មេរៀនទី១២​៖ ១០-១៦ កញ្ញា ២០២២

គ្រាប់ពូជដែលងាប់

Jeans
ថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២២
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖

ខចងចាំ

ភីលីព ២៖៥-៩; រ៉ូម​១២៖១, ២; សាំយូអែលទី១ ៣៖១០; សាំយូអែលទី១ ២៖១២-៣៖១៨; សាំយូអែលទី១ ១៣៖១-១៤; សាការី​៤៖៦។

«ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​គ្រាប់​ស្រូវ​ដែល​ធ្លាក់​ចុះ​ទៅ​ដី​មិន​ងាប់​ទេ នោះ​ក៏​នៅ​តែ​១​ដដែល តែ​បើ​ងាប់​វិញ នោះ​ក៏​បង្កើត​ផល​ជា​ច្រើន​ឡើង (យូ៉ហាន ១២៖២៤)។

ព្រះយេស៊ូវបានបង្ហាញយើងនូវរូបស័ព្ទមួយស្តីអំពីគ្រាប់ពូជនៃស្រូវសាលីដែលងាប់។ គ្រាប់ ពូជនៃស្រូវសាលីដែលងាប់បានបង្ហាញយើងអំពីអត្ថន័យនៃការថ្វាយជីវិតរបស់យើងទាំងស្រុងទៅឯព្រះ។ ចំណុចទី១ គ្រាប់ពូជបានជ្រុះចេញពីដើមនៃស្រូវសាលី។ គ្រាប់ពូជមិនអាចគ្រប់គ្រងទិសដៅ នៅពេលដែលវាធ្លាក់បានឡើយ។ គ្រាប់ពូជក៏មិនអាចគ្រប់គ្រងទៅដីដែលកប់វានោះដែរ។

ចំណុចទី២ គ្រាប់ពូជមានពេល ដែលត្រូវរង់ចាំ ដើម្បីលូតលាស់។ គ្រាប់ពូជបានធ្លាក់ទៅ លើដី។ ប៉ុន្តែ វាមិនបានដឹងថា នឹងមានអ្វីកើតឡើងនៅពេលអនាគតនោះទេ។ គ្រាប់ពូជក៏មិនអាចមើលឃើញអំពីអ្វីដែលនឹងត្រូវកើតឡើងនៅពេលអនាគតបានដែរ។ (ជាការពិតណាស់ វាគ្រាន់តែជា គ្រាប់ពូជប៉ុណ្ណោះ វាគ្មានគំនិតអ្វីឡើយ)។

ចំណុចទី៣ គ្រាប់ពូជមានពេល ដែលត្រូវងាប់។ គ្រាប់ពូជមិនអាចក្លាយទៅជាដើមស្រូវសាលីមួយបានឡើយ រហូតទាល់តែវាលះបង់កន្លែងសុវត្ថិភាពរបស់វានៅក្នុងជាមុនសិន។ គ្រាប់ពូជ ត្រូវតែ «ងាប់» ជាមុនសិន។ ដូច្នេះ គ្រាប់ពូជត្រូវតែលះបង់នូវអ្វីដែលខ្លួនមានកាលពីមុនចោលចេញ។ នៅពេលនោះ​ គ្រាប់ពូជអាចនឹងក្លាយទៅជាស្រូវសាលីមួយទង ដែលយើងអាចបរិភោគបាន។

ថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២

ការបម្រើព្រះ

សូមអានខគម្ពីរ ភីលីព ២៖៥-៩។ តើមានសារសំខាន់អ្វី សម្រាប់យើងនៅក្នុងខទាំងនេះ?

--------------------------------------------------------

សព្វថ្ងៃនេះ យើងត្រូវបានបង្រៀនអោយក្រោកឈរដោយខ្លួនឯង ព្រមទាំងធានាថា យើងត្រូវតែ ទទួលបាននូវរបស់ពិសេសៗដែលជាកម្មសិទ្ធិរបស់យើងស្របទៅតាមច្បាប់នៅក្នុងនាមជាពលរដ្ឋផង ដែរ។ ដំបូន្មាននេះល្អ ហើយវាគួរតែទៅរបៀបនេះ។ ប៉ុន្តែ ពេលខ្លះ ព្រះអាចនឹងសូមអោយយើងលះបង់ របស់ទាំងនេះ ក៏មាន​ ដើម្បីអោយយើងអាចបម្រើទ្រង់កាន់តែប្រសើរឡើង។ ការលះបង់របស់ទាំងនេះ មិនមែនជារឿងងាយនោះឡើយ ហើយវាក៏អាចធ្វើអោយយើងរងទុក្ខផងដែរ។

សូមក្រឡេកមើលរបៀបដែលព្រះយេស៊ូវបានលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីធ្វើទៅតាមអ្វីដែលព្រះបាន សូមអោយទ្រង់ធ្វើ (ភីលីព ២៖៥-៨)។ ខទាំងនេះបានបង្ហាញយើងនូវចំណុច៣យ៉ាង ដែលព្រះយេស៊ូវ បានធ្វើ ដើម្បីគោរពផែនការរបស់ព្រះសម្រាប់ទ្រង់។ មុនពេលដែលលោកប៉ុលប្រាប់យើងអំពីចំណុចទាំង៣យ៉ាងនេះ គាត់បានមានប្រសាសន៍ថា៖ «​ត្រូវ​តែ​មាន​គំនិត​គិត​ដូច​ជា​ព្រះគ្រីស្ទយេស៊ូវ​វិញ» (ភីលីព ២៖៥)។

តើចំណុច៣យ៉ាងដែលព្រះយេស៊ូវបានធ្វើ ដើម្បីសង្គ្រោះយើងនោះគឺជាអ្វី? ចំណុចទី១ «​ទោះ បើ​ទ្រង់​មាន​រូប​អង្គ​ជា​ព្រះ​ក៏​ដោយ គង់​តែ​មិន​បាន​រាប់​សេចក្តី​ស្មើ​នឹង​ព្រះ​នោះ ទុក​ជា​សេចក្តី​ដែល​គួរ​កាន់​ ខ្ជាប់​ឡើយ គឺ​ទ្រង់​បាន​លះបង់​ព្រះអង្គ​ទ្រង់ មក​យក​រូបភាព​ជា​បាវ​បំរើ​វិញ ព្រម​ទាំង​ប្រសូត​មក​មាន​រូប​ជា​ មនុស្ស​ផង» (ភីលីព ២៖៦, ៧)។

ចំណុចទី២ ព្រះយេស៊ូវមិនបានយាងមកផែនដីនេះក្នុងនាមជាបុគ្គលម្នាក់ដ៏មានអំណាចនោះ ទេ។ «ទ្រង់​បាន​លះបង់​ព្រះអង្គ​ទ្រង់ មក​យក​រូបភាព​ជា​បាវ​បំរើ​វិញ ព្រម​ទាំង​ប្រសូត​មក​មាន​រូប​ជា​មនុស្ស​ ផង» (ភីលីព ២៖៧)។

