មេរៀនទី១២​៖ ១២-១៨ មីនា ២០២២

នគរដែលមិនអាចបំផ្លាញបាន

Jeans
ថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ ហេព្រើរ ១២៖២២-២៤; ដានីយ៉ែល ៧៖៩, ១០, ១៣-២២; ហេព្រើរ ១២៖២៦, ២៧; ទំនុកដំកើង ១៥៖៥; ហេព្រើរ ១៣៖១៥,​១៦។

ខចងចាំ៖ «ដូច្នេះ ដែល​ទទួល​នគរ​១​ដ៏​កក្រើក​រញ្ជួយ​ពុំ​បាន នោះ​ត្រូវ​ឲ្យ​យើង​ដឹង​គុណ ដែល​ដោយសារ ​សេចក្តី​នោះ យើង​នឹង​បំរើ​ព្រះ​បែប​ឲ្យ​ទ្រង់​សព្វ​ព្រះហឫទ័យ ទាំង​មាន​ចិត្ត​គោរព​ប្រតិបត្តិ ហើយ​កោត ខ្លាច​ដល់​ទ្រង់» ហេព្រើរ ១២៖២៨)។

សប្តាហ៍នេះ យើងនឹងសិក្សាខគម្ពីរហេព្រើរ ១២៖១៨-២៩។ ខទាំងនេះគឺជាខសំខាន់ និងគួរអោយរំភើបជាងគេនៅក្នុងកណ្ឌគម្ពីរហេព្រើរ។ យើងនឹងរៀនអំពីគោលគំនិតជាច្រើនចេញពីខគម្ពីរ ហេព្រើរ ១២៖១៨-២៩។ ខទាំងនេះបានបង្ហាញយើងអំពីគោលគំនិតដែលលោកប៉ុលបានផ្តើមសំបុត្រ របស់គាត់ដោយពាក្យថា៖ ព្រះបានទំនាក់ទំនងជាមួយនឹងយើងតាមរយៈព្រះរាជបុត្រារបស់ទ្រង់។ ដូច្នេះ យើងត្រូវតែផ្តោតអារម្មណ៍ទៅឯព្រះយេស៊ូវ (ហេព្រើរ ១៖១, ២; ហេព្រើរ ១២៖២៥)។ ក្នុងខគម្ពីរ ហេព្រើរ ១២៖២២-២៤ លោកប៉ុលបានផ្តល់ការយល់ឃើញមួយនៃគោលគំនិតដ៏សំខាន់ជាងគេរបស់គាត់ អំពីព្រះយេស៊ូវយ៉ាងដូច្នេះថា៖ (១) ព្រះយេស៊ូវគឺជាអ្នកដែលបាននាំយកសេចក្តីសញ្ញាថ្មីពីព្រះជូនដល់រាស្ត្ររបស់ទ្រង់។ (២) ព្រះលោហិតរបស់ព្រះយេស៊ូវបានសង្គ្រោះយើង។ (៣) ពួកទេវតានៅស្ថានសួគ៌ បានអបអរសាទ ពីព្រោះព្រះយេស៊ូវគឺជាសម្តេចសង្ឃរបស់យើង។ ព្រះយេស៊ូវក៏ជាស្តេចរបស់យើងផងដែរ។ ចុងបញ្ចប់ ខគម្ពីរហេព្រើរ ១២៖២៥-២៩ បានបង្ហាញប្រាប់យើងថា ពេលវេលាសម្រាប់ព្រះ ជំនុំជំរះផែនដីនេះកាន់តែជិតដល់ហើយ។ នៅពេលនោះ ព្រះនឹងបំផ្លាញពួកខ្មាំងសត្រូវរបស់ទ្រង់។ ប៉ុន្តែ ព្រះនឹងផ្តល់ព្រះគុណ និងនគរមួយដល់រាស្ត្ររបស់ទ្រង់វិញ (ហេព្រើរ ១២៖២៨-២៩)។

លោកប៉ុលចង់អោយអ្នកអានរបស់គាត់នឹកចាំថា ព្រះបានប្រទាននគរមួយដល់ព្រះយេស៊ូវ (ដានីយ៉ែល ៧៖៩-១៤)។ ម្ល៉ោះហើយលោកប៉ុលបានប្រើរូបស័ព្ទមួយចេញពីបទគម្ពីរដានីយ៉ែល ៧ ដើម្បីជួយអោយអ្នកអានរបស់គាត់យល់អំពីគោលគំនិតនេះ។ ព្រះយេស៊ូវទ្រង់នឹងប្រទាននគររបស់ទ្រង់ដល់ពួកសិស្សរបស់ទ្រង់។ នគរនេះ «នៅ​អស់‌កល្ប​ជានិច្ច ជា​អង្វែង​ត​រៀង​ទៅ» (ដានីយ៉ែល ៧៖១៨, គខប)។

ថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២

លោកអ្នកបានមកដល់ភ្នំស៊ីយ៉ូនហើយ

តើលោកប៉ុលបានប្រាប់យើងយ៉ាងដូចម្តេច នៅក្នុងខគម្ពីរហេព្រើរ ១២៖២២-២៤?

--------------------------------------------------------

លោកប៉ុលបានមានប្រសាសន៍ថា ពួកយើងបានមកដល់ភ្នំស៊ីយ៉ូនហើយ។ ពួកទេវតាសល់សែននេះកំពុងតែនៅទីនោះ។ យើងបានមកឯភ្នំស៊ីយ៉ូន ដើម្បីអបអរសាទរជាមួយនឹងពួកទេវតា។ «អ្នក​ រាល់​គ្នា​បាន​មក​ដល់​ភ្នំ​ស៊ីយ៉ូន​វិញ ជា​ទី​ក្រុង​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ គឺ​ក្រុង​យេរូសាឡិម​នៃ​ស្ថានសួគ៌ ហើយដល់​ពួក​ទេវតា​ទាំង​សល់​សែន» (ហេព្រើរ ១២៖២២)។ យើងបានមកដល់ភ្នំស៊ីយ៉ូនតាមរយៈសេចក្តី ជំនឿទៅលើព្រះយេស៊ូវ ដែលបានចូលទៅឯព្រះជំនួសយើង។ យើងនឹងចូលរួមជាមួយនឹងព្រះ ព្រះយេស៊ូវ និងពួកទេវតានៅក្នុងពិធីអបអរសាទរនេះនៅស្ថានសួគ៌។ មានពួកទេវតាជាច្រើននាក់។ យើងមិនអាច រាប់ពួកគេទាំងអស់បានឡើយ។ ព្រះយេស៊ូវគឺជាហេតុផលសម្រាប់ពិធីអបអរសាទរនេះ។ លោកប៉ុលបាន មានប្រសាសន៍ថា យើងបានមក «ដល់​ទី​ប្រជុំ​របស់​មនុស្ស​ទាំងឡាយ និង​ជំនុំ​ពួក​កូន​ច្បង​ដែល​កត់​ទុក​នៅ​ស្ថានសួគ៌» (ហេព្រើរ ១២៖២២)។ កូនច្បងដំបូងដែលបានប្រសូតនៅក្នុងគ្រួសារយូដាមានដំណែង សំខាន់ជាងគេបំផុតនៅក្នុងគ្រួសារ និងបានទទួលព្រះពរយ៉ាងពិសេស។ ក្នុងព្រះនេត្ររបស់ព្រះ កូនៗរបស់ទ្រង់ទាំងអស់សុទ្ធតែមានឋានៈដូចគ្នាទៅនឹងកូនច្បងដែលបានប្រសូតមកនោះ។

