ការអន្ទងព្រលឹង (Necromancy) គឺជាការបោកបញ្ចោតមួយរបស់សាតាំងមានប្រភពមកពីសម័យគម្ពីរសញ្ញាចាស់។ ការអន្ទងព្រលឹងគឺជាការទាក់ទងជាមួយនឹងមនុស្សស្លាប់។ ពាក្យថា «នេក្រូម៉ាស៊ី (Necromancy)» ប្រែមកពីពាក្យថា «នេក្រូស (nekros)» (ស្លាប់) និង «មេនធា (manteia)» (ការទស្សន៍ ទាយ)។ មនុស្សតែងតែធ្វើពិធីអន្ទងព្រលឹងនេះ ដើម្បីអោយបានចំណេះដឹងខាងឯវិញ្ញាណដ៏ពិសេសមួយអំពីអនាគត។ សាតាំងក៏បានបង្កើតនូវគោលជំនឿដែលថា យើងគួរតែបួងសួងទៅកាន់សមាជិកគ្រួសាររបស់យើង ព្រមទាំងថ្វាយបង្គំពួកគេផងដែរ។ មនុស្សបានជឿថា ព្រលឹងនៃអ្នកជាទីស្រឡាញ់របស់ពួកគេដែលបានស្លាប់ទៅនោះ អាចផ្លាស់ប្តូរជីវិតរបស់ពួកគេបាន។ សព្វថ្ងៃនេះ មនុស្សជាច្រើនបានទទួល យកនូវការកុហកទាំងនេះ ដោយសារតែពួកគេនឹកដល់អ្នកជាទីស្រឡាញ់របស់ពួកគេដែលបានស្លាប់ទៅនោះ។
សូមអានអំពីបទពិសោធន៍របស់ស្តេចសូលជាមួយនឹងគ្រូធ្មប់នៃក្រុងអេនដោរនៅក្នុងខគម្ពីរសាំយូអែលទី១ ២៨៖៣-២៥។ តើរឿងនេះបានបង្រៀនយើងយ៉ាងដូចម្តេច អំពីមូលហេតុដែលយើងមិនគួរព្យាយាមទាក់ទងជាមួយនឹងព្រលឹង «នៃមនុស្សស្លាប់» នោះ?
ព្រះបានហាមមិនអោយរាស្ត្ររបស់ទ្រង់និយាយជាមួយនឹងពួកគ្រូអាបធ្មប់ គ្រូខាប គ្រូមន្តគាថា គ្រូទាយ ឬពួកវិញ្ញាណអារក្សជាដាច់ខាត (លេវីវិន័យ ១៩៖៣១; លេវីវិន័យ ២០៖៦, ២៧; ចោទិយកថា ១៨៖៩-១៤)។ ដូច្នេះ ស្តេចសូលបានសម្លាប់មនុស្សអាក្រក់ទាំងអស់ចេញ (សាំយូអែលទី១ ២៨៖៣,៩)។
ក្រោយមក ស្តេចសូលបានឡើងទៅជួបជាមួយនឹងគ្រូអាបធ្មប់នៅក្រុងអេនដោរ ក្រោយពីព្រះបានបដិសេធគាត់រួចមក (សាំយូអែលទី១ ២៨៖៦, ៧, ១៥; សូមប្រៀបធៀបជាមួយនឹងខគម្ពីរយ៉ូស្វេ ១៧៖១១; ទំនុកដំកើង ៨៣៖១០)។ អេនដោរគឺជាក្រុងមកួយនៅក្នុងទឹកដីកាណាន។ ស្តេចសូលបានសូមអោយគ្រូធ្មប់ដាស់ហោរាសាំយូអែលពីស្លាប់ឡើងវិញ។ ហោរាគឺជាអ្នកនាំសារដ៏ពិសេសម្នាក់មកពីព្រះ។ គ្រូធ្មប់ «បានដាស់» វិញ្ញាណអារក្សដែលបានបន្លំខ្លួនធ្វើជាលោកសាំយូអែល។ វិញ្ញាណអារក្សបាននិយាយជាមួយនឹងលោកសូល (សាំយូអែលទី១ ២៨៖១៣-១៩)។ វិញ្ញាណនោះបានប្រាប់ស្តេចសូលថា «ទ្រង់ព្រមទាំងពួកបុត្រាទ្រង់ នឹងបាននៅជាមួយនឹងទូលបង្គំហើយ» (សាំយូអែលទី១ ២៨៖១៩)។ វិញ្ញាណអារក្សបានប្រាប់នូវការកុហកដ៏មានអំណាចមួយ។ វាបានធ្វើអោយស្តេចសូលគិតថា ព្រលឹងនៃមនុស្សបានបន្តរស់នៅបន្ទាប់ពីរូបកាយរបស់គេស្លាប់ទៅ។