ចំណុចទី៣ ក្នុងនាមជាបាវបម្រើ ព្រះយេស៊ូវមិនបានរស់នៅយ៉ាងសុខសាន្តនៅលើផែនដីនេះ ឡើយ។ «ហើយ​ដែល​ឃើញ​ទ្រង់​មាន​ភាព​ជា​មនុស្ស​ដូច្នោះ នោះ​ក៏​បន្ទាប​ព្រះអង្គ​ទ្រង់ ទាំង​ចុះ​ចូល​ស្តាប់ បង្គាប់ រហូត​ដល់​ទី​មរណៈ គឺ​ទ្រង់​ទទួល​សុគត​ជាប់​ឈើ​ឆ្កាង​ផង» (ភីលីព ២៖៨)។

តើគំរូរបស់ព្រះយេស៊ូវនេះជាតម្រាប់អោយយើងធ្វើតាមនៅក្នុងជីវិតរបស់យើងដោយរបៀបណាខ្លះ? យើងទាំងអស់គ្នាបានយល់ស្របថា របស់ពិសេសៗដែលជាកម្មសិទ្ធិរបស់យើងស្របទៅតាម ច្បាប់នៃពលរដ្ឋនោះ គឺជារឿងល្អ។ យើងត្រូវតែការពាររបស់ពិសេសៗទាំងនេះ។ តើព្រះអាចនឹងសូមអោយ យើងលះបង់កម្មសិទ្ធិរបស់យើង ដើម្បីបម្រើទ្រង់អោយកាន់តែប្រសើរឡើង នៅពេលខ្លះដែរឬទេ? សូម ពន្យល់។ ឥឡូវនេះ សូមអានខគម្ពីរភីលីព ២៖៩។ តើខនេះបានជួយអោយយើងយល់អំពីមូលហេតុ ដែលយើងត្រូវតែថ្វាយខ្លួនយើងទាំងស្រុងដល់ព្រះ និងដល់ផែនការរបស់ទ្រង់សម្រាប់យើងនោះដោយ របៀបណា?

ថ្ងៃច័ន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២

យើងត្រូវតែ «ស្លាប់» ជាមុនសិន

មនុស្សជាច្រើនបានប្រាថ្នាចង់ដឹងអំពីផែនការរបស់ព្រះសម្រាប់ជីវិតរបស់ពួកគេ។ ពួកគេបាន និយាយថា «បើសិនជាខ្ញុំបានដឹងអំពីផែនការរបស់ព្រះនោះ ខ្ញុំនឹងលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីទ្រង់»។ ប៉ុន្តែ យើងប្រហែលនៅតែយល់ច្រឡំអំពីផែនការរបស់ព្រះដដែល បន្ទាប់ពីយើងបានបង្កើតសេចក្តីសន្យា នេះ។ ខគម្ពីររ៉ូម ១២៖១, ២ បានបកស្រាយអំពីមូលហេតុនេះ។ តាមរយៈខទាំងនេះ ព្រះបានបណ្តាល អោយលោកប៉ុលមានប្រសាសន៍អំពីរបៀបដែលយើងអាចដឹងអំពីផែនការរបស់ព្រះបាន។ លោកប៉ុល បានមានប្រសាសន៍ថា ប្រសិនបើលោកអ្នកចង់ដឹងអំពីផែនការរបស់ព្រះនោះ លោកអ្នកត្រូវតែថ្វាយអ្វីៗ គ្រប់យ៉ាងដល់ទ្រង់ជាមុនសិន។

សូមអានខគម្ពីររ៉ូម ១២៖១, ២។ ក្នុងខទាំងនេះ ព្រះបានបណ្តាលអោយប៉ុលមានប្រសាសន៍ ថា «លោកអ្នកនឹងដឹងអំពីអ្វីដែលព្រះចង់អោយលោកអ្នកធ្វើ (រ៉ូម ១២៖២) នៅពេលដែល៖

១. លោកអ្នកបានយល់អំពី «សេចក្តីមេត្តានៃព្រះ» (រ៉ូម ១២៖១)។
២. លោកអ្នកបានថ្វាយរូបកាយរបស់លោកអ្នកទុកជាយញ្ញបូជារស់ដល់ព្រះ (រ៉ូម ១២៖១)។
៣. ការគិតរបស់លោកអ្នកបានផ្លាស់ប្តូរទាំងស្រុង (រ៉ូម ១២៖២)។

កាលណាការគិតរបស់លោកអ្នកបានផ្លាស់ប្តូរទាំងស្រុងនោះ លោកអ្នកនឹងអាចយល់បានអំពី ផែនការរបស់ព្រះសម្រាប់ជីវិតរបស់លោកអ្នក។ ប៉ុន្តែ លោកអ្នកត្រូវតែស្លាប់ខាងឯសាច់ឈាមជាមុនសិន។ ទន្ទឹមគ្នានេះដែរ ការដែលព្រះយេស៊ូវបានរងទុក្ខជំនួសយើងនោះ មិនទាន់គ្រប់គ្រាន់នៅឡើយ ទេ។ ទ្រង់ចាំបាច់ត្រូវតែសុគត។

ចូរទូលសូមអោយព្រះវិញ្ញាណបរិសុទ្ធបង្ហាញលោកអ្នកអំពីផ្នែកនៃខ្លួនលោកអ្នកដែលមិនទាន់ «ស្លាប់» ទាំងស្រុងនៅឡើយ។​ តើលោកអ្នកត្រូវលះបង់អ្វីខ្លះ ដើម្បីអោយព្រះវិញ្ញាណបរិសុទ្ធអាចជួយអោយលោកអ្នកក្លាយទៅជា «យញ្ញបូជារស់» សម្រាប់ព្រះនោះ?

--------------------------------------------------------

នៅពេលដែលសាច់ឈាមមិនទាន់ស្លាប់ទាំងស្រុងនៅឡើយនោះ ព្រះបានបណ្តោយអោយ បទពិសោធន៍ ការសាកល្បង និងការរងទុក្ខបង្ហាញយើងអំពីអំពើបាបរបស់យើងបន្តទៅទៀត។ ការរងទុក្ខក៏អាចជួយអោយយើងយល់អំពីមូលហេតុដែលព្រះយេស៊ូវបានថ្វាយព្រះអង្គទ្រង់ជំនួសយើងផងដែរ។ អ្នកស្រីអេលីសាបែត អ៊ីលីយ៉ូត (Elisabeth Elliot) បានសរសេរថា «នៅពេលដែលយើងថ្វាយអ្វីៗគ្រប់ យ៉ាងដែលយើងចង់បានជាទីបំផុតដល់ព្រះនោះ យើងនឹងចាប់ផ្តើមយល់អំពីឈើឆ្កាង។ . . . បទពិសោធន៍ នៃការស្លាប់ខាងឯសាច់ឈាមរបស់យើងមិនសូវឈឺចាប់ដូចជាការសុគតនៃព្រះអង្គសង្គ្រោះរបស់យើង នោះឡើយ។ ប៉ុន្តែ ការរងទុក្ខរបស់យើងបានផ្តល់ឱកាសអោយយើងបានដឹងអំពីព្រះយេស៊ូវ។ ការរងទុក្ខ របស់យើងគឺជាការត្រាស់ហៅមួយមកពីព្រះយេស៊ូវ។ ព្រះយេស៊ូវបានត្រាស់ហៅយើងអោយប្រកបជាមួយនឹងទ្រង់»។ ដកស្រង់ពី Elisabeth Elliot, Quest for Love (Grand Rapids, MI: Fleming H. revell, 1996), page 182, adapted។

