ខគម្ពីរហេព្រើរ ១៖៥ បានរៀបរាប់អំពីអ្វីដែលព្រះវរបិតាបានមានបន្ទូលទៅកាន់ព្រះយេស៊ូវយ៉ាងដូច្នេះថា៖ «ឯងជាកូនអញ អញបានបង្កើតឯងនៅថ្ងៃនេះ»។ តើលោកប៉ុលចង់មានន័យយ៉ាងដូច ម្តេច? តើខនេះបង្ហាញថា ព្រះបានបង្កើតព្រះយេស៊ូវកាលពីមុនយូរមកហើយឬ?
ក្នុងខគម្ពីរហេព្រើរ ១៖៥ លោកប៉ុលបានបរិយាយអំពីសេចក្តីសន្យាមួយដែលព្រះបានតាំងឡើងជាមួយនឹងស្តេចដាវីឌ។ តើសេចក្តីសន្យានេះចង្អុលបង្ហាញអំពីព្រះយេស៊ូវដោយរបៀបណា? សម្រាប់ ចម្លើយ សូមអានខគម្ពីរសាំយូអែលទី២ ៧៖១២-១៤; ទំនុកដំកើង ២៖៧ និងលូកា ១៖៣១, ៣២ ផងដែរ។
ក្នុងអំឡុងសម័យព្រះគម្ពីរ ពួកក្រេក និងពួករ៉ូមបានជឿថា ស្តេចរបស់ពួកគេត្រូវបានពួកព្រះចិញ្ចឹម។ ទាល់តែបានក្លាយជាកូនព្រះណាមួយសិនទើបស្តេចដែលជាមនុស្សលោកអាចគ្រប់គ្រងទឹកដី ដែលជាកម្មសិទ្ធិរបស់ពួកព្រះទាំងនោះបាន។ គោលគំនិតនេះជួយអោយយើងយល់អំពីសេចក្តីសន្យាដែល ព្រះបានតាំងឡើងជាមួយនឹងស្តេចដាវីឌ។ ព្រះបានសន្យានឹងស្តេចដាវីឌថា ទ្រង់នឹងយកអនាគតហ្លួងមួយអង្គនៃស្តេចដាវីឌធ្វើជាបុត្រា «ចិញ្ចឹម» របស់ទ្រង់។ បន្ទាប់មក បុត្រាចិញ្ចឹមនេះនឹងក្លាយទៅជាបុត្រា ទីមួយរបស់ព្រះ និងជាព្រះអម្ចាស់នៃផ្ទៃមេឃ និងផែនដី។ ព្រះនឹងប្រទានអ្វីៗគ្រប់យ៉ាងដល់បុត្រាចិញ្ចឹម របស់ទ្រង់។ ព្រះក៏នឹងបំបាក់ខ្មាំងសត្រូវនៃបុត្រាចិញ្ចឹមរបស់ទ្រង់ផងដែរ។ ព្រះក៏នឹងប្រគល់មនុស្សទាំងអស់នៅលើផែនដីដល់បុត្រចិញ្ចឹមរបស់ទ្រង់ទុកជាអំណោយដ៏ពិសេសផងដែរ (ទំនុកដំកើង ៨៩៖២៧; ទំនុកដំកើង ២៖៧, ៨)។
ដូចដែលយើងបានឃើញនៅក្នុងខគម្ពីររ៉ូម ១៖៣, ៤ និងកិច្ចការ ១៣៖៣២, ៣៣ រួចមកហើយ ថា ព្រះបានប្រកាសជាសាធារណៈថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រារបស់ទ្រង់។ ព្រះក៏បានប្រកាសថា ព្រះគឺជាព្រះរាជបុត្រារបស់ទ្រង់ បន្ទាប់ពីព្រះយេស៊ូវទទួលបុណ្យជ្រមុជទឹកហើយផងដែរ (ម៉ាថាយ ៣៖១៧)។ ក្រោយមក ព្រះបានមានបន្ទូលនូវពាក្យពេចន៍ដដែលនេះ នៅពេលដែលពន្លឺហ៊ុំព័ទ្ធព្រះយេស៊ូវ និងបំផ្លាស់ប្រែព្រះពស្ត្រទ្រង់នោះដែរ (ម៉ាថាយ ១៧៖៥)។
