នៅពេលដែលមនុស្សចូលរួមនៅក្នុងពួកជំនុំ ជីវិតរបស់ពួកគេបានផ្លាស់ប្តូរទាំងស្រុង។ ពួកគេបានក្លាយទៅជាមនុស្សខុសពីអ្នកដទៃដែលរស់នៅក្នុងសហគមន៍ជំុវិញពួកគេ។ អ្នកដទៃនៅក្នុងសហគមន៍ មានអារម្មណ៍ថា ពួកគេត្រូវបានជំនុំជំរះតាមរយៈរបៀបរស់នៅដ៏បរិសុទ្ធនៃពួកគ្រីស្ទាន។ ម្ល៉ោះហើយ ពួកគេបានបង្កបញ្ហាជាច្រីនដល់ពួកជំនុំ។
តើពួកគ្រីស្ទាននៅក្នុងកណ្ឌគម្ពីរហេព្រើរមានបទពិសោធន៍អ្វីខ្លះ បន្ទាប់ពីពួកគេបានទទួលយកព្រះយេស៊ូវជាព្រះអង្គសង្គ្រោះរបស់ពួកគេនោះ? សូមអានខគម្ពីរហេព្រើរ ១០៖៣២-៣៤ និងហេព្រើរ ១៣៖៣ សម្រាប់ចម្លើយ។
លោកប៉ុលបានសរសេរទៅកាន់ពួកគ្រីស្ទានដែលបានរងទុក្ខ ដោយសារសេចក្តីជំនឿរបស់ពួក គេ។ (លោកអ្នកអាចអាននៅក្នងខគម្ពីរកិច្ចការ ១៦៖១៩-២២ និងកិច្ចការ ១៧៖១-៩ អំពីពួកគ្រីស្ទានដទៃទៀតដែលត្រូវបានគេបៀតបៀនដោយសារសេចក្តីជំនឿរបស់ពួកគេផងដែរ)។ អ្នកដទៃបានចាប់ពួកគ្រីស្ទានដាក់គុក។ ពួកគ្រីស្ទានប្រហែលជាត្រូវគេវាយដំផង។ មេដឹកនាំនៅពេលនោះមិនយុត្តិធម៌ឡើយ។ ពួកគេតែងតែដាក់ទោសមនុស្សថា មានកំហុសដោយគ្មានភ័ស្តុតាង (សូមអានខគម្ពីរកិច្ចការ ១៦៖២២, ២៣ សម្រាប់ជាឧទាហរណ៍)។
សូមអានខគម្ពីរហេព្រើរ ១១៖២៤-២៦ និងពេត្រុសទី១ ៤៖១៤, ១៦។ តើបទពិសោធន៍របស់ លោកម៉ូសេ និងពួកគ្រីស្ទាននៅក្នុងកណ្ឌគម្ពីរពេត្រុសទី១អាចជួយអោយយើងយល់អំពីមូលហេតុដែលគ្រីស្ទានត្រូវគេវាយដំធ្វើបាបដោយរបៀបណា?
តើលោកអ្នកឃើញពាក្យថា «រងទុក្ខលំបាកជាមួយនឹងរាស្ត្ររបស់ព្រះ» នៅក្នុងខគម្ពីរហេព្រើរ ១១៖២៥ ដែរឬទេ? លោកម៉ូសេបានជ្រើសរើសរងការអាម៉ាស់ និងការជេរប្រមាថនៅពេលដែលគាត់បានថ្វាយជីវិតរបស់គាត់ដល់ព្រះ។ ទន្ទឹមគ្នានេះ យើងប្រហែលជារងទុក្ខសម្រាប់ព្រះយេស៊ូវ នៅពេលដែលយើងដើរតាមទ្រង់ ដូចដែលទ្រង់បានរងទុក្ខជំនួសយើងដូច្នោះដែរ។ ពួកគ្រីស្ទានក៏បានទទួលបទ ពិសោធន៍ដូចគ្នានេះនៅក្នុងសម័យគម្ពីរសញ្ញាថ្មីផងដែរ។ មនុស្សជាច្រើនបានស្អប់ខ្ពើមពួកគ្រីស្ទាន។ តើហេតុអ្វី? នោះគឺដោយសារតែពួកគ្រីស្ទានមានគោលជំនឿដែលអ្នកមិនមែនជាគ្រីស្ទានយល់ឃើញថា ចម្លែក។ ពួកគេក៏អាចខឹងផងដែរនៅពេលដែលរបៀបរស់នៅរបស់លោកអ្នកធ្វើអោយពួកគេមានអារម្មណ៍ ថា ពួកគេមានកំហុស។ ប្រហែលជា២០ឆ្នាំក្រោយមក បន្ទាប់ពីព្រះយេស៊ូវបានមានព្រះជន្មរស់ពីស្លាប់ឡើងវិញនោះ លោកថាស៊ីថឹសដែលជាមេដឹកនាំជនជាតិរ៉ូមម្នាក់បានជឿថា ពួកគ្រីស្ទានមានកំហុសក្នុងការស្អប់មនុស្សទាំងអស់ដែលបានទទួលយកគ្រីស្ទាននិកាយដទៃទៀត។ តើហេតុអ្វីបានជាលោកថាស៊ីថឹស និយាយយ៉ាងដូច្នេះ? យើងមិនបានដឹងច្បាស់ឡើយ។ មិនថាហេតុផលរបស់គាត់យ៉ាងណានោះទេ យើងដឹងថា ការចោទប្រកាន់របស់គាត់មិនត្រឹមត្រូវឡើយ។ ប៉ុន្តែ ពាក្យរបស់គាត់បានបង្ហាញយើងថា ពួកគ្រីស្ទានជាច្រើននាក់បានរងទុក្ខដោយសារសេចក្តីជំនឿរបស់ពួកគេ។ ក្រុមនោះរាប់បញ្ចូលទាំងពួកគ្រីស្ទានដែលលោកប៉ុលបានសរសេរជូននៅក្នុងសំបុត្ររបស់គាត់ផងដែរ។
ថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១
ជំងឺ
ពួកគ្រីស្ទានដែលលោកប៉ុលបានសរសេរជូននៅក្នុងកណ្ឌគម្ពីរហេព្រើរត្រូវបានគេវាយដំ និងបដិសេធដោយសមាជិកនៃសហគមន៍របស់ពួកគេផ្ទាល់។ ពួកគេបានខិតខំប្រយុទ្ធ ដើម្បីរក្សាសេចក្តីជំនឿ របស់ពួកគេ។ ពួកគេបានប្រយុទ្ធយ៉ាងល្អ។ ឥឡូវនេះ ពួកគេបាននឿយហត់ និងអស់កម្លាំងទៅហើយ។
សូមអានខគម្ពីរហេព្រើរ ២៖១៨; ហេព្រើរ ៣៖១២, ១៣; ហេព្រើរ ៤៖១៥; ហេព្រើរ ១០៖២៥; ហេព្រើរ ១២៖៣, ១២, ១៣ និងហេព្រើរ ១៣៖១-៩, ១៣។ តើពួកគ្រីស្ទានមានបញ្ហាអ្វីខ្លះ?