ពួកយើងក៏ជា «ពួកកូនច្ប​ង» ផងដែរ ដោយសារតែយើងបានចែករំលែកព្រះពរដែលព្រះបាន ប្រទានដល់ព្រះយេស៊ូវដែលជាកូនច្បងរបស់ទ្រង់ (ហេព្រើរ ១៖៦)។ ដូច្នេះ យើងមិនបានមកដល់ភ្នំស៊ីយ៉ូន ក្នុងនាមជាភ្ញៀវនោះទេ។ យើងបានមកក្នុងនាមជាសាសន៍ស្ថានសួគ៌វិញ (សូមប្រៀបធៀបជាមួយនឹងខគម្ពីរភីលីព ៣៖២០)។ ក្នុងនាមជាសាសន៍ស្ថានសួគ៌ ឈ្មោះរបស់យើងត្រូវបានកត់ត្រានៅក្នុងបញ្ជីនៃ ស្ថានសួគ៌ (និក្ខមនំ ៣២៖៣២; ទំនុកដំកើង ៥៦៖៨; ដានីយ៉ែល ១២៖១; ម៉ាឡាគី ៣៖១៦; លូកា ១០៖ ២០; វិវរណៈ ១៣៖៨; វិវរណៈ ១៧៖៨)។ លោកប៉ុលក៏បានមានប្រសាសន៍ថា យើងនឹងបានបរិសុទ្ធ ហើយ គ្រប់លក្ខណ៍ផងដែរ។ «វិញ្ញាណនៃពួកសុចរិតទាំងអស់ដែលបានគ្រប់លក្ខណ៍ សុទ្ធតែនៅទីនោះជាមួយ នឹងព្រះ» (ហេព្រើរ ១២៖២៣, បកប្រែថ្មីពី NLV)។ ព្រះគឺជា «ព្រះវរបិតា​ខាង​វិញ្ញាណ» (ហេព្រើរ ១២៖ ៩)។ «វិញ្ញាណ» គឺជារូបស័ព្ទតំណាងអោយមនុស្សលោក។

ហេតុផលសម្រាប់ពិធីអបអរសាទរនេះគឺដោយសារតែព្រះបានលើកព្រះយេស៊ូវជាសម្តេចសង្ឃ និងជាស្តេចរបស់យើង។ យើងក៏បានអបអរសាទរចំពោះសេចក្តីសញ្ញាថ្មីដែលព្រះយេស៊ូវបាននាំយើងទៅ ឯព្រះផងដែរ។ ក្នុងកណ្គគម្ពីរហេព្រើរ ភ្នំស៊ីយ៉ូនគឺជាកន្លែងមួយដែលហេតុការណ៍ទាំងអស់នេះនឹងកើត មានឡើង។ សម្រង់មតិពីបទគម្ពីរទំនុកដំកើងទាំង៣នៅក្នុងខគម្ពីរហេព្រើរ ១៖៥-១៤ បានបង្ហាញយើងថា ព្រះយេស៊ូវនឹងក្លាយជាស្តេចរបស់យើងនៅលើភ្នំស៊ីយ៉ូន (សូមអានខគម្ពីរទំនុកដំកើង ២៖៦,​ ៧; ទំនុកដំកើង ១១០៖១, ២; ទំនុកដំកើង ១០២៖២១-២៧)។ ភ្នំស៊ីយ៉ូនក៏ជាកន្លែងដែលព្រះបានលើកព្រះយេស៊ូវជា «សម្តេចសង្ឃដ៏នៅអស់កល្ប» របស់យើងផងដែរ (ហេព្រើរ ៥៖៦)។ សម្រង់មតិនេះដកស្រង់ពីខគម្ពីរទំនុកដំកើង ១១០៖៤។ ខគម្ពីរទំនុកដំកើង ១១០ ក៏បានបង្ហាញយើងថា ព្រះរាជបុត្រាត្រូវបានលើកឡើង ជាសម្តេចសង្ឃរបស់យើងនៅលើភ្នំស៊ីយ៉ូនផងដែរ (ទំនុកដំកើង ១១០៖២)។ ចុងបញ្ចប់ លោកប៉ុលបាន បង្ហាញយើងថា នៅពេលដែលព្រះយេស៊ូវបានក្លាយមកជាសម្តេចសង្ឃរបស់យើងហើយនោះ ទ្រង់នឹងចាប់ផ្តើមអនុវត្តសេចក្តីសញ្ញាថ្មី (ហេព្រើរ ៧៖១១-២២)។ ដូច្នេះ ខគម្ពីរហេព្រើរ ១២៖២២-២៤ បានបង្ហាញយើងអំពីពិធីអបអរសាទរដែលបានកើតឡើង បន្ទាប់ពីព្រះយេស៊ូវបានយាងត្រឡប់ទៅស្ថានសួគ៌ វិញ។

ថ្ងៃច័ន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២

ព្រះគឺជាចៅក្រមនៃមនុស្សទាំងអស់

សូមអានអំពីពិធីអបអរសាទរនៅក្នុងខគម្ពីរហេព្រើរ ១២៖២៣។ ប្រសិនបើខទាំងនេះបានបង្ហាញ យើងអំពីពិធីអបអរសាទរមែននោះ តើហេតុអ្វីបានជាព្រះគឺជាចៅក្រមនៅទីនោះទៅវិញ? តើចៅក្រមអាច ជាផ្នែកមួយនៃពិធីអបអរសាទរយ៉ាងដូចម្តេចទៅបាន? (សូមអានខគម្ពីរដានីយ៉ែល ៧៖៩, ១០, ១៣-២២ ផងដែរ សម្រាប់ចម្លើយ)។

--------------------------------------------------------

ដូចដែលយើងបានឃើញកាលពីម្សិលមិញរួចមកហើយថា ខគម្ពីរហេព្រើរ ១២៖២២-២៤។ កិច្ចការចៅក្រមដែលព្រះនឹងធ្វើនៅពេលអនាគតនោះ គឺជាផ្នែកមួយនៃពិធីអបអរសាទរនេះ។ ក្នុងកិច្ចការ ជាចៅក្រមរបស់ទ្រង់នេះ ព្រះនឹងត្រួតពិនិត្យបញ្ជីនៅស្ថានសួគ៌។ បន្ទាប់មក ព្រះនឹងធ្វើការសម្រេចចិត្តចុងក្រោយរបស់ទ្រង់យ៉ាងដូច្នេះថា៖ ទ្រង់នឹងប្រទាននគរមួយដល់រាស្ត្ររបស់ទ្រង់ (ហេព្រើរ ១២៖២៨)។

ដូច្នេះ កណ្ឌគម្ពីរហេព្រើរបានបង្ហាញអំពីកិច្ចការជាចៅក្រមដែលព្រះបានធ្វើ មុនការយាងមក ជាលើកទី២។ លោកដានីយ៉ែលក៏បានឃើញកិច្ចការនេះផងដែរ។ លោកដានីយ៉ែលបានបង្ហាញយើងអំពី សាលជំនុំជំរះនៅស្ថានសួគ៌ ក្នុងសុបិនមួយរបស់គាត់ (ដានីយ៉ែល ៧)។ បន្ទាប់មក «មាន​គេ​យក​បល្ល័ង្ក មក​តាំង​ហើយ​ព្រះ​ដ៏​មាន​ព្រះជន្ម​ពី​ចាស់​បុរាណ​ទ្រង់​ក៏​គង់​លើ» ក្នុងនាមជាចៅក្រម (ដានីយ៉ែល ៧៖៩)។​ ព្រះបានគង់នៅលើបល្ល័ង្កដែលធ្វើឡើងដោយអណ្តាតភ្លើង។ ទេវតាសល់សែននាក់បានគោរពបម្រើព្រះ (ដានីយ៉ែល ៧៖១០)។ បញ្ជីបានបើកឡើង (ដានីយ៉ែល ៧៖១០)។ បន្ទាប់មក ព្រះបានសម្រេចទៅតាម «ពួក​បរិសុទ្ធ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ហើយ​កំណត់​ក៏​មក​ដល់ ដែល​ពួក​បរិសុទ្ធ​ត្រូវ​បាន​រាជ្យ​ជា​របស់​ផង​ខ្លួន» (ដានីយ៉ែល ៧៖២២)។

