មេរៀនទី១៣​៖ ១៧ -​ ២៣ ធ្នូ ២០២២

កិច្ចការរបស់ព្រះជាចៅក្រម

Jeans
ថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២២
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ ម៉ាថាយ ២៥៖៣១-៤៦; ដានីយ៉ែល ៧៖៩-១៤; កូរិនថូសទី១ ៦៖២, ៣; ពេត្រុសទី២ ២៖៤-៦; ម៉ាឡាគី ៤៖១។

ខចងចាំ៖ «ដ្បិត​យើង​ទាំង​អស់​គ្នា​ត្រូវ​ទៅ​នៅ​មុខ​ទី​ជំនុំជម្រះ​របស់​ព្រះគ្រីស្ទ ដើម្បី​ឲ្យ​គ្រប់​គ្នា​បាន​ទទួល​ តាម​ការ​ដែល​បាន​ធ្វើ ពី​កាល​នៅ​ក្នុង​រូបកាយ​រៀង​ខ្លួន ទោះ​ល្អ​ឬ​អាក្រក់​ក្តី» (កូរិនថូសទី២ ៥៖១០)។

ព្រះគម្ពីរបានបង្ហាញប្រាប់យើងថា ព្រះនឹងជំនុំជម្រះមនុស្សស្លាប់ និងមនុស្សរស់។ មានពេលខ្លះ អ្វីៗគ្រប់យ៉ាងនៅក្នុងជីវិតនេះគ្មានភាពយុត្តិធម៌ឡើយ។ ប៉ុន្តែ ព្រះគម្ពីរបានបង្ហាញប្រាប់យើងថា ព្រះនឹងធ្វើអោយអ្វីៗគ្រប់យ៉ាងបានត្រឹមត្រូវវិញ។

ព្រះគម្ពីរបានសំដែងថា ព្រះ «មាន​ដំរិះ​សព្វ​គ្រប់» (យ៉ូប ៣៧៖១៦)។ ទ្រង់បាន «ជ្រាប​គ្រប់​ទាំង​អស់» (យ៉ូហានទី១ ៣៖២០)។ ដូច្នេះ ព្រះបានជ្រាបអំពីរឿងគ្រប់យ៉ាងដែលយើងបានធ្វើ រួមទាំងរឿងអ្វីដែលយើងបានធ្វើដោយលួចលាក់ផងដែរ (សាស្តា ១២៖១៤; យេរេមា ១៧៖១០)។ យើងអាចលាក់បាំងចេញពីរឿងទាំងនោះពីអ្នកដទៃបាន។​ ប៉ុន្តែ យើងមិនអាចលាក់បាំងរឿងទាំងនោះពីព្រះបានឡើយ។

តើដំរិះរបស់ព្រះដែលជ្រាបនូវរឿងគ្រប់យ៉ាងនេះ បានបង្ហាញយ៉ាងដូចម្តេចដែរ? ព្រះមិនចាំបាច់ជំនុំជម្រះយើង ដើម្បីអោយទ្រង់បានជ្រាបនូវរឿងអាថ៌កំបាំងរបស់យើងនោះឡើយ។ បើដូច្នេះមែន ហេតុអ្វីបានជាព្រះនៅតែជំនុំជម្រះយើងយ៉ាងដូច្នេះ? នោះគឺដោយសារព្រះចង់បង្ហាញគ្រប់គ្នានៅលើស្ថានសួគ៌ និងនៅលើផែនដីថា ការសម្រេចព្រះទ័យចុងក្រោយរបស់ទ្រង់នោះ គឺយុត្តិធម៌ជាទីបំផុត។

សប្តាហ៍នេះ​ យើងនឹងសិក្សាអមពីកិច្ចរបស់ព្រះជាចៅក្រម។​ កិច្ចការនេះចែកចេញជា៣ផ្នែក៖ (១) កិច្ចការរបស់ព្រះ មុនពេលដែលទ្រង់យាងមកជាលើកទី២។ (២) កិច្ចការរបស់ទ្រង់នៅក្នុងអំឡុង១០០០ឆ្នាំនៅស្ថានសួគ៌។ និង (៣) ការដាក់ទោសរបស់ទ្រង់ដល់ពួកមនុស្សអាក្រក់ ដែលបានរស់ឡើងវិញ និងស្លាប់ជាលើកទី២។ នៅចុងបំផុត ព្រះនឹងបង្ហាញគ្រប់គ្នាថា រាស្ត្ររបស់ទ្រង់គ្មានទោសនៃអំពើបាប ដូចដែលសាតាំងបានចោទប្រកាន់ពួកគេនោះឡើយ។

ថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០២២

កិច្ចការចុងក្រោយរបស់ព្រះជាចៅក្រម

អ្នកខ្លះបានគិតថា​ កិច្ចការរបស់ព្រះគឺស្តីអំពីការដាក់ទោស។​ ការដាក់ទោសគឺជាផ្នែកមួយនៃកិច្ចការរបស់ព្រះជាចៅក្រម។ កិច្ចការរបស់ទ្រង់ជាចៅក្រមក៏បានភ្ជាប់មកជាមួយនឹងការប្រកាសដ៏អស្ចារ្យមួយផងដែរថា រាស្ត្ររបស់ទ្រង់គ្មានកំហុសឡើយ។ លោកដានីយ៉ែលបានមានប្រសាសន៍អំពីផ្នែកនៃកិច្ចការរបស់ព្រះជាចៅក្រមនេះថា៖ «ការ​វិនិច្ឆ័យ​បាន​ប្រគល់​ដល់​ពួក​បរិសុទ្ធ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត» (ដានីយ៉ែល ៧៖២២)។ ដូច្នេះ​ កិច្ចការរបស់ព្រះជាចៅក្រមក៏បានភ្ជាប់ជាមួយនឹងការដាក់ទោសពួកមនុស្សអាក្រក់​ និងការប្រគល់រង្វាន់ដល់ពួកអ្នកស្តាប់ទ្រង់ផងដែរ។ យើងបានឃើញនូវក្បួនច្បាប់ដ៏សំខាន់នេះតាមរយៈសេចក្តីអធិស្ឋានរបស់ស្តេចសាឡូម៉ូនទៅកាន់ព្រះយ៉ាងដូច្នេះថា៖ «នោះ​សូម​ទ្រង់​ប្រោស​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ហើយ​សម្រេចការងារ​ដោយ​ជំនុំជម្រះពួក​បាវ​បំរើ​ទ្រង់ ទាំង​ដាក់​ទោស​ដល់​មនុស្ស​អាក្រក់ ដើម្បី​នឹង​ទម្លាក់អំពើ​អាក្រក់​របស់​គេទៅ​លើ​ក្បាល​គេ​វិញ ហើយ​សម្រេចដល់​មនុស្ស​សុចរិត​ទុក​ជា​សុចរិត ដើម្បី​នឹង​សង​ដល់​គេ តាម​សេចក្តី​សុចរិត​របស់​ខ្លួន​គេ​ទៅ» (ពង្សាវតារក្សត្រទី២ ៨៖៣២)។​

សូមអានព្រះបន្ទូលរបស់ព្រះយេស៊ូវនៅក្នុងខគម្ពីរម៉ាថាយ​ ២៥៖៣១-៤៦ និងយ៉ូហាន ៥៖២១-២៩។ តើព្រះយេស៊ូវបានបង្ហាញយើងថា កិច្ចការចុងក្រោយរបស់ទ្រង់ជាចៅក្រម បានភ្ជាប់មកជាមួយ នឹងការដាក់ទោស ហើយនិងការប្រទានរង្វាន់នោះយ៉ាងដូចម្តេចដែរ?

