សូមអានខគម្ពីរទំនុកដំកើង ១០០៖១-៣។ តើយើងគួរតែមានអារម្មណ៍យ៉ាងដូចម្តេច ចំពោះ ព្រះដែលបានបង្កើតយើងមកដូចដែលខទាំងនេះបានបង្ហាញដល់យើង? តើហេតុអ្វីបានជាយើងគួរមានអារម្មណ៍យ៉ាងដូច្នោះ?
កណ្ឌគម្ពីរលោកុប្បត្តិបានចាប់ផ្តើមឡើងជាមួយនឹងសារមួយស្តីអំពីព្រះដែលបានបង្កើតយើង។ យើងបានឃើញសេចក្តីពិតនេះតាមរយៈពាក្យពេចន៍ដែលបានសរសេរថា៖ «ព្រះបានបង្កើតផ្ទៃមេឃ និងផែនដី» (លោកុប្បត្តិ ១៖១)។ «ព្រះ» គឺជាពាក្យដ៏សំខាន់បំផុតនៅក្នុងឃ្លាដំបូងនេះ។
បទគម្ពីរលោកុប្បត្តិ ១ និង២ បានបង្ហាញយើងអំពីរូបភាពខុសគ្នា២យ៉ាងរបស់ព្រះ។ យើងបានឃើញរូបភាពទី១របស់ព្រះនៅក្នុងខគម្ពីរលោកុប្បត្តិ ១៖១-២៤។ ខទាំងនេះបានបង្ហាញយើងថា ព្រះទ្រង់ខ្ពស់ជាងមនុស្សលោក។ ពាក្យ «ព្រះ» នៅក្នុងខគម្ពីរលោកុប្បត្តិ ១៖១ ប្រែមកពីពាក្យថា «អែឡូហ៊ីម (Elohim)» ជាភាសាហេព្រើរ។ ឈ្មោះអែឡូហ៊ីមបានបង្ហាញយើងថា ព្រះទ្រង់អស្ចារ្យ និងមានពេញទៅដោយអំណាចទាំងអស់។ ពាក្យ «អែឡូហ៊ីម» គឺជាពហុវចនៈ។ ដូច្នេះ អែឡូហ៊ីមបានបង្ហាញយើងនូវបុគ្គលលើសពីម្នាក់។ អែឡូហ៊ីមក៏បានបង្ហាញយើងថា ព្រះទ្រង់ស្មោះត្រង់ និងល្អឥតខ្ចោះជាងអ្នកណាទៀតទាំងអស់។
បន្ទាប់មក យើងបានឃើញរូបភាពទី២របស់ព្រះនៅក្នុងខគម្ពីរលោកុប្បត្តិ ២៖៤-២៥។ រូបភាពនេះបានបង្ហាញយើងអំពីព្រះកាន់តែច្បាស់ឡើង។ យើងបានឃើញព្រះតាមវិធីរៀងៗខ្លួន។ យេហ៊ូវ៉ា (YHWH) គឺជានាមរបស់ព្រះជាភាសាហេព្រើរនៅក្នុងខទាំងនេះ។ នាមនេះបានបង្ហាញយើងថា ព្រះចង់មានមិត្តភាពជិតស្និទ្ធជាមួយនឹងយើង។ តើអ្វីជាមេរៀនដ៏សំខាន់បំផុតដែលយើងបានរៀនចេញពីរូបភាពទី២របស់ព្រះ។ យើងបានដឹងថា រឿងនៃកណ្ឌគម្ពីរលោកុប្បត្តិស្តីអំពីជីវិតនោះ គឺជាការត្រាស់ហៅអោយយើងថ្វាយបង្គំព្រះយ៉ាងពិតប្រាដក។ ដើម្បីធ្វើដូច្នេះបានយើងត្រូវតែដឹងថា សិរីលំអនៃភាពស្មោះត្រង់ និងអំណាចរបស់ទ្រង់នោះគឺជាការពិតជាមុនសិន។ ទន្ទឹមគ្នានេះ យើងក៏ត្រូវតែមានអារម្មណ៍ថា យើងត្រូវការព្រះយ៉ាងពិតប្រាកដផងដែរ។ យើងត្រូវតែពឹងផ្អែកទៅលើទ្រង់ទាំងស្រុងពីព្រោះទ្រង់បានបង្កើតយើងមក។ ម្ល៉ោះហើយ «យើងខ្ញុំជារបស់ផងទ្រង់» (ទំនុកដំកើង ១០០៖៣)។ ឥឡូវនេះ តើលោកអ្នកបានឃើញអំពីមូលហេតុដែលនាំអោយមានចម្រៀងនៃព្រះគម្ពីរជាច្រើនបានផ្សាភ្ជាប់ទៅនឹងការថ្វាយបង្គំព្រះ ទាក់ទងនឹងរឿងស្តីអំពីរបៀបដែលជីវិតបានកកើតឡើងនៅលើផែនដីនេះដែរឬទេ (ទំនុកដំកើង៩៥៖១-៦; ទំនុកដំកើង ១៣៩៖១៣, ១៤; សូមប្រៀបធៀបជាមួយនឹងខគម្ពីរវិវរណៈ ១៤៖៧)?
កណ្ឌគម្ពីរលោកុប្បត្តិបានផ្តល់អោយយើងនូវរូបភាព២យ៉ាងរបស់ព្រះ ដើម្បីបង្ហាញយើងអំពីសេចក្តីពិតនៃព្រះគម្ពីរដ៏សំខាន់មួយទាក់ទងទៅនឹងការថ្វាយបង្គំ។ ព្រះទ្រង់ស្មោះត្រង់ និងមានពេញទៅដោយអំណាច។ ទន្ទឹមគ្នានេះ ព្រះអង្គដែលពេញទៅដោយអំណាចនេះចង់នៅជាប់ជាមួយនឹងយើង។ ម្ល៉ោះហើយយើងត្រូវតែបង្ហាញការគោរពដល់ព្រះជានិច្ច។ ជាការពិតណាស់ ព្រះចង់អោយយើងមានអារម្មណ៍សប្បាយរីករាយ ដោយសារតែទ្រង់ស្រឡាញ់យើង និងប្រាថ្នាចង់នៅកៀកនឹងយើង (សូមអានខគម្ពីរទំនុកដំកើង ២៖១១)។ ប៉ុន្តែ យើងក៏ត្រូវតែចាំថា ព្រះទ្រង់ខ្ពស់ជាងយើង និងពោរពេញទៅដោយអំណាចផងដែរ។ ពេលនោះ យើងនឹងយល់អំពីរបៀបថ្វាយបង្គំទ្រង់កាន់តែប្រសើរឡើង។ ហើយយើងក៏នឹងរីករាយជាមួយនឹងព្រះគុណរបស់ទ្រង់នៅក្នុងជីវិតរបស់យើងផងដែរ។
ព្រះទ្រង់មានអំណាចជាទីបំផុត។ ទ្រង់បានទ្រទ្រង់របស់ទាំងអស់។ ទន្ទឹមគ្នានេះ ទ្រង់ក៏ចង់នៅកៀកនឹងយើងម្នាក់ៗផងដែរ។ តើហេតុអ្វីបានជាសេចក្តីពិតនៃព្រះគម្ពីរនេះគួរអោយភ្ញាក់ផ្អើល និងអស្ចារ្យជាទីបំផុត?
