សូមអានខគម្ពីរវិវរណៈ ២២៖៣-៥ ដែលបានសំដែងថា ព្រះនឹងចារព្រះនាមទ្រង់នៅក្នុងគំនិតនៃរាស្ត្ររបស់ទ្រង់។ សេចក្តីសន្យានេះបានបង្ហាញថា ព្រះនឹងដាក់បញ្ញត្តិ និងសេចក្តីស្រឡាញ់របស់ទ្រង់នៅក្នុងចិត្តនៃរាស្ត្ររបស់ទ្រង់ ហើយទ្រង់ក៏ប្រទានជីវិតថ្មីមួយដល់ពួកគេផងដែរ។ តើយើងអាចដឹងប្រាកដថា យើងនឹងក្លាយទៅជាផ្នែកមួយនៃក្រុមនេះដោយរបៀបណា?
បន្ទាប់ពីលុយស៊ីហ្វ័របានប្រឆាំងនឹងព្រះរួចមក លោកអ័ដាម និងនាងអេវ៉ាក៏បានធ្វើបាបបន្តមកទៀតផងដែរ។ ព្រះអាចនឹងបំផ្លាញឪពុកម្តាយដើមរបស់យើងនៅពេលនោះបាន។ ប៉ុន្តែ ព្រះបានបង្ហាញមនុស្សជាតិថា សេចក្តីស្រឡាញ់របស់ទ្រង់ចំពោះគេគ្មានថ្ងៃសាបសូន្យឡើយ។ ព្រះបានរៀបចំផែនការនៃសេចក្តីមេត្តា ដើម្បីសង្គ្រោះអ្នកណា ដែលបានទទួលយកអំណោយទាននៃសេចក្តីសង្គ្រោះ ដែលទ្រង់បាន ប្រទានអោយនេះ។ ព្រះបានរៀបចំផែនការនេះ មុនពេលដែលទ្រង់បង្កើតផែនដីនេះទៅទៀត (អេភេសូរ ១៖៣-៥; ធីម៉ូថេទី២ ១៖៩; ទីតុស ១៖២; វិវរណៈ ១៣៖៨)។ ជាដំបូង ព្រះបានបង្ហាញផែនការនេះដល់លោកអ័ដាម និងនាងអេវ៉ានៅក្នុងសួនច្បារភ្លាមៗ បន្ទាប់ពីពួកគេធ្វើបាប។ ក្រោយមក ព្រះបានបង្គាប់អោយលោកម៉ូសេសង់រោងឧបោសថមួយសម្រាប់អោយរាស្ត្ររបស់ទ្រង់ថ្វាយបង្គំទ្រង់។ ផែនការទាំងអស់នេះបានបង្ហាញអំពីផែនការសង្គ្រោះរបស់ព្រះ តាមរយៈតង្វាយសត្វ និងតង្វាយផ្សេងៗទៀត។ ជីវិតនៃ ការសុគត និងការរស់ពីស្លាប់ឡើងវិញរបស់ព្រះយេស៊ូវ ក៏បានបង្ហាញអំពីផែនការនេះផងដែរ (សូមអាន បទគម្ពីររ៉ូម ៥)។ ព្រះយេស៊ូវបានបង្ហាញយើងអំពីផែនការរបស់ព្រះក្នុងការសង្គ្រោះយើង។ ព្រះយេស៊ូវបានបង្ហាញការនេះដល់យើងលើសជាងអ្នកណាទៀត ឬរបស់អ្វីផ្សេងទៀតទាំងអស់។
សេចក្តីសន្យានៃជីវិតអស់កល្បគឺជាផ្នែកដ៏សំខាន់មួយនៃផែនការសង្គ្រោះរបស់ព្រះ។ ព្រះបានប្រទានអំណោយទាននេះដល់យើង ដោយសារតែអ្វីៗគ្រប់យ៉ាង ដែលព្រះយេស៊ូវសម្រាប់យើងនៅលើឈើឆ្កាងនោះ ។ អ្នកណាដែលទទួលយកជីវិតរបស់ព្រះយេស៊ូវតាមរយៈសេចក្តីជំនឿនោះនឹងទទួលបានអំណោយទាននៃជីវិតអស់កល្ប។ មុនពេលដែលព្រះយេស៊ូវសុគតនៅលើឈើឆ្កាងនោះ ព្រះបានសង្គ្រោះរាស្ត្ររបស់ទ្រង់ តាមរយៈសេចក្តីជំនឿរបស់ពួកគេទៅលើសេចក្តីមេត្តារបស់ទ្រង់។ បន្ទាប់ពីព្រះយេស៊ូវសុគតនៅលើឈើឆ្កាងរួច ព្រះបានសង្គ្រោះយើង តាមរយៈសេចក្តីមេត្តា ព្រមទាំងសេចក្តីជំនឿរបស់យើងទៅលើសេចក្តីមេត្តានោះផងដែរ។ ទន្ទឹមគ្នានេះ យើងក៏ត្រូវតែដឹងដែរថា ទង្វើល្អរបស់យើងក៏សំខាន់ណាស់ដែរ ពីព្រោះទង្វើនេះបានបង្ហាញថា យើងបានសង្គ្រោះហើយ។
