លោកយ៉ាកុបបានស្រុះស្រួលគ្នាជាមួយនឹងបងប្រុសរបស់គាត់។ ឥឡូវនេះ លោកយ៉ាកុបបានត្រៀមតាំងទីលំនៅនៅក្នុងទឹកដីកាណានជាស្រេច។ «កាលយ៉ាកុបបានចេញពីស្រុកប៉ាដាន់-អើរ៉ាមមក នោះគាត់ទៅដល់ស៊ីគែមនៅស្រុកកាណានដោយសុខសាន្ត ហើយក៏ដំឡើងត្រសាលនៅមុខទីក្រុងនោះ» (លោកុប្បត្តិ ៣៣៖១៨)។ ពាក្យថា «សុខសាន្ត» ប្រែមកពីពាក្យថា «ស្សាឡូម (shalom)» ជាភាសាហេព្រើរ។ នេះជាលើកទីមួយហើយដែលលោកយ៉ាកុបមានសេចក្តីសុខសាន្តនៅក្នុងដំណើរត្រឡប់មកឯស្រុកកំណើតរបស់គាត់វិញ។
លោកយ៉ាកុបបានទិញដីមួយចំនួននៅក្នុងស៊ីគែម (លោកុប្បត្តិ ៣៣៖១៩)។ នៅទីនោះ លោក យ៉ាកុបបានធ្វើអាសនាមួយ ដើម្បីបង្ហាញសេចក្តីជំនឿរបស់គាត់ចំពោះព្រះ។ លោកយ៉ាកុបបានយល់អំពី កម្រិតដែលគាត់ត្រូវពឹងផ្អែកទៅលើព្រះ។ ដូច្នេះ លោកយ៉ាកុបបានថ្វាយយញ្ញបូជា និងថ្វាយបង្គំដល់ព្រះជាច្រើនដង។
លោកយ៉ាកុប-អ៊ីស្រាអែលបានជួបនឹងបញ្ហានៅពេលដែលគាត់បានព្យាយាមតាំងទីលំនៅនៅក្នុងទឹកដីនោះ។ ទន្ទឹមគ្នានេះ លោកអ៊ីសាកក៏បានជួបនឹងបញ្ហានៅក្នុងក្រុងកេរ៉ាជាមួយនឹងស្តេចអប៊ីម៉ាឡេកផងដែរ (លោកុប្បត្តិ ២៦៖១-៣៣)។ លោកយ៉ាកុបបានខំប្រឹងព្យាយាមរស់នៅដោយសុខសាន្តជាមួយនឹង ពួកសាសន៍កាណាន។
សូមអានរឿងនៅក្នុងបទគម្ពីរលោកុប្បត្តិ ៣៤។ តើមានអ្វីកើតឡើងនៅក្នុងរឿងនេះ? តើរឿងនេះបានធ្វើអោយផែនការរបស់លោកយ៉ាកុបក្នុងការរស់នៅដោយសុខសាន្តជាមួយនឹងពួកសាសន៍កាណានបរាជ័យដោយរបៀបណា?
ក្នុងរឿងនេះ យើងបានអានអំពីស្តេចស៊ីគែមដែលបានទតឃើញនាងឌីណាដែលជាកូនស្រី របស់លោកយ៉ាកុប។ ស្តេចស៊ីគែមបានបង្ខំអោយនាងឌីណាដេកជាមួយនឹងគាត់។ ប៉ុន្តែ ក្រោយមកស្តេច ស៊ីគែមបានលង់ស្រឡាញ់នាងថែមទាំងចង់រៀបអភិសេកជាមួយនឹងនាងទៀតផង។ ទ្រង់សុខចិត្តកាត់ស្បែកអោយតែបានរៀបអភិសេកជាមួយនឹងនាង។ លោកអ្នកបានដឹងហើយថា ការកាត់ស្បែកគឺជាការ កាត់ចុងស្វាសនៃប្រដាប់ភេទបុរស។ សកម្មភាពបែបនេះគឺជាទីសំគាល់មួយនៃសេចក្តីសញ្ញារវាងព្រះ និងរាស្ត្ររបស់ទ្រង់។
ប៉ុន្តែ ពួកបងៗរបស់នាងឌីណាបានខឹងនឹងស្តេចស៊ីគែមជាខ្លាំង។ ដ្បិតព្រះបានបង្គាប់មិនអោយរាស្ត្ររបស់ទ្រង់រៀបការជាមួយនឹងសាសន៍កាណានជាដាច់ខាត (លេវីវិន័យ ១៩៖២៩)។ ដូច្នេះ លោក ស៊ីម្មាន និងលេវីបានសម្រេចចិត្តដាក់ទោសស្តេចស៊ីគែម។ ជាដំបូងលោកស៊ីម្មាន និងលោកលេវីបានសម្លាប់ពួកប្រុសៗទាំងអស់នៅក្នុងក្រុង រួចទាំងស្តេចស៊ីគែម និងបិតារបស់ទ្រង់ផងដែរ។ បន្ទាប់មក លោក ស៊ីម្មាន និងលោកលេវីក៏បានលួចយករបស់គ្រឿងគ្រប់យ៉ាងដែលមាននៅក្នុងក្រុងនោះផងដែរ (លោកុប្បត្តិ ៣៤៖២៥-២៧)។
នៅពេលដែលនាងឌីណាត្រូវបានស្តេចស៊ីគែមយកទៅដេកបង្ខូចនោះ លោកយ៉ាកុបបាននៅស្ងៀមទៅវិញ (លោកុប្បត្តិ ៣៤៖៥)។ លោកយ៉ាកុបគ្រាន់តែចង់រស់ដោយសុខសាន្តប៉ុណ្ណោះ។ ប៉ុន្តែ នៅពេលដែលលោកយ៉ាកុបបានឮអំពីអ្វីដែលកូនប្រុសទាំង២របស់គាត់បានធ្វើនោះ គាត់បានស្តីបន្ទោសអោយពួកគេដោយសារតែបញ្ហាដែលពួកគេបានបង្កឡើងអោយគាត់នៅក្នុងទឹកដីនោះ (លោកុប្បត្តិ ៣៤៖៣០)។
យើងបានឃើញចំណុចដដែលៗកើតឡើងម្តងហើយម្តងទៀត នៅក្នុងរឿងនៃកណ្ឌគម្ពីរលោកុប្បត្តិនេះ ពោលគឺ៖ ការកុហក និងការបោកបញ្ឆោត រួមទាំងសេចក្តីមេត្តា និងការអត់ឱនទោសផងដែរ។ តើចំណុចទាំងអស់នេះបានបង្ហាញប្រាប់យើងថា មនុស្សលោកមាននិស្ស័យយ៉ាងដូចម្តេចដែរ?
