មេរៀនទី១៣​៖ ១៩-២៥ មីនា ២០២២

ចូរបន្តស្រឡាញ់គ្នាទៅវិញទៅមក

Jeans
ថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ ហេព្រើរ ១៣៖១, ២; ហេព្រើរ ១៣៖៤, ៥; រ៉ូម ១២៖១៣; ហេព្រើរ ១៣៖៤, ៥; លូកា ១៦៖១០-១៨; ហេព្រើរ ១៣៖៧-១៧; ហេព្រើរ ១៣៖១០-១៤; ម៉ាកុស ៨៖៣៤។

ខចងចាំ៖ «ចូរ​ឲ្យ​មាន​សេចក្តី​ស្រឡាញ់​គ្នា ជា​បង​ប្អូន​ជានិច្ច» (ហេព្រើរ ១៣៖១)។

លោកប៉ុលបានមានប្រសាសន៍ថា យើងគឺជាគ្រួសាររបស់ព្រះយេស៊ូវតាមរយៈកណ្ឌគម្ពីរហេព្រើរទាំងមូល។ ព្រះយេស៊ូវគឺជាបងច្បងរបស់យើង។ ទ្រង់ក៏ជាសម្តេចសង្ឃរបស់យើងផងដែរ។ ហើយទ្រង់ក៏ជាស្តេចផងដែរ។ «ព្រះ‌យេស៊ូ​វដែល​ប្រោស​មនុស្ស​ឲ្យ​វិសុទ្ធ និង​មនុស្ស​ដែល​ព្រះអង្គ​ប្រោស​ ឲ្យ​វិសុទ្ធ​នោះ ចេញ​មក​ពី​ប្រភព​តែ​មួយ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌យេស៊ូវមិន​ខ្មាស​នឹង​ហៅ​គេ​ថា​ជា​ បងប្អូន​របស់​ព្រះអង្គ​ឡើយ» (ហេព្រើរ ២៖១១, គខប)។ កិច្ចការរបស់ព្រះយេស៊ូវបានបង្ហាញយើងថា ទ្រង់បានស្រឡាញ់យើងដូចជាបងប្រុសម្នាក់ដូច្នោះដែរ។ ដោយសារតែសេចក្តីស្រឡាញ់របស់ទ្រង់នេះហើយ បានជាយើងគួរតែស្រឡាញ់គ្នាទៅវិញទៅមក។ យើងក៏គួរតែធ្វើអ្វីដែលព្រះបានធ្វើសម្រាប់ យើងនោះទៅកាន់គ្នាទៅវិញទៅមកផងដែរ។ នេះគឺជាមូលហេតុដែលោកប៉ុលបានមានប្រសាសន៍មក កាន់យើងថា៖ «ចូរ​ឲ្យ​មាន​សេចក្តី​ស្រឡាញ់​គ្នា ជា​បង​ប្អូន​ជានិច្ច» (ហេព្រើរ ១៣៖១)។

តើយើងបានបង្ហាញសេចក្តីស្រឡាញ់នេះយ៉ាងដូចម្តេចដែរ? លោកប៉ុលបានប្រាប់យើងថា៖ «ចូរ​កំឡា​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រាល់​ថ្ងៃ​វិញ ក្នុង​កាល​ដែល​នៅ​តែ​ហៅ​ថា «ថ្ងៃ​នេះ»នៅ​ឡើយ ក្រែង​ អ្នក​រាល់​គ្នា​ណា​មួយ​មាន​ចិត្ត​រឹងរូស ដោយ​សេចក្តី​បញ្ឆោត​របស់​អំពើ​បាប» (ហេព្រើរ ៣៖១៣; ហេព្រើរ ១០៖២៤, ២៥; ហេព្រើរ ១២៖១៥-១៧)។ ក្នុងជំពូក ១៣ លោកប៉ុលបានប្រាប់យើងបន្ថែមទៀតអំពី សេចក្តីស្រឡាញ់នេះ។ នៅពេលដែលយើងបានស្រឡាញ់ដូចជាព្រះយេស៊ូវនោះ យើងនឹង៖ (១) ជួយ អ្នកដទៃ (ហេព្រើរ ១៣៖២); (២) ចុះសួរសុខទុក្ខដល់អ្នកជាប់គុក និងអ្នករងការឈឺចាប់ (ហេព្រើរ ១៣៖៣); (៣) គ្មានចិត្តលោភលន់ (ហេព្រើរ ១៣៖៥, ៦); (៤) និងគោរពតាមពួកមេដឹកនាំរបស់យើង (ហេព្រើរ ១៣៖៧-១៧)។ ចុងបញ្ចប់ លោកប៉ុលក៏បានសូមអោយអ្នកអានរបស់គាត់បង្ហាញសេចក្តី​ស្រឡាញ់របស់ពួកគេតាមរយៈការអធិស្ឋានសម្រាប់គាត់ផងដែរ (ហេព្រើរ ១៣៖១៨,​១៩)។

ថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២

ការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក

សូមអានខគម្ពីរហេព្រើរ ១៣៖១, ២, រ៉ូម ១២៖១៣; ធីម៉ូថេទី១ ៣៖២; ទីតុស ១៖៨ និងពេត្រុស ទី១ ៤៖៩។ ដូចដែលខទាំងនេះបានបង្ហាញហើយថា ពួកគ្រីស្ទានគួរតែចងចាំក្នុងការទទួលស្វាគមន៍អ្នក ដទៃចូលមកក្នុងផ្ទះរបស់ពួកគេ។ តើហេតុអ្វីបានជាអ្នកសរសេរព្រះគម្ពីរប្រាប់អោយពួកគ្រីស្ទានស្វាគមន៍អ្នកដទៃ និងមនុស្សប្លែកមុខចូលមកក្នុងផ្ទះរបស់ពួកគេយ៉ាងដូច្នេះ? តើកិច្ចការពិសេសនេះមានសារៈ សំខាន់ប៉ុនណាដែរ នៅក្នុងអំឡុងសម័យសញ្ញាថ្មី?

--------------------------------------------------------

ក្នុងសម័យគម្ពីរសញ្ញាថ្មី ពួកគ្រីស្ទានជាច្រើននាក់បានធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ដើម្បីចែកចាយដំណឹងល្អ។ ម្ល៉ោះហើយ ពួកគ្រីស្ទានទាំងនេះបានពឹងផ្អែកទៅលើពួកគ្រីស្ទានដទៃទៀត និង ពួកអ្នកមិនមែនជាគ្រីស្ទានអោយជួយដល់ពួកគេ។ នេះគឺជាមូលហេតុដែលលោកប៉ុលបានមានប្រសាសន៍ ថា «សូម​កុំ​ភ្លេច​ទទួល​អ្នក​ដទៃ​យ៉ាង​រាក់‌ទាក់» ឡើយ (ហេព្រើរ ១៣៖២, គខប)។

លោកប៉ុលក៏ចង់អោយអ្នកអានរបស់គាត់ស្វាគមន៍អ្នកប្លែកមុខផងដែរ។ «ដ្បិត​មនុស្ស​ខ្លះ​បាន​ ទទួល​ទាំង​ទេវតា ឲ្យ​សំណាក់​នៅ​ឥត​ដឹង​ផង» (ហេព្រើរ ១៣៖២)។ ជាការពិតណាស់ លោកប៉ុលបានគិត ដល់បុរស៣នាក់ដែលបានមកសួរសុខទុក្ខលោកអ័ប្រាហាំ (លោកុប្បត្តិ ១៨៖២-១៥)។ តើយើងស្វាគមន៍ អ្នកប្លែកមុខ និងអ្នកដទៃចូលមកក្នុងផ្ទះរបស់យើងដោយរបៀបណាដែរ? យើងបានចែករំលែកសម្ភារៈរបស់យើងជាមួយនឹងពួកគេ។ យើងបានប្រើសម្ភារៈរបស់យើង​ ដើម្បីជួយដល់អ្នករងការឈឺចាប់។ ព្រះក៏ បានធ្វើរឿងដូច្នេះដែរ នៅពេលដែលទ្រង់នៅមានព្រះជន្មរស់នៅលើផែនដីនេះនៅឡើយ (ហេព្រើរ ២៖១០-១៨)។