លោកប៉ុលបានសរសេរអំពីលោកអ័ប្រាហាំ។ លោកអ័ប្រាហាំបានរស់នៅជាយូរណាស់មកហើយ មុនពេលដែលព្រះយេស៊ូវយាងមកកាន់ផែនដីនេះ។ លោកអ័ប្រាហាំគឺជាគំរូមួយបង្ហាញថា ព្រះបានសង្គ្រោះយើង តាមរយៈសេចក្តីមេត្តារបស់ទ្រង់៖ «ដ្បិតបើសិនណាជាលោកអ័ប្រាហាំបានរាប់ជាសុចរិត ដោយការដែលលោកប្រព្រឹត្ត នោះលោកមានកន្លែងនឹងអួតខ្លួនហើយ តែមិនមែនចំពោះព្រះទេ តើគម្ពីរថាដូចម្តេច គម្ពីរថា ‘អ័ប្រាហាំបានជឿដល់ព្រះ ហើយសេចក្តីជំនឿនោះបានរាប់ជាសេចក្តីសុចរិត ដល់លោក’» (រ៉ូម ៤៖២,៣)។ តើខទាំងនេះបានជួយបកស្រាយអំពីអត្ថន័យនៃការដែលបានសង្គ្រោះ តាមរយៈសេចក្តីមេត្តារបស់ព្រះនេះយ៉ាងដូចម្តេចដែរ?
ថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២
សិក្សាបន្ថែម
សូមអាន Ellen G. White, “The Controversy Ended,” pages 674-678, in The Great Controversy; “The Earth Made New,” pages 133-145; “Heaven Is a School,” pages 146-158; “It Will Not Be Long,” pages 159-166; “Heaven Can Begin Now,” pages 167-176; “The Music of Heaven,” pages 177-184; “A Call for Us to Be There,” pages 185-192, in Heaven។
«រាស្ត្រសំណល់របស់ព្រះនៅស្ថានសួគ៌ នឹងសិក្សាអំពីឈើឆ្កាងជារៀងរហូត។ ពួកគេក៏ច្រៀងអំពីសេចក្តីនេះផងដែរ។ ជាមួយនឹងសិរីល្អនៃព្រះគ្រីស្ទដែលមាននៅក្នុងពួកគេនោះ រាស្ត្ររបស់ព្រះនឹងបានឃើញព្រះអង្គសង្គ្រោះ ដែលបានសុគតនៅលើឈើឆ្កាងជំនួសពួកគេ។ រាស្ត្ររបស់ព្រះនឹងមិនភ្លេចថា អំណាចរបស់ទ្រង់បានបង្កើតភពទាំងអស់នោះឡើយ។ គ្មានអ្នកណាម្នាក់អាចរាប់ភពដែលព្រះយេស៊ូវ បានបង្កើតនោះបានឡើយ។ ដ្បិតមានភពជាច្រើនរាប់មិនអស់។ ព្រះស្រឡាញ់ព្រះរាជបុត្រាទ្រង់លើសជាងអ្វីៗទាំងអស់។ ព្រះយេស៊ូវគឺជាស្តេចនៃស្ថានសួគ៌។ ពួកទេវតាស្លាប៤ និងពួកទេវតាស្លាប៦បានថ្វាយបង្គំទ្រង់ដោយក្តីគោរពស្រឡាញ់។ ព្រះអម្ចាស់យេស៊ូវដដែលនេះហើយ ដែលបានលះបង់សិរីល្អទាំងអស់របស់ទ្រង់ ដើម្បីសង្គ្រោះពួកបាបជន។ ទ្រង់បានទទួលយកកំហុស និងសេចក្តីអាម៉ាស់របស់យើង។ ទ្រង់បានរងទុក្ខនៅលើឈើឆ្កាង ខណៈដែលព្រះវរបិតាបានបែរព្រះភ័ក្ត្រចេញពីទ្រង់ទៅ។ ព្រះយេស៊ូវបានរងនូវការទាំងនេះ ដោយសារតែការឈឺចាប់នៃផែនដីខូចបង់របស់យើងនេះបានធ្វើអោយព្រះទ័យរបស់ទ្រង់ខ្ទេចខ្ទាំ។ ការឈឺចាប់របស់យើងបានបញ្ចប់ជីវិតរបស់ទ្រង់នៅលើឈើឆ្កាង។ ព្រះយេស៊ូវបានបង្កើតភពទាំងអស់ដោយផ្ទាល់។ ព្រះយេស៊ូវអង្គទ្រង់ផ្ទាល់បានកំណត់នូវអ្វីដែលត្រូវកើតឡើងចំពោះមនុស្សគ្រប់គ្នា។ ព្រះយេស៊ូវនេះហើយ ដែលបានលះបង់នូវកិត្តិយស និងសិរីល្អរបស់ទ្រង់ចេញ។ ទ្រង់បានរងនូវការស្លាប់ដោយវេទនាជាទីបំផុត។ ទ្រង់បានធ្វើការទាំងអស់នេះ ដោយសារតែទ្រង់ស្រឡាញ់ មនុស្សលោកខ្លាំងណាស់។ សេចក្តីស្រឡាញ់របស់ព្រះនឹងបំពេញចិត្តមនុស្សគ្រប់គ្នា នៅស្ថានសួគ៌ និងនៅផែនដីដោយការអស្ចារ្យ និងការសរសើរតម្កើង»។ ដកស្រង់ពី Ellen G. White, The Great Controversy, page 651, adapted។
«សង្គ្រាមពិភពលោករវាងព្រះ និងសាតាំងបានបញ្ចប់ទៅហើយ។ អំពើបាប និងពួកបាបជនក៏លែងមានតទៅទៀតដែរ។ ស្ថានសួគ៌ និងផែនដីបានស្អាតឡើងវិញ។ អ្វីៗគ្រប់យ៉ាងដែលព្រះបានបង្កើត នោះមានពេញទៅដោយសេចក្តីសុខសាន្តវិញ។ ជីវិត ពន្លឺ និងសេចក្តីអំណររបស់ព្រះបានហូរសាយភាយចេញពីទ្រង់ទៅកាន់របស់គ្រប់យ៉ាងដែលទ្រង់បានបង្កើតនោះ។ អ្វីៗទាំងអស់ដែលនៅក្នុងសិរីលំអរ និងសេចក្តីអំណរដ៏ល្អឥតខ្ចោះរបស់ពួកវា ចាប់ពីផ្នែកតូចៗបំផុតនៃកោសិការហូតដល់ភពធំជាងគេបំផុត នោះបានប្រកាសថា ព្រះគឺជាសេចក្តីស្រឡាញ់»។ ដកស្រង់ពី Ellen G. White, The Great Contro-versy, page 678, adapted។
សំនួរពិភាក្សា៖
- គ្រីស្ទានសម័យថ្មីជាច្រើននាក់បានរស់នៅ ហាក់ដូចជាផែនដីនេះនឹងបន្តជារៀងរហូតអ៊ីចឹង (លូកា ១២៖១៦-២១)។ តើយើងអាចរស់នៅលើផែនដីនេះ ដោយមិនមែនជាផ្នែកមួយនៃលោកីយ៍នៅជុំវិញខ្លួនយើងនោះយ៉ាងដូចម្តេចទៅបាន? តើយើងអាចការពារខ្លួនយើងចេញពីអ្វីដែលព្រះបានហាមយើងនៅក្នុងបទគម្ពីរលូកាជំពូក១២នេះដោយរបៀបណា?
