មេរៀនទី១២​៖ ១១-១៧ មិថុនា ២០២២

លោកយ៉ូសែបដែលជាព្រះអម្ចាស់នៃស្រុកអេស៊ីព្ទ

Jeans
ថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០២២
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ លោកុប្បត្តិ ៤១៖៣៧-៥៧; លោកុប្បត្តិ ៤២; រ៉ូម ៥៖៨; លោកុប្បត្តិ ៤៣; លោកុប្បត្តិ ៤៤; លោកុប្បត្តិ៤៥។

ខចងចាំ៖ « រួច​ផារ៉ោន​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​យ៉ូសែប​ថា នែយើង​តាំង​ឯង​ឲ្យ​ត្រួតត្រា​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល​ហើយ» (លោកុប្បត្តិ ៤១៖៤១)។

ឥឡូវនេះ លោកយ៉ូសែបគឺជាមេដឹកនាំស្រុកអេស៊ីព្ទ។ មិនយូរប៉ុន្មានពួកបងៗរបស់គាត់នឹងក្រាបថ្វាយបង្គំគាត់។ ពួកគេនឹងមិនដឹងថា បុគ្គលដែលពួកគេបានក្រាបថ្វាយបង្គំនោះ គឺជាលោក យ៉ូសែបនោះទេ (លោកុប្បត្តិ ៤២)។ ពួកបងៗរបស់លោកយ៉ូសែបនឹងលះបង់អំនួតចេញពីចិត្តរបស់ពួកគេនៅពេលដែលលោកយ៉ូសែបបានបង្ខំអោយពួកគេនាំលោកបេនយ៉ាមីនមកកាន់ស្រុកអេស៊ីព្ទ (លោកុប្បត្តិ ៤៣)។ បន្ទាប់មក ពួកបងៗនឹងទូលសូមសេចក្តីមេត្តាចំពោះលោកបេនយ៉ាមីនពីមេដឹកនាំសាសន៍អេស៊ីព្ទដ៏មានអំណាចម្នាក់នេះ នៅពេលដែលពួកគេមានអារម្មណ៍ថា ពួកគេកំពុងតែស្ថិតនៅក្នុងគ្រោះថ្នាក់។ នៅចុងបញ្ចប់ លោកយ៉ូសែបនឹងប្រាប់ពួកគេថា គាត់គឺជាប្អូនប្រុសរបស់ពួកគេ។ ពេលនោះ ពួកបងៗនឹងបានយល់ថា ព្រះបានបណ្តោយអោយពួកគេប្រព្រឹត្តអំពើអាក្រក់ ដើម្បីអោយទ្រង់អាចប្រទានពរដល់ពួកគេទាំងអស់គ្នានៅពេលក្រោយ។

យើងអាចរៀនចំណុចជាច្រើនចេញពីរឿងនេះ ប៉ុន្តែ មិនត្រឹមតែលោកយ៉ូសែបនោះឡើយ។ យើងក៏អាចរៀនចំណុចជាច្រើនអំពីពួកបងៗរបស់គាត់ផងដែរ។ ពួកបងៗបានធ្វើដំណើរទៅមករវាង លោកយ៉ូសែប ហើយនិងឪពុករបស់ពួកគេ រួមទាំងការសាកល្បងពិបាកៗជាច្រើនផងដែរ។ ដំណើរ និងការសាកល្បងទាំងនេះបានជួយអោយពួកបងៗនឹកចាំអំពីទង្វើអាក្រក់របស់ពួកគេចំពោះលោក យ៉ូសែប ហើយនិងឪពុករបស់ពួកគេ។ ពួកបងៗក៏បានឃើញទំហំនៃអំពើបាបដែលពួកគេបានធ្វើទាស់នឹងព្រះផងដែរ។ ពួកគេបានយល់ថា ព្រះកំពុងតែជំនុំជម្រះពួកគេហើយ។ នៅចុងបញ្ចប់ លោកយ៉ូសែបបានអត់ឱនទោសអោយពួកបងៗរបស់គាត់។ ពួកគេទាំងអស់គ្នាបានយំ និងមានអំណរជាខ្លាំង។ រឿងដ៏ជក់ចិត្តនេះក៏បានពាល់ចិត្តរបស់យើងជាមួយនឹងសារនៃសេចក្តីអត់ឱនទោសរបស់វាផងដែរ។ លោក យ៉ូសែបបានអត់ឱនទោសអោយពួកបងៗរបស់គាត់ចំពោះអ្វីៗគ្រប់យ៉ាងដែលពួកគេបានធ្វើមកលើគាត់។

ថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០២២

ភាពជោគជ័យរបស់លោកយ៉ូសែប

លោកយ៉ូសែបបានឃើញថា សុបិននិម្មិតរបស់លោកផារ៉ោនដែលជាស្តេចនៃស្រុកអេស៊ីព្ទបានបង្ហាញអំពីអ្វីដែលព្រះ «រៀប​នឹង​ធ្វើ» (លោកុប្បត្តិ ៤១៖២៨)។ លោកយ៉ូសែបបានចាប់ផ្តើមអនុវត្តភ្លាម។ គាត់បានចែករំលែកអំពីផែនការនៃការអនុវត្តដ៏ឈ្លាសវៃមួយជាមួយនឹងស្តេច។ គាត់បានប្រាប់ស្តេចផារ៉ោនអំពីអ្វីដែលគាត់ត្រូវធ្វើ ដើម្បីសង្គ្រោះរាស្ត្ររបស់គាត់។

តើព្រះមានចំណែកអ្វីនៅក្នុងភាពជោគជ័យរបស់លោកយ៉ូសែប? សូមអានខគម្ពីរលោកុប្បត្តិ ៤១៖៣៧-៥៧ សម្រាប់ចម្លើយ។

--------------------------------------------------------

ស្តេចផារ៉ោនបានសូមអោយលោកយ៉ូសែបដោះស្រាយបញ្ហាអំណត់នេះ។ តើហេតុអ្វីបានជាស្តេចសម្រេចយ៉ាងដូច្នេះ? នោះគឺដោយសារតែលោកយ៉ូសែបបានផ្តល់ដំបូន្មានដ៏ល្អមួយសម្រាប់ទ្រង់។ ព្រះគម្ពីរបានបង្ហាញប្រាប់យើងថា ស្តេចផារ៉ោនបានសព្វព្រះហឫទ័យ «នឹងពាក្យរបស់លោកយ៉ូសែប» (លោកុប្បត្តិ ៤១៖៣៧, គខប)។ ពួកមហាតលិករបស់ស្តេចផារ៉ោនក៏មានអារម្មណ៍យ៉ាងដូច្នោះដែរ។ ស្តេចផារ៉ោនបានទតឃើញ «ព្រះវិញ្ញាណរបស់ព្រះ» សណ្ឋិតនឹងលោកយ៉ូសែប (លោកុប្បត្តិ ៤១៖៣៨)។ លោកយ៉ូសែបស័ក្តិសមនឹងធ្វើកិច្ចការនេះជាទីបំផុត ដោយសារតែគាត់មានដំរិះ និងមានប្រាជ្ញាឈ្លាសវៃ (លោកុប្បត្តិ ៤១៖៣៩)។ ជាការពិតណាស់ យើងបានឃើញថា ព្រះបានប្រទានព្រះប្រាជ្ញាញ្ញាណរបស់ ទ្រង់ដល់លោកយ៉ូសែប (សូមអានខគម្ពីរលោកុប្បត្តិ ៤១៖៣៣; សូមប្រៀបធៀបជាមួយនឹងខគម្ពីរពង្សាវតារក្សត្រីទី១ ៣៖១២)។