លោកប៉ុលក៏បានប្រាប់យើងថា ព្រះយេស៊ូវ «ជាព្រះរាជបុត្រារបស់ព្រះពិតទាំងមានព្រះចេស្តាផងដោយទ្រង់បានរស់ពីស្លាប់ឡើងវិញ» (ហេព្រើរ១៖៤)។ បន្ទាប់មក ព្រះបានបង្គាប់អោយព្រះ-យេស៊ូវគង់នៅខាងស្តាំទ្រង់។ យើងឃើញថា ព្រះបានរក្សាសេចក្តីសន្យារបស់ទ្រង់ដល់ស្តេចដាវីឌ នៅពេលដែលព្រះយេស៊ូវធ្វើរឿងទាំងនេះ។ ព្រះបានចិញ្ចឹមហ្លួងនៃស្តេចដាវីឌទុកដូចជាបុត្រារបស់ទ្រង់ផ្ទាល់។ ព្រះបានដាក់អោយបុត្រាចិញ្ចឹមរបស់ទ្រង់គង់នៅលើបល្ល័ង្ករបស់ទ្រង់។ បុត្រារបស់ទ្រង់នឹងធ្វើជាស្តេចលើមនុស្សទាំងអស់ជារៀងរហូត (សាំយូអែលទី២ ៧៖១២-១៤)។
ដូច្នេះ សេសារដែលជាស្តេចនៃសាសន៍រ៉ូមមិនមែនជា «កូនព្រះ»នោះឡើយ។ ព្រះយេស៊ូវទើបជា កូនព្រះពិតប្រាកដ។ នៅពេលដែលព្រះយកព្រះយេស៊ូវ «ចិញ្ចឹម» ព្រះគម្ពីរមិនបានចែងថា ព្រះយេស៊ូវ បានប្រសូតនៅគ្រានេះទេ។ ទេ ព្រះយេស៊ូវបានក្លាយជាស្តេចលើមនុស្សទាំងអស់នៅលើផែនដីនៅពេលនេះទៅវិញទេ។ ដូច្នេះ ព្រះយេស៊ូវមិនមានដើមកំណើតនោះទេ។ ទ្រង់ប្រៀបដូចជាមុិលគីស្សាដែកដែលបង្ហាញយើងអំពីព្រះយេស៊ូវយ៉ាងដូច្នេះថា៖ ទ្រង់ «គ្មានថ្ងៃកំណើត ឬថ្ងៃស្លាប់» ឡើយ (ហេព្រើរ ៧៖៣; សូមអានខគម្ពីរហេព្រើរ ១៣៖៨ ផងដែរ)។ ទន្ទឹមនឹងនេះ ព្រះយេស៊ូវតែងតែមានព្រះជន្មរស់អស់កល្បជានិច្ច។ ដូច្នេះ នៅពេលដែលព្រះគម្ពីរចែងថា ព្រះយេស៊ូវបានក្លាយជាព្រះរាជបុត្រា ព្រះគម្ពីរបានបង្ហាញយើងយ៉ាងច្បាស់អំពីអ្វីដែលព្រះយេស៊ូវបានធ្វើដើម្បីសង្គ្រោះយើង។ ព្រះយេស៊ូវបានក្លាយជាព្រះរាជបុត្រា ដើម្បីអោយទ្រង់អាចរក្សាសេចក្តីសន្យាទាំងអស់ដែលព្រះបានតាំងឡើងជាមួយនឹងយើង។
ថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២
សិក្សាបន្ថែម
«ព្រះយេស៊ូវបានយាងមកផែនដីនេះក្នុងនាមជាព្រះរាជបុត្រានៃព្រះ ដើម្បីធ្វើកិច្ចការជាច្រើន។ ជាដំបូង ព្រះយេស៊ូវបានយាងមកបង្ហាញយើងអំពីព្រះវរបិតា និងសេចក្តីស្រឡាញ់របស់ទ្រង់។ ព្រះយេស៊ូវក៏បានយាងមកបង្ហាញយើងអំពីហេតុផលដែលយើងអាចជឿទុកចិត្ត និងគោរពតាមព្រះវរបិតាផងដែរ។