ក្នុងខគម្ពីរហេព្រើរ ១២៖២២-២៩ យើងបានឃើញ «ព្រះ​ដ៏​ជា​ចៅក្រម​នៃ​មនុស្ស​ទាំង​អស់» (ហេព្រើរ ១២៖២៣)។​ ទ្រង់បានគង់នៅលើភ្នំដ៏ខ្ពស់ដែលគេហៅថាភ្នំស៊ីយ៉ូន។ ក្រុងយេរូសាឡិមគឺជា ឈ្មោះ មួយទៀតសម្រាប់កន្លែងនេះនៅស្ថានសួគ៌។ នៅជុំវិញព្រះមាន «ពួក​ទេវតា​ទាំង​សល់​សែន» (ហេព្រើរ ១២៖២២)។ ព្រះបានប្រើបញ្ជីនៅក្នុងកិច្ចការរបស់ទ្រង់ជាចៅក្រម។ ឈ្មោះនៃរាស្ត្ររបស់ទ្រង់ត្រូវបានកត់ត្រានៅក្នុងបញ្ជីទាំងនេះ (ហេព្រើរ ១២៖២៣)។ ព័ត៌មាននេះបានបង្ហាញយើងថា ព្រះនឹងសម្រេចតាម រាស្ត្ររបស់ទ្រង់។

ព្រះយេស៊ូវមានផ្នែកដ៏សំខាន់មួយនៅក្នុងកិច្ចការនេះក្នុងសាលជំនុំជំរះនៅស្ថានសួគ៌ (ហេព្រើរ ១២៖២៤)។ ទ្រង់គឺជាអ្នកដែលដឹកនាំរាស្ត្ររបស់ព្រះទៅឯភ្នំស៊ីយ៉ូន។ ភ្នំស៊ីយ៉ូនគឺជាឈ្មោះមួយតំណាង អោយក្រុងយេរូសាឡិមថ្មីនៅស្ថានសួគ៌។ សេចក្តីសញ្ញាថ្មីបានអនុញ្ញាតអោយព្រះយេស៊ូវដឹកនាំរាស្ត្ររបស់ ទ្រង់ទៅស្ថានសួគ៌ (ហេព្រើរ ១២៖២២-២៤)។ នៅទីនោះ ព្រះនឹងប្រទានរង្វាន់ដល់រាស្ត្ររបស់ទ្រង់តាម ដែលទ្រង់បានសន្យានឹងពួកគេ។ ព្រះនឹងប្រទាននគរមួយដល់រាស្ត្ររបស់ទ្រង់ (ហេព្រើរ ១២៖២៨)។

ដូច្នេះ ខគម្ពីរហេព្រើរ ១២៖២៣ បានបង្ហាញយើងថា កិច្ចការដែលព្រះបានធ្វើក្នុងនាមជាចៅក្រម របស់យើងនោះគឺជាដំណឹងដ៏ល្អបំផុត។ ព្រះនឹងសម្រេចតាមរាស្ត្ររបស់ទ្រង់។​ ទ្រង់នឹងបង្ហាញថា រាស្ត្រ របស់ទ្រង់គ្មានពាក់ព័ន្ធនឹងកំហុសអ្វីមួយដែលសាតាំងបានចោទប្រកាន់ពួកគេនោះឡើយ។ ការសម្រេច ចិត្តនេះនឹងបង្ហាញថា សាតាំងនឹងចាញ់ព្រះ។ សាតាំង (នាគ) គឺជាអំណាចដ៏អាក្រក់មួយដែលបានគ្រប់ គ្រងលើនគរអាក្រក់ៗនៅក្នុងបទគម្ពីរដានីយ៉ែល ៧។ សត្វទាំងនេះគឺជារូបស័ព្ទតំណាងអោយនគរដែល បានធ្វើបាបរាស្ត្ររបស់ទ្រង់កាលពីមុន។ បទគម្ពីរវិវរណៈ ១៣ បានបង្ហាញយើងអំពីរបៀបដែលសាតាំង នឹងប្រើប្រាស់មេដឹកនាំនៅលើផែនដីនេះ ដើម្បីធ្វើបាបរាស្ត្ររបស់ព្រះនៅគ្រាចុងក្រោយម្តងទៀត។

ថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២

ថ្ងៃដែលព្រះនឹងអង្រួនផ្ទៃមេឃ និងផែនដី

លោកប៉ុលបានដាស់តឿនអ្នកអានរបស់គាត់អោយយកចិត្តទុកដាក់ចំពោះអ្វីដែលព្រះបានមាន បន្ទូល។ ពួកគេត្រូវតែប្រុងប្រយ័ត្នក្នុងការស្តាប់បង្គាប់ព្រះ ពីព្រោះព្រះបម្រុងនឹងធ្វើកិច្ចការមួយដ៏ធំ។ ព្រះ បានប្រមានថា «អញ​នឹង​ធ្វើ​ឲ្យ​កក្រើក​ម្តង​ទៀត មិន​ត្រឹម​តែ​ផែនដី​ប៉ុណ្ណោះ គឺ​ទាំង​ផ្ទៃ​មេឃ​ថែម​ទៀត​ផង (ហេព្រើរ ១២៖២៦)។ លោកប៉ុលបានដាស់តឿនយើងអោយស្តាប់បង្គាប់​ ពីព្រោះព្រះមិនទាន់បានប្រទាន អ្វីដែលទ្រង់បានសន្យានឹងយើងនៅឡើយទេ។ មែនហើយ ព្រះយេស៊ូវគឺជាសម្តេចសង្ឃ និងជាស្តេចរបស់ យើងនៅស្ថានសួគ៌។ ប៉ុន្តែ យើងនៅតែអាចជ្រើសរើសបែរចេញពីទ្រង់ ហើយវង្វេងផងដែរ។ ដូច្នេះ យើង ត្រូវតែស្តាប់បង្គាប់ទ្រង់។ យើងក៏ត្រូវតែយកចិត្តទុកដាក់ផងដែរ ពីព្រោះហេតុការណ៍ដ៏សំខាន់មួយបម្រុង នឹងកើតឡើងហើយ។

សូមប្រៀបធៀបខគម្ពីរហាកាយ ២៖៦-៩, ២០-២២; ទំនុកដំកើង ៩៦៖៩,​១០; ទំនុកដំកើង ៩៩៖១ និងហេព្រើរ ១២៖២៦, ២៧។ តើហេតុអ្វីបានជាព្រះអង្រួនផ្ទៃមេឃ និងផែនដីយ៉ាងដូច្នេះ? តើរូបស័ព្ទនេះបង្ហាញអ្វីខ្លះដល់យើង?