ដូច្នេះ ស្តេចផារ៉ោនបានតែងតាំងលោកយ៉ូសែបអោយធ្វើជាមេដឹកនាំនៃស្រុកអេស៊ីព្ទ។ នៅពេលដែលយើងក្រឡេកមើលប្រវត្តិសាស្ត្រនៃសាសន៍អេស៊ីព្ទនៅពេលនោះ យើងក៏បានឃើញដែរថា​ ពួកស្តេចផារ៉ោនបានជ្រើសរើសពួកសាសន៍ដទៃអោយធ្វើជាមេដឹកនាំនៅក្នុងស្រុកអេស៊ីព្ទផងដែរ។ ៧ឆ្នាំក្រោយគឺជាពេលវេលាដ៏សម្បូរបែប។ លោកយ៉ូសែបបានប្រមូលស្រូវយ៉ាងសន្ធឹករហូតដល់មិនអាចបាន (លោកុប្បត្តិ ៤១៖៤៩)។ ទីសំគាល់នេះបានបង្ហាញយើងថា ព្រះបានធ្វើការអស្ចារ្យមួយនៅក្នុងស្រុកអេស៊ីព្ទ។ ជាការពិតណាស់ យើងចាត់ទុកពេលវេលានៃភាពសម្បូរហូរហៀរនេះថា ជាព្រះពរមកពីព្រះបាន (លោកុប្បត្តិ ៤១៖៤៧-៤៩)។ ព្រះក៏បានប្រទានពរផ្ទាល់ខ្លួនដល់លោកយ៉ូសែបនៅពេលនេះផងដែរ។ លោកយ៉ូសែបមានកូនប្រុស២នាក់គឺ៖ លោកម៉ាន៉ាសេ និងលោកអេប្រាអិម។ ឈ្មោះដែលលោក យ៉ូសែបបានដាក់អោយកូនប្រុសរបស់គាត់នោះបានបង្ហាញយើងអំពីបទពិសោធន៍ដែលលោកយ៉ូសែបមានជាមួយនឹងព្រះ។ ព្រះបានផ្លាស់ប្តូរការឈឺចាប់របស់លោកយ៉ូសែបអោយទៅជាសេចក្តីអំណរវិញ ដូចដែលឈ្មោះនៃកូនប្រុសរបស់គាត់យ៉ាងដូច្នោះដែរ។ ឈ្មោះអេប្រាអិមបានបង្ហាញយើងថា ព្រះបានកែប្រែភាពឈឺចាប់របស់លោកយ៉ូសែបអោយទៅជាភាពជោគជ័យវិញ។ ឈ្មោះទាំងនេះគឺជាគំរូដ៏អស្ចារ្យ មួយនៃអំណាចរបស់ព្រះ។​ ឈ្មោះទាំងនេះបានបង្ហាញយើងថា ព្រះបានកែប្រែរឿងអាក្រក់អោយទៅជារឿងល្អវិញ។

តើជីវិតរបស់យើងអាចបង្ហាញអ្នកដទៃអំពីព្រះដោយរបៀបណាខ្លះ?

ថ្ងៃច័ន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២

លោកយ៉ូសែបបានជួបពួកបងៗរបស់គាត់មុខទល់នឹងមុខ

សូមអានរឿងនៅក្នុងបទគម្ពីរលោកុប្បត្តិ៤២។ តើមានអ្វីកើតឡើងនៅក្នុងរឿងនេះ? តើរឿងនេះបានបង្ហាញយើងថា ព្រះគឺជាអ្នកគ្រប់គ្រងអ្វីៗដែលបានកើតឡើងនោះដោយរបៀបណា?

--------------------------------------------------------

នោះមានអំណត់ពេញនៅលើផែនដី។ អំណត់បានធ្វើអោយលោកយ៉ាកុបបញ្ជូនពួកកូនប្រុស របស់គាត់ទៅឯស្រុកអេស៊ីព្ទ ដើម្បីទិញស្រូវ (លោកុប្បត្តិ ៤២៖១)។ នៅពេលនោះ លោកយ៉ាកុបមិនបាន ដឹងការពិតនៅឡើយទេ ប៉ុន្តែ មិនយូរប៉ុន្មាន គាត់នឹងបានឃើញកូនប្រុសដែលគាត់ធ្លាប់តែគិតថា បានស្លាប់ទៅហើយនោះ។

សុបិនដែលលោកយ៉ូសែបបានយល់សប្តិជាយូរណាស់មកហើយ ឥឡូវនេះបានចាប់ផ្តើមហើយ។ (លោកុប្បត្តិ ៣៧៖៧)។ លោកយ៉ូសែបគឺជាមេត្រួតត្រានៃស្រុកអេស៊ីព្ទ (លោកុប្បត្តិ ៤២៖៦)។ គេបានហៅគាត់ថាជា «ចៅហ្វាយនៃស្រុកនោះ» (លោកុប្បត្តិ ៤២៖៣០, ៣៣)។ លោកយ៉ូសែបមានអំណាចជាទីបំផុត។ រីឯពួកបងៗរបស់គាត់វិញខ្វះខាតជាទីបំផុត។​​ ពួកគេបានក្រាបថ្វាយបង្គំផ្កាប់មុខដល់​ដីនៅចំពោះលោកយ៉ូសែប (លោកុប្បត្តិ ៤២៖៦) ពួកបងៗទាំង១០នាក់ដដែលនេះហើយដែលបានសើច ចំអកដល់លោកយ៉ូសែប និងសុបិនរបស់គាត់។ ពួកគេមិនជឿថា ពួកគេនឹងក្រាបថ្វាយបង្គំ លោកយ៉ូសែបនោះឡើយ (លោកុប្បត្តិ ៣៧៖៨)។

