អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ លេវីវិន័យ ២៥៖២៥-២៧, ៤៧-៤៩; ហេព្រើរ ១១៖២៤-២៦; កូរិនថូសទី១ ១៥៖៥០; ហេព្រើរ ១២៖១-៤។
បទគម្ពីរហេព្រើរ១ បានចែងថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រារបស់ព្រះ។ ព្រះយេស៊ូវអ្នកគ្រប់គ្រងលើពួកទេវតា។ ព្រះយេស៊ូវ «ជារស្មីភ្លឺមកពីសិរីល្អនៃព្រះ ហើយជារូបភាពនៃអង្គទ្រង់» (ហេព្រើរ ១៖៣)។ ក្នុងបទគម្ពីរហេព្រើរ២ ព្រះយេស៊ូវគឺជាកូនមនុស្ស។ ព្រះបានធ្វើអោយព្រះយេស៊ូវទាបជាងពួកទេវតាបន្តិច (ហេព្រើរ ២៖៧)។ ព្រះយេស៊ូវបានក្លាយទៅជាមនុស្សម្នាក់ដែលមានភាពទន់ខ្សោយទាំងអស់នៃមនុស្សលោកយើងរួមទាំងសេចក្តីស្លាប់ផង។
ក្នុងខគម្ពីរហេព្រើរ១ ព្រះបានមានបន្ទូលទៅកាន់ព្រះយេស៊ូវថា៖ «ឯងជាកូនអញ» (ហេព្រីរ ១៖៥)។ ក្នុងខគម្ពីរហេព្រើរ២ ព្រះយេស៊ូវបានមានបន្ទូលថា មនុស្សលោកគឺជា «បងប្អូនទូលបង្គំ» (ហេព្រើរ ២៖១២)។
ក្នុងបទគម្ពីរហេព្រើរ១ ព្រះវរបិតាបានប្រកាសថា ព្រះយេស៊ូវគឺជាព្រះ និងជាស្តេច (ហេព្រើរ ១៖៨-១២)។ ក្នុងបទគម្ពីរហេព្រើរ២ ព្រះរាជបុត្រាបានមានបន្ទូលថា ទ្រង់នឹងជឿទុកចិត្តទៅលើព្រះ (ហេព្រើរ ២៖១៣)។
ក្នុងបទគម្ពីរហេព្រើរ១ ព្រះយេស៊ូវគឺជាព្រះដែលបានបង្កើតយើងមក និងទ្រទ្រង់ជីវិតរបស់យើង ហើយទ្រង់ក៏ជាស្តេចរបស់យើងផងដែរ។ ក្នុងបទគម្ពីរហេព្រើរ២ ព្រះយេស៊ូវគឺជាសម្តេចសង្ឃនៃ មនុស្សលោក។ ទ្រងមិនដែលធ្វើអោយយើងបរាជ័យនោះឡើយ។
សរុបមក ព្រះយេស៊ូវដែលជាព្រះរាជបុត្រាបានបង្ហាញយើងអំពីព្រះយេស៊ូវដែលជាបងច្បងរបស់យើង។ កិច្ចការរបស់ព្រះយេស៊ូវដែលជាបងច្បងរបស់យើងបានបង្ហាញយើងអំពីរូបភាពដ៏ល្អឥត ខ្ចោះរបស់ព្រះដែលស្រឡាញ់យើង និងបានបង្កើតយើង (ហេព្រើរ ១៖១-៤)។
ថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២
បងប្អូនដែលជាព្រះអង្គសង្គ្រោះ
សូមអាននូវអ្វីដែលលោកម៉ូសេបានមានប្រសាសន៍នៅក្នុងខគម្ពីរលេវីវិន័យ ២៥៖២៥-២៧, ៤៧-៤៩។ តើអ្នកណាដែលអាចលោះមនុស្សដែលបាត់បង់ទ្រព្យសម្បត្តិ ឬសេរីភាពរបស់គេដោយសារ តែភាពក្រីក្រនោះបាន?
--------------------------------------------------------
ក្រឹត្យវិន័យរបស់លោកម៉ូសេបានចែងអំពីមនុស្សដែលត្រូវការលក់ដី ឬលក់ខ្លួនគេដោយសារ តែភាពក្រីក្រ។ គេនឹងទទួលបានដី ឬសេរីភាពរបស់គាត់ត្រឡប់មកវិញក្នុងរយៈពេល៥០ឆ្នាំ។ ឆ្នាំទី៥០គឺជាឆ្នាំសប្បាតហ៍ដ៏ពិសេសមួយ។ នៅក្នុងពេលនេះ ពួកបណ្តាជនបានដោះលែងបាវបម្រើ និងប្រគល់ដីអោយពួកគេវិញ។
ប៉ុន្តែ ៥០ឆ្នាំគឺជាពេលដ៏យូរមួយ។ នេះគឹជាមូលហេតុដែលក្រឹត្យវិន័យរបស់គាត់បានចែងថា សាច់ញាតិជិតបំផុតអាចសងប្រាក់ដែលជនក្រីក្រនោះជំពាក់បាន។ ពេលនោះជនក្រីក្រនោះអាចមានសេរីភាពចេញពីការជំពាក់ ឬចេញពីទាសភាពមុនពេលកំណត់។
នៅពេលអ្នកណាម្នាក់ត្រូវបានគេសម្លាប់ សាច់ញាតិជិតបំផុតរបស់គាត់ក៏ត្រូវតែធ្វើជាអ្នកសងសឹកអោយគាត់ផងដែរ។ បន្ទាប់មក អ្នកសងសឹកនោះត្រូវតែតាមរកឃាតករ ហើយដាក់ទោសឃាតករនោះ (ចោទិយកថា ១៩៖១១-១៣)។
សូមអានខគម្ពីរហេព្រើរ ២៖១៤-១៦។ តើខទាំងនេះបានចែងយ៉ាងដូចម្តេច អំពីព្រះយេស៊ូវហើយនិងពួកយើង?
