មេរៀនទី១១​៖ ៣-៩ កញ្ញា ២០២២

ការរៀនរង់ចាំ

Jeans
ថ្ងៃសៅរ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២២
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ រ៉ូម ១៥៖៤, ៥; ទំនុកដំកើង ២៧៖១៤; ទំនុក-ដំកើង ៣៧៖៧; រ៉ូម ៥៖៣-៦; រ៉ូម ៥៖៦; កាឡាទី ៤៖៤; ដានីយ៉ែល ៩៖២៤-២៧; សាំយូអែលទី១ ២៦៖១២-២៥; សាំយូអែលទី១ ១៦៖១-១៣; សាំយូអែលទី១ ២៣៖១៧; សាំយូអែលទី១ ២៤៖២០; ពង្សាវតាក្សត្រទី១ ១៩៖១-៩; ពង្សាវតាក្សត្រទី១ ១៨; លោកុប្បត្តិ ១៦៖១-៣; លេវីវិន័យ ២០៖១០-១២; ពួកចៅហ្វាយ ១៤៖១-៣; ម៉ាថាយ ២០៖២០, ២១; លូកា ៩៖៥២-៥៦; លូកា ៩៖៥២-៥៦; កិច្ចការ ៩៖១; ទំនុកដំកើង ៣៧៖៤; ធីម៉ូថេទី២ ១៖១២; កូរិនថូសទី១ ១០៖១៣។

ខចងចាំ៖ «តែ​ឯ​ផល​ផ្លែ​នៃ​ព្រះវិញ្ញាណ​វិញ នោះ​គឺ​សេចក្តី​ស្រឡាញ់ អំណរ​អរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ » (កាឡាទី ៥៖២២)។

អ្នកវិទ្យាសាស្ត្របានធ្វើការសាកល្បងមួយជាមួយនឹងក្មេងៗអាយុ៤ឆ្នាំ និងស្តរគ្រាប់ម៉ាស្មឡូវ (marshmallows)។ អ្នកវិទ្យាសាស្ត្របានអោយស្ករគ្រាប់ដល់ក្មេងទាំងនោះម្នាក់មួយគ្រាប់។ ប្រសិន បើក្មេងណាម្នាក់ដែលបានរង់ចាំអ្នកវិទ្យាសាស្ត្រត្រឡប់ពីការងារវិញនោះ ក្មេងម្នាក់នោះនឹងទទួលបាន ស្ករគ្រាប់មួយទៀត។ ប៉ុន្តែ តើមានអ្វីកើតឡើង? អ្នកវិទ្យាសាស្ត្រមិនទាន់ចេញទៅបានយូរប៉ុន្មានផង ក្មេងៗខ្លះបានដាក់ស្ករគ្រាប់ចូលទៅក្នុងមាត់បាត់ទៅហើយ។ រីឯក្មេងខ្លះទៀតបានរង់ចាំអ្នកវិទ្យាសាស្ត្រ ត្រឡប់មកវិញ។

អ្នកវិទ្យាសាស្ត្របានសិក្សាទៅលើក្មេងៗទាំងនោះ រហូតដល់ពួកគេធំពេញវ័យ។ ក្មេងៗដែល បានរង់ចាំ ដើម្បីអោយខ្លួនបានទទួលស្ករគ្រាប់ម៉ាស្មឡូវនោះ បានក្លាយទៅជាសិស្សដ៏ល្អបំផុត។ ពួក គេក៏បានទទួលការជោគជ័យជាច្រើននៅក្នុងជីវិតរបស់ពួកគេផងដែរ។ តើហេតុអ្វី? នោះគឺដោយសារ តែពួកគេបានដឹងថា ការអត់ធ្មត់របស់ពួកគេមានសារៈសំខាន់ជាទីបំផុត។ ពួកគេបានរៀងអំពីរបៀប រង់ចាំ។ យើងមិនគួរឆ្ងល់ឡើយ ដែលព្រះបានបង្គាប់អោយយើងរៀនអត់ធ្មត់នោះ។

សប្តាហ៍នេះ យើងនឹងក្រឡេកមើលនូវការសាកល្បងដ៏ពិបាកបំផុតមួយនៅក្នុងជីវិត នោះ គឹជាការរៀនអត់ធ្មត់នៅក្នុងអំឡុងនៃការសាកល្បងពិបាកៗ និងគ្រាលំបាកៗ។

ថ្ងៃអាទិត្យ ទី៤ ខែកញ្ញា ឆ្នាំ២០២២

ព្រះដ៏អត់ធ្មត់របស់យើង

សូមអានខគម្ពីររ៉ូម ១៥៖៤, ៥។ តើខទាំងនេះបានបង្រៀនសេចក្តីអ្វីដល់យើង?

--------------------------------------------------------

ពួកយើងភាគច្រើនមិនសូវអត់ធ្មត់នៅក្នុងការរង់ចាំរបស់ដែលយើងត្រូវការបំផុតនោះឡើយ។ យើងក៏មិនចូលចិត្តរង់ចាំអ្វីមួយដែលបានសន្យាហើយ តែមិនបានទទួលនោះដែរ។ យើងតែងតែសប្បាយ ចិត្ត នៅពេលដែលយើងបានទទួលអ្វីមួយដែលយើងបានរង់ចាំ។ ប៉ុន្តែ យើងក៏តែងតែមិនសប្បាយចិត្ត នៅពេលដែលយើងបានទទួលរបស់នោះ មិនចំពេលដែលយើងចង់បាននោះដែរ។ ម្ល៉ោះហើយ យើង តែងតែអន់ចិត្ត និងខឹងជានិច្ច។ នៅពេលដែលយើងមានអារម្មណ៍បែបនេះ យើងនឹងមានចិត្តស្ងប់ជាមួយ នឹងព្រះនោះឡើយ។

ការរង់ចាំអាចជាការឈឺចាប់មួយ។ ពាក្យមួយនៅក្នុងប្រយោគនៃខគម្ពីរទំនុកដំកើង ៣៧៖៧ នោះគឺ «ចូរ​ស្ងៀម​នៅ​ចំពោះ​ព្រះយេហូវ៉ា ហើយ​រង់ចាំ​ទ្រង់​ចុះ» ប្រែមកពីពាក្យហេព្រើរមួយដែលអាចសរសេរបានថា «មានអារម្មណ៍ឈឺចាប់ខ្លាំង» «ញាប់ញ័រ» «ឈឺចាប់» «សោកសៅ»។ ការរៀនអត់ធ្មត់ របស់យើងមិនមែនជារឿងងាយស្រួលនោះទេ។ ពេលខ្លះ បទពិសោធន៍នៃការរៀនអត់ធ្មត់ក៏អាចធ្វើអោយ យើងមានអារម្មណ៍ថា យើងកំពុងតែទ្រាំទ្រការសាកល្បងដ៏ពិបាកមួយនៅក្នុងជីវិតរបស់យើងផងដែរ។

សូមអានខគម្ពីរទំនុកដំកើង ២៧៖១៤; ទំនុកដំកើង ៣៧៖៧ និងរ៉ូម ៥៖៣-៥។ តើខទាំងនេះ បានសំដែងប្រាប់យើងយ៉ាងដូចម្តេចខ្លះ? តើការអត់ធ្មត់របស់យើងបានដឹកនាំយើងទៅរកអ្វី?

