មេរៀនទី១៣​៖ ១៨-២៤ មិថុនា ២០២២

ពួកសាសន៍អ៊ីស្រាអែលនៅក្នុងស្រុកអេស៊ីព្ទ

Jeans
ថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២២
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ លោកុប្បត្តិ ៤៦; លោកុប្បត្តិ ៤៧; លោកុប្បត្តិ ៤៨; លោកុប្បត្តិ ៤៩៖១-២៦; លោកុប្បត្តិ ៤៩៖២៩-៥០៖២១។

ខចងចាំ៖ «ឯ​ពួក​អ៊ីស្រាអែល គេ​នៅ​ត្រង់​កូសែនក្នុង​ស្រុក​អេស៊ីព្ទ ហើយ​បាន​កេរអាករ​នៅ​ស្រុក​នោះ ក៏​បង្កើត​កូន​ចំរើន​ឡើង​សន្ធឹក» (លោកុប្បត្តិ ៤៧៖២៧)។

កណ្ឌគម្ពីរលោកុប្បត្តិបានបង្ហាញយើងអំពីឆ្នាំចុងក្រោយរបស់លោកយ៉ាកុបជាមួយនឹងលោក យ៉ូសែបនៅក្នុងស្រុកអេស៊ីព្ទ (លោកុប្បត្តិ ៤៧)។ ទ្រង់នឹងត្រូវស្លាប់នៅទីនោះ (លោកុប្បត្តិ ៤៩៖២៩-៥០៖២១)។ ទោះបីជាយ៉ាងនេះក្តី យើងក៏បានឃើញថា សេចក្តីសង្ឃឹមនៃទឹកដីសន្យានៅតែជាផ្នែកដ៏សំខាន់មួយនៅក្នុងសាច់រឿងផងដែរ។

គាត់បានប្រទានពរដល់ស្តេចផារ៉ោន នៅពេលដែលលោកយ៉ាកុបបានទៅដល់ស្រុកអេស៊ីព្ទ (លោកុប្បត្តិ ៤៧៖៧-១០)។ ព្រះពរនេះបានជួយអោយយើងនឹកចាំអំពីសេចក្តីសន្យាដែលព្រះបានតាំងឡើងជាមួយនឹងលោកអ័ប្រាហាំ។ ព្រះបានសន្យានឹងលោកអ័ប្រាហាំថា កូនចៅជំនាន់ក្រោយរបស់គាត់នឹងក្លាយទៅជាព្រះពរមួយដល់សាសន៍ដទៃទៀតនៅផែនដីនេះ។ ក្រោយមក មុនពេលដែលគាត់ស្លាប់ទៅ លោកយ៉ាកុបក៏បានប្រទានពរដល់ពួកកូនប្រុសរបស់លោកយ៉ូសែបផងដែរ (លោកុប្បត្តិ ៤៨)។ លោកយ៉ាកុបក៏បានប្រទានពរដល់ពួកកូនប្រុសរបស់គាត់ផងដែរ (លោកុប្បត្តិ ៤៩៖១-២៨)។ លោកយ៉ាកុបបានប្រាប់ពួកកូនប្រុសរបស់គាត់អំពីអ្វីដែលនឹងត្រូវកើតឡើងចំពោះក្រុមគ្រួសាររបស់ពួកគេនាពេលអនាគតផងដែរ (លោកុប្បត្តិ ៤៩៖១-២៧)។

ពួកកូនចៅនៃសាសន៍អ៊ីស្រាអែលបានរស់នៅក្នុងស្រុកអេស៊ីព្ទក្នុងនាមពួកសាសន៍ដទៃ។ នៅពេលដែលកណ្ឌគម្ពីរលោកុប្បត្តិបានបញ្ចប់ទៅ ពួកគេនៅតែបន្តស្នាក់នៅក្នុងស្រុកអេស៊ីព្ទនោះតទៅទៀត។ ប៉ុន្តែ បណ្តាំរបស់លោកយ៉ូសែបមុនពេលស្លាប់បានបង្ហាញយើងអំពីទឹកដីសន្យាយ៉ាងដូច្នេះថា៖ «ខ្ញុំ​ហៀប​នឹង​ស្លាប់​ហើយ តែ​ព្រះ​ទ្រង់​នឹង​ប្រោស​អ្នក​រាល់​គ្នា​ជា​មិន​ខាន ហើយ​នឹង​នាំ​អ្នក​រាល់គ្នា​ឡើងចេញ​ពី​ស្រុក​អេស៊ីព្ទ​នេះ ទៅ​ក្នុង​ស្រុក​ដែល​ទ្រង់​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប» វិញ (លោកុប្បត្តិ ៥០៖២៤)។

ថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០២២

លោកយ៉ាកុបបានធ្វើដំណើរទៅរកលោកយ៉ូសែប

សូមអានរឿងនៅក្នុងបទគម្ពីរលោកុប្បត្តិ ៤៦ អំពីការចាកចេញពីស្រុកកាណានរបស់លោកយ៉ាកុប។ តើរឿងនេះបានបង្ហាញយើងអំពីសេចក្តីពិតអ្វីខ្លះ?

--------------------------------------------------------

នៅពេលដែលលោកយ៉ាកុបបានចាកចេញពីស្រុកកាណានមក គាត់មានពេញទៅដោយសេចក្តី សង្ឃឹម។ គាត់លែងស្រេកឃ្លានទៀតហើយ។ សំខាន់ជាងនេះទៅទៀតនោះគឺថា លោកយ៉ូសែបដែលជាកូនប្រុសរបស់គាត់នោះនៅមានជីវិតនៅឡើយទេ។ ជាការពិតណាស់ ដំណឹងល្អនេះបានផ្តល់កម្លាំង ដល់លោកយ៉ាកុបក្នុងការចាកចេញពីទឹកដីសន្យា។

រឿងនេះបានជួយអោយយើងនឹកចាំអំពីបទពិសោធន៍មួយរបស់លោកអ័ប្រាហាំ។ លោកអ័ប្រាហាំ បានធ្វើដំណើរឆ្ពោះទៅកាន់ទឹកដីសន្យា។ រីឯលោកយ៉ាកុប គាត់បានធ្វើដំណើរចេញពីទឹកដីសន្យាវិញ។ ប៉ុន្តែ យើងបានឃើញសេចក្តីសន្យាតែមួយមកពីព្រះតាមរយៈរឿងទាំង២នេះ។ ព្រះនឹងប្រទានកូនចៅជាច្រើនដល់លោកយ៉ាកុប។ កូនចៅទាំងនេះនឹងក្លាយទៅជាសាសន៍ដ៏អស្ចារ្យបំផុត (លោកុប្បត្តិ ៤៦៖៣; សូមប្រៀបធៀបជាមួយនឹងខគម្ពីរលោកុប្បត្តិ ១២៖២)។ ព្រះក៏បានមានបន្ទូលប្រាប់លោកយ៉ាកុបថា «កុំ​ឲ្យ​ខ្លាច» ផងដែរ (លោកុប្បត្តិ ៤៦៖៣)។ ព្រះក៏បានមានបន្ទូលនូវពាក្យពេចន៍ដដែលនេះទៅកាន់លោក អ័ប្រាហាំផងដែរ (លោកុប្បត្តិ ១៥៖១)។ បន្ទាប់មក ព្រះបានតាំងសេចក្តីសន្យាអំពីអនាគតដ៏រុងរឿងមួយដល់បុរសទាំង២នាក់។

