សូមប្រៀបធៀបខគម្ពីរលោកុប្បត្តិ ២៖៧ និងសាស្តា ១២៖១-៧។ តើខទាំងនេះបានបងៀន យើងអំពីសេចក្តីពិតអ្វីខ្លះ? តើសេចក្តីពិតទាំងនោះអាចជួយអោយយើងយល់កាន់តែច្បាស់ អំពីអ្វីដែល ត្រូវកើតឡើងចំពោះយើងនៅពេលដែលយើងស្លាប់ទៅនោះដោយរបៀបណា?
យើងបានឃើញរួចមកហើយថា ព្រះគម្ពីរបានបង្រៀនថា មនុស្សលោកគឺជាព្រលឹងរស់។ ព្រលឹងមាន២ផ្នែកគឹ៖ (១) រូបកាយ និង (២) វិញ្ញាណ។ ព្រះគម្ពីរក៏បានបង្រៀនថា នៅពេលដែលរូប កាយស្លាប់ទៅ ព្រលឹងក៏លែងមានតទៅទៀតដែរ (អេសេគាល ១៨៖៤, ២០)។
ប៉ុន្តែ តើមានអ្វីកើតឡើង ចំពោះវិញ្ញាណ? តើវិញ្ញាណមានជីវិត បន្ទាប់ពីរូបកាយស្លាប់ទៅដែរឬទេ? អ្នកគ្រីស្ទានជាច្រើនបានជឿទៅលើគោលគំនិតនេះ។ ពួកគេបានប្រើខគម្ពីរសាស្តា ១២៖៧ ធ្វើជាភ័ស្តុតាង។ ខនេះបានចែងថា «ពេលនោះ រូបកាយដែលជាធូលីដីនឹងវិលទៅជាដីដូចដើមវិញ រីឯព្រលឹងដែលព្រះជាម្ចាស់ប្រទានឲ្យក៏នឹងវិលទៅកាន់ព្រះអង្គវិញដែរ» (គខប)។ ខនេះមិនបានចែងថា វិញ្ញាណនៅមានជីវិត នៅពេលដែលវាត្រឡប់ទៅឯព្រះវិញនោះឡើយ។
ខគម្ពីរសាស្តា ១២៖១-៧ បានពិពណ៌នាអំពីរបៀបដែលយើងត្រូវចាស់ហើយក៏ស្លាប់ទៅ។ ខ៧បានចែងថា សេចក្តីស្លាប់គឺជាការក្រឡាស់នូវអ្វីដែលបានកើតឡើងនៅក្នុងខគម្ពីរលោកុប្បត្តិ ២៖៧។ យើងបានឃើញហើយថា ព្រះបានបង្កើតផ្ទៃមេឃ និងផែនដីនៅក្នុងរយៈពេល៦ថ្ងៃ។ នៅថ្ងៃទី៦ «ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកធូលីដីមកសូនធ្វើជាមនុស្ស ទ្រង់ផ្លុំខ្យល់ដង្ហើមជីវិតបញ្ចូលទៅក្នុងរន្ធច្រមុះ នោះក៏ត្រឡប់ជាមានព្រលឹងរស់ឡើង» (លោកុប្បត្តិ ២៖៧)។ ប៉ុន្តែ ខគម្ពីរសាស្តា ១២៖៧ បានសំដែងប្រាប់យើងថា «វិញ្ញាណ ដែលព្រះជាម្ចាស់ប្រទានឲ្យ ក៏នឹងវិលទៅកាន់ព្រះអង្គវិញដែរ»។ ដូច្នេះ ខនេះបានបង្ហាញថា ខ្យល់ដង្ហើមជីវិត (វិញ្ញាណ) ដែលព្រះបានផ្លុំចូលទៅក្នុងច្រមុះរបស់លោកអ័ដាមនោះ នឹងវិលត្រឡប់ទៅឯព្រះវិញ។ ឬអាចនិយាយបានថា នៅពេលដែលយើងស្លាប់ទៅខ្យល់ដង្ហើមជីវិត មកពីព្រះនឹងឈប់ដំណើរការនៅក្នុងរូបកាយរបស់យើង។
យើងគួរតែចាំថា ខគម្ពីរសាស្តា ១២៖៧ បានចែងអំពីរបៀបដែលមនុស្សទាំងអស់ត្រូវចាស់ហើយក៏ស្លាប់ទៅ។ ខនេះមិនបានចែងថា មនុស្សអាក្រក់នឹងត្រូវចាស់ ហើយស្លាប់ទៅនោះ ខុសគ្នាពីការស្លាប់នៃមនុស្សដែលបានសង្គ្រោះនោះឡើយ។ ដូច្នេះ នៅពេលដែលមនុស្សអាក្រក់ស្លាប់ទៅ វិញ្ញាណរបស់ពួកគេមិនបានរស់នៅជាមួយនឹងព្រះនៅឯស្ថានសួគ៌នោះទេ។ គោលគំនិតនេះមិនស្របទៅការសំដែងនៃព្រះគម្ពីរនោះឡើយ។ មនុស្សលោក និងសត្វទាំងអស់នឹងត្រូវចាស់ ហើយក៏ស្លាប់ទៅ (សាស្តា ៣៖១៩, ២០)។ សេចក្តីស្លាប់គឺជាចុងបញ្ចប់នៃជីវិតរបស់ពួកគេ។ ព្រះបានបណ្តាលអោយអ្នកសរសេរកណ្ឌគម្ពីរទំនុកដំកើងមានប្រសាសន៍យ៉ាងដូច្នេះថា៖ «កាលទ្រង់លាក់ព្រះភក្ត្រ នោះវាបានថប់ព្រួយវិញ កាលទ្រង់ដកយកដង្ហើមចេញ នោះវាក៏ស្លាប់ ហើយត្រឡប់ទៅជាធូលីដីវិញ» ដែរ (ទំនុកដំកើង ១០៤៖២៩)។
យើងតែងតែនិយាយថា សេចក្តីស្លាប់គឺជាផ្នែកមួយនៃជីវិត។ តើហេតុអ្វីបានជាគោលគំនិតនេះមិនត្រឹមត្រូវ? សេចក្តីស្លាប់មិនបានទ្រទ្រង់ជីវិតអ្វីឡើយ។ សូមអានខគម្ពីរកូរិនថូសទី១ ១៥៖២៦។ តើសេចក្តីសន្យានៅក្នុងខនេះបានផ្តល់ក្តីសង្ឃឹមអ្វីដល់យើង?
