៉ូសេដូច្នោះដែរ ហើយពួកមេដឹកនាំក៏បានទទួលបានបទពិសោធន៍នេះ នៅពេលដែលពួកគេបានឡើងទៅជួបព្រះនៅលើភ្នំនៅពេលក្រោយមកទៀតផងដែរ។ នៅពេលនោះ ពួកមេដឹកនាំ «បាន​ឃើញ​ព្រះអង្គ រួច​ក៏​នាំ​គ្នា​បរិភោគ​ភោជន៍» (និក្ខមនំ ២៤៖៩-១១)។ ក្រោយមក សាសន៍ អ៊ីស្រាអែលបានដឹងថា ព្រះបានបង្ហាញសិរីល្អរបស់ទ្រង់ដល់ពួកគេ នៅពេលដែលទ្រង់យាងចុះមកលើ ភ្នំ។ ពួកគេក៏បានដឹងថា មនុស្សលោក «នៅតែអាចមានជីវិតរស់​ បន្ទាប់ពីព្រះបានមានបន្ទូលមកកាន់» ពួកគេ (ចោទិយកថា ៥៖៥, បកប្រែថ្មីពី NLT)។​ ប៉ុន្តែ នៅពេលដែលពួកបណ្តាជនចូលទៅជិតភ្នំ ពួកគេ មិនមានសេចក្តីជំនឿគ្រប់គ្រាន់ឡើយ។ លោកម៉ូសេបានមានប្រសាសន៍អំពីពេលវេលានេះប៉ុន្មានឆ្នាំក្រោយ មកទៀតយ៉ាងដូច្នេះថា៖ «ឯង​បាន​ខ្លាច​ភ្លើង​នោះ ហើយ​មិន​បាន​ឡើង​ទៅ​លើ​ភ្នំ​នោះ​ទេ» (ចោទិយកថា ៥៖៥)។ ម្ល៉ោះហើយ ពួកបណ្តាជនបានសូមអោយលោកម៉ូសេឡើងទៅលើភ្នំ ដើម្បីទូលដល់ព្រះជំនួស ពួកគេ (ចោទិយកថា ៥៖២៥-២៧; សូមប្រៀបធៀបជាមួយនឹងខគម្ពីរនិក្ខមនំ ២០៖១៨-២១)។

ព្រះបានបង្ហាញសិរីល្អរបស់ទ្រង់នៅលើភ្នំស៊ីណាយ ដើម្បីបង្រៀនមេរៀនដ៏សំខាន់មួយដល់រាស្ត្ររបស់ទ្រង់។ ព្រះចង់អោយរាស្ត្ររបស់ទ្រង់ «គោរពកោតខ្លាច» ដល់ទ្រង់។ យើងនឹងមានជីវិត ប្រាជ្ញា និងកិត្តិយស នៅពេលដែលយើង «គោរពកោតខ្លាច» ដល់ទ្រង់ (ចោទិយកថា ៤៖១០; សូមប្រៀបធៀប ជាមួយនឹងខគម្ពីរទំនុកដំកើង ១១១៖១០; សុភាសិត ១៖៧; សុភាសិត ៩៖១០; សុភាសិត ១០៖២៧)។ ព្រះចង់អោយរាស្ត្ររបស់ទ្រង់ចូលទៅជួបទ្រង់ជាអនេក។ ប៉ុន្តែ ពួកគេបានភ័យខ្លាច ហើយសូមអោយលោកម៉ូសេចូលទៅឯព្រះជំនួសពួកគេវិញ។ ព្រះមិនចង់អោយរាស្ត្ររបស់ទ្រង់ខ្លាចទ្រង់នោះទេ។ សេចក្តី ភ័យខ្លាចរបស់ពួកគេមិនមែនជាផ្នែកមួយនៃផែនការរបស់ទ្រង់នោះឡើយ។ ពួកបណ្តាជនមានអារម្មណ៍ ភ័យខ្លាច ដោយសារតែពួកគេគ្មានសេចក្តីជំនឿ។

តើហេតុអ្វីបានជាយើងមិនគួរភ័យខ្លាចក្នុងការចូលទៅឯព្រះដ៏បរិសុទ្ធរបស់យើងនោះ? តើយើង ត្រូវធ្វើអ្វីខ្លះជាមុនសិន ដើម្បីត្រៀមខ្លួនជាស្រេចចូលទៅជិតនឹងព្រះ?

ថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២

តម្រូវការសម្រាប់ចូលទៅក្នុងវាំងនន

ពួកអ៊ីស្រាអែលនៅក្នុងទីរហោស្ថានបានសាងសង់រោងឧបោសថនៃសេចក្តីសញ្ញា។ ពួកគេ បានជួបព្រះ និងថ្វាយបង្គំទ្រង់នៅទីនោះ។ រោងឧបោសថមាន «វាំងននមួយចំនួន» ដែលបានសរសេរ ថា «ខាតេផេតាស្មា (katepetasma)» ជាភាសាហេព្រើរ។ វាំងននទី១បានហ៊ុំព័ទ្ធទីធ្លាទាំងមូលនៅជុំវិញ រោងឧបោសថ (និក្ខមនំ ៣៨៖១៨)។ វាំងនននេះដូចជាជញ្ជាំងដូច្នោះដែរ។ វាំងននទី២បានខ័ណ្ឌចែក រោងឧបោសថពីទីធ្លាខាងក្រៅ (និក្ខមនំ ៣៦៖៣៧)។ វាំងននទី៣បានដាក់ព្យួរចន្លោះទីបរិសុទ្ធ និងទី បរិសុទ្ធខ្ពស់បំផុតនៅក្នុងរោងឧបោសថ (និក្ខមនំ ២៦៖៣១-៣៥)។ ដូច្នេះ វាំងននទាំងនេះដូចគ្នាទៅទ្វារ ហើយនិងជញ្ជាំងដូច្នោះដែរ។ មានតែមនុស្សមួយចំនួនប៉ុណ្ណោះដែលបានអនុញ្ញាតអោយឆ្លងកាត់វាំងនន ទាំងនេះ។

សូមអានខគម្ពីរលេវីវិន័យ ១៦៖១, ២ និងលេវីវិន័យ ១០៖១-៣។ តើការដាស់តឿនអ្វី ដែល យើងបានអាននៅក្នុងខទាំងនេះ?