--------------------------------------------------------
ខគម្ពីរហេព្រើរ ២៖១៤-១៦ បានបង្ហាញយើងថា យើងគឺជាទាសករនៃអារក្ស។ ប៉ុន្តែ ព្រះយេស៊ូវគឺជាអ្នកដែលលោះយើងចេញពីទាសភាព និងធ្វើអោយយើងមានសេរីភាព។ នៅពេលដែលលោកអ័ដាមបានធ្វើបាប មនុស្សលោកបានក្លាយទៅជាទាសកររបស់សាតាំង។ យើងលែងធ្វើអ្វីដែលល្អ ហើយត្រឹមត្រូវដោយខ្លួនឯងបានទៀតឡើយ (រ៉ូម ៧៖១៤-២៤)។ លើសពីនេះទៅទៀត ឈ្នួលនៃអំពើបាបនេះគឺជាសេចក្តីស្លាប់។ យើងមិនលោះយកការពិន័យដោយខ្លួនឯងបាននោះទេ (រ៉ូម ៦៖២៣)។ ម្ល៉ោះហើយ យើងគ្មានសង្ឃឹមឡើយបើគ្មានព្រះយេស៊ូវនោះ។
ព្រះយេស៊ូវបានក្លាយមកជាមនុស្សដូចជាយើងដែរ។ ទ្រង់បានក្លាយមកជាសាច់ញាតិជិតបំផុតរបស់យើងដើម្បីសង្គ្រោះយើង។ ព្រះយេស៊ូវមិនអៀនខ្មាសក្នុងការមានបន្ទូលថា យើងគឺជា «បងប្អូន» របស់ទ្រង់នោះឡើយ (ហេព្រើរ ២៖១១)។
នេះគឺជាគោលគំនិតដ៏គួរអោយចាប់អារម្មណ៍មួយគឺថា៖ នៅពេលដែលព្រះយេស៊ូវបានក្លាយ មកជាមនុស្ស ទ្រង់ក៏បានបង្ហាញយើងក្នុងពេលព្រមគ្នាផងដែរថា ទ្រង់គឺជាព្រះ។ ក្នុងខគម្ពីរសញ្ញាចាស់ព្រះអង្គសង្គ្រោះដ៏ពិតរបស់សាសន៍អ៊ីស្រាអែល ឬសាច់ញាតិជិតបំផុតរបស់ពួកគេនោះគឺជាព្រះយេហូវ៉ា (សូមអានខគម្ពីរទំនុកដំកើង ១៩៖១៤; អេសាយ ៤១៖៤១; អេសាយ ៤៣៖១៤; អេសាយ ៤៤៖២២; យេរេមា ៣១៖១១; ហូសេ ១៣៖១៤)។ ព្រះយេហូវ៉ាគឺជានាមមួយទៀតសម្រាប់ព្រះ។
តើមានមធ្យោបាយអ្វីខ្លះ ដែលធ្វើអោយលោកអ្នកអាចមានបទពិសោធន៍ដ៏ពិតប្រាកដក្នុងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងលោកអ្នក និងព្រះគ្រីស្ទអោយកាន់តែស៊ីជម្រៅឡើងនោះ? តើហេតុអ្វីបានជាការ ដែលមានបទពិសោធន៍នេះសំខាន់ម្ល៉េះចំពោះសេចក្តីជំនឿរបស់លោកអ្នក?
ថ្ងៃច័ន្ទ ទី១៧ ខែមករា ឆ្នាំ២០២២
ទ្រង់មិនខ្មាសអៀនក្នុងការហៅពួកគេថាជាបងប្អូនទ្រង់ឡើយ
ព្រះយេស៊ូវមិនអៀនខ្មាសក្នុងការហៅយើងថាជាបងប្អូនរបស់ទ្រង់ឡើយ (ហេព្រីរ ២៖១១)។ព្រះយេស៊ូវគឺអង្គតែមួយជាមួយនឹងព្រះ។ ប៉ុន្តែ ទ្រង់បានស្រឡាញ់យើងជាខ្លាំងទើបទ្រង់បង្កើតយើងមក ជាផ្នែកមួយនៃគ្រួសាររបស់ទ្រង់នៅស្ថានសួគ៌។ សូមប្រៀបធៀបសេចក្តីស្រឡាញ់នេះជាមួយនឹងការអាម៉ាស់ជាសាធារណៈដែលពួកគ្រីស្ទានបានរងទុក្ខនៅក្នុងសហគមន៍របស់ពួកគេ (ហេព្រើរ ១០៖៣៣)។
សូមអានអំពីលោកម៉ូសេនៅក្នុងខគម្ពីរហេព្រើរ ១១៖២៤-២៦។ តើការសម្រេចចិត្តដែលលោក ម៉ូសេបានធ្វើបង្ហាញយើងយ៉ាងដូចម្តេចអំពីអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់យើងនោះ?
--------------------------------------------------------
លោកម៉ូសេត្រូវបាន «គេហៅខ្លួន ជាកូនរបស់បុត្រីផារ៉ោន» (ហេព្រើរ ១១៖២៤)។ លោកម៉ូសេ គឺជាបុគ្គលដ៏មានអំណាចម្នាក់នៅក្នុងនគរដ៏មានអំណាចបំផុតនៅលើផែនដីនៅសម័យនោះ។ លោក ម៉ូសេបានទទួលការអប់រំ និងការបណ្តុះបណ្តាលខាងឯផ្នែកយោធាដ៏ល្អបំផុត។ លោកស្ទេផានបានប្រាប់យើងថា «លោក [ម៉ូសេ] បានរៀនសូត្រគ្រប់អស់ទាំងចំណេះវិជ្ជា នៃសាសន៍អេស៊ីព្ទ» (កិច្ចការ ៧៖២២)។ អ្នកស្រីអែល្លីន ជីវ៉ៃត៍បានមានប្រសាសន៍ថា លោកម៉ូសេគឺជា «មេដឹកនាំសំណព្វរបស់ពួកទាហាននៅក្នុង ពលទ័ពអេស៊ីព្ទ»។ ស្តេចផារ៉ោនក៏សព្វព្រះទ័យនឹងលោកម៉ូសេដែលជាចៅចិញ្ចឹមរបស់គាត់ផងដែរ។ អ្នក ស្រីវ៉ៃត៍បានប្រាប់យើងថា ស្តេចផារ៉ោនក៏ «ចង់អោយលោកម៉ូសេធ្វើជាស្តេចបន្ទាប់ពីទ្រង់ផងដែរ» (សូមអាន Patriarchs and Prophets, page 245, adapted)។ លោកម៉ូសេបានលះបង់កិត្តិយស និងកិត្តិនាម ទាំងអស់នេះ នៅពេលដែលគាត់ជ្រើសរើសធ្វើជារាស្ត្ររបស់ព្រះ។ ពួកអ៊ីស្រាអែលគឺជាទាសករ។ ពួកគេ មិនបានទទួលការអប់រំឡើយ។ ហើយពួកគេក៏មិនមែនជាសាសន៍ដ៏ខ្លាំងពូកែអ្វីដែរ។
តើព្រះសូមអ្វីពីយើង? សម្រាប់ចម្លើយ សូមអានខគម្ពីរម៉ាថាយ ១០៖៣២, ៣៣; ធីម៉ូថេទី២ ១៖៨, ១២ និងហេព្រើរ ១៣៖១២-១៥។
--------------------------------------------------------
ពួកគ្រីស្ទានបានរងទុក្ខជាខ្លាំង។ ពួកគេឈឺចាប់ និងខ្មាសអៀននៅទីសាធារណៈ។ ម្ល៉ោះហើយ ពួកគេចាប់ផ្តើមមានអារម្មណ៍ខ្មាសអៀនដោយសារព្រះយេស៊ូវ។ ឥឡូវនេះ លោកប៉ុលបានដាស់តឿនពួកគ្រីស្ទានទាំងនេះថា ពួកគេកំពុងតែស្ថិតនៅក្នុងគ្រោះថ្នាក់នៃការ «ឆ្កាងព្រះរាជបុត្រានៃព្រះ ខាងឯខ្លួនគេរួចទៅហើយ ព្រមទាំងធ្វើឲ្យទ្រង់ហាលមុខនៅកណ្តាលជំនុំផង» (ហេព្រើរ ៦៖៦)។ ម្ល៉ោះហើយ លោក ប៉ុលនៅតែប្រាប់អ្នកអានរបស់គាត់អោយបន្តជឿទុកចិត្តទៅលើព្រះយេស៊ូវ (ហេព្រើរ ៤៖១៤; ហេព្រើរ ១០៖២៣)។
ព្រះចង់អោយយើងទទួលយកព្រះយេស៊ូវទុកជាព្រះរបស់យើង និងជាបងប្អូនរបស់យើង។ ក្នុងនាមជាព្រះអង្គសង្គ្រោះ ព្រះយេស៊ូវបានចេញថ្លៃលោះសម្រាប់អំពើបាបរបស់យើង។ ក្នុងនាមជាបង ប្អូនរបស់យើង ព្រះយេស៊ូវបានបង្ហាញយើងអំពីរបៀបដែលយើងគួរតែរស់នៅ។ ព្រះនឹងធ្វើអោយយើង «បានត្រឡប់ដូចជារូបអង្គនៃព្រះរាជបុត្រាទ្រង់ ដើម្បីឲ្យព្រះរាជបុត្រាបានធ្វើជាបងច្បងគេក្នុងពួកបងប្អូនជាច្រើន» (រ៉ូម ៨៖២៩)។
ព្រះយេស៊ូវបានជ្រើសរើសធ្វើអ្វីដែលចាំបាច់បំផុត ដើម្បីអោយយើងបានក្លាយជាបងប្អូនរបស់ទ្រង់។ តើការសម្រេចព្រះទ័យរបស់ទ្រង់បង្ហាញយើងយ៉ាងដូចម្តេចអំពីសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ ទ្រង់ចំពោះយើង?
ថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២
មានរូបកាយដូចគ្នានឹងយើង
កណ្ឌគម្ពីរហេព្រើរបានចែងថា ព្រះយេស៊ូវបានក្លាយមកជាមនុស្ស។ ក្នុងភាពជាមនុស្ស ព្រះយេស៊ូវអាចជួយដល់យើង និងសុគតជំនួសយើងបាន (ហេព្រើរ ២៖៩, ១៤-១៦; ហេព្រើរ ១០៖៥-១០)។ សេចក្តីពិតនៃព្រះគម្ពីរនេះគឺជាផ្នែកមួយដ៏សំខាន់បំផុតនៃផែនការដែលព្រះបានបង្កើតឡើងដើម្បីសង្គ្រោះយើង។ សេចក្តីពិតនៃព្រះគម្ពីរនេះក៏បានផ្តល់អោយយើងនូវសេចក្តីសង្ឃឹមតែមួយគត់សម្រាប់ជីវិតអស់កល្ប។
សូមអានខគម្ពីរម៉ាថាយ ១៦៖១៧; កាឡាទី ១៖១៦; កូរិនថូសទី១ ១៥៖៥០ និងអេភេសូរ ៦៖១២។ ខទាំងនេះបានចែងអំពីភាពទន់ខ្សោយរបស់មនុស្ស។ តើយើងជាបាបជនមានភាពទន់ខ្សោយអ្វីខ្លះ?
--------------------------------------------------------
«រូបកាយ» (អេភេសូរ ៦៖១២) គឺជារូបស័ព្ទតំណាងអោយបាបជន និងភាពទន់ខ្សោយរបស់ពួកគេ។ ក្នុងភាពជាបាបជន យើងមិនបានយល់រឿងខាងឯវិញ្ញាណតាមដែលយើងគួរតែយល់នោះទេ (ម៉ាថាយ ១៦៖១៧; កាឡាទី ១៖១៦)។ យើងក៏ស្លាប់ដោយសារតែអំពើបាបផងដែរ (កូរិនថូសទី១ ១៥៖ ៥០)។ កណ្ឌគម្ពីរហេព្រើរបានចែងថា ព្រះយេស៊ូវក៏ត្រូវបានបង្កើតឡើងដូចជាបងប្អូនរបស់ទ្រង់ «គ្រប់ជំពូកដែរ» (ហេព្រើរ ២៖១៧)។ ពាក្យទាំងនេះបង្ហាញយើងថា ព្រះយេស៊ូវបានក្លាយមកជាមនុស្សទាំងស្រុង។ ព្រះយេស៊ូវមិនត្រឹមតែមើលទៅដូចជាមនុស្សនោះទេ។ ទ្រង់គឺជាមនុស្សយ៉ាងពិតប្រាកដ ដូចជាយើងដែរ។
ប៉ុន្តែ កណ្ឌគម្ពីរហេព្រើរក៏បានចែងថា ព្រះយេស៊ូវមានលក្ខណៈខុសពីយើងផងដែរគឺថា៖ ព្រះយេស៊ូវមិនបានធ្វើបាបទាល់តែសោះ (ហេព្រើរ ៤៖១៥)។ ព្រះយេស៊ូវទ្រង់ «បរិសុទ្ធ ឥតពុតមាយា ឥត សៅហ្មង» ឡើយ (ហេព្រើរ ៧៖២៦)។ ក្នុងភាពជាបាបជន ចិត្តរបស់យើងអាក្រក់ជាទីបំផុត។ យើងបានកើតមកជាទាសករនៃអំពើបាប។ លោកប៉ុលបានមានប្រសាសន៍ថា «ក្រឹត្យវិន័យត្រូវខាងវិញ្ញាណ តែខ្ញុំនៅខាងសាច់ឈាមវិញដោយបានត្រូវលក់ទៅក្នុងអំណាចរបស់បាប» (រ៉ូម ៧៖១៤; សូមអានខគម្ពីររ៉ូម ៧៖១៥-២០ ផងដែរ)។ ព្រះយេស៊ូវបានយាងមកក្នុងនាមជាព្រះអង្គសង្គ្រោះរបស់យើង។ ព្រះយេស៊ូវបានថ្វាយព្រះអង្គទ្រង់ដល់ព្រះជំនួសអំពើបាបរបស់យើង។ «ទ្រង់បរិសុទ្ធ ឥតពុតមាយា ឥតសៅហ្មង» (ហេព្រើរ ៧៖២៦-២៨)។
ឥឡូវនេះ ព្រះអាចអត់ឱនទោសអោយយើង និងអាចទទួលយកយើងបានពីព្រោះព្រះយេស៊ូវ បានរស់នៅក្នុងជីវិតដ៏ស្តាប់បង្គាប់មួយថែមទាំងបានថ្វាយព្រះអង្គទ្រង់ជំនួសអំពើបាបរបស់យើងទៀតផង (ហេព្រើរ ២៖១៤-១៧)។ ព្រះយេស៊ូវក៏បានរក្សាសេចក្តីសន្យានៅក្នុងសេចក្តីសញ្ញាថ្មីផងដែរ។ ទ្រង់បានចារបញ្ញត្តិរបស់ទ្រង់នៅក្នុងចិត្តរបស់យើង (ហេព្រើរ ៨៖១០)។ ទ្រង់បានប្រទានកម្លាំងដល់យើងអោយរស់នៅក្នុងជីវិតដ៏បរិសុទ្ធ។ ព្រះយេស៊ូវក៏បានបំបាក់ខ្មាំងសត្រូវរបស់យើងផងដែរ។ ព្រះបានរំដោះយើងចេញពីអំពើបាប។ ហើយទ្រង់បានប្រទានដល់យើងនូវអំណាចឈ្នះលើអំពើបាបនៅក្នុងជីវិតរបស់យើងផងដែរ។ ឥឡូវនេះ យើងអាច «បំរើព្រះដ៏មានព្រះជន្មរស់» បានហើយ (ហេព្រើរ ៩៖១៤)។ មែនហើយ ព្រះយេស៊ូវបានយកឈ្នះអារក្ស និងអំពើបាប។ ប៉ុន្តែ យើងត្រូវតែរង់ចាំពេលវេលាមួយ មុនពេលដែលសាតាំងត្រូវបានបំផ្លាញជាមុនសិន។ សាតាំងនឹងត្រូវបំផ្លាញជារៀងរហូតនៅពេលដែលព្រះបញ្ចប់កិច្ចការចុងក្រោយរបស់ទ្រង់ជាចៅក្រម (វិវរណៈ ២០៖១-៣, ១០)។
ព្រះបានសន្យាថា ទ្រង់នឹងជួយអោយយើងយកឈ្នះលើសង្គ្រាមទាស់នឹងអំពើបាបនេះ។ បើដូច្នេះមែន តើហេតុអ្វីបានជាយើងប្រឆាំងទាស់នឹងអំពើបាបហើយនៅតែបរាជ័យនោះ? តើយើងមានចន្លោះខ្វះខាតត្រង់ណា? តើយើងអាចរស់នៅក្នុងជីវិតដែលព្រះយេស៊ូវចង់បានពីយើងដោយរបៀបណាដែរ?
ថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២
ព្រះយេស៊ូវត្រូវបានបង្កើតយ៉ាងល្អឥតខ្ចោះតាមរយៈការឈឺចាប់
សូមអានខគម្ពីរហេព្រើរ ២៖១០, ១៧, ១៨ និងហេព្រើរ ៥៖៨៨, ៩។ តើហេតុអ្វីបានជា ព្រះយេស៊ូវឈឺចាប់? តើការឈឺចាប់របស់ទ្រង់គឺជាផ្នែកដ៏សំខាន់មួយនៃផែនការរបស់ព្រះក្នុងការសង្គ្រោះ បាបជនដោយរបៀបណា?
លោកប៉ុលបានមានប្រសាសន៍ថា ព្រះ «បានធ្វើឲ្យមេនៃសេចក្តីសង្គ្រោះគេ បានគ្រប់លក្ខណ៍ដោយរងទុក្ខលំបាក» (ហេព្រើរ ២៖១០)។ ខនេះគួរអោយភ្ញាក់ផ្អើលជាទីបំផុត។ លោកប៉ុលក៏បានប្រាប់ យើងថា ព្រះយេស៊ូវ «ភ្លឺមកពីសិរីល្អនៃព្រះ ហើយជារូបភាពនៃអង្គទ្រង់» ផងដែរ (ហេព្រើរ ១៖៣)។ លោក ប៉ុលក៏បានប្រាប់យើងផងដែរថា ព្រះយេស៊ូវ «ឥតធ្វើបាបឡើយ» (ហេព្រើរ ៤៖១៥)។ ព្រះយេស៊ូវ «ទ្រង់ បរិសុទ្ធ ឥតពុតមាយា ឥតសៅហ្មង» (ហេព្រើរ ៧៖២៦-២៨)។ ព្រះយេស៊ូវ «ទ្រង់បានថ្វាយព្រះអង្គទ្រង់ ឥតសៅហ្មងដល់ព្រះ» (ហេព្រើរ ៩៖១៤; សូមអានខគម្ពីរហេព្រើរ ១០៖៥-១០ ផងដែរ)។ ដូច្នេះ បើព្រះយេស៊ូវមិនបានធ្វើបាបទេ តើហេតុអ្វីបានជាទ្រង់ត្រូវតែបានបង្កើតអោយល្អឥតខ្ចោះតាមរយៈការឈឹចាប់នោះ?
ព្រះគម្ពីរបានបង្ហាញប្រាប់យើងនូវចម្លើយយ៉ាងដូច្នេះ៖ «ទោះបើទ្រង់ជាព្រះរាជបុត្រាក៏ដោយគង់តែទ្រង់បានរៀនស្តាប់បង្គាប់ ដោយសារការដែលទ្រង់រងទុក្ខលំបាកទាំងប៉ុន្មាននោះដែរ រួចកាលទ្រង់ បានគ្រប់លក្ខណ៍ហើយ នោះទ្រង់បានត្រឡប់ជាមេបង្កើតនៃសេចក្តីសង្គ្រោះដ៏នៅអស់កល្បជានិច្ចដល់អស់អ្នកណាដែលស្តាប់បង្គាប់ទ្រង់» (ហេព្រើរ ៥៖៨, ៩)។ ដូច្នេះ ការឈឺចាប់បានធ្វើអោយព្រះស័ក្តិសមនឹងសង្គ្រោះយើង។
ចូរយើងក្រឡេកមើលវិធី៣យ៉ាងដែលការឈឺចាប់បានធ្វើអោយព្រះយេស៊ូវស័ក្តិសមនឹងធ្វើជា ព្រះអង្គសង្គ្រោះ និងជាសម្តេចសង្ឃរបស់យើង៖
១. ព្រះបានធ្វើអោយ «មេនៃសេចក្តីសង្គ្រោះគេ បានគ្រប់លក្ខណ៍ដោយរងទុក្ខលំបាក» (ហេព្រើរ ២៖១០)។ ការសុគតរបស់ព្រះយេស៊ូវបានអនុញ្ញាតអោយព្រះសង្គ្រោះយើង និងបង្ហាញយើងមេត្តាដល់យើង។ ព្រះយេស៊ូវគឺជាបុគ្គលតែមួយគត់ដែលអាចធ្វើអោយសេចក្តីមេត្តានេះកើតមានឡើង។ ក្នុងនាមជាព្រះ ព្រះយេស៊ូវអាចជំនុំជំរះយើងបាន។ ក្នុងនាមជាដង្វាយលោះបាបរបស់យើង ព្រះយេស៊ូវក៏អាចសង្គ្រោះយើងបានដែរ។
២. ការឈឺចាប់បានបង្រៀនព្រះយេស៊ូវអំពីរបៀបស្តាប់បង្គាប់ (ហេព្រើរ ៥៖៨)។ តើហេតុអ្វីបានជាព្រះយេស៊ូវចាំបាច់ត្រូវរៀនស្តាប់បង្គាប់? ទីមួយ ការស្តាប់បង្គាប់របស់ព្រះយេស៊ូវអាចធ្វើអោយ ព្រះទទួលយកការសុគតរបស់ទ្រង់ជំនួសអំពើបាបរបស់យើងបាន (ហេព្រើរ ៩៖១៤; ហេព្រើរ ១០៖៥-១០)។ ទីពីរ ការឈឺចាប់របស់ព្រះយេស៊ូវបានជួយអោយទ្រង់ក្លាយមកជាគំរូរបស់យើង (ហេព្រើរ ៥៖៩)។ ដូច្នេះ ព្រះយេស៊ូវ «បានរៀន» ស្តាប់បង្គាប់ដោយសារតែការស្តាប់បង្គាប់គឺជាបទពិសោធន៍ថ្មីមួយសម្រាប់ទ្រង់។ ក្នុងនាមជាព្រះ តើព្រះយេស៊ូវត្រូវស្តាប់បង្គាប់អ្នកណាម្នាក់ឬ? ទេ មនុស្សគ្រប់គ្នាបានស្តាប់ បង្គាប់ព្រះយេស៊ូវដែលជាស្តេចនៃស្ថានសួគ៌ និងជាព្រះរាជបុត្រាដ៏នៅអស់កល្បជានិច្ច។ ប៉ុន្តែ ដើម្បីសង្គ្រោះយើង ព្រះរាជបុត្រានៃព្រះដ៏មានអំណាចបានក្លាយមកជាកូនមនុស្សដែលស្តាប់បង្គាប់។
៣. ការឈឺចាប់របស់ព្រះយេស៊ូវបានបង្ហាញយើងថា ទ្រង់គឺជាសម្តេចសង្ឃដែលយើងអាចជឿទុកចិត្តបាន (ហេព្រើរ ២៖១៧, ១៨)។ ទ្រង់ពោរពេញទៅដោយសេចក្តីមេត្តា។ ការឈឺចាប់មិនបានធ្វើអោយព្រះយេស៊ូវមានសេចក្តីមេត្តាបន្ថែមទៀតសម្រាប់យើងនោះទេ។ សេចក្តីមេត្តាមាននៅក្នុងព្រះទ័យរបស់ទ្រង់ស្រាប់ហើយ ដែលជំរុញអោយព្រះយេស៊ូវស្ម័គ្រព្រះទ័យសុគតជំនួយយើង (ហេព្រើរ ១០៖៥-១០; សូមប្រៀបធៀបជាមួយនឹងខគម្ពីររ៉ូម ៥៖៧, ៨)។ ការឈឺចាប់របស់ព្រះយេស៊ូវបានបង្ហាញ យើងអំពីសេចក្តីស្រឡាញ់របស់ទ្រង់ក្នុងនាមជាបងប្អូងម្នាក់នឹងយើង។
ថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២
បងប្អូនដែលជាគំរូរបស់យើង
មូលហេតុមួយទៀតដែលព្រះយេស៊ូវបានក្លាយមកជាមនុស្ស និងរស់នៅដូចជាមនុស្សនោះគឺ ដើម្បីធ្វើជាគំរូរបស់យើង។ ព្រះយេស៊ូវគឺបុគ្គលតែមួយគត់ដែលអាចបង្ហាញយើងនូវរបៀបក្នុងការរស់នៅដ៏ត្រឹមត្រូវមួយ។
សូមអានខគម្ពីរហេព្រើរ ១២៖១-៤។ នៅក្នុងខទាំងនេះ លោកប៉ុលបានប្រៀបធៀបជីវិតគ្រីស្ទានទៅនឹងការរត់ប្រណាំងមួយ។ តើហេតុអ្វីបានជាលោកប៉ុលមានប្រសាសន៍ថា យើងគួរតែរត់នៅក្នុងការប្រណាំងនេះ?