--------------------------------------------------------
លោកប៉ុលបានមានប្រសាសន៍ថា ពួកគ្រីស្ទានបានបន្តជួបបញ្ហាជាច្រើន។ អ្នកដទៃបានបន្តនិយាយរឿងអាក្រក់ៗជាសាធារណៈអំពីពួកគ្រីស្ទាន (ហេព្រើរ ១៣៖១៣)។ ពួកគ្រីស្ទានខ្លះមិនទាន់បាន ចេញពីគុកនៅឡើយផង (ហេព្រើរ ១៣៖៣)។ ការស្នាក់នៅក្នុងគុករបស់ពួកគេប្រហែលជាត្រូវចំណាយថវិកាពួកជំនុំជាច្រើន។ ម្ល៉ោះហើយ ពួកគ្រីស្ទានបាននឿយហត់ពីគ្រប់ទាំងបញ្ហារបស់ពួកគេ (ហេព្រើរ ១២៖ ១២, ១៣)។ លោកប៉ុលមិនចង់អោយពួកគេ «នឿយហត់ ហើយរសាយចិត្តចេញ» នោះឡើយ (ហេព្រើរ ១២៖៣)។
ពេលខ្លះយើងអាចជួបគ្រាលំបាក បន្ទាប់ពីយើងបានទទួលជោគជ័យយ៉ាងធំ។ នៅពេលដែលភាពជោគជ័យរបស់យើងបានកន្លងផុតទៅយើងបានឈប់សម្រាក។ ដូច្នេះ យើងមិនបានត្រៀមខ្លួនសម្រាប់ខ្មាំងសត្រូវរបស់យើងវាយប្រហារយើងនៅពេលក្រោយនោះទេ។ យើងគ្មានកម្លាំងគ្រប់គ្រាន់ក្នុងការប្រយុទ្ធ តបតទៅវិញ នៅពេលដែលយើងឈឺចាប់ជាលើកទី២នោះទេ។
សូមអានអំពីលោកអេលីយ៉ានៅក្នុងខគម្ពីរពង្សាវតាក្សត្រទី១ ១៩៖១-៤។ តើមានអ្វីកើតឡើងដល់លោកអេលីយ៉ានៅក្នុងរឿងនេះ?
--------------------------------------------------------
«លោកអេលីយ៉ាបានទទួលបទពិសោធន៍ដូចជាមនុស្សជាច្រើនមានបន្ទាប់ពីពួកគេបានបង្ហាញ អំពីសេចក្តីជំនឿជាច្រើន ហើយទទួលបានជោគជ័យយ៉ាងដូច្នោះដែរ។ លោកអេលីយ៉ាបានភ័យខ្លាចថា ការផ្លាស់ប្តូរដែលបានកើតឡើងនៅលើភ្នំកើមែលប្រហែលជាមិនអាចបន្តទៅទៀតបានឡើយ។ គាត់បានសោកសៅ។ តែព្រះបានគោរពលោកអេលីយ៉ាជាខ្លាំង។ ការគោរពនេះបានធ្វើអោយលោកអេលីយ៉ាមានអារម្មណ៍ថា គាត់អាចឈរនៅលើកំពូលភ្នំភីស្កា (Pisgah) ដ៏ខ្ពស់បាន។ ឥឡូវនេះ លោកអេលីយ៉ាមានអារម្មណ៍ហាក់ដូចជាគាត់កំពុងតែនៅឯទីទាបក្នុងជ្រលងភ្នំយ៉ាងដូច្នោះដែរ។ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបានដឹកនាំលោកអេលីយ៉ា គាត់នៅតែប្រកាន់ខ្ជាប់សេចក្តីជំនឿយ៉ាងរឹងមាំ។ ប៉ុន្តែ ឥឡូវនេះ គាត់មានអារម្មណ៍បាក់ទឹកចិត្តជាខ្លាំង។ ព្រះនាងយេសេបិលបានស្បថថា ព្រះនាងនឹងសម្លាប់លោកអេលីយ៉ា។ សាតាំងបានខិតខំធ្វើការនៅក្នុងចិត្តនៃស្ត្រីដ៏អាក្រក់នេះ និងផែនការរបស់នាង។ លោកអេលីយ៉ាបានភ្លេច ព្រះ ហើយរត់គេចខ្លួនបាត់ទៅ។ លោកអេលីយ៉ារត់រហូតដល់គាត់បានទៅដល់ទីរហោស្ថានតែម្នាក់ឯង»។ ដកស្រង់ពី Ellen G. White, Prophets and Kings, page 161, 162, adapted។
សូមគិតអំពីគ្រាទាំងឡាយ នៅពេលដែលលោកអ្នកបរាជ័យខាងឯជីវិតគ្រីស្ទានរបស់លោកអ្នក។ តើអ្វីដែលធ្វើអោយលោកអ្នកបរាជ័យ? ប្រសិនបើលោកអ្នកអាចត្រឡប់ទៅកែរឿងទាំងនោះម្តងទៀត តើលោកអ្នកនឹងផ្លាស់ប្តូរអ្វីខ្លះ?
ថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១
នៅជាប់ជាមួយគ្នាទៅវិញទៅមក
តើលោកប៉ុលបានផ្តល់ដំបូន្មានអ្វីដល់អ្នកអានរបស់គាត់អំពីបញ្ហារបស់ពួកគេនោះ? តើយើងអាចរៀនពីលោកប៉ុល ដើម្បីជួយយើងដោះស្រាយបញ្ហាផ្ទាល់ខ្លួនបានយ៉ាងដូចម្តេច? មុនពេលដែលយើង ក្រឡេកមើលដំបូន្មាននេះ ចូរយើងក្រឡេកមើលអំពីរបៀបដែលព្រះជួយព្យាបាលលោកអេលីយ៉ា បន្ទាប់ពីគាត់បានបាត់បង់សេចក្តីសង្ឃឹមជាមុនសិន។
សូមអានខគម្ពីរពង្សាវតាក្សត្រទី១ ១៩៖៥-១៨។ ដូចដែលយើងបានឃើញចេញពីខគម្ពីរទាំងនេះ តើព្រះបានធ្វើអ្វី ដើម្បីជួយអោយលោកអេលីយ៉ាមានសេចក្តីជំនឿឡើងវិញនោះ ?
--------------------------------------------------------
ពង្សាវតាក្សត្រទី១ ១៩៖៥-១៨ បានបង្ហាញយើងអំពីការយកព្រះទ័យទុកដាក់ និងព្រះប្រាជ្ញា ញ្ញាណរបស់ព្រះ។ ព្រះបានយកព្រះទ័យទុកដាក់ចំពោះអ្នកបម្រើរបស់ទ្រង់នៅពេលដែលពួកគេរងទុក្ខ។ ទ្រង់បានជួយអោយពួកគេមានជំនឿរឹងមាំឡើងម្តងទៀត។ ព្រះបានធ្វើកិច្ចការមួយចំនួនសម្រាប់លោកអេលីយ៉ាគឺថា៖ (១) ព្រះបានប្រទានអាហារដល់លោកអេលីយ៉ា និងធ្វើអោយគាត់សម្រាក។ (២) បន្ទាប់មកនៅក្នុងរូងភ្នំ ព្រះបានស្តីបន្តោសលោកអេលីយ៉ាយ៉ាងទន់ភ្លន់ថា «អេលីយ៉ាអើយ តើធ្វើអីនៅទីនេះ» (ពង្សាវតាក្សត្រទី១ ១៩៖៩)។ (៣) ព្រះក៏បានបង្ហាញលោកអេលីយ៉ាអំពីរបៀបដែលទ្រង់ធ្វើការផងដែរ។ ព្រះបានបង្ហាញអ្នកបម្រើរបស់ទ្រង់ថា ទ្រង់មិនមែនស្ថិតនៅក្នុងខ្យល់នោះទេ។ ទ្រង់មិនមែនស្ថិតនៅក្នុង ការកក្រើកដី៊។ ហើយទ្រង់ក៏មិនមែនស្ថិតនៅក្នុងភ្លើងផងដែរ។ ទ្រង់ស្ថិតនៅក្នុង «សំឡេងតូចរហៀងៗ» តែមួយគត់តែប៉ុណ្ណោះ (ពង្សាវតាក្សត្រទី១ ១៩៖១២)។ សំឡេងតូចរហៀងៗបានបង្ហាញយើងអំពីសារៈ សំខាន់ខាងឯសេចក្តីពិតនៃព្រះគម្ពីរ។ យើងប្រហែលជាមិនបានឃើញ ឬមានអារម្មណ៍ថា ព្រះទ្រង់ធ្វើការជានិច្ចនោះទេ ប៉ុន្តែ យើងត្រូវតែជឿថា ព្រះទ្រង់ធ្វើការសម្រាប់យើង និងរក្សាសេចក្តីសន្យាទាំងអម្បាលម៉ានរបស់ទ្រង់។ (៤) បន្ទាប់ពីមេរៀននេះ ព្រះបានប្រគល់កិច្ចការមួយដល់លោកអេលីយ៉ា។ ព្រះបានជួយអោយ លោកអេលីយ៉ាជឿទុកចិត្តលើទ្រង់អំពីអនាគតខាងមុខ។
តើលោកប៉ុលបានផ្តល់នូវការទូន្មានយ៉ាងដូចម្តេច ដល់អ្នកអានរបស់គាត់នៅក្នុងខគម្ពីរហេព្រើរ ២៖១; ហេព្រើរ ៣៖១២-១៤; ហេព្រើរ ៥៖១១-៦៖៣ និងហេព្រើរ ១០៖១៩-២៥?
