សូមអានខគម្ពីរលោកុប្បត្តិ ៤០៖១-៤១៖៣៦។ តើសុបិននៃស្តេចផារ៉ោនមានទំនាក់ទំនងជា មួយនឹងសុបិននៃអ្នកថ្វាយពែង និងអ្នកដុតនំរបស់ទ្រង់ដោយរបៀបណា? តើទំនាក់ទំនងនេះបានបង្ហាញយើងយ៉ាងដូចម្តេចដែរ?
ពេលវេលាបានកន្លងផុតទៅ លោកយ៉ូសែបត្រូវបានគេដាក់អោយធ្វើជាអ្នកមើលការខុសត្រូវនៅក្នុងគុក។ អ្នកទោស២នាក់បានបម្រើស្តេចផារ៉ោន រហូតដល់ស្តេចលែងសព្វព្រះទ័យនឹងពួកគេ តទៅទៀត។ ម្នាក់ជាអ្នកថ្វាយពែង ហើយម្នាក់ទៀតជាអ្នកដុតនំ (លោកុប្បត្តិ ៤១៖៩-១១)។ បុរសទាំង២បានយល់សប្តិ តែគ្មានអ្នកណាអាចនឹងកាត់ស្រាយបានឡើយ។ គ្មានអ្នកណាម្នាក់អាចបកស្រាយ សុបិនរបស់ពួកគេបានឡើយ (លោកុប្បត្តិ ៤០៖៨)។ នៅពេលដែលលោកយ៉ូសែបបានឮអំពីបញ្ហារបស់ ពួកគេនោះ គាត់ក៏សូមអោយពួកគេប្រាប់គាត់អំពីសុបិនរបស់ពួកគេ។ នៅពេលនោះ លោកយ៉ូសែបបានបកស្រាយប្រាប់ពួកគេអំពីសុបិនរបស់ពួកគេ។
ស្តេចផារ៉ោនក៏មានសុបិននិមិត្ត២យ៉ាងដែលគ្មានអ្នកណាម្នាក់អាចនឹងកាត់ស្រាយបានដែរ (លោកុប្បត្តិ ៤១៖១-៨)។ នៅពេលនោះ អ្នកថ្វាយពែងបាននឹកចាំអំពីលោកយ៉ូសែបដែលបានជួយបកស្រាយសុបិនរបស់គាត់។ ដូច្នេះ អ្នកថ្វាយពែងបានទូលស្តេចផារ៉ោនអំពីលោកយ៉ូសែប (លោកុប្បត្តិ ៤១៖៩-១៣)។
ស្តេចផារ៉ោនមានព្រះទ័យភ័យព្រួយអំពីសុបិននិមិត្តរបស់ទ្រង់ជាខ្លាំង។ ទ្រង់បានប្រាប់សុបិន ទាំងនោះដល់លោកយ៉ូសែប (លោកុប្បត្តិ ៤១៖១៤-២៤)។ បន្ទាប់មក លោកយ៉ូសែបបានបកស្រាយសុបិនទាំងនោះអោយស្តេចផារ៉ោនបានជ្រាប។ សុបិនទាំង២យ៉ាងនេះបានបង្ហាញយើងអំពីរឿងតែមួយប៉ុណ្ណោះ។ ក្នុងសុបិនទី១ គោសំគមៗទាំង៧បានឡើងមកស៊ីលេបគោធាត់ៗទាំង៧អស់ទៅ។ ក្នុងសុបិនទី២ គួរស្រូវតូចៗទាំង៧ក៏បានលេបគួរស្រូវថ្លោសៗទាំង៧ផងដែរ។ គោធាត់ៗទាំង៧ និងគួរស្រូវថ្លោសៗ ទាំង៧តំណាងអោយ៧ឆ្នាំនៃភាពសម្បូរសប្បាយ។ ចំណែកឯគោស្គមៗទាំង៧ និងគួរស្រូវតូចៗទាំង៧ នោះ តំណាងអោយ៧ឆ្នាំនៃភាពអំណត់វិញ។ សុបិនទាំង២យ៉ាងបានបង្ហាញថា ព្រះគឺជាអ្នកដែលបាន បើកសំដែងសុបិនទាំងនោះដល់ស្តេចផារ៉ោន (លោកុប្បត្តិ ៤១៖៣២; សូមប្រៀបធៀបជាមួយនឹងខគម្ពីរលោកុប្បត្តិ ៣៧៖៩)។
លោកយ៉ូសែបបានធ្វើអោយស្តេចផារ៉ោនជ្រាបថា ព្រះគឺជាអ្នកប្រទានប្រាជ្ញាដល់គាត់ក្នុងការបក ស្រាយសុបិនទាំងនេះ។ ព្រះបានបង្ហាញស្តេចផារ៉ោនអំពីអ្វីដែលទ្រង់នឹងធ្វើនៅពេលអនាគត (លោកុប្បត្តិ ៤១៖២៥, ២៨)។ ស្តេចផារ៉ោនបានជឿលោកយ៉ូសែប។ បន្ទាប់មក ស្តេចផារ៉ោនបានតែងតាំងលោកយ៉ូសែបអោយគ្រប់គ្រងលើស្រុកអេស៊ីព្ទ។ «រួចផារ៉ោនទ្រង់មានព្រះបន្ទូលទៅយ៉ូសែបថា ដែលព្រះបានសំដែងឲ្យឯងដឹងសេចក្តីទាំងនេះ នោះគ្មានអ្នកណាមានដំរិះមានប្រាជ្ញាដូចឯងនេះទេ គឺឯងនេះហើយ ដែលត្រូវកាន់កាប់ត្រួតត្រាលើជនជាតិរបស់យើង ហើយរាស្ត្រយើងទាំងអស់នឹងចុះចូលតាមបង្គាប់ឯង យើងនឹងធំជាងឯងតែនៅបល្ល័ង្ករាជ្យប៉ុណ្ណោះ» (លោកុប្បត្តិ ៤១៖៣៩, ៤០)។
លោកយ៉ូសែបបានប្តូរពីអ្នកគ្រប់គ្រងនៅក្នុងផ្ទះរបស់លោកប៊ូទីផារទៅជាអ្នកគ្រប់គ្រងនៅក្នុងគុកវិញ។ នៅទីបំផុត ព្រះក៏បានតែងតាំងលោកយ៉ូសែបអោយគ្រប់គ្រងលើស្រុកអេស៊ីព្ទទាំងមូលផងដែរ។ រឿងនេះគួរអោយអស្ចារ្យជាទីបំផុត។ រឿងនេះបានបង្ហាញយើងអំពីការអស្ចារ្យដែលព្រះអាចនឹងធ្វើបាន ទោះបីជានៅពេលដែលអ្វីៗមើលទៅហាក់ដូចជាអាក្រក់ ហើយគ្មានសង្ឃឹមទាល់តែសោះក៏ដោយ។
តើយើងអាចរៀនជឿទុកចិត្តទៅលើព្រះ និងសេចក្តីសន្យារបស់ទ្រង់យ៉ាងដូចម្តេចទៅបាន នៅពេលរឿងអាក្រក់ៗបានកើតឡើង ហើយយើងមានអារម្មណ៍ថា ព្រះមិនបានផ្ទៀងព្រះកាណ៌ស្តាប់សេចក្តីអធិស្ឋានរបស់យើងនោះ?
ថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០២២
សិក្សាបន្ថែម
សូមអាន Ellen G. White, “Joseph in Egypt,” pages 213-223, in Patriarchs and Prophets។
«លោកយ៉ូសែប និងលោកដានីយ៉ែលត្រូវបានបំបែកចេញពីស្រុកកំណើតរបស់ពួកគេតាំងតែពីដើមមក។ ពួកគេត្រូវបានជម្លៀសទៅកាន់ទឹកដីមួយដ៏សែនឆ្ងាយដែលគ្មានអ្នកណាជឿដល់ព្រះទាល់តែសោះ។ សាតាំងបានព្យាយាមល្បួងលោកយ៉ូសែបអោយធ្វើបាបនៅពេលដែលជីវិតរបស់គាត់បានផ្លាស់ប្តូរពីមួយដំណាក់កាលទៅមួយដំណាក់កាលទៀត។ នៅឯផ្ទះឪពុករបស់គាត់ លោកយ៉ូសែបគឺជាកូនសំណព្វម្នាក់។ នៅឯផ្ទះរបស់លោកប៊ូទីផារ លោកយ៉ូសែបគឺជាទាសករម្នាក់។ បន្ទាប់មក គាត់បានក្លាយទៅជាអ្នកធ្វើការ និងក្លាយទៅជាមិត្តដ៏ល្អឥតខ្ចោះរបស់លោកប៊ូទីផារ។ លោកយ៉ូសែបបានទទួលការអប់រំតាមរយៈការសិក្សា។ គាត់ក៏បានរៀនបន្ថែមទៀតតាមរយៈការជួបជុំជាមួយនឹងអ្នកដទៃ ហើយសង្កេតមើលទង្វើរបស់ពួកគេផងដែរ។ ក្រោយមក លោកយ៉ូសែបត្រូវបានស្តេចផារ៉ោនចាប់ដាក់គុកដោយមិនបានធ្វើអ្វីខុសទាល់តែសោះ។ គាត់មិនសង្ឃឹមថា គាត់នឹងមានសេរីភាពនោះឡើយ។ បន្ទាប់មក គាត់ត្រូវបានស្តេចតែងតាំងអោយធ្វើជាអ្នកគ្រប់គ្រងលើស្រុកអេស៊ីព្ទ ដើម្បីជួយអោយពួកសាសន៍អេស៊ីព្ទត្រៀមខ្លួនជាស្រេចសម្រាប់អំណត់ដែលនឹងត្រូវមកដល់។ តើអ្វីដែលបានជួយអោយលោកយ៉ូសែបនៅតែស្មោះត្រង់ចំពោះព្រះនោះ? . . .»។
លោកយ៉ូសែបត្រូវបានឪពុកបង្រៀនអោយស្រឡាញ់ និងគោរពកោតខ្លាចដល់ព្រះតាំងតែពីក្មេងមក។ លោកយ៉ូសែបតែងតែចំណាយពេលវេលានៅក្នុងត្រសាលនៃឪពុករបស់គាត់ជានិច្ច។ នៅក្រោមមេឃដែលពោរពេញទៅដោយផ្កាយ លោកយ៉ាកុបបានដំណាលប្រាប់លោកយ៉ូសែបអំពីរឿងរបស់គាត់នៅយប់មួយឯបេតអែល ព្រមទាំងសុបិនរបស់គាត់អំពីជណ្តើរផងដែរ។ ជណ្តើរនេះបានបញ្ឈរពីដីរហូតដល់ផ្ទៃមេឃ។ ពួកទេវតាបានដើរចុះឡើងនៅលើជណ្តើរនេះ។ លោកយ៉ាកុបក៏បានប្រាប់លោកយ៉ូសែបអំពីព្រះដែលគង់នៅលើបល្ល័ង្កនៅឯស្ថានសួគ៌ផងដែរ។ តាមរយៈរឿងទាំងនេះ ព្រះបានបង្ហាញអង្គទ្រង់ដល់លោកយ៉ូសែប។ លោកយ៉ាកុបក៏បានប្រាប់លោកយ៉ូសែបអំពីរឿងនៃការចំបាប់របស់គាត់នៅឯម្ខាងទន្លេចាប់បក់ផងដែរ។ នៅទីនោះ លោកយ៉ាកុបបានសារភាពអំពើបាបរបស់គាត់ ហើយបានបែរចេញពីអំពើបាបនោះទាំងស្រុង។ បន្ទាប់មក ព្រះបានជួយអោយគាត់យកឈ្នះអំពើបាបនៃអតីតកាលរបស់គាត់ ព្រមទាំងបានប្រទានតំណែងដ៏ពិសេសដល់គាត់ផងដែរ»។
«លោកយ៉ូសែបគឺជាក្មេងគង្វាលចៀមម្នាក់។ គាត់បានថែរក្សាហ្វូងចៀមនៃឪពុករបស់គាត់។ ជីវិតរបស់គាត់ក្នុងនាមជាអ្នកគង្វាលចៀមបានជួយអោយគាត់រឹងមាំទាំងផ្លូវចិត្ត និងផ្លូវកាយ។ លោកយ៉ូសែបបានទំនាក់ទំនងជាមួយនឹងព្រះតាមធម្មជាតិ។ លោកយ៉ូសែបបានសិក្សាសេចក្តីពិតនៃព្រះគម្ពីរដែលព្រះបានប្រទានដល់លោកយ៉ាកុប។ រឿងទាំងអស់បានជួយអោយលោកយ៉ូសែបរឹងមាំខាងឯផ្នែកចិត្តគំនិត។ គាត់បានស្មោះត្រង់ជាមួយនឹងសេចក្តីបង្គាប់របស់ព្រះ»។
«ក្នុងអំឡុងពេលនៃដំណើរដ៏តក់ស្លុតដែលលោកយ៉ូសែបទៅកាន់ស្រុកអេស៊ីព្ទនោះ លោកយ៉ូសែបបាននឹកចាំអំពីព្រះនៃឪពុករបស់គាត់។ ខណៈពេលដែលគាត់កំពុងតែគិតអំពីព្រះ លោកយ៉ូសែប ក៏បានក្រឡេកមើលភ្នំដែលបានបាំងត្រសាលគ្រួសាររបស់គាត់ពីភ្នែករបស់គាត់ជាលើកចុងក្រោយផងដែរ។ គាត់កំពុងតែចាកចេញពីស្រុកកំណើតរបស់គាត់ទៅធ្វើជាទាសករនៅឯស្រុកអេស៊ីព្ទវិញ។ លោក យ៉ូសែបបាននឹកចាំអំពីមេរៀនដែលគាត់បានរៀនកាលពីក្មេងមក។ គាត់បានសម្រេចចិត្តថា នឹងស្មោះត្រង់ចំពោះព្រះ ហើយនិងធ្វើជាអ្នកបម្រើដល់ស្តេចនៃស្ថានសួគ៌ជារៀងរហូត»។ ដកស្រង់ពី Ellen G. White, Education, pages 51, 52, adapted។
សំនួរពិភាក្សា៖
- សូមប្រៀបធៀបលោកយ៉ូសែបជាមួយនឹងលោកដានីយ៉ែល ព្រមទាំងព្រះយេស៊ូវផងដែរ។ តើលោក យ៉ូសែប លោកដានីយ៉ែល និងព្រះយេស៊ូវដូចគ្នានៅត្រង់ណាខ្លះ? តើលោកយ៉ូសែប និងលោកដានីយ៉ែលបានបង្ហាញយើងអំពីព្រះយេស៊ូវដោយរបៀបណា?
- តើយើងអាចរៀនជឿទុកចិត្តទៅលើព្រះបានដោយរបៀបណានៅពេលអ្វីៗគ្រប់យ៉ាងនៅទីបំផុតមិនបានផ្តល់វិជ្ជមានសម្រាប់យើង ដូចជាលោកយ៉ូសែបនោះ?
