អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ លោកុប្បត្តិ ២៖១៦, ១៧; លោកុប្បត្តិ ៣៖១-៧; លោកុប្បត្តិ ៣៖៤; លោកុប្បត្តិ ៣៖៧-៩; លោកុប្បត្តិ ៣៖១៥, ២១។
ព្រះយេស៊ូវបានបង្កើតភពដ៏សែនឆ្ងាយទាំងអស់ ហើយទ្រង់បំពេញភពទាំងនោះជាមួយនឹងភាវៈមានជីវិតផងដែរ (យ៉ូហាន ១៖១-៣, ១០; កូឡូស ១៖១៦; ហេព្រើរ ១៖២)។ បន្ទាប់មក ព្រះវរបិតាបានលើកតម្កើងព្រះយេស៊ូវនៅក្នុងរបៀបដ៏ពិសេសមួយ។ ព្រះវរបិតាបានប្រកាសថា ទ្រង់ និងព្រះយេស៊ូវនឹងបង្កើតផែនដីរបស់យើងនេះ រួមទាំងរបស់សព្វសារពើនៅក្នុងនោះផងដែរ។ ដំណឹងនេះបានធ្វើអោយ លុយស៊ីហ្វ័រច្រណែនដល់ព្រះយេស៊ូវ (សូមអាន Ellen G. White, The Story of Redemption, page 14)។ ដូច្នេះ លុយស៊ីហ្វ័របានរៀបចំផែនការដ៏សំងាត់មួយ ដើម្បីធ្វើការទាស់នឹងព្រះយេស៊ូវ។
បន្ទាប់មក ព្រះបានទម្លាក់សាតាំងចេញពីស្ថានសួគ៌។ សាតាំងចង់ «ធ្វើបាបព្រះនៅស្ថានសួគ៌ និងធ្វើអោយទ្រង់មានអារម្មណ៍សោកសៅ»។ ដូច្នេះ សាតាំងបានសម្រេចចិត្តថា «នឹងបំផ្លាញសេចក្តីសុខរបស់លោកអ័ដាម និងនាងអេវ៉ា» នៅលើផែនដីនេះ។ សាតាំងចង់រក «វិធីមួយដើម្បីល្បួងលោកអ័ដាម និងនាងអេវ៉ាកុំអោយគោរពតាមព្រះ។ នៅពេលនោះព្រះនឹងអត់ឱនទោសអោយលោកអ័ដាម និងនាងអេវ៉ា។ នៅពេលដែលរឿងនោះកើតឡើង សាតាំងនឹងមានអារម្មណ៍ថា ព្រះត្រូវតែយុត្តិធម៌ និងបង្ហាញសេចក្តីមេត្តាដល់វា ក៏ដូចជាពួកទេវតាអាក្រក់របស់វាផងដែរ»។ ដកស្រង់ពី Ellen G. White, The Story of Redemption, page 27, adapted។ ព្រះបានជ្រាបគ្រប់រឿងទាំងអស់អំពីផែនការដ៏អាក្រក់របស់សាតាំង។ ម្ល៉ោះហើយ ព្រះបានហាមមិនអោយលោកអ័ដាម និងនាងអេវ៉ាទៅក្បែរដើមហាមឃាត់ជាដាច់ខាត (លោកុប្បត្តិ ២៖១៦-១៧)។ តើលោកអ្នកឃើញថា ព្រះបានប្រទានបញ្ញត្តិអោយមនុស្សគោរពតាមមុនអំពើបាបពេញផែនដីដែរឬទេ?
សប្តាហ៍នេះ យើងនឹងសិក្សាអំពីអំពើបាបរបស់លោកអ័ដាម និងនាងអេវ៉ា។ យើងនឹងរៀនអំពីរបៀបដែលអំពើបាប និងសេចក្តីស្លាប់បានគ្រប់គ្រងលើផែនដីនេះ។ យើងក៏នឹងឃើញផងដែរថា ព្រះបានផ្តល់សេចក្តីសង្ឃឹមដល់មនុស្សលោកនៅក្នុងសួនច្បារអេដែន។
ថ្ងៃអាទិត្យ ទី២ ខែតុលា ឆ្នាំ២០២២
តើនាងអេវ៉ាគួរតែជឿទុកចិត្តព្រះ ឬសាតាំង?
ព្រះអម្ចាស់បានបង្កើតផែនដីដ៏ល្អឥតខ្ចោះ (លោកុប្បត្តិ ១៖៣១)។ ដូច្នេះ មុនពេលធ្លាក់ចុះទៅក្នុងអំពើបាប លោកអ័ដាម និងនាងអេវ៉ាមិនបានដឹងអំពីសេចក្តីស្លាប់ទាល់តែសោះ។ ព្រះបានព្រមានដល់លោកអ័ដាម និងនាងអេវ៉ាអំពីសេចក្តីស្លាប់យ៉ាងដូច្នេះថា៖ «ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បង្គាប់ទៅអ័ដាមថា ឯងនឹងស៊ីផ្លែឈើទាំងអស់ក្នុងសួនច្បារនេះបានតាមចិត្ត តែឯត្រង់ដើមដឹងខុសត្រូវ នោះមិនត្រូវឲ្យឯងស៊ីផលឡើយ ដ្បិតនៅថ្ងៃណាដែលឯងស៊ី នោះនឹងត្រូវស្លាប់ជាមិនខាន (លោកុប្បត្តិ ២៖១៦, ១៧)។
តើព្រះចាំបាច់ត្រូវព្រមានដល់លោកអ័ដាម និងនាងអេវ៉ា អំពីសេចក្តីស្លាប់ដែរឬទេ? តើហេតុអ្វី បានជាព្រះត្រូវព្រមានដល់លោកអ័ដាម និងនាងអេវ៉ាយ៉ាងដូច្នេះ បើពួកគេមិនអាចជ្រើសរើសរវាងសេចក្តីល្អ និងសេចក្តីអាក្រក់នោះ? សូមអានខគម្ពីរលោកុប្បត្តិ២៖១៦, ១៧ សម្រាប់ចម្លើយ។
--------------------------------------------------------
ចំណេរក្រោយមក សាតាំងបានក្លែងធ្វើជាសត្វពស់ចេះនិយាយមួយក្បាល ហើយវាបានចូលទៅក្នុងសួនច្បារអេដែន។ នាងអេវ៉ាបានឃើញសត្វពស់កំពុងតែស៊ីផ្លែឈើហាមឃាត់។ សត្វពស់បានបន្លំធ្វើជាសប្បាយយ៉ាងខ្លាំង។ វាមិនស្លាប់នោះទេ។ អ្នកស្រីអែល្លីន ជីវ៉ៃត៍បានមានប្រសាសន៍ប្រាប់យើងថា «សត្វពស់បានស៊ីផ្លែឈើហាមឃាត់» នោះគ្មានអ្វីកើតឡើងចំពោះវានោះឡើយ»។ ដកស្រង់ពី Ellen G. White, Patriarchs and Prophets, page 54, adapted។