--------------------------------------------------------

អ្នកប្រាជ្ញខាងឯព្រះគម្ពីរខ្លះបាននិយាយថា ពាក្យដែលថា «មិន​ជាប់​មាន​ទោស​» (យ៉ូហាន ៣៖១៨) និង «មិន​ដែល​ត្រូវ​ជំនុំជម្រះ» (យ៉ូហាន ៥៖២៤) នេះ បានបង្ហាញថា រាស្ត្ររបស់ព្រះមិនជាប់ជំនុំជម្រះឡើយ។ ហើយ ពាក្យទាំងនេះក៏បានបង្ហាញផងដែរថា ពួកសិស្សរបស់ព្រះក៏មិនជាប់មានទោសដែរ។ ដូច្នេះ ព្រះយេស៊ូវចង់បង្ហាញយើងថា រាស្ត្ររបស់ព្រះ «មិន​ជាប់​មាន​ទោស» (យ៉ូហាន ៣៖១៨) ឡើយ។

អ្វីដែលយើងបានធ្វើនៅក្នុងជីវិតនេះ បានបង្ហាញអំពីជម្រើសរបស់យើង ក្នុងការទទួលយក ឬមិនទទួលយកជីវិតអស់កល្ប។ រាស្ត្រដ៏បរិសុទ្ធរបស់ព្រះនឹងបានទទួលសេចក្តីសន្យារបស់ទ្រង់។ ដ្បិតទ្រង់នឹងប្រកាសថា រាស្ត្ររបស់ទ្រង់គ្មានកំហុសអ្វីឡើយ នៅពេលដែលទ្រង់បំពេញកិច្ចការរបស់ទ្រង់ជាចៅក្រម។ ព្រះយេស៊ូវបានមានបន្ទូលអំពីគ្រានេះ (ម៉ាថាយ​២៥៖៣១-៤៦)។ ព្រះយេស៊ូវបានមានបន្ទូលថា នឹងមានមនុស្ស២ក្រុម៖​ ក្រុមពពែ១ (មនុស្សអាក្រក់) ហើយនិងក្រុមចៀម១ (មនុស្សបរិសុទ្ធ)។

នៅពេលដែលយើងគិតអំពីកិច្ចការរបស់ព្រះជាចៅក្រមនោះ យើងក៏គួរតែចាំជានិច្ចថា ព្រះបានសង្គ្រោះយើង ដោយសារតែព្រះគុណរបស់ទ្រង់ផងដែរ (អេសាយ ៥៥៖១; អេភេសូរ ២៖៨-១០)។ សេចក្តីជំនឿរបស់យើងនៅក្នុងព្រះគុណរបស់ព្រះបានធ្វើអោយយើងគ្រប់លក្ខណ៍ និងគ្មានកំហុស (លោកុប្បត្តិ​ ១៥៖៦; រ៉ូម ៥៖១)។ យើងត្រូវបានជំនុំជម្រះតាមរយៈទង្វើរបស់យើង (សាស្តា ១២៖១៤; ម៉ាថាយ ២៥៖៣១-៤៦; វិវរណៈ ២០៖១១-១៣)។​ យើងត្រូវបានជំនុំជម្រះដោយក្រឹត្យវិន័យទាំង១០ប្រការ (សាស្តា​១២៖១៣, ១៤; យ៉ាកុប ១៖២៥; យ៉ាកុប ២៖៨-១៧)។ ទង្វើល្អរបស់យើងបានបង្ហាញថា បទពិសោធន៍របស់យើងជាមួយនឹងព្រះយេស៊ូវនោះគឺជាការពិត។ ព្រះនឹងទតមើលទង្វើរបស់យើងតាមរយៈកិច្ចការរបស់ទ្រង់ជាចៅក្រម។

សូមចាំថា ព្រះមិនបានបង្ខំអ្នកណាម្នាក់អោយបានសង្គ្រោះ ឬបាត់បង់នោះឡើយ។​ យើងមានការទំនួលខុសត្រូវក្នុងការរក្សាជម្រើសរបស់យើង ដើម្បីអោយបានសង្គ្រោះ។ ហើយកិច្ចការរបស់ព្រះជាចៅក្រម ក៏មិនមែនជាគ្រាដែលទ្រង់ទទួលយក ឬមិនទទួលយកនោះដែរ។ កិច្ចការរបស់ទ្រង់ជាចៅក្រមបានបង្ហាញអំពីជម្រើសចុងក្រោយរបស់យើងដែលថា យើងបានសម្រេចចិត្តទទួលយកទ្រង់ ឬក៏បដិសេធទ្រង់។​

ថ្ងៃច័ន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២

ព្រះបានស្វែងរកដោយផ្ចិតផ្ចង់

មុនពេលដែលព្រះយេស៊ូវយាងមកវិញនោះ ព្រះនឹងបំពេញផ្នែកមួយនៃកិច្ចការរបស់ទ្រង់ជាចៅក្រម។ កិច្ចការនេះត្រូវបានហៅថា ការជំនុំជម្រះមុនការយាងមកជាលើកទី២ (Pre-Advent Judg-ment)។ ពាក្យថា «ផ្រី (Pre)» មានន័យថា មុន។ ពាក្យថា «អាត់វេន (Advent)» មានន័យថា ការយាងមកជាលើកទី២។ រីឯពាក្យថា «ចាញ់មេន (judgment)» នោះ គឺជាគ្រាមួយ នៅពេលដែលព្រះនឹងជំនុំជម្រះរាស្ត្ររបស់ទ្រង់។ ដូច្នេះ គ្រានៃ «ការជំនុំជម្រះមុនការយាងមកជាលើកទី២» គឺសំដៅទៅលើគ្រាមួយ នៅពេលព្រះនឹងជំនុំជម្រះរាស្ត្ររបស់ទ្រង់ មុនពេលដែលព្រះយេស៊ូវយាងត្រឡប់មកវិញជាលើកទី២។ មានកណ្ឌគម្ពីរជាច្រើននៅក្នុងព្រះគម្ពីរបានចែងអំពីការជំនុំជម្រះមុនការយាងមកជាលើកទី២នេះ។

សូមអានអំពីការជំនុំជម្រះមុនការយាងមកជាលើកទី២នេះនៅក្នុងខគម្ពីរដានីយ៉ែល​ ៧៖៩-១៤; ម៉ាថាយ ២២៖១-១៤; វិវរណៈ ១១៖១, ១៨, ១៩ និងវិវរណៈ ១៤៖៦, ៧។ តើខទាំងនេះបានបង្រៀនយើងថា ការជំនុំជម្រះមុនការយាងមកជាលើកទី២នេះ កំពុងតែកើតឡើងនៅក្នុងទីជំនុំជម្រះនៅឯស្ថានសួគ៌នៅពេលឥឡូវនេះ យ៉ាងដូចម្តេចដែរ?

--------------------------------------------------------

ការជំនុំជម្រះមុនការយាងមកជាលើកទី២នេះគឺជាគ្រាមួយ នៅពេលដែលព្រះកំពុងតែស្វែងរកដោយផ្ចិតផ្ចង់។ ទ្រង់បានស្វែងរកជីវិត គំនិត ចិត្ត និងទង្វើនៃរាស្ត្ររបស់ទ្រង់ដោយផ្ចិតផ្ចង់។ ព្រះគម្ពីរបានបង្រៀនយើងនូវគោលគំនិតទាំង៣យ៉ាងទាក់ទងទៅការជំនុំជម្រះមុនការយាងមកជាលើកទី២នេះ៖

(១) ក្នុងអំឡុងពេលនេះ ពួកអ្នកស្លាប់ទាំងអស់កំពុងតែដេកលក់នៅក្នុងផ្នូររបស់ពួកគេនៅឡើយ រហូតទាល់តែព្រះយេស៊ូវប្រោសពួកគេអោយរស់ពីស្លាប់ឡើងវិញ។​ ពួកអ្នកស្លាប់ទាំងនេះមានទាំងមនុស្សបរិសុទ្ធ និងមនុស្សអាក្រក់រួមគ្នា។ ព្រះយេស៊ូវនឹងប្រោសរាស្ត្របរិសុទ្ធរបស់ទ្រង់អោយរស់ឡើងវិញ នៅពេលដែលទ្រង់យាងមកជាលើកទី២។ ប៉ុន្តែ ពួកមនុស្សអាក្រក់នឹងបន្តដេកលក់នៅក្នុងផ្នូររបស់ពួកគេ១០០០ឆ្នាំបន្ថែមទៀត។