ចុះចំណែកឯពួកអ្នកជាប់គុកវិញ? តើយើងបង្ហាញសេចក្តីស្រឡាញ់ដល់ពួកគេដោយរបៀបណា? ជាការពិតណាស់ ពួកអ្នកជាប់គុកត្រូវការអធិស្ឋានរបស់យើង។ ប៉ុន្តែ ពួកគេក៏ត្រូវការការគាំទ្ររបស់ យើងផងដែរ។ នៅពេលដែលយើងយកចិត្តទុកដាក់ចំពោះតម្រូវការរបស់ពួកគេនោះ យើងបានបង្ហាញ ពួកគេថា ពួកគេគឺជាផ្នែកមួយនៃគ្រួសាររបស់យើង។ នៅពេលដែលពួកគេរងការឈឺចាប់ យើងក៏បានរង ការឈឺចាប់ជាមួយនឹងពួកគេផងដែរ។ នេះគឺជាអត្ថន័យដែលលោកប៉ុលចង់បង្ហាញ នៅពេលដែលគាត់ បានមានប្រសាសន៍ថា យើងគួរតែចែករំលែកការឈឺចាប់របស់ពួកគេ (ហេព្រើរ ១០៖៣២-៣៤)។ លោក ប៉ុលក៏ចង់អោយអ្នកអានរបស់គាត់នឹកចាំកាលដែលពួកគេនៅក្នុងគុកពីមុននោះដែរ។ ពួកគ្រីស្ទានបានផ្គត់ផ្គង់គ្នាទៅវិញទៅមកនៅក្នុងអំឡុងពេលនៃបទពិសោធន៍ដ៏លំបាកនេះ គឺថា៖ «បងប្អូន​ត្រូវ​គេ​ប្រមាថ​មើល‌ងាយ ធ្វើ​បាប​នៅ​មុខ​ប្រជុំ​ជន និង​ពេល​ខ្លះ​ទៀត បងប្អូន​រួម​ទុក្ខ​ជា​មួយ​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប​ដែរ» (ហេព្រើរ ១០៖៣៣, គខប)។ ការឈឺចាប់ដែលលោកប៉ុលមានប្រសាសន៍នៅក្នុងខនេះបានជួយអោយ យើងនឹកចាំអំពីលោកម៉ូសេ។ លោកម៉ូសេបាន «ស៊ូ​រង​ទុក្ខ​លំបាក​ជា​មួយ​នឹង​រាស្ត្រ​របស់​ព្រះ ជា​ជាង​មាន​សេចក្តី​អំណរ​ខាង​អំពើ​បាប ដែល​នៅ​តែ​១​ភ្លែតនោះ​វិញ» (ហេព្រើរ​ ១១៖២៥)។ ចុងបញ្ចប់ លោកប៉ុលបានមានប្រសាសន៍អំពីហេតុផលដ៏ល្អបំផុតដែលយើងមាន ក្នុងការបង្ហាញសេចក្តីស្រឡាញ់ទៅកាន់ពួក ជាប់គុកយ៉ាងដូច្នេះថា៖ «ចូរ​នឹក​ចាំ​ពី​ពួក​អ្នក​ជាប់​គុក ទុក​ដូច​ជា​ជាប់​ចំណង​ជា​មួយ​គ្នា ហើយ​ពី​ពួក​អ្នក​ដែល ត្រូវ​គេ​ធ្វើ​បាប​ផង ដ្បិត​អ្នក​រាល់​គ្នា​ក៏​នៅ​ក្នុង​រូបកាយ​ដែរ» (ហេព្រើរ ១៣៖៣)។ យើងត្រូវតែធ្វើអ្វីដែលយើង ចង់អោយអ្នកដទៃធ្វើមកកាន់យើងដែរ ប្រសិនបើអ្នកជាប់គុកជាយើងវិញនោះ។

ក្នុងនាមជាពួកជំនុំម្នាក់ តើយើងអាចធ្វើអ្វីបានខ្លះ សម្រាប់ជួយដល់ពួកអ្នកជាប់គុក?

ថ្ងៃច័ន្ទ ទី២១ ខែមីនា ឆ្នាំ២០២២

អំពើបាបនៃការរួមភេទ និងការស្រឡាញ់ប្រាក់

សូមអានខគម្ពីរហេព្រើរ ១៣៖៤, ៥; លូកា ១៦៖១០-១៨; កូរិនថូសទី១ ៥៖១; អេភេសូរ ៥៖៣-៥ និងកូឡូស ៣៖៥។ តើសេចក្តីអាក្រក់២យ៉ាងអ្វីខ្លះ ដែលយើងបានអាននៅក្នុងខទាំងនេះ?

--------------------------------------------------------

លោកប៉ុលបានព្រមានអ្នកអានរបស់គាត់អំពីអំពើបាបនៃការរួមភេទ និងការស្រឡាញ់ប្រាក់។ អំពើបាបទាំង២យ៉ាងនេះនឹងបំផ្លាញសេចក្តីស្រឡាញ់ដែលមានចំពោះគ្នាទៅវិញទៅមក។ ទាំងអ្នកនិពន្ធ គ្រីស្ទាន និងមិនមែនគ្រីស្ទានសុទ្ធតែបានឃើញអំពីទំនាក់ទំនងរវាងអំពើបាបនៃការរួមភេទ ហើយនិងចិត្ត លោភលន់។

ក្នុងខគម្ពីរហេព្រើរ ១៣៖៤, ៥ លោកប៉ុលបានមានប្រសាសន៍ថា ពួកគ្រីស្ទានគួរតែគោរពចំណង អាពាហ៍ពិពាហ៍។ យើងមិនត្រូវធ្វើអ្វីមួយដែលបង្ហាញថា អាពាហ៍ពិពាហ៍មិនសំខាន់នោះឡើយ។ យើងមិន គួរក្បត់ប្តី ឬប្រពន្ធរបស់យើងនោះឡើយ។ យើងក៏មិនគួរលែងលះគ្នាដោយគ្មានហេតុផលត្រឹមត្រូវណា មួយនោះដែរ​ (សូមប្រៀបធៀបជាមួយនឹងខគម្ពីរម៉ាថាយ ១៩៖៩)។ ការរួមភេទក្រៅពីអាពាហ៍ពិពាហ៍សុទ្ធ តែមិនត្រឹមត្រូវទាំងអស់ (កូរិនថូសទី១ ៥៖៩-១១; កូរិនថូសទី១​ ៦៖៩, ១០; អេភេសូរ ៥៖៥; ធីម៉ូថេទី១ ១៖៩, ១០; វិវរណៈ ២១៖៨; វិវរណៈ ២២៖១៥)។ ក្នុងចំណោមពួកក្រេក និងពួករ៉ូមនៅក្នុងសម័យសញ្ញា ថ្មីគឺខុសគ្នាស្រឡះពីក្បួនច្បាប់ដែលបានបង្រៀនដោយព្រះគម្ពីរ។ ពួកបុរសរ៉ូមត្រូវបានអនុញ្ញាតអោយក្បត់ប្រពន្ធខ្លួន ប្រសិនបើពួកគេបានលាក់ការក្បត់របស់ពួកគេនោះជាអាថ៌កំបាំង។ លោកប៉ុលបានព្រមាន ថា ព្រះនឹងដាក់ទោសដល់ពួកអ្នកក្បត់។ ម្ល៉ោះហើយ ពួកគ្រីស្ទានមិនគួរធ្វើតាមក្បួនច្បាប់អាពាហ៍ពិពាហ៍ សាសន៍រ៉ូមនោះឡើយ។