សូមអធិស្ឋាន និងអានខគម្ពីររ៉ូម ១២៖១, ២​ ម្តងទៀត។ សូមគិតអំពីរបស់ដែលលោកអ្នកត្រូវ តែលះបង់ ដើម្បីអោយលោកអ្នកអាចក្លាយទៅជាយញ្ញបូជារស់ដល់ព្រះ។ តើខគម្ពីររ៉ូម ១២៖១, ២ បាន ជួយអោយលោកអ្នកយល់អំពីការរងទុក្ខរបស់ព្រះយេស៊ូវជំនួសលោកអ្នកនៅលើឈើឆ្កាងនោះដោយ របៀបណា? តើចំណេះដឹងនេះអាចជួយអោយលោកអ្នកចូលក្នុងសេចក្តីប្រកបជាមួយនឹងព្រះយេស៊ូវ ហើយនិងការរងទុក្ខរបស់ទ្រង់នោះដោយរបៀបណាដែរ?

ថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២

ការយកចិត្តទុកដាក់ចំពោះព្រះ

«លំដាប់​នោះ ព្រះយេហូវ៉ា​ទ្រង់​យាង​មក​ឈរ ហៅ​ដូច​ជា​ជាន់​មុន​ថា សាំយូអែល នែ​សាំយូអែល​ អើយ នោះ​សាំយូអែល​ទូល​ឆ្លើយ​ថា សូម​ទ្រង់​មាន​ព្រះបន្ទូល​មក​ចុះ ដ្បិត​ទូលបង្គំ ជា​អ្នក​បំរើ​ទ្រង់​ប្រុង​ស្តាប់​ ហើយ» (សាំយូអែលទី១ ៣៖១០)។

តើព្រះវិញ្ញាណបរិសុទ្ធធ្លាប់មានបន្ទូលមកកាន់លោកអ្នក ប៉ុន្តែ លោកអ្នកបានបដិសេដទ្រង់ដែរ ឬទេ? បន្ទាប់មក អ្វីៗគ្រប់យ៉ាងបានដំណើរការទៅយ៉ាងរអាក់រអួល មែនទេ? ក្រោយមកទៀត លោកអ្នក អាចនឹងគិតថា «អ៎ូ​ ហេតុអ្វីបានជាខ្ញុំមិនយកចិត្តទុកដាក់ចំពោះទ្រង់យ៉ាងដូច្នេះ?»។

បទគម្ពីរសាំយូអែលទី១ បានពិពណ៌នាអំពីបុរសចំណាស់ម្នាក់ ដែលមានកូនប្រុសខូចៗ២នាក់ ហើយនិងក្មេងប្រុសតូចម្នាក់ទៀត។ កូនទាំង២របស់បុរសចំណាស់ម្នាក់នេះមិនបានយកចិត្តទុកដាក់ចំពោះ ព្រះនោះទេ។ ប៉ុន្តែ ក្មេងប្រុសតូចម្នាក់ទៀតបានយកចិត្តទុកដាក់ចំពោះព្រះ។ ព្រះបានព្រមានដល់កូនប្រុសទាំង២នាក់របស់គាត់អោយឈប់ធ្វើការអាក្រក់។ ប៉ុន្តែ ពួកគេមិនបានផ្លាស់ប្តូរឡើយ។

សូមអានរឿងអំពីកូនប្រុសទាំង២នៅក្នុងខគម្ពីរសាំយូអែលទី១ ២៖១២-៣៖១៨។ សូមប្រៀប ធៀបកូនប្រុសទាំង២ជាមួយនឹងក្មេងប្រុសតូចម្នាក់ទៀតដែលបានយកចិត្តទុកដាក់ចំពោះព្រះ។​ តើពួកគេ ខុសគ្នាយ៉ាងដូចម្តេច?

--------------------------------------------------------

ពួកកូនប្រុសរបស់លោកអេលីមិនបានខ្វល់អំពីការបម្រើព្រះនោះទេ។ ពួកគេមានផែនការរៀងៗ ខ្លួន។ នៅពេលដែលលោកអេលីដឹងអំពីបំណងព្រះហឫទ័យរបស់ព្រះនោះ គាត់បាននិយាយជាមួយនឹង ពួកកូនប្រុសរបស់គាត់។ ប៉ុន្តែ លោកអេលីមិនបានធ្វើអ្វីទៀត ដើម្បីព្រមានពួកគេនោះឡើយ។ ពួកកូនប្រុសរបស់គាត់មិនបានត្រៀមខ្លួនជាស្រេចក្នុងការថ្វាយជីវិតរបស់ពួកគេដល់ព្រះ និងដល់ផែនការរបស់ ទ្រង់សម្រាប់ជីវិតរបស់ពួកគេទាំងស្រុងនោះទេ។ ក្មេងប្រុសសាំយូអែលមានលក្ខណៈខុសគ្នាពីពួកកូនៗ កំហូចទាំងនេះ។

លោកឆាល ស្ទេនលី (Charles Stanley) ដែលជាអ្នកអធិប្បាយម្នាក់ បាននិយាយថា ការយក ចិត្តទុកដាក់ចំពោះព្រះបន្ទូលរបស់ព្រះគឺជារឿងដ៏សំខាន់មួយ។ លោកស្ទេនលីបានបន្ថែមទៀតថា៖ «ព្រះ-វិញ្ញាណបរិសុទ្ធ . . . . មិនត្រឹមតែបានចែករំលែកព័ត៌មានជាមួយនឹងយើងនោះទេ។ ទ្រង់ថែមទាំងបានមានបន្ទូលមកកាន់យើង ដើម្បីអោយយើងឆ្លើយតបទៅវិញទៀតផង។ ព្រះវិញ្ញាណបរិសុទ្ធបានជ្រាបថា នៅពេលណាដែលការយកចិត្តទុកដាក់របស់យើងផ្តោតទៅលើផែនការរបស់យើង។ នៅពេលដែលយើង ខ្វល់ខ្វាយតែអំពីអ្វីដែលយើងចង់បាននោះ យើងមិនអាចផ្ចង់អារម្មណ៍ចំពោះអ្វីដែលព្រះបានមានបន្ទូល នោះឡើយ។​ ទ្រង់កំពុងតែរង់ចាំយើងអោយផ្ទៀងស្តាប់ទ្រង់។ បន្ទាប់មក យើងនឹងត្រៀមខ្លួនជាស្រេច ដើម្បីគោរពតាមទ្រង់»។ ដកស្រង់ពី Charles Stanley, The Wonderful Spirit-Filled Life (Nashville, TN: Thomas Nelson Publishers, 1992), pages 179, 180, adapted។

តើលោកអ្នកសុខចិត្តស្តាប់ និងគោរពតាមព្រះប៉ុនណាដែរ? តើអ្វីខ្លះ ដែលរារាំងលោកមិនអោយ គោរពតាមទ្រង់? តើលោកអ្នកត្រូវការធ្វើអ្វីខ្លះ នៅក្នុងជីវិតរបស់លោកអ្នក ដើម្បីជួយអោយលោកអ្នកកាន់ តែសុខចិត្តគោរពតាមទ្រង់នោះ?

ថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២

ការជឿទុកចិត្តលើខ្លួ​នឯងជាជាងជឿទុកចិត្តទៅលើព្រះ

នៅពេលដែលនាងអេវ៉ាធ្វើបាបនៅក្នុងសួនច្បារអេដែននោះ នាងបានសង្ស័យទៅលើព្រះ។ ប៉ុន្តែ អំពើបាបរបស់នាងលើសពីការសង្ស័យទៅទៀត។ នាងអេវ៉ាបានជឿថា នាងមានប្រាជ្ញាគ្រប់គ្រាន់ ល្មមអោយនាងអាចសម្រេចចិត្តដោយខ្លួនឯងបាននូវអ្វីដែលល្អសម្រាប់នាង។ នាងបានជឿទុកចិត្តទៅ លើប្រាជ្ញារបស់នាង។ នៅពេលដែលយើងជឿទុកចិត្តទៅលើប្រាជ្ញាខ្លួនឯងនោះជាជាងជឿទុកចិត្តទៅលើព្រះនោះ យើងបានធ្វើអោយខ្លួនយើងមានបញ្ហាហើយ។

រឿងអំពីស្តេចសូលបានបង្ហាញយើងអំពីកំហុសដែលស្តេចសូលបានធ្វើ នៅពេលដែលទ្រង់ជឿទុកចិត្តទៅលើខ្លួនឯង។ យើងបានឃើញគ្រោះមហន្តរាយតែងតែកើតឡើង នៅពេលដែលជឿទុកចិត្ត លើខ្លួន​ឯង។ លោកសាំយូអែលបានចាក់ប្រេងតាំងស្តេចសូល ដើម្បីបង្ហាញថា ព្រះបានជ្រើសរើសទ្រង់ អោយធ្វើជាស្តេច (សាំយូអែលទី១ ១០៖១)។ បន្ទាប់មក លោកសាំយូអែលបានផ្តល់ដំបូន្មាន និងក្បួនច្បាប់សំខាន់ៗមួយចំនួនអោយស្តេចសូលអនុវត្តតាម (សាំយូអែលទី១ ១០៖៨)។ ប៉ុន្តែ ស្តេចសូលមិន បានគោរពតាមឡើយ។

សូមអានផ្នែកបន្ទាប់នៃរឿងនេះនៅក្នុងខគម្ពីរសាំយូអែលទី១ ១៣៖១-១៤។ តើស្តេចសូល បានធ្វើអ្វីខ្លះ ដែលនាំទៅរកទីបញ្ចប់ដ៏អាក្រក់របស់គាត់នោះ?

--------------------------------------------------------

ស្តេចសូលបានធ្វើរឿង៣យ៉ាង ដែលបណ្តាលអោយទ្រង់ពឹងផ្នែកលើខ្លួនឯងភ្លាមៗ បន្ទាប់ទ្រង់ បានក្លាយទៅជាស្តេច។ បញ្ហានោះគឺមិនមែនដោយសារតែរឿងទាំង៣យ៉ាងនេះអាក្រក់ដោយខ្លួនវានោះ ទេ។ ប៉ុន្តែ រឿងនីមួយៗបានបង្ហាញយើងថា ស្តេចសូលបានសម្រេចចិត្តធ្វើ ដោយមិនសូមអនុញ្ញាតមក ពីព្រះ។ សូមក្រឡេកមើលនូវអ្វីដែលបានកើតឡើង។

១. ស្តេចសូលបានមានបន្ទូលថា «ខ្ញុំ​ឃើញ​ថា» (សាំយូអែលទី១ ១៣៖១១)។ ស្តេចសូលឃើញ ថា​ ពួកបណ្តាទ័ពបានរត់ខ្ចាត់ខ្ចាយចេញទៅ។ ស្តេចសូលក៏ឃើញថា លោកសាំយូអែលមិននៅទីនោះ ដើម្បីជួយដល់គាត់នោះដែរ (សាំយូអែលទី១ ១៣៖១១)។ ស្តេចសូលមានអារម្មណ៍ថា ខ្លួនមានសម្ពាធ ជាខ្លាំង។ ម្ល៉ោះហើយ ទ្រង់បានវិនិច្ឆ័យនូវអ្វីដែលកំពុងតែកើតឡើងជាមួយនឹងព្រះនេត្ររបស់ទ្រង់ផ្តល់ ដោយមិនរង់ចាំព្រះនោះឡើយ។

២. បន្ទាប់មក ស្តេចសូលបានមានបន្ទូលថា «ខ្ញុំនឹកថា» (សាំយូអែលទី១ ១៣៖១២)។ ស្តេច សូលបានប្រកាសថា ពួកសាសន៍ភីលីស្ទីនច្បាស់ជាឈ្នះកងទ័ពនៃសាសន៍អ៊ីស្រាអែលហើយ។ អ្វីដែល ស្តេចសូលបានឃើញដោយព្រះនេត្ររបស់ទ្រង់នោះ បានធ្វើអោយទ្រង់យល់ខុសអំពីហេតុការណ៍ដែល កំពុងតែកើតឡើង។

៣. ទីបំផុត ស្តេចសូលបានមានបន្ទូលថា «ខ្ញុំបានបង្ខំខ្លួន» (សាំយូអែលទី១ ១៣៖១២)។ ស្តេច សូលបានបង្ខំខ្លួនថ្វាយតង្វាយដល់ព្រះ (សាំយូអែលទី១ ១៣៖១២)។ នៅត្រង់នេះ យើងបានឃើញថា គំនិតរបស់ស្តេចសូលបានបណ្តាលអោយអារម្មណ៍របស់ទ្រង់កាន់តែភ័យទៅៗ។

