សូមអានខគម្ពីរអេសេគាល ២៨៖១២-១៩។ តើខទាំងនេះបានបង្រៀនយើងយ៉ាងដូចម្តេច អំពីរបៀបដែលអំពើបាបបានចាប់ផ្តើមឡើង? តើហេតុអ្វីបានជាការចាប់ផ្តើមឡើងនៃអំពើបាបគឺជាអាថ៌កំបាំងយ៉ាងដូច្នេះ?
លោកអេសេគាលបានសរសេរបទគម្ពីររបស់គាត់ភាគច្រើនជារូបស័ព្ទ និងនិមិត្តរូប។ និមិត្តរូបទាំងនេះបានបង្ហាញយើងអំពីអ្វីដែលត្រូវកើតឡើងនៅគ្រាចុងក្រោយ។ ព្រះបានបណ្តាលអោយលោកអេសេគាលក៏បានសរសេរអំពីមនុស្ស សត្វ ឬរបស់របរនៅក្នុងសម័យរបស់គាត់ ដើម្បីបង្ហាញយើង អំពីសេចក្តីពិតនៃព្រះគម្ពីរដ៏ស៊ីជម្រៅមួយ។ ក្នុងខគម្ពីរអេសេគាល ២៨៖១-១០ យើងបានអានអំពីស្តេច នៃក្រុងទីរ៉ុស។ ក្នុងសម័យលោកអេសេគាល ក្រុងទីរ៉ុសគឺជាទីក្រុងដ៏ប្រណិតមួយនៅកណ្តាលសមុទ្រមេឌីទែរ៉ាណេ។ ព្រះបានមានបន្ទូលថា ស្តេចនៃក្រុងទីរ៉ុសគឺជាមេដឹកនាំដ៏ខ្លាំងពូកែម្នាក់។ ស្តេចបានអួតថា ទ្រង់កំពុងតែគង់នៅលើបល្ល័ង្ករបស់ព្រះ «នៅកណ្តាលសមុទ្រ» (អេសេគាល ២៨៖២; សូមអាន ខ៨ផងដែរ)។ ប៉ុន្តែ ព្រះបានមានបន្ទូលថា ស្តេចនៃក្រុងទីរ៉ុសគ្រាន់តែជាមនុស្សលោកម្នាក់ប៉ុណ្ណោះ។
ក្នុងខគម្ពីរអេសេគាល២៨៖១២-១៩ ស្តេចនៃក្រុងទីរ៉ុសបានក្លាយជារូបស័ព្ទមួយតំណាងអោយលុយស៊ីហ្វ័រ ដោយបានសំដែងថា៖ «ពីដើមឯងបាននៅក្នុងច្បារអេដែនជាសួនរបស់ព្រះ» (អេសេគាល ២៨៖១៣)។ «ឯងជាចេរូប៊ីនដែលបានចាក់ប្រេងតាំងឡើងជាអ្នកគ្របបាំង គឺអញបានតាំងឯងឡើង ឲ្យឯងបាននៅលើភ្នំបរិសុទ្ធរបស់ព្រះ» (អេសេគាល ២៨៖១៤)។
បន្ទាប់មក យើងបានអានអំពីចំណុចដ៏សំខាន់បំផុតដែលបានសំដែងថា ព្រះបានមានបន្ទូលពី លុយស៊ីហ្វ័រយ៉ាងដូច្នេះថា៖ «ចាប់តាំងពីថ្ងៃដែលឯងកើតមក នោះឯងបានគ្រប់លក្ខណ៍ក្នុងគ្រប់ទាំងផ្លូវរបស់ឯង ដរាបដល់វេលាដែលឃើញមានសេចក្តីទុច្ចរិតនៅក្នុងឯង» (អេសេគាល ២៨៖១៥)។ តើលោកអ្នកឃើញថា ព្រះបានបង្កើតលុយស៊ីហ្វ័រយ៉ាងល្អឥតខ្ចោះដែរឬទេ? ប៉ុន្តែ ព្រះក៏បានបង្កើតអោយលុយស៊ីហ្វ័រមានសេរីភាពផងដែរ។ ដូច្នេះ លុយស៊ីហ្វ័រក៏អាចជ្រើសរើសធ្វើរឿងអាក្រក់បានដែរ។
លុយស៊ីហ្វ័របានជ្រើសរើសធ្វើបាប។ វាបានធ្វើបាប ដោយសារតែវាបានជឿថា វាគឺជាទេវតាម្នាក់ដ៏សំខាន់ជាងគេបំផុត។ លុយស៊ីហ្វ័រមិនបានអរព្រះគុណដល់ព្រះ ដែលបានបង្កើតវា និងលើកតម្កើងវាលើសជាងពួកទេវតាទាំងអស់នោះទេ។ លុយស៊ីហ្វ័រចង់អោយគេកោតសរសើរ និងគោរពបន្ថែមទៀត។ តើរឿងនេះបានកើតឡើងនៅក្នុងចិត្តនៃទេវតាមួយដ៏ល្អឥតខ្ចោះ ដែលរស់នៅក្នុងកន្លែងដ៏ល្អឥតខ្ចោះនោះ យ៉ាងដូចម្តេចទៅបាន? ចម្លើយឆ្លើយតបទៅនឹងសំណួរនេះគឺជាអាថ៌កំបាំង។
