លោកប៉ុលបានផ្តើមបញ្ជីឈ្មោះវីរបុរសនៃសេចក្តីជំនឿរបស់គាត់នៅក្នុងបទគម្ពីរហេព្រើរ ១១។ លោកប៉ុលបានបញ្ចប់បញ្ជីរបស់គាត់នៅក្នុងជំពូក ១២ ជាមួយនឹងព្រះយេស៊ូវ។ ទន្ទឹមគ្នានេះ លោកប៉ុល បានបញ្ចប់សំបុត្រផ្ញើទៅកាន់ពួកជំនុំហេព្រើររបស់គាត់ជាមួយនឹងព្រះយេស៊ូវ។ (លោកប៉ុលក៏បានផ្តើមសំបុត្ររបស់គាត់ជាមួយនឹងព្រះយេស៊ូវផងដែរ)។ ព្រះយេស៊ូវគឺជា «ព្រះអង្គដែលត្រូវមក ទ្រង់នឹងយាង មកមែនឥតបង្អង់ឡើយ» (ហេព្រើរ ១០៖៣៧)។ ព្រះយេស៊ូវក៏ជា «មេសំរេចសេចក្តីជំនឿរបស់យើង» ផងដែរ (ហេព្រើរ ១២៖២)។ ខនេះបានបង្ហាញយើងថា ព្រះយេស៊ូវបានធ្វើអោយសេចក្តីជំនឿរបស់យើង នៅក្នុងព្រះអាចសម្រេចទៅបាន។ ព្រះយេស៊ូវក៏ជាគំរូដ៏ល្អឥតខ្ចោះអំពីអ្វីទៅដែលហៅថា ជីវិតខាងឯ សេចក្តីជំនឿផងដែរ។
វិធីទីមួយ៖ ព្រះគឺជាបុគ្គលតែមួយគត់ ដែលបានរត់ «ប្រណាំង» ខាងឯសេចក្តីជំនឿ និងបាន ឆ្លងកាត់បន្ទាត់ «ផ្តាច់ព្រាត់»។ រីឯអ្នកឯទៀតដែលមាននៅក្នុងបញ្ជីឈ្មោះក្នុងបទគម្ពីរហេព្រើរ ១១ មិនទាន់បានបញ្ចប់ការរត់ប្រណាំងនៅឡើយទេ ដោយសារតែពួកគេមិនបានទទួលអ្វីដែលព្រះបានសន្យានឹង ពួកគេ (ហេព្រើរ ១១៖៣៩, ៤០)។ បន្ទាប់ពីព្រះយេស៊ូវបានរត់ប្រណាំងខាងឯសេចក្តីជំនឿនៅលើផែនដីរួចមក ព្រះយេស៊ូវបានយាងទៅស្ថានសួគ៌វិញ។ ទ្រង់បានគង់នៅខាងស្តាំព្រះវរបិតា។ យើងនឹងចូលរួម ជាមួយនឹងព្រះយេស៊ូវនៅទីនោះដែរនាពេលអនាគត។ វីរបុរសនៃសេចក្តីជំនឿដទៃទៀតដែលលោកប៉ុល បានមានប្រសាសន៍នៅក្នុងបទគម្ពីរហេព្រើរ ១១ នោះ ក៏នឹងទៅទីនោះផងដែរ (វិវរណៈ ២០៖៤)។
វិធីទីពីរ៖ ជីវិតដ៏ល្អឥតខ្ចោះរបស់ព្រះយេស៊ូវបានធ្វើអោយវីរបុរសនៃព្រះគម្ពីរអាចសម្រេចការរត់ ប្រណាំងខាងឯសេចក្តីជំនឿនេះបាន (ហេព្រើរ ១០៖៥-១៤)។ តើយ៉ាងណាទៅវិញ ប្រសិនបើព្រះយេស៊ូវ មិនបានយាងមករត់ប្រណាំងខាងឯសេចក្តីជំនឿនៅផែនដីនេះ? ពេលនោះ គ្មានអ្នកណាម្នាក់អាចបញ្ចប់ ការរត់ប្រណាំងនេះបានឡើយ។