--------------------------------------------------------

ខណៈដែលយើងកំពុងតែរង់ចាំ យើងអាចធ្វើរឿងមួយនៅក្នុងចំណោមរឿង២យ៉ាង។ យើងអាចគិតអំពីរបស់ដែលយើងកំពុងតែរង់ចាំ។ ឬមួយ យើងអាចគិតអំពីព្រះអង្គដែលបានកាន់របស់ទាំងនោះនៅក្នុងព្រះហស្តរបស់ទ្រង់។ តើអ្វីទៅ ដែលធ្វើអោយការរង់ចាំរបស់យើងបានទទួលជោគជ័យ? តើការទទួលជោគជ័យគឺជាពេលវេលាដែលយើងត្រូវរង់ចាំឬ? ទេ មិនមែនដូច្នោះឡើយ ការទទួលជោគ- ជ័យគឺជាការជឿទុកចិត្តវិញទេតើ។ ប្រសិនបើយើងជឿទុកចិត្តទៅលើព្រះអម្ចាស់នោះ យើងនឹងថ្វាយ ជីវិតរបស់យើងទៅក្នុងព្រះហស្តរបស់ទ្រង់។ ប្រសិនបើយើងថ្វាយជីវិតរបស់យើងទៅឯព្រះយេស៊ូវនោះ យើងនឹងអាចជឿទុកចិត្តបានថា ទ្រង់នឹងធ្វើរឿងដ៏ល្អបំផុតមួយសម្រាប់យើង នៅពេលមួយដ៏ស័ក្តិសមបំផុតសម្រាប់យើង ទោះបីជារឿងនោះពិបាកអោយយើងជឿយ៉ាងណាក៏ដោយ។

តើរបស់អ្វីខ្លះ ដែលលោកអ្នកកំពុងតែរង់ចាំ និងចង់បានបំផុតនោះ? តើលោកអ្នកអាចរៀនថ្វាយអ្វីៗគ្រប់យ៉ាងដល់ព្រះ និងជឿទុកចិត្តចំពោះទ្រង់បានដោយរបៀបណា? សូមអធិស្ឋានទូលសូមអោយព្រះប្រទានដល់លោកអ្នកនូវចិត្តមួយដែលពោរពេញទៅដោយសេចក្តីជំនឿដ៏អត់ធ្មត់ និងការជឿ ទុកចិត្តទៅលើទ្រង់ចុះ។

ថ្ងៃច័ន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០២២

ពេលវេលាដ៏ត្រឹមត្រូវមួយ

សូមអានខគម្ពីររ៉ូម ៥៖៦ និងកាឡាទី ៤៖៤។ តើខទាំងនេះបានសំដែងប្រាប់យើងយ៉ាងដូចម្តេច អំពីពេលវេលាដែលទ្រង់នឹងធ្វើការនោះ?

--------------------------------------------------------

ក្នុងខទាំងនេះ លោកប៉ុលបានមានប្រសាសន៍ថា ព្រះយេស៊ូវបានយាងមកសុគតជំនួសយើង នៅចំពេលវេលាដ៏ត្រឹមត្រូវមួយ។ ប៉ុន្តែ លោកប៉ុលមិនបានប្រាប់យើងថា ហេតុអ្វីបានជាពេលវេលានោះ ត្រឹមត្រូវនោះឡើយ។​ ការអានខគម្ពីររ៉ូម ៥៖៦ និងកាឡាទី ៤៖៤ ងាយនឹងធ្វើអោយឆ្ងល់ថា «តើហេតុអ្វី បានជាព្រះយេស៊ូវត្រូវរង់ចាំរាប់ពាន់ឆ្នាំក្នុងការយាងចុះមកប្រឆាំងទាស់នឹងអំពើបាបនៅផែនដីនេះយ៉ាង ដូច្នេះ? តើទេវតានៅឯស្ថានសួគ៌មិនដឹងថា​ អំពើបាប​អាក្រក់ហួសល្បត់ មុនពេលដែលព្រះយេស៊ូវបានយាងចុះមកផែនដីនេះទេឬអី?»។ យើងអាចនឹងឆ្ងល់ថា ហេតុអ្វីបានជាព្រះយេស៊ូវក៏ត្រូវតែរង់ចាំក្នុងការ យាងត្រឡប់មកវិញជាលើកទី២ដែរនោះ។ យើងក៏អាចនឹងឆ្ងល់ផងដែរថា «តើហេតុអ្វីបានជាព្រះអម្ចាស់ ត្រូវរង់ចាំក្នុងការឆ្លើយតបទៅនឹងសេចក្តីអធិស្ឋានរបស់ទូលបង្គំយ៉ាងដូច្នេះ?»។

សូមគិតអំពីបទទំនាយ៧០អាទិត្យនៅក្នុងខគម្ពីរដានីយ៉ែល ៩៖២៤-២៧។ បទទំនាយនៃពេល វេលានេះបានបង្ហាញយើងថា ព្រះយេស៊ូវគឺជាព្រះអង្គសង្គ្រោះ។ តើរយៈពេល៧០អាទិត្យពិតប្រាកដនោះ មានរយៈពេលយូរប៉ុនណាដែរ? តើចម្លើយនេះបង្ហាញប្រាប់លោកអ្នកយ៉ាងដូចម្តេច អំពីការរៀនរង់ចាំអ្វីៗ គ្រប់យ៉ាងនៅក្នុងគ្រារបស់ព្រះ ទោះបីជាយូរប៉ុនណាក៏ដោយនោះ?