តើលោកអ្នកគិតថា នាងអេវ៉ាមានអារម្មណ៍យ៉ាងណានៅពេលដែលនាងបានស្តាប់សព្វពស់នោះ? តើលោកអ្នកគិតថា ហេតុអ្វីបានជាអេវ៉ាជឿការកុហករបស់សត្វពស់យ៉ាងដូច្នេះ? សូមអានខគម្ពីរ លោកុប្បត្តិ ៣៖១-៤ សម្រាប់ចម្លើយ។
--------------------------------------------------------
សត្វពស់បានផ្តល់ហេតុផល២យ៉ាងដល់នាងអេវ៉ា ដើម្បីបញ្ចុះបញ្ចូលនាងថា ព្រះគឺជាអ្នកខុស។ ទី១ នាងអេវ៉ាមិនបានឃើញអំពើបាប ឬសេចក្តីស្លាប់នៅក្នុងធម្មជាតិនោះឡើយ។ ទី២ សត្វពស់បានស៊ីផ្លែឈើហាមឃាត់នៅមុខនាងអេវ៉ា។ នាងក៏ឃើញផងដែរថា វាកំពុងតែសប្បាយរីករាយ។ ដូច្នេះ តើហេតុអ្វី បានជានាងមិនអាចសប្បាយជាមួយនឹងវាបានដែរនោះ? នាងអេវ៉ាមានអារម្មណ៍ថា បញ្ញត្តិរបស់ព្រះតឹងរឹងជាខ្លាំង។ នាងអវ៉ាមិនបានយល់អំពីមូលហេតុដែលព្រះចង់កំណត់ដែនសេរីភាពរបស់នាងនោះឡើយ។
គួរអោយសោកស្តាយណាស់ នាងអេវ៉ាបានជ្រើសរើសខុស។ នាងបានភ្លេចពីក្បួនច្បាប់៣យ៉ាង គឺ៖ (១) គោលគំនិតនៃមនុស្សលោកមិនមែនជាវិធីល្អនៅក្នុងការវិនិច្ឆ័យសំណួរខាងឯវិញ្ញាណនោះទេ។ (២) យើងអាចនឹងមិនយល់អំពីហេតុផលនៃសេចក្តីបង្គាប់របស់ព្រះគ្រប់ពេលបានឡើយ។ ប៉ុន្តែ យើងត្រូវតែជឿជាក់ថា ព្រះតែងតែត្រូវជានិច្ច។ (៣) ព្រះតែងតែប្រទានការសាកល្បងដល់យើង ដើម្បីអោយឃើញថា យើងបានស្តាប់បង្គាប់ទ្រង់ដែរឬទេ។ ដូច្នេះ យើងត្រូវតែនៅអោយឆ្ងាយពីរបស់ដែលព្រះបានហាម។ ជារៀងរាល់ថ្ងៃ យើងត្រូវការសម្រេចចិត្តរវាងព្រះគម្ពីរ និងវប្បធម៌។ ការជ្រើសរើសរបស់យើងអាចផ្លាស់ប្តូរជីវិតរបស់យើងបានជារៀងរហូត។
តើការបង្រៀននៃព្រះគម្ពីរខុសគ្នាពីវប្បធម៌ដោយរបៀបណា?
ថ្ងៃច័ន្ទ ទី៣ ខែតុលា ឆ្នាំ២០២២
ត្រូវបានល្បួងដោយសត្វពស់
តើនាងអេវ៉ាមានហេតុផលអ្វីខ្លះ ដើម្បីបរិភោគផ្លែឈើហាមឃាត់នោះ? សូមអានខគម្ពីរលោកុ-ប្បត្តិ ៣៖១-៧ សម្រាប់ចម្លើយ។
--------------------------------------------------------
បទគម្ពីរលោកុប្បត្តិ៣ បានបង្ហាញយើងអំពីរបៀបដែលសាតាំងបានល្បួងដល់ចិត្តរបស់យើងដើម្បីអោយយើងធ្វើបាប។ យើងបានដឹងហើយថា ព្រះបានព្រមានដល់លោកអ័ដាម និងនាងអេវ៉ាកុំអោយបរិភោគផ្លែឈើហាមឃាត់នោះ។ កាលពួកគេបរិភោគ ពួកគេនឹងត្រូវស្លាប់ជាមិនខាន (លោកុប្បត្តិ ២៖១៦, ១៧)។ សាតាំងបានប្រើសត្វពស់ ដើម្បីនិយាយទៅកាន់នាងអេវ៉ា អោយត្រូវនឹងផ្នែកមួយនៃផែនការរបស់វាក្នុងការល្បួងនាង។ សត្វពស់បានសួរសំណួរជាច្រើនដល់នាងអេវ៉ាដើម្បីជំរុញអោយនាងធ្វើបាប។
ជាដំបូង សត្វពស់បានធ្វើអោយនាងអេវ៉ាបាត់បង់ជំនឿចិត្តទៅលើព្រះ។ សត្វពស់ចង់អោយនាងអេវ៉ាគិតថា នាងមិនយល់អំពីសេចក្តីបង្គាប់របស់ព្រះនោះឡើយ។ សត្វពស់បានសួរនាងថា «តើព្រះមានព្រះបន្ទូលហាមមិនឲ្យអ្នកបរិភោគផ្លែឈើណានៅក្នុងសួនច្បារមែនឬ?» (លោកុប្បត្តិ ៣៖១)។ នាងអេវ៉ាបាននិយាយថា ផ្លែឈើហាមឃាត់គឺជាបញ្ញត្តិតែមួយគត់។ នាង និងលោកអ័ដាមមិនត្រូវបរិភោគ ឬប៉ះវាឡើយ?» (លោកុប្បត្តិ ៣៖១)។ កាលណាពួកគេបរិភោគពួកគេនឹងត្រូវស្លាប់។
បន្ទាប់មក សាតាំងបានបដិសេធព្រះបន្ទូលរបស់ព្រះ។ «រួចពស់ក៏និយាយទៅស្ត្រីថា អ្នកមិនស្លាប់ជាពិតមែនទេ» (លោកុប្បត្តិ ៣៖៤)។
ទីបំផុត សាតាំងបានស្តីបន្ទោសព្រះ ដែលទ្រង់បានលាក់បាំងព័ត៌មានសំខាន់មួយចេញពីនាងអេវ៉ា និងប្តីរបស់នាង។ សាតាំងបាននិយាយថា «ព្រះទ្រង់ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង» (លោកុប្បត្តិ ៣៖៥)។