ថ្ងៃពុធ ទី១ ខែមិថុនា ឆ្នាំ២០២២
ការថ្វាយបង្គំព្រះក្លែងក្លាយ
សូមអានរឿងនៅក្នុងខគម្ពីរលោកុប្បត្តិ ៣៤៖៣០-៣៥៖១៥។ តើយើងអាចរៀនមេរៀនអ្វីខ្លះ អំពីការថ្វាយបង្គំចេញពីហេតុការណ៍ដែលបានកើតឡើងនៅត្រង់នេះ?
--------------------------------------------------------
លោកយ៉ាកុបបានរអ៊ូរទាំអំពីអំពើឱក្រិដ្ឋកម្មនៃកូនប្រុសទាំង២របស់គាត់ (លោកុប្បត្តិ ៣៤៖៣០) ព្រមទាំងស្តីបន្ទោសដល់ពួកគេផងដែរ (លោកុប្បត្តិ ៣៤៖៣១)។ ព្រះបានបង្គាប់អោយលោកយ៉ាកុបចាកចេញពីក្រុងស៊ីគែមត្រឡប់ទៅឯបេតអែលវិញជាប្រញាប់ ដើម្បីតាំងសេចក្តីសញ្ញាជាមួយនឹងព្រះ។ ព្រះបានបង្គាប់អោយគាត់ធ្វើអាសនាមួយនៅពេលដែលគាត់ទៅដល់ទីនោះ។
បន្ទាប់ពីបានធ្វើតាមសេចក្តីបង្គាប់របស់ព្រះរួចមក លោកយ៉ាកុបបានប្រាប់អោយក្រុមគ្រួសាររបស់គាត់បោះចោលរូបព្រះនៃពួកសាសន៍កាណានចេញ។ ពួកកូនប្រុសរបស់លោកយ៉ាកុបបានយករូបព្រះមកពីក្រុងស៊ីគែម នៅពេលពួកគេសម្លាប់ស្តេចស៊ីគែម និងរាស្ត្ររបស់ទ្រង់។ រូបព្រះទាំងនេះរួមមានទាំងរូបព្រះដែលនាងរ៉ាជែលបានលួចយកពីផ្ទះឪពុករបស់នាងផងដែរ (លោកុប្បត្តិ ៣១៖១៩, ៣២)។ ព្រះមិនអាចតាំងសេចក្តីសញ្ញាថ្មីរបស់ទ្រង់ជាមួយនឹងលោកយ៉ាកុបបានឡើយលុះត្រាតែក្រុមគ្រួសារ របស់គាត់បានកំចាត់ព្រះក្លែងក្លាយទាំងនេះចេញពីត្រសាល និងចិត្តរបស់ពួកគេជាមុនសិន។
រឿងនេះបានបង្ហាញយើងនូវសេចក្តីពិតនៃព្រះគម្ពីរដ៏សំខាន់មួយអំពីការងាកចេញពីអំពើបាប។ យើងត្រូវតែធ្វើរឿងលើសពីការសារភាពអំពើបាបរបស់យើង និងការនិយាយថា សុំទោសទៅទៀត។ យើងត្រូវតែកំចាត់ព្រះក្លែងក្លាយទាំងអស់ចេញពីចិត្តរបស់យើង។ ព្រះក្លែងក្លាយមាននៅគ្រប់ទីកន្លែង។ ប្រសិន បើយើងមិនប្រុងប្រយ័ត្ននោះទេ យើងអាចនឹងថ្វាយបង្គំរបស់អ្វីមួយជាពុំខាន មែនទេ?
