មេរៀនទី១២​៖ ១០ - ១៦ ធ្នូ ២០២២

ទស្សនៈនៃព្រះគម្ពីរអំពីជីវិត

Jeans
ថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០២២
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ លូកា ២៖៥២; កូរិនថូសទី១ ៦៖១៩, ២០; កូរិន-ថូសទី១ ២៖១២; កិច្ចការ ៨៖៤-២៤; ពេត្រុសទី២ ៣៖១៤។

ខចងចាំ៖ « សូម​ឲ្យ​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត ញែក​អ្នក​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ​សព្វ​គ្រប់ ហើយ​ឲ្យ​ទាំង ព្រលឹង​នឹង​វិញ្ញាណ ហើយ​រូប​កាយ​ទាំង​មូល​បាន​បំរុង​ទុក​ឥត​សៅហ្មង ដរាប​ដល់​ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់​នៃ​យើងទ្រង់​យាង​មក» (ថែស្សាឡូនីចទី១ ៥៖២៣)។

កណ្ឌគម្ពីរវិវរណៈបានបង្ហាញប្រាប់យើងអំពីសារនៃសង្គ្រាមពិភពលោក២យ៉ាងនៅក្នុងបទ គម្ពីរវិវរណៈ ១៣ និងវិវរណៈ ១៤។ សារទាំង២យ៉ាងនេះគឺសម្រាប់គ្រាចុងក្រោយ។ បទគម្ពីរវិវរណៈ ១៣​ បានព្រមានអំពីការកុហកជាសាកលមួយដែលមនុស្សសឹងតែទាំងអស់គ្នានៅលើផែនដីនេះនឹង ទទួលយកនូវការកុហកនេះ។​ បន្ទាប់​មក «ឯ​អស់​មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ផែនដី ដែល​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម​ដែល​ត្រូវ​គេ​សម្លាប់ តាំង​ពី​កំណើត​លោកីយ៍​មក នោះ​នឹង​ក្រាប​ថ្វាយ​បង្គំ ចំពោះ​សត្វ​នោះ» (វិវរណៈ ១៣៖៨; សូមអានខ៣, ៧, ១២, ១៦ ផងដែរ)។ បទគម្ពីរវិវរណៈ ១៤ បាន បង្ហាញយើងអំពីសារជាសាកលខាងឯសេចក្តីពិតនៃព្រះគម្ពីរ។ ព្រះបានបង្គាប់អោយអ្នកសេវេនដេយអាត់វេនទីស្ទប្រកាសនូវសារចុងក្រោយនេះ «ដល់​មនុស្ស​នៅ​ផែនដី» (វិវរណៈ​១៤៖៦, ៧)។ ក្នុងអំឡុង​ នៃ «គ្រា​លំបាក» ទាំងនេះ (ធីម៉ូថេទី២​ ៣៖១) នឹងមាន «មនុស្ស​ដែល​ពូកែ​នាំ​ឲ្យ​វង្វេង» នឹងបង្រៀន​នូវការកុហក (អេភេសូរ ៤៖១៤, គខប) ព្រមទាំងដឹកនាំមនុស្សចេញពីសេចក្តីពិតនៃព្រះគម្ពីរទៀតផង (ធីម៉ូថេទី២ ៤៖៤)។ «សាតាំងនឹងប្រើនូវការកុហក២យ៉ាងនេះ ដើម្បីនឹងបោកបញ្ឆោតមនុស្សនៅក្នុងសម័យចុងក្រោយនេះ៖ (១) ការកុហកដែលថា ព្រលឹងមិនស្លាប់ និង (២) ការថ្វាយបង្គំនៅ ថ្ងៃអាទិត្យ។ ការកុហកទី១ គឺជាការល្បួងមនុស្សអោយជឿថា មនុស្សស្លាប់អាចនិយាយមកកាន់យើងបាន។ រីឯការកុហកទី២នោះ គឺជាការធ្វើអោយមនុស្សទទួលយកនូវការបង្រៀននៃព្រះវិហារកាតូលិក នោះឯង»។ ដកស្រង់ពី Ellen G. White, The Great Controversy, page 588, adapted។

ថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២

ព្រះយេស៊ូវដែលជាគំរូរបស់យើង

សូមអានខគម្ពីរ លូកា ២៖៥២។ លោកលូកាបានប្រាប់យើងនៅក្នុងខនេះថា ព្រះយេស៊ូវបាន ធំឡើងតាមមូលដ្ឋានទាំង៤យ៉ាង កាលដែលទ្រង់នៅជាកុមារនៅឡើយ។ តើមូលដ្ឋានទាំង៤យ៉ាងនេះគឺជាអ្វីខ្លះ?

--------------------------------------------------------

មនុស្សលោកគឺជាព្រលឹងរស់។ យើងមានផ្នែកមូលដ្ឋាន៤យ៉ាង ដែលបង្ហាញប្រាប់ថា យើងជាមនុស្សលោក។ ផ្នែកទាំង៤យ៉ាងនេះគឺជា៖ (១) គំនិត (២) រូបកាយ (៣) ព្រលឹង និង (៤) ចិត្ត។ ព្រះគម្ពីរបានបង្ហាញយើងថា ផ្នែកទាំង៤យ៉ាងនេះបានចម្រើនយ៉ាងខ្លាំងនៅក្នុងព្រះយេស៊ូវ កាលដែលទ្រង់នៅជាកុមារនៅឡើយ ដោយបានសំដែងថា៖ «ព្រះយេស៊ូវ​ក៏​កាន់​តែ​ធំ ប្រកប​ដោយ​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង ហើយ​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ព្រះ និង​ចិត្ត​មនុស្ស​ផង» (លូកា ២៖៥២)។ ព្រះយេស៊ូវគឺជាមនុស្សលោកដ៏ល្អឥតខ្ចោះម្នាក់។ «គំនិតរបស់ ‘ព្រះយេស៊ូវប្រកបទៅដោយថាមពល។ ទ្រង់បានគិតអំពីអ្វីៗយ៉ាងស៊ីជម្រៅ។ ព្រះយេស៊ូវចេះគិតគូរ និងមានប្រាជ្ញា។ ទ្រង់មានប្រាជ្ញាលើសជាងក្មេងដទៃទៀតដែលនៅក្នុងវ័យរបស់ទ្រង់។​ ទន្ទឹមគ្នានេះ ព្រះយេស៊ូវក៏គ្រប់លក្ខណ៍ផងដែរ។ អារម្មណ៍ គំនិត និងឥរិយាបថរបស់ទ្រង់ ល្អប្រពៃ និងគ្រប់លក្ខណ៍។ ព្រះយេស៊ូវក៏បានធំឡើងដូចជាក្មេងដទៃទៀតផងដែរ។ ក្នុងសភាពជាកុមារ ព្រះយេស៊ូវបានបង្ហាញថា ចិត្តរបស់ទ្រង់ប្រកបទៅដោយក្តីស្រឡាញ់។​ ព្រះហស្តរបស់ទ្រង់តែងតែត្រៀមជាស្រេចក្នុងការជួយដល់អ្នកដទៃ។​ ព្រះយេស៊ូវក៏មានព្រះទ័យអត់ធ្មត់ផងដែរ។ គ្មានអ្វីមួយដែលធ្វើអោយ ទ្រង់មិនសប្បាយព្រះទ័យ ឬមិនអាចទប់សេចក្តីក្រោធរបស់ទ្រង់បានឡើយ។ ព្រះយេស៊ូវតែងតែមានបន្ទូលអំពីសេចក្តីពិតជានិច្ច។ ទ្រង់មិនចេះកុហកឡើយ។ ទ្រង់ស្មោះត្រង់ចំពោះបញ្ញត្តរបស់ព្រះ។ ទ្រង់ក៏តែងតែសប្បុរសចំពោះអ្នកដទៃផងដែរ»។ ដកស្រង់ពី​ Ellen G. White, The Desire of Ages, pages 68, 69, adapted។

សូមអានខគម្ពីរម៉ាថាយ ៤៖២៣។ លោកម៉ាថាយបានប្រាប់យើងថា​ ព្រះយេស៊ូវបានបង្រៀន បានអធិប្បាយ និងបានព្យាបាល។ តើសព្វថ្ងៃនេះ យើងអាចធ្វើកិច្ចការដូចគ្នានេះដោយរបៀបណា?

