សូមអានខគម្ពីរលោកុប្បត្តិ ៤៖១, ២។ តើយើងបានរៀនអ្វីខ្លះ អំពីកំណើតនៃបងប្អូនប្រុសទាំង២នាក់នេះចេញពីខទាំងនេះ?
តើយើងបានឃើញអ្វីដំបូងគេបង្អស់ បន្ទាប់ពីព្រះបានបណ្តេញលោកអ័ដាម និងនាងអេវ៉ាចេញពីសួនច្បារអេដែននោះ? លោកអ័ដាម និងនាងអេវ៉ាមានកូនប្រុសម្នាក់។ នាងអេវ៉ាបានប្រកាសថា «ខ្ញុំបានបង្កើតមនុស្សម្នាក់ ព្រោះព្រះអម្ចាស់ប្រទានឲ្យ» (លោកុប្បត្តិ ៤៖១, គខប)។ តើមនុស្សដែលបានសន្យា នោះគឺជាអ្នកណា? ទ្រង់គឺជាព្រះអង្គសង្គ្រោះដែលនឹងសង្គ្រោះមនុស្សលោកចេញពីអំពើបាប (លោកុប្បត្តិ ៣៖១៥)។ ពាក្យសរសេរថា «ព្រះអម្ចាស់» នៅក្នុងខគម្ពីរលោកុប្បត្តិ ៤៖១ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងពាក្យថា «មនុស្សម្នាក់»។ ដូច្នេះ នាងអេវ៉ាចង់និយាយថា «មែនហើយ ខ្ញុំបានបង្កើតមនុស្សម្នាក់ដែលជាព្រះនេះឯង»។ គម្ពីរសំរាយ ISV (International Standard Version) បានបង្ហាញយើងអំពី សេចក្តីពិតនេះយ៉ាងដូច្នេះថា៖ «ខ្ញុំបានបង្កើតកូនប្រុសម្នាក់ . . . ដ៏ជាព្រះអម្ចាស់» (លោកុប្បត្តិ ៤៖១, បកប្រែថ្មីពី ISV)។
នាងអេវ៉ាបានបង្ហាញយើងតាមរយៈសម្តីរបស់នាងថា នាងនៅចាំសេចក្តីសន្យារបស់ព្រះនៅក្នុងខគម្ពីរលោកុប្បត្តិ ៣៖១៥។ នាងអេវ៉ាបានជឿថា នាងបានបង្កើតព្រះអម្ចាស់ដ៏ជាព្រះអង្គសង្គ្រោះរបស់នាង គឺថា៖ ព្រះបានមានបន្ទូលប្រាប់លោកអ័ដាម និងនាងអេវ៉ាអំពីព្រះអង្គសង្គ្រោះនាពេលអនាគត។ ដំបូងឡើយ នៅពេលដែលលោកអ័ដាម និងនាងអេវ៉ាបានដឹងអំពីសេចក្តីសន្យានេះ ពួកគេបានយល់ឃើញថា ព្រះនឹងចាត់ព្រះអង្គសង្គ្រោះអោយមកភ្លាមៗ។ ម្ល៉ោះហើយ លោកអ័ដាម និងនាងអេវ៉ាសប្បាយចិត្តជាខ្លាំងនៅពេលដែលពួកគេបង្កើតបានកូនប្រុសម្នាក់។ ពួកគេបានសង្ឃឹមថា កូនប្រុសរបស់ពួកគេនេះនឹងក្លាយទៅជាព្រះអង្គសង្គ្រោះដែលបានសន្យា»។ ដកស្រង់ពី The Desire of Ages, page 31, adapted។
ឈ្មោះថា «កាអ៊ីន» បានប្រែមកពីពាក្យថា «ហ្គាណា (qanah)» ជាភាសាហេព្រើរ។ ពាក្យថា «ហ្គាណា» ជាភាសាហេព្រើរមានន័យថា «បានទទួល»។ «ហ្គាណា» បានបង្ហាញយើងថា លោកអ័ដាម និងនាងអេវ៉ាបានជឿថា ពួកគេបានទទួលអ្វីមួយដ៏មានតម្លៃ និងមានអំណាចជាទីបំផុតមកពីព្រះ។ រីឯ ពាក្យថា «អេបិល» បានប្រែមកពីពាក្យថា «ហេបិល (Hebel)» ជាភាសាហេព្រើរ។ ពាក្យថា «ហេបិល» អាចប្រែមកថា «ខ្យល់ដង្ហើម» (ទំនុកដំកើង ៦២៖៩, ទំនុកដំកើង ១១៤៖៤)។ ពាក្យថា «ហេបិល» បានបង្ហាញយើងអំពីអ្វីមួយដែលយើងមិនអាចយកបាន ឬអ្វីមួយដែលមិនសូវសំខាន់។ ស្តេចសាឡូម៉ូនបានបង្ហាញពាក្យ «ហេបិល» ដដែលនេះម្តងហើយម្តងទៀត ដើម្បីបង្ហាញយើងអំពីអ្វីមួយដែលខ្ជះខ្ជាយពេលវេលា» (សាស្តា ១៖២) «ឥតប្រយោជន៍» (សាស្តា ១៖២) និងគ្មាន «ន័យអ្វីទាល់តែសោះ» (សាស្តា ១៖ ២)។ យើងមិនចង់បង្កើតការសន្និដ្ឋានខុសណាមួយអំពីមូលហេតុដែលនាំអោយលោកអ័ដាម និងនាងអេវ៉ាដាក់ឈ្មោះកូនប្រុសទី២របស់គាត់ថា អេបិលនោះឡើយ។ ទន្ទឹមគ្នានេះ ឈ្មោះនេះបានបង្ហាញយើងថា លោកអ័ដាម និងនាងអេវ៉ាបានជឿថា លោកកាអ៊ីនគឺជាព្រះអង្គសង្គ្រោះដែលបានសន្យានោះឯង មិនមែនជាប្អូនប្រុសរបស់គាត់នោះឡើយ។
តើ «ហេបិល (របស់ឥតប្រយោជន៍)» នៅក្នុងជីវិតនេះគឺជាអ្វីខ្លះ? បើដូច្នេះមែន តើភាពខ្ជះខ្ជាយនៅក្នុងជីវិតនេះគឺជាអ្វីខ្លះ? តើហេតុអ្វីបានជាការដែលដឹងអំពីចម្លើយឆ្លើយទៅនឹងសំណួរនេះសំខាន់ម្ល៉េះសម្រាប់យើង?