«យើងមិនអាចបកស្រាយអំពីអំពើបាបបានឡើយ។ អំពើបាបគឺជាអាថ៌កំបាំង។ អំពើបាបគ្មានហេតុផលនោះទេ។ ប្រសិនបើយើងព្យាយាមបកស្រាយអំពីអំពើបាប នោះមានន័យថា យើងព្យាយាមស្វែងរកហេតុផលសម្រាប់វាហើយ។ ការស្វែងរកហេតុផលនេះក៏ដូចជាការដោះសាមួយដែរ។ អំពើបាបបានកើតឡើងនៅក្នុងកន្លែងដ៏ឥតខ្ចោះមួយ ប៉ុន្តែ អំពើបាបគ្មានការដោះសានោះឡើយ»។ ដកស្រង់ពី Ellen G. White, The Truth About Angels, page 30, adapted។
ព្រះបានបណ្តាលអោយប៉ុលមានប្រសាសន៍ថា៖ «ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់» (ថែស្សាឡូនីចទី១ ៥៖១៨)។ តើពាក្យទាំងនេះអាចលើកទឹកចិត្តដល់យើងយ៉ាងដូចម្តេចដែរ នៅក្នុងអំឡុងនៃគ្រាលំបាកៗ នៅពេលដែលយើងមានអារម្មណ៍សោកសង្រេងចំពោះខ្លួនឯងនោះ?
ថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២
គ្រោះថ្នាក់នៃសេចក្តីអំនួត
កណ្ឌគម្ពីរវិវរណៈបានបង្ហាញយើងអំពីក្រុង២ ដែលមានលក្ខណៈខុសពីគ្នាដាច់ស្រឡះ គឺក្រុង យេរូសាឡិម និងក្រុងបាប៊ីឡូន។ ក្រុងនីមួយៗគឺជារូបស័ព្ទតំណាងអោយសេចក្តីពិតខាងឯវិញ្ញាណ។ ក្រុងយេរូសាឡិមគឺជារូបស័ព្ទតំណាងអោយនគររបស់ព្រះ។ រីឯក្រុងបាប៊ីឡូនវិញ គឺជារូបស័ព្ទតំណាងអោយនគររបស់សាតាំង។ នគររបស់សាតាំងបានក្លែងធ្វើជានគររបស់ព្រះ។ នគររបស់សាតាំងបានព្យាយាមបំបាត់ព្រះ និងនគររបស់ទ្រង់ចេញពីចិត្តរបស់មនុស្ស។ យើងបានឃើញថា ព្រះបានត្រាស់ហៅរាស្ត្ររបស់ទ្រង់ជាច្រើនដងនៅក្នុងព្រះគម្ពីរ អោយចាកចេញពីក្រុងបាប៊ីឡូនទៅឯទឹកដីសន្យាវិញ។
យើងបានឃើញនូវការត្រាស់ហៅនេះមកពីព្រះនៅក្នុងរឿងរបស់លោកអាប់រ៉ាម។ ព្រះបានសូមអោយលោកអាប់រ៉ាមចាកចេញពីក្រុងអេុីរទៅកាន់ទឹកដីកាណាន (លោកុប្បត្តិ ១១៖៣១-១២៖៩)។ ក្រុង អេុីរគឺជាក្រុងមួយនៅក្នុងទឹកដីបាប៊ីឡូននៅសម័យរបស់លោកអាប់រ៉ាម។ ជាច្រើនឆ្នាំក្រោយមក ពួកសាសន៍យូដាបានចាកចេញពីក្រុងបាប៊ីឡូន ត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ (អេសរ៉ា ២)។ ក្នុងគម្ពីរវិវរណៈ ព្រះ បានត្រាស់ហៅរាស្ត្ររបស់ទ្រង់អោយចាកចេញពីក្រុងបាប៊ីឡូននៅចុងក្រោយម្តងទៀត (វិវរណៈ ១៤៖៨)។ រាស្ត្ររបស់ព្រះនឹងរស់នៅជាមួយនឹងទ្រង់នៅលើភ្នំស៊ីយ៉ូន និងនៅក្នុងក្រុងយេរូសាឡិមថ្មី (វិវរណៈ ១៤៖១; វិវរណៈ ២១៖១-៣, ១០)។