ថ្ងៃពុធ ទី១២ តុលា ឆ្នាំ២០២២
«មនុស្សស្លាប់ឥតដឹងអ្វីឡើយ»
តើមានអ្វីកើតឡើងដល់មនុស្សលោក នៅពេលដែលពួកគេស្លាប់ទៅ? តើខគម្ពីរយ៉ូប ៣៖១១-១៣; ទំនុកដំកើង ១១៥៖៧; ទំនុកដំកើង ១៤៦៖៤ និងសាស្តា ៩៖៥, ១០ បានជួយអោយយើងឆ្លើយសំណួរនេះដោយរបៀបណា?
--------------------------------------------------------
អ្នកប្រាជ្ញខាងឯព្រះគម្ពីរបាននិយាយថា ខគម្ពីរយ៉ូប ៣៖១១-១៣; ទំនុកដំកើង ១១៥៖១៧; ទំនុកដំកើង ១៤៦៖៤ និងសាស្តា៩៖៥, ១០ មិនអាចជួយអោយយើងឆ្លើយសំណួរនេះបានឡើយ។ អ្នកប្រាជ្ញទាំងនេះបាននិយាយថា ខទាំងនេះគឺជាផ្នែកមួយនៃកំណាព្យ។ កំណាព្យតែងតែលំបាកក្នុងការយល់។ ប៉ុន្តែ យើងអាចយល់អំពីខទាំងនេះបាន។ ភាសារបស់ពួកគាត់ងាយស្រួលអាន ហើយក៏ងាយនឹងយល់ដែរ។ គោលគំនិតរបស់ពួកគេស្របជាមួយនឹងការបង្រៀនអំពីសេចក្តីស្លាប់នៃគម្ពីរសញ្ញាចាស់។ ក្នុងបទគម្ពីរយ៉ូប៣ លោកយ៉ូបបាននិយាយថា គាត់ស្លាប់ថ្ងៃដែលគាត់កើតមក ដោយសារតែគាត់បានរងទុក្ខជាច្រើន។ យើងក៏មានអារម្មណ៍បែបនេះដែរមែនទេ? លោកយ៉ូបបានយល់ឃើញថា ប្រសិនបើគាត់ស្លាប់ នៅពេលដែលគាត់កើតនោះ គាត់នឹងបានដេកនៅក្នុងផ្នូររបស់គាត់ជាមិនខាន (យ៉ូប ៣៖១១, ១៣)។
បទគម្ពីរទំនុកដំកើង១១៥ បានបង្ហាញប្រាប់យើង អំពីកន្លែងដែលព្រះបានទុកអ្នកស្លាប់។ កន្លែងនេះស្ងប់ស្ងាត់ដោយសារតែ «មនុស្សស្លាប់រមែងមិនសរសើរដល់ព្រះយេហូវ៉ាទេ ព្រមទាំងមនុស្សដែលចុះទៅនៅឯស្ថានស្ងាត់ឈឹងផង» (ទំនុកដំកើង ១៤៦៖៤)។ អ្នកស្លាប់មិនអាចសរសើរដល់ព្រះបន្ទាប់ពីពួកគេស្លាប់នោះឡើយ។
បទគម្ពីរទំនុកដំកើង១៤៦ បានបង្រៀនយើងថា មនុស្សស្លាប់ «គេផុតដង្ហើមទៅ ហើយត្រឡប់ទៅជាដីវិញ នៅថ្ងៃនោះឯង អស់ទាំងគំនិតរបស់គេក៏សូន្យបាត់ទៅ» (ទំនុកដំកើង ១៤៦៖៤)។ ខគម្ពីរទំនុកដំកើង ១៤៦៖៤ គខប បានចែងយ៉ាងដូច្នេះថា៖ «ដ្បិតពេលគេត្រូវផុតដង្ហើម គេវិលត្រឡប់ទៅជាធូលីដីវិញ ហើយគម្រោងការរបស់គេក៏នឹងរលាយសូន្យនៅថ្ងៃនោះដែរ»។ ខទាំងនេះបានបកស្រាយនូវអ្វីដែលបានកើតឡើង នៅពេលដែលមនុស្សស្លាប់ទៅ។
ក្នុងសាស្តា ៩៖៥ ស្តេចសាឡូម៉ូនបានបន្ថែមថា «មនុស្សស្លាប់ឥតដឹងអ្វីឡើយ»។ ស្តេចសាឡូម៉ូនក៏បានមានបន្ទូលផងដែរថា «ដ្បិតនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាកន្លែងដែលឯងត្រូវនៅ នោះគ្មានការធ្វើ គ្មានការគិតគូរ គ្មានដំរិះ ឬប្រាជ្ញាឡើយ» (សាស្តា ៩៖១០)។ ការបង្រៀនទាំងនេះគឺជា ភ័ស្តុតាងបញ្ជាក់ថា មនុស្សស្លាប់គ្មានជីវិតទៀតឡើយ។