ជាង២០០ឆ្នាំក្រោយមក លោកអេសាយបានសរសេរអំពីអ្នកដែលបានទាក់ទងជាមួយនឹង មនុស្សស្លាប់ដោយអាថ៌កំបាំង ដើម្បីសូមដំបូន្មានពីពួកគេ។ លោកអេសាយបានមានប្រសាសន៍ថា «កាលបើអ្នកណាពោលដល់ឯងថា ចូររកពួកគ្រូខាប និងគ្រូគាថា ដែលចេញសំឡេងអ៊ីអ៊ុ ហើយងុមៗ នោះត្រូវឆ្លើយថា គួរគប្បីឲ្យបណ្តាជនស្វែងរកព្រះរបស់ខ្លួនវិញ តើនឹងរកចំពោះរូបខ្មោចជាប្រយោជន៍ដល់មនុស្សរស់ធ្វើអ្វី ចូរទៅបើកគម្ពីរបញ្ញត្តិ និងសេចក្តីបន្ទាល់មើល បើគេនិយាយមិនត្រូវនឹងព្រះបន្ទូលនោះ នោះគ្មានពន្លឺរះឡើងនៅក្នុងខ្លួនទេ» (អេសាយ ៨៖១៩, ២០; សូមអានខគម្ពីរអេសាយ ១៩៖៣ ផងដែរ)។
តើយើងបានធ្វើរឿងអាក្រក់ដូចជាស្តេចសូលនោះញឹកញាប់ប៉ុនណាដែរ នៅពេលដែលយើងមានអារម្មណ៍តានតឹងនោះ? តើហេតុអ្វីបានជាសេចក្តីជំនឿ ការអធិស្ឋាន និងការធ្វើតាមសេចក្តីពិតនៃព្រះគម្ពីរគឺជាកិច្ចការតែម៉្យាងគត់ដែលអាចការពារយើងនោះ?
ថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០២២
តើអ្នកស្លាប់អាចត្រឡប់មកឯយើងវិញដែរឬទេ?
ពេលខ្លះ ពួកអារក្សបានបន្លំខ្លួនធ្វើជាអ្នកជាទីស្រឡាញ់ មិត្តភក្តិ ឬសមាជិកគ្រួសាររបស់យើងដែលបានស្លាប់ទៅនោះ។ ពួកអារក្សបានបង្ហាញខ្លួនដល់អ្នកដែលស្គាល់មនុស្សទាំងនេះ នៅពេលដែលពួកគេនៅរស់។ វិញ្ញាណអាក្រក់បន្លំខ្លួន និងនិយាយដូចជាមនុស្សដែលបានស្លាប់ទៅនោះ។ ការកុហកទាំងនេះគឺជាការបោកបញ្ឆោតរបស់សាតាំងទេ។ សាតាំងបានប្រើការបោកបញ្ចោតទាំងនេះ ដើម្បីបញ្ឆោតមនុស្សដែលមិនបានដឹងអំពីសេចក្តីពិតនៃព្រះគម្ពីរ។ អ្នកស្រីអែល្លីនជីវ៉ៃត៍បានដាស់តឿថា «នៅគ្រាចុងបំផុត ពួកវិញ្ញាណបោកបញ្ឆោតនឹងក្លែងធ្វើជាពួកសិស្សរបស់ព្រះយេស៊ូវដែលបានរស់ពីស្លាប់ឡើងវិញ។ ពួកវិញ្ញាណទាំងនេះនឹងបដិសេធសេចក្តីពិតនៃព្រះគម្ពីរ ព្រមទាំងបង្រៀននូវការកុហកផងដែរ។ សាតាំងខ្លួន វាផ្ទាល់ក៏នឹងក្លែងធ្វើជាព្រះយេស៊ូវផងដែរ»។ ដកស្រង់ពី The Great Controversy, page 624, adap-ted។
សូមអានខគម្ពីរកូរិនថូសទី២ ១១៖១៤, ១៥ និងអេភេសូរ ៦៖១០-១៨។ តើខទាំងនេះបាន សំដែងប្រាប់យើងថា យើងគួរតែធ្វើអ្វីខ្លះដើម្បីការពារខ្លួនយើងចេញពីការបោកបញ្ឆោតរបស់សាតាំង ហើយនិងពួកអារក្សបោកបញ្ឆោតរបស់វានោះ?