(២) ការស្វែងរកជីវិតនៃរាស្ត្ររបស់ទ្រង់ដោយផ្ចិតផ្ចង់នេះគឺជាផ្នែកដ៏សំខាន់មួយខាង​ឯសេចក្តី បង្រៀននៃព្រះគម្ពីរដែលថា ព្រះនឹងជំនុំជម្រះមនុស្សលោកទាំងអស់ (កូរិនថូសទី២ ៥៖១០; វិវរណៈ ២០៖១១-១៥)។

(៣) ព្រះនឹងប្រទានរង្វាន់ដល់រាស្ត្របរិសុទ្ធរបស់ទ្រង់ នៅក្នុងការរស់ឡើងវិញជាលើកទី១។ យើងបានឃើញរួចម​កហើយថា ការរស់ឡើងវិញជាលើកទី១នេះ គឺជាគ្រា ដែលព្រះយេស៊ូវនឹងប្រោស ពួកសិស្សរបស់ទ្រង់អោយរស់ឡើងវិញ នៅពេលដែលទ្រង់យាងមកជាលើកទី២។ ការរស់ឡើងវិញជាលើកទី២នឹងត្រូវកើតឡើង បន្ទាប់ពីរាស្ត្រសំណល់បានទៅរស់នៅស្ថានសួគ៌ជាមួយនឹងព្រះ១០០០ឆ្នាំរួចមក។ បន្ទាប់មក ព្រះយេស៊ូវនឹងនាំរាស្ត្ររបស់ទ្រង់ត្រឡប់មកកាន់ផែនដីនេះវិញ ទ្រង់ក៏នឹងប្រោសពួកមនុស្សអាក្រក់អោយរស់ពីស្លាប់ឡើងវិញដែរ។ ទន្ទឹមគ្នានេះ អ្នកដែលបាត់បង់នឹងត្រូវទទួលទោសរបស់ពួកគេ ដែលជាសេចក្តីស្លាប់ជាលើកទី២ (យ៉ូហាន ៥៖២៨, ២៩; វិវរណៈ ២០៖៤-៦, ១២-១៥)។ អ្នកដែសស្លាប់ជាលើកទី២នេះនឹងស្លាប់ទៅជារៀងរហូតតទៅ។

ដូច្នេះ ប្រសិនបើមនុស្សគ្រប់គ្នាត្រូវជំនុំជម្រះនោះ គេនឹងត្រូវជំនុំជម្រះមុនពេលដែលព្រះយេស៊ូវប្រោសពួកគេអោយរស់ពីស្លាប់ឡើងវិញ។ នៅពេលនោះ បុគ្គលម្នាក់ៗនឹងទទួលបានរង្វាន់របស់ ពួកគេ ដែលជាជីវិត ឬក៏សេចក្តីស្លាប់។
ព្រះដែលគង់នៅស្ថានសួគ៌ ទ្រង់កំពុងតែស្វែងរកជីវិតរបស់យើងដោយផ្ចិតផ្ចង់ជាទីបំផុត។ តើចំណេះដឹងនេះគួរតែផ្លាស់ប្តូររបៀបរស់នៅរបស់យើងនៅលើផែនដីនេះយ៉ាងដូចម្តេចដែរ?

ថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២

១០០០ឆ្នាំនៅស្ថានសួគ៌

ព្រះគម្ពីរបានបង្ហាញប្រាប់យើងអំពីរឿង៣យ៉ាងដែលនឹងត្រូវកើតឡើង បន្ទាប់ពីការយាងមកវិញជាលើកទី២។ (១) ព្រះយេស៊ូវនឹងប្រោសរាស្ត្ររបស់ទ្រង់អោយរស់ពីស្លាប់ឡើងវិញ។ បន្ទាប់មក មនុស្សទាំងនេះ ហើយនិងរាស្ត្ររបស់ព្រះដែលនៅមានជីវិតនៅលើផែនដីនេះ​ ពួកគេនឹង​ «បាន​ជួបជុំ​នឹង​ព្រះអម្ចាស់​នៅ​នា​អាកាស» (ថែស្សាឡូនីចទី១ ៤៖១៦, ១៧)។ (២) ព្រះយេស៊ូវនឹងយកពួកគេទៅស្ថានសួគ៌រយៈពេល១០០០ឆ្នាំ។​ ពួកគេនឹងរស់នៅក្នុងលំនៅ ដែលព្រះយេស៊ូវបានបង្កើតសម្រាប់ពួកគេ (យ៉ូហាន ១៤៖១-៣)។ នៅស្ថានសួគ៌ រាស្ត្ររបស់ព្រះនឹងអង្គុយនៅលើបល្ល័ង្ក​នៅស្ថានសួគ៌​ ហើយក៏ធ្វើជាមេដឹកនាំជាមួយនឹងព្រះយេស៊ូវនៅក្នុងរយៈពេល១០០០ឆ្នាំនោះផង។ ក្នុងអំឡុងនៃគ្រានេះ ផែនដីបានខូច ហើយក៏នៅទទេដែរ (យេរេមា ៤៖២៣)។ (៣) បន្ទាប់ពី១០០០ឆ្នាំរួចមក ព្រះយេស៊ូវនឹងនាំទីក្រុងយេរូសាឡិមថ្មីមកកាន់ផែនដីនេះ។ ក្រុងដ៏បរិសុទ្ធនេះនឹងក្លាយទៅជាលំនៅថ្មីសម្រាប់រាស្ត្ររបស់ព្រះ (វិវរណៈ ២១៖១-៣)។ រាស្ត្ររបស់ព្រះនឹងរស់នៅលើផែនដីនេះជារៀងរហូត។

សូមអានខគម្ពីរកូរិនថូសទី១ ៦៖២, ៣ និងវិវរណៈ ២០៖៤-៦, ១១-១៣។ ខទាំងនេះបានសំដែងអំពីកិច្ចការរបស់ព្រះជាចៅក្រមនៅក្នុងអំឡុង១០០០ឆ្នាំនៅស្ថានសួគ៌។ តើហេតុអ្វីបានជារាស្ត្ររបស់ព្រះត្រូវជួយដល់កិច្ចការចៅក្រមរបស់ទ្រង់នៅស្ថានសួគ៌ នៅក្នុងអំឡុងពេល១០០០ឆ្នាំយ៉ាងដូច្នេះ?

--------------------------------------------------------

កិច្ចការរបស់ព្រះជាចៅក្រម នៅក្នុងអំឡុងពេល១០០០ឆ្នាំនេះ នឹងបង្ហាញអំពីសេចក្តីពិតនៃព្រះគម្ពីរ៤យ៉ាង៖ (១) ការសម្រេចព្រះទ័យរបស់ទ្រង់សុទ្ធតែយុត្តិធម៌ទាំងអស់។ (២) ព្រះបានប្រទានរង្វាន់ដ៏ត្រឹមត្រូវមួយដល់មនុស្សគ្រប់គ្នា។ (៣) ការដាក់ទោសរបស់ទ្រង់គឺយុត្តិធម៌។ (៤) ព្រះបានបង្ហាញថា មនុស្សលោកដែលបានសង្គ្រោះទាំងនេះអាចជឿទុកចិត្តអោយចូលទៅរស់នៅក្នុងស្ថានសួគ៌បាន។ ពួកគេ មិនធ្វើបាបម្តងទៀតឡើយ។ នៅក្នុងការស្វែងរករាស្ត្ររបស់ទ្រង់ដោយផ្ចិតផ្ចង់ មុនពេលដែលទ្រង់យាងមកជាលើកទី២នេះ មានតែអ្នកដែលរស់នៅឯស្ថានសួគ៌ប៉ុណ្ណោះ ដែលអាចជួយដល់ព្រះនៅក្នុងកិច្ចការចៅក្រមរបស់ទ្រង់ (ដានីយ៉ែល ៧៖៩, ១០)។ ប៉ុន្តែ ក្នុងអំឡុងពេល១០០០ឆ្នាំ រាស្ត្រសំណល់របស់ព្រះ ក៏នឹងជួយដល់កិច្ចការរបស់ទ្រង់ផងដែរ។ ពួកគេនឹងជួយព្រះជំនុំជម្រះពួកទេវតាអាក្រក់ និងពួកមនុស្ស អាក្រក់ដែលបានស្លាប់ទៅនោះ (កូរិនថូសទី១ ៦៖៣; យូដា ១៖៦; វិវរណៈ ២០៖៤-៦)។

