មេរៀនទី១០​៖ ២៧សីហា-២កញ្ញា ២០២២

ចិត្តដែលគ្មានអំនួត

Jeans
ថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០២២
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ អេសេគាល ២៤៖១៥-២៧; និក្ខមនំ ៣២៖១-១៤; ម៉ាថាយ ៥៖៤៣-៤៨; ពេត្រុសទី១ ២៖១៨-២៥; ទំនុកដំកើង ៦២៖១-៨។

ខចងចាំ៖ «មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្លូតត្រង់ ដ្បិត​អ្នក​ទាំង​នោះ​នឹង​គ្រង​ផែនដី​ជា​មរដក» (ម៉ាថាយ ៥៖៥)។

តើលោកអ្នកបានសង្កេតឃើញថា មនុស្សសព្វថ្ងៃនេះមិនសូវប្រើពាក្យ «បន្ទាប» ច្រើន នៅ ក្នុងការសន្ទនាដែរឬទេ? មូលហេតុមិនពិបាករកនឹកនោះទេ។ ពាក្យ «បន្ទាប» មានន័យថា «មិនមាន អារម្មណ៍ថា លោកអ្នកប្រសើរជាងអ្នកដទៃ»។ ពាក្យនេះក៏មានន័យថា «មិនចង់ឈ្លោះជាមួយនឹងអ្នក ដទៃ» និង «មានចិត្តស្ងប់សុខ និងសេចក្តីស្រឡាញ់» ផងដែរ។ គ្មានចម្ងល់ឡើយ ដែលយើងមិនបាន ឮពាក្យ «បន្ទាប» នេះជាញឹកញាប់នោះ។ សព្វថ្ងៃនេះ មនុស្សជាច្រើនមិនគោរពអ្នកដែលមានចិត្តរាប ទាបនោះឡើយ។ ពេលខ្លះ អ្នកសរសេរព្រះគម្ពីរបានប្រើពាក្យ «បន្ទាប» នេះថា ជា «ការអត់ធ្មត់»។ មនុស្សអត់ធ្មត់គឺជាមនុស្សដែលប្រកបដោយភាពស្ងៀមស្ងាត់ សេចក្តីស្រឡាញ់ និងតែងត្រូវត្រៀមខ្លួន ជាស្រេច ដើម្បីជួយដល់អ្នកដទៃ។ ជាថ្មីម្តងទៀត នៅសព្វថ្ងៃនេះ យើងមិនសូវបានឃើញមនុស្សបន្ទាប ខ្លួនដើរនៅជុំវិញយើងនោះឡើយ។​

មនុស្សបន្ទាបខ្លួនគឺជាមនុស្សដែលអត់ធ្មត់បំផុត នៅពេលដែលអ្នកដទៃធ្វើបាបពួកគេ។ មនុស្ស បន្ទាបខ្លួនមិនច្រឡោតឡើយ។​ពួកគេក៏មិនខឹងចំពោះមនុស្សដែលធ្វើខុសដាក់ពួកគេនោះដែរ។ មនុស្ស បន្ទាបខ្លួនមិនប្រាថ្នាចង់សងសឹងអ្នកដទៃដែលធ្វើបាបពួកគេនោះទេ។ ព្រះយេស៊ូវបានបន្ទាបព្រះអង្គ ទ្រង់ និងអត់ធ្មត់ជាទីបំផុត។ ពួកសិស្សរបស់ទ្រង់បានរៀនធ្វើតាមទ្រង់។ ការបន្ទាបខ្លួនក៏អាចជាអាវុធ ដ៏មានអំណាចមួយផងដែរ។ អាវុធនេះអាចជួយអោយយើងប្រឆាំងទាស់នឹងការឈឺចាប់ដែលចេញពី សេចក្តីវេទនាបាន។ សេចក្តីវេទនា និងបញ្ហារបស់យើងគឺជាបទពិសោធន៍ដ៏ល្អមួយ សម្រាប់ការស្វែង យល់អំពីរបៀបទទួលបានចិត្តរាបទាប និងចិត្តអត់ធ្មត់។ ចិត្តដែលគ្មានអំនួត និងជីវិតនៃការបន្ទាបខ្លួន ក៏អាចជាវិធីដ៏មានអំណាចមួយ ក្នុងការបង្ហាញព្រះយេស៊ូវទៅកាន់អ្នកដទៃផងដែរ។

ថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០២២

នំប័ុងដែលបានកាច់ និងស្រាទំពាំងបាយជូរដែលបានចាក់

លោកអូសស្វដ ឆាំបឺរ (Osward Chambers) បានសរសេរថា យើងត្រូវតែក្លាយទៅជា «នំបុ័ង ដែលបានកាច់ និងស្រាទំពាំងបាយជូរ» សម្រាប់មនុស្សដទៃទៀត។ តើលោកអ្នកគិតថា លោកអូសស្វដ ឆាំបឺរចង់មានន័យយ៉ាងណាដែរ តាមរយៈរូបស័ព្ទនេះ?

--------------------------------------------------------

យើងអាចអានរឿងអំពីពួកមនុស្ស «អស់សង្ឃឹម» នៅក្នុងព្រះគម្ពីរទាំងមូល។ ព្រះបានអនុញ្ញាត អោយពួកមនុស្សទាំងនេះក្លាយទៅជា «អស់សង្ឃឹម» នៅក្នុងចិត្ត និងវិញ្ញាណរបស់ពួកគេ ដើម្បីអោយពួកគេអាចបម្រើអ្នកដទៃបានល្អប្រសើរ។ លោកម៉ូសេគឺជាគំរូមួយ។ ពួកសាសន៍អ៊ីស្រាអែលបាននិយាយ អាក្រក់អំពីលោកម៉ូសេ កាលដែលគាត់ជាមេដឹកនាំរបស់ពួកគេ។ ប៉ុន្តែ លោកម៉ូសេមិនបានអនុញ្ញាតអោយ ពាក្យរបស់ពួកគេរារាំងគាត់ចេញពីការដឹកនាំរាស្ត្ររបស់ព្រះទៅកាន់ទឹកដីសន្យានោះឡើយ។ លោកយ៉ូសែប ត្រូវបានពួកបងៗលក់ជាទាសករ ហើយក្រោយមកទៀត ក៏ត្រូវបានគេចាប់ដាក់គុកផងដែរ។ បន្ទាប់មក គាត់បានក្លាយទៅជាមេដឹកនាំដ៏មានអំណាចបំផុតលំដាប់ទី២នៅក្នុងស្រុកអេស៊ីព្ទ។ ព្រះបានអនុញ្ញាតអោយរឿងអាក្រក់ៗកើតឡើងចំពោះលោកម៉ូសេ និងលោកយ៉ូសែប។ ព្រះបានប្រើបញ្ហារបស់ពួកគេ ដើម្បី បង្ហាញអ្នកដទៃអំពីសេចក្តីស្រឡាញ់របស់ទ្រង់។ ព្រះក៏បានប្រើបញ្ហាទាំងនេះ ដើម្បីប្រទានពរដល់លោក ម៉ូសេ លោកយ៉ូសែប និងរាស្ត្ររបស់ទ្រង់ផងដែរ។ ព្រះក៏អាចប្រើយើងតាមរបៀបដូចគ្នានេះដែរ។ ជាការ ពិតណាស់ យើងអាចមានអារម្មណ៍ខឹង ឬឈឺចាប់ នៅពេលដែលរឿងអាក្រក់ៗបានកើតឡើង។ ប៉ុន្តែ យើងបានឃើញមេរៀនកាលពីម្សិលមិញរួចមកហើយថា យើងត្រូវតែអត់ធ្មត់។ យើងត្រូវតែមានចិត្តមួយ ដែលគ្មានអំនួត។ នៅពេលនោះ យើងនឹងអាចបម្រើព្រះ និងធ្វើជាព្រះពរដល់អ្នកដទៃនៅជុំវិញយើងបាន ខណៈពេលដែលយើងកំពុងតែរងទុក្ខ។

សូមអានខគម្ពីរអេសេគាល ២៤៖១៥-២៧។ តើមានអ្វីកើតឡើង នៅក្នុងខទាំងនេះ? តើហេតុអ្វី បានជាព្រះប្រទានការសាកល្បងនេះដល់អេសេគាល?