- ប្រសិនបើស្ថានសួគ៌ចាប់ផ្តើមពីពេលនេះតទៅនោះ តើយើងអាចប្រើផ្ទះ និងជីវិតផ្ទាល់ខ្លួនរបស់យើង ដើម្បីបង្ហាញអំពីក្បួនច្បាប់នៃស្ថានសួគ៌នោះដោយរបៀបណាដែរ?
រឿងខ្លី
ទៀមលក់ទឹកផ្លែឈើដ៏មានឥទ្ធិពលមួយនៅក្នុងប្រទេសហ្វីជី
ឆ្នេរសមុទ្រវ៉ៃឡាវឡាវ ប៊ីជ (Wailoaloa Beach) គឺជាកន្លែងទេសចរណ៍ដ៏ល្បីឈ្មោះមួយ នៅក្នុងទីក្រុងណេឌី (Nadi) នៃប្រទេសហ្វីជី ដែលមានផ្ទះសំណាក់ និងភោជនីយដ្ឋានតម្លៃសមរម្យ ជាពិសេសនោះ មានទាំងទៀម និងកន្លែងកំសាន្តនាពេលរាត្រីទៀតផង។ ប៉ុន្តែ នៅពេលដែលជំងឺកូវីដ១៩ បានរាតត្បាតនោះ ទៀមកាហ្វេតូចៗ កន្លែងលក់អាហារស្រាប់ និងភោជនីយដ្ឋានជាច្រើននៅតាមឆ្នេរសមុទ្រនេះត្រូវបានបិទ។ ព្រះវិហារសេវេនដេយអាត់វេនទីស្ទទាំង៣តំបន់បានឈ្លៀតឱកាសនេះ សហការណ៍ជាមួយនឹងរមនីយដ្ឋានបាំបូ៊ (Bamboo Report) ដើម្បីបើកក្លឹបសុខភាពប៊ីទូ (Bitu Wellness Bar) ទៀមលក់ទឹកផ្លែឈើ ដើម្បីសុខភាព និងកម្មវិធីសុខភាពផ្សេងៗទៀត ដូចជាការស្កេនជីវមាត្រដ៏ឥតគិតថ្លៃ កម្មវិធីហាត់ប្រាណ កម្មវិធីសម្រកទម្ងន់ និងការរៀបចំអាហារផ្ទាល់ខ្លួនជាដើម។ ពាក្យថា «ប៊ីទូ» យកមកពីភាសាតំបន់ដែលមានន័យថា «ឫស្សី (bamboo)»។ អ្នកស្រុកបានចាប់ផ្តើមឮតៗគ្នា អំពីទៀមនេះ រួចក៏នាំគ្នាបរិភោគទឹកផ្លែឈើសុខភាពនៅទីនោះជាប្រចាំ។
សមាជិកក្រុមជំនុំបានអធិស្ឋានសូមអោយទៀមនេះក្លាយទៅជាមជ្ឈមណ្ឌលមួយដ៏មានឥទ្ធិពល ដើម្បីលើកទឹកចិត្តប្រជាជនហ្វីជីអោយប្រកាន់យកនូវវិធីសាស្រ្ត ឆ្ពោះទៅរកសុខភាពល្អ នៅក្នុងស្រុកមួយដែលប្រជាជនកំពុងតែប្រឈមជាមួយនឹងជំងឺ ដោយសារតែការរបៀបរស់នៅរបស់ពួកគេ ជាពិសេសនោះ គឺជំងឺទឹកនោមផ្អែម។ ទៀមលក់ទឹកផ្លែឈើនេះ ត្រូវបានគាំទ្រ ដោយកម្មវិធី១០០០០ថូស (10000 Toes Campaign) នៃភូមិភាគអាស៊ីខាងត្បួង ដោយទទួលបានជំនួយពីប្រាក់តង្វាយនៅថ្ងៃសប្បាតហ៍ទី១៣ ឆ្នាំ២០១៩នោះ ក៏បានប្រកាសដែរថា ទៀមនេះនឹងជួយលើកកំពស់ខាងឯផ្នែកសុខភាពប្រឆាំង