--------------------------------------------------------
លោកប៉ុលបានដាស់តឿនយើងថា៖ «យើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺនិងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណនៅស្ថានដ៏ខ្ពស់ដែរ» (អេភេសូរ ៦៖១២)។ យើងអាចមានសុវត្ថិភាពចេញពីពួកអារក្ស បោកបញ្ឆោតទាំងនេះបានតែនៅពេលដែលយើងបានបំពាក់គ្រឿងសឹកទាំងអស់ ដែលព្រះបានប្រទានដល់យើងនោះប៉ុណ្ណោះ (អេភេសូរ ៦៖១៣-១៨)។
ពួកអារក្សបោកបញ្ឆោតទាំងនេះអាចព្យាយាមបំភ័យយើងបាន។ ប៉ុន្តែ ពួកគេមិនអាចល្បួងមនុស្សដែលព្រះបានការពារ និងល្បួងមនុស្សដែលដឹង និងជឿទុកចិត្តទៅលើសេចក្តីពិតនៃព្រះគម្ពីរនោះទេ។ ក្នុងនាមជាអ្នកសេវេនដេយអាត់វេនទីស្ទ យើងបានជឿសេចក្តីពិតនៃព្រះគម្ពីរដែលថា ព្រលឹងមិនបានរស់នៅជារហូតនោះឡើយ។ យើងបានដឹងថា ព្រះគម្ពីរបានបង្រៀនថា មនុស្សស្លាប់មិនអាចទាក់ទងជាមួយនឹងយើងបានឡើយ។ ដូច្នេះ យើងត្រូវតែបដិសេធវិញ្ញាណអារក្ស ដែលបានបន្លំខ្លួនធ្វើជាអ្នកជាទីស្រឡាញ់ដែលបានស្លាប់ទៅនោះ។ វាអាចបន្លំខ្លួនដូចជាពួកគេបេះបិទ។ វាអាចនឹងធ្វើទង្វើ និងនិយាយស្តីដូចគ្នាទៅនឹងអ្នកជាទីស្រឡាញ់ដែលបានស្លាប់ទៅនោះ។ ប៉ុន្តែ យើងត្រូវតែរក្សានូវការបង្រៀនដែលថា មនុស្សស្លាប់កំពុងតែដេកលក់នៅក្នុងផ្នូរអោយបានខ្ជាប់ខ្ជួនជានិច្ច។
ឧបមាថា លោកអ្នកបានបាត់បង់អ្នកជាទីស្រឡាញ់ម្នាក់។ បន្ទាប់មក អ្នកជាទីស្រឡាញ់នេះបានបង្ហាញខ្លួនដល់អ្នក។ វាបាននិយាយថា វាស្រឡាញ់អ្នក និងនឹកអ្នកជាខ្លាំង។ វាបាននិយាយនូវអ្វីដែលអ្នកជាទីស្រឡាញ់របស់លោកអ្នកបានដឹង។ បន្ទាប់មក វាបាននិយាយថា ឥឡូវនេះវាកំពុងតែនៅឯស្ថានសួគ៌។ តើលោកអ្នកបានឃើញថា ទំហំនៃគ្រោះថ្នាក់ដែលមនុស្សម្នាក់នឹងត្រូវជាប់នៅក្នុងនោះដែរឬទេ ប្រសិនបើគេមិនបានដឹងអំពីសេចក្តីពិតនៃព្រះគម្ពីរនោះ? គេអាចនឹងជឿទៅលើការកុហកនេះ។ លើសពីនេះទៅទៀតនោះ គេអាចនឹងជឿទៅលើវិញ្ញាណបោកបញ្ឆោតនេះទៀតផង។
តើការបំពាក់នូវគ្រឿងសឹករបស់ព្រះមានន័យយ៉ាងណាដែរ? តើយើងអាចធ្វើបែបនេះនៅក្នុងជីវិតរស់នៅរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃដោយរបៀបណា?
