មេរៀនទី២​៖ ២-៨ មេសា ២០២២

ការធ្លាក់ចុះទៅក្នុងអំពើបាប

Jeans
ថ្ងៃសៅរ៍ ទី២ ខែមេសា ឆ្នាំ២០២២
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ លោកុប្បត្តិ ៣៖១; កូរិនថូសទី២ ១១៖៣; វិវរណៈ ១២៖៧-៩; លោកុប្បត្តិ ២៖១៦, ១៧; លោកុប្បត្តិ ៣៖៧-១៣។

ខចងចាំ៖«អញ​នឹង​ធ្វើ​ឲ្យ​ឯង ហើយ​និង​ស្ត្រី គឺ​ទាំង​ពូជ​ឯង និង​ពូជ​នាង​មាន​សេចក្តី​ខ្មាំង​នឹង​គ្នា ពូជ​នាង​ នឹង​កិន​ក្បាល​ឯង ហើយ​ឯង​នឹង​ចឹក​កែងជើង​គេ» (លោកុប្បត្តិ ៣៖១៥)។

ព្រះបានប្រទានអំណោយទានជាច្រើនដល់លោកអ័ដាម និងនាងអេវ៉ា។ រួមជាមួយអំណោយទានទាំងនេះ ព្រះក៏បានប្រទានបម្រាមមួយដល់ឪពុកម្តាយដើមរបស់យើងយ៉ាងដូច្នេះដែរថា៖ «ឯង​នឹង ស៊ី​ផ្លែ​ទាំង​អស់​ក្នុង​សួនច្បារ​នេះ​បាន​តាម​ចិត្ត តែ​ឯ​ត្រង់​ដើម​ដឹង​ខុស​ត្រូវ នោះ​មិន​ត្រូវ​ឲ្យ​ឯង​ស៊ី​ផល​ឡើយ ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​ឯង​ស៊ី នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន» (លោកុប្បត្តិ ២៖១៦,​១៧)។ បម្រាមនេះបានបង្ហាញយើងថា ព្រះមិនចង់អោយឪពុកម្តាយដើមរបស់យើងដឹងអ្វីមួយទាក់ទងសេចក្តីអាក្រក់នោះឡើយ។ ព្រះចង់អោយលោកអ័ដាម និងនាងអេវ៉ាដឹងត្រឹមតែសេចក្តីល្អតែប៉ុណ្ណោះ។

យើងអាចយល់បានថា មកពីហេតុអ្វី មែនទេ? លោកអ័ដាម និងនាងអេវ៉ានឹងត្រូវស្លាប់ (លោកុប្បត្តិ ៣៖១៩) ដោយសារតែពួកគេមិនបាន គោរពតាមសេចក្តីបង្គាប់មកពីព្រះ (លោកុប្បត្តិ ២៖១៧)។​ ព្រះមិនអាចអនុញ្ញាតអោយលោកអ័ដាម និងនាងអេវ៉ាបរិភោគផ្លែនៃដើមជីវិតតទៅទៀតបានឡើយ។​ កាលណាពួកគេបរិភោគផ្លែនៃដើមនេះ ពួកគេនឹងរស់នៅជារៀងរហូតក្នុងសភាពជាពួកបាបជន (លោកុប្បត្តិ ៣៖២២)។ ម្ល៉ោះហើយ ព្រះបានបង្គាប់ដល់ឪពុកម្តាយដើមរបស់យើងថា ពួកគេត្រូវតែចេញពីសួនច្បារអេដែន (លោកុប្បត្តិ​៣៖២៤)។

ប៉ុន្តែ ព្រះបានបណ្តេញលោកអ័ដាម និងនាងអេវ៉ាអោយចេញទៅជាមួយនឹងសេចក្តីសន្យាមួយប្រកបដោយសេចក្តីសង្ឃឹម។ យើងអាចឃើញសេចក្តីសន្យានេះនៅក្នុងខគម្ពីរលោកុប្បត្តិ ៣៖១៥។ខគម្ពីរលោកុប្បត្តិ ៣៖១៥ គឺសេចក្តីសន្យាស្តីអំពីដំណឹងល្អដំបូងគេបង្អស់។​ព្រះបានសន្យាថា នឹងប្រទានផ្លូវមួយដល់យើងរាល់គ្នា ដើម្បីអោយយើងអាចគេចចេញពីទោសនៃអំពើបាប និងសេចក្តីស្លាប់។​

ថ្ងៃអាទិត្យ ទី៣ ខែមេសា ឆ្នាំ២០២២

សត្វពស់

តើពស់គឺជាអ្នកណា? តើពស់បានល្បួងនាងអេវ៉ាដោយរបៀបណា? សម្រាប់ចម្លើយសូមអានខគម្ពីរលោកុប្បត្តិ ៣៖១; កូរិនថូសទី២ ១១៖៣ និងវិវរណៈ ១២៖៧-៩។

--------------------------------------------------------

ខគម្ពីរលោកុប្បត្តិ ៣៖១ បានចាប់ផ្តើមឡើងជាមួយនឹងពាក្យទាំងនេះថា៖ «ពស់»។ លោកម៉ូសេបានប្រើពាក្យថា «ពស់» នៅខាងដើមប្រយោគ ដើម្បីអោយយើងផ្តោតអារម្មណ៍ទៅលើវា។​ ពាក្យដំបូងនៃប្រយោគតែងតែមានសារៈសំខាន់ជានិច្ច។ ដូច្នេះ យើងអាចសង្កេតឃើញថា សត្វពស់នឹងមានផ្នែកដ៏សំខាន់មួយនៅក្នុងសាច់រឿង។​ ម៉្យាងទៀត លោកម៉ូសេបានសរសេរពាក្យថា «ពស់» ដើម្បីបង្ហាញយើងថា វាគឺជាតួអង្គម្នាក់ដែលយើងបានស្គាល់រួចទៅហើយ តែគាត់មិនបានប្រើពាក្យ «ពស់មួយក្បាល» នោះទេ។ ដូច្នេះ លោកម៉ូសេបានបង្ហាញយើងចេញពីពាក្យដំបូងគេនៃបទគម្ពីរលោកុប្បត្តិ​ ៣ ថាពស់គឺតួអង្គដ៏ពិត ប្រាកដមួយមិនមែនជាតួអង្គប្រឌិតនោះទេ។

ព្រះគម្ពីរក៏បានបង្ហាញយើងនៅក្នុងកណ្ឌគម្ពីរផ្សេងទៀតថា ពស់គឺជាខ្មាំងសត្រូវរបស់ព្រះផងដែរ (អេសាយ ២៧៖១)។ ព្រះគម្ពីរក៏បានហៅឈ្មោះវាថាជា «អារក្ស ឬសាតាំង» ផងដែរ (វិវរណៈ ១២៖៩)។ នៅក្នុងសម័យព្រះគម្ពីរ ពួកបណ្តាជនដែលរស់នៅផ្តុំទិសខាងកើតបានជឿថា សត្វពស់គឺជារូបស័ព្ទមួយតំណាងអោយសេចក្តីអាក្រក់។