ថ្ងៃច័ន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២
គ្រប់យ៉ាងដំណើរការទៅយ៉ាងល្អបំផុត
សូមអានខគម្ពីរលោកុប្បត្តិ ១៖៤, ១០, ១២, ១៨, ២១, ២៥, ៣១ និងលោកុប្បត្តិ ២៖១-៣។ តើហេតុអ្វីបានជាព្រះបានមានបន្ទូលថា «ល្អណាស់» បន្ទាប់ពីអ្វីៗគ្រប់យ៉ាងដែលទ្រង់បានបង្កើតពីមួយ ថ្ងៃទៅមួយថ្ងៃនោះ? តើព្រះបានធ្វើអ្វីនៅចុងសប្តាហ៍ បន្ទាប់ពីទ្រង់បានបញ្ចប់ការបង្កើតរបស់គ្រប់យ៉ាងនោះ? តើសកម្មភាពរបស់ទ្រង់នេះបានបង្រៀនមេរៀនអ្វីដល់យើងដែរ? សូមអានខគម្ពីរលោកុប្បត្តិ ២៖១-៣ សម្រាប់ចម្លើយ។
--------------------------------------------------------
នៅចុងបញ្ចប់នៃថ្ងៃនីមួយៗ ព្រះបានមានបន្ទូលថា «តូវ (tov)» ឬ «ល្អណាស់»។ ពាក្យថា «តូវ» ជាភាសាហេព្រើរបានបង្ហាញយើងថា ព្រះបានធ្វើកិច្ចការដ៏អស្ចារ្យមួយ។ អ្វីៗគ្រប់យ៉ាងដែលព្រះបានបង្កើតនោះគឺជាជោគជ័យមួយ។ ម្ល៉ោះហើយ នៅពេលដែលព្រះបានមានបន្ទូលថា «ល្អណាស់» ទ្រង់ចង់មានបន្ទូលថា «គ្រប់យ៉ាងដំណើរទៅយ៉ាងល្អណាស់»។ ពន្លឺបានភ្លឺឡើង «លោកុប្បត្តិ ១៖៤»។ រុក្ខជាតិបានបង្កើតផលផ្លែ (លោកុប្បត្តិ ១៖១២)។ល។
«តូវ» ក៏បានបង្ហាញយើងលើសពីរបៀបដែលរបស់អ្វីមួយដំណើរការទៅយ៉ាងរលូននោះដែរ។ អ្នកសរសេរព្រះគម្ពីរបានប្រើពាក្យ «តូវ» ដើម្បីបង្ហាញយើងអំពីសេចក្តីអំណរដែលពួកគេមានចំពោះរបស់ អ្វីមួយដ៏ស្រស់ស្អាត (លោកុប្បត្តិ ២៤៖១៦)។ «តូវ» ក៏បានបង្ហាញយើងអំពីរបស់អ្វីមួយដែលល្អ និងមិនអាក្រក់ផងដែរ (លោកុប្បត្តិ ២៖៩)។ របស់អាក្រក់ៗសុទ្ធតែមានទំនាក់ទំនងជាមួយនឹងសេចក្តីស្លាប់ទាំងអស់ (លោកុប្បត្តិ ២៖១៧)។
ពាក្យដែលសរសេរថា «ល្អណាស់» បានបង្ហាញយើងថា អ្វីៗគ្រប់យ៉ាងដែលព្រះបានបង្កើតនោះដំណើរទៅយ៉ាងល្អបំផុត។ អ្វីៗគ្រប់យ៉ាងក៏ស្រស់ស្អាត និងល្អឥតខ្ចោះផងដែរ។ ដ្បិតគ្មានសេចក្តីអាក្រក់ណាមួយនៅក្នុងរបស់ដែលព្រះបានបង្កើតនោះឡើយ។ ផែនដីនៅពេលនោះមិនត្រូវបានបំផ្លាញដោយសារអំពើបាប និងសេចក្តីស្លាប់ដូចដែលយើងបានឃើញសព្វថ្ងៃនេះឡើយ។
សព្វថ្ងៃនេះ អ្នកវិទ្យាសាស្ត្រភាគច្រើនមិនបានបង្រៀនសេចក្តីពិតនៃព្រះគម្ពីរនោះទេ។ ពួកគេបានបង្រៀនថា ជីវិតនៅលើផែនដីនេះបានកើតឡើងដោយចៃដន្យ។ អ្វីៗគ្រប់យ៉ាងត្រូវបានបង្កើតឡើងតាមរយៈការប្រែប្រួលបន្តិចម្តងៗដែលបានកើតឡើងជាយូរមកហើយ។ គេបានហៅគោលគំនិតនេះថា ជាការវិវត្ត។
ព្រះដែលបណ្តាលអោយលោកម៉ូសេសរសេរកណ្ឌគម្ពីរលោកុប្បត្តិបានផ្តល់ការបកស្រាយខុសគ្នាមួយអំពីរបៀបដែលជីវិតបានកកើតឡើង។ ព្រះបានមានបន្ទូលតាមរយៈលោកម៉ូសេថា ព្រះបានបង្កើតផែនដី និងរបស់សព្វសារពើនៅក្នុងនោះផងដែរ (លោកុប្បត្តិ ១៖១)។ ពាក្យសរសេរថា «បានបង្កើត» នៅ ក្នុងខគម្ពីរលោកុប្បត្តិ ១៖១ បានប្រែមកពីពាក្យថា «បារ៉ា (bara)» ជាភាសាហេព្រើរ។ ពួកអ្នកសរសេរព្រះគម្ពីរបានប្រើពាក្យនេះដើម្បីពិពណ៌នាអំពីព្រះ និងអ្វីដែលទ្រង់បានបង្កើតតែប៉ុណ្ណោះ។ នៅពេលដែលព្រះបានបង្កើតរបស់អ្វីមួយ របស់នោះក៏បានកើតឡើងមួយរំពេច។ គ្មានការពន្យារពេលនោះឡើយ។
នៅចុងសប្តាហ៍នៃកិច្ចការរបស់ទ្រង់នោះ ព្រះបានមានបន្ទូលថា អ្វីៗគ្រប់យ៉ាងដែលទ្រង់បានបង្កើតនោះ «ល្អណាស់» (លោកុប្បត្តិ ១៖៣១, បកប្រែថ្មីពី ERV)។ ដូច្នេះ ព្រះបានបង្កើតអ្វីៗគ្រប់យ៉ាង (លោកុប្បត្តិ ១៖១)។ ហើយព្រះក៏បានបញ្ចប់កិច្ចការរបស់ទ្រង់នៅក្នុងរយៈពេល៦ថ្ងៃ ព្រមទាំងសម្រាកនៅថ្ងៃសប្បាតហ៍ផងដែរ (លោកុប្បត្តិ ២៖១)។
ការវិវត្តបានបង្រៀនយើងថា ជីវិតនៅលើផែនដីនេះត្រូវចំណាយពេលរាប់លានឆ្នាំក្នុងការកកើត។ គោលគំនិតនេះមិនស្របជាមួយនឹងសេចក្តីពិតនៃព្រះគម្ពីរនោះទេ។ តើហេតុអ្វីបានជាគោលគំនិតទាំង២នេះមិនអាចស្របគ្នាបាន?
ថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២
ថ្ងៃសប្បាតហ៍
តើថ្ងៃសប្បាតហ៍បង្ហាញយើងថា ព្រះបានបង្កើតផ្ទៃមេឃ និងផែនដីនៅក្នុងរយៈពេល៦ថ្ងៃ ហើយទ្រង់បានសម្រាកនៅក្នុងថ្ងៃទី៧នោះដោយរបៀបណា? តើសេចក្តីពិតនៃព្រះគម្ពីរនេះអាចជួយអោយយើងរក្សាថ្ងៃសប្បាតហ៍អោយបានបរិសុទ្ធដោយរបៀបណាដែរ? សម្រាប់ចម្លើយសូមអានខគម្ពីរលោកុប្បត្តិ ២៖២, ៣ និងនិក្ខមនំ ២០៖៨-១១។
--------------------------------------------------------
ព្រះបានបង្កើតថ្ងៃសប្បាតហ៍ដើម្បីបង្ហាញយើងថា ទ្រង់បានបញ្ចប់កិច្ចការទាំងអស់របស់ទ្រង់។ ម្ល៉ោះហើយ នៅពេលដែលយើងសម្រាកនៅថ្ងៃសប្បាតហ៍ទី៧នោះ យើងបានបង្ហាញសេចក្តីជំនឿទៅលើសេចក្តីពិតនៃព្រះគម្ពីរដែលថា ព្រះបានសម្រាក បន្ទាប់ពីទ្រង់បានបញ្ចប់កិច្ចការរបស់ទ្រង់។ ព្រះក៏បានមានបន្ទូលថា កិច្ចការទាំងអស់របស់ទ្រង់ «ល្អណាស់» ផងដែរ (លោកុប្បត្តិ ១៖៣, បកប្រែថ្មីពី ERV)។ នៅពេលដែលយើងរក្សាថ្ងៃសប្បាតហ៍នោះ ប្រៀបដូចជាយើងនិយាយថា ព្រះបានបង្កើតរបស់សព្វសារពើយ៉ាងល្អ និងស្រស់ស្អាតដូច្នោះដែរ។
យើងអាចសម្រាកពីកិច្ចការរបស់យើងនៅថ្ងៃសប្បាតហ៍ ដូចដែលព្រះបានសម្រាកពីកិច្ចការរបស់ទ្រង់ដូច្នោះដែរ។ នៅពេលដែលយើងរក្សាថ្ងៃសប្បាតហ៍នោះ យើងបានបង្ហាញព្រះថា យើងបានដឹងគុណចំពោះអំណោយទានទាំងអស់របស់ទ្រង់។ អំណោយទានទាំងនេះរាប់បញ្ចូលទាំងរូបកាយរបស់ យើងផងដែរ។ ពួកទស្សនវិទូខ្លះនៅក្នុងសម័យព្រះគម្ពីរបានបង្រៀនថា រូបកាយគឺជារបស់ដ៏អាក្រក់មួយ។ គួរអោយសោកស្តាយណាស់ ពួកទស្សនវិទូសម័យថ្មីក៏បានបង្រៀននូវគោលគំនិតដូចគ្នានេះដែរ។ ប៉ុន្តែ គោលគំនិតមិនត្រឹមត្រូវនោះទេ។ ព្រះគម្ពីរមិនបានបង្រៀនគោលគំនិតខុសឆ្គងនេះក្នុងខណាមួយឡើយ។ ក្នុងនាមជាអ្នករក្សាថ្ងៃសប្បាតហ៍ យើងបានថ្លែងអំណរគុណចំពោះអំណោយទានទាំងអស់របស់ព្រះ រួមទាំងរូបកាយរបស់យើងផងដែរ។ នេះហើយគឺជាមូលហេុតដែលនាំអោយយើងយកចិត្តទុកដាក់ចំពោះផែនដីនេះព្រមទាំងខ្លួនយើងផ្ទាល់ផងដែរ។
ថ្ងៃសប្បាតហ៍នឹងផ្តល់អោយយើងនូវសេចក្តីសង្ឃឹមសម្រាប់អនាគតដ៏ភ្លឺស្វាងមួយជារៀងរាល់ ៧ថ្ងៃម្តង។ ដូច្នេះ ថ្ងៃសប្បាតហ៍គឺជាសេចក្តីសន្យាមួយ។ នៅពេលដែលថ្ងៃសប្បាតហ៍បានបញ្ចប់សប្តាហ៍ នីមួយៗនោះ យើងក៏បានឃើញថា ព្រះនឹងបញ្ចប់ការឈឺចាប់របស់យើងនាពេលអនាគតផងដែរ។ បន្ទាប់ ពីមនុស្សលោកបានធ្វើបាបរួចមក ថ្ងៃសប្បាតហ៍បានបង្ហាញយើងថា ព្រះនឹងសង្គ្រោះយើង។ ថ្ងៃសប្បាតហ៍ក៏បានបង្ហាញយើងថា ព្រះនឹងបង្កើតផែនដីនេះថ្មីឡើងវិញផងដែរ (អេសាយ ៦៥៖១៧; វិវរណៈ ២១៖១)។ពេលនោះព្រះនឹងបញ្ចប់អំពីបាប និងការឈឺចាប់ទាំងអស់ជារៀងរហូត។
គ្មានចម្ងល់ឡើយដែលព្រះយេស៊ូវបានជ្រើសរើសថ្ងៃសប្បាតហ៍ទុកជាពេលវេលាដ៏ល្អមួយក្នុង ការព្យាបាលមនុស្ស និងបញ្ចប់ការឈឺចាប់ទាំងឡាយ (លូកា ១៣៖១៣-១៦) នោះ។ ពួកមេដឹកនាំសាសន៍យូដាបានខឹងជាខ្លាំងនៅពេលដែលព្រះយេស៊ូវបានព្យាបាលអ្នកណាម្នាក់នៅថ្ងៃសប្បាតហ៍។ ពួកគេបាន ចោទប្រកាន់ព្រះយេស៊ូវថា ទ្រង់បានរំលងក្រឹត្យវិន័យ។ ប៉ុន្តែ ព្រះយេស៊ូវបានបង្ហាញពួកគេក៏ដូចជាយើងដែរថា យើងគួរតែមើលថែអ្នកជំងឺនៅថ្ងៃសប្បាតហ៍។ យើងក៏គួរតែបង្ហាញការអាណិតអាសូរដល់ពួកគេផងដែរ។ នៅពេលដែលព្រះព្យាបាលអ្នកជំងឺនៅថ្ងៃសប្បាតហ៍នោះ ទ្រង់បានបង្ហាញយើងអំពីពេលអនាគតកាលដែលសេចក្តីឈឺចាប់ និងសេចក្តីស្លាប់នឹងត្រូវបានបញ្ចប់ជារៀងរហូត។ ដូច្នេះ ថ្ងៃសប្បាតហ៍បានផ្តល់អោយយើងនូវសេចក្តីសង្ឃឹមដែលព្រះយេស៊ូវនឹងសង្គ្រោះយើងឥឡូវនេះ ហើយនិងបញ្ចប់អំពើបាបនាពេលអនាគតជារៀងរហូតផងដែរ។
តើការសម្រាករបស់យើងនៅថ្ងៃសប្បាតហ៍បានបង្ហាញសេចក្តីជំនឿរបស់យើងនៅក្នុងសេចក្តីសន្យាដែលព្រះយេស៊ូវបានសង្គ្រោះយើងឥឡូវនេះដោយរបៀបណា? តើការសម្រាករបស់យើងក៏បានបង្ហាញអំពីគោលជំនឿរបស់យើងថា ព្រះយេស៊ូវនឹងធ្វើអោយផ្ទៃមេឃ និងផែនដីថ្មីឡើងវិញម្តងទៀតនាពេលអនាគតដោយរបៀបណាដែរ?
ថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២
ការបង្កើតមនុស្សលោក
ព្រះបានបង្កើតមនុស្សលោក បន្ទាប់ពីទ្រង់បានបង្កើតរបស់ផ្សេងៗរួចមក។ មនុស្សលោកគឺជាស្នាព្រះហស្តដ៏អស្ចារ្យបំផុតដែលព្រះបានបង្កើត។
ខគម្ពីរលោកុប្បត្តិ ១៖២៦-២៩ និងលោកុប្បត្តិ ២៖៧ បានបង្ហាញយើងអំពីរបៀបដែលព្រះបានបង្កើតមនុស្សលោក។ តើរឿងទាំង២នេះនៅក្នុងកណ្ឌគម្ពីរលោកុប្បត្តិដូចគ្នានៅត្រង់ណា? តើរឿងទាំង២នេះបានបង្ហាញយើងយ៉ាងដូចម្តេចដែរអំពីមនុស្សលោក?
--------------------------------------------------------
ព្រះបានបង្កើតមនុស្សលោកអោយដូចជារូបអង្គទ្រង់។ ម្ល៉ោះហើយ បានជាយើងមើលទៅស្រដៀងគ្នានឹងព្រះដែរ។ ដ្បិតយើងគ្រាន់តែជារូបដែលព្រះបានបង្កើតអោយដូចជារូបអង្គទ្រង់ប៉ុណ្ណោះ។ ប៉ុន្តែ យើងមិនមែនជារូបពិតប្រាកដរបស់ព្រះនោះទេ។ មានតែព្រះយេស៊ូវមួយអង្គគត់ដែលជារូបដ៏ពិតប្រាកដ។ ជាការពិតណាស់ សត្វពាហនៈក៏មិនមែនជារូបចម្លងរបស់ព្រះដែរ គឺថា៖ «ទ្រង់ក៏ [បាន] ធ្វើសត្វព្រៃនៅផែនដីតាមពូជសត្វស្រុកតាមពូជ ហើយគ្រប់ទាំងសត្វដែលលូនវារនៅដីគោកតាមពូជ» (លោកុប្បត្តិ ១៖២៥)។ ប៉ុន្តែ ព្រះ «ក៏ [បាន] បង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះ ឯងក៏បង្កើតគេឡើងជាប្រុសជាស្រី» ផងដែរ (លោកុប្បត្តិ ១៖២៧)។ គួរអោយសោកស្តោយណាស់ អ្នកប្រាជ្ញខាងឯព្រះគម្ពីរខ្លះមិនបានយល់អំពីខនេះពិតប្រាកដនោះទេ។ ពួកគេបានគិតថា មនុស្សលោកគ្រាន់តែ ជារូបខាងឯវិញ្ញាណរបស់ព្រះប៉ុណ្ណោះ។ ម្ល៉ោះហើយ ពួកគេបានជឿថា យើងអាចបង្ហាញសេចក្តីស្រឡាញ់ របស់ព្រះបាន។ ប៉ុន្តែ យើងគ្មានរូបរាងដូចជាទ្រង់នោះឡើយ។
តើព្រះគម្ពីរបានបង្រៀនយើងយ៉ាងដូចម្តេចអំពីប្រធានបទនេះ? កណ្ឌគម្ពីរលោកុប្បត្តិបានចែង ថា ព្រះបានបង្កើតលោកអ័ដាម «ឲ្យដូចរូបអង្គទ្រង់» (លោកុប្បត្តិ ១៖២៧)។ ភាសាហេព្រើរសម្រាប់ពាក្យថា «រូបអង្គ» បានបង្ហាញយើងថា ព្រះបានបង្កើតមនុស្សលោកជាមួយនឹងរូបកាយដែលមើលទៅដូចជារូបទ្រង់ផ្ទាល់។ ព្រះក៏បានបង្កើតមនុស្សលោកខាងឯវិញ្ញាណផងដែរ។ ពាក្យសរសេរថា «ដូចរូបអង្គព្រះ» នោះ (លោកុប្បត្តិ ១៖២៦) បានបង្ហាញយើងអំពីសេចក្តីពិតនៃព្រះគម្ពីរ។ «ដូច» ប្រែមកពីពាក្យថា «ដេមុត (Demut)» ជាភាសាហេព្រើរ។ «ដេមុត» បានបង្ហាញយើងថា លោកអ័ដាមមានសតិ និងមានអារម្មណ៍។ ដូច្នេះ លោកអ័ដាមក៏ដូចជាព្រះផងដែរតាមរិធីនេះ។ អ្នកស្រីអែល្លីន ជីវ៉ៃត៍បានមានប្រសាសន៍ថា «នៅពេលដែលព្រះបានបង្កើតលោកអ័ដាមមក គាត់មើលទៅស្រដៀងគ្នានឹងព្រះជាទីបំផុត។ លោកអ័ដាម គឺជារូបចម្លងរបស់ព្រះ។ លោកអ័ដាមមានរូបកាយ ចិត្តគំនិត និងវិញ្ញាណ»។ ដកស្រង់ពី Education, page 15, adapted។
យើងបានឃើញថា ខគម្ពីរលោកុប្បត្តិ ២៖៧ បានបង្រៀនអំពីសេចក្តីពិតដូចគ្នានេះយ៉ាងដូច្នេះថា៖ «មនុស្សក៏មានជីវិតរស់ឡើង» (លោកុប្បត្តិ ២៖៧, គខប)។ ពាក្យសរសេរថា «ជីវិតរស់» ប្រែមកពី ពាក្យថា «នេហ្វេស (Nefesh)» ជាភាសាហេព្រើរ។ «នេហ្វេស» បានបង្ហាញយើងថា លោកអ័ដាមបានមានជីវិតរស់ឡើង ដោយសារតែព្រះបានធ្វើរឿង២យ៉ាង។ ព្រះ «យកធូលីដីមកសូនធ្វើជាមនុស្ស» បន្ទាប់មក «ទ្រង់ផ្លុំខ្យល់ដង្ហើមជីវិតបញ្ចូលទៅក្នុងរន្ធច្រមុះ» (លោកុប្បត្តិ ២៖៧)។ ពាក្យសរសេរថា «ផ្លុំខ្យល់ដង្ហើម» បានបង្ហាញយើងថា លោកអ័ដាមបានមានវិញ្ញាណមួយ និងរូបកាយមួយ។
ព្រះនឹងបង្កើតស្ត្រីចេញពីរូបកាយរបស់បុរសនៅពេលក្រោយមកទៀត (លោកុប្បត្តិ ២៖២១, ២២)។ ព្រះបានបង្កើតស្ត្រីដោយវិធីនេះដើម្បីបង្ហាញយើងថា នាងក៏មានវិញ្ញាណមួយ និងរូបកាយមួយផងដែរ។
ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២
អំណោយទានទាំង៣យ៉ាង
តើព្រះបានធ្វើអ្វីភ្លាម បន្ទាប់ពីទ្រង់បានបង្កើតបុរសមក? ទ្រង់បានប្រទានអំណោយទាន៣យ៉ាងដល់គាត់៖ (១) សួនច្បារអេដែន (លោកុប្បត្តិ ២៖៨) (២) អាហារ (លោកុប្បត្តិ ២៖១៦) និង (៣) ស្ត្រី (លោកុប្បត្តិ ២៖២២)។
តើមនុស្សលោកគួរតែមានអារម្មណ៍យ៉ាងណាចំពោះព្រះ និងភពផែនដីមួយនេះ? តើព្រះ និងភពផែនដីនេះមានទំនាក់ទំនងអ្វីនឹងគ្នាដែរ? សម្រាប់ចម្លើយសូមអានខគម្ពីរលោកុប្បត្តិ ២៖១៥-១៧។
--------------------------------------------------------
ព្រះបានមានបន្ទូលតាមរយៈលោកម៉ូសេថា «ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកអ័ដាមទៅដាក់នៅក្នុងសួនច្បារអេដែនឲ្យគាត់ធ្វើការហើយថែរក្សា» (លោកុប្បត្តិ ២៖១៥)។ ពាក្យសរសេរថា «ធ្វើការ» ប្រែមកពីពាក្យថា «អាវ៉ាត (avad)» ជាភាសាហេព្រើរ។ ពាក្យអាចជួយអោយយើងយល់អំពីអ្វីដែលព្រះចង់អោយយើងធ្វើជាមួយនឹងអំណោយទានរបស់យើង។ យើងត្រូវតែខិតខំធ្វើការដើម្បីអោយអំណោយទាននេះបានរីកចម្រើនឡើង។ ព្រះយេស៊ូវក៏បានបង្រៀនយើងអំពីមេរៀនដូចគ្នានេះនៅក្នុងរឿងប្រៀបធៀបរបស់ទ្រង់ក្នុងខគម្ពីរម៉ាថាយ ២៥៖១៤-៣០ ផងដែរ។ ក្នុងខគម្ពីរលោកុប្បត្តិ ២៖១៥ កិរិយាស័ព្ទដែលសរសេរ ថា «ថែរក្សា» ប្រែមកពីពាក្យថា «ស្សាម៉ា (shamar)» ជាភាសាហេព្រើរ។ «ស្សាម៉ា» ក្នុងភាសាហេព្រើរមានន័យថា «រក្សា»។ «ស្សាម៉ា» បានបង្ហាញយើងថា យើងត្រូវតែការពារអំណោយទានរបស់យើងទាំងអម្បាលម៉ាន។
ព្រះក៏បានប្រទានអំណោយទានចំណីអាហារដល់បុរសផងដែរ (លោកុប្បត្តិ ១៖២៩)។ បន្ទាប់មក«ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បង្គាប់ទៅអ័ដាមថា ‘ឯងនឹងស៊ីផ្លែទាំងអស់ក្នុងសួនច្បារនេះបានតាមចិត្ត’» (លោកុប្បត្តិ ២៖១៦)។ មនុស្សលោកមិនបង្កើតដើមឈើ ឬអាហាររបស់ពួកគេនោះទេ។ ដើមឈើ និងអាហារគឺជាអំណោយទានមួយ។ អំណោយទាននេះបានបង្ហាញយើងអំពីសេចក្តីស្រឡាញ់របស់ព្រះ។
អំណោយទានខាងឯអាហារនេះក៏អមមកជាមួយនឹងក្រឹត្យវិន័យផងដែរ។ ព្រះបានបង្គាប់បុរសថា «តែឯត្រង់ដើមដឹងខុសត្រូវ នោះមិនត្រូវឲ្យឯងស៊ីផលឡើយ ដ្បិតនៅថ្ងៃណាដែលឯងស៊ី នោះនឹងត្រូវស្លាប់ជាមិនខាន» (លោកុប្បត្តិ ២៖១៧)។ ក្រឹត្យវិន័យដ៏សំខាន់នេះគឺជាការសាកល្បងមួយ។ ព្រះបានសាកល្បងមនុស្សលោកសម្រាប់សេចក្តីល្អរបស់ពួកគេ។ ប្រសិនបើពួកគេបរាជ័យ ព្រះនឹងមិនអនុញ្ញាតអោយពួកគេបរិភោគផ្លែចេញពីដើមជីវិតនោះឡើយ។
ស្ត្រីគឺជាអំណោយទានទី៣។ ព្រះក៏បានចេញសេចក្តីបង្គាប់មួយអំពីអំណោយទាននេះផងដែរ។ សេចក្តីបង្គាប់នេះបានបង្ហាញយើងនូវក្រឹត្យវិន័យដ៏សំខាន់មួយអំពីអាពាហ៍ពិពាហ៍យ៉ាងដូច្នេះថា៖ «មនុស្សប្រុសនឹងលាចេញពីឪពុកម្តាយខ្លួន ទៅនៅជាប់នឹងប្រពន្ធវិញ ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១សុទ្ធ» (លោកុប្បត្តិ ២៖២៤)។ ពាក្យសរសេរថា «សាច់តែ១» គឺជារូបស័ព្ទមួយ។ ពាក្យនេះបានបង្ហញយើងថា ប្តី និងប្រពន្ធនឹងក្លាយមកជាមនុស្សតែ១ នៅពេលដែលពួកគេបានរៀបអាពាហ៍ពិពាហ៍រួច (សូមប្រៀបធៀបជាមួយនឹងខគម្ពីរម៉ាថាយ ១៩៖៧-៩)។ អាពាហ៍ពិពាហ៍គឺជាអំណោយទានមួយមកពី ព្រះ។ ប្តី និងប្រពន្ធមានទំនួលខុសត្រូវក្នុងការធ្វើអោយប្រាកដថាអាពាហ៍ពិពាហ៍របស់ពួកគេគឺជោគជ័យមួយ។
ព្រះបានប្រទានអំណោយទានដ៏អស្ចារ្យជាច្រើនដល់លោកអ្នក។ តើលោកអ្នកអាចការពារអំណោយទាននេះដោយរបៀបណា? តើលោកអ្នកអាចប្រើអំណោយទានទាំងនេះសម្រាប់ទ្រង់បានដោយរបៀបណា?
ថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០២២
សិក្សាបន្ថែម
សូមអាន Ellen G. White, “Science and the Bible,” page 129, 130, in Education; ‘The Creation,’ in The Story of Redemption, pages 21, 22។
«ធម្មជាតិប្រៀបដូចជាសៀវភៅមួយក្បាលដូច្នេះដែរ។ ដ្បិតធម្មជាតិគឺជាព្រះគម្ពីរ «ទី២»។ ធម្មជាតិ និងព្រះគម្ពីរបានបង្ហាញយើងថា ព្រះ «បានចារឹករបស់ទាំង២យ៉ាងនេះ។ ធម្មជាតិ និងព្រះគម្ពីរស្របគ្នាទាំងស្រុង។ ជាការពិតណាស់ ពួកវិទ្យាសាស្ត្រតែងតែរកឃើញអព្ភូតហេតុថ្មីៗ។ ប៉ុន្តែ គ្មានរឿងណាមួយចេញពីវិទ្យាសាស្ត្រដែលមិនស្របជាមួយនឹងព្រះគម្ពីរនោះទេ។ សៀវភៅនៃធម្មជាតិ និងព្រះគម្ពីរបានបង្រៀនអំពីរឿងតែមួយ។ ពួកគេបានជួយអោយយើងរៀនអំពីព្រះ និងច្បាប់ធម្មជាតិរបស់ទ្រង់។ ច្បាប់ទាំងនេះបានបង្ហាញយើងអំពីរបៀបដែលព្រះធ្វើកិច្ចការរបស់ទ្រង់»។
«ពួកវិទ្យាសាស្ត្រខ្លះបានបង្រៀននូវគោលគំនិតខុសឆ្គងទាំងឡាយ។ ពួកគេបានគិតថា វិទ្យាសាស្ត្រ និងព្រះគម្ពីរមិនស្របគ្នានោះទេ។ ម្ល៉ោះហើយ ពួកគេបានព្យាយាមធ្វើអោយព្រះគម្ពីរស្របតាមគោលគំនិតខុសឆ្គងរបស់ពួកគេ។ បន្ទាប់មក ពួកគេបានបំផ្លាញគោលជំនឿរបស់យើងទៅលើសេចក្តីពិតនៃព្រះគម្ពីរ។ ពួកវិទ្យាសាស្ត្រដែលបានសិក្សាអំពីផែនដី និងដុំថ្មនៅលើផែនដីបាននិយាយថា វិទ្យាសាស្ត្រមិនស្របជាមួយនឹងព្រះគម្ពីរអំពីរបៀបដែលជីវិតបានកកើតឡើងនោះទេ។ ពួកវិទ្យាសាស្ត្រទាំងនេះបាននិយាយថា វាទាមទារអាយុកាលរាប់លានឆ្នាំ ដើម្បីអោយជីវិតនៅលើផែនដីនេះអាចកើតឡើងបាន។ ដូច្នេះ ពួកគេបានបង្ខំអោយព្រះគម្ពីរស្របជាមួយនឹងគោលគំនិតរបស់ពួកគេ។ ព្រះគម្ពីរបានចែងថា ព្រះចំណាយពេល៦ថ្ងៃក្នុងការបង្កើតផ្ទៃមេឃ និងផែនដី។ ប៉ុន្តែ ពួកវិទ្យាសាស្ត្រទាំងនេះបាននិយាយថា ៦ថ្ងៃគឺជារូបស័ព្ទតំណាងអោយរាប់ពាន់ឆ្នាំទៅវិញ»។
«គោលគំនិតនេះខុសទាំងស្រុង។ កំណត់ត្រានៃព្រះគម្ពីរស្របគ្នាយ៉ាងល្អឥតខ្ចោះជាមួយនឹង ធម្មជាតិ ហើយនិងការបង្រៀនរបស់វា»។ ដកស្រង់ពី Ellen G. White, Education, pages 128, 129, adapted។
សំនួរពិភាក្សា៖
- តើយ៉ាងណាទៅវិញ ប្រសិនបើលោកអ្នកបានគិតថា រឿងនៅក្នុងព្រះគម្ពីរអំពីជីវិតដែលបានកកើតឡើងគឺជារឿងព្រេងនិទានទៅវិញនោះ? គួរអោយសោកស្តាយណាស់ ពួកគ្រីស្ទានជាច្រើននាក់បានជឿបែបនេះ។ គោលគំនិតខុសឆ្គងនេះបានបំផ្លាញសេចក្តីជំនឿរបស់យើងទៅលើព្រះគម្ពីរ។ តើតម្រុយអ្វីខ្លះដែលលោកអ្នកបានឃើញនៅក្នុងព្រះគម្ពីរដែលបង្ហាញយើងថា លោកម៉ូសេបានដឹងថា រឿងដែលគាត់បានសរសេរនៅក្នុងបទគម្ពីរលោកុប្បត្តិ ១ និង២ គឺជារឿងពិតដូចជាបទគម្ពីរលោកុប្បត្តិដែលនៅសេសសល់ដទៃទៀតផងដែរ?
- តើរឿងនៃកណ្ឌគម្ពីរលោកុប្បត្តិបានបង្រៀនយើងយ៉ាងដូចម្តេចអំពីការធ្វើជាអ្នកគ្រប់គ្រងផែនដីដ៏ល្អបំផុតនោះ?
- ជាការពិតណាស់ អំពើបាបបានបំផ្លាញភាពស្រស់ស្អាតដ៏ល្អឥតខ្ចោះនៃផែនដីនេះ។ ប៉ុន្តែ តើរបស់អ្វីខ្លះនៅក្នុងធម្មជាតិដែលនៅតែបន្តបង្ហាញលោកអ្នកថា អ្វីៗដែលព្រះបានបង្កើតនោះសុទ្ធតែ «ល្អណាស់»?