នាងអេវ៉ាចង់ដឹងបន្ថែមទៀត អំពីដើមឈើហាមឃាត់។ ដូច្នេះ បន្ទាប់ពីព្រះបានព្រមានកុំអោយនាងទៅជិតដើមឈើនោះ នាងមិនព្រមស្តាប់ទ្រង់ឡើយ។ នៅត្រង់ដើមឈើនោះ នាងត្រូវតែសម្រេចចិត្តរវាងព្រះបន្ទូលរបស់ព្រះ និងការកុហករបស់សាតាំង។ នាងអេវ៉ាបានសង្ស័យចំពោះព្រះ។ នាងបានជឿទៅលើអ្វីដែលយើងបានឃើញជាមួយនឹងភ្នែករបស់នាង។ នាងបានបណ្តោយអោយបទពិសោធន៍ផ្ទាល់ខ្លួនរបស់នាងដឹកនាំនាង។
ទី១ នាងអេវ៉ាបានឃើញថា ផ្លែឈើនោះគឺជាជម្រើសដ៏ត្រឹមត្រូវមួយគឺថា៖ «ផ្លែឈើនោះបរិភោគបាន» (លោកុប្បត្តិ ៣៖៦)។ ទី២ ផ្លែឈើនោះ គឺ «ជាទីគាប់ដល់ភ្នែក» (លោកុប្បត្តិ ៣៖៦)។ ដូច្នេះ នាងអេវ៉ាបានជឿថា ផ្លែឈើនោះនឹងធ្វើអោយនាងរីករាយ។ ទី៣ នាងមានអារម្មណ៍ថា ផ្លែឈើនឹងផ្តល់ចំណេះដឹងដ៏ពិសេសមួយដល់នាង គឺ «ជាដើមដែលល្មមគួរនឹងចង់បាន ដើម្បីឲ្យបានប្រាជ្ញា» (លោកុប្បត្តិ ៣៖៦)។ ដូច្នេះ នាងអេវ៉ាបានគិតថា នាងមានហេតុផលត្រឹមត្រូវក្នុងការជឿទុកចិត្តទៅលើសត្វពស់។ គួរអោយសោកស្តាយណាស់ នាងបានបរិភោគផ្លែឈើនោះ។
អ្នកខ្លះបានគិតថា ចំណេះដឹងទាំងអស់សុទ្ធតែល្អ អោយតែយើងគោរពតាមបញ្ញត្តិនៃព្រះគម្ពីរ នេះ គឺថា៖ «ចូរលមើលគ្រប់ទាំងអស់ ហើយកាន់ខ្ជាប់តាមសេចក្តីដែលត្រឹមត្រូវ» (ថែស្សាឡូនីចទី១ ៥៖២១)។ ប៉ុន្តែ បទពិសោធន៍ដ៏គួរអោយសោកស្តាយរបស់លោកអ័ដាម និងនាងអេវ៉ាបានបង្រៀនយើងថា ចំណេះដឹងខ្លះអាចធ្វើបាបយើងបាន។
តើរឿងនេះបានបង្រៀនយើងអ្វីខ្លះ អំពីជម្រើសរបស់យើង? តើហេតុអ្វីបានជាយើងងាយនឹងធ្វើការសម្រេចចិត្តខុសម៉្លេះ?
ថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២
«អ្នកមិនស្លាប់ជាពិតមែនទេ»
សូមអានអំពីការកុហករបស់សត្វពស់នៅក្នុងខគម្ពីរលោកុប្បត្តិ ៣៖៤។ តើមនុស្សបាននិយាយពាក្យកុហកដដែលនេះម្តងហើយម្តងទៀតតាមវិធីណាខ្លះនៅក្នុងអំឡុងនៃប្រវត្តិសាស្ត្ររបស់មនុស្សលោក?
--------------------------------------------------------
យើងបានឃើញការកុហកនេះតាមរយៈការបង្រៀនថា នៅពេលដែលរូបកាយស្លាប់ វិញ្ញាណមិនបានស្លាប់ឡើយ។ ការបង្រៀនខុសឆ្គងនេះគឺជាផ្នែកមួយនៃសាសនាជាច្រើននៅក្នុងសម័យព្រះគម្ពីរ។ ការបង្រៀនខុសឆ្គងនេះបាននាំអោយមនុស្សជាច្រើនធ្វើមុាំមី (mummies) និងសាងពីរ៉ាមី (Pyramids)។
គោលគំនិតអំពីវិញ្ញាណនេះ ក៏បានក្លែងទៅជាការបង្រៀននៃសាសន៍ក្រេកដ៏សំខាន់មួយផងដែរ។ ក្នុងសៀវភៅឌឹក រីផប់ប្លីក អូហ្វ ផ្លេតូ (The Republic of Plato) លោកសូក្រាតបាននិយាយថា៖ «តើអ្នកមិនដឹងថា ព្រលឹងរបស់យើងរស់នៅជារៀងរហូត និងមិនចេះស្លាប់ដែរឬទេ? ក្នុងសៀវភៅ ហ្វេដូ (Phaedo) របស់លោកផ្លេតូ លោកសូក្រាតបាននិយាយទៀត៖ «ព្រលឹងរបស់យើងនឹងបន្តរស់នៅជារៀងរហូត បន្ទាប់ពីរូបកាយរបស់យើងស្លាប់ទៅ»។ ក្រោយមក ពួកគ្រីស្ទាននៅក្នុងទ្វីបអឺរ៉ុបបានទទួលយកនូវការបង្រៀនខុសឆ្គងទាំងនេះ។ ប៉ុន្តែ ការបង្រៀននេះមានប្រភពចេញមកពីសម័យមុននេះទៅទៀត។ គោលគំនិតទាំងនះបានចាប់ផ្តើមឡើងជាមួយនឹងសាតាំងនៅក្នុងសួនច្បារអេដែនមកម្ល៉េះ។
សាតាំងបានប្រាប់នាងអេវ៉ាថា «អ្នកមិនស្លាប់ជាពិតមែនទេ» (លោកុប្បត្តិ ៣៖៤)។ សាតាំងបានធ្វើអោយពាក្យរបស់វាផ្ទាល់ ជាមួយនឹងពាក្យធ្ងន់ៗទាំងនេះសំខាន់ជាងព្រះបន្ទូលរបស់ព្រះ។
សូមអានខគម្ពីរទំនុកដំកើង ១១៥៖១៧; យ៉ូហាន ៥៖២៨, ២៩; ទំនុកដំកើង ១៤៦៖៤; ម៉ាថាយ ១០៖២៨ និងកូរិនថូសទី១ ១៥៖៥១-៥៨។ តើខទាំងនេះបានបង្រៀនអ្វីខ្លះ? តើយើងអាចប្រើសេចក្តីពិតនៃព្រះគម្ពីរនេះ ដើម្បីបង្ហាញអំពីការកុហករបស់សាតាំងបានដោយរបៀបណា?