ថ្ងៃច័ន្ទ ទី១១ ខែមេសា ឆ្នាំ២០២២
តង្វាយទាំង២យ៉ាង
ជាការពិតណាស់ លោកកាអ៊ីន និងលោកអេបិលមានលក្ខណៈខុសពីគ្នាយ៉ាងដាច់ស្រឡះ។ ដូចដែលឈ្មោះរបស់ពួកគេបានបង្ហាញយើងអ៊ីចឹង។ យើងបានឃើញអំពីលក្ខណៈខុសគ្នារបស់ពួកគេនៅក្នុងកិច្ចការដែលពួកគេបានធ្វើ។ «អេបិលជាអ្នកគង្វាលហ្វូងសត្វ តែកាអ៊ីនជាអ្នកធ្វើស្រែចំការវិញ» (លោកុប្បត្តិ ៤៖២)។ ក្នុងនាមជាអ្នកចំការ លោកកាអ៊ីនត្រូវការកម្លាំងជាច្រើនក្នុងការដាំដុះដំណាំរបស់គាត់។ ក្នុងនាមជាអ្នកគង្វាលហ្វូងសត្វ លោកអេបិលបានបង្ហាញថា គាត់មានចិត្តស្រឡាញ់ និងយកចិត្ត ទុកដាក់ចំពោះហ្វូងសត្វរបស់គាត់។
លោកកាអ៊ីនដាំដំណាំហូបផ្លែ។ រីឯអេបិលវិញចិញ្ចឹមសត្វចៀម។ ការងាររបស់បងប្អូនទាំង២នាក់នេះបានជួយអោយយើងយល់អំពីមូលហេតុដែលបណ្តាលអោយពួកគេនាំយកតង្វាយខុសពីគ្នាមកថ្វាយដល់ព្រះ។ តង្វាយទាំងនេះក៏បានបង្ហាញយើងអំពីអារម្មណ៍ខុសគ្នានៅក្នុងចិត្តរបស់បងប្អូនទាំង២នាក់។ តង្វាយរបស់លោកកាអ៊ីនបានបង្ហាញយើងថា គាត់បានខិតខំប្រមូលផ្លែឈើដែលគាត់បានដាំ។ រីឯលោកអេបិលវិញ គាត់បានថែរក្សាហ្វូងចៀមដែលព្រះបានប្រទានដល់គាត់យ៉ាងយកចិត្តទុកដាក់។
តើហេតុអ្វីបានជាព្រះទទួលយកតង្វាយរបស់លោកអេបិល តែមិនបានទទួលយកតង្វាយរបស់លោកកាអ៊ីនយ៉ាងដូច្នោះ? សម្រាប់ចម្លើយសូមអានខគម្ពីរលោកុប្បត្តិ ៤៖១-៥ និងហេព្រើរ១១៖៤។
--------------------------------------------------------
«ព្រះមិនបានអត់ឱនទោសអំពើបាបដោយគ្មានតង្វាយឈាមបានឡើយ។ លោកកាអ៊ីន និងលោកអេបិលត្រូវតែបង្ហាញសេចក្តីជំនឿរបស់ពួកគេតាមរយៈព្រះយេស៊ូវ។ ព្រះយេស៊ូវនឹងចេញថ្លៃលោះអំពើបាបរបស់ពួកគេនាពេលអនាគត។ ដូច្នេះ លោកកាអ៊ីន និងលោកអេបិលត្រូវតែថ្វាយតង្វាយមួយចេញពីហ្វូងសត្វរបស់ពួកគេ។ ពួកគេត្រូវតែនាំយកចៀមដំបូងមួយក្បាលមកថ្វាយដល់ព្រះ។ ម៉្យាងទៀត ព្រះបានបង្គាប់អោយលោកកាអ៊ីន និងលោកអេបិលនាំយកតង្វាយថ្លែងអំណរគុណថ្វាយដល់ព្រះ។ តង្វាយនេះត្រូវតែជាផលផ្លែដំបូងរបស់ពួកគេ»។ ដកស្រង់ពី Ellen G. White, Patrarchs and Prophets, page 71, adapted។
លោកអេបិលបានគោរពតាមព្រះ។ គាត់បាននាំយកទាំងតង្វាយសត្វ និងរុក្ខជាតិដែលព្រះបានបង្គាប់។ ប៉ុន្តែ លោកកាអ៊ីនមិនបានធ្វើដូច្នេះឡើយ។ លោកកាអ៊ីនបាននាំយកត្រឹមតែ «បានយកផលដែលកើតពីដីមកថ្វាយជាតង្វាយដល់ព្រះយេហូវ៉ា» (លោកុប្បត្តិ ៤៖៣, ៤)។ គាត់មិនបានគោរពតាមព្រះនោះទេ។ រឿងនេះបានបង្ហាញយើងអំពីការបង្រៀនខុសគ្នា២យ៉ាងអំពីរបៀបដែលយើងត្រូវបានសង្គ្រោះ។ តង្វាយរបស់លោកអេបិលបានបង្ហាញយើងថា យើងត្រូវបានសង្គ្រោះតាមរយៈព្រះគុណរបស់ព្រះ។ រីឯតង្វាយរបស់លោកកាអ៊ីនបានបង្ហាញយើងអំពីការបង្រៀនខុសឆ្គងមួយដែលថា យើងអាចសង្គ្រោះខ្លួនយើងបានតាមរយៈទង្វើល្អរបស់យើងផ្ទាល់។
តង្វាយរបស់លោកកាអ៊ីន និងលោកអេបិលគឺជារូបស័ព្ទដែលបង្ហាញយើងអំពីសេចក្តីពិតដ៏ស៊ីជម្រៅមួយ។ ប៉ុន្តែ យើងត្រូវចាំថា តង្វាយទាំងនេះមិនមានតម្លៃដោយខ្លួនវាផ្ទាល់បានឡើយ។ តង្វាយទាំងនេះបានបង្ហាញយើងអំពីព្រះដែលយកព្រះទ័យទុកដាក់ចំពោះតម្រូវការផ្ទាល់ខ្លួនរបស់យើង និងបានសង្គ្រោះយើង។
សូមអានខគម្ពីរមីកា ៦៖៧ និងអេសាយ ១៖១១។ តើក្បួនច្បាប់សំខាន់អ្វីដែលលោកអ្នកបានឃើញនៅក្នុងខទាំងនេះ? តើយើងអាចបង្ហាញក្បួនច្បាប់នេះនៅក្នុងជីវិត និងនៅក្នុងការថ្វាយបង្គំរបស់យើងដោយរបៀបណាដែរ?
ថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២
អំពើឧក្រិដ្ឋកម្ម
ក្នុងខគម្ពីរលោកុប្បត្តិ ៤៖៣-៨ យើងបានអានរឿងដ៏សោកសៅមួយស្តីអំពីលោកកាអ៊ីន និងលោកអេបិល។ តើអ្វីដែលនាំអោយលោកកាអ៊ីនសម្លាប់លោកអេបិល? តើអំពើឧក្រិដ្ឋកម្មនេះបានកើតឡើងដោយរបៀបណា? សូមអានខគម្ពីរយ៉ូហានទី១ ៣៖១២ ផងដែរសម្រាប់ចម្លើយ។
--------------------------------------------------------
ព្រះមិនបានទទួលយកលោកកាអ៊ីន និងតង្វាយរបស់គាត់នោះឡើយ។ ដូច្នេះ «កាអ៊ីនក៏ក្តៅក្រហាយ ហើយឡើងទឹកមុខក្រញូវ (លោកុប្បត្តិ ៤៖៥)»។ លោកកាអ៊ីនបានខឹងព្រះ និងខឹងលោកអេបិលជាខ្លាំង។ គាត់បានខឹងព្រះដោយសារតែទ្រង់មិនព្រមទទួលយកតង្វាយរបស់គាត់។ គាត់មានអារម្មណ៍ថា ព្រះអយុតិ្តធម៌។ គាត់បានខឹងលោកអេបិល ព្រមទាំងច្រណែនប្អូនប្រុសរបស់គាត់ផងដែរ។ តើហេតុអ្វី បានជាលោកកាអ៊ីនមានចិត្តច្រណែនយ៉ាងដូច្នេះ? នោះគឺដោយសារតែព្រះបានបង្ហាញថា ទ្រង់សព្វព្រះទ័យចំពោះលោកអេបិល។ ប៉ុន្តែ ព្រះមិនបានបង្ហាញថា ទ្រង់សព្វព្រះទ័យចំពោះលោកកាអ៊ីននោះឡើយ។ ម្ល៉ោះហើយ គាត់បានអន់ចិត្តជាខ្លាំង។
ព្រះបានសួរសំណួរ២យ៉ាងដល់លោកកាអ៊ីន (លោកុប្បត្តិ ៤៖៦)។ តើលោកអ្នកបានឃើញថា ព្រះមិនបានចោទលោកកាអ៊ីនដែរឬទេ? តើព្រះបានសួរសំណួរដល់លោកកាអ៊ីន ដោយសារតែទ្រង់មិនបានជ្រាបអំពីចម្លើយរបស់គាត់ឬ? ទេ ព្រះចង់អោយលោកកាអ៊ីនក្រឡេកមើលទៅក្នុងចិត្តរបស់គាត់ឡើងវិញ ដើម្បីអោយបានយល់អំពីហេតុផលចំពោះអារម្មណ៏ដ៏អាក្រក់របស់គាត់។ យើងបានឃើញចេញពីរឿងនេះថា ព្រះអម្ចាស់តែងតែព្យាយាមសង្គ្រោះយើង ទោះបីជាយើងបានធ្វើអោយទ្រង់ខកព្រះទ័យក៏ដោយ។ បន្ទាប់ពីព្រះបានសួរសំណួរ២យ៉ាងដល់លោកកាអ៊ីនរួចមក ព្រះបានប្រទានផ្តល់ដំបូន្មានខ្លះដល់គាត់។
មុនដំបូង ព្រះបានមានបន្ទូលប្រាប់អោយលោកកាអ៊ីន «ធ្វើល្អ» (លោកុប្បត្តិ ៤៖៧)។ ព្រះចង់អោយគាត់ផ្លាស់ប្តូរឥរិយាបថរបស់គាត់។ ព្រះចង់អោយគាត់បែរចេញពីអំពើបាប និងគំនិតអាក្រក់នៅក្នុងចិត្តរបស់គាត់។ ព្រះបានសន្យាថា នឹងអត់ឱនទោសអោយគាត់ព្រមទាំងទទួលយកគាត់វិញ ប្រសិនបើគាត់បានបែរមកធ្វើរឿងត្រឹមត្រូវវិញ។ ប៉ុន្តែ ព្រះអាចទទួលយកលោកកាអ៊ីនបាន លុះត្រាតែគាត់គោរពតាមទ្រង់ និងលះបង់ចោលគំនិតអាក្រក់ៗនៅក្នុងចិត្តរបស់គាត់តែប៉ុណ្ណោះ។
ព្រះក៏បានព្រមានលោកកាអ៊ីនអំពីអ្វីដែលនឹងត្រូវកើតឡើងចំពោះគាត់ផងដែរ ប្រសិនបើគាត់មិនបានផ្លាស់ប្តូរឥរិយាបថរបស់គាត់នោះ។ «បើអ្នកមិនប្រព្រឹត្តល្អទេ បាបក្រាបនៅមាត់ទ្វាររបស់អ្នកដើម្បីជំរុញអ្នកឲ្យធ្វើតាមវា» (លោកុប្បត្តិ ៤៖៧, គខប)។ ព្រះបានបង្ហាញលោកកាអ៊ីនថា ហេតុផលដ៏ពិតប្រាកដចំពោះបញ្ហារបស់គាត់នោះគឺជា អំពើបាបនៅខាងក្នុងចិត្តរបស់គាត់។ ជាថ្មីម្តងទៀត ព្រះបានបង្ហាញលោកកាអ៊ីនថា គាត់ត្រូវតែកែប្រែចិត្តរបស់គាត់។
បន្ទាប់មក ព្រះបានមានបន្ទូលប្រាប់លោកកាអ៊ីនថា គាត់ត្រូវគ្រប់គ្រងខ្លួនឯងអោយបាន។ ប្រសិនបើគាត់មិនគ្រប់គ្រងខ្លួនឯងបាននោះទេ អំពើបាបនឹងវាយប្រហារគាត់គឺថា៖ «បាបក្រាបនៅមាត់ទ្វាររបស់អ្នក ដើម្បីជំរុញអ្នកឲ្យធ្វើតាមវា តែអ្នកត្រូវបង្ក្រាបវាវិញ» (លោកុប្បត្តិ ៤៖៧, គខប)។ ដូច្នេះ គាត់ត្រូវតែគ្រប់គ្រងគំនិត និងអារម្មណ៍របស់គាត់។ លោកយ៉ាកុបក៏បានដាស់តឿនយើងកុំអោយអនុញ្ញាតអោយអំពើបាបគ្រប់គ្រងលើចិត្ត និងគំនិតរបស់យើងយ៉ាងដូច្នេះថា៖ «ម្នាក់ៗជួបនឹងការល្បួងមកតែពីចិត្តលោភលន់របស់ខ្លួនឯងផ្ទាល់ទាក់ទាញ និងលួងលោមបញ្ឆោតប៉ុណ្ណោះ» (យ៉ាកុប ១៖១៤, គខប)។ ប៉ុន្តែ យើងមានសេចក្តីសង្ឃឹមមួយគឺថា ព្រះបានសន្យាថានឹងអត់ឱនទោសដល់យើង។ ទ្រង់ក៏នឹងជួយអោយយើងយកឈ្នះសង្គ្រាមទាស់នឹងអំពើបាបនៅក្នុងចិត្តរបស់យើងផងដែរ (កូរិនថូសទី១ ១០៖១៣)។
តើរឿងរបស់លោកកាអ៊ីនដ៏គួរអោយសោកសៅនេះបានបង្ហាញយើងយ៉ាងដូចម្តេចអំពីរបៀបដែលព្រះបានផ្តល់សេរីភាពដល់យើង និងមិនបង្ខំយើងអោយគោរពតាមទ្រង់នោះ?
ថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០២២
ព្រះបានដាក់ទោសលោកកាអ៊ីន
សូមអានខគម្ពីរលោកុប្បត្តិ ៤៖៩-១៦។ ព្រះបានសួរកាអ៊ីនថា «អេបិលប្អូនឯងនៅឯណា?» (លោកុប្បត្តិ ៤៖៩)។ តើហេតុអ្វីបានជាព្រះសួរសំណួរនេះទៅកាន់លោកកាអ៊ីនយ៉ាងដូច្នេះ? តើអំពើបាបរបស់លោកកាអ៊ីន និងការដែលលោកក្លាយទៅជាជនវង្វេងផ្លូវដែលនឹង «ត្រូវសាត់ព្រាត់អណ្តែតទៅមកលើផែនដី» (លោកុប្បត្តិ ៤៖១២) មានទំនាក់ទំនងអ្វីនឹងគ្នាដែរ?
--------------------------------------------------------
ព្រះបានសួរសំណួរមួយទៅកាន់លោកកាអ៊ីនដែលអាចជួយអោយយើងនឹកចាំអំពីសំណួរដែល ព្រះបានសួរដល់លោកអ័ដាម បន្ទាប់ពីគាត់បានធ្វើបាបរួចយ៉ាងដូច្នេះថា៖ «ឯងនៅឯណា?» (លោកុប្បត្តិ ៣៖៩)។ សំណួរនេះអាចជួយអោយយើងមើលឃើញអំពីទំនាក់ទំនងរវាងអំពើបាបរបស់លោកអ័ដាម និងលោកកាអ៊ីន។ ដូច្នេះ យើងអាចមើលឃើញថា អំពើបាបរបស់លោកកាអ៊ីនបានកើតឡើងដោយសារតែ អំពើបាបរបស់លោកអ័ដាម។
ប៉ុន្តែ លោកកាអ៊ីនខុសគ្នាពីលោកអ័ដាមជាច្រើនយ៉ាង។ គាត់បានបដិសេធមិនព្រមសារភាពអំពើបាបរបស់គាត់។ អ្វីដែលលើសពីនេះទៅទៀតនោះ គឺថា គាត់បានកុហកព្រះ។ លោកអ័ដាមមិនបានធ្វើដូច្នោះឡើយ។ មែនហើយ គាត់បានស្តីបន្ទោសអោយស្ត្រី។ ប៉ុន្តែ លោកអ័ដាមមិនបានកុហកព្រះអំពីកំហុសរបស់គាត់នោះឡើយ។ ចំណែកឯលោកកាអ៊ីនវិញ គាត់មិនត្រឹមតែកុហកព្រះនោះទេ។ គាត់ថែមទាំងមិនគោរពព្រះទៀតផង។ ព្រះមិនចង់ខ្ជះខ្ជាយពេលវេលានៅក្នុងកិច្ចការរបស់ទ្រង់នោះឡើយ។ ម្ល៉ោះហើយ ទ្រង់បានសួរសំណួរទី៣ទៅកាន់លោកកាអ៊ីនថា «ម្ដេចក៏អ្នកប្រព្រឹត្តដូច្នេះ?» (លោកុប្បត្តិ ៤៖១០, គខប)។ ព្រះមិនបានរង់ចាំចម្លើយរបស់គាត់ទៀតឡើយ។ ព្រះបានបង្ហាញលោកកាអ៊ីនថា ទ្រង់បានជ្រាបគ្រប់រឿងទាំងអស់។ ព្រះបានមានបន្ទូលទៅកាន់លោកកាអ៊ីនថា «សម្រែកឈាមប្អូនរបស់អ្នកបានលាន់ឮពីដីឡើងមកដល់យើង» (លោកុប្បត្តិ ៤៖១០)។ ជាការពិតណាស់ ឈាមមិនអាចស្រែកបានឡើយ។ រូបស័ព្ទនេះអាចជួយអោយយើងមើលឃើញថា ព្រះបានជ្រាបអំពីអំពើឧក្រិដ្ឋកម្ម។ ទ្រង់ក៏នឹងដាក់ទោសលោកកាអ៊ីនចំពោះអំពើឧក្រិដ្ឋកម្មនេះដែរ។
លោកកាអ៊ីនបានទូលទៅកាន់ព្រះថា «ទូលបង្គំក៏ត្រូវចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គ [ទៅ]» (លោកុប្បត្តិ ៤៖១៤, គខប)។ តើខនេះបានបង្ហាញយើងអំពីអ្វី?
--------------------------------------------------------
«ទូលបង្គំក៏ត្រូវចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គ [ទៅ]» គឺជារូបស័ព្ទមួយ។ ពាក្យនេះបានបង្ហាញយើងអំពីទណ្ឌកម្មដែលលោកកាអ៊ីនត្រូវទទួល។ គាត់មិនអាច «នៅជិតព្រះ ឬនៅក្នុងស្រុក» បានតទៅទៀតឡើយ (លោកុប្បត្តិ ៤៖១៤, បកប្រែថ្មីពី ERV)។ លោកកាអ៊ីនបានទទួលទណ្ឌកម្មនេះ ដោយសារតែគាត់បានសម្លាប់លោកអេបិល។ ឥឡូវនេះ ព្រះនឹងមិននៅក្បែរគាត់ទៀតឡើយ។ ម្ល៉ោះហើយ គាត់ក៏មានសេចក្តីភ័យខ្លាចក្រែងអ្នកណាម្នាក់សម្លាប់គាត់ដែរ។ «បន្ទាប់មក ព្រះអម្ចាស់ដៅសញ្ញាសម្គាល់មួយនៅលើលោកកាអ៊ីន ដូច្នេះ ពេលមាននរណាជួបគាត់ គេនឹងមិនប្រហារជីវិតគាត់ឡើយ» (លោកុប្បត្តិ ៤៖១៥, គខប)។ តើ «សញ្ញា» នោះគឺជាអ្វី? យើងមិនបានដឹងឡើយ។ មិនថាសញ្ញានោះគឺជាអ្វីក៏ដោយ វាសុទ្ធតែបានបង្ហាញថា ព្រះបានបង្ហាញសេចក្តីមេត្តាដល់លោកកាអ៊ីន។
តើអ្វីដែលអាច «ចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គ» បាននោះ? គ្មានទេមែនទេ? ទ្រង់ទតឃើញគ្រប់រឿងទាំងអស់។ ទន្ទឹមគ្នានេះ យើងក៏អាចជ្រើសរើសបែរចេញពីទ្រង់បានដែរ។ តើវិធីសាស្ត្រតែមួយគត់ដែលអាចជួយអោយយើងគេចផុតពីការបែរចេញពីទ្រង់បាននោះគឹជាអ្វី?
ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ឆ្នាំ២០២២
មនុស្សលោកកាន់តែអាក្រក់ទៅៗ
សូមអានអំពីលោកកាអ៊ីន និងកូនចៅជំនាន់របស់គាត់នៅក្នុងខគម្ពីរលោកុប្បត្តិ ៤៖១៧-២៤។ តើអំពើឧក្រិដ្ឋកម្មរបស់គាត់បានបណ្តាលអោយអំពើអាក្រក់ និងអំពើបាបនៅលើផែនដីនេះកាន់តែអាក្រក់ទៅៗដោយរបៀបណា?
--------------------------------------------------------
លោកឡាមេកគឺជាចៅរបស់លោកកាអ៊ីន។ គាត់បានសម្លាប់បុរសម្នាក់ដូចជាលោកកាអ៊ីនដែរ។ បន្ទាប់មក គាត់បានប្រៀបធៀបអំពើឧក្រិដ្ឋកម្មរបស់គាត់ជាមួយនឹងអំពើឧក្រិដ្ឋកម្មរបស់លោកកាអ៊ីន។ យើងបានរៀនអំពីសេចក្តីពិតនៃព្រះគម្ពីរអំពីរបៀបដែលអំពើបាបដំណើរការ នៅពេលដែលយើងប្រៀបធៀបអំពើឧក្រិដ្ឋកម្មទាំង២នេះ។ លោកកាអ៊ីនមិនបាននិយាយអំពីអំពើឧក្រិដ្ឋកម្មរបស់គាត់នោះឡើយ។ ប៉ុន្តែ លោកឡាមេកបានអួតអាងអំពីអំពើឧក្រិដ្ឋកម្មរបស់គាត់។ គាត់បាននិពន្ធចម្រៀងមួយស្តីអំពីអំពើ បាបរបស់គាត់ផងដែរ (លោកុប្បត្តិ ៤៖២៣, ២៤)។ លោកកាអ៊ីនបានសូមអោយព្រះបង្ហាញសេចក្តីមេត្តាដល់គាត់។ ប៉ុន្តែ លោកឡាមេកមិនបានសូមសេចក្តីមេត្តាពីព្រះឡើយ។ ព្រះបានសន្យាថា នឹងសងសឹងជួសលោកឡាមេក១ជា៧៧ដងវិញ ចំពោះអ្នកណាដែលធ្វើបាបគាត់ (លោកុប្បត្តិ ៤៖២៤)។
ចូរយើងក្រឡេកមើលការប្រៀបធៀបរវាងលោកកាអ៊ីន និងលោកឡាមេកបន្ថែមទៀត។ លោក កាអ៊ីនមានប្រពន្ធម្នាក់ (លោកុប្បត្តិ ៤៖១៧)។ ប៉ុន្តែ លោកឡាមេកគឺជាបុរសដំបូងដែលបានរៀបការប្រពន្ធជាច្រើននាក់ (លោកុប្បត្តិ ៤៖១៩)។ លោកឡាមេកនិងអំពើបាបរបស់គាត់បានបង្ហាញយើងថា កូនចៅរបស់លោកកាអ៊ីនកាន់តែអាក្រក់ទៅៗហើយ។
ប៉ុន្តែ មនុស្សលោកមិនបានបាត់បង់សេចក្តីសង្ឃឹមទាំងអស់ឡើយ។ «លោកអ័ដាមរួមរស់ជាមួយភរិយាម្ដងទៀត នាងបង្កើតបានកូនប្រុសមួយ ហើយដាក់ឈ្មោះថា សេត ដ្បិតនាងពោលថា ‘ដ្បិតព្រះជាម្ចាស់ប្រទានកូនមួយទៀតមកឲ្យខ្ញុំ ដើម្បីបន្តពូជជំនួសអេបិលដែលកាអ៊ីនបានសម្លាប់’» (លោកុប្បត្តិ ៤៖២៥, គខប)។ «សេត» ប្រែមកពីពាក្យថា «អាស៊ីត (ashit)» ជាភាសាហេព្រើរ។ ពាក្យហេព្រើរនេះអាចសរសេរបានថា «អញនឹងធ្វើ» នៅក្នុងលោកុប្បត្តិ ៣៖១៥)។ ដូច្នេះ ឈ្មោះថា «សេត» បានបង្ហាញ យើងថា ព្រះ «នឹងធ្វើ» អោយមានកូនម្នាក់ទៀតជំនួសលោកអេបិល។ នៅពេលដែលព្រះមានបន្ទូលថា «អញនឹងធ្វើ» នៅក្នុងខគម្ពីរលោកុប្បតិ្ត ៣៖១៥ នោះទ្រង់ក៏បានបង្ហាញយើងអំពីកិច្ចការដែលព្រះអង្គសង្គ្រោះនឹងត្រូវធ្វើនៅពេលអនាគតផងដែរ។ ដូច្នេះ យើងមើលឃើញឈ្មោះ «សេត» នេះគឺជាសេចក្តីសន្យាមួយ។ ឈ្មោះនេះបានបង្ហាញយើងថា ព្រះអង្គសង្គ្រោះនឹងប្រសូតចេញពីពូជអំបូររបស់លោកសេត (លោកុប្បត្តិ ៥៖៣)។
នៅក្នុងបទគម្ពីរលោកុប្បត្តិ៦ យើងបានអានអំពី «ពួកកូនប្រុសរបស់ព្រះ» និង «[ពួក] កូនស្រី របស់មនុស្ស» (លោកុប្បត្តិ ៦៖២)។ «ពួកកូនប្រុសរបស់ព្រះ» បានបង្ហាញអំពីពួកកូនចៅដែលចេញពីពូជអំបូររបស់លោកសេត។ ពួកគេត្រូវបានគេហៅថាជា «ពួកកូនប្រុសរបស់ព្រះ» ដើម្បីបង្ហាញយើងថា ព្រះបានជ្រើសរើសពួកគេអោយបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ និងធ្វើជារាស្ត្ររបស់ទ្រង់ (លោកុប្បត្តិ ៥៖១, ៤)។ ប៉ុន្តែ «[ពួក] កូនស្រីរបស់មនុស្ស» (លោកុប្បត្តិ ៦៖១) បានបង្ហាញយើងអំពីមនុស្សដែលមិនបានដើរតាមព្រះ។ គួរអោយសោកស្តាយណាស់ «ពួកកូនប្រុសរបស់ព្រះ» បានរៀបការជាមួយនឹង «[ពួក] កូនស្រីរបស់មនុស្ស» (លោកុប្បត្តិ ៦៖២)។ ការរៀបការទាំងនេះបានបង្ហាញយើងថា មនុស្សលោកបានចាប់ផ្តើមបែរចេញពីព្រះ។
សូមអានខគម្ពីរលោកុប្បត្តិ ៦៖១-៥។ ខទាំងនេះគឺជាការព្រមានដ៏ខ្លាំងក្លាមួយទាស់នឹងអំពើបាប។ តើហេតុអ្វីបានជាយើងត្រូវតែធ្វើរឿងទាំងអស់ ដែលយើងអាចធ្វើទៅបាន ដោយមានជំនួយមកពីព្រះ ដើម្បីលុបបំបាត់អំពើបាបចេញពីជីវិតរបស់យើងយ៉ាងដូច្នេះ?