ម៉្យាងទៀត ការស្រឡាញ់ប្រាក់ក៏ជាអំពើបាបដ៏អាក្រក់បំផុតមួយទៀតនៅក្នុងចំណោមសាសន៍ រ៉ូមនៅសម័យលោកប៉ុលផងដែរ។ ក្នុងសំបុត្រមួយទៀត លោកប៉ុលបានមានប្រសាសាន៍ថា ការស្រឡាញ់ ប្រាក់នេះគឺជាហេតុផលសម្រាប់ការអាក្រក់ទាំងអស់ (ធីម៉ូថេទី១ ៦៖១០)។

ដូច្នេះ តើពួកគ្រីស្ទានអាចប្រឆាំងទាស់នឹងសេចក្តីអាក្រក់នេះដោយរបៀបណា? លោកប៉ុលបានផ្តល់ចម្លើយនៅក្នុងសំបុត្ររបស់គាត់ជាច្រើន។ ទីមួយ ពួកគ្រីស្ទានគួរតែ «រីករាយ» ជាមួយនឹងអ្វីដែល ពួកគេមាន (ហេព្រើរ ១៣៖៥; សូមអានខគម្ពីរកូរិនថូសទី២ ៩៖៨ និងភីលីព ៤៖១១, ១២ ផងដែរ)។ ពួកគ្រីស្ទានក៏ត្រូវតែមានសេចក្តីជំនឿ និងការជឿទុកចិត្តទៅលើសេចក្តីសន្យាដ៏អស្ចារ្យនេះមកពីព្រះផង ដែរ ដែលបានចែងយ៉ាងដូច្នេះថា៖ «អញ​នឹង​មិន​ចាក​ចេញ​ពី​ឯង ក៏​មិន​បោះ​បង់​ចោល​ឯង​ឡើយ» (ហេព្រើរ ១៣៖៥)។ ព្រះបានប្រទានសេចក្តីសន្យានេះដល់រាស្ត្ររបស់ទ្រង់ជាច្រើនលើកច្រើនសានៅក្នុងប្រវត្តិសាស្ត្រ នៃព្រះគម្ពីរ (លោកុប្បត្តិ ២៨៖១៥; ចោទិយកថា ៣១៖៦,​៨; យ៉ូស្វេ ១៖៥; កូរិនថូសទី១ ២៨៖២០)។ សព្វថ្ងៃនេះ ព្រះក៏បានប្រទានសេចក្តីសន្យានេះដល់យើងផងដែរ។ យើងត្រូវតែឆ្លើយតបទៅនឹងសេចក្តី សន្យានេះដោយពាក្យពេចន៍ចេញពីចម្រៀងមួយឃ្លាយ៉ាងដូច្នេះ៖ «ព្រះយេហូវ៉ា​ទ្រង់​កាន់​ខាង​ខ្ញុំៗ​នឹង​មិន ខ្លាចអ្វី​ឡើយ តើ​មនុស្ស​អាច​នឹង​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន» (ទំនុកដំកើង ១១៨៖៦)។ អ្នកសរសេរបទគម្ពីរទំនុកដំកើង ១១៨ បានបង្ហាញយើងអំពីទំនុកចិត្តរបស់គាត់ចំពោះព្រះ នៅពេលដែលអ្នកដទៃបានធ្វើបាបគាត់ និង បណ្តោយអោយគាត់រងការឈឺចាប់យ៉ាងខ្លាំង។

តើយើងអាចធ្វើអ្វីបានខ្លះ ដើម្បីការពារខ្លួនយើងចេញពីអំពើបាបនៃការរួមភេទ និងការស្រឡាញ់ ប្រាក់នេះ?

ថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២

ចូរនឹកចាំអំពីពួកមេដឹកនាំរបស់អ្នករាល់គ្នា

សូមអានអំពីអ្វីដែលលោកប៉ុលបានមានប្រសាសន៍នៅក្នុងខគម្ពីរហេព្រើរ ១៣៖៧-១៧ អំពីពួកមេដឹកនាំព្រះវិហារតាមតំបន់របស់យើង។ យើងគួរតែមានអារម្មណ៍យ៉ាងដូចម្តេច ចំពោះពួកមេដឹកនាំ របស់យើងទាំងនេះ?

--------------------------------------------------------

ក្នុងខគម្ពីរហេព្រើរ ១៣៖៧-១៧ លោកប៉ុលបានប្រាប់អោយអ្នកអានរបស់គាត់គោរព និងស្តាប់ តាមពួកមេដឹកនាំព្រះវិហារតាមតំបន់របស់ពួកគេ។ លោកប៉ុលក៏បានអញ្ជើញអ្នកអានរបស់គាត់អោយ «នឹកចាំ» អំពីពួកមេដឹកនាំរបស់ពួកគេកាលពីមុនផងដែរ (ហេព្រើរ ១៣៖១៧)។ ពួកមេដឹកនាំទាំងនេះបានអធិប្បាយសេចក្តីពិតនៃព្រះគម្ពីរទៅកាន់ពួកគ្រីស្ទានមុនគេបង្អស់។ ពួកមេដឹកនាំទាំងនេះក៏បានចាប់ ផ្តើមព្រះវិហារតាមតំបន់របស់ពួកគេមុនគេបង្អស់ផងដែរ។ ម្ល៉ោះហើយ បានជាលោកប៉ុលសូមអោយអ្នក អានរបស់គាត់នឹកចាំអំពីពួកគេ។ ប៉ុន្តែ ពាក្យថា «នឹកចាំ» បានបង្ហាញយើងថា យើងត្រូវតែធ្វើច្រើនជាង គិតអំពីបទពិសោធន៍ល្អៗដែលយើងមានកាលពីមុនជាមួយនឹងពួកគ្រូគង្វាលរបស់យើង។ លោកប៉ុល បានពន្យល់ថា អ្នកអានរបស់គាត់គួរតែ «នឹកចាំ» អំពីពួកមេដឹកនាំរបស់ពួកគេដោយការត្រាប់តាមសេចក្តី ជំនឿរបស់ពួកគេ។

លោកប៉ុលបានជឿថា វិធីដ៏ល្អបំផុតដែលយើងអាចនឹកចាំអំពីអ្នកណាម្នាក់បាននោះ គឺជាការ ត្រាប់តាមជីវិតរបស់គេម្នាក់នោះ។ សម្រាប់លោកប៉ុលវិញ ពួកមេដឹកនាំព្រះវិហារកាលពីមុនក៏ត្រូវបានរាប់នៅក្នុងបញ្ជីឈ្មោះនៃវីរបុរសខាងឯសេចក្តីជំនឿរបស់គាត់ ក្នុងបទគម្ពីរហេព្រើរ ១១​ ផងដែរ។ យើង បានឃើញរួចមកហើយថា បញ្ជីឈ្មោះនេះបានបញ្ចប់នៅក្នុងជំពូក ១២ ជាមួយនឹងព្រះយេស៊ូវ។ ព្រះ-យេស៊ូវគឺជាគំរូដ៏ល្អបំផុតខាងឯសេចក្តីជំនឿ។​ ហេតុផលមួយដែលថា ព្រះយេស៊ូវគឺជាគំរូដ៏ល្អបំផុតនោះ គឺដោយសារតែព្រះយេស៊ូវមិនដែលផ្លាស់ប្តូរនោះឡើយ។ ដ្បិតទ្រង់ «នៅ​តែ​ដដែល គឺ​ពី​ថ្ងៃ​ម្សិល ថ្ងៃ​នេះ ហើយ​ទៅ​ដល់​អស់​កល្ប​ជានិច្ច​ត​ទៅ» (ហេព្រើរ ១៣៖៨)។ ព្រះយេស៊ូវមានលក្ខណៈខុសគ្នាស្រឡះពីគ្រូក្លែងក្លាយដែលតែងតែផ្លាស់ប្តូរពីមួយពេលទៅមួយពេល។ ពួកមនុស្សទាំងនេះបានបង្រៀនសេចក្តី «ប្លែកៗ» (ហេព្រើរ ១៣៖៩)។ ការបង្រៀនក្លែងក្លាយរបស់ពួកគេបានដឹកនាំមនុស្ស «នៅក្នុងផ្លូវខុស» (ហេព្រើរ ១៣៖៩, បកប្រែថ្មីពី ERV)។

នៅចុងបញ្ចប់នៃខគម្ពីរហេព្រើរ ១៣៖៧-១៧ លោកប៉ុលបានប្រាប់អោយអ្នកអានរបស់គាត់ «ស្តាប់តាម» ពួកមេដឹកនាំដែលពួកគេមាននៅពេលឥឡូវនេះយ៉ាងដូច្នេះថា៖ «ចូរ​ស្តាប់​តាម ហើយ​ចុះ​ចូល​នឹង​ពួក​អ្នក ដែល​នាំ​មុខ​អ្នក​រាល់​គ្នា​ចុះ ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​បាន​ថែ​រក្សា​ព្រលឹង​អ្នក​រាល់​គ្នា​ដោយ​អំណរ មិន​មែន​ដោយ​ស្រែក​ថ្ងូរ​ទេ» (ហេព្រើរ ១៣៖១៧)។ ពួកមេដឹកនាំគឺជាពួកគ្រូគង្វាលនៃពួកជំនុំ។ ពួកគេត្រូវតែឆ្លើយតបទៅកាន់ព្រះអំពីសុខភាព និងការលូតលាស់ខាងឯវិញ្ញាណនៃពួកជំនុំរបស់ពួកគេ (សូមអានខគម្ពីរពេត្រុសទី១ ៥៖១-៤; កូរិនថូសទី១ ៣៖១០-១៥)។

ពួកមេដឹកនាំព្រះវិហារបានធ្វើកិច្ចការសម្រាប់ព្រះយេស៊ូវ។ ព្រះយេស៊ូវគឺជា «អ្នក​គង្វាល​ដ៏​ធំ​នៃ​ហ្វូង​ចៀម» (ហេព្រើរ ១៣៖២០)។ ពួកមេដឹកនាំនឹងមានអារម្មណ៍អរសប្បាយ នៅពេលណាដែលពួក ជំនុំរបស់ពួកគេបានជឿទុកចិត្ត និងស្តាប់តាមពួកគេ។ ពួកជំនុំក៏នឹងមានអារម្មណ៍អរសប្បាយ នៅពេល ណាដែលពួកមេដឹកនាំរបស់ពួកគេបង្ហាញថា ពួកគេកំពុងតែយកចិត្តទុកដាក់ និងរស់នៅក្នុងគំរូនៃសេចក្តី ជំនឿសម្រាប់ពួកជំនុំទាំងមូលផងដែរ។ ពេលនោះ ពួកមេដឹកនាំនឹងបម្រើពួកជំនុំដោយក្តីអំណរ។ ព្រះក៏នឹងទតមើលកិច្ចការរបស់ពួកគេដោយក្តីអំណរផងដែរ។

តើលោកអ្នកអាចធ្វើអ្វីបានខ្លះ ដើម្បីបង្កើតភាពជឿជាក់រវាងពួកមេដឹកនាំ និងពួកជំនុំនៅក្នុងព្រះវិហាររបស់លោកអ្នក? តើយើងអាចបង្កើតទំនាក់ទំនងដ៏ល្អប្រសើរជាមួយនឹងពួកមេដឹកនាំរបស់យើង ទូទាំងពិភពលោកដោយរបៀបណាដែរ?

ថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២

ចូរប្រុងប្រយ័ត្នពីការបង្រៀនប្លែកៗ

សូមប្រៀបធៀបខគម្ពីរហេព្រើរ ១៣៖៩; ហេព្រើរ ២៖៩; ហេព្រើរ ៤៖១៦ និងហេព្រើរ ៦៖ ១៩, ២០។ ក្នុងខទាំងនេះ លោកប៉ុលបានមានប្រសាសន៍អំពីព្រះគុណរបស់ព្រះ។ តើយើងអាចទទួល បានព្រះគុណនេះមកពីព្រះដោយរបៀបណា? តើចិត្តរបស់យើងត្រូវបានពង្រឹងដោយរបៀបណាដែរ?

--------------------------------------------------------

តើហេតុអ្វីបានជាលោកប៉ុលបន្ទោសអ្នកអានរបស់គាត់អំពីអាហារនៅក្នុងខគម្ពីរហេព្រើរ​ ១៣៖៩ យ៉ាងដូច្នេះ? លោកប៉ុលមិនបានបន្ទោសអ្នកអានរបស់គាត់ចំពោះការបដិសេធន៍មិនព្រមបរិភោគ អាហារមិនស្អាតនោះទេ។ យើងបានដឹងពីបទគម្ពីរកិច្ចការ ១៥ រួមមកហើយថា ពួកជំនុំនៅក្នុងសម័យ គម្ពីរសញ្ញាថ្មីបាននិយាយថា ពួកគ្រីស្ទានមិនគួរធ្វើតាមក្បួនច្បាប់អាហារចេញពីគម្ពីរសញ្ញាចាស់ទៀតឡើយ (កិច្ចការ ១៥៖១៩, ២០)។ ដូច្នេះ តើហេតុអ្វីបានជាលោកប៉ុលមិនសប្បាយចិត្តយ៉ាងដូច្នេះ?

លោកប៉ុលបានដាស់តឿនកុំអោយអ្នកអានរបស់គាត់គិតថា ការគោរពតាមក្បួនច្បាប់អាហារ នឹងធ្វើអោយពួកគេទទួលបានព្រះគុណដ៏ពិសេសមួយជាមួយនឹងព្រះ។ លោកប៉ុលប្រហែលជាព្រមានអ្នកអានរបស់គាត់ទាស់នឹងការចូលរួមប្រារព្ធពិធីបុណ្យអាហាររបស់សាសនាយូដា។ អាហារទាំងនេះ មានទំនាក់ទំនងជាមួយនឹងដង្វាយសត្វនៅក្នុងរោងឧបោសថនៃពួកយូដា។ ពួកយូដាបានជឿថា ការចូលរួមបរិភោគអាហារទាំងនេះបានផ្តល់ព្រះគុណខាងឯវិញ្ញាណដ៏ពិសេសមួយជាមួយនឹងព្រះ។ ប៉ុន្តែ លោកប៉ុលបានមានប្រសាសន៍ថា ព្រះគុណរបស់ព្រះមិនមែនបានមកពីការបរិភោគអាហារនេះនោះទេ។ ព្រះគុណរបស់ព្រះបានមកតាមរយៈដង្វាយ និងកិច្ចការរបស់ព្រះយេស៊ូវក្នុងនាមជាសម្តេចសង្ឃរបស់យើងតែមួយគត់។ «យើង​រាល់​គ្នា​មាន​អាសនា​១ ដែល​ពួក​អ្នក​បំរើ​ក្នុង​រោង​ឧបោសថ គេ​គ្មាន​ច្បាប់​នឹង​ចូល​មក​បរិភោគ​ពី​អាសនា​នោះ​ទេ» (ហេព្រើរ ១៣៖១០)។ ក្នុងខនេះ ពាក្យ «អាសនា» បានបង្ហាញយើង អំពីដង្វាយរបស់ព្រះយេស៊ូវ។ ព្រះយេស៊ូវលះបង់ព្រះជន្មរបស់ទ្រង់ ដើម្បីចេញថ្លៃលោះអំពើបាបរបស់ យើង។ «អាសនា» ដែលព្រះយេស៊ូវបានសុគតនោះ គឺនៅលើ «ឈើឆ្កាង»។ «អាសនា» នេះបានផ្តល់ អាហារតែមួយគត់ដល់ពួកគ្រីស្ទាន ដើម្បីអោយពួកគេបានសង្គ្រោះ អាហារនោះគឺជា៖ ព្រះយេស៊ូវដែល ជានំប័ុងជីវិតនេះឯង (យ៉ូហាន ៦៖៤៧-៥៨)។