--------------------------------------------------------
នៅគ្រប់ទីកន្លែង យើងបានឃើញនូវការកុហករបស់សាតាំងដែលថា ព្រលឹងរស់ជារៀងរហូត និងមិនចេះស្លាប់ឡើយ។ សៀវភៅថ្មីៗ ភាពយន្ត និងកម្មវិធីទូរទស្សន៍ក៏បានបន្តបង្រៀនអំពីការកុហកនេះផងដែរ។ ដូច្នេះ មនុស្សបានជឿថា នៅពេលដែលរាងកាយរបស់យើងស្លាប់ទៅ ព្រលឹងរបស់យើងនឹងបន្តរស់នៅតទៅទៀត។ គួរអោយសោកស្តាយណាស់ សព្វថ្ងៃនេះការកុហកនេះត្រូវបានបង្រៀននៅតាមព្រះវិហារជាច្រើន។ វិទ្យាសាស្ត្រក៏បានបង្រៀនអំពីគោលគំនិតខុសឆ្គងនេះផងដែរ។ អ្នកវិទ្យាសាស្ត្រខ្លះបាននិយាយថា ពួកគេបានបង្កើតវិធីដើម្បីទាក់ទងជាមួយនឹងអ្នកស្លាប់។ អ្នកវិទ្យាសាស្ត្របានជឿថា អ្នកស្លាប់ពិតជានៅរស់មែន ហើយពួកគេក៏មិនត្រូវការរូបកាយនោះដែរ។ គោលគំនិតខុសឆ្គងនេះមាននៅគ្រប់ទីកន្លែង។ ដូច្នេះ យើងមិនគួរភ្ញាក់ផ្អើលនោះឡើយដែលថា ការកុហកនេះនឹងមានផ្នែកដ៏ធំមួយនៅក្នុងគ្រាចុងក្រោយនោះ។
តើលោកអ្នកធ្លាប់ឃើញការកុហកនេះនៅក្នុងវប្បធម៌របស់លោកអ្នកដែរឬទេ? តើហេតុអ្វីបានជាយើងត្រូវតែជឿទុកចិត្តព្រះគម្ពីរ? តើហេតុអ្វីបានជាយើងមិនអាចជឿទុកចិត្តបទពិសោធន៍របស់យើង?
ថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ២០២២
សេចក្តីអាក្រក់ដែលអំពើបាបបានបណ្តាល
តើមានរឿងអាក្រក់អ្វីខ្លះ ដែលបានកើតឡើងដោយសារតែអំពើបាប? សម្រាប់ចម្លើយ សូមអានខគម្ពីរលោកុប្បត្តិ ៣៖៧-១៩ និងរ៉ូម ៥៖១២។
--------------------------------------------------------
សត្វពស់បានល្បួងនាងអេវ៉ាជាមួយនឹងការកុហកដ៏គួរអោយទាក់ទាញ។ នាងអេវ៉ាមិនបានដឹងថា អំពើបាបរបស់នាងនឹងធ្វើអោយរឿងអាក្រក់ៗជាច្រើនកើតឡើងនោះទេ។ នាងអេវ៉ាមិនបានគោរពតាមព្រះឡើយ ពេលដែលនាងអេវ៉ាបរិភោគផ្លែឈើហាមឃាត់នោះ។ នាងលែងស្មោះត្រង់ចំពោះព្រះទៀតហើយ។ ឥឡូវនេះ នាងបានស្មោះត្រង់ចំពោះសាតាំងវិញ។
បទគម្ពីរលោកុប្បត្តិ ៣ បានពិពណ៌នាអំពីលោកអ័ដាម និងនាងអេវ៉ា ព្រមទាំងជីវិតរបស់ពួកគេ បន្ទាប់ពីធ្វើបាបហើយផងដែរ។ លោកអ័ដាម និងនាងអេវ៉ាបែរទៅជាខ្លាចព្រះ។ ម្ល៉ោះហើយ ពួកគេបានលាក់ខ្លួនចេញពីទ្រង់ (លោកុប្បត្តិ ៣៖៨)។ លោកអ័ដាម និងនាងអេវ៉ាបានខ្មាសអៀនចំពោះអំពើបាប របស់ពួកគេ ព្រមទាំងមានអារម្មណ៍ថា ពួកគេមានកំហុសផងដែរ។ ពួកគេបានចាប់ផ្តើមស្តីបន្ទោសអោយគ្នាទៅវិញទៅមក (លោកុប្បត្តិ ៣៖៧, ៩-១៣)។ ការឈឺចាប់ ការបែកញើស និងការស្លាប់បានក្លាយទៅ ជាផ្នែកមួយនៃបទពិសោធន៍របស់ពួកគេ (លោកុប្បត្តិ ៣៖១៦-១៩)។ សេចក្តីស្លាប់ក៏បានក្លាយទៅជាផ្នែកមួយនៃជីវិតរបស់រុក្ខជាតិ និងសត្វផងដែរ (លោកុប្បត្តិ ៣៖១៧, ១៨)។ អំពើបាបបានបង្ខូចនូវភាពស្រស់ស្អាតជាច្រើននៃធម្មជាតិ។
សួនច្បារអេដែនលែងស្រស់ស្អាតដូចពីមុនទៀតហើយ។ «លោកអ័ដាម និងនាងអេវ៉ាបានមើលផ្ការុះរោយ។ ពួកគេបានឃើញស្លឹកឈើជ្រុះ និងរលួយ។ សញ្ញានៃសេចក្តីស្លាប់ទាំងនេះបានធ្វើអោយ លោកអ័ដាម និងនាងអេវ៉ាមានអារម្មណ៍សោកសៅជាខ្លាំង។ ពួកគេបានទ្រហោយំចំពោះផ្កាងាប់ លើសជាងមនុស្សនៅសម័យនេះទ្រហោយំចំពោះការស្លាប់នៃអ្នកជាទីស្រឡាញ់របស់ពួកគេទៅទៀត។ មែនហើយ ផ្កាងាប់បានធ្វើអោយលោកអ័ដាម និងនាងអេវ៉ាមានការសោកសៅជាខ្លាំង ប៉ុន្តែ នៅពេលដែលស្លឹកឈើជ្រុះពីដើមឈើដ៏ស្រស់ស្អាតនោះ លោកអ័ដាម និងនាងអេវ៉ាបានយល់ថា ឥឡូវនេះ សេចក្តីស្លាប់បានក្លាយទៅជាផ្នែកមួយនៃភាវៈមានជីវិតទាំងអស់ហើយ»។ ដកស្រង់ពី Ellen G. White, Patriarchs and Prophets, page 62, adapted។
លោកអ័ដាម និងនាងអេវ៉ាមិនបានស្លាប់ភ្លាមៗនោះទេ។ ប៉ុន្តែ នៅថ្ងៃដដែលនោះ ព្រះបានប្រកាសអំពីទោសរបស់ពួកគេ។ ព្រះអម្ចាស់បានមានបន្ទូលប្រាប់លោកអ័ដាមថា៖ «ឯងនឹងបានអាហារ ស៊ីដោយការបែកញើស ដរាបដល់ឯងត្រឡប់ទៅជាដីវិញ ពីព្រោះអញបានយកឯងពីដីមក ដ្បិតឯងជាធូលីដី ក៏ត្រូវត្រឡប់ទៅជាធូលីដីវិញ» (លោកុប្បត្តិ ៣៖១៩)។ អំពើបាបបាននាំមកនូវការផ្លាស់ប្តូរដ៏គួរភ័យខ្លាចដល់ជីវិតនៃមនុស្សលោកទាំងអស់។ ព្រះបានបណ្តាលអោយលោកប៉ុលមានប្រសាសន៍ថា «ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ៍ ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្តីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្តីស្លាប់បានឆ្លងរាលដាលដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ» (រ៉ូម ៥៖១២)។ សព្វថ្ងៃនេះ យើងនៅតែរងទុក្ខ ដោយសារតែរឿងអាក្រក់ៗដែលបានកើតឡើង នៅក្នុងសួនច្បារអេដែន។ ប៉ុន្តែ ព្រះយេស៊ូវបានប្រទានដល់យើងនូវសេចក្តីសង្ឃឹមនៃជីវិតអស់កល្បនៅលើផែនដីថ្មីមួយ ដែលគ្មានអំពើបាបកើតឡើងទៀតឡើយ។ ចូរអោយយើងអរព្រះគុណដល់ព្រះយេស៊ូវចំពោះជំនួយរបស់ទ្រង់ចុះ។
តើរឿងរបស់លោកអ័ដាម និងនាងអេវ៉ាបានជួយអោយយើងយល់អំពីទង្វើអាក្រក់របស់យើងដោយរបៀបណា?
ថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ឆ្នាំ២០២២
សេចក្តីសន្យាជាលើកដំបូង
សូមអានខគម្ពីរលោកុប្បត្តិ ៣៖១៥, ២១។ តើយើងអាចរកឃើញសេចក្តីសង្ឃឹមអ្វីតាមរយៈខទាំងនេះសម្រាប់គ្រួសារនៃមនុស្សលោក?
--------------------------------------------------------
បទគម្ពីរលោកុប្បត្តិ៣ បានពិពណ៌នាអំពីសោកនាដកម្មដ៏អាក្រក់មួយ ដែលបានកើតឡើង បន្ទាប់ពីការធ្លាក់ចុះទៅក្នុងអំពើបាប។ ប៉ុន្តែ ព្រះបានប្រទានសេចក្តីសង្ឃឹមមួយដល់លោកអ័ដាម និងនាងអេវ៉ា។ ជាដំបូងព្រះបានដាក់បណ្តាសាដល់សត្វពស់។ បណ្តាសាបាននាំមកនូវសេចក្តីសន្យានៃក្តីសង្ឃឹម សម្រាប់មនុស្សលោកទាំងអស់។ ព្រះបានប្រកាសដល់សត្វពស់ថា «អញនឹងធ្វើឲ្យឯង ហើយនិងស្ត្រី គឺទាំងពូជឯង និងពូជនាងមានសេចក្តីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ» (លោកុប្បត្តិ ៣៖១៥)។
ពាក្យថា «ខ្មាំង» ប្រែមកពីពាក្យថា «អេយបា (eybah)» ជាភាសាហេព្រើរ។ ពាក្យនេះបានបង្ហាញយើងថា មហាវិវាទរវាងសេចក្តីល្អ និងសេចក្តីអាក្រក់នឹងបន្តយូរទៅទៀត។ ពាក្យថា «ខ្មាំង» ក៏បានបង្ហាញយើងថា ព្រះនឹងដាក់សេចក្តីសម្អប់ចំពោះអំពើបាបនៅក្នុងចិត្តរបស់មនុស្សលោកផងដែរ។ បើគ្មានព្រះយេស៊ូវនោះទេ «ជីវិតខាងឯវិញ្ញាណ» របស់យើងនឹង «ស្លាប់» ជាមិនខាន (អេភេសូរ ២៖១, ៥)។ យើងគឺជា «បាវបំរើរបស់អំពើបាប» (រ៉ូម ៦៖២០)។ ព្រះយេស៊ូវបានប្រទានជីវិតថ្មីមួយដល់យើង។ ជីវិតថ្មីនេះបានធ្វើអោយយើងស្អប់អំពើបាប និងធ្វើអោយយើងក្លាយទៅជាខ្មាំងនឹងសាតាំង។ សេចក្តីសម្អប់ចំពោះអំពើបាបនេះបានអនុញ្ញាតអោយយើងទទួលយកព្រះគុណរបស់ព្រះ។ យើងត្រូវការព្រះគុណរបស់ព្រះ។ បើគ្មានព្រះគុណរបស់ព្រះនោះទេ ជីវិតរបស់យើងមិនអាចផ្លាស់ប្តូរបានឡើយ។ យើងនឹងនៅតែជាបាវបម្រើរបស់សាតាំង។
បន្ទាប់មក ព្រះអម្ចាស់បានប្រើតង្វាយសត្វ ដើម្បីបង្ហាញអំពីសេចក្តីសន្យារបស់ទ្រង់ដល់លោកអ័ដាម និងនាងអេវ៉ា (សូមអានខគម្ពីរលោកុប្បត្តិ ៣៖២១)។ «ព្រះបានបង្គាប់អោយលោកអ័ដាមរៀបចំតង្វាយមួយជំនួសអំពើបាប។ តង្វាយនេះបានបំបាក់ទឹកចិត្តរបស់លោកអ័ដាម គឺថា គាត់ត្រូវតែសម្លាប់សត្វមួយក្បាល។ មានតែព្រះមួយគត់ដែលអាចប្រទាននូវជីវិតមួយនេះ។ នេះគឺជាបទពិសោធន៍ដំបូងបង្អស់ដែលលោកអ័ដាមបានឃើញសត្វស្លាប់។ លោកអ័ដាមបានក្រឡេកមើលសត្វដែលកំពុងតែសម្រក់ឈាមទាំងឈឺចាប់។ ការស្លាប់របស់សត្វបានបង្ហាញអំពីការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង។ ព្រះយេស៊ូវគឺជាតង្វាយជំនួសអំពើបាបរបស់មនុស្ស»។ ដកស្រង់ពី Ellen G. White, The Story of Redemption, page 50, adapted។
សូមអានខគម្ពីរកូរិនថូសទី២ ៥៖២១ និងហេព្រើរ ៩៖២៨។ តើខទាំងនេះបានបង្រៀនយើងអ្វីខ្លះអំពីសេចក្តីសន្យានៃក្តីសង្គ្រោះដែលព្រះបានបង្ហាញដល់យើងនៅក្នុងសួនច្បារអេដែននោះ?
