ព្រះវិហាររ៉ូមុាំងកាតូលិកបានបង្រៀនថា អ្នកខ្លះមិនចាំបាច់ចុះទៅស្ថាននរក បន្ទាប់ពីពួកគេស្លាប់នោះឡើយ។ ប៉ុន្តែ មនុស្សទាំងនេះមិនទាន់ត្រៀមខ្លួនចូលស្ថានសួគ៌នៅឡើយទេ។ ដូច្នេះ ពួកគេត្រូវចូល ទៅក្នុងស្ថានជម្រះព្រលឹង (Purgatory) ជាមុនសិន។ យើងបានដឹងហើយថា ព្រះវិហារកាតូលិកបានបង្រៀនថា ព្រលឹងរបស់មនុស្សអាចចុះទៅឯស្ថានជម្រះព្រលឹង បន្ទាប់ពីគេស្លាប់ទៅ។ នៅក្នុងស្ថានជម្រះ ព្រលឹងនោះ គេនឹងជម្រះអំពើបាបរបស់គេដោយភ្លើង។ ស្ថានជម្រះព្រលឹងមិនដូចជាស្ថាននរកនោះទេ។ ព្រះវិហារកាតូលិកបានបង្រៀនថា ស្ថានជម្រះព្រលឹង និងស្ថាននរកគឺជាស្ថាន២ខុសពីគ្នា។ នៅពេលដែលព្រលឹងបានជម្រះចេញពីអំពើបាប ហើយព្រលឹងនោះអាចនឹងឡើងទៅកាន់ស្ថានបរមសុខបាន។ មនុស្សដែលនៅរស់អាចអធិស្ឋានជូនព្រលឹងនៃមនុស្សស្លាប់ដែលស្ថិតនៅក្នុងស្ថានជម្រះព្រលឹងនោះបាន។ ការអធិស្ឋាន ទង្វើល្អ និងតង្វាយរបស់អ្នកនៅរស់អាចជួយពន្លឿងព្រលឹងអ្នកស្លាប់ចេញពីស្ថានជម្រះព្រលឹងនោះបាន។
សូមអានខគម្ពីរសាស្តា ៩៖១០; អេសេគាល ១៨៖២០-២២ និងហេព្រើរ ៩៖២៧។ តើខទាំងនេះបានបង្ហាញថា ការបង្រៀនអំពីស្ថានជម្រះព្រលឹងនេះ គឺជាការបង្រៀនមិនត្រឹមត្រូវដោយរបៀបណា?
ការបង្រៀនអំពីស្ថានជម្រះព្រលឹងបានរួមបញ្ចូលនៅគោលគំនិតខុសឆ្គង២យ៉ាង គឺថា៖ ភ្លើងនរក និងការអធិស្ឋានអោយមនុស្សស្លាប់។ អ្នកដែលជឿទៅលើព្រះគម្ពីរមិនអាចទទួលយកគោលគំនិតខុសឆ្គងទាំង២យ៉ាងនេះបានឡើយ។ យើងមានហេតុផល៤យ៉ាង។ យើងបានដឹងថា (១) អ្នកស្លាប់បានដេកលក់នៅក្នុងផ្នូររបស់ពួកគេ។ ពួកគេមិនដឹងអ្វីទៀតឡើយ (សាស្តា ៩៖១០)។ (២) ជីវិតដ៏បរិសុទ្ធរបស់បុគ្គលម្នាក់ៗមិនអាចផ្ទេរទៅអោយបាបជនដទៃទៀតបានឡើយ អេសេគាល ១៨៖២០-២២)។ (៣) មានតែព្រះយេស៊ូវមួយគត់ដែលអាចសង្គ្រោះយើងបាន។ ព្រះយេស៊ូវបានសូមអោយព្រះអត់ឱនទោសដល់ យើងចំពោះអំពើបាបរបស់យើង (ធីម៉ូថេទី១ ២៖៥)។ និង (៤) បន្ទាប់ពីយើងស្លាប់ទៅ ព្រះនឹងជំនុំជម្រះយើង។ យើងគ្មានបដិសេធអំពើបាប និងទទួលយកព្រះជាលើកទី២នោះឡើយ (ហេព្រើរ៩៖២៧)។
អាក្រក់ជាងនេះទៅទៀតនោះគឺថា ស្ថានជម្រះព្រលឹងគឺជាការបង្រៀនខុសឆ្គងមួយដែលកុហកអំពីព្រះ និងសេចក្តីស្រឡាញ់របស់ទ្រង់។ «ចាប់តាំងពីសាតាំងធ្លាក់ទៅក្នុងអំពើបាបនោះមក កិច្ចការរបស់វាគឺធ្វើអោយអ្នកដទៃមើលទៅព្រះថា ជាបុគ្គលអាក្រក់ម្នាក់។ សាតាំងបានបង្កើតនូវគោលគំនិតមួយដែលថា ព្រលឹងមិនចេះស្លាប់ឡើយ ព្រលឹងរស់នៅជារៀងរហូត . . . . សាតាំងក៏បានកុហកអំពីស្ថាននរកផងដែរ។ សាតាំងបាននិយាយថា ពួកបាបជននឹងត្រូវភ្លើងនៅក្នុងស្ថាននរកដុតជារៀងរហូត។ រីឯស្ថានជម្រះព្រលឹងវិញ ក៏ជាគំនិតរបស់សាតាំងផងដែរ។ ការបង្រៀនខុសឆ្គងទាំងនេះបានភូតកុហកអំពីព្រះ។ ការបង្រៀនទាំងនេះបានធ្វើអោយអ្នកដទៃជឿថា ព្រះទ្រង់សាហាវ អាក្រក់ និងមិនចេះអត់ឱនទោសដល់អ្នកណាម្នាក់ឡើយ»។ ដកស្រង់ពី Ellen G. White, Manuscript 51 (December 10), 1890។ ទស្សនៈខុសឆ្គងនេះបានបង្រៀនថា មនុស្សស្លាប់មិនបានដេកនោះទេ។ ពួកគេកំពុងតែស្ថិតនៅក្នុងស្ថានជម្រះព្រលឹង ជាកន្លែងដែលពួកគេត្រូវរងទុក្ខរហូតទាល់តែមានអ្នកជួយគេចេញពីទីនោះ។ កាលពីមុន សាតាំងបានកុហកដល់នាងអេវ៉ា។ សព្វថ្ងៃនេះ សាតាំងក៏នៅតែបន្តកុហកដល់មនុស្សលោកផងដែរ។
ព្រះយេស៊ូវបានសង្គ្រោះយើងហើយ។ តើហេតុអ្វីបានជាការយល់ដឹងអំពីសេចក្តីបង្រៀនទាំងប៉ុន្មាននៃព្រះគម្ពីរសំខាន់ម្ល៉េះសម្រាប់យើង?
ថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២
តើព្រលឹងនៃមនុស្សស្លាប់មាននៅក្នុងស្ថានសួគ៌ដែរឬទេ?
ពួកប្រូតេស្តង់មិនជឿទៅលើស្ថានជម្រះព្រលឹងនោះទេ។ ប៉ុន្តែ មានពួកប្រូតេស្តង់ជាច្រើននាក់បានជឿថា ព្រលឹងនៃអ្នកដែលបានសង្គ្រោះនោះ នឹងឡើងទៅនៅជាមួយនឹងព្រះនៅឯស្ថានសួគ៌ បន្ទាប់ ពីពួកគេស្លាប់ទៅ។ អ្នកខ្លះបាននិយាយថា «ព្រលឹង» ទាំងនេះបានចេញពីរូបកាយរបស់ពួកគេ នៅពេលដែលពួកគេស្លាប់ទៅ។ អ្នកខ្លះទៀតបាននិយាយថា «ព្រលឹង» ទាំងនេះបានទទួលរូបកាយថ្មីមួយខាងឯវិញ្ញាណ។ ពួកគេបានជឿថា រូបកាយនេះមិនមែនកើតចេញពីសាច់ឈាមឡើយ ប៉ុន្តែ រូបកាយនេះកើតចេញពីពន្លឺដ៏ចែងចាំងរបស់ព្រះ។
គោលគំនិតនេះមិនត្រឹមត្រូវឡើយ។ គោលគំនិតទាំងនេះមិនបានគាំទ្រសេចក្តីពិតនៃព្រះគម្ពីរ ស្តីអំពីការយាងមកជាលើកទី២ និងការជំនុំជម្រះជាលើកចុងក្រោយនោះទេ។ ការជំនុំជម្រះជាលើកចុងក្រោយគឺជាគ្រាមួយដែលព្រះនឹងជំនុំជម្រះរាស្ត្ររបស់ទ្រង់មុនពេលដែលព្រះយេស៊ូវយាងមក។ ព្រះនឹងប្រោសពួកសិស្សរបស់ទ្រង់ដែលដេកលក់អោយរស់ឡើងវិញ នៅពេលដែលទ្រង់យាងមកជាលើកទី២។ តើព្រះចាំបាច់ប្រោសពួកសិស្សរបស់ទ្រង់អោយរស់ឡើងវិញ ដើម្បីជំនុំជម្រះធ្វើអី បើព្រលឹងនៃពួកបរិសុទ្ធ ទាំងនេះកំពុងតែសប្បាយរីករាយស្រាប់នៅស្ថានសួគ៌ឯណោះទៅហើយនោះ?
សូមអានខគម្ពីរកិច្ចការ ២៖២៩, ៣៤, ៣៥ និងកូរិនថូសទី១ ១៥៖១៦-១៨។ តើខទាំងនេះបានជួយអោយយើងយល់អ្វីដែលត្រូវកើតឡើងនៅពេលដែលយើងស្លាប់នោះដោយរបៀបណា? តើព្រះនឹងប្រោសពួកសិស្សរបស់ទ្រង់អោយរស់ឡើងវិញដោយរបៀបណា?