បន្ទាប់មក យើងបានអានបញ្ជីឈ្មោះនៃកូនៗរបស់លោកអ៊ីស្រាអែលដែលបានធ្វើដំណើរទៅឯស្រុកអេស៊ីព្ទ រួមទាំងពួកកូនស្រីរបស់គាត់ផងដែរ (លោកុប្បត្តិ ៤៦៖៧)។ បញ្ជីឈ្មោះនេះបានជួយ អោយយើងនឹកចាំអំពីសេចក្តីសន្យាដែលព្រះបានតាំងឡើងជាមួយនឹងលោកអ័ប្រាហាំ ដោយប្រទានអោយគាត់មានកូនចៅជាច្រើន។ កូនចៅរបស់លោកអ៊ីស្រាអែលមានចំនួន៧០នាក់។ តួលេខនេះរាប់បញ្ចូល ទាំងលោកយ៉ូសែប និងកូនប្រុសទាំង២នាក់របស់គាត់ផងដែរ។ តួលេខ៧០នៅក្នុងព្រះគម្ពីរបានបង្ហាញ យើងចំនួនសរុបនៃអ្វីមួយ។ ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់បានធ្វើដំណើរទៅឯស្រុកអេស៊ីព្ទ។ តួលេខ៧០ក៏បានជួយអោយយើងនឹកចាំអំពីគ្រួសារទាំង៧០ក្រុមនៅក្នុងបទគម្ពីរលោកុប្បត្តិ ១០។ ទំនាក់ទំនង នេះបានជួយអោយយើងមើលឃើញថា អនាគតនៃជាតិសាសន៍ទាំងអស់នឹងត្រូវពឹងផ្អែកទៅលើដំណើរ របស់លោកយ៉ាកុបទៅកាន់ស្រុកអេស៊ីព្ទនេះហើយ។ យើងនឹងបានឃើញគោលគំនិតនេះ នៅពេលដែលព្រះយេស៊ូវសុគតនៅលើឈើឆ្កាងជំនួសមនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែងនៅពេលក្រោយៗមកទៀត។

គោលគំនិតនេះបានជួយអោយយើងមើលឃើញថា រឿងទាំងអម្បាលម៉ាននៅក្នុងកណ្ឌគម្ពីរលោកុប្បត្តិមិនត្រឹមតែជារឿងគួរអោយចាប់អារម្មណ៍នោះឡើយ។ រឿងទាំងនោះក៏ត្រូវបានសរសេរឡើង ដើម្បីបង្ហាញយើងអំពីសេចក្តីពិតខាងឯព្រលឹងវិញ្ញាណផងដែរ។ រឿងទាំងនោះគឺជាបំណែកប្រវត្តិសាស្ត្រ នៃផែនការរបស់ព្រះក្នុងការសង្គ្រោះយើង។ ផែនការនោះមិនត្រឹមតែសង្គ្រោះយើងប៉ុណ្ណោះទេ តែនឹងសង្គ្រោះមនុស្សជាច្រើននៅលើភពផែនដីនេះតាមដែលអាចធ្វើទៅបាន។

«សាសន៍​យូដា និង​សាសន៍​ក្រេក​មិន​ខុស​អំពី​គ្នា​ឡើយ ដ្បិត​ព្រះអម្ចាស់​ដដែល​នៃ​គ្រប់​គ្នា ទ្រង់​មាន​ជា​បរិបូរសំរាប់​អស់​អ្នក​ណា ដែល​អំពាវនាវ​រក​ទ្រង់» (រ៉ូម ១០៖១២, ១៣)។ តើប្រសាសន៍របស់លោក ប៉ុលបានបង្ហាញយើងថា ដំណឹងល្អអំពីព្រះយេស៊ូវគឺសម្រាប់មនុស្សគ្រប់គ្នាដោយរបៀបណា? សំខាន់ជាងនេះទៅទៀតនោះ តើយើងគួរតែធ្វើអ្វីខ្លះ ក្នុងនាមជាពួកជំនុំម្នាក់ដែលកំពុងតែចែកចាយដំណឹងល្អជាមួយអ្នកដទៃនោះ?​

ថ្ងៃច័ន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២

លោកយ៉ាកុបបានតាំងទីលំនៅនៅក្នុងស្រុកអេស៊ីព្ទ

ព្រះបានបង្ហាញសុបិនដល់លោកយ៉ាកុប (លោកុប្បត្តិ ៤៦៖២)។ នៅក្នុងសុបិនទាំងនោះ ព្រះ អម្ចាស់បានបង្គាប់អោយលោកយ៉ាកុបចាកចេញពីទឹកដីសន្យាទៅកាន់ស្រុកអេស៊ីព្ទ។ ក្រោយមក ស្រុកអេស៊ីព្ទនឹងក្លាយទៅជារូបស័ព្ទមួយតំណាងអោយកន្លែងមួយនៅលើផែនដីនេះដែលរាស្ត្ររបស់ព្រះមិនចង់ទៅទីនោះទាល់តែសោះ (ចោទិយកថា ១៧៖៦)។

សូមអានរឿងនៅក្នុងបទគម្ពីរលោកុប្បត្តិ ៤៧។ តើយើងបានរកសេចក្តីពិតនៃព្រះគម្ពីរ និងក្បួនច្បាប់ខាងវិញ្ញាណអ្វីខ្លះនៅក្នុងសាច់រឿងនេះ?

--------------------------------------------------------

«លោកយ៉ូសែបបាននាំពួកបងៗរបស់គាត់៥នាក់ទៅជួបនឹងផារ៉ោន ដែលជាស្តេចនៃស្រុកអេស៊ីព្ទ។ ស្តេចផារ៉ោននឹងប្រទានទឹកដីមួយសម្រាប់ជាលំនៅដ្ឋាននាពេលអនាគតដល់ពួកគេ។ ប្រសិន បើពួកគេប្រាថ្នាចង់បានតួនាទីសំខាន់ៗរបស់លោកយ៉ូសែបនៅក្រោមការគ្រប់គ្រងរបស់ទ្រង់នោះ ស្តេចផារ៉ោនក៏នឹងសព្វព្រះទ័យប្រគល់កិច្ចការទាំងនោះដល់ពួកគេដែរ។ ប៉ុន្តែ លោកយ៉ូសែបមានចិត្តស្មោះត្រង់ ចំពោះព្រះ។ ម្ល៉ោះហើយ គាត់ចង់ការពារពួកបងៗរបស់គាត់ចេញពីជីវិតនៅឯរាជវាំងរបស់ស្តេចផារ៉ោន។ មានរបស់ជាច្រើនដែលអាចនាំបុគ្គលម្នាក់អោយប្រព្រឹត្តអំពើបាបបាន។ ដូច្នេះ លោកយ៉ូសែបបានប្រាប់ ពួកបងៗអោយប្រាប់ស្តេចផារ៉ោនអំពីការងារចិញ្ចឹមជីវិតរបស់ពួកគេ។ ពួកបងៗរបស់គាត់បានស្តាប់ការណែនាំរបស់គាត់។ ពួកគេក៏មានការប្រុងប្រយ័ត្នក្នុងការនិយាយថា ពួកគេគ្រាន់តែមកលេងស្រុកអេស៊ីព្ទប៉ុណ្ណោះ។ ពួកគេមិនចង់ស្នាក់នៅទីនោះជារៀងរហូតឡើយ។ ធ្វើដូច្នេះ ពួកគេអាចនឹងចាកចេញពីទីនោះដោយសេរី។ ស្តេចបានប្រទានលំនៅដ្ឋានមួយដល់ពួកគេនៅក្នុងស្រុកហ្គោសិន។ ទឹកដីនេះគឺជា កន្លែងដ៏ល្អបំផុតនៅក្នុងស្រុកអេស៊ីព្ទ»។ ដកស្រង់ពី Ellen G. White, Patrairchs and Prophets, page 233, adapted។