ថ្ងៃសុក្រ ទី៩ ខែធ្នូ ឆ្នាំ២០២២
សិក្សាបន្ថែម
សូមអាន Ellen G. White, “Dealing With False Science, Cults, Isms, and Secret Societies,” pages 602-609, in Evangelism; and “Spiritism,” page 86-93, in Confrontation។
សូលហ្វូន (Soulphone) គឺជាក្រុមអាជីវកម្មមួយដែលកំពុងតែបង្កើតវិធីមួយ ដើម្បីអោយមនុស្សអាចទំនាក់ទំនងជាមួយនឹងមនុស្សស្លាប់បាន។ គេហទំព័ររបស់ក្រុមសូលហ្វូនបាននិយាយថា នៅពេលដែលមនុស្សលោកស្លាប់ទៅ ពួកគេនឹងទៅកន្លែងមួយទៀតជារៀងរហូត។ ប៉ុន្តែ ព្រលឹងរបស់ពួកគេនឹងរស់នៅតទៅទៀត។ ព្រលឹងក៏មានបុគ្គលិកលក្ខណៈដូចកាលដែលគេនៅមានរូបកាយនៅឡើយដែរ។ ព្រលឹងក៏មានអ្វីៗផ្សេងៗទៀតដូចគ្នាផងដែរ។ ដូច្នេះ ពួកគេអាចទាក់ទងជាមួយអ្នកជាទីស្រឡាញ់របស់ពួកគេបាន។
ការបង្កើតរបស់ក្រុមសូលហ្វូននេះនឹងធ្វើអោយមានទំនាក់ទំនងរវាងមនុស្សរស់ និងមនុស្សស្លាប់តាមរយៈ៣យ៉ាង។ របៀបទី១ ការបង្កើតរបស់ក្រុមសូលហ្វូននឹងធ្វើអោយមនុស្សរស់ និងមនុស្សស្លាប់ទាក់ទងជាមួយគ្នាបានដោយការផ្ញើសារ។ ពួកគេអាចសន្ទនាជាមួយនឹងគ្នាទៅវិញទៅមកអំពីប្រធានបទដែលពួកគេចង់ពិភាក្សា។ របៀបទី២ ការបង្កើតរបស់ក្រុមសូលហ្វូននឹងធ្វើអោយមនុស្សរស់ អាចនិយាយជាមួយនឹងអ្នកជាទីស្រឡាញ់ដែលកំពុងតែរស់នៅឯកន្លែងមួយទៀតជារៀងរហូត។ របៀបទី៣ ក្រុមសូលហ្វូនបាននិយាយថា ការបង្កើតនេះក៏អាចធ្វើអោយមនុស្សរស់ស្តាប់ និងមើលឃើញអ្នកជាទីស្រឡាញ់របស់ពួកគេដែលបានស្លាប់ទៅនោះផងដែរ។
