កណ្ឌគម្ពីរសញ្ញាចាស់បានបង្ហាញយើងនូវគោលគំនិតដ៏គួរអោយចាប់អាម្មណ៍មួយស្តីអំពីស្តេចនាពេលអនាគតដែលនឹងចេញមកពីពូជពង្សរបស់ស្តេចដាវីឌ។ សេ្តចអង្គនេះនឹងទៅឯព្រះ ដើម្បីស្វែងរកជំនួយសម្រាប់រាស្ត្ររបស់ទ្រង់។
សូមប្រៀបធៀបខគម្ពីរនិក្ខមនំ ៤៖២២, ២៣ ជាមួយនឹងខគម្ពីរសាំយូអែលទី២ ៧៖១២-១៤។ បន្ទាប់មក សូមប្រៀបធៀបខគម្ពីរចោទិយកថា ១២៖៨-១០ ជាមួយនឹងខគម្ពីរសាំយូអែលទី២ ៧៖៩-១១។ ចុងបញ្ចប់ សូមប្រៀបធៀបខគម្ពីរចោទិយកថា ១២៖១៣, ១៤ ជាមួយនឹងខគម្ពីរទំនុកដំកើង ១៣២៖១-៥, ១១-១៤។ តើសេចក្តីសន្យាអ្វីខ្លះដែលត្រូវរក្សាដោយអនាគតហ្លួងនៃស្តេចដាវីឌ?
ព្រះបានយកពួកបណ្តាជននៃសាសន៍អ៊ីស្រាអែលធ្វើជាកូនរបស់ទ្រង់។ ព្រះបានសន្យាថា នឹងអោយសាសន៍អ៊ីស្រាអែលសម្រាកចេញពីសង្គ្រាមជាមួយនឹងខ្មាំងសត្រូវរបស់ពួកគេ។ ព្រះក៏នឹងជ្រើសរើសកន្លែងមួយដែលរាស្ត្ររបស់ទ្រង់អាចនឹងសង់រោងឧបោសថសម្រាប់ថ្វាយបង្គំទ្រង់ផងដែរ។ ព្រះបានផ្ទេរសេចក្តីសន្យាទាំងអស់នេះពីសាសន៍អ៊ីស្រាអែលអោយដល់អនាគតហ្លួងនៃស្តេចវិញ។ ព្រះនឹងយកហ្លួងនៃស្តេចដាវីឌធ្វើជាព្រះរាជបុត្រារបស់ទ្រង់។ ទ្រង់នឹងប្រទានសេចក្តីសម្រាកដល់ព្រះរាជបុត្រារបស់ទ្រង់ចេញពីខ្មាំងសត្រូវរបស់ទ្រង់។ ព្រះរាជបុត្រានេះនឹងសង់រោងឧបោសថសម្រាប់ព្រះនៅក្នុងស្រុក អ៊ីស្រាអែល។ ដូច្នេះ យើងសង្កេតឃើញថា ព្រះបានរក្សាសេចក្តីសន្យារបស់ទ្រង់ដល់សាសន៍អ៊ីស្រាអែល តាមរយៈសេចក្តីសន្យាទាំងអម្បាលមា៉នដែលទ្រង់បានតាំងឡើងជាមួយនឹងហ្លួងនៃស្តេចដាវីឌ។ ហ្លួងនៃស្តេចដាវីឌនឹងទៅគាល់ព្រះសម្រាប់សាសន៍អ៊ីស្រាអែល។ ទ្រង់នឹងក្លាយជាអង្គជំនួយរបស់ពួកគេ។ ទ្រង់នឹងទូលសូមអោយព្រះជួយដល់រាស្ត្ររបស់ទ្រង់។
អង្គជំនួយគឺជាផ្នែកដ៏សំខាន់បំផុតនៃសេចក្តីសញ្ញារវាងព្រះ និងរាស្ត្ររបស់ទ្រង់។ អង្គជំនួយ និងកិច្ចការដែលទ្រង់បានធ្វើអោយការចងសម័្ពន្ធរវាងព្រះ និងសាសន៍អ៊ីស្រាអែលអាចសម្រេចទៅបាន។ សេចក្តីសញ្ញាដែលព្រះបានប្រទានដល់លោកម៉ូសេសបង្ហាញថា សាសន៍អ៊ីស្រាអែលទាំងអស់ត្រូវតែ ោរពតាមព្រះ ដើម្បីអោយបានព្រះពរ និងការការពាររបស់ទ្រង់ (សូមអានខគម្ពីរយ៉ូស្វេ ៧៖១-១៣)។ ប៉ុន្តែ សេចក្តីសញ្ញាដែលព្រះបានតាំងឡើងជាមួយនឹងស្តេចដាវីឌក្រោយមកទៀតបានបង្ហាញថា សាសន៍អ៊ីស្រាអែលនឹងទទួលបានព្រះពរដែលបានសន្យាដោយសារតែការគោរពតាមព្រះរបស់បុគ្គលម្នាក់ដែលជាហ្លួងនៃស្តេចដាវីឌ។ គួរអោយសោកស្តាយណាស់ គម្ពីរសញ្ញាចាស់បានបង្ហាញយើងថា ស្តេចជាច្រើនដែលចេញពីវង្សត្រកូលនៃស្តេចដាវីឌមិនបានស្មោះត្រង់ចំពោះព្រះនោះទេ។ ម្ល៉ោះហើយ ព្រះមិនអាចប្រទានពរដល់សាសន៍អ៊ីស្រាអែលតាមរបៀបដែលទ្រង់ចង់ប្រទានអោយដល់ពួកគេនោះឡើយ។
ប៉ុន្តែ មានដំណឹងល្អមួយ។ ព្រះបានចាត់ព្រះរាជបុត្រារបស់ទ្រង់អោយមកប្រសូតជាហ្លួងនៃស្តេចដាវីឌ។ ព្រះយេស៊ូវបានរស់នៅក្នុងជីវិតដ៏ល្អឥតខ្ចោះនៃការគោរពតាមព្រះ និងបញ្ញត្តិរបស់ទ្រង់។ ម្ល៉ោះហើយ ព្រះអាចរក្សានូវសេចក្តីសន្យាទាំងអស់ដែលទ្រង់បានតាំងឡើងជាមួយនឹងរាស្ត្ររបស់ទ្រង់។ នៅពេលដែលព្រះប្រទានពរដល់ស្តេចណាមួយ រាស្ត្ររបស់ស្តេចអង្គនោះក៏បានពរដូចគ្នាដែរ។ យើងជា ួយនឹងព្រះយេស៊ូវក៏ដូចគ្នាដែរ។ ទ្រង់គឺជាអង្គជំនួយរបស់យើង។ ទ្រង់ចូលទៅគាល់ព្រះសម្រាប់យើង។ ព្រះបានជ្រើសរើសព្រះយេស៊ូវអោយក្លាយទៅជាបុគ្គលម្នាក់ដែលអាចប្រទានដល់យើងនូវរាល់ព្រះពរនៃ សន្យារបស់ទ្រង់ទាំងអស់។ ព្រះយេស៊ូវគឺជាសេចក្តីសង្ឃឹមតែមួយគត់ដែលមានដើម្បីអោយបានសង្គ្រោះ។
សូមគិតអំពីចំនួនដងដែលលោកអ្នកបានរំលងសេចក្តីសញ្ញារបស់ព្រះ។ តើការគិតបែបនេះបង្រៀនយើងយ៉ាងដូចម្តេចអំពីមូលហេតុដែលយើងចាំបាច់ពឹងផ្អែកលើព្រះយេស៊ូវតែមួយគត់ក្នុងការសង្គ្រោះយើងនោះ?