វិធីទីបី៖ ព្រះយេស៊ូវគឺជាហេតុផលសម្រាប់សេចក្តីជំនឿរបស់យើង។ ទ្រង់បានបង្ហាញយើងអំពី សេចក្តីស្រឡាញ់របស់ព្រះចំពោះបាបជន។ ព្រះមិនដែលឈប់ព្យាយាមសង្គ្រោះយើងនោះឡើយ។ នេះ គឺជាមូលហេតុដែលនាំអោយយើងទទួលបានរង្វាន់របស់យើងនៅចុងបញ្ចប់។ ដូច្នេះ យើងមិនត្រូវចុះចាញ់ ឡើយ។ យើងត្រូវធ្វើតាមអ្វីដែលព្រះយេស៊ូវបានធ្វើ។ ព្រះយេស៊ូវបានអត់ធ្មត់ និងស្មោះត្រង់ចំពោះព្រះ។ ព្រះយេស៊ូវបានស្តាប់បង្គាប់ព្រះទាំងស្រុង។ ព្រះយេស៊ូវបានធ្វើកិច្ចការទាំងនេះជំនួសយើង នៅពេល ដែលយើងគ្មានសេចក្តីជំនឿ (ធីម៉ូថេទី២ ២៖១៣)។ សេចក្តីជំនឿរបស់យើងទៅលើព្រះយេស៊ូវបានបង្ហាញ សេចក្តីស្រឡាញ់របស់ទ្រង់ចំពោះយើងយ៉ាងពិតប្រាកដ។
ព្រះយេស៊ូវគឺ «ជាមេសំរេចសេចក្តីជំនឿរបស់យើង» (ហេព្រើរ ១២៖២) ពីព្រោះទ្រង់បានបង្ហាញ យើងអំពីរបៀបរត់ប្រណាំងខាងឯសេចក្តីជំនឿ។ តើព្រះយេស៊ូវបានរត់ប្រណាំងដោយរបៀបណាដែរ? នោះគឺថា ទ្រង់បានលះបង់អ្វីៗគ្រប់យ៉ាងសម្រាប់យើង (ភីលីព ២៖៥-៨)។ ព្រះយេស៊ូវមិនដែលធ្វើបាប ទាល់តែសោះ។ ទ្រង់បានទតមើលរង្វាន់ដែលកំពុងតែរង់ចាំទ្រង់នាពេលអនាគតពីចំងាយ។ រង្វាន់របស់ ទ្រង់នោះនឹងក្លាយទៅជាសេចក្តីអំណរដែលទ្រង់ទទួលបានមកពីការទតឃើញមនុស្សបានសង្គ្រោះតាម រយៈព្រះគុណរបស់ទ្រង់។ នេះគឺជាមូលហេតុដែលព្រះយេស៊ូវបានស៊ូទ្រាំនឹងការយល់ច្រឡំ នៅពេលដែលទ្រង់មានព្រះជន្មរស់នៅលើផែនដីនេះ។ នេះក៏ជាមូលហេតុដែលទ្រង់បានទទួលយកភាពអាម៉ាស់នៃឈើឆ្កាងផងដែរ (ហេព្រើរ ១២៖២, ៣)។
ថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២
សិក្សាបន្ថែម
«ដោយសារសេចក្តីជំនឿ លោកអ្នកបានទទួលយកព្រះយេស៊ូវ។ ឥឡូវនេះ លោកអ្នក គឺជាកម្មសិទ្ធិរបស់ទ្រង់។ ដូច្នេះ លោកអ្នកក៏ត្រូវតែលូតលាស់នៅក្នុងទ្រង់ ដោយសារសេចក្តីជំនឿផង ដែរ។ លោកអ្នកអាចលូតលាស់បានតាមរយៈការថ្វាយ និងការទទួលយក។ លោកអ្នកត្រូវតែថ្វាយអ្វីៗ គ្រប់យ៉ាងដល់ព្រះដូចជា៖ ចិត្តរបស់លោកអ្នក ផែនការរបស់លោកអ្នក និងជីវិតរបស់លោកអ្នកជាដើម។ លោកអ្នកក៏ត្រូវតែទទួលយកអ្វីៗគ្រប់យ៉ាងដែលទ្រង់ប្រទានដល់លោកអ្នកផងដែរ។ លោកអ្នកត្រូវតែទទួលយកព្រះពររបស់ទ្រង់ទាំងអស់។ ពេលនោះ ព្រះយេស៊ូវនឹងរស់នៅក្នុងចិត្តរបស់លោកអ្នក។ ទ្រង់ នឹងក្លាយជាកម្លាំងរបស់លោកអ្នក។ ទ្រង់នឹងធ្វើអោយលោកអ្នកបានបរិសុទ្ធ។ ទ្រង់នឹងក្លាយជាអង្គជំនួយ របស់លោកអ្នកជារៀងរហូត។ ហើយទ្រង់ក៏នឹងជួយអោយលោកអ្នកស្តាប់បង្គាប់ដល់ព្រះផងដែរ»។ ដក ស្រង់ពី Ellen G. White, Steps to Christ, page 70, adapted។
«ព្រះមិនបានសូមអោយយើងជឿដោយពុំបានបង្ហាញយើងនូវភ័ស្តុតាងគ្រប់គ្រាន់សម្រាប់សេចក្តី ជំនឿរបស់យើងនោះទេ។ ព្រះបានបង្ហាញយើងនូវហេតុផលជាច្រើនក្នុងការជឿទុកចិត្តទៅលើសេចក្តីពិតនៃព្រះគម្ពីរស្តីអំពីព្រះអង្គផ្ទាល់។ ប៉ុន្តែ យើងតែងតែអាចមានចំងល់ជានិច្ច។ សេចក្តីជំនឿរបស់យើងត្រូវតែ ដាក់នៅលើភ័ស្តុតាងដែលព្រះបានបង្ហាញយើង។ យើងមិនគួរផ្អែកទៅលើអារម្មណ៍របស់យើង ដើម្បីជួយ អោយយើងសម្រេចអ្វីដែលយើងបានជឿនោះទេ។ មនុស្សដែលប្រាថ្នាចង់បានចំងល់នឹងទទួលបានឱកាស ក្នុងការឆ្ងល់។ រីឯមនុស្សដែលចង់ដឹងអំពីសេចក្តីពិតនៃព្រះគម្ពីរយ៉ាងពិតប្រាកដនោះ នឹងរកឃើញភ័ស្តុតាង ជាច្រើនសម្រាប់សេចក្តីជំនឿរបស់ពួកគេវិញ»។
«គំនិតរបស់យើងមិនអាចយល់អំពីសេចក្តីស្រឡាញ់ និងកិច្ចការនៃព្រះដ៏នៅអស់កល្បរបស់យើងបានទាំងអស់នោះទេ។ ទ្រង់គឺជាបុគ្គលដ៏បរិសុទ្ធ។ ទ្រង់អាថ៌កំបាំងជានិច្ច។ មនុស្សដែលឆ្លាតជាង គេបំផុតនៅផែនដីមិនអាចដោះស្រាយអាថ៌កំបាំងដ៏បរិសុទ្ធនេះបានឡើយ។ ‘តើលោកអ្នកគិតថា លោក អ្នកយល់ច្បាស់អំពីព្រះដែរឬទេ? តើលោកអ្នកបានយល់អំពីព្រះដ៏ពេញដោយអំណាចទាំងស្រុងបានដែរ ឬទេ? ចំណេះដឹងនេះគឺហួសពីស្ថានសួគ៌ និងជ្រៅជាងកន្លែងនៃសេចក្តីស្លាប់ទៅទៀត។ ដូច្នេះ តើលោក អ្នកអាចធ្វើអ្វីបាន? តើលោកអ្នកអាចរៀនអំពីចំណេះដឹងទាំងអស់បានយ៉ាងដូចម្តេចទៅ?’ (យ៉ូប ១១៖៧, ៨)»។ ដកស្រង់ពី Ellen G. White, Steps to Christ, page 105, adapted។
សំនួរពិភាក្សា៖
- លោកប៉ុលបានមានប្រសាសន៍ថា «យើងរាល់គ្នាក៏យល់ដោយសារសេចក្តីជំនឿ» នេះដែរ (ហេព្រើរ ១១៖៣)។ តើសេចក្តីជំនឿ និងការយល់ដឹងមានទំនាក់ទំនងអ្វីនឹងគ្នាដែរ? តើសេចក្តីជំនឿបានជួយអោយ យើងយល់អ្វីខ្លះ?