--------------------------------------------------------
នៅក្នុងខទាំងនេះ ព្រះយេស៊ូវគឺជានាមចុងក្រោយនៅក្នុងបញ្ជីឈ្មោះនៃមនុស្សដែលបង្ហាញសេចក្តីជំនឿដល់យើង។ លោកប៉ុលបានមានប្រសាសន៍ថា ព្រះយេស៊ូវគឺ «ជាមេផ្តើម ហើយជាមេសំរេចសេចក្តីជំនឿរបស់យើង» (ហេព្រើរ ១២៖២)។ ពាក្យថា «មេ» ប្រែមកពីពាក្យ «អាខេហ្គស (archegos)» ជាភាសាក្រេក។ ពាក្យថា «អាខេហ្គស» ក៏អាចសរសេរបានថាជា «អ្នកត្រួសត្រាយផ្លូវ (pioneer)» ផងដែរ។ ព្រះយេស៊ូវ គឺជាអ្នកត្រួសត្រាយផ្លូវនៃការប្រណាំងដែលយើងត្រូវតែរត់ក្នុងនាមគ្រីស្ទាន។ ព្រះយេស៊ូវបានរត់ទៅមុនយើង ដើម្បីបង្ហាញផ្លូវដល់យើង។ ខគម្ពីរហេព្រើរ ៦៖២០ បានចែងថា ព្រះយេស៊ូវបានរត់ទៅមុនយើងដើម្បីបង្ហាញផ្លូវទៅឯព្រះដល់យើង។ ពាក្យថា «មេសំរេចសេចក្តីជំនឿរបស់យើង» បានបង្រៀនយើងថា ព្រះយេស៊ូវអាចបង្ហាញនូវសេចក្តីជំនឿដ៏មុតមាំបំផុតទៅលើព្រះ។ ខគម្ពីរហេព្រើរ ១២៖១-៤ ក៏បានបង្រៀនយើងផងដែរថា ព្រះយេស៊ូវគឺជាមនុស្សដំបូងដែលបានទទួលជោគជ័យក្នុងការរត់ប្រណាំងនេះ។ ព្រះយេស៊ូវបានបង្ហាញយើងអំពីអត្ថន័យនៃការរស់នៅដោយសេចក្តីជំនឿ។
ក្នុងខគម្ពីរហេព្រើរ ២៖១៣ លោកប៉ុលបានសរសេរពាក្យចេញពីខគម្ពីរអេសាយ ៨៖១៧, ១៨។ ក្នុងខគម្ពីរអេសាយទាំងនេះ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់ព្រះវរបិតាយ៉ាងដូច្នេះថា៖ «ហើយ១ទៀត ថា ‘ទូលបង្គំនឹងទុកចិត្តដល់ទ្រង់’ ហើយ១ទៀតថា ‘មើល ទូលបង្គំនេះ និងពួកកូនចៅ ដែលព្រះបានប្រទានមកទូលបង្គំ’» (ហេព្រើរ ២៖១៣; សូមអានខគម្ពីរអេសាយ ៨៖១៧, ១៨ ផងដែរ)។
លោកអេសាយបានមានប្រសាសន៍នូវពាក្យពេចន៍ទាំងនេះមុនពេលដែលពួកស្តេចសាសន៍យូដា និងសាសន៍ស៊ីរីបានរួមកងទ័ពចូលគ្នា។ ស្តេចទាំងពីរនេះបានរៀបផែនការចូលលុកលុយនគរយូដា (អេសាយ ៧៖១, ២)។ នៅពេលនោះ លោកអេសាយបានបង្ហាញសេចក្តីជំនឿទៅលើព្រះ។ ប៉ុន្តែ ស្តេចអ័ហាសមិនបានបង្ហាញសេចក្តីជំនឿទៅលើព្រះនោះឡើយ (ពង្សាវតារក្សត្រទី២ ១៦៖៥-១៨)។ ព្រះបានសន្យាការពារស្តេចអ័ហាសដូចជាបុត្រារបស់ទ្រង់ដូច្នោះដែរ។ ព្រះបានដាស់តឿនស្តេចអ័ហាសអោយទូលសូមនូវទីសំគាល់មួយ ដើម្បីបង្ហាញស្តេចអង្គនេះថា ព្រះនឹងរក្សាសេចក្តីសន្យារបស់ទ្រង់។ ប៉ុន្តែ ស្តេចអ័ហាសបានបដិសេធ។ ស្តេចអ័ហាសបានចាត់អ្នកនាំសារទៅឯទីកាឡាតពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរ ថា៖ «ទូលបង្គំនេះជាអ្នកបំរើ ហើយជាបុត្ររបស់ទ្រង់» (ពង្សាវតារក្សត្រទី២ ១៦៖៧)។ គួរអោយសោកស្តាយណាស់ ស្តេចអ័ហាសប្រាថ្នាចង់ធ្វើជាបុត្រានៃខ្មាំងសត្រូវរបស់ទ្រង់ តែមិនប្រាថ្នាចង់ធ្វើជាបុត្រារបស់ព្រះនោះទេ។
រីឯព្រះយេស៊ូវទ្រង់ខុសគ្នាពីស្តេចអ័ហាស។ ព្រះយេស៊ូវបានដាក់ការជឿទុកចិត្តរបស់ទ្រង់ទៅលើ ព្រះ និងទៅលើសេចក្តីសន្យារបស់ព្រះ។ ព្រះបានសន្យានឹងព្រះយេស៊ូវថា ទ្រង់នឹងអោយខ្មាំងសត្រូវរបស់ទ្រង់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទ្រង់ (ហេព្រើរ ១៖១៣; ហេព្រើរ ១០៖១២, ១៣)។ ព្រះក៏បានតាំង សេចក្តីសន្យាដដែលនេះជាមួយនឹងយើងផងដែរ។ យើងក៏ត្រូវតែជឿទុកចិត្តទៅលើព្រះដូចដែលព្រះយេស៊ូវ បានជឿទុកចិត្តទៅទ្រង់ផងដែរ (រ៉ូម ១៦៖២០)។
ថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២
សិក្សាបន្ថែម