ដោយសារតែអំនួតរបស់សាតាំង តើមានអ្វីកើតឡើង នៅស្ថានសួគ៌ និងផែនដី? សម្រាប់ចម្លើយ ១៤៖១២-១៥។
--------------------------------------------------------
ក្នុងព្រះគម្ពីរ ក្រុងបាប៊ីឡូនគឺជារូបស័ព្ទមួយតំណាងអោយអំណាចនៃសាសនាដ៏អាក្រក់មួយ។ អំណាចនេះបានប្រឆាំងទាស់នឹងព្រះ ហើយនិងនគររបស់ទ្រង់។ ស្តេចនៃក្រុងបាប៊ីឡូនគឺជារូបស័ព្ទមួយ តំណាងអោយសេចក្តីអំនួត។ ព្រះបានបង្គាប់ដល់ស្តេចនេបូ៊ក្នេសាថា នគរបាប៊ីឡូនគឺជាក្បាលមាសនៃរូបសំណាកដែលស្តេចបានសុបិនឃើញ។ រូបសំណាកបានបង្ហាញពីនគរខុសៗគ្នានៅលើផែនដីនេះ បន្ទាប់ពីនគរបាប៊ីឡូន (ដានីយ៉ែល ២៖៣៧-៤៣)។ ប៉ុន្តែ ស្តេចនេបូ៊ក្នេសាមិនបានយកព្រះទ័យទុកដាក់ចំពោះព្រះនោះទេ។ ស្តេចបានធ្វើរូបសំណាកមាសមួយ ដើម្បីបង្ហាញមនុស្សគ្រប់គ្នាថា នគររបស់ទ្រង់នឹងនៅស្ថិតស្ថេរជារៀងរហូត។ បន្ទាប់មក ស្តេចបានបង្គាប់អោយមនុស្សគ្រប់គ្នាថ្វាយបង្គំរូបសំណាកនោះ (ដានី-យ៉ែល ៣)។ ស្តេចនៃក្រុងបាប៊ីឡូនក៏ជារូបស័ព្ទតំណាងអោយលុយស៊ីហ្វ័រ ដូចជាស្តេចនៃក្រុងទីរ៉ុសរួច មកហើយ ដែលយើងបានឃើញរួចមកហើយអ៊ីចឹង (អេសេគាល ២៨៖១២-១៩)។
ខគម្ពីរអេសាយ ១៤៖៣-១១ បានសំដែងថា ស្តេចនៃក្រុងបាប៊ីឡូនបានបាត់បង់នគររបស់ទ្រង់ ដោយសារតែអំនួត។ បន្ទាប់មក ខគម្ពីរអេសាយ ១៤៖១២-១៥ បានបង្ហាញប្រាប់យើងថា អំនួតក៏បានធ្វើអោយលុយស៊ីហ្វ័រធ្លាក់ចេញពីស្ថានសួគ៌មកដែរ។ ព្រះគម្ពីរបានបកស្រាយថា លុយស៊ីហ្វ័របានរៀបចំផែនការ ដើម្បីធ្វើអោយវាបានក្លាយទៅជាស្តេចនៃពួកទេវតាទាំងអស់។ លុយស៊ីហ្វ័រក៏ចង់អោយខ្លួនវាដូចជា ព្រះផងដែរ (អេសាយ ១៤៖១៤)។ លុយស៊ីហ្វ័របានកុហកអំពីព្រះដល់ពួកទេវតាដទៃទៀត។ លុយស៊ីហ្វ័រ បាននិយាយថា ព្រះអាក្រក់។ ប៉ុន្តែ លុយស៊ីហ្វ័រទៅវិញទេ ដែលមានសេចក្តីអាក្រក់នៅក្នុងចិត្ត។ រឿងនេះបានបង្ហាញយើងអំពីដើមកំណើតនៃសេចក្តីអាក្រក់។
តើហេតុអ្វីបានជាការអួតអំពីខ្លួនឯងងាយស្រួលម្ល៉េះ? តើឈើឆ្កាងបានជួយអោយយើងលះចោលអំនួតទាំងអស់ពីក្នុងចិត្តដោយរបៀបណា?
ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២
លុយស៊ីហ្វ័របានបន្តសង្គ្រាមរបស់វានៅលើផែនដី
សូមអានខគម្ពីរវិវរណៈ ១២។ តើជំពូកនេះបានបង្រៀនយើងយ៉ាងដូចម្តេច អំពីសង្គ្រាមដែលធ្លាក់ពីស្ថានសួគ៌មកដល់ផែនដីនេះ?