--------------------------------------------------------

មានហេតុផលជាច្រើនដែលយើងត្រូវរង់ចាំអោយព្រះបង្ហើយកិច្ចការរបស់ទ្រង់។ យើងនឹង ក្រឡេកមើលហេតុផលខាងឯវិញ្ញាណ៦យ៉ាង។ (១) ការរង់ចាំអាចជួយអោយយើងដកចិត្តចេញពី «របស់ អ្វីមួយ» ហើយប្រគល់របស់នោះទៅអោយទ្រង់ជាអ្នកចាត់ចែងវិញ។ (២) ការរង់ចាំបានធ្វើអោយយើង យល់អំពីចិត្តរបស់យើងកាន់តែប្រសើរឡើង។ (៣) ការរង់ចាំបានបង្រៀនយើងអោយមានការអត់ធ្មត់។ (៤) ការរង់ចាំបានជួយអោយសេចក្តីជំនឿរបស់យើងកាន់តែរឹងមាំឡើង។ (៥) ការរង់ចាំបានផ្តល់ពេល វេលាដល់ព្រះ ដើម្បីធ្វើរឿងដទៃទៀតសម្រាប់យើង តាមដែលទ្រង់បានសន្យាមក។​ (៦) យើងប្រហែល ជាមិនបានដឹងអំពីហេតុផលដែលយើងត្រូវតែរង់ចាំ ក៏ថាបាន។​ ម្ល៉ោះហើយ យើងត្រូវតែរៀនរស់នៅ ដោយសេចក្តីជំនឿ។ តើលោកអ្នកអាចនឹកឃើញហេតុផលដទៃទៀត អំពីការដែលយើងត្រូវតែរង់ចាំដែរឬទេ?

តើលោកអ្នកអាចរកឃើញឧទាហរណ៍នៃព្រះគម្ពីរអ្វីខ្លះ អំពីពេលវេលាដែលព្រះបានធ្វើកិច្ចការ តែនៅពេលដែលទ្រង់បានត្រៀមព្រះអង្គទ្រង់ជាស្រេចប៉ុណ្ណោះ? តើឧទាហរណ៍ទាំងនេះអាចជួយអោយ លោកអ្នករៀនជឿទុកចិត្តថា ព្រះនឹងធ្វើកិច្ចការដ៏ត្រឹមត្រឹមមួយសម្រាប់យើង នៅពេលដែលទ្រង់ត្រៀមព្រះអង្គទ្រង់ជាស្រេចបានដោយរបៀបណា? (សូមគិតអំពីលោកអ័ប្រាហាំ នាងសារ៉ា និងសេចក្តីសន្យា នៃការប្រទានកូនប្រុសមួយ)។ តើលោកអ្នកធ្លាប់បានអធិស្ឋាន អំពីរឿងអ្វីមួយដែលលោកអ្នកចង់បានជា ទីបំផុត ជាយូរមកហើយដែរឬទេ? សូមសួរខ្លួនឯងថា «តើខ្ញុំកំពុងតែធ្វើអ្វីមួយដែលនាំអោយការអធិស្ឋាន របស់ខ្ញុំទទួលបានការឆ្លើយតបយឺតដែរឬទេ?»។ ប្រសិនបើមាន តើលោកអ្នកមានអារម្មណ៍ថា លោក អ្នកកំពុងតែធ្វើអ្វី ដែលបណ្តាលអោយមានការពន្យារពេលដូច្នេះ?​

ថ្ងៃអង្គារ ទី៦ ខែកញ្ញា ឆ្នាំ២០២២

ស្តេចដាវីឌគឺជាគំរូមួយនៃការរង់ចាំ

ក្នុងខគម្ពីរសាំយូអែល​១៦៖១-១៣។ លោកសាំយូអែលបានចាក់ប្រេងតាំងពីលើស្តេចដាវីឌ កាលពីទ្រង់នៅជាកុមារនៅឡើយ ដើម្បីបង្ហាញថា ស្តេចដាវីឌនឹងធ្វើជាសេ្តចនៃសាសន៍អ៊ីស្រាអែលនាពេលអនាគត។ ប៉ុន្តែ ស្តេចដាវីឌត្រូវតែរង់ចាំអស់រយៈពេលយ៉ាងយូរ ទម្រាំតែទ្រង់បានក្លាយទៅជាស្តេច។ ជាការពិតណាស់ មានពេលខ្លះ ស្តេចដាវីឌក៏មានអារម្មណ៍ថា ទ្រង់កំពុងតែរងទុក្ខយ៉ាងខ្លាំង ដោយការ រង់ចាំយ៉ាងយូរនេះផងដែរ។

សូមក្រឡេកមើលបទពិសោធន៍របស់ស្តេចដាវីឌ មុនពេលដែលទ្រង់បានក្លាយទៅជាស្តេច។ ជាដំបូង ស្តេចដាវីឌត្រូវបានគេសុំអោយលេងភ្លេង ដើម្បីជួយអោយស្តេចសូលមានអារម្មណ៍ល្អ (សាំយូអែល ទី១ ១៦)។ ក្រោយមក ស្តេចដាវីឌបានក្លាយទៅជាវីរបុរសនៃសាសនអ៊ីស្រាអែល នៅពេលដែលទ្រង់បាន សម្លាប់លោកកូលីយ៉ាត (សាំយូអែលទី១ ១៧)។ ស្តេចដាវីឌក៏បានចំណាយពេលរត់ចេញពីស្តេចសូល ដែល បានព្យាយាមសម្លាប់ទ្រង់ អស់រយៈពេលជាច្រើនឆ្នាំផងដែរ។ ទាំងស្តេចសូល និងលោកយូណាថានដែល ជាបុត្រារបស់ទ្រង់សុទ្ធតែបានដឹងថា​ ស្តេចដាវីឌនឹងក្លាយទៅជាស្តេចបន្ទាប់ (សាំយូអែលទី១ ២៣៖១៧; សាំយូអែលទី១ ២៤៖២០)។ ស្តេចដាវីឌមិនបានធ្វើអ្វីមួយ ដើម្បីអោយទ្រង់ក្លាយទៅជាស្តេចនោះទេ។ នៅពេលដែលស្តេចសូលព្យាយាមសម្លាប់ទ្រង់នោះ ស្តេចដាវីឌបានកាត់ជាយព្រះពស្ត្រ របស់ស្តេចសូល។ បន្ទាប់មក ស្តេចដាវីឌបានមានអារម្មណ៍មិនល្អចំពោះអ្វីដែលគាត់បានធ្វើ។ ទ្រង់បានប្រាថ្នាថា គាត់មិន បានធ្វើរឿងនោះឡើយ (សាំយូអែលទី១ ២៤៖៥-៧)។ នៅពេលដែលស្តេចសូលព្យាយាមសម្លាប់ស្តេច ដាវីឌម្តងទៀតនោះ ស្តេចដាវីឌក៏មានឱកាសក្នុងការសម្លាប់ស្តេចសូលម្តងទៀតដែរ។ ប៉ុន្តែ ទ្រង់បានបដិសេធមិនសម្លាប់ស្តេចសូលឡើយ (សាំយូអែលទី១ ២៦៖៧-១១)។