អ្នកគ្រីស្ទានមិនគួរភ័យខ្លាច ចំពោះការបង្រៀនទាំងនេះទេ។ ជាដំបូង ការបង្រៀនទាំងនេះគឺ ជាភ័ស្តុតាងបង្ហាញថា ស្ថាននរកដែលមនុស្សអាក្រក់ត្រូវបានបញ្ជូនទៅដុតជារៀងរហូត បន្ទាប់ពីពួកគេស្លាប់នោះ គឺគ្មាននោះទេ។ គ្មាន «បន្ទប់រង់ចាំ» រវាងផែនដី និងស្ថានសួគ៌នោះទេ។ ហើយក៏គ្មានកន្លែងសម្រាប់អោយពួកព្រលឹង បន្ទាប់ពីពួកគេស្លាប់ទៅនោះដែរ។ យើងក៏ពុំមានឱកាសបានសង្គ្រោះជាលើកទី២ បន្ទាប់ពីយើងស្លាប់ទៅនោះដែរ ព្រះគម្ពីរបានបង្រៀនយើងថា ពួកសិស្សរបស់ព្រះយេស៊ូវនឹងរស់ពីស្លាប់ឡើងវិញ នៅពេលដែលព្រះយេស៊ូវយាងមកជាលើកទី២។ ព្រះយេស៊ូវនឹងប្រទានរង្វាន់ដល់ពួកសិស្សរបស់ទ្រង់ នៅពេលដែលទ្រង់យាងមកម្តងទៀត។ មនុស្សស្លាប់ត្រូវតែដេកលក់រហូតដល់ថ្ងៃនោះ មកដល់។ (សូមអាន Ellen G. White, The Desire of Ages, page 787)។
ថ្ងៃព្រហស្បតិ៍ ទី១៣ តុលា ឆ្នាំ២០២២
សម្រាកជាមួយនឹងព្រះវរបិតា
សូមអានខគម្ពីរលោកុប្បត្តិ ២៥៖៨; សាំយូអែលទី២ ៧៖១២; ពង្សាវតាក្សត្រទី១ ២៖១០ និង ពង្សាវតាក្សត្រទី១ ២២៖៤០។ តើខទាំងនេះបានបង្រៀនលោកអ្នកយ៉ាងដូចម្តេចអំពីសេចក្តីស្លាប់?
--------------------------------------------------------
គម្ពីរសញ្ញាចាស់បានពិពណ៌នាអំពីសេចក្តីស្លាប់ និងការបញ្ចុះមនុស្សស្លាប់នៅក្នុងផ្នូរ។ យើងបានអានថា លោកអ័ប្រាហាំត្រូវបានបញ្ចុះជាមួយនឹងញាតិរបស់គាត់ដោយបានសំដែងថា៖ «កាលគាត់បានអាយុវែងល្អ ព្រមទាំងស្កប់ស្កល់នឹងអាយុរបស់ខ្លួនហើយ នោះផុតដង្ហើមស្លាប់ទៅ បានប្រមូលទៅមូលនឹងញាតិគាត់វិញ» (លោកុប្បត្តិ ២៥៖៨)។ លោកអ៊ើរ៉ុន និងលោកម៉ូសេក៏បាន «ប្រមូលទៅមូល» នឹងពួកអយ្យកោរបស់ពួកគាត់ នៅពេលដែលពួកគាត់ស្លាប់ទៅនោះដែរ (ចោទិយកថា ៣២៖៥០)។ ទាំងស្តេចល្អ និងស្តេចអាក្រក់សុទ្ធតែបញ្ចប់នៅក្នុងកន្លែងតែមួយនៅពេលដែលគាត់ស្លាប់ទៅ។ ពួកគេសុទ្ធតែចូលទៅក្នុងផ្នូរទាំងអស់ (សូមអានខគម្ពីរពង្សាវតាក្សត្រទី២ ២៤៖៦ និងរបាក្សត្រទី២ ៣២៖៣៣)។ តើព័ត៌មាននេះបានបង្រៀនយើងយ៉ាងដូចម្តេចអំពីសេចក្តីស្លាប់?