--------------------------------------------------------

បន្ទាប់ពីសាសន៍អ៊ីស្រាអែលបានថ្វាយបង្គំគោមាសរួច ព្រះបានបដិសេធក្នុងការដឹកនាំពួកគេចូលទៅទឹកដីសន្យា។ ពួកបណ្តាជនមានចិត្តរឹងរូសជាខ្លាំង។ ព្រះមិនចង់អោយពួកគេធ្វើអ្វីមួយដែល នាំអោយទ្រង់បំផ្លាញពួកគេនៅតាមផ្លូវនោះទេ (និក្ខមនំ ៣៣៖៣)។ ម្ល៉ោះហើយ លោកម៉ូសេបានរើរោង ឧបោសថទៅឆ្ងាយពីជំរំ (និក្ខមនំ ៣៣៖៧)។ ព្រះក៏បានយល់ព្រមដឹកនាំពួកគេចូលទៅទឹកដីសន្យា (និក្ខមនំ ៣៣៖១២-២០)។ ប៉ុន្តែ ព្រះបានបង្កើតបញ្ញត្តិ ដើម្បីការពារសាសន៍អ៊ីស្រាអែល ខណៈពេលដែលទ្រង់កំពុងតែស្នាក់នៅជាមួយនឹងពួកគេ។

ពួកសាសន៍អ៊ីស្រាអែលបានបោះជំរំរបស់ពួកគេជារាងការ៉េដែលមានទីទំនេរនៅកណ្តាល។ រោងឧបោសថនៃសេចក្តីសញ្ញាត្រូវបានគេដាក់នៅចំកណ្តាលការេ៉នោះ។ បន្ទាប់មក ពួកលេវីបានបោះជំរំនៅជុំវិញរោងឧបោសថ ដើម្បីការពាររោងឧបោសថ និងសម្ភារៈនៅក្នុងនោះ ចេញពីអ្នកដែលមិនមែនជា ពួកលេវី (ជនគណនា ១៖៥១)។ ដូច្នេះ យើងឃើញថា ពួកលេវីប្រៀបដូចជាមនុស្ស «វាំងនន» ដែលបាន ការពារពួកបណ្តាជនអ៊ីស្រាអែលយ៉ាងដូច្នេះដែរ គឺថា៖ «ពួក​លេវី ត្រូវ​ដំឡើង​ត្រសាល​របស់​ខ្លួន នៅ​ព័ទ្ធ​ជុំវិញ​រោង​ឧបោសថ​ផង​សេចក្តី​បន្ទាល់​វិញ ដើម្បី​កុំ​ឲ្យ​មាន​សេចក្តី​ខ្ញាល់​មក​លើ​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល​ ឡើយ ហើយ​ត្រូវ​ឲ្យ​គេ​រក្សា​រោង​ឧបោសថ​ផង​សេចក្តី​បន្ទាល់​នោះ» (លេវីវិន័យ ១៖៥៣)។

ព្រះយេស៊ូវដែលជាសម្តេចសង្ឃរបស់យើង ទ្រង់គឺជា «វាំងនន»។ ព្រះយេស៊ូវបានក្លាយមក ជាមនុស្ស ដើម្បីបង្ហាញយើងអំពីព្រះគុណរបស់ព្រះ (យ៉ូហាន ១៖១៤-១៨)។ ព្រះបានសណ្ឋិតនៅក្នុងបុត្រារបស់ទ្រង់ ហើយបានរៀបចំលំនៅរបស់ទ្រង់ជាមួយនឹងយើង។ ដោយសារតែព្រះយេស៊ូវនេះហើយ ទើបបានជាព្រះដ៏បរិសុទ្ធ និងល្អឥតខ្ចោះអាចសណ្ឋិតនៅក្នុងចំណោមមនុស្សដែលនៅសែនឆ្ងាយពីភាព ល្អឥតខ្ចោះបាន។

ព្រះបានបង្កើតផ្ទៃមេឃ និងផែនដី។ ព្រះអង្គដដែលនេះបានសណ្ឋិតនៅក្នុងចំណោមពួកទាសករ ដែលបានរត់គេចពីស្រុកអេស៊ីព្ទមក។ តើសេចក្តីពិតនៃព្រះគម្ពីរនេះបានបង្រៀនយើងយ៉ាងដូចម្តេច អំពី របៀបដែលព្រះអាចនៅជិតស្និទ្ធិនឹងយើង?

ថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០២២

របៀបរស់នៅបែបថ្មីមួយ

សូមអានខគម្ពីរហេព្រើរ ១០៖១៩-២២។ តើលោកប៉ុលបានចែកលិខិតអញ្ជើញអ្វីជាមួយនឹង យើងនៅក្នុងខទាំងនេះ?