ថ្ងៃអង្គារ ទី៤ ខែមករា ឆ្នាំ២០២២
ព្រះយេស៊ូវច្បាំងជំនួសយើងរាល់គ្នា
សូមប្រៀបធៀបសាំយូអែលទី១ ៨៖១៩, ២០ និងខគម្ពីរហេព្រើរ ២៖១៤-១៦។ តើជនជាតិ អ៊ីស្រាអែលចង់អោយស្តេចធ្វើអ្វីសម្រាប់ពួកគេ ដូចដែលយើងបានឃើញនៅខគម្ពីរសាំយូអែលទី១ ៨៖១៩, ២០? នៅពេលដែលយើងអានខគម្ពីរហេព្រើរ ២៖១៤-១៦ តើយើងឃើញថា ព្រះយេស៊ូវគឺជាចម្លើយឆ្លើយតបទៅនឹងបំណងប្រាថ្នាទាំងអស់របស់ពួកគេបានដោយរបៀបណា?
--------------------------------------------------------
ពួកអ៊ីស្រាអែលបានភ្លេចថា ព្រះគឺជាស្តេចរបស់ពួកគេ។ ពួកគេចង់បានស្តេចជាមនុស្សលោក ដើម្បីធ្វើជាចៅក្រម និងជាមេទ័ពចម្បាំងរបស់ពួកគេ។ ក្រោយមក ព្រះបានក្លាយមកជាមេដឹកនាំនៃរាស្ត្ររបស់ទ្រង់ម្តងទៀត ដោយសារតែព្រះយេស៊ូវ។ ក្នុងនាមជាស្តេចរបស់យើង ព្រះយេស៊ូវបានដឹកនាំយើងទាស់នឹងខ្មាំងសត្រូវ។
ខគម្ពីរហេព្រើរ ២៖១៤-១៦ បានបង្ហាញយើងថា ព្រះយេស៊ូវគឺជាម្ចាស់ជើងឯករបស់យើង។ ទ្រង់បានច្បាំងជំនួសយើងដោយសារតែយើងទន់ខ្សោយ។ ព្រះយេស៊ូវបានច្បាំងនឹងអារក្សជំនួសយើង ហើយបានឈ្នះវាផង។ ព្រះយេស៊ូវក៏បានរំដោះយើងចេញពីអំពើបាបផងដែរ។ នេះមិនមែនរំដោះយើងត្រឹមតែប៉ុណ្ណឹងនោះទេ។ យើងខ្លាចស្លាប់ជាទីបំផុតពេញមួយជីវិតរបស់យើង។ ព្រះយេស៊ូវក៏បានរំដោះយើងចេញពីការខ្លាចស្លាប់របស់យើងផងដែរតាមរយៈសេចក្តីសុគគរបស់ទ្រង់នេះ។ របៀបដែលព្រះយេស៊ូវច្បាំងជំនួសយើងបានជួយអោយយើងនឹកចាំអំពីការប្រយុទ្ធរវាងស្តេចដាវីឌ និងយក្សកូលីយ៉ាត។ ស្តេចដាវីឌបានសង្គ្រោះរាស្ត្ររបស់ទ្រង់ចេញពីទាសភាពដោយការយកឈ្នះលើយក្សកូលីយ៉ាត។ ក្បួន ច្បាប់ចម្បាំងបានចែងថា អ្នកឈ្នះអាចយកអ្នកចាញ់ធ្វើជាទាសកររបស់គេបាន (សាំយូអែលទី១ ១៧៖៨-១០)។ ដូច្នេះ ស្តេចដាវីឌបានធ្វើម្ចាស់ជើងឯកសម្រាប់សាសន៍អ៊ីស្រាអែល។ ទ្រង់គឺជាអ្នកជំនួយរបស់ពួកគេ។
សូមអានខគម្ពីរអេសាយ ៤២៖១៣ និងអេសាយ ៥៩៖ ១៥-២០។ តើព្រះអម្ចាស់បានមានបន្ទូលអំពីអង្គទ្រង់យ៉ាងដូចម្តេចនៅក្នុងខទាំងនេះ?