ដូច្នេះ លោកយ៉ាកុបបានគោរពតាមព្រះ។ បន្ទាប់មក ព្រះបានធ្វើអោយមនុស្សនៅជុំវិញលោក យ៉ាកុបខ្លាចញញើតដល់គាត់ (លោកុប្បត្តិ ៣៥៖៥)។ គ្មានអ្នកណាម្នាក់ហ៊ានវាយប្រហារគាត់នោះឡើយ។ ឥឡូវនេះ លោកយ៉ាកុប និងក្រុមគ្រួសាររបស់គាត់បានត្រៀមខ្លួនជាស្រេច ដើម្បីថ្វាយព្រះ (លោកុប្បត្តិ ៣៥៖៦)។ រឿងនេះបានបង្ហាញយើងថា លោកយ៉ាកុប និងក្រុមគ្រួសាររបស់គាត់បានចងសម្ព័ន្ធមេត្រីជាមួយនឹងព្រះ ហើយនិងជាមួយគ្នាទៅវិញទៅមក។ លោកយ៉ាកុបបានដាក់ឈ្មោះកន្លែងដែលគាត់បាន ធ្វើអាសនានោះថា អែល-បេត-អែល។ ឈ្មោះនេះបានជួយអោយលោកយ៉ាកុបនឹកចាំពីសុបិនរបស់គាត់អំពីជណ្តើរ។ ដូច្នេះ យើងអាចឃើញថា ផ្ទៃមេឃ និងផែនដីដែលធ្លាប់តែបានកាត់ផ្តាច់ពីគ្នានោះ ឥឡូវនេះបានផ្សាភ្ជាប់ជាថ្មីម្តងទៀតហើយ។
នៅពេលនេះ ព្រះក៏បានជួយអោយលោកយ៉ាកុបនឹកចាំផងដែរថា ឈ្មោះរបស់គាត់បានប្តូរមកជាអ៊ីស្រាអែលហើយ (លោកុប្បត្តិ ៣៥៖១០)។ បន្ទាប់មក ព្រះបានប្រទានព្រះពរទ្វេដងដល់លោកយ៉ាកុប-អ៊ីស្រាអែល។ ព្រះពរទី១ ព្រះបានប្រទានដល់លោកយ៉ាកុបនូវសេចក្តីសន្យានៃការបង្កើតកូនចៅជាច្រើន។ ពួកស្តេចនឹងត្រូវប្រសូតចេញពីពូជអំបូររបស់គាត់ រួមទាំងព្រះអង្គសង្គ្រោះដែលជាស្តេចលើអស់ទាំងស្តេចផងដែរ។ ព្រះពរទី២ ព្រះបានសន្យាថានឹងប្រទានទឹកដីកាណានដល់គាត់ (លោកុប្បត្តិ ៣៥៖១២)។
នៅពេលដែលយើងស្រឡាញ់របស់អ្វីមួយជាងស្រឡាញ់ព្រះនោះ មានន័យថា យើងមានកំហុស ដោយបានថ្វាយបង្គំព្រះក្លែងក្លាយហើយ។ ការថ្វាយបង្គំព្រះក្លែងក្លាយអាចជ្រាបចូលមកក្នុងចិត្តរបស់ យើងបានដោយមិនដឹងខ្លួន។ តើយើងអាចធ្វើអ្វីបានខ្លះដើម្បីជៀសវាងនូវគ្រោះថ្នាក់មួយនេះ?
ថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា ឆ្នាំ២០២២
ការស្លាប់របស់នាងរ៉ាជែល
សូមអានរឿងអំពីលោកយ៉ាកុប និងក្រុមគ្រួសាររបស់គាត់នៅក្នុងបទគម្ពីរលោកុប្បត្តិ ១៥-២៩។ តើបញ្ហាមួយទៀតដែលលោកយ៉ាកុបបានជួបនោះគឺជាអ្វី?
--------------------------------------------------------
នៅពេលដែលលោកយ៉ាកុបបានចាកចេញពីបេតអែល រឿង៣យ៉ាងបានកើតឡើងនៅដំណាក់កាលចុងក្រោយនៃការធ្វើដំណើរត្រឡប់ទៅស្រុករបស់គាត់វិញ។ លោកបេនយ៉ាមីនដែលជាកូនប្រុសពៅរបស់គាត់បានកើតមក។ នាងរ៉ាជែលក៏បានស្លាប់នៅពេលនោះផងដែរ។ រីឯលោករូបេនដែលជាកូន ច្បងរបស់លោកយ៉ាកុប ហើយនិងនាងលេអានោះ គាត់បានដេកជាមួយប្រពន្ធ២នាក់ទៀតរបស់លោក យ៉ាកុប។ ព្រះគម្ពីរពុំបានបង្ហាញប្រាប់យើងអំពីមូលហេតុដែលនាំអោយលោករូបេនធ្វើអំពើដ៏អាក្រក់នេះឡើយ។ យើងមិនបានដឹងអំពីមូលហេតុពិតប្រាកដនោះឡើយ។