ថ្ងៃសុក្រ ទី១៥ ខែមេសា ឆ្នាំ២០២២
សិក្សាបន្ថែម
«ព្រះគម្ពីរបានចែងថា «លោកហេណុកគាត់ជាអ្នកដើរជាមួយនឹងព្រះ» (លោកុប្បត្តិ ៥៖២២,២៤)។ រូបស័ព្ទនេះបានបង្ហាញយើងថា លោកហេណុកមានមិត្តភាពជិតស្និទ្ធផ្ទាល់ជាមួយនឹងព្រះ។ លោកហេណុកបានចំណាយពេលជាមួយនឹងព្រះជារៀងរាល់ថ្ងៃ។ មិត្តភាពនេះរវាងលោកហេណុក និងព្រះពិសេសជាទីបំផុត។ នេះគឺជាមូលហតុដែល «ព្រះទ្រង់បានទទួលយកគាត់ទៅ» (លោកុប្បត្តិ ៥៖២៤)។ ខនេះមិនបានគាំទ្រគំនិតដែលថា លោកហេណុកបានស្លាប់ហើយ ទើបបានឡើងស្ថានសួគ៌នោះទេ។ លោកណូអេក៏បានដើរជាមួយនឹងព្រះ (លោកុប្បត្តិ ៦៖៩) ផងដែរ មែនទេ? ប៉ុន្តែ លោកណូអេក៏បានស្លាប់ដូចជាមនុស្សលោកដទៃទៀតដែរ រួមទាំងលោកអ័ដាម និងលោកមធូសាឡាផង។ អ្នកស្រីអែល្លីន ជីវ៉ៃត៍ បានសរសេរអំពីលោកហេណុកថា៖ «គាត់គឺជាអ្នកអធិប្បាយ។ សេចក្តីអធិប្បាយរបស់គាត់គឺស្តីអំពីការអត់ឱនទោស និងសេចក្តីមេត្តារបស់ព្រះ។ គាត់បានប្រាប់អ្នកដទៃអំពីរឿងដែលព្រះបានបង្ហាញគាត់។ មនុស្សជាច្រើនដែលគោរពព្រះបានចូលទៅឯលោកហេណុក ដើម្បីរៀនអំពីសេចក្តីពិតនៃព្រះគម្ពីរ។ គាត់ក៏បានអធិស្ឋានសម្រាប់មនុស្សទាំងនេះផងដែរ។ លោកហេណុកក៏បានធ្វើកិច្ចការជាសាធារណៈផងដែរ។ គាត់បានចែកចាយសារមកពីព្រះទៅកាន់មនុស្សគ្រប់គ្នាដែលចង់ឮអំពីអ្វីដែលគាត់បម្រុងនឹងប្រាប់ដល់ពួកគេ។ លោកហេណុកមិនត្រឹមតែបានជួយដល់មនុស្សពីពូជអំបូងរបស់លោកសេតប៉ុណ្ណោះឡើយ។ គាត់ក៏បានធ្វើដំណើរទៅឯទឹកដីកាណានផងដែរ។ លោកកាអ៊ីនបានរត់ទៅជ្រកនៅស្រុកនេះបន្ទាប់ពីគាត់បានចាកចេញពីព្រះមក។ លោកហេណុកបានប្រាប់មនុស្សនៅទីនោះអំពីការបើកសម្តែងដ៏អស្ចារ្យដែលព្រះបានប្រទានដល់គាត់។ ‘មើល ព្រះអម្ចាស់ទ្រង់យាងមកនៅកណ្តាលពួកបរិសុទ្ធទ្រង់ទាំងសល់សែន ដើម្បីនឹងកាត់ទោសដល់គ្រប់មនុស្សទាំងឡាយ ហើយនិងរំឭកពួកទមិលល្មើសទាំងអម្បាលម៉ានឲ្យដឹងខ្លួនពីគ្រប់ទាំងការទមិលល្មើសដែលគេបានប្រព្រឹត្តធ្វើដោយចិត្តល្មើស ហើយពីអស់ទាំងសេចក្តីរឹងទទឹងទាំងប៉ុន្មានដែលអស់ពួកទមិលល្មើសដ៏មានបាបទាំងនោះបានពោលទាស់នឹងទ្រង់’ (យ៉ូដាស ១៖១៤, ១៥)»។ ដក ស្រង់ពី Ellen G. White, Patriarchs and Prophets, page 86, adapted។
សំនួរពិភាក្សា៖
- តើហេតុអ្វីបានជាលោកកាអ៊ីនសម្លាប់ប្អូនប្រុសរបស់គាត់? យើងប្រហែលជាមិនបានសម្លាប់អ្នកណាម្នាក់នោះឡើយ។ ប៉ុន្តែ តើយើងអាចប្រុងប្រយ័ត្នកុំអោយចិត្តរបស់យើងមានអារម្មណ៍ដូចជាលោកកាអ៊ីននោះដោយរបៀបណា?