ស្តេចផារ៉ោនបានសួរនាំពួកបងៗអំពីមុខរបរចិញ្ចឹមជីវិតរបស់ពួកគេ (លោកុប្បត្តិ ៤៧៖៣)។ស្តេចផារ៉ោនក៏មានចំណាប់អារម្មណ៍ក្នុងការប្រគល់កិច្ចការអោយពួកគេធ្វើផងដែរ។ស្តេចផារ៉ោនគឺជា បុគ្គលដ៏មានអំណាចម្នាក់។ លោកយ៉ាកុបគឺជាជនបរទេសនៅក្នុងទឹកដីនៃស្រុកអេស៊ីព្ទ។ ទ្រង់បានផ្តល់យោបល់ថា ពួកបងៗរបស់លោកយ៉ូសែបគួរតែបម្រើទ្រង់ក្នុងនាមជាមេ​គង្វាល​លើ​ហ្វូង​សត្វ​របស់​ទ្រង់ ចុះ (លោកុប្បត្តិ ៤៧៖៦)។

បន្ទាប់មក លោកយ៉ាកុបបានឈរនៅចំពោះមុខស្តេចផារ៉ោន។ ស្តេចផារ៉ោនគឺជាបុគ្គលដ៏មានអំណាចម្នាក់។ លោកយ៉ាកុបគឺជាជនបរទេសនៅក្នុងទឹកដីនៃស្រុកអេស៊ីព្ទ។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តី លោកយ៉ាកុបនៅតែប្រទានពរដល់មេដឹកនាំនៃស្រុកអេស៊ីព្ទ (លោកុប្បត្តិ ៤៧៖៧)។ តើហេតុអ្វី?

ខគម្ពីរលោកុប្បត្តិ ៤៧៖៧ បានផ្តល់តម្រុយមួយដល់យើងយ៉ាងដូច្នេះថា៖ «យ៉ូសែប​ក៏​នាំ​យ៉ាកុបជា​ឪពុក​ខ្លួនចូល​ទៅ​គាល់​ផារ៉ោន​ដែរ»។ ករិយាស័ព្ទ «នាំ» ប្រែមកពីពាក្យថា «អាម៉ាត់ លីហ្វនី (amad lifney)»។ ក្នុងព្រះគម្ពីរ កិរិយាស័ព្ទនេះត្រូវបានគេយកមកប្រើ ដើម្បីបង្ហាញយើងអំពីពួកសង្ឃ។​ដោយសារតែស្តេចផារ៉ោនក៏ជាសម្តេចសង្ឃនៅក្នុងស្រុកអេស៊ីព្ទផងដែរ ម៉្លោះហើយ បានជាលោកយ៉ាកុបសូម ព្រះពរថ្វាយដល់ទ្រង់ដែរ។ ក្នុងនាមជាសង្ឃរបស់ព្រះ លោកយ៉ាកុបមានឋានៈធំជាងពួកសម្តេចសង្ឃនៅក្នុងស្រុកអេស៊ីព្ទ និងធំជាងស្តេចផារ៉ោនទ្រង់ផ្ទាល់ទៅទៀត។

ពួកយើងគឺ «ជា​ពួក​សង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ ជា​រាស្ត្រ​ដ៏​ជា​កេរអាករ​នៃ​ព្រះ»​ (ពេត្រុសទី១ ២៖៩)។ តើហេតុអ្វីបានជាយើងត្រូវតែចងចាំជានិច្ចនូវសេចក្តីពិតនៃព្រះគម្ពីរដ៏សំខាន់នេះ?

ថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២

លោកយ៉ាកុបបានអោយពរដល់ពួកកូនប្រុសរបស់លោកយ៉ូសែប

មិនយូរប៉ុន្មាន លោកយ៉ាកុបនឹងត្រូវស្លាប់ជាមិនខាន។ នៅពេលនេះ គាត់បាននឹកចាំអំពីដំណើរ របស់គាត់ទៅកាន់បេតអែល (លោកុប្បត្តិ ៣៥៖១-១៥)។ នៅទីនោះ​ ព្រះបានប្រទានសេចក្តីសន្យានៃស្រុកកាណានម្តងទៀត។ ទឹកដីនេះនឹងក្លាយទៅជាកម្មសិទ្ធិរបស់លោកយ៉ាកុប ហើយនិងពួកកូនចៅជំនាន់ក្រោយរបស់គាត់ជារៀងរហូត (លោកុប្បត្តិ ១៧៖៨)។ សេចក្តីសង្ឃឹមនៃទឹកដីសន្យាបានកំសាន្តចិត្តរបស់ លោកយ៉ាកុប។ បន្ទាប់មក លោកយ៉ាកុបបានអោយពរដល់កូនប្រុសទាំង២របស់លោកយ៉ូសែប។

សូមអានរឿងនៅក្នុងបទគម្ពីរលោកុប្បត្តិ ៤៨។ តើហេតុអ្វីបានជានៅក្នុងរឿងនេះ លោកយ៉ាកុប បានអោយពរដល់កូនប្រុសទាំង២របស់លោកយ៉ូសែប តែមិនបានអោយពរដល់ចៅដទៃទៀតរបស់គាត់យ៉ាងដូច្នេះ?

--------------------------------------------------------

លោកយ៉ាកុបបានអោយពរដល់ចៅតែ២នាក់ប៉ុណ្ណោះ គឺលោកម៉ាន៉ាសេ១ និងលោកអេប្រាអិម១។ ព្រះពរនេះបានផ្លាស់ប្តូរពួកគេពីចៅទៅជាកូនរបស់លោកយ៉ាកុបវិញ (លោកុប្បត្តិ ៤៨៖៥)។ លោក ម៉ាន៉ាសេគឺជាកូនច្បង ហើយលោកអេប្រាអិមគឺជាកូនប្អូន។ ព្រះពររបស់លោកយ៉ាកុបបានបង្ហាញថា កុលសម្ព័ន្ធរបស់លោកអេប្រាអិមនឹងមានកម្លាំងខ្លាំងក្លាជាងកុលសម្ព័ន្ធរបស់លោកម៉ាន៉ាសេទៅទៀត។ ទន្ទឹមគ្នានេះ យើងបានឃើញថា ព្រះពរនេះក៏ស្តីអំពីលោកយ៉ូសែបផងដែរ (លោកុប្បត្តិ ៤៨៖១៥)។

ព្រះពរនេះបានបង្ហាញថា ព្រះបានរក្សាសេចក្តីសន្យារបស់ទ្រង់ដល់រាស្ត្ររបស់ទ្រង់។ ទ្រង់ បានការពារពួកគេកាលពីមុនមក។ ទ្រង់ក៏នឹងបន្តការពារពួកគេនៅពេលអនាគតផងដែរ។ លោកយ៉ាកុប បានមានប្រសាសន៍អំពីព្រះនៃលោកអ័ប្រាហាំ និងលោកអ៊ីសាក (លោកុប្បត្តិ ៤៨៖១៥)។ ព្រះបានប្រទានចំណីអាហារ និងការពារពួកគេ។ ព្រះដដែលនេះក៏បានសង្គ្រោះលោកយ៉ាកុបចេញពីបញ្ហាទាំងអស់របស់គាត់ផងដែរ (លោកុប្បត្តិ ៤៨៖១៦)។ លោកយ៉ាកុបក៏បាននឹកចាំអំពីកាលដែលគាត់បានចំបាប់ជាមួយនឹងព្រះនៃបេតអែលនៅពេលអធ្រាត្រផងដែរ (លោកុប្បត្តិ ៣១៖១៣; លោកុប្បត្តិ ៣២៖២៩)។ នៅទីនោះ ព្រះបានផ្លាស់ប្តូរឈ្មោះរបស់លោកយ៉ាកុបទៅជាអ៊ីស្រាអែលវិញ (លោកុប្បត្តិ ៣២៖២៦-២៩)។