--------------------------------------------------------

ក្នុងខគម្ពីរអេសេគាល ២៤៖២៤ ព្រះបានមានបន្ទូលថា «អេសេគាល​នឹង​ធ្វើ​ជា​ទី​សំគាល់ ដល់ ​ឯង​រាល់​គ្នា​យ៉ាង​នោះ​ឯង ឯង​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​ទាំង​ការ​ដែល​គាត់​បាន​ធ្វើ​នោះ​ដែរ កាល​ណា​ការ​នេះ​ កើត​មក នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះអម្ចាស់យេហូវ៉ា​ពិត»។ គំរូរបស់លោកអេសេគាលនឹង បង្ហាញរាស្ត្ររបស់ព្រះថា ទ្រង់បានគ្រប់គ្រងអ្វីៗគ្រប់យ៉ាងនៅស្ថានសួគ៌ និងផែនដី។ គំរូនៃសេចក្តីវេទនា របស់លោកអេសេគាលក៏នឹងបង្ហាញពួកបណ្តាជនអំពីទណ្ឌកម្មដែលពួកគេត្រូវរងទុក្ខផងដែរ។ ក៏គ្មានអ្នក ណាម្នាក់ដឹងថា តើនឹងមានមនុស្សប៉ុន្មាននាក់ ដែលនឹងសម្លឹងឃើញថា ព្រះគឺជា «ព្រះអម្ចាស់» ដោយសារ តែការរងទុក្ខរបស់យើងនោះដែរ?

មិនយូរមិនឆាប់ ជីវិតនឹងធ្វើអោយយើង «អស់សង្ឃឹម»។ តើបទពិសោធន៍នៃការ «អស់សង្ឃឹម» របស់លោកអ្នកនោះយ៉ាងដូចម្តេចដែរ? តើព្រះអម្ចាស់អាចប្រើវិញ្ញាណ «អស់សង្ឃឹម» របស់លោកអ្នក នេះ ដើម្បីជួយដល់អ្នកដទៃបានដោយរបៀបណា?

ថ្ងៃច័ន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២

ការទូលសូមនូវសេចក្តីមេត្តារបស់ព្រះ

តើលោកម៉ូសេបានធ្វើអ្វី បន្ទាប់ពីពួកសាសន៍របស់គាត់បានថ្វាយបង្គំគោមាសនោះ? សូមអាន ខគម្ពីរនិក្ខមនំ ៣២៖១-១៤ សម្រាប់ចម្លើយ។

--------------------------------------------------------

ពួកបណ្តាជនបានថ្វាយបង្គំគោមាស។ ព្រះបានសម្រេចព្រះទ័យថា ពួកបណ្តាជនបានធ្វើអំពើ បាបមួយដ៏អាក្រក់បំផុត។ ដូច្នេះ ព្រះបានប្រកាសថា ទ្រង់នឹងបំផ្លាញពួកគេ។ បន្ទាប់មក ព្រះប្រទានឱកាសអោយលោកម៉ូសេធ្វើជាឪពុកនៃសាសន៍ថ្មីមួយ។ ប៉ុន្តែ លោកម៉ូសេបានបដិសេធមិនទទួលយកការប្រទានរបស់ព្រះនោះទេ។ ផ្ទុយទៅវិញ លោកម៉ូសេបានសូមអោយព្រះអត់ឱនទោសអោយរាស្ត្ររបស់ទ្រង់។ ដូច្នេះ ព្រះបានសម្រេចព្រះទ័យថា​ មិនបំផ្លាញសាសន៍អ៊ីស្រាអែលនោះឡើយ។

ខគម្ពីរនិក្ខមនំ ៣២៖១-១៤ បានបង្ហាញយើងអំពីសេចក្តីពិតនៃព្រះគម្ពីរដ៏សំខាន់២យ៉ាង។ សេចក្តីពិតទី១ ការប្រទានឱកាស និងការប្រទានព្រះពរដល់លោកម៉ូសេ ដោយការបំផ្លាញពួកសាសន៍អ៊ីស្រាអែលនោះ គឺជាការសាកល្បងមួយ។ ព្រះគ្រាន់តែចង់អោយលោកម៉ូសេបង្ហាញអំពីទំហំនៃសេចក្តី ស្រឡាញ់ដែលគាត់មានចំពោះពួកបាបជនប៉ុណ្ណោះ។ លោកម៉ូសេបានឆ្លងផុតការសាកល្បងនេះ។ លោក ម៉ូសេបានសូមអោយព្រះបង្ហាញសេចក្តីមេត្តាដល់សាសន៍អ៊ីស្រាអែល។ ព្រះយេស៊ូវក៏បានធ្វើកិច្ចការនេះ ផងដែរ។ ផ្នែកនៃរឿងនេះបានបង្ហាញយើងអំពីចំណុចមួយដ៏គួរអោយចាប់អារម្មណ៍បំផុត គឺថា ពេលខ្លះ ព្រះអាចនឹងបណ្តោយអោយយើងរងទុក្ខ ដើម្បីអោយទេវតានៅស្ថានសួគ៌បានឃើញអំពីទំហំនៃសេចក្តីស្រឡាញ់ដែលយើងមានចំពោះពួកបាបជន។

លោកម៉ូសេបានផ្តល់ហេតុផលដល់ព្រះអម្ចាស់ថា ទ្រង់មិនគួរបំផ្លាញសាសន៍អ៊ីស្រាអែលនោះ ឡើយ។ តើហេតុផលទាំងនេះគឺជាអ្វីខ្លះ?