ក្នុងកណ្ឌគម្ពីរហេព្រើរ ព្រះគុណរបស់ព្រះយេស៊ូវមានប្រភពមកពីបល្ល័ង្ករបស់ព្រះ (ហេព្រើរ ៤៖១៦)។ ព្រះយេស៊ូវបានប្រទានព្រះគុណនេះដល់យើង។ ព្រះគុណនេះបានផ្តល់សេចក្តីសង្ឃឹមដល់ យើង។ យើងបានឃើញរួចមកហើយថា សេចក្តីសង្ឃឹមនេះប្រៀបដូចជា «យុថ្កា​នៃ​ព្រលឹង​ដ៏​ជាប់លាប់​ មាំមួន» នៃកប៉ាល់យ៉ាងដូច្នោះដែរ (ហេព្រើរ ៦៖១៩, ២០; សូមប្រៀបធៀបជាមួយនឹងខគម្ពីរហេព្រើរ ៤៖១៦)។ យុថ្កានេះបានផ្តល់នូវអ្វីដែលតោងខ្ជាប់។ នៅពេលដែលចិត្តរបស់យើងត្រូវបានពង្រឹងតាមរយៈការតោងខ្ជាប់ទៅនឹងសេចក្តីសង្ឃឹមនេះ យើងនឹងមិនត្រូវបានដឹកនាំ «នៅក្នុងផ្លូវខុស» ដោយការ បង្រៀនប្លែកៗនោះឡើយ (ហេព្រើរ ១៣៖៩,​ បកប្រែថ្មីពី ERV)។ ពេលនោះ «យើងនឹងមិនរសាត់ចេញ ពីផ្លូវនៃសេចក្តីពិតឡើយ» (ហេព្រើរ ២៖១, បកប្រែថ្មីពី ERV)។

សូមចំណាយពេលខ្លះពិចារណាអំពីដង្វាយរបស់ព្រះយេស៊ូវសម្រាប់យើង។ ដង្វាយនេះគ្រប់ លក្ខណ៍ និងល្អឥតខ្ចោះ។ យើងមិនអាចបន្ថែមអ្វីមួយទៅក្នុងដង្វាយនេះ ដើម្បីអោយដង្វាយនេះបានល្អប្រសើរជាងមុននោះទេ។ តើគោលគំនិតនេះអាចជួយអោយយើងមើលឃើញអំពីកំហុសដែលយើង ព្យាយាមទិញព្រះគុណរបស់ព្រះតាមរយៈទង្វើល្អរបស់យើងដោយរបៀបណាដែរ?

ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២

ការចូលទៅឯព្រះយេស៊ូវនៅខាងក្រៅជំរំ

សូមប្រៀបធៀបខគម្ពីរហេព្រើរ ១៣៖១០-១៤; ម៉ាកុស ៨៖៣៤; ម៉ាថាយ ១០៖៣៨; លូកា ១៤៖២៧ និងកាឡាទី ២៖២០។ លោកប៉ុលបានមានប្រសាសន៍អំពីការចូលទៅឯព្រះយេស៊ូវនៅខាងក្រៅជំរំ។ តើរូបស័ព្ទនេះបានបង្ហាញយើងយ៉ាងដូចម្តេច?

--------------------------------------------------------

កន្លែងពីខាងក្រៅរបងគឺជាផ្នែកមួយដ៏អាក្រក់នៃជំរំសាសន៍អ៊ីស្រាអែលទាំងមូល។ កន្លែងនេះ កង្វក់ជាទីបំផុត។ ឆ្អឹងនៃដង្វាយសត្វត្រូវបានដុតនៅខាងក្រៅជំរំ (ហេព្រើរ ៤៖១២)។ ពួកមនុស្សឃ្លង់ក៏បានរស់នៅខាងក្រៅជំរំផងដែរ (លេវីវិន័យ ៤៖១២)។ ពួកមនុស្សឃ្លង់គឺជាមនុស្សដែលមានជំងឺលើស្បែក ដ៏អាក្រក់បំផុត។ ពួកអ៊ីស្រាអែលបានសម្លាប់ពួកឧក្រិដ្ឋជននៅខាងក្រៅជំុរំ។ រីឯមនុស្សដែលជេរប្រមាថដល់ ព្រះក៏ត្រូវបានស្លាប់នៅខាងក្រៅជំរំផងដែរ។ (សូមអានខគម្ពីរលេវីវិន័យ ២៤៖១០-១៦, ២៣; ពង្សាវតារក្សត្រទី១ ២១៖១៣ និងកិច្ចការ ៧៖៥៨)។ ក្បួនច្បាប់នៅក្នុងខទាំងនេះអាចជួយអោយយើងមើលឃើញ ថា ព្រះបានសណ្ឋិតនៅខាងក្នុងជំុរំ។ ព្រះមិនចង់អោយមានរបស់មិនស្អាតនៅខាងក្នុងជំរំឡើយ (ជនគណនា ៥៖៣; ចោទិយកថា ២៣៖១៤)។ ម្ល៉ោះហើយ ពួកយូដាត្រូវចោលរបស់មិនស្អាតនៅខាងក្រៅជំរំ។

ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាងខាងក្រៅទីក្រុងយេរូសាឡិម (យ៉ូហាន ១៩៖១៧-២០)។ កន្លែងនៃការសុគតរបស់ទ្រង់បានបង្ហាញយើងអំពីការអាម៉ាស់ដែលព្រះយេស៊ូវបានទទួល នៅពេលដែល ទ្រង់ត្រូវគេដំភ្ជាប់ទៅនឹងឈើឆ្កាង (ហេព្រើរ ១២៖២)។ ពួកយូដាបាននិយាយថា ព្រះយេស៊ូវគួរតែស្លាប់ ដោយសារតែទ្រង់បានប្រមាថព្រះនាមរបស់ព្រះ។ ម្ល៉ោះហើយ ពួកយូដាបានបដិសេធព្រះយេស៊ូវ។ ពួក គេបានបង្ខំអោយលោកពីឡាត់ឆ្កាងព្រះយេស៊ូវនៅខាងក្រៅកំផែងទីក្រុង (ម៉ាកុស ១៤៖៦៣; សូមអាន ខគម្ពីរលេវីវិន័យ ២៤៖១១,​១៦)។ ដូច្នេះ ព្រះយេស៊ូវត្រូវបានគេនាំយកទៅសម្លាប់នៅខាងក្រៅជំរំទុកដូចជារបស់មិនស្អាតដូច្នោះដែរ។