ការបង្កើតនេះគួរអោយភ័យខ្លាចជាខ្លាំង។ អ្វីដែលអាក្រក់ជាងនេះទៅទៀតនោះ គឺជាការសាកល្បងដែលក្រុមសូលហ្វូនបានបង្ហាញថា មនុស្សជាទីស្រឡាញ់ដែលបានស្លាប់ទៅនោះគឺពិតជាអ្នកនោះ មែន។ សូលហ្វូនបាននិយាយ «ឪពុកដ៏កំសត់អាចនឹងសួរកូនប្រុស ឬកូនស្រីរបស់គាត់ដែលបានស្លាប់ទៅនោះនូវសំណួរទាំងនេះបាន៖ ‘តើកាលពីនៅក្មេង ឯងធ្លាប់មានឆ្កែមួយក្បាលដែលមានឈ្មោះថា ស្នូភី (Scoopy) ដែរឬទេ? តើយើងបានអោយកាំបិតបត់មួយដល់ឯង សម្រាប់ថ្ងៃខួបកំណើតជាលើកទី១០របស់ឯងដែរឬទេ?»។ ការដាស់តឿងពីអ្នកស្រីអែល្លីន ជីវ៉ៃត៍នេះបានជួយអោយយើងយល់អំពីគ្រោះថ្នាក់ដ៏សាហាវមួយចេញពីការបង្កើតរបស់ក្រុមសូលហ្វូននេះ ដោយអ្នកស្រីបានមានប្រសាសន៍ថា៖ «ពួកវិញ្ញាណដែលបានក្លែងធ្វើជាមិត្តភក្តិដែលបានស្លាប់ទៅនោះ បានលេចអោយមកមនុស្សបានឃើញ។ ពួកវិញ្ញាណបានប្រាប់ពួកគេនូវរឿងដែលពួកគេបានធ្វើ កាលពីពួកគេនៅរស់នៅឡើយ។ ពួកវិញ្ញាណក៏បានធ្វើនូវរឿងបានធ្លាប់បានធ្វើ កាលពីពួកគេនៅរស់ផងដែរ»។ ដកស្រង់ពី Patriarchs and Prophets, page 684, adapted។
សំនួរពិភាក្សា៖
- ពួកគ្រីស្ទានជាច្រើននាក់បានទទួលយកនូវគោលគំនិតពេញនិយម ដោយសារតែពួកគេបានរៀនអំពីគោលគំនិតទាំងនេះចេញពីទូរទស្សន៍។ តើមានក្បួនច្បាប់នៃព្រះគម្ពីរអ្វីខ្លះ ដែលអាចជួយអោយយើងដឹងអំពីអ្វីដែលគួរទទួលយក និងអ្វីដែលមិនគួរទទួលយកពីទូរទស្សន៍ និងព័ត៌មាននោះ? (សូមអានខគម្ពីរ ទំនុកដំកើង ១០១៖១-៨; សុភាសិត ៤៖២៣; ភីលីព ៤៖៨)?
- តើយើងអាចជួយការពារអ្នកដទៃចេញពីការបោកបញ្ចោត និងការកុហកនៃគ្រាចុងក្រោយរបស់សាតាំងនេះដោយរបៀបណា? ទន្ទឹមគ្នានេះ តើយើងត្រូវតែអ្វីខ្លះ ដើម្បីការពារខ្លួនយើងចេញពីការបោកបញ្ចោត និង ការកុហកទាំងនេះ ខណៈពេលដែលយើងកំពុងតែជួយដល់អ្នកដទៃនោះ?