កំណើតរបស់លោកបេនយ៉ាមីនក៏មានទំនាក់ទំនងជាមួយនឹងភូមិបេថ្លេហិមផងដែរ (លោកុប្បត្តិ ៣៥៖១៩)។ ភូមិបេថ្លេហិមស្ថិតនៅព្រំប្រទល់នៃទឹកដីសន្យា។ ដូច្នេះ កំណើតរបស់លោកបេនយ៉ាមីនបានក្លាយមកជារូបស័ព្ទមួយដែលបង្ហាញយើងអំពីសេចក្តីសន្យារបស់ព្រះ សម្រាប់អនាគតនៃសាសន៍អ៊ីស្រាអែល។ ស្ត្រីដែលបានជួយសម្រាលកូនអោយនាងរ៉ាជែលនោះបានប្រាប់នាងរ៉ាជែលថា៖ «កុំខ្លាចអី» (លោកុប្បត្តិ ៣៥៖១៧)។ ពាក្យនេះក៏ជាពាក្យតែមួយដែលព្រះបានមានបន្ទូលទៅកាន់លោកអ័ប្រាហាំផងដែរ (លោកុប្បត្តិ ១៥៖១)។
លោកយ៉ាកុបបានប្តូរឈ្មោះដែលនាងរ៉ាជែលបានដាក់អោយកូនរបស់នាងមុនពេលដែលនាងផុតទៅ។ នាងរ៉ាជែលបានដាក់ឈ្មោះកូនប្រុសរបស់នាងថា បេន-អូនី ដែលមានន័យថា «កូនប្រុសនៃ ការឈឺចាប់របស់ខ្ញុំ»។ ឈ្មោះនេះបានបង្ហាញយើងអំពីការឈឺចាប់របស់នាង។ លោកយ៉ាកុបបានប្តូរឈ្មោះនេះទៅជាបេនយ៉ាមីនវិញ ដែលមានន័យថា «កូនប្រុសនៃដៃស្តាំ»។ ឈ្មោះនេះបានបង្ហាញយើងថា លោកយ៉ាកុបបានសង្ឃឹមថានឹងបានទឹកដីសន្យា ហើយនិងសន្យាដែលព្រះតាំងឡើងជាមួយនឹងសាសន៍អ៊ីស្រាអែល។
ក្នុងអំឡុងពេលនេះ លោករូបេនបានដេកជាមួយនឹងនាងប៊ីឡាដែលជាប្រពន្ធចុងរបស់លោក យ៉ាកុប។ នាងប៊ីឡាក៏ជាបាវបម្រើរបស់នាងរ៉ាជែលផងដែរ (លោកុប្បត្តិ ៣៥៖២៥; លោកុប្បត្តិ ៣០៖៣)។ ព្រះគម្ពីរបានបង្ហាញប្រាប់យើងថា «លោករូបេនរួមដំណេកជាមួយនាងប៊ីលហា ជាប្រពន្ធចុងរបស់ឪពុកខ្លួន ហើយលោកអ៊ីស្រាអែលបានដឹងរឿងនេះ» (លោកុប្បត្តិ ៣៥៖២២)។ នៅទីបំផុត លោកយ៉ាកុបបានជឿទុកចិត្តថា ព្រះនឹងរក្សាសេចក្តីសន្យារបស់ទ្រង់ ទោះបីជានៅពេលដែលក្រុមគ្រួសាររបស់គាត់បានធ្វើ រឿងដែលពួកគេមិនគួរធ្វើក៏ដោយ។ ដោយសារតែអំពីបាបដ៏អាក្រក់របស់គាត់នេះហើយ បានជាលោករូបេនមិនអាចទទួលបានព្រះពរនៃកូនច្បងបានឡើយ។
ជាការពិតណាស់ គ្រួសាររបស់លោកយ៉ាកុបសាងកំហុសជាច្រើន។ ទោះជាយ៉ាងនេះក្តី ព្រះនៅតែរក្សាសេចក្តីសន្យារបស់ទ្រង់ដល់លោកយ៉ាកុប និងក្រុមគ្រួសាររបស់គាត់ដដែល។ ឥឡូវនេះ សូមលោកអ្នកគិតអំពីភាពខុសគ្នានៃរឿងនេះនឹងទៅជាយ៉ាងណាទៅ ប្រសិនបើពួកកូនៗរបស់លោកយ៉ាកុបបានគោរពតាមព្រះវិញនោះ អ្វីៗគ្រប់យ៉ាងប្រាកដជាដំណើរការរលូនជាងនេះមែនទេ? តើជីវិតរបស់យើងនឹងដំណើរការរលូនយ៉ាងណាទៅ ប្រសិនបើយើងយល់ព្រមធ្វើកិច្ចការជាមួយនឹងព្រះ ហើយនិងមិនប្រឆាំងនឹងទ្រង់នោះ?
ថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០២២
សិក្សាបន្ថែម
«សូមអាន Ellen G. White, “The Night of Wrestling,” pages 195-203, in Patriarchs and Prophets។
«លោកយ៉ាកុបបានចំបាប់ជាមួយនឹងព្រះពេញមួយយប់។ បទពិសោធន៍នៃការឈឺចាប់នេះបានបង្ហាញយើងអំពីការសាកល្បងដ៏អាក្រក់មួយដែលរាស្ត្ររបស់ព្រះនឹងត្រូវទទួលមុនការយាងមក ជាលើកទី២ . . . . រាស្ត្ររបស់ព្រះនឹងច្បាំងទាស់នឹងអំណាចនៃអំពើអាក្រក់។ ពួកគេនឹងទទួលបានបទពិសោធន៍ដូចជាលោកយ៉ាកុបដែរនៅក្នុងការប្រយុទ្ធជាលើកចុងក្រោយ។ ព្រះនឹងប្រទានការសាកល្បងខាងឯសេចក្តីជំនឿមួយដល់ពួកគេ។ ការសាកល្បងនេះនឹងបង្ហាញគ្រប់គ្នាថា រាស្ត្ររបស់ទ្រង់មានការអត់ធ្មត់ជាទីបំផុត។ ការសាកល្បងនេះក៏នឹងបង្ហាញគ្រប់គ្នាអំពីទំហំនៃការជឿទុកចិត្តពីសំណាក់រាស្ត្ររបស់ទ្រង់ចំពោះទ្រង់ក្នុងការសង្គ្រោះពួកគេផងដែរ។ សាតាំងនឹងធ្វើអោយពួកគេមានអារម្មណ៍ថា ពួកគេគ្មានឱកាសបានសង្គ្រោះនោះឡើយ។ វានឹងប្រាប់ពួកគេថា អំពើបាបរបស់ពួកគេអាក្រក់ជាទីបំផុត។ ដូច្នេះ ព្រះនឹងមិនអត់ឱនទោសអោយពួកគេឡើយ។ រាស្ត្ររបស់ព្រះនឹងបានឃើញអំពីទំហំដែលពួកគេបានធ្វើអោយព្រះខកព្រះទ័យកាលពីមុនផងដែរ។ ពួកគេនឹងបានឃើញកំហុសទាំងអស់របស់ពួកគេ។ ខណៈពេលដែលពួកគេកំពុងតែគិតអំពីអតីកាលរបស់ពួកគេនោះ សេចក្តីសង្ឃឹមរបស់ពួកគេក៏នឹងផុតរលត់ទៅដែរ។ ពេលនោះ ពួកគេបាននឹកចាំអំពីសេចក្តីមេត្តារបស់ព្រះ។ រាស្ត្ររបស់ព្រះក៏បាននឹកចាំថា ពួកគេបានបែរចេញពីអំពើបាបរបស់ពួកគេផងដែរ។ ពួកគេនឹងទូលសូមអោយព្រះរក្សាសេចក្តីសន្យារបស់ទ្រង់ចំពោះពួកគេតាមរយៈព្រះយេស៊ូវ។ សេចក្តីសន្យាទាំងនេះគឺសម្រាប់ពួកបាបជនគ្មានសង្ឃឹមដែលបានសារភាពអំពើបាបរបស់ពួកគេ។ បន្ទាប់មក សេចក្តីជំនឿនៃរាស្ត្ររបស់ព្រះនឹងមិនបរាជ័យទៀតឡើយ នៅពេលដែលព្រះពុំទាន់បានឆ្លើយតបទៅនឹងសេចក្តីសន្យារបស់ពួកគេភ្លាមៗ។ ពួកគេនឹងតោង ជាប់ទៅនឹងព្រះចេស្តារបស់ព្រះ ដូចជាលោកយ៉ាកុបបានតោងជាប់ទៅនឹងទេវតាយ៉ាងដូច្នោះដែរ។ ពេលនោះ រាស្ត្ររបស់ព្រះនឹងនិយាយទាំងអស់គ្នាថា «ខ្ញុំមិនឲ្យលោកទៅទេទាល់តែបានឲ្យពរដល់ខ្ញុំសិន» (លោកុប្បត្តិ ៣២៖២៦) . . . .។
«ប្រវត្តិរបស់លោកយ៉ាកុបបានផ្តល់ក្តីសង្ឃឹមដល់យើង។ ព្រះនឹងមិនបែរចេញពីអ្នកណាដែលបានធ្វើបាប ហើយត្រឡប់មកឯទ្រង់វិញដោយចិត្តសោកស្តាយនោះឡើយ។ ការចុះចាញ់ និងសេចក្តីជំនឿរបស់លោកយ៉ាកុបបានធ្វើអោយគាត់ទទួលបាននូវអ្វីដែលគាត់បរាជ័យដោយការប្រើកម្លាំងរបស់គាត់ផ្ទាល់នោះមកវិញ។ លោកយ៉ាកុបបានជឿទុកចិត្តទៅលើព្រះ មិនមែនជឿទុកចិត្តទៅលើខ្លួនឯងទៀតឡើយ។ ព្រះបានបង្រៀនអ្នកបម្រើរបស់ទ្រង់ថា មានតែអំណាច និងសេចក្តីមេត្តារបស់ទ្រង់ប៉ុណ្ណោះ ដែលអាចធ្វើអោយគាត់ទទួលបាននូវអ្វីដែលគាត់ចង់បានជាទីបំផុត។ យើងក៏ដូចគ្នាដែរនៅក្នុងសម័យចុងក្រោយនេះ។ គ្រោះថ្នាក់តែងតែនៅជំុវិញយើងជានិច្ច ហើយវាក៏អាចធ្វើអោយយើងមានអារម្មណ៍សោកស្តាយផងដែរ។ ដូច្នេះ យើងត្រូវតែពឹងផ្អែកទាំងស្រុងទៅលើសេចក្តីជំនឿ និងសេចក្តីសន្យារបស់ព្រះយេស៊ូវ។ យើងមិនអាចធ្វើអ្វី ដើម្បីអោយខ្លួនយើងបានសង្គ្រោះនោះឡើយ»។ ដកស្រង់ពី Ellen G. White, Patriarchs and Prophets, pages 201-203, adapted។
សំនួរពិភាក្សា៖
- តើបទពិសោធន៍របស់លោកយ៉ាកុបបានបង្ហាញយើងយ៉ាងដូចម្តេច អំពីសេចក្តីពិតនៃព្រះគម្ពីរដែលបានសំដែងថា៖ «ដ្បិតកាលណាខ្ញុំខ្សោយ នោះខ្ញុំមានកម្លាំងយ៉ាងចំណានវិញ» (កូរិនថូសទី២ ១២៖១០)?