លោកប៉ុលបានប្រាប់អ្នកអានរបស់គាត់អោយ «ចេញ​ទៅ​ឯ​ទ្រង់ នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​ ដែរ ទាំង​ផ្ទុក​សេចក្តី​ដំនៀល​របស់​ទ្រង់​ចុះ» (ហេព្រើរ ១៣៖១៣; សូមអានខគម្ពីរហេព្រើរ ១២៖២ ផងដែរ)។ ដំបូន្មានមកពីលោកប៉ុលនៅត្រង់នេះបានបង្ហាញយើងថា ឥឡូវនេះ ព្រះកំពុងតែនៅឯណា គឺថា៖ ទ្រង់ កំពុងតែនៅខាងក្រៅជំរំ។ នៅពេលដែលយើងចូលទៅឯព្រះយេស៊ូវនៅក្រៅជំរំនោះ សបញ្ជាក់ថា យើង បានអនុវត្តលើសពីការទទួលយកសេចក្តីអាម៉ាស់របស់ទ្រង់ទៅទៀត។ យើងក៏បានចូលរួមជាមួយនឹងទ្រង់ ផងដែរ (ហេព្រើរ ១៣៖១៣)។ រឿងអំពីគោមាសនៅក្នុងបទគម្ពីរនិក្ខមនំ ៣២ និង៣៣ អាចជួយអោយ យើងយល់គោលគំនិតនេះកាន់តែប្រសើរឡើង។ ពួកអ៊ីស្រាអែលបានបដិសេធព្រះ នៅពេលដែលពួកគេបានធ្វើបាបទាស់នឹងព្រះតាមរយៈគោមាស។ បន្ទាប់ពីពួកគេបានធ្វើបាបរួចមក លោកម៉ូសេបាន «យក ត្រសាល​ទៅ​ដំឡើង​នៅ​ទី​ឆ្ងាយ​ក្រៅ​ពី​ទី​ដំឡើង​ត្រសាល​របស់​គេ ហើយ​ឲ្យ​មាន​ឈ្មោះ​ថា ‘ត្រសាល​ជំនុំ’ ឯ​អស់​អ្នក​ណា​ដែល​រក​ព្រះយេហូវ៉ា គេ​ក៏​ចេញ​ទៅ​ឯ​ត្រសាល​ជំនុំ ដែល​នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​នោះ» (និក្ខមនំ ៣៣៖៧)។ ទន្ទឹមគ្នានេះ លោកប៉ុលបានអញ្ជើញពួកគ្រីស្ទានអោយចូលទៅឯព្រះយេស៊ូវ នៅខាងជំរំ។ ព្រះយេស៊ូវនឹងដឹកនាំរាស្ត្ររបស់ទ្រង់ចេញពីក្រុងដ៏ហួតហែងទៅរក «ក្រុង​ដែល​នឹង​មាន​នៅ​ពេល​ខាង​មុខ​នោះ​វិញ» (ហេព្រើរ ១៣៖១៤, គខប; ហេព្រើរ ១១៖១០, ១៦)។

តើការចូលទៅឯព្រះយេស៊ូវ «នៅខាងក្រៅជំរំ» មានន័យយ៉ាងណាដែរ ចំពោះលោកអ្នក? តើយើងអាចរងការអាម៉ាស់ជាមួយនឹងទ្រង់ដោយវិធីណាខ្លះ?

ថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២

សិក្សាបន្ថែម

«ព្រះបានចាក់ព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់មកលើពួកជំនុំរបស់ទ្រង់។ ពួកសិស្សរបស់ ព្រះយេស៊ូវបានមានអារម្មណ៍ជិតស្និទ្ធនឹងគ្នា។ ពួកគេបានយកចិត្តទុកដាក់ និងធ្វើល្អចំពោះគ្នាទៅវិញទៅ មក។ ពួកគេបានយកព្រះជាអាទិភាពនៅក្នុងជីវិតរបស់ពួកគេ។ ពួកគេសុខចិត្តលះបង់អ្វីៗគ្រប់យ៉ាងសម្រាប់ សេចក្តីពិតនៃព្រះគម្ពីរ។ ពួកគេបានបង្ហាញសេចក្តីស្រឡាញ់ទៅកាន់គ្នាទៅវិញទៅមកជាប្រចាំ តាមដែល ព្រះយេស៊ូវបានបង្គាប់ពួកគេ។ ពួកគេបានខិតខំបង្ហាញសេចក្តីស្រឡាញ់នេះទៅកាន់មនុស្សដទៃ តាមរយៈ ពាក្យសម្តី និងទង្វើរបស់ពួកគេ។ ពួកសិស្សរបស់ព្រះយេស៊ូវចង់អោយមនុស្សគ្រប់គ្នាបានស្គាល់ព្រះយេស៊ូវ និងសេចក្តីស្រឡាញ់របស់ទ្រង់ . . . .»។

«ប៉ុន្តែ អ្វីៗគ្រប់យ៉ាងបានផ្លាស់ប្តូរបន្តិចម្តងៗ។ ពួកគ្រីស្ទានបានចាប់ផ្តើមក្រឡេកមើលកំហុស គ្នាទៅវិញទៅមក។ ពួកគេបានក្រឡេកមើលកំហុសដែលពួកគ្រីស្ទានដទៃទៀតបានសាងឡើង។ ពួកគេ បាននិយាយសម្តីអាក្រក់ និងគម្រោះគម្រើយទៅកាន់គ្នាទៅវិញទៅមក។ ពួកគេបានភ្លេចអំពីព្រះអង្គសង្គ្រោះ និងសេចក្តីស្រឡាញ់របស់ទ្រង់។ បន្ទាប់មក ពួកសិស្សរបស់ទ្រង់បានចាប់ផ្តើមដើរតាមក្បួនច្បាប់នៃសាសនា ដ៏តឹងរុឹង។ ពួកគេបានខ្វល់ខ្វាយអំពីគោលគំនិតរបស់ពួកគេជាជាងបង្ហាញសេចក្តីជំនឿដ៏ពិត។ ពួកគេមាន ចិត្តអន្ទះសាក្នុងការស្វែងរកកំហុសរបស់អ្នកដទៃ។ ប៉ុន្តែ ពួកគេមិនបានឃើញកំហុសរបស់ពួកគេនោះ ឡើយ។ ពួកគេបានឈប់រាប់អានគ្នាជាបងប្អូននៅក្នុងព្រះយេស៊ូវទៀតហើយ។ ពួកគ្រីស្ទានមិនបានដឹងថា ពួកគេបានបាត់បង់ព្រះយេស៊ូវ និងសេចក្តីស្រឡាញ់របស់ទ្រង់នោះទេ។ ពួកគ្រីស្ទានបានបដិសេធសេចក្តី ស្រឡាញ់របស់ព្រះចេញពីចិត្តរបស់ពួកគេ។ ពួកគេមើលមិនឃើញថា ពួកគេកំពុងតែបាត់បង់សេចក្តីសុខ និងសេចក្តីអំណរនោះឡើយ។ មិនយូរប៉ុន្មាន ជីវិតរបស់ពួកគេនឹងក្លាយទៅជាងងឹតសូន្យសុងទៅ»។