--------------------------------------------------------

ក្នុងគម្ពីរសញ្ញាចាស់ ការរញ្ជួយផែនដីគឺជារូបស័ព្ទមួយតំណាងអោយការយាងមករបស់ព្រះអង្គ ផ្ទាល់ ដែលទ្រង់នឹងលេចមក ដើម្បីសង្គ្រោះរាស្ត្ររបស់ទ្រង់។ នៅពេលដែលនាងដេបូរ៉ា និងលោកបារ៉ាក បានច្បាំងទាស់នឹងសាសន៍ស៊ីសេរ៉ា ព្រះបានច្បាំងចេញពីស្ថានសួគ៌ជំនួសពួកគេ (ពួកចៅហ្វាយ ៥៖២០)។ អំណាចរបស់ព្រះត្រូវបានបង្ហាញឡើងតាមរយៈការរញ្ជួយដីដ៏អស្ចារ្យមួយ។ ការរញ្ជួយដីបានធ្វើអោយ ញ័រដី និងភ្នំទាំងឡាយ នៅពេលដែលព្រះយាងចុះមកជួយរាស្ត្ររបស់ទ្រង់ (ពួកចៅហ្វាយ ៥៖៤, ៥)។ យើងបានឃើញរូបស័ព្ទដដែលនេះនៅក្នុងគម្ពីរសញ្ញាចាស់ទាំងមូល នៅពេលដែលព្រះបានលេចឡើង ដើម្បីរំដោះរាស្ត្ររបស់ទ្រង់ចេញពីខ្មាំងសត្រូវរបស់ពួកគេ (ទំនុកដំកើង ៦៨៖៧, ៨; ទំនុកដំកើង ៦០៖២; ទំនុកដំកើង ៧៧៖១៧, ១៨)។ ដូច្នេះ ការរញ្ជួយបានបង្ហាញយើងថា ពេលវេលាសម្រាប់ព្រះយាងមកជំនុំជំរះ និងបង្ហាញការគ្រប់គ្រងរបស់ទ្រង់ចំពោះមនុស្សនៅលើផែនដីនេះបានមកដល់ហើយ។ ពួក ហោរាក៏បានបង្ហាញថា ព្រះនឹងអង្រួនផែនដី នៅពេលដែលទ្រង់យាងមកដាក់ទោសមនុស្សអាក្រក់ផងដែរ (អេសាយ ១៣៖១៣; អេសាយ ២៤៖១៨-២៣)។

ក្នុងកណ្ឌគម្ពីរហេព្រើរ ការ «រញ្ជួយ» ផ្ទៃមេឃ និងផែនដីក៏បានបង្ហាញអំពីពេលវេលាដែលព្រះនឹងបំផ្លាញរាស្ត្ររបស់ពួកខ្មាំងសត្រូវរបស់ទ្រង់ផងដែរ។ ព្រះបានតាំងសេចក្តីសន្យានេះជាមួយនឹងព្រះយេស៊ូវ នៅពេលដែលព្រះយេស៊ូវបានគង់នៅលើបល្ល័ង្ករបស់ទ្រង់។ ព្រះបានមានបន្ទូលទៅកាន់ព្រះយេស៊ូវថា៖ «ចូរ​អង្គុយ​ខាង​ស្តាំ​អញ ទាល់​តែ​អញ​ដាក់​ពួក​ខ្មាំងសត្រូវ​ឯង ទុក​ជា​កំណល់​កល់​ជើង​ឯង» (ហេព្រើរ ១៖១៣)។ មែនហើយ ព្រះយេស៊ូវបានឈ្នះសាតាំងដែលជាខ្មាំងសត្រូវរបស់ទ្រង់ (ហេព្រើរ ២៖១៤-១៦) នៅពេលដែលទ្រង់បានគង់នៅលើបល្ល័ង្ករបស់ទ្រង់ (ហេព្រើរ ១៖៥-១៤)។ ប៉ុន្តែ អារក្ស និងពួកដែលស្អប់ព្រះយេស៊ូវត្រូវតែបំផ្លាញចោលនៅពេលអនាគត (ហេព្រើរ ១០៖១១-១៤; កូរិនថូស ទី១ ១៥៖២៣-២៥)។

ព្រះនឹងបំផ្លាញពួកខ្មាំងសត្រូវទាំងនេះជារៀងរហូត នៅពេលដែលទ្រង់អង្រួនផ្ទៃមេឃ និង ផែនដី។ ដូច្នេះ ការរញ្ជួយបានបង្ហាញយើងថា ព្រះនឹងបំផ្លាញមនុស្សលោកដែលបានធ្វើបាបរាស្ត្ររបស់ ព្រះនៅលើផែនដីនេះ។​ ព្រះនឹងបំផ្លាញសាតាំង និងពួកទេវតារបស់វាដែលមេក្លោងគ្រប់គ្រងលើពួកមេដឹកនាំទាំងនេះ។

ថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២

នគរដែលមិនអាចបំផ្លាញបាន

យើងបានឃើញរួចមកហើយថា ព្រះបានប្រកាសថា ទ្រង់នឹង «អង្រួន» ផ្ទៃមេឃ និងផែនដី។ រូបស័ព្ទនេះបានបង្ហាញយើងថា ព្រះនឹងបំផ្លាញពួកខ្មាំងសត្រូវរបស់ទ្រង់។ ប៉ុន្តែ​ របស់ខ្លះនឹងមិនត្រូវបំផ្លាញ ឡើយ។

សូមអានខគម្ពីរទំនុកដំកើង ១៥៖៥; ទំនុកដំកើង ១៦៖៨; ទំនុកដំកើង ២១៖៧; ទំនុកដំកើង ៦២៖២; ទំនុកដំកើង ១១២៖៦ និងហេព្រើរ ១២៖២៧។ តើរបស់អ្វីខ្លះដែលនៅរឹងមាំ ហើយមិនអាច បំផ្លាញបាននោះ?

--------------------------------------------------------

សព្វថ្ងៃនេះ ខគម្ពីរហេព្រើរ ១២៖២៧ បានធ្វើអ្នកអានគម្ពីរសម្រាយជាច្រើននាក់មានការយល់ ច្រឡំ។ គម្ពីរសម្រាយទាំងនេះបានចែងថា ព្រះនឹង «អង្រួន» ផ្ទៃមេឃ និងផែនដី។ ម្ល៉ោះហើយ មនុស្សជា ច្រើនបានគិតថា ផ្ទៃមេឃ និងផែនដីនឹងត្រូវសាបសូន្យជារៀងរហូត។ ប៉ុន្តែ ព្រះគម្ពីរបានបង្ហាញយើងថា ព្រះនឹងបង្កើតផ្ទៃមេឃ និងផែនដីថ្មីមួយ (អេសាយ ៦៥៖១៧; វិវរណៈ ២១៖១-៤)។ ដូច្នេះ ការ​ «អង្រួន» បានបង្ហាញយើងយ៉ាងច្បាស់ថា ព្រះនឹងសំអាតផែនដីអោយថ្មីឡើងវិញម្តងទៀត។ ព្រះនឹងមិនបំផ្លាញផែនដីទាំងស្រុងឡើយ។

តើរបស់អ្វីទៀតដែលនឹងមិនត្រូវបំផ្លាញចេញ? រាស្ត្ររបស់ព្រះនឹងមិនត្រូវបំផ្លាញចេញឡើយ (ថែស្សាឡូនីចទី១ ៤៖១៣-១៧​; ភីលីម៉ូន ៣៖២០)។ រាស្ត្ររបស់ព្រះនឹងមិនត្រូវបំផ្លាញឡើយ ដោយសារ តែពួកគេបានជឿទុកចិត្តទៅលើព្រះ។ ព្រះអាទិករបានរក្សាពួកគេអោយមានជីវិតរស់ នៅពេលដែលពួកគេបានឃើញទ្រង់យាងមកជាលើកទី២។