- ពាក្យក្រេក «ភីស្ទីស (pistis)» មានន័យថា «សេចក្តីជំនឿ»។ «ភីស្ទីស» បានបង្ហាញយើងអំពី (១) គោលជំនឿទៅលើព្រះ និង (២) ភាពស្មោះត្រង់ចំពោះទ្រង់។ តើហេតុអ្វីបានជាអត្ថន័យទាំង២យ៉ាងនេះ សំខាន់ម្ល៉េះ ចំពោះការយល់ដឹងរបស់យើងស្តីអំពីរបៀបដែលយើងរស់នៅ «ដោយសារសេចក្តីជំនឿ» នេះ? តើមនុស្សនៅក្នុងបទគម្ពីរហេព្រើរ ១១ បានបង្ហាញភាពស្មោះត្រង់របស់ពួកគេចំពោះព្រះដោយរបៀប ណា? តើភាពស្មោះត្រង់របស់ពួកគេបានបង្ហាញអំពីសេចក្តីជំនឿរបស់ពួកគេដោយរបៀបណា? តើយើង អាចរស់នៅបានដូចជាពួកគេដោយរបៀបណាដែរ?
រឿងខ្លី
ការថ្វាយបង្គំដូចជាព្រះយេស៊ូវ
កាលពី៣ឆ្នាំមុន ប្រាក់ដង្វាយសប្បាតហ៍ទី១៣បានជួយស្ថាបនាមជ្ឈមណ្ឌលបម្រើសហគមន៍ ក្នុងការផ្សព្វផ្សាយដំណឹងល្អដល់មនុស្សនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែ មជ្ឈមណ្ឌលបម្រើសហគមន៍ ដែល ជា «មជ្ឈមណ្ឌលឥទ្ធិពលនៃទីក្រុង» បានឈោងចាប់មនុស្សដំបូង មុនពេលមជ្ឈមណ្ឌលនេះបានចាប់ផ្តើមដំណើរការទៅទៀត។
លោកគុយ សុភ័ណ្ឌបានឮថា គេបានចាប់ផ្តើមការសាងសង់នៅឯមជ្ឈមណ្ឌលបម្រើសហគមន៍ (Essential Life Center) ហើយបានដឹងទៀតថា ប្រាក់ឈ្មួលក៏ល្មមគួរសមដែរ ដូច្នេះហើយ គាត់បាន សូមធ្វើការជាមួយនឹងលោកហ្គារី រ៉ូជ័រ (Gary Rogers) ដែលជាអ្នកគ្រប់គ្រងលើគម្រោងការនោះដែរ។ លោកហ្គារីគឺជាបេសកជនអាមេរិកដែលធ្វើការសម្រាប់បេសកកម្មអាត់វេនទីស្ទមិនទាន់បានបើកការដ្ឋានសំណង់នៅឯទីតាំងខេត្តបាត់ដំបងដែលជាទីក្រុងធំទី២នៃប្រទេសកម្ពុជាភ្លាមៗនៅឡើយទេ ទោះជាយ៉ាង នេះក្តី គាត់បានយកលេខទូរស័ព្ទលោកសុភ័ណ្ឌ។ ពីរបីខែក្រោយមក លោកសុភ័ណ្ឌបានត្រឡប់មកវិញ លោកហ្គារីបានប្រាប់អោយគាត់ចាប់ផ្តើមធ្វើការនៅថ្ងៃបន្ទាប់ ដោយដឹងថា លោកសុភ័ណ្ឌមានជំនាញខាង ជាងដែក និងរៀបឥដ្ឋ។ លោកសុភ័ណ្ឌបាននិយាយថា «ហេតុអ្វីបានត្រូវចាំដល់ថ្ងៃស្អែកលោក? ខ្ញុំអាច ចាប់ផ្តើមពេលនេះក៏បានដែរ»។