--------------------------------------------------------
លោកអ័ដាម និងនាងអេវ៉ាបានចាកចេញពីសួនច្បារអេដែន (លោកុប្បត្តិ ៣៖១៩, ២២-២៤)។ ពួកគេបានដឹងថា ពួកគេនឹងស្លាប់នៅថ្ងៃណាមួយ។ នៅពេលដែលពួកគេចាកចេញពីសួនច្បារអេដែន ពួកគេមិនបានប្រដាប់ស្លឹកល្វាតទៅទៀតឡើយ (លោកុប្បត្តិ ៣៖៧)។ ព្រះអង្គទ្រង់ផ្ទាល់បានធ្វើអាវពីស្បែកអោយពួកគេ (លោកុប្បត្តិ ៣៖២១)។ ព្រះអង្គទ្រង់ផ្ទាល់បានបំពាក់អាវនោះអោយលោកអ័ដាម និងនាងអេវ៉ា។ អាវនោះគឺជារូបស័ព្ទតំណាងអោយសេចក្តីមេត្តា និងព្រះជន្មដ៏បរិសុទ្ធរបស់ទ្រង់ (សាការី ៣៖១-៥; លូកា ១៥៖២២)។ ដូច្នេះ យើងបានឃើញតាំងតែពីដើមមកថា ព្រះបានបង្ហាញដំណឹងល្អមួយ ដល់មនុស្សលោកថា ព្រះយេស៊ូវនឹងសង្គ្រោះយើងចេញពីអំពើបាប។
ថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០២២
សិក្សាបន្ថែម
ដកស្រង់ពី Ellen G. White, “The Temptation and Fall,” pages 52-62 and “The Plan of Redemption,” pages 63-70, in Patriarchs and Prophets; “The Knowledge of Good and Evil,” pages 23-27, in Education។
ថ្មីៗនេះ អ្នកវិទ្យសាស្ត្របានសិក្សាអំពីបទពិសោធន៍នៅពេលជិតស្លាប់ (NDEs)។ ការសិក្សាទាំងនេះបានបកស្រាយអំពីអ្វីដែលបានកើតឡើង នៅពេលដែលមនុស្ស «ស្លាប់» ទៅ។ បេះដូងបានឈប់បូមឈាម។ សួតបានឈប់ដកដង្ហើម។ ប៉ុន្តែ ក្រោយមកមនុស្សស្លាប់ទាំងនោះ «បានមានជីវិតឡើងវិញ»។ មនុស្សទាំងនេះមានរឿងដ៏គួរអោយភ្ញាក់ផ្អើលទាក់ទង់ទៅនឹងឋានដទៃទៀត នៅពេលដែលពួកគេ «ស្លាប់» ទៅ។ មនុស្សទាំងនេះជាច្រើននាក់បានជួបនឹងបុគ្គលដ៏ចែងចាំងម្នាក់។ មនុស្សទាំងនេះខ្លះទៀតដែល «បានរស់ពីស្លាប់ឡើងវិញ» បាននិយាយថា ពួកគេបានជួបនឹងសមាជិកគ្រួសាររបស់ពួកគេ ដែលបានស្លាប់ជាយូរណាស់មកហើយ។ មនុស្សដែលមិនបានយល់ពីសេចក្តីពិតនៃព្រះគម្ពីរស្តីអំពីសេចក្តីស្លាប់ នោះបានជឿថា រឿងទាំងនេះគឺជាភ័ស្តុតាងបង្ហាញថា ព្រលឹងមិនបានស្លាប់ឡើយ។ ប៉ុន្តែ បុគ្គលដ៏ចែងចាំង និងសមាជិកគ្រួសារដែលបានស្លាប់នៅក្នុងបទពិសោធន៍នៅពេលជិតស្លាប់នោះ (NDEs) មិនបាននិយាយអ្វីទាក់ទងទៅនឹងព្រះយេស៊ូវ ឬព្រះគុណរបស់ទ្រង់នោះឡើយ។ ពួកគេគ្រាន់តែនិយាយពាក្យល្អ អំពីសេចក្តីស្រឡាញ់ និងសេចក្តីសុខសាន្តប៉ុណ្ណោះ។ តើលោកអ្នកមិនគិតថា ចម្លែកទេឬអី? តើមនុស្ស «ដែលបានរស់ពីស្លាប់ឡើងវិញ» ទាំងនោះមិនគួរទទួលបានសេចក្តីអធិប្បាយដ៏តូចមួយ ស្តីអំពីសេចក្តីពិតនៃព្រះគម្ពីរ ចេញពីអ្នកស្លាប់ជាទីស្រឡាញ់របស់ពួកគេទេឬអី? ម៉្យាងទៀត តើហេតុអ្វីបានជាពួកគ្រីស្ទានទាំងនេះមិនបានរៀនអ្វីទាល់តែសោះអំពីសាសានាគ្រីស្ទ ខណៈដែលពួកគេកំពុងតែនៅឯ «ស្ថានសួគ៌» នោះ? ចម្លើយគឺថា មនុស្សទាំងនេះត្រូវបានបោកបញ្ឆោត ដោយបុគ្គលតែម្នាក់ដែលបានកុហកដល់នាង អេវ៉ានៅក្នុងសួនច្បារអេដែន។ សាតាំងក៏បានល្បួងពួកគេជាមួយនឹងការកុហកដដែលនេះផងដែរ។ (សូមអានមេរៀនទី១១ សម្រាប់ព័ត៌មានបន្ថែម)។
សំនួរពិភាក្សា៖
- តើបទពិសោធន៍របស់លោកអ័ដាម និងនាងអេវ៉ាបានបង្ហាញថា ការអត់ឱនទោសរបស់ព្រះមិនបានដកហូតសេចក្តីអាក្រក់ដែលបណ្តាលមកពីអំពើបាបនោះដោយរបៀបណា? តើហេតុអ្វីបានជាសេចក្តីពិតនៃព្រះគម្ពីរនេះសំខាន់ម្ល៉េះ?
- ព្រះបានហាមកុំអោយលោកអ័ដាម និងនាងអេវ៉ាទៅជិតដើមដឹងខុសត្រូវជាដាច់ខាត។ តើព្រះបានហាមយើងកុំអោយទៅជិតរបស់អ្វីខ្លះនៅសព្វថ្ងៃនេះ?
- សព្វថ្ងៃនេះ សាតាំងបានព្យាយាមល្បួងរាស្ត្ររបស់ព្រះ។ សាតាំងចង់អោយយើងយល់ឃើញថា បញ្ញត្តិរបស់ «ព្រះយេស៊ូវតឹងរឹងជាទីបំផុត។ ប្រសិនបើយើងបន្ធូរបញ្ញត្តិរបស់យើងនោះ អ្នកដែលមិនមែនជាគ្រីស្ទាននឹងងាយទទួលយកយើងជាងពេលឥឡូវនេះទៅទៀត»។ ដកស្រង់ពី Ellen G. White, Testimonies to Ministers and Godspel Workers, page 474, adapted។ តើយើងអាចជៀសវាងពីអន្ទាក់នេះបានដោយរបៀបណា?