--------------------------------------------------------
ព្រះគម្ពីរបានបង្រៀនយើងថា មនុស្សមួយចំនួនតូចបានទៅនៅឯស្ថានសួគ៌រួចទៅហើយ។ នៅពេលដែលព្រះយកពួកគេទៅនោះ អ្នកខ្លះក៏នៅមានជីវិតនៅឡើយដែរ។ នេះគឺជាអ្វីដែលបានកើតឡើងចំពោះលោកហេណុក (លោកុប្បត្តិ ៥៖២៤) និងលោកអេលីយ៉ា (ពង្សាវតាក្សត្រទី២ ២៖៩-១១)។ ព្រះក៏បានប្រោសអ្នកខ្លះអោយរស់ពីស្លាប់ឡើងវិញផងដែរ។ នេះគឺជាអ្វីដែលបានកើតចំពោះលោកម៉ូសេ (យូដាស ខ៩) និងអ្នកដែលបានរស់ពីស្លាប់ឡើងវិញជាមួយនឹងព្រះយេស៊ូវ (ម៉ាថាយ២៧៖៥១-៥៣)។
ផ្នូរគឺជាកន្លែងដែលមនុស្សស្លាប់បានដេកលក់។ យើងបានរៀននៅក្នុងខគម្ពីរវិវរណៈ ៦៖៩-១១ រួចមកហើយថា ព្រលឹង «នៅក្រោមអាសនា» ដែលបានស្រែកអំពាវនាវដល់ព្រះនោះ គឺជារូបស័ព្ទមួយ។ រូបស័ព្ទនេះបានបង្ហាញថា ព្រះចាំបាច់ត្រូវតែដាក់ទោសមនុស្សអាក្រក់។ ព្រះនឹងដាក់ទោសមនុស្សអាក្រក់ដែលបានសម្លាប់ពួកសិស្សរបស់ព្រះយេស៊ូវ។ ដូច្នេះ រូបស័ព្ទអំពីអាសនានេះមិនមែនជាភ័ស្តុតាងបង្ហាញថា ព្រលឹងនៅរស់ជារៀងរហូត បន្ទាប់ពីរូបកាយស្លាប់នោះឡើយ។ ប្រសិនបើព្រលឹងនៅក្រោមអាសនាគឺជាការពិតមែននោះ ព្រលឹងទាំងនោះមិនបានត្រេកអរជាមួយនឹងជីវិតអស់កល្បរបស់ពួកគេនៅក្នុងស្ថានសួគ៌នោះឡើយ។ ដូច្នេះ ពួកមនុស្សស្លាប់ ទាំងអ្នកបានសង្គ្រោះ និងអ្នកមិនបានសង្គ្រោះទាំងអស់ មិនមែនជាព្រលឹងដែលបំបែកចេញពីរាងកាយរបស់ពួកគេ ដោយសេចក្តីស្លាប់នោះទេ។ ព្រលឹងទាំង នេះមិនមែនហោះនៅជុំវិញស្ថានសួគ៌ រង់ចាំចូលរូបកាយរបស់ពួកគេវិញនៅពេលដែលព្រះយេស៊ូវយាងមកជាលើកទី២នោះឡើយ។
ប្រសិនបើមនុស្សស្លាប់ដែលបានសង្គ្រោះអាចឡើងទៅឯស្ថានសួគ៌ភ្លាមៗ នៅពេលពួកគេស្លាប់ នោះពួកមនុស្សស្លាប់មិនចាំបាច់រស់ពីស្លាប់ឡើងវិញនៅពេលដែលព្រះយេស៊ូវយាងមកជាលើកទី២នោះឡើយ។ គួរអោយសោកស្តាយណាស់ យើងតែងតែឮនូវការបង្រៀនខុសឆ្គងនេះនៅក្នុងពិធីបុណ្យសពគ្រីស្ទានជារៀងរាល់ដងមែនទេ?
ថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ ឆ្នាំ២០២២
ទស្សនៈនៃព្រះគម្ពីរអំពីស្ថាននរក
សូមអានខគម្ពីរយ៉ូហានទី១ ៥៖៣-១២។ តើហេតុអ្វីបានជានៅក្នុងខទាំងនេះ លោកយ៉ូហាន កំណត់ជីវិតអស់កល្បសម្រាប់តែមនុស្សដែលនៅក្នុងព្រះគ្រីស្ទយ៉ាងដូច្នេះ?