«សាតាំងមិនចង់អោយនាងអេវ៉ាដឹងអំពីផែនការរបស់វានោះទេ។ ម្ល៉ោះហើយវាបានជ្រើសរើស លាក់បាំងអត្តសញ្ញាណរបស់វា។ វាបានលេចមកអោយនាងអេវ៉ាឃើញក្នុងសណ្ឋានជាសត្វពស់។ សត្វពស់គឺជាសត្វដ៏ល្អឥតខ្ចោះមួយសម្រាប់អោយសាតាំងល្បួងនាងអេវ៉ា។ សត្វពស់នៅពេលនោះគឺជាសត្វដ៏ឆ្លាត និងស្រស់ស្អាតជាងគេបំផុតនៅលើផែនដី។ សត្វពស់មានស្លាប។ នៅពេលដែលសត្វពស់បណ្តែត ខ្លួននៅតាមខ្យល់ វាបានបញ្ចេញពន្លឺដូចជាមាសដ៏ភ្លឺចិញ្ចាចដូច្នោះដែរ»។ ដកស្រង់ពី Ellen G. White, Patriarchs and Prophets, page 53, adapted។

សត្វពស់បានក្លែងធ្វើជាមិត្តភក្តិជាមួយនឹងព្រះ មិនមែនជាខ្មាំងសត្រូវរបស់ទ្រង់ឡើយ។ តើសត្វ ពស់អាចធ្វើដូច្នេះបានដោយរបៀបណា? វាអាចធ្វើដូច្នេះបានដោយនិយាយពាក្យពេចន៍របស់ព្រះទៅកាន់ស្ត្រី។ វាបានធ្វើខ្លួន ហាក់ដូចជាវាគាំទ្រក្រឹត្យវិន័យរបស់ព្រះអ៊ីចឹង។ តាំងតែពីដើមមក យើងបានឃើញថា សាតាំងចូលចិត្តប្រើពាក្យពេចន៍របស់ព្រះ។ ក្រោយមកទៀត យើងក៏បានឃើញដែរថា សាតាំងបានដឹងច្បាស់អំពីព្រះគម្ពីរ (ម៉ាថាយ ៤៖៦)។

តើលោកអ្នកឃើញដែរឬទេថា សាតាំងមិនបានជំទាស់ជាមួយនឹងនាងអេវ៉ាភ្លាមៗនោះទេ? ដំបូងឡើយ វាបានសួរសំណួរមួយទៅកាន់នាង។ សំណួរនោះបានល្បងនាងអេវ៉ាអោយគិតថា សត្វពស់ក៏ជឿទៅលើសេចក្តីបង្គាប់របស់ព្រះអម្ចាស់ផងដែរ។ «តើព្រះមានបន្ទូល . . . . » (លោកុប្បត្តិ ៣៖១)។ ប៉ុន្តែ សត្វពស់មិនបានជឿទៅលើព្រះនោះទេ។ ម្ល៉ោះហើយ យើងបានឃើញតាំងតែពីដើមមកថា សាតាំងពោរពេញទៅដោយល្បិច និងឧបាយកលជាទីបំផុត។ មិនយូរប៉ុន្មាន យើងនឹងបានឃើញថា ការល្បួងរបស់វាទទួលបានជោគជ័យផងដែរ។

ប្រសិនបើសាតាំងអាចល្បួងនាងអេវ៉ានៅក្នុងសួនច្បារអេដែនដ៏ល្អឥតខ្ចោះបានទៅហើយ តើវាអាចល្បួងយើងដែលជាបាបជននៅលើផែនដីដ៏ខូចបង់មួយនេះខ្លាំងជាងប៉ុនណាដែរ? តើសេចក្តីសង្ឃឹមដ៏ល្អបំផុតរបស់យើងប្រឆាំងទាស់នឹងសេចក្តីល្បួង ហើយនិងការកុហករបស់អារក្សនោះគឺជាអ្វីទៅ?

ថ្ងៃច័ន្ទ ទី៤ ខែមេសា ឆ្នាំ២០២២

ផ្លែដែលបានហាមឃាត់

សូមអានក្រឹត្យវិន័យរបស់ព្រះដល់លោកអ័ដាមនៅក្នុងខគម្ពីរលោកុប្បត្តិ ២៖១៦, ១៧។ សូមប្រៀបធៀបក្រឹត្យវិន័យនេះជាមួយនឹងពាក្យដែលសត្វពស់បាននិយាយទៅកាន់ស្ត្រីនៅក្នុងខគម្ពីរលោកុប្បត្តិ ៣៖១-៦។ តើពាក្យពេចន៍របស់ព្រះខុសគ្នាពីពាក្យរបស់សត្វពស់យ៉ាងដូចម្តេចដែរ? តើចម្លើយរបស់លោក អ្នកបានបង្ហាញលោកអ្នកអំពីសេចក្តីពិតដ៏សំខាន់អ្វីខ្លះ?

--------------------------------------------------------

​តើលោកអ្នកបានឃើញអំពីរបៀបដែលសត្វពស់បាននិយាយទៅកាន់ស្ត្រី (លោកុប្បត្តិ ៣៖១-៦) នូវចំណុចជាច្រើនដែលព្រះបានមានបន្ទូលទៅកាន់លោកអ័ដាមដែរឬទេ (លោកុប្បត្តិ ២៖១៦, ១៧)? សត្វពស់ចង់អោយនាងអេវ៉ាជឿថា វាបានជំនួសព្រះ និងដឹងរឿងច្រើនជាងទ្រង់ទៅទៀត។ ជាដំបូងវាបានសួរនូវសំណួរដ៏គ្មានកំហុសមួយទៅកាន់នាងអេវ៉ា។ ប៉ុន្តែ សត្វពស់បានសួរសំណួរនោះដោយលាក់បាំង។ វាចង់អោយនាងអេវ៉ាយល់ច្រឡំ។ វាចង់អោយនាងជឿថា នាងមិនបានយល់អំពីអ្វីដែលព្រះចង់មានន័យនោះទេ។ បន្ទាប់មកសាតាំងបានព្យាយាមធ្វើអោយនាងអេវ៉ាសង្ស័យទៅលើព្រះ។ ជាចុងក្រោយសាតាំងបាននិយាយយ៉ាងក្លាហានថា ពាក្យពេចន៍របស់ព្រះមិនពិតនោះទេ។

សាតាំងបាននិយាយពាក្យកុហក២យ៉ាង។ ពាក្យកុហកទី១នោះគឺជាសេចក្តីស្លាប់។ រីឯពាក្យកុហកទី២គឺជាសេចក្តីល្អ និងសេចក្តីអាក្រក់។ ព្រះបានបង្គាប់ដល់លោកអ័ដាមថា គាត់នឹងត្រូវស្លាប់យ៉ាងពិតប្រាកដកាលណាគាត់បរិភោគផ្លែដែលបានហាមឃាត់នោះ (លោកុប្បត្តិ ២៖១៧)។ ប៉ុន្តែ សាតាំងបានប្រាប់នាងអេវ៉ាថា នាងនឹងមិនស្លាប់ឡើយ (លោកុប្បត្តិ ៣៖៤)។ ព្រះបានហាមមិនអោយលោកអ័ដាមបរិភោគផ្លែនោះជាដាច់ខាត (លោកុប្បត្តិ ២៖១៧)។ ប៉ុន្តែ សាតាំងលើកទឹកចិត្តនាងអេវ៉ាអោយបរិភោគផ្លែនោះ ពីព្រោះផ្លែនោះនឹងធ្វើអោយនាងបានដូចជាព្រះ (លោកុប្បត្តិ ៣៖៥)។