--------------------------------------------------------
យើងទើបតែបានឃើញអំពីរបៀបដែលខគម្ពីរហេព្រើរ ២៖១៤-១៦ អាចជួយអោយយើងនឹកចាំអំពីការប្រយុទ្ធរវាងស្តេចដាវីឌ និងយក្សកូលីយ៉ាតរួចមកហើយ។ ព្រះនឹងច្បាំងជាមួយសាតាំងមួយទល់នឹងមួយជំនួសយើង។ លោកអេសាយបានបង្ហាញយើងអំពីគោលគំនិតដូចគ្នានេះយ៉ាងដូច្នេះថា៖ «អញនឹងតតាំងចំពោះអ្នកដែលតតាំងនឹងឯង ហើយអញនឹងជួយសង្គ្រោះកូនចៅឯងដែរ» (អេសាយ ៤៩៖ ២៥)។
យើងប្រហែលជាមានអារម្មណ៍ឯកោនៅក្នុងចម្បាំងរបស់យើងទាស់នឹងសាតាំង។ ខគម្ពីរ អេភេសូរ ៦៖១០-១៨ បានបង្ហាញយើងថា ជាការពិតណាស់យើងកំពុងតែច្បាំង។ ប៉ុន្តែ ព្រះគឺជាម្ចាស់ជើងឯករបស់យើង។ ទ្រង់បានយាងទៅច្បាំងមុនជំនួសយើង។ យើងគឺជាផ្នែកនៃពលទ័ពរបស់ទ្រង់។ ម្ល៉ោះហើយ យើងត្រូវតែបំពាក់គ្រឿងសឹករបស់ទ្រង់។ យើងមិនត្រូវច្បាំងតែម្នាក់នោះទេ។ យើងឈរពីក្រោយព្រះយេស៊ូវដែលជាម្ចាស់ជើងឯករបស់យើងទាំងអស់គ្នា។ ហើយយើងនឹងច្បាំងជាមួយនឹងទ្រង់។
តើការបំពាក់គ្រឿងសឹកមកពីព្រះមានន័យយ៉ាងដូចម្តេច? ជារៀងរាល់ថ្ងៃ យើងកំពុងតែច្បាំងទាស់នឹងខ្លួនឯង ហើយនិងអំពើបាប។ តើគ្រឿងសឹកទាំងនោះអាចជួយអោយយើងគោរពតាមព្រះនៅក្នុងចម្បាំងប្រចាំថ្ងៃរបស់យើងបានដោយរបៀបណា?
ថ្ងៃពុធ ទី៥ ខែមករា ឆ្នាំ២០២២
ព្រះយេស៊ូវគឺជាសម្តេចសង្ឃរបស់យើង
បទគម្ពីរហេព្រើរ ៥-៧ បានបង្ហាញយើងអំពីកិច្ចការទី២ដែលព្រះយេស៊ូវបានធ្វើ។ ព្រះយេស៊ូវ គឺជាសម្តេចសង្ឃរបស់យើង។ កិច្ចការរបស់ទ្រង់ជាសម្តេចសង្ឃបង្ហាញយើងអំពីសេចក្តីសន្យាដែលព្រះបានតាំងឡើងជាមួយនឹងព្រះយេស៊ូវ មុនពេលដែលទ្រង់ប្រសូតជាហ្លួងនៃពូជពង្សរបស់ស្តេចដាវីឌយ៉ាងដូច្នេះថា៖ «ព្រះយេហូវ៉ាទ្រង់បានស្បថហើយ ថាឯងជាសង្ឃនៅអស់កល្បជានិច្ចតាមរបៀបលោកម៉ិលគីស្សាដែក ទ្រង់នឹងមិនប្រែព្រះហឫទ័យឡើយ (ទំនុកដំកើង ១១០៖៤, សូមអានខគម្ពីរហេព្រើរ ៥៖៥, ៦ ផងដែរ)។
សូមអានខគម្ពីរលេវីវិន័យ ១៖១-៩; លេវីវិន័យ ១០៖៨-១១; ម៉ាឡាគី ២៖៧; ជនគណនា ៦៖ ២២-២៦ និងហេព្រើរ ៥៖១-៤។ យោងតាមការបង្ហាញនៃខទាំងនេះ តើកិច្ចការរបស់សង្ឃគឺជាអ្វី?
--------------------------------------------------------
ពួកសង្ឃគឺជាពួកអ្នកជំនួយ។ ពួកគេចូលទៅគាល់ព្រះ ដើម្បីសូមជំនួយសម្រាប់ពួកបណ្តាជន។ ពួកសង្ឃបានជួយផ្សះផ្សាពួកបណ្តាជនជាមួយនឹងព្រះម្តងទៀត និងធ្វើអោយពួកគេយល់ពីទ្រង់កាន់តែប្រសើរឡើង។ ប្រវត្តិសាស្ត្របានបង្ហាញយើងថា ពួកសង្ឃមកពីសាសនានីមួយៗនៅក្នុងសម័យព្រះគម្ពីរបានជួយអោយពួកបណ្តាជនរបស់ពួកគេដឹងអំពីអ្វីដែលពួកព្រះរំពឹងទុកពីពួកគេ។ សង្ឃនៃសាសន៍យូដាក៏បានថ្វាយដង្វាយនៃពួកបណ្តាជនដល់ព្រះផងដែរ។ ពួកបណ្តាជនមិនអាចថ្វាយដង្វាយរបស់ពួកគេដល់ព្រះបានឡើយ។ មានតែសង្ឃទេដែលដឹងអំពីរបៀបថ្វាយដង្វាយទាំង នោះ ដើម្បីអោយព្រះទទួលយក។ បន្ទាប់មក ព្រះនឹងអត់ឱនទោសដល់រាស្ត្ររបស់ទ្រង់ និងធ្វើអោយពួកគេបានស្អាតឡើងវិញ។