ការជំនុំជម្រះមុនការយាងមកជាលើកទី២បានចាប់ផ្តើមឡើងនៅក្នុងឆ្នាំ១៨៤៤។ យើងបានដឹងរួចមកហើយថា ការជំនុំជម្រះមុនការយាងមកជាលើកទី២ គឺជាគ្រាមួយដែលព្រះនឹងស្វែងរកចិត្ត និងជីវិតនៃរាស្ត្ររបស់ទ្រង់ដោយផ្ចិតផ្ចង់មុនពេលដែលព្រះយេស៊ូវយាងមកជាលើកទី២ (ដានីយ៉ែល ៧៖៩, ១០)។ កិច្ចការរបស់ព្រះជាចៅក្រមនៅក្នុងអំឡុងពេល១០០០ឆ្នាំនេះនឹងត្រូវចាប់ផ្តើមឡើង បន្ទាប់ ពីព្រះលើករាស្ត្ររបស់ទ្រង់ទៅស្ថានសួគ៌។ ពួកកូនៗរបស់ព្រះនឹងអង្គុយនៅលើបល្ល័ង្ក ព្រមទាំងជួយដល់ព្រះជំនុំជម្រះពួកអាក្រក់ផងដែរ។ ព្រះនឹងបើកបញ្ជីជីវិតឡើង។ «រួច​មនុស្ស​ស្លាប់​ទាំង​អស់​ត្រូវ​ជំនុំជម្រះ ពី​សេចក្តី​ដែល​កត់​ទុក​ក្នុង​បញ្ជី​ទាំង​នោះ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​រៀង​ខ្លួន» (វិវរណៈ ២០៖១២; សូម អានខ៤ផងដែរ)។ រាស្ត្ររបស់ព្រះនឹងបានឃើញភាពយុត្តិធម៌របស់ព្រះតាមរយៈការសម្រេចព្រះទ័យ របស់ទ្រង់។ ព្រះនឹងប្រទានរង្វាន់ដល់មនុស្សលោកតាមអំពើដែលគេបានប្រព្រឹត្តរៀងៗខ្លួន។ ទ្រង់ក៏នឹងបកស្រាយអំពីការសម្រេចព្រះទ័យរបស់ទ្រង់ផងដែរ។

ថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២

កិច្ចការចុងក្រោយរបស់ព្រះជាចៅក្រម

ក្នុងអំឡុងនៃសម័យយុគកណ្តាលនៅក្នុងប្រទេសអឺរ៉ុប មនុស្សបានគិតថា ព្រះគឺជាចៅក្រមដ៏អាក្រក់ និងព្រៃផ្សៃជាទីបំផុត។ ពួកគេបានជឿថា ព្រះសព្វព្រះទ័យក្នុងការដាក់ទោសមនុស្សលោក។ សព្វថ្ងៃនេះ ពួកគ្រីស្ទានបានជឿថា ព្រះគឺជាបិតានៃសេចក្តីស្រឡាញ់ទ្រង់នឹងមិនដាក់ទោសកូនៗរបស់ ទ្រង់នោះទេ។ សេចក្តីស្រឡាញ់ដែលគ្មានបញ្ញត្តិនឹងនាំអោយមនុស្សធ្វើបាបគ្នាទៅវិញទៅមក។ កិច្ចការ របស់ព្រះជាចៅក្រមនឹងបង្ហាញទាំងសេចក្តីមេត្តា និងការសម្រេចព្រះទ័យដ៏យុត្តិធម៌របស់ទ្រង់។ របស់ទាំង២យ៉ាងនេះមានប្រភពចេញមកពីសេចក្តីស្រឡាញ់របស់ព្រះ។​

កិច្ចការចុងក្រោយរបស់ព្រះជាចៅក្រមនេះ ត្រូវបានហៅថា ជាការជំនុំជម្រះខាងឯនីតិប្រតិបត្តិ (executive judgment)។ ការសម្រេចព្រះទ័យនេះគឺជាកិច្ចការចុងក្រោយបំផុត ពីព្រោះការសម្រេចព្រះទ័យនេះមិនអាចផ្លាស់ប្តូរបានឡើយ។ ព្រះបានដាក់ទោសមនុស្សលោកនេះមានដែនកំណត់។ (១) ព្រះបានបោះសាតាំង និងពួកទេវតារបស់វាចេញពីស្ថានសួគ៌ (វិវរណៈ ១២៖៧-១២)។ (២) ព្រះបានបំផ្លាញលោកអ័ដាម និងនាងអេវ៉ាចេញពីសួនច្បារអេដែន (លោកុប្បត្តិ ៣)។ (៣) ព្រះបានបំផ្លាញផែនដីនេះដោយទឹកជំនន់ (លោកុប្បត្តិ​ ៦-៨)។ ​(៤) ព្រះបានបំផ្លាញក្រុងសូដុំម និងក្រុងកូម៉ូរ៉ា (លោកុប្បត្តិ ​១៩; យូដាស ខ៧)។ (៥) ព្រះបានចាត់ទេវតាមួយអង្គអោយទៅសម្លាប់ពួកកូនប្រុសច្បងនៅក្នុងស្រុកអេស៊ីព្ទ (និក្ខមនំ ១១-១២)។​ និង (៦) លោកអាន្ន៉ានាស និងនាងសាភីរ៉ាត្រូវបានសម្លាប់ ដោយសារតែពួកគេបានកុហកដល់ព្រះវិញ្ញាណបរិសុទ្ធ (កិច្ចការ ៥៖១-១១)។ ដូច្នេះ យើងមិនគួរភ្ញាក់ផ្អើល នៅពេលដែលយើងដឹងថា ព្រះនឹងជំនុំជម្រះមនុស្សអាក្រក់នៅពេលចុងបំផុតនៃប្រវត្តិសាស្ត្រមនុស្សនោះឡើយ។

សូមអានខគម្ពីរពេត្រុសទី២ ២៖៤-៦ និងពេត្រុសទី២ ៣៖១០-១៣។ តើខទាំងនេះបានជួយអោយយើងយល់អំពីហេតុការណ៍ដែលត្រូវកើតឡើង នៅក្នុងការជំនុំជម្រះដោយនីតិប្រតិបត្តិនេះដោយរបៀបណា? យើងបានរៀនមេរៀននេះរួចមកហើយថា ការជំនុំជម្រះដោយនីតិប្រតិបត្តិនេះគឺជាឈ្មោះ មួយសម្រាប់កិច្ចការចុងក្រោយរបស់ព្រះជាចៅក្រម។​ តើខទាំងនេះបានបង្ហាញយើងថា មនុស្សលោកគ្មានឱកាសបានសង្គ្រោះម្តងទៀតឡើយ បន្ទាប់ពីព្រះបញ្ចប់នូវការជំនុំជម្រះរបស់ទ្រង់នោះដោយរបៀបណា?