យើងទាំងអស់គ្នាសុទ្ធតែមានបទពិសោធន៍ដូចជាស្តេចសូលយ៉ាងដូច្នេះដែរ។ យើងបានពឹងផ្អែកទៅលើអ្វីដែលយើងបានឃើញ។ ការដែលយើងបានឃើញនោះបាននាំអោយយើងពឹងផ្អែកទៅលើ គំនិតនៃមនុស្សលោករបស់យើង។ ហើយពឹងផ្អែកទៅលើគំនិតនៃមនុស្សលោកនេះទៀតសោត ក៏បាននាំអោយយើងពឹងផ្អែកទៅលើអារម្មណ៍នៃមនុស្សលោករបស់យើងផងដែរ។ បន្ទាប់មក យើងបានអនុវត្ត ទៅតាមអារម្មណ៍ទាំងនោះ។

តើលោកអ្នកគិតថា ហេតុអ្វីបានជាការដែលស្តេចសូលធ្វើតាមគំនិតរបស់ទ្រង់នោះ គឺជារឿង ងាយជាជាងធ្វើតាមសេចក្តីបង្គាប់របស់ព្រះយ៉ាងដូច្នេះ? បើសិនជាយើងបានដឹងថា យើងជាមនុស្សលោក ដ៏ខ្សោយទៅហើយ ហេតុអ្វីបានជាយើងនៅតែជឿទុកចិត្តលើខ្លួនយើងយ៉ាងដូច្នេះ? តើយើងអាចធ្វើអ្វីខ្លះ ដើម្បីរៀនជឿទុកចិត្តទៅលើសេចក្តីបង្គាប់របស់ព្រះជាជាងជឿទៅលើគំនិត និងអារម្មណ៍របស់យើងនោះ?

ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២

របស់ជំនួស

យើងបានឃើញកាលពីម្សិលមិញរួចមកហើយថា យើងមិនត្រូវពឹងផ្អែកលើប្រាជ្ញា និងកម្លាំង របស់យើងនោះឡើយ។​ ផ្ទុយទៅវិញ យើងត្រូវតែពឹងផ្អែកទៅលើព្រះប្រាជ្ញាញ្ញាណ និងអំណាចរបស់ព្រះ។​ យើងក៏មិនត្រូវពឹងផ្អែកទៅលើរបស់ជំនួសព្រះនោះដែរ។​ នៅពេលដែលអ្នកណាម្នាក់មិនសប្បាយចិត្ត ពួកគេតែងតែទៅទិញរបស់របរ ដើម្បីធ្វើអោយពួកគេសប្បាយចិត្តឡើងវិញ។ នៅពេលដែលអ្នកណាម្នាក់ មានអារម្មណ៍ថា ពួកគេគ្មានតម្លៃនោះ ពួកគេតែងតែខំប្រឹងប្រែង ដើម្បីអោយពួកគេមានកេរ្តិ៍ឈ្មោះ។ នៅ ពេលដែលប្តីប្រពន្ធមានបញ្ហានៅក្នុងអាពាហ៍ពិពាហ៍របស់ពួកគេនោះ ពួកគេតែងតែស្វែងរករបស់ជំនួស ដើម្បីធ្វើអោយពួកគេមានអារម្មណ៍រំភើប និងកក់ក្តៅ។

យើងអាចប្រើរបស់ជាច្រើន ដើម្បីជួយអោយយើងកាត់បន្ថយអារម្មណ៍តានតឹង និងជួយអោយ យើងបានប្រសើរឡើង។ ប៉ុន្តែ ជាទូទៅ របស់ទាំងនេះមិនបានដោះស្រាយបញ្ហារបស់យើងនោះទេ។ របស់ ទាំងនេះក៏មិនបានបង្រៀនអោយយើងដោះស្រាយភាពតានតឹងដែលនឹងត្រូវមកបន្ទាប់ទៀតនោះដែរ។ បញ្ហាគឺថា យើងតែងតែពឹងផ្អែកទៅលើរបស់ជំនួសជាជាងពឹងផ្អែកទៅលើព្រះអង្គផ្ទាល់។

មនុស្សតែងតែជំនួសព្រះជាមួយនឹងរបស់ទាំង៣យ៉ាងនេះ៖

១. ការគិតរបស់មនុស្សលោក។ យើងអាចនឹងពឹងផ្អែកទៅលើការគិតរបស់មនុស្សលោក នៅ ពេលដែលយើងត្រូវការព្រះប្រាជ្ញាញ្ញាណរបស់ព្រះ។

២. ការមិនយកចិត្តទុកដាក់។ យើងអាចនឹងជ្រើសរើសមិនយកចិត្តទុកដាក់ចំពោះបញ្ហារបស់ យើង ព្រមទាំងមិនខ្វល់ខ្វាយអំពីបញ្ហាទាំងនោះផងដែរ។ អ្វីដែលយើងត្រូវការពិតប្រាកដនោះ គឺទូលសូម ជំនួយមកពីទ្រង់ ដើម្បីដោះស្រាយបញ្ហារបស់យើង។

៣. ការគេចចេញពីព្រះ។ យើងក៏អាចនឹងជ្រើសរើសរត់គេចពីបញ្ហារបស់យើង និងរត់គេចពី ព្រះផងដែរ។ អ្វីដែលយើងត្រូវធ្វើនោះ គឺនិយាយជាមួយនឹងព្រះ ហើយទូលសូមអំណាចរបស់ទ្រង់។

លោកសាការីបានជួយអោយយើងយល់អំពីអ្វីដែលយើងត្រូវធ្វើ នៅពេលដែលសាតាំងបានព្យាយាមល្បួងយើងអោយយករបស់ទាំងនេះជំនួសព្រះ។ បន្ទាប់ពីឃ្លាតចេញពីស្រុកកំណើតអស់រយៈពេលជាច្រើនឆ្នាំរួចមក ពួកសាសន៍យូដាបានចាកចេញពីស្រុកបាប៊ីឡូន ព្រមទាំងបានចាប់ផ្តើមសាងសង់ រោងឧបោសថនៅឯទឹកដីកំណើតរបស់ពួកគេផងដែរ។ ប៉ុន្តែ ពួកខ្មាំងសត្រូវបានព្យាយាមរារាំងមិនអោយ ពួកសាសន៍យូដាសាងសង់រោងឧបោសថនោះឡើយ (លោកអ្នកអាចអានបន្ថែមទៀត អំពីបទពិសោធន៍ របស់ពួកគេនៅក្នុងបទគម្ពីរអេសរ៉ា ៤-៦)។ ម្ល៉ោះហើយ លោកសាការីបានសរសេរសារលើកទឹកចិត្តមួយ ច្បាប់ជូនដល់លោកសូរ៉ូបាបិល ដែលអ្នកគ្រប់គ្រងលើការងារសាងសង់នេះ។​

សូមអានសាររបស់លោកសាការីនៅក្នុងបទគម្ពីរសាការី ៤។ តើព្រះចង់បង្ហាញយើងអំពីអ្វី នៅក្នុងខគម្ពីរសាការី ៤៖៦? តើព្រះវិញ្ញាណបរិសុទ្ធត្រូវធ្វើកិច្ចការអ្វីខ្លះ ជាមួយនឹងការសាងសង់រោង ឧបោសថសាជាថ្មីនេះ? តើចម្លើយនេះបានបង្រៀនយើងយ៉ាងដូចម្តេច អំពីទំនាក់ទំនងរវាងព្រះវិញ្ញាណបរិសុទ្ធ និងកិច្ចការគ្រប់យ៉ាងដែលយើងធ្វើនៅក្នុងជីវិតនោះ?