--------------------------------------------------------
យ៉ូហានទី១ ៥៖១១, ១២ បានបង្រៀនយើងថា ព្រលឹងរបស់យើងមិនរស់នៅ បន្ទាប់រូបកាយរបស់យើងស្លាប់ទៅនោះឡើយ។ ដើម្បីអោយយល់នូវខទាំងនេះ យើងត្រូវចាំថា «មានតែទ្រង់ប៉ុណ្ណោះដែល មិនចេះសុគត» (ធីម៉ូថេទី១ ៦៖១៦; សូមអានខ១៥ផងដែរ)។ ជីវិតក៏បានចាប់ផ្តើមជាមួយនឹងព្រះផងដែរ (ទំនុកដំកើង ៣៦៖៩; កូឡូស ១៖១៥-១៧; ហេព្រើរ១៖២)។
នៅពេលដែលលោកអ័ដាម និងនាងអេវ៉ាបរិភោគផ្លែឈើហាមឃាត់នោះ អំពើបាបបានចូលទៅក្នុងមនុស្សលោក (លោកុប្បត្តិ ៣)។ មនុស្សលោកទាំងអស់បានស្ថិតនៅក្រោមបណ្តាសានៃសេចក្តីស្លាប់។ រូបកាយរបស់យើងមិនអាចរស់បានជារៀងរហូតឡើយ។ យើងបានបាត់បង់អំណោយទាននៃជីវិតអស់កល្ប។ ប៉ុន្តែ ព្រះជាទីស្រឡាញ់របស់យើងបានរៀបចំផែនការ ដើម្បីសង្គ្រោះយើង ព្រមទាំងប្រទានដល់យើងវិញនូវជីវិតអស់កល្បដែលយើងបានបាត់បង់នៅក្នុងសួនច្បារអេដែនផងដែរ។ ព្រះបានបណ្តាល អោយលោកប៉ុលមានប្រសាសន៍ថា «ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រិស្ដ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឲ្យយើងបានវិសុទ្ធ និងឥតសៅហ្មងនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង» (អេភេសូរ ១៖៤, គខប)។
ក្នុងខគម្ពីររ៉ូម ៥៖១២-២១ លោកប៉ុលបានបកស្រាយថា «បាបបានចូលមកក្នុងលោកីយ៍ ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្តីស្លាប់ចូលមកដែរ» (រ៉ូម ៥៖១២)។ «ដូច្នេះ ដែលមនុស្សទាំងអស់ត្រូវមានទោសដោយព្រោះអំពើរំលងតែ១ នោះមនុស្សទាំងអស់ក៏បានរាប់ជាសុចរិតឲ្យបានជីវិតវិញ ដោយសារអំពើសុចរិតតែ១បែបដូច្នោះដែរ» (រ៉ូម ៥៖១៨)។ «ដោយសារសេចក្តីសុចរិត សំរាប់ជាជីវិតអស់កល្បជានិច្ច ដោយនូវព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងរាល់គ្នា» (រ៉ូម ៥៖២១)។ លោក ប៉ុលបានមានប្រសាសន៍ថា លោកអ័ដាមបាននាំអំពើបាប និងសេចក្តីស្លាប់ចូលមក។ យើងត្រូវតែទទួលស្គាល់សេចក្តីពិតនេះ ប្រសិនបើយើងយល់ព្រះគម្ពីរ។ លោកយ៉ូហានបានបន្ថែមទៀត «នេះហើយជាសេចក្តីបន្ទាល់នោះ គឺថា ព្រះទ្រង់បានប្រទាន ជីវិតដ៏នៅអស់កល្បជានិច្ចមកយើងរាល់គ្នា ហើយជីវិតនោះ គឺនៅក្នុងព្រះរាជបុត្រានៃទ្រង់ ឯអ្នកណាដែលមានព្រះរាជបុត្រា នោះក៏មានជីវិតដែរ តែអ្នកណាដែលគ្មានព្រះរាជបុត្រានៃព្រះទេនោះគ្មានជីវិតឡើយ» (យ៉ូហានទី១ ៥៖១១, ១២)។
យើងបានយល់ខទាំងនេះពីលោកយ៉ូហាន និងលោកប៉ុលកាន់តែច្បាស់ឡើងនៅពេលដែលយើងអានព្រះបន្ទូលរបស់ព្រះយេស៊ូវយ៉ាងដូច្នេះថា «អស់អ្នកណាដែលឃើញព្រះរាជបុត្រា ហើយក៏ជឿដល់ទ្រង់ បានជីវិតដ៏នៅអស់កល្បជានិច្ច ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត» (យ៉ូហាន ៦៖៤០)។ ព្រះយេស៊ូវក៏បានមានបន្ទូលយ៉ាងដូច្នេះដែរថា៖ «ខ្ញុំជាសេចក្តីរស់ឡើងវិញ ហើយជាជីវិត អ្នក ណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយគង់តែនឹងរស់ឡើងវិញដែរ» (យ៉ូហាន ១១៖២៥)។