បទពិសោធន៍ទាំងអស់នេះបានបង្ហាញយើងអំពីរបៀបដែលព្រះបានកែប្រែសេចក្តីអាក្រក់អោយទៅជាសេចក្តីល្អវិញ។ លោកយ៉ាកុបបានបង្ហាញសេចក្តីសង្ឃឹមរបស់គាត់ថា ព្រះនឹងរក្សាចៅៗរបស់គាត់ ដូចដែលទ្រង់បានថែរក្សាលោកយ៉ាកុប និងលោកយ៉ូសែបកាលពីមុនមកយ៉ាងដូច្នោះដែរ។ លោកយ៉ាកុប ក៏បានគិតអំពីអនាគត នៅពេលដែលកូនចៅជំនាន់ក្រោយរបស់គាត់ត្រឡប់ទៅឯស្រុកកាណានវិញផងដែរ។ គោលគំនិតនេះបានផ្តល់សេចក្តីសង្ឃឹមដល់គាត់។​ យើងមើលឃើញសេចក្តីសង្ឃឹមនេះ នៅពេល ដែលលោកយ៉ាកុបបានមានប្រសាសន៍អំពីស៊ីគែម (លោកុប្បត្តិ ៤៨៖២២)។ ស៊ីគែមគឺជាកន្លែងដ៏ល្អបំផុត នៅក្នុងប្រវត្តិសាស្ត្រនៃសាសន៍អ៊ីស្រាអែល។ លោកយ៉ាកុបបានទិញដីមួយកន្លែងនេះ (លោកុប្បត្តិ ៣៣៖១៩)។ ធាតុរបស់លោកយ៉ូសែបក៏ត្រូវបានគេបញ្ចុះនៅកន្លែងនេះផងដែរ (យ៉ូស្វេ ២៤៖៣២)។ ទឹកដីសន្យានឹងត្រូវបំបែកចេញនៅត្រង់ស៊ីគែម ដើម្បីប្រគល់ទៅអោយកុលសម្ព័ន្ធទាំងអម្បាលម៉ាននៃសាសន៍ អ៊ីស្រាអែលនៅចំណេរក្រោយមកទៀត (យ៉ូស្វេ ២៤៖១)។

សូមអានខគម្ពីរកិច្ចការ ៣៖២៥, ២៦។ តើលោកពេត្រុសបានបង្ហាញថា ព្រះបានរក្សាសេចក្តី សន្យាដែលទ្រង់បានតាំងឡើងនៅក្នុងខគម្ពីរលោកុប្បត្តិ ១២៖៣ ដូចដែលយើងបានឃើញនៅក្នុងបទគម្ពីរកិច្ចការដោយរបៀបណា? តើយើងបានទទួលព្រះពរនេះដោយរបៀបណា?

ថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២

លោកយ៉ាកុបបានអោយពរដល់ពួកកូនប្រុសរបស់គាត់

សូមអានអំពីព្រះពរនៅក្នុងខគម្ពីរលោកុប្បត្តិ ៤៩៖១-២៨។ តើហេតុអ្វីបានជាលោកយ៉ាកុប អោយពរដល់ពួកកូនប្រុសរបស់គាត់យ៉ាងដូច្នេះ? តើព្រះពរទាំងនេះបានបង្ហាញយើងអំពីសេចក្តីពិតនៃព្រះគម្ពីរយ៉ាងដូចម្តេចដែរ?

--------------------------------------------------------

ព្រះពរទាំងនេះបានបង្ហាញអំពីប្រវត្តិសាស្ត្រនាពេលអនាគតនៃកុលសម្ព័ន្ធទាំង១២នៃសាសន៍អ៊ីស្រាអែល។ ទន្ទឹមគ្នានេះ ព្រះពរទាំងនេះក៏ជាសេចក្តីសង្ឃឹមរបស់លោកយ៉ាកុបចំពោះព្រះអង្គសង្គ្រោះ ដែលត្រូវយាងមកផងដែរ។ យើងបានឃើញសេចក្តីសង្ឃឹមនេះនៅក្នុងពាក្យពេចន៍ដំបូង របស់លោកយ៉ាកុបថា៖ «នៅ​ជាន់​ក្រោយ» (លោកុប្បត្តិ ៤៩៖១)។ ពាក្យពេចន៍ទាំងនេះបានបង្ហាញយើងថា លោក យ៉ាកុបកំពុងតែមានប្រសាសន៍អំពីការយាងមករបស់ព្រះអង្គសង្គ្រោះនៃសេចក្តីសន្យា (អេសាយ ២៖២; ដានីយ៉ែល ១០៖១៤)។

បន្ទាប់មក លោកយ៉ាកុបបានមានប្រសាសន៍អំពីបទពិសោធន៍នៃអនាគតកុលសម្ព័ន្ធនីមួយៗនៃពួកកូនប្រុសរបស់គាត់។ បទពិសោធន៍ទាំងនេះបានបង្ហាញយើងអំពីអត្តចរិកនៃកូនប្រុសនីមួយៗរបស់គាត់ រួមទាំងកិច្ចការដែលកូនចៅជំនាន់ក្រោយរបស់ពួកគេត្រូវធ្វើផងដែរ។ ព្រះទ្រង់ជ្រាបអំពីអ្វីដែលយើងត្រូវធ្វើមុនពេលដែលយើងធ្វើកិច្ចការនោះទៅទៀត។ ព្រះតំរិះនេះមិនដូចគ្នាទៅនឹងការដែលទ្រង់បណ្តាលអោយយើងធ្វើកិច្ចការអ្វីមួយនោះឡើយ។

សូមអានខគម្ពីរលោកុប្បត្តិ ៤៩៖៨-១២។ តើយើងបានឃើញបទទំនាយអំពីអនាគតយ៉ាងដូចម្តេចនៅក្នុងខទាំងនេះ? តើហេតុអ្វីបានជាសារនេះសំខាន់ម្ល៉េះ?

--------------------------------------------------------

ព្រះទ្រង់ជ្រាបអំពីអនាគត។ ម្ល៉ោះហើយ ទ្រង់បានរៀបអោយព្រះអង្គសង្គ្រោះប្រសូតចេញពីពូជអំបូរយូដា (លោកុប្បត្តិ ៤៩៖៨-១២)។ យូដាត្រូវ​បង្ហាញថា ជាសត្វសិង្ហមួយក្បាល (លោកុប្បត្តិ ៤៩៖៩)។ សត្វសិង្ហគឺរូបស័ព្ទតំណាងអោយភក្តីភាព និងការសរសើរតម្កើង។ ស្តេចដាវីឌនឹងប្រសូតចេញពីពូជអំបូរយូដា។ ស្តេចស៊ីឡូរក៏នឹងប្រសូតចេញពីពូជអំបូរនេះដែរ។ ស្តេចស៊ីឡូរគឺជាព្រះអង្គដែល នឹងនាំមកនូវសន្តិភាព (អេសាយ ៩៖៦, ៧)។ មនុស្សជាច្រើននឹងគោរពកោតខ្លាចដល់ទ្រង់ (លោកុប្បត្តិ ៤៩៖១០)។