រឿងខ្លី
ទីសំគាល់ និងការអស្ចារ្យ
នៅពេលដែលសិក្សាកណ្ឌគម្ពីរអេសាយតាមរយៈសៀវភៅមគ្គុទេសន៍សិក្សាព្រះគម្ពីរសម្រាប់មនុស្សចាស់កាលពីប៉ុន្មានត្រីមាសមុននោះ ខ្ញុំបានចាប់អារម្មណ៍ខមួយយ៉ាងខ្លាំងដោយបានសំដែងថា៖ «មើលខ្ញុំ ហើយនឹងកូនដែលព្រះយេហូវ៉ាបានប្រទានមកខ្ញុំ យើងខ្ញុំសំរាប់ជាទីសំគាល់មកពីព្រះយេហូវ៉ានៃពួកពលបរិវារដែលទ្រង់គង់នៅភ្នំស៊ីយ៉ូន ហើយជាទីអស្ចារ្យនៅក្នុងពួកអ៊ីស្រាអែល» (អេសាយ ៨៖១៨)។ ខនេះហាក់ដូចបានចែងអំពីខ្ញុំអ៊ីចឹង។ ខ្ញុំ និងភរិយារបស់ខ្ញុំមានកូនមួយរួចទៅហើយ ឥឡូវនេះ យើងកំពុងតែរង់ចាំកូនមួយទៀតចាប់កំណើត។ ខ្ញុំបានគិតថា មើលខ្ញុំ ហើយនឹងកូនដែលព្រះយេហូវ៉ាបានប្រទានមកខ្ញុំ យើងខ្ញុំសំរាប់ជាទីសំគាល់មកពីព្រះយេហូវ៉ា។
កំពុងតែគិតអំពីខនេះ ខ្ញុំបានចាំពីការអានអំពីសេចក្តីអំពាវនាវដ៏អស្ចារ្យរបស់ព្រះនៅក្នុងជីវិតរបស់អាត់វេនទីស្ទបានរៀបចំរៃអង្គាសថរិកាដ៏គួរអោយកត់សម្គាល់មួយ សម្រាប់គម្រោងមិសិន តាមរយៈសេចក្តីជំនឿតែមួយគត់។ ខ្ញុំអធិស្ឋានថា «ឱព្រះអម្ចាស់អើយ ទូលបង្គំក៏ចង់ធ្វើការបរិច្ចាកមួយផងដែរ កំណើតនៃកូនទី២របស់ទូលបង្គំគឺជាឱកាសដ៏ល្អមួយ ដូច្នេះ សូមទ្រង់ប្រទានគំនិតមួយអំពីចំនួនដែលទូលបង្គំគួរតែបរិច្ចាក ទុកជាទីសំគាល់មួយនៃការដឹងគុណរបស់ទូលបង្គំ ចំពោះដំណើរការនៃការមានផ្ទៃពោះ និងការសម្រាលកូនដោយរលូន សូមទ្រង់សំដែងប្រាប់ទូលបង្គំថា អ្នកណាដែលគួរតែទទួលបាននូវអំណោយនេះផង»។
ភ្លាមៗនោះ ខ្ញុំស្រាប់តែមានអារម្មណ៍ថា ចង់បរិច្ចាគ១១៨៥ដុល្លារ។ នៅក្នុងប្រទេសអាឡឺម៉ង់ តួលេខនេះហាក់ដូចជាពិបាកសម្រាប់ខ្ញុំដែលមានប្រាក់ចំណូលមានកំណត់។ ខ្ញុំបានអធិស្ឋានទៀតថា «ឱព្រះអម្ចាស់អើយ នេះគឺជាគោលបំណងរបស់ទ្រង់ ដូច្នេះ សូមទ្រង់ធានាថា ថវិកានេះនឹងអាចទទួលបានពីកន្លែងណាមួយ ឱព្រះអម្ចាស់អើយ ទ្រង់បានជ្រាបហើយថា ប្រាក់ខែរបស់ទូលបង្គំមិនគ្រប់គ្រាន់នឹងចំនួនដែលត្រូវបរិច្ចាគឡើយ ដូច្នេះ អ្វីដែលទូលបង្គំធ្វើបាននោះ គឺមានតែអធិស្ឋានជាប្រចាំ និងបែងចែកថវិកាដែលទូលបង្គំអាចនឹងទទួលបានបន្ថែមទៀតពីលើប្រាក់ខែរបស់ទូលបង្គំប៉ុណ្ណោះ»។
ខ្ញុំបានអធិស្ឋានជារៀងរាល់ថ្ងៃថា ទ្រង់នឹងអាចធ្វើអោយទូលបង្គំរកបាន១១៨៥ដុល្លារ។ ក្នុងរយៈពេលមិនដល់១ខែផង ខ្ញុំបានទទួលថវិកាពាក់កណ្តាលទៅហើយ។ ស្វាមីភរិយាវ័យចំណាស់១គូបាន ជូនប្រាក់២១១ដុល្លារដល់ខ្ញុំ ដែលបានជួយរើអីវ៉ាន់ពួកគេទៅឯផ្ទះថ្មី។ បន្ទាប់មក អ្នកជំនួញអាត់វេនទីស្ទម្នាក់បានជូនប្រាក់២១១ដុល្លារដល់ខ្ញុំបន្ថែមទៀត នៅពេលដែលខ្ញុំ និងប្រពន្ធរបស់ខ្ញុំបានអនុញ្ញាតអោយ បុគ្គលិក២នាក់របស់គាត់សម្រាកនៅក្នុងផ្ទះរបស់ពួកយើងមួយយប់។ បន្ទាប់មក ស្វាមីភរិយា១គូទៀត បានវេរប្រាក់៥២ដុល្លារចូលទៅក្នុងគណនេយ្យធនាគាររបស់ខ្ញុំដោយមិនបង្ហាញមុខ។ ទីបំផុត ខ្ញុំបានរកបាន១១៨៥ដុល្លា មុនកូនខ្ញុំកើត១ខែ។
កំណើតរបស់នាងម៉ារ៉ាណាថា យេសេនា (Maranatha Yessenia) នៅថ្ងៃទី៤ ខែឧសភា បានដំណើរការទៅយ៉ាងរលូន និងចាប់រហ័សជាទីបំផុត។ នាងបានសម្រាលកូន២០នាទី ក្រោយពីខ្ញុំបានចតឡាននៅមុខមន្ទីរពេទ្យនៅម៉ោង ៨៖៣៧នាទីព្រឹក។ ហើយប្រាក់បរិច្ចាគរបស់ខ្ញុំបានបញ្ជូនទៅកាន់គម្រោងមិសិន។ ព្រះអម្ចាស់បានធ្វើអោយខ្ញុំសម្រេចនូវគោលដៅនៃការបរិច្ចាគរបស់ខ្ញុំ។ ជាមួយនឹងព្រះពរនៃភរិយា និងកូនទាំង២របស់ខ្ញុំនេះ ខ្ញុំអាចនិយាយបានថា «មើលខ្ញុំ ហើយនឹងកូនដែលព្រះយេហូវ៉ាបានប្រទានមកខ្ញុំ យើងខ្ញុំសំរាប់ជាទីសំគាល់មកពីព្រះយេហូវ៉ានៃពួកពលបរិវារ»។
អំណានដង្វាយប្រចាំសប្តាហ៍