ព្រះយេស៊ូវក៏បានយាងមកក្នុងនាមជាបុត្រាដែលព្រះបានសន្យានឹងស្តេចដាវីឌ លោកអ័ប្រាហាំ និងលោកអ័ដាមផងដែរ។ ព្រះបានសន្យាថា បុត្រានេះនឹងបំបាក់ខ្មាំងសត្រូវ និងធ្វើជាស្តេចផែនដីទាំងមូល។ ព្រះយេស៊ូវបានយាងមកធ្វើអ្វីដែលលោកអ័ដាមអាក់ខានមិនបានធ្វើ។ ព្រះយេស៊ូវបានយាងមកបង្ហាញយើង អំពីផែនការដែលព្រះមានសម្រាប់ជីវិតរបស់យើង មុនអំពើបាបកើតមានទៅទៀត (លោកុប្បត្តិ ១៖២៦-២៨; ទំនុកដំកើង ៨៖៣-៨)។
«នៅឯទន្លេយ័រដាន់ ព្រះបានមានបន្ទូលទៅកាន់ព្រះយេស៊ូវថា៖ ‘នេះជាកូនស្ងួនភ្ងាអញ ជាទីពេញចិត្តអញណាស់’ (ម៉ាថាយ ១៧៖៥)។ នៅពេលដែលព្រះមានបន្ទូលនូវពាក្យពេចន៍ទាំងនេះទៅកាន់ព្រះយេស៊ូវដែលជាព្រះអង្គជំនួយរបស់យើងនោះ សបញ្ជាក់ថា ព្រះក៏បានមានបន្ទូលនូវពាក្យពេចន៍ទាំងនេះមកកាន់យើងដែរ។ យើងមានអំពើបាប និងមានចំណុចខ្សោយជាច្រើន។ ប៉ុន្តែ ព្រះពុំបានបោះបង់យើងចោលដូចជាយើងគ្មានតម្លៃសោះនោះឡើយ។ ‘ព្រះគុណដ៏ឧត្តមរបស់ទ្រង់ដែលបានផ្តល់មកយើងរាល់គ្នាទទេ ក្នុងព្រះរាជបុត្រាស្ងួនភ្ងារបស់ទ្រង់’ (អេភេសូរ ១៖៦)។ ការគោរពដែលព្រះបានប្រទានដល់ព្រះយេស៊ូវ គឺជាសេចក្តីសន្យានៃសេចក្តីស្រឡាញ់របស់ព្រះចំពោះយើង . . . . ពន្លឺបានធ្លាក់ចុះពីស្ថានសួគ៌មកលើព្រះ សិរសានៃព្រះអង្គសង្គ្រោះរបស់យើងនៅឯទន្លេយ័រដាន់។ ពន្លឺនេះនឹងធ្លាក់មកលើយើង នៅពេលដែលយើងអធិស្ឋានសូមជំនួយចំពោះអំពើបាបនៅក្នុងជីវិតរបស់យើង។ ព្រះសូរសៀងរបស់ព្រះដែលចេញពីលើមេឃមកបានប្រកាសអំពីសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះព្រះយេស៊ូវ។ ព្រះសូរសៀងរបស់ព្រះនេះនឹងប្រកាសនូវសេចក្តីស្រឡាញ់ ដូចគ្នានេះដល់អស់អ្នកណាដែលជឿទុកចិត្តលើព្រះយ៉ាងដូច្នេះថា ‘នេះជាកូនស្ងួនភ្ងាអញជាទីពេញចិត្តអញណាស់’។ ដក ស្រង់ពី Ellen G. White, The Desire of Ages, page 113, adapted។
សំនួរពិភាក្សា៖
- នៅពេលដែលយើងយល់កាន់តែច្បាស់អំពីអ្វីដែលព្រះយេស៊ូវបានមានបន្ទូល និងអនុវត្តនោះ យើងនឹងយល់អំពីព្រះកាន់តែប្រសើរឡើង។ តើការយល់ដឹងរបស់អ្នកអំពីព្រះយេស៊ូវបានជួយអោយលោកអ្នកដើរជាមួយព្រះយ៉ាងដូចម្តេចដែរ?