- តើព្រះក្លែងក្លាយដែលយើងកំពុងតែថ្វាយបង្គំសព្វថ្ងៃនេះគឺជាអ្វីខ្លះ? តើយើងអាចប្រាកដបានថា យើងកំពុងតែថ្វាយបង្គំព្រះតែមួយព្រះអង្គគត់ដោយរបៀបណា?
រឿងខ្លី
ការឆ្លើយតបទ្វេដងចំពោះសេចក្តីអធិស្ឋាន
សិស្សទេវវិទ្យាឆ្នាំទី១ម្នាក់បានរត់ចូលទៅក្នុងបន្ទប់ថ្វាយបង្គំនៅសាកលវិទ្យាល័យអាត់វេនទីស្ទ ហ្សាកស្គី (Zaoksky) នៃទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។ គាត់បានលុតជង្គង់អធិស្ឋានថា «ឱព្រះអម្ចាស់អើយ ហេតុអ្វីបានជាទ្រង់ប្រទានពរដល់ទូលបង្គំយ៉ាងដូច្នេះ? ដ្បិតទូលបង្គំជាមនុស្សមានបាបជាទីបំផុត»។
លោកវ៉ាឌីន អាន់យូស្ស៊ីន (Vadim Antyushin) អាយុ២០ឆ្នាំបានមានអារម្មណ៍ថា គាត់មិនស័ក្តិសមនឺងទទួលព្រះពររបស់ព្រះទាល់តែសោះ។ គាត់មានអារម្មណ៍ថា គាត់មិនស័ក្តិសមនឹងទទួល បានការសិក្សានៅឯសាកលវិទ្យាល័យអាត់វេនទីស្ទហ្សាកស្គីនេះ ហើយនិងការត្រាស់ហៅអោយធ្វើជាគ្រូគង្វាលអាត់វេនទីស្ទនោះឡើយ។ គាត់បានចាប់ផ្តើមថ្នាក់ត្រីមាសទី១របស់គាត់ តែមុននេះបន្តិច គាត់បានទទួលអំណោយជាប្រាក់១០០ដុល្លារដោយមិនបានរំពឹងទុក។ អំណោយនេះគឺជាព្រះពរបន្ថែមទៀតសម្រាប់គាត់។ លោកវ៉ាឌីនបានអធិស្ឋានថា «ឱព្រះអម្ចាស់អើយ ទូលបង្គំមិនស័ក្តិសមនឹងទទួលប្រាក់នេះទេ ពីព្រោះព្រះអង្គបានផ្គត់ផ្គង់តម្រូវការទាំងអស់របស់ទូលបង្គំរួចទៅហើយ ហើយទូលបង្គំក៏មិនត្រូវការអ្វីទៀតដែរ ដូច្នេះ សូមទ្រង់បង្គាប់មកទូលបង្គំចុះ ថាគួរធ្វើយ៉ាងណាជាមួយនឹងប្រាក់នេះ»។ លោក វ៉ាឌីនបានប្តូរប្រាប់ពីដុល្លារទៅជាប្រាក់រូពីរុស្ស៊ីវិញ។ បន្ទាប់ដកសម្រាប់តង្វាយ១០ហូត១រួចរាល់ហើយ គាត់នៅសល់ប្រាក់៦០០០រូពីទៀត។ លោកវ៉ាឌីនបានចូលរួមជាមួយនឹងសិស្សមួយក្រុម ដែលតែងតែជួបជុំគ្នាអធិស្ឋានមួយអាទិត្យម្តង។ ពីរបីថ្ងៃក្រោយមក គាត់បានឮសិស្សម្នាក់សំណូមពរអោយអធិស្ឋាន សម្រាប់ស្ថានភាពថរិកាបង់ថ្លៃការសិក្សារបស់គាត់។ លោកវ៉ាឌីនបានស្តាប់ដោយស្ងៀមស្ងាត់។ គាត់មិន បានស្គាល់សិស្សម្នាក់នោះឡើយ ហើយគាត់ក៏មិនដឹងថា សិស្សម្នាក់នោះត្រូវការថវិកាបង់ថ្លៃការសិក្សា ប៉ុន្មាននោះដែរ។ នៅយប់នោះ លោកវ៉ាឌីនបានត្រឡប់ទៅកាន់បន្ទប់ថ្វាយបង្គំម្តងទៀត ដើម្បីអធិស្ឋាន។ គាត់បានអធិស្ឋានថា «ឱព្រះអម្ចាស់អើយ ខ្ញុំមានបំណងចង់ប្រគល់ប្រាក់នេះទៅអោយមិត្តរួមថ្នាក់របស់ខ្ញុំ សូមទ្រង់ប្រទានពរដល់ផែនការនេះទៅតាមព្រះហឫទ័យទ្រង់ចុះ»។ នៅថ្ងៃបន្ទាប់ លោកវ៉ាឌីនបានហៅមិត្តរួមថ្នាក់របស់គាត់និយាយស្ងាត់ៗតែ២នាក់។ គាត់បានសួរមិត្តរួមថ្នាក់នោះថា «តើអ្នកត្រូវការប្រាក់ប៉ុន្មានទៀតសម្រាប់ការសិក្សារបស់អ្នកនោះ?»