--------------------------------------------------------
ព្រះមិនបានបោះលុយស៊ីហ្វ័រចេញពីស្ថានសួគ៌ ដោយសារតែវាហ៊ានជំទាស់ជាមួយនឹងព្រះ។ ព្រះបានបោះលុយស៊ីហ្វ័រចេញ ដោយសារតែលុយស៊ីហ្វ័របានចាប់ផ្តើមសង្គ្រាម។ បទគម្ពីរវិវរណៈ១២ បានបង្ហាញប្រាប់យើងថា លុយស៊ីហ្វ័រ និងពួកទេវតារបស់វាបានប្រឆាំងទាស់នឹងព្រះយេស៊ូវ ហើយនិងពួកទេវតារបស់វា។ លុយស៊ីហ្វ័រត្រូវបានហៅថាជា «នាគដ៏ធំមានសម្បុរក្រហម» (វិវរណៈ ១២៖៣)។ «នោះនាគធំត្រូវបោះទម្លាក់ទៅ គឺជាពស់ពីបុរាណ ដែលឈ្មោះហៅថា អារក្ស ហើយសាតាំងផង ដែលបាននាំលោកីយ៍ទាំងមូលឲ្យវង្វេងចេញ» (វិវរណៈ ១២៖៩)។ នាគដដែលនេះក៏ជាអ្នក «ចោទពីគេនៅចំពោះព្រះទាំងយប់ទាំងថ្ងៃ» (វិវរណៈ ១២៖១០) ផងដែរ។ ក្នុងខគម្ពីរវិវរណៈ ១២៖៧ ព្រះយេស៊ូវត្រូវបានសំដែងថាជាមីកែលដែលមានន័យថា «តើអ្នកដែលដូចជាព្រះនោះ?»។
មនុស្សខ្លះបានជឿថា «មីកែល» គ្រាន់តែជាទេវតាមួយប៉ុណ្ណោះ។ នោះគឺដោយសារតែខគម្ពីរយូដាស ១៖៩ បានសំដែងថា មីកែលគឺជាមេនៃពួកទេវតា។ ប៉ុន្តែ កណ្ឌគម្ពីរដានីយ៉ែលក៏បានពិពណ៌នាអំពីមីកែលផងដែរ។ ការបើកសំដែងអំពីគ្រាចុងក្រោយទាំងអស់នៅក្នុងកណ្ឌគម្ពីរដានីយ៉ែលបានបញ្ចប់ជាមួយនឹងព្រះយេស៊ូវ ហើយនិងនគរដ៏នៅអស់កល្បរបស់ទ្រង់។ យើងបានឃើញហើយថា នគររបស់ព្រះយេស៊ូវត្រូវបានបង្ហាញតាមរយៈរូបស័ព្ទផ្សេងៗគ្នាគឺ៖
ក្នុងគម្ពីរសញ្ញាចាស់ យើងបានឃើញថា មហាទេវតារបស់ព្រះអម្ចាស់ គឺជាព្រះ (និក្ខមនំ ៣៖១-៦; កិច្ចការ ៧៖៣០-៣៣)។ ដូច្នេះ ទន្ទឹមនឹងនេះ មីកែលត្រូវតែជាបុគ្គលតែម្នាក់នោះ។ ហើយបុគ្គលម្នាក់នោះទៀតសោត គឺជាព្រះយេស៊ូវ។ បទគម្ពីរវិវរណៈ១២ បានបង្ហាញយើងនូវចំណុច៣យ៉ាង ស្តីអំពីសង្គ្រាមរវាងលុយស៊ីហ្វ័រ និងព្រះ។ (១) សង្គ្រាមបានចាប់ផ្តើមឡើងនៅស្ថានសួគ៌ជាមួយនឹងលុយស៊ីហ្វ័រ និងពួកទេវតារបស់វា។ (២) ព្រះយេស៊ូវបានយកឈ្នះចម្បាំងធំនៅក្នុងសង្គ្រាមនេះនៅត្រង់ឈើឆ្កាង។ ហើយ (៣) សាតាំងបានបន្តប្រឆាំងទាស់នឹងរាស្ត្រចុងក្រោយរបស់ព្រះ។
«ព្រះមិនបានធ្វើអោយលុយស៊ីហ្វ័រចាកចេញពីកិច្ចការរបស់វាភ្លាមៗនោះទេ។ ព្រះបានអនុញ្ញាត អោយលុយស៊ីហ្វ័រស្នាក់នៅស្ថានសួគ៌បណ្តោះអាសន្ន បន្ទាប់ពីវាបានបង្ហាញថា វាមិនសប្បាយចិត្តជាលើកដំបូង និងនៅពេលដែលវាបានចាប់ផ្តើមកុហកដល់ពួកទេវតាស្មោះត្រង់ទាំងឡាយនៅពេលក្រោយមកទៀត។ ព្រះបានអត់ឱនទោសដល់លុយស៊ីហ្វ័រម្តងហើយម្តងទៀត»។ ដកស្រង់ពី Ellen G. White, The Great Controversy, pages 495, 496, adapted។
នៅទីបញ្ចប់សាតាំង និងពួកទេវតារបស់វា «មិនបានឈ្នះទេ ក៏មិនឃើញមានកន្លែងណាឲ្យវានៅលើមេឃទៀតផង» (វិវរណៈ ១២៖៨; សូមអានខគម្ពីរលូកា ១០៖១៨ ផងដែរ)។ ជាការពិតណាស់ ឥឡូវនេះ បញ្ហាគឺថា សាតាំង និងពួកទេវតារបស់វាបានធ្លាក់មកដល់ផែនដី។
សង្គ្រាមដែលសាតាំងបានចាប់ផ្តើមឡើងនៅស្ថានសួគ៌បានបន្តនៅលើផែនដីនេះ។ តើសព្វថ្ងៃនេះ លោកអ្នកបានឃើញសង្គ្រាមនេះបន្តនៅលើផែនដីដោយរបៀបណា? តើយើងអាចឈ្នះសង្គ្រាមនេះដោយរបៀបណាដែរ?
ថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២
សិក្សាបន្ថែម
សូមអាន Ellen G. White, “Why was Sin Permitted?” pages 33-34; in Patriarchs and Prophets; “The Origin of Evil,” page 492-504, in The Great Controversy។
«ព្រះគ្មានឱកាស ឬសេចក្តីសង្ឃឹម ដើម្បីសង្គ្រោះសាតាំង និងពួកទេវតារបស់វានោះទេ។ កាលពីមុនសាតាំង និងពួកទេវតារបស់វាបានអរសប្បាយជាមួយនឹងសិរីល្អនៃស្ថានសួគ៌។ ពួកវាបានឃើញសិរីលំអដ៏ស្មោះត្រង់របស់ព្រះ។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តី ពួកវានៅតែប្រឆាំងទាស់នឹងព្រះដដែល។ គ្មានអ្វីដែលនៅសេសសល់សម្រាប់អោយព្រះអាចបង្ហាញដល់ពួកវា ឬជួយដល់ពួកវាអោយផ្លាស់ប្តូរបានឡើយ។ សាតាំង និងពួកទេវតារបស់វាបានប្រឆាំងទាស់នឹងព្រះ ខណៈដែលពួកវាកំពុងតែនៅជាមួយនឹងទ្រង់នៅស្ថានសួគ៌មកម្ល៉េះ។ ដូច្នេះ ព្រះមិនអាចជួយដល់ពួកវាបានទៀតឡើយ។ សាតាំង និងពួកទេវតារបស់វាមានពេញទៅដោយមន្ទិលសង្ស័យ។ ពួកវាបានច្រណែន។ ពួកវាបានរអ៊ូរទាំទាស់នឹងព្រះ។ ព្រះមិនបាន បង្ខំអោយសាតាំង និងពួកទេវតារបស់វាផ្លាស់ប្តូរសេចក្តីសង្ស័យចេញពីចិត្តច្រណែនរបស់ពួកវានោះទេ។ ប៉ុន្តែ សាតាំង និងពួកទេវតារបស់វាត្រូវតែទទួលនូវការដាក់ទោស។ ទណ្ឌកម្មរបស់ពួកគេនឹងបង្ហាញទំហំ នៃអំពើបាបដែលពួកគេបានធ្វើទាស់នឹងព្រះ ព្រមទាំងអ្វីៗគ្រប់យ៉ាងដែលពួកគេបានបន្សល់ទុកនៅឯស្ថានសួគ៌»។ ដកស្រង់ពី Ellen G. White, Confrontation, page 21, adapted។
សំនួរពិភាក្សា៖
- តើព្រះគឺជាអ្នកទទួលខុសត្រូវចំពោះអំពើបាបនៅលើផែនដីនេះដែរឬទេ? សូមផ្តល់ហេតុផលសម្រាប់ចម្លើយរបស់លោកអ្នក។
- ឈើឆ្កាងបានបង្ហាញយើងអំពីរបៀបដែលព្រះបានដោះស្រាយបញ្ហានៃអំពើបាប។ តើហេតុអ្វីបានជាឈើឆ្កាងសំខាន់ម្ល៉េះ ចំពោះការយល់ដឹងរបស់យើងអំពីដើមកំណើតនៃសេចក្តីអាក្រក់នោះ?
- សាតាំងបានធ្វើអោយមានអំពើបាប និងការរងទុក្ខនៅលើផែនដីនេះអស់រយៈពេល៦០០០ឆ្នាំ។ ជាការពិតណាស់ ឥឡូវនេះសាតាំងគួរតែដឹងច្បាស់ហើយថា ការប្រឆាំងទាស់នឹងព្រះរបស់វាបានបណ្តាលអោយរឿងអាក្រក់ៗជាច្រើនបានកើតឡើង។ តើហេតុអ្វីបានជាសាតាំងនៅតែបន្តសង្គ្រាមរបស់វាប្រឆាំងទាស់នឹងព្រះយ៉ាងដូច្នេះ?
- ក្នុងខគម្ពីរម៉ាថាយ ៥៖៤៣-៤៨ ព្រះយេស៊ូវបានមានបន្ទូលអំពីសេចក្តីស្រឡាញ់របស់ព្រះសម្រាប់មនុស្សលោកគ្រប់គ្នា។ សេចក្តីស្រឡាញ់របស់ព្រះចំពោះយើងមិនដែលសាបសូន្យឡើយ។ សេចក្តីស្រឡាញ់របស់ព្រះគឺជាគំរូមួយសម្រាប់របៀបដែលយើងគួរតែស្រឡាញ់ដល់អ្នកដទៃ។ តើលោកអ្នកអាចបង្ហាញសេចក្តីស្រឡាញ់របស់ព្រះដល់ក្រុមគ្រួសាររបស់លោកអ្នក និងដល់ពួកជំនុំបានដោយរបៀបណា?