រឿងខ្លី
អំណោយទានដ៏អស់កល្បជានិច្ច
សោកនាដកម្មមួយបានធ្វើអោយជីវិតនារីវ័យក្មេងវីស្សាលីនី (Vishalini) អាប់អួរយ៉ាងខ្លាំងនៅពេលដែលឪពុកម្តាយរបស់នាងបានលែងលះគ្នា ដោយសារតែភាពមិនចុះសម្រុងគ្នានៅក្នុងគ្រួសារ។ នាងវីស្សាលីនីបានលាម្តាយទៅយ៉ាងក្រៀមក្រំ បន្ទាប់ពីឪពុកបានទទួលសិទ្ធិចិញ្ចឹមនាង។ មិនយូរប៉ុន្មាន ឪពុកបានរៀបការម្តងទៀត។ ដោយសារតែនាងវីស្សាលីនីជាកូនម្តាយដើម ដូច្នេះ នាងមានអារម្មណ៍ឯកោជាខ្លាំង។ ម្តាយចុងរបស់នាងមិនចូលចិត្តម្តាយនាងទាល់តែសោះ។ ប៉ុន្តែ នាងវីស្សាលីនីបានស្រឡាញ់ម្តាយនាងជាខ្លាំង។ នាងបានទន្ទឹងរង់ចាំការមកលេងម្តងម្កាលពីសំណាក់ម្តាយនាង។ នៅពេលដែលឃើញម្តាយម្តងៗ នាងតែងតែញញឹម ហើយរត់ទៅឱបគាត់យ៉ាងណែនជាទីបំផុត។ ម្តាយនាងក៏បានឱបនាងដោយក្តីអំណរផងដែរ។ ម្តាយនាងតែងតែយករបស់ផ្សេងៗមកផ្ញើនាងជានិច្ច។ គាត់ក៏បានទិញអំណោយមួយចំនួនផងដែរ។ គាត់បានប្រគល់របស់ញុាំខ្លះអោយនាង ដោយនិយាយថា «នេះគឺជារបស់កូនណ៎ា»។
នាងវីស្សាលីនីបានញញឹមដោយក្តីរីករាយ។ នាងចូលចិត្តអំណោយ និងរបស់ញុាំទាំងនោះណាស់។ ប៉ុន្តែ ម្តាយចុងរបស់នាងតែងតែកញ្ឆក់យកអាហារទាំងនោះចេញពីនាងជានិច្ច។ ម្តាយចុងបាននិយាយទាំងគំរោះគំរើយថា «ឯងមិនត្រូវទទួលយកអំណោយណាមួយមកពីម្តាយឯងជាដាច់ខាត»។
នាងវីស្សាលីនីមានអារម្មណ៍ឯកោជាខ្លាំង។ នៅពេលដែលនាងធំពេញវ័យ ឪពុកនាងបានបញ្ជូននាងអោយទៅរៀននៅឯសាលារៀនដ៏សែនឆ្ងាយមួយនៅក្នុងរដ្ឋតាមីលណាឌី (Tamil Nadu)។ ជាដំបូង នាងមានអារម្មណ៍ភ័យខ្លាចជាខ្លាំង ប៉ុន្តែ នាងក៏សប្បាយចិត្តណាស់ដែរដែលបានចាកចេញពី គ្រួសារដ៏តានតឹងមួយនេះ ទៅនៅជាមួយនឹងលោកគ្រូ អ្នកគ្រូ ហើយនិងក្មេងៗដ៏រាក់ទាក់ទាំងនោះវិញ។ ជាច្រើនសប្តាហ៍បានកន្លងផុតទៅនាងចាប់ផ្តើមមានចំណាប់អារម្មណ៍ចង់ដឹងចង់ឮអំពីបុគ្គលម្នាក់ដែល ពួកក្មេងៗបានហៅថាជា «ព្រះពិត»។ នាងចង់ដឹងបន្ថែមទៀតណាស់ ដូច្នេះ នាងបានចាប់ផ្តើមរៀនអំពីព្រះយេស៊ូវ។