នាងអេវ៉ាបានជឿសាតាំង។ នាងបានជឿការកុហករបស់វាដែលថា នាងនឹងរស់នៅជាអស់កល្បជានិច្ចកាលណានាងបរិភោគផ្លែនោះ។ គ្រាន់តែនាងអេវ៉ាមិនបានស្តាប់បង្គាប់ព្រះមួយរំពេចនោះ នាងបានបញ្ចេញអាកប្បកិរិយាហាក់ដូចជាព្រះបានសុគតបាត់ទៅហើយ។ អាក្រក់ជាងនេះទៅទៀតនោះ នាងបានបញ្ជេញអាកប្បកិរិយាហាក់ដូចជាខ្លួននាងគឺជាព្រះអ៊ីចឹង។ យើងអាចឃើញការផ្លាស់ប្តូរនេះនៅក្នុងអាកប្បកិរិយា នៅពេលដែលនាងអេវ៉ាបានសម្លឹងទៅឯផ្លែនោះ។ នាងអេវ៉ា «បាន​ឃើញ​ថា ផ្លែ​ឈើ​នោះ​ បរិភោគ​បានក៏​ជា​ទី​គាប់​ដល់​ភ្នែក ហើយ​ជា​ដើម​ដែល​ល្មម​គួរ​នឹង​ចង់​បាន» (លោកុប្បត្តិ ៣៖៦)។ ពាក្យទាំងនេះបានជួយអោយយើងនឹកចាំអំពីអ្វីដែលព្រះបានមានបន្ទូលនៅចុងថ្ងៃនីមួយៗនៅពេលដែលទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដី។ ព្រះបានទតមើលអ្វីដែលទ្រង់បានបង្កើត ហើយទ្រង់ «ក៏​យល់​ថា​ជា​ល្អ​ហើយ» (លោកុប្បត្តិ ១៖៤)។

ក្នុងសម័យព្រះគម្ពីរ ពួកមេដឹកនាំនៃសាសនាអេស៊ីព្ទ និងសាសន៍ក្រេកបានទទួលយក និងបានបង្រៀននូវការកុហកទាំង២យ៉ាងនេះរបស់សាតាំង។ មេដឹកនាំទាំងនេះបានបង្រៀនថា វិញ្ញាណនៃមនុស្សលោកមិនស្លាប់នោះទេ ទោះបីរូបកាយបានស្លាប់ហើយក្តី។ ពួកមេដឹកនាំក៏បានបង្រៀនថា មនុស្សលោកអាចបានដូចជាព្រះផងដែរ។ គួរអោយសោកស្តាយណាស់ការបង្រៀនខុសឆ្គងទាំងនេះបានក្លាយទៅជាផ្នែកមួយនៃសាសនាយូដា និងសាសនាគ្រីស្ទ។ សព្វថ្ងៃនេះពួកជំនុំជាច្រើននាក់បានជឿថា វិញ្ញាណមិនស្លាប់នោះទេ ទោះបីរូបកាយបានស្លាប់ហើយក្តី។

តើព្រះគម្ពីរបានបង្រៀនយើងថា មានអ្វីកើតឡើងនៅពេលដែលយើងស្លាប់ទៅ? តើសេចក្តីពិតនៃព្រះគម្ពីរនេះបានការពារយើងចេញពីការកុហករបស់សាតាំងដែលថា វិញ្ញាណរបស់យើងអាចរស់ជារៀងរហូតដោយរបៀបណាដែរ?

ថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០២២

ការលាក់ខ្លួនចេញពីព្រះ

ក្នុងខគម្ពីរលោកុប្បត្តិ ៣៖៧-១៣ យើងបានអានអំពីអ្វីដែលបានកើតឡើង បន្ទាប់ពីលោកអ័ដាម និងនាងអេវ៉ាបានធ្វើបាបរួចមក។ តើហេតុអ្វីបានជាលោកអ័ដាម និងនាងអេវ៉ាលាក់ខ្លួនចេញពីព្រះយ៉ាងដូច្នេះ? តើហេតុអ្វីបានជាព្រះសួរសំណួរថា «ឯង​នៅ​ឯ​ណា» ទៅលោកអ័ដាមយ៉ាងដូច្នេះ? (លោកុប្បត្តិ ៣៖៩)។ តើលោកអ័ដាម និងនាងអេវ៉ាបានដោះសាយ៉ាងដូចម្តេចខ្លះ​ ចំពោះអំពើបាបរបស់ពួកគេ?

--------------------------------------------------------

នៅពេលដែលព្រះបង្កើតលោកអ័ដាម និងនាងអេវ៉ានោះ ព្រះបានហ៊ុំព័ទ្ធរូបកាយរបស់ពួកគេនៅក្នុងពន្លឺដែលដូចជាអាវមួយយ៉ាងដូច្នោះដែរ។ អាវនៃពន្លឺនេះបានបង្ហាញសិរីល្អរបស់ព្រះ (សូម អានខគម្ពីរទំនុកដំកើង ៨៖៥; សូមប្រៀបធៀបជាមួយនឹងខគម្ពីរទំនុកដំកើង ១០៤៖១, ២)។ បន្ទាប់ពី លោកអ័ដាម និងនាងអេវ៉ាបានធ្វើបាបរួចមក អាវពន្លឺរបស់ពួកគេបានរលាយបាត់ទៅ។ ប្តីប្រពន្ធមួយគូនេះមិនមែនជារូបដ៏ល្អឥតខ្ចោះរបស់ព្រះ និងសេចក្តីស្រឡាញ់របស់ទ្រង់តទៅទៀតឡើយ។ ពួកគេបានដឹងថា ពួកគេនៅអាក្រាត។ ពួកគេ «ក៏​យក​ស្លឹក​ល្វា​មក​ក្លាស់​ធ្វើ​ជា​ប្រដាប់​ប៉ឹង» (លោកុប្បត្តិ ៣៖៧)។​ តើលោកអ្នកបានឃើញពាក្យសរសេរថា «ក្លាស់» ដែរឬទេ? កិរិយាស័ព្ទនេះអាចសរសេរថា «បង្កើត» ក៏បានដែរ។ រហូតមកដល់ពេលនេះយើងឃើញពាក្យថា «បង្កើត» បានភ្ជាប់ជាមួយនឹងព្រះតែប៉ុណ្ណោះ (សូមអានខគម្ពីរលោកុប្បតិ្ត ១៖៧, ១៦, ២៥)។ លោកម៉ូសេចង់អោយយើងមើលឃើញថា លោកអ័ដាម និងនាងអេវ៉ាបានព្យាយាមគ្របបាំងអំពើបាបរបស់ពួកគេ នៅពេលដែលពួកគេបាន «បង្កើត» សំលៀកបំពាក់ផ្ទាល់ខ្លួនរបស់ពួកគេ។ លោកអ័ដាម និងនាងអេវ៉ាបានគិតថា ទង្វើល្អរបស់ពួកគេអាចសង្គ្រោះពួកគេបាន។ ប៉ុន្តែ ព្រះបានបណ្តាលអោយលោកប៉ុលបកស្រាយថា យើងមិនអាចសង្គ្រោះខ្លួនយើងបាននោះឡើយ (កាឡាទី ២៖១៦)។ ព្រះបានសួរលោកអ័ដាមថា «ឯង​នៅ​ឯ​ណា?» (លោកុប្បត្តិ ៣៖៩)។ តើព្រះសួរសំណួរនេះ ដោយសារតែទ្រង់មិនបានដឹងថា លោកអ័ដាមនៅទីណាឬ? ជាការពិតណាស់ ព្រះបានសួរសំណួរនេះដើម្បីជួយអោយលោកអ័ដាម និងនាងអេវ៉ាបានយល់អំពីកំហុសរបស់ពួកគេ។ ព្រះចង់អោយពួកគេបែរចេញពីអំពើបាប។ ព្រះបានធ្វើកិច្ចការដើម្បីសង្គ្រោះមនុស្សលោកនៅពេលដែលពួកគេបានធ្វើបាបភ្លាមៗ។