--------------------------------------------------------

នៅពេលដែលយើងដឹងថា មនុស្សលោកត្រូវបានបង្កើតដោយផ្នែក៤យ៉ាងនេះ យើងនឹងមិនកំណត់កិច្ចការរបស់យើងត្រឹមតែការបង្រៀនសេចក្តីពិតនៃព្រះគម្ពីរនោះទេ។ សេចក្តីពិតនៃព្រះគម្ពីរសុទ្ធតែទាក់ទងទៅនឹងផ្នែកទាំង៤ (ចិត្ត​ គំនិត ព្រលឹង និងរូបកាយ) នៃជីវិតរបស់យើងទាំងអស់។ រូបកាយ និងព្រលឹងរបស់យើងមានទំនាក់ទំនងជាមួយនឹងគ្នាយ៉ាងស្អិតរមួត យើងមិនអាចបំបែបរបស់ទាំង២យ៉ាងនេះបានឡើយ។ ក្នុងសភាពជាបាបជនយើង «បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរីល្អនៃ​ព្រះ» (រ៉ូម ៣៖២៣)។ ប៉ុន្តែ ព្រះចង់អោយយើងព្យាយាមរស់នៅអោយដូចជាព្រះយេស៊ូវ។ ព្រះនឹងប្រទានព្រះគុណរបស់ទ្រង់ដល់យើង ដើម្បីអោយយើងបានជាគ្រប់លក្ខណ៍។ ព្រះគុណគឺជាអំណោយទាននៃសេចក្តីមេត្តា សេចក្តីអត់ឱនទោស និងអំណាចឈ្នះលើសេចក្តីស្លាប់របស់ព្រះ។ ព្រះចង់បង្កើតយើងជាថ្មី។ កិច្ចការនេះគឺជាផ្នែកមួយនៃផែនការរបស់ព្រះ ដើម្បីអោយយើងបានត្រៀមខ្លួនជាស្រេចសម្រាប់ការយាងមកជាលើកទី២ របស់ទ្រង់។ ដូច្នេះ ព្រះចង់អោយយើងស្ថាបនាគំនិត រូបកាយ ព្រលឹង និងចិត្តរបស់យើងខណៈពេលដែលយើងកំពុងតែរង់ចាំទ្រង់យាងត្រឡប់មកវិញ។

លោកអ្នកអាចនឹងក្រឡេកមើលកំហុសទាំងអស់ដែលលោកអ្នកបានធ្វើនៅក្នុងជីវិតនេះ លោកអ្នកអាចនឹងមានអារម្មណ៍ថា លោកអ្នកមិនអាចគ្រប់លក្ខណ៍ដូចជាព្រះយេស៊ូវបានឡើយ។ តើឈើឆ្កាង អាចជួយលើកទឹកចិត្តលោកអ្នកកុំអោយបាត់បង់ក្តីសង្ឃឹមនេះដោយរបៀបណា?

ថ្ងៃច័ន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២២

រូបកាយគឺជាព្រះវិហាររបស់ព្រះ

គោលគំនិតខុសឆ្គងជាច្រើនមានប្រភពសេចក្តីពីការកុហកដែលថា យើងមានព្រលឹងមួយមិនចេះស្លាប់នៅក្នុងរូបកាយដែលចេះស្លាប់។ ក្នុងអំឡុងនៃសម័យព្រះគម្ពីរ ពួកអ្នកប្រាជ្ញនៃសាសន៍ក្រេកបានជឿថា រូបកាយរបស់មនុស្សគឺជាកន្លែងឃុំព្រលឹង។ សេចក្តីស្លាប់បានរំដោះព្រលឹងចេញពី «កន្លែង ឃុំ» នេះ។ សព្វថ្ងៃនេះ ពួកគ្រីស្ទានបានជឿទៅលើគោលជំនឿមួយ ដែលស្របជាមួយគោលគំនិតនៃសាសន៍ក្រេកនេះ។ ពួកគ្រីស្ទានទាំងនេះបានជឿថា​ ព្រលឹងមិនចេះស្លាប់ឡើយ នៅពេលរូបកាយស្លាប់ទៅនោះ។ ពួកគេបានជឿថា នៅពេលដែលព្រះយាងមកជាលើកទី២នោះ ទ្រង់មិនចាំបាច់ប្រោសព្រលឹងរបស់ពួកគេអោយរស់ឡើងវិញឡើយ។ ព្រះគ្រាន់តែប្រទានរូបកាយថ្មីមួយអោយព្រលឹងទាំងនោះសណ្ឋិតតែប៉ុណ្ណោះ។ ពួកពហុទេពនិយម (Pantheists) មានជំនឿផ្សេងមួយទៀត។ ពួកពហុទេពនិយមគឺជា មនុស្សដែលជឿថា ព្រះសណ្ឋិតនៅក្នុងរបស់គ្រប់យ៉ាងដែលទ្រង់បានបង្កើត។ ដូច្នេះ ព្រះ និងរបស់គ្រប់យ៉ាងដែលទ្រង់បានបង្កើតនោះ គឺតែមួយទេ។ សព្វថ្ងៃនេះ មានគោលគំនិតច្របូកច្របល់ជាច្រើនអំពី ព្រលឹង។ ដូច្នេះ យើងត្រូវតែរក្សាសេចក្តីបង្រៀននៃព្រះគម្ពីរចំពោះប្រធានបទនេះអោយបានខ្ជាប់ខ្ជួនជានិច្ច។

សូមអានខគម្ពីរកូរិនថូសទី១ ៦៖១៩, ២០ និងកូរិនថូសទី១ ១០៖៣១។ ខទាំងនេះបានសំដែងថា «រូបកាយ​អ្នក​រាល់​គ្នា​ជា​វិហារ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ» (កូរិនថូសទី១ ៦៖១៩)។ តើការបង្រៀននេះបាន ជួយអោយយើងបង្កើតជម្រើស និងទម្លាប់ល្អៗដោយរបៀបណា?