តើលោកអ្នកបានឃើញថា នៅក្នុងកណ្ឌគម្ពីរហេព្រើរ របស់ដែលស្ថិតស្ថេរជារៀងរហូតមានទំនាក់ទំនងជាមួយនឹងព្រះយេស៊ូវដែរឬទេ? លោកប៉ុលបានបង្ហាញយើងអំពីទំនាក់ទំនងនេះ នៅពេល ដែលលោកបានមានប្រសាសន៍ថា «ឱ​ព្រះអម្ចាស់​អើយ កាល​ដើម​ដំបូង ទ្រង់​បាន​បង្ក​ឫស​ផែនដី ហើយ ផ្ទៃ​មេឃ​ក៏​ជា​ការ​ដែល​ព្រះហស្ត​ទ្រង់​ធ្វើ​ដែរ ឯ​របស់​ទាំង​នោះ​នឹង​សាបសូន្យ​ទៅ តែ​ទ្រង់​នឹង​គង់​នៅ​ជាប់​ដដែល របស់​ទាំង​នោះ​នឹង​ចាស់​ទៅ ដូច​ជា​សំលៀកបំពាក់ ទ្រង់​នឹង​ឆ្មូល​ទៅ​ដូច​ជា​អាវ ហើយ​របស់​ទាំង​ នោះ​ក៏​នឹង​ប្រែ​ក្លាយ​ទៅ តែ​ទ្រង់​នៅ​តែ​ដដែល ព្រះជន្ម​ទ្រង់​មិន​ចេះ​ផុត​ឡើយ» (ហេព្រើរ ១៖១០-១២)។ កណ្ឌគម្ពីរហេព្រើរក៏បានចែងផងដែរថា «ព្រះរាជបុត្រា​នៃ​ព្រះ ក៏​នៅ​ជា​សង្ឃ​ជា​រៀង​រាប​ដរាប​ត​ទៅ» ហេព្រើរ ៧៖៣, ២៤)។ មនុស្សដែលព្រះយេស៊ូវបានសង្គ្រោះ នឹងបានទទួលរបស់ប្រសើរជាងមុន នៅស្ថានសួគ៌ ដែលនឹង «នៅ​ជាប់លាប់​ផង» (ហេព្រើរ ១០៖៣៤)។ នៅពេលដែលព្រះធ្វើកិច្ចការរបស់ទ្រង់ជាចៅក្រម នោះ រាស្ត្ររបស់ទ្រង់នឹងមិនត្រូវរង្គោះរង្គើ ឬត្រូវបំផ្លាញបង់ឡើយ (ទំនុកដំកើង ៤៦៖៥)។ ពួកគេនឹងរស់ នៅជារៀងរហូត ដោយសារតែព្រះយេស៊ូវបានសណ្ឋិតនៅក្នុងពួកគេ។

លោកប៉ុលក៏បានមានប្រសាសន៍ផងដែរថា «យើង​បាន​ទទួល​ព្រះ‌រាជ្យ (នគរ) ​មួយ​ដែល​មិន​ចេះ​កក្រើក​» (ហេព្រើរ ១២៖២៨, គខប)។ លោកដានីយ៉ែលក៏បានមានប្រសាសន៍អំពីនគរនេះផងដែរ (ដានីយ៉ែល ៧៖១៨)។ នគរនេះ «នឹង​ស្ថិតស្ថេរ​នៅ​អស់កល្ប​ជានិច្ច» (ដានីយ៉ែល ២៖៤៤)។ នគរនេះគឺជាកម្មសិទ្ធិរបស់ព្រះរាជបុត្រា។ ប៉ុន្តែ ព្រះយេស៊ូវដ៏ជាព្រះរាជបុត្រានឹងចែករំលែកនគររបស់ទ្រង់ជាមួយ នឹងយើងវិញ។

ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២

ចូរអោយយើងដឹងគុណដល់ព្រះ

តើយើងគួរតែអរព្រះគុណព្រះ សម្រាប់អំណោយដ៏អស្ចារ្យទាំងអស់របស់ទ្រង់ដោយរបៀបណា ដែរ? ចម្លើយនោះគឺថា យើងគួរតែថ្វាយបង្គំព្រះតាមរបៀបមួយដែលទ្រង់សព្វព្រះហឫទ័យ។

សូមប្រៀបធៀបខគម្ពីរហេព្រើរ ១២៖២៨ និងហេព្រើរ ១៣៖១៥, ១៦។ តើយើងអាចថ្វាយបង្គំព្រះតាមរបៀបមួយដែលទ្រង់សព្វព្រះហឫទ័យយ៉ាងដូចម្តេចទៅ?​

--------------------------------------------------------

ពួកអ៊ីស្រាអែលបានថ្វាយយញ្ញបូជាដល់ព្រះ ដើម្បីបង្ហាញទ្រង់អំពីការដឹងគុណ ឬការសូមអភ័យ ទោសរបស់ពួកគេ។ សត្វទាំងនេះគ្រាន់តែជារូបស័ព្ទប៉ុណ្ណោះ។ សត្វទាំងនេះបានបង្ហាញអារម្មណ៍នៅក្នុង ចិត្តរបស់ពួកអ្នកថ្វាយបង្គំ។ ព្រះមិនបានសព្វព្រះហឫទ័យចំពោះដង្វាយសត្វទាំងនេះនោះទេ។ ព្រះចង់ អោយរាស្ត្ររបស់ទ្រង់មានសប្បុរស បរិសុទ្ធ និងដឹងគុណទ្រង់។ ព្រះទ្រង់សព្វព្រះហឫទ័យចំពោះដង្វាយ ទាំងនេះ ពីព្រោះដង្វាយទាំងនេះបានបង្ហាញអំពីការថ្វាយបង្គំដ៏ពិតប្រាកដ។

ទន្ទឹមគ្នានេះ លោកប៉ុលបានអញ្ជើញយើងអោយថ្វាយបង្គំព្រះតាមរយៈការថ្វាយការសរសើរ តម្កើង និងការថ្លែងអំណរគុណដល់ទ្រង់។ ព្រះនឹងរីករាយជាខ្លាំង នៅពេលដែលយើងសារភាពអំពើបាប របស់យើង និងធ្វើល្អចំពោះអ្នកដទៃ។ ព្រះទ្រង់ស្រឡាញ់ដង្វាយ ទាំងនេះជាខ្លាំង។​ ជាការពិតណាស់ យើងមិនអាចថ្វាយដង្វាយរបស់យើងដល់ព្រះដោយផ្ទាល់បានឡើយ។ ប៉ុន្តែ ព្រះនៅស្ថានសួគ៌នឹងទទួល យកដង្វាយរបស់យើង។ នេះគឺជាមូលហេតុដែលលោកប៉ុលបានលើកទឹកចិត្តយើងអោយគិតអំពីព្រះ-យេស៊ូវ តាមរយៈសំបុត្ររបស់គាត់ទាំងមូល (ហេព្រើរ ៣៖១១; ហេព្រើរ ៤៖១៤; ហេព្រើរ ១០៖២៣)។ ពេលនោះ យើងនឹងអាចបន្តធ្វើកិច្ចការល្អៗសម្រាប់អ្នកដទៃតទៅទៀត (ហេព្រីរ ៦៖១០-១២; ហេព្រើរ ១៣៖១, ២, ១៦)។