រឿងនេះបានបង្ហាញយើងអំពីពេលវេលាមួយនៅពេលដែលព្រះនឹងជំនុំជម្រះរាស្ត្ររបស់ទ្រង់នៅសម័យចុងក្រោយ។ ដំបូងឡើយ ព្រះបានសួរសំណួរ (លោកុប្បត្តិ ៣៖៩)។ បន្ទាប់មក ព្រះបានប្រកាសអំពីការដាក់ទោស (លោកុប្បត្តិ ៣៖១៤-១៩) ដើម្បីអោយលោកអ័ដាម និងនាងអេវ៉ាបែរត្រឡប់មកឯទ្រង់វិញ។ ពេលនោះ ព្រះនឹងអាចសង្គ្រោះពួកគេបាន (លោកុប្បត្តិ ៣៖១៥)។ យើងអាចឃើញគោលគំនិតនៅក្នុងព្រះគម្ពីរ។

ជាដំបូង លោកអ័ដាម និងនាងអេវ៉ាបានធ្វើអ្វីដែលពួកបាបជនបានធ្វើ នៅពេលដែលពួកគេមានកំហុស។ ពួកគេបានបន្ទោសអ្នកដទៃ។ នាងអេវ៉ាបាននាំលោកអ័ដាមអោយធ្វើបាប។ ដូច្នេះ លោកអ័ដាមបានស្តីបន្ទោសនាងអេវ៉ា) លោកុប្បត្តិ ៣៖១២)។ លោកអ័ដាមក៏បានស្តីបន្ទោសព្រះដោយសារតែទ្រង់បានប្រទានស្ត្រីដល់គាត់ផងដែរ។ នាងអេវ៉ាបានស្តីបណ្តោសសត្វពស់។ «ពស់​វា​មក​ល្បួង​បញ្ឆោត​ខ្ញុំ​ម្ចាស់» (លោកុប្បត្តិ ៣៖១៣)។ ពាក្យសរសេរថា «ល្បួង» ប្រែមកពីពាក្យថា «ណាស្សា (Nasha)» ជាភាសាហេព្រើរ។ «ណាស្សា បានបង្ហាញយើងថា សត្វពស់បានព្យាយាមផ្តល់សេចក្តីសង្ឃឹមក្លែងក្លាយមួយដល់នាងអេវ៉ា»។ សត្វពស់ចង់អោយនាងអេវ៉ាជឿថា នាងកំពុងតែធ្វើអ្វីដែលត្រឹមត្រូវ (ពង្សាវតារក្សត្រទី២ ១៩៖១០; អេសាយ ៣៧៖១០; យេរេមា ៤៩៖១៦)។

តើលោកអ្នកបានស្តីបន្ទោសអ្នកដទៃចំពោះកំហុសដែលលោកអ្នកបានធ្វើដែរឬទេ? តើហេតុអ្វីការដែលធ្លាក់ចូលទៅក្នុងអន្ទាក់គឺជារឿងដ៏ងាយស្រួលមួយយ៉ាងដូច្នេះ?

ថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២

ព្រះបានដាក់បណ្តាសាសត្វពស់

«អញ​នឹង​ធ្វើ​ឲ្យ​ឯង ហើយ​និង​ស្ត្រី គឺ​ទាំង​ពូជ​ឯង និង​ពូជ​នាង​មាន​សេចក្តី​ខ្មាំង​នឹង​គ្នា ពូជ​នាង​ នឹង​កិន​ក្បាល​ឯង ហើយ​ឯង​នឹង​ចឹក​កែងជើង​គេ» (លោកុប្បត្តិ ៣៖១៥)។ តើព្រះអម្ចាស់កំពុងតែមានបន្ទូលយ៉ាងដូចម្តេច ទៅកាន់សត្វពស់? តើតម្រុយនៃសេចក្តីសង្ឃឹមអ្វីដែលយើងបានឃើញនៅក្នុងបណ្តាសានេះ?

--------------------------------------------------------

សត្វពស់បានចាប់ផ្តើមបង្កភាពរញេ៉រញ៉ៃទាំងមូលនៅក្នុងសួនច្បារអេដែន។ ម្ល៉ោះហើយ ព្រះបានចាប់ផ្តើមកិច្ចការរបស់ទ្រង់ជាមួយនឹងសត្វពស់មុនគេ។ តើលោកអ្នកបានឃើញដែរឬទេថា សត្វពស់គឺជាតួអង្គមួយគត់នៅក្នុងរឿងដែលបានដាក់បណ្តាសា?

ខគម្ពីរលោកុប្បត្តិ ៣៖១៥ បានបង្ហាញយើងអំពីភាពបញ្ច្រាសនៃអ្វីដែលបានកើតឡើងនៅពេលដែលព្រះបានបង្កើតផ្ទៃមេឃ និងផែនដី។ នៅពេលនោះព្រះបានបំពេញផ្ទៃមេឃ និងផែនដីជាមួយនឹង ជីវិត របស់ល្អៗ និងព្រះពរ។ ឥឡូវនេះ ព្រះបានជំនុំជម្រះសត្វពស់។ ការប្រកាសទាស់នឹងសត្វពស់បាននាំទៅរកសេចក្តីស្លាប់សេចក្តីអាក្រក់ និងបណ្តាសាវិញ។ យើងបានឃើញរួចមកហើយថា ព្រះក៏រាប់បញ្ចូលសេចក្តីសន្យាមួយសម្រាប់យើងនៅក្នុងបណ្តាសារបស់ទ្រង់ទាស់នឹងសត្វពស់ផងដែរ។ បណ្តាសាគឺជាសារដ៏ពិសេសស្តីអំពីអនាគតគឺថា៖​ ព្រះនឹងសង្គ្រោះមនុស្សលោក (លោកុប្បត្តិ ៣៖១៥)។ តើលោកអ្នកឃើញថា ព្រះបានប្រទានសេចក្តីសង្ឃឹមនេះដល់លោកអ័ដាម និងនាងអេវ៉ាមុនពេលដែលទ្រង់ជំនុំជម្រះ ពួកគេដែរឬទេ? មែនហើយ លោកអ័ដាម និងនាងអេវ៉ាបានធ្វើបាប។ មែនហើយពួកគេនឹងត្រូវឈឺចាប់ដោយសារតែពួកគេបានធ្វើបាប។ មែនហើយ ពួកគេក៏នឹងត្រូវស្លាប់ផងដែរ។ ប៉ុន្តែ ព្រះបានប្រទានសេចក្តីសង្ឃឹមមួយដល់ពួកគេដែលថា ទ្រង់នឹងសង្គ្រោះពួកគេនៅគ្រាចុងក្រោយ។

សូមអានខគម្ពីរលោកុប្បត្តិ ៣៖១៥ ជាមួយនឹងរ៉ូម ១៦៖២; ហេព្រើរ ២៖១៤ និងវិវរណៈ ១២៖១៧។ តើខទាំងនេះបានបង្ហាញយើងយ៉ាងដូចម្តេចដែរអំពីផែនការរបស់ព្រះក្នុងការសង្គ្រោះយើង និងសង្គ្រាមរវាងសេចក្តីល្អ និងសេចក្តីអាក្រក់នោះ?