ពួកសង្ឃក៏បានបង្ហាញអំពីបញ្ញត្តិរបស់ព្រះដល់ពួកបណ្តាជនផងដែរ។ ពួកសង្ឃមានជំនាញខាងឯក្រឹត្យវិន័យ។ ព្រះបានដាក់ពួកគេអោយទទួលខុសត្រូវចំពោះការបកស្រាយបញ្ញតិ្តដល់ពួកបណ្តា ជន។ ពួកសង្ឃក៏បានបង្ហាញពួកគេអំពីរបៀបរស់នៅតាមបញ្ញត្តិរបស់ព្រះផងដែរ។ ទីបញ្ចប់ ពួកសង្ឃមានទំនួលខុសត្រូវក្នុងការអោយពរដល់ពួកបណ្តាជននៅក្នុងនាមរបស់ព្រះ។ ព្រះក៏បានបង្ហាញសង្ឃអំពីផែនការរបស់ទ្រង់សម្រាប់ពួកបណ្តាជនផងដែរ។ សង្ឃបានជួយអោយពួក បណ្តាជនមើលឃើញថា ព្រះបានយកព្រះទ័យទុកដាក់ចំពោះពួកគេ និងចង់អោយពួកគេបានអ្វីដែលល្អបំផុតផងដែរ។
ខគម្ពីរពេត្រុសទី១ ២៖៩ បានបង្ហាញយើងអំពីពួកសង្ឃតាមបែបផ្សេងមួយទៀត។ ពួកគ្រីស្ទាន គឺជា «ពួកសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ»។ ក្នុងនាមជាសង្ឃហ្លួង យើងអាចធ្វើរឿងពិសេសៗដូចដែលពួកសង្ឃបានធ្វើ។ ពួកសង្ឃបានមកគាល់ព្រះនៅក្នុងរោងឧបោសថរបស់ទ្រង់។ សព្វថ្ងៃនេះ យើងអាចចូលមកឯព្រះតាមរយៈការអធិស្ឋានដោយសេចក្តីជំនឿយ៉ាងមុតមាំ (ហេព្រើរ ៤៖១៤-១៦; ហេព្រើរ ១០៖១៩-២៣)។ ព្រះក៏បានប្រគល់អោយយើងនូវទំនួលខុសត្រូវចំពោះកិច្ចការដ៏សំខាន់ផងដែរ។ យើងត្រូវ តែធ្វើការជាមួយនឹងព្រះ ដើម្បីសង្គ្រោះមនុស្សលោកនៅផែនដីនេះ។ ព្រះក៏ចង់អោយយើងបង្រៀន និងបកស្រាយបញ្ញត្តិរបស់ទ្រង់ដល់អ្នកដទៃ។ ព្រះក៏ចង់អោយយើងនាំយកដង្វាយនៃការសរសើរដម្កើង និងទង្វើល្អថ្វាយដល់ទ្រង់ផងដែរ។ ទ្រង់សព្វព្រះហឫទ័យចំពោះដង្វាយទាំងនេះណាស់។
យើងគឺជា «ពួកសង្ឃហ្លួង» ដែលលោកពេត្រុសបានមានប្រសាសន៍។ តើសេចក្តីពិតនៃព្រះគម្ពីរដ៏អស្ចារ្យនេះគួរតែផ្លាស់ប្តូររបៀបដែលយើងរស់នៅដោយរបៀបណា?
ថ្ងៃព្រហស្បតិ៍ ទី៦ ខែមករា ឆ្នាំ២០២២
ព្រះយេស៊ូវ និងសេចក្តីសញ្ញាថ្មី
បទគម្ពីរហេព្រើរ ៨-១០ បានបង្ហាញយើងអំពីកិច្ចការដែលព្រះយេស៊ូវបានធ្វើសម្រាប់យើងនៅក្រោមសេចក្តីសញ្ញាថ្មី។ សេចក្តីសញ្ញាចាស់បានបង្ហាញយើងត្រឹមតែតម្រុយនៃរឿងល្អៗដែលព្រះបានសន្យានឹងយើងប៉ុណ្ណោះ។ សេចក្តីសញ្ញាចាស់អាចជួយអោយយើងមើលឃើញអំពីកិច្ចការដែលព្រះយេស៊ូវត្រូវធ្វើ បន្ទាប់ពីទ្រង់យាងមកផែនដីនេះ។ ពួកសង្ឃនៃសាសន៍អ៊ីស្រាអែលក៏បានបង្ហាញយើងអំពីកិច្ចការដែលព្រះយេស៊ូវត្រូវធ្វើផងដែរ។ ប៉ុន្តែ ពួកសង្ឃគឺជាបាបជន។ ពួកគេបានកើតមក ហើយក្រោយមកក៏ស្លាប់ទៅ។ ម្ល៉ោះហើយ ពួកគេមិនអាចធ្វើកិច្ចការដែលព្រះបានធ្វើនោះទេ។ ពួកសង្ឃក៏បានបម្រើនៅក្នុង រោងឧបោសថដែលគ្រាន់តែជារូបភាពចម្លងនៃរោងឧបោសថនៅស្ថានសួគ៌ប៉ុណ្ណោះ (ហេព្រើរ ៨៖៥)។ ឥឡូវនេះ ព្រះយេស៊ូវបានធ្វើកិច្ចការសម្រាប់យើងក្នុងរោងឧបោសថនៅស្ថានសួគ៌។ មានតែលោហិតរបស់ទ្រង់ប៉ុណ្ណោះដែលអាចធ្វើអោយយើងស្អាតបាន។ ឈាមសត្វមិនអាចសម្អាតចិត្តរបស់យើងបានឡើយ។ នៅពេលដែលព្រះយេស៊ូវសម្អាតយើង យើងនឹងអាចចូលមកឯព្រះជាមួយនឹងសេចក្តីជំនឿដ៏មុតមាំបាន (ហេព្រើរ ១០៖១៩-២២)។
តើព្រះបានសន្យានឹងយើងយ៉ាងដូចម្តេចនៅក្នុងសេចក្តីសញ្ញាថ្មី? សូមអានខគម្ពីរហេព្រើរ ៨៖ ៨-១២ សម្រាប់ចម្លើយ។