--------------------------------------------------------

«ព្រះទ្រង់ល្អ និងអត់ធ្មត់ជាទីបំផុត។ ប៉ុន្តែ សេចក្តីស្រឡាញ់របស់ទ្រង់មិនបានបញ្ឈប់ទ្រង់មិនអោយដាក់ទោសដល់ពួកបាបជនដែលបានបដិសេធមិនព្រមគោរពតាមបញ្ញត្តិរបស់ទ្រង់នោះឡើយ។ មនុស្សលោកគឺជាពួកឧក្រិដ្ឋជន។ ពួកគេមានកំហុស ដោយសារតែពួកគេបានរំលងបញ្ញត្តិដ៏បរិសុទ្ធរបស់ព្រះ។​ យើងដែលជាមនុស្សលោកនឹងត្រូវបានអត់ឱនទោស តាមរយៈអំណោយទានតែមួយគត់របស់ព្រះ។ អំណោយទាននេះគឺជាព្រះយេស៊ូវដែលជាព្រះរាជបុត្រារបស់ទ្រង់នេះឯង។ ព្រះយេស៊ូវបានសុគតជំនួសពួកឧក្រិដ្ឋជន ដោយសារតែព្រះមិនអាចផ្លាស់ប្តូរបញ្ញត្តិរបស់ទ្រង់បាន។​ ដូច្នេះមនុស្ស លោកដែលមានកំហុសមិនគួរគិតថា ពួកគេអាចប្រាប់ព្រះថា ទ្រង់ត្រូវយ៉ាងណានោះឡើយ»។ ដកស្រង់ ពី Ellen G. White, Manuscript Releases, volume 12, page 208, adapted។

ព្រះបានធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីសង្គ្រោះមនុស្សលោកចេញពីការបាត់បង់ជារៀងរហូត។ ព្រះបានសង្គ្រោះយើងដោយទ្រង់ត្រូវចេញថ្លៃលោះដ៏លើសលប់ជាទីបំផុត។ ពួកអ្នកដែលត្រូវបាត់បង់ បានធ្វើនូវការសម្រេចចិត្តមួយ ដែលនឹងនាំពួកគេទៅរកចុងបញ្ចប់ដ៏អាក្រក់មួយ។​ ហើយកិច្ចការរបស់ព្រះ ដែលទ្រង់បានធ្វើដើម្បីនឹងជំនុំជម្រះដល់ពួកបាត់បង់ ហើយនិងដាក់ទោសពួកគេនេះ ក៏បានបង្ហាញអំពីសេចក្តីស្រឡាញ់ និងសេចក្តីមេត្តារបស់ទ្រង់ផងដែរ។

ថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២

ការស្លាប់ជាលើកទី២

ព្រះបាននាំប្រវត្តិសាស្ត្រមនុស្សលោកទៅកាន់ព្រឹត្តិការណ៍នៃគ្រាចុងក្រោយបង្អស់។ នៅគ្រាចុងក្រោយនៃ១០០០ឆ្នាំ ពួកមនុស្សអាក្រក់នឹងក្រោកចេញពីផ្នូររបស់ពួកគេវិញ។ បន្ទាប់មក ពួកគេនឹងទទួលទោសរបស់ពួកគេជាលើកចុងក្រោយ​ (វិវរណៈ ២០៖៥; ខ១១-១៥)។ នៅពេលដែលកិច្ចការចុងក្រោយរបស់ព្រះជាចៅក្រមបានចប់សព្វគ្រប់នោះ គ្មានអ្វីផ្សេងទៀតអាចបន្ថែមទៅលើការសម្រេចព្រះទ័យរបស់ទ្រង់បានឡើយ។ ពួកមនុស្សអាក្រក់នឹងសារភាពថា ការសម្រេចព្រះទ័យរបស់ព្រះពិតជាយុត្តិធម៌មែន។ «គ្រប់គ្នានៅស្ថានសួគ៌ និងនៅផែនដីនឹងបានយល់អំពីអ្វីដែលបានកើតឡើងនៅក្នុងអំឡុងនៃ សង្គ្រាមពិភពលោករវាងព្រះ ហើយនិងសាតាំង។ ទាំងមនុស្សស្មោះត្រង់ និងមនុស្សអាក្រក់នឹងប្រកាសព្រមគ្នាថា៖ «ឱ​ព្រះអម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះចេស្តា​បំផុត​អើយ ការ​ទ្រង់​សុទ្ធ​តែ​ធំ ហើយ​អស្ចារ្យ ឱ​ស្តេច​នៃ​សាសន៍​អើយ ផ្លូវ​ទ្រង់​សុទ្ធ​តែ​សុចរិត ហើយ​ពិត​ត្រង់» (វិវរណៈ ១៥៖៣)។ សាតាំងខ្លួនវាផ្ទាល់ក៏នឹងក្រាបចុះ ហើយសារភាពថា ការដាក់ទោសរបស់ព្រះទាស់នឹងវាពិតជាយុត្តិធម៌ផងដែរ»។ ដកស្រង់ពី Ellen G. White, The Great Controversy, pages 670, 671, adapted។

សូមអាននូវខទាំងនេះដែលបានពិពណ៌នាអំពីបឹងភ្លើង និងការស្លាប់ជាលើកទី២៖ ម៉ាឡាគី ៤៖១; វិវរណៈ ២០៖១៤, ១៥ និងវិវរណៈ ២១៖៨។ តើខទាំងនេះបានបង្រៀនយើងអ្វីខ្លះ?

--------------------------------------------------------

នៅទីបំផុត សាតាំង ពួកទេវតារបស់វា និងពួកមនុស្សអាក្រក់ទាំងអស់​ដែលរស់នៅលើផែនដី នេះនឹងត្រូវបំផ្លាញចេញ។ បន្ទាប់មក ផ្ទៃមេឃ និងផែនដីនឹងបានស្អាតចេញពីអំពើបាប។ ការដាក់ទោសរបស់ព្រះចំពោះសេចក្តីអាក្រក់ នឹងបង្ហាញអំពីសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះរាស្ត្រដ៏បរិសុទ្ធរបស់ទ្រង់ ហើយនិងពួកមនុស្សអាក្រក់ផងដែរ។ ពួកមនុស្សអាក្រក់នឹងជ្រើសយកសេចក្តីស្លាប់ ដើម្បីកុំអោយពួកគេនៅជិតនឹងព្រះដ៏បរិសុទ្ធ។ «ដ្បិត​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​ជា​ភ្លើង​ដែល​ឆេះ​បន្សុស» (ហេព្រើរ ១២៖២៩)។

«ពួកអ្នកបាត់បង់នឹងចង់រត់ចេញពីកន្លែងដ៏បរិសុទ្ធនោះ។ ពួកគេនឹងស្វាគមន៍សេចក្តីស្លាប់ ដើម្បី អោយពួកគេអាចលាក់ខ្លួនចេញពីព្រះភ័ក្ត្ររបស់ព្រះយេស៊ូវ ដែលបានសុគត ដើម្បីសង្គ្រោះពួកគេ។ ពួកគេនឹងជ្រើសរើសអនាគតរបស់ពួកគេ ទៅតាមជម្រើសដែលពួកគេបានធ្វើរៀងៗខ្លួន។ ពួកគេមិនអាចចូល ទៅក្នុងនគរស្ថានសួគ៌បានឡើយ។ ការដាក់ទោសនេះចេញមកពីជម្រើសផ្ទាល់របស់ពួកគេ។ ព្រះបានបង្ហាញសេចក្តីមេត្តារបស់ទ្រង់ដោយការប្រទាននូវអ្វីដែលពួកគេចង់បាន»។ ដកស្រង់ពី Ellen G. White, The Great Controversy, page 543, adapted។