។ មិត្តរួមថ្នាក់បានតបទៅវិញថា «ខ្ញុំត្រូវការ៦០០០ រូពីទៀត»។ លោកវ៉ាឌីនបានដឹងថា ព្រះបានឆ្លើយតបទៅនឹងការអធិស្ឋានរបស់គាត់ហើយ។ មិនត្រឹមតែប៉ុណ្ណឹង ព្រះក៏បានឆ្លើយតបចំពោះការអធិស្ឋាននៃមិត្តរួមថ្នាក់របស់គាត់ផងដែរ។ លោកវ៉ាឌីនបានប្រគល់ប្រាក់៦០០០រូពីដោយក្តីអំណរទៅអោយមិត្តរួមថ្នាក់ដ៏គួរអោយភ្ញាក់ផ្អើលរបស់គាត់នោះ។ អ្នកទាំង២ក៏បានឱបគ្នាផងដែរ។ ២ឆ្នាំក្រោយមក មិត្តរួមថ្នាក់ម្នាក់នោះបានក្លាយទៅជាមិត្តជិតស្និទ្ធម្នាក់របស់លោក វ៉ាឌីន។ លោកវ៉ាឌីនបាននិយាយនៅក្នុងបទសម្ភាសន៍ថា «គាត់ ហើយនិងខ្ញុំបានឆ្លងកាត់រឿងជាច្រើនរួមគ្នា ហើយគាត់ក៏បានជួយខ្ញុំច្រើនណាស់ដែរ។ សូមអរព្រះគុណដល់ព្រះដែលបានអនុញ្ញាតអោយខ្ញុំបានស្គាល់មិត្តភក្តិដ៏ល្អម្នាក់នេះ។ សូមអរព្រះគុណដល់ព្រះដែលបានបំពេញនូវរាល់តម្រូវការរបស់ពួកយើងមុនពេលដែលយើងដឹងថា តម្រូវការរបស់យើងគឺជាអ្វីទៅទៀត។ ដ្បិតទ្រង់ជ្រាបអំពីអ្វីដែលទ្រង់គួរអោយ និងត្រូវអោយតាមអ្នកណាមុនពេលដែលយើងទូលសូមដល់ទ្រង់ទៅទៀត។ អ្វីដែលសំខាន់នោះគឺថា គ្រាន់តែជឿទុកចិត្តទៅលើទ្រង់ប៉ុណ្ណោះ»។ «ហើយឲ្យបានស្គាល់សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទដ៏រកគិតមិនយល់ ប្រយោជន៍ឲ្យអ្នករាល់គ្នាបានពេញដល់គ្រប់ទាំងសេចក្តីពោរពេញរបស់ផងព្រះ ឯព្រះដែលទ្រង់អាចនឹងធ្វើហួសសន្ធឹកលើសជាងអស់ទាំងសេចក្តីដែលយើងសូម ឬគិតក្តី តាមព្រះចេស្តាដែលបណ្តាលក្នុងយើងរាល់គ្នា» (អេភេសូរ៣៖១៩, ២០)។
អំណានដង្វាយប្រចាំសប្តាហ៍
ការការពារទាស់នឹងឧបាយកលនៃក្រុងបាប៊ីឡូន
យើងបានថ្វាយបង្គំព្រះជាមួយនឹងធនធានរបស់យើង ពីព្រោះរបស់ទាំងនេះគឺជារនាំង ការពាររបស់ព្រះទាស់នឹងមេបញ្ឆោត។ ព្រះគម្ពីរបានសំដែងថា ក្រុងបាប៊ីឡូនគឺជាបញ្ហាដ៏ធំបំផុតចំពោះរាស្ត្ររបស់ព្រះ។ ការដែលបម្រីស្រាទំពាំងបាយជូរបស់ពួកហោរានៃក្រុងបាប៊ីឡូន បានបង្ហាញអំពីគោលគំនិតនៃការបោកបញ្ឆោត (សុភាសិត ២០៖១)។ សេចក្តីបោកបញ្ឆោតចុងក្រោយមួយនៃក្រុងបាប៊ីឡូននោះ គឺជាការបង្ហាញខ្លួនវាថា ជាប្រភពនៃភាពរុងរឿងខាងឯសេដ្ឋកិច្ច។ ឧបាយកលនេះដំណើរការទៅយ៉ាងរលូន ដោយសារតែវាអន្ទងចំណាប់អារម្មណ៍ ធម្មជាតិរបស់យើងទៅឯទ្រព្យសម្បត្តិ។ តើយើងមិនមែនជាជំនាន់នៃ «អ្នកស្រឡាញ់ប្រាក់» ទេឬអី? (ធីម៉ូថេទី២ ៣៖២)។ តើយើងអាចទប់ទល់ទៅនឹងការបោកបញ្ឆោតនៃក្រុងបាប៊ីឡូននេះយ៉ាងដូចម្តេចទៅ?