លោកសុភ័ណ្ឌដែលជាអ្នកដឹកនាំព្រះវិហារគ្រីស្ទានផ្ទាល់ខ្លួនរបស់គាត់ មានការភ្ញាក់ផ្អើលដោយ បានដឹងថា លោកហ្គារីបានផ្តើមឡើងជាមួយនឹងការថ្វាយបង្គំ៣០នាទីជារៀងរាល់ថ្ងៃធ្វើការ។ គាត់មិនដែល មានការងារ ដោយមានការថ្វាយបង្គំពីមុនមកនោះទេ ប៉ុន្តែ គាត់បានពេញចិត្តនឹងការថ្វាយបង្គំបែបនេះ ជាខ្លាំង។
ខណៈពេលសិក្សាជាក្រុម គាត់បានដឹងថា អ្វីៗដែលគាត់បានរៀនពីព្រះគម្ពីរនោះ មានលក្ខណៈ ខុសគ្នាពីអ្វីដែលគាត់បានបង្រៀន។ ព្រឹកមួយ ការថ្វាយបង្គំបានផ្តោតទៅលើថ្ងៃសប្បាតហ៍។ លោកសុភ័ណ្ឌ បានអាននៅក្នុងខគម្ពីរលូកា ២៣ អំពីការសុគតរបស់ព្រះយេស៊ូវនៅថ្ងៃទី៦ ដែលជាថ្ងៃរៀបចំ និងត្រូវបានបញ្ចុះនៅថ្ងៃលិចមុនថ្ងៃទី៧ដែលជាថ្ងៃសប្បាតហ៍។ គាត់បានដឹងថា ពួកសាវកបានបញ្ឈប់ការងាររបស់ពួកគេសម្រាប់ថ្ងៃសប្បាតហ៍ និងបានដឹងទៀតថា ព្រះយេស៊ូវបានសម្រាកនៅក្នុងផ្នូរនៅថ្ងៃនោះដែរ។ រហូតទាល់តែដល់ថ្ងៃទី១ ទើបពួកគេបានយកគ្រឿងទេសមកអប់សពទ្រង់។ លោកសុភ័ណ្ឌបានប្រាប់ខ្លួន ឯងទាំងភ្ញាក់ផ្អើលថា «អ៊ីចឹង ថ្ងៃទី៧ពិតជាថ្ងៃសប្បាតហ៍មែនហើយ»។
ដោយឃើញគោលជំនឿរបស់លោកសុភ័ណ្ឌយ៉ាងដូច្នោះ លោកហ្គារីបានសួរទៅគាត់ថា «តើ អ្នកចង់អោយខ្លួនអ្នកបានដូចជាព្រះយេស៊ូវដែរឬទេ?»។ លោកសុភ័ណ្ឌមិនមានការស្ទាក់ស្ទើរនោះឡើយ។ គាត់បានឆ្លើយថា «បាទ ខ្ញុំចង់»។ «ប្រសិននេះជាសេចក្តីប៉ងប្រាថ្នារបស់អ្នកពិតមែន សូមចូលរួមជាមួយ ការថ្វាយបង្គំបើកថ្ងៃសប្បាតហ៍នៅល្ងាចថ្ងៃសប្បាតហ៍ទាំងអស់គ្នា» លោកហ្គារីបាននិយាយ និងអញ្ជើញ គាត់អោយចូលរួមជាមួយនឹងការជួបជុំរបស់ពួកជំនុំអាត់វេនទីស្ទ។
លោកសុភ័ណ្ឌបានមកចួលរួមនៅថ្ងៃសុក្រ ព្រមទាំងបានត្រឡប់មកថ្វាយបង្គំវិញម្តងទៀតនៅ ថ្ងៃសប្បាតហ៍ដែលជាថ្ងៃបន្ទាប់ផងដែរ។ គាត់មានការអស្ចារ្យអំពីរបៀបដែលពួកជំនុំបានស្វាគមន៍គ្នាទៅ វិញទៅមក ដោយនិយាយថា «រីករាយថ្ងៃសប្បាតហ៍»។ ពាក្យនេះបានធ្វើអោយគាត់មានអារម្មណ៍ថា ព្រះអាចធ្វើអោយគាត់បរិសុទ្ធបាន។