--------------------------------------------------------

សេចក្តីពិតទី២ ដែលខគម្ពីរនិក្ខមនំ ៣២៖១-១៤ បានបង្រៀនដល់យើងនោះ គឺថា ព្រះបានបង្ហាញយើងអំពីសេចក្តីមេត្តារបស់ទ្រង់ នៅពេលដែលយើងបានធ្វើខុស។ មនុស្សត្រូវការសេចក្តីមេត្តាជាទីបំផុត នៅពេលដែលពួកគេបានធ្វើរឿងអាក្រក់ខ្លាំងបំផុត។ ប៉ុន្តែ នោះគឺជាពេលដែលយើងមិនចង់បង្ហាញសេចក្តីមេត្តាដល់ពួកគេទាល់តែសោះ។ នៅពេលនាងម៉ារាម ដែលជាបងស្រីរបស់លោកម៉ូសេ បាននិយាយរឿងអាក្រក់អំពីគាត់នោះ តើលោកម៉ូសេបានធ្វើយ៉ាងដូចម្តេចដែរ? គាត់បានបង្ហាញសេចក្តី មេត្តាដល់នាង។ លោកម៉ូសេបានសូមអោយព្រះព្យាបាលនាងចេញពីជំងឺឃ្លង់ (លេវីវិន័យ ១២)។ នៅ ពេលដែលព្រះក្រោធនឹងលោកកូរេ រួមទាំងពួកបះបោលជាមួយនឹងគាត់នោះ ទ្រង់ចង់បំផ្លាញពួកគេជា ខ្លាំង។ តើលោកម៉ូសេបានធ្វើយ៉ាងដូចម្តេច? លោកម៉ូសេបានក្រាបមុខទៅនឹងដី ហើយទូលសូមអោយ ព្រះអនុញ្ញាតអោយលោកកូរេ និងពួកបះបោរជាមួយនឹងគាត់រស់បន្តទៀត។ នៅថ្ងៃបន្ទាប់ ពួកសាសន៍ អ៊ីស្រាអែលបានរអ៊ូរទាំទាស់នឹងលោកម៉ូសេ។ ពួកគេបានចោទប្រកាន់លោកម៉ូសេថា បានសម្លាប់លោក កូរេ និងពួកគូកនរបស់គាត់។ ជាថ្មីម្តងទៀត ព្រះចង់បំផ្លាញសាសន៍នេះចោល។ ប៉ុន្តែ តើលោកម៉ូសេបាន ធ្វើយ៉ាងដូចម្តេច? លោកម៉ូសេបានក្រាបមុខទៅនឹងដីម្តងទៀត។ គាត់បានប្រាប់លោកអើរ៉ុនអោយក្រាប មុខទៅនឹងដីភ្លាម ដើម្បីជួយដល់ពួកបណ្តាជន (លេវីវិន័យ ១៦)។ លោកម៉ូសេគឺជាមនុស្សម្នាក់ដែលគ្មាន អំនួតនៅក្នុងចិត្ត។ គាត់គឺជាមនុស្សអត់ធ្មត់ និងមិនអាត្មានិយម នៅក្នុងអំឡុងនៃការសាកល្បងដ៏លំបាកៗ។ លោកម៉ូសេបានទូលសូមសេចក្តីមេត្តាជំនួសពួកបណ្តាជនដែលបានធ្វើបាបទាស់នឹងព្រះ ហើយគួរតែ ស្លាប់។

សូមគិតអំពីមនុស្សនៅជុំវិញលោកអ្នក ដែលបានធ្វើបាបលោកអ្នកយ៉ាងខ្លាំង។ ពួកគេត្រូវការ សេចក្តីមេត្តា និងការអត់ឱនទោស។ តើលោកអ្នកអាចបង្ហាញសេចក្តីមេត្តា និងការអត់ឱនទោសរបស់ព្រះដល់ពួកគេបានដោយរបៀបណា?

ថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២

ការស្រឡាញ់មនុស្សដែលបានធ្វើបាបយើង

បុគ្គលម្នាក់បានសួរថា៖ «តើយើងស្រឡាញ់ខ្មាំងសត្រូវរបស់យើងដោយរបៀបណា? នេះគឺជា របៀបមួយ។ ឧទាហរណ៍ថា ខ្មាំងសត្រូវរបស់យើងគឺជាគុជប្រឡាក់ភក់។ ភក់គឺជារូបស័ព្ទតំណាងអោយ អ្វីៗដែលខ្មាំងសត្រូវរបស់យើងបានធ្វើបាបយើង។ តើការស្រឡាញ់ខ្មាំងសត្រូវរបស់យើងមានន័យថា យើងត្រូវស្រឡាញ់ ‘ភក់’ ដែលជាប់នឹង ‘គុជ’ នោះដែរឬទេ? ទេ មិនមែនដូច្នោះឡើយ។ ការស្រឡាញ់ ខ្មាំងសត្រូវរបស់យើងមានន័យថា យើងស្រឡាញ់ ‘គុជ’ ដែលជាប់ប្រឡាក់ ‘ភក់’ វិញទេតើ។ ព្រះមិនបាន ស្រឡាញ់យើង ដោយសារតែយើងងាយនឹងស្រឡាញ់នោះឡើយ។ ហើយយើងបានក្លាយមកជាមនុស្ស ប្រកបដោយក្តីស្រឡាញ់ ដោយសារតែព្រះទ្រង់ស្រឡាញ់យើង»។

តើលោកអ្នកបានឃើញអ្វី នៅពេលដែលលោកអ្នកក្រឡេកមើល «ខ្មាំងសត្រូវ» របស់លោក អ្នកនោះ? តើលោកអ្នកបានឃើញគុជ ឬក៏ឃើញភក់នៅជុំវិញគុជនោះ?

--------------------------------------------------------

ព្រះយេស៊ូវបានសូមអោយយើងស្រឡាញ់ខ្មាំងសត្រូវរបស់យើង ព្រមទាំងអធិស្ឋានអោយពួក គេផងដែរ។ តើព្រះយេស៊ូវបានបង្ហាញយើងនូវគំរូអ្វី ចេញពីធម្មជាតិនៅក្នុងខគម្ពីរម៉ាថាយ ៥៖៤៣-៤៨ ដែលជួយអោយយើងយល់អំពីមូលហេតុដែលយើងគួរតែស្រឡាញ់ខ្មាំងសត្រូវរបស់យើងនោះ? តើព្រះ-យេស៊ូវចង់អោយយើងរៀនអំពីសេចក្តីពិតនៃព្រះគម្ពីរអ្វី នៅត្រង់នេះ?

--------------------------------------------------------

ក្នុងខគម្ពីរម៉ាថាយ ៥៖៤៥ ព្រះយេស៊ូវបានប្រើគំរូនៃព្រះវរបិតារបស់ទ្រង់ដែលគង់នៅស្ថានសួគ៌ ដើម្បីបង្ហាញយើងអំពីរបៀបដែលយើងគួរតែស្រឡាញ់មនុស្សដែលបានធ្វើបាបយើង។ ពួកគេប្រហែលជា បានធ្វើបាបយើងយ៉ាងខ្លាំង ព្រមទាំងបានធ្វើអោយយើងឈឺចាប់យ៉ាងធ្ងន់ផងដែរ។ ព្រះយេស៊ូវបានមាន បន្ទូលថា ព្រះវរបិតារបស់ទ្រង់បានប្រទានព្រះពរនៃទឹកភ្លៀងសម្រាប់ទាំងមនុស្សល្អ និងមនុស្សអាក្រក់។ ប្រសិនបើព្រះបានប្រទានទឹកភ្លៀងដល់មនុស្សអាក្រក់មែននោះ តើយើងគួរតែធ្វើយ៉ាងដូចម្តេចដែរ ចំពោះ ពួកគេ?