យើងអាចរៀនមេរៀនមួយចេញពីសត្វកំប្រុកបាន។ សត្វដែលមានរោមស្រមូវ និងគួរអោយស្រឡាញ់នេះតែងតែរត់លេងនៅឯទីធ្លាខាងក្រោយរបស់លោកអ្នក ប៉ុន្តែ ពួកវាតែងតែប្រយ័ត្នខ្លួនមិនអោយមកងាកនឹងលោកអ្នកនោះឡើយ ហើយនៅពេលដែលលោកអ្នកទៅជិតពួកវានោះ ពួកវានឹងរត់ចេញភ្លាម។ ទោះជាយ៉ាងនេះក៏ដោយ នៅពេលដែលពួកវាផ្លែអូក ដែលជាចំណីរបស់វាហៀបនឹងអស់ទៅនោះ ពួកវានឹងចូលមកជិតលោកអ្នក នៅពេលដែលលោកអ្នកអោយផ្លែណាត់ដល់ពួកវា។ តម្រូវការខាងឯអាហាររបស់ពួកវាបាននាំពួកវាអោយកាត់បន្ថយមេកានិចការពាររបស់ពួកវា។ ឧបាយកលដ៏មានប្រសិទ្ធភាពក៏មានដំណើរដូចគ្នា យ៉ាងដូច្នេះដែរគឺថា៖ ពួកវាបានអន្ទងរកបំណងនៃតម្រូវការ។ នៅពេលដែលអ្នកណាម្នាក់ជួប ប្រទះនឹងវិបត្តិហិរញ្ញវត្ថុនោះ មធ្យោបាយដើម្បីខ្លួនអាចទទួលបានប្រាក់ នឹងក្លាយទៅជាការទាក់ទាញដ៏ធំបំផុតមួយ។ ការអនុវត្តតង្វាយ១០ហូត១ តង្វាយជាប្រព័ន្ធ និងការបរិច្ចាគបានជួយអោយយើងនឹកចាំជានិច្ចថា ព្រះគឺជាប្រភពនៃទ្រព្យសម្បត្តិដ៏ពិត (ចោទិយកថា ៨៖១៨)។ ដូច្នេះ យើងមិនចាំបាច់ធ្វើតាមគម្រោងនៃឧបាយកលរបស់ពួកបាប៊ីឡូន ដើម្បីអោយបានអ្វីដែលយើងត្រូវនោះឡើយ។ លើសពីនេះទៅទៀតនោះ ការចង់បានទ្រព្យសម្បត្តិនឹងត្រូវបាត់បង់ឥទ្ធិពលរបស់វានៅពេលដែលយើងបានថ្លែងអំណរគុណចំពោះអ្វីដែលយើងបានទទួលនោះ។ អ្នកស្រីអែល្លីន ជីវ៉ៃត៍បានសរសេរថា៖ «ការបដិសេធខ្លួនឯងដោយសេចក្តីសប្បុរសជាប្រចាំនោះ គឺជាឱសថរបស់ព្រះសម្រាប់បំផ្លាញអំពើបាបនៃភាពអាត្មានិយម និងភាពលោភលន់» (ដកស្រង់ពី Testimonies to the Churches, vol.3, p.548)។ យើងត្រូវបានត្រាស់ហៅ អោយចេញពីក្រុងបាប៊ីឡូន។ ការចាកចេញនេះរួមទាំងការបដិសេធឧបាយកលនៃក្រុងបាប៊ីឡូន ខាងឯបញ្ហាហិរញ្ញវត្ថុផងដែរ។ តើការដែលលះបង់ឧបករណ៍ការពារខ្លួនដែលព្រះបានប្រទានដល់យើងនោះ គឺជាការធ្វេសប្រហែសដែរឬទេ? សប្តាហ៍នេះ យើងអាចទប់ទល់ជាមួយនឹងក្រុង បាប៊ីឡូនបាន តាមរយៈតង្វាយ១០ហូត១ និងតង្វាយសទ្ធាតាមសេចក្តីសន្យា។
សេចក្តីអំពាវនាវ៖ «ពីព្រោះគ្រប់ទាំងសាសន៍បានផឹកស្រារបស់សេចក្តីឃោរឃៅផងសេចក្តី កំផិតវា ពួកស្តេចនៅផែនដីបានសហាយស្មន់នឹងវា ហើយពួកជំនួញនៅផែនដីបានត្រឡប់ជាមានឡើង ដោយអំណាចនៃការហ៊ឺហាររបស់វាដែរ» (វិវរណៈ ១៨៖៣)។
សេចក្តីអធិដ្ឋាន៖
ឱព្រះអម្ចាស់អើយ ទូលបង្គំយើងខ្ញុំកំពុងតែប្រឈមមុខជាមួយនឹងសេចក្តីល្បួងគ្រប់បែបយ៉ាង ដើម្បីសម្រួលនៅក្នុងបញ្ហាខាងឯសេចក្តីជំនឿ។ ទូលបង្គំយើងខ្ញុំសូមអរព្រះគុណ ទ្រង់ចំពោះការណែនាំរបស់ទ្រង់ដែលបានផ្តល់មកសម្រាប់ជាខែលការពារដល់ទូលបង្គំយើងខ្ញុំ។