--------------------------------------------------------

លោកប៉ុលបានប្រាប់យើងថា ព្រះយេស៊ូវបានត្រាស់ហៅយើងអោយដើរតាមទ្រង់នៅក្នុងរោង ឧបោសថនៅស្ថានសួគ៌។ គោលគំនិតនេះស្របនឹងសេចក្តីពិតនៃព្រះគម្ពីរដែលយើងបានរៀននៅក្នុងកណ្ឌគម្ពីរហេព្រើរ។ ព្រះយេស៊ូវគឺជា «មេ​សំរេច​សេចក្តី​ជំនឿ​របស់​យើង» (ហេព្រើរ ១២៖២)។ ព្រះយេស៊ូវ បានយាងទៅមុនយើង ដើម្បីរៀបចំផ្លូវថ្មីមួយពីក្រោយវាំងនននៅក្នុងទីបរិសុទ្ធខ្ពស់បំផុត (ហេព្រើរ ៦៖១៩, ២០; ហេព្រើរ ២៖១០)។ ផ្លូវថ្មីនេះត្រូវបានហៅថា សេចក្តីសញ្ញាថ្មី។ សេចក្តីសញ្ញានេះបានចាប់ផ្តើមឡើង នៅពេលដែលព្រះយេស៊ូវបានយាងត្រឡប់ទៅស្ថានសួគ៌វិញ ហើយព្រះបានទទួលយកដង្វាយរបស់ទ្រង់ ជំនួសអំពើបាបរបស់យើង។ ផ្លូវថ្មីនេះខុសគ្នាពីសេចក្តីសញ្ញាចាស់។​ លោកប៉ុលបានមានប្រសាសន៍ថា សេចក្តីសញ្ញាចាស់ «កាន់​តែ​ចាស់​ទៅៗ» និង «ត្រូវ​សាប‌សូន្យ​បាត់​ទៅ​មិន​ខាន» (ហេព្រើរ ៨៖១៣, គខប)។ នៅក្រោមសេចក្តីសញ្ញាថ្មី ព្រះបានអត់ឱនទោសចំពោះអំពើបាបរបស់យើង។ ព្រះក៏បានចារឹកក្រឹត្យវិន័យរបស់ទ្រង់នៅក្នុងចិត្តរបស់យើងផងដែរ។ ឥឡូវនេះ យើងអាចចូលទៅឯព្រះដោយសេចក្តីជំនឿយ៉ាង ប្រាកដមួយ។ តើយើងបានធ្វើអ្វីមួយ ដើម្បីអោយខ្លួនយើងមានភាពស័ក្ដិសមនឹងចូលទៅជិតព្រះដែរឬទេ? ជាការពិតណាស់ យើងមិនបានធ្វើអ្វីឡើយ។ យើងអាចចូលទៅជិតព្រះបាន ដោយសារតែព្រះយេស៊ូវ តែមួយ គត់។ ព្រះយេស៊ូវបានធ្វើអ្វីគ្រប់យ៉ាងដែលសេចក្តីសញ្ញាបានប្រាប់ថា ចាំបាច់ត្រូវតែធ្វើអោយសម្រេច ដើម្បីអោយព្រះអាចអត់ឱនទោសអោយយើងបានដោយសេរី។

លោកប៉ុលបានមានប្រសាសន៍ថា សេចក្តីសញ្ញាចាស់បានចាប់ផ្តើមឡើង នៅពេលដែលរឿង ទាំង២នេះបានកើតឡើង៖ (១) រោងឧបោសថនៃការប្រជុំត្រូវបានសាងសង់ឡើង។ (២) ពួកសង្ឃក៏ត្រូវ បានញែកចេញពីសាសន៍អ៊ីស្រាអែលនៅសេសសល់ ដើម្បីបម្រើព្រះ (ហេព្រើរ ៩៖១៨-២១; សូមប្រៀប ធៀបជាមួយនឹងបទគម្ពីរនិក្ខមនំ ៤០; លេវីវិន័យ ៨, ៩)។ ព្រះបានបង្កើតសេចក្តីសញ្ញាចាស់ ដោយសារ តែទ្រង់ចង់មានទំនាក់ទំនងផ្ទាល់ខ្លួនដ៏ជិតស្និទ្ធមួយជាមួយនឹងរាស្ត្ររបស់ទ្រង់។ សេចក្តីសញ្ញាថ្មីក៏ដំណើរ ការដូចគ្នាសម្រាប់យើងផងដែរ (ហេព្រើរ ៥៖១-១០; ហេព្រើរ ៧៖១-៨៖១៣)។

ព្រះយេស៊ូវក៏បានធ្វើកិច្ចការមួយផ្សេងទៀតសម្រាប់យើង នៅពេលដែលទ្រង់បានក្លាយមកជាសម្តេចសង្ឃរបស់យើងផងដែរ។ ព្រះយេស៊ូវបានបញ្ឈប់សាតាំងមិនអោយចូលទៅស្ថានសួគ៌ ដើម្បីប្តឹងអំពីយើងនៅមុខព្រះបានទៀតឡើយ។ បទគម្ពីរសាការី ៣ បានបង្ហាញយើងអំពីរបៀបដែលសាតាំង បានចូលទៅប្តឹងព្រះអំពីលោកយ៉ូស្វេដ៏ជាសម្តេចសង្ឃ។ លោកយ៉ូស្វេគឺជារូបស័ព្ទតំណាងអោយរាស្ត្ររបស់ ព្រះ។ សាតាំងក៏បានប្តឹងលោកយ៉ូបផងដែរ (យ៉ូប ១, ២)។ ប៉ុន្តែ ព្រះបានបោះសាតាំងចេញពីស្ថានសួគ៌ ដោយសារតែព្រះយេស៊ូវបានថ្វាយដង្វាយមួយជំនួសអំពើបាបរបស់យើង (វិវរណៈ ១២៖៧-១២; សូមប្រៀបធៀបជាមួយនឹងខគម្ពីរយ៉ូហាន ១២៖៣១; យ៉ូហាន ១៦៖១១)។ ឥឡូវនេះ ព្រះយេស៊ូវកំពុងតែ ច្បាំងជំនួសយើង និងកំពុងតែសង្គ្រោះយើង។

តើសាតាំងនឹងប្តឹងព្រះអំពីយើងយ៉ាងដូចម្តេច ប្រសិនបើព្រះអនុញ្ញាតអោយវាចោទប្រកាន់យើង នោះ? តើអ្វីទៅជាសេចក្តីសង្ឃឹមរបស់លោកអ្នកតែមួយគត់?

ថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០២២

ពួកគេនឹងបានឃើញព្រះភ័ក្ត្រទ្រង់

សូមអានខគម្ពីរហេព្រើរ ១២៖២២-២៤។ លោកប៉ុលបានមានប្រសាសន៍នៅក្នុងខទាំងនេះថា «អ្នក​រាល់​គ្នា​បាន​មក​ដល់​ភ្នំ​ស៊ីយ៉ូន​វិញ ជា​ទី​ក្រុង​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ គឺ​ក្រុង​យេរូសាឡិម​នៃ​ស្ថានសួគ៌» (ហេព្រើរ ១២៖២២-២៤)។ តើលោកប៉ុលកំពុងតែមានប្រសាសន៍អំពីអ្វី?

--------------------------------------------------------

លោកប៉ុលបានមានប្រសាសន៍ថា ពួកសិស្សរបស់ព្រះយេស៊ូវបាន «មកដល់» ភ្នំស៊ីយ៉ូន។ ភ្នំស៊ីយ៉ូនគឺជាឈ្មោះមួយទៀតនៃទីក្រុងយេរូសាឡិម។ ដោយសេចក្តីជំនឿ ពួកសិស្សបានចូលមកដល់ទីក្រុងយេរូសាឡិមនៅស្ថានសួគ៌ ជាកន្លែងដែលពួកគេនឹងរស់នៅនាពេលអនាគត។ ទីក្រុងនៃស្ថានសួគ៌គឺ ជាផ្នែកមួយនៃរឿងដែលពួកគេ «មើល​មិន​ឃើញ» ប៉ុន្តែ «ដឹង​ជាក់​ថា​នឹង​បានដូច​សង្ឃឹម» តាមរយៈសេចក្តី ជំនឿ (ហេព្រើរ ១១៖១)។

ប៉ុន្តែ សេចក្តីពិតនៃព្រះគម្ពីរនេះមិនមែនជាអត្ថន័យទាំងមូលនៃខគម្ពីរហេព្រើរ ១២៖២២-២៤ នោះទេ។ យើងក៏បានមកដល់ភ្នំស៊ីយ៉ូនដែរ ដោយសារតែព្រះយេស៊ូវ។ ឥឡូវនេះ នៅស្ថានសួគ៌ ព្រះយេស៊ូវ បានប្រទានកន្លែងមួយដល់យើង ជាកន្លែងដែលយើងអាចអង្គុយជាមួយនឹងទ្រង់បាន (អេភេសូរ ២៖៥, ៦; កូឡូស ៣៖១)។ ការយាងទៅស្ថានសួគ៌របស់ព្រះយេស៊ូវមិនត្រឹមតែសេចក្តីពិតនៃព្រះគម្ពីរនោះទេ។ ការយាងទៅស្ថានសួគ៌របស់ទ្រង់នេះគឺជារឿងពិត និងជាប្រវត្តិសាស្ត្រ។ ប្រវត្តិសាស្ត្រនេះបានលើកទឹក ចិត្តដល់យើង «យើង​ត្រូវ​តែ​កាន់​ជំនឿ​ដែល​យើង​ប្រកាស​នោះ​ឲ្យ​បាន​មាំ‌មួន» (ហេព្រើរ​ ៤៖១៤, ១៦, គខប)។

ដូច្នេះ ដោយសារតែព្រះយេស៊ូវ យើងអាចរស់នៅស្ថានសួគ៌ឥឡូវនេះជាមួយនឹងព្រះ។ ជីវិត របស់យើងគួរតែបានបង្ហាញថា យើងបានជឿលើសេចក្តីពិតនៃព្រះគម្ពីរនេះ។ ដោយសារតែព្រះយេស៊ូវ យើង «ភ្លក់​ព្រះបន្ទូល​ដ៏​ល្អ​នៃ​ព្រះ និង​ឫទ្ធិបារមី​របស់​បរលោក​នាយ» (ហេព្រើរ ៦៖៤, ៥)។ ឥឡូវនេះ ព្រះយេស៊ូវគឺជាសម្តេចសង្ឃរបស់យើងនៅស្ថានសួគ៌។ «យើង​ខ្ញុំ​មាន​សេចក្តី​សង្ឃឹម​នោះ ទុក​ដូច​ជា​យុថ្កា នៃ​ព្រលឹង​ដ៏​ជាប់លាប់​មាំមួន ដែល​ចូល​ទៅ​ខាង​ក្នុង​នៃ​វាំង​នន» (ហេព្រើរ ៦៖១៩)។ ជាការពិតណាស់ យើងអាចជឿទុកចិត្តទៅលើសេចក្តីសន្យានេះបាន (ហេព្រើរ ៧៖២២)។