ជាយូរលង់មកហើយ ពួកយូដាបានជឿថា បទទំនាយនេះបង្ហាញអំពីព្រះអង្គសង្គ្រោះដែលនឹងត្រូវយាងមក។ ពួកគ្រីស្ទានបានជឿថា បទទំនាយនេះបង្ហាញយើងអំពីព្រះយេស៊ូវ។ នៅពេលដែលទ្រង់យាងមក «[ពួក] បណ្តាជន​ទាំងឡាយ​នឹង​ចុះ​ចូល​ចំពោះ​ទ្រង់» (លោកុប្បត្តិ ៤៩៖១០)។ បទទំនាយបានជួយអោយយើងមើលឃើញសេចក្តីសន្យានៃគម្ពីរសញ្ញាថ្មីថា៖ «កាល​ណា​ឮ​ព្រះនាម​ព្រះយេស៊ូវ នោះ​ឲ្យ​គ្រប់​ទាំង​ជង្គង់​នៅ​ស្ថានសួគ៌ នៅ​ផែនដី ហើយ​នៅ​ក្រោម​ផែនដី​ត្រូវ​លុត​ចុះ» (ភីលីព ២៖១០)។

អ្នកស្រីអែល្លីន ជីវ៉ៃត៍ក៏បានសរសេរយ៉ាងដូច្នេះដែរថា៖ «សត្វសិង្ហគឺជាស្តេចព្រៃ។ ម្ល៉ោះហើយ សត្វនេះគឺជារូបស័ព្ទដ៏ល្អឥតខ្ចោះតំណាងអោយកុលសម្ព័ន្ធយូដា។ ស្តេចដាវីឌចេញមកពីពូជអំបូរនេះ។ ស្តេចស៊ីឡូរគឺជាបុត្រារបស់ស្តេចដាវីឌ។ ស្តេចស៊ីឡូវគឺជាសិង្ហដ៏ពិតប្រាកដនៃពូជអំបូរយូដា។ នៅទីបញ្ចប់ មនុស្សទាំងអស់នឹងក្រាបថ្វាយបង្គំទ្រង់»។ ដកស្រង់ពី Patriarchs and Prophets, page 236, adapted។

ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២២

សេចក្តីសង្ឃឹមនៃទឹកដីសន្យា

តើយើងបានឃើញគោលគំនិតសំខាន់អំពីសេចក្តីសង្ឃឹមអ្វីខ្លះនៅចុងបញ្ចប់នៃកណ្ឌគម្ពីរលោកុប្បត្តិនេះ? សម្រាប់ចម្លើយ សូមអានខគម្ពីរលោកុប្បត្តិ ៤៩៖២៩-៥០៖២១។

--------------------------------------------------------

ចុងបញ្ចប់នៃកណ្ឌគម្ពីរលោកុប្បត្តិចែកចេញជា៣ផ្នែក។ ផ្នែកនីមួយៗបានផ្តល់អោយយើងនូវសេចក្តីសង្ឃឹម។

ផ្នែកទី១ យើងបានឃើញសេចក្តីសង្ឃឹមមួយដែលថា​ ពួកកូនចៅនៃសាសន៍អ៊ីស្រាអែលនឹង ត្រឡប់ទៅកាន់ទឹកដីសន្យាវិញ នៅថ្ងៃណាមួយជាមិនខាន។ ការស្លាប់របស់លោកយ៉ាកុប និងលោកយ៉ូសែបបានជួយអោយយើងនឹកចាំអំពីទឹកដីសន្យា។ នៅពេលដែលលោកយ៉ាកុបបញ្ចប់ការអោយពរដល់ពួកកូនប្រុសរបស់គាត់នោះ (លោកុប្បត្តិ ៤៩៖២៨) លោកយ៉ាកុបបានបង្គាប់អោយពួកគេបញ្ចុះសពរបស់គាត់នៅឯស្រុកកាណានវិញ។ លោកយ៉ាកុបចង់អោយពួកគេបញ្ចុះគាត់នៅក្នុងរអាងនៃម៉ាក់ពេឡា (លោកុប្បត្តិ ៤៩៖២៩-៣១)។ សពរបស់នាងសារ៉ាក៏ត្រូវបានគេបញ្ចុះនៅទីនោះផងដែរ (លោកុប្បត្តិ ៤៩៖២៩-៣១)។ ដូច្នេះ ពួកកូនប្រុសរបស់គាត់បានធ្វើដំណើរទៅឯស្រុកកាណានវិញ ដើម្បីបញ្ចុះសពលោក យ៉ាកុប។ រឿងនេះបានបង្ហាញយើងអំពីគ្រាមួយនៅពេលដែលសាសន៍អ៊ីស្រាអែលត្រូវចាកចេញពីស្រុក អេស៊ីព្ទជាច្រើនរយឆ្នាំក្រោយមកទៀត។

ផ្នែកទី២ យើងបានឃើញសេចក្តីសង្ឃឹមមួយទៀតដែលថា ព្រះនឹងកែប្រែសេចក្តីអាក្រក់អោយទៅសេចក្តីល្អវិញ។ បន្ទាប់ពីលោកយ៉ាកុបបានស្លាប់ រួចបានយកទៅបញ្ចុះបាត់ទៅ ពួកបងៗរបស់លោក យ៉ូសែបមានការព្រួយបារម្ភអំពីអនាគតរបស់ពួកគេជាខ្លាំង។ ពួកគេបានភ័យព្រួយខ្លាចយ៉ូសែបនឹងសង សឹកពួកគេចំពោះកំហុសដែលពួកគេបានធ្វើមកលើគាត់។ ពួកបងៗបានចូលទៅឯលោកយ៉ូសែប។ ពួកគេបានក្រាបថ្វាយបង្គំចំពោះគាត់។ ពួកគេបានត្រៀមធ្វើជាអ្នកបម្រើរបស់គាត់ជាស្រេច (លោកុប្បត្តិ ៥០៖១៨)។ ការក្រាបថ្វាយបង្គំរបស់ពួកគេចំពោះលោកយ៉ូសែបបានជួយអោយយើងនឹកចាំអំពីសុបិនរបស់ លោកយ៉ូសែបជាថ្មីម្តងទៀត។ លោកយ៉ូសែបបានប្រាប់ពួកបងៗរបស់គាត់ថា កុំអោយភ័យខ្លាចឡើយ (លោកុប្បត្តិ ៥០៖១៩)។ មែនហើយ ពួកបងៗរបស់លោកយ៉ូសែបបានធ្វើអំពើអាក្រក់ចំពោះគាត់។ ប៉ុន្តែ ព្រះបានបណ្តោយអោយរឿងអាក្រក់កើតមានឡើង បន្ទាប់មក ទ្រង់បានអោយសេចក្តីល្អកើតចេញពីរឿងដ៏អាក្រក់នោះ (លោកុប្បត្តិ ៥០៖២០; សូមអានខគម្ពីរលោកុប្បត្តិ ៥០៖១៩-២១ ផងដែរ; សូមប្រៀបធៀបជាមួយនឹងខគម្ពីរលោកុប្បត្តិ ៤៥៖៥, ៧-៩)។ ការនេះមានន័យថា ព្រះទ្រង់ជាអ្នកគ្រប់គ្រងលើអ្វីៗ គ្រប់យ៉ាងដែលបានកើតឡើង។ កំហុសរបស់យើងមិនអាចរារាំងផែនការរបស់ទ្រង់បានឡើយ។