ខគម្ពីរហេព្រើរ ២៖១៣ បានបង្ហាញយើងអំពីព្រះបន្ទូលរបស់ព្រះយេស៊ូវ។ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់ព្រះវរបិតារបស់ទ្រង់អំពីបងប្អូនប្រុសស្រីរបស់ទ្រង់យ៉ាងដូច្នេះថា៖ «មើល ទូលបង្គំ នេះ និងពួកកូនចៅដែលព្រះបានប្រទានមកទូលបង្គំ» (ហេព្រើរ ២៖១៣)។ លោកប៉ាទ្រីគ គ្រេយបានមានប្រសាសន៍ថា ខទាំងនេះបង្ហាញយើងថា ព្រះយេស៊ូវទ្រង់ការពារ និងយកព្រះទ័យទុកដាក់ចំពោះបងប្អូនប្រុសស្រីរបស់ទ្រង់។ ជនជាតិរ៉ូមមានច្បាប់មួយដែលអាចជួយអោយយើងយល់នូវគោលគំនិតអំពីព្រះយេស៊ូវនេះ។ ច្បាប់រ៉ូមមួយនេះត្រូវបានគេហៅថា «ធូធេឡា អ៊ីមភូបឺរឹម (tutela impuberum)» ជាភាសាឡាតាំង។ ច្បាប់នេះបានជួយការពារកូនៗសាសន៍រ៉ូមនៅពេលដែលឪពុករបស់ពួកគេបានស្លាប់ទៅដោយបានចែងថា៖ «គ្រូសាលារៀននឹងទទួលខុសត្រូវចំពោះក្មេងៗ និងថវិការបស់ក្មេងៗទាំងនោះរហូតដល់ពួកគេពេញវ័យ។ គ្រូសាលារៀននោះគឺជាបងប្រុសនៃកូនៗទាំងនោះ។ ច្បាប់រ៉ូមនេះបានបង្ហាញថា បងប្រុសមានតួនាទីថែរក្សាប្អូនៗប្រុសស្រីរបស់គាត់»។ ដកស្រង់ពី Godly Fear: The Letter to the Hebrews and Greco-Roman Critiques of Superstition [Atlanta: Society of Biblical Literature, 2003], page 126, adapted។ ច្បាប់រ៉ូមនេះអាចជួយពន្យល់អំពីមូលហេតុដែលលោកប៉ុលបានមានប្រសាសន៍ថា យើងគឺជាបងប្អូនប្រុសស្រីរបស់ព្រះយេស៊ូវ និងជាបុត្រាបុត្រីរបស់ទ្រង់ផងដែរ។ ក្នុងនាមជាបងច្បងរបស់យើង ព្រះយេស៊ូវគឺជាគ្រូបង្រៀនរបស់យើង។ ទ្រង់ក៏ជាបុគ្គលម្នាក់ដែលការពារយើងផងដែរ។
«ព្រះយេស៊ូវបានយាងមកផែនដីនេះក្នុងសណ្ឋានជាមនុស្ស។ ទ្រង់បានក្លាយមកជាព្រះអង្គជំនួយដែលចូលទៅឯព្រះវរបិតាជំនួសយើង។ ព្រះយេស៊ូវបានធ្វើរឿងទាំងនេះ ដើម្បីបង្ហាញយើងអំពីសេចក្តីពិតនៃព្រះគម្ពីរដ៏សំខាន់មួយ។ ក្នុងសង្គ្រាមពិភពលោករវាងព្រះ និងសាតាំង យើងអាចគោរពតាមបញ្ញត្តិទាំងអស់នៅក្នុងក្រឹត្យវិន័យរបស់ព្រះបាន ប្រសិនបើយើងបានផ្សារភ្ជាប់ខ្លួនយើងជាមួយនឹងព្រះវរបិតា ហើយនិងព្រះរាជបុត្រា»។ ដកស្រង់ពី Ellen G. White, Selected Messages, book 1, page 253, adapted។
«ក្នុងព្រះជន្ម និងមេរៀនរបស់ទ្រង់ ព្រះយេស៊ូវផ្តល់នូវគំរូដ៏ល្អឥតខ្ចោះមួយដល់យើង។ ទ្រង់បានបង្ហាញយើងអំពីរបៀបធ្វើកិច្ចការសម្រាប់ព្រះ និងមិនអាត្មានិយម។ ព្រះមិនបានរស់សម្រាប់អង្គទ្រង់នោះទេ។ ព្រះយេស៊ូវបានបង្កើតផែនដី និងទ្រទ្រង់អ្វីៗគ្រប់យ៉ាង។ រឿងទាំងនេះបង្ហាញយើងថា ព្រះយេស៊ូវតែងតែធ្វើកិច្ចការជានិច្ច ដើម្បីជួយដល់មនុស្សដែលទ្រង់បានបង្កើត។ ‘ទ្រង់ធ្វើឲ្យថ្ងៃរបស់ទ្រង់រះឡើងបំភ្លឺទាំងមនុស្សអាក្រក់ និងមនុស្សល្អ ហើយទ្រង់បង្អុរឲ្យភ្លៀងធ្លាក់មកលើទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិតផង’ (ម៉ាថាយ ៥៖៤៥)។ ព្រះបានប្រទានកិច្ចការនៃការទ្រទ្រង់ជីវិតនេះដល់ព្រះរាជបុត្រារបស់ទ្រង់។ ព្រះក៏បានធ្វើអោយព្រះយេស៊ូវក្លាយមកជាមេដឹកនាំរបស់យើងផងដែរ។ ព្រះយេស៊ូវបានបង្ហាញយើងអំពីរបៀបកុំអោយយើងអាត្មានិយមតាមរយៈចំណុចទាំងនេះ។ គំរូដ៏ល្អឥតខ្ចោះរបស់ព្រះបានបង្រៀនយើង អំពីរបៀបដែលយើងគួរតែបម្រើព្រះ និងបម្រើអ្នកដទៃ»។ ដកស្រង់ពី Ellen G. White, The Desire of Ages, page 649, adapted។
សំនួរពិភាក្សា៖
- កណ្ឌគម្ពីរហេព្រើរបានបង្ហាញប្រាប់យើងថា ព្រះយេស៊ូវបានក្លាយមកជាបងប្អូនរបស់យើងដើម្បីសង្គ្រោះយើង។ តើសេចក្តីពិតនៃព្រះគម្ពីរនេះបង្ហាញយើងថា ព្រះយេស៊ូវបានធ្វើអ្វីខ្លះដើម្បីសង្គ្រោះយើង? តើចម្លើយរបស់លោកអ្នកអាចជួយអោយលោកអ្នកមើលឃើញថា ការដែលបដិសេធព្រះគុណរបស់ទ្រង់គឺជាកំហុសដ៏អាក្រក់មួយដោយរបៀបណា?