សព្វថ្ងៃនេះ នាងវីស្សាលីនីបានហៅព្រះយេស៊ូវថា ជាមិត្តភក្តិរបស់នាង។ នាងថែមទាំងបាននិយាយថា នាងលែងឯកោទៀតផង។ តើហេតុអ្វីបានជានាងនិយាយយ៉ាងដូច្នេះ? នោះគឺដោយសារតែ ព្រះយេស៊ូវបានសន្យាថា «ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប» (ម៉ាថាយ ២៨៖២០)។ នាងវីស្សាលីនីបានទទួលអំណោយមួយដែលគ្មានអ្នកណាម្នាក់អាចឆក់យកពីនាងបានទៀតឡើយ។
សូមអរគុណសម្រាប់តង្វាយសប្បាតហ៍ទី១៣របស់លោកអ្នកដែលបានយកមកជួយនៅក្នុងការសាងសង់អគារស្នាក់នៅសិស្សស្រីនៅឯសាលារៀនអនុវិទ្យាល័យជែម មេមម៉ូរៀល (James Memorial) របស់នាងវីស្សាលីនី នៅក្នុងរដ្ឋតាមីលណាឌីនៃប្រទេសឥណ្ឌាបែបអាស៊ីអាគ្មេយ៍។ អគារថ្មីនេះនឹងធ្វើអោយនាងវីស្សាលីនី ក៏ដូចជាពួកក្មេងៗស្រីៗដទៃទៀតអាចផ្លាស់ចេញពីអគារដ៏សែនទ្រុឌទ្រោមនេះបាន។
អំណានដង្វាយប្រចាំសប្តាហ៍
សូមប្រយ័ត្នចំពោះសេចក្តីសង្ឃឹមមិនត្រឹមត្រូវ
យើងបានថ្វាយបង្គំព្រះជាមួយនឹងធនធានរបស់យើង ដោយសារតែការថ្វាយបង្គំនេះអាច ជួយការពារយើងចេញពីសេចក្តីសង្ឃឹមមិនត្រឹមត្រូវបាន។ ក្នុងសភាពជាមនុស្សលោក យើងតែងតែជឿទុកចិត្តទៅលើអ្វីមួយ ឬអ្នកណាម្នាក់ជាងខ្លួនយើងទៅទៀត។ យើងក៏មិនបានគ្រប់គ្រងទៅលើផ្នែកទាំងអស់នៃជីវិតរបស់យើងនោះដែរ។ ការជឿទុកចិត្តរបស់យើងទៅលើធនធានដែលយើង បានប្រមូលទុក គឺជាទំនោរធម្មជាតិមួយ។ ធនធានដែលអាចមើលឃើញ និងអាចវាស់វែងបានទាំងនោះបាននាំអោយយើងគិតថា របស់ទាំងនោះគឺជារបស់ពិត។ បើយោងទៅតាមប្រសាសន៍របស់លោកប៉ុលវិញនោះ ការដែលយើងទុកចិត្តទៅលើប្រភពដើមនៃទ្រព្យសម្បត្តិនោះវិសេសជាងការ ដែលយើងទុកចិត្តទៅលើទ្រព្យសម្បត្តិនោះទៅទៀត។
លោកម៉ាកដែលមកពីប្រទេសចិនខាងត្បូង មានការរំជួលចិត្តចំពោះសេចក្តីអំពាវនាវនៃការលើកប្រាក់តង្វាយជាខ្លាំង។ គាត់បាននាំយកថវិកា៣០ភាគរយនៃប្រាក់សន្សំរបស់គាត់ទាំងអស់មកថ្វាយដល់ព្រះ ដោយគិតមិនដល់ថា មិនយូរប៉ុន្មាន គាត់នឹងត្រូវជួបប្រទះវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរមួយនោះទេ។ អាជីវកម្មថ្មីរបស់គាត់បានដួលរលំ រីឯគាត់វិញបានធ្លាក់ខ្លួនជំពាក់បំណុលគេ។ ជីវិតគ្មានអ្វីទៀតនោះឡើយ។ ក្នុងអំឡុងពេលនេះ គាត់បានឮសេចក្តីអំពាវនាវក្នុងការសាងសង់ព្រះវិហារ ថ្មីមួយនៅក្នុងតម្លៃ១០លានយ័ន។ លោកម៉ាកបានដឹងថា នេះជាឱកាសដ៏កម្រមួយនៅក្នុងការលើកស្ទួយបេសកកម្មរបស់ព្រះនៅក្នុងខេត្តរបស់គាត់ដែលមានប្រជាជនជាង៦០លាននាក់។ ដោយមានការបំផុសពីព្រះវិញ្ញាណបរិសុទ្ធ គាត់បានសន្យាថា នឹងរកលុយ៤០០០០០យ័នអោយបាន ទាំងមិនដឹងថា រកលុយនោះតាមវិធីណានោះឡើយ។ នៅពេលនោះ រឿងដ៏អស្ចារ្យមួយបានកើតឡើងគឺថា ម្ចាស់ភាគហ៊ុននៃស្ថាបត្យកម្មចាស់របស់គាត់បានអញ្ជើញគាត់អោយធ្វើការជាមួយនឹងពួកគេបន្តទៅទៀត។ គាត់បានទទួលយកការងារនេះ បន្ទាប់មក គាត់ត្រូវបានតែងតាំងជាមន្ត្រីប្រតិបត្តិ និងជានាយកក្រុមប្រឹក្សានៅក្នុងរយៈពេលដ៏ខ្លីមួយ។ នៅទីបំផុត លោកម៉ាកបានបរិច្ឆាគ១លានយ័នដល់គម្រោងសាងសង់អាគារព្រះវិហារ។ ដោយសញ្ជឹងគិតអំពីបទពិសោធន៍នៃជីវិតរបស់គាត់នេះ គាត់បានសរសេរថា «ព្រះគុណរបស់ព្រះប្រៀបដូចជាទឹកហូរមិនចេះឈប់អ៊ីចឹង»។ លោកម៉ាកបានបង្ហាញការជឿទុកចិត្តតាមរយៈការថ្វាយធនធានបណ្តោះអាសន្នរបស់គាត់ទៅឯព្រះដែលទ្រង់បានប្រទានរបស់គ្រប់យ៉ាងជាបរិបូរ។ សប្តាហ៍នេះ ខណៈពេលដែលយើងថ្វាយតង្វាយ១០ហូត១ និងតង្វាយសទ្ធាតាមសេចក្តីសន្យានេះ ចូរអោយយើងបង្កើតសេចក្តីថ្លែងការណ៍មួយអំពីកន្លែងដ៏ពិតប្រាកដនៃសេចក្តីសង្ឃឹមរបស់យើង។
សេចក្តីអំពាវនាវ៖ «ចូរហាមប្រាម ដល់ពួកអ្នកមាន នៅលោកីយ៍នេះផង កុំឲ្យគេមានឫកខ្ពស់ ឬទុកចិត្តនឹងទ្រព្យសម្បត្តិ ដែលមិនទៀងនោះឡើយ ត្រូវទុកចិត្តនឹងព្រះដ៏មានព្រះជន្មរស់វិញ ដែលទ្រង់ប្រទានគ្រប់ទាំងអស់មកយើងរាល់គ្នាជាបរិបូរ ឲ្យយើងបានអរសប្បាយ» (ធីម៉ូថេទី១ ៦៖១៧)។
សេចក្តីអធិដ្ឋាន៖
ឱព្រះអម្ចាស់អើយ ទូលបង្គំយើងខ្ញុំសូមសរសេរតម្កើងដល់ទ្រង់ក្នុងការដែលទ្រង់ជាសេចក្តីសង្ឃឹមដ៏ពិតប្រាកដមួយសម្រាប់ទូលបង្គំយើងខ្ញុំ។ សូមទ្រង់ការពារទូលបង្គំយើង ខ្ញុំជារៀងរាល់ថ្ងៃចេញពីការបោកបញ្ឆោតនៃសេចក្តីសង្ឃឹមមិនត្រឹមត្រូវទាំងអម្បាលម៉ានផង។