ព្រះមានផែនការមិនមែនសម្រាប់តែព្រះយេស៊ូវមួយអង្គប៉ុណ្ណោះទេ ប៉ុន្តែ សម្រាប់យើងគ្រប់គ្នា ដែរ។ សូមនឹកចាំអំពីរបៀបដែលយើងបាននិយាយថា នៅពេលដែលព្រះយេស៊ូវយាងទៅស្ថានសួគ៌វិញ ទ្រង់បានគោរពពិធីបុណ្យពិសេសៗទាំងអស់ត្រឹមត្រូវតាមពេលវេលា។ យើងបានឃើញអំពីរបៀបដែល ព្រះយេស៊ូវបានគោរពពិធីបុណ្យរំលង និងបុណ្យបារាំ (សូមអានការសិក្សាថ្ងៃអាទិត្យ)។ កណ្ឌគម្ពីរហេព្រើរ និងវិវរណៈបានបង្ហាញយើងថា ព្រះយេស៊ូវនឹងរក្សាពិធីបុណ្យចុងក្រោយគេនៅពេលអនាគត គឺជាពិធីបុ ណ្យបារាំ។ យើងនឹងអបអរសាទពិធីបុណ្យនេះជាមួយនឹងព្រះយេស៊ូវ នៅពេលដែលយើងនៅក្នុង «ក្រុង​១ដែល​មាន​ ឫស​ជញ្ជាំង ដែល​ព្រះ​ទ្រង់​ជា​អ្នក​គូរ ហើយ​ជា​ជាង​សង់» (ហេព្រើរ ១១៖១០, ១៣-១៦)។ទីក្រុងនេះគឺជាទីក្រុងយេរូសាឡិមថ្មីនៅស្ថានសួគ៌។ នៅទីនោះ យើងនឹងមិនសាងសង់ត្រសាលនៅក្នុងទីក្រុងតាមរបៀបដែលពួកអ៊ីស្រាអែលបានសាងសង់នៅក្នុងទីក្រុងយេរូសាឡិមចាស់នោះឡើយ។ ព្រះគឺ ជាត្រសាល​របស់យើង។ ព្រះអង្គនឹងយាងចុះពីស្ថានសួគ៌​មកកាន់ផែនដីនេះដោយផ្ទាល់។ ពេលនោះ យើងនឹងរស់នៅជាមួយនឹងទ្រង់អស់កល្បជានិច្ច (វិវរណៈ ៧៖១៥-១៧; វិវរណៈ ២១៖១-៤; វិវរណៈ ២២៖១-៥; ជនគណនា ៦៖២៤-២៦)។

ថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២

សិក្សាបន្ថែម

«ព្រះយេស៊ូវបានយាងត្រឡប់ទៅស្ថានសួគ៌វិញ។ ពួកសិស្សរបស់ទ្រង់បានដឹងថា ការ ចាកចេញរបស់ទ្រង់គឺជាសញ្ញាដែលព្រះនឹងរក្សាសេចក្តីសន្យារបស់ទ្រង់។ ព្រះនឹងចាត់ព្រះវិញ្ញាណបរិសុទ្ធ ដល់ពួកគេ។ ពួកសិស្សរបស់ព្រះយេស៊ូវត្រូវតែរង់ចាំអំណោយទាននេះ មុនពេលដែលពួកគេចាប់ផ្តើមកិច្ចការរបស់ពួកគេសម្រាប់ព្រះ។ នៅពេលព្រះយេស៊ូវយាងចូលទៅក្នុងរបងនៃស្ថានសួគ៌ ព្រះបានបង្គាប់ អោយព្រះយេស៊ូវគង់នៅលើបល្ល័ង្ករបស់ទ្រង់។ ពួកទេវតាបានឈរនៅជុំវិញបល្ល័ង្កទាំងគោរព និងសរសើរ តម្កើងទ្រង់។ ពេលនោះ ព្រះបានបង្អុរព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់មកលើពួកសិស្សរបស់ព្រះយេស៊ូវ។ ព្រះបានប្រទានព្រះវិញ្ញាណរបស់ទ្រង់យ៉ាងអនេកដល់ពួកគេ។ អំណោយទានដ៏ធំបានថ្វាយសិរីល្អដល់ ព្រះយេស៊ូវ។ សិរីល្អនេះគឺជាសិរីល្អតែមួយដែលព្រះយេស៊ូវ និងព្រះវរបិតាទ្រង់មានតាំងតែពីដើមមក ម្ល៉េះ។ អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធបានបង្ហាញពួកសិស្សថា ព្រះបានលើកព្រះយេស៊ូវអោយធ្វើ ជាសម្តេចសង្ឃ និងជាស្តេចរបស់ពួកគេ។ អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធក៏បានបង្ហាញពួកសិស្ស ថា ព្រះបានប្រគល់អ្វីៗទាំងអស់អោយព្រះយេស៊ូវគ្រប់គ្រងនៅស្ថានសួគ៌ និងនៅផែនដី . . . .»។

«ដូច្នេះ ពួកសិស្សរបស់ព្រះយេស៊ូវអាចថ្លែងអំពីទ្រង់ដោយចិត្តជឿជាក់។ ព្រះយេស៊ូវគឺជាមិត្តភក្តិ របស់ពួកគេ។ ទ្រង់ក៏ជាបងច្បងរបស់ពួកគេផងដែរ។ ព្រះយេស៊ូវបាននាំពួកសិស្សរបស់ទ្រង់អោយមាន មិត្តភាពជិតស្និទ្ធជាមួយនឹងទ្រង់ផ្ទាល់។ ឥឡូវនេះ តាមរយៈសេចក្តីជំនឿ ពួកសិស្សបានអង្គុយជាមួយនឹងព្រះយេស៊ូវនៅស្ថានសួគ៌»។ ដកស្រង់ពី Ellen G. White, The Acts of the Apostles, pages 38, 46, adapted។