- តើរឿងលោកម៉ូសេអាចជួយអោយយើងយល់យ៉ាងដូចម្តេច អំពីអ្វីដែលព្រះយេស៊ូវបានធ្វើ និងបន្តធ្វើសម្រាប់យើងនាពេលឥឡូវនេះ?
រឿងខ្លី
ព្រះយេស៊ូវគឺជាគ្រូពេទ្យដ៏អស្ចារ្យ
លោកសេង ផេតគឺជាគ្រូពេទ្យផ្នែកវេជ្ជសាស្ត្រដែលមានគេគោរពជាខ្លាំងនៅមន្ទីរពេទ្យដ៏ធំបំផុត ក្នុងខេត្តមួយនៃប្រទេសឡាវ។ ប៉ុន្តែ គាត់គ្មានសមត្ថភាពព្យាបាលជំងឺកូនប្រុសរបស់គាត់នោះឡើយ។ កូនប្រុសជំទង់របស់គាត់បានធ្លាក់ខ្លួនឈឺដោយមានជំងឺអាថ៌កំបាំងមួយ ខណៈពេលដែលគាត់កំពុងតែធ្វើការនៅក្នុងទីក្រុងបាងកកនៃប្រទេសថៃ។ ក្មេងជំទង់ម្នាក់នេះត្រូវបានគ្រូពេទ្យទីក្រុងបាងកកព្យាបាលហើយ តែមិនបានជាសះស្បើយទាល់តែសោះ។ ដូច្នេះ លោកគ្រូពេទ្យសេង ផេតបាននាំកូនប្រុសរបស់គាត់ត្រឡប់មកព្យាបាលនៅឯមន្ទីរពេទ្យប្រទេសឡាវរបស់គាត់វិញ។ ក្រុមគ្រូពេទ្យបានណែនាំគាត់អោយស្វែងរកការព្យាបាលនៅឯមន្ទីរពេទ្យធំមួយនៅក្នុងរាជធានីវៀងចន្ទន៍ប្រទេសឡាវ។ លោកគ្រូពេទ្យ សេង ផេតបាននាំកូនប្រុសរបស់គាត់ទៅឯមន្ទីរពេទ្យវៀងចន្ទន៍ដែលជាកន្លែងដែលកូនគាត់បានឆ្លងកាត់ការធ្វើតេស្តជាច្រើន។
នៅទីបំផុត ក្រុមគ្រូពេទ្យមិនអាចរកឃើញភាពខុសប្រក្រតីទាក់ទងនឹងសុខភាពរាងកាយរបស់កូនគាត់នោះឡើយ។ ពួកគេបានសន្និដ្ឋានថា បញ្ហារបស់កូនគាត់គឺទាក់ទងនឹងផ្លូវចិត្ត ហើយថា កូនគាត់បានឈឺចាប់ដោយសារតែបញ្ហាផ្លូវចិត្តនេះ។
ការធ្វើតេស្តសុខភាពទាំងនោះចំណាយពេលអស់ជាងមួយឆ្នាំ។ លោកគ្រូពេទ្យសេង ផេត និងភរិយាបានចំណាយប្រាក់ទាំងអស់ទៅលើកូនប្រុសរបស់ពួកគេ ប៉ុន្តែ គ្មានប្រយោជន៍អ្វីឡើយ។ ប្រសិនបើពួកគេបានស្គាល់ព្រះគម្ពីរនៅពេលនោះ ពួកគេអាចភ្ជាប់រឿងនេះទៅនឹងរឿងរបស់ស្ត្រីធ្លាក់ឈាមម្នាក់ដែល «បានឈឺសន្ធឹក នៅដៃគ្រូពេទ្យជាច្រើន ហើយបានចំណាយទ្រព្យសម្បត្តិទាំងប៉ុន្មានៗ តែមិនបានគ្រាន់បើសោះ ជំងឺនោះកាន់តែខ្លាំងឡើងវិញ» (ម៉ាកុស ៥៖២៦)។
ពួកគេបាននាំកូនប្រុសរបស់ពួកគេទៅផ្ទះវិញទាំងអស់សង្ឃឹមដូចជាស្ត្រីដែលមានបញ្ហាធ្លាក់ឈាមយ៉ាងដូច្នោះដែរដែលនៅទីបំផុតស្ត្រីនោះបានងាកទៅឯព្រះយេស៊ូវដែលជាគ្រូពេទ្យនៃស្ថានសួគ៌ វិញ។ ពួកគេបានអធិស្ឋានទូលសូមដល់ព្រះយេស៊ូវអោយព្យាបាលដល់កូនប្រុសរបស់ពួកគេនៅក្នុងបន្ទប់គេងរបស់ពួកគេ។
ខណៈពេលដែលពួកគេកំពុងតែអធិស្ឋាន កូនប្រុសរបស់ពួកគេបានឡើងទៅលើគ្រែគេង។ កូននោះបានសួរថា «តើមានអ្វីកើតឡើង? ហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ស្រួលខ្លួនវិញតែមួយពព្រិចភ្នែកសោះ?»។
លោកគ្រូពេទ្យសេង ផេត និងភរិយាបានបន្តអធិស្ឋាន។ បន្ទាប់មក កូននោះបានរៀបរាប់អំពីការបើកសំដែងដែលគាត់បានទទួល។ គាត់បានឃើញវិញ្ញាណអាក្រក់ចេញពីខ្លួនរបស់គាត់ទៅដោយនិយាយថា «អញមិនអាចនៅទីនេះបានទៀតទេ ពីព្រោះព្រះយេស៊ូវបានអះអាងទទួលយកជីវិតឯងហើយ។ ឯងគឺជារបស់ព្រះយេស៊ូវហើយ»។
នៅថ្ងៃនោះ កូននោះបានក្លាយមកជាធម្មតាវិញ។ លោកគ្រូពេទ្យសេង ផេត និងភរិយារបស់គាត់បានចាប់ផ្តើមថ្វាយបង្គំដល់ព្រះយេស៊ូវ។ អស់រយៈពេលជាច្រើនខែ លោកគ្រូពេទ្យសេង ផេតមិនបានលាក់បាំងសេចក្តីស្រឡាញ់របស់គាត់ចំពោះព្រះយេស៊ូវនោះឡើយ គាត់បានប្រាប់មនុស្សគ្រប់គ្នា ដែលចង់ស្តាប់អំពីទ្រង់យ៉ាងដូច្នេះថា «គ្រូពេទ្យព្រះយេស៊ូវគ្រីស្ទបានព្យាបាលកូនប្រុសរបស់ខ្ញុំ។ ខ្ញុំនឹងគ្រួសារខ្ញុំបានទទួលយកទ្រង់ជាព្រះអង្គសង្គ្រោះរបស់ពួកយើងហើយ»។
ទោះជាយ៉ាងនេះក្តី មួយរយៈក្រោយមកលោកសេង ផេតបានឈប់ថ្វាយបង្គំព្រះយេស៊ូវ។ គាត់ហាក់ដូចជាភ្លេចអំពីរបៀបដែលព្រះយេស៊ូវបានប្រោសកូនប្រុសរបស់គាត់ ហើយគាត់បានត្រឡប់ទៅរកធាតុដើមរបស់គាត់វិញ។ សូមអធិស្ឋានសម្រាប់គាត់ និងអ្នកដទៃទៀតដែលត្រូវបានព្យាបាលដោយព្រះយេស៊ូវ ប៉ុន្តែ ពួកគេបានឈប់ថ្វាយបង្គំទ្រង់។ សូមអធិស្ឋានអោយពួកគេត្រឡប់មកឯទ្រង់វិញម្តងទៀត។