--------------------------------------------------------
លោកប៉ុលបានប្រាប់អ្នកអានរបស់គាត់ជាច្រើនដងអំពីកិច្ចការដែលពួកគេត្រូវធ្វើ ដើម្បីអោយ សេចក្តីជំនឿបានរឹងមាំឡើងម្តងទៀតគឺថា៖ (១) ពួកគេត្រូវយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។ (២) ពួកគេត្រូវចែករំលែកអាហារជាមួយគ្នា។ (៣) ពួកគេត្រូវចុះសួរសុខទុក្ខពួកគ្រីស្ទាននៅក្នុងគុក និងយកចិត្តទុកដាក់ចំពោះតម្រូវការរបស់ពួកគេផង។ (៤) ពួកគេត្រូវចែករំលែកទ្រព្យសម្បត្តិ និងបរិច្ចាគដល់មនុស្សខ្វះខាតដោយសទ្ធា។ ប្រសិនបើពួកគេធ្វើដូច្នេះ ព្រះនឹងមិនបំភ្លេចពួកគេឡើយ (ហេព្រើរ ១៣៖១-៦)។ លោកប៉ុលបានស្តីបន្តោសដល់អ្នកអានរបស់គាត់ រួចលើកទឹកចិត្តដល់ពួកគេតាមក្រោយ។ (៥) លោកប៉ុលបានដាស់តឿនពួកគេកុំអោយ «រសាត់ចេញពី» សេចក្តីពិតនៃព្រះគម្ពីរជាដាច់ខាត (ហេព្រើរ ២៖១)។ (៦) គាត់ក៏បានដាស់តឿនពួកគេអោយ «ប្រយ័ត្នក្រែងលោនរណាម្នាក់ក្នុងចំណោមបងប្អូន បែរជាមានចិត្តអាក្រក់លែងជឿ រហូតដល់ទៅងាកចេញពីព្រះជាម្ចាស់ដ៏មានព្រះជន្មរស់» ផងដែរ (ហេព្រើរ ៣៖ ១២)។ លោកប៉ុលក៏បានលើកទឹកចិត្តអ្នកអានរបស់គាត់អោយចូលរួមការប្រជុំនៃពួកជំនុំផងដែរ (ហេព្រើរ ១០៖២៥)។ ដូច្នេះ សរុបមក លោកប៉ុលបានមានប្រសាសន៍ថា៖ (១) ពួកគេត្រូវតែនៅជាប់ជាមួយគ្នា (២) លើកទឹកចិត្តគ្នាទៅវិញទៅមក (៣) បង្ហាញសេចក្តីស្រឡាញ់ និង (៤) ធ្វើកិច្ចការល្អទាំងអម្បាលម៉ាន។ បន្ទាប់មកលោកប៉ុលបានប្រាប់អ្នកអានរបស់គាត់អោយចងចាំថា ព្រះយេស៊ូវកំពុងតែធ្វើកិច្ចការសម្រាប់ពួកគេនៅក្នុងរោងឧបោសថនៅស្ថានសួគ៌ (ហេព្រើរ ៨៖១, ២; ហេព្រើរ ១២៖១-៤)។
ថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១
នៅជាន់ក្រោយបង្អស់
សូមអានខគម្ពីរហេព្រើរ ១៖២; ហេព្រើរ ៩៖២៦-២៨; ហេព្រើរ ១០៖២៥, ៣៦-៣៨ និង ហេព្រើរ ១២៖២៥-២៨។ តើសារនៅក្នុងខទាំងនេះជាអ្វី? តើលោកប៉ុលចង់អោយយើងយល់យ៉ាងដូចម្តេច អំពីពេលវេលា?
--------------------------------------------------------
លោកប៉ុលចង់អោយអ្នកអានរបស់គាត់យល់នូវគោលគំនិតដ៏សំខាន់មួយអំពីពេលវេលាដែល ធ្វើអោយសាររបស់គាត់មានឥទ្ធិពលកាន់តែខ្លាំងឡើង។ អ្នកអានរបស់គាត់រស់នៅក្នុង «ជាន់ក្រោយ បង្អស់» (ហេព្រើរ ១៖២) នៅពេលសេចក្តីសន្យាដែលព្រះបានតាំងជាមួយពួកគេនៅទីបំផុតនឹងកើតមានឡើង (ហេព្រើរ ១០៖៣៦-៣៨)។ ដូច្នេះ លោកប៉ុលបានដាស់តឿនអ្នកអានរបស់គាត់អោយយកចិត្តទុកដាក់ចំពោះសាររបស់គាត់។ លោកប៉ុលតែងតែប្រៀបធៀបអ្នកអានរបស់គាត់ទៅនឹងសាសន៍អ៊ីស្រាអែល នៅក្នុងទីរហោស្ថានដែលបម្រុងនឹងចូលទៅក្នុងទឹកដីសន្យាជានិច្ច។ លោកប៉ុលចង់អោយអ្នកអានរបស់ គាត់ចងចាំថា «ព្រះអង្គដែលត្រូវមក ទ្រង់នឹងយាងមកមែនឥតបង្អង់ឡើយ» (ហេព្រើរ ១០៖៣៧)។ បន្ទាប់មក លោកប៉ុលបានលើកទឹកចិត្តអ្នកអានរបស់គាត់យ៉ាងដូច្នេះថា៖ «យើងរាល់គ្នាមិនមែនជាពួកអ្នក ដែល ថយទៅវិញឲ្យត្រូវវិនាសនោះឡើយ គឺជាពួកអ្នកដែលមានសេចក្តីជំនឿសំរាប់ឲ្យព្រលឹងបានសង្គ្រោះវិញ» (ហេព្រើរ ១០៖៣៩)។ រាស្ត្ររបស់ព្រះកាលពីមុនតែងតែជួបបញ្ហាជាច្រើនមុនពេលដែលព្រះបានរក្សា សេចក្តីសន្យារបស់ទ្រង់ដល់ពួកគេ។ ក្នុងនាមជាសាសន៍អ៊ីស្រាអែលថ្មី យើងគួរតែចងចាំអំពីមេរៀនដ៏សំខាន់នេះ។