ឥឡូវនេះ យើងអាចយល់បានកាន់តែច្បាស់ អំពីន័យរបស់លោកប៉ុល នៅពេលដែលគាត់បាន អញ្ជើញអ្នកអានរបស់គាត់អោយ «បំរើ​ព្រះ​បែប​ឲ្យ​ទ្រង់​សព្វ​ព្រះហឫទ័យ» ហេព្រើរ ១២៖២៨)។ ការអញ្ជើញ នេះក៏បានបង្ហាញពួកគ្រីស្ទានថា ឥឡូវនេះ ពួកគេគឺជាពួកសង្ឃដ៏បរិសុទ្ធមួយក្រុម។ ព្រះបានជ្រើសរើស សាសន៍អ៊ីស្រាអែលកាលពីមុនអោយធ្វើជាពួកសង្ឃនៃនគររបស់ទ្រង់។ ព្រះចង់អោយសាសន៍អ៊ីស្រាអែល ប្រកាសដំណឹងល្អដែលថា ព្រះយេស៊ូវបានរំដោះមនុស្សចេញពីអំពើបាប (និក្ខមនំ ១៩៖៤-៦; ពេត្រុសទី១ ២៖៩-១០; វិវរណៈ ១៖៦; វិវរណៈ ៥៖១០)។ ប៉ុន្តែ សាសន៍អ៊ីស្រាអែលមិនបានគោរពតាមព្រះឡើយ។ បន្ទាប់មក ព្រះយេស៊ូវបានយាងមក។ ព្រះយេស៊ូវបាន «ថ្វាយ​ព្រះ‌កាយ​របស់​ព្រះអង្គ​ម្ដង​ជា​សំរេច តាម​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ប្រោស​យើង​ឲ្យ​វិសុទ្ធ» (ហេព្រើរ ១០៖១០-១៤, ១៩-២៣, គខប)។ ឥឡូវនេះ ព្រះបានប្រទានអោយផែនការរបស់សាសន៍អ៊ីស្រាអែលដល់យើង។ ក្នុង នាមជាផ្នែកមួយនៃផែនការនេះ ព្រះបានសូមអោយយើងចែករំលែកអ្វីដែលមាន ព្រមទាំងធ្វើល្អចំពោះអ្នកដទៃផងដែរ។

ខគម្ពីរហេព្រើរ ១៣៖១-៦ ក៏បានបង្ហាញយើងអំពីកិច្ចការល្អៗដែលយើងគួរតែធ្វើផងដែរ។ យើងត្រូវតែស្រឡាញ់អ្នកដទៃ ទុកដូចជាពួកគេជាគ្រួសាររបស់យើងដូច្នោះដែរ។ ព្រះយេស៊ូវបានបង្ហាញ សេចក្តីស្រឡាញ់នេះដល់យើង (ហេព្រើរ ២៖១១, ១២)។ យើងត្រូវតែមានចិត្តសប្បុរស និងជួយយក អាសាអ្នកទៃ។ យើងត្រូវតែចុះសួរសុខទុក្ខដល់ពួកអ្នកត្រួសត្រាយផ្លូវ និងពួកអ្នកដែលកំពុងរងការឈឺ ចាប់ (ហេព្រើរ​១៣៖៣)។ យើងត្រូវតែងាកចេញពីអំពើបាបនៃការរួមភេទ។ ហើយយើងក៏មិនត្រូវលោភលន់ នោះដែរ។

ការសរសើរតម្កើងគឺជាផ្នែកមួយដ៏សំខាន់នៃការថ្វាយបង្គំ។ តើហេតុអ្វីបានជាទង្វើល្អ និងការ ចែករំលែកក៏ជាចំណែកមួយដ៏សំខាន់នៃការថ្វាយបង្គំរបស់យើងដែរនោះ?

ថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២

សិក្សាបន្ថែម

«១០០០ឆ្នាំនឹងកន្លងផុតទៅ បន្ទាប់ពីការយាងមកជាលើកទី២។ ក្នុងអំឡុងពេលនេះ ព្រះ និងរាស្ត្ររបស់ទ្រង់នឹងជំនុំជំរះមនុស្សអាក្រក់ដែលបន្តស្លាប់នៅក្នុងផ្នូររបស់ពួកគេ។ លោកប៉ុលបាន ប្រាប់យើងអំពីពេលវេលានេះយ៉ាងដូច្នេះថា៖ ‘កុំ​ឲ្យ​ចោទ​ប្រកាន់​ទោស​គ្នា​មុន​កំណត់​ឡើយ លុះ​ត្រា​តែ​ព្រះអម្ចាស់​ទ្រង់​យាង​មក ដែល​ទ្រង់​នឹង​យក​អស់​ទាំង​អំពើ​លាក់​កំបាំង ដែល​ធ្វើ​នៅ​ទី​ងងឹត មក​ដាក់​នៅ​ទី​ ភ្លឺ​វិញ ហើយ​និង​បើក​សំដែង ឲ្យ​ឃើញ​អស់​ទាំង​គំនិត ក្នុង​ចិត្ត​របស់​មនុស្ស​ផង នោះ​គ្រប់​គ្នា​នឹង​បាន​សេចក្តី សរសើរ​ពី​ព្រះ​រៀង​ខ្លួន’ (កូរិនថូសទី១ ៤៖៥)។ លោកដានីយ៉ែលក៏បានមានប្រសាសន៍អំពីពេលវេលានេះដូច្នេះដែរថា៖ ‘ការ​វិនិច្ឆ័យ​បាន​ប្រគល់​ដល់​ពួក​បរិសុទ្ធ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត’ (ដានីយ៉ែល ៧៖២២)។ ទន្ទឹមគ្នានេះ រាស្ត្របរិសុទ្ធរបស់ព្រះនឹងគោរពបម្រើព្រះក្នុងនាមជាពួកបុត្រាបុត្រី និងពួកសង្ឃរបស់ទ្រង់។ លោកយ៉ូហានបានមានប្រសាសន៍ថា៖ ‘ខ្ញុំ​ក៏​ឃើញ​បល្ល័ង្ក​ជា​ច្រើន និង​ពួក​អ្នក​ដែល​អង្គុយ​លើ ហើយ​មាន អំណាច​បាន​ប្រគល់ ដល់​អ្នក​ទាំង​នោះ ឲ្យ​ជំនុំជំរះ’ (វិវរណៈ ២០៖៤)។ ‘អ្នក​ទាំង​នោះ​នឹង​ធ្វើ​ជា​ពួក​សង្ឃ នៃ​ព្រះ និង​ព្រះគ្រីស្ទ ហើយ​និង​សោយ​រាជ្យ​ជា​មួយ​នឹង​ទ្រង់​អស់​១​ពាន់​ឆ្នាំ’ (វិវរណៈ ២០៖៦)។ ទន្ទឹមគ្នានេះ លោកប៉ុលបានបង្ហាញយើងថា ‘ពួក​បរិសុទ្ធ​នឹង​ជំនុំជំរះ​លោកីយ៍’ នេះ (កូរិនថូសទី១ ៦៖២)។ រាស្ត្ររបស់ ព្រះនឹងជំនុំជំរះ មនុស្សអាក្រក់ទាំងអស់ជាមួយនឹងព្រះយេស៊ូវ។ រាស្ត្ររបស់ព្រះនឹងប្រៀបផ្ទឹមទង្វើដែល មនុស្សអាក្រក់បានធ្វើទាស់នឹងព្រះគម្ពីរ។ បន្ទាប់មក រាស្ត្ររបស់ព្រះនឹងធ្វើការសម្រេចចិត្តចុងក្រោយ មួយ។ ពួកគេនឹងសម្រេចថា មនុស្សអាក្រក់ម្នាក់ៗគួរតែទទួលរងការឈឺចាប់ជំនួសអំពើបាបរបស់គេ ប៉ុនណាដែរ។ ការសម្រចចិត្តចុងក្រោយនឹងត្រូវបានសរសេរបន្ទាប់ពីឈ្មោះនីមួយៗនៅក្នុងបញ្ជីនៃសេចក្តី ស្លាប់»។