ជីវិតអស់កល្បគឺជាអំណោយទានមួយមកពីព្រះ។ មានតែមនុស្សដែលបានសង្គ្រោះនៅក្នុងព្រះគ្រីស្ទប៉ុណ្ណោះ ដែលអាចទទួលជីវិតអស់កល្បនេះបាន។ ព្រះគម្ពីរមិនបានបង្រៀនថា មនុស្សនឹងឡើងទៅស្ថានសួគ៌ ឬចុះស្ថាននរក នៅពេលដែលគេស្លាប់ទៅនោះឡើយ។ ព្រះគម្ពីរក៏មិនបានបង្រៀនថា ព្រលឹងនឹងរស់នៅជារហូត ឬមនុស្សទាំងអស់នឹងបានសង្គ្រោះនោះដែរ។ ការបង្រៀនទាំងនេះពេញ និយមជាទីបំផុត។ ប៉ុន្តែ ការបង្រៀនទាំងនេះមិនមាននៅក្នុងព្រះគម្ពីរឡើយ។
ថ្ងៃសុក្រ ទី២ ខែធ្នូ ឆ្នាំ២០២២
សិក្សាបន្ថែម
«សូមអាន Ellen G. White, “The First Great Deception,” pages 531-550; “Can Our Dead Speak to Us?” pages 551-562, in The Great Controversy។
«ការបង្រៀនថា ព្រលឹងនៅរស់ជារៀងរហូតនោះគឺជារឿងខុសឆ្គងមួយ។ ការបង្រៀនខុសឆ្គង នេះចេញមកពីគោលគំនិតដែលថា ព្រលឹងនៃមនុស្សនឹងបន្តរស់នៅតទៅទៀត បន្ទាប់ពីពួកគេស្លាប់ទៅ។ ព្រះគម្ពីរមិនបានបង្រៀននូវគោលគំនិតដែលថា ពួកបាបជននឹងត្រូវរងទុក្ខនៅក្នុងស្ថាននរកជារៀងរហូត បន្ទាប់ពីពួកគេស្លាប់ទៅនោះឡើយ។ គោលគំនិតទាំងនេះបានប្រឆាំងទាស់នឹងព្រះគម្ពីរ គោលគំនិតរបស់យើង និងអារម្មណ៍ជាមនុស្សលោករបស់យើង។ ប៉ុន្តែ មនុស្សជាច្រើនបានទទួលយកនូវគោលជំនឿពេញនិយមនេះ។ ពួកគេបានជឿថា មនុស្សស្លាប់ដែលបានសង្គ្រោះសុទ្ធតែនៅឯស្ថានសួគ៌ទាំងអស់។ អ្នកដែលបានសង្គ្រោះទាំងនេះអាចមើលឃើញរឿងគ្រប់យ៉ាងដែលកំពុងតែកើតឡើងនៅលើផែនដីនេះ។ ពួកគេក៏ដឹងដែរថា នឹងមានអ្វីកើតឡើងនៅក្នុងជីវិតនៃមិត្តភក្តិរបស់ពួកគេ។ ប៉ុន្តែ តើមនុស្សស្លាប់អាចរីករាយយ៉ាងដូចម្តេចទៅបាន នៅពេលដែលគេដឹងអំពីទុក្ខលំបាកនៃមនុស្សដែលនៅរស់នៅឡើយនោះ? តើមនុស្សស្លាប់អាចរីករាយយ៉ាងដូចម្តេចទៅបាន នៅពេលដែលគេឃើញទង្វើអាក្រក់នៃអ្នកជាទីស្រឡាញ់របស់ពួកគេនោះ? តើមនុស្សស្លាប់អាចមើលអ្នកជាទីស្រឡាញ់របស់ពួកគេរងទុក្ខ និងមានអារម្មណ៍ឈឺចាប់ នៅក្នុងជីវិតនេះ ដោយក្តីត្រេកអរយ៉ាងដូចម្តេចទៅបាន? តើមនុស្សស្លាប់អាចរីករាយនឹងស្ថានសួគ៌យ៉ាងដូចម្តេចទៅបាន ប្រសិនបើពួកគេកំពុងតែបារម្ភអំពីមិត្តភក្តិរបស់ពួកគេនៅលើផែនដីនេះនៅឡើយនោះ? តើលោកអ្នកយល់ថា ហេតុអ្វីបានជាការបង្រៀននេះគឺជាការកុហកដ៏អាក្រក់មួយដែរឬទេ?»។ ដកស្រង់ ពី Ellen G. White, The Great Controversy, page 545, adapted។
សំនួរពិភាក្សា៖
- តើលោកអ្នកធ្លាប់និយាយជាមួយនឹងអ្នកណាម្នាក់ដែលជឿថា អ្នកដែលបានសង្គ្រោះឡើងទៅឯស្ថានសួគ៌ និងចុះទៅស្ថាននរកភ្លាមៗ នៅពេលដែលពួកគេស្លាប់ទៅ? អ្នកដែលជឿទៅលើគោលគំនិតនេះមានចិត្តរឹងរូសជាខ្លាំង។ តើហេតុអ្វីបានជាគេនៅតែជឿថា មនុស្សអាក្រក់នឹងត្រូវរងទុក្ខនៅក្នុងភ្លើងនរកជារៀងរហូតយ៉ាងដូច្នេះ? តើពួកគេអាចនឹងមិនចូលចិត្តនូវគោលគំនិតដែលថា គ្រួសារ និងមិត្តភក្តិរបស់ពួកគេ នៅក្នុងផ្នូរនោះដែរឬទេ? តើលោកអ្នកឃើញពីឥទ្ធិពលដ៏ខ្លាំងក្លានៃគោលគំនិតខុសឆ្គងទាំងនេះដែរឬទេ?