សេចក្តីសង្ឃឹមទី៣ ដែលយើងបានឃើញនោះគឺថា ព្រះនឹងសង្គ្រោះពួកបាបជនដែលបានបែរត្រឡប់មកឯទ្រង់វិញ។ រឿងអំពីសេចក្តីស្លាប់របស់លោកយ៉ូសែបបានបង្ហាញយើងអំពីសេចក្តីពិតនៃ ព្រះគម្ពីរនេះ។ លោកមិនបានបង្គាប់អោយពួកសាសន៍របស់គាត់បញ្ចុះធាតុគាត់នៅក្នុងស្រុកអេស៊ីព្ទនោះឡើយ។ គាត់បានប្រាប់ពួកសាសន៍របស់គាត់អោយនឹកចាំអំពីគ្រាមួយ នៅពេលដែលព្រះនឹងរំដោះពួក គេចេញពីស្រុកអេស៊ីព្ទនេះទៅ។ លោកយ៉ូសែបបានផ្តាំថា «ព្រះ​ទ្រង់​នឹង​ប្រោស​អ្នក​រាល់​គ្នា​ជា​មិន​ខាន នោះ​អ្នក​រាល់​គ្នា​ត្រូវ​យក​ឆ្អឹង​ខ្ញុំ​ចេញ​ពី​នេះ​ឡើង​ទៅ​ជា​មួយ​ផង» (លោកុប្បត្តិ ៥០៖២៥)។ ជាច្រើនរយឆ្នាំ ក្រោយមក ពួកសាសន៍អ៊ីស្រាអែលបានរក្សាសេចក្តីសន្យារបស់ពួកគេជាមួយនឹងលោកយ៉ូសែប (និក្ខមនំ ១៣៖១៩)។ ពួកគេបានយកធាតុរបស់គាត់ទៅកាន់ស្រុកកាណាន។ ស្រុកកាណានគឺជារូបស័ព្ទមួយ តំណាងអោយទីក្រុងយេរូសាឡិមថ្មីនៅលើផែនដីនេះ ដែលជាសេចក្តីសង្ឃឹមដ៏ធំបំផុតរបស់យើង។

សូមអានខគម្ពីរវិវរណៈ ២១៖១-៤។ តើខទាំងនេះបានបង្ហាញយើងយ៉ាងដូចម្តេច អំពីសេចក្តី សង្ឃឹមដ៏ល្អ និងធំបំផុតដែលយើងមាននោះ? បើគ្មានសេចក្តីសន្យានេះទេ តើយើងមានសេចក្តីសង្ឃឹមអ្វីទៅ?

ថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២

សិក្សាបន្ថែម

សូមអាន Ellen G. White, “Joseph and His Brothers,” in Patriarchs and Prophets, pages 233-240។

«ជីវិតរបស់លោកយ៉ូសែបបានបង្ហាញយើងអំពីព្រះជន្មរបស់ព្រះយេស៊ូវគ្រីស្ទ។ ពួកបងៗរបស់លោកយ៉ូសែបបានច្រណែនលោកយ៉ូសែប។ ម្ល៉ោះហើយ ពួកគេបានលក់គាត់អោយធ្វើជាទាសករ។ ពួកគេសង្ឃឹមថា នឹងការពារកុំអោយលោកយ៉ូសែបបានធំជាងពួកគេទាំងអស់គ្នា។ នៅពេលដែលលោកយ៉ូសែបទៅឯស្រុកអេស៊ីព្ទបាត់ទៅ ពួកគេនឹងមានអារម្មណ៍ថា ពួកគេលែងខ្វល់ខ្វាយអំពីសុបិនរបស់គាត់ទៀតហើយ។ ប៉ុន្តែ ព្រះទ្រង់គឺជាអ្នកគ្រប់គ្រង។ ទ្រង់បានធ្វើអោយរឿងដែលពួកបងៗរបស់លោកយ៉ូសែបព្យាយាមរារាំងនោះបានកើតឡើងវិញ។ ទន្ទឹមគ្នានេះ ពួកមេដឹកនាំសាសនាក៏បានច្រណែនដល់ព្រះយេស៊ូវ យ៉ាងដូច្នេះដែរ។ ពួកគេបានភ័យព្រួយខ្លាចព្រះយេស៊ូវនឹងទាញយកចចំណាប់អារម្មណ៍របស់ពួកបណ្តាជនចេញពីពួកគេទៅ។ ម្ល៉ោះហើយ ពួកគេបានសម្លាប់ព្រះយេស៊ូវ ដើម្បីបញ្ឈប់ទ្រង់ចេញពីគ្រងរាជធ្វើជាស្តេច។ ប៉ុន្តែ នៅទីបំផុតពួកគេបានធ្វើអោយរឿងដែលពួកគេមិនចង់បាននោះកើតឡើងទៅវិញ«។

ក្នុងស្រុកអេស៊ីព្ទ លោកយ៉ូសែបបានក្លាយទៅជាអ្នកសង្គ្រោះគ្រួសារឪពុករបស់គាត់ទៅវិញ។ ប៉ុន្តែ ការដំណឹងដ៏គួរអោយភ្ញាក់ផ្អើលនេះ មិនបានដកហូតកំហុសនៃពួកបងៗរបស់គាត់នោះឡើយ។ ទន្ទឹមគ្នានេះ ពួកខ្មាំងសត្រូវរបស់ព្រះយេស៊ូវក៏បានសម្លាប់ព្រះយេស៊ូវយ៉ាងដូច្នេះដែរ។ ប៉ុន្តែ ការសុគតរបស់ព្រះយេស៊ូវបានធ្វើអោយទ្រង់ក្លាយមកជាព្រះអង្គសង្គ្រោះនៃមនុស្សលោកទាំងអស់ផងដែរ។ ទ្រង់គឺជាស្តេចនៃផែនដីទាំងមូល។ ប៉ុន្តែ សេចក្តីពិតនៃព្រះគម្ពីរនេះក៏មិនបានដកហូតកំហុសនៃអំពើឧក្រិដ្ឋកម្មរបស់ពួកគេនោះដែរ»។ ដកស្រង់ពី Ellen G. White, Patriarchs and Prophets, pages 239, 240, adapted។

សំនួរពិភាក្សា៖
  1. នៅពេលដែលលោកយ៉ាកុបស្លាប់ទៅ ពួកបងៗរបស់លោកយ៉ូសែបបានភ័យព្រួយខ្លាចលោកយ៉ូសែប ដាក់ទោសពួកគេចំពោះកំហុសដែលពួកគេបានធ្វើទៅលើគាត់កន្លងមក។ តើរឿងនេះបានបង្រៀនយើង យ៉ាងដូចម្តេចអំពីកំហុសដែលពួកគេនៅតែបន្តគិតនោះ? តើលោកយ៉ូសែបបានឆ្លើយតបទៅនឹងពួកបងៗរបស់គាត់យ៉ាងដូចម្តេច នៅពេលដែលពួកគេចូលទៅឯគាត់ដោយសេចក្តីភ័យខ្លាចនោះ? តើចម្លើយរបស់លោកយ៉ូសែបបានបង្រៀនយើងយ៉ាងដូចម្តេចដែរ អំពីមូលហេតុដែលយើងគួរតែអត់ទោសនោះ?

  2. តើយើងបានឃើញទំនាក់ទំនងអ្វីខ្លះទៀត រវាងជីវិតរបស់លោកយ៉ូសែបហើយនិងព្រះយេស៊ូវនោះ?