តើលោកអ្នកឃើញអំពីរបៀបដែលខគម្ពីរលោកុប្បត្តិ ៣៖១៥ និងវិវរណៈ ១២៖១៧ បានបង្ហាញយើងអំពីរូបស័ព្ទ និងគោលគំនិតដូចគ្នាដែរឬទេ? ចូរយើងក្រឡេកមើលពីរបៀបដែលផ្នែកនីមួយៗនៅក្នុងខទាំងនេះត្រូវរូវគ្នា៖

Jeans

សង្គ្រាមរវាងសត្វពស់ និងស្ត្រីនឹងបន្តរហូតដល់គ្រាចុងក្រោយ។ ព្រះបានសន្យាថា សាតាំង នឹងចាញ់សង្គ្រាមនេះ។ ដ្បិតព្រះយេស៊ូវនឹងកិនក្បាលពស់ (រិវរណៈ ២០៖១០)។

ព្រះបានប្រទានសេចក្តីសង្ឃឹមមួយដល់យើងនៅក្នុងសួនច្បារអេដែន គឺជាកន្លែងដែលអំពើបាប និងសេចក្តីបានចាប់ផ្តើមឡើងនៅលើផែនដីនេះ។ តើហេតុអ្វីបានជាសេចក្តីពិតនៃព្រះគម្ពីរនេះអាចកំសាន្តចិត្តរបស់យើងបាន?​

ថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២

ផែនការរបស់ព្រះសម្រាប់មនុស្សលោក

តើមានអ្វីកើតឡើងចំពោះលោកអ័ដាម និងនាងអេវ៉ា ដោយសារតែអំពើបាបរបស់ពួកគេ? សម្រាប់ចម្លើយសូមអានខគម្ពីរលោកុប្បត្តិ ៣៖១៥-២៤។

--------------------------------------------------------

ព្រះបានដាក់ទណ្ឌកម្មមួយដល់សត្វពស់ដែលដូចគ្នាទៅនឹងបណ្តាសាមួយយ៉ាងដូច្នេះដែរ (លោកុប្បត្តិ ៣៖១៤)។ ប៉ុន្តែ ព្រះបានដាក់ទណ្ឌកម្មខុសគ្នាមួយដល់បុរស និងស្ត្រី។ ទណ្ឌកម្មរបស់ពួកគេមិនមែនជាបណ្តាសានោះទេ។ ព្រះបានមានបន្ទូលតាមរយៈលោកម៉ូសេថា «បណ្តាសា» តែម្តងទៀតប៉ុណ្ណោះនៅក្នុងកណ្ឌគម្ពីរលោកុប្បត្តិ ដើម្បីបង្ហាញយើងថា ព្រះដាក់បណ្តាសាដល់ «ដី» (លោកុប្បត្តិ ៣៖១៧)។ ព្រះមានផែនការដ៏ប្រសើរសម្រាប់បុរស និងស្ត្រីជាងផែនការដែលទ្រង់មានសម្រាប់សត្វពស់ទៅទៀត។ ព្រះបានផ្តល់សេចក្តីសង្ឃឹមដល់លោកអ័ដាម និងនាងអេវ៉ាដែលទ្រង់មិនបានផ្តល់ដល់សត្វពស់។

ស្ត្រីបានធ្វើបាបដោយសារតែទំនាក់ទំនងរបស់នាងជាមួយនឹងសត្វពស់។ ដូច្នេះ ព្រះដាក់ទណ្ឌកម្មដល់ស្ត្រីភ្ជាប់ទៅនឹងបណ្តាសាដែលព្រះបានដាក់ទៅលើសត្វពស់។ នេះគឺជាមូលហេតុដែលសារដ៏ពិសេសស្តីអំពីស្ត្រីនៅក្នុងខគម្ពីរលោកុប្បត្តិ ៣៖១៦ បានបង្ហាញយើងនូវសារដ៏ពិសេសស្តីអំពីព្រះអង្គសង្គ្រោះនៅក្នុងខគម្ពីរលោកុប្បត្តិ ៣៖១៥។ ទំនាក់ទំនងនេះអាចជួយអោយយើងមើលឃើញថា អ្វីៗគ្រប់យ៉ាងដែលព្រះបានមានបន្ទូលអំពីស្ត្រីនោះ គឺជាផ្នែកមួយនៃផែនការនាពេលអនាគតរបស់ទ្រង់ក្នុងការសង្គ្រោះមនុស្សលោក (សូមប្រៀបធៀបជាមួយខគម្ពីរធីម៉ូថេទី១ ២៖១៤, ១៥)។

បុរសបានធ្វើបាប ដោយសារតែគាត់បានស្តាប់បង្គាប់ស្ត្រីជាជាងស្តាប់បង្គាប់ព្រះ។ ដូច្នេះ ព្រះបានដាក់ទោសបុរសតាមរយៈការដាក់បណ្តាសាទៅលើដី ពីព្រោះទ្រង់បានបង្កើតលោកអ័ដាមចេញពីដីមក (លោកុប្បត្តិ ៣៖១៧)។ ឥឡូវនេះ បុរសបានត្រូវតែប្រឹងប្រែងធ្វើការអស់មួយជីវិតរបស់គាត់ (លោកុប្បត្តិ ៣៖១៧-១៩)។ បន្ទាប់មក គាត់នឹងត្រឡប់ទៅជាដីវិញ នៅពេលដែលស្លាប់ទៅ (លោកុប្បត្តិ ៣៖១៩)។ សេចក្តីស្លាប់មិនមែនជាផ្នែកមួយនៃផែនការរបស់ព្រះសម្រាប់មនុស្សលោកនោះឡើយ។

ស្ត្រីគឺជារូបស័ព្ទតំណាងអោយជីវិត និងសេចក្តីអាណិតអាសូរ (លោកុប្បត្តិ ៣៖២០)។ បុត្រាមួយនឹងត្រូវបានប្រសូតមកតាមរយៈស្ត្រីម្នាក់ពីពូជអំបូររបស់នាងអេវ៉ានាពេលអនាគត។ បុត្រានេះនឹងក្លាយមកជាព្រះអង្គសង្គ្រោះនៃផែនដីទាំងមូល។ ទ្រង់នឹងសង្គ្រោះមនុស្សលោកចេញពីបណ្តាសានៃអំពើបាប និងសេចក្តីស្លាប់។