- គ្រីស្ទានភាគច្រើនបានបង្រៀនថា ព្រលឹងនៅបន្តរស់ ហើយព្រលឹងនេះមិនចេះស្លាប់ឡើយ។ តើយើង គួរតែធ្វើអ្វីខ្លះរួមគ្នា ដើម្បីប្រកាសសេចក្តីពិតនៃព្រះគម្ពីរអំពីអ្វីដែលត្រូវកើតឡើងចំពោះព្រលឹង និងរូបកាយរបស់យើងនៅពេលដែលយើងស្លាប់ទៅនោះ?
- តើសព្វថ្ងៃនេះ មានគោលគំនិតលោកីយ៍អ្វីខ្លះដែលបានជំនួសសេចក្តីពិតនៃព្រះគម្ពីរ និងក្លាយទៅជាការបង្រៀនពេញនិយមនៅក្នុងពួកជំនុំគ្រីស្ទាននោះ?
រឿងខ្លី
«ម៉ូដេសធី ម៉ូដេសធី ម៉ូដេសធីអើយ»
មនុស្សម្នាបានដង្ហែចូលមើលក្មេងអាយុ២ឆ្នាំ អាគូរីយុស (Akurious) នៅក្នុងទីក្រុងខាធីម៉ា មូលីអូ (Katima Mulilo) នៃប្រទេសណាមីប៊ី ដោយក្តីអាណិត។ ក្មេងប្រុសម្នាក់នេះបានធ្លាក់ខ្លួនឈឺអស់ រយៈពេលជាច្រើនមកហើយ មនុស្សម្នាបានស្រក់ទឹកភ្នែក ខណៈពេលដែលពួកគេបានឃើញឈឺចាប់ដ៏វេទនារបស់គាត់។ មនុស្សម្នាក់បានប្រាប់ឪពុកម្តាយរបស់អាគូរីយុសថា «មន្ទីរពេទ្យគ្មានសមត្ថភាពព្យាបាលកូនអ្នកនោះឡើយ អ្នកគួរតែទៅរកគ្រូធ្មប់វិញល្អជាង»។ មនុស្សម្នាក់ទៀតបាននិយាយថា «ធ្វើ អ៊ីចឹងទៅ ព្រះទ្រង់នឹងយោគយល់ដល់ពួកឯង»។ បន្ទាប់ពីអ្នកមកសួរសុខទុក្ខចេញទៅអស់ ឪពុកបានពិភាក្សាជាមួយនឹងម្តាយថា «តើយើងគួរតែធ្វើយ៉ាងមិចទៅ? អ្វីដែលពួកគេនិយាយនោះប្រហែលជាត្រូវមែន ព្រះយេស៊ូវនឹងយោគយល់អំពីពួកយើងជាមិនខាន»។ ម្តាយមិនអាចទ្រាំមើលការឈឺចាប់របស់កូន ប្រុសតែមួយគត់របស់នាងបានឡើយ។ ដូច្នេះ នាងបានយល់ព្រម។
គ្រូធ្មប់បានប្រកាសថា ពួកធ្មប់បានដាក់អំពើទៅលើក្មេងប្រុសនេះហើយ កូននេះនឹងជាឡើងវិញជាមួយនឹងថ្នាំបុរាណ។ ឪពុកម្តាយបានទិញថ្នាំគ្រូធ្មប់នោះ ហើយបានថ្នាំខ្លះទៅអោយកូនរបស់គាត់លេបជាប្រចាំ។ ប៉ុន្តែ ឪពុកម្តាយកាន់តែអោយថ្នាំ កូននេះកាន់តែឈឺឡើងៗ។ ឪពុកបានចាប់ផ្តើមអធិស្ឋានយ៉ាងអស់ពីចិត្ត។ គាត់បានអធិស្ឋានថា «ឱព្រះអម្ចាស់យេស៊ូវអើយ ទូលបង្គំដឹង ទូលបង្គំបានធ្វើខុសហើយ ទូលបង្គំក៏បានឃ្លាតចេញពីព្រះគុណសង្រ្គោះរបស់ទ្រង់ដែរ ឱព្រះអម្ចាស់អើយ សូមទ្រង់មានបន្ទូលមកកាន់ទូលបង្គំមកថា តើទូលបង្គំគួរធ្វើយ៉ាងណា ដើម្បីអោយកូនទូលបង្គំបានជាឡើងវិញ ដ្បិតទ្រង់បានធ្វើអោយមនុស្សឃ្លង់បានជា មនុស្សខ្វាក់អាចមើលឃើញ និងមនុស្សពិការអាចដើរបានផង ដូច្នេះ សូមទ្រង់ធ្វើការទាំងនេះមកលើកូនទូលបង្គំផង»។