រឿងខ្លី
ខ្សែច្រវាក់ត្រូវបានដោះ
សម្រែកបានលាន់ឮឡើងនៅក្នុងភូមិជនបទមួយនៃប្រទេសឡាវ។ ប៉ាស្ទ័រសេវេនដេយអាត់វេនទីស្ទម្នាក់ ដែលកំពុងតែចុះសួរសុខទុក្ខដល់អ្នកភូមិជាមួយនឹងក្រុមជំនួយការព្រះវិហារ បានដើរសំដៅទៅរកសំឡេងដ៏លាន់ឭនោះ ចង់ដឹងថា មានអ្វីបានកើតឡើង។ ប៉ាស្ទ័របានភ្ញាក់ផ្អើលជាខ្លាំង ដោយបានឃើញក្មេងប្រុសអាយុ១៦ឆ្នាំម្នាក់ត្រូវបានចងភ្ជាប់ទៅនឹងកម្រាលឈើនៃផ្ទះរបស់គាត់។ ប៉ាស្ទ័របានសួរឪពុកម្តាយថា «តើគាត់កើតអី? ហេតុអ្វីបានជាចងគាត់អ៊ីចឹង?»។ ឪពុកម្តាយបានក្រៀមក្រំជាខ្លាំង។ រួចឪពុករបស់ក្មេងនោះបាននិយាយថា «អ៊ែរ (Aer) ដែលជាកូនរបស់យើងបានឈឺអស់រយៈពេលជាច្រើនឆ្នាំ»។ ម្តាយរបស់គាត់បានបន្ថែមទៀតថា «កូនខ្ញុំអាចមានសតិធម្មតាតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់មក គាត់នឹងបាត់បង់ស្មារតីម្តងទៀត ហេតុការណ៍បែបនេះបានកើតឡើងជាច្រើនលើកច្រើនសាក្នុងមួយថ្ងៃ»។ ឪពុកម្តាយបានចំណាយថវិកាទាំងអស់របស់ពួកគេ ដើម្បីរកថ្នាំព្យាបាល។ ប៉ុន្តែ ស្ថានភាពកាន់តែអាក្រក់ ទៅៗ រហូតដល់ពួកគេបានសម្រេចចិត្តដាក់ច្រវាក់អ៊ែរ ដើម្បីការពារកុំអោយគាត់ធ្វើបាបខ្លួនឯង និងអ្នកដទៃ។ គាត់ត្រូវបានគេចងនឹងកម្រាលឈើអស់រយៈពេល៦ខែមកហើយ។ ប៉ាស្ទ័របាននិយាយជាមួយ នឹងអ៊ែរ ហើយប្រាប់អ៊ែរ និងឪពុកម្តាយរបស់គាត់អំពីសេចក្តីស្រឡាញ់នៃការសង្គ្រោះរបស់ព្រះយេស៊ូវ។ ប៉ាស្ទ័របាននិយាយថា «ប្រសិនបើព្រះយេស៊ូវសព្វព្រះហឫទ័យអោយអ៊ែរបាននោះ គាត់ប្រាកដជាជា»។ ប៉ាស្ទ័របានសូមការអនុញ្ញាតពីឪពុកម្តាយ ដើម្បីអធិស្ឋានជូនក្មេងប្រុសម្នាក់នោះ។ ឪពុកម្តាយបានយល់ព្រម ហើយក៏អធិស្ឋានជាមួយនឹងគាត់ដោយក្តីរីករាយផងដែរ។ សេចក្តីសង្ឃឹមបានបំភ្លឺនៅលើផ្ទៃមុខរបស់ពួកគេ ដោយជឿថា កូនប្រុសរបស់ពួកគេនឹងបានជាជាមិនខាន។
ពីរបីថ្ងៃក្រោយមក ប៉ាស្ទ័រ និងក្រុមរបស់គាត់បានចុះទៅសួរសុខទុក្ខអ៊ែរម្តងទៀត ព្រមទាំងបានអធិស្ឋានជូនគាត់ផងដែរ។ ប៉ាស្ទ័របានអញ្ជើញគ្រួសាររបស់អ៊ែរអោយចូលថ្វាយបង្គំនៅឯព្រះវិហារអាត់វេនទីស្ទដែលមានស្ថិតនៅក្នុងភូមិមួយទៀតជាប់នឹងភូមិនោះ។
នៅថ្ងៃសប្បាតហ៍បន្ទាប់ ឪពុកម្តាយបានមកដល់ព្រះវិហារជាមួយអ៊ែរ ដែលដៃរបស់គាត់ត្រូវបានចងភ្ជាប់ទៅនឹងច្រវាក់។ សមាជិកក្រុមជំនុំម្នាក់ៗបានអធិស្ឋានអោយអ៊ែរ រួចបន្ទាប់មក ប៉ាស្ទ័រក៏បាន សុំអោយឪពុកអធិស្ឋានអោយកូនរបស់គាត់ផងដែរ។ គ្រប់គ្នាបានឱនក្បាលចុះ នៅពេលឪពុកអធិស្ឋាន សុំអោយព្រះយេស៊ូវជួយដល់កូនប្រុសរបស់គាត់។ ចាប់តាំងពីថ្ងៃនោះមក ក្មេងប្រុសអ៊ែរបានជាសះស្បើយឡើងវិញ។ គាត់បានត្រឡប់ជាធម្មតាវិញ ហើយក៏មិនចាំបាច់ដាក់ច្រវាក់ទៀតដែរ។