សំនួរពិភាក្សា៖
  1. អ្នកសរសេរកណ្ឌគម្ពីរទំនុកដំកើងបានមានប្រសាសន៍ថា «ព្រលឹង​ទូលបង្គំ​ស្រេក​រក​ព្រះ គឺ​ព្រះ​ដ៏​មាន​ ព្រះជន្ម​រស់​នៅ តើ​ដល់​កាល​ណា​បាន​ទូលបង្គំ​នឹង​មក​ឈរ​ចំពោះ​ទ្រង់» (ទំនុកដំកើង ៤២៖២)។ តើយើង អាច «ស្រេក» ចង់ចូលទៅជិតព្រះបានដោយរបៀបណាដែរ? តើមានកត្តាអ្វីខ្លះ ដែលអាចជួយអោយយើង មានអារម្មណ៍ត្រេកអរដែលបានស្គាល់ព្រះ និងជួបជាមួយនឹងទ្រង់នោះ?

  2. សាសន៍អ៊ីស្រាអែលបានសូមអោយលោកម៉ូសេចូលទៅជួបព្រះជំនួសពួកគេ ដូច្នេះ ពួកគេមិនចាំបាច់ ទៅជួបទ្រង់ផ្ទាល់។ រឿងនេះបានបង្ហាញយើងនូវសេចក្តីពិតនៃព្រះគម្ពីរដ៏សំខាន់មួយ។ យើងត្រូវចូលទៅ ឯព្រះដោយខ្លួន​យើងផ្ទាល់។ យើងតែងតែអនុញ្ញាតអោយអ្នកដទៃសិក្សាព្រះគម្ពីរជំនួសយើង។ មនុស្ស ខ្លះក៏មានអារម្មណ៍ថា សេចក្តីអធិស្ឋានរបស់អ្នកដទៃប្រសើរជាងសេចក្តីអធិស្ឋានរបស់ពួកគេផ្ទាល់ផងដែរ។ តើហេតុអ្វីបានជាយើងជៀសវាងកំហុសទាំងនេះ? តើហេតុអ្វីបានជាយើងអាចចូលទៅឯព្រះផ្ទាល់ តាមរយៈព្រះយេស៊ូវបាន ដោយមិនចាំបាច់អោយអ្នកណាម្នាក់ទៀតចូលទៅឯព្រះជំនួសយើងនោះ?

  3. កណ្ឌគម្ពីរហេព្រើរទាំងមូលស្តីអំពីការដែលមានសេចក្តីសង្ឃឹមនៅក្នុងព្រះគុណរបស់ព្រះ។ យើងអាច ជឿជាក់បានថា ព្រះនឹងសង្គ្រោះយើង ដោយសារតែអ្វីៗគ្រប់យ៉ាងដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង។ តើហេតុអ្វីបានជាយើងត្រូវតែប្រុងប្រយ័ត្នកុំអោយមានសេចក្តីជំនឿក្លែងក្លាយអោយសោះ? មនុស្សម្នាក់ បានបង្ហាញសេចក្តីជំនឿក្លែងក្លាយ នៅពេលដែលគេបានបដិសេធមិនព្រមគោរពតាមព្រះ ហើយរំពឹងចង់ អោយព្រះបន្តប្រទានពរ និងព្រះគុណរបស់ទ្រង់ដល់ពួកគេតទៅទៀត។

រឿងខ្លី

ព្រះយេស៊ូវគឺជាស្មរបន្ទាល់ដ៏ល្អបំផុត

Jeans

ខ្ញុំប្រាថ្នាចង់ចែករំលែកដល់អ្នកដទៃអំពីព្រះ នៅពេលដែលខ្ញុំមានអាយុ១៨ឆ្នាំ។ ប៉ុន្តែ ខ្ញុំមាន ការភ័យខ្លាចជាច្រើន។ ពេលនោះ ដោយសារតែខ្ញុំត្រូវវះកាត់ ទើបខ្ញុំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅទូឡា វិញ ដែលជាទីក្រុងដែលត្រូវបើកឡានប្រហែល២ម៉ោងកន្លះពីរដ្ឋធានីមូស្គូ ប្រទេសរុស្ស៊ី។ គ្រែបីនៅក្នុង ចំណោមគ្រែទាំងប្រាំមួយនៅក្នុងបន្ទប់របស់ខ្ញុំបានរៀបចំជាស្រេច នៅពេលដែលខ្ញុំទៅដល់។ ការវះកាត់ របស់ខ្ញុំត្រូវបានគ្រោងទុកនៅថ្ងៃបន្ទាប់។ តើ​ខ្ញុំគួរតែធ្វើអ្វីខ្លះ? តើគេគួរធ្វើអ្វីខ្លះ មុនពេលវះកាត់ទៅហ្ន៎? ខ្ញុំ​បានគិតយ៉ាងដូច្នោះ។ ពេលនោះ ខ្ញុំបានបើកព្រះគម្ពីររបស់ខ្ញុំ។