--------------------------------------------------------

ព្រះបានបង្កើតលោកអ័ដាម និងនាងអេវ៉ាអោយដូចជារូបអង្គទ្រង់យ៉ាងដូច្នេះដែរ (លោកុប្បត្តិ ១៖២៦, ២៧)។ ព្រះក៏បានប្រទានរូបកាយមួយដល់ពួកគេផងដែរ។ អំពើបាបបានបំផ្លាញរូបកាយ និងចិត្តរបស់យើង។ ដូច្នេះ ព្រះបានរៀបចំផែនការមួយ ដើម្បីបង្កើតយើងជាថ្មីម្តងទៀត។ ព្រះចង់អោយយើងក្លាយទៅជាមនុស្សលោកដំបូងដែលទ្រង់បានបង្កើតវិញ។ ព្រះចង់អោយយើងមានចិត្ត និងរូបកាយ រឹងមាំតាមដែលអាចធ្វើទៅបាននៅក្នុងជីវិតនេះ។

ផែនការរបស់ព្រះក្នុងការធ្វើបង្កើតយើងជាថ្មីនោះ នឹងត្រូវបញ្ចប់នៅត្រឹមការយាងមកជាលើកទី២របស់ព្រះយេស៊ូវនេះឯង។ ទន្ទឹមគ្នានេះ ព្រះក៏នឹងផ្លាស់ប្តូររូបកាយរបស់យើងផងដែរ។ ដ្បិតទ្រង់នឹង ប្រទានរូបកាយ និងព្រលឹងមិនចេះស្លាប់មួយដល់យើង (កូរិនថូសទី១ ១៥៖៥៣,​ ៥៤)។ លោកយ៉ូហានបានសរសេរទៅលោកកៃយុសដែលជាមិត្តរបស់គាត់យ៉ាងដូច្នេះថា៖ «អ្នក​ស្ងួនភ្ងា​អើយ ខ្ញុំ​ប្រាថ្នា​ចង់​ឲ្យ​អ្នក​បាន​ចំរើន​ឡើង​គ្រប់​ជំពូក ហើយ​ឲ្យ​បាន​សុខ​សប្បាយ​ខាង​រូប​សាច់ ដូច​ជា​ព្រលឹង​អ្នក​បាន​ចំរើន​ឡើង​ដែរ» (យ៉ូហានទី៣ ខ២)។

សូមចាំថា មនុស្សម្នាក់ៗត្រូវបានបង្កើតឡើងដោយផ្នែក៤យ៉ាងគឹ៖ ចិត្ត១ គំនិត១ ព្រលឹង១ និងរូបកាយ១។ យើងបាននិយាយរួចមកហើយថា នៅពេលដែលយើងចងចាំសេចក្តីពិតនៃព្រះគម្ពីរនេះ យើងនឹងយល់ឃើញថា ការដែលយើងមានសុខភាពល្អនោះ គឺជាផ្នែកមួយនៃកាតព្វកិច្ចរបស់យើងខាងឯសាសនា។ សូមអោយក្បួនច្បាប់ដ៏សំខាន់នេះបានដឹកនាំយើងចុះ៖ «ដូច្នេះ ទោះ​បើ​ស៊ី ឬ​ផឹក ឬ​ធ្វើ​ការ​អ្វី​ក៏​ដោយ នោះ​ចូរ​ធ្វើ​ទាំង​អស់​សំរាប់​ចំរើន​សិរីល្អ​ដល់​ព្រះ​ចុះ» (កូរិនថូសទី១ ១០៖៣១)។​ សូមធ្វើកិច្ចការ នេះអោយអស់ពីសមត្ថភាពរបស់លោកអ្នក ហើយជឿទុកចិត្តដល់ព្រះផងចុះ។

ថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២

«គំនិតនៃព្រះអម្ចាស់»

ដោយសារតែយើងជាពួកបាបជននេះហើយ បានជាអំពើបាបតាមយើងជាប់។​ នេះគឺជាមូលហេតុដែលយើងគួរជៀសចេញពីកន្លែង របស់ និងមនុស្សដែលធ្វើអោយយើងទន់ខ្សោយ និងនាំអោយយើងធ្វើបាប​ (ទំនុកដំកើង ១៖១; សុភាសិត ៥៖១-៨)។ បញ្ហារបស់យើងជាមួយនឹងអំពើបាបនេះអាចដោះស្រាយបានតាមវិធីតែមួយគត់ គឺថា៖ យើងត្រូវតែអនុញ្ញាតអោយព្រះយេស៊ូវផ្លាស់ប្តូរយើង។ ព្រះយេស៊ូវទ្រង់ មានអំណាច។ ទ្រង់អាចផ្លាស់ប្តូរគោលគំនិត និងអារម្មណ៍របស់យើងបាន។ ហេតុនេះហើយបានជាទ្រង់មានបន្ទូលថា៖ «ដ្បិត​នៅ​ពី​ខាង​ក្នុង ពី​ក្នុង​ចិត្ត​របស់​មនុស្ស មាន​ចេញ​អស់​ទាំង​គំនិត​អាក្រក់​យ៉ាង​នេះ គឺ​សេចក្តី​កំផិត សហាយស្មន់ កាប់​សម្លាប់​គេ លួច​ប្លន់ លោភ ខិលខូច ឧបាយកល អាសអាភាស ភ្នែក​អាក្រក់ ជេរ​ប្រមាថ ឆ្មើងឆ្មៃ និង​សេចក្តី​ចំកួត» (ម៉ាកុស ៧៖២១, ២២)។

សូមអានខទាំងនេះ៖​ កូរិនថូសទី១ ២៖១៦; ទំនុកដំកើង ២៤៖៣, ៤; រ៉ូម ១២៖២; ភីលីព ៤៖៨ និងកូឡូស ៣៖២។ ព្រះគម្ពីរបានសំដែងថា យើងអាចមាន «គំនិត​នៃ​ព្រះអម្ចាស់» បាន (កូរិនថូសទី១ ២៖១៦)។​ តើពាក្យនេះមានន័យយ៉ាងដូចម្តេច?

--------------------------------------------------------

ព្រះយេស៊ូវបានសន្យានៅក្រោមសេចក្តីសញ្ញាថ្មី ដើម្បីដាក់បញ្ញត្តិរបស់ទ្រង់នៅក្នុងចិត្ត និងគំនិតនៃរាស្ត្ររបស់ទ្រង់ (យេរេមា​ ៣១៖៣១-៣៣; សូមប្រៀបធៀបជាមួយខគម្ពីរហេព្រើរ ៨៖៨-១០; ហេព្រើរ ១០៖១៦)។ តាមរយៈសេចក្តីអធិប្បាយនៅលើភ្នំ ព្រះយេស៊ូវបានជួយអោយយើងយល់នូវអ្វីដែលទ្រង់បានរំពឹងពីយើងនៅក្រោមសេចក្តីសញ្ញាថ្មីនេះ។​ អំពើបាបមិនត្រឹមតែជាអ្វីដែលយើងធ្វើនោះទេ។ ប៉ុន្តែ វាក៏អាចជាអ្វីដែលយើងបានគិតផងដែរ (ម៉ាថាយ ៥៖១៧-៤៨)។ ដូច្នេះ យើងត្រូវតែរក្សាក្រឹត្យវិន័យទាំង១០ប្រការនៅក្នុងចិត្ត និងគំនិតរបស់យើងជានិច្ច ដោយសារតែនៅត្រង់នេះជាកន្លែងដែលអំពើបាបនឹងចាប់ផ្តើមឡើង។ យើងអាចនិយាយថា ទេទៅកាន់អំពើបាបបានតាមរយៈសេចក្តីមេត្តារបស់ព្រះធ្វើការនៅក្នុងចិត្ត និងគំនិតរបស់យើងតែប៉ុណ្ណោះ។ ដូច្នេះ យើងត្រូវតែសូមអោយព្រះយេស៊ូវរក្សាសេចក្តីសន្យារបស់ទ្រង់ចំពោះយើងជានិច្ច ដោយប្រទានកម្លាំងដល់យើងអោយឈប់គិតគំនិតអាក្រក់ៗ។