មួយស្របក់ក្រោយមក ឪពុកបានទទួលសុបិនមួយ។ ខណៈដែលគាត់កំពុងតែដេកនោះ គាត់បានឮសំឡេងមួយ ហៅឈ្មោះរបស់គាត់។ សំឡេងនោះបាននិយាយថា «ម៉ូដេសធី ម៉ូដេសធី ម៉ូដេសធី អើយ ហេតុអ្វីបានជាអ្នកចងគាត់ជាមួយនឹងពួកវិញ្ញាណអាក្រក់យ៉ាងដូច្នេះ? ខ្ញុំមិនចង់អោយអ្នកចូលដៃជាមួយនឹងគ្រូធ្មប់នោះឡើយ ប្រសិនបើអ្នកនៅមានជីវិតរស់»។ ឪពុកបានភ្ញាក់ឡើងទាំងញ័រទទ្រើក រួចគាត់បានយកថ្នាំបុរាណទាំងនោះទៅបោះចោលអស់ទៅ។ គាត់បានចាំថា គាត់ធ្លាប់បានឮអនុសាសន៍នៃគ្រូពេទ្យសេវេនដេយអាត់វេនទីស្ទម្នាក់ ដែលបានធ្វើបទបង្ហាញអំពីសុខភាពនៅឯការបោះជំរំ រួចឪពុកបានយកកូនទៅអោយគ្រូពេទ្យម្នាក់នេះពិនិត្យមើល។ គ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យឃើញថា អាគូរីយុស មានជំងឺរលាកសួត និងជំងឺរបេង ហើយបានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យដែលអាចព្យាបាលគាត់បាន។ ឪពុកបានបន្តអធិស្ឋាន ហើយម្ដាយក៏បានចូលរួមជាមួយឪពុកដែរ ។ ពួកគេបានទុកចិត្តទៅលើព្រះយេស៊ូវទាំងស្រុង។ ឥឡូវនេះ លោកអាគូរីយុស (រូបភាពខាងក្រោម) មានអាយុ២២ឆ្នាំហើយ។ លោកម៉ូដេសធី និងនាងរេបិកា ខាឃូឡា ដែលជាឪពុកម្តាយរបស់លោកអាគូរីយុសបានបន្តបង្កើតកូន៤នាក់ទៀត។ ប៉ុន្តែ នៅពេលដែលកូនម្នាក់ៗកើតមកនោះ ពួកគេបានបដិសេធមិនព្រមចូលរួមនៅក្នុងពិធីប្រពៃណី ដែលអ្នកក្រុងប្រារព្ធធ្វើសម្រាប់ទារកទើបនឹងកើតនោះឡើយ។ ផ្ទុយទៅវិញ ពួកគេបានយកកូនៗរបស់ពួកគេទៅ កាន់ព្រះវិហារអាត់វេនទីស្ទដើម្បីថ្វាយដល់ព្រះយេស៊ូវវិញ។
អំណានដង្វាយប្រចាំសប្តាហ៍
អ្នកផ្គត់ផ្គង់ដ៏ពិសេស
យើងបានថ្វាយបង្គំព្រះជាមួយនឹងធនធានដែលយើងមានដោយសារតែទ្រង់តែងតែផ្គត់ផ្តង់ ចំពោះតម្រូវការរបស់យើងជានិច្ច មុនពេលដែលយើងត្រូវការតម្រូវការទាំងនោះទៅទៀត។ តាមរយៈសុបិន ព្រះអម្ចាស់បានមានបន្ទូលប្រាប់ស្តេចផារ៉ោនអំពី៧ឆ្នាំនៃអំណត់ដ៏ធ្ងន់ធ្ងន់ ដែលកើតមានដល់ស្រុកអេស៊ីព្ទ។ ទោះជាយ៉ាងនេះក្តី មុនពេលដែលវិបត្តិនេះបានកើតឡើងនោះ ទ្រង់បានប្រទាន៧ឆ្នាំនៃភាពសម្បូរបែបជាមុនសិន។ ពួកសាសន៍អេស៊ីព្ទបានរក្សាទុកស្បៀង ដើម្បីទប់ស្កាត់វិបត្តិនេះនៅក្រោមការដឹកនាំដ៏ផុសផុលរបស់លោកយ៉ូសែប។ ព្រះបានប្រទានស្បៀងដល់ពួកគេ មុនពេលដែលពួកគេត្រូវការរបស់វាទៅទៀត។ លោកយ៉ូសែបបានប្រាប់ពួកបងៗរបស់គាត់ អំពីព្រះដែលបានធ្វើ កិច្ចការតាមការកំណត់ទុក យ៉ាងដូច្នេះ៖ «ព្រះទ្រង់បានចាត់ខ្ញុំឲ្យមកមុនអ្នករាល់គ្នា ដើម្បីនឹងរក្សាអ្នក រាល់គ្នាឲ្យមានសំណល់សល់នៅផែនដី ហើយនឹងជួយសង្គ្រោះជីវិតនៃអ្នករាល់គ្នា ដោយសេចក្តីប្រោសប្រាណយ៉ាងធំ» (លោកុប្បត្តិ ៤៥៖៧)។ តម្រូវការបន្ទាន់របស់យើងនៅថ្ងៃនេះ មិនបានធ្វើអោយព្រះភ្ញាក់ផ្អើល ឬធ្វើអោយទ្រង់បាត់បង់តុល្យភាពនោះឡើយ។