ខណៈដែលលោកសុភ័ណ្ឌបានរៀនអំពីព្រះបន្ថែមទៀតនោះ គាត់ចាប់ផ្តើមដាក់ដង្វាយដប់ហូតមួយ។ នៅល្ងាចថ្ងៃសប្បាតហ៍ គាត់បានចូលរួមជាមួយនឹងពួកជំនុំក្នុងការជួយអ្នកខ្វះខាត។ គាត់បានទទួលបុណ្យជ្រមុជទឹក១៨ថ្ងៃក្រោយមក បន្ទាប់ពីបានចាប់ផ្តើមធ្វើនៅឯការដ្ឋានសំណង់សម្រាប់មជ្ឈមណ្ឌលបម្រើសហគមន៍នោះមក។
អំណានដង្វាយប្រចាំសប្តាហ៍
វិទ្យុអាត់វេនទីស្ទពិភពលោក
វិទ្យុអាត់វេនទីស្ទពិភពលោកគឺជាព័ន្ធកិច្ចបែបប្រព័ន្ធផ្សព្វផ្សាយមួយរបស់ព្រះវិហារសេវេនដេយ៍អាត់វេនទីស្ទពិភពលោក។ វិទ្យុអាត់វេនទីស្ទពិភពលោកកំពុងតែនាំយកដំណឹងល្អទៅកាន់ស្ទើរតែគ្រប់កន្លែងទាំងអស់នៅទូទាំងពិភពលោកតាមរយៈស្ថានីយវិទ្យុជាង១០០០ទៅទូទាំងពិភពលោក និងស្ទុឌីយ៉ូមូលដ្ឋាន ការផ្សាយដំណឹងល្អតាមទូរស័ព្ទដៃ អែប្ស ផដខាស្ត សារសុខភាព និងការផ្សាយតាមអ៊ិនធើរណិត។
វិទ្យុនៅតែជាមធ្យោបាយចំបងនៃការទំនាក់ទំនងទៅកាន់ភាគច្រើនបំផុតនៃពិភពលោក។ គ្មានព្រំដែន គ្មានជញ្ជាំង និងគ្មានការម្រិតណាមួយអាចរារាំងវិទ្យុបានឡើយ។ វាអាចចូលទៅក្នុងផ្ទះ និងក្នុងចិត្តរបស់មនុស្សទាំងឡាយ ព្រមទាំងចូលទៅកាន់កន្លែងដែលបេសកជនមិនអាចចូលទៅបានផង។
ទិសដៅដ៏ធំមួយនៃការផ្សាយរបស់វិទ្យុអាត់វេនទីស្ទពិភពលោកគឺបណ្តាប្រទេសដែលស្ថិតនៅក្នុងចន្លោះបង្អួច១០/៤០ ដែលរួមមានផ្នែកខ្លះនៃទ្វីបអាហ្វ្រិក មជ្ឈិមបូព៌ា និងអាស៊ី ពោលគឺជាដែនដីដែលបច្ចុប្បន្ននេះត្រូវបានបិទមិនឲ្យមានការផ្សាយដំណឹងល្អ ប៉ុន្តែវិទ្យុអាចចូលបានយ៉ាងងាយស្រួលទៅវិញ។
កាលពីឆ្នាំមុន កម្មវិធីផ្សព្វផ្សាយជាស៊េរីរបស់វិទ្យុអាត់វេនទីស្ទពិភពលោកស្តីអំពីការបកស្រាយបទទំនាយក្នុងព្រះគម្ពីរ និងការរាប់ថយក្រោយចុងក្រោយរបស់ផែនដីបានទទួលការចូលមើលរាប់លាននាក់ដែលធ្វើឡើងរាប់សិបភាសា។ វីឌីអូទាំងនេះជាច្រើននៅតែស្ថិតនៅក្នុងលទ្ធផលកំពូលៗដែលមនុស្សទាំងឡាយស្វែងរកសម្រាប់ប្រធានបទបទទំនាយនៃព្រះគម្ពីរនៅលើយូធូប