--------------------------------------------------------

ព្រះមិនបានបញ្ឈប់បញ្ហាដែលរាស្ត្ររបស់ទ្រង់ត្រូវជួប ខណៈពេលដែលពួកគេសាងសង់រោង ឧបោសថនោះឡើយ។ ព្រះមិនបានដកហូតភាពតានតឹងចេញពីលោកសូរ៉ូបាបិលនោះទេ។ ព្រះនឹងមិន ដកយើងចេញពីសេចក្តីវេទនានោះឡើយ។ ប៉ុន្តែ នៅពេលដែលសេចក្តីវេទនា និងបញ្ហាមកដល់នោះ ព្រះ អាចនឹងប្រើបញ្ហាទាំងនេះ ដើម្បីបង្រៀនយើងអោយជឿទុកចិត្តទៅលើទ្រង់។

ថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២

សិក្សាបន្ថែម

សូមអាន Ellen G. White, “Eli and His Sons,” pages 575-580, and “The Presumption of Saul,” pages 616-626, in Patriarchs and Prophets។

«លោកអេលីបានអាក់ខានបំពេញកាតព្វកិច្ចរបស់គាត់ជាឪពុក។ គាត់បានបរាជ័យក្នុងការដាក់ ទោសកូនៗរបស់គាត់ចំពោះអំពើបាបរបស់ពួកគេ។ ឪពុកម្តាយគ្រប់គ្នានៅក្នុងទឹកដីបានមើលឃើញកំហុស របស់លោកអេលីក្នុងនាមជាអាណាព្យាបាល។ លោកអេលីបានបណ្តោយអោយពួកកូនប្រុសរបស់គាត់ ធ្វើតាមចិត្ត ហើយគាត់ក៏បានបដិសេធមិនព្រមដាក់ទោសពួកគេផងដែរ។ ម្ល៉ោះហើយ ពួកកូនប្រុសរបស់ លោកអេលីបានក្លាយទៅជាមនុស្សអាក្រក់ជាទីបំផុត។ ទាំងលោកអេលី និងពួកកូនប្រុសរបស់គាត់សុទ្ធតែ មានកំហុសចំពោះព្រះនេត្ររបស់ព្រះ។ លោកអេលីបានមានកំហុស ដោយសារតែគាត់មិនបានដាក់ទោស ពួកកូនប្រុសរបស់គាត់ចំពោះទង្វើអាក្រក់របស់ពួកគេ។ ពួកកូនប្រុសរបស់គាត់មានកំហុស ដោយសារ តែពួកគេបានធ្វើបាប ហើយមិនបានសារភាពសេចក្តីអាក្រក់ដែលពួកគេបានធ្វើនោះទេ។ ដូច្នេះ ព្រះបាន បដិសេធមិនទទួលយកតង្វាយណាមួយ ដែលពួកគេបានថ្វាយដល់ទ្រង់ជំនួសអំពើបាបរបស់ពួកគេនោះ ឡើយ»។ ដកស្រង់ពី Ellen G. White, Child Guidance, page 276, adapted។

សំនួរពិភាក្សា៖
  1. សូមពិភាក្សានៅក្នុងថ្នាក់ អំពីទំហំដែលព្រះយេស៊ូវបានលះបង់ក្នុងការយាងមកកាន់ផែនដីនេះ ក្នុង សភាពមនុស្សលោកម្នាក់ ព្រមទាំងបានសុគតជំនួសអំពើបាបរបស់យើងផងដែរ។ តើព្រះយេស៊ូវនៅលើ ឈើឆ្កាងបានបង្ហាញអ្វីខ្លះដល់យើង អំពីតម្រូវការនៃការលះបង់អ្វីៗ ដើម្បីសង្គ្រោះអ្នកដទៃនោះ? ជាការ ពិតណាស់ យើងមិនអាចធ្វើនូវអ្វីដែលព្រះយេស៊ូវធ្វើបានឡើយ។ ប៉ុន្តែ យើងត្រូវតែចងចាំក្បួនច្បាប់នៃឈើឆ្កាងដ៏សំខាន់នេះជានិច្ច។ តើយើងអាចធ្វើតាមសេចក្តីស្រឡាញ់ដែលព្រះយេស៊ូវបានបង្ហាញយើង នៅលើឈើឆ្កាងនេះតាមរបៀបណាខ្លះ? តើយើងអាចបង្ហាញសេចក្តីស្រឡាញ់នេះទៅកាន់អ្នកដទៃបាន ដោយរបៀបណា?

  2. មនុស្សជាច្រើនបានភ័យខ្លាចនូវអ្វីដែលនឹងត្រូវកើតឡើង បើសិនជាពួកគេមិនបានថ្វាយជីវិតរបស់ពួកគេដល់ព្រះទាំងស្រុង។ តើលោកអ្នកអាចផ្តល់ដំបូន្មានអ្វីខ្លះ ដល់អ្នកដែលពឹងផ្អែកលើខ្លួនគេ តែមិន បានពឹងផ្អែកទៅលើព្រះនោះ? តើលោកអ្នកអាចនិយាយអ្វីខ្លះ ដើម្បីជួយដកហូតសេចក្តីភ័យខ្លាចពីអ្នកណាម្នាក់ដែលបានភ័យខ្លាច ដោយសារតែគេមិនបានដឹងអំពីអនាគតនោះ?

រឿងខ្លី

ឪពុកបានទទួលបុណ្យជ្រមុជទឹក

ទីបំផុត ថ្ងៃជ្រមុជទឹករបស់ឪពុកបានមកដល់ គាត់បានមកដល់ព្រះវិហារសេវេនដាយអាត់វេន-ទីស្ទក្រុងម៉ាណូស ដែលជាព្រះវិហារដ៏ធំមួយ ដែលបានរៀបចំពិធីបុណ្យជ្រមុជទឹកនៅឯទីក្រុងម៉ាណូសនៃ ប្រទេសប្រេស៊ីល។ មនុស្សប្រហែល៤០០នាក់បានអង្គុយនៅក្នុងទីបរិសុទ្ធ។ គ្រូគង្វាល សឺជីអូ អាឡាន់ អេ ខាសេតា (Sergio Alan A. Caxeta) ដែលជាប្រធានខនហ្វឺរិនអាម៉ាស្សូនកណ្តាលនៃព្រះវិហារអាត់វេនទីស្ទ និងជាប្រធានភូមិភាគនៃទីក្រុងម៉ាណូសផងដែរ គាត់បានសូមសួរនាំអំពីអារម្មណ៍របស់ ម្តាយ ខណៈពេលដែលនាង និងជូនាកំពុងតែអង្គុយនៅនឹងកៅអីជួរខាងមុខ។ ម្តាយបាននិយាយទាំង ញញឹមថា «ពួកយើងមានអារម្មណ៍ត្រេកអរណាស់»។