តើហេតុអ្វីបានជាស្តេចដាវីឌបានបដិសេធមិនសម្លាប់ស្តេចសូលយ៉ាងដូច្នេះ? តើការសម្រេច ព្រះទ័យរបស់ស្តេចដាវីឌបានបង្រៀនយើងនូវក្បួនច្បាប់ដ៏សំខាន់អ្វី ទាក់ទងទៅនឹងរបៀបដែលព្រះអនុវត្ត ផែនការរបស់ទ្រង់សម្រាប់ជីវិតរបស់យើងនោះ? សូមអានខគម្ពីរសាំយូអែលទី១ ២៦៖១-១១ សម្រាប់ ចម្លើយ។

--------------------------------------------------------

តើការសម្រេចព្រះទ័យរបស់ស្តេចដាវីឌ ដោយមិនសម្លាប់ស្តេចសូលនោះ បានផ្លាស់ប្តូរព្រះទ័យ របស់ស្តេចសូលយ៉ាងដូចម្តេចដែរ? តើរឿងនេះបានបង្រៀនយើងយ៉ាងដូចម្តេច អំពីមូលហេតុដែលយើង គួរតែអត់ធ្មត់ និងរង់ចាំអោយព្រះធ្វើការនៅក្នុងជីវិតរបស់យើង នៅពេលដែលទ្រង់បានត្រៀមអង្គទ្រង់ជា ស្រេចនោះ?

--------------------------------------------------------

រឿងរបស់ស្តេចដាវីឌអំពីការក្លាយទៅជាស្តេចនោះ បានបង្រៀនយើងអំពីសេចក្តីពិតនៃព្រះគម្ពីរ មួយយ៉ាងដូច្នេះថា៖ «មិនត្រូវប្រមូលយកអ្វីដែលព្រះមិនបានប្រទានដល់លោកអ្នកនោះឡើយ។ ផ្ទុយទៅ វិញ សូមរង់ចាំ ដ្បិតអំណោយទានរបស់ព្រះតែងតែល្អបំផុត នៅពេលដែលយើងរង់ចាំអោយព្រះប្រទាន អំណោយទានទាំងនោះដល់យើង។ យើងអាចនឹងត្រូវរង់ចាំយូរ ក៏ថាបាន។ ប៉ុន្តែ ដើមអូកត្រូវការចំណាយ ពេលជាច្រើនឆ្នាំ ដើម្បីលូតលាស់។ នៅពេលដែលខ្យល់ប៉ះ ដើមនេះមិនរលំនោះឡើយ។

--------------------------------------------------------

ស្តេចដាវីឌមានហេតុផលល្អៗសម្រាប់ការដែលមិនសម្លាប់ស្តេចសូល។ (លោកសាំយូអែលបានប្រាប់ស្តេចដាវីឌថា ទ្រង់នឹងក្លាយទៅជាស្តេចនៃសាសន៍អ៊ីស្រាអែលនាពេលអនាគត។ ណាមួយ ស្តេចសូលក៏ជាស្តេចដ៏អាក្រក់មួយផងដែរ)។ ប៉ុន្តែ ទង្វើរបស់ស្តេចដាវីឌបានបង្ហាញអំពីសេចក្តីជំនឿរបស់ ទ្រង់ចំពោះព្រះ។ តើគំរូរបស់ទ្រង់បានបង្រៀនលោកអ្នកយ៉ាងដូចម្តេច អំពីមូលហេតុដែលលោកអ្នកត្រូវ តែអត់ធ្មត់ចំពោះរបស់អ្វីមួយដែលលោកអ្នកកំពុងតែរង់ចាំនោះ?

ថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២

លោកអេលីយ៉ាគឺជាមេរៀនមួយនៃការមិនប្រញាប់

ការប្រកួតដ៏ធំមួយរវាងព្រះ និងព្រះបាលបានកើតឡើងនៅលើកំពូលភ្នំខាមែល។ ឥឡូវនេះ ការប្រកួតនេះបានបញ្ចប់ហើយ (ពង្សាវតារក្សត្រទី១ ១៨)។ ភ្លើងបានធ្លាក់ពីលើមេឃ។ មនុស្សទាំងអស់ បានប្រកាសថា ព្រះអម្ចាស់គឺជាព្រះពិត។ លោកអេលីយ៉ាបានបង្គាប់អោយពួកបណ្តាជនសម្លាប់ពួកគ្រួ និងពួកសង្ឃក្លែងក្លាយដែលបានថ្វាយបង្គំព្រះបាលនោះ ចោលចេញ។ លោកអេលីយ៉ាបានបង្ហាញពួក បណ្តាជនថា ព្រះទ្រង់មានអំណាចលើអ្វីៗទាំងអស់ ហើយទ្រង់ក៏ជាព្រះតែមួយអង្គគត់ដែលពួកគេគួរតែ ថ្វាយបង្គំផងដែរ។ បន្ទាប់ពីរឿងទាំងអស់នេះរួចមក លោកអ្នកអាចនឹងគិតថា លោកអេលីយ៉ាគឺជាអ្នកដែលមានសេចក្តីជំនឿដ៏រឹងមាំម្នាក់ មែនទេ? ប៉ុន្តែ លោកអេលីយ៉ាបានឮរឿងមួយដែលធ្វើអោយគាត់ខ្លាច ជាទីបំផុត រហូតដល់គាត់ចង់សម្លាប់ទៀតផង។ សូមអានរឿងដែលនៅសេសសល់ នៅក្នុងខគម្ពីរពង្សាវតារក្សត្រទី១ ១៩៖១-៩។ តើលោកអេលីយ៉ាបានធ្វើអ្វី បន្ទាប់ទៀត? គាត់បានរត់គេច។ «កាល​លោក​ បាន​ទៅ​ដល់​ហើយ នោះ​ក៏​ចូល​ទៅ​អាស្រ័យ​ក្នុង​រអាង​១​នៅ​ទី​នោះ គ្រា​នោះ ឮ​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​ មក​សួរ​ថា អេលីយ៉ា​អើយ តើ​ធ្វើ​អី​នៅ​ទី​នេះ» (ពង្សាវតារក្សត្រទី១ ១៩៖៩)។ សំណួររបស់ព្រះបានបង្ហាញ យើងថា លោកអេលីយ៉ាកំពុងនៅឯកន្លែងខុស។ ការភ័យខ្លាចក៏ដូច្នេះចំពោះយើងផងដែរ។