តើលោកអ្នកបានឃើញពាក្យថា «គេ​និយាយ​គ្នា» (លោកុប្បត្តិ ៤២៖២១) ដែរឬទេ? យើងបានឃើញពាក្យដដែលនេះនៅក្នុងរឿងអំពីផែនការដ៏អាក្រក់ដែលពួកបងៗបានរៀបចំទាស់នឹងលោកយ៉ូសែប ជាយូរណាស់មកហើយ (លោកុប្បត្តិ ៣៧៖១៩)។ ដូច្នេះ រឿងទាំងពីរនេះបានផ្សាភ្ជាប់គ្នាដោយពាក្យទាំងនេះ។ ទំនាក់ទំនងនេះបានបង្ហាញយើងថា ឥឡូវនេះ ព្រះនឹងបណ្តោយអោយពួកបងៗទទួលរងនូវអ្វីដែលពួកគេបានធ្វើចំពោះលោកយ៉ូសែបកាលពីមុនមក។ ពួកបងៗបានស្នាក់នៅក្នុងគុកអស់មួយរយៈពេលខ្លី (លោកុប្បត្តិ ៤០៖៣, ៤)។ លោកយ៉ូសែបក៏បានចំណាយពេលនៅក្នុងគុកនោះផងដែរ (លោកុប្បត្តិ ៤០៖៣)។ ពួកបងៗបានជឿថា ពួកគេត្រូវគេចាប់ដាក់គុក ដោយសារតែអ្វីដែលពួកគេបានធ្វើចំពោះលោកយ៉ូសែបកាលពីមុនមក។ «រួច​គេ​និយាយ​គ្នា​គេ​ថា ‘ប្រាកដ​ជា​យើង​មាន​ទោស​ដោយ​ព្រោះ​ប្អូន​យើង​ហើយ ពី​ព្រោះ​យើង​បាន​ឃើញ​សេចក្តី​ទុក្ខ​ព្រួយ​ក្នុង​ចិត្ត​វា ក្នុង​កាល​ដែល​វា​អង្វរ​ដល់​យើង​នោះ តែ​យើង​មិន​បាន​ស្តាប់​តាម​វា​សោះ គឺ​ដោយ​ហេតុ​នោះ​ឯងបាន​ជា​សេចក្តី​ទុក្ខ​ព្រួយ​នេះ​បាន​ធ្លាក់​មក​លើ​យើង​រាល់​គ្នា​វិញ’» (លោកុប្បត្តិ ៤២៖២២)។

ពាក្យទាំងនេះបានជួយអោយយើងនឹកចាំអំពីការដាស់តឿនដែលលោករូបេនបានប្រាប់ដល់ពួកប្អូនៗរបស់គាត់អំពីលោកយ៉ូសែបកាលពីមុនយ៉ាងដូច្នេះ៖ «កុំ​បង្ហូរ​ឈាម​វា​ធ្វើ​អ្វី» (លោកុប្បត្តិ ៣៧៖២២, គខប)។ ដូច្នេះ រឿងដែលបានកើតឡើងដល់ពួកបងៗនៅក្នុងពេលនេះ គឺដោយសារតែទង្វើដែលពួកគេបានធ្ចើកាលពីមុនមក។

ពួកយើងភាគច្រើនបានសាងកំហុសកាលពីមុនមកដែលបណ្តាលអោយយើងមានអារម្មណ៍ វិប្បដិសារីហូតដល់ពេលនេះ។ តើយើងអាចធ្វើអ្វីបានខ្លះ ដើម្បីអោយរឿងវិប្បដិសារីទាំងនោះបានប្រសើរឡើង?

ថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២

លោកយ៉ូសែប និងលោកបេនយ៉ាមីន

លោកយ៉ាកុបកំពុងតែសម្រេចចិត្តអនុញ្ញាតអោយពួកកូនៗយកលោកបេនយ៉ាមីនត្រឡប់ ទៅស្រុកអេស៊ីព្ទវិញជាមួយនឹងពួកគេ។ លោកបេនយ៉ាមីនគឺជាកូនប្រុសតែម្នាក់គត់របស់នាងរ៉ាជែល ដែលលោកយ៉ាកុបនៅសល់។ លោកយ៉ាកុបមានការព្រួយបារម្ភជាខ្លាំងខ្លាចក្រែងបាត់បង់លោកបេនយ៉ាមីនទៅ ដូចជាគាត់បានបាត់បង់លោកយ៉ូសែបយ៉ាងដូច្នោះដែរ (លោកុប្បត្តិ ៤៣៖៦-៨)។ ប៉ុន្តែ ឥឡូវនេះ ស្បៀងដែលពួកកូនៗរបស់លោកយ៉ាកុបបានទិញពីស្រុកអេស៊ីព្ទនោះបានអស់ទៅហើយ (លោកុប្បត្តិ ៤៣៖២)។ លោកយូដាបានសន្យានឹងលោកយ៉ាកុបថា គាត់នឹងធានាថា លោកបេនយ៉ាមីននឹងត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព (លោកុប្បត្តិ ៤៣៖៩)។ ដូច្នេះ នៅទីបំផុត លោកយ៉ាកុបបានយល់ព្រមអោយ ពួកកូនៗរបស់គាត់ចុះទៅឯស្រុកអេស៊ីព្ទវិញជាមួយនឹងលោកបេនយ៉ាមីន។

សូមអានរឿងនៅក្នុងបទគម្ពីរលោកុប្បត្តិ ៤៣។ តើមានអ្វីកើតឡើងនៅក្នុងរឿងនេះ នៅពេលដែលលោកបេនយ៉ាមីនចុះទៅឯស្រុកអេស៊ីព្ទនោះ? តើលោកយ៉ូសែបមានឥរិយាបថយ៉ាងដូចម្តេច នៅពេលដែលគាត់បានឃើញប្អូនប្រុសរបស់គាត់នោះ?

--------------------------------------------------------

ពួកបងៗទាំងអស់បានឈរនៅមុខលោកយ៉ូសែប។ នៅពេលដែលលោកយ៉ូសែបបានឃើញលោកបេនយ៉ាមីនភ្លាម គាត់បានអញ្ជើញពួកបងប្អូនរបស់គាត់អោយចូលរួមនៅក្នុងការទទួលទានអាហារដ៏ពិសេសមួយ (លោកុប្បត្តិ ៤៣៖១៦)។ តើលោកអ្នកបានឃើញដែរឬទេថា នៅក្នុងសាច់រឿង លោកបេនយ៉ាមីនគឺជាមនុស្សតែម្នាក់គត់ដែលហៅថា ជាបងប្អូនរបស់លោកយ៉ូសែប (លោកុប្បត្តិ ៤៣៖២៩)? ម៉្យាងទៀត នៅក្នុងសាច់រឿង លោកបេនយ៉ាមីនគឺឈ្មោះតែមួយគត់ដែលមានចែង។ ក្រៅពីនោះ ពួកបងៗដទៃទៀតគ្រាន់តែជា «មនុស្សទាំងនេះ» ប៉ុណ្ណោះ (លោកុប្បត្តិ ៤៣៖១៦)។

លោកយ៉ូសែបបានហៅលោកបេនយ៉ាមីនថា «កូនអើយ» (លោកុប្បត្តិ ៤៣៖២៩, សូមប្រៀបធៀបជាមួយនឹងខគម្ពីរលោកុប្បត្តិ ២២៖៨)។ ឈ្មោះនេះបានបង្ហាញយើងអំពីសេចក្តីស្រឡាញ់ដែលមាននៅក្នុងចិត្តរបស់លោកយ៉ូសែប។ លោកយ៉ូសែបបានប្រទានពរដល់ប្អូនប្រុសរបស់គាត់ (លោកុប្បត្តិ ៤៣៖២៩)។​ ព្រះពរនេះបានបង្ហាញយើងអំពីសេចក្តីមេត្តា និងព្រះគុណរបស់ព្រះ។ ព្រះពរនេះក៏បានជួយ អោយយើងនឹកចាំអំពីគ្រាមួយ នៅពេលដែលលោកយ៉ូសែបស្ថិតនៅក្នុងរណ្តៅផងដែរ។ នៅពេលនោះ លោកយ៉ូសែបបានសូមអោយពួកបងៗបង្ហាញសេចក្តីអាណិតអាសូរ និងសេចក្តីមេត្តាដល់គាត់។ ប៉ុន្តែ ពួកបងៗរបស់គាត់បានបដិសេធ (លោកុប្បត្តិ ៤២៖២១)។ លោកយ៉ូសែបបានបង្ហាញលោកបេនយ៉ាមីន នូវព្រះគុណដែលពួកបងៗរបស់គាត់មិនបានបង្ហាញដល់គាត់។

ពួកបងៗរបស់លោកយ៉ូសែបបានភ័យតក់ស្លុតជាខ្លាំង​ដែលថា ពួកគេនឹងត្រូវគេចាប់ឃុំឃាំងជាមិនខាន ដោយសារតែប្រាក់នៅក្នុងបាវស្រូវរបស់ពួកគេ។ ប៉ុន្តែ លោកយ៉ូសែបបានរៀបចំពិធីជប់លៀងមួយសម្រាប់ពួកគេទៅវិញ ដោយសារតែលោកបេនយ៉ាមីននៅទីនោះដែរ។ នៅក្នុងពិធីជប់លៀង លោក យ៉ូសែបបានបង្គាប់អោយពួកបងៗអង្គុយចុះ ចាប់ពីបងគេបង្អស់រហូតដល់ប្អូនពៅគេបង្អស់។ លោកយ៉ូសែបបានអោយចំណែកភោជនាហារសម្រាប់លោកបេនយ៉ាមីនលើសជាងពួកបងៗដទៃទៀត១ជា៥ភាគ (លោកុប្បត្តិ ៤៣៖៣៣,​ ៣៤)។ ប៉ុន្តែ ពួកប​ងៗមិនបានច្រណែនដល់លោកបេនយ៉ាមីនដូចជា នៅពេលដែលលោកយ៉ាកុបបានបង្ហាញការស្រឡាញ់ដល់លោកយ៉ូសែបច្រើនជាងពួកគេនោះឡើយ (លោកុប្បត្តិ ៣៧៖៣, ៤; សូមអាន Ellen G. White, Partriarchs and Prophets, pages 228, 229, adapted ផងដែរ)។

ថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២

ពែងប្រាក់

សូមអានរឿងនៅក្នុងបទគម្ពីរលោកុប្បត្តិ ៤៤ អំពីពែងប្រាក់របស់លោកយ៉ូសែប។ តើហេតុអ្វី បានជាលោកយ៉ូសែបសូមអោយមេការរបស់គាត់ដាក់ពែងប្រាក់នៅក្នុងបាវរបស់លោកបេនយ៉ាមីនយ៉ាងដូច្នេះ?

--------------------------------------------------------

កាលពីមុន លោកយ៉ូសែបបានបង្គាប់អោយមេការរបស់គាត់ដាក់ចំណីអាហារនៅក្នុងបាវនៃពួកបងៗរបស់គាត់។ ប៉ុន្តែ លើកនេះ លោកយ៉ូសែបចេញសេចក្តីបង្គាប់ដ៏ចម្លែកមួយបន្ថែមទៀត។ គាត់បានបង្គាប់អោយមេការរបស់គាត់ដាក់ពែងប្រាក់ដ៏ពិសេសរបស់គាត់នៅក្នុងបាវរបស់លោកបេនយ៉ាមីន។

នៅពេលដែលបានឃើញពែងប្រាក់នោះហើយ ពួកបងៗត្រូវតែត្រឡប់ទៅជួបនឹងលោកយ៉ូសែប នៅឯស្រុកអេស៊ីព្ទ។​ កាលនៅក្នុងពិធីជប់លៀង លោកបេនយ៉ាមីនគឺជាភ្ញៀវកិត្តិយសដ៏ពិសេសម្នាក់។​ ប៉ុន្តែឥឡូវនេះ គាត់ត្រូវបានគេចោទប្រកាន់ថា ជាអ្នកលួចពែងប្រាក់ដ៏មានតម្លៃទៅវិញ។ គាត់ប្រាកដជាត្រូវចាប់ដាក់គុកជាមិនខាន។

ពែងប្រាក់គឹជាពែងមួយដ៏ពិសេស។ ពួកសាសន៍អេស៊ីព្ទបានជឿថា ពែងពិសេសនេះបានផ្តល់អំណាចដល់ម្ចាស់របស់វាអោយបានដឹងអំពីអាថ៌កំបាំងនៃមនុស្សទាំងពួង។ លោកយ៉ូសែប «មិនបានប្រាប់ អ្នកណាម្នាក់ថា គាត់មានអំណាចដ៏ពិសេសនេះឡើយ។ ប៉ុន្តែ គាត់សុខចិត្តអោយពួកបងៗរបស់គាត់ជឿថា គាត់អាចដឹងអំពីអាថ៌កំបាំងនៃជីរិតរបស់អ្នកដទៃទៅវិញ»។ ដកស្រង់ពី Ellen G. White, Patriarchs and Propehets, page 229, adapted។

លោកយ៉ូសែបបានប្រើពែង «វេទមន្ត» ដើម្បីជួយអោយពួកបងៗរបស់គាត់បានដឹងថា ព្រះបាន ទតឃើញនៅក្នុងចិត្តរបស់ពួកគេ។ ពួកគេមានកំហុសនៅក្នុងការធ្វើបាបទាស់នឹងព្រះ ដោយសារតែអ្វីដែលពួកគេបានធ្វើចំពោះលោកយ៉ូសែបកាលពីមុនមក។ យើងក៏មានអារម្មណ៍យ៉ាងដូច្នេះដែរ។ នេះគឺជាមូលហេតុដែលលោកយូដាបានប្រាប់ពួកបងប្អូនរបស់គាត់ថា ព្រះបានឃើញសេចក្តីទុច្ចរិតរបស់ពួកគេ ហើយ​ (លោកុប្បត្តិ ៤៤៖១៦)។ ម៉្យាងទៀត ពែងក៏ជាការសាកល្បងមួយផងដែរ។ លោកយ៉ូសែបចង់ឃើញថា ពួកបងៗនឹងធ្វើយ៉ាងដូចម្តេច នៅពេលដែលពួកគេបានឃើញលោកបេនយ៉ាមីនត្រូវបានគេដាក់ទោសដោយសារតែ «ការលួចយក» ពែងនេះ។