ទីបញ្ចប់នៃអំពើបាប និងពួកបាបជនបានបង្ហាញយើងថា ការដាក់ទោសរបស់ព្រះគឺយុត្តិធម៌ជាទីបំផុត។ យើងក៏បានដឹងផងដែរថា អំពើបាបមានដើមកំណើតរបស់វា។ ដូច្នេះ អំពើបាបនេះក៏ត្រូវតែមានទីបញ្ចប់ផងដែរ។ នៅពេលនោះ ព្រះនឹងបង្កើតផ្ទៃមេឃ និងផែនដីអោយថ្មី និងល្អឥតខ្ចោះម្តងទៀត។ ផ្ទៃមេឃ និងផែនដីថ្មីនេះរួចចេញពីអំពើបាប និងសេចក្តីអាក្រក់ជារៀងរហូត។ បន្ទាប់មក​ សកលលោកទាំងមូលនឹងត្រឡប់ទៅជាល្អឥតខ្ចោះវិញ មុនពេលដែលអំពើបាប សេចក្តីអាក្រក់​ និងការមិនដែលគោរពតាមនោះបានកើតឡើងដោយអាថ៌កំបាំងមិនអាចបកស្រាយបាន។

សូមសរសើរតម្កើងព្រះ ដែលទ្រង់គឺជាចៅក្រមដ៏បរិសុទ្ធ និងយុត្តិធម៌របស់យើង (ធីម៉ូថេទី ២ ៤៖៨)។ ព្រះនឹងធ្វើការសម្រេចព្រះទ័យដ៏យុត្តិធម៌ជាទីបំផុត ដើម្បីប្រទានជីវិតអស់កល្បដល់ពួកកូនៗរបស់ទ្រង់ ព្រមទាំងពួកមនុស្សស្លាប់បង់ផងដែរ។

ថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២

សិក្សាបន្ថែម

សូមអាន Ellen G. White, “Without a Wedding Garment,” pages 307-319, in Christ’s Object Lessons; “Desolation of the Earth,” pages 653-661; “The Controversy Ended,” pages 662-673, in The Great Controversy។

«ព្រះនឹងធ្វើកិច្ចការចុងក្រោយរបស់ទ្រង់ជាចៅក្រម។ នៅពេលនោះ មនុស្សបាត់បង់គ្រប់គ្នានឹងបានយល់របៀបដែលគេបានបដិសេធសេចក្តីពិតនៃព្រះគម្ពីរ។ ព្រះនឹងបង្ហាញនូវការបើកសំដែងមួយដល់ពួកបាបជនដែលបានបាត់បង់។ មនុស្សគ្រប់គ្នានឹងបានឃើញអំពីសារៈសំខាន់នៃឈើឆ្កាង។ អ្នកដែលមានគំនិតត្រូវបានគ្រប់គ្រងដោយអំពើបាបនោះ ក៏បានឃើញសេចក្តីពិតខាងឯវិញ្ញាណនេះផងដែរ។ ខណៈដែលពួកគេកំពុងតែសម្លឹងទៅឯការបើកសំដែងរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងនោះ ពួកគេនឹងបានដឹងថា ពួកគេមានកំហុសពិតមែន។ ពួកគេនឹងដឹងថា លេសទាំងអស់ដែលពួកគេបានបង្កើតឡើង ដើម្បីបដិសេធព្រះយេស៊ូវនោះ គឺជាការកុហកទទេ។​ពួកគេនឹងដឹងថា អំពើបាប និងសេចក្តីអាក្រក់គឺជាទីស្អប់ខ្ពើមបំផុត។ មនុស្សនឹងមើលឃើញជម្រើសអាក្រក់ៗទាំងអម្បាលម៉ានដែលពួកគេបានធ្វើ។ ពួកអ្នកមិនបានសង្គ្រោះនឹងបានយល់ទាំងស្រុង អំពីសេចក្តីល្អ និងសេចក្តីអាក្រក់នៅក្នុងសង្គ្រាមពិភពលោករវាងព្រះ និងសាតាំង។ គ្រប់គ្នានឹងដឹងថា ព្រះពិតជាយុត្តិធម៌មែន។ ហើយព្រះក៏គ្មានកំហុសអ្វីនៅក្នុងរឿងនេះដែរ។ ព្រះមិនបានបង្កើតសេចក្តីអាក្រក់នោះឡើយ។ ព្រះនឹងបង្ហាញថា ការសម្រេចព្រះទ័យរបស់ទ្រង់ពិតជាស្អាតស្អំមែន។ ការសម្រេចព្រះទ័យរបស់ទ្រង់មិនបានធ្វើអោយអំពើបាបកើតឡើងនោះទេ។ ការគ្រប់គ្រងរបស់ទ្រង់ក៏គ្មានបញ្ហាអ្វីដែរ។ សាតាំងគ្មានហេតុផលអ្វី ដើម្បីនឹងច្បាំងទាស់នឹងព្រះនោះឡើយ។ នៅក្នុងកិច្ចការចុងក្រោយរបស់ទ្រង់ជាចៅក្រមនោះ ព្រះនឹងបង្ហាញយើងអំពីគោលគំនិត និងអារម្មណ៍ទាំងប៉ុន្មាន ដែលមាននៅក្នុងចិត្តរបស់មនុស្ស។ នៅពេលនោះ មនុស្សគ្រប់គ្នា ទាំងអ្នកដែលបានសង្គ្រោះ និងអ្នកមិនបានសង្គ្រោះ នឹងប្រកាសថា៖ ‘ឱ​ព្រះអម្ចាស់ជា​ព្រះ​ដ៏​មាន​ព្រះចេស្តា​បំផុត​អើយ ការ​ទ្រង់​សុទ្ធ​តែ​ធំ ហើយ​អស្ចារ្យ ឱ​ស្តេច​នៃ​សាសន៍​អើយ ផ្លូវ​ទ្រង់​សុទ្ធ​តែ​សុចរិត ហើយ​ពិត​ត្រង់’ (វិវរណៈ ១៥៖៣)»។ ដក ស្រង់ពី Ellen G. White, The Desire of Ages, page 58, adapted។

សំនួរពិភាក្សា៖
  1. «ប្រសិនបើលោកអ្នកបដិសេធមិនព្រមថ្វាយខ្លួនដល់ព្រះទាំងស្រុងនោះទេ លោកអ្នកប្រាកដជារើសយកសេចក្តីស្លាប់ហើយ។ ព្រះគឺដូចជាភ្លើងបន្សុស។ ទ្រង់នឹងបន្សុសអំពើបាបចេញ។ ប្រសិនបើយើងរើសយកអំពើបាប ដោយមិនព្រមញែកខ្លួនយើងចេញពីវានោះ ព្រះនឹងបំផ្លាញយើងជាមិនខាន» ដកស្រង់ ពី Ellen G. White, Thoughts From the Mount of Blessing, page 62, adapted។ តើសម្រង់មតិនេះបានជួយអោយយល់អំពីកិច្ចការចុងក្រោយរបស់ព្រះជាចៅក្រមនោះដោយរបៀបណា?

  2. ១០០០ឆ្នាំ បន្ទាប់ពីការយាងមកលើកទី២នោះ ព្រះនឹងប្រោសមនុស្សមិនបានសង្គ្រោះអោយរស់ពីស្លាប់ឡើងវិញ។ មុនពេលនេះមកដល់ រាស្ត្រសំណល់របស់ព្រះនឹងជួយទ្រង់ជំនុំជម្រះអ្នកមិនបានសង្គ្រោះ នៅក្នុងរយៈពេល១០០០ឆ្នាំនេះ។ គ្មានអ្នកណាម្នាក់ត្រូវទទួលទោសនៅក្នុង១០០០ឆ្នាំនេះឡើយ ទាល់តែគ្រប់គ្នាបានឃើញសេចក្តីយុត្តិធម៌របស់ព្រះជាមុនសិន។ តើសេចក្តីពិតនេះបានជួយអោយយើងឃើញ អំពីសេចក្តីស្រឡាញ់របស់ព្រះ និងកិច្ចការរបស់ទ្រង់ជាចៅក្រមនោះដោយរបៀបណាដែរ?