គ្រូគង្វាលមានអារម្មណ៍មិនស្រួលទាល់តែសោះ រហូតដល់ថ្ងៃរសៀល។ នៅពេលនោះ គាត់ បានអធិស្ឋានថា «ឱព្រះអម្ចាស់អើយ សូមជួយទូលបង្គំផង ដ្បិតទូលបង្គំគ្មានអំណាចអ្វីឡើយ ដូច្នេះហើយ​ ទូលបង្គំចង់បានសេចក្តីសុខសាន្តរបស់ទ្រង់ ដើម្បីអោយទូលបង្គំដឹងច្បាស់ថា អំណាចរបស់ទ្រង់សណ្ឋិត នៅទីនេះ នៅពេលដែលទូលបង្គំជ្រមុជទឹកអោយលោកអេថ្វាដូ»។ បន្ទាប់ពីបានអធិស្ឋានរួចមក មាន សង្ស័យទាំងអស់បានបាត់អស់ទៅ។ លោករីខាដូ ខូអេលហូ (Ricardo Coelho) ដែលជាគ្រូគង្វាលនៃ ព្រះវិហារបម្រើសហគមន៍អាល់ហ្វា បាននាំឪពុកឡើងមកជាន់ទី២ ដែលជាកៅអីរៀបជាស្រេចសម្រាប់សមាជិក៣០០នាក់។ ឪពុក បានស្វាគមន៍នាងឌីលម៉ា អារ៉ាហូស ដូស សាន់តូស (Dilma Araujos dos Santos) និងលោកឃ្លីហ្វឺសិន (Clifferson) ដែលជាកូនរបស់នាង ដែលបានណែនាំក្រុមគ្រួសាររបស់លោកអេថ្វាដូមកកាន់ព្រះវិហារអាត់វេនទីស្ទដំបូងគេបង្អស់។ បន្ទាប់មក គ្រូគង្វាលរីខាដូបានសុំអោយឪពុកចុះទៅជាន់ក្រោមវិញ ដើម្បី ស្លៀកពាក់រ៉ូបជ្រមុជទឹក។

ខណៈដែលឪពុកកំពុងតែដើរចុះជណ្តើរនោះ សម្រាប់តែមានបុរសម្នាក់រត់ចេញមករកគាត់។ ឪពុកបានងាកទៅមើលបុរសម្នាក់នោះ ហើយនៅពេលដែលភ្នែកសម្លឹងចំគ្នាទៅវិញទៅមកនោះ ប្រស្រី ភ្នែករបស់បុរសម្នាក់នោះបានលឹបឡើងទៅលើ សល់តែភ្នែកសស្លែត។ បន្ទាប់មក បុរសនោះបានដួលចុះ នៅនឹងជណ្តើរ។ បុរសនោះបានស្រែកឡើងថា «មានគេបញ្ជាអោយអញសម្លាប់វា!»។ បុរសម្នាក់នោះបានលាក់កាំបិតតូចមួយនៅក្នុងហោប៉ៅ កំាំបិតនោះគឺជាប្រភេទកាំបិតដែលឪពុកធ្លាប់ប្រើ ដើម្បីសម្លាប់សត្វ នៅឯវត្ត។ ប៉ុន្តែ មុនពេលដែលបុរសម្នាក់នោះដកកាំបិតនោះចេញមក គ្រូគង្វាលរីខាដូ និងមនុស្សប៉ុន្មាន នាក់ទៀតបានព័ទ្ធចាប់គាត់ នាំទៅឯបន្ទប់ខាងក្រោយ ទើបបានដឹងថា គាត់មានកាំបិត។

មួយសន្ទុះក្រោយមក ឪពុកបានចូលទៅក្នុងអាងជ្រមុជទឹក។ ពួកជំនុំអាល់ហ្វាបានច្រៀង ច​ម្រៀងឡើងនៅឯជាន់ទី២ ខណៈពេលដែលគាត់កំពុងតែជ្រមុជទៅក្នុងទឹក។ បន្ទាប់មក គ្រូគង្វាលរីខាដូ បានប្រកាសប្រាប់ភ្ញៀវកិត្តិយសអំពីការប៉ុនប៉ងសម្លាប់ រួចបានហៅលោកលូអ៊ីស (Luiz) ដែលជាគ្រូពេទ្យ អោយឡើងមកនិយាយ។ លោកលូអ៊ីស ដែលបានពិនិត្យអ្នកវាយប្រហារនៅឯបន្ទប់ខាងក្រោយនោះ គឺ ជាភ្ញៀវដែលតែងតែចូលព្រះវិហារ ប៉ុន្តែ គាត់មិនដែលថ្វាយជីវិតរបស់គាត់ដល់ព្រះយេស៊ូវនោះឡើយ។ លោកលូអ៊ីសបាននិយាយទាំងញ័រថា «ខ្ញុំមិនដែលយល់អំពីមហាវិវាទរវាងព្រះគ្រីស្ទ និងសាតាំងពីមុន មកនោះទេ រហូតមកដល់ថ្ងៃនេះ ទើបខ្ញុំបានឃើញសង្គ្រាមនេះ សូមសរសើរតម្កើងព្រះអម្ចាស់ដែលរឿងអាក្រក់មិនបានកើតឡើង នេះច្បាស់ជាអំណាចរបស់ព្រះមែនហើយ»។ គាត់បានយំ រួចនិយាយថា «ក្នុងនាមខ្ញុំជាគ្រូពេទ្យឯកទេសជំងឺបេះដូង ខ្ញុំបានពិនិត្យមើលជីពចររបស់អ្នកវាយប្រហារម្នាក់នោះ ខ្ញុំមិនដែល ឃើញជីពចរខុសប្រក្រតីបែបនេះពីមុនមកនោះទេ ជីពចររបស់គាត់ដើរលឿងមែនទែន មនុស្ស ដែលមានជីពចរខ្ពស់បែបនេះមិនអាចរស់បានឡើយ»។

បទពិសោធន៍នេះបានផ្លាស់ប្តូរជីវិតរបស់លូអ៊ីស ហើយគាត់បានសម្រេចចិត្តទទួលបុណ្យជ្រមុជ ទឹក។ រីឯអ្នកវាយប្រហារដោយកាំបិតបានតយុទ្ធជាមួយនឹងការសណ្ឋិតរបស់អារក្សអស់មួយរយៈ។ ពួក វិញ្ញាណអាក្រក់បានចាកចេញពីគាត់ទៅ នៅពេលដែលគ្រូគង្វាលបង្រៀនព្រះគម្ពីរដល់គាត់ប៉ុន្មានខែក្រោយមក។ តាមរយៈពិធីបុណ្យជ្រមុជទឹករបស់ឪពុក មានព្រលឹងមនុស្ស២នាក់ដែលត្រូវបាននាំទៅឯ ព្រះយេស៊ូវ។