បន្ទាប់បាដិហារ្យដ៏អស្ចារ្យរបស់ព្រះនៅលើកំពូលភ្នំខាមែលរួចមក លោកអេលីយ៉ាគួរតែពេញ ទៅដោយសេចក្តីជំនឿ និងការជឿទុកចិត្ត។ ប៉ុន្តែ គាត់មិនមានសេចក្តីទាំងនេះឡើយ។ គាត់បានរត់គេច ដោយក្តីភ័យខ្លាច ដើម្បីអោយគាត់បានរស់។ តើយើងអាចរៀនមេរៀនអ្វី ចេញពីគំរូដ៏អាក្រក់នេះ?

--------------------------------------------------------

រឿងរបស់លោកអេលីយ៉ាបានបង្ហាញយើងអំពីសេចក្តីពិតដ៏សំខាន់មួយ។ នៅពេលដែលយើង ប្រញាប់ យើងងាយនឹងធ្លាក់ទៅក្នុងកន្លែងខុសណាស់។ សេចក្តីភ័យខ្លាចរបស់លោកអេលីយ៉ាបានធ្វើអោយគាត់បាក់ទឹកចិត្តជាខ្លាំង រហូតដល់គាត់រត់ទៅឯទីរហោស្ថាន។ គាត់បានប្រាថ្នាថា គាត់មិនគួរកើត មកឡើយ។ សេចក្តីភ័យខ្លាចគឺជាចំណុចមួយដែលអាចធ្វើអោយយើងរត់ចេញពីផែនការរបស់ព្រះបាន។ តើមានចំណុចអ្វីផ្សេងទៀត?

សូមអានខទាំងនេះ៖ ម៉ាថាយ ១៦៖១-៣; លេវីវិន័យ ២០៖១០-១២; ពួកចៅហ្វាយ ១៤៖១-៣; ម៉ាថាយ ២០៖២០-២១; លូកា ៩៖៥២-៥៦ និង កិច្ចការ ៩៖១។ តើអ្វីដែលបានធ្វើអោយពួកបណ្តាជននៅក្នុងខទាំងនេះបានរត់ចេញពីផែនការរបស់ព្រះសម្រាប់ជីវិតរបស់ពួកគេនោះ?

--------------------------------------------------------

ការដែលអនុញ្ញាតអោយកំហឹងធ្វើអោយយើងប្រញាប់ទទួលបានអ្វីដែលយើងប្រាថ្នានោះ គឺ ជារឿងងាយទេ។ យើងអាចនឹងរត់ទៅមុនព្រះបាន ប៉ុន្តែ យើងនឹងដឹងនៅពេលក្រោយថា​ ខ្លួនយើងកំពុង តែស្ថិតនៅក្នុងកន្លែងមួយដែលព្រះមិនបានដឹកនាំយើង។ គ្មានអ្នកណាម្នាក់មានសុវត្ថិភាពចេញពីគ្រោះថ្នាក់ នេះឡើយ។ ម្ល៉ោះហើយ យើងត្រូវតែរៀនជឿទុកចិត្តទៅលើព្រះ និងមានសេចក្តីជំនឿចំពោះព្រះគុណ របស់ទ្រង់។ ព្រះរបស់យើងទ្រង់ល្អ។ ទ្រង់ស្រឡាញ់យើង ព្រមទាំងចង់ប្រទានអោយយើងនូវអ្វីដែលល្អ បំផុតផងដែរ។ ផែនការរបស់ទ្រង់សម្រាប់ជីវិតរបស់យើងមិនបានកើតឡើងមួយពេលនោះឡើយ។ ជាការ ពិតណាស់ សេចក្តីជំនឿគឺជាអំណោយទានមួយ។ ប៉ុន្តែ សេចក្តីជំនឿនេះទៀតសោតក៏ជាអំណោយទាន មួយដែលយើងត្រូវតែពង្រឹង និងរក្សាការពារយ៉ាងប្រុងប្រយ័ត្នផងដែរ។

ថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០២២

ចូរ​យក​ព្រះយេហូវ៉ា​ជា​សេចក្តី​អំណរ​របស់​អ្នក

«ចូរ​យក​ព្រះយេហូវ៉ា​ជា​សេចក្តី​អំណរ​របស់​អ្នក នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ​អ្នក​បាន​ដូច​បំណង​ចិត្ត» (ទំនុកដំកើង ៣៧៖៤)។

ខគម្ពីរទំនុកដំកើង ៣៧៖៤ គឺជាសេចក្តីសន្យាដ៏អស្ចារ្យមួយ។ សូមស្រមៃថា លោកអ្នកតែងតែទទួលបាននូវអ្វីៗដែលលោកអ្នកចង់បានជានិច្ច។​ ការទទួលបាននូវអ្វីៗដែលលោកអ្នកដែលចង់បាន នោះ មានអាថ៌កំបាំងមួយ គឺថា លោកអ្នកត្រូវតែយកព្រះយេហូវ៉ាជាសេចក្តីអំណររបស់លោកអ្នក។ តើការដែលយកព្រះយេហូវ៉ាជាសេចក្តីអំណររបស់អ្នក និងការដែលមានសេចក្តីអំណរក្នុងការបម្រើទ្រង់នោះ មានន័យយ៉ាងណាដែរ?

សូមអានខគម្ពីរទំនុកដំកើង ៣៧៖១-១១។ ហេតុផលដែលនាំអោយស្តេចដាវីឌសរសេរបទគម្ពីរទំនុកដំកើង ៣៧ នេះ ក៏ជារឿងគួរអោយភ្ញាក់ផ្អើលផងដែរ។ ស្តេចដាវីឌបានសរសេរអំពីការដែលនៅជុំវិញមនុស្សបានធ្វើកិច្ចការទាស់នឹងព្រះ ហើយទាស់នឹងទ្រង់។ យើងអាចនឹងខឹង នៅពេលដែល មនុស្សធ្វើកិច្ចការទាស់នឹងយើងនោះ។ ឬមួយ យើងប្រហែលជាចង់បង្ហាញថា យើងគឺជាអ្នកត្រូវ ហើយ ពួកគេគឺជាអ្នកខុស ក៏ថាបាន។ ប៉ុន្តែ ស្តេចដាវីឌបានផ្តល់ឱវាទខុសគ្នាពីនេះដល់យើង។

សូមអានខខាងក្រោម។ តើស្តេចដាវីឌបានចេញបង្គាប់អោយរាស្ត្ររបស់ព្រះធ្វើអ្វីខ្លះ នៅក្នុងខនីមួយៗ?