ព្រះចង់បានតែសេចក្តីល្អសម្រាប់លោកអ័ដាម និងនាងអេវ៉ាប៉ុណ្ណោះ តែទ្រង់មិនចង់បានសេចក្តីអាក្រក់ឡើយ។ លោកអ័ដាម និងនាងអេវ៉ាគ្មានហេតុផលត្រូវសង្ស័យចំពោះសេចក្តីស្រឡាញ់របស់ព្រះ ឬព្រះបន្ទូលដែលទ្រង់បានមានបន្ទូលដល់ពួកគេនោះឡើយ។ ប៉ុន្តែ ឥឡូវនេះលោកអ័ដាម និងនាងអេវ៉ាបានស្គាល់សេចក្តីអាក្រក់ហើយ។ ដូច្នេះ ព្រះនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីសង្គ្រោះពួកគេចេញពីអំពើបាប។ យើងបានឃើញសេចក្តីពិតនៃព្រះគម្ពីរនេះនៅក្នុងទណ្ឌកម្មដែលព្រះបានដាក់អោយអ័ដាម និងនាងអេវ៉ា។ ទណ្ឌកម្មទាំងនេះបានបង្ហាញយើងអំពីសេចក្តីសង្ឃឹមដែលព្រះប្រទានដល់ឪពុកម្តាយដើមរបស់យើង និងដល់យើងរាល់គ្នា។

យើងតែងតែគិតថា «ចំណេះដឹង» ល្អជានិច្ចមែនទេ? តើហេតុអ្វីបានជាចំណេះដឹងមិនល្អគ្រប់ ពេលនោះទេ ដូចដែលអំពើបាបរបស់លោកអ័ដាម និងនាងអេវ៉ាដែលបានបង្ហាញយើងនោះ? តើរឿងអ្វីខ្លះដែលយើងមិនគួរដឹងនោះ?

ថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២

សិក្សាបន្ថែម

សូមប្រៀបធៀបដើមជីវិតទៅនឹងដើមដឹងខុសត្រូវ។ ដើមឈើទាំង២នេះស្ថិតនៅចំ កណ្តាលសួរច្បារអេដែន (លោកុប្បត្តិ ២៖៩)។ នៅពេលដែលមនុស្សលោកដំបូងបានបរិភោគផ្លែដែលបានហាមឃាត់រួចមក ព្រះលែងអនុញ្ញាតអោយពួកគេបរិភោគផ្លែពីដើមជីវិតតទៅទៀតបានឡើយ។ សេចក្តី ពិតនៃព្រះគម្ពីរបានបង្រៀនយើងនូវក្បួនច្បាប់ដ៏សំខាន់មួយ គឺថា៖ ជម្រើសខាងឯវិញ្ញាណរបស់យើងមាន ទំនាក់ទំនងទៅនឹងសុខភាព និងរូបកាយរបស់យើង។ ជម្រើសទាំងនេះអាចធ្វើអោយរឹងមាំ ឬចុះខ្សោយ បាន។ ជម្រើសទាំងនេះអាចនាំយើងទៅរកជីវិត ឬសេចក្តីស្លាប់បាន។ ស្តេចសាឡូម៉ូនបានយល់អំពីទំនាក់ ទំនងនេះយ៉ាងច្បាស់។ នេះគឺជាមូលហេតុដែលនាំអោយទ្រង់មានបន្ទូលប្រាប់បុត្រារបស់ទ្រង់យ៉ាងដូច្នេះ ថា៖ «កូន​អើយ កុំ​ឲ្យ​ភ្លេច​ឱវាទ​អញ​ឡើយ គួរ​ឲ្យ​ចិត្ត​ឯង​កាន់​តាម​បណ្តាំ​របស់​អញ​ទាំង​ប៉ុន្មាន ដ្បិត​សេចក្តី​ ទាំង​នោះ​នឹង​បន្ថែម​ឲ្យ​ឯង​បាន​ថ្ងៃ​វែង និង​អាយុ​យឺនយូរ ព្រម​ទាំង​សេចក្តី​សុខ​ផង» (សុភាសិត ៣៖១, ២)។ ក្រុងយេរូសាឡិមថ្មីក៏បានបង្ហាញយើងអំពីទំនាក់ទំនងនេះផងដែរ រវាងជម្រើសខាងឯវិញ្ញាណ និងសុខភាព របស់យើង។ យើងនឹងឃើញតែដើមជីវិតមួយគត់នៅក្នុងក្រុងដ៏បរិសុទ្ធនោះ (វិវរណៈ ២២៖២)។

«នៅពេលដែលព្រះបង្កើតនាងអេវ៉ា ទ្រង់មិនបានបង្កើតអោយនាងអន់ជាង ឬប្រសើរជាង បុរសនោះទេ។ នាងអេវ៉ាត្រូវគ្នានឹងលោកអ័ដាមគ្រប់យ៉ាង។ ព្រះមិនបានរៀបចំផែនការអោយប្តីប្រពន្ធដ៏បរិសុទ្ធមួយគូនេះមានចំណាប់អារម្មណ៍ខុសពីគ្នានោះទេ។ ទន្ទឹមគ្នានេះ ព្រះបានបង្កើតពួកគេមកអោយ ចេះគិត និងធ្វើកិច្ចការដោយខ្លួនគេផ្ទាល់។ ប៉ុន្តែ នាងអេវ៉ាបានធ្វើបាប។ ដោយសារតែនាងបានធ្វើបាបមុនគេនេះហើយ បានជាព្រះមានបន្ទូលប្រាប់នាងថា លោកអ័ដាមនឹងធ្វើជាអ្នកគ្រប់គ្រងនៅក្នុងអាពាហ៍-ពិពាហ៍របស់ពួកគេ។ ព្រះបានមានបន្ទូលប្រាប់នាងអេវ៉ាថា នាងត្រូវតែគោរពប្តីរបស់នាង។ ទណ្ឌកម្មនេះ គឺជាផ្នែកមួយនៃបណ្តាសាដែលបណ្តាលមកពីអំពើបាប។ បណ្តាសាបានធ្វើអោយជីវិតរបស់ស្ត្រីជួបនឹង ការលំបាកគ្រប់សព្វបែបយ៉ាង។ ជីវិតរបស់នាងតែងតែមានអារម្មណ៍ថា មានបន្ទុកដ៏ធ្ងន់មួយជានិច្ច។ បុរស បានបញ្ចេញអាកប្បកិរិយាដូចគេជាស្តេចដ៏មានអំណាចមួយអង្គដូច្នេះដែរ រីឯស្ត្រីវិញគឺជាអ្នកបម្រើរបស់គេទៅវិញ។ ដកស្រង់ពី Ellen G. White, Testimonies for the Church, volume 3, page 484, adapted។