--------------------------------------------------------
នៅពេលដែលព្រះយេស៊ូវបានក្លាយមកជាសម្តេចសង្ឃរបស់យើង ទ្រង់រៀបចំរបៀបថ្មីសម្រាប់យើងចូលទៅឯព្រះ។ របៀបថ្មីមួយនេះត្រូវបានគេហៅថា សេចក្តីសញ្ញាថ្មី។ សេចក្តីសញ្ញាថ្មីបានបំពេញ នូវអ្វីដែលសេចក្តីសញ្ញាចាស់មិនអាចបំពេញបាន។ សេចក្តីសញ្ញាថ្មីបានផ្តល់អោយយើងនូវអ្វីគ្រប់យ៉ាងដែលព្រះបានសន្យា។ មានតែសម្តេចសង្ឃដែលជាព្រះតែមួយគត់ដែលអាចប្រទានរបស់ទាំងនេះដល់យើងបានពីព្រោះទ្រង់ល្អឥតខ្ចោះ និងមានព្រះជន្មរស់ជារៀងរហូត។ ក្នុងនាមជាសម្តេចសង្ឃរបស់យើង ព្រះបានបកស្រាយអំពីបញ្ញត្តិរបស់ព្រះ។ ទ្រង់បានដាក់បញ្ញត្តិរបស់ទ្រង់នៅក្នុងចិត្ត និងគំនិតរបស់យើង។ ព្រះយេស៊ូវបានថ្វាយដង្វាយនៃលោហិតរបស់ទ្រង់ដល់ព្រះ។ ដង្វាយនេះនាំយកសេចក្តីអត់ឱនទោសពីទ្រង់ដល់យើង។ ព្រះយេស៊ូវបានសំអាតយើងពីអំពើបាប។ ទ្រង់បានផ្លាស់ប្តូរជីវិតរបស់យើង។ ទ្រង់បានផ្លាស់ប្តូរចិត្តដ៏រឹងរូសរបស់យើង។ ទ្រង់បានផ្តល់អោយយើងនូវចិត្តទន់ភ្លន់ដែលនឹងគោរពតាមទ្រង់វិញ (អេសេគាល ៣៦៖២៦)។ ព្រះយេស៊ូវបានធ្វើអោយយើងក្លាយជាមនុស្សថ្មីក្នុងគ្រប់ទាំងអស់យ៉ាងពិតប្រាកដមែន (កូរិនថូសទី២ ៥៖១៧)។ ព្រះក៏បានប្រទានពរដល់យើងតាមរបៀបដ៏អស្ចារ្យបំផុតផងដែរគឺថា៖ ទ្រង់បានជួយអោយយើងជួបជាមួយនឹងព្រះទ្រង់ផ្ទាល់។
ព្រះបានបង្កើតសេចក្តីសញ្ញាចាស់ ដើម្បីបង្ហាញយើងអំពីកិច្ចការនាពេលអនាគតរបស់ព្រះយេស៊ូវ។ សេចក្តីសញ្ញាចាស់គឺជាផែនការដ៏ល្អបំផុត។ ប៉ុន្តែ ពួកសាសន៍យូដាខ្លះបានយល់ច្រឡំអំពីសេចក្តី សញ្ញានេះ។ ពួកគេមិនបានទទួលយកសេចក្តីពិតនៃព្រះគម្ពីរដែលបានបង្ហាញតាមរយៈសេចក្តីសញ្ញាចាស់ នោះទេ។ ម្ល៉ោះហើយ ពួកគេបានបាត់បង់ព្រះពរដែលព្រះយេស៊ូវជាសម្តេចសង្ឃរបស់យើងចង់ប្រទានដល់ពួកគេ។
«រោងឧបោសថនៅផែនដីបង្ហាញយើងអំពីកិច្ចការដែលព្រះធ្វើសម្រាប់យើងនៅស្ថានសួគ៌។ ព្រះយេស៊ូវគឺជាជីវិតនៃរោងឧបោសថ។ ដង្វាយជាសត្វបានបង្ហាញអំពីការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង។ កិច្ចការដែលពួកសង្ឃបានធ្វើបង្ហាញអំពីកិច្ចការនាពេលអនាគតរបស់ព្រះយេស៊ូវ។ កិច្ចការទាំងអស់នេះរួមគ្នាបង្ហាញអំពីការសុគតរបស់ព្រះយេស៊ូវបានសង្គ្រោះមនុស្សលោកដោយរបៀបណា។ នៅពេលដែលព្រះយេស៊ូវសុគត មនុស្សលោកលែងត្រូវការការថ្វាយដង្វាយទាំងនេះទៀតហើយ»។ ដក ស្រង់ពី Ellen G. White, The Desire of Ages, page 165, adapted។
ថ្ងៃសុក្រ ទី៧ ខែមករា ឆ្នាំ២០២២
សិក្សាបន្ថែម
កណ្ឌគម្ពីរហេព្រើរបានបង្ហាញសេចក្តីនៃព្រះគម្ពីរជាច្រើនដល់យើង។ សេចក្តីពិតទាំងនេះបានបំពេញយើងដោយសេចក្តីសង្ឃឹម។ ប៉ុន្តែ កណ្ឌគម្ពីរហេព្រើរក៏ពេញទៅដោយការដាស់តឿនផងដែរ។ យើងអាចរៀនអំពីការដាស់តឿនមួយចំនួននៅក្នុងជំពូក១០ដល់១២។ ជំពូកទាំងនេះបង្ហាញយើង នូវគោលគំនិតសំខាន់ៗ២ចំណុចយ៉ាងតិចបំផុតគឺ៖ (១) លោកប៉ុលបានប្រៀបធៀបអ្នកអានរបស់គាត់ទៅនឹងសាសន៍អ៊ីស្រាអែលនៅក្នុងទីរហោស្ថាន និង(២) លោកប៉ុលចង់អោយយើងមានសេចក្តីសង្ឃឹមឡើង។