ពួកបងៗមានអារម្មណ៍សោកសៅ និងវិប្បដិសារីជាខ្លាំង។ ពួកគេទាំងអស់គ្នាមានអារម្មណ៍ឈឺចាប់ទាំងអស់គ្នា ដោយបានគិតអំពីអ្វីដែលនឹងត្រូវកើតឡើងចំពោះលោកបេនយ៉ាមីននោះ។ ពួកបងៗមានការព្រួយបារម្ភខ្លាចលោកបេនយ៉ាមីនត្រូវបាត់បង់ទៅ ដូចជាលោកយ៉ូសែបយ៉ាងដូច្នោះដែរ។ នៅពេលនោះ លោកបេនយ៉ាមីនក៏នឹងក្លាយទៅជាទាសករម្នាក់នៅក្នុងស្រុកអេស៊ីព្ទ ដូចជាលោកយ៉ូសែបយ៉ាងដូច្នោះដែរ។ ម្ល៉ោះហើយ លោកយូដាបានសូមលោកយ៉ូសែបធ្វើជាទាសករជំនួសលោកបេនយ៉ាមីនវិញ ដើម្បីអោយលោកបេនយ៉ាមីនអាចឡើងទៅវិញជាមួយពួកបងៗដទៃទៀត (លោកុប្បត្តិ ៤៤៖៣៣)។ សាច់រឿងនៅត្រង់នេះក៏បានជួយអោយយើងនឹកចាំអំពីចៀមឈ្មោលដែលត្រូវបានសម្លាប់ ដើម្បីអោយលោក អ៊ីសាកបានរួចជីវិតផងដែរ (សូមប្រៀបធៀបជាមួយនឹងខគម្ពីរលោកុប្បត្តិ ២២៖១៣)។ លោកយូដាបានលះបង់ខ្លួនគាត់ទុកជាយញ្ញបូជាជំនួសវិញ។ គាត់នឹងទទួលខុសត្រូវចំពោះ «សេចក្តីអាក្រក់» ទាំងអស់ដែលបានកើតឡើង។ នៅពេលនោះ គាត់ក៏អាចសង្គ្រោះឪពុករបស់គាត់ចេញពីទុក្ខព្រួយនៃការបាត់បង់ លោកបេនយ៉ាមីនបានដែរ (លោកុប្បត្តិ ៤៤៖៣៤)។

តើការលះបង់របស់លោកយូដាបានបង្ហាញយើងអំពីកិច្ចការរបស់ព្រះយេស៊ូវក្នុងនាមជាអ្នកជំនួសរបស់យើងនៅលើឈើឆ្កាងនោះដោយរបៀបណាដែរ? (សូមអានខគម្ពីររ៉ូម ៥៖៨)

ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២

«ខ្ញុំ​នេះ​ជា​យ៉ូសែប ជា​ប្អូន​អ្នក​រាល់​គ្នា»

សូមអានរឿងនៅក្នុងបទគម្ពីរលោកុប្បត្តិ៤៥។ តើយើងបានឃើញមេរៀននៃសេចក្តីស្រឡាញ់ សេចក្តីជំនឿ និងសេចក្តីសង្ឃឹមអ្វីខ្លះនៅក្នុងរឿងនេះ?

--------------------------------------------------------

នៅពេលដែលលោកយូដាបានប្រាប់លោកយ៉ូសែបអំពី «សេចក្តីអាក្រក់» ដែលនឹងត្រូវកើតឡើងចំពោះ «អាវី (avi)» ដែលជាភាសាហេព្រើរប្រែមកថា «ឪពុករបស់ខ្ញុំ» នោះ តើលោកអ្នកឃើញមានអ្វីកើតឡើងបន្ទាប់ទៀត (លោកុប្បត្តិ ៤៤៖៣៤)? គឺនៅពេលដែលលោកយ៉ូសែបបាន «បន្លឺវាចា» ឡើង (លោកុប្បត្តិ ៤៥៖១)។ នៅពេលនោះគាត់បាន «ថ្លែង​ឲ្យ​ពួក​បង​ប្អូន​ស្គាល់​ខ្លួន» (លោកុប្បត្តិ ៤៥៖១)។ អ្នកប្រាជ្ញខាងឯព្រះគម្ពីរតែងតែប្រើពាក្យទាំងនេះ ដើម្បីជួយអោយយើងមើលឃើញ នៅពេលដែលព្រះបានបង្ហាញអង្គទ្រង់ដល់រាស្ត្ររបស់ទ្រង់ (និក្ខមនំ ៦៖៣; អេសេគាល ២០៖៩)។ ដូច្នេះ យើងអាចមើលឃើញថា ព្រះក៏បានបង្ហាញអង្គទ្រង់នៅក្នុងសាច់រឿងត្រង់នេះផងដែរ។ ឥឡូវនេះ ពួកបងៗទាំងអស់គ្នាបានឃើញថា ព្រះអម្ចាស់គឺជាអ្នកគ្រប់គ្រងអ្វីៗទាំងអស់ ទោះបីជាពួកគេបានសាងកំហុសកាលពីមុនក៏ដោយ។

ពួកបងៗរបស់លោកយ៉ូសែបសឹងតែមិនជឿទៅលើអ្វីដែលពួកគេបានឮ និងបានឃើញនោះឡើយ។ ម្ល៉ោះហើយ លោកយ៉ូសែបត្រូវតែនិយាយម្តងទៀតថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​យ៉ូសែប​ប្អូន​របស់​បងៗ» (លោកុប្បត្តិ ៤៥៖៤, គខប)។ លោកយ៉ូសែបត្រូវតែប្រាប់ពួកគេបន្ថែមទៀតថា «​បងៗ​បាន​លក់​ឲ្យ​គេ​នាំ​យក​មក​ស្រុក​អេស៊ីព្ទនេះ» (លោកុប្បត្តិ ៤៥៖៤, គខប)។ ទាល់តែគាត់និយាយបែបនេះ ទើបពួកបងៗជឿទៅលើពាក្យសម្តីរបស់គាត់។

លោកយ៉ូសែបបានប្រកាសថា៖ «ព្រះ​ទេ​តើ ដែល​ទ្រង់​ចាត់​ខ្ញុំ​មក» កាន់ស្រុកអេស៊ីព្ទនេះមុន (លោកុប្បត្តិ ៤៥៖៥)។ ពាក្យទាំងនេះបានជួយអោយពួកបងៗមើលឃើញចំណុច២យ៉ាង។ ចំណុចទី១ លោកយ៉ូសែបពុំមានអារម្មណ៍មិនល្អចំពោះពួកបងៗរបស់គាត់នៅក្នុងចិត្តរបស់គាត់នោះឡើយ។​ ចំណុចទី២ ពាក្យទាំងនេះបានបង្ហាញយើងអំពីសេចក្តីជំនឿរបស់លោកយ៉ូសែប ក៏ដូចជាសេចក្តីសង្ឃឹមរបស់គាត់ផងដែរ។ អ្វីដែលពួកបងៗបានធ្វើចំពោះលោកយ៉ូសែបនោះសំខាន់ជាទីបំផុត។ ព្រះបានអនុញ្ញាតអោយរឿងអាក្រក់នេះកើតមានឡើង ដើម្បីអោយលោកយ៉ូសែបអាចសង្គ្រោះក្រុមគ្រួសាររបស់លោក យ៉ាកុប ព្រមទាំងកូនចៅជំនាន់ក្រោយរបស់ពួកគេផងដែរ (លោកុប្បត្តិ ៤៥៖៧)។