ទាស់នឹងគ្រឿងស្រវឹងផងដែរ។ ប៉ុន្តែ ក្រោយមក ជំងឺកូវីដ១៩បានផ្ទុះឡើងម្តងទៀតនៅក្នុងប្រទេសហ្វីជី ដោយសារហេតុនេះ រដ្ឋាភិបាលបានសេចក្តីប្រកាសអោយបិទវីស៊តបាំបូជាមួយនឹងទៀមលក់ផ្លែឈើនេះផងដែរ។ អតិថិជនបានទូរស័ព្ទមករមនីយដ្ឋានបាំបូជារៀងរាល់ថ្ងៃ ដើម្បីសួរនាំថា តើទៀមលក់ផ្លែឈើនេះនឹងបើកទ្វារវិញនៅពេលណា ហើយនៅកន្លែងណាដែរ។ ហេតុការណ៍ដែលកើតបន្ទាប់នោះ បានធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង។ ប្តីប្រពន្ធមួយគូដែលគ្រប់គ្រងរមណីយដ្ឋានអ៊ិចស្កេប ប៊ីជ (Beach Escape Resort) នៅជិតនោះ បានសង្កេតឃើញហ្វូងមនុស្សចេញចូលពីរមនីយដ្ឋានបាំបូជារៀងរាល់ ថ្ងៃ ពួកគាត់បានកត់សម្គាល់ផងដែរថា មានមនុស្សជាច្រើនបានចូលទៅលេងទៀមលក់ផ្លែឈើជាជាងចូលទៀមស្រា។ ពួកគាត់ក៏បានគត់សម្គាល់ទាំងពេញចិត្តផងដែរថា ចំនួននៃគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវ ពាក់ព័ន្ធនឹងការស្រវឹងនោះក៏អន់ថយផងដែរ។ ប្តីប្រពន្ធមួយគូនេះបានទាក់ទងជាមួយនឹងសមាជិក ក្រុមជំនុំដោយអនុញ្ញាតអោយពួកគេយកទៀមស្រា និងកន្លែងផ្សេងទៀតរបស់ពួកគាត់ធ្វើជាមជ្ឈមណ្ឌលសុខភាព។ ជាដំបូង សមាជិកក្រុមជំនុំបានបដិសេធនូវការផ្តល់ជូននេះ ដោយសារតែពួកគេមិនចង់លក់ ទឹកផ្លែឈើរួមគ្នាជាមួយនឹងគ្រឿងស្រវឹង ប៉ុន្តែ អ្នកគ្រប់គ្រងបី្តប្រពន្ធមួយគូនេះបានពន្យល់ថា ពួកគេលែងចង់លក់គ្រឿងស្រវឹងតទៅទៀតហើយ។ គ្រឿងស្រវឹងត្រូវបានយកចេញ ហើយត្រូវបានជំនួសដោយម៉ាស៊ីនច្របាច់ទឹក ម៉ាស៊ីនក្រឡុក ផ្លែឈើ បន្លែ និងយិនសិនវិញ។ ទៀមសុខភាពប៊ីទូបានបើកដំណើរការជាថ្មីម្តងទៀត។
សមាជិកក្រុមជំនុំបានសម្ដែងនូវការភ្ញាក់ផ្អើល ចំពោះការអស្ចារ្យដែលព្រះប្រទានដល់ពួកគេនេះ។ ទៀមលក់ទឹកផ្លែឈើមិនត្រឹមតែមានឥទ្ធិពលទៅលើរមនីយដ្ឋានបាំបូ ប៉ុណ្ណោះទេ ប៉ុន្តែ ទៀមនេះក៏បានផ្លាស់ប្តូរមនីយដ្ឋានអ៊ិចស្កេប ប៊ីជ អោយក្លាយទៅជាមជ្ឈមណ្ឌលដ៏មានឥទ្ធិពលដែលនឹងនាំមកនូវសេចក្តីសង្ឃឹម និងការព្យាបាលដល់សហគមន៍វិញ។