រឿងខ្លី
ការចំអកអោយថ្ងៃសប្បាតហ៍
ពួកសិស្សបានចំអកអោយនាងឡៃស្សា សាមីឡា ចាស៊ីន (Laissa Samila Yassine) ចំពោះការមិនមករៀននៅថ្ងៃសៅរ៍នៅក្នុងប្រទេសម៉ូហ្សាំប៊ិក (Mozambique)។ សិស្សម្នាក់បាននិយាយថា «ឯង មកសាកលវិទ្យាល័យនេះ ដើម្បីរៀនមិនមែនមកតាមការបង្រៀននៃព្រះវិហាររបស់ឯងនោះទេ»។ សិស្សម្នាក់បាននិយាយថា «ឯងឆ្កួតហើយ»។ ការចំអកបានចាប់ផ្តើមឡើង នៅពេលដែលនាងឡៃស្សាកំពុងតែព្យាយាមជាមួយនឹងការសិក្សាខាងឯផ្នែកវិស្វកម្មមេកានិចក្នុងអំឡុងឆមាសទី១នៅឯសាកលវិទ្យាល័យសាធារណៈមួយ។ ពេលនោះ នាងអាចបន្ធូបន្ថយអារម្មណ៍បានតាមរយៈការស្តាប់ភ្លេងដែលបានចាក់ផ្សាយតាមរយៈលោកបេលីស្សារីអូ (Belizario) ដែលជាមិត្តរួមថ្នាក់អាត់វេនទីស្ទម្នាក់។ បន្ទាប់មក នាង និងលោកបេលីស្សារីអូបានចាប់ផ្តើមសិក្សាព្រះគម្ពីររួមគ្នា។ ឡៃស្សាបានរាប់អានមិត្តភក្តិថ្មីៗដទៃទៀត ហើយពួកគេក៏សិក្សាព្រះគម្ពីរជាមួយនឹងនាងផងដែរ។
កាន់តែសិក្សាកាន់តែមិនយល់។ ការសិក្សាទៅលើគម្ពីរសម្រាយទាំង២ក្បាលដូចជាមិនស្របគ្នាអំពីថ្ងៃសប្បាតហ៍ទាល់តែសោះ។ នាងបានបំភ្លេចគម្ពីរសម្រាយទាំង២ក្បាលនោះទៅស្វែងរកព្រះគម្ពីរដ៏ពិតមួយសម្រាប់នាង។ ដោយការអធិស្ឋាន នាងបានអានក្រឹត្យវិន័យទី៤នៅក្នុងខគម្ពីរនិក្ខមនំ២០៖៨-១១ ដែលបានចែងថា «ចូរនឹកចាំពីថ្ងៃឈប់សម្រាក ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ» (បកប្រែថ្មីពី NKJV)។ នាងបានអានអំពីសេចក្តីត្រាស់ហៅរបស់ព្រះអម្ចាស់នៅក្នុងខគម្ពីរអេសាយ ៥៨៖១៣ ដែលបានចែងយ៉ាងដូច្នេះថា «ចូរបែរចេញពីការធ្វើតាមសេចក្តីប៉ងប្រាថ្នារបស់ឯងនៅថ្ងៃឈប់សម្រាករបស់អញ ហើយរាប់ថ្ងៃសប្បាតហ៍ទុកជាទីរីករាយចិត្តចុះ» (បកប្រែថ្មីពី NKJV) រួមទាំងព្រះបន្ទូលរបស់ំព្រះយេស៊ូវដែលថា «បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តិរបស់ខ្ញុំចុះ» (យ៉ូហាន ១៤៖១៥)។ នាងបានសម្រេច ចិត្តថា នឹងរក្សាថ្ងៃសប្បាតហ៍។ ដើមឡើយនាងឡៃស្សាបានលាក់បាំងការសម្រេចចិត្តរបស់នាង។ នាងខ្លាចគេសើចចំអក ហើយនាងមិនចង់អោយយកវាធ្វើជាការលេសសូមលោកគ្រូអ្នកគ្រូពីថ្នាក់ថ្ងៃសៅរ៍នោះឡើយ។
នាងក៏បានបារម្ភអំពីអ្វីដែលឪពុកម្តាយរបស់នាងនឹងនិយាយមកកាន់នាងផងដែរ។ ទោះជា យ៉ាងនេះក្តី នាងមិនអាចលាក់ការប្តេជ្ញាចិត្តរបស់នាងចំពោះខ្លួននាងបានយូរនោះទេ ម្ល៉ោះហើយនាងបានប្រកាសនៅចុងឆមាសទី២ថា នាងនឹងក្លាយទៅជាអាត់វេនទីស្ទម្នាក់។ ការភ័យខ្លាចដ៏អាក្រក់បំផុតរបស់ នាងបានកើតឡើងមែន។ អតីតមិត្តភក្តិបានតិះដៀលនាង ហើយនៅពេលដែលពួកគេបានឃើញនាងដើរជាមួយនឹង លោកបេលីស្សារីអូនោះ ពួកគេបានស្រែកមើលងាយថា «នុះហ្ន៎ ពួកអាអាត់វេនទីស្ទ»។ លោកគ្រូ អ្នកគ្រូបានបដិសេធមិនព្រមរៀបកាលវិភាគថ្នាក់ថ្ងៃសៅរ៍នោះឡើយ ម្ល៉ោះហើយ ពិន្ទុះរបស់នាងខ្សោយជាខ្លាំង។ លោកគ្រូ អ្នកគ្រូបាននិយាយថា «ប្រសិនបើនាងមិនចូលចិត្តរៀននៅទីនេះទេ នាងចេញពីនេះទៅ»។ ម្តាយរបស់នាងបានខឹងយ៉ាងខ្លាំង រីឯឪពុកនាងវិញបានកាត់កាល់នាងចោល។
ក្រោយមក នាងឡៃស្សាបានជួបនឹងសិស្សម្នាក់មកពីសាកលវិទ្យាល័យអាត់វេនទីស្ទម៉ូហ្សាំប៊ិកមកលេងព្រះវិហាររបស់នាងនៅថ្ងៃសប្បាតហ៍។ នាងរំភើបជាខ្លាំងដោយបានដឹងអំពីសាកលវិទ្យាល័យអាត់វេនទីស្ទនៅក្នុងប្រទេសម៉ូហ្សាំប៊ិក រួចនាងបានសូមការអនុញ្ញាតពីម្តាយរបស់នាង ដើម្បីប្តូរសាលារៀន។ ដំបូងឡើយ ម្តាយរបស់នាងបានបដិសេធយ៉ាងដាច់អហង្ការ ប៉ុន្តែ ក្រោយមកគាត់បានផ្លាស់ប្តូរគំនិតរបស់គាត់វិញដោយនឹកស្មានមិនដល់ បន្ទាប់ពីនាងឡៃស្សាបានអធិស្ឋាន និងតមអត់អស់រយៈពេល៣ថ្ងៃ ដើម្បីអោយព្រះជួយអន្តរាគមន៍ ដូចជាព្រះនាងអេសធើរដូច្នោះដែរ។ បន្ទាប់ពីបានប្តូរសាកលវិទ្យាល័យមួយរយៈពេលខ្លីក្រោយមកនាងបានប្រាប់ម្តាយរបស់នាងថា នាងលែងត្រូវការថវិកាបងថ្លៃសាលារៀនពីម្តាយរបស់នាងទៀតហើយ។ ការងារថ្មីរបស់នាងខាងឯបណ្ណាល័យគ្រប់គ្រាន់ល្មមអោយនាងបង់ថ្លៃសាលារៀនបាន។ ម្តាយរបស់នាងភ្ញាក់ផ្អើលជាខ្លាំង។ គាត់បាននិយាយថា «ការពិតទៅ ព្រះមិនមែនជាឪពុកធម៌របស់កូននោះទេ ប៉ុន្តែ ទ្រង់គឺជាឪពុកដ៏ពិតប្រាកដមួយរបស់កូន»។