«ព្រះយេស៊ូវ និងរាស្ត្ររបស់ទ្រង់នឹងជំនុំជំរះសាតាំង និងពួកទេវតារបស់វាផងដែរ។ លោកប៉ុល បានមានប្រសាសន៍ថា៖ ‘តើ​មិន​ដឹង​ថា យើង​រាល់​គ្នា​នឹង​ជំនុំជំរះ ដល់​ទាំង​ពួក​ទេវតា​ផង​ទេ​ឬ​អី’ (កូរិនថូស ទី១ ៦៖៣)។ កណ្ឌគម្ពីរយូដាសបានប្រកាសថា៖ ‘ទោះ​ទាំង​ពួក​ទេវតា​ដែល​មិន​បាន​រក្សា​សណ្ឋាន​ដើម​របស់​ខ្លួន គឺ​ជា​ទេវតា​ដែល​បោះ​បង់​ចោល​ទី​លំនៅ​ចេញ នោះ​ទ្រង់​បាន​ឃុំ​ក្នុង​សេចក្តី​ងងឹត ទាំង​ជាប់​ចំណង​ អស់​កល្ប​ជានិច្ច ទុក​សំរាប់​នឹង​ជំនុំជំរះ​នៅ​ថ្ងៃ​ដ៏​ធំ​នោះ’ (យូដាស ១៖៦)»។ ដកស្រង់ពី Ellen G. White, The Great Controversy, pages 660, 661, adapted។

សំនួរពិភាក្សា៖
  1. រាស្ត្ររបស់ព្រះនឹងជំនុំជំរះមនុស្សអាក្រក់ (កូរិនថូសទី១ ៦៖៣; យូដាស ១៖៦)។ តើសេចក្តីពិតនៃព្រះគម្ពីរនេះបានបង្ហាញប្រាប់យើងយ៉ាងដូចម្តេច អំពីព្រះ និងភាពស្មោះត្រង់ដែលទ្រង់មានជាមួយនឹងយើងនោះ? តើកិច្ចការនេះបង្ហាញយើងយ៉ាងដូចម្តេច អំពីភាពសប្បុរស និងភាពយុត្តិធម៌ដែលព្រះមានចំពោះមនុស្សដែលបានបដិសេធសេចក្តីមេត្តារបស់ទ្រង់នោះ?

  2. សូមអានខគម្ពីរនិក្ខមនំ ៣២៖៣២; ទំនុកដំកើង ៥៦៖៨; ទំនុកដំកើង ៦៩៖២៨; ទំនុកដំកើង ១៣៩៖១៦; អេសាយ ៤៖៣; ដានីយ៉ែល ១២៖១; មីកា ៣៖១៦; លូកា ១០៖២០: វិវរណៈ ១៣៖៨ និងវិវរណៈ ១៧៖៨។ ខទាំងនេះបានចែងអំពីបញ្ជីរបស់ព្រះនៅស្ថានសួគ៌។ តើបញ្ជីទាំងនេះកត់ត្រាអំពីអ្វីដែរ? តើហេតុអ្វីបានជាព្រះចាំបាច់រក្សាកំណត់ត្រានៃទឹកភ្នែករបស់យើងធ្វើអ្វី (ទំនុកដំកើង ៥៦៖៨)? ព្រះទ្រង់ ជ្រាបអំពីអ្វីៗគ្រប់យ៉ាង មែនទេ? បើដូច្នេះមែន តើហេតុអ្វីបានជាព្រះត្រូវការរក្សាបញ្ជីទាំងនោះ?

រឿងខ្លី

សុខភាពដ៏ល្អឥតខ្ចោះ

នាងណយគឺជាស្ត្រីអ្នកមានម្នាក់ដែលបានមើលការខុសត្រូវលើកម្មករជាង១០០នាក់នៅក្នុងចំការកាហ្វេគ្រួសាររបស់នាងក្នុងប្រទេសឡាវ។ ប៉ុន្តែ ក្រោយមក នាងបានធ្លាក់ខ្លួនឈឺដ៏ចម្លែកមួយនៅ ក្នុងភូមិរបស់នាង។

គ្រូពេទ្យរបស់នាងមិនអាចសន្និដ្ឋានថា ជំងឺនោះគឺជាជំងឺអ្វីឡើយ។ នាងណយបានទៅជួប គ្រូពេទ្យខាងផ្នែកឱសថទូទាំងប្រទេសឡាវខាងត្បូង ប៉ុន្តែ គ្មានអ្នកណាម្នាក់អាចជួយនាងបានឡើយ។ សុខភាពនាងកាន់តែយ៉ាប់ទៅៗ រហូតដល់នាងមិនអាចដើរបានដល់ថ្នាក់គេដាក់នាងចោលនៅលើគ្រែ តែម្តង។ លើសពីនេះទៅទៀត នាងស្ទើរតែបាត់បង់ស្មារតីរបស់នាងទៅហើយ។ ជាច្រើនលើកច្រើនសា នាងមិនអាចចងចាំសមាជិកនៅក្នុងគ្រួសាររបស់នាងបានឡើយ។ កម្មកររបស់នាងទាំងអស់បានឈប់ ធ្វើការ ដោយសារតែនាងមិនបានបើកប្រាក់ខែអោយពួកគេ។ ពួកអ្នកភូមិបានប្រាប់នាង និងប្តីរបស់នាងថា នាងមិនរស់ទេ​មើលទៅ។

នៅត្រង់ចំណុចដ៏អស់សង្ឃឹមបំផុតនៅក្នុងជីវិតរបស់នាងនេះ ស្រាប់តែមានអ្នកសួរសុខទុក្ខម្នាក់ មកពីទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ អ្នកសួរសុខទុក្ខម្នាក់នេះក៏មិនមែនជាគ្រីស្ទានដូចជានាងណយដែរ ប៉ុន្តែ កូនប្រុស និងកូនប្រសាររបស់នាងគឺជាសេវេនដេយអាត់វេនទីស្ទ។ គាត់បានប្រាប់នាងណយអំពី ព្រះយេស៊ូវ។ គាត់បាននិយាយថា «ព្រះយេស៊ូវប្រហែលជាអាចសង្គ្រោះជីវិតឯងបាន»។ ដោយមានជំនួយ ពីប្តីរបស់នាង ទើបនាងរកឃើញលេខទូរស័ព្ទរបស់គ្រូគង្វាលអាត់វេនទីស្ទម្នាក់នៅភាគខាងត្បូង រួចទូរស័ព្ទ ទៅគាត់សូមជំនួយ។

គ្រូគង្វាលបានធ្វើដំណើរទៅកាន់ភូមិរបស់នាង ហើយអធិស្ឋានជាមួយនឹងនាង។ នាងណយ ត្រូវបានលើកទឹកចិត្តតាមរយៈការអធិស្ឋាន រួចនាងបានសម្រេចចិត្តផ្លាស់ទៅវៀងចន្ទន៍មួយរយៈ។ នាង ចង់ស្គាល់ពួកជំនុំអាត់វេនទីស្ទ និងសំណេះសំណាលជាមួយនឹងពួកគេ។

នៅពេលដែលនាងទៅដល់វៀងចន្ទន៍ នាងមិនអាចក្រោកចេញពីគ្រែបានឡើយ ប៉ុន្តែ នាងបាន ព្យាយាមផ្ចង់ស្មារតី។ សមាជិកព្រះវិហារបានជួបសំណេះសំណាល និងអធិស្ឋានអោយនាងជាប្រចាំ។ សុខភាពរបស់នាងបានប្រសើរឡើងបន្តិចម្តងៗ។ នាងបានចាប់ផ្តើមក្រោកអង្គុយ ឈរ និងដើរបាន។