និងហ្គូហ្គូល។ រៀងរាល់ថ្ងៃ វិទ្យុអាត់វេនទីស្ទពិភពលោកបានទទួលអ៊ីមែល សំបុត្រ និងសារជាច្រើនពីជុំវិញពិភពលោក។ ថ្មីៗនេះមានសំបុត្របានសរសេរយ៉ាងដូច្នេះថា៖ «កម្មវិធីផ្សាយដំណឹងល្អជាស៊េរីស្តីអំពីការបកស្រាយបទទំនាយក្នុងព្រះគម្ពីរ គឺកំពុងតែបំផ្លាស់បំប្រែគ្រួសាររបស់ខ្ញុំ។ ខ្ញុំបានកើតក្នុងគ្រួសារអ្នកជឿពុទ្ធសាសនា និងបានទៅចូលរួមជាមួយពួកជំនុំនៅថ្ងៃអាទិត្យ ដូច្នេះខ្ញុំបានទទួលព្រះពរខ្លាំងណាស់ដែលបានរៀនអំពីថ្ងៃសប្បាតហ៍ ហើយខ្ញុំនឹងទៅចូលរួមក្នុងការថ្វាយបង្គំព្រះជាមួយពួកជំនុំអាត់វេនទីស្ទដោយផ្ទាល់នៅសប្បាតហ៍សប្តាហ៍នេះ»។
សេចក្តីអំពាវនាវ៖ ដង្វាយសទ្ធាប្រចាំសប្តាហ៍នេះគឺសម្រាប់ឧបត្ថម្ភដល់វិទ្យុអាត់វេនទីស្ទពិភពលោក ដែលបាននឹងកំពុងផ្សាយដំណឹងល្អទៅកាន់ពិភពលោកលើសពី៥០ឆ្នាំហើយ។ ថ្មីៗនេះ វិទ្យុអាត់វេនទីស្ទពិភពលោកកំពុងផ្សាយច្រើនជាង១០០ភាសាហើយ ប៉ុន្តែវិទ្យុអាត់វេនទីស្ទពិភពលោកមានផែនការក្នុងការត្រៀមសេចក្តីអធិប្បាយផ្សព្វផ្សាយដំណឹងល្អ និងបទបង្ហាញអំពីសុខភាពឲ្យបានជាង៥០០ភាសា ដើម្បីឲ្យមនុស្សគ្រប់គ្នានៅលើភពផែនដីនេះអាចស្តាប់សារពីព្រះគម្ពីរជាភាសារបស់ខ្លួនបាន។ សូមអរគុណអ្នករាល់គ្នាសម្រាប់សេចក្តីអធិដ្ឋានរបស់លោកអ្នក និងសម្រាប់ការចូលរួមចំណែកជាមួយវិទ្យុអាត់វេនទីស្ទពិភពលោក។
សេចក្តីអធិដ្ឋាន៖
ព្រះវរបិតា សូមអរព្រះគុណព្រះអង្គសម្រាប់ឱកាសដែលបានធ្វើការជាមួយព្រះអង្គក្នុងការសង្គ្រោះព្រលឹងដែលមានបាបទាំងឡាយ។ សូមប្រទានពរដល់ព័ន្ធកិច្ចរបស់វិទ្យុអាត់វេនទីស្ទពិភពលោក។ យើងរាល់គ្នាដឹងថា មានតែតាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គប៉ុណ្ណោះដែលអាចធ្វើឲ្យកិច្ចការនេះដំណើរការទៅបាន ហើយនិងធ្វើឲ្យជីវិតអាចផ្លាស់ប្តូរបានសម្រាប់នគរស្ថានសួគ៌។ សូមអធិដ្ឋានក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។