កណ្ឌគម្ពីរលេវីវិន័យបានចែងអំពីគ្រោះថ្នាក់ទាំងនេះ។ សាសន៍អ៊ីស្រាអែលបានរងការបាត់បង់ដ៏សំខាន់២លើកមុនពេលដែលពួកគេបម្រុងនឹងចូលទៅក្នុងទឹកដីសន្យា។ យើងអាចអានអំពីការបាត់បង់ជាលើកទី១នៅក្នុងបទគម្ពីរលេវីវិន័យ ១៣ និង១៤។ ជំពូកទាំងនេះបានបង្ហាញប្រាប់យើងថា មេដឹកនាំដ៏អាក្រក់ភាគច្រើនបាន «បំពុល» ចិត្តគំនិតនៃពួកបណ្តាជនអោយមានការសង្ស័យ។ ការសង្ស័យបានធ្វើ អោយពួកបណ្តាជនបាត់បង់សេចក្តីជំនឿ។ បន្ទាប់មក ពួកគេបានសម្រេចចិត្តជ្រើសរើសមេដឹកនាំថ្មីមួយទៀតជំនួសលោកម៉ូសេអោយដឹងនាំពួកគេត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញ។ មុនពេលដែល ជនជាតិអ៊ីស្រាអែលបម្រុងនឹងចូលទៅក្នុងទឹកដីសន្យា ពួកគេបានធ្វើបាបជាលើកទី២។ ជនជាតិអ៊ីស្រាអែលបានធ្លាក់ចូលទៅក្នុងអន្ទាក់នៃអំពើបាបខាងឯការរួមភេទ និងការថ្វាយបង្គំខុសឆ្គងខាងឯព្រះបាលពេអរ (លេវីវិន័យ ២៤, ២៥)។ សាតាំងបានដឹកនាំជនជាតិអ៊ីស្រាអែលអោយធ្វើបាប ដើម្បីអោយព្រះខ្ញាល់នឹងពួកគេ។
លោកប៉ុលបានព្រមានអ្នកអានរបស់គាត់ទាស់នឹងគ្រោះថ្នាក់ទាំង២យ៉ាងគឹ៖ អំពើបាបខាងឯការរួមភេទ និងការថ្វាយបង្គំខុសឆ្គង។ ជាដំបូង លោកប៉ុលបានប្រាប់អ្នកអានរបស់គាត់អោយកាន់ខ្ជាប់សេចក្តីជំនឿរបស់ពួកគេ ហើយមើលទៅឯព្រះយេស៊ូវតែមួយគត់ប៉ុណ្ណោះ (ហេព្រើរ ៤៖១៤; ហេព្រើរ ១០៖២៣; ហេព្រើរ ១២៖១-៤)។ បន្ទាប់មក លោកប៉ុលបានព្រមានអ្នកអានរបស់គាត់ទាស់នឹងអំពើបាបខាងឯការរួមភេទ និងការស្រឡាញ់ទ្រព្យសម្បត្តិ (ហេព្រើរ ១៣៖៤-៦)។ ជាចុងក្រោយ លោកប៉ុលបាន ប្រាប់អ្នកអានរបស់គាត់អោយគោរពតាមមេដឹកនាំរបស់ពួកគេ (ហេព្រើរ ១៣៖៧, ១៧)។
ថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១
សិក្សាបន្ថែម
លោកដាវីឌ អេ ឌីស៊ីលវ៉ា (David A. deSilva) បានបកស្រាយអំពីមូលហេតុដែលនាំអោយពួកគ្រីស្ទាននៅក្នុងសម័យគម្ពីរសញ្ញាថ្មីបានរងការប្រមាថ និងការអាម៉ាស់ជាសាធារណៈយ៉ាងដូច្នេះថា៖ «ពួកគ្រីស្ទានបានជ្រើសរើសរបៀបរស់នៅមួយខុសពីផ្លូវនៃជីវិតចាស់របស់ពួកគេ។ របៀបរស់ នៅរបស់ពួកគេបានធ្វើអោយអ្នកដទៃគិតថា ពួកគេមិនចង់ធ្វើជាមិត្ត ឬជួបមុខពួកគ្រីស្ទានឡើយ ដោយសារតែពួកគេមិនមែនជាគ្រីស្ទាន។ គ្រប់គ្នាភាគច្រើនក៏បានគិតថា ពួកគ្រីស្ទានប្រឆាំងទាស់នឹងរដ្ឋាភិបាលផងដែរ។ ពួកបណ្តាជននៅក្នុងសម័យគម្ពីរសញ្ញាថ្មីមានអារម្មណ៍ថា ពួកគេត្រូវតែស្មោះត្រង់ចំពោះពួកព្រះ និងថ្វាយដង្វាយដល់ពួកព្រះទាំងនោះ។ នៅពេលដែលពួកបណ្តាជនធ្វើរឿងទាំងនេះ ពួកគេបានបង្ហាញ ថា ពួកគេស្មោះត្រង់ចំពោះរដ្ឋាភិបាល មេដឹកនាំ មិត្តភក្តិ និងគ្រួសាររបស់ពួកគេ។ ដូច្នេះ ការថ្វាយបង្គំពួកព្រះគឺជារូបស័ព្ទមួយ។ ការថ្វាយបង្គំនេះបង្ហាញថា បុគ្គលដែលធ្វើរឿងទាំងនេះបានរក្សាសហគមន៍អោយបានរឹងមាំ។ នេះគឺជាមូលហេតុដែលនាំអោយពួកបណ្តាជនមិនជឿទុកចិត្តដល់ពួកគ្រីស្ទាន និងពួកយូដាណាដែលមិនបានថ្វាយបង្គំពួកព្រះទាំងនោះ។ ពួកគ្រីស្ទាន និងពួកយូដាត្រូវបានគេចាត់ទុកថា ជាអ្នកបំពានច្បាប់ដែលប្រឆាំងទាស់នឹងរដ្ឋាភិបាលនៃនគររ៉ូម»។ ដកស្រង់ពី Perseverance in Gratitude (Grand Rapids, MI: Eerdmans Publishing Company, 2000), page 12, adapted។
«ព្រះមានឱសថដែលមិនចេះបរាជ័យក្នុងការព្យាបាលមនុស្សដែលបាត់បង់ក្តីសង្ឃឹមនោះឡើយ។ ឱសថនោះគឺជាសេចក្តីជំនឿ សេចក្តីអធិស្ឋាន និងការអនុវត្ត។ សេចក្តីជំនឿ និងការបម្រើព្រះនឹងជួយអោយមនុស្សម្នាក់មានអារម្មណ៍ជឿទុកចិត្ត និងមានសេចក្តីអំណរ។ ការជឿទុកចិត្ត និងសេចក្តីអំណរនឹង លូតលាស់ឡើងជារៀងរាល់ថ្ងៃ។ តើចិត្តរបស់លោកអ្នកពោរពេញទៅដោយក្តីកង្វល់ ឬមានអារម្មណ៍អស់សង្ឃឹមដែរឬទេ? នៅពេលដែលអ្វីៗមើលទៅហាក់ដូចជាអាប់អួរនោះ សូមកុំអោយភ័យខ្លាចឡើយ។ ចូរមានសេចក្តីជំនឿទៅលើព្រះ ដ្បិតទ្រង់ជ្រាបអំពីអ្វីៗដែលលោកអ្នកត្រូវការ។ ព្រះមានគ្រប់ទាំងអំណាច។ សេចក្តីស្រឡាញ់របស់ទ្រង់គ្មានទីបញ្ចប់នោះទេ។ ទ្រង់មិនដែលនឿយហត់ក្នុងការបង្ហាញសេចក្តីមេត្តាដល់លោកអ្នកនោះឡើយ។ សូមកុំអោយភ័យខ្លាចថា ទ្រង់នឹងមិនរក្សាសេចក្តីសន្យារបស់ទ្រង់នោះឡើយ។ ព្រះគឺជាសេចក្តីពិតដ៏នៅអស់កល្ប។ ទ្រង់មិនដែលផ្លាស់ប្តូរសេចក្តីសញ្ញាដែលទ្រង់បានតាំងឡើងជាមួយនឹងមនុស្សដែលស្រឡាញ់ទ្រង់នោះទេ។ ទ្រង់នឹងប្រទានដល់អ្នកបម្រើស្មោះត្រង់របស់ទ្រង់នូវ អ្វីដែលពួកគេត្រូវការយ៉ាងពិតប្រាកដ។ លោកប៉ុលបានប្រាប់យើងអំពីអ្វីដែលព្រះយេស៊ូវបានមានបន្ទូល ប្រាប់គាត់យ៉ាងដូច្នេះថា៖ «គុណរបស់អញល្មមដល់ឯងហើយ ដ្បិតកម្លាំងអញបានពេញខ្នាត ដោយសេចក្តីកំសោយដូច្នេះ ខ្ញុំនឹងស៊ូអួតពីសេចក្តីកំសោយរបស់ខ្ញុំដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្តានៃព្រះគ្រីស្ទបានសណ្ឋិតនៅនឹងខ្ញុំ ហេតុនោះបានជាខ្ញុំអរសប្បាយក្នុងកាលដែលមានសេចក្តីកំសោយ ក្នុងកាលដែលគេត្មះតិះដៀលក្នុងសេចក្តីលំបាក កាលគេធ្វើទុក្ខបៀតបៀន ហើយក្នុងសេចក្តីដែលខ្ញុំត្រូវចង្អៀតចង្អល់ ដោយយល់ដល់ព្រះគ្រីស្ទ ដ្បិតកាលណាខ្ញុំខ្សោយ នោះខ្ញុំមានកម្លាំងយ៉ាងចំណានវិញ»។ ដកស្រង់ពី Ellen G. White, Prophets and Kings, pages 164, 165។
សំនួរពិភាក្សា៖
- ពួកយើងមានរបៀបនៅរស់តាមបែបគ្រីស្ទានមួយដែលធ្វើអោយយើងមានលក្ខណៈផ្សេងពីអ្នកដទៃ ហើយលក្ខណៈនេះឯងតែងតែញែកយើងចេញពីអ្នកដទៃជានិច្ច។ តើយើងអាចរស់នៅក្នុងជីវិតបែបនេះ ដោយមិនធ្វើអោយអ្នកដទៃគិតថា យើងមិនបានខ្វល់ខ្វាយពីពួកគេដោយរបៀបណា?
- តើបទពិសោធន៍នៃពួកគ្រីស្ទាននៅក្នុងកណ្ឌគម្ពីរហេព្រើរមានលក្ខណៈដូចគ្នាទៅនឹងពួកជំនុំឡៅឌីសេ នៅក្នុងខគម្ពីរវិវរណៈ ៣៖១៤-២២ ដោយរបៀបណា? តើយើងអាចរៀនអ្វីខ្លះចេញពីបទពិសោធន៍នៃពួកជំនុំនៅក្នុងកណ្ឌគម្ពីរហេព្រើរ?