- សេចក្តីស្រឡាញ់ដែលព្រះបានបង្ហាញដល់ព្រះយេស៊ូវគឺជាសេចក្តីស្រឡាញ់ដែលព្រះចង់បង្ហាញដល់យើងនោះឯង។ តើសេចក្តីពិតនៃព្រះគម្ពីរនៅត្រង់នេះគួរតែបង្ហាញប្រាប់យើងយ៉ាងដូចម្តេចដែរ អំពីរបៀបដែលយើងគួរតែស្រឡាញ់អ្នកដទៃនោះ?
- តើយ៉ាងណាទៅវិញ ប្រសិនបើយើងជឿថា ព្រះយេស៊ូវត្រូវបានបង្កើតដូចជាយើងដែរនោះ? តើគោលគំនិតនេះអាចផ្លាស់ប្តូរអ្វីដែលព្រះយេស៊ូវបានធ្វើនៅលើឈើឆ្កាងយ៉ាងដូចម្តេចដែរ? សូមប្រៀបធៀបគោលគំនិតនេះជាមួយនឹងសេចក្តីពិតនៃព្រះគម្ពីរដែលថា ព្រះយេស៊ូវដ៏ជាព្រះបានស្លាប់ជំនួសយើងវិញម្តង។ តើគោលគំនិតទាំងពីរនេះខុសគ្នាយ៉ាងដូចម្តេច? តើហេតុអ្វីបានជាចម្លើយឆ្លើយតបទៅនឹងសំណួរនេះសំខាន់ម្ល៉េះ?
- តើការថ្វាយសិរីល្អរបស់យើងដល់ព្រះគឺជាផ្នែកមួយនៃសាររបស់ទេវតាទាំងបីនៅក្នុងខគម្ពីរវិវរណៈ ១៤៖៧ និងសេចក្តីពិតបច្ចុប្បន្នដោយរបៀបណា? សេចក្តីពិតបច្ចុប្បន្នគឺជាសេចក្តីពិតនៃព្រះគម្ពីរដែលយើងត្រូវ ការជាទីបំផុតនៅក្នុងសម័យកាលរបស់យើង។
រឿងខ្លី
ការបរិភោគទឹកជាមួយនឹងអ្នកភូមិ
អ្នកភូមិនៅជនបទភាគខាងជើងកោះតៃវ៉ាន់ហាក់ដូចជាមិនចាប់អារម្មណ៍ក្នុងការសិក្សាព្រះគម្ពីរទាល់តែសោះ។ ពួកគេជាច្រើននាក់បានថ្វាយបង្គំនៅឯព្រះវិហារនៃគ្រីស្ទសាសនាមួយក្នុងចំណោមព្រះវិហារពីរនៅក្នុងភូមិ រីឯអ្នកផ្សេងទៀតចំណាយពេលរបស់ពួកគេផឹកស្រា។ អ្នកទៅព្រះវិហារច្រើនតែគេចពីអ្នកផឹកស្រា។
តើខ្ញុំអាចធ្វើអ្វីបាន?