ក្នុងជីវិតនេះ យើងត្រូវតែចាំថា យើងអាចជ្រើសរើសធ្វើបាបជានិច្ច។ ប៉ុន្តែ នៅពេលដែលយើងអនុញ្ញាតអោយព្រះយេស៊ូវគង់នៅក្នុងចិត្តរបស់យើងនោះ​ ទ្រង់នឹងគ្របបាំងយើងជាមួយនឹងជីវិតដ៏គ្រប់លក្ខណ៍របស់ទ្រង់។ ដូច្នេះ នៅពេលដែលព្រះក្រឡេកមកមើលនោះ ទ្រង់បានទតឃើញជីវិតដ៏ល្អឥតខ្ចោះរបស់ព្រះយេស៊ូវវិញ (ភីលីព ៣៖១២-១៥)។ «នៅពេលដែលយើងចូលរួមជាមួយនឹងព្រះយេស៊ូវនោះ យើងនឹងទទួលបាននូវគំនិតនៃព្រះយេស៊ូវ។ យើងនឹងបានស្អាត ហើយនិងគ្រប់លក្ខណ៍។ យើងនឹង​ពេញទៅដោយសេចក្តីស្រឡាញ់។ ចិត្តរបស់យើងនឹងគ្មានសេចក្តីអំនួតតទៅទៀតឡើយ។ សេចក្តីពិតនៃ ព្រះគម្ពីរក៏នឹងគ្រប់គ្រងជីវិតរបស់យើងផងដែរ។ មុខរបស់គាត់ក៏នឹងផ្លាស់ប្តូរដែរ ដោយសារតែព្រះយេស៊ូវ គង់នៅក្នុងចិត្តរបស់យើង។ ជីវិតរបស់ទ្រង់នឹងផ្លាស់ប្តូរយើងទៅ ដើម្បីអោយយើងមើលទៅខុសពីមុន។ មុខរបស់យើងក៏នឹងបង្ហាញសេចក្តីសុខសាន្ត និងសេចក្តីអំណរដែលមាននៅក្នុងចិត្តរបស់យើងផងដែរ»។ ដកស្រង់ពី Ellen G. White, Selected Messages, book 1, page 337, adapted។

ថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២

ត្រូវបានដឹកនាំដោយព្រះវិញ្ញាណរបស់ព្រះ

ព្រះវិញ្ញាណបរិសុទ្ធគឺជាអង្គជំនួយរបស់ព្រះដ៏មានអំណាច។ ព្រះវិញ្ញាណបរិសុទ្ធបានបំពេញ ចិត្តរបស់យើង ដោយក្តីស្រឡាញ់របស់ព្រះ (រ៉ូម ៥៖៥)។​ ព្រះវិញ្ញាណបរិសុទ្ធបានដឹកនាំយើងចូលទៅក្នុងបទពិសោធន៍នៃការសង្គ្រោះដ៏ពិតប្រាកដមួយជាមួយនឹងព្រះ (យ៉ូហាន ១៦ៈ៧-១១)។ ព្រះវិញ្ញាណ បរិសុទ្ធបានដឹកនាំយើងទៅឯសេចក្តីពិតនៃព្រះគម្ពីរ (យ៉ូហាន ១៦៖១៣)។ ទ្រង់ក៏បានជួយដល់យើងអោយធ្វើកិច្ចការរបស់ព្រះផងដែរ។ ព្រះវិញ្ញាណបរិសុទ្ធបានជួយអោយយើងចែកចាយដំណឹងល្អជាមួយ នឹងអ្នកដទៃ (កិច្ចការ ១៖៨)។ ព្រះវិញ្ញាណបរិសុទ្ធក៏បានបញ្ឈប់ការអាក្រក់របស់សាតាំងផងដែរ។ ដូច្នេះ យើងមិនគួរភ្លាក់ផ្អើលនៅពេលដែលយើងដឹងថា​ សាតាំងបានព្យាយាមអោយយើងយល់ច្រលំអំពីព្រះវិញ្ញាណបរិសុទ្ធ និងកិច្ចការរបស់ទ្រង់នោះឡើយ។ ពួកគ្រីស្ទានខ្លះមិនបានជឿថា ព្រះវិញ្ញាណបរិសុទ្ធគឺជាបុគ្គលពិតប្រាកដនោះទេ។ ពួកគ្រីស្ទានខ្លះទៀតបានជឿថា​ ព្រះវិញ្ញាណបរិសុទ្ធគឺជាបុគ្គលយ៉ាងពិតប្រាកដម្នាក់។ ប៉ុន្តែ ពួកគ្រីស្ទានទាំងនេះត្រឹមតែចាប់អារម្មណ៍ទៅលើអំណោយទានខាងឯវិញ្ញាណ ដែលព្រះវិញ្ញាណបរិសុទ្ធបានប្រទានដល់ពួកគេតែប៉ុណ្ណោះ។ ពួកគេមិនបានចាប់អារម្មណ៍ទៅលើអំណាចនៃព្រះវិញ្ញាណ បរិសុទ្ធដើម្បីផ្លាស់ប្តូរជីវិតរបស់ពួកគេនោះឡើយ។

សូមអានរឿងអំពីលោកស៊ីម៉ូន ដែលជាគ្រូមន្តគាថានៅក្នុងខគម្ពីរកិច្ចការ ៨៖៤-២៤។ លោក ស៊ីម៉ូនគឺជាអ្នកស្រុកសាម៉ារី។ លោកស៊ីម៉ូនចង់បានអំណោយទានពីព្រះវិញ្ញាណបរិសុទ្ធ។ ប៉ុន្តែ គាត់មិន ចង់អោយព្រះវិញ្ញាណផ្លាស់ប្តូរខ្លួនគាត់នោះឡើយ។ តើសព្វថ្ងៃនេះ ពួកគ្រីស្ទានបានបង្ហាញនូវគោលគំនិត និងអារម្មណ៍ដដែលនេះយ៉ាងដូចម្តេចដែរ?

--------------------------------------------------------

តើកូនរបស់ព្រះជាអ្នកណាខ្លះ? កូនរបស់ព្រះគឺជាពួកអ្នកដែលបានអនុញ្ញាតអោយព្រះវិញ្ញាណ បរិសុទ្ធគ្រប់គ្រងជីវិតរបស់ពួកគេ (រ៉ូម ៨៖១៤)។ កូនរបស់ព្រះបានអនុញ្ញាតអោយព្រះវិញ្ញាណបង្រៀនពួកគេអំពីសេចក្តីពិតនៃព្រះគម្ពីរ (យ៉ូហាន ១៦៖១៣; យ៉ូហាន ១៧៖១៧)។ ព្រះយេស៊ូវបានដាស់តឿន យើងអំពីមនុស្សដែលក្លែងធ្វើជាពួកសិស្សរបស់ទ្រង់។ ប៉ុន្តែ ពួកគេមិនមែនជាសិស្សរបស់ទ្រង់ឡើយ។ ព្រះយេស៊ូវបានមានបន្ទូលថា «មិន​មែន​អស់​អ្នក​ណា​ដែល​គ្រាន់​តែ​និយាយ​មក​ខ្ញុំ​ថា ឱ​ព្រះអម្ចាស់ៗ​អើយ ដែល​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​នោះ​ទេ គឺ​ជា​អស់​អ្នក​ដែល​ធ្វើ​តាម​ព្រះហឫទ័យ​នៃ​ព្រះវរបិតា ដែល​គង់​នៅ​ស្ថានសួគ៌​វិញ​ទេ​តើ នៅ​ថ្ងៃ​នោះនឹង​មាន​មនុស្ស​ជា​ច្រើន​និយាយ​មក​ខ្ញុំ​ថា ‘ឱ​ព្រះអម្ចាស់ៗ​អើយ តើ​យើង​ខ្ញុំ​មិន​បាន​ទាយ​ដោយ​នូវ​ព្រះនាម​ទ្រង់ ហើយ​ដេញ​អារក្ស​ដោយ​នូវ​ព្រះនាម​ទ្រង់ ព្រម​ទាំង​ធ្វើ​ការ ឫទ្ធិបារមី​ជា​ច្រើនដោយ​នៅ​ព្រះនាម​ទ្រង់​ទេ​ឬ​អី’ នោះ​ខ្ញុំ​នឹង​និយាយ​ដោយ​ត្រង់​ថា ‘អញ​មិន​ដែល​បានស្គាល់ ឯង​រាល់​គ្នា​ទេ នែពួក​ទទឹង​ច្បាប់​អើយ ចូរ​ថយ​ចេញ​ពី​អញ​ទៅ’» (ម៉ាថាយ ៧៖២១-២៣)។ ព្រះយេស៊ូវ បានបង្ហាញយើងថា ព្រះវិញ្ញាណបរិសុទ្ធមិនដែលដឹកនាំអ្នកណាម្នាក់ចេញពីព្រះគម្ពីរនោះឡើយ។ ព្រះវិញ្ញាណបរិសុទ្ធបាននាំមនុស្សអោយសរសេរព្រះគម្ពីរ មែនទេ? បើដូច្នេះមែន ព្រះវិញ្ញាណក៏តែងតែដឹកនាំយើងអោយទទួលយក និងរស់ទៅតាមសេចក្តីពិតនៃព្រះគម្ពីរផងដែរ។