អំណានដង្វាយប្រចាំសប្តាហ៍

អាកប្បកិរិយានៃអ្នកថ្វាយដោយមិនរើសមុខ

យើងបានថ្វាយបង្គំព្រះជាមួយនឹងធនធានរបស់យើង ដោយសារតែយើងបានធ្វើតាមគំរូនៃព្រះរបស់យើង ដែលអ្នកប្រទានដោយមិនរើសមុខ។ នៅពេលដែលព្រះប្រទាន ទ្រង់ កម្រផ្តោតទៅលើនិស្ស័យនៃអ្នកទទួល ឬលទ្ធផលរបស់ពួកគេនោះឡើយ។ ទ្រង់ប្រទានអោយ ដោយក្តីស្រឡាញ់។ ដោយផ្អែកទៅលើអាកប្បកិរិយាបែបនេះ ទ្រង់បាន «​ធ្វើ​ឲ្យ​ថ្ងៃ​របស់​ទ្រង់​រះ​ ឡើង បំភ្លឺ​ទាំង​មនុស្ស​អាក្រក់ និង​មនុស្ស​ល្អ ហើយ​ទ្រង់​បង្អុរ​ឲ្យ​ភ្លៀង​ធ្លាក់​មក លើ​ទាំង​មនុស្ស ​សុចរិត និង​មនុស្ស​ទុច្ចរិត​ផង» (ម៉ាថាយ ៥៖៤៥)។ រីឯយើងវិញ យើងមានទំនោរក្នុងការថ្វាយ ដល់អ្វីដែលយើងមើលឃើញ ហើយនិងលទ្ធផលរបស់អ្នកណាម្នាក់ដែលយើងអាចគ្រប់គ្រង បាន។ ម្ល៉ោះហើយ សមាជិកខ្លះបានឈប់ដាក់តង្វាយ១០ហូត១ និងតង្វាយទៀតទាត់ ដោយសារ តែពួកគេមិនបានឃើញលទ្ធផលនៃការបរិច្ចាគរបស់ពួកគេដោយផ្ទាល់។ អ្នកខ្លះទៀត បានសម្រេចចិត្តគាំទ្រតែគម្រោងនៅក្នុងតំបន់របស់ពួកគេ ជាជាងគាំទ្របេសកកម្មទូទាំងពិភព លោក ដែលពួកគេមើលមិនឃើញ។ នេះមិនមែនជាអាកប្បកិរិយានៃ «អ្នកថ្វាយដោយមិន រើសមុខ» នោះឡើយ។ យើងអាចគិតឃើញថា នឹងមានអ្វីកើតឡើង នៅពេលដែលរាស្ត្ររបស់ព្រះមានអាកប្បកិរិយានៃ «អ្នកថ្វាយដោយមិនរើសមុខ» នេះ។ តើលោកអ្នកធ្លាប់បាន ឮព្រះវិហារអណ្តែតទឹក «អាម៉ាហ្សូននៃក្តីសង្ឃឹម (The Amazon of Hope)» ដែរឬទេ? ពួក យើងភាគច្រើនប្រហែលជាមិនបានដឹងអំពីព្រះវិហារនេះទេ។ មានមនុស្សតិចតួចបំផុតដែល បានទៅចូលរួមថ្វាយបង្គំនៅក្នុងព្រះវិហារទូកនេះ។ ទោះជាយ៉ាងនេះក្តី គម្រោងនេះត្រូវបាន ទំនុកបម្រុងដោយផ្នត់គំនិតនៃ «ការថ្វាយដោយមិនរើសមុខ»។ ក្នុងឆ្នាំ២០១៦ កូនៗរបស់ ព្រះទូទាំងពិភពលោកបានរួមគ្នាផ្តល់ប្រាក់ឧបត្ថម្ភ ដើម្បីគាំទ្រគម្រោងនៃថ្ងៃសប្បាតហ៍ទី ១៣ ហើយព្រះវិហារអណ្តែតទឹក «អាម៉ាហ្សូននៃក្តីសង្ឃឹម» ក៏មាននៅក្នុងគម្រោងទាំងនេះ ផងដែរ។ លទ្ធផលគួរអោយប៉ះពាល់ចិត្តជាទីបំផុត។ ១២ខែដំបូងនៃការបើកថ្វាយព្រះវិហារ នៅក្នុងឆ្នាំ២០១៧នោះ មនុស្ស២៨៦នាក់បានទទួលបុណ្យជ្រមុជទឹក ព្រមទាំងបានបង្កើត ព្រះវិហារ៣កន្លែងទៀតនៅក្នុងឆ្នាំនោះផងដែរ។ «គ្រូគង្វាល រេណូ (Reno) ដែលជាអ្នកបម្រើ ការនៅក្នុងព្រះវិហារអាម៉ាហ្សូននៃក្តីសង្ឃឹមនេះ​ បានធ្វើទីបន្ទាល់យ៉ាងដូច្នេះថា «ព្រះវិហារទូក គឺជាវិធីមួយរបស់ព្រះ ដើម្បីសង្គ្រោះមនុស្សដែលត្រូវបាននយោបាយ សេដ្ឋកិច្ច និងប្រព័ន្ធ សុខភាពបំបាត់ចោល។

ព្រះដ៏ជាគំរូបានចូលរួមនៅក្នុងបេសកកម្មជាសកលទាំងអ្នកដែលយើងបានឃើញ​ និងមិនបានឃើញ ព្រមទាំងអ្នកដែលយើងស្គាល់ និងអ្នកដែលយើងមិនបានស្គាល់ផងដែរ។ សប្តាហ៍នេះ ខណៈដែលយើងថ្វាយបង្គំជាមួយនឹងតង្វាយ១០ហូត១ និងតង្វាយទៀតទាត់ តាមសេចក្តីសន្យានោះ យើងមានឱកាសមួយទៀត ដើម្បីបង្ហាញអំពីផ្នត់គំនិតតែមួយដូចជា ព្រះរបស់យើង។

សេចក្តីអំពាវនាវ៖«តែ​ឯ​ព្រះ ទ្រង់​សំដែង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ឲ្យ​ ឃើញ​ច្បាស់ ដោយ​ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាល​ដែល​យើង​នៅ​ មាន​បាប​នៅ​ឡើយ​ផង» (រ៉ូម ៥៖៨)។

សេចក្តីអធិដ្ឋាន៖
ឱព្រះអម្ចាស់អើយ ភាពសប្បុរសជាសកល និងមិនរើសមុខរបស់ទ្រង់ចំពោះ មនុស្សជាតិ បានបំផុសបំផុលទូលបង្គំ។ សូមជួយកុំអោយទូលបង្គំក្លាយទៅជាអ្នកថ្វាយ ដោយ គ្រាន់តែយល់មុខទ្រង់នោះឡើយ។ ​

Powered by CAM