«លោកយ៉ូហានបានឃើញហេតុការណ៍ដែលកំពុងតែកើតឡើងនៅក្នុងពួកជំនុំ។ ម្ល៉ោះហើយ គាត់បានប្រាប់សិស្សរបស់ព្រះយេស៊ូវថា ពួកគេត្រូវការសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវគ្រប់ពេលវេលា។ សំបុត្ររបស់យ៉ូហានបានសរសេរមកកាន់ពួកជំនុំពោរពេញទៅដោយគោលគំនិតនេះ។ លោកយ៉ូហាន បានសរសេរថា ‘ពួក​ស្ងួនភ្ងា​អើយ យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​សេចក្តី​ស្រឡាញ់​មក​ពី​ព្រះ ឯ​អស់​អ្នក​ណា​ដែល​មាន​សេចក្តី​ស្រឡាញ់ នោះ​ឈ្មោះ​ថា​មក​ពី​ព្រះ ហើយ​ក៏​ស្គាល់​ទ្រង់​ដែរ តែ​អ្នក​ណា​ដែល​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​មិន​ស្គាល់​ព្រះ​វិញ ពី​ព្រោះ​ព្រះ​ទ្រង់​ជា​សេចក្តី​ស្រឡាញ់​នោះ​ឯង សេចក្តី​ ស្រឡាញ់​របស់​ព្រះ​បាន​សំដែង​មក ឲ្យ​យើង​ខ្ញុំ​ស្គាល់ ដោយ​ទ្រង់​ចាត់​ព្រះរាជបុត្រា​ទ្រង់​តែ​១ ឲ្យ​មក​ក្នុង​លោកីយ៍ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​រស់​ដោយសារ​ទ្រង់ នេះ​ហើយ​ជា​សេចក្តី​ស្រឡាញ់ មិន​មែន​យើង​ បាន​ស្រឡាញ់​ព្រះ​នោះ​ទេ គឺ​ទ្រង់​បាន​ស្រឡាញ់​យើង​វិញ​ទេ​តើ ហើយ​បាន​ចាត់​ព្រះរាជបុត្រា​ទ្រង់​មក ទុក​ ជា​ដង្វាយ​ឲ្យ​ធួន​នឹង​បាប​យើង​រាល់​គ្នា​ផង ពួក​ស្ងួនភ្ងា​អើយ បើ​ព្រះ​បាន​ស្រឡាញ់​យើង​រាល់​គ្នា​ជា​ខ្លាំង​ទាំង​ ម៉្លេះ នោះ​ត្រូវ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ’ (យ៉ូហានទី១ ៤៖៧-១១)»។ ដកស្រង់ពី Ellen G. White, The Acts of the Apostles, pages, 547, 548, adapted។

សំនួរពិភាក្សា៖
  1. ជាការពិតណាស់ ព្រះបានដឹកនាំយើងម្នាក់ៗ។ ប៉ុន្តែ តើហេតុអ្វីបានជាការដែលនឹកចាំថា ព្រះបានដឹកនាំយើងជាក្រុមមួយសំខាន់ម្ល៉េះ ចំពោះយើង? តើខ្ញុំបានជំពាក់អ្វីនឹងក្រុមមួយនេះ? តើខ្ញុំអាចរំពឹងចង់ បានអ្វីពីក្រុមនេះដែរ?

  2. នៅក្នុងថ្នាក់ សូមរៀបរាប់អំពីចំណុចទាំងឡាយដែលបានបង្ហាញយើងថា សេចក្តីស្រឡាញ់ក្នុងនាមជាបងប្អូននៅក្នុងពួកជំនុំនោះមានអានុភាពជាទីបំផុត។

  3. តើយើងអាចស្រឡាញ់គ្នាក្នុងនាមបងប្អូនដោយរបៀបណា? តើសេចក្តីស្រឡាញ់នេះបណ្តាលមកពីអ្វី? តើសេចក្តីស្រឡាញ់នេះអាចផ្លាស់ប្តូរជីវិតអោយកាន់តែប្រសើរឡើងដោយរបៀបណា? តើសេចក្តី ស្រឡាញ់នេះខុសគ្នាពីសេចក្តីស្រឡាញ់ក្លែងក្លាយយ៉ាងដូចម្តេចដែរ?

រឿងខ្លី

ការគេចផុតតែបន្តិច

Jeans

ព្រះពិតជាស្រឡាញ់ខ្ញុំមែនទែន។ នៅពេលដែលមិត្តភក្តិបានទៅប្រទេសអូស្រ្តាលីឯណោះបាត់ទៅ ខ្ញុំក៏បានយល់ព្រមនឹងនាងថា នឹងទៅសួរសុខទុក្ខឪពុកម្តាយនាងនៅក្នុងប្រទេសថៃឯណេះវិញ មួយអាទិត្យម្តងផងដែរ។ ការស្វែងរកផ្ទះរបស់ឪពុកម្តាយនាងមិនមែនជារឿងងាយស្រួលនោះទេ។ ខ្ញុំត្រូវ ស្វែងរកទិសដៅ ហើយបានដឹងថា ផ្ទះនោះនៅឆ្ងាយពីផ្ទះរបស់ខ្ញុំគួរសម។ ខ្ញុំបានដាក់គ្រឿងទេសជាច្រើន នៅក្នុងការបូបស្ពាយ និងកាបូបដទៃទៀត សម្រាប់ការចុះទៅសួរសុខទុក្ខពួកគាត់ជាដំបូងរបស់ខ្ញុំ។ ខ្ញុំ បានបក់ដៃហៅតុកតុកកង់បីអោយជូនខ្ញុំទៅឯចំណតឡានក្រុងដោយបានយួរអាហាទៅជាមួយផងដែរ។

កំពុងតែធ្វើដំណើរតាមផ្លូវសុខៗ ស្រាប់តែអ្នកបើកបរតុកតុកនិយាយឡើងថា «ខ្ញុំដឹកអ្នកទៅ មិនបានទេ អ៊ីចឹង ខ្ញុំនឹងហៅតុកតុកមួយទៀតអោយអ្នក»។ គាត់មិនបានផ្តល់ហេតុផលចំពោះការផ្លាស់ប្តូរ ចិត្តរបស់គាត់នោះឡើយ។ តើខ្ញុំគួរធ្វើយ៉ាងណាទៅ? តុកតុកទី២បានមកយកខ្ញុំទៅ ប៉ុន្តែ អ្នកបើកបរបាន នាំខ្ញុំទៅខុសកន្លែងទៀត។ ម្ល៉ោះហើយ ខ្ញុំបានប្តូរទៅជិះតុកតុកទី៣។

ខ្ញុំត្រូវចំណាយពេលវេលាជិត២ម៉ោងទម្រាំទៅដល់ចំណតឡានក្រុងនោះ។ ខ្ញុំបានដកដង្ហើម ទាំងខកចិត្ត នៅពេលដែលខ្ញុំបានទៅដល់ទីនោះ។ តើហេតុអ្វីបានជាត្រូវចំណាយពេល២ម៉ោង និងតុកតុក ៣គ្រឿង សម្រាប់ផ្លូវទៅកាន់ចំណតឡានក្រុងដ៏ខ្លី ហើយសាមញ្ញយ៉ាងដូច្នេះ?

អ្នកលក់សំបុត្របានសួរខ្ញុំថា «តើអ្នកទៅណាដែរ?»។ ដោយសារតែខ្ញុំខកចិត្តជាខ្លាំង ទើបខ្ញុំ មិនអាចនិយាយទៅកាន់អ្នកណាម្នាក់ សូម្បីតែអ្នកលក់សំបុត្រក៏ដោយ។ ខ្ញុំបានឆ្លើយទាំងបែរមុខចេញ ថា «ចាំខ្ញុំប្រាប់អ្នកពេលក្រោយ»។ បន្ទាប់ពីសម្រួលអារម្មណ៍បានស្រួលបួលហើយ ខ្ញុំបានទិញសំបុត្រ មួយ ហើយបានឡើងជិះឡានទួរីសចេញទៅ។

នៅក្នុងអំឡុងពេលនៃការធ្វើដំណើរទៅកាន់ផ្ទះឪពុកម្តាយរបស់មិត្តភក្តិខ្ញុំនោះ យើងបានបើក កាត់ ឡានទួរីសខ្ទេចខ្ទីមួយគ្រឿងនៅតាមដងផ្លូវ។ តៃកុងរបស់យើងបានឈប់មើល ក្រែងលោកមានអ្វី ដែលគាត់អាចជួយបាន។​ គាត់បាននិយាយទាំងក្រៀមក្រំថា មានអ្នកដំណើរជាច្រើននាក់បានស្លាប់នៅ ក្នុងការគ្រោះថ្នាក់នោះ។ គាត់បាននិយាយថា «នេះគឺជាឡានទួរីសដែលបានរត់នៅលើផ្លូវនេះមុនយើង បន្តិចទេ»។