សំនួរពិភាក្សា៖
  1. ព្រះបានយាងមកសួរសំណួរដល់លោកអ័ដាម។ ព្រះចង់អោយសំណួរទាំងនោះជួយអោយលោកអ័ដាម មើលឃើញកំហុសរបស់គាត់។ ព្រះក៏បានសួរសំណួរ ដើម្បីជួយអោយលោកអ័ដាមបែរចេញពីអំពើបាប របស់គាត់ផងដែរ។ ព្រះក៏បានប្រើផែនការដដែលនេះនៅក្នុងរឿងនៃព្រះគម្ពីរដទៃទៀតផងដែរ។ យើងបាន ឃើញព្រះសួរសំណួរនៅក្នុងរឿងរបស់លោកកាអ៊ីន (លោកុប្បត្តិ ៤៖៩, ១០) រឿងនៃទឹកជំនន់ (លោកុប្បត្តិ ៦៖៥-៨) រឿងនៃប៉មបាបិល (លោកុប្បត្តិ ១១៖៥) និងរឿងនៃក្រុងសូដុំម និងក្រុងកូម៉ូរ៉ា (លោកុប្បត្តិ ១៨៖២១)។​ រឿងទាំងអស់នេះបានបង្ហាញយើងអំពីកិច្ចការនាពេលអនាគតដែលព្រះត្រូវធ្វើ នៅពេលដែលទ្រង់ ជំនុំជម្រះផែនដីនៅក្នុងសម័យចុងក្រោយ។ តើលោកអ្នកបានឃើញកិច្ចការដ៏ពិសេសរបស់ព្រះក្នុងនាមជា ចៅក្រមរបស់យើងនៅក្នុងរឿងទាំងនេះដោយរបៀបណាដែរ?

  2. តើហេតុអ្វីបានជានាងអេវ៉ាគិតថា នាងនឹងទទួលបានចំណេះដឹង​ ប្រសិនបើនាងបរិភោគផ្លែពីដើមដឹង ខុសត្រូវនោះ? តើយើងអាចជៀសវាងពីការធ្វើកំហុសដូចគ្នានេះនៅក្នុងជីវិតរបស់យើងដោយរបៀបណា?

រឿងខ្លី

ការអន់ឱនទោសនៅក្នុងគុក ភាគ១

Jeans

ពួកអ្នកស្ម័គ្រចិត្តបានជ្រើសរើសក្រដាសដែលមានឈ្មោះអ្នកទោសដែលបានចុះឈ្មោះសិក្សាព្រះគម្ពីរនៅក្នុងគុក ប្រទេសអេស្ប៉ាញ។ ប៉ុន្តែ គ្មានអ្នកណាម្នាក់លូកយកក្រដាសឈ្មោះមួយនោះទាល់តែ សោះ។ លោកដាន់តេ ម៉ាវីន ហឺម៉ាន់ (Dante Marvin Herrmann) ដែលជាសិស្សម្នាក់នៅឯមហាវិទ្យាល័យ អាត់វេនទីស្ទសាហ្គាន់តូអាយុ៣៦ឆ្នាំបានសួរថា «អត់មានអ្នកណាចង់ទៅសួរសុខទុក្ខបុរសម្នាក់នេះទេឬអី?» អ្នកស្ម័គ្រចិត្តម្នាក់បានឆ្លើយឡើងថា «គាត់តែងតែមើលងាយព្រះជានិច្ច»។ លោកដាន់តេបានអធិស្ឋាន ហើយមានអារម្មណ៍ថា មានសំឡេងតូចមួយបាននិយាយថា «ចូរទៅសួរសុខទុក្ខលោកម៉ាធា (Matias)ចុះ»។

អ្នកយាមគុកម្នាក់បាននាំលោកម៉ាធាដែលជាបុរសវ័យក្មេង និងកោរសក់ស្អាតបាតម្នាក់មកជួប លោកដាន់តេនៅក្នុងបន្ទប់ទទេស្អាតមួយដែលមានរបាំងការពារសុវត្ថិភាព។​ លោកម៉ាធាមិនមានស្នាម សាក់ ឬទឹកមុខកាចសាហាវដូចជាឃាតករ និងអ្នកទោសដទៃទៀតដែលបានដាក់នៅក្នុងរបាំងការពារនោះឡើយ។ លោកដាន់តេបាននិយាយទៅកាន់គាត់ថា «ប្អូនមើលទៅមិនដូចជាអ្នកទោសដទៃទៀតឡើយ»។ ម៉ាធាបានសើច រួចនិយាយថា «អ្នកមិនដឹងថា ខ្ញុំជាអ្នកណាទេ»។ លោកដាន់តេបាននិយាយ ទៀតថា «ខ្ញុំមិនខ្វល់ថា ប្អូនជាអ្នកណា ឬបានធ្វើអ្វីនោះទេ ពីព្រោះយើងទាំងអស់គ្នាសុទ្ធតែមានកំហុសរៀងៗ ខ្លួននៅក្នុងជីវិតរបស់យើង ហើយយើងក៏មិនអាចផ្លាស់ប្តូរអតីតកាលបានដែរ»។​ លោកម៉ាធាបានខិតទៅ ជិតនឹងលោកដាន់តេ។ គាត់បានឃើញស្នាមសាក់ពណ៌ខៀវព័ទ្ធជំុវិញដៃ និងស្នាមចោះត្រចៀកខាងឆ្វេង របស់គាត់។ ម៉ាធាបានសួរថា «តើអ្នកមកពីពួកជំនុំសេវេនដេយអាត់វេនទីស្ទ មែនទេ? អ្នកមើលទៅមិន ដូចជាពួកអាត់វេនទីស្ទដទៃទៀតសោះ។

លោកដាន់តេបានតបទៅវិញថា «ព្រះបានផ្លាស់ប្តូរយើងម្នាក់ៗ»។ ពេលនោះ គាត់បានរៀបរាប់អំពីរបៀបដែលគាត់បានលក់ព្រលឹងរបស់គាត់ទៅអោយអារក្សនៅអាយុ១៧ឆ្នាំ គាត់បានចូលក្រុម បងធំនៅតាមដងផ្លូវ និងបានធ្វើជាអ្នកលក់ថ្នាំញៀន មុនពេលដែលគាត់បានរកឃើញសេចក្តីស្រឡាញ់ របស់ព្រះនៅក្នុងព្រះគម្ពីរ និងក្លាយមកជាអាត់វេនទីស្ទ។ នៅពេលដែលគាត់រៀបរាប់ចប់ វេលាសម្រាប់ថ្នាក់ព្រះគម្ពីរក៏ផុតផងដែរ។ លោកម៉ាធាបានសួរថា «តើលោកគ្រូអាចមកសួរសុខទុក្ខខ្ញុំម្តងទៀតបានទេ? ពីព្រោះខ្ញុំចង់រៀនអំពីព្រះដ៏អាថ៌កំបាំងនេះដែលលោកគ្រូបានប្រាប់ខ្ញុំ។ ខ្ញុំមិនដែលធ្លាប់ឮអំពីព្រះប្រកប ដោយសេចក្តីស្រឡាញ់ពីមុនមកនោះទេ។ ខ្ញុំធ្លាប់តែឮអំពីព្រះពោរពេញទៅដោយកំហឹង និងចូលចិត្តថ្កោល ទោសគេ»។ ​