ស្រ្តីម្នាក់ដែលនៅទល់មុខខ្ញុំបានសួរខ្ញុំភ្លាមៗថា «តើបងជាគ្រីស្ទាន មែនទេ?»។ ខ្ញុំបានឆ្លើយ ថា «ចាសបង»។ បន្ទាប់មក នាងចង់ដឹងថា ខ្ញុំទៅថ្វាយបង្គំនៅព្រះវិហារមួយណា។ ខ្ញុំមិនចង់អោយនាង សើចចំអកថា ខ្ញុំជាសេវេនដេយអាត់វេនទីស្ទនោះទេ។ ជនជាតិរុស្សុីជាច្រើននាក់បានកាន់តាមនិកាយគ្រីស្ទានដទៃទៀត ហើយមិនបានចាត់ទុកសេវេនដេយអាត់វេនទីស្ទជាពួកជំនុំតែមួយនោះទេ។ ដូច្នេះ ខ្ញុំបាននិយាយថា «ខ្ញុំជាប្រូតេស្តង់»។ ស្ត្រីម្នាក់នោះមិនអស់ចិត្តទាល់តែសោះ។ នាងបានសួរទៀតថា «តើបងជាសមាជិកព្រះវិហារប្រូតេស្តង់មួយណាដែរ?»។ តើខ្ញុំគួរតែនិយាយយ៉ាងម៉េចទៅ? ខ្ញុំបានឆ្លើយ ថា «ខ្ញុំជាសេវេនដេយអាត់វេនទីស្ទ»។ នាងបានឧទានឡើងថា «អូ! ខ្ញុំក៏ស្គាល់សេវេនដេយអាត់វេនទីស្ទ ដែរ ពួកគេគឺជាគ្រីស្ទានដ៏ល្អបំផុត»។

ស្ត្រីម្នាក់នោះបាននិយាយយ៉ាងក្លាហាន អំពីព្រះវិហារអាត់វេនទីស្ទ ព័ន្ធកិច្ចនៃព្រះវិហារ និងសាលកវិទ្យាល័យអាត់វេនទីស្ទសៅអូស្គី (Zaoksky) ដែលមានទីតាំងនៅក្រៅទីក្រុងទូឡា។ អ្នកជំងឺ២នាក់ផ្សេងទៀតបានស្តាប់ដោយស្ងៀមស្ងាត់។ ពួកគេមិនធ្លាប់បានឮអំពីព្រះវិហារអាត់វេនទីស្ទនោះទេ។ ស្ត្រីម្នាក់នោះបាននិយាយថា «សេវេនដេយអាត់វេនទីស្ទគឺជាគ្រីស្ទានដ៏ល្អបំផុត​ ឪពុករបស់ខ្ញុំក៏បានស្គាល់ សេវេនដេយអាត់វេនទីស្ទល្អៗប៉ុន្មាននាក់ដែរ»។

ខណៈដែលនាងកំពុងតែនិយាយនោះ គ្រូពេទ្យបានចូលមកក្នុងបន្ទប់។ គាត់មានការភ្ញាក់ផ្អើល ដោយបានឃើញនាង។​ គាត់បានសួរថា «តើនាងកំពុងតែធ្វើនៅទីនេះ?»។ នាងបានតបថា «តើលោកគ្រូ ចង់មានន័យថាម៉េច?»។ គ្រូពេទ្យបាននិយាយថា «កាលពីម្សិលមិញ ខ្ញុំបានប្រាប់នាងថា នាងអាចចេញ ពីមន្ទីរពេទ្យបានហើយតើ នាងគួរតែទៅផ្ទះវិញចុះ»។ ៣០នាទីក្រោយមក ប្តីរបស់នាងបានមកទទួល នាងទៅផ្ទះវិញ។

ព្រះបានឆ្លើយតបនឹងការអធិស្ឋានរបស់ខ្ញុំតាមរបៀបមួយដែលខ្ញុំនឹកស្មានមិនដល់។ ទ្រង់បាន បង្ហាញ អង្គទ្រង់នៅក្នុងបន្ទប់មន្ទីរពេទ្យរបស់ខ្ញុំដោយផ្ទាល់។ ព្រះបានធ្វើអ្វីៗគ្រប់យ៉ាង។ នៅទីបំផុត អ្នកជំងឺដទៃទៀតបានដឹងថា ខ្ញុំគឺជាសេវេនដេយអាត់វេនទីស្ទ ហើយក៏ដឹងទៀតថា ពួកអាត់វេនទីស្ទបាន ស្រឡាញ់ព្រះជាខ្លាំងផងដែរ។ ប្រសិនបើលោកអ្នកចង់ចែករំលែកទៅកាន់អ្នកដទៃអំពីទ្រង់នោះ ទ្រង់នឹងរៀបចំអោយ។ ទ្រង់នឹងធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់លោកអ្នក។

អំណានដង្វាយប្រចាំសប្តាហ៍

សាសន៍វ៉លដៀនសម័យទំនើប

យើងរាល់គ្នានាំយកដង្វាយ១០ហូត១ ដង្វាយសទ្ធា និងដង្វាយពិសេសមកថ្វាយដល់ព្រះអង្គដោយសារព្រះបរមគ្រូត្រាស់ហៅយើងរាល់គ្នាឲ្យធ្វើជាដៃគូនៅក្នុងបេសកកម្មចុងក្រោយរបស់ព្រះអង្គ។ ក្នុងអំឡុងព័ន្ធកិច្ចរបស់ព្រះយេស៊ូវនៅលើផែនដីនេះ មានស្ត្រីមួយក្រុមបានផ្តល់ធន​ធាន​សម្រាប់ដំណើរចុងក្រោយរបស់ព្រះអង្គនៅក្រវល់ស្រុកកាលីឡេ។ ជាលទ្ធផល ដំណាក់កាលនៃព័ន្ធកិច្ចរបស់ព្រះអង្គនេះគឺមានការលូតលាស់ក្នុងការបង្ហាត់បង្រៀន ការសំដែងព្រះចេស្តា និង​ការពង្រីកបេសកកម្ម។ ក្នុងអំឡុងដំណើរបេសកកម្មនេះ ព្រះយេស៊ូវនិងពួកសិស្សរបស់ព្រះអង្គបានធ្វើដំណើរតាមតំបន់ផ្សេងៗនៅក្រវល់ស្រុកកាលីឡេ ដែលស្ថិតនៅខាងក្រៅព្រំដែនរបស់អ៊ីស្រាអែលដូចជា ទីរ៉ុស ស៊ីដូន បេតសៃដា និងដេកាប៉ូល ព្រមទាំងទៅដល់សេសារ៉ាភីលីពផង។ នៅខាងក្រៅ​ទីក្រុងទីរ៉ុស ព្រះយេស៊ូវបានសំដែងបាដិហារ្យនៃការប្រទានពរនំប៉័ងម្តងទៀតដើម្បីចម្អែតមនុស្ស៤០០០នាក់ ដែលមិនមែនជាសាសន៍យូដា ដោយបង្ហាញអង្គទ្រង់ថាជានំប៉័ងជីវិតសម្រាប់មនុស្សគ្រប់ជាតិសាសន៍។