- មនុស្សបានរស់នៅយ៉ាងយូរអង្វែងមុនទឹកជំនន់ដ៏ធំ (បទគម្ពីរលោកុប្បត្តិ ៥)។ សូមប្រៀបធៀបជីវិតដ៏យូរអង្វែងរបស់ពួកគេជាមួយនឹងជីវិតរបស់មនុស្សដែលបានរស់នៅបន្ទាប់ពីទឹកជំនន់ដ៏ធំនោះរួចមក។ តើយើងអាចបកស្រាយអំពីការប្រែប្រួលនៅក្នុងមនុស្សលោកពីអាយុវែងទៅអាយុខ្លីដោយរបៀបណា? វិទ្យាសាស្ត្រសម័យទំនើបបាននិយាយថា មនុស្សលោកកាន់តែប្រសើរទៅៗ។
រឿងខ្លី
ការអត់ឱនទោសនៅក្នុងគុក ភាគ២
នៅថ្ងៃសប្បាតហ៍បន្ទាប់ អ្នកទោសម៉ាធាបានជំរាបសួរលោកដាន់តេ ដែលជាសិស្សទេវវិទ្យាអាយុ៣៦ឆ្នាំម្នាក់មកពីមហាវិទ្យាល័យអាត់វេនទីស្ទសាហ្គាន់តូ ជាមួយនឹងការសន្ទនាយ៉ាងសប្បាយរីករាយ នៅគុកនៃប្រទេសអេស៉្បាញ។ ប៉ុន្មាននាទីក្រោយមក ស្រាប់តែលោកម៉ាធាផ្លាស់ប្តូរសំឡេងរបស់គាត់ភ្លាម ហើយចាប់ផ្តើមភ័យញ័រ។ គាត់បាននិយាយអំពីកុមារភាព និងវ័យជំទង់របស់គាត់។ គាត់បានពិពណ៌នាអំពីការជម្នះសេចក្តីប៉ងប្រាថ្នាខាងឯអំពើបាបរបស់គាត់អស់រយៈពេលជាច្រើនឆ្នាំ។
គាត់បាននិយាយថា «ខ្ញុំមិនមានអារម្មណ៍ថា ខ្ញុំធ្វើខុសទាល់តែសោះ នៅពេលដែលខ្ញុំចេញពីគុក ខ្ញុំនឹងធ្វើវាទៀត»។ គាត់បានសម្លឹងមើលលោកដាន់តេ រង់ចាំមើលប្រតិកម្មរបស់លោកដាន់តេ។ លោក ដាន់តេបានយល់ឃើញថា លោកម៉ាធាកំពុងតែសាកល្បងគាត់។ ។ លោកម៉ាធាចង់ឃើញថា លោកដាន់តេ នឹងបញ្ចេញប្រតិកម្មជាអ្នកថ្កោលទោស ឬជាអ្នកដែលប្រកបដោយសេចក្តីស្រឡាញ់។ លោកដាន់តេបានអធិស្ឋាននៅក្នុងចិត្តថា «ឱព្រះយេស៊ូវអើយ សូមទ្រង់ផ្តល់ព្រះគុណរបស់ទ្រង់ដល់ទូលបង្គំផង ដ្បិតទ្រង់បានអត់ឱនទោសអោយទូលបង្គំ ទ្រង់ក៏អាចអត់ឱនទោសអោយគាត់បានដែរ»។ ដោយឃើញលោកដាន់តេអង្គុយយ៉ាងស្ងៀមស្ងាត់នោះ លោកម៉ាធាក៏សួរម្តងទៀតថា «ប្រសិនបើលោកគ្រូចាប់ខ្ញុំបាន តើលោកគ្រូនឹងធ្វើដូចម្តេច?»។ កំពុងតែអធិស្ឋាននៅក្នុងចិត្ត លោកដាន់តេបានឆ្លើយយ៉ាងយឿតៗថា «ប្រសិនបើទ្រង់អាចប្រទានព្រះគុណ និងសេចក្តីសង្គ្រោះដល់ខ្ញុំបាន ទ្រង់ក៏អាចប្រទានព្រះគុណ និងសេចក្តីសង្គ្រោះដល់អ្នកបានដែរ»។ មុខរបស់លោកម៉ាធាបានប្រែទៅជាភ្ញាក់ផ្អើលជាខ្លាំង។ គាត់បានសួរថា «តើលោកគ្រូមិនថ្កោលទោសខ្ញុំទេអី?»។ លោកដាន់តេបានបើកអានខគម្ពីររ៉ូម ៧៖១៩,២០ ដែលបានចែងថា «ខ្ញុំមិនប្រព្រឹត្តការល្អដែលខ្ញុំចង់ធ្វើនោះទេ តែការអាក្រក់ដែលខ្ញុំមិនចង់ធ្វើ នោះបែរជាខ្ញុំធ្វើវិញ ដូច្នេះ បើខ្ញុំប្រព្រឹត្ត ការដែលខ្ញុំមិនចង់ធ្វើ នោះមិនមែនខ្ញុំដែលធ្វើការនោះទៀតទេ គឺជាបាបទេតើ ដែលនៅក្នុងខ្លួនខ្ញុំវិញ»។ លោកដាន់តេបានតបទៅវិញថា «យើងតែងតែមិនយល់អំពីសកម្មភាពរបស់យើងជានិច្ច ដ្បិតយើងមិន បានធ្វើអ្វីដែលយើងចង់ធ្វើនោះទេ តែនៅទីបញ្ចប់យើងបែរជាធ្វើអ្វីដែលយើងមិនចង់ធ្វើទៅវិញ។ តើវា អាចទេ ដែលអ្នកមិនមានអារម្មណ៍សោកស្តាយចំពោះទង្វើរបស់អ្នកទាល់តែសោះ ដោយសារតែអ្នកមិនអាចគ្រប់គ្រងវាបាន?»។ លោកម៉ាធាបានចាប់យកព្រះគម្ពីរពីដៃរបស់លោកដាន់តេយកមកអាន។ លោក ដាន់តេបានបើកអានខរ៉ូម ៨៖១, ២ ដែលបានចែងថា «ហេតុនោះ នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវនោះគ្មានទោសសោះ ដ្បិតអំណាចរបស់ព្រះវិញ្ញាណនៃជីវិត ដែលនៅក្នុងព្រះគ្រីស្ទ យេស៊ូវ នោះបានប្រោសឲ្យខ្ញុំរួចពីអំណាចរបស់អំពើបាប និងសេចក្តីស្លាប់ហើយ»។ លោកដាន់តេបាននិយាយទៀតថា «ព្រះនឹងមិនថ្កោលទោសអ្នកឡើយ ផ្ទុយទៅវិញ ទ្រង់ស្រឡាញ់អ្នក និងចង់ជួយអ្នកជានិច្ច។ អ្នកអាចរស់នៅក្នុងជីវិតខុសពីនេះ ដោយអ្នកគ្រាន់តែអនុញ្ញាតអោយព្រះវិញ្ញាណរបស់ព្រះសណ្ឋិតនៅក្នុងអ្នកប៉ុណ្ណោះ។ ទ្រង់ក៏ចង់ជួយដល់អ្នក ដូចជាទ្រង់បានជួយដល់ខ្ញុំផងដែរ»។