លោកដាន់តេបានសន្យាថា នឹងត្រឡប់មកវិញនៅថ្ងៃសប្បាតហ៍បន្ទាប់ទៀត។ ពេលត្រឡប់ ទៅឯមហាវិទ្យាល័យវិញ លោកដាន់តេបានប្រាប់លោកគ្រូម្នាក់អំពីលោកម៉ាធា។ លោកគ្រូបានសួរទៅ គាត់ថា «តើអ្នកដឹងថា ម៉ាធាជាអ្នកណាទេ?»។ នៅពេលដែលលោកដាន់តេងក់ក្បាល លោកគ្រូម្នាក់នោះ បានណែនាំគាត់អោយស្រាវជ្រាវរកព័ត៌មានអនឡាញមួយទាក់ទងនឹងលោកម៉ាធានេះ។ ការស្រាវជ្រាវ អនឡាញបានជំរុញអោយលោកដាន់តេអធិស្ឋានថា «ឱព្រះអង្គអើយ នេះគឺជារឿងដ៏ធ្ងន់ធ្ងរមួយ តើហេតុអ្វីបានជាទ្រង់ចាត់ទូលបង្គំទៅឯអ្នកទោសម្នាក់នេះយ៉ាងដូច្នេះ?»។ គាត់ក៏មានអារម្មណ៍ថា មានសំឡេងតូចមួយតបគាត់វិញដែរថា «ឱដាន់តេអើយខ្ញុំបានប្រទានព្រះគុណដល់អ្នក ដោយសារតែខ្ញុំបានអត់ឱនទោសអោយអ្នកហើយ ដូច្នេះ ខ្ញុំក៏អាចអត់ឱនទោសអោយគាត់បានដែរ»។

អំណានដង្វាយប្រចាំសប្តាហ៍

ការចែកចាយដំណឹងល្អរបស់ព្រះ

ជារៀងរាល់ថ្ងៃ ព្រះបានប្រើប៉ុស្តិ៍នៃសេចក្តីសង្ឃឹម (Hope Channel) ដែលជាព័ន្ធកិច្ច នៃប្រព័ន្ធផ្សព្វផ្សាយដំណឹងល្អជាសកល ដើម្បីផ្សាយសារនៃសេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់ មកពីព្រះដល់អ្នកទស្សនារាប់ពាន់នាក់។ បេសកកម្មរបស់ព្រះយេស៊ូវ «ចំរូត​ធំ​ណាស់» (លូកា ១០៖២) កំពុងតែត្រូវបានបំពេញទៅដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ តាមរយៈប៉ុស្តិ៍នៃ សេចក្តីសង្ឃឹមជាង៦៨ប៉ុស្តិ៍ដែលបានចាក់ផ្សាយជាង៨០ភាសានៅជុំវិញពិភពលោកផងដែរ។

តាមរយៈព្រឹត្តិការណ៍ពិភពលោកដ៏ជ្រួលច្របល់ដែលមិនធ្លាប់មានពីមុនមកនោះ ព្រះបានប្រើប៉ុស្តិ៍នៃសេចក្តីសង្ឃឹមក្នុងការចែកចាយសារនៃការលើកទឹកចិត្ត និងឱកាសក្នុងការទាក់ទងជាមួយនឹងអ្នកទស្សនានៅជុំវិញពិភពលោក។ សេចក្តីសង្ឃឹមនៅឯផ្ទះ (Hope at Home) ដែលជាកម្មវិធីមួយនៃប៉ុស្តិ៍នៃសេចក្តីសង្ឃឹមបានក្លាយមកជាសេវាកម្មព្រះវិហារ អនឡាញតាមតំបន់ជារៀងរាល់សប្តាហ៍ ដោយការផ្តល់ជូននូវសារលើកទឹកចិត្ត តន្ត្រី និងការណែនាំអំពីសុខភាពពីសំណាក់អ្នកជំនាញ សម្រាប់មនុស្សរាប់ពាន់នាក់នៅជុំវិញពិភពលោក​។ លោកអ្នកអាចស្តាប់តាមគេហទំព័រ HopeTV.org/AtHome។ វេទិកាសិក្សាព្រះគម្ពីរ Hope.Study ត្រូវបានពង្រីកក្នុងការផ្តល់ជូននូវវគ្គសិក្សាព្រះគម្ពីរដោយឥតគិតថ្លៃ និងថ្នាក់ សិក្សាព្រះគម្ពីរស្រាលៗទៅលើប្រធានបទដូចជាការបញ្ឆេះជីវិតខាងឯសេចក្តីអធិស្ឋានរបស់ លោកអ្នក ការគ្រប់គ្រងទៅលើស្ថានការណ៍តានតឹងទាំងឡាយ និងការសិក្សា ដើម្បីអោយបាន​ យល់អំពីព្រះគម្ពីរអោយកាន់តែប្រសើរឡើង។ យើងក៏អាចទស្សនាអំពីទីបន្ទាល់ដ៏ឆេះឆួលពីអ្នកទស្សនាទាំងអស់ដែលបានផ្លាស់ប្តូរជីវិតរបស់ពួកគេផងដែរ។​ លោកអ្នកអាចទស្សនា ទីបន្ទាល់ទាំងនេះនៅឯ HopeTV.org/Transformed។ យើងក៏សូមលើកទឹកចិត្តលោកអ្នក អោយអញ្ជើញគ្រួសារ និងមិត្តភក្តិរបស់លោកអ្នកមកទស្សនាប៉ុស្តិ៍នៃសេចក្តីសង្ឃឹមផងដែរ។

សេចក្តីអំពាវនាវ៖ ការគាំទ្រងរបស់លោកអ្នកចំពោះប៉ុស្តិ៍នៃសេចក្តីសង្ឃឹមបានផ្តល់នូវធនធាន ជាច្រើនដែលពួកយើងត្រូវការ សម្រាប់ព័ន្ធកិច្ចនៃការផ្សព្វផ្សាយដំណឹងល្អជាសកលនេះ។ ជើនើរ៉លខនហ្វឺរិនបានទទួលប្រាក់តង្វាយ១ចំណែកពីភូមិភាគជាប្រចាំ បន្ទាប់មក ពួកគេបាន ចែកចាយប្រាក់ជំនួយនេះទៅអោយគម្រោងនៃបេសកកម្ម និងស្ថាប័នទាំងប៉ុន្មានវិញ។ ប៉ុស្តិ៍នៃ សេចក្តីសង្ឃឹមក៏ត្រូវបានរាប់បញ្ចូលនៅក្នុងបញ្ជីនេះផងដែរ។ ប្រាក់តង្វាយបន្ថែមទៀត សម្រាប់ ប៉ុស្តិ៍នៃសេចក្តីសង្ឃឹមនេះ ត្រូវបានផ្តល់អោយតាមរយៈស្រោមសំបុត្រដទៃទៀត ដែលបានផ្ញើមកកាន់ប៉ុស្តិ៍របស់ពួកយើង។

សេចក្តីអធិដ្ឋាន៖
ឱព្រះអម្ចាស់អើយ ទូលបង្គំសូមអរព្រះគុណចំពោះការត្រាស់ហៅអោយចូលរួមជាមួយនឹងទ្រង់នៅក្នុងការច្រូតចំរូតរបស់ទ្រង់នេះ។ សូមទ្រង់ប្រទានពរដល់តង្វាយ ទាំងនេះ និងអ្នកច្រូតទាំងអស់របស់ទ្រង់ ទូលបង្គំសូមអធិស្ឋានដាក់ថ្វាយនៅក្នុងព្រះនាមព្រះយេស៊ូវ។ អាម៉ែន។ ​

Powered by CAM