ពួកអ៊ីស្រាអែលនៅក្នុងទីរហោស្ថានបានឃើញអំណាចដ៏គួរអោយភ្ញាក់ផ្អើលរបស់ព្រះ។ ព្រះបានធ្វើការអស្ចារ្យជាច្រើន ដើម្បីរំដោះពួកគេចេញពីស្រុកអេស៊ីព្ទ។ ពួកអ៊ីស្រាអែលនៅក្នុងទីរហោស្ថាន ក៏បានឮព្រះមានបន្ទូលមកកាន់ពួកគេនៅលើភ្នំស៊ីណាយដែលជាភ្នំដ៏ខ្ពស់ផងដែរ។ នៅទីនោះ ព្រះបានមានបន្ទូលអំពីក្រឹត្យវិន័យទាំង១០ប្រការ។ ពួកអ៊ីស្រាអែលនៅក្នុងទីរហោស្ថានបានឃើញបង្គោលភ្លើងនៅពេលយប់។ ហើយពួកគេបានឃើញពពកដែលតាមការពារពួកគេនៅពេលថ្ងៃ។ ពួកគេបានបរិភោគនំម៉ាន៉ា។ នំម៉ាន៉ាគឺជានំបុ័ងមកពីស្ថានសួគ៌។ ពួកអ៊ីស្រាអែលនៅក្នុងទីរហោស្ថានក៏បរិភោគទឹកដែលហូរចេញមកពីថ្មដាដែលពួកគេបានបោះជំរំផងដែរ។ ប៉ុន្តែ នៅពេលដែលពួកអ៊ីស្រាអែលទាំងនេះបានមកដល់ព្រំប្រទល់នៃទឹកដីសន្យា ពួកគេបែរជាមិនជឿទុកចិត្តទៅលើព្រះទៅវិញ។ ពួកគេពុំមានសេចក្តីជំនឿគ្រប់គ្រាន់ក្នុងការចូលទៅក្នុងទឹកដីនោះទេ។ ព្រះបានសូមអោយរាស្ត្ររបស់ទ្រង់ជឿទុកចិត្តលើទ្រង់។ «តែបើឥតមានសេចក្តីជំនឿទេ នោះមិនអាចនឹងគាប់ដល់ព្រះហឫទ័យព្រះបានឡើយ» (ហេព្រើរ ១១៖៦)។
លោកប៉ុលបានមានប្រសាសន៍ថា យើងក៏ដូចជាសាសន៍អ៊ីស្រាអែលនៅក្នុងទីរហោស្ថានយ៉ាងដូច្នោះដែរ។ យើងក៏កំពុងតែស្ថិតនៅព្រំប្រទល់នៃទឹកដីសន្យាផងដែរ (ហេព្រើរ ១០៖៣៧-៣៩)។ យើងមានទំនួលខុសត្រូវលើសជាងពួកអ៊ីស្រាអែលនៅក្នុងទីរហោស្ថានទៅទៀត។ ព្រះក៏បានប្រទានសេចក្តីពិតនៃព្រះគម្ពីរដល់យើងច្រើនជាងពួកគេផងដែរ។ ប៉ុន្តែ ព្រះគម្ពីរបានបង្ហាញអំពីរូបភាពដ៏ធំរបស់ព្រះ និងសេចក្តីស្រឡាញ់របស់ទ្រង់នៅលើភ្នំស៊ីយ៉ូនយ៉ាងដូច្នេះថា៖ ព្រះយេស៊ូវគ្រីស្ទគឺជាព្រះ ព្រះបានក្លាយមកជាមនុស្ស ដើម្បីសង្គ្រោះយើង (ហេព្រើរ ១២៖១៨-២៤)។ សំណួរគឺថា៖ តើយើងមានជំនឿដែរឬទេ? លោកប៉ុលបានលើកទឹកចិត្តយើងអោយធ្វើតាមគំរូនៃពួកបុរស និងពួកស្ត្រីនៃសេចក្តីជំនឿនៅក្នុងព្រះគម្ពីរ (ហេព្រើរ ជំពូក ១១)។ ព្រះយេស៊ូវគឺជាបុគ្គលដ៏សំខាន់ជាងគេនៅក្នុងបញ្ជីដែលគាត់បានរៀបរាប់ (ហេព្រើរ ១២៖១-៣)។
សំនួរពិភាក្សា៖
- ព្រះយេស៊ូវគឺជាម្ចាស់ជើងឯករបស់យើង។ ទ្រង់បានយាងនៅមុខយើងដើម្បីច្បាំងនឹងអារក្ស។ តើយើងអាចច្បាំងរួមគ្នាជាពួកជំនុំតែមួយពីខាងក្រោយម្ចាស់ជើងឯករបស់យើងបានដោយរបៀបណា? តើអ្វី ខ្លះដែលរារាំងមិនអោយពួកជំនុំរបស់យើងរួមគ្នាជាធ្លុងតែមួយនោះ? តើវិធីសាស្ត្រអ្វីខ្លះដែលសាតាំងអាចធ្វើអោយពួកជំនុំយើងទន់ខ្សោយទៅបាន? តើសាតាំងបានធ្វើអោយសាសន៍អ៊ីស្រាអែលកាលពីមុនទន់ខ្សោយដោយរបៀបណា?
- ក្នុងនាមជាពួកអ្នកជឿ យើងគឺជាសហគមន៍នៃពួកសង្ឃ។ យើងកំពុងតែបម្រើនៅក្រោមសេចក្តីបង្គាប់របស់ព្រះ។ តើព្រះវិហាររបស់លោកអ្នកអាចថ្វាយអំណោយនៃការសរសើរ និងកិច្ចការល្អៗដល់ព្រះអោយបានកាន់តែប្រសើរឡើងដោយរបៀបណា?
- តើយើងដូចគ្នានឹងសាសន៍អ៊ីស្រាអែលនៅក្នុងទីរហោស្ថានមុនពេលដែលពួកគេបានចូលទឹកដីសន្យាយ៉ាងដូចម្តេចដែរ? តើយើងអាចរៀនអ្វីខ្លះចេញពីកំហុសអាក្រក់របស់ពួកគេនេះ?