ព្រះយេស៊ូវមិនបានមានបន្ទូលថា យើងគួរតែមានអារម្មណ៍រីករាយនៅក្នុងចិត្តរបស់យើងចំពោះ មនុស្សដែលបានសាងបញ្ហាអោយយើងជានិច្ចនោះឡើយ។ (ប៉ុន្តែ ព្រះអាចធ្វើអ្វីៗបានទាំងអស់ មែនទេ?)។ សេចក្តីស្រឡាញ់ចំពោះខ្មាំងសត្រូវរប​ស់យើងមិនមែនមានន័យថា ជាអារម្មណ៍ដែលយើងមានចំពោះពួក គេនោះទេ។ សេចក្តីស្រឡាញ់ចំពោះខ្មាំងសត្រូវរបស់យើងគឺជាសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ ដែលយើងបានបង្ហាញដល់ពួកគេវិញទេតើ។

ព្រះយេស៊ូវបានបញ្ចប់ព្រះបន្ទូលរបស់ទ្រង់ទាក់ទងនឹងសេចក្តីមេត្តានេះ ជាមួយនឹងពាក្យពេចន៍ ទាំងនេះថា៖ «ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ដូច​ព្រះវរបិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​ គ្រប់​លក្ខណ៍​ដែរ» (ម៉ាថាយ ៥៖៤៨)។ តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីអោយបានល្អដូចជាព្រះ? យើងត្រូវតែ បង្ហាញសេចក្តីស្រឡាញ់ដល់ខ្មាំងសត្រូវរបស់យើង ដូចជាព្រះបានបង្ហាញសេចក្តីស្រឡាញ់ដល់ខ្មាំងសត្រូវ របស់ទ្រង់យ៉ាងដូច្នោះដែរ។ នៅពេលនោះ យើងនឹងបាន «គ្រប់លក្ខណ៍» នៅក្នុងព្រះនេត្ររបស់ព្រះ។ យើងអាចស្រឡាញ់ខ្មាំងសត្រូវរបស់យើងបាន លុះត្រាតែយើងមានចិត្តបន្ទាប។ ចិត្តបន្ទាបគឺជាចិត្តដែល គ្មានអំនួត។ មនុស្សបន្ទាបខ្លួនគឺជាមនុស្សអត់ធ្មត់។ មនុស្សបន្ទាបខ្លួនមិនសងសឹកនឹងអ្នកដែលធ្វើបាបពួកគេនោះឡើយ។

តើលោកអ្នកចង់បានចិត្តបន្ទាបដែរឬទេ? តើលោកអ្នកត្រូវផ្លាស់ប្តូរអ្វីខ្លះ? សូមរៀបរាប់នូវការ ផ្លាស់ប្តូរទាំងនេះ។ ចូរទូលសូមអោយព្រះជួយដល់លោកអ្នក ដើម្បីអោយលោកអ្នកអាចស្រឡាញ់ «ខ្មាំង សត្រូវ» របស់លោកអ្នកបាន។

ថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២

មិនត្រូវនិយាយអ្វី ដើម្បីការពារខ្លួនឯងឡើយ

យើងបានរៀនរួចមកហើយថា មនុស្សបន្ទាបខ្លួនគ្មានអំនួតនៅក្នុងចិត្តរបស់ពួកគេនោះទេ។ មនុស្សបន្ទាបខ្លួនគឺជាមនុស្សអត់ធ្មត់ និងសប្បុរសចំពោះមនុស្សដែលធ្វើបាបពួកគេ។ ព្រះយេស៊ូវគឺជាគំរូ នៃមនុស្សបន្ទាបខ្លួនម្នាក់ដ៏មានអំណាចបំផុត។ ព្រះយេស៊ូវបានមានបន្ទូលថា «ចូរ​ទទួល​នឹមខ្ញុំ ហើយ​រៀន​ នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្តសុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្តី​សំរាក​ដល់​ព្រលឹង» (ម៉ាថាយ ១១៖២៩)។

សូមអានខគម្ពីរពេត្រុសទី១ ២៖១៨-២៥។ លោកពេត្រុសបានផ្តល់ដំបូន្មានដ៏គួរអោយភ្ញាក់ផ្អើលមួយចំនួនដល់ពួកគ្រីស្ទានដែលជាទាសករ។ លោកពេត្រុសបានប្រាប់ពួកគេអំពីរបៀបដែលព្រះ-យេស៊ូវបានធ្វើ នៅពេលដែលមនុស្សជេរប្រមាថទ្រង់។ ព្រះយេស៊ូវ «បាន​រង​ទុក្ខ​ជំនួស​យើង​ដែរ ទាំង​ទុក​ តម្រាប់ ឲ្យ​យើង​រាល់​គ្នា​ដើរ​តាម​លំអាន​ដាន​នៃ​ទ្រង់» (ពេត្រុសទី១ ២៖២១)។ តើយើងអាចរៀនក្បួនច្បាប់ សំខាន់ៗអ្វីបានខ្លះ ចេញពីគំរូរបស់ព្រះយេស៊ូវទាក់ទងទៅនឹងការដែលមានចិត្តបន្ទាប ខណៈពេលដែល យើងកំពុងតែរងទុក្ខនោះ?

--------------------------------------------------------

យើងមានអារម្មណ៍មិនល្អ នៅពេលដែលយើងឃើញអ្នកណាម្នាក់ធ្វើបាបអ្នកដទៃ ដោយគ្មាន ហេតុផល។​ យើងក៏កាន់តែមានអារម្មណ៍មិនល្អថែមទៀត នៅពេលដែលយើងគឺជាអ្នកដែលគេធ្វើបាបនោះ។ យើងចង់អោយរឿងគ្រប់យ៉ាងល្អប្រសើរ ពីព្រោះយើងចង់អោយមានភាពស្មើភាពនៅក្នុងជីវិតនេះ។​ ដូច្នេះ យើងបានខឹង ​នៅពេលដែលយើងឃើញការឈឺចាប់ ដែលមនុស្សគ្មានកំហុសបានទទួល រង នៅពេលដែលអ្នកដទៃធ្វើបាបពួកគេ។

ការរស់នៅជាមួយនឹងកំហឹងនៅក្នុងចិត្តរបស់យើងនោះ មិនមែនជារឿងងាយស្រួលនោះទេ។ ដូច្នេះ តើយើងត្រូវធ្វើយ៉ាងដូចម្តេច? យើងត្រូវតែជឿថា ព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ ទ្រង់ គឺជាអ្នកគ្រប់គ្រង។ ទ្រង់នឹងជួយដល់យើង នៅពេលដែលយើងធ្វើជាព្រះពរដល់អ្នកដទៃ និងនាំកិត្តិយស ដល់ព្រះនាមទ្រង់។ ដូច្នេះ យើងត្រូវតែទទួលស្គាល់ថា ព្រះអាចនឹងមិនជួយយើងអោយគេចផុតពីសេចក្តី វេទនាជានិច្ចនោះឡើយ។ ទន្ទឹមគ្នានេះ ព្រះក៏មិនបានជួយព្រះយេស៊ូវអោយគេចផុតពីការឆ្កាងផងដែរ។ យើងអាចនឹងទទួលរងនូវរឿងអយុត្តិធម៌។ ប៉ុន្តែ យើងត្រូវតែចាំជានិច្ចថា ព្រះវរបិតារបស់យើងដែលគង់ នៅស្ថានសួគ៌ ទ្រង់គង់ជាមួយនឹងយើង ហើយទ្រង់ក៏ជាអ្នកគ្រប់គ្រងលើអ្វីៗទាំងអស់ផងដែរ។