ព្រះវិញ្ញាណបរិសុទ្ធដដែលនេះក៏បានជួយអោយយើងដឹកនាំអ្នកដទៃអោយទទួលយកសេចក្តី ពិតនៃព្រះគម្ពីរផងដែរ (ម៉ាថាយ ២៨៖១៨-២០; កិច្ចការ ១៖៨)។ ខណៈពេលដែលយើងកំពុងតែបំពេញកិច្ចការរបស់ព្រះនោះ ទ្រង់បានសន្យានឹងយើងថា ទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធដល់យើង ដើម្បីជួយដល់យើងអោយបំពេញកិច្ចការនោះ។ ដូច្នេះ យើងត្រូវតែលុតជង្គង់នៅមុនព្រះអម្ចាស់ជារៀងរាល់ព្រឹក ព្រមទាំងថ្វាយជីវិតរបស់យើងដល់ទ្រង់ផងដែរ។ នៅពេលនោះ ព្រះនឹងប្រទានដល់យើងនូវព្រះវិញ្ញាណបរិសុទ្ធដែលនឹងធ្វើអោយយើងថ្មីជានិច្ច។

ថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២

ត្រៀមខ្លួនជាស្រេចសម្រាប់ព្រះយេស៊ូវ

ជីវិតរបស់យើងមានពេញទៅដោយរឿងជាច្រើន ដែលបានលួចយកចំណាប់អារម្មណ៍របស់យើងចេញពីព្រះយេស៊ូវ។ ប្រសិនបើយើងមិនប្រុងប្រយ័ត្ននោះទេ រឿងទាំងនេះអាចនឹងយកពេលវេលាទាំងអស់របស់យើង។ រឿងទាំងនេះក៏អាចនាំអោយយើងធ្វើនូវរឿងមិនត្រឹមត្រូវ នៅពេលដែលចាំបាច់ផងដែរ។ ពួកគ្រីស្ទានត្រូវតែការពារខ្លួនពីការបោកបញ្ឆោតរបស់សាតាំង ដែលបានរំខានពួកគេមិនអោយផ្តោតទៅលើអ្វីដែលសំខាន់ពិតប្រាកដនៅក្នុងជីវិតនេះ។

ប្រសិនបើយើងត្រូវបែរចេញពីព្រះយេស៊ូវនោះ យើងនឹងធ្លាក់នៅក្នុងគ្រោះថ្នាក់នៃការគិតតែពីរឿងនៅលើផែនដីជាមិនខាន។ នៅទីបំផុត រឿងទាំងនេះមិនអាចធ្វើអោយយើងរីករាយបានឡើយ។ លើសពីនេះទៅទៀតនោះ រឿងទាំងនេះក៏អាចបំផ្លាញយើងផងដែរ។

តើការដែលធ្វើអោយខ្លួនយើងត្រៀមខ្លួនជាស្រេច សម្រាប់ការយាងមកជាលើកទី២នោះ មានន័យយ៉ាងដូចម្តេចទៅ? តើចំណុចនេះខុសគ្នាពីការត្រៀមខ្លួនជាស្រេចសម្រាប់ថ្ងៃនោះដោយរបៀបណាដែរ?

អ្នកខ្លះបានទម្លាក់នូវការត្រៀមខ្លួនជាស្រេចសម្រាប់ការយាងមកជាលើកទី២នេះចោលចេញ។ ពួកគេបានយល់ឃើញថា ព្រះយេស៊ូវមិនទាន់យាងមកវិញទេ។ ដូច្នេះ ពួកគេមានអារម្មណ៍ ទ្រង់បានពន្យារនូវការយាងមករបស់ទ្រង់។ ពួកគេបានប្រើនូវ «ការពន្យារ» នេះធ្វើជាលេសថា ពួកគេមិនចាំបាច់ត្រៀមខ្លួននៅពេលនេះឡើយ។ ពួកគេបានធ្វើប្រងើយដូចជាបាវបម្រើដ៏អាក្រក់ម្នាក់ដែលបាននិយាយថា «ចៅ ហ្វាយ​អញ​ក្រ​មក» ណាស់ (ម៉ាថាយ ២៤៖៤៨)។

សូមអានខគម្ពីរទំនុកដំកើង ៩៥៖៧, ៨; ហេព្រើរ ៣៖៧, ៨, ១៥ និងហេព្រើរ​ ៤៖៧។ តើខទាំងនេះបានសំដែងប្រាប់យើងអ្វីខ្លះ អំពីមូលហេតុដែលយើងត្រូវតែត្រៀមខ្លួនជាស្រេចចាប់ពីពេលឥឡូវនេះនោះ?

--------------------------------------------------------

ព្រះគម្ពីរបានបង្រៀនយើងថា យើងត្រូវតែត្រៀមខ្លួនជាស្រេចនៅថ្ងៃនេះ។ យើងត្រូវតែទទួលយកព្រះយេស៊ូវ និងត្រូវតែបានសង្គ្រោះនៅថ្ងៃនេះ មិនមែនថ្ងៃស្អែកនោះឡើយ (សូមអានខគម្ពីរទំនុកដំកើង ៩៥៖៧, ៨; ហេព្រើរ ៣៖៧, ៨, ១៥; ហេព្រើរ ៤៖៧)។ លើសពីនេះទៅទៀតនោះ អាយុមិនអាចជួយអោយពួកបាបជនប្រសើរជាងមុននោះឡើយ។ ដូច្នេះ ប្រសិនបើយើងមិនបានផ្លាស់ប្តូរចាប់ពីឥឡូវនេះទៅនោះទេ យើងអាចនឹងមិនផ្លាស់ប្តូរជារៀងរហូត។ យើងអាចនឹងបន្តទង្វើអាក្រក់របស់យើងជារៀងរហូត។ ដូច្នេះ យើងត្រូវតែបន្តលូតលាស់នៅក្នុងសេចក្តីជំនឿ និងសេចក្តីមេត្តារបស់ព្រះជានិច្ច។ យើងក៏ត្រូវតែនិយាយពាក្យថា​ ទេទៅកាន់អំពើបាបផងដែរ។ ប្រសិនបើយើងមិននិយាយពាក្យថា ទេ ទៅកាន់អំពើបាបនោះទេ យើងប្រហែលជាអាចបែរចេញពីព្រះផងក៏ថាបាន។ បន្ទាប់មក ចិត្តរបស់យើងនឹងប្រែទៅជារឹងរូស ព្រមទាំងពេញទៅដោយមន្ទិលសង្ស័យផងដែរ។