ទំនុកដំកើង ៣៧៖១ -----------------------------------------

ទំនុកដំកើង ៣៧៖៥ -----------------------------------------

ទំនុកដំកើង ៣៧៖៧ -----------------------------------------

ទំនុកដំកើង ៣៧៖៨ -----------------------------------------

ឥឡូវនេះ សូមអានខគម្ពីរទំនុកដំកើង ៣៧៖៤ ម្តងទៀត។ តើខដែលលោកអ្នកទើបតែបានអានខាងលើអម្បាញ់មិញនេះបានជួយអោយលោកអ្នកយល់អំពីអត្ថន័យដែលស្តេចដាវីឌចង់បង្ហាញយ៉ាង ដូចម្តេចដែរ នៅពេលដែលទ្រង់មានបន្ទូលថា «ចូរយកព្រះយេហូវ៉ាជាសេចក្តីអំណររបស់អ្នក» នោះ (ទំនុក-ដំកើង ៣៧៖៤)?

យើងបានឃើញនៅក្នុងខខាងលើរួចមកហើយថា ស្តេចដាវីឌបានមានបន្ទូលប្រាប់យើងតាម របៀបផ្សេងៗគ្នាម្តងហើយម្តងទៀតអោយជឿទុកចិត្តទៅលើព្រះ។ សូមជឿទុកចិត្តព្រះទ្រង់នឹងជួយ។ សូមកុំអោយបញ្ហារបស់លោកអ្នកធ្វើអោយលោកអ្នកមិនសប្បាយចិត្តនោះឡើយ ពីព្រោះទ្រង់គឺជាព្រះរបស់ លោកអ្នក។ ឥឡូវនេះ ទ្រង់កំពុងតែធ្វើកិច្ចការសម្រាប់លោកអ្នក។ លោកអ្នកមិនចាំបាច់ប្រញាប់ដោះស្រាយ បញ្ហាដោយខ្លួនលោកអ្នកផ្ទាល់នោះឡើយ។ ព្រះវរបិតារបស់លោកអ្នកដែលគង់នៅឯនគរស្ថានសួគ៌គឺជាអ្នកគ្រប់គ្រងអ្វីៗទាំងអស់។ សូមជឿទុកចិត្តទៅលើទ្រង់ទាំងស្រុងចុះ។​

ការដែលយកព្រះយេហូវ៉ាជាសេចក្តីអំណរនោះ មានន័យថា យើងមានការជឿទុកចិត្តដ៏ល្អឥត ខ្ចោះមួយចំពោះទ្រង់។ ព្រះទ្រង់គង់នៅទីនោះ ហើយទ្រង់ក៏កំពុងតែធ្វើកិច្ចការសម្រាប់យើងផងដែរ។ ដូច្នេះ យើងអាចញញឹមបាន។ យើងអាចសរសើរតម្កើងទ្រង់បាន ដោយសារតែគ្មានអ្នកណាម្នាក់មានប្រាជ្ញាជាង ព្រះរបស់យើងនោះទេ។ នៅពេលដែលយើងអាចរៀនជឿទុកចិត្តព្រះច្រើនប៉ុននេះនោះ យើងនឹងទទួល បាននូវអ្វីដែលយើងប្រាថ្នាចង់បាន។ យើងនឹងទទួលបាននូវអ្វីដែលព្រះវរបិតាជាទីស្រឡាញ់របស់យើងចង់ប្រទានដល់យើង។ ទ្រង់ក៏នឹងប្រទានរបស់នោះដល់យើង នៅពេលមួយដ៏ត្រឹមត្រូវផងដែរ។

ថ្ងៃសុក្រ ទី៩ ខែកញ្ញា ឆ្នាំ២០២២

សិក្សាបន្ថែម

សូមអាន Ellen G. White, “The Anointing of David,” pages 637-642, in Patri-archs and Prophets។

«ខ្ញុំមិនដឹងថា ព្រះចង់អោយខ្ញុំរៀនមេរៀនអ្វីចេញពីការរងទុក្ខនោះទេ។ ប៉ុន្តែ ព្រះទ្រង់ជ្រាបនូវ អ្វីដែលល្អបំផុត។ ខ្ញុំនឹងថ្វាយរូបកាយ វិញ្ញាណ និងជីវិតរបស់ខ្ញុំដល់ទ្រង់។ ទ្រង់គឺជាព្រះអាទិកររបស់ខ្ញុំ។ ទ្រង់មិនធ្វើអោយខ្ញុំខកចិត្តនោះឡើយ។ ‘គឺ​ដោយ​ហេតុ​នោះ បាន​ជា​ខ្ញុំ​រង​ទុក្ខ​ទាំង​នេះ តែ​ខ្ញុំ​មិន​ខ្មាស​ទេ ដ្បិត​ខ្ញុំ​ស្គាល់​ព្រះ​ដែល​ខ្ញុំ​បាន​ជឿ​តាម ហើយ​ខ្ញុំ​ជឿ​ពិត​ថា ទ្រង់​អាច​នឹង​ថែ​រក្សា​បញ្ញើ ដែល​ខ្ញុំ​បាន​ផ្ញើ​ទុក​នឹង​ទ្រង់ ដរាប​ដល់​ថ្ងៃ​នោះ​ឯង’ (ធីម៉ូថេទី២ ១៖១២)។ តើយ៉ាងណាទៅវិញ ប្រសិនបើយើងបង្ហាត់បង្រៀន ខ្លួនយើងអោយបង្ហាញសេចក្តីជំនឿ សេចក្តីស្រឡាញ់ និងសេចក្តីអត់ធ្មត់បន្ថែមទៀតនោះ? នៅពេលនោះ យើងនឹងមានសេចក្តីសុខសាន្ត និងសេចក្តីអំណរកាន់តែខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងគ្រប់ទាំងការ សាកល្បងទាំងអម្បាលម៉ាននៅក្នុងជីវិតនេះជាមិនខាន»។