រឿងខ្លី
អ្នកការពារដ៏គួរអោយភ្ញាក់ផ្អើល
អាពាហ៍ពិពាហ៍ជាធម្មតាគឺជាពេលវេលាដ៏រីករាយមួយ នៅពេលដែលក្រុមគ្រួសារមកចូលរួម។ ប៉ុន្តែ ខុម និងអ៊ុងដែលជាប្តីរបស់នាងបានរស់នៅយ៉ាងលំបាកនៅក្នុងភូមិដ៏ដាច់ស្រយាលមួយនៅក្នុងប្រទេសឡាវ។ នាងខុមដែលជាក្រុមឡាវេន គឺជាកូនស្រីរបស់គ្រូខាបព្រលឹង។ នាងត្រូវបានគេតុបតែងខ្លួនតាំងពីក្មេង ដើម្បីជំនួសតំណែងម្តាយរបស់នាង។ ប៉ុន្តែ នាងបានរកឃើញព្រះពិត ហើយនាងបានថ្វាយជីវិតរបស់នាងទៅឯទ្រង់ខុសពីបំណងនៃម្តាយរបស់នាង។ ជាងនេះទៅទៀតនោះ នាងបានរៀបការ ជាមួយបុរសគ្រីស្ទានម្នាក់មកពីក្រុមមួយទៀត។ មនុស្សគ្រប់គ្នាបានជំទាស់នឹងការរៀបការរបស់ពួកគេ សូម្បីតែពួកវិញ្ញាណអារក្សក៏ជំទាស់នឹងពួកគេដែរ។
ថ្ងៃមួយ វិញ្ញាណអារក្សបានលេចនៅមុខនាង ហើយសើចចំអកអោយនាង។ ភ្លាមនោះ នាងខុមបានលុតជង្គង់អធិស្ឋាន។ នាងបានព្យាយាមក្រោកដើរទៅអានព្រះគម្ពីររបស់នាង។ ព្រះគម្ពីរដាក់នៅជិតនោះតែពីរបីជំហានប៉ុណ្ណោះ ប៉ុន្តែ នាងមានអារម្មណ៍ថា ជើងរបស់នាងធ្ងន់ពិបាកធ្វើចលនាមែនទែន។ ជើងរបស់នាងហាក់ដូចជាផុងចូលនៅក្នុងដីអ៊ីចឹង។ ខណៈពេលដែលនាងកំពុងតែព្យាយាមដើរ នាងបានអធិស្ឋានថា «ព្រះអង្គអើយ សូមការពារទូលបង្គំផង ព្រះអង្គអើយ សូមការពារទូលបង្គំផង»។ ទីបំផុត នាងអាចឈោងយកព្រះគម្ពីរមកបើកអានបាន។ បន្ទាប់ពីអានបានពីរបីទំព័ររួចមក នាងបានអធិស្ឋានដោយនូវព្រះនាមព្រះយេស៊ូវ រួចវិញ្ញាណអារក្សរសាត់បាត់ទៅ។
ការតស៊ូជាមួយនឹងអំណាចដ៏អាក្រក់បានបន្តអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែ នាងខុម និងលោក អ៊ុងបានថ្វាយបង្គំព្រះដោយស្មោះត្រង់នៅក្នុងផ្ទះរបស់ពួកគេ។ ឪពុកម្តាយ បងប្អូន និងអ្នកជិតខាងរបស់ពួក គេបានបង្ហាញការស្អប់ខ្ពើមរបស់ពួកគេយ៉ាងបើកចំហ។ បុគ្គលម្នាក់បានរាយការណ៍ពីបទចោទប្រកាន់ នៃការធ្វើខុសរបស់ពួកគេទៅអោយអាជ្ញាធរ។ នៅពេលដែលប៉ូលិសមកចាប់ប្តីប្រពន្ធពីរនាក់នេះយកទៅឃុំឃាំង ពួកគេបានជួបទីសំគាល់ដ៏អាថ៌កំបាំង និងពេញដោយអំណាចនៅមុខផ្ទះរបស់ប្តីប្រពន្ធទាំងពីរនាក់នេះ។ ពួកប៉ូលិសបានភៀសខ្លួនចេញដោយភាពភ័យខ្លាច។ មកចាប់ប្តីប្រពន្ធទាំងពីរនាក់នេះជាលើកទី២ក៏ត្រូវបរាជ័យដែរ នៅពេលដែលប៉ូលិសត្រូវបានបំភ័យដោយរូបភាពនៃទីសំគាល់ពីរយ៉ាងនៅក្នុងផ្ទះ។ ពាក្យចចាមអារ៉ាមបានផ្សាយតៗគ្នាថា ប្តីប្រពន្ធពីរនាក់នេះមានអ្នកតាមថែរក្សា ពេលនោះមនុស្សម្នាចាប់ផ្តើមគោរពពួកគេ។
ទន្ទឹមនឹងនេះ ប្តីប្រពន្ធពីរនាក់នេះបានចែករំលែកសេចក្តីជំនឿរបស់ពួកគេជាមួយក្រុមគ្រួសារ និងអ្នកជិតខាង។ ពួកគេបានជួយអ្នកដទៃនៅគ្រប់ឱកាសទាំងអស់ និងជួយដល់អ្នកដែលក្រីក្របំផុត ទោះបីជាការជួយនោះធ្វើអោយពួកគេក្រក៏ដោយ។ មនុស្សចាប់ផ្តើមចូលមកសុំអោយពួកគេជួយបន្តិចម្តងៗ។ អ្នកឈឺ និងអ្នកអារក្សចូលបានមករកការព្យាបាល។ មនុស្សបានទទួលជឿដល់ព្រះម្តងមួយៗ ហើយផ្ទះរបស់ប្តីប្រពន្ធពីរនាក់នេះបានក្លាយទៅជាព្រះវិហារ។ ប្អូនរបស់ស្រីខុមបានបដិសេធដំណឹងល្អមួយរយៈ ប៉ុន្តែ នៅយប់មួយ នាងបានឃើញពន្លឺភ្លឺចែងចាំងនៅក្នុងផ្ទះរបស់ខុម។ នៅថ្ងៃបន្ទាប់នាងបានសួរបងស្រីរបស់នាងពីរបៀបដែលបងស្រីនាងបានទទួលពន្លឺ ខណៈពេលដែលអ្នកភូមិទាំងមូលមិនទាន់បានអគ្គិសនីនៅឡើយនោះ។ ខុមមិនដឹងថា ត្រូវតបយ៉ាងដូចម្តេចនោះទេ ពីព្រោះនៅពេលនោះនាងបានគេងលក់ជាមួយនឹងប្តីរបស់នាងបាត់ហើយ។ បន្ទាប់មក ប្អូនស្រីបានទទួលជឿដល់ព្រះយេស៊ូវ។