ការរស់នៅរបស់យើងជារៀងរាល់ថ្ងៃនេះ គឺជាគំរូមួយនៃមួយជីវិតរបស់យើង។ ដូច្នេះ យើងគួរតែត្រៀមខ្លួនទទួលព្រះយេស៊ូវយាងមកវិញជារៀងរាល់ថ្ងៃ ពីព្រោះថ្ងៃនេះអាចនឹងក្លាយទៅជាថ្ងៃចុងក្រោយនៃជីវិតរបស់លោកអ្នកផងក៏ថាបាន។

តើយ៉ាងណាទៅវិញ ប្រសិនបើព្រះយេស៊ូវយាងត្រឡប់មកវិញនៅថ្ងៃនេះមែននោះ? តើលោកអ្នកអាចត្រៀមខ្លួចជាស្រេចសម្រាប់ទ្រង់នៅថ្ងៃនេះបានដែរឬទេ? សូមពិភាក្សាចម្លើយរបស់លោកអ្នកនៅក្នុងថ្នាក់នៅថ្ងៃសប្បាតហ៍។

ថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២

សិក្សាបន្ថែម

សូមអាន Ellen G. White, “Mind Cure,” pages 241-259, in The Ministry Hea-ling; “True and False Theories Contrasted,” pages 7-16, in The Sanctified Life។

«សង្គ្រាមពិភពលោករវាងព្រះ និងសាតាំងជិតមកដល់ទីបញ្ចប់ហើយ។​ របាយការណ៍នៃគ្រោះមហន្តរាយបានបង្ហាញយើងថា ចុងបញ្ចប់នៃអ្វីៗទាំងអស់ជិតមកដល់ហើយ។ សង្គ្រាម និងរបាយការណ៍អានាមិកអំពីសង្គ្រាមបានប្រកាសថា ចុងបញ្ចប់ជិតមកដល់ហើយ ​. . . . ព្រះអម្ចាស់កំពុងតែយាងមកហើយ។ យើងបានឮសំឡេងនៃព្រះបាទរបស់ព្រះចូលមកជិតយើងហើយ»។ ដកស្រង់ពី Ellen G. White, Maranatha, page 220, adapted។

«សូមអោយលោកអ្នករស់នៅក្នុងសេចក្តីជំនឿជារៀងរាល់ថ្ងៃចុះ។ កុំអោយព្រួយបារម្ភ ហើយតានតឹងអំពីគ្រានៃបញ្ហានៅពេលខាងមុខនោះឡើយ។ ប្រសិនបើលោកអ្នកព្រួយបារម្ភ​ និងតានតឹងនោះ លោកអ្នកអាចនឹងជួបនូវបញ្ហាមុនពេលដែលបញ្ហាពិតប្រាកដនោះត្រូវមកដល់។ កុំអោយបន្តគិតថា ‘ខ្ញុំខ្លាច ក្រែងតែខ្ញុំមិនអាចឆ្លងផុតនូវការសាកល្បងដែលព្រះនឹងមកខ្ញុំនោះទេ’។ ឥឡូវនេះ លោកអ្នកត្រូវតែរស់នៅតាមសម័យរបស់លោកអ្នក។ សូមអោយលោកអ្នករស់នៅសម្រាប់តែបច្ចុប្បន្ននេះបានហើយ។​ ដ្បិតថ្ងៃស្អែកមិនមែនជារបស់លោកអ្នកឡើយ។ នៅថ្ងៃនេះ កិច្ចការរបស់លោកអ្នក គឺជាការយកឈ្នះសង្គ្រាមទាស់នឹងអំពើបាប។ នៅថ្ងៃនេះ សូមលោកអ្នករស់នៅក្នុងជីវិតនៃសេចក្តីអធិស្ឋានចុះ។ នៅថ្ងៃនេះ សូម អោយលោកអ្នកប្រយុទ្ធនៅក្នុងសេចក្តីជំនឿអោយបានល្អចុះ។ ហើយនៅថ្ងៃនេះ សូមអោយលោកអ្នកជឿថា ព្រះបានប្រទានពរដល់លោកអ្នកផងចុះ។​ នៅពេលដែលលោកអ្នកយកឈ្នះសង្គ្រាមទាស់នឹងអំពើបាប ហើយនិងការសង្ស័យនោះ លោកអ្នកនឹងធ្វើនូវអ្វីៗគ្រប់យ៉ាង ដែលព្រះចង់អោយលោកអ្នកធ្វើ។ លោកអ្នកក៏នឹងក្លាយទៅជាព្រះពរដល់មនុស្សគ្រប់គ្នានៅជំុវិញលោកអ្នកផងដែរ»។ ដកស្រង់ពី Ellen G. White, Signs of the Times, October 20, 1887, adapted។

«ព្រះអម្ចាស់នឹងយាងមកនៅក្នុងពេលឆាប់ៗនេះ។​ យើងត្រូវតែត្រៀមខ្លួនជាស្រេច ដើម្បីជួបជាមួយនឹងទ្រង់ដោយក្តីសុខសាន្ត។ សូមអោយលោកអ្នកធ្វើនូវអ្វីៗគ្រប់យ៉ាងតាមដែលលោកអ្នកអាចធ្វើទៅបាន ដើម្បីនឹងចែកចាយសេចក្តីពិតនៃព្រះគម្ពីរជាមួយនឹងអ្នកដទៃនៅជំុវិញលោកអ្នកផងចុះ។ សូមអោយលោកអ្នកសប្បាយចិត្តចុះ កុំអោយបាក់ទឹកចិត្តឡើយ។ សូមអោយលោកអ្នកយកព្រះយេស៊ូវទុក នៅក្នុងគំនិតរបស់លោកអ្នកជានិច្ចចុះ . . . . សូមអោយត្រៀមខ្លួនជាស្រេចសម្រាប់ការយាងត្រឡប់មកវិញរបស់ទ្រង់។ សូមរង់ចាំទ្រង់ចុះ។ ដ្បិតយើងនឹងបានឃើញទ្រង់មែន។ ទ្រង់នឹងស្វាគមន៍ក្នុងនាមជាអ្នកដែលបានសង្គ្រោះ។ ប៉ុន្តែ យើងក៏មិនត្រូវបណ្តោយអោយសេចក្តីជំនឿរបស់យើងអន់ថយនោះដែរ។ ប្រសិនបើយើងអាចមើលឃើញព្រះយេស៊ូវថាជាស្តេចរបស់យើងនៅក្នុងសិរីលម្អរបស់ទ្រង់នោះ យើងនឹងទទួលបានព្រះពរជារៀងរហូត។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវតែស្រែកអោយខ្លាំងៗឡើងថា ‘ខ្ញុំកំពុងតែនៅតាមផ្លូវទៅកាន់ស្ថានសួគ៌ហើយ ពីព្រោះស្ថានសួគ៌គឺជាលំនៅរបស់ខ្ញុំ’។ ជិតដល់ពេលដែលព្រះយេស៊ូវនឹងយាងមកវិញជាមួយនឹងអំណាយ និងសិរីល្អរបស់ទ្រង់ហើយ»។ ដកស្រង់ពី Ellen G. White, Heaven, pages 165, 166, adapted។

សំនួរពិភាក្សា៖
  1. ក្នុងសភាពជាមនុស្សលោក យើងមានគំនិត ព្រលឹង រូបកាយ ហើយនិងចិត្ត។ តើគោលគំនិតនេះបានជួយអោយយើងយល់អំពីសារៈសំខាន់នៃជម្រើសរបស់យើងនៅក្នុងជីវិតនេះដោយរបៀបណា?

  2. សូមអានរឿងប្រៀបធៀបអំពីពួកសម្តេចសង្ឃ និងអ្នកយកពន្ធ (លូកា ១៨៖៩-១៤)។ តើរឿងនេះបានបង្ហាញពីសាសនាពិត និងការផ្លាស់ប្តូរខាងឯវិញ្ញាណមានប្រភពមកពីព្រះ មិនមែនមកពីទង្វើល្អរបស់យើងនោះដោយរបៀបណា?