«ព្រះអម្ចាស់មិនសព្វព្រះហឫទ័យ នៅពេលដែលយើងព្រួយបារម្ភច្រើន រហូតដល់យើងលះប​ង់ ចោលសេចក្តីជំនឿរបស់យើងពីព្រះយេស៊ូវនោះឡើយ។ យើងត្រូវតែរៀនសង្កេតមើល និងរង់ចាំយ៉ាង ស្ងាត់ស្ងៀម ដោយក្តីសង្ឃឹមចំពោះទ្រង់។ យើងត្រូវតែប្រមើលមើលទីសំគាល់មួយចំនួនទុកជាភ័ស្តុតាង នៃសេចក្តីជំនឿរបស់យើង។ យើងគួរតែយល់ឃើញថា យើងត្រូវតែមានចិត្តផុសផុលក្នុងការបង្ហាញថា យើងមានសេចក្តីជំនឿ។ ប៉ុន្តែ សេចក្តីជំនឿនោះមិនមែនជាអារម្មណ៍នោះឡើយ»។ ដកស្រង់ពី Ellen G. White, Selected Messages, book 2, page 242, adapted។​

សំនួរពិភាក្សា៖
  1. ព្រះយេស៊ូវមិនប្រទានការសាកល្បងណាមួយអោយហួសពីកម្លាំងរបស់យើងនោះទេ (កូរិនថូសទី១ ១០៖១៣)។ តើការយល់ដឹងអំពីសេចក្តីពិតនេះអាចជួយដល់យើងបានដោយរបៀបណា ខណៈពេលដែលយើងកំពុងតែរង់ចាំអោយរក្សាសេចក្តីសន្យារបស់ទ្រង់នោះ?

  2. ចូរសូមអោយសិស្សនៅក្នុងថ្នាក់ចែករំលែកអំពីរឿងផ្ទាល់ខ្លួនរបស់ពួកគេទាក់ទងនឹងអត្ថន័យនៃការរង់ចាំដោយអត់ធ្មត់។ តើសេចក្តីភ័យខ្លាច និងសេចក្តីអំណរ ខណៈពេលដែលពួកគេកំពុងតែរង់ចាំនោះគឺជាអ្វី? តើពួកគេបានរក្សាខ្ជាប់សេចក្តីជំនឿរបស់ពួកគេដោយរបៀបណា? តើមានសេចក្តីសន្យាអ្វីខ្លះ ដែលបានជួយដល់ពួកគេនៅគ្រានៃការសាកល្បងនោះ?

  3. តើលោកអ្នកអាចធ្វើអ្វីបានខ្លះ ក្នុងនាមជាពួកជំនុំ ដើម្បីជួយដល់អ្នកដទៃដែលកំពុងតែរងទុក្ខ ខណៈ ពេលដែលពួកគេកំពុងតែរង់ចាំអោយព្រះជួយដល់ពួកគេនោះ?

រឿងខ្លី

ការវាយប្រហារជាលើកចុងក្រោយ វគ្គ ១១

ពីសប្តាហ៍មុនពិធីបុណ្យជ្រមុជទឹករបស់ឪពុក គាត់បានខឹងយ៉ាងខ្លាំង បន្ទាប់ពីភ្ញៀវបានចាក ចេញពីផ្ទះ ក្រោយពីការសិក្សាព្រះគម្ពីរនៃក្រុមតូចនៅក្នុងទីក្រុងម៉ាណូសនៃប្រទេសប្រេស៊ីលនាពេលល្ងាចថ្ងៃសុក្ររួចមក។ ឪពុកបានប្រកាសថា គាត់នឹងគេងនៅក្នុងបន្ទប់ទទួលភ្ញៀវ។ យប់នោះងងឹតជាង សព្វដង។ អ្នកជិតខាងបានបិទភ្លើងអស់ ធ្វើអោយផ្ទះ និងផ្លូវងងឹតសូន្យឈឹង។ ប្រហែលជាម៉ោង១ព្រឹក ជូនាបានភ្ញាក់ពីដំណេក ដោយសារតែសំឡេងមួយបានស្រែកឡើងថា ឪពុកនឹងមិនជ្រមុជទឹកឡើយ។ ជូនាបានភ័យខ្លាចជាខ្លាំង ហើយគាត់ក៏មិនដឹងថា ត្រូវធ្វើយ៉ាងដូចម្តេចដែរ។ គាត់បានសម្ងំនៅក្នុងបន្ទប់ របស់គាត់ ដើម្បីឃ្លាំមើលថា នឹងមានអ្វីកើតឡើង។​ សំឡេងនោះបានស្រែកឡើងម្តងទៀតថា ឪពុកនឹង មិនជ្រមុជទឹកឡើយ។ ជូនាបានឃ្លាំមើលបន្តទៀត។ គាត់បានឮសំឡេងមនុស្សម្នាក់ដើរចូលមកក្នុង បន្ទាប់របស់គាត់។ ឪពុកបាននិយាយថា «កូនអើយ តោះអធិស្ឋានជាមួយនឹងប៉ា អារក្សបានវាយប្រហារ ប៉ាម្តងទៀតហើយ។ សំឡេងមួយទៀតបាននិយាយឡើង។ «តើអ្នកទាំង២កំពុងតែធ្វើអ្វី?» នោះគឺជា សំឡេងរបស់ម្តាយ។​ នៅពេលដែលនាងបានឮសំឡេងស្រែកចេញពីបន្ទប់ទទួលភ្ញៀវនោះ នាងបាន បន្ទន់ចុះ ហើយចាប់ផ្តើមអធិស្ឋាន។ ឥឡូវនេះ ម្តាយបានបបួលឪពុក និងជូនាអោយចូលរួមអធិស្ឋានជា មួយនឹងនាង ដើម្បីសូមអោយព្រះយេស៊ូវបណ្តេញពួកវិញ្ញាណអាក្រក់ចេញ។