ដុំថ្មដ៏អស្ចារ្យមួយបានបញ្ឈប់ឡានភីកអាប់របស់លោកប៊ុនប្រានី វណ្ណាឌីដែលកំពុងបម្រើការជាប្រធានព្រះវិហារសេវេនដេយអាត់វេនទីស្ទនៅក្នុងប្រទេសឡាវ។ វាគ្រាន់តែជាអូរធម្មតាមួយប៉ុណ្ណោះ។ ឡានប្រភេទណាក៏អាចឆ្លងកាត់ទឹកហូរគរេញៗនោះបានយ៉ាងងាយស្រួលដែរ។ គ្មានឡានណាមួយដែលធ្លាប់ជាប់គាំងនៅទីនោះឡើយ។ ប៉ុន្តែ ឡានភីកអាប់បានរលត់នៅក្នុងមាត់អូរ។ នៅសុខៗវាឈប់ទ្រឹងតែម្តង។
លោកប៊ុនប្រានី និងគ្រូគង្វាលវ័យក្មេង២នាក់ទៀតដែលមកជាមួយគាត់បានឃើញដុំថ្មមួយបាំងផ្លូវ ប៉ុន្តែ ដុំថ្មនោះមើលទៅហាក់ដូចជាតូចណាស់មិនអាចធ្វើអោយឡានគឿងបានឡើយ។ ដើម្បីអោយដឹងច្បាស់ ពួកគេបានយកដុំថ្មនោះចេញរួចចាប់ផ្តើមបញ្ឆេះឡានឡើងវិញ។ បញ្ឆេះយ៉ាងណាក៏មិនឆេះ។ ពួកគេបានបក់ដៃហៅឡានតូចមួយដែលបានឆ្លងកាត់ទីនោះ ហើយបានព្យាយាមកូវអាគុយ ប៉ុន្តែ ឡានភីកអាប់នៅតែមិនដំណើរការ។
ដោយសារតែមេឃងងឹតទៅៗ ដូច្នេះ លោកប៊ុនប្រានីបានដើរទៅកាន់ភូមិមួយដែលនៅជិតនោះបំផុត។ អ្នកភូមិពីរបីនាក់ត្រឡប់មកជួយឡានភីកអាប់នោះវិញ ប៉ុន្តែ ពួកគេមិនអាចធ្វើអោយវាឆេះទាល់តែសោះ។ មេភូមិបានអញ្ជើញលោកប៊ុនប្រានីអោយគេងនៅក្នុងផ្ទះរបស់គាត់មួយយប់សិន រីឯគ្រូគង្វាលវ័យក្មេងទាំងពីរនាក់ទៀតគេងនៅក្នុងឡានភីកអាប់។ មេភូមិបានសួរគាត់ថា «តើអ្នកកំពុងតែធ្វើអីដែរនៅក្នុងតំបន់របស់យើងនេះ?»។ លោកប៊ុនប្រានីបានបកស្រាយថា គាត់កំពុងតែដឹកជញ្ជូនសំភារៈកីឡាមួយចំនួនទៅអោយអ្នកភូមិមួយទៀត។ គាត់សង្ឃឹមថា បានបង្កើតទំនាក់ទំនងជាមួយនឹងភូមិមួយនោះ។
នៅពេលដែលបានស្តាប់ហើយ មេភូមិមានអារម្មណ៍ថា លោកប៊ុនប្រានីគឺជាគ្រីស្ទាន រួចមេភូមិបាននិយាយថា គាត់ក៏ជាគ្រីស្ទានដែរ។ គាត់បានបង្ហាញវិញ្ញាបនប័ត្រនៃថ្នាក់ការឆ្លើយឆ្លងតាមសំឡេងនៃបទទំនាយដែលចេញប្រគល់អោយដោយព្រះវិហារអាត់វេនទីស្ទប្រទេសឡាវកាលពីប៉ុន្មានឆ្នាំមុន។ គាត់បាននិយាយថា គាត់បានទាក់ទងទៅអតីតប្រធានព្រះវិហារសម្រាប់ជំនួយកាលពីប៉ុន្មានឆ្នាំ ប៉ុន្តែ ត្រូវបានគេរំសាយចោល ដូច្នេះ ឥឡូវនេះគាត់ និងអ្នកភូមិប្រហែលជា២០០ នាក់កំពុងតែថ្វាយបង្គំព្រះយេស៊ូវដោយខ្លួនឯង។ គាត់បានសូមអោយលោកប៊ុនប្រានីបង្រៀនគាត់ និងអ្នកភូមិអំពីថ្ងៃសប្បាតហ៍ដែលជាថ្ងៃទី៧។
នៅពេលនោះហើយដែលលោកប៊ុនប្រានីបានដឹងថា ប្រាកដជាទេវតាហើយដែលបានបញ្ឈប់ឡានភីកអាប់របស់គាត់។ រឿងនេះដូចគ្នាទៅនឹងសត្វលារបស់លោកបាឡាមដែលបានបដិសេធមិនព្រមទៅមុខ ដោយសារតែវាបានឃើញទេវតារបស់ព្រះអម្ចាស់ដូច្នោះដែរ។ ឡាននេះប្រហែលជាបានឃើញទេវតារបស់ព្រះអម្ចាស់ឈរនៅមុខវានៅក្នុងអូរហើយបានជាវារលត់យ៉ាងដូច្នេះ។ នៅព្រឹកថ្ងៃបន្ទាប់ ឡានភីកអាប់បានដេរឆេះនៅពេលដែលកាច់សោជាលើកដំបូង។
អំណានដង្វាយប្រចាំសប្តាហ៍
ការស្តារឡើងវិញដ៏ពេញលេញ
យើងថ្វាយបង្គំព្រះជាមួយនឹងធនធានពិសេសបំផុតរបស់យើងពីព្រោះព្រះជាម្ចាស់ទ្រង់បានប្រទាននូវអ្វីដែលយើងត្រូវការបំផុត គឺជាសេចក្តីសង្គ្រោះនោះឯង។ ទ្រង់មានបន្ទូលថា «ក្រៅពីអញ គ្មានអ្នកសង្គ្រោះណាទៀតឡើយ»។ ហើយសេចក្តីសង្គ្រោះរបស់ព្រះអង្គជួយស្តារគ្រប់ផ្នែកទាំងអស់នៃជីវិតឡើងវិញ។ នៅក្នុងទ្រង់ក៏មានពោរពេញដោយសេចក្តីប្រោសលោះដែរ។