៥ខែក្រោយមក បន្ទាប់ពីការធ្លាក់ខ្លួនឈឺរួចមក នាងបានត្រឡប់ទៅភូមិកំណើតរបស់នាងវិញ ដោយមានសុខភាពដ៏ល្អឥតខ្ចោះ។ អ្នកភូមិមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះអ្វីដែលពួកគេបានឃើញ។ ពួកគេបានគិតថា នាងស្លាប់បាត់ទៅហើយ ផ្ទុយទៅវិញ នាងនៅមានជីវិតរស់​ ហើយបានជាសះស្បើយ ទាំងស្រុង។ ពួកគេបានសួរនាងទាំងភ្ញាក់ផ្អើលអំពីអ្វីដែលបានកើតឡើង។ នាងបានឆ្លើយថា «ព្រះយេស៊ូវ បានសង្គ្រោះខ្ញុំពីស្លាប់ឡើងវិញ»។ ឥឡូវនេះ អ្នកភូមិជាច្រើននាក់បានចាប់អារម្មណ៍ចង់ដឹងបន្ថែមទៀត អំពីព្រះយេស៊ូវជាគ្រូពេទ្យដ៏មានអំណាចមួយរូបដែលអាចព្យាបាលមនុស្សទាំងអស់ដែលបានសូមដល់ទ្រង់។

អំណានដង្វាយប្រចាំសប្តាហ៍

អ្នកបើកបរដ៏មើលមិនឃើញ

យើងរាល់គ្នាថ្វាយបង្គំព្រះដោយអមជាមួយនូវធនធានរបស់យើងដោយសារទ្រង់គឹជាព្រះដ៏រំដោះពិតប្រាកដរបស់យើង។ ចាប់តាំងពីការតែងតាំងដល់ដាវីឌនៅពេលដែលលោកមានវ័យ១៥​ឆ្នាំ​រហូត​ដល់វ័យចំណាស់ ស្តេចដាវីឌមានដំណើររឿងយ៉ាងវែងឆ្ងាយដែលត្រូវឆ្លងកាត់គ្រោះថ្នាក់យ៉ាងច្រើនដូចជា៖ លោកបានជួបតោ និងខ្លាឃ្មុំជាច្រើន យក្សកូលីយ៉ាត ស្តេចសូលដែលមានព្រះទ័យច្រណែន និងអាប់សាឡំមដែលជាបុត្រដ៏មានមហិច្ឆតា។ ដើម្បីរក្សានូវសុវត្ថិភាពដល់រូបលោក ដាវីឌបានកែ​ប្រែសភាពការណ៍អាក្រក់ឲ្យទៅជាការសរសើរតម្កើង ដោយបានថ្វាយបង្គំព្រះដែលប្រៀបដូចជាថ្មដា ជា​បន្ទាយ និងជាព្រះដ៏រំដោះ។

គ្រួសារបេសកជនមួយគ្រួនៅលើប្រទេសដែនកោះម៉ាដាហ្គាស្ការក៏ធ្លាប់ឆ្លងកាត់បទពិសោធន៍នៃការការពាររបស់ព្រះជាម្ចាស់ផងដែរ។ នៅព្រឹកព្រហាមនាថ្ងៃមួយ គ្រួសារដែលមានគ្នាបីនាក់ដែលមានទាំងទារកវ័យ៩ខែម្នាក់ ព្រមជាមួយនឹងមិត្តខ្លះ បានធ្វើដំណើរនៅតាមផ្លូវដែលមានរយៈពេល១២​ម៉ោង។ នៅពាក់កណ្តាលថ្ងៃ បន្ទាប់ពីបរិភោគអាហារថ្ងៃត្រង់រួច ពួកគេក៏បានបន្តទៅមុខទៀតភ្លាមដើម្បីកុំឲ្យខកការប្រជុំរបស់ពួកគេ។ ការធ្វើដំណើរទៅទិសខាងលិចត្រូវរងនឹងការចាំងថ្ងៃដោយសារ​ព្រះអាទិត្យត្រូវលិចនៅចំខាងមុខពួកគេ។ ការសន្ទនាចាប់ផ្តើមស្ងប់ស្ងាត់ ហើយទីបំផុតសំឡេងស្រមុកក៏លាន់ឮឡើងពីកៅអីខាងមុខ។ អ្នកបើកបរចាប់ផ្តើមមានអារម្មណ៍ថាងុយគេង។ គាត់បានគេងលក់​ជាច្រើនដង ប៉ុន្តែគាត់តាំងចិត្តថាត្រូវតែទៅឲ្យដល់ទីដៅឲ្យបានទាន់ពេល។ គាត់ក៏បានបង្កើនល្បឿន​បន្តិច។ បន្ទាប់ពីនោះបន្តិច ស្រាប់តែឡានលែងទៅមុខទៀតហើយ។ មានមែកឈើបុកប៉ះនឹងផ្លិត​បក់​កញ្ចក់។ ឡានក៏រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែអ្នកដំណើរទាំងអស់រងរបួសស្រាលបន្តិចបន្តួចប៉ុណ្ណោះ។ ទារកបានធ្លាក់ចេញពីកន្ទេលរបស់ខ្លួនដែលឪពុកម្តាយបានទិញកាលពីម្សិលមិញ។ ឆ្ងាយពីកន្លែង​ដែល​ឡានឈប់បួនដប់ម៉ែត្រមានក្មេងៗកំពុងទាត់បាល់។ ពួកគេមានការតក់ស្លុតយ៉ាងខ្លាំង ប៉ុន្តែគ្មាននរណា​រងរបួសទេ។ ក្រោយមក គ្រប់គ្នាដឹងថាយាននោះបានបើកកាត់ដើមឈើពីរដើមបានយ៉ាងរលូន។ មានស្នាមភ្លោះនៅសងខាងផ្លូវ លើកលែងតែកន្លែងដែលឡានឈប់តែប៉ុណ្ណោះដែលមានដីគោកសម្រាប់ចត។ ប្រសិនបើគ្មានអ្នកបើរបរដ៏មើលមិនឃើញវិញលទ្ធផលចេញមកមិនដឹងជាយ៉ាងណាទេ។

ព្រះ​​របស់ស្តេចដាវីឌ និងរបស់គ្រួសារបេសកជនទ្រង់នៅតែមានសកម្មភាពសព្វថ្ងៃនេះែដរ។ តើលោកអ្នកគិតថា «ព្រះដ៏ជួយរំដោះ» ស័ក្តិសមនឹងទទួលការថ្វាយបង្គំទាំងស្រុងដែរឬទេ? សប្តាហ៍នេះ ចូរយើងថ្វាយបង្គំព្រះដ៏ជួយរំដោះដ៏ធំតាមរយៈការថ្វាយដង្វាយ១០ហូត១ និងដង្វាយសទ្ធាជាទៀងទាត់របស់យើងរាល់គ្នាចុះ។

សេចក្តីអំពាវនាវ៖ «ព្រះយេហូវ៉ា​ទ្រង់​ជា​ថ្មដា ជា​បន្ទាយ ហើយ​ជា​អ្នក​ជួយ​សង្គ្រោះ​របស់​ទូលបង្គំ គឺ​ជា​ព្រះ​នៃ​ទូលបង្គំ ជា​ថ្មដា​ដែល​ទូលបង្គំ​យក​ជា​ទី​ពឹង ក៏​ជា​ខែល ជា​ស្នែង​នៃ​សេចក្តី​សង្គ្រោះ​របស់​ទូលបង្គំ ហើយ​ជា​ប៉ម​យ៉ាង​ខ្ពស់​ផង» (ទំនុកតម្កើង ១៨៖២)។

សេចក្តីអធិដ្ឋាន៖
ព្រះអម្ចាស់អើយ ទូលបង្គំយើងខ្ញសូរអរព្រះគុណសម្រាប់ការការពារ និងការជួយ រំដោះរបស់ព្រះអង្គ។ សូមទទួលយកនូវការសរសើរតម្កើងខណៈដែលយើងតម្កើងព្រះអង្គតាមរយៈការថ្វាយធនធានរបស់យើងរាល់គ្នាផងចុះ។ សូមអធិដ្ឋានថ្វាយដង្វាយទាំងនេះក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។ ​

Powered by CAM