លោកយ៉ូសែបបានប្រាប់អោយពួកបងៗរបស់គាត់ឡើងទៅឯឪពុករបស់គាត់ដើម្បីអញ្ជើញគាត់មកកាន់ស្រុកអេស៊ីព្ទវិញ។ លោកយ៉ូសែបបានប្រាប់ពួកបងៗរបស់គាត់អំពីកន្លែងដែលពួកគេនឹងត្រូវស្នាក់នៅគឺថា ពួកគេនឹងត្រូវមករស់នៅលើទឹកដីហ្គោសិនវិញ។ ទឹកដីហ្គោសិនមានភាពល្បីល្បាញនៅពេលនោះដោយសារតែវាលស្មៅដ៏សម្បូរបែបរបស់វា។ លោកយ៉ូសែបបានប្រាប់ពួកបងៗរបស់គាត់ថា ទឹកដីហ្គោសិនគឺជាកន្លែងដ៏ល្អបំផុតនៅក្នុងស្រុកអេស៊ីព្ទ (លោកុប្បត្តិ ៤៥៖១៨, ២០)។ លោកយ៉ូសែប បានអោយរទេះសេះដល់ពួកបងៗត្រឡប់ទៅទៅផ្ទះរបស់ពួកគេវិញ។ រទេះសេះទាំងនេះនឹងជាភ័ស្តុតាងជួយអោយលោកយ៉ាកុបមើលឃើញថា ពួកកូនៗរបស់គាត់មិនបានកុហកអំពីបទពិសោធន៍របស់ពួកគេនៅឯស្រុកអេស៊ីព្ទនោះឡើយ (លោកុប្បត្តិ ៤៥៖២៧)។ នៅពេលដែលលោកយ៉ាកុបបានឃើញរទេះសេះទាំងនេះ គាត់បានជឿថា លោកយ៉ូសែបពិតជានៅមានជីវិតនៅឡើយមែន។​ បន្ទាប់មក លោកយ៉ាកុបបានភ្ញាក់ខ្លួនឡើងវិញ (សូមប្រៀបធៀបជាមួយនឹងខគម្ពីរលោកុប្បត្តិ ៣៧៖៣៥; លោកុប្បត្តិ ៤៤៖២៩)។

ឥឡូវនេះ អ្វីៗគ្រប់យ៉ាងបានល្អប្រសើរវិញហើយ។ កូនប្រុសទាំង១២នាក់របស់លោកយ៉ាកុប សុទ្ធតែនៅរស់ទាំងអស់។​ លោកយ៉ាកុបត្រូវបានគេហៅថាជា «អ៊ីស្រាអែល» ម្តងទៀត (លោកុប្បត្តិ ៤៥៖២៨)។ រឿងនេះបានបង្ហាញយើងអំពីព្រះគុណរបស់ព្រះតាមវិធីដ៏អស្ចារ្យមួយ។

ថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២

សិក្សាបន្ថែម

សូមអាន Ellen G. White, “Joseph in Egypt,” pages 213-223; “Joseph and His Brothers,” pages 224-232 in Patriarchs and Prophets។

«ពួកកូនប្រុសរបស់លោកយ៉ាកុបបានស្នាក់នៅក្នុងគុកអស់រយៈពេល៣ថ្ងៃ។ ៣ថ្ងៃនេះ​បានធ្វើ អោយចិត្តរបស់ពួកគេសោកសៅជាខ្លាំង។ ពួកគេបានគិតអំពីកំហុសដែលពួកគេបានធ្វើកន្លងមក។ លើសពីនេះទៅទៀតនោះ ពួកគេក៏បានគិតអំពីកំហុសដែលពួកគេបានធ្វើខុសចំពោះលោកយ៉ូសែបផងដែរ។ ពួកគេបានប្រព្រឹត្តយ៉ាងឃោរឃៅចំពោះគាត់។ ពួកគេបានគិតថា ពួកគេនឹងទទួលទោសពីបទនៃអ្នកស៊ើបការណ៍ជាមិនខាន។ ប្រសិនបើពួកគេគ្មានភ័ស្តុតាងបង្ហាញថា ពួកគេស្អាតស្អំនោះទេ ពួកគេនឹងត្រូវស្លាប់ជាមិនខាន ឬមួយពួកគេក៏នឹងអាចក្លាយទៅជាទាសករក៏ថាបាន . . . . ដូចដែលពួកគេបានលក់ លោកយ៉ូសែបទុកជាទាសករយ៉ាងដូច្នោះដែរ។ ឥឡូវនេះ ពួកគេក៏បានភ័យព្រួយខ្លាចក្រែងព្រះនឹងដាក់ទោសពួកគេអោយក្លាយទៅជាទាសករផងដែរ។ លោកយ៉ូសែបបានដឹងថា ឪពុក និងក្រុមគ្រួសារនៃពួកបងៗរបស់គាត់ប្រហែលជាខ្វះស្បៀងមែន។ ហើយលោកយ៉ូសែបក៏បានដឹងថា ពួកបងៗរបស់គាត់ពិតជាមានការសោកស្តាយចំពោះទង្វើដែលពួកគេបានធ្វើមកកាន់គាត់ផងដែរ។ លោកយ៉ូសែបក៏បានឃើញទៀតថា ពួកគេមិនបានធ្វើបាបលោកបេនយ៉ាមីនដូចដែលពួកគេបានធ្វើមកលើគាត់នោះដែរ»។ ដកស្រង់ ពី Ellen G. White, Spiritual Gifts, book 3, pages, 155, 156, adapted។

«លោកយ៉ូសែបសប្បាយចិត្តជាខ្លាំង។ គាត់បានដាក់ការសាកល្បងមួយដល់ពួកបងៗរបស់គាត់ ហើយពួកគេក៏បានជាប់នូវការសាកល្បងនោះផងដែរ។ ឥឡូវនេះ លោកយ៉ូសែបមានភ័ស្តុតាងបញ្ជាក់ថា ពួកបងៗរបស់គាត់ពិតជាមានការសោកស្តាយចំពោះអំពើបាបរបស់ពួកគេពិតមែន»។ ដកស្រង់ ពី Ellen G. White, Spiritual Gifts, book 3, page 156, adapted។

សំនួរពិភាក្សា៖
  1. តើយ៉ាងណាទៅវិញ ប្រសិនបើអ្វីៗគ្រប់យ៉ាងមិនបានដំណើរការល្អនៅក្នុងរឿងរបស់លោកយ៉ូសែប និងពួកបងៗរបស់គាត់វិញនោះ? តើលោកយ៉ូសែបនឹងនៅតែល្អ និងសប្បុរសចំពោះពួកបងៗរបស់គាត់ដែរឬទេ ប្រសិនបើពួកគេមិនមានអារម្មណ៍សោកស្តាយចំពោះទង្វើដែលពួកគេបានធ្វើមកលើគាត់នោះ?

  2. តើលោកយ៉ូសែបបានបង្ហាញយើងអំពីព្រះយេស៊ូវ និងកិច្ចការរបស់ទ្រង់ដោយរបៀបណា?

  3. លោកយ៉ូសែបបានផ្តល់ការសាកល្បងជាច្រើនដងដល់ពួកបងៗរបស់គាត់។ តើព្រះបានប្រទានការសាកល្បងដល់យើងដោយរបៀបណាដែរ?

  4. ជាច្រើនឆ្នាំបានកន្លងផុតទៅ ចាប់ពីពេលដែលពួកបងៗបានលក់លោកយ៉ូសែបទុកជាទាសកររួចមក។ ក្រោយមក ពួកបងៗបានមើលឃើញកំហុសដែលពួកគេបានធ្វើចំពោះលោកយ៉ូសែប។ តើទោសកំហុសរបស់ពួកគេបានបង្រៀនយើងថា​ វាអាក្រក់ប៉ុនណានោះយ៉ាងដូចម្តេចដែរ? ជាការពិតណាស់ យើងត្រូវតែទទួលយកការអត់ឱនទោសដែលព្រះបានប្រទានដល់យើង។ ទន្ទឹមគ្នានេះ តើហេតុអ្វីបានជាយើងត្រូវ តែរៀនអត់ឱនទោសអោយខ្លួនឯងដែរនោះ?