បន្ទាប់ពីអធិស្ឋានប៉ុន្មាននាទីរួចមក ម្តាយបានណែនាំអោយពួកគេដើរចេញទៅក្រៅផ្ទះ ដើម្បី អោយបានឃើញគ្នាទៅវិញទៅមក នៅក្រោមពន្លឺព្រះច័ន្ទដ៏ស្រអាប់មួយ។ នៅខាងក្រៅផ្ទះ ឪពុកបាន និយាយថា គាត់ស្រេកទឹកខ្លាំងណាស់។ ជូនាបានស្ម័គ្រចិត្តដើរចូលទៅខាងក្នុង ដើម្បីទៅយកទឹកមួយ កែវជូនឪពុក។ គាត់បានឃើញដុំខ្មៅដ៏អាថ៌កំបាំងមួយនៅលើឥដ្ឋ។ គាត់បានហៅម្តាយមក ហើយចង្អុល ទៅឯដុំខ្មៅនោះសួរថា «នោះអីគេ ម៉ាក់?»។ ម្តាយបានផ្ចង់មើលទៅឯឥដ្ឋ។​ នាងបាននិយាយ «អាហ្នឹង សក់តើកូន»។ ជូនា និងម្តាយបានចេញមកពិនិត្យមើលឪពុកនៅឯខាងក្រៅវិញ។ សក់មួយដុំបានបាត់ពីលើក្បាលរបស់ឪពុក។ មើលទៅហាក់ដូចជាមានអ្នកណាម្នាក់ច្រឡំដៃយកកន្ត្រៃមួយគូមកកាត់សក់ របស់គាត់អ៊ីចឹង។ ឪពុកបានស្ទាបក្បាលរបស់គាត់ ទាំងក្រវីក្បាល។ គាត់បាននិយាយថា «មើលទៅ ខ្ញុំ ត្រូវកោសក់ហើយ ក្បាលត្រងោលល្អជាង»។

នៅពេលព្រះអាទិត្យបានរះនៅព្រឹកថ្ងៃសប្បាតហ៍បន្ទាប់នោះ ឪពុកមានអារម្មណ៍ថា នឿយហត់ ជាខ្លាំង ដោយត្រូវគេវាយអ៊ីចឹង បន្ទាប់ពីពួកវិញ្ញាណបានវាយប្រហារ ដោយពួកវិញ្ញាណអាក្រក់រួចមក។​ គាត់បានសម្រេចចិត្តអធិស្ឋាននៅផ្ទះជាជាងទៅឯព្រះវិហារ។ បន្ទាប់ពីជូនា និងម្តាយបានចាកចេញពីផ្ទះ គាត់បានអធិស្ឋានថា​«ឱព្រះយេស៊ូវអើយ សូមទ្រង់ជួយកុំអោយពួកវាយករូបកាយរបស់ទូលបង្គំឡើយ សូមទ្រង់គង់ជាមួយនឹងទូលបង្គំផង ដ្បិតទូលបង្គំមិនចង់អោយពួកវាមកសណ្ឋិតនៅក្នុងទូលបង្គំទៀត ឡើយ»។ គាត់បានបើកព្រះគម្ពីររបស់គាត់ រួចអានខគម្ពីរទំនុកដំកើង ៣៧៖៥ ដែលបានចែងថា «ចូរទុក ដាក់​ផ្លូវ​អ្នក​នឹង​ព្រះយេហូវ៉ា​ចុះ ថែម​ទាំង​ទុក​ចិត្ត​ដល់​ទ្រង់​ផង»។ ឪពុកបានយល់ឃើញថា ព្រះយេស៊ូវកំពុងតែមានបន្ទូលប្រាប់គាត់ថា កុំអោយខ្លាចឡើយ។ ព្រះយេស៊ូវនឹងនាំគាត់ទៅឯពិធីបុណ្យជ្រមុជទឹករបស់គាត់។ ជាការពិតណាស់​ ពួកវិញ្ញាណអាក្រក់លែងមកសណ្ឋិតលើគាត់តាំងតែពីយប់ថ្ងៃសុក្រនោះ រហូត មក។ ប៉ុន្តែ គាត់នៅតែឮសំឡេងពួកវា។

អំណានដង្វាយប្រចាំសប្តាហ៍

សេចក្តីអំពាវនាវពិសេស (សម្រាប់ឱកាសដ៏កម្រ)

សេចក្តីអំពាវនាវ៖ប្រសិនបើលោកអ្នកមានឱកាសក្នុងការធ្វើអោយមានការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងជីវិតរបស់អ្នកណាម្នាក់នោះ តើលោកអ្នកនឹងទទួលយកឱកាសនេះ ឬអោយឱកាសនេះ របូតទៅ? ឱកាសដ៏កម្រនេះមិនងាយនឹងកើតឡើងជារៀងរាល់ថ្ងៃនោះទេ ប៉ុន្តែ ឱកាសនេះទាម ទារនូវការឆ្លើយតបពីពួកជំនុំរបស់ព្រះ។ នៅពេលដែលលោកអ្នកថ្វាយតង្វាយនៃឱកាសដ៏កម្រ របស់លោកអ្នកនោះ មានន័យថា លោកអ្នកបានចូលរួមនៅក្នុង​ប្រាក់ឧបត្ថម្ភ ដែលអោយថ្នាក់ ដឹកនាំកំពូលឆ្លើយតបយ៉ាងឆាប់រហ័សចំពោះគម្រោងដែលចាំបាច់ និងបន្ទាន់បំផុត។

ដូច្នេះ ចូរយើងក្តាប់ពេលវេលានេះអោយជាប់។ ចូរយើងពន្លឿនកិច្ចការនៃការផ្សាយដំណឹងល្អ តាមរយៈការថ្វាយ ដោយចិត្តសប្បុរសចុះ។ សូមសរសេរនៅលើស្រោមសំបុត្រនៃតង្វាយ១០ ហូត១របស់លោកអ្នកថា «ប្រាក់ឧបត្ថម្ភសម្រាប់ឱកាសដ៏កម្រ»។ ជាមួយនឹងការគាំទ្ររបស់ លោកអ្នក ព្រះវិហារនឹងអាចឆ្លើយតបទៅនឹងឱកាសថ្មីៗ ដែលនឹងបង្កើតឥទ្ធិពលនៃបេសកកម្ម របស់ព្រះនៅទូទាំងពិភពលោក។

សេចក្តីអធិដ្ឋាន៖
ឱព្រះអម្ចាស់អើយ ទូលបង្គំដឹងថា ទ្រង់សព្វព្រះទ័យនឹងអ្នកដែលថ្វាយដោយក្តីអំណរ។ សូមទ្រង់ជួយជំរុញទូលបង្គំអោយឆ្លើយតបភ្លាមៗទៅនឹងសេចក្តីអំពាវនាវ របស់ទ្រង់អោយថ្វាយដោយចិត្តសប្បុរសដល់ព័ន្ធកិច្ចរបស់ទ្រង់បន្ថែមទៀតផង។ ​

Powered by CAM