--------------------------------------------------------
ព្រះគម្ពីរបានប្រើពាក្យ «សម្រាក» នៅពេលដែលពួកគេស្លាប់ទៅ។ នៅពេលដែលស្តេចដាវីឌស្លាប់ទៅ ព្រះគម្ពីរបានសំដែងថា ទ្រង់ «ក៏ផ្ទំលក់ទៅ ជាមួយនឹងពួកពួកអយ្យកោទ្រង់ទៅ ហើយគេបញ្ចុះសពទ្រង់នៅក្នុងទីក្រុងដាវីឌ» (ពង្សាវតាក្សត្រទី១ ២៖១០)។ ពាក្យតែមួយដែលសរសេរថា «ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ» ត្រូវបានប្រើ ដើម្បីពិពណ៌នា អំពីស្តេចនៃសាសន៍ហេព្រើរដទៃទៀតទាំងល្អ និងអាក្រក់។
យ៉ាងហោចណាស់ យើងអាចរៀនអំពីគោលគំនិត៣យ៉ាងចេញពីពាក្យ «ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ»។ (១) យើងនឹងស្លាប់។ យើងនឹងសម្រាកពីការងាររបស់យើងនៅក្នុងជីវិតនេះ។ (២) សមាជិកគ្រួសាររបស់យើងក៏បានស្លាប់ទៅមុនយើងផងដែរ។ (៣) នៅពេលដែលយើងត្រូវគេបញ្ចុះក្បែរសមាជិកគ្រួសាររបស់យើងនោះ យើងមិននៅតែម្នាក់ឯងឡើយ។ យើងនៅជាមួយនឹងគ្នា បន្ទាប់ពីយើងស្លាប់ទៅ។ សព្វថ្ងៃនេះ គោលគំនិតនេះអាចធ្វើអោយយើងពិបាកយល់បន្តិច។ ប៉ុន្តែ គោលគំនិតនេះបានជួយកំសាន្តចិត្តដល់មនុស្សនៅក្នុងសម័យព្រះគម្ពីរ។
នៅពេលដែលយើងស្លាប់ ដោយមានព្រះយេស៊ូវនៅក្នុងចិត្តរបស់យើងនោះ យើងអាចអោយគេបញ្ចុះយើងនៅក្បែរមនុស្សជាទីស្រឡាញ់របស់យើងបាន។ ជាការពិតណាស់ មនុស្សស្លាប់មិនអាចទាក់ទងជាមួយនឹងមនុស្សរស់ ឬមនុស្សស្លាប់ដទៃទៀតបានទេ។ ពួកគេនឹងស្លាប់ទៅរហូតដល់ព្រះយេស៊ូវ យាងមកវិញម្តងទៀត។ ព្រះយេស៊ូវនឹងប្រោសពួកគេចេញពីការដេកលក់ដ៏ស្ងប់បំផុតរបស់ពួកគេ។ នៅពេលនោះ ពួកគេនឹងប្រមូលទៅមូលជាមួយអ្នកស្លាប់ជាទីស្រឡាញ់របស់ពួកគេ ដែលមានព្រះយេស៊ូវនៅក្នុងចិត្តនោះដែរ។
តើយ៉ាងណាទៅវិញ ប្រសិនបើមនុស្សស្លាប់នៅរស់ ព្រមទាំងបានឃើញហេតុការណ៍គ្រប់យ៉ាងដែលបានកើតឡើងនៅលើផែនដីនេះនោះ? គោលគំនិតនេះគួរអោយខ្លាចមែន។ តើហេតុអ្វីបានជាមនុស្សជឿទៅលើគោលគំនិតខុសឆ្គងនេះ? តើការដេកលក់អាចជួយអោយយើងយល់អំពីផែនការរបស់ព្រះ សម្រាប់ជីវិតអស់កល្បនោះបានដោយរបៀបណា?
ថ្ងៃសុក្រ ទី១៤ តុលា ឆ្នាំ២០២២
សិក្សាបន្ថែម
សូមអាន Ellen G. White, “The First Great Deception,” pages 531-550, in The Great Controversy។
«តើយ៉ាងណាទៅវិញ ប្រសិនបើព្រលឹងនៃមនុស្សស្លាប់បានទៅស្ថានសួគ៌ នៅពេលដែលពួកគេស្លាប់នោះ? បើអ៊ីចឹងមែន តើមនុស្សចង់រស់ដើម្បីអ្វី? ដើម្បីអោយយើងឆាប់បានទៅស្ថានសួគ៌ តើស្លាប់មិនប្រសើរជាងទេឬអី? មនុស្សជាច្រើនបានសម្លាប់ខ្លួន ដោយសារតែពួកគេជឿថា ពួកគេអាចទៅស្ថានសួគ៌មុន។ ចិត្តរបស់ពួកគេមានពេញទៅដោយបញ្ហា។ ពួកគេមានអារម្មណ៍ច្របូកច្របល់ និងសោកសៅ។ ម្ល៉ោះហើយ ពួកគេបានព្យាយាមយកវិធីងាយមកដោះស្រាយបញ្ហារបស់ពួកគេ។ ពួកគេបានគិតថា ស្លាប់ប្រសើរជាង នឹងឆាប់បានទៅស្ថានសួគ៌»។ ដកស្រង់ពី Ellen G. White, The Great Controversy, page 539, adapted។
«មនុស្សដែលបានសង្គ្រោះ មិនបានទៅស្ថានសួគ៌ នៅពេលដែលពួកគេស្លាប់នោះឡើយ។ យ៉ាងណាមិញ មនុស្សអាក្រក់ក៏មិនបានទៅស្ថាននរក នៅពេលដែលពួកគេស្លាប់នោះដែរ។ ព្រះគម្ពីរមិនបានបង្រៀននូវគោលគំនិតខុសឆ្គងទាំងនេះទាល់តែសោះ។ ពួកបុរស និងស្ត្រីនៅក្នុងព្រះគម្ពីរមិនបានតាំងសេចក្តី សន្យាខុសឆ្គងទាំងនេះជាមួយនឹងយើងនោះទេ។ ព្រះយេស៊ូវ និងពួកសិស្សរបស់ទ្រង់ក៏មិនបានបង្រៀនអំពីគោលគំនិតខុសឆ្គងទាំងនេះដែរ។ ព្រះគម្ពីរបានបង្រៀនយើងថា មនុស្សស្លាប់គឺដេកនៅក្នុងផ្នូរ។ ព្រះគម្ពីរបានបង្ហាញយើងថា មនុស្សស្លាប់នឹងដេកលក់ រហូតដល់ព្រះយេស៊ូវប្រោសពួកគេពីស្លាប់ឡើងវិញ នៅពេលដែលទ្រង់យាងមកជាលើកទី២»។ ដកស្រង់ពី Ellen G. White, The Great Controversy, pages 549, 550, adapted។
សំនួរពិភាក្សា៖
- ព្រះគម្ពីរបានបង្រៀនថា មនុស្សលោកគឺជាព្រលឹងមួយ។ មនុស្សលោកអាចមានជីវិតទៅបាននៅពេលដែលរូបកាយ និងវិញ្ញាណរបស់ពួកគេនៅជាមួយគ្នា។ តើគោលគំនិតនេះបានជួយអោយយើងយល់កាន់តែប្រសើរឡើង អំពីអ្វីដែលបានកើតឡើង បន្ទាប់ពីយើងស្លាប់នោះដោយរបៀបណា?
- មនុស្សជាច្រើនបានជឿថា បន្ទាប់ពីមនុស្សស្លាប់ទៅ ព្រលឹងមិនបានស្លាប់ឡើយ។ គោលគំនិតនេះ ពេញនិយមជាខ្លាំងរហូតដល់មនុស្សគ្រប់ទីកន្លែងទូទាំងពិភពលោកបានទទួលយកគោលគំនិត លើកលែងតែពួកអ្នកសេវេនដេយអាត់វេនទីស្ទប៉ុណ្ណោះ។ តើហេតុអ្វីបានជាសាររបស់យើងស្តីអំពីអ្វីដែលកើតឡើង បន្ទាប់ពីយើងស្លាប់ទៅនោះសំខាន់ម្ល៉េះ? តើហេតុអ្វីបានជាពួកគ្រីស្ទានជំទាស់នឹងសេចក្តីពិតនៃព្រះគម្ពីរនេះ?
- តើការយល់ដឹងរបស់យើង អំពីអ្វីដែលកើតឡើង បន្ទាប់ពីយើងស្លាប់ទៅនោះ អាចជួយការពារយើងពី គោលជំនឿខុសឆ្គងខាងលើនេះបានដោយរបៀបណា? មួយវិញទៀត តើហេតុអ្វីបានជាការជឿថា យើងអាចនិយាយជាមួយមនុស្សស្លាប់នោះ មិនមែនជារឿងត្រឹមត្រូវនោះ? តើហេតុអ្វីបានជាយើងតែងតែជឿទៅ លើអ្វីដែលយើងមើលឃើញយ៉ាងដូច្នេះ? តើលោកអ្នកនឹងនិយាយយ៉ាងដូចម្តេច ទៅកាន់អ្នកណាម្នាក់ដែលជឿថា ព្រលឹងនៃដូនតារបស់គេបានបានទាក់ទងជាមួយនឹងគេនោះ? តើលោកអ្នកអាចចែកចាយខគម្ពីរអ្វីខ្លះ ចេញពីការសិក្សានៅសប្តាហ៍នេះដល់បុគ្គលម្នាក់នោះ? តើយើងអាចចែកចាយដំណឹងនេះ ដោយប្រើពាក្យទន់ភ្លន់យ៉ាងដូចម្តេចទៅបាន?