ក្នុងអំឡុងនៃការរាតត្បាតនៃជំងឺកូវីដ១៩នេះ មានគ្រួសារមួយបានធ្វើបន្ទាល់អំពីរបៀបដែលព្រះបានធ្វើបំពេញតម្រូវការរបស់ពួកគេតាមការកំណត់ទុក។ ដោយសារតែពួកគេកំពុងតែរស់នៅឯប្រទេសក្រៅនោះ ប្រពន្ធបានបន្តច្បាប់សុំអនុញ្ញាតធ្វើការក្រៅស្រុករបស់នាងជាថ្មីម្តងទៀត។ ការរត់ការច្បាប់នេះបានដំណើរយូរជាងការរំពឹងទុក។ បន្ទាប់ពីបានរង់ចាំអស់រយៈពេលប៉ុន្មានខែក្រោយមក នោះច្បាប់អនុញ្ញាតខាងឯការងារបច្ចុប្បន្នរបស់យើងត្រូវបានផុតកំណត់ ដូច្នេះ ការងាររបស់នាងត្រូវដកចេញ។ ថវិកាគ្រួសាររបស់នាងក៏គ្មានតុល្យភាពតទៅទៀតដែរ។ ជាដំបូង នាង និងប្តីរបស់នាង បានគិតថា ខ្លួននឹងទទួលបានច្បាប់សុំអនុញ្ញាតធ្វើការក្នុងរយៈពេលតែ២ទៅ៣ថ្ងៃប៉ុណ្ណោះ។ គ្រប់យ៉ាង បានខុសពីការរំពឹងទុកទាំងស្រុង។ ប៉ុន្តែ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ គឺថា ៧ខែត្រឹមមុនពេល ដែលនាងបានបាត់បង់ការងាររបស់នាងនោះ មានក្រុមហ៊ុនជាច្រើនត្រូវបានបិទទ្វារ និងដកបុគ្គលិកចេញ ធ្វើអោយអត្រានៃការគ្មានការងារឡើងខ្ពស់ជាខ្លាំង ប៉ុន្តែ នាងមានការអស្ចារ្យណាស់ ដែលនាងនៅជាប់នឹងការងាររបស់នាងបានមួយរយៈដែរ។ រឿងនេះបានធ្វើអោយគ្រួសាររបស់នាងអាចរក្សាទុកនូវប្រាក់សង្គ្រោះបន្ទាន់របស់ពួកគេ ដោយមិនដឹងថា ពួកគេនឹងត្រូវប្រឈមនឹងបញ្ហានៃច្បាប់សុំអនុញ្ញាតធ្វើការនោះឡើយ។ ជាទូទៅ ពួកគេតែងតែពិនិត្យមើលកំណត់ហេតុនៃការដាក់ពាក្យរបស់នាងជានិច្ច។ ប៉ុន្តែ លើកនេះពេលវេលានៃការរង់ចាំបានកើតឡើងរហូតដល់៣ខែ ៤ខែ ៥ខែ ទីបំផុតនាងត្រូវរង់ចាំអស់រយៈពេល៩ខែ។ នេះគឺជាពេលវេលានៃការសាកល្បងមួយ។ ក្នុងរយៈពេលនៃការ រង់ចាំជាច្រើនខែបន្ថែមទៀតនេះ ប្រាក់សង្គ្រោះបន្ទាប់របស់ពួកគេបានជួយអោយពួកគេអាចរស់បន្តទៅទៀត។ អ្វីដែលច្បាស់ជាងនេះទៅទៀតនោះ គឺថា នេះគឺជាកិច្ចការរបស់ព្រះដែលទ្រង់បានផ្គត់ផ្គង់ដល់ពួកគេមុនពេលដែលពួកគេត្រូវការប្រាក់បន្ទាន់នោះទៅទៀត។
សប្តាហ៍នេះ ខណៈដែលយើងថ្វាយបង្គំព្រះជាមួយនឹងតង្វាយ១០ហូត១ និងតង្វាយទៀងទាត់តាមសេចក្តីសន្យានោះ ចូរអោយយើងបង្ហាញពីការថ្លែងអំណរគុណដល់អ្នកផ្គត់ផ្គង់របស់យើងចុះ ដ្បិតទ្រង់មានដំណោះស្រាយចំពោះវិបត្តិទាំងប៉ុន្មាន ដែលយើងមិនបានដឹងជាមុននោះឯង។
សេចក្តីអំពាវនាវ៖
«ភ្នែករបស់មនុស្សទាំងអស់រង់ចាំតែទ្រង់ ហើយទ្រង់ក៏ប្រទានអាហារដល់គេតាមត្រូវពេល» (ទំនុកដំកើង ១៤៥៖១៥)។
សេចក្តីអធិដ្ឋាន៖
ឱព្រះអម្ចាស់អើយ ទូលបង្គំថ្វាយបង្គំព្រះអង្គ មិនមែនដោយសារតែទ្រង់ជ្រាបអំពី អនាគតនោះទេ ប៉ុន្តែ ទ្រង់ក៏បានរៀបចំផ្លូវសម្រាប់ទូលបង្គំផងដែរ។ ដ្បិតទ្រង់គឺជាអ្នកផ្គត់ផ្តង់ដ៏ពិសេសរបស់ទូលបង្គំ។