សេចក្តីស្រឡាញ់ចំពោះកូនកំលោះ
យើងបានថ្វាយបង្គំព្រះជាមួយនឹងតង្វាយ១០ហូត១ តង្វាយសទ្ធា និងការបរិច្ចាគផ្សេងៗទៀត ដោយសារតែព្រះស្រឡាញ់ពួកជំនុំរបស់ទ្រង់។ ព្រះយេស៊ូវគឺជាអ្នកបង្កើតនូវពួកជំនុំ ដែលជា សហគមន៍នៃអ្នកជឿនេះ» (ម៉ាថាយ១៦៖១៨)។ ទ្រង់ក៏ «បានប្រគល់ព្រះអង្គទ្រង់ជំនួស» ពួកជំនុំនេះដែរ (អេភេសូរ ៥៖២៥)។ ទ្រង់គឺជាសិរសា (អេភេសូរ ១៖២២) ហើយក៏ជាថ្មជ្រុងនៃពួកជំនុំ (អេភេសូរ ១៖២០) ដែលជារូបកាយរបស់ទ្រង់នោះដែរ (កូឡូស ១៖២៥)។ នាងក៏មានងារជា «កូនក្រមុំនៃព្រះ អម្ចាស់» (វិវរណៈ ៩៖៧, ៨) ផងដែរ។ ដ្បិតទ្រង់បានប្រទានកិច្ចការដ៏ពិសេសមួយដល់នាង គឺអោយនាងធ្វើ «ជាសសរ និងជាគ្រឹះទ្រទ្រង់សេចក្ដីពិត» (ធីម៉ូថេទី១ ៣៖១៥)។ អ្នកស្រីអែល្លីន ជីវ៉ៃត៍បានផ្តល់អនុសាសន៍ បញ្ជាក់អំពីពួកជំនុំរបស់ព្រះនេះយ៉ាងដូច្នេះថា៖ «ភាពទន់ខ្សោយ និងភាពខ្វះខាត អាចនឹងកើតមានពិត ប៉ុន្តែ ពួកជំនុំនេះគឺជាគោលបំណងមួយ ដែលព្រះបានប្រទាននៅក្នុងលក្ខណៈដ៏ពិសេសមួយនៃឧត្តមភាពរបស់ទ្រង់។ ពួកជំនុំនេះគឺជាការសំដែងអំពីព្រះគុណរបស់ទ្រង់ ដោយទ្រង់បានបង្ហាញអំណាចរបស់ទ្រង់ក្នុងការបំផ្លាស់បំប្រែចិត្ត»។ ដកស្រង់ពី Acts of Apostles, p. 12។
ដើម្បីឆ្លើយតបទៅនឹងសេចក្តីស្រឡាញ់របស់ព្រះចំពោះពួកជំនុំរបស់ទ្រង់នោះ ពួកជំនុំដំបូងបានគាំទ្រទាំងសហគមន៍នៃពួកជំនុំនៅទីជិត (កិច្ចការ ២៖៤៥) ក៏ដូចជាសហគមន៍នៃពួកជំនុំនៅទីឆ្ងាយផងដែរ។ បន្ទាប់ពីគ្រោះទុរិ្ភក្សយ៉ាងធ្ងន់ធ្ងរបានកើតឡើងនៅក្នុងចក្រភពរ៉ូមរួចមក លោកលូកាបានរៀបរាប់អំពីសេចក្តីសប្បុរសនៃពួកជំនុំរបស់ព្រះយ៉ាងដូច្នេះថា៖ «ពួកសិស្សក៏គិតសំរេច នឹងផ្ញើទៅជួយដល់ពួកបងប្អូនដែលនៅស្រុកយូដាតាមកម្លាំងរៀងខ្លួន» (កិច្ចការ ១១៖២៩)។ នៅក្នុងសំណេររបស់គាត់នេះ សាវកប៉ុលតែងតែអំពាវនាវអោយមានការរៃនូវប្រាក់ឧបត្ថម្ភសម្រាប់ពួកជំនុំ ដែលជារាស្ត្ររបស់ព្រះអង្គ នៅក្នុងក្រុងយេរូសាឡិមជាប្រចាំ (កូរិនថូសទី១ ១៦៖១-៤; កូរិនថូសទី២ ៨៖១-៩៖១៥; រ៉ូម ១៥៖១៤-៣២)។ ក្រៅពីនេះ ក៏មានភ័ស្តុតាងនៃពួកអ្នកជឿដែលបានជួយផ្គត់ផ្គង់ដល់អ្នក «ដែលខំផ្សាយព្រះបន្ទូល ហើយនិងពួកដែលបង្រៀន» (ធីម៉ូថេទី១ ៥៖១៧-១៨) ផងដែរ។ លោកប៉ុល បានគាំទ្រនូវការអនុវត្តបែបនេះដោយសរសេរនូវសម្រង់មតិរបស់ព្រះយេស៊ូវយ៉ាងដូច្នេះថា៖ «ពីព្រោះ អ្នកដែលធ្វើការ នោះគួរនឹងបានឈ្នួលវិញ» (លូកា ១០៖៧)។ ពួកជំនុំដំបូងបានអនុវត្តនូវគោលការណ៍ ទូទៅនៃសេចក្តីស្រឡាញ់ និងសេចក្តីសប្បុរសដោយការថែទាំពួកជំនុំរបស់ព្រះនេះឯង។
ពួកជំនុំមិនមែនល្អគ្រប់១០នោះទេ ប៉ុន្តែ ពួកជំនុំមានសេចក្តីស្រឡាញ់ និងគោលបំណងដ៏ច្បាស់លាស់មួយ។ សប្តាហ៍នេះ ខណៈដែលយើងថ្វាយបង្គំព្រះជាមួយនឹងតង្វាយ១០ហូត១ និងតង្វាយទៀងទាត់របស់យើង តាមសេចក្តីសន្យានោះ មានន័យថា យើងបានឆ្លើយតបទៅនឹងការត្រាស់ហៅអោយស្រឡាញ់ និងគាំទ្រដល់ពួកជំនុំរបស់ព្រះយេស៊ូវហើយ។
សេចក្តីអំពាវនាវ៖
«បុរសរាល់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធខ្លួនដូចជាព្រះគ្រីស្ទបានស្រឡាញ់ដល់ពួក ជំនុំ ហើយបានប្រគល់ព្រះអង្គទ្រង់ជំនួសផង» (អេភេសូរ ៥៖២៥)។
សេចក្តីអធិដ្ឋាន៖
ឱព្រះអម្ចាស់អើយ ទូលបង្គំសូមអរព្រះគុណទ្រង់ ដែលបានបង្កើតពួកជំនុំ នៅក្នុងសហគមន៍របស់យើង ក៏ដូចជាពួកជំនុំនៅពាសពេញពិភពលោកនេះផងដែរ។ សូមទ្រង់ជួយអោយទូលបង្គំអនុវត្តនូវសេចក្តីស្រឡាញ់នេះ តាមរយៈការគាំទ្រដល់អ្នកណាដែលជាផ្នែក និងជាបេសកកម្មនៃសេចក្តីស្រឡាញ់នេះ ដូចដែលទ្រង់មានចំពោះពួកជំនុំរបស់ទ្រង់ផងចុះ។