រឿងខ្លី
ប្រាក់មួយកាក់ៗសុទ្ធតែពិសិដ្ឋទាំងអស់
នាងស៊ីយ៉ាម៉ាឡា (Shyamala) បានបើកភ្នែកធំៗទាំងភ្ញាក់ផ្អើល ខណៈដែលនាងអានអក្សរសរសេរដោយដៃនៅក្នុងស្រោមសំបុត្រ ដែលមានមូលប្បទានប័ត្រតម្លៃ១០០.៥២ដុល្លារ។ សំបុត្រនោះ ផ្ញើមកពីឆ្នេរខាងកើតនៃសហរដ្ឋអាមេរិក ហើយមូលប្បទានប័ត្រត្រូវបានបញ្ជូនទៅកាន់បេសកកម្មសកល ដែលជាដៃជួរមុខនៃបេសកកម្មអាត់វេនទីស្ទ ដែលបេសកជនចាប់ផ្តើមក្រុមតូចថ្មីៗនៅក្នុងទឹកដីដែលមិនទាន់ទៅដល់។
សំបុត្រនោះបានសរសេរថា «ខ្ញុំបានភ្ជាប់នូវការបរិច្ចាគមួយជូនដល់បេសកកម្មសកល ដើម្បីជួយមនុស្សអោយរៀនអំពីសេចក្តីស្រឡាញ់របស់ព្រះ ខ្ញុំស្រឡាញ់ព្រះ ហើយខ្ញុំក៏កំពុងតែព្យាយាមជួយផ្សព្វផ្សាយដំណឹងល្អនៅក្នុងសង្កាត់របស់ខ្ញុំផងដែរ»។ ផ្នែកបន្ទាប់នៃកំណត់ត្រាដែលបានធ្វើអោយនាងស៊ីយ៉ាម៉ាឡាកាន់តែភ្ញាក់ផ្អើលនោះ គឺជាវិធីនៃការស្វែករកប្រាក់របស់ម្ចាស់ជំនួយ។ អ្នកសរសេរបានពន្យល់ ថា មានកាក់ដែលនាងបានរកឃើញនៅតាមផ្លូវនៅក្នុង១១០.៥២ដុល្លារ។ ពេលកាក់របស់នាងពេញហើយ នាងក៏យកប្រាក់ទាំងនោះមកផ្ញើជូនទៅវិញ។ នៅពេលដែលកាក់ពេញកូនជ្រូករបស់នាងហើយ នាងបានយកប្រាក់នោះទៅដូរ រួចបានបរិច្ចាគ។ នាងបានសរសេរថា «ប្រាក់នេះគឺជាអំណោយដែលខ្ញុំបានប្រមូលសម្រាប់ព្រះយេស៊ូវ ខ្ញុំសង្ឃឹមថា អំណោយនេះនឹងផ្តល់ស្នាមញញឹមដល់អ្នកណាម្នាក់ ខណៈដែលអ្នកបានចែករំលែកសេចក្តីស្រឡាញរបស់ព្រះជាមួយនឹងគេ»។ សំបុត្រដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀតបានមកដល់ការិយាល័យនៃបេសកកម្មសកលនៅឯថ្នាក់កំពូល កាលពីប៉ុន្មានសប្តាហ៍មុននេះ។ សំបុត្រនោះមក ពីឆ្នេរខាងលិចនៃសហរដ្ឋអាមេរិក មិនបានសរសេរអ្វីឡើយ ប៉ុន្តែ មូលប្បទានប័ត្រចំនួន១៦៥ដុល្លារបានបកស្រាយជំនួសវិញ។ មូលប្បទានប័ត្រនេះបានធ្វើឡើង ដោយពន្ធនាគារជំនួសអោយអ្នកទោសម្នាក់។ ទម្រាំតែរកបានអំណោយនៃប្រាក់៥៥ដុល្លារនេះ អ្នកទោសដែលជាម្ចាស់ជំនួយម្នាក់នោះ បានធ្វើយ៉ាង ហោចណាស់អស់រយៈពេល៣ខែ។ នាងស៊ីយ៉ាម៉ាឡាបាននិយាយថា «នេះមិនមែនជាប្រាក់ជំនួយដំបូងរបស់គាត់នោះឡើយ»។ ស្រោមសំបុត្រទី៣ត្រូវបានបើក ដោយនាងនីមហ្វា (Nimfa) ដែលជាអ្នកគ្រប់គ្រងផ្នែកនាយកដ្ឋានចាត់ចែងប្រាក់ជំនួយនៅឯបេសកកម្មសកល។ សំបុត្រនេះមកពីបុរសម្នាក់ដែលបានទូរស័ព្ទទៅលេខការិយាល័យរបស់បេសកកម្មសកល កាលពីប៉ុន្មានថ្ងៃមុន ដើម្បីសួរនាំថា តើបេសកកម្មសកលបានទទួលអំណោយដែលបានបញ្ជូនទៅតាមគេហទំព័រនៃបេសកកម្មសកលហើយឬនៅ។ នាង នីមហ្វាបានដឹងថា