រឿងខ្លី
ស្មរបន្ទាល់ដ៏ក្លាហានម្នាក់
នៅដើមឆមាស មិត្តរួមថ្នាក់ម្នាក់នៅក្នុងសាកលវិទ្យាល័យបានសួរនាងសាន់ដ្រា (Sandra) ថា គាត់អាចថតកំណត់ត្រាមេរៀនរបស់នាងជាមួយនឹងទូរស័ព្ទដៃរបស់គាត់បានដែរឬទេ។ គាត់បាននិយាយថា «ខ្ញុំឃើញអ្នកកំពុងតែកត់ជាភាសាអង់គ្លេស ហើយខ្ញុំចង់ស្ថាបនាភាសាអង់គ្លេសរបស់ខ្ញុំផងដែរ»។ សាកលវិទ្យាល័យនៅក្នុងមជ្ឈិមបូព៌ាពុំមានថ្នាក់បង្រៀនភាសាអង់គ្លេសនោះទេ។ ដោយឡែក ភាសាអង់គ្លេសគឺជាភាសាដើមរបស់នាងសាន់ដ្រា ដូច្នេះ ការសរសេរជាភាសាអង់គ្លេសងាយស្រួលជាងសម្រាប់នាង។ នាងសាន់ដ្រាហុចសៀវភៅកំណត់ត្រារបស់នាងទៅអោយគាត់ ដោយនិយាយថា «ណេះ យកទៅ»។ នៅថ្ងៃបន្ទាប់ មិត្តរួមថ្នាក់សូមអនុញ្ញាតថតកំណត់ត្រាម្តងទៀត។ បន្ទាប់ពីមិត្តរួមថ្នាក់សូមថតរូបជាច្រើនថ្ងៃជាប់ៗគ្នានោះ នាងសាន់ដ្រាបានសម្រេចចិត្តថា នឹងសរសេរកំណត់ត្រារបស់នាងជាមួយនឹងចេតនាមួយទៀត។ នាងបានសម្រេចចិត្តថា នឹងសរសេរខគម្ពីរដែលនាងពេញចិត្តនៅខាងក្រោមទំព័រនៃសៀវភៅកំណត់ត្រារបស់នាង។ ទោះជាយ៉ាងនេះក្តី នៅពេលដែលមិត្តរួមថ្នាក់របស់នាងសូមថតរូបដូចសព្វដងនោះ នាងក៏បានចាប់ផ្តើមមានអារម្មណ៍ក្រែងចិត្ត។ នាងបានព្រួយបារម្ភថា គាត់អាចនឹងមើលខគម្ពីរទាំងនោះ ហើយគាត់នឹងឈប់សូមនាងទៀត។ នាងបានអធិស្ឋានទូលសូមអោយព្រះប្រើខគម្ពីរទាំងនេះសម្រាប់តម្កើងសិរីល្អរបស់ទ្រង់ផង។
ជាដំបូង មិត្តរួមថ្នាក់មិនបានចាប់អារម្មណ៍ទៅនឹងខគម្ពីរទាំងនេះឡើយ។ ប៉ុន្តែ ២ថ្ងៃក្រោយមកគាត់បានដឹងថា កំណត់ត្រាទាំងនោះក៏មានទាំងព័ត៌មានដែលគ្រូមិនបានបង្រៀននៅក្នុងថ្នាក់រៀនផងដែរ។ គាត់បានដើរទៅរកនាង រួចចង្អុលទៅកាន់ខនៅក្រោមទំព័រនោះ។ រួចសួរថា «តើនេះគឺជាខមក ពីព្រះគម្ពីរឬ?»។ នាងសាន់ដ្រាបានឆ្លើយថា «ចាស» ទាំងច្របូកច្របល់នៅក្នុងចិត្ត មិនដឹងថានឹងត្រូវបកស្រាយយ៉ាងណាទេ។ មិត្តរួមថ្នាក់ម្នាក់នោះបានឈប់ត្រឹង។ បន្ទាប់មក គាត់បានសួរថា «តើនេះជារបៀបដែលអ្នកលើកទឹកចិត្តខ្លួនឯងឬ?»។ នាងសាន់ដ្រាបានញញឹមទាំងធូរចិត្ត។ នាងបាននិយាយថា «មែនហើយ ខ្ញុំសរសេរខដែលខ្ញុំចូលចិត្តនៅក្នុងសៀវភៅសរសេររបស់ខ្ញុំ ខទាំងនេះតែងតែជួយ និងមានប្រយោជន៍សម្រាប់ជីវិតរបស់ខ្ញុំជានិច្ច»។