រឿងខ្លី

ខ្ញុំនឹងទៅ!

Jeans

ព័ត៌មានអំពីសោកនាដកម្មនៃការចាក់សម្លាប់អ្នកស្ម័គ្រចិត្តអាមេរិក នាងគារស្ទេន អេលីសាបែត វ៉ូហ្គូត (Kirsten Elisabeth Wocott) នៅក្នុងអំឡុងពេលនៃការដើរកំសាន្តនាពេលព្រឹកនៅលើកោះយ៉ាប់ (Yab) ជុំវិញបរិវេណនៃសាកលវិទ្យាល័យអាត់វេនទីស្ទខាងត្បូង ដែលជាកន្លែងសិក្សារបស់នាង។ សាកល វិទ្យាល័យនៅក្នុងទីក្រុងខលលីចដាល (Collegedale) រដ្ឋថេនេស៊ី (Tennesse) បានបញ្ជូនពួកនិស្សិតស្ម័គ្រចិត្តជាច្រើនឆ្នាំមកហើយ ឥឡូវនេះ ពួកនិស្សិតទាំងនោះត្រូវបានបំបែកគ្នាចេញទៅ។

ប​ន្ទាប់ពីនិស្សិតឆ្នាំទី៣ផ្នែកខាងអប់រំត្រូវបានសម្លាប់ដោយជនស្រវឹងស្រាម្នាក់នៅក្នុងឆ្នាំ២០០៩ រួចមក និស្សិតខ្លះបាននិយាយថា «កន្លែងហ្នឹងគ្រោះថ្នាក់ណាស់ យើងមិនទៅទីហ្នឹងឡើយ»។ និស្សិតដទៃទៀតបាននឹកចាំអំពីប្រសាសន៍របស់លោកធឺរធូលាន (Tertullian) ដែលជាអ្នកដឹកនាំនៃពួកជំនុំគ្រីស្ទាន ជំនាន់ដើម ដកស្រង់ពីសៀវភៅមហាវិវាទយ៉ាងដូច្នេះថា៖ ឯងកាន់តែបំផ្លាញយើងប៉ុន្មានណានោះ យើងកាន់តែលូតលាស់ឡើងប៉ុណ្ណឹងដែរ ដ្បិតឈាមនៃពួកគ្រីស្ទានគឺជាគ្រាប់ពូជ» (ទំព័រ ៤១)។

និស្សិតទាំងនោះបាននិយាយថា «យើងនឹងទៅ យើងនឹងគោរពសេចក្តីរបស់នាងគារស្ទេន»។ ការជជែកវែកញែកបានដក់ជាប់នៅក្នុងចិត្តរបស់លោកវីនស្តុន ក្រហ្វដ សិស្សទេវវិទ្យាម្នាក់ដែលមានអាយុ ៣៣ឆ្នាំ ខណៈពេលដែលគាត់កំពុងតែដើរឆ្លងកាត់ជំុវិញបរិវេណសាលានៅពេលល្ងាចថ្ងៃសប្បាតហ៍មួយ។ គាត់បានច្រឡំដៃបើកទ្វារខុស ចូលទៅក្នុងព្រឹត្តិការណ៍មួយនៃសម្រាប់ពួកនិស្សិតស្ម័គ្រចិត្ត ដោយមិនដឹងខ្លួន។ គាត់មិនបានដឹងអំពីព្រឹត្តការណ៍នោះឡើយ ប៉ុន្តែ ដោយសារតែគាត់ចូលទៅក្នុងបន្ទប់នោះហើយ គាត់ក៏សម្រចចិត្តទៅអង្គុយនៅលើកៅអីទៅ។ ស្ត្រីម្នាក់នៅលើកៅអីបាននិយាយអំពីការត្រូវការអ្នកស័្មគ្រចិត្តយ៉ាងចាំបាច់ជាទីបំផុត ដើម្បីបង្រៀនភាសាអង់គ្លេសនៅក្នុងអតីតសហភាពសូវៀត។ នាងបាននិយាយ ថា «ប្រសិនបើពួកគេរកមិនបានអ្នកណាម្នាក់នោះទេ ពួកគេនឹងបញ្ឈប់កម្មវិធីជាមិនខាន»។

ការនោះបានប៉ះពាល់ចិត្តរបស់លោកវីនស្តុនជាខ្លាំង។ គាត់មិនមានគម្រោងសម្រាក១ឆ្នាំនោះ ឡើយ ប៉ុន្តែ គាត់បានគិតថា ខ្ញុំនឹងគោរពដល់សេចក្តីជំនឿរបស់នាងគារស្ទេន ខ្ញុំនឹងទៅ។ គាត់បានដាក់ពាក្យស្នើសុំ ហើយបានទទួលការអញ្ជើញអោយបង្រៀននៅក្នុងទីក្រុងម៉ូស្គូនៃប្រទេសរុស្ស៊ី។ លោកវីនស្តុន បានអានអំពីប្រទេសនេះយ៉ាងយកចិត្តទុកដាក់ ខណៈពេលដែលគាត់បានទទួលឯកសារជាលំដាប់ ព្រមទាំងបានរៃអង្គាសថវិកា ដើម្បីទិញសំបុត្រយន្តហោះថែមទៀត។ ១២ថ្ងៃមុនការមកដល់របស់គាត់នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១០នោះ ពួកភារវកបំផ្ទុះគ្រាប់បែកភ្លោះ២នាក់បានសម្លាប់មនុស្ស៤០នាក់នៅក្នុងរថភ្លើងក្រោមដីនៃទីក្រុងម៉ូស្គូ។ គាត់បានងឿងឆ្ងល់នៅក្នុងចិត្តរបស់គាត់ថា តើខ្ញុំចុះឈ្មោះទៅទីហ្នឹងដើម្បីអ្វីទៅ?។

នៅពេលនោះ គាត់បានគិតអំពីលោកប៉ុល ដែលត្រូវគេវាយដំ និងបំបោះបង់ចោលអោយស្លាប់ជាច្រើនដង។ លោកប៉ុលមិនមែនជាជនកំសាកនោះឡើយ។ លោកវីនស្តុនបាននឹកចាំអំពីខគម្ពីរវិវរណៈ ២១៖៨ ដែលបានសំដែងថា ជនកំសាកមិនអាចទទួលជីវិតអស់កល្បបានឡើយ។ គាត់ក៏បាននឹកឃើញអំពីរបៀបដែលគាត់បានជំពប់ខ្លួនដើរចូលទៅក្នុងកម្មវិធីរបស់ពួកនិស្សិតស្ម័គ្រចិត្តដោយចៃដន្យផងដែរ។ គាត់ក៏បាននឹកចាំអំពីនាងគារស្ទេនផងដែរ។ គាត់បានគិតថា គ្រាប់បែកមិនអាចបំភ័យខ្ញុំបានឡើយ ពីព្រោះព្រះទ្រង់បានត្រាស់ហៅខ្ញុំអោយចេញទៅបម្រើ ដូច្នេះ ខ្ញុំនឹងទៅ។ លោកវីនស្តុនបានទៅទីនោះ។ ១០ឆ្នាំក្រោយមក គាត់គ្មានការសោកស្តាយអ្វីឡើយ។ គាត់កាន់តែជិតស្និទ្ធនឹងព្រះគ្រីស្ទហើយឥទ្ធិពលដែលគាត់មានចំពោះពួកសិស្សរបស់គាត់វិញនោះ នឹងត្រូវគេចងចាំជារៀងដរាបតទៅ។ ១ឆ្នាំនៃការស្ម័គ្រចិត្តធ្វើជាបេសកជនបានផ្លាស់ប្តូរជីវិតរបស់គាត់ទាំងស្រុង។