នៅពេលនោះ ខ្ញុំបានដឹងថា ខ្ញុំប៊ិះតែជិះនៅក្នុងឡានទួរីសនោះ។ ប៉ុន្តែ ខ្ញុំបានខកខានជិះឡាន ទួរីសនោះ ដោយសារតែមានការពន្យារពេលជាច្រើនដងទៅកាន់ចំណតឡានក្រុង។ ឪពុកម្តាយរបស់មិត្ត-ភក្តិខ្ញុំបានធូរស្បើយចិត្តដោយបានឃើញខ្ញុំ។ ពួកគេបានឮអំពីគ្រោះថ្នាក់មួយនេះដែរ។ ម្តាយរបស់មិត្តភក្តិ ខ្ញុំបាននិយាយថា «ពួកយើងព្រួយបារម្ភពីក្មួយណាស់ ដោយសារតែយើងបានគិតថា ក្មួយនៅក្នុងឡាន ទួរីសនោះដែរ»។

ខ្ញុំបាននិយាយទៅកាន់ពួកគាត់ថា «ព្រះទ្រង់ល្អណាស់»។ បន្ទាប់មក ខ្ញុំបានរៀបរាប់អំពីការ ពន្យារពេលជាច្រើននោះទៅកាន់ពួកគេដែលមិនមែនជាគ្រីស្ទាន។ លោកឪពុកបានលាន់មាត់ថា «ព្រះឬទេវតាដែលបានការពារក្មួយស្រីនោះពិតជាអស្ចារ្យមែន»។ ច៎ាស ព្រះពិតជាស្រឡាញ់ខ្ញុំមែនទែន។

អំណានដង្វាយប្រចាំសប្តាហ៍

ព្រះដែលប្រោសប្រទានឲ្យគ្មានដែនកំណត់

យើងរាល់គ្នាថ្វាយបង្គំព្រះជាម្ចាស់ដោយសារទ្រង់គឺជាព្រះដ៏តែងតែប្រោសប្រទានដែលគ្មានដែនកំណត់។ ថ្ងៃមួយ អ័ប្រាហាំបានសន្ទនាជាមួយព្រះជាម្ចាស់ក្នុងអំឡុងពេលដែលព្រះអង្គប្រាប់លោកអំពីបុត្រដែលនឹងប្រសូតឡើងឆាប់ៗនេះតាមរយៈនាងសារ៉ា និងព្រះពរដែលនឹងស្ថិតនៅលើបុត្រទីពីរនេះ។ អ័ប្រាហាំបានទូលអង្វរដល់ព្រះជាម្ចាស់តាមរបៀបស្ទាក់ស្ទើរនៅក្នុងខគម្ពីរលោកុប្បត្តិ ១៧៖១៨ ថា «ឱបើសិនជាអ៊ីសម៉ាអែលនឹងរស់នៅចំពោះទ្រង់ទៅអេះ!» បទសន្ទនារវាងព្រះជាម្ចាស់និងអ័ប្រាហាំបង្រៀនអំពីសេចក្តីពិតដ៏សំខាន់មួយអំពីភាពបរិបូររបស់ព្រះ។ អ័ប្រាហាំបារម្ភក្រែងលោព្រះពរនឹងធ្លាក់តែទៅលើអ៊ីសាក់ ដែលកូនទីពីរ ហើយនិងពុំមានព្រះពរណាទៀតទុកសម្រាប់អ៊ីស្មាអែល។ ព្រះជាម្ចាស់ទ្រង់បានធានានឹងអ័ប្រាហាំម្តងទៀតថា ទ្រង់មានព្រះពរជាបរិបូរសម្រាប់បុត្រទាំងពីរ និងមនុស្សគ្រប់គ្នាផង។ ទ្រង់គឺជាព្រះដែលប្រោសប្រទានដ៏គ្មានដែនកំណត់។

គោលជំនឿលើការខ្វះខាតព្រះពររបស់ព្រះបានដឹកនាំមនុស្សខ្លះឲ្យយល់ខុស និងដើរខុស ផ្លូវ។ តទៅនេះគឺជាការយល់ច្រឡំខ្លះដែលមាននៅក្នុងផ្នត់គំនិតនេះ៖ «ប្រសិនបើអ្នកខ្លះបានទទួល ខ្ញុំមិនអាចបានទទួលទេ ឬ ខ្ញុំប្រហែលជាទទួលបានតិចជាងហើយ»។ ការជឿបែបនេះបង្កើតឲ្យមាន វិញ្ញាណនៃការច្រណែនគ្នា ប្រណាំងប្រជែងគ្នាដល់ថ្នាក់ស្លាប់រស់ និងអរិភាពនឹងគ្នា។ គោលជំនឿ មួយទៀតនោះគឺ៖ «ប្រសិនបើខ្ញុំថ្វាយ ឬចែករំលែកទៅអ្នកដទៃ នោះខ្ញុំនឹងនៅសល់តិច ឬខ្ញុំនឹងបាត់បង់របស់ដែលខ្ញុំមានមិនខាន»។ គោលជំនឿនេះរំខានដល់ភាពសប្បុរស និងបំផុសឲ្យមានភាព- អាត្មានិយម។ ទោះជាយ៉ាងណា ទាំងនេះសុទ្ធតែជាការស្មានខុស ដែលយល់មិនដល់អំពីប្រាកដ-ភាពដែលថាទ្រង់មានព្រះពរជាបរិបូរសម្រាប់មនុស្សគ្រប់គ្នាទាំងអស់។ វាជាការមិនល្អឡើយដែលវិភាគអំពីសមត្ថភាពរបស់ពីគំនិតដ៏មានដែនគំណត់របស់មនុស្សលោក ហើយភ្លេចគិតថា ព្រះដ៏ប្រោសប្រទានគឺជាព្រះដ៏គ្មានដែនកំណត់នោះ។ នៅក្នុងទ្រង់យើងរាល់គ្នាមិនមែនគ្មានអ្វីសោះនោះឡើយ បើទោះបីជាយើងត្រូវថ្វាយរបស់ទាំងអស់ក្តី។

តើលោកអ្នកដឹងទេថា ព្រះជាម្ចាស់ទ្រង់បានត្រៀមព្រះពរជាបរិបូរសម្រាប់យើងរាល់គ្នានោះ? សប្តាហ៍នេះ ចូរយើងបង្ហាញឲ្យឃើញនូវសេចក្តីជំនឿរបស់យើងរាល់គ្នាតាមរយៈដង្វាយ១០ហូត១ និងដង្វាយសទ្ធាដ៏ទៀងទាត់ថា ទ្រង់ជាព្រះដ៏ពោរពេញដោយព្រះពរជាបរិបូរចុះ!

សេចក្តីអំពាវនាវ៖ «ព្រះ​នៃ​ខ្ញុំ ទ្រង់​នឹង​បំពេញ​គ្រប់​ទាំង​អស់ ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ តាម​ភោគ​សម្បត្តិ​នៃ​ទ្រង់​ដ៏​ឧត្តម ក្នុង​ព្រះគ្រីស្ទយេស៊ូវ» (ភីលីព ៤៖១៩)។

សេចក្តីអធិដ្ឋាន៖
ព្រះអម្ចាស់អើយ ទូលបង្គំយើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ ដ្បិតទ្រង់គឺជាព្រះដែលប្រោសប្រទានដ៏គ្មានដែនកំណត់សម្រាប់យើងរាល់គ្នា។ សូមជួយបង្កើនសេចក្តីជំនឿរបស់យើងរាល់គ្នា និងជួយយើងរាល់គ្នាឲ្យស្គាល់ទ្រង់កាន់តែច្បាស់ឡើងផងដែរ។ សូមអធិដ្ឋានក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។ ​

Powered by CAM