អំណានដង្វាយប្រចាំសប្តាហ៍
ទីមួយគឺជាកន្លែងរបស់ព្រះអង្គ
យើងថ្វាយបង្គំព្រះជាម្ចាស់គឺដោយសារតែទីមួយគឺជាកន្លែងរបស់ព្រះអង្គ។ ពាក្យពេចន៍ដំបូងៗនៃព្រះគម្ពីរបរិសុទ្ធដែលបានចែងថា «កាលដើមដំបូងឡើយព្រះ» គឺជាការបង្ហាញថា ព្រះ- ជាម្ចាស់ទ្រង់គឺជា «ទីមួយ» ដោយពុំបានរៀបរាប់លំអិតអំពីដើមកំណើត និងការគង់នៅពីមុនរបស់ព្រះអង្គឡើយ។ តំណែងរបស់ព្រះអង្គក្នុងឋានៈជា «ទីមួយ» គឺខ្ពង់ខ្ពស់ជាងកិត្តិយសឬឋានន្តរស័ក្តិណាៗទាំងអស់។ ឋានៈរបស់ព្រះអង្គនេះប្រកាសថា តួអង្គរបស់ព្រះគឺជាអ្នកចាប់ផ្តើមយ៉ាងត្រឹមត្រូវនូវអ្វីៗទាំងអស់។ លោកប៉ុលបានពណ៌នាថា ទ្រង់គឺជាថ្មជ្រុងយ៉ាងឯក រីឯលោកយ៉ូហានដែលជាអ្នកសរសេរកណ្ឌគម្ពីរវិវរណៈវិញបានពណ៌នាអំពីទ្រង់ថាជាអាល់ហ្វា (មានន័យថា មុនគេបង្អស់)។ ខណៈដែលការអំពាវនាវ «ឲ្យយកព្រះទុកជាទីមួយ» បានលាន់ឮម្តងទៀតនៅក្នុងត្រចៀករបស់យើង នោះ វាហាក់ដូចជាសន្មតឲ្យគិតថា យើងអាចសម្រេចចិត្តថាអាចយកព្រះទុកជាទីមួយក៏បាន។ ការយកព្រះទុកជាទីមួយគឹគ្រាន់តែជាការទទួលស្គាល់ថាព្រះជាម្ចាស់ជាតួអង្គទីមួយ ដែលជាអ្នកចាប់ផ្តើមមុនគេបង្អស់។ នៅពេលដែលយើងទទួលស្គាល់ព្រះជាទីមួយមានន័យថា យើងកំពុងតែដាក់ខ្លួនសម្របទៅតាមលំដាប់លំដោយនៃសកលលោកនេះហើយ។
មានបងប្អូនពីរនាក់កំពុងរវល់នឹងល្បែងតម្រៀបរូបគំនូរ។ បន្ទាប់ពីមួយសន្ទុះធំក្រោយមក បុរសជាឪពុកក៏បានឮការឈ្លោះប្រកែកគ្នាកើតឡើងរវាងបងប្អូនទាំងពីរ។ ពេលដែលឪពុកចូលទៅ មើល គាត់ឃើញបងប្អូនទាំងពីរកំពុងតែដណ្តើមបំណែកមួយនៃផ្ទាំងគំនូរព្រមទាំងស្រែកដាក់គ្នាផង ដែរ។ ម្នាក់ចង់យកទៅដាក់នៅជ្រុងខាងឆ្វេងប៉ែកក្រោម រីឯម្នាក់ទៀតចង់យកទៅដាក់នៅជ្រុងខាងលើប៉ែកខាងស្តាំ... គាត់មិនអាចឈប់ញញឹមបានទេ ទីបំផុតគាត់ក៏បានផ្តល់យោបល់ថា៖ «កូនមិនអាចលេងល្បែងតម្រៀបរូបគំនូរនេះចប់ឡើយ លុះត្រាតែបំណែកមួយនេះត្រូវបានយកទៅដាក់នៅកន្លែងដែលត្រឹមត្រូវជាមុនសិន»។
ជីវិតរបស់យើងក៏នឹងមិនបានរួចរាល់ដែរប្រសិនបើយើងមិនព្រមទទួលស្គាល់ព្រះថា «ជាទីមួយ» និង «ជាអ្នកចាប់ផ្តើម» ឲ្យចំកន្លែងរបស់ព្រះអង្គទេនោះ។ យើងរាល់គ្នានឹងត្រូវវិនាសក្នុងនាមជាអ្នកដែលមិនបានចាប់ផ្តើម។ តើអ្នកណា និងអ្វីដែលកំពុងតែដណ្តើមគ្នាយកកន្លែងទីមួយនៅក្នុងការចាត់ចែងធនធានទាំងតូចទាំងធំរបស់យើងរាល់គ្នានោះ? ប្រសិនបើលោកអ្នកប្រាថ្នាចង់ធ្វើឲ្យឆ្នាំនេះក្លាយជាពេលវេលាដ៏័៏ពិសេសក្នុងជីវិត សូមជ្រើសរើសយកការទទួលស្គាល់ព្រះជាម្ចាស់ជាទីមួយនៅក្នុងគ្រប់អ្វីៗទាំងអស់ចុះ។
សេចក្តីអំពានាវ៖ «កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃ និងផែនដី» (លោកុប្បត្តិ ១៖១)។
សេចក្តីអធិដ្ឋាន៖
ព្រះអម្ចាស់អើយ ទូលបង្គំយើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ ដ្បិតទ្រង់គឺជាអ្នកចាប់ផ្តើមដ៏ធំនៃសកលលោកនេះ។ យើងរាល់គ្នាសូមយាងព្រះអង្គធ្វើជាទីមួយនៅក្នុងជីវិតរបស់យើងរាល់គ្នា និងជាទីមួយនៅក្នុងការចាត់ចែងធនធានរបស់យើងរាល់គ្នា។ យើងរាល់គ្នាចង់ចាប់មានការចាប់ផ្តើមដ៏ធំ និងការបញ្ចប់ដោយខ្លាំងក្លានៅក្នុងព្រះអង្គ។ សូមអធិដ្ឋាននៅក្នុងនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។