រឿងខ្លី

សុបិនដ៏អស្ចារ្យ២យ៉ាងនៅក្នុងប្រទេសអង់ហ្គោឡា

Jeans

រាល់ពេលដែលលោកវីលៀម ហ្វ្រេដឺរីខូ ជូអៅ ឡាំបូ (William Fredoeric Joao Lumbo) ធ្វើដំណើរទៅឯព្រះវិហារនោះ គាត់ហាក់ដូចជាបានឮអ្នកអធិប្បាយម្នាក់ កំពុងនិយាយនូវពាក្យដដែលៗ អ៊ីចឹង។ អ្នកអធិប្បាយមាឌធំម្នាក់បានឈរនៅខាងក្រោយវេទិកានៃព្រះវិហាររបស់គាត់នៅក្នុងប្រទេសអង់ហ្គោឡា។ គាត់បានលើកដៃរបស់វាឡើង រួចឧទានឡើងថា «អ្នកណាដែលរស់ដោយមិនបម្រើព្រះនោះ អ្នកនោះមិនសមនឹងរស់ឡើយ»។ សម្តីរបស់​គ្រូ​អធិប្បាយម្នាក់នេះ​បាន​ធ្វើ​អោយបុរសវ័យក្មេងម្នាក់ នេះចាប់អារម្មណ៍ជាខ្លាំង។ ប៉ុន្តែ ពិភពលោកនៅខាងក្រៅព្រះវិហារក៏បានធ្វើអោយគាត់ចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ ម្ល៉ោះហើយ គាត់បានសម្រេចចិត្តថា គាត់ទៅរាំល្អជាងទៅឯព្រះវិហារ។ នៅពេលដែល គាត់មានអាយុ១៤ឆ្នាំ គាត់បានបង្កើតក្រុមរាំមួយក្រុម ដើម្បីសម្តែងនៅក្នុងពិធីជប់លៀង និងនៅក្នុងកម្មវិធី សាលាដែលស្ថិតនៅក្នុងទីក្រុងលូអាន់ដា (Luanda) នៃប្រទេសអង់ហ្គោឡា។ ទោះបីជាគាត់សប្បាយជាមួយនឹងការរាំរែករបស់គាត់យ៉ាងណាក៏ដោយ ក៏គាត់នៅតែមានអារម្មណ៍ថា គាត់ខ្វះអ្វីម៉្យាងដដែល។ គាត់នៅតែមានអារម្មណ៍មិនស្កប់ចិត្តដដែល បន្ទាប់មក គាត់បាននឹកចាំសម្តីរបស់អ្នកអធិប្បាយម្នាក់នោះដែលថា «អ្នកណាដែលរស់ដោយមិនបម្រើព្រះនោះ អ្នកនោះមិនសមនឹងរស់ឡើយ»។

ភាពសប្បាយរីករាយពីការរាំរែកបានរលាយអស់ទៅ នៅពេលនោះ លោកវីលៀមបានចាប់ផ្តើមជក់បារី និងផឹកស្រាវិញម្តង។ ប៉ុន្តែ គាត់មានអារម្មណ៍ថា មិនស្កប់ចិត្តទាល់់តែសោះ។ ថ្ងៃមួយ គាត់បានអធិស្ឋានទាំងអស់សង្ឃឹមថា «ឱព្រះអម្ចាស់អើយ ទូលបង្គំមិនបានរស់ ដើម្បីបម្រើទ្រង់ទាល់តែសោះ ហើយ​ទូលបង្គំក៏មិននឹងរស់នោះដែរ សូមទ្រង់ជួយដល់ទូលបង្គំផង»។ មួយស្របក់ខ្លី បន្ទាប់ពីអធិស្ឋានរួចមក មិត្តភក្តិម្នាក់បានអោយយូអេសប៊ី (flash drive) មួយដល់លោកវីលៀម ដែលនៅក្នុងនោះមានសេចក្តី អធិប្បាយមួយ។ លោកវីលៀមចង់បានយូអេសប៊ីនោះ ដោយសារតែមិត្តភក្តិម្នាក់នេះបានរក្សាទុកវីដេអូរាំរបស់គាត់។ សេចក្តីអធិប្បាយនៅក្នុងយូអេសប៊ីនោះបានប៉ះពាល់ចិត្តលោកវីលៀមជាខ្លាំង។ គាត់បាន លុតជង្គង់ចុះ សូមអោយព្រះអត់ឱនទោសដល់គាត់។ គាត់បានសម្រេចចិត្តចូលព្រះវិហារវិញ។ ព្រះវិហារទាំងអស់នៅក្នុងប្រទេសអង់ហ្គោឡាត្រូវបានបិទ ដោយសារតែកូវីដ១៩ ដូច្នេះហើយ លោកវីលៀមបាន ថ្វាយបង្គំនៅក្នុងព្រះវិហារនៅតាមផ្ទះវិញ។ រឿងដ៏ភ្ញាក់ផ្អើលមួយបានរង់ចាំលោកវីលៀម។ លោកហ្វីលីព (Filipe) ដែលជាមេដឹកនាំនៃព្រះវិហារនៅតាមផ្ទះបានយល់សប្តិឃើញលោកវីលៀម២ដង ទាំង២យប់ផ្តួនៗគ្នា។ នៅក្នុងសុបិនទី១ លោកហ្វីលីពបានឈរនៅជិតដើមឈើដ៏ធំមួយ ហើយនៅក្នុងដៃរបស់គាត់មានមែកឈើតូចមួយ។ គាត់​មានអារម្មណ៍ថា គាត់ត្រូវ​ការ​តភ្ជាប់​មែកឈើនោះទៅ​នឹង​ដើមដ៏ធំរបស់វាវិញ ដើម្បី​អោយមែកឈើនោះ​អាច​ដុះ​ឡើង​វិញ​បាន។ នៅក្នុងសុបិនទី២ លោកហ្វីលីពបានឈរនៅក្បែរមាត់ទន្លេដ៏ធំមួយ។ ហើយមានទន្លេតូចមួយបានហូរនៅក្បែរទន្លេធំនោះ ទោះជាយ៉ាងនេះក្តី លោកហ្វីលីពនៅតែមានអារម្មណ៍ថា គាត់ត្រូវតែធ្វើអ្វីគ្រប់យ៉ាងដើម្បីភ្ជាប់ទន្លេតូចនេះទៅនឹងទន្លេធំវិញអោយបាន។

លោកហ្វីលីពបានប្រាប់លោកវីលៀមថា «អ្នកគឺជាមែកឈើតូចដែលត្រូវការភ្ជាប់ទៅនឹងដើមដ៏ធំរបស់វាវិញ ដ្បិតដើមដ៏ធំនោះគឺជាព្រះយេស៊ូវដែលជាដើមជីវិតនេះឯង។ អ្នកគឺជាទន្លេតូច ហើយព្រះយេស៊ូវគឺជាទន្លេធំ ដូច្នេះ អ្នកត្រូវតែនៅជាប់នឹងព្រះយេស៊ូវដែលជាទន្លេនៃជីវិតវិញ»។ លោកវីលៀម សឹងតែមិនជឿនូវអ្វីដែលគាត់បានឮនេះ។ គាត់បានសួរលោកហ្វីលីពថា «ព្រះយេស៊ូវចង់អោយខ្ញុំនៅជាប់ជាមួយនឹងទ្រង់វិញមែនទេលោកគ្រូ?»។

នៅពេលដែលលោកវីលៀមថ្វាយបង្គំនៅឯព្រះវិហារនៅតាមផ្ទះនោះ ភាពមិនស្កប់នៅក្នុងចិត្តរបស់គាត់ត្រូវបានបំពេញដោយសេចក្តីសុខសាន្ត និងសេចក្តីអំណរវិញ។ គាត់បានសម្រេចចិត្តនៅជាប់ ជាមួយនឹងព្រះយេស៊ូវតែមួយគត់។ សព្វថ្ងៃគ្មានរបស់អ្វីដែលអាចធ្វើអោយគាត់សប្បាយចិត្តជាងការនៅជាប់ជាមួយនឹងព្រះយេសូវនោះឡើយ។ គាត់បានសម្រេចចិត្តរស់ដើម្បីបម្រើព្រះវិញ។