សព្វថ្ងៃនេះ យុវជនខ្លះកំពុងឧទ្ទិសថ្វាយជីវិតរបស់ពួកគេក្នុងការនាំយកដំណឹងល្អទៅកាន់មនុស្សដែលពិបាកនឹងចូលទៅដល់ និងក្រុមមនុស្សខ្លះដែលនៅប្រទេសនៅម្តុំមជ្ឈិមបូព៌ា។ តាមទំនៀមទម្លាប់របស់ពួកសាសន៍វ៉លដៀនក្នុងយុគកណ្តាល ពួកគេអនុវត្តសកម្មភាពជីវិតធម្មតាជាយានសម្រាប់ផ្សព្វផ្សាយដំណឹងល្អ។ អ្នកខ្លះបានចុះឈ្មោះចូលរៀននៅតាមសកលវិទ្យាល័យ។ បើ​ទោះបីជាពួកគេគឺជានិស្សិតក្តី គោលបំណងនិងការផ្តោតដំបូងរបស់ពួកគេគឺស្វែងរកឱកាសក្នុងការនាំយកសេចក្តីស្រឡាញ់និងសារដំណឹងល្អរបស់ព្រះយេស៊ូវដល់មនុស្សដែលមានវ័យស្របាលនឹងពួកគេដែរ។ សាសន៍វ៉លដៀនសម័យទំនើបម្នាក់បានសរសេរពាក្យពេចន៍ដូចតទៅនេះ៖ «ការស្ថិតនៅក្នុងប្រទេសគេគឺជារឿងដ៏លំបាក។ អ្នកបានឃ្លាតឆ្ងាយពីគ្រួសាររបស់អ្នក ស្រុកកំណើតរបស់​អ្នក និងមិត្តភ័ក្តិរបស់អ្នក។ អ្នកក៏ត្រូវរៀនរស់ជាមួយនឹងវប្បធម៌ថ្មី មនុស្សថ្មី បរិយាកាសថ្មី និងអ្វី​ផ្សេងៗទៀតដែលថ្មីៗផងដែរ»។ ប៉ុន្តែការប្តេជ្ញាចិត្តរបស់នាងនៅរឹងមាំឥតរង្គើដដែលដោយសារ «សកលវិទ្យាល័យទាំងឡាយកំពុងតែធ្វើឲ្យកិច្ចការបេសកកម្មកាន់តែអស្ចារ្យឡើង។ អ្នកអាចជួបមនុស្សទាំងឡាយដែលមានអាយុស្របាលៗនឹងអ្នក អ្នកងាយស្រួលក្នុងការចងមិត្ត ហើយអ្នកក៏មានឱកាសក្នុងការចែកចាយដំណឹងល្អជាមួយមនុស្សដែលយើងជួបប្រាស្រ័យដោយបើកចំហចេញពីចិត្តពិតៗផងដែរ។

ផ្នែកមួយនៃប្រាក់ដង្វាយ១០ហូត១ និងដង្វាយសទ្ធាគឺត្រូវបានប្រើ​សម្រាប់​ឧបត្ថម្ភគាំទ្រដល់កិច្ចការរបស់យុវជនទាំងនេះ។ តើលោកអ្នកប្រាថ្នាចង់ឲ្យព័ន្ធកិច្ចនេះ និងព័ន្ធកិច្ចដទៃៗទៀត រីកចម្រើនទៅមុខដែរឬទេ? ចូរចូលរួមថ្វាយដង្វាយ១០ហូត១ និងដង្វាយសទ្ធាជាទៀងទាត់ចាប់ពីសប្តាហ៍នេះតទៅចុះ។

សេចក្តីអំពាវនាវ៖ «យ៉ូអាន់ ជា​ប្រពន្ធ​ឃូសា មហាតលិក​ស្តេច​ហេរ៉ូឌ​១ ស៊ូសាន​១ ហើយ​ស្ត្រី​ឯ​ទៀតៗ​ជា​ច្រើន​ដែរ ដែល​យក​ទ្រព្យ​ខ្លួន​មក​ជួយ​ទ្រង់» (លូកា ៨៖៣)។

សេចក្តីអធិដ្ឋាន៖
ព្រះអម្ចាស់អើយ ទូលបង្គំយើងខ្ញុំសូមអរគុណព្រះអង្គសម្រាប់កិច្ចការរបស់បេសកជនជួរមុខទាំងនេះ។ សូមការពារថែរក្សាពួកគេ និងប្រទានពរដល់កិច្ចការបម្រើរបស់ពួកគេ។ សូមជួយយើងរាល់គ្នាកុំឲ្យខកឱកាសក្នុងការគាំទ្របេសកកម្មចុងក្រោយរបស់ព្រះអង្គឡើយ។ សូមអធិដ្ឋានក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។ ​

Powered by CAM