បន្ទាប់ពីថ្ងៃនោះមក មិត្តរួមថ្នាក់ម្នាក់នោះបានសួរនាងសាន់ដ្រានូវសំណួរជាច្រើនទាក់ទងទៅនឹងសាសនា ហើយនិងគោលជំនឿរបស់នាង។ ខណៈពេលដែលពួកគេកំពុងតែសិក្សានៅឯសាកលវិទ្យាល័យជាមួយនឹងគ្នានោះ គាត់ក៏បានដឹងអំពីគោលជំនឿនៃព្រះវិហារសេវេនដេយអាត់វេនទីស្ទផងដែរ។ នៅចុងបញ្ចប់នៃឆមាស គាត់បានសូមថតរូបសៀវភៅសរសេរទាំងអស់របស់នាងសាន់ដ្រាដែលមានពេញទៅដោយខគម្ពីរ។ គាត់មានបំណងចង់ចែករំលែកកំណត់ត្រានេះជាមួយបងប្អូនរបស់គាត់ដែរ។ ទោះបីជានាងសាន់ដ្រាមិនបានសិក្សាជាមួយគាត់ទៀតក៏ដោយ ក៏អ្នកទាំងពីរនៅតែទាក់ទងគ្នា ហើយគាត់តែងតែសុំយោបល់ពីនាងជានិច្ច។ នាងក៏បានអធិស្ឋានជូនគាត់ បងប្អូនរបស់គាត់ និងក្រុមគ្រួសាររបស់គាត់ផងដែរ។ នាងអរគុណដល់ព្រះដែលបានផ្ដល់ភាពក្លាហានដល់នាងក្នុងការសរសេរខគម្ពីរទាំងនេះនៅខាងក្រោមទំព័រនៃសៀវភៅកំណត់ត្រារបស់នាង។
អំណានដង្វាយប្រចាំសប្តាហ៍
សេចក្តីសប្បុរសនៅក្នុងអំឡុងពេលនៃភាពខ្វះខាត
នៅពេលមានវិបត្តិ យើងនៅតែអាចថ្វាយបង្គំព្រះជាមួយនឹងកម្រិតធនធានដែលយើងមាន ដោយសារតែរបស់ទាំងនេះគឺជាព្រះគុណរបស់ព្រះ។ ក្នុងសម័យរបស់សាវកប៉ុល សមាជិកនៃពួកជំនុំ ម៉ាសេដូនកំពុងតែប្រឈមមុខជាមួយនឹងការសាកល្បងដ៏ធំមួយខាងឯផ្នែកហិរញ្ញវត្ថុ។ ធនធានមិនមានច្រើននោះទេ ប៉ុន្តែ ការបរិច្ចាគរបស់ពួកគេត្រូវបានលោកប៉ុលពិពណ៌នាថា ជាភាពសប្បុរសដ៏សម្បូរបែបជាទីបំផុត។ ដោយមានការចូលរួមពីសំណាក់អ្នកផ្សេងៗទៀតនោះ ពួកគេអាចរួមចំណែកនៅក្នុងសេចក្តីអំណរនៃការចែករំលែក និងការចូលរួមនៅក្នុងបេសកកម្មរបស់ព្រះបានដោយមិនមានការខ្វល់ខ្វាយអំពីគំនាបនៃភាពក្រីក្ររបស់ពួកគេនោះឡើយ ពីព្រោះរបស់ទាំងនោះគឺជាអំណោយទានរបស់ព្រះដល់ពួកគេ។
មានទីបន្ទាល់ចាស់មួយ ស្តីអំពីសេចក្តីអំណរនៃសេចក្តីសប្បុរសនៅក្នុងអំឡុងពេលនៃភាពខ្វះខាត។ ប៉ាស្ទ័រម្នាក់នៃព្រះវិហារតំបន់តាមអំពាវនាវអោយសមាជិកនៃពួកជំនុំរបស់គាត់នាំយកតង្វាយពិសេសមួយសម្រាប់ពិធីឆ្លងបុណ្យណូអែល។ អំណោយទទួលបាននោះ នឹងបរិច្ចាគទៅដល់គ្រួសារនៃពួកជំនុំវិញ។ គ្រួសារក្រីក្រមួយគ្រួសារបានប៉ះពាល់ចិត្ត