ធនាគារនៃម្ចាស់ជំនួសថ្មីនេះមានបញ្ហា មិនអាចដកប្រាក់បាន។ នៅពេលទូរស័ព្ទសុំជំនួស ដើម្បីបរិច្ចាគនោះ នាងបានស្នើជាមូលប្បទានប័ត្រ ឬផ្ទេរប្រាក់តាមគណនេយ្យផ្សេងក៏បាន។ ពីរបីថ្ងៃក្រោយមក មូលប្បទានប័ត្រចំនួន៧០០០០ដុល្លារបានមកដល់ការិយាល័យរបស់បេសកកម្មសកល។ ប្រាក់បរិច្ចាគ នេះបានមកពីការលក់របស់អចលនទ្រព្យមួយចំណែក។ នាងនីមហ្វាបាននិយាយថា «បុរសម្នាក់ នេះបានសន្យានឹងព្រះថា ប្រសិនបើគាត់លក់របស់អចលនទ្រព្យរបស់គាត់ដាច់នោះ គាត់នឹងប្រគល់ប្រាក់ចំណូលទាំងអស់ដល់មិសិន»។
ទីបន្ទាល់អំពីភាពស្មោះត្រង់របស់ម្ចាស់ជំនួយ ចំពោះបេសកកម្មរបស់ព្រះនោះបានប៉ះពាល់ចិត្ត របស់នាងស៊ីយ៉ាម៉ាឡា នាងនីមហ្វា និងអ្នកដទៃទៀតដែលធ្វើការនៅឯបេសកកម្មសកលជាខ្លាំង។ មិនថាម្ចាស់ជំនួយបរិច្ចាគ១ដុល្លារ ឬបរិច្ចាគ៧០០០០នោះទេ ប្រាក់មួយកាក់ៗសុទ្ធតែចូលទៅក្នុងព័ន្ធកិច្ចជួរមុខទាំងអស់។ នាងនីមហ្វាបាននិយាយទៀតថា «ប្រាក់មួយកាក់ៗ ដែលយើងបានទទួលនោះ មិនមែនជាប្រាក់ធម្មតានោះទេ។ ពិសេសនោះ នៅពេលដែលយើងទទួលបានការបរិច្ចាគ និងនៅពេលដែលយើងដឹងពីរបៀបស្វែងរកប្រាក់ ឬដឹងអំពីមូលហេតុដែលម្ចាស់ជំនួយសុខចិត្តផ្ញើមកយើងនោះ យើងតែងតែរំលឹកខ្លួនយើងថា ប្រាក់ទាំងនោះពិសិដ្ឋជាទីបំផុត វាគឺជាប្រាក់របស់ព្រះអម្ចាស់ ប្រាក់ទាំងអស់ត្រូវបានបញ្ជូនទៅជួយបញ្ចប់ព័ន្ធកិច្ចរបស់ព្រះ ដើម្បីអោយព្រះយេស៊ូវអាចឆាប់យាងមក»។
អំណានដង្វាយប្រចាំសប្តាហ៍
កន្លែងតែមួយ . . . ព្រះតែមួយ
យើងបាននាំយកតង្វាយទៀងទាត់ និងតង្វាយ១០ហូត១របស់យើងមកក្នុងព្រះវិហារ ដោយសារតែតង្វាយទាំងនេះគឺជាផ្នែកមួយនៃការថ្វាយបង្គំដ៏ពិតប្រាកដ។ ខគម្ពីរលេវីវិន័យបានបង្ហាញសេចក្តី ណែនាំអំពីកន្លែងថ្វាយយញ្ញបូជាដ៏សមរម្យមួយនៅក្នុងសាសន៍អ៊ីស្រាអែលកាលពីសម័យមុន។ ពួកគេត្រូវតែថ្វាយយញ្ញបូជានៅត្រង់កន្លែងកណ្តាលតែមួយគត់ ក្រៅពីនោះគ្មានកន្លែងណាផ្សេងទៀតឡើយ។ អ្នកខ្លះអាចនឹងសួរថា ហេតអ្វីបានជាកន្លែងកណ្តាលនោះសំខាន់ម្ល៉េះ។ គួរអោយចាប់អារម្មណ៍ណាស់ ដែលបទគម្ពីរលេវីវិន័យមិនត្រឹមតែផ្តោតទៅកន្លែង នៅក្នុងត្រសាលប្រជុំប៉ុណ្ណោះទេ ប៉ុន្តែ បទគម្ពីរលេវីវិន័យក៏បានផ្តោតទៅលើព្រះអម្ចាស់ ដែលទទួលយញ្ញបូជារបស់ពួកគេផងដែរ។ ចំពោះសាសន៍ អ៊ីស្រាអែល ត្រសាលប្រជុំគឺជា «រោងឧបោសថរបស់ព្រះ» ដែលកន្លែងនោះគឺជាកន្លែងដែលទ្រង់បានគង់នៅ។ នៅទីបំផុត កន្លែងនេះត្រូវបានហាមឃាត់ ដោយសារតែព្រះអង្គដែលពួកគេបានថ្វាយបង្គំនោះ។ កន្លែងថ្វាយយញ្ញបូជាបានត្រូវផ្លាស់ប្តូរ នៅពេលដែលពួកគេយកកន្លែងនោះធ្វើជាកន្លែងថ្វាយបង្គំរូបសំណាកវិញ។ ព្រះបានកំណត់កន្លែងដែលត្រូវថ្វាយយញ្ញបូជានេះ ដោយសារតែទ្រង់ចង់ក្លាយទៅជាស្នូលនៃការថ្វាយបង្គំរបស់ពួកគេ។