អំណានដង្វាយប្រចាំសប្តាហ៍
ការថ្វាយបង្គំព្រះទាំងស្រុង
យើងបានថ្វាយបង្គំព្រះជាមួយនឹងធនធានដែលយើងមាន ដោយសារតែការថ្វាយនេះបានបង្ហាញអំពីសេចក្តីប្រាថ្នាចង់ថ្វាយអ្វីៗទាំងអស់ដែលយើងមានដល់ទ្រង់។ ក្នុងសំបុត្ររបស់លោកប៉ុលទៅកាន់ពួកជំនុំនៃក្រុងរ៉ូម លោកប៉ុលបានបកស្រាយអំពីបំណងប្រាថ្នារបស់យ៉ាងពិស្តារថា គ្រប់គ្នាអាចទទួលសេចក្តីសង្គ្រោះនៅក្នុងព្រះយេស៊ូវបាន ដោយឥតគិតថ្លៃ តាមរយៈសេចក្តីជំនឿ។ បន្ទាប់មក គាត់បានលើកឡើងនូវការឆ្លើយតបដ៏សមរម្យមួយចំពោះសេចក្តីមេត្តារបស់ព្រះយ៉ាងដូច្នេះថា៖ «ចូរថ្វាយខ្លួនទៅព្រះអង្គ ទុកជាយញ្ញបូជាដ៏មានជីវិតដ៏វិសុទ្ធ [ចុះ]» (រ៉ូម ១២៖២, គខប)។ ព្រះគ្រីស្ទបានសុគតជំនួសយើង។ ជាការឆ្លើយតបទៅនឹងការនេះ យើងត្រូវតែរស់នៅ ដើម្បីទ្រង់ទាំងស្រុង។ យើងត្រូវតែថ្វាយបង្គំព្រះអង្គសង្គ្រោះ តាមរយៈការចូលរួមនៅក្នុងកម្មវិធីនៃព្រះវិហារ និងការនាំយកតង្វាយ១០ហូត១ និងតង្វាយសទ្ធាត្រឡប់ទៅឯទ្រង់វិញ ប៉ុន្តែ ការថ្វាយបង្គំពិតប្រាកដនោះ មិនមែនបញ្ចប់នៅត្រឹមមាត់ទ្វារនៃព្រះវិហារនោះទេ ពីព្រោះកន្លែងនេះគ្រាន់តែជាកន្លែងនៃការចាប់ផ្តើមប៉ុណ្ណោះ។ ព្រះយេស៊ូវបានមានបន្ទូលទាក់ទាញចំណាប់អារម្មណ៍របស់យើងយ៉ាងដូច្នេះថា៖ «អ្នករាល់គ្នាតែងថ្វាយ១ភាគក្នុង១០ ទាំងជីរអង្កាម ជីរលីងលាក់ និងបន្លែគ្រប់មុខ តែលះចោលសេចក្តីយុត្តិធម៌ និងសេចក្តីស្រឡាញ់នៃព្រះវិញ គួរតែឲ្យអ្នករាល់គ្នាបានប្រព្រឹត្តសេចក្តីទាំងនេះវិញ ហើយឥតចោលការខាងដើមនោះផង» (លូកា ១១៖៤២)។ ទោះបីជាថ្វាយតង្វាយ១០ហូត១ និងតង្វាយសទ្ធាចាំបាច់យ៉ាង ណាក៏ដោយ ក៏តង្វាយទាំងនេះគ្រាន់តែជាគ្រឿងផ្សំមួយនៅក្នុងជីវិតនៃអ្នកថ្វាយបង្គំប៉ុណ្ណោះ។ តង្វាយទាំងនេះគឺជាផ្នែកមួយនៃរបៀបរស់នៅ ដោយការថ្វាយចំណែកមួយដល់ព្រះ និងដល់អ្នកដទៃផងដែរ។