  3. សូមគិតបន្ថែមទៀតអំពីគោលគំនិតនេះដែលថា៖ ព្រះទ្រង់ជ្រាបអំពីអនាគត។ ទន្ទឹមគ្នានេះ យើងក៏មានសេរីភាពក្នុងការជ្រើសរើសធ្វើអ្វីដែលយើងចង់ផងដែរ។ តើយើងយល់អំពីគោលគំនិតទាំង២នេះយ៉ាងដូចម្តេចដែរ? ដូច្នេះ តើគោលគំនិតទាំង២នេះអាចត្រឹមត្រូវក្នុងពេលតែមួយបានដែរឬទេ? សូមពន្យល់។

រឿងខ្លី

ការអធិស្ឋានរយៈពេល១០ឆ្នាំ

Jeans

លោកវីនស្តុន ក្រវហ្វត ដែលជាអ្នកស័្មគ្រចិត្តបង្រៀនភាសាអង់គ្លេសជនជាតិអាមេរិកម្នាក់នៅឯទីក្រុងមូស្គូ បានអញ្ជើញសិស្សរុស្ស៊ីរបស់គាត់ម្នាក់ទៅឯព្រះវិហារសេវេនដេយអាត់វេនទីស្ទនៅថ្ងៃសប្បាតហ៍មួយ។ លោកសាស្សាដែលជាសិស្សហាក់ដូចជាមិនរំភើបចិត្តចំពោះបទពិសោធន៍នៃការ ថ្វាយបង្គំនោះទាល់តែសោះ។ គាត់បានធំឡើងនៅក្នុងគ្រួសារមិនមែនជាគ្រីស្ទាន ម្ល៉ោះហើយ គាត់មាន អារម្មណ៍ហាក់ដូចជាធុញទ្រាន់ណាស់។ លោកវីនស្តុនមានអារម្មណ៍សោកស្តាយជាខ្លាំង។ គាត់បានគិត នៅក្នុងចិត្តថា «ខ្ញុំលែងហៅ គាត់មកទៀតហើយ ព្រោះមើលទៅគាត់ហាក់ដូចជាមិនសប្បាយចិត្តទាល់ តែសោះ»។ នៅពេលនោះ គាត់បានចាប់ផ្តើមអធិស្ឋាន។ គាត់បានអធិស្ឋានសូមអោយព្រះពាល់ចិត្តលោកសាស្សា។

ជាច្រើនខែបានកន្លងផុតទៅ លោកវីនស្តុន និងលោកសាស្សាបានក្លាយមកជាមិត្តភក្តិនឹងគ្នា។ ក្នុងអំឡុងពេលវិស្សមកាល លោកសាស្សាបានអញ្ជើញលោកវីនស្តុនធ្វើដំណើរទៅឯតំបន់ខារីលា (Karelia) ជិតប្រទេសហ្វាំងឡង់ជាមួយនឹងគាត់ ដើម្បីជួបជាមួយនឹងឪពុកម្តាយ និងប្អូនប្រុសរបស់គាត់។ លោកវីនស្តុនបានអធិស្ឋានបន្តទៅទៀត។

បន្ទាប់ពីបានបញ្ចប់ឆ្នាំនៃការបម្រើស្ម័គ្រចិត្តរបស់គាត់រួចមក លោកវីនស្តុនបានត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ប៉ុន្តែ គាត់នៅតែទាក់ទងជាមួយនឹងលោកសាស្សាទៅវិញទៅមកដដែល។ នៅពេលដែលលោកសាស្សាទៅលេងសហរដ្ឋអាមេរិកប៉ុន្មានឆ្នាំក្រោយ អ្នកទាំង២បានចំណាយពេលជាមួយនឹងគ្នានៅឯទីក្រុងឈីកាហ្គោ។

លោកវីនស្តុននៅតែបន្តអធិស្ឋាន។ ជាង១០ឆ្នាំបានកន្លងផុតទៅ។ ថ្ងៃមួយ លោកសាស្សាបានផ្ញើសារមួយឃ្លាតាមវ៉ត់អេព (WhatsApp)។ គាត់បានសរសេរថា «ខ្ញុំចង់អានព្រះគម្ពីរ តើអ្នកអាចជួយពន្យល់ខ្ញុំបានដែរឬទេ?»។ លោកវីនស្តុនសប្បាយចិត្តជាខ្លាំង។ ខ្ញុំបានសរសេរទៅវិញថា «បានតើ»។ ពួកគេបានយល់ព្រមជួបគ្នាមួយអាទិត្យម្តង។ នៅក្នុងការណាត់ជួបគ្នាជាលើកដំបូងរបស់ពួកគេនោះ លោកសាស្សាមានចំណាប់អារម្មណ៍ជាខ្លាំង ខណៈពេលដែលពួកគេអានបទគម្ពីរលោកុប្បត្តិ ១។ គាត់ មានការអស្ចារ្យជាខ្លាំង ដែលព្រះបានប្រទាននូវរបបអាហារបួសមួយបែបនៅក្នុងខគម្ពីរលោកុប្បត្តិ​១៖២៩ ដែលបានសំដែងយ៉ាងដូច្នេះថា «ទ្រង់​មាន​ព្រះបន្ទូល​ថា មើល អញ​ឲ្យ​គ្រប់​ទាំង​តិណជាតិ​មាន​គ្រាប់​ ពូជ​ដែល​ដុះ​នៅ​លើ​ផែនដី និង​គ្រប់​ទាំង​រុក្ខជាតិ​ទាំងឡាយ​ដែល​កើត​ផ្លែ​មាន​គ្រាប់​ពូជទុក​ជា​អាហារ​ដល់​ ឯង»។ លោកសាស្សាគឺជាអ្នកបរិភោគម្នាក់ ដូច្នេះ គាត់បានយល់ឃើញថា ការធ្វើតាមរបបអាហារនៃ គ្រាប់ពូជ និងរុក្ខជាតិនេះគឺជាការអនុវត្តដ៏ល្អមួយ។ គាត់បាននិយាយថា «ខ្ញុំអត់ដែលដឹងថា គោលគំនិតនេះចេញមកពីព្រះគម្ពីរទាល់តែសោះ»។ នៅចុងបញ្ចប់នៃការណាត់ជួបនោះ លោកសាស្សាមានការស្ញប់ស្ញែងជាខ្លាំង។​ គាត់បាននិយាយថា «ខ្ញុំធ្លាប់អានគម្ពីរពូសឃីន (Pushkin) និងគម្ពីដូស្គូវស្គី (Dostoevsky) ប៉ុន្តែ គម្ពីរទាំងនោះខុសគ្នាពីអ្វីដែលបានកើតឡើងនៅក្នុងព្រះគម្ពីរដែលខ្ញុំបានអាននេះ ខ្ញុំមានអារម្មណ៍ ហាក់ដូចជាពាក្យទាំងនេះ ចេញពីក្រដាសមករកខ្ញុំអ៊ីចឹង»។

លោកវីនស្តុនសប្បាយចិត្តជាខ្លាំង។ គាត់បានដឹងយ៉ាងច្បាស់ថា ព្រះវិញ្ញាណបរិសុទ្ធកំពុងតែបញ្ជ្រៀបព្រះបន្ទូលរបស់ទ្រង់ចូលទៅក្នុងចិត្តលោកសាស្សាហើយ។ បន្ទាប់ពីបានសិក្សាព្រះគម្ពីរអស់រយៈពេល៣សប្តាហ៍រួចមក លោកសាស្សាបានសូមអោយមានការជួបជុំមួយអាទិត្យ២ដងបន្ថែមទៀត។ លោកវីនស្តុនបានអធិស្ឋានតទៅទៀត។ គាត់បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ថា «រឿងនេះបានបំផុសចិត្តខ្ញុំជាខ្លាំង ដែលជាង១០ឆ្នាំក្រោយមកនេះ គាត់ស្រាប់តែចង់អានព្រះគម្ពីរនោះ មិនត្រឹមតែប៉ុណ្នឹង ខ្ញុំថែមទាំងអាចសិក្សាព្រះគម្ពីរជាមួយនឹងគាត់បានទៀតផង ខ្ញុំដឹងថា ព្រះគឺជាអ្នកធ្វើកិច្ចការនេះយ៉ាងពិតប្រាកដណាស់។