ខ្ញុំបានដោះស្រាយដោយធ្វើតាមគំរូរបស់ព្រះយេស៊ូវ ហើយចងមិត្តជាមួយនឹងពួកអ្នកផឹកស្រា។ «មានតែវិធីសាស្ត្ររបស់ព្រះគ្រីស្ទមួយគត់ដែលអាចផ្តល់នូវភាពជោគជ័យយ៉ាងពិតប្រាកដក្នុងការឈោងចាប់អ្នកដទៃ។ ព្រះអង្គសង្គ្រោះបានចងមិត្តជាមួយនឹងមនុស្ស ដើម្បីអោយពួកគេទទួលបានសេចក្តីល្អ។ ទ្រង់បានបង្ហាញសេចក្តីអាណិតមេត្តាចំពោះពួកគេបំពេញតម្រូវការរបស់ពួកគេ និងទទួលបានទំនុកចិត្តរបស់ពួកគេ។ បន្ទាប់មក ទ្រង់បានបង្គាប់ពួកគេថា ‘ចូរមកតាមខ្ញុំ’»។ (ដកស្រង់ពី Ellen G. White, The Ministry of Healing, p.143)។
ខ្ញុំបានសម្រេចចិត្តផឹកជាមួយនឹងអ្នកភូមិ។ យ៉ាងណាមិញ លោកប៉ុលបានប្រកាសថា «[ខ្ញុំ] បានត្រឡប់ជាគ្រប់សណ្ឋានទាំងអស់ដល់មនុស្សទាំងអស់ ប្រយោជន៍ឲ្យបានសង្គ្រោះដល់អ្នកខ្លះដោយសារសណ្ឋានទាំងនោះឯង» នៅក្នុងការពិពណ៌នាដ៏មានអំណាចមួយរបស់គាត់អំពីរបៀបក្លាយទៅ ជាបេសកជនមួយដ៏មានប្រសិទ្ធភាពនៅក្នុងខគម្ពីរកូរិនថូសទី១ ៩៖១៩-២៣។
ពួកអ្នកផឹកស្រាពុំមានបញ្ហាក្នុងការផឹកស្រាជាមួយគ្នាឡើយ។ ពួកគេចង់ផឹកស្រាជាមួយនឹងខ្ញុំ។ ប៉ុន្តែ ខ្ញុំបានអោយទឹកតែទៅពួកគេជំនួសស្រាវិញ។ បន្ទាប់ពីបានផឹកទឹកតែអស់ប៉ុន្មានពែងរួចមក ពួកគេពុំអាចផឹកស្រាទៀតបានឡើយ។ បន្តិចម្តងៗពួកគេបានឈប់កផឹកស្រា ហើយចាប់ផ្តើមសិក្សា ព្រះគម្ពីរជាមួយនឹងខ្ញុំ។ ប៉ុន្មានខែបានកន្លងផុតទៅកសិករដែលធ្លាប់ផឹកស្រា២នាក់បានថ្វាយចិត្តរបស់ពួកគេដល់ព្រះយេស៊ូវ ហើយបានទទួលបុណ្យជ្រមុជទឹកនៅក្នុងខែសីហា ឆ្នាំ២០១៩។
សោកនាដកម្មបានកើតឡើងប្រាំមួយខែក្រោយមក។ បុរសវ័យក្មេងម្នាក់ជាសេវេនដេយអាត់វេនទីស្ទដែលទើបតែជ្រមុជទឹកថ្មីៗបានធ្លាក់ខ្លួនឈឺ រួចបានស្លាប់ទៅ។ ការស្លាប់របស់គាត់បាន ប៉ះពាល់ចិត្តខ្ញុំជាខ្លាំងហើយខ្ញុំបានទូលសួរទៅព្រះថា «ហេតុអ្វី?»។
មិនយូរប៉ុន្មាន បន្ទាប់ពីពិធីបុណ្យសពរួចមក ម្តាយនិងបងប្រុសរបស់យុវជនដែលស្លាប់នោះបានមករកខ្ញុំ ហើយបានសូមអោយខ្ញុំបង្រៀនព្រះគម្ពីរទាំងដែលខ្ញុំនឹកស្មានមិនដល់។ បន្ទាប់មក អ្នកភូមិដទៃទៀតបានមកចូលរួមតាមការណែនាំរបស់ពួកគេ។ នៅចុងឆ្នាំ២០២០ ពួកគេ និងអ្នកភូមិដទៃទៀតបានប្រមូលផ្តុំគ្នានៅក្នុងកម្មវិធីអប់រំផ្នែកសុខភាពរយៈពេលមួយថ្ងៃដែលរៀបចំឡើងដោយនាយកដ្ឋានផ្នែកសុខភាពនៃព្រះវិហារសេវេនដេយអាត់វេនទីស្ទនៅក្នុងប្រទេសតៃវ៉ាន់។ អ្នកភូមិ៥នាក់បានទទួល បុណ្យជ្រមុជទឹកនៅថ្ងៃបន្ទាប់ពីកម្មវិធីអប់រំផ្នែកសុខភាពនោះមក។