អំណានដង្វាយប្រចាំសប្តាហ៍
បរិសុទ្ធចំពោះព្រះអម្ចាស់
យើងថ្វាយបង្គំព្រះជាមួយនឹងតង្វាយរបស់យើង ដោយសារតែតង្វាយទាំងនេះបរិសុទ្ធ ចំពោះព្រះ។ គុណនាម «បរិសុទ្ធ» ភាគច្រើនត្រូវបានភ្ជាប់ជាមួយនឹងថ្ងៃសប្បាតហ៍ និងតង្វាយ ១០ហូត១ប៉ុណ្ណោះ តែមិនងាយភ្ជាប់ជាមួយនឹងតង្វាយដទៃទៀតនោះឡើយ។ ទោះជាយ៉ាងនេះក្តី ព្រះគម្ពីរក៏មានពេញទៅដោយខគម្ពីរយោងទាក់ទងទៅនឹងភាពបរិសុទ្ធនៃតង្វាយទាំងនេះផងដែរ។ ក្នុងចំណោមបទគម្ពីរដទៃទៀត ព្រះគម្ពីរបានសំដែងថា តង្វាយអោយធួននឹងបាបដែលមានតង្វាយលោះបាប១ និងតង្វាយសម្រាប់ការរំលង១គឺជា «របស់បរិសុទ្ធ» (លេវីវិន័យ ៦៖២៥; ៧៖១) រីឯតង្វាយម្សៅវិញនោះ ត្រូវបានពិពណ៌នាថាជា «របស់បរិសុទ្ធបំផុតក្នុងអស់ទាំងតង្វាយ» (លេវីវិន័យ ២៖៣; ២២៖១០) ផងដែរ។ តង្វាយគឺជាមធ្យោបាយដ៏វិសេសវិសាលមួយដែលព្រះបានបង្កើតឡើង ព្រមទាំងកំណត់ទុកសម្រាប់កូនៗរបស់ទ្រង់ ដើម្បីថ្វាយបង្គំ និងជួបជុំជាមួយនឹងទ្រង់ដោយក្តីរីករាយផងដែរ។ តង្វាយគឺជាធាតុផ្សំនៃជីវិតដែលពួកចៅអ៊ីស្រាអែលមិនអាចខ្វះបានដោយយល់ឃើញថា ចំពោះព្រះ ការបដិសេធមិនព្រមថ្វាយតង្វាយនោះ គឺស្មើទៅនឹងការកោងយករបស់ព្រះហើយ (ម៉ាឡាគី ៣៖៨)។ នៅក្នុងសម័យអ៊ីស្រាអែលកាលពីបុរាណ ពួកកូនៗរបស់ព្រះបានថ្វាយបង្គំ សរសើរតម្កើងទ្រង់ និងអបអរសាទរដល់ទ្រង់ដែលជាអ្នកប្រទានព្រះអង្គដ៏បរិសុទ្ធមួយអង្គ។ ពួកគេបានប្រកាសថា ទ្រង់គឺជាព្រះ។ ពួកគេបានទទួលស្គាល់ទ្រង់ថា ជាម្ចាស់ជាអ្នកផ្តល់អោយ និងជាអ្នកទ្រទ្រង់។ ពួកគេបានបង្ហាញអំពី ការប្តេជ្ញាក្នុងការស្តាប់បង្គាប់ គាំទ្រព័ន្ធកិច្ចដ៏បរិសុទ្ធ ហើយនិងធ្វើជាពរដល់គ្រប់អស់ទាំងសាសន៍ តាមរយៈការថ្វាយតង្វាយនេះឯង។ ព្រះបានកំណត់បរិមាណនៃតង្វាយមួយចំនួន ប៉ុន្តែ តង្វាយ មួយចំនួនទៀត ព្រះបានអនុញ្ញាតអោយអ្នក ថ្វាយបង្គំធ្វើការសម្រេចចិត្តដោយខ្លួនឯង។ ប៉ុន្តែ គោលការណ៍ជាទូទៅនោះគឺតែងតែដាក់ថ្វាយទៅតាមសមាមាត្រដែលបុគ្គលម្នាក់ៗបានទទួលរៀងៗខ្លួន (ចោទិយកថា ១៦៖១៧) ហើយត្រូវថ្វាយអ្វីដែលល្អបំផុតដល់ព្រះទុកជាតង្វាយ (លេវីវិន័យ ២២៖២០)។
សព្វថ្ងៃនេះ សមាមាត្រនៃតង្វាយ១០ហូត១ បើប្រៀបធៀបទៅនឹងតង្វាយដទៃទៀត នោះជាទូទៅសមាមាត្រនៃតង្វាយ១០ហូត១មានតុល្យភាពជាង។ ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩នេះ យើងបានឃើញនិន្នាការច្បាស់លាស់មួយគឺថា តង្វាយសទ្ធាបានធ្លាក់ចុះជាងតង្វាយ១០ហូត១យ៉ាងខ្លាំងគួរអោយកត់សំគាល់។ ពេលខ្លះយើងក៏បានដាក់ថ្វាយរបស់ដែលនៅសល់ទុកជាតង្វាយផងដែរ។ សប្តាហ៍នេះ ខណៈពេលដែលយើងថ្វាយតង្វាយដែលហៅថា សេចក្តីសន្យាដូចសព្វមួយដងនោះ ចូរអោយយើងនឹកចាំអំពីកិច្ចដ៏បរិសុទ្ធនៃតង្វាយទាំងនេះផង។
សេចក្តីអំពាវនាវ៖ «ចូរថ្វាយកិត្តិនាមដល់ព្រះយេហូវ៉ា ដោយទ្រព្យសម្បត្តិ ហើយនឹងផលដំបូងពីសេចក្តីចំរើនរបស់ឯងទាំងអម្បាលម៉ានចុះ យ៉ាងនោះ អស់ទាំងជង្រុកឯងនឹងបានពេញបរិបូរ ឯងអស់ទាំងធុងឯង នឹងបានទឹកទំពាំងបាយជូរហូរហៀរផង» (សុភាសិត ៣៖៩-១០)។
សេចក្តីអធិដ្ឋាន៖
ឱព្រះអម្ចាស់អើយ ទូលបង្គំសូមសរសើរតម្កើងដល់ទ្រង់សម្រាប់ឱកាសក្នុង ការថ្វាយបង្គំទ្រង់នេះ។ សូមទ្រង់ជួយអោយទូលបង្គំអោយតម្លៃចំពោះការប្រតិបត្តិដ៏បរិសុទ្ធនៃការថ្វាយតង្វាយដល់ទ្រង់ផង។