លោកធារី (Terry) ពីក្រុងហុងកុងបានបង្ហាញយើងនូវគំរូមួយនៃជីវិតទុកជាយញ្ញបូជាដល់ព្រះនេះ។ ក្នុងឆ្នាំ១៩៨០គាត់បានសិក្សាខាងឯវិស័យវិស្វករ ដែលជាការងារដ៏ល្អមួយ។ គាត់បានបញ្ចប់ការសិក្សាជាវិស្វករខាងឯផ្នែក ពីសាកលវិទ្យាពហុបច្ចេកទេស ហាថហ្វីល (Hatfield) នៃប្រទេសអង់គ្លេស បន្ទាប់ក្រោយមក គាត់ត្រូវបានរដ្ឋាភិបាលហុងកុងជ្រើសរើសអោយធ្វើការនៅក្នុងផ្នែកបច្ចេកវិទ្យាទំនើបមួយដែលមានមនុស្សតិចតួចណាស់ស្គាល់ពីការងារនេះ។ ទោះបីជាគាត់ជោគជ័យយ៉ាង នេះក្តី លោកធារីនៅតែមានអារម្មណ៍ថា គាត់នៅតែខ្វះអ្វីមួយនៅក្នុងជីវិតរបស់គាត់ដដែល។ គាត់បានរកឃើញចំណុចខ្វះចន្លោះនេះ នៅពេលដែលគាត់បានជួបជាមួយនឹងព្រះយេស៊ូវ ហើយបានទទួលបុណ្យជ្រមុជទឹកនៅក្នុងខែធ្នូ ឆ្នាំ១៩៨៨។ ៧ខែក្រោយមក គាត់បានឧទ្ទិសជីវិតរបស់គាត់ ដើម្បីបម្រើកិច្ចការព្រះវិញ។ គាត់បានទុកអនាគតការងាររបស់គាត់មួយឡែក ហើយចុះឈ្មោះចូលថ្នាក់សិក្ខាសាលា ដើម្បីសិក្សាខាងឯផ្នែកទេវវិទ្យាវិញ។ គាត់បាននិយាយថា «មួយជីវិតនេះ គ្មានអ្វីសំខាន់ជាងការដែលបានស្គាល់ព្រះយេស៊ូវ និងការដែលបានទទួលជីវិតអស់កល្បនោះឡើយ»។ គាត់ត្រូវបានគេហៅថា ជាលោកធារីដែលជាអ្នកឯកទេសផ្សាយដំណឹងល្អ។ បច្ចុប្បន្ននេះ លោកវេជ្ជបណ្ឌិតធារី សូ៊ (Terry Tsui) កំពុងតែបម្រើការជានាយកនៃមហាវិទ្យាល័យអាត់វេនទីស្ទតៃវ៉ាន់វិញ។
សេចក្តីអំពាវនាវ៖
« ដូច្នេះ បងប្អូនអើយ ខ្ញុំទូន្មានអ្នករាល់គ្នា ដោយសេចក្តីមេត្តាករុណានៃព្រះ ឱ្យ បានថ្វាយរូបកាយទុកជាយញ្ញបូជារស់ ហើយបរិសុទ្ធ ដែលគាប់ព្រះហឫទ័យដល់ព្រះ ជាការគោរពនៃអ្នករាល់គ្នាដែលមានទំនង» (រ៉ូម ១២៖១)។
សេចក្តីអធិដ្ឋាន៖
ឱព្រះអម្ចាស់អើយ អត្តសញ្ញានៃទូលបង្គំ និងអ្វីៗទាំងអស់ដែលទូលបង្គំមាននោះ សុទ្ធតែជាកម្មសិទ្ធរបស់ទ្រង់ទាំងអស់។ ដូច្នេះ ទូលបង្គំសូមអោយទ្រង់ដឹកនាំទូលបង្គំអោយទទួលបាន នូវបទពិសោធន៍នៃកម្រិតនៃការថ្វាយតង្វាយដ៏ខ្ពស់បំផុត ខណៈដែលទូលបង្គំនឹងឆ្លងចូលទៅឆ្នាំថ្មីមួយឆ្នាំទៀត។