ព្រះមានព្រះហឫទ័យមេត្តាករុណា និងអាណិតអាសូរគ្មានទីបញ្ចប់ ហើយទ្រង់បានរៀបចំផ្លូវនៃសេចក្តីសង្គ្រោះសម្រាប់មនុស្សគ្រប់គ្នានៅលើផែនដីនេះ។ ព្រះអម្ចាស់បានមានបន្ទូលថា «គំនិតអញ មិនមែនដូចជាគំនិតរបស់ឯងរាល់គ្នាទេឯផ្លូវរបស់ឯងរាល់គ្នាក៏មិនមែនជាផ្លូវរបស់អញដែរ» (អេសាយ ៥៥៖៨)។ សិរីល្អទាំងអស់គឺជារបស់ព្រះ។
អំណានដង្វាយប្រចាំសប្តាហ៍
ការការពារឲ្យរួចពីអំណាចផ្លូវងងឹត
យើងរាល់គ្នាថ្វាយបង្គំព្រះជាមួយនឹងធនធានរបស់យើងពីព្រោះតែការសង្គ្រោះនិងការពាររបស់ព្រះអង្គទាស់នឹងអំណាចខាងផ្លូវងងឹត។ សាវ័កប៉ុលបានមានប្រសាសន៍អំពីការធានារ៉ាប់រងពាក់ព័ន្ធនឹងការការពារ និងការរំដោះឲ្យរួចពីការវាយប្រហារខាងផ្លូវងងឹតទាំងឡាយ។ ការសង្គ្រោះរបស់ព្រះជាម្ចាស់ឲ្យរួចផុតពីអំណាចខាងផ្លូវងងឹតគឺជាមូលហេតុមួយដែលដឹកនាំលោកប៉ុលឲ្យបន្តថ្វាយសិរីល្អដល់ព្រះអង្គជាបន្តបន្ទាប់។
អេរិក គឺជាក្មេងប្រុសម្នាក់ដែលមានការលំបាកក្នុងការគេងពេលយប់ដោយសារតែសុបិនអាក្រក់របស់គាត់ដែលយល់សប្តិឃើញសត្វចំឡែកៗដែលមើលទៅស្រដៀងទៅនឹងសត្វដែលគេថ្វាយបង្គំនៅក្នុងវប្បធម៌របស់គាត់។ ជាញឹកញាប់ គាត់តែងតែភ្ញាក់ឡើងទាំងភ័យបែកញើស និងស្រែកស្លន់ស្លោទាំងកណ្តាលអាធ្រាត្រ។ ខណៈដែលគាត់ត្រឡប់ទៅគេងបន្ត សុបិនអាក្រក់ក៏ត្រឡប់មករកគាត់បន្តទៀត។ កាន់តែគួរឲ្យភ័យខ្លាចថែមទៀតនោះ ជាញឹកញាប់គ្រួសាររបស់អេរិកបានឮសំឡេងចំឡែកនៅលើដំបូងផ្ទះរបស់ពួកគេ ដែលហាក់ដូចជាមាននរណាម្នាក់កំពុងរត់ ឬក៏មានដុំថ្មកំពុងរមៀលលើដំបូលផ្ទះ។ ឪពុកម្តាយរបស់អេរិកជឿថាផ្ទះរបស់ពួកគាត់កំពុងជួបគ្រោះចង្រៃ និងជឿថាវិញ្ញាណអាក្រក់ចង់សម្លាប់កូនប្រុសរបស់ពួកគាត់។ ពួកគាត់បានព្យាយាមគ្រប់មធ្យោបាយទាំងអស់ដើម្បីទទួលបានការការពារឲ្យរួចផុតពីការវាយប្រហារខាងផ្លូវងងឹតទាំងនេះ។ ក្នុងចំណោមមធ្យោបាយដែលពួកគាត់មាន ឪពុកម្តាយបាននាំក្មេងប្រុសទៅជួបសង្ឃហ៊ិនឌូឲ្យប្រារព្ធពិធីសាសនាផ្សេងៗ ហើយរៀងរាល់មួយឆ្នាំម្តង ពួកគាត់ត្រូវធ្វើធម្មយាត្រាឆ្ពោះទៅកាន់ផ្នូររបស់សង្ឃអង្គណាមួយ។ ពួកគេបានស្បថសច្ចាថានឹងមិនកាត់សក់អេរិកឡើយរហូតទាល់តែគាត់មានអាយុ៧ឆ្នាំ។ ច្បាស់ណាស់ យុទ្ធសាស្ត្រទាំងនេះពុំបានធ្វើឲ្យក្មេងប្រុសមានសេចក្តីសុខសាន្តឡើយ។ ទីបំផុត ពួកគាត់ក៏បានរកដំណោះស្រាយដោយការការស្វែងរកជំនួយពីព្រះនៃព្រះគម្ពីរប៊ីបវិញម្តង។ នៅពេលរៀបចូលដំណេក ម្តាយបានអានបទគម្ពីរទំនុកតម្កើង ៩១ ព្រមទាំងបានដាក់ដៃរបស់គាត់ទៅលើក្បាលរបស់ក្មេងប្រុសនោះផង។ បន្តិចម្តងៗ អេរិកក៏ចាប់ផ្តើមលែងមានសុបិនអាក្រក់ ហើយក៏មានទម្លាប់អធិដ្ឋានមុនពេលចូលគេងឡើង។ គាត់ចាប់ផ្តើមជឿថាពិតជាមានព្រះមែន ហើយព្រះអង្គទ្រង់មានអំណាចខ្លាំងក្លាជាងអំណាចរបស់វិញ្ញាណអាក្រក់ដែលតាមរំខានដល់គាត់ទៅទៀត។ គាត់ក៏បានឧទ្ទិសជីវិតថ្វាយដល់ព្រះជាម្ចាស់ដើម្បីបានទទួលការការពារទាំងស្រុងពីព្រះអង្គ។
ការវាយប្រហារខាងផ្លូវងងឹតអាចមើលឃើញ ឬមើលមិនឃើញ អាចដឹង ឬមិនដឹង ប៉ុន្តែពិតជាមានពិតមែនបានជាមនុស្សជាច្រើនបានឆ្លងកាត់។ ទោះជាយ៉ាងណា មនុស្សគ្រប់គ្នា និងអ្វីៗទាំងអស់ដែលបានឧទ្ទិសថ្វាយដល់ព្រះជាម្ចាស់អាចនឹងទទួលបានការការពារយ៉ាងមានសុវត្ថិភាព។ សប្តាហ៍នេះ ខណៈដែលយើងថ្វាយបង្គំជាមួយនឹងដង្វាយ១០ហូត១ និងដង្វាយសទ្ធា ចូរយើងសំដែងការអរព្រះគុណសម្រាប់ការការពាររបស់ព្រះជាម្ចាស់ចុះ។
សេចក្តីអំពាវនាវ៖ «ព្រះអម្ចាស់ទ្រង់នឹងប្រោស ឲ្យខ្ញុំរួចពីគ្រប់ការអាក្រក់ទៅទៀត ទ្រង់នឹងថែរក្សាខ្ញុំ ទុកសំរាប់នគរទ្រង់នៅស្ថានសួគ៌ សូមឲ្យទ្រង់បានសិរីល្អ នៅអស់កល្បជានិច្ចរៀងរាបតទៅ អាម៉ែន» (ធីម៉ូថេទី២ ៤៖១៨)។
សេចក្តីអធិដ្ឋាន៖
ឱព្រះដ៏មានសព្វព្រះចេស្តា ទូលបង្គំយើងខ្ញុំសូមអរព្រះគុណព្រះអង្គសម្រាប់ការការពាររបស់ព្រះអង្គទាស់នឹងវិញ្ញាណអាក្រក់ដែលព្យាយាមបំផ្លាញនិងលួចយកអ្វីៗដែលទ្រង់បានប្រោសប្រទាន។ ថ្ងៃនេះ ទូលបង្គំយើងខ្ញុំសូមថ្វាយខ្លួន និងថ្វាយធនធានរបស់យើងរាល់គ្នានៅក្រោមការការពារ និងការថែរក្សារបស់ព្រះអង្គហើយ។ សូមថ្វាយក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។