រឿងខ្លី

ការប្រជែងរវាងព្រះយេស៊ូវ និងសត្វនាគ

Jeans

មានរឿងមួយដ៏ចម្លែកបានកើតឡើងដល់នាងកែវ (Keu) នៅក្នុងប្រទេសឡាវភាគខាងជើងកាលពីចុងឆ្នាំ២០២០។ រាងកាយរបស់នាងបានចាប់ផ្តើមហើមឡើង ជាពិសេសនៅត្រង់ពោះរបស់នាង។ លោកឆេង (Cheng) ដែលបានយកនាងអោយគ្រូអាចារ្យស្រុកដោយក្តីព្រួយបារម្ភ។ គ្រូអាចារ្យម្នាក់នេះបានប្រាប់ពួកគេថា នាគបានធ្វើអោយនាងកែវមានកូនហើយ វាថែមទាំងមានបំណងចង់នាំនាងទៅឯ ស្ថានបាដារទៀតផង។ គ្រូអាចារ្យបាននិយាយយ៉ាងម៉ឺងម៉ាត់ថា «ឯងត្រូវតែសម្លាប់សត្វមួយក្បាលសែនដល់នាគនោះ រួចហៅព្រលឹងរបស់នាងកែវត្រឡប់មកវិញមក»។ លោកឆេងបានប្រគល់អ្វីៗគ្រប់យ៉ាងទៅតាមសំណូមពរនៃគ្រូអាចារ្យនោះ ប៉ុន្តែ នាងកែវកាន់តែឈឺធ្ងន់ទៅៗ។ លោកឆេងបានបែរទៅរកការព្យាបាលពីគ្រូបុរាណវិញ ក្នុងរយៈពេល២ខែក្រោយមក ប៉ុន្តែ គ្មានអ្វីកើតឡើងនោះទេ។ គាត់បានចំណាយអ្វីៗគ្រប់យ៉ាងទៅលើគ្រូអាចារ្យ និងគ្រូបុរាណ ប៉ុន្តែ សុខភាពរបស់នាងកែវកាន់តេយ៉ាប់យ៉ឺនទៅៗ។

ទីបំផុត លោកឆេងបានគិតថា នឹងសូមអោយប៉ាស្ទ័រគ្រីស្ទានម្នាក់អធិស្ឋានជូននាងកែវ។ អ្នកដឹកនាំ២នាក់នៃព្រះវិហារសេវេនអាត់វេនទីស្ទ បានចុះទៅសួរសុខទុក្ខនៅក្នុងភូមិរបស់នាងកែវចំពេល នោះល្មម បន្ទាប់ពីអធិស្ឋានអោយនាងរួចហើយ ពួកគាត់បានសម្រេចចិត្តបញ្ជូននាងទៅឯវៀងច័ន្ទន៍ ដែលជារាជធានីនៃប្រទេសឡាវ។ នៅឯមន្ទីរពេទ្យ គ្រូពេទ្យ​បាន​ពិនិត្យឃើញថា នាងកែវមាន​ជំងឺ​ទឹកនោមប្រៃ ដែលជាជំងឺតម្រងនោមដែលមានអាការហើម និងមានដក់ទឹកនៅនឹងត្រង់កន្លែងហើមនោះ។ ប៉ុន្តែ បន្ទាប់ពីបានសម្រាកនៅក្នុងមន្ទីរពេទ្យមួយសប្តាហ៍ក្រោយមក នាងកែវ​បាន​សន្លប់បាត់​ទៅ ហើយគេក៏បានដាក់ឧបករណ៍ជំនួយជីវិតដល់នាងផងដែរ។ នាង​ត្រូវ​បាន​គេ​បញ្ជូនទៅ​អង្គភាព​ថែទាំ​មួយ។ គ្រូពេទ្យនៅទីកន្លែងនោះបាននិយាយថា គ្រូពេទ្យអាចមានលទ្ធភាពព្យាបាលនាងត្រឹមតែ៥០%ប៉ុណ្ណោះ ​។ គ្រូពេទ្យ​បាន​សួរថា អ្នកណាជាអ្នក​​​បង់​ថ្លៃ​ព្យាបាល​ដ៏ខ្ពស់នេះ ​ដើម្បីអោយគាត់ជួយមើលថែរក្សានាងនោះ។ លោក ឆេងបានពិភាក្សាជាមួយនឹងសាច់ញាតិរបស់គាត់ ប៉ុន្តែ ពួកគេគ្មានលុយនោះទេ។ អ្នកដឹកនាំនៃព្រះវិហារ សេវេនដេយអាត់វេនទីស្ទ ដែលបាននាំនាងកែវមកកាន់ទីក្រុង និងបានបង់ថ្លៃព្យាបាលដំបូងគេដល់នាង នោះក៏គ្មានថវិកាចេញអោយនាងបន្ថែមទៀតដែរ។ ដោយប្រឈមមុខនឹងតម្លៃព្យាបាលដ៏ខ្ពស់ និងគ្មានការធានាថា នាងកែវនឹងអាចជាសះស្បើយទៀតនោះ លោកឆេងធ្វើការសម្រេចចិត្តដ៏ពិបាកមួយ គឺថា គាត់នឹងប្រាប់គេអោយដកឧបករណ៍ជំនួយជីវិតចេញ ហើយនាំនាងត្រឡប់ទៅផ្ទះវិញ។ អ្នកដឹកនាំព្រះវិហារម្នាក់ទៀតបាននិយាយថា​ «គួរអោយសោកស្តាយណាស់ដែលយើងត្រូវអោយនាងទៅស្លាប់នៅឯស្រុកនាងវិញនោះ យើងក៏គ្មានអ្វីអាចជួយដល់នាងទៀតដែរ មានតែសង្ឃឹមថា ព្រះនឹងបង្ហាញសេចក្តីមេត្តាដល់នាង និងធ្វើការអស្ចារ្យមួយដល់នាងប៉ុណ្ណោះ។

ប៉ុន្មានថ្ងៃបន្ទាប់ពីបានត្រឡប់ទៅឯផ្ទះវិញនោះ លោកឆេងបានអញ្ជើញប៉ាស្ទ័រតំបន់ម្នាក់មក ដើម្បីនឹងសូមអោយគាត់អធិស្ឋានជូននាងកែវនៅក្នុងផ្ទះរបស់នាង។ ប៉ាស្ទ័របានមកពីឆ្ងាយជាមួយនឹង អ្នកបង្រៀនព្រះគម្ពីរប៉ុន្មាននាក់ផងដែរ។ ប៉ាស្ទ័របានសម្រេចចិត្តស្នាក់នៅទីនោះ២ទៅ៣ថ្ងៃ ដើម្បីនឹងជួយរៀបចំពិធីបុណ្យសព។ ខណៈពេល​ដែល​ក្រុម​គ្រួសារកំពុងតែ​រង់​ចាំនាងស្លាប់នោះ ប៉ាស្ទ័រ និង​ពួកអ្នកបង្រៀនគម្ពីរ​បាន​តម​អាហារ និង​អធិស្ឋានជូននាងជា​រៀង​រាល់​ថ្ងៃ។ នាងកែវមិនបានស្លាប់នោះទេ ផ្ទុយទៅវិញ នាងបានប្រសើរឡើងវិញ។ នាងចាប់ផ្តើមដកដង្ហើមបានស្រួលដោយខ្លួនឯងឡើងវិញ រីឯកន្លែងហើមនោះក៏បានស្រកទៅវិញដែរ។ នៅខែឧសភាឆ្នាំ២០២១ នាងកែវអាចដើរដោយមិនចាំបាច់អោយគេជួយ។ សព្វថ្ងៃនេះ នាងកែវគឺជា​ទីបន្ទាល់​រស់ដល់​ប្រជាជន​ឡាវ​ខាងជើង​ថា ពិតជាមាន​ព្រះ​គង់នៅ​ស្ថានសួគ៌មែន។