ដំបូន្មានរបស់លោកពេត្រុសដល់យើងគឺជារឿងដ៏គួរអោយភ្ញាក់ផ្អើលមួយ។ តើហេតុអ្វី? ពីព្រោះ នៅពេលដែលយើងមិនតបតទៅនឹងអ្នកដែលបានស្តីបន្ទោសយើង និងធ្វើអោយយើងឈឺចាប់នោះ ស បញ្ជាក់ថា យើងបានបង្ហាញភ័ស្តុតាងនៃសេចក្តីស្រឡាញ់របស់ព្រះហើយ។ សូមក្រឡេកទៅឯព្រះយេស៊ូវ។ នៅពេលដែលលោកកៃផាស និងលោកពីឡាត់សួរសំណួរព្រះយេស៊ូវនៅក្នុងសាលជំនុំជម្រះនោះ តើព្រះ- យេស៊ូវបានឆ្លើយយ៉ាងដូចម្តេចដែរ? តើព្រះយេស៊ូវបានការពារព្រះអង្គទ្រង់ដែរឬទេ? ទេ ទ្រង់មិនបាន ធ្វើដូច្នោះឡើយ។ ទ្រង់មិនបានមានបន្ទូលអ្វីទាំងអស់។ ភាពស្ងៀមស្ងាត់របស់ទ្រង់គឺជាទីសំគាល់មួយ បង្ហាញអំពីចិត្តបន្ទាបរបស់ទ្រង់។

តើលោកអ្នកមានឥរិយាបថយ៉ាងដូចម្តេចដែរ នៅពេលដែលអ្នកដទៃអយុត្តិធម៌ ឬមិនស្រឡាញ់ លោកអ្នកនោះ? តើលោកអ្នកអាចបង្ហាញក្បួនច្បាប់សំខាន់ៗដែលលោកអ្នកបានរៀននៅថ្ងៃនេះតាមរយៈ ជីវិតផ្ទាល់របស់លោកអ្នកកាន់តែប្រសើរឡើងដោយរបៀបណា?

ថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០២២

ព្រះយេស៊ូវដែលជាថ្មដា និងជាទីជ្រកកោនរបស់យើង

ជានិច្ចកាល មនុស្សដែលមានអំនួតនៅក្នុងចិត្តរបស់ពួកគេមិនសូវពេញចិត្តនឹងអ្វីដែលគេមាន នោះទេ។ អំនួតរបស់ពួកគេប្រៀបដូចជារបាំងមុខអ៊ីចឹង។ មនុស្សទាំងនេះបានលាក់មុខនៅពីក្រោយ «របាំង មុខ» នៃសេចក្តីអំនួតនេះ។ លើសពីនេះទៅទៀតនោះ ពួកគេបានប្រើរបាំងមុខនេះ ដើម្បីគ្របបាំងអំនួត នៅក្នុងចិត្តរបស់ពួកគេទៀតផង។ ពួកគេសង្ឃឹមថា នឹងគ្មានអ្នកណាម្នាក់មើលឃើញចំណុចខ្វះខាតអ្វីមួយនៅក្នុងចិត្តរបស់ពួកគេនោះឡើយ។ អ្វីដែលមនុស្សទាំងនេះត្រូវការនោះ ក៏ជាអ្វីដែលយើងទាំងអស់ គ្នាត្រូវការ ដើម្បីអោយមានអារម្មណ៍កក់ក្តៅ និងអារម្មណ៍ថា ពួកគេមានតម្លៃ និងត្រូវបានអ្នកដទៃទទួល ស្គាល់។ យើងត្រូវការរបស់ទាំងនេះ នៅពេលដែលយើងកំពុងតែរងទុក្ខ។ និយាយរួម ចិត្តបន្ទាបគឺជាភ័ស្តុតាងដ៏មានអំណាចមួយ ដែលបង្ហាញថា មនុស្សម្នាក់បានមានទំនាក់ទំនងជាមួយនឹងព្រះយេស៊ូវ។ ព្រះយេស៊ូវប្រៀបដូចជាថ្មដា។ យើងអាចឈរនៅលើថ្មដានេះ ដោយគ្មានសេចក្តីភិតភ័យ។ ព្រះយេស៊ូវ ដែលជាថ្មដារបស់យើង ទ្រង់ក៏នឹងជួយការពារដល់យើងផងដែរ។

សូមអានខគម្ពីរទំនុកដំកើង ៦២៖១-៨។ តើស្តេចដាវីឌបានសរសេរបទគម្ពីរទំនុកដំកើងនេះ នៅក្នុងគោលបំណងអ្វី? តើទ្រង់កំពុងតែបង្រៀនយើងអំពីក្បួនច្បាប់សំខាន់ៗអ្វីខ្លះ? សំខាន់ជាងនេះទៅ ទៀតនោះ តើលោកអ្នកអាចធ្វើតាមក្បួនច្បាប់ទាំងនេះនៅក្នុងជីវិតរបស់លោកអ្នកបានដោយរបៀបណា?

--------------------------------------------------------

«មនុស្សនឹងក្លាយមកជាខ្មាំងសត្រូវរបស់យើង ដោយគ្មានហេតុផល។ មនុស្សនឹងមិនយល់ថា ហេតុអ្វីបានជារាស្ត្ររបស់ព្រះបានធ្វើនោះទេ។ មនុស្សដែលមិនបានជឿទៅលើព្រះនឹងជឿថា រាស្ត្ររបស់ ព្រះគឺជាមនុស្សអាក្រក់។ រួមទាំងពួកគ្រីស្ទានដទៃទៀត ដែលមិនបានស្គាល់ព្រះច្បាស់លាស់ផងដែរ។ ពួកអ្នកបម្រើរបស់ព្រះអម្ចាស់នឹងត្រូវទទួលបានការសាកល្បងដ៏លំបាកៗ។ មនុស្សនឹងស្តីបន្ទោសដល់ រាស្ត្ររបស់ព្រះចំពោះរឿងតូចតាច ព្រមទាំងចាត់ទុកកំហុសនៃរាស្ត្ររបស់ព្រះដូចជារឿងធំផងដែរ។ តើ ពួកគេធ្វើដូច្នេះ ដើម្បីអ្វី? ពួកគេធ្វើដូច្នេះ ដើម្បីអោយពួកគេអាចប្រើប្រាស់កំហុសទាំងនោះទុកជាលេស ដើម្បីធ្វើរឿងអាក្រក់ . . . . មនុស្សអាក្រក់នឹងជឿការកុហកទាំងនេះ។ នៅពេលនោះ នឹងគ្មានអ្នកណាម្នាក់ជឿទុកចិត្តចំពោះពួកអ្នកបម្រើរបស់ព្រះនោះឡើយ។​ នៅក្នុងអំឡុងពេលនោះ ពួកអ្នកបម្រើរបស់ព្រះត្រូវតែធ្វើដូចជាព្រះយេស៊ូវ។ ពួកគេត្រូវតែគិតតាមរបៀបដែលព្រះយេស៊ូវបានគិត។ ពួកគេមិនត្រូវ រំពឹងថា ពួកគេនឹងគេចផុតពីការប្រមាថនោះទេ។ ពួកគេនឹងត្រូវបានវិនិច្ឆ័យទាំងមួលបង្កាច់។ មនុស្សនឹង ចោទប្រកាន់ពួកគេអំពីថា បរិសុទ្ធជ្រុល។ ប៉ុន្តែ ពួកអ្នកបម្រើរបស់ព្រះមិនត្រូវបោះបង់ចោលសេចក្តីនោះ ឡើយ។ ដ្បិតព្រះទ្រង់គឹជាអ្នកគ្រប់គ្រង។ ទ្រង់បានដឹកនាំកិច្ចការរបស់ទ្រង់។ ទ្រង់នឹងនាំសិរីល្អថ្វាយដល់ ព្រះនាមរបស់ទ្រង់»។ ដកស្រង់ពី Ellen G. White, The Upward Look, page 177, adapted។