អំណានដង្វាយប្រចាំសប្តាហ៍

ចូរអបអរសាទរដល់ព្រះអង្គដែលប្រសូតមកចុះ

យើងបានថ្វាយបង្គំព្រះជាមួយនឹងធនធានដែលយើងមាន ដោយសារតែព្រះរាជបុត្រាយេស៊ូវបានប្រសូតនៅលើផែនដីនេះ។ ការចាប់អារម្មណ៍ទៅលើពួកព្រះរាជបុត្រានៃស្តេចបានបន្តនៅគ្រប់សម័យកាលទាំងអស់។ ការទទ្ទឹងរង់ចាំព្រះរាជបុត្រា «អាគារ (Archie)» ប្រសូតមកក្នុងរាជវង្សម៉ោន បាត់ថេន វីនសូរ (Mountbatten-Windsor) នៅក្នុងឆ្នាំ២០១៩នោះ បានធ្វើអោយមនុស្សរាប់លានចាប់អារម្មណ៍ជាខ្លាំង។ ការប្រសូតនៃព្រះរាជបុត្រារបស់ស្តេចតែងតែធ្វើអោយមានការភ្ញាក់ផ្អើលនៅ ក្នុងបណ្តាញផ្សព្វផ្សាយសង្គមជានិច្ច​ ហើយមនុស្សក៏តែងតែចាប់អារម្មណ៍ទៅលើព័ត៌មានលម្អិតនៃការ ប្រសូតនេះ ដោយការចង់ដឹងចង់ឮ ជាមួយនឹងការអបអរសាទរផងដែរ។ ទន្ទឹមគ្នានេះ ដោយបានឃើញ ផ្កាយរបស់ព្រះ ពួកអង្គប្រាជ្ញខាងឯតារាវិទ្យា (Magi) បានលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីនឹងធ្វើដំណើរផ្សងព្រេងមួយចេញពីព្រំប្រទល់នៃទឹកដីរបស់ពួកគេ ទាំងនឿយហត់ និងចំណាយពេលអស់រយៈពេលជាយូរថ្ងៃ។ នៅពេលដែលពួកគេទៅដល់ភូមិបេថ្លេហិមនោះ ពួកគេបានរកឃើញគោលបំណងនៃការធ្វើដំណើររបស់ពួកគេ ដោយថា៖​ ពួកយើងធ្វើដំណើរមកទីនេះ ដើម្បីនឹងថ្វាយបង្គំដល់ព្រះអង្គដែលប្រសូតមកធ្វើជាស្តេចសាសន៍យូដានេះឯង។ ការពិពណ៌នាដែលយើងទទួលបានពីសកម្មភាពនៃការថ្វាយបង្គំនេះបានធ្វើអោយយើងចាប់អារម្មណ៍ជាខ្លាំង។

តើលោកអ្នកចេះបទចម្រៀងណូអែលណាមួយ ដែលពួកអ្នកប្រាជ្ញបានច្រៀងថ្វាយដល់ព្រះយេស៊ូវដែរឬទេ? តើលោកអ្នកបានដឹងអំពីសេចក្តីអធិស្ឋាន ដែលពួកគេបានអធិស្ឋានដល់ព្រះអង្គដែលប្រសូតមកនោះដែរឬទេ? តើលោកអ្នកអាចចាំអំពីពាក្យសម្តីដែលលោកយ៉ូសែប និងនាងម៉ារីបាននិយាយជាមួយនឹងពួកគេដែរឬទេ? តើលោកអ្នកចាំអំពីវត្ថុអនុស្សាវរីយ៍ ដែលពួកគេបានយកទៅស្រុករបស់ពួកគេវិញដែរឬទេ? យើងមិនបានឃើញព័ត៌មានទាំងនេះនៅក្នុងកណ្គគម្ពីរនៃដំណឹងល្អនោះឡើយ។​ ចំណុចមិនបានបង្ហាញទាំងនេះគួរអោយភ្ញាក់ផ្អើល ហើយក៏អាចជាចំណុចសំខាន់ផងដែរ។ កន្លែងដែលត្រូវគួរអោយចាប់អារម្មណ៍នោះ គឺនៅត្រង់ចំណុចផ្សេងមួយទៀតដែលថា ពួកគេ «ក៏​ចូល​ទៅ​ក្នុង​ផ្ទះ ឃើញ​បុត្រ​តូច នៅ​ជា​មួយ​នឹង​ម៉ារា ជា​មាតា រួច​ក៏​ក្រាប​ថ្វាយ​បង្គំ ព្រម​ទាំង​បើក​យក​ទ្រព្យ​ដ៏​វិសេស​របស់​ខ្លួន ថ្វាយ​តង្វាយ​ជា​មាស ជា​កំញាន ជា​ជ័រ​ល្វីងទេស ដល់​បុត្រ​នោះ» វិញ (ម៉ាថាយ ២៖១១)។ ពួកគេបានគោរពថ្វាយបង្គំដល់ព្រះរាជបុត្រានៃព្រះ ដោយការថ្វាយអំណោយដល់ទ្រង់វិញ។

ការអបអរសាទរចំពោះកំណើតរបស់ព្រះយេស៊ូវនេះ នៅតែជាព្រឹត្តការណ៍ដ៏សំខាន់មួយនៅក្នុងប្រទេសជាច្រើនដដែល។​ ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរ។​ យើងនៅតែអនុវត្តនូវការស្តាប់ចម្រៀងណូអែល ការរីករាយជាមួយនឹងអាហារតាមរដូវកាលដែលយើងចូលចិត្ត ការអោយពរដល់ខ្លួ​នយើង និងអ្នកជាទីស្រឡាញ់ របស់យើងជាមួយអំណោយ រួមទាំងការចូលរួមនៅក្នុងកម្មវិធីនៃថ្ងៃបុណ្យណូអែលផងដែរ។ សប្តាហ៍នេះ ខណៈដែលយើងថ្វាយបង្គំព្រះជាមួយនឹងតង្វាយ១០ហូត១ និងតង្វាយទៀងទាត់របស់យើង តាមសេចក្តីសន្យានោះ ចូរអោយយើងនឹកចាំអំពីរបៀបដែលពួកអ្នកប្រាជ្ញបានថ្វាយបង្គំដល់ព្រះរាជបុត្រានៃព្រះដោយការថ្វាយធនធានរបស់ពួកគេនោះចុះ។​

សេចក្តីអំពាវនាវ៖
«តើ​ព្រះអង្គ​ដែល​ប្រសូត​មក ធ្វើ​ជា​ស្តេច​សាសន៍​យូដា ទ្រង់​គង់​នៅ​ឯ​ណា ពី​ព្រោះ​យើង​បាន​ឃើញ​ផ្កាយ​របស់​ទ្រង់ ពី​ទិស​ខាង​កើត​មក ហើយ​យើង​មក​ថ្វាយ​បង្គំ​ទ្រង់» (ម៉ាថាយ ២៖២)។

សេចក្តីអធិដ្ឋាន៖
ឱព្រះអម្ចាស់អើយ ខណៈដែលទូលបង្គំពិភាក្សា ច្រៀង ​និងឆ្លុះបញ្ចាំងអំពីការប្រសូតរបស់ព្រះយេស៊ូវនេះ សូមជួយអោយទូលបង្គំលះបង់ពេលវេលា និងកម្លាំងក្នុងការស្វែងរកទ្រង់ និងក្នុងការប្រើធនធានដែលទូលបង្គំមាននេះ ដើម្បីនឹងលើកតម្កើងទ្រង់ជាស្តេចផងចុះ។ ​

Powered by CAM