អំណានដង្វាយប្រចាំសប្តាហ៍

ទ្រង់បានប្រទានអំណាចដល់អ្នកដែលប្រឈមនឹងបញ្ហា

យើងបានថ្វាយបង្គំព្រះជាមួយនឹងធនធានដែលយើងមាន ដោយសារតែគ្មានអ្នកណាដូចជា ទ្រង់ ដែលបានប្រទានអំណាចអោយយើងប្រឈមមុខជាមួយនឹងបញ្ហានៃជីវិតនោះឡើយ។ ស្តេចសូល និងពួកទាហានរបស់ទ្រង់បានច្បាំងទាស់នឹងសាសន៍ភីលីស្ទីន។ ពួកសាសន៍ភីលីស្ទីនបានឈ្លានពាន ទឹកដីនៃសាសន៍អ៊ីស្រាអែល។ ដោយមានលោកកូលីយ៉ាតនៅក្នុងសមរភូមិនោះ ពួកទាហានរបស់ស្តេច សូលបានប្រឈមមុខនឹងការច្បាំងជាមួយនឹងយក្ស។ បញ្ហានេះមិនមែនជារឿងធម្មតានោះទេ។ បន្ទាប់ថ្ងៃទី១ សប្តាហ៍ទី១ ខែមួយនោះមក លោកកូលីយ៉ាតតែងតែបៀតបៀន និងបំភ័យដល់ពួកសាសន៍អ៊ីស្រាអែលជានិច្ច។ ប៉ុន្តែ លោកដាវីឌ ដែលជាក្មេងគង្វាលចៀមម្នាក់ពីភូមិបេថ្លេហិមនោះបានដឹងថា ព្រះអម្ចាស់អាចប្រទាននូវការរំដោះចេញពីបញ្ហានៅខាងក្នុង ដែលមិនប្រក្រតី និងចេះតែតាមជាប់ជានិច្ច នោះផង។ ដោយមានអំណាចពីព្រះនោះ លោកដាវីឌត្រូវបានគេហៅទូទាំងប្រវត្តិសាស្ត្រថា ជាអ្នកសម្លាប់យក្ស។

ក្មេងប្រុសម្នាក់បានយកឈ្នះបញ្ហានៅក្នុងជីវិតរបស់គាត់ ដូចជាស្តេចដាវីឌអ៊ីចឹង។ គាត់បានធំធាត់ឡើងជាមួយនឹងក្តីប្រាថ្នាចង់ក្លាយទៅជាអ្នកអធិប្បាយម្នាក់ ប៉ុន្តែ គាត់មានបញ្ហាជាមួយនឹងការនិយាយជាប់អណ្តាត។ ការនិយាយជាប់អណ្តាតនេះមានតាំងតែពីកំណើតមក ទោះបីជាបានសាកនូវ វិធីព្យាបាលបែបណាក៏ដោយ ក៏នៅតែមិនប្រសើរដែរ។ បញ្ហានេះបានអូសបន្លាយអស់រយៈពេលជា ច្រើនឆ្នាំបន្តទៅទៀត។ បញ្ហានេះគឺចេញមកពីខាងក្នុងលើសពីសមត្ថភាពរបស់មនុស្ស ហើយក៏តាម គាត់ជាប់ផងដែរ។ ទោះជាយ៉ាងនេះក្តី ដោយអំណាចរបស់ព្រះ គាត់បានជាសះស្បើយពីការនិយាយជាប់មាត់របស់គាត់នេះឡើងវិញ ហើយគាត់ថែមទាំងអាចសម្រេចនូវក្តីស្រមៃនៅក្នុងជីវិតរបស់គាត់ផងដែរ។

យើងទាំងអស់គ្នាបានដឹងអំពីរូបមន្តដ៏ពេញនិយមមួយ ដើម្បីអោយជីវិតប្រកបដោយសុភមង្គល គឺថា ឪពុកម្តាយត្រូវបញ្ជូនកូនៗទៅឯសាលារៀន​ កូនៗត្រូវតែខិតខំសិក្សា ដើម្បីអោយពួកគេបានប្រលងជាប់ ធ្វើដូច្នេះ ពួកគេនឹងទទួលបានការងារដែលមានប្រាក់ខែច្រើនៗ រៀបអាពាហ៍ពិពាហ៍ ព្រមទាំងអាចរស់នៅក្នុងជីវិតដ៏សុខសាន្ត និងយូរអង្វែងមួយផងដែរ។ គួរអោយសោកស្តាយណាស់ ជីវិតពិតនោះតែងតែមិនដំណើរការទៅតាមរូបមន្តនេះឡើយ។ បញ្ហាមិនបានព្រាងទុកបានក្លាយទៅជាដៃគូមួយជីវិតរបស់ពួកគេ។ ទោះជាយ៉ាងនេះក្តី នៅក្នុងព្រះ យើងអាចរាប់ជ័យជម្នះរបស់យើងបានដែលជ័យជម្នះទាំងនោះ មនុស្សលោកបានវិនិច្ឆ័យថា មិនអាចទៅរួចបានឡើយ។ ​តើរឿងទាំងនេះមិនមែនជាហេតុផលគ្រប់គ្រាន់អោយយើងថ្វាយបង្គំព្រះជាមួយនឹងធនធានរបស់យើងទេឬអី? សប្តាហ៍នេះ ខណៈដែលយើងថ្វាយបង្គំព្រះជាមួយនឹងតង្វាយ១០ហូត១ និងតង្វាយទៀងទាត់របស់យើងតាមសេចក្តីសន្យានោះ ចូរអោយយើងនឹកចាំអំពីការអស្ចារ្យយ៉ាងច្រើនសន្ធឹករបស់ព្រះផងចុះ។

សេចក្តីអំពាវនាវ៖
« ដាវីឌ​ក៏​ទូល​ទៀត​ថា ឯ​ព្រះយេហូវ៉ា ជា​ព្រះ​ដែល​បាន​ជួយ​ទូលបង្គំ ឲ្យ​រួច​ពី​ក្រចក​ សិង្ហ និង​ខ្លាឃ្មុំ ទ្រង់​ក៏​នឹង​ជួយ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​សាសន៍​ភីលីស្ទីន​នោះ​ដែរ ខណៈ​នោះ សូល​មាន​ព្រះបន្ទូល​ថា ដូច្នេះ ចូរ​ទៅ​ចុះ សូម​ឲ្យ​ព្រះយេហូវ៉ា​គង់​ជា​មួយ​នឹង​ឯង» (សាំយូអែលទី១ ១៧៖៣៧)។

សេចក្តីអធិដ្ឋាន៖
ឱព្រះអម្ចាស់អើយ ទូលបង្គំសូមអរព្រះគុណទ្រង់ ចំពោះផែនការសង្គ្រោះជាច្រើនយ៉ាងដែលទ្រង់បានធ្វើនៅក្នុងជីវិតរបស់ទូលបង្គំ។ ទ្រង់បានប្រទានអំណាចដល់យើង។ ជាការឆ្លើយតបទៅនឹងអំណាចដែលទ្រង់បានប្រទានដល់ទូលបង្គំនេះ ទូលបង្គំនឹងថ្វាយរូបកាយ និងកិច្ចការដ៏ល្អបំផុតរបស់ទូលបង្គំដល់ទ្រង់។ ​

Powered by CAM