តើលោកអ្នកងាយនឹងឈឺចាប់ នៅពេលដែលអ្នកដទៃជេរប្រមាថលោកអ្នកដែរឬទេ? ព្រះបាន ស្រឡាញ់លោកអ្នកជាអនេក រហូតដល់ទ្រង់បានសុគតជំនួសអំពើបាបរបស់លោកអ្នក។ តើសេចក្តីពិត នៃព្រះគម្ពីរនេះអាចជួយអោយលោកអ្នកដឹងអំពីទំហំនៃតម្លៃរបស់លោកអ្នកបានដោយរបៀបណា? តើសេចក្តីពិតនេះអាចជួយអោយយើងការពារខ្លួនយើងទាស់នឹងការជេរប្រមាថបានដោយរបៀបណាដែរ?

ថ្ងៃសុក្រ ទី៨ ខែសីហា ឆ្នាំ២០២២

សិក្សាបន្ថែម

«សូមអាន Ellen G. White, “The Importance of Seeking True Knowledge,” pages 453, 454, in The Ministry of Healing; “The Sermon on the Mount,” pages 298-318, in The Desire of Ages; and “The Worker and His Qualifications,” page 630, in Evangelism។

«យើងនឹងជួបនឹងបញ្ហា និងការសាកល្បងលំបាកៗនៅក្នុងជីវិតនេះ។ ការសាកល្បងទាំងនេះ អាចនឹងងាយស្រួល ប្រសិនបើយើងមានចិត្តបន្ទាប។ ចិត្តបន្ទាបគឺជាចិត្តដែលគ្មានអំនួត]។ ចិត្តនេះដូចជាព្រះទ័យដែលព្រះយេស៊ូវមាននៅលើផែនដីនេះដែរ។​ ប្រសិនបើយើងមានចិត្តដូចជាព្រះយេស៊ូវនោះ យើងនឹងមិនឈឺចាប់ នៅពេលដែលអ្នកដទៃជេរប្រមាថយើងនោះឡើយ។​ ការប្រមាថរបស់ពួកគេក៏មិន ធ្វើអោយយើងសោកសៅនោះដែរ។ តើចំណុចមួយដែលបង្ហាញថា យើងគឺជាគ្រីស្ទាននោះ គឺជាអ្វី? នោះ គឺជាការគ្រប់គ្រងលើខ្លួនឯង។ ប្រសិនបើអ្នកណាម្នាក់ធ្វើបាបលោកអ្នក សូមជឿទុកចិត្តទៅលើព្រះចុះ។ សូមធ្វើអារម្មណ៍អោយស្ងប់។ ប្រសិនបើលោកអ្នកមិនមានស្ងប់អារម្មណ៍នោះទេ នោះមានន័យថា លោក អ្នកបាន «កោង» ព្រះហើយ។ តើលោកអ្នកបាន «កោង» ព្រះដោយរបៀបណា? លោកអ្នកបានកោងយក ឱកាសពីទ្រង់នូវការបង្ហាញជីវិតខាងឯវិញ្ញាណដ៏ល្អឥតខ្ចោះរបស់ទ្រង់នៅក្នុងចិត្តរបស់លោកអ្នកហើយ។ ចិត្តបន្ទាបអាចធ្វើអោយលោកអ្នករឹងមាំបាន។ ចិត្តបន្ទាបអាចជួយអោយយើងឈ្នះសង្គ្រាមរបស់យើងបាន។ នៅពេលដែលចិត្តរបស់យើងបានបន្ទាបចុះ យើងបានបង្ហាញថា យើងមានទំនាក់ទំនងជាមួយនឹងព្រះដែលគង់នៅស្ថានសួគ៌»។ ដកស្រង់ពី Ellen G. White, The Desire of Ages, page 301, adapted។

សំនួរពិភាក្សា៖
  1. តើចិត្តបន្ទាបអាចជួយអោយយើងរឹងមាំបានយ៉ាងដូចម្តេច នៅពេលដែលអ្នកដទៃជេរប្រមាថយើង? តើចិត្តបន្ទាបអាចជួយយើងជាសះស្បើយពីការឈឺចាប់ និងការប្រមាថបានដោយរបៀបណា?

  2. តើមនុស្សនៅជុំវិញលោកអ្នកគិតយ៉ាងដូចម្តេច អំពីការដែលមានចិត្តបន្ទាប? តើពួកគេបានគិតថា ចិត្ត បន្ទាបនេះជារឿងល្អដែរឬទេ? ឬពួកគេគិតថា ចិត្តបន្ទាបនេះធ្វើអោយលោកអ្នកអន់ខ្សោយ?

  3. តើលោកអ្នកអាចចែករំលែកអំពីឧទាហរណ៍នៃមនុស្សបន្ទាបខ្លួននាពេលថ្មីៗនេះបានដែរឬទេ? ប្រសិន បើមាន តើពួកគេជាអ្នកណា? តើមនុស្សទាំងនេះបានបង្ហាញថា ពួកគេគ្មានអំនួតនៅក្នុងចិត្តរបស់ពួកគេ ដោយរបៀបណា? តើលោកអ្នកអាចរៀនមេរៀនអ្វីខ្លះ ចេញពីគំរូរបស់ពួកគេ?

  4. តើលោកអ្នកគិតថា ហេតុអ្វីបានជាយើងតែងតែមានអារម្មណ៍ថា ការដែលមានចិត្តបន្ទាបនោះ ធ្វើអោយ លោកអ្នកក្លាយទៅជាមនុស្សអន់ខ្សោយយ៉ាងដូច្នេះ?