អំណានដង្វាយប្រចាំសប្តាហ៍
មេរៀនផ្សេងៗសម្រាប់ជីវិត
យើងរាល់គ្នាថ្វាយបង្គំព្រះដោយអមជាមួយនឹងការថ្វាយធនធានដ៏ពិសេសបំផុតរបស់យើងដោយសារទ្រង់បានផ្តល់នូវមេរៀនសំខាន់ៗសម្រាប់ជីវិត។ នៅក្នុងសួនអេដែន ព្រះជាម្ចាស់ទ្រង់គឺជាកំពូលសាស្ត្រាចារ្យរបស់ឪពុកម្តាយដើមរបស់យើង។ យោងតាមខព្រះគម្ពីររបស់យើង ទ្រង់បានបង្ហាត់បង្រៀនដល់ពួកលោកអំពីធនធានដែលអាចប្រើការបាន និងគ្រោះថ្នាក់នៃការយកចំណេះពីប្រភពផ្សេងទៀតមកជំនួសអង្គទ្រង់។ មនុស្សជាតិត្រូវបានបង្កើតមកដោយមានក្បួនច្បាប់ណែនាំសម្រាប់ការធ្វើដំណើរឆ្លងកាត់ប្រស្នាជីវិត។ ព្រះជាម្ចាស់ទ្រង់មានតួនាទីល្អបំផុតក្នុងការបង្ហាត់បង្រៀនយើងរាល់គ្នាអំពីការចាត់ចែងធនធានដែលទ្រង់បានប្រទានដល់យើងរាល់គ្នា។ ទ្រង់បានប្រទានដល់យើងរាល់គ្នានូវការណែនាំយ៉ាងពិស្តារតាមរយៈព្រះបន្ទូល និងព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គ។
នៅពេលដែលគ្រូគង្វាលមួយរូបកំពុងតែចុះសួរសុខទុក្ខអ្នកដែលនៅឯបរទេស ហើយត្រូវទៅឲ្យដល់ព្រលានយន្តហោះនៅមុនថ្ងៃរះ។ ដូច្នេះគាត់ក៏ប្រញិបប្រញាប់ហៅរកតាក់ស៊ី។ តៃកុងឡានមិនបានប្រើជីភីអែសទេ ប៉ុន្តែហាក់ដូចជាគាត់ស្គាល់ផ្លូវទៅកាន់ព្រលានយន្តហោះច្បាស់ណាស់។ បន្ទាប់មក គាត់ក៏ចាប់ផ្តើមបើកបរជុំវិញទីក្រុង ដោយខំសម្លឹងរកមើលផ្លូវដែលត្រូវទៅកាន់ព្រលានយន្តហោះ។ លោកគ្រូគង្វាលសម្លឹងមើលនាឡិកាដៃរបស់គាត់ ហើយដឹងថាដល់ពេលដែលគេបើកឲ្យចូលក្នុងព្រលានយន្តហោះហើយ។ ទីបំផុត ពួកគាត់ក៏បានមកដល់ផ្លូវធំ តៃកុងឡានបានពន្យល់ប្រាប់គ្រូគង្វាលថា គាត់មិនធ្លាប់ទៅព្រលានយន្តហោះទេ ប៉ុន្តែមិត្តភ័ក្តិគាត់ម្នាក់ធ្លាប់បានប្រាប់អំពីផ្លូវទៅព្រលានយន្តហោះនោះម្តងដែរ។ គាត់តែងតែផ្អៀងករបស់គាត់សម្លឹងមើលផ្លាកសញ្ញាផ្សេងៗនៅតាមផ្លូវ។ ការបើកបរហាក់មានការការស្ទាក់ស្ទើរ ហើយរឹតតែធ្វើឲ្យគ្រូគង្វាលមានការបារម្ភកាន់តែខ្លាំង។ ៣០នាទីក្រោយ ដែលជាពេលសមល្មមនឹងទៅដល់ព្រលានយន្តហោះក៏បានកន្លងផុតទៅ ឡានតាក់ស៊ីក៏បានឈប់នៅលើផ្លូវតូចចង្អៀតមួយដែលមិនច្បាស់ថាដល់កន្លែងណាមួយ។ តៃកុងដែលវង្វេងផ្លូវបានព្យាយាមទូរស័ព្ទរកជំនួយជាច្រើនដង... ពេលវេលាចេះតែកន្លងផុតទៅ ឥឡូវនេះពេលវេលាសម្រាប់ឆែកអ៊ិនក៏អស់ ហើយគ្រូគង្វាលកំពុងតែវង្វេងផ្លូវដោយមិនអាចរកផ្លូវទៅកាន់ព្រលានយន្តហោះឃើញនៅឡើយ។
ដំណើរជីវិតរបស់យើងមិនត្រូវជួបរឿងបែបនេះឡើយ។ ចាប់តាំងពីការចាប់ផ្តើមដំបូងបំផុត រហូតមកទល់នឹងសព្វថ្ងៃនេះ ព្រះជាម្ចាស់របស់យើងទ្រង់ជ្រាប និងផ្តល់ការណែនាំឲ្យស្គាល់ផ្លូវជីវិតបានយ៉ាងច្បាស់ល្អណាស់។ អស់អ្នកណាដែលដើរតាមសេចក្តីបង្ហាត់បង្រៀនរបស់ទ្រង់ នឹងទៅដល់ទិសដៅរបស់ខ្លួនយ៉ាងពិតប្រាកដ។ សប្តាហ៍នេះ ខណៈដែយើងថ្វាយបង្គំព្រះជាម្ចាស់ដោយអមជាមួយនឹងប្រាក់ដង្វាយ១០ហូត១ និងដង្វាយសទ្ធា ចូរយើងនឹកចាំសេចក្តីបង្ហាត់បង្រៀនរបស់ព្រះបរមគ្រូនៃស្ថានសួគ៌ចុះ។
សេចក្តីអំពាវនាវ៖ «ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បង្គាប់ទៅអ័ដាមថា ឯងនឹងស៊ីផ្លែទាំងអស់ក្នុងសួនច្បារនេះបានតាមចិត្ត តែឯត្រង់ដើមដឹងខុសត្រូវ នោះមិនត្រូវឲ្យឯងស៊ីផលឡើយ ដ្បិតនៅថ្ងៃណាដែលឯងស៊ី នោះនឹងត្រូវស្លាប់ជាមិនខាន។» ៩លោកុប្បត្តិ ២៖១៦-១៧)។
សេចក្តីអធិដ្ឋាន៖
ព្រះអម្ចាស់អើយ ទ្រង់គឺជាព្រះបរមគ្រូដ៏ពោរពេញដោយប្រាជ្ញាញ្ញាណបំផុត។ ទូលបង្គំយើងខ្ញុំសូមយាងព្រះអង្គដឹកនាំយើងរាល់គ្នាក្នុងការសម្រេចចិត្តលើដំណើរជីវិត និងការចាត់ចែងលើធនធានរបស់យើងរាល់គ្នាផង។ សូមអធិដ្ឋានក្នុងព្រះនាមព្រះយេស៊ូវ។ អាម៉ែន។