អំណានដង្វាយប្រចាំសប្តាហ៍

កន្លែងដែលមានសុវត្ថិភាពជាទីបំផុត

យើងបានថ្វាយបង្គំព្រះដោយប្រើធនធានរបស់យើង ដោយសារតែរឿងនេះគឺជារចនាសម្ព័ន្ធដ៏មានសុវត្ថិភាពជាទីបំផុត។ ព្រះគម្ពីរបានសំដែងថា នៅចុងបញ្ចប់ «ផ្ទៃ​មេឃ​នឹង​បាត់​ទៅដោយ​សូរ​គ្រាំគ្រេង ឯ​ធាតុ​សព្វ​សារពើ​នឹង​រលាយ​ទៅ ដោយ​កំដៅ​ដ៏​ក្រៃលែង ហើយ​ផែនដី និងការសព្វ​សារពើ នឹង​ត្រូវ​ឆេះ​អស់​រលីង​ទៅ» (ពេត្រុសទី២ ៣៖១០)។ នៅពេលនោះ ទ្រព្យសម្បត្តិ នឹងគ្មានតម្លៃតទៅទៀតឡើយ។ ព្រឹត្តិការណ៍ទាំងនេះតំណាងអោយការធ្លាក់ទឹកចិត្តយ៉ាងខ្លាំងខាងឯវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបំផុតដែលមនុស្សជាតិមិនដែលបានជួបពីមុនមក។ លោកពេត្រុស បានអញ្ជើញអ្នកអានរបស់គាត់កុំអោយយករឿងទាំងនេះជារឿងតូចនោះឡើយ តែត្រូវប្តូរមូលដ្ឋានមួយចំនួនទៀតផងដែរគឺថា៖ «បើ​អ្វីៗ​ទាំង​នោះ​មុខ​តែ​រលាយ​សូន្យ​យ៉ាង​នេះ​ទៅ​ហើយ បងប្អូន​ត្រូវ​ មាន​ចរិយា​ដ៏វិសុទ្ធ និង​គោរព​កោត​ខ្លាច​ព្រះ‌ជា‌ម្ចាស់​ឲ្យ​មែន​ទែន!» (ពេត្រុសទី២ ៣៖១១, គខប)។ យើងអាចរៀនអ្វីមួយចេញពីអ្នកដែលត្រូវតែស៊ូទ្រាំជាមួយនឹងវិបត្តសេដ្ឋកិច្ចដ៏ខ្ពស់នេះបាន។

ក្នុងពេលនៃវិបត្តសេដ្ឋកិច្ចដ៏ខ្ពស់នេះ នៅក្នុងរយៈពេលមិនដល់២៤ម៉ោងផង តម្លៃទីផ្សារអាចនឹងកើនឡើងទ្វេដងបាន។ នៅកន្លែងខ្លះ ពួកអ្នកស្រុកបានទូលកញ្ជើដាក់លុយនៅលើក្បាលរបស់ពួកគេចូលទៅឯតូបលក់ទំនិញគ្រប់មុខ។ អ្នកខ្លះទៀតបានព្រួយបារម្ភ និងខឹងសម្បា ខណៈពេលដែលពួកគេកំពុងឈរតម្រង់ជួរយ៉ាងយូរនៅមុខទូអេធីអឹម ដើម្បីរង់ចាំដកលុយ តែនៅទីបំផុតពួកគេបានត្រឹមតែឮពាក្យថា «សំណើរត្រូវបានបដិសេធ» ប៉ុណ្ណោះ។ ជាលទ្ធផល ពួកអ្នកស្រុក និងអ្នកវិនិយោគទាំងអស់នឹងបាត់បង់ជំនឿចិត្តទៅលើរូបិយប័ណ្ណនៅក្នុងស្រុករបស់ពួកគេ។ ការប្តូរប្រាក់គឺជាវិធីសាស្ត្រដ៏សំខាន់បំផុត។ រឿងនេះស្រប់ទៅនឹងការដាស់តឿនរបស់ព្រះយេស៊ូវយ៉ាងដូច្នេះថា៖ «ត្រូវ​ប្រមូល​ទ្រព្យសម្បត្តិ ទុក​សំរាប់​ខ្លួននៅ​ឯ​ស្ថានសួគ៌វិញ» (ម៉ាថាយ ៦៖២១)។

តើការដោះដូរនេះអាចមានប្រសិទ្ធភាពទៅបានដោយរបៀបណា? នោះគឺថា យើងមិនចាំបាច់ឆ្លងកាត់ទីផ្សារងងឹតនោះឡើយ ដោយព្រះបានបង្ហាញតាមសាវកប៉ុលយ៉ាងដូច្នេះថា៖ «ចូរ​បង្គាប់​ឲ្យ​គេ​ធ្វើ​គុណ និង​ការ​ល្អ​ជា​បរិបូរ ព្រម​ទាំង​ចែក​ទាន​ដោយ​សទ្ធា ហើយ​ប្រុង​ប្រៀប​នឹងជួយ​គេ​ផង» (ធីម៉ូថេទី១ ៦៖១៨)។ សប្តាហ៍នេះ ខណៈពេលដែលយើងថ្វាយបង្គំព្រះជាមួយ នឹងតង្វាយ១០ហូត១ និងតង្វាយសទ្ធារបស់យើងនេះ យើងមានឱកាសមួយផ្សេងទៀតក្នុងការ ប្តូរធនធានរបស់យើងដែលងាយនឹងបាត់បង់នេះ ជាមួយនឹងការធ្វើជាព្រះពរដល់អ្នកដទៃវិញ។

សេចក្តីអំពាវនាវ៖ «ត្រូវ​ប្រមូល​ទ្រព្យសម្បត្តិ ទុក​សំរាប់​ខ្លួននៅ​ឯ​ស្ថានសួគ៌​វិញ ដែល​ជា​កន្លែង​ គ្មាន​កន្លាត ឬ​ច្រែះ​ស៊ី​បំផ្លាញ​ឡើយ ក៏​គ្មាន​ចោរ​ទំលុះ ឬ​ប្លន់​ផង ពី​ព្រោះ​សម្បត្តិ​ទ្រព្យ​របស់​អ្នក​ស្ថិត នៅ​កន្លែង​ណា នោះ​ចិត្ត​អ្នក​ក៏​នឹង​នៅ​កន្លែង​នោះ​ដែរ» (ម៉ាថាយ ៦៖២០-២១)។ មនុស្សជាច្រើន នឹងព្យាយាមប្តូរប្រាក់របស់ពួកគេទៅជារូបិយប័ណ្ណដែលអាចប្រើទៅបាន ទុកជាវិធីសាស្ត្រ ដើម្បី អោយខ្លួនមានជីវិតរស់។ ប្រទេសខ្លះទៀតនឹងប្តូររូបិយប័ណ្ណគ្មានតម្លៃរបស់ពួកគេជាមួយរូបិយប័ណ្ណថ្មីៗ ព្រមទាំងចាប់ផ្តើមប្រើរូបិយប័ណ្ណក្រៅប្រទេសនៅក្នុងស្រុកទៀតផង។

សេចក្តីអធិដ្ឋាន៖
ឱព្រះអម្ចាស់អើយ ទ្រង់យកព្រះទ័យទុកដាក់ និងគិតគូរយ៉ាងល្អិតល្អន់ចំពោះជីវិតបច្ចុប្បន្ន និងអនាគតរបស់ទូលបង្គំយើងខ្ញុំ។ ទូលបង្គំយើងខ្ញុំសូមថ្លែងអំណរគុណដល់ទ្រង់ ចំពោះដំបូន្មានរបស់ទ្រង់។ សូមទ្រង់ជួយអោយទូលបង្គំយើងខ្ញុំធ្វើជាអ្នកត្រាប់តាមការណែនាំរបស់ទ្រង់ផង។ ​

Powered by CAM