ទឹកមុខរបស់លោកម៉ាធាពោរពេញទៅដោយទុក្ខព្រួយជាខ្លាំង។ ការសើចចំអក និងសេចក្តីសម្អប់បានចេញពីគាត់បាត់ទៅ។ នេះជាលើកដំបូងហើយ ដែលលោកដាន់តេបានដឹងថា លោកម៉ាធា កំពុងតែមានអារម្មណ៍ថា ខ្លួនមានកំហុសជាខ្លាំង។ ចាប់ពីពេលនោះមកអ្វីៗគ្រប់យ៉ាងបានផ្លាស់ប្តូរ។ លោកម៉ាធាបានឈប់ចំអកអោយព្រះ និងព្រះគម្ពីរតទៅទៀតឡើយ។
លោកដាន់តេបាននិយាយនៅក្នុងកិច្ចសម្ភាសន៍ថា «ចាប់ពីពេលនោះមកខ្ញុំបានចាប់ផ្តើមសិក្សាព្រះគម្ពីរជាមួយនឹងគាត់ ហើយចាប់ពីពេលនោះឯងដែលគាត់ចង់ផ្លាស់ប្តូរជីវិតរបស់គាត់។ គាត់លែងចង់បន្តនៅក្នុងផ្លូវចាស់របស់គាត់ទៀតឡើយ តែគាត់ចង់នៅក្បែរព្រះវិញម្តង»។
អំណានដង្វាយប្រចាំសប្តាហ៍
សេចក្តីស្រឡាញ់គ្មានព្រំដែន
យើងបានថ្វាយបង្គំតាមរយៈការថ្វាយតង្វាយជាទៀងទាត់ និងជាប្រព័ន្ធ ដោយសារតែព្រះបានប្រទានគំរូនៃសេចក្តីស្រឡាញ់គ្មានព្រំដែនដល់យើង។ ខគម្ពីរយ៉ូហាន ៣៖១៧ បានប្រកាសអំពីធម្មជាតិ និងវិសាលភាពនៃបេសកកម្មរបស់ព្រះរាជបុត្រាយ៉ាងដូច្នេះថា៖ ព្រះយេស៊ូវបានយាងមកជាមួយនឹងសេចក្តីសង្គ្រោះ ហើយទ្រង់បាននាំសេចក្តីសង្គ្រោះនេះមកកាន់ផែនដីទាំងមូល។ ការបំពេញបេសកកម្មតាមគន្លងរបស់ព្រះយេស៊ូវនោះមានន័យថា ជាការទទួលយកបេសកកម្មជាសកល។ ក្នុងចំណោមកិច្ចការផ្សេងៗទៀត គម្រោងនៃតង្វាយ១០ហូត១ និងតង្វាយសទ្ធាបានផ្តល់ឱកាសមួយដល់យើងក្នុងការចូលរួមនៅក្នុងបេសកកម្មជាសកល។
គ្រូគង្វាលម្នាក់បានបម្រើការនៅក្នុងព្រះវិហារក្រុងមួយ។ ក្រុមជំនុំដ៏ធំមួយ និងធូធានេះគឺជាក្រុមជំនុំដែលមានសេចក្តីសប្បុរសជាទីបំផុត។ ពួកគេមានបំណងចង់វិនិយោគនៅក្នុងការធ្វើអោយគ្រឿងបរិក្ខារនៅក្នុងព្រះវិហារកាន់តែប្រសើរឡើង ប៉ុន្តែ គួរអោយសោកស្តាយ មានពេលខ្លះដើម្បីអោយសម្រេចគោលដៅរបស់ពួកគេ ពួកគេបានអាក់ខានក្នុងការថ្វាយ តង្វាយ១០ហូត១ ព្រមទាំងចូលរួមក្នុងការថ្វាយតង្វាយដទៃទៀតជាប្រចាំផងដែរ។ គួរអោយចាប់អារម្មណ៍ទៅទៀតនោះគឺថា គ្រូគង្វាលបានបដិសេធមិនព្រមអប់រំសមាជិករបស់គាត់អំពី គ្រោះថ្នាក់នៃភាពសប្បុរសនៃការបម្រើផ្ទាល់ខ្លួន និងសារៈសំខាន់នៃការគាំទ្រពួកជំនុំជាសកលនោះឡើយ។ ផ្ទុយទៅវិញ ការគ្រប់គ្រងព្រះវិហារមួយដែលមានគ្រឿងបរិក្ខារល្អៗបំផុតគឺជាប្រភពនៃសេចក្តីអំនួត និងការពេញចិត្តរបស់គាត់ទៅវិញ។ ប៉ុន្មានឆ្នាំក្រោយមក ខនហ្វឺរិនបានផ្លាស់ប្តូរគាត់ទៅកន្លែងមួយទៀតដែលមិនសូវមានគ្រឿងបរិក្ខារទាំងនោះ គាត់បានយល់អំពីផលវិបាកនៃចក្ខុវិស័យដ៏តូចចង្អៀតនៅក្នុងបេសកកម្មរបស់គាត់យ៉ាងឆាប់រហ័ស។
តើចក្ខុវិស័យរបស់យើងចំពោះបេសកកម្មរបស់ព្រះទូលំទូលាយប៉ុនណាដែរ? យើងត្រូវបានសង្គ្រោះ ដោយសារតែព្រះទុកនគរស្ថានសួគ៌អោយនៅទទេ ហើយបានចាត់ព្រះយេស៊ូវអោយមកឯផែនដីរបស់យើង។ ទន្ទឹមគ្នានេះ ព្រះវិហារក៏បានប្រមែប្រមូលធនធាន ដើម្បីបញ្ចូនបេសកជនមកកាន់ប្រទេស ឬតំបន់របស់យើងយ៉ាងដូច្នេះដែរ។ ដោយមានព្រះយេស៊ូវជាគំរូរបស់យើង តើលោកអ្នកចង់ក្លាយជាឧបករណ៍នៃសេចក្តីស្រឡាញ់ទៅកាន់ជាតិសាសន៍ កុលសម្ព័ន្ធ ភាសា និងអ្នកដទៃទៀតដែរឬទេ? សប្តាហ៍នេះ ខណៈពេលដែលយើងថ្វាយបង្គំជាមួយនឹងតង្វាយ១០ហូត១ និងតង្វាយសទ្ធារបស់យើងតាមសេចក្តីសន្យានោះ យើងមានឱកាសមួយផ្សេងទៀតក្នុងការជួយជាសកល។
សេចក្តីអំពាវនាវ៖ «ពីព្រោះព្រះទ្រង់មិនបានចាត់ព្រះរាជបុត្រាទ្រង់ ឲ្យមកក្នុងលោកីយ៍ ដើម្បី នឹងជំនុំជម្រះលោកីយ៍នោះទេ គឺឲ្យលោកីយ៍បានសង្គ្រោះដោយសារទ្រង់វិញ» (យ៉ូហាន ៣៖១៧)។
សេចក្តីអធិដ្ឋាន៖
«ឱព្រះអម្ចាស់អើយ សេចក្តីស្រឡាញ់របស់ទ្រង់គ្មានដែនកំណត់នោះឡើយ ដោយហេតុនេះហើយ បានជាពួកទូលបង្គំត្រូវបានសង្គ្រោះ។ ពួកទូលបង្គំសូមសរសើរតម្កើងដល់ព្រះនាមទ្រង់។ សូមទ្រង់ជួយអោយទូលបង្គំបានបង្ហាញសេចក្តីស្រឡាញ់ដូចគ្នានេះដល់ ពួកមនុស្សជាតិទាំងអស់តាមរយៈការថ្វាយតង្វាយរបស់ទូលបង្គំនេះផង។