នេះគឺជាបទពិសោធន៍របស់បុរសម្នាក់ឈ្មោះរ៉ូចឺរ។ ឪពុករបស់គាត់គឺជាអ្នកនេសាទត្រី ហើយម្តាយរបស់គាត់បានស្លាប់តាំងតែពីគាត់នៅវ័យក្មេងមកម៉្លេះ។ រ៉ូចឺររស់នៅបានយ៉ាងរលូនល្អដោយសារតែសេចក្តីស្រឡាញ់និងការគាំទ្ររបស់ឪពុកគាត់រហូតទាល់តែមានរឿងដ៏លំបាកមួយបានកើតឡើង។ ខណៈដែលនៅឯសមុទ្រ ឪពុករបស់គាត់បានឡើងទៅលើចុងក្តោងទូក។ គាត់បានធ្លាក់ទៅក្នុងទឹក ហើយរកគាត់មិនឃើញសោះឡើយ។ ស្ថិតនៅក្នុងវ័យ១៤ឆ្នាំ រ៉ូចឺរគឺជាក្មេងកំព្រាដែលគ្មានអ្នកណាត្រូវបង់ថ្លៃសាលារៀនរបស់គាត់ឡើយ។ គាត់បានក្លាយទៅជាមនុស្សសាត់អណ្តែត ដែលយប់ខ្លះត្រូវគេងនៅតាមផ្ទះសាច់ញាតិ យប់ខ្លះត្រូវគេងនៅក្នុងទូកនេសាទនៅក្នុងសមុទ្រ ហើយយប់ខ្លះទៀតត្រូវគេងនៅក្នុងព្រៃ! ជួនកាលគាត់ត្រូវលួចបន្លែផ្លែឈើពីសួនច្បាររបស់គេដើម្បីយកមកចម្អែតក្រពះរបស់គាត់។ គាត់ក្រីក្រខ្លាំងសល់តែខោអាវពីរបីកំប្លេជាប់ខ្លួនតែប៉ុណ្ណោះ។ គាត់ស្លៀកពាក់ខោអាវពីរបីជាន់ជាប់ខ្លួនគឺក្នុងគោលបំណងដណ្តប់ខ្លួននោះឯង។ ដើម្បីរត់គេចពីប្រាកដភាពដ៏អាក្រក់នេះ គាត់បានចាប់ផ្តើមផឹកស្រា ហើយគាត់ក៏បានធ្លាក់ខ្លួនជាមនុស្សប្រមឹកយ៉ាងសន្សឹមៗ។ ប៉ុន្តែថ្ងៃមួយ រ៉ូចឺរបានឮអំពីដំណឹងល្អ ហើយបានទទួលយកព្រះយេស៊ូវជាព្រះអង្គសង្គ្រោះ។ ជីវិតរបស់គាត់ក៏ត្រូវបានផ្លាស់ប្រែ។ គាត់បានជាពីអារម្មណ៍ឈឺចាប់របស់គាត់។ គាត់បានឈប់ផឹកស្រា ហើយមានការងារធ្វើ និងប្រកបរបរផ្ទាល់ខ្លួន។ គាត់ចាប់ផ្តើមមានគ្រួសារដ៏រីករាយ និងមានផ្ទះផ្ទាល់ខ្លួន។ គាត់បានបញ្ជូនកូនៗរបស់គាត់ទៅសាលារៀន និងរស់នៅជាស្មរបន្ទាល់ដ៏ល្អក្នុងការណែនាំមនុស្សដទៃទៀតឲ្យស្គាល់ព្រះអង្គសង្គ្រោះ។
ជាការឆ្លើយតបទៅនឹងការប្រោសលោះដ៏វិសេសវិសាលដែលគាត់បានទទួល លោករ៉ូចឺរបានសម្រេចចិត្តថ្វាយបង្គំព្រះដោយការថ្វាយដង្វាយ១០ហូត១ និងដង្វាយសទ្ធាយ៉ាងស្មោះត្រង់ រហូតដល់គាត់បានសម្រាកនៅក្នុងព្រះគុណរបស់ព្រះអង្គ។ តើព្រះអង្គសង្គ្រោះបានប្រទានអ្វីខ្លះនៅក្នុងជីវិតរបស់លោកអ្នក? សប្តាហ៍នេះ ខណៈដែលយើងថ្វាយបង្គំព្រះ ចូរនាំយកដង្វាយ១០ហូត១ និងដង្វាយសទ្ធាមកថ្វាយដល់ព្រះអង្គឲ្យសំណំនឹងការអរព្រះគុណចំពោះសេចក្តីសង្គ្រោះដែលទ្រង់មានចំពោះលោកអ្នកចុះ។
សេចក្តីអំពាវនាវ៖ «គឺអញ អញនេះហើយជាយេហូវ៉ា ក្រៅពីអញ គ្មានអ្នកសង្គ្រោះណាទៀតឡើយ» (អេសាយ ៤៣៖១១)៕
សេចក្តីអធិដ្ឋាន៖
ព្រះអម្ចាស់អើយ ទូលបង្គំយើងខ្ញុំសូមអរព្រះគុណសម្រាប់សេចក្តីសង្គ្រោះដ៏ពោរពេញដែលទ្រង់បានប្រទានដល់យើងរាល់គ្នា និងដល់លោករ៉ូចឺរ។ សូមជួយយើងរាល់គ្នាឲ្យថ្វាយបង្គំព្រះអង្គជាមួយនឹងជីវិតដែលផ្លាស់ប្រែ និងភាពសប្បុរសរបស់យើងរាល់គ្នាផង។ សូមអធិដ្ឋានថ្វាយដង្វាយទាំងនេះដល់ព្រះអង្គក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។