សព្វថ្ងៃនេះ ទិសដៅសមរម្យសម្រាប់ការថ្វាយតង្វាយ១០ហូត១ និងតង្វាយទៀងទាត់នោះ នៅតែជាសំណួរចោទ ហើយត្រូវបានជជែកវែកញែកជានិច្ច។ គំរូនៃស្តេចដាវីឌបានផ្តល់អោយយើងនូវចម្លើយយ៉ាងដូច្នេះថា៖ «ទូលបង្គំនឹងយកតង្វាយដុត ចូលទៅក្នុងដំណាក់ទ្រង់ ហើយនឹងលាបំណន់របស់ទូលបង្គំ» (ទំនុកដំកើង ៦៦៖១៣)។ អ្នកស្រីអែល្លីន ជីវ៉ៃត៍បានយកគោលការណ៍នេះមកប្រាប់ដល់រាស្ត្ររបស់ព្រះនៅបច្ចុប្បន្ននេះយ៉ាងដូច្នេះថា៖ «ដល់ពេលដែលត្រូវយកតង្វាយ១០ហូត១ និងតង្វាយសទ្ធាដែលជាកម្មសិទ្ធិរបស់ព្រះនោះមកប្រើ ដើម្បីសម្រេចនូវព័ន្ធកិច្ចដ៏ចាំបាច់របស់ទ្រង់ហើយ។ តង្វាយទាំងនេះត្រូវតែយកមកដាក់នៅក្នុងជង្រុក ដោយយកទៅប្រើអោយមានរបៀបរៀបរយ ដើម្បីនឹងទ្រទ្រង់ដល់ពួកអ្នកបម្រើខាងឯការផ្សាយដំណឹងល្អនៅក្នុងព័ន្ធកិច្ចរបស់ពួកគេ។ ដកស្រង់ពី Manuscript Release, vol.19, p.376។ អ្នកស្រីបានបញ្ជាក់ថា កន្លែងនោះគឺជាជង្រុកនៃពួកជំនុំ ដែលមានទីស្នាក់ការត្រឹមត្រូវ ដើម្បីនឹងគាំទ្របេសលកម្មរបស់ព្រះ។ ទោះជាយ៉ាងនេះក្តី អនុសាសន៍នេះមិនបានអោយយើងឈប់គិតអំពីទំនួលខុសត្រូវនៅក្នុងសង្គម ទៅកាន់អ្នកក្រីក្រ និងអ្នកខ្វះនោះឡើយ។ ផ្ទុយទៅវិញ យើងគួរតែបែងចែកអំណោយដ៏ពិសេសទាំងនេះសម្រាប់គោលបំណងនេះវិញ។
សប្តាហ៍នេះ យើក៏មានឱកាសជាថ្មីម្តងទៀត ដើម្បីនឹងនាំយកតង្វាយ១០ហូត១ និងតង្វាយទៀងទាត់របស់យើង តាមសេចក្តីសន្យា មកកាន់ព្រះវិហាររបស់ព្រះផងដែរ។ ខណៈដែលយើងកំពុងតែថ្វាយនៅក្នុងកន្លែងដែលព្រះបានកំណត់ទុកនោះ ចូរអោយយើងរើសយកទ្រង់ទុកជាស្នូលនៃការថ្វាយបង្គំរបស់យើងម្តងទៀតចុះ។
សេចក្តីអំពាវនាវ៖
« នេះដើម្បីឲ្យពួកកូនចៅអ៊ីស្រាអែលបាននាំអស់ទាំងយញ្ញបូជានៃគេ ដែលតែងថ្វាយនៅវាលមកថ្វាយដល់ព្រះយេហូវ៉ានៅមាត់ទ្វារត្រសាលជំនុំវិញ គឺមកឯសង្ឃ ដើម្បីនឹងថ្វាយទុកជាយញ្ញបូជានៃតង្វាយមេត្រីដល់ព្រះយេហូវ៉ា» (លេវីវិន័យ ១៧៖៥)។
សេចក្តីអធិដ្ឋាន៖
«ឱព្រះអម្ចាស់អើយ ទូលបង្គំសូមអរព្រះគុណទ្រង់ ចំពោះសេចក្តីណែនាំអំពីទិសដៅ និងការប្រើប្រាស់តង្វាយ១០ហូត១ និងតង្វាយទៀងទាត់របស់ទូលបង្គំ។ សូមទ្រង់ជួយអោយទូលបង្គំជឿទុកចិត្តទៅលើព្រះប្រាជ្ញាញ្ញាណរបស់ទ្រង់ ព្រមទាំងជួយអោយទូលបង្គំនៅតែស្មោះត្រង់ចំពោះទ្រង់ផងចុះ។