អ្នកជិតខាងមានការភ្ញាក់ផ្អើលជាខ្លាំង ហើយពួកគេបានសួរនាំឪពុកម្តាយរបស់អ៊ែរ។ អ្នកជិតខាងម្នាក់បានសួរថា «តើនេះមិនមែនក្មេងប្រុសម្នាក់ដែលបានឈឺរាប់ឆ្នាំទេឬអី?»។ ម្នាក់ទៀតបានសួរបន្ថែមថា «តើគាត់ជាដោយយ៉ាងម៉េចទៅ?»។ ម្នាក់ទៀតបានសួរទៀតថា «តើអ្នកណាជាអ្នកព្យាបាលគាត់?»។ ឪពុកម្តាយបានបកស្រាយថា ព្រះនៃអ្នកគ្រីស្ទានបានព្យាបាលកូនរបស់ពួកគាត់។ មិនត្រឹមតែឪពុកម្តាយរបស់អ៊ែរប៉ុណ្ណោះទេ ដែលបានទទួលយកព្រះយេស៊ូវជាព្រះអង្គសង្គ្រោះរបស់ពួកគាត់ បន្ទាប់ពីបានជាសះស្បើយនោះទេ គ្រួសារដទៃជាច្រើនក៏បានទទួលយកព្រះយេស៊ូវផងដែរ។ គ្រសារទាំងនោះស្ថិតនៅក្នុងចំណោមមនុស្ស១២២នាក់ ដែលបានទទួលបុណ្យជ្រមុជទឹកនៅឯព្រះវិហារ នៅក្នុងខែមេសា ឆ្នាំ២០២១ ដែលបានធ្វើអគារនៃព្រះវិហារពេញទៅដោយមនុស្ស។
«ទូលបង្គំសូមសរសើរតម្កើងព្រះចំពោះការអស្ចារ្យជាច្រើននៅក្នុងតំបន់នេះ ដែលបានធ្វើអោយមនុស្សជាច្រើនបានចូលទៅឯទ្រង់ ដើម្បីអោយបានសង្គ្រោះ» នេះគឺជាពាក្យពេចន៍របស់ប៉ាស្ទ័រនៃប្រទេសឡាវដែលបានចែកចាយរឿងនេះជាមួយនឹងមិសិនអាត់វេនទីស្ទ។
អំណានដង្វាយប្រចាំសប្តាហ៍
ចូរបង្កើតផលចុះ
យើងបានថ្វាយបង្គំព្រះជាមួយនឹងធនធានដែលយើងមាន ដើម្បីទុកជាការឆ្លើយតបមួយទៅការត្រាស់ហៅអោយបង្កើតផល។ លោកយ៉ូហានបាទីស្ទបានអំពាវនាវដល់អ្នកដែលកំពុងតែចូលមក អោយគាត់ជ្រមុជនោះ យ៉ាងដូច្នេះ៖ «ចូរអ្នករាល់គ្នាបង្កើតផលដែលសំណំនឹងសេចក្តីប្រែចិត្តនោះចុះ» (ម៉ាថាយ ៣៖៨)។ សម្រាប់លោកយ៉ូហាន ពិធីបុណ្យជ្រមុជទឹក និងការដែលក្លាយមកជាផ្នែកមួយនៃរាស្ត្ររបស់ព្រះនោះ មិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ដំណឹងល្អនៃកណ្ឌគម្ពីរលូកាក៏បានចែករំលែកនូវគំរូជាក់ស្តែងមួយចំនួនអំពី «ផលនៃការប្រែចិត្ត» ដែលលោកយ៉ូហានបាទីស្ទបានបង្ហាញដល់មនុស្សដែលចូលមកឯគាត់ផងដែរ។ លោកយ៉ូហានបាទីស្ទបានសូមកុំអោយអ្នកយកពន្ធប្រមូលពន្ធលើសពីអ្វីដែលបានកំណត់ទុកនោះឡើយ។ គាត់បានដាស់តឿនពួកទាហានកុំអោយ «ជំរិតប្រាក់» អ្នកដទៃឡើយ តែត្រូវ «ស្ងប់ចិត្តនឹងប្រាក់ខែខ្លួនវិញ»។ គាត់ក៏បានបង្គាប់អោយពួកបណ្តាជនចែករំលែកអាវខាងក្រៅ និងអាហាររបស់ខ្លួនជាមួយនឹងអ្នកដែលគ្មានផងដែរ (លូកា ៣៖១០-១៤)។ គំរូទាំងនេះដែលលោកលូកាបានរៀបរាប់នោះ មានចំណុចមួយដូចគ្នា គឺថាគំរូទាំងនេះទាក់ទងទៅនឹងអាកប្ប-កិរិយារបស់មនុស្សម្នាក់ ចំពោះហិរញ្ញវត្ថុ ហើយនិងទ្រព្យសម្បត្តិ។ ផលនៃការប្រែចិត្តរួមមានទាំងការប្រុងប្រយ័ត្នចំពោះមធ្យោបាយដែលបានប្រើ ដើម្បីអោយបាននូវធនធានទាំងឡាយ ហើយយកធនធានទាំងនេះរបស់យើងមកធ្វើជាព្រះដល់អ្នកដទៃផងដែរ។
ព្រះគម្ពីរបានបង្ហាញប្រាប់នូវរឿងរបស់បុរសម្នាក់ ដែលមានឈ្មោះថា ណាបាល គាត់គឺជាកូនប្រុសម្នាក់របស់លោកអ័ប្រាហាំដែលបានទទួលព្រះពរយ៉ាងហូរហៀរ ប៉ុន្តែ គាត់មិនបានបង្កើតផល នៃការកែប្រែចិត្តនៅក្នុងជីវិតរបស់គាត់នោះឡើយ។ គាត់បានបដិសេធមិនព្រមផ្តល់រង្វាន់ដល់អ្នកដែលបានការពារហ្វូងសត្វរបស់គាត់ តែបែរជាស្តីបន្ទោសដល់បាវបម្រើរបស់ស្តេចដាវីដ ដែលបានចូលមកសុំអាហារបន្តិចបន្តួចពីគាត់វិញ។ អាកប្បកិរិយាបែបនេះបាននាំអោយប្រពន្ធរបស់គាត់ហៅគាត់ថា ជាមនុស្សកំណាចវិញ នាងក៏បាននិយាយបន្ថែមទៀតដែរថា៖ «ដ្បិតគាត់ដូចជាឈ្មោះរបស់គាត់ពិតមែន គឺគាត់ឈ្មោះណាបាល ហើយក៏មានសេចក្តីចំកួតនោះឯង» (សាំយូអែលទី១ ២៥៖២៥)។ គួរអោយសោកស្តាយណាស់ នៅថ្ងៃបន្ទាប់នោះ លោកណាបាលបានគាំងបេះដូង ក៏ត្រឡប់ជារឹងស្តូកទៅ។ ប្រហែលជា១០ថ្ងៃក្រោយមក គាត់ក៏បានស្លាប់បាត់ទៅ។
ខណៈពេលដែលយើងសញ្ជឹងគិតអំពីតម្រូវការនៃការកែប្រែចិត្តនៅក្នុងជីវិតរបស់យើងនោះ សូមអោយយើងអនុវត្តទៅតាមដំបូន្មានរបស់ព្រះយេស៊ូវដែលថា «ចូរនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នករាល់គ្នាចុះ»។ លទ្ធផលអាចនឹងលើសពីការរំពឹងទុកទៅទៀត។ សប្តាហ៍នេះ ខណៈពេលដែលយើងកំពុងតែថ្វាយបង្គំព្រះជាមួយនឹងតង្វាយ១០ហូត១ និងតង្វាយទៀងទាត់របស់យើង តាមសេចក្តីសន្យានោះ មានន័យថា យើងបានបង្កើតផលនៃការកែប្រែចិត្តហើយ។
សេចក្តីអំពាវនាវ៖
«ចូរនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នករាល់គ្នាចុះ ប្រៀបដូចជាខ្នែង បើមិននៅជាប់នឹងគល់ នោះពុំអាចនឹងបង្កើតផលដោយឯកឯងបានទេ ដូច្នេះ អ្នករាល់គ្នាក៏ពុំបានដែរលើកតែនៅជាប់នឹងខ្ញុំ» (យ៉ូហាន ១៥៖៤)។
សេចក្តីអធិដ្ឋាន៖
ឱព្រះអម្ចាស់អើយ ទូលបង្គំចង់បង្កើតផលនៃការកែប្រែចិត្តនៅក្នុងផ្នែកទាំងអស់នៃជីវិតរបស់ទូលបង្គំ។ សូមទ្រង់ជួយអោយទូលបង្គំនៅជាប់ជាមួយនឹងទ្រង់ជារៀងរាល់ថ្ងៃ តាមរយៈការអធិស្ឋាន និងការសិក្សាព្រះគម្ពីរជាប្រចាំនេះផងចុះ។