ដោយពាក្យអំពាវនាវនោះ ពួកគេបានសម្រេចចិត្តលះបង់ប្រាក់មួយចំនួន ដើម្បីដាក់ចូលទៅក្នុងតង្វាយនេះ។ ពួកគេបានបរិភោគចំណីអាហារសាមញ្ញជាទីបំផុត ពួកគេថែមទាំងប្រគល់អំណោយនៃថ្ងៃឆ្លងចូលបុណ្យណូអែលដល់អ្នកដទៃទៀតផង។ នៅថ្ងៃឆ្លងចូលបុណ្យណូអែលនោះ ពួកគេបានរាប់ប្រាក់សន្សំរបស់ពួកគេ ហើយយកប្រាក់នោះមកកាន់ព្រះវិហារ រួចយកវាទៅទុកក្នុងប្រអប់នៃតង្វាយពិសេសអស់ទៅ។ ពួកគេបានត្រឡប់មកផ្ទះវិញ ដោយក្តីអំណរ និងក្តីរំភើបថា ពួកគេអាចមានចំណែកនៅក្នុងគំនិតផ្តួចផ្តើមនេះ។ ក្រោយមកនៅពេលយប់នោះ កណ្តឹង ទ្វារបានរោទិ៍ឡើង ប៉ាស្ទ័រម្នាក់នោះបាននាំយកស្រោមសំបុត្រមួយមកជូនគ្រួសារនេះវិញ។ ក្នុងនោះមានប្រាក់ច្រើនជាងប្រាក់សន្សំ ដែលពួកគេបានយកទៅដាក់នៅក្នុងព្រះវិហារកាលពីព្រឹកមិញនោះលើសពីមុនបន្តិច។
មិនថា ស្ថានភាពនៃហិរញ្ញវត្ថុរបស់យើងយ៉ាងណានោះទេ យើងនៅតែអាចទទួលបាននូវបទពិសោធន៍នៃការអោយដោយក្តីអំណរជានិច្ច។ រឿងនេះអាចទៅរួចបាន ដោយសារតែព្រះមិនបានកំណត់ចំនួននៃអប្បបរមា ដែលត្រូវទទួលយកនោះឡើយ ផ្ទុយទៅវិញនោះ យើងទាំងអស់គ្នាអាចអោយដោយ «ស្ម័គ្រចិត្តតាមកម្លាំង» (កូរិនថូសទី២ ៨៖៣) របស់យើងបាន។ នៅក្រោមការផ្គត់ផ្តត់របស់ព្រះដល់យើងនេះ ព្រះអាចត្រាស់ហៅកូនៗរបស់ទ្រង់អោយថ្វាយនូវប្រាក់ចំណូលរបស់ពួកគេដែលបានទទួល នោះជាសមាមាត្រផងដែរ ការចូលរួមនេះមិនត្រូវបានកំណត់កម្រិតនៃធនធានពិតប្រាកដណាមួយនោះឡើយ។ សប្តាហ៍នេះ ខណៈដែលយើងថ្វាយបង្គំព្រះជាមួយនឹងតង្វាយ១០ហូត១ និងតង្វាយទៀងទាត់របស់យើង តាមសេចក្តីសន្យានោះ មានន័យថា យើងបានភ្លក់នូវរសជាតិនៃការអោយដោយក្តីអំណរហើយ។
សេចក្តីអំពាវនាវ៖
«កាលមានសេចក្តីទុក្ខលំបាកកំពុងតែល្បងគេជាខ្លាំង នោះសេចក្តីអំណរជាបរិបូរ និងសេចក្តីកំសត់ទុគ៌តរបស់គេ បានបណ្តាលឲ្យគេមានចិត្តសទ្ធាដ៏លើសលប់វិញ» កូរិនថូសទី២ ៨៖ ២)។
សេចក្តីអធិដ្ឋាន៖
ឱព្រះអម្ចាស់អើយ នៅក្នុងព្រះគុណដ៏ពិសេសរបស់ទ្រង់នេះ ទ្រង់មិនបានព្រងើយកន្តើយចំពោះអ្វីដែលទូលបង្គំបាននាំមកថ្វាយដល់ទ្រង់នោះឡើយ។ ទូលបង្គំសូមអរព្រះគុណទ្រង់ចំពោះឱកាសដែលទូលបង្គំត្រូវតែចូលរួមនៅក្នុងបេសកកម្មរបស់ទ្រង់នេះ។