រឿងខ្លី

អំណាចនៃព្រះនាមរបស់ព្រះ វគ្គ១០

ឪពុកត្រូវបានដាស់ដោយដៃមើលមិនឃើញមួយកំពុងតែច្របាច់ករបស់គាត់នៅក្នុងទីក្រុងម៉ាណូសនៃប្រទេសប្រេស៊ីល។ ទីបំផុត គាត់បានស្រែកឡើងថា «ឱព្រះអម្ចាស់អើយ សូមជួយទូលបង្គំ ផង»។ ប៉ុន្តែ ដៃនោះកាន់តែច្របាច់ទៅ តឹងឡើងៗ។ កាលដែលហៀបនឹងអស់សង្ឃឹមទៅហើយ គាត់បានឮសំឡេងដ៏ទន់ភ្លន់មួយបាននិយាយថា «ចូរសូមជំនួយ ដោយនូវព្រះនាមព្រះយេស៊ូវចុះ»។

ឪពុកបានស្រែកឡើងថា «ព្រះយេស៊ូវអើយ ជួយទូលបង្គំផង»។ ដៃដែលមិនឃើញនោះបាន លែងគាត់ភ្លាម។ ឪពុកបានយល់អំពីអំណាចនៃព្រះនាមរបស់ព្រះយេស៊ូវជាលើកដំបូងទាំងដកដង្ហើមធំៗ។ គាត់បានគេងនិយាយនៅលើគ្រែ ដោយក្តីរីករាយថា «ខ្ញុំបានសង្គ្រោះដោយសារព្រះនាមរបស់ព្រះយេស៊ូវ ខ្ញុំបានសង្គ្រោះដោយសារព្រះលោហិតរបស់ព្រះយេស៊ូវ»។ ចាប់ពីពេលនោះមក ឪពុកតែង តែស្រែកហៅព្រះនាមរបស់ព្រះយេស៊ូវ នៅពេលដែលពួកវិញ្ញាណអាក្រក់មករំខានគាត់។

ខណៈដែលការសិក្សានៃថ្នាក់ជ្រមុជទឹកកំពុងតែបន្តនោះ ឪពុកមានការភ្ញាក់ផ្អើលជាខ្លាំង ដោយ បានដឹងថា ព្រះបានថ្កោលទោសចំពោះលទ្ធិវិញ្ញាណ ដែលគាត់ធ្លាប់បានអនុវត្តនៅក្នុងវត្តខាន់ណូបលពីមុនមក។ គាត់បានអានខគម្ពីរចោទិយកថា ១៨៖៩ ដែលបានចែងយ៉ាងដូច្នេះថា «នៅ​ក្នុង​ពួក​ឯង មិន ត្រូវ​ឲ្យ​ឃើញ​មាន​អ្នក​ណា​មួយ ដែល​ធ្វើ​ឲ្យ​កូន​ប្រុស ឬ​កូន​ស្រី​ខ្លួន​ឆ្លង​កាត់​ភ្លើង ឬ​គ្រូ​ទាយ គ្រូ​គន់គូរក្ខត្ត ឫក្ស គ្រូ​អង្គុយធម៌ គ្រូ​អាបធ្មប់ គ្រូ​សន្ធាប់ គ្រូ​ខាប គ្រូ​គាថា ឬ​គ្រូ​អន្ទង​ខ្មោច​ណា​ឡើយ» (ខ១០, ១១)។ គាត់ក៏បានអានក្រឹត្យវិន័យទាំង១០ប្រការដែលបានចែងថា «កុំ​ឲ្យ​មាន​ព្រះ​ឯ​ណា​ទៀត​នៅ​ចំពោះ​អញ​ឲ្យ​សោះ» (និក្ខមនំ ២០៖៣) ផងដែរ។ គាត់បានគិតថា ពីមុនមក ខ្ញុំបានថ្វាយបង្គំព្រះដទៃទៀតទេតើ។ គាត់បានអានខនៅក្នុងជំពូកនេះបន្តទៅទៀតថា «កុំ​ឲ្យ​ឆ្លាក់​ធ្វើ​រូប​ណា​សំរាប់​ឯង​ឲ្យ​សោះ» (ខ៤) បន្ទាប់ មក គាត់បានប្រាប់ខ្លួនឯងថា «ខ្ញុំបានកាន់តាមអ្វីៗគ្រប់យ៉ាង ដែលព្រះបានហាមខ្ញុំពិតមែន»។ នៅពេល ដែលគាត់អានដល់បញ្ញតិ្តទី៤ ដែលបានចែងថា «ចូរ​ឲ្យ​នឹក​ចាំ​ពី​ថ្ងៃ​ឈប់​សំរាក ដើម្បី​ញែក​ថ្ងៃ​នោះ​ចេញ ជា​បរិសុទ្ធ» នោះ គាត់បានប្រាប់ម្តាយថា «ខ្ញុំច្រឡំថ្ងៃហើយឯង ពួកអារក្សបានប្រាប់អោយខ្ញុំរក្សាថ្ងៃមួយ ទៀតអោយបានបរិសុទ្ធ»។ គាត់បានអានខគម្ពីរវិវរណៈ ២១៖៨ ដែលបានសំដែងថា «តែ​ត្រង់​ពួក​ខ្លាច ពួក​ មិន​ជឿ ពួក​គួរ​ខ្ពើម ពួក​កាប់​សំឡាប់​គេ ពួក​កំផិត ពួក​មន្តអាគម ពួក​ថ្វាយ​បង្គំ​រូប​ព្រះ ហើយ​គ្រប់​ទាំង​មនុស្ស​ កំភូត គេ​នឹង​មាន​ចំណែក នៅ​ក្នុង​បឹង​ដែល​ឆេះ​ជា​ភ្លើង និង​ស្ពាន់ធ័រ គឺ​ជា​សេចក្តី​ស្លាប់​ទី​២​វិញ»។ នេះគឹជា ខតែមួយដែលម្តាយបានអាន នៅពេលដែលគាត់បានចូលរួមនៅក្នុងថ្នាក់សប្បាតហ៍ស្គូលជាលើកដំបូង ខនេះហើយដែលបានជំរុញអោយនាងចាប់ផ្តើមអធិស្ឋានសម្រាប់ឪពុក។ នៅពេលដែលឪពុកអានខនេះ គាត់បានដឹងថា កាលពីមុន គាត់ធ្លាប់បានដើរតម្រង់ទៅឯបឹងភ្លើង។

ឪពុកបានទម្លាយចម្ងល់របស់គាត់ នៅពេលដែលថ្នាក់សិក្សាព្រះគម្ពីរបានផ្តោតទៅលើដំណាក់ កាលនៃសេចក្តីស្លាប់។ គាត់បានអានថា មនុស្សនឹងដេកលក់ បន្ទាប់ពីស្លាប់ទៅ ហើយពួកគេក៏គ្មានវិញ្ញាណ ហោះហើរអ្វីដែរ។ ឪពុកបានប្រាប់ម្តាយទាំងភ្ញាក់ផ្អើលថា «កាលណារូបកាយស្លាប់ទៅ នោះជាទីបញ្ចប់ ហើយ អំណោយទាននៃជីវិតនឹងត្រឡប់ទៅឯព្រះវិញ»។ ពួកវិញ្ញាណអាក្រក់បានបង្រៀនថា វិញ្ញាណ របស់មនុស្សនឹងអណ្តែតនៅជុំវិញរូបកាយស្លាប់របស់ពួកគេ ពួកវិញ្ញាណខ្លះក៏ស្ថិតនៅក្នុងចំណោមនៃពួកវិញ្ញាណអាក្រក់ដែលធ្វើការនៅក្នុងវត្តខាន់ណូបលនេះដែរ។ ពួកវិញ្ញាណអាក្រក់នៅតែបន្តរំខានដល់ ឪពុក។ ប៉ុន្តែ នៅពេលដែលពួកវាកាន់តែរំខាន ឪពុកក៏កាន់តែស្រែករកព្រះនាមរបស់ព្រះយេស៊ូវដែរ។ បំណងប្រាថ្នាមួយនៃការនាំអ្នកដទៃទៅឯព្រះគ្រីស្ទ បានកើនឡើងនៅក្នុងចិត្តរបស់គាត់។ ជំនួសអោយការបង្រៀនមនុស្សអំពីផ្លូវងងឹតនោះ ឪពុកបានយល់ឃើញថា ខ្ញុំគួរតែប្រើចំណេះដឹង និងប​ទពិសោធន៍ របស់ខ្ញុំ ដើម្បីនាំមនុស្សទៅឯពន្លឺវិញ។