អំណានដង្វាយប្រចាំសប្តាហ៍

សេចក្តីសង្គ្រោះមិនមែនជារឿងបន្ទាប់បន្សំនោះឡើយ

យើងបានថ្វាយតង្វាយជាប្រព័ន្ធ និងទៀងទាត់ ដោយសារតែគំរូនៃភាពដ៏បរិសុទ្ធដែលបានបង្ហាញថា អ្វីដែលទ្រង់បានប្រទានដល់មនុស្សលោកនោះ មិនមែនជារឿងបន្ទាប់បន្សំនោះឡើយ។ ផែនការនៃការប្រទានព្រះរាជបុត្រារបស់ទ្រង់ និងផែនការសង្គ្រោះមនុស្សជាតិ ចេញពីអំពើបាបនោះត្រូវបានបកស្រាយយ៉ាងល្អិតល្អន់ តាំងពីមុនការបង្កបង្កើតសកលលោកមកម្ល៉េះ រួចនៅពេលកំណត់មកដល់ ព្រះយេស៊ូវបានយាងមកភពផែនដីនេះ។ ចំណុចនេះបានបង្ហាញ អំពីព្រះទ័យគិតគូររបស់ព្រះនៃសេចក្តីស្រឡាញ់ ចំពោះមនុស្សជាតិដែលបានធ្លាក់ចុះនៅក្នុងអំពើបាប។ ជាការឆ្លើយតបទៅនឹងគំរូដែលបានរៀបចំឡើង ដោយព្រះដ៏សប្បុរសអស្ចារ្យនេះ ព្រះបានបណ្តាលអោយលោកសាវ័កប៉ុលផ្តល់សេចក្តីណែនាំទៅកាន់ពួកជំនុំកូរិនថូសយ៉ាងដូច្នេះថា៖ «រាល់​តែ​អាទិត្យ ក្នុង​ថ្ងៃ​ដំបូង នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ប្រមូល​ដាក់​ទុក​នូវ​អ្វីៗ​ដោយ ឡែកតាម​ដែល​ព្រះ​បាន​ចំរើន​ឲ្យ» (កូរិនថូសទី១ ១៦៖២)។ ការថ្វាយនូវអ្វីដែលបានត្រៀមទុក គឺជាការផ្តល់កិតិ្តយសដល់អ្នកទទួល។

សូមគិតអំពីអារម្មណ៍របស់លោកអ្នក នៅពេលដែលលោកអ្នកបានទទួលការជូនពរដ៏យឺតយ៉ាវមួយពីសំណាក់មិត្តភក្តិជិតស្និទ្ធ និងមនុស្សសំខាន់របស់លោកអ្នក។ ជួនកាល សាររបស់មនុស្សសំខាន់ទាំងនេះបានបង្ហោះមកក្រោយគេ បន្ទាប់ពីពួកគេបានឃើញប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកអ្នកពេញទៅដោយការថ្លែងអំណរគុណទៅកាន់អ្នកជូនពរដទៃទៀត។ សារជូនពរដ៏យឺតយ៉ាវទាំងនេះមិនមែនជាសារដ៏មានតម្លៃនោះឡើយ។ នៅពេលដែលយើងចង់ បង្ហាញអ្នកណាម្នាក់ថា គេគឺជាមនុស្សសំខាន់នោះ យើងតែងតែគូសចំណាំនៅក្នុងប្រតិទិនរបស់យើងជានិច្ច ថែមទាំងសរសេរអ្វីមួយនៅលើនោះ ដើម្បីកុំអោយយើងភ្លេចទៀតផង។ ការបង្ហាញ សេចក្តីស្រឡាញ់ដ៏ល្អបំផុតគឺជាការគ្រោងទុក និងអនុវត្តដោយខ្លួនឯង។

នៅពេលដែលយើងត្រូវបង្ហាញសេចក្តីស្រឡាញ់ និងការដឹងគុណដល់ព្រះ តើយើងគឺជាអ្នកថ្វាយប្រភេទណាដែរ? តើយើងគ្រាន់តែបានពឹងផ្អែកទៅលើការបំផុសគំនិត និងអារម្មណ៍របស់យើងឬ? តើយើងគឺជាអ្នកដែលសូមអោយអ្នកជំនួយការព្រះវិហាររង់ចាំសិន ខណៈពេលដែលយើងស្វែងរកក្រដាសប្រាក់នៅក្នុងកាបូប ឬហោប៉ៅរបស់យើងឬ? ឬមួយក៏យើងនឹកចាំអំពីការថ្វាយតង្វាយ១០ហូត១ និងតង្វាយសទ្ធាវិញ នៅពេលដែលយើងបានឃើញសមតុល្យដ៏ខ្ពស់ដែលបានរំពឹងទុកចំពោះរបាយការណ៍ធនាគាររបស់យើងនៅចុងខែនោះ? តើយើងគោរពដល់ព្រះអង្គសង្គ្រោះដែលមិនបានចាត់ទុកយើងជារឿងបន្ទាប់បន្សំនោះដោយរបៀបណា? សប្តាហ៍នេះ ខណៈពេលដែលយើងថ្វាយបង្គំជាមួយនឹងតង្វាយ១០ហូត១ តង្វាយសទ្ធា និងតង្វាយជាប្រព័ន្ធផ្សេងៗទៀតតាមសេចក្តីសន្យានេះ ចូរអោយយើងបង្ហាញថា ព្រះគឺជាអាទិភាពសំខាន់ជាងគេបំផុត។

សេចក្តីអំពាវនាវ៖ «ព្រះ‌ជា‌ម្ចាស់​បាន​ជ្រើស​តាំង​ព្រះ‌គ្រីស្ទ មុន​កំណើត​ពិភព​លោក​ទៅ​ទៀត ហើយ​បាន​បង្ហាញ​ព្រះអង្គ​ឲ្យ​មនុស្ស​លោក​ឃើញ​នៅ​គ្រា​ចុង​ក្រោយ​នេះព្រោះ​តែ​បងប្អូន» (ពេត្រុសទី១ ១៖២០, គខប)។

សេចក្តីអធិដ្ឋាន៖
ឱព្រះអម្ចាស់អើយ ផែនការសង្គ្រោះរបស់ទ្រង់បានបង្ហាញទូលបង្គំយើងខ្ញុំអំពី ទំហំនៃសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះយើង ដ្បិតនៅក្នុងព្រះនេត្ររបស់ទ្រង់ ទូលបង្គំសុទ្ធតែជាមនុស្សសំខាន់របស់ទ្រង់។ សូមទ្រង់ជួយអោយទូលបង្គំយើងខ្ញុំធ្វើតាមការពិចារណាដូចនេះសម្រាប់ទ្រង់ និងអ្នកដទៃផង។ ​

Powered by CAM