អំណានដង្វាយប្រចាំសប្តាហ៍

បញ្ហានៃការជឿទុកចិត្ត

យើងបានថ្វាយបង្គំព្រះជាមួយនឹងធនធានរបស់យើង ដោយសារតែការថ្វាយនេះគឺ ជានិយមន័យនៃការជឿទុកចិត្តដល់ព្រះ។ សេចក្តីណែនាំរបស់ព្រះអំពីការគ្រប់គ្រងដីស្រែនៅ ក្នុងខគម្ពីរលេវីវិន័យ ២៥៖៣-៤ គឺជាគំរូមួយនៃការត្រាស់ហៅអោយរាស្ត្ររបស់ទ្រង់ជឿទុក ចិត្តដល់ទ្រង់ ដោយបានសំដែងយ៉ាងដូច្នេះថា៖ «គឺ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​សាបព្រោះ​នៅ​ស្រែ​ឯង ហើយ​ថែ​រក្សា​ចំការ​ទំពាំងបាយជូរ​របស់​ឯង​អស់​៦​ឆ្នាំ ព្រម​ទាំង​ប្រមូល​ផល​ផ្លែ​ផង តែ​ដល់​ឆ្នាំ​ ទី​៧ នោះ​ជា​ឆ្នាំ​ឈប់​ផ្អាក​ឲ្យ​ដល់​បាន​សំរាក​វិញ គឺ​ជា​ឆ្នាំ​ឈប់​សំរាក​ថ្វាយ​ព្រះយេហូវ៉ា មិន​ត្រូវ​ឲ្យ​ធ្វើ​ស្រែ ឬ​លួស​កាត់​ទំពាំងបាយជូរ​របស់​ឯង​ឡើយ»។ ឥឡូវនេះ យើងបានដឹងអំពីអត្ថ ប្រយោជន៍មួយចំនួននៃការផ្អាកដីអោយបានសំរាក តាមរយៈចំណេះដឹងដែលទទួលបានពី វិទ្យាសាស្ត្រខាងឯផ្នែកកសិកម្ម។ នៅសម័យនោះ ក្រោយពីបានទទួលសេចក្តីណែនាំដ៏ចម្លែក បែបនេះរួចមក ពួកសាសន៍អ៊ីស្រាអែលប្រាកដជាឆ្ងល់ថា តើពួកគេនឹងមានអ្វីបរិភោគនៅក្នុង ៧ឆ្នាំនេះ ប្រសិនបើពួកគេមិនបានដាំ ឬប្រមូលផលនោះ។ នេះគឺជាការត្រាស់ហៅអោយមាន ការជឿទុកចិត្ត។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺថា គ្មានការរាយការណ៍ថា មានអ្នកណាម្នាក់ដែលបានរក្សាបទបញ្ជាដ៏ចម្លែកនេះបានស្លាប់ដោយសារតែការអត់ឃ្លាននោះឡើយ។ សេចក្តីបង្គាប់របស់ព្រះត្រូវបានបម្រុងទុកដោយសេចក្តីសន្យាមួយយ៉ាងដូច្នេះថា «ដូច្នេះ ត្រូវ​ឲ្យ​កាន់​តាម​អស់​ទាំង​ច្បាប់​អញ ហើយ​រក្សា​សេចក្តី​បញ្ញត្ត​របស់​អញ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង នោះ​ឯង​រាល់​គ្នា​នឹង​បាន​នៅ​ក្នុង​ស្រុក​ដោយ​សុខសាន្ត»។

ថ្ងៃមួយ គ្រូគង្វាល និងចាស់ទុំម្នាក់បានធ្វើដំណើរទៅសួរសុខទុក្ខដល់សមាជិកនៃពួកជំនុំដែលមានប្រាក់ចំណូលទាបបំផុត។ ពួកគាត់ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និង មានការប្រកបគ្នាមួយដ៏សប្បាយរីករាយផងដែរ។ មួយស្របក់ក្រោយមក គ្រូគង្វាលបានបើក ព្រះគម្ពីរ រួចអានខគម្ពីរម៉ាឡាគី ៣៖៩, ១០ ដើម្បីលើកទឹកចិត្តគ្រួសារនេះអោយមានភាព ស្មោះត្រង់ក្នុងការថ្វាយតង្វាយ។ ​បន្ទាប់ពីបានសួរសុខទុក្ខរួចហើយ ចាស់ទុំបានចែករំលែក គំនិតរបស់គាត់ជាមួយនឹងគ្រូគង្វាលដោយថា គាត់មានអារម្មណ៍មិនស្រួលចំពោះខដែលគ្រូ គង្វាលបានអានទាល់តែសោះ ដោយសារតែគ្រួសារមួយនេះកំពុងតែជួបនឹងការលំបាកខាង ឯផ្នែកហិរញ្ញវត្ថុ។ គ្រូគង្វាលបានឆ្លើយដោយទន់ភ្លន់ថា៖ «ខ្ញុំចង់អោយប្រាកដថា ពួកគាត់ នឹងមិនបាត់បង់ព្រះពររបស់ព្រះនោះឡើយ»។

តើលោកអ្នកធ្លាប់ឆ្លងកាត់ស្ថានភាពដែលលោកអ្នកមិនយល់អំពីសេចក្តីណែនាំរបស់ ព្រះដែរឬទេ? សូមចងចាំនូវពាក្យពេចន៍នៃទំនុកចម្រៀងមួយដែលថា «ចូរជឿ ហើយធ្វើតាម ដ្បិតគ្មានវិធីណាទៀតដែលសប្បាយយ៉ាងនេះ នៅក្នុងព្រះគ្រីស្ទនោះឡើយ»។

សេចក្តីអំពាវនាវ៖«ចូរ​នាំ​យក​តង្វាយ​១​ភាគ​ក្នុង​១០​ទាំង​អស់​មក​ដាក់​ក្នុង​ឃ្លាំង​ចុះ ដើម្បី​ឲ្យ​ មាន​ស្បៀង​អាហារ​នៅ​ក្នុង​ដំណាក់​នៃ​អញ ហើយ​ល្បងល​អញ​ឥឡូវ បើ​អញ​មិន​បើក​ទ្វារ​ស្ថានសួគ៌ ដើម្បី​ចាក់​ព្រះពរ​មក​លើ​ឯង ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ នេះ​ហើយ​ជា​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ» (ម៉ាឡាគី ៣៖១០)។

សេចក្តីអធិដ្ឋាន៖
ឱព្រះអម្ចាស់អើយ ទូលបង្គំសូមអរព្រះគុណទ្រង់សម្រាប់ឱកាសដែលទូលបង្គំមានជារៀងរាល់សប្តាហ៍ ដើម្បីពង្រឹងទំនុកចិត្តរបស់ទូលបង្គំចំពោះទ្រង់។ សូមទ្រង់ ជួយបង្កើនសេចក្តីជំនឿរបស់ទូលបង្គំផង។ សូមអរព្រះគុណដល់ទ្រង់ ដែលបានបំពេញ សេចក